១៩ - ការកសាងក្រុងលង្វែក និង
ការប៉ុនប៉ងរំដោះអាណាខេត្ដខាងលិច
ថ្ងៃសៅរ៍ ទី6.ធ្នូ 2014.ម៉ោង 10:16

ព្រះបាទចន្ទរាជា (១៥១៦ - ១៥៦៦)

ដោយ​ពញា​យស​រាជា​រាជ​បុត្រ​ព្រះ​បាទ​ស្រី​សុគន្ធបទ សោយ​ទី​វង្គត​ទៅ ព្រះ​ចន្ទ​រាជា​ទ្រង់​បាន​យល់​ព្រម​ឡើង​គ្រង​រាជ​តាំង​ពី គ.ស.១៥១៦ ម្ល៉េះ ទៅ​តាម​សំណូម​ពរ​របស់​រាជ​វង្សា​នុ​វង្ស និង​នា​ម៉ឺន​មុខ​មន្រ្ដី​របស់​ព្រះ​អង្គ​។ ក្រោយ​ពី​ បាន​ទទួល​មហា​ជោគ​ជ័យ​លើ​ព្រះ​ស្ដេច​កន ហើយ​ក៏​ព្រះ​អង្គ​នៅ​តែ​បន្ដ​ការ​គ្រង​រាជ​ត​ទៅ​ទៀត អែ​ពិធី​រាជា​ភិសេក ឡើង​សោយ​រាជ នឹង​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ពេល​ក្រោយ​ទៀត គឺ​នៅ​ពេល​ដែល​រក​ឃើញ​ព្រះ​ខាន់​រាជ លំពែង​ជ័យ  និង​គ្រឿង​បញ្ច​ក្សត្រ​។ ព្រះ​អង្គ​មាន​រាជ​ធានី​តាំង​ជា​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ខេត្ដ​ពោធិ​សាត់​។

លុះ​កា​រស្ថាប​នា​ព្រះ​រាជ​វាំង និង​ដំណាក់​ធំ​តូច​បាន​ចប់​សព្វ​គ្រប់​ហើយ ព្រះ​បាទ​ចន្ទ​រាជា​ទ្រង់​យាង​មក​គង់​នៅ​រាជ​ធានី​ថ្មី​នេះ ប្រមាណ​ឆ្នាំ ១៥២៩​។ ព្រះ​អង្គ​ជា​ព្រះ​មហា​ក្សត្រ​មួយ​អង្គ​ដែល​មាន​ជំនឿ​មុត​មាំ​លើ​ព្រះ​ពុទ្ធ​សាសនា​។ ក្រៅ​ពី​វត្ដ​អារាម​ជា​ច្រើន​ដែល​ព្រះ​អង្គ​ទ្រង់​បញ្ជា​អោយ​សាង​នៅ​ពោធិ​សាត់ និង​បរិ​បូរ និង​អោយ​សាង និង​ជួស​ជុល​នៅឧដុង្គ មាន​វត្ដ​លើ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ជា​ដើម (ព្រះ​ពុទ្ធ​រូប​ចូល​និព្វាន​) ព្រះ​អង្គ​បាន​អោយ​សាង​វត្ដ​ត្រ​​លែង​កែង នៅ​ក្នុង​បន្ទាយ​លង្វែក​ទៀត​។ តាម​ដែល​មើល​ឃើញ​សព្វ​ថ្ងៃ​ ព្រះ​វិហារ​វត្ដ​នេះ​ស្ថិត​នៅ​លើ​ដី​ទួល​មួយ​មាន​រាង​ជា​ជើង​ក្អែក​។ ក្នុង​ព្រះ​វិហារ​មាន​កំកល់​ព្រះ​ពុទ្ធ​រូបត្រលែង​កែង គឺ​ព្រះ​ពុទ្ធ​រូប ៤​អង្គ​គង់​ឈរ​ទល់​ព្រះ​ប្រឹស្ន​(ខ្នង) នឹង​គ្នា ហើយ​បែរ​ព្រះ​ភក្រ្ដ​ទៅ​ទិស​ទាំង​៤​។ ក្នុង​សម័យ​នោះ ខ្មែរ​យើង​បាន​ចាត់​ទុក​ថា​ព្រះ​ពុទ្ធ​រូប​ត្រលែង​កែង​នេះ ជា​វត្ថុ​សក្ដិ​សិទ្ធិ​មួយ​ដែរ​។

ទំនាក់ទំនងជាមួយសៀម

លុះ​បាន​ដឹង​ថា​ព្រះ​ចន្ទ​រាជា បាន​កាន់​កាប់​អំណាច​ស៊ប់ នៅ​ប្រ​ទេស​ខ្មែរ​ហើយ ហើយ​ដោយ​ចាត់​ទុក​ថា ប្រ​ទេស​នេះ​ជា​ចំនុះ​ប្រ​ទេស​សៀម​តាំង​ពី​រាជ​ព្រះ​បាទ ធម្ម​រាជា​ទី​១​មក​ម៉្លេះ​នោះ ព្រះ​ចៅ​សៀម​បាន​ចាត់​ទូត​មក​បញ្ជា​អោយ​ព្រះ​ចន្ទ​រាជា លើក​សួយ​សារ​អាករ​ជា​សត្វ​ដំរី​ស​ទៅ​ថ្វាយ​តាម​ទំលាប់​ពី​មុន​រៀង​មក​។ ដោយ​ព្រះ​ចន្ទ​រាជា ទ្រង់​ប្រ​កែក មិន​ព្រម​ចំនុះ​សៀម សៀម​ក៏​លើក​ទ័ព​ចូល​មក​លុក​លុយ​ខេត្ដ​អង្គរ​។ ព្រះ​អង្គ​ទ្រង់​កែន​ទ័ព ហើយ​លើក​ទៅ​ត​ទល់​នៅ​ត្រង់​ស្ទឹង​អង្គរ ត្រង់​ភូមិ​មួយ​ដែល​ជាប់​ឈ្មោះ​ហៅ​ថា​សៀម​រាប រហូត​ដល់​សព្វ​ថ្ងៃ ជា​អនុស្សា​វរីយ៍​នៃ​ជោគ​ជ័យ​របស់​ខ្មែរ​ទៅ​លើ​សត្រូវ​ឈ្លាន​ពាន​។ ក្បួន​រាជ​ពង្សា​វតារ​ខ្លះ​បាន​បញ្ជាក់​ថា ក្នុង​ការ​ប្រយុទ្ធ​លើក​នេះ ខ្មែរ​ចាប់​បាន​ឈ្លើយ​សង្រ្គាម​ជា​ច្រើន​។ ដើម្បី​ជា​ការ​សង​សឹក នៅគ.ស. ១៥៣០ ព្រះ​ចៅ​សៀម​ទ្រង់​បញ្ជា​អោយ​ពញា​អុង លើក​ទ័ព ៩​ម៉ឺន​នាក់​មក​វាយ​ខ្មែរ​ម្ដង​ទៀត ព្រះ​ចន្ទ​រាជា ទ្រង់​លើក​ទ័ព​ទៅ​ត​ទល់​គ្នា​នៅ​ពោធិ​សាត់​។ នៅ​តាម​ផ្លូវ​ពី​លង្វែក​ទៅ​សម​រភូមិ​ព្រះ​អង្គ​ទ្រង់​ទត​ឃើញ​ដើម​ពោធិ ១​ដើម​ងាប់​យូរ​ហើយ តែ​លាស់​ឡើង​វិញ​។ ដោយ​ទ្រង់​ឈ្វេង​យល់​ថា នេះ​ជា​ប្រផ្នូល​ល្អ ព្រះ​អង្គ​ទ្រង់​យក​ផ្កា​ស្លា ម្លូ ទៀន ធូប ទៅ​ធ្វើ​ការ​បូជា​ហើយ​លើក​​ទ័ព​ចេញ​ទៅ​ច្បាំង បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ដូច​ប្រាថ្នា​។ ឯ​ទ័ព​សៀម​ដែល​មក​ឡើង​គោក​នៅ​ត្រង់​ឈូង​សមុទ្រ​សៀម​នោះ ក៏​ត្រូវ​ក្រលា​ហោម​ខ្មែរ​វាយ​អោយ​បាក់​ទ័ព​ថយ​ទៅ​វិញ​ដែរ​។ ប្រភព​ខ្លះ​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ចំបាំង​ជើង​គោក​នៅ​ពោធិសាត់ មេ​ទ័ព​សៀម​ត្រូវ​ស្លាប់​អស់​ជា​ច្រើន ក្នុង​ចំណោម​នោះ​មាន​ ពញា​អុង​ផង​ដែរ ដែល​ត្រូវ​ព្រួញ​នៅ​លើ​ខ្នង​ដំរី អែ​ពល​ទាន​ហា​ស្លាប់​អស់​ពាក់​កណ្ដាល ដំរី​ងាប់​អស់​ច្រើន អាវុធ​យុទ្ធ​ភ័ណ្ឌ​ក៏​ត្រូវ​រិប​អូស​អស់​សន្ធឹក​សន្ធាប់​។ ព្រះ​ចន្ទ​រាជា ទ្រង់​បញ្ជា​អោយ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​ពញា​អុង សាង​វិហារ​បញ្ចុះ​ធាតុឯ​ដើម​ពោធិ​ដែល​រស់​ឡើង​វិញ​នោះ​ទ្រង់​ត្រាស់​អោយ​ហៅ ព្រះ​ពោធិ​មាន​បុណ្យ រួច​ទ្រង់​យាង​ត្រលប់​ចូល​បន្ទាយ​លង្វែក​វិញ​។

នៅ​គ.ស. ១៥៣១ ឆ្លៀត​ពេល​ខ្មែរ​កំពុង​តែ​មាន​ប្រៀប​លើ​ទ័ព​សៀម ព្រះ​ចន្ទ​រាជា​ទ្រង់​លើក​ទ័ព​ទៅ​រំដោះ​អានា​ខេត្ដ បស្ចឹម​បុរី​មក​វិញ​។ ចាប់​ពី​គ.ស. ១៥៥៦ នៅ​ភូមា​មាន​ស្ដេច​មួយ​អង្គ​នាម បាយិ​ណោង (Bayin Naung) បាន​លើក​ទ័ព​ចូក​មក​វាយ​សៀម ហើយ​ដណ្ដើម​យក​បាន​រាជ​ធានី​អយុធ្យា នៅគ.ស. ១៥៦៤​។ ពួក​សៀម​បាន​បះ​បោរ​ឡើង​ប្រឆាំង​នឹង​ភូមា​ដែរ​​ តែ​ត្រូវ​បង្ក្រាប​អោយ​រាប​ទាប​ទៅ​វិញ​អស់ និង​ត្រូវ​ចាប់​ជា​ឈ្លើយ​អស់​ជា​ច្រើន​ថែម​ទៀត​(១៣)​។ ឆ្លៀត​យក​អោ​កាស​ដែល​សៀម​កំពុង​តែ​ចុះ​ទន់​ខ្សោយ​យ៉ាង​នេះ ព្រះ​ចន្ទ​រាជា ទ្រង់​បាន​លើក​ទ័ព​ចូល​វាយ​សៀម​នៅគ.ស ១៥៥៧ ហើយ​យក​បាន​ខេត្ដ​ចន្ទ​បុរី និង​ខេត្ដ​ផ្សេង​ៗ​ទៀត​នៅ​ជិត​ៗ​នោះ​។ ខ្មែរ​បាន​លើក​ទ័ព​ទៅ​វាយ​សៀម​ពីរ​លើក​ទៀត គឺ​នៅ​គ.ស.១៥៥៩ និង​ ១៥៦២ ហើយ​ចាប់​បាន​ឈ្លើយ​ជា​ច្រើន​នាំ​មក​ស្រុក​វិញ​។

ទំនាក់ទំនងជាមួយជនជាតិអឺរ៉ុបជាលើកដំបូង

នៅ​ក្នុង​សៀវ​ភៅ​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ ភាគ​១ យើង​បាន​លាត​ត្រ​ដាង​ជូន​អ្នក​អាន​នូវ​មូល​ហេតុ ដែល​នាំ​អោយ​ជន​ជាតិ​អឺ​រ៉ុប ធ្វើ​ដំណើរ​ត​មក​កាន់​ភូមិ​ភាគ​អាស៊ី​អគ្គេយ៍​យើង​នេះ​រួច​ហើយ​។ យើង​បាន​ដឹង​រួច​ហើយ​ថា ក្រោយ​ពី​បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​នៅ​ជ្រោយ​ម៉ា​លាយូ​ហើយ ពួក​ព័រ​ទុយ​កល គឺ​ជា​ជន​ជាតិ​អឺ​រ៉ុប​ដំបូង​ដែល​បាន​ចូល​មក​ទាក់​ទង​ នឹង​ខ្មែរ​នៅ​ចុង​រជ្ជ​កាល​របស់​ព្រះ​ចន្ទ​រាជា​។ យ៉ាង​ណា​​មិញ​នៅ គ.ស. ១៥៥៥​មាន​បព្វ​ជិត​ព័រ​ទុយ​កល​ខាង​គណៈ​ដូមិនិកាំ ង (Dominicain) នាម Gapar da Cruz ជា​មិត្ដ​ភក្ដិ​ស្និទ្ធ​ស្នាល​របស់​លោក​ Albuquerque បាន​មក​ដល់​ទី​ក្រុង​លង្វែក​។ បព្វ​ជិត​អង្គ​នេះ​មាន​បំណង​មក​ផ្សាយ​សាសនា​គ្រឹស្ដ​នៅ​ប្រ​ទេស​ខ្មែរ​។ ព្រះ​រាជា​ទ្រង់​សព្វ​ព្រះ​រាជ​ហរិ​ទ័យ ទទួល​រាក់​ទាក់​ណាស់ ប៉ុន្ដែ​បេ​សក​កម្ម​របស់​លោក​មិន​បាន​ទទួល​ផ្លែ​ផ្កា​ដូច​បំណង​ឡើយ​ ព្រោះ​ប្រជា​រាស្រ្ដ​ខ្មែរ​នៅ​សម័យ​នោះ​ កំពុង​ដាក់​ចិត្ដ​ស៊ប់​ទៅ​លើ​ព្រះ​ពុទ្ធ​សាសនា ហើយ​មិន​ព្រម​លះ​បង់​ព្រះ​រតន​ត្រៃ ដើម្បី​ងាក​ទៅ​រក​សាសនា​ដទៃ​ទៀត​ឡើយ​។

ដោយ​លោក​ពុំ​បាន​សំរេច​គោល​បំណង​យ៉ាង​នេះ​ហើយ លោក​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រ​ទេស​ចិន​នៅ​ឆ្នាំ ១៥៥៦​។ ចំពោះ​រឿង​នេះ​លោក Dauphin Meunier បាន​សរ​សេរ​ថា​លោក​ប្រញាប់​វិល​ទៅ​វិញ ប្រ​ហែល​ដើម្បី​រាយ​ការណ៍ ប្រាប់​ចៅ​ហ្វាយ​របស់​លោក ពី​បេ​សក​កម្ម​របស់​លោក ឬ​ក៏​ដោយ​លោក​​ត្រូវ​ចាត់​អោយ​ទៅ​បំពេញ​បេ​សក​កម្ម​នៅ​ទី​ដទៃ​ទៀត​។

ក្នុងស​ម័យ​នោះ​ក្រៅ​ពី​អ្នក​ផ្សាយ​សាសនា នៅ​មាន​អ្នក​ផ្សង​ព្រេង​ខ្លះ​ទៀត​ដែល​បាន​ធ្វើ​ដំណើរ​ទស្ស​នា​ប្រ​ទេស​យើង​ ហើយ​បាន​កត់​ត្រា​ទុក​នូវ​ហេតុ​ការណ៍ ដែល​ខ្លួន​បាន​ឃើញ​។​ គឺ​កំនត់​ហេតុ​ទាំង​នោះ​ហើយ ដែល​អ្នក​ប្រ​វត្ដិ​សាស្រ្ដ​ បាន​យក​មក​ធ្វើ​ជា​អែក​សារ​សំរាប់​ឆ្លុះ​មើល​សង្គម​ខ្មែរ​នៅ​ស.វ​ទី​១៦​។ ត្រង់​ទំព័រ​នេះ​អត្ថ​បទ​រលុប​បាត់​អស់​ខ្ញុំ​ ពុំ​អាច​ដក​ស្រង់​បាន​ឡើយ ខ្ញុំ​សូម​ធ្វើ​សេច​ក្ដី​សង្ខែ​ប​ត្រង់​ចំនុច​នេះ​។ ក្នុង​រាជ​ព្រះ​អង្គ​ចន្ទ​ទី១ សៀម​បាន​ចូល​មក​លុក​លុយ​ប្រទេស​ខ្មែរ​ពីរ​ដង ព្រះ​អង្គ​មាន​ទំនាក់​ទំនង​ជា​លើក​ដំបូង​ជា​មួយ​ពួក​អេស្ប៉ាញ​ និង​ពួក​ព័រ​ទុយ​កល ព្រះ​អង្គ​មាន​ព្រះ​រាជ​បុត្រ​ទោល​នាម បរមិន្ទ​រាជា​ទី១ ហើយ​ទ្រង់​ចូល​ទីវង្គត​នៅ​គ.ស ១៥៦៦​។

ព្រះបរមិន្ទរាជាទី១ ១៥៦៦ - ១៥៧៥

បន្ទាប់​ពី​ព្រះ​អង្គ​ចន្ទ​ចូល​ទីវង្គត​ទៅ ក្រុម​មន្រ្ដី​រាជ​ការ បាន​អភិ​សេក​ព្រះ​បាទ​បរ​មិន្ទ​រាជា​ទី​១ អោយ​ឡើង​សោយ​រាជ​ស្នង​បិតា​របស់​ទ្រង់​នៅ​គ.ស ១៥៦៦​។ ព្រះ​បាទ​បរ​មិន្ទ​រាជា​ទី​១ មាន​ព្រះ​រាជ​បុត្រ​៤​អង្គ - ព្រះ​សត្ថា ជា​មេ​ទ័ព - ព្រះ​ស្រីសុ​រិយោ​ពណ៌ - ព្រះ​ពញានូ - ព្រះ​ពញា​អាន​។

នៅគ.ស ១៥៦៩ ស្ដេច​​ភូមា​នាម បាយិ​ណោង លើក​ទ័ព​ចូល​មក​វាយ​សៀម​យក​បាន​រាជ​ធានី​អយុធ្យា​ម្ដង​ទៀត ហើយ​ដាក់​ប្រ​ទេស​សៀម​ជា​ចំនុះ​អស់​រយៈ​ពេល​១៥​ឆ្នាំ​។ ឆ្លៀត​ឱកាស​មាន​វិក​វរ​នេះ នៅ​គ.ស.១៥៧០ គឺ​នៅ​ពេល​ដែល​ព្រះ​បាទ​បរម​រាជា យាង​ទៅ​គង់​នៅ​តំបន់​ត្រង់​អង្គរ​ត្រង់​កំពង់​ក្រសាំង ខ្មែរ​បាន​លើក​ទ័ព​លុក​ចូល​ទៅ​យក​បាន​ខេត្ដ​នគរ​រាជ​សីមា​ ហើយ​ដាក់​មន្រ្ដី​ខ្មែរ​អោយ​ឈរ​ត្រួត​ត្រា​ទី​នោះ​។

ចំពោះ​ទំនាក់​ទំនង​ខ្មែរ - សៀម អែក​សារ​សៀម​(៨) បាន​សរ​សេរ​ជា​បន្ថែម​ទៀត​ថា ក្នុង​ព.ស ២១១៤ គ.ស១៥៧៤ ខណៈ​ដែល​សម្ដេច​ព្រះ​មហា​ធម្ម​រាជា និង​សម្ដេច​ព្រះ​នរេ​សូរ​ លើក​ទ័ព​ទៅ​ជួប​ព្រះ​ហង្សា​វតី វាយ​ស្រុក​វៀង​ចន្ទន៍ ព្រះ​ចៅ​ក្រុង​កម្ពុជា លើក​ទ័ព​ជើង​ទឹក​មក​វាយ​អយុធ្យា​ម្ដង​ទៀត តែ​ជា​ចៃ​ដន្យ កង​ទ័ព​ថៃ​ត្រលប់​មក​វិញ ព្រះ​សម្ដេច​នរេ​សូរ ​ប្រឈួន​កើត​គ្រុន​សន្ធំ​ ស្ដេច​ត្រលប់​មក​ទាន់​ទ័ព​ខ្មែរ​ល្មម ថៃ​វាយ​កង​ទ័ព​ខ្មែរ​អោយ​ថយ​ម្ដង​ទៀត​។ ត្រង់​ការ​វាយ​លុក​របស់​ភូមា​ទៅ​លើ​ស្រុក​វៀង​ចន្ទន៍​នេះ យើង​មាន​សេច​ក្ដី​បញ្ជាក់​ពី​អែក​សារ​លាវ​(១៥) ដែល​បាន​ចែង​ថា នៅគ.ស.១៥៧៤ ទ័ព​ភូមា​ក្រោម​បញ្ជា​ការ​របស់​ស្ដេច Bereng Naung (Bayin Naung) បាន​ចូល​វាយ​លុក​រាជ​ធានី​វៀង​ចន្ទន៍​ជា​លើក​ទី​៣ ​។ មេ​ទ័ព​លាវ​ឈ្មោះ Phaya - Sèn-Soulinthara ដែល​បាន​ថា​ ជា​រជ្ជ​ទាយាទ​ពី​មុន​មក ចង់​ធ្វើ​សង្គ្រាម​ឆ្មក់​ដើម្បី​រំដោះ​វៀង​ចន្ទន៍ ប៉ុន្ដែ​នៅ​ពេល​នោះ​ពួក​លាវ​បាក់​បែក​គ្នា​ខ្លាំង​ គំរោង​ការ​រប ស់​លោក​ក៏​ត្រូវ​ទទួល​បរា​ជ័យ​ទៅ​។ ចំពោះ​ចំបាំង​ខ្មែរ - សៀម​លើក​នេះ គ.ស. ១៥៧៤ រាជ​ពង្សា​វតារ​ខ្មែរ​របាន​និ យាយ​ថា ខ្មែរ​ស៊ើប​ការណ៍​ដឹង​ស្ដេច​សៀម​រវល់​តែ​ធ្វើ​ចំបាំង​ជា​មួយ​លាវ (ជួយ​ភូមា​ដោយ​បង្ខំ) ទុក​កូន​អោយ​ថែ​រក្សា​នគរ ក៏​លើក​ទ័ព​ទៅ​វាយ​សៀម​ទៀត​។ ទ័ព​ខ្មែរ ចិន​ត្រូវ​នាំ​ដោយ​ចៅ​ពញា​ចិន​ចាន់​តុក បាន​ប្រើ​កល​ល្បិច​គឺ​​ វាយ​ស្រុក​តូច​ៗ​ពី ​ចន្ទ​បុរី​ ដល់ ធន​បុរី ដើម្បី​អោយស្ដេច​សៀម​ចេញ​ជួយ​ទើប​លុក​យក​ក្រុង​អយុធ្យា​។ បើ​ដូច្នេះ​ អានា​ខេត្ដ​ខាង​លិច​ទាំង​មូល​ ពី​នគរ​រាជ​សីមា ចុះ​មក​រហូត​ដល់ ចន្ទបុរី ត្រូវ​ទ័ព​ខ្មែរ​រំដោះ​បាន​ទាំង​ស្រុង កាល​ណោះ ដោយ​ត្រូវ​ភូមា និង​ខ្មែរ​កៀប​សង្កត់​ខ្លាំង​ពេក ស្ដេច​សៀម​ត្រូវ​បង្ខំ​ចិត្ដ​ធ្វើ​សន្ធិ​សញ្ញា​ចង​ស្ពាន​មេ​ត្រី​ជា​មួយ​ខ្មែរ​នៅ គ.ស.១៥៧៤​នោះ ហើយ​បាន​ថ្វាយ​ចំពោះ​ព្រះ​មហា​ក្សត្រ​ខ្មែរ​នូវ​ខេត្ដ នគរ​រាជ​សីមា បស្ចឹម​បុរី ចន្ទ​បុរី​។

ទំនាក់ទំនងជាមួយលាវ

ចំពោះ​ទំនាក់​ទំនង​ខ្មែរ​លាវ​នេះ យើង​មាន​តែ​អែក​សារ​រាជ​ពង្សា​វតារ​ខ្មែរ ចំណែក​អែក​សារ​លាវ ដែល​សរ​សេរ​ជា​ភាសា​លាវ​ក្ដី ជា​ភាសាបា​រាំង​ក្ដី ពុំ​បាន​ផ្ដល់​ពត៌​មាន​អ្វីបន្ដិច​បន្ដួច​សោះ​។ នេះ​ជា​ហេតុ​នាំ​អោយ​យើង​មាន​ចំងល់ ចេះ​តែ​ឆ្ងល់​ថា​ចុះ​ហេតុ​អ្វី​បាន​ជា​រាជ​ពង្សា​វតារ​លាវ​មិន​ព្រម​និយាយ​ព្រឹត្ដិ​ការណ៍​ដ៏​សំខាន់​នេះ​។ តើ​នេះ​ជា​ការ​ភ្លេច​ភ្លាំង​ដោយ​អចេ​តនា ឬ​ក៏​ជា​ការ​បំភ្លេច​ចោល​ដាយ​ចេ​តនា​ព្រោះ​តែ​ខ្លាច​អាម៉ាស់​?​។

រាជ​ពង្សាវ​តារ​ខ្មែរ​ច្រើន​ក្បួន​បាន​និយាយ​ថា នៅ​គ.ស.១៥៧២ ស្ដេច​លាវ​នគរ​លាន​ជាង ទ្រង់​ត្រាស់​បញ្ជា​អោយ​នាម៉ឺន​២នាក់ នាំ​ពល​.១០០០​នាក់ មក​បបួល​ខ្មែរ​ជល​ដំរី​ដាក់​នគរ គឺ​ថា​បើ​ដំរី នគរ​ណា​ចាញ់ នគរ​នោះ​ត្រូវ​ចំណុះ​នគរ​ម្ខាង​ទៀត​ដែល​មាន​ដំរី​ឈ្នះ​។ កាល​ណោះ ព្រះ​បាទ​បរម​រាជា​ទី​៤ គង់​នៅ​កំពង់​ក្រសាំង​​នា​តំបន់​អង្គរ ព្រះ​អង្គ​ទ្រង់​យល់​ព្រម​ចំពោះ​សំនើ​របស់​លាវ​។ ការ​ប្រយុទ្ធ​រវាង​ដំរី​ទាំង​ពីរ​ក៏​ប្រ​ព្រឹត្ដ​ទៅ​នៅ​ក្បែរ​ក្រុង​លង្វែក​។ រាជ​ពង្សា​វតារ​ខ្មែរ​ក្បួន​ខ្លះ​បញ្ជាក់​ថា ដំរី​លាវ​មាន​កំពស់​ដល់​៨ហត្ថ (៤ម) អែ​ដំរី​ខ្មែរ​មាន​កំពស់​តែ​៧ហត្ថ ៣,៥០ម​។ទោះ​បី ចាញ់​ប្រៀប​ដំរី​លាវ​បន្ដិច​ក៏​ដោយ ក៏​ដំរី​ខ្មែរ​បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​។ ខ្មែរ​បាន​ឃាត់​ពួក​លាវ​ខ្លះ ប្រ​ហែល ១០០០​នាក់ ទុក​អោយ​តែ​នាម៉ឺន​២នាក់​នាំ​ដំរី​ នឹង​ទៅ​ថ្វាយ​ស្ដេច​លាវ ហើយ​អោយ​នាំ​បណ្ណា​ការ​មក​ថ្វាយ​ស្ដេច​ខ្មែរ​។

ស្ដេច​លាវ​ខ្ញាល់​ខ្លាំង បញ្ជា​អោយ​លើក​ទ័ព​ចូល​វាយ​ខ្មែរ​ទាំង​ផ្លូវ​គោក និង​ទាំង​ផ្លូវ​ទឹក។ ទ័ព​លាវ​ចូល​មក​ចោម​វាយ​បន្ទាយ​ខ្មែរ​នៅ អាសន្ទុក ហើយ​ចាប់​បាន​ខ្មែ​រជា​ឈ្លើយ​អស់​ជា​ច្រើន​។ ស្ដេច​លាវ និង​ស្ដេច​ខ្មែរ​លើក​ទ័ព​ត​ទល់​គ្នា​ផ្ទាល់​ព្រះ​អង្គ​។ ស្ដេច​លាវ​ចាញ់​។ ខ្មែរ​ចាប់​លាវ​​បាន​ជា​ឈ្លើយ​ ១០០០​នាក់​នៅ​ត្រង់​បារាយ សល់​ពី​នេះ អោយ​ទៅ​នៅ​ខេត្ដ​ខាង​ត្បូង និង​ខាង​លិច​។ ខាង​ជើង ខ្មែរ​ក៏​មាន​ជ័យ​ជំនះ​លើ​ទ័ព​លាវ​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​ការ​របស់​មហា​ឧប​រាជ​លាវ​។ ព្រះ​បរម​រាជា​ទី​៤ ទ្រង់​យាង​មក​លង្វែក​វិញ ទ្រង់​ចាត់​អោយ​ធ្វើ​បុណ្យ​ឆ្លង​ជោគ​ជ័យ អោយ​លាវ​ ៨០០​នាក់​ទៅ​នៅ​ស្រុក​បា​ភ្នំ អោយ​៥០០​នាក់ នៅ​សំរាប់​ថែ​វត្ដ​ភ្នំ​ពេញ​។ ពួក​នេះ​ខ្មែរ​ហៅ​ថា​លាវ​បាក់​ទូក​។ ត្រង់​ទំព័រ​នេះ​អត្ថ​បទ​រលុប​បាត់​អស់ ខ្ញុំ​សូម​ធ្វើ​ការ​សង្ខែប​ខ្លះ​ដូច​នេះ​។

បន្ទាប់​ពី​ព្រះ​បរ​មិន្ទ​រាជា​ចូល​ទីវង្គត​នៅ​ឆ្នាំ ១៥៧៥ បុត្រ​ច្បង​របស់​ព្រះអង្គ ព្រះ​សត្ថា ត្រូវ​បាន​អភិ​សេក​អោយ​ឡើង​សោយ​រាជ​ស្នង​ព្រះ​អង្គ​។ ប្រ​ទេស​សៀម​កើត​មាន​ចំបាំង ដោយ​នៅ​ពេល​នោះ​ប្រទេស​ភូមា បាន​ចូល​មក​វាយ​ប្រ​ហារ​យ៉ាង​ខ្លាំង​នៅ​អយុធ្យា ស្ដេច​សៀម​បាន​សុំ​អន្ដ​រាគមន៍​ទ័ព​ពី​ព្រះ​សត្ថា ព្រះ​អង្គ​បាន​បញ្ជា​អោយ​អនុជ​ព្រះ​អង្គ ព្រះ​ស្រី​សុរិ​យោ​ពណ៌​លើក​ទ័ព​ទៅ​ជួយ​វាយ​ស្ដេច​ នរេ​សូរ​រហូត​បាន​ជ័យ​ជំនះ​លើ​ទ័ព​ភូមា បន្ទាប់​ពី​បាន​ជ័យ​ជំនះ​ភ្លាម​ៗ​ស្ដេច​សៀម​បែ​ជា​រមិល​គុណ​មាក់​ងាយ​ផ្សេង​ៗ​ដល់​ព្រះ​ស្រី​សុរិ​យោ​ពណ៌ ព្រះ​ស្រី​សុរិ​យោពណ៌​ទ្រង់​ខ្ញាល់​ពី​រឿង​នេះ​ខ្លាំង​ណាស់ ហើយ​លើក​ទ័ព​ត្រលប់​ចូល​នគរ​វិញ​។ ចំពោះ​រឿង​នេះ មាន​អែក​សារ​ខ្លះ​សរ​សេរ​ថា «ជ័យ​ជំនះ​នេះ​ពុំ​បាន​ធ្វើ​អោយ​សៀម​អប​អរ​សាទរ​ឡើយ ផ្ទុយ​ទៅ​វិញ​ជ័យ​ជំនះ​នេះ​បណ្ដាល​អោយ​អាប់​កិត្ដិ​យស​កង​ទ័ព​សៀមហើយ​ជា​ពិសេស​អាប់​កិត្ដិ​យស​របស់​ព្រះ​រាជ​បុត្រ​ស្ដេច​សៀម​នាម​ព្រះ នរេសូរ​។ ចាប់​តាំង​ពី​ពេល​នោះ​មក ព្រះ​នរេសូរ តែង​មាន​គំនុំ​ចង់​យក​ស្រុក​ខ្មែរ​ជា​ចំណុះ ដោយ​រំលោភ​លើ​កិច្ច​ចរ​ចា​ក្នុង​ឆ្នាំ​១៥៧៦​។ តាម​អែក​សារ​សៀម ជំនួយ​ទ័ព​ខ្មែរ​ខាង​លើនេះ​ពុំ​ឃើញ​មាន​និយាយ​ទេ​។

នៅគ.ស.១៥៨១ ខ្មែរ​បាន​លើ​ទ័ព​ទៅ​វាយ​រំដោះ​បាន នគរ​រាជ​សីមា ចន្ទបុរី និង​នគរ​នាយក​។ អែក​សារ​សៀម​ថា សម្ដេច​ព្រះ​នរេសូរ បាន​លើក​ទ័ព​ទៅ​តស៊ូ​។ អែក​សារ​ខ្មែរ​ថា ព្រះ​នរេ​សូរ​វាយ​យក​បាន​នគរ​រាជ​សីមា​វិញ​នៅ​គ.ស ១៥៨២ គឺ​ស្រប​នឹង​អែក​សារ​សៀម​ដែរ តែ​អែក​សារ​សៀម​គ្មាន​បាន​បញ្ជាក់​ថា យក​បាន​ខេត្ដ​ណា​ទេ​។ អែក​សារ សៀម​និយាយ​ថា កាល​សម្ដេច​ព្រះ​នរេសូរ ប្រកាស​ឯក​រាជ​រំដោះ​ប្រ​ទេស​សៀម​ពី​ចំណុះ​ភូមា គ.ស.១៥៨៤? ទ្រង់​មាន​កិត្ដិ​សព្ទ​ល្បី​ល្បាញ ព្រះ​សត្ថា ក្រែង​ថា​សៀម​នឹង​ត្រលប់​មក​សង​សឹក​កម្ពុជា ទើប​តែង​ព្រះ​រាជ​មេត្រី​សារ​ភាព​ទទួល​ខុស​ ព្រម​ចំណុះ​ក្រុង​ស្រី​អយុធ្យា​។ ត្រង់​ចំនុច​នេះ អែក​សារ​ខ្មែរ​ពុំ​ឃើញ​មាន​និយាយ​ឡើយ​។ យើង​គ្រាន់​តែ​ឆ្ងល់​ថា​ តើ​ការ​ពិត​ស្ថិត​នៅ​ត្រង់​ណា បើ​កាល​ណោះ​ខ្មែរ​អាច​ជួយ​សៀម​ច្បាំង​ឈ្នះ​ភូមា​ថែម​ទៀត ហេតុ​ដូច​ម្ដេច​ក៏​ត្រលប់​ខ្លាច​សៀម​វិញ​?​។

គួរ​គប្បី​ជ្រាប​ថា នៅ​ប្រទេស​ភូមា​អែ​ណោះ ស្ដេច​នាម Nanda Bayin បាន​ឡើង​សោយ​រាជ​ស្នង​ព្រះ​បិតា​នាម Bayin Naung ពី​គ.ស ១៥៨១ ដល់ ១៥៩៩​។ ស្ដេច​អង្គ​នេះ​ជា​ស្ដេច​មាន​មហិច្ឆតា ទ្រង់​បាន​បន្ដ​នយោ​បាយ​វាត​ទឹក​ដី​របស់​បិតា​ព្រះ​អង្គ​។ ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​នៅ​ គ.ស​. ១៥៨៥ ព្រះ​អង្គ​បាន​លើក​ទ័ព​ចូល​វាយ​ក្រុង​អយុធ្យា​ម្ដង​ទៀត​។ អែក​សារ​សៀម​ថា ព្រះ​សត្ថា​ជឿ​ថា ក្រុង​អយុធ្យា គង់​នឹង​បាត់​បង់​ដោយ​ភូមា​ដូច​គ្រា​មុន ទ្រង់​បាន​ផ្ដាច់​មេត្រី​ភាព ហើយ​លើក​ទ័ព​ចូល​វាយ​ស្រុក​បស្ចឹម​បុរី​។ ត្រង់​នេះ​អែក​សារ​ខ្មែរ​ថា ទ័ព​ខ្មែរ​យក​បាន​បស្ចឹម​បុរី នគរ​រាជ​ និង​ នគរ​នាយក​។ លុះ​សៀម​លើក​ទ័ព​មក ខ្មែរ​ក៏​ថយ​សិន ហើយ​ដោយ​មាន​ដំណឹង​ថា សម្ដេច​ព្រះ​ភគ​វតី​ប្រឈួន ព្រះ​សត្ថា​ក៏​លើក​ទ័ព​ត្រលប់​មក​បន្ទាយ​លង្វែក​វិញ​។ អែក​សារ​សៀម​និយាយ​ថា «សម្ដេច​ព្រះ​នរេសូរ ទ្រង់​ខ្ញាល់​ នឹង​ព្រះ​សត្ថា ដូច្នេះ​ក្នុង​ព.ស.២១៣០ គ.ស១៥៨៦ កាល​ភូមា​លើក​ទ័ព​ត្រលប់​ទៅ​វិញ​ហើយ ទើប​ស្ដេច​​លើក​ទ័ព​ទៅ​វាយ​ក្រុង​កម្ពុជា វាយ​បាន​ស្រុក​បាត់​ដំបង និង​ស្រុក​ពោធិ​សាត់ ហើយ​លើក​ទ័ព​ត្រលប់​មក​ព្រះ​នគរ​វិ ញ ព្រោះ​ខ្វះ​ស្បៀង​អាហារ​(៨)​។ ត្រង់​នេះ អែក​សារខ្មែរ​ខ្លះ​និយាយ​ថា សៀម​ចាប់​ផ្ដើម​ធ្វើ​សង្រ្គាម​ទន្ទ្រាន​ទឹក​ដី​ខ្មែរ​ដោយ​គ្មាន​លេស​អ្វី​ឡើយ​(១៨)​។

ឯ​ក្បួន​រាជ​ពង្សា​វតារ​ខ្មែរ​ខ្លះ​និយាយ​ថា នៅ​គ.ស. ១៥៨៤ (គ.ស ១៥៨៦ សម​ជាង ព្រោះ​ពេល​នោះ​ភូមា​ថយ​ទៅ​វិញ​ហើយ) ព្រះ​នរេ​សូរ លើក​ទ័ព​មក​វាយ​ខ្មែរ ខ្មែរ​បាន​លើក​ទ័ព​ទៅ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​បាត់ដំបង រូច​នៅ​ស្ទឹង​កំពង់​បា្រក់ តែ​ទន់​ដៃ​ជាង​ក៏​ដក​ចេញ​សិន​។ សៀម​វាយ​យក​បាន​បន្ទាយ​មាន​ជ័យ រួច​យក​បាន​បន្ទាយ​បរិបូរ​ទៀត​។ ព្រះ​ស្រី​សុរិ​យោ​ពណ៌ នាំ​ទ័ព​ថយ​ចូល​បន្ទាយ​លង្វែក​។ អែក​ពង្សា​វតារ​ខ្មែរ​ខ្លះ​បញ្ជាក់​ថា ក្នុង​ចំបាំង​លើក​នោះ​សៀម​មាន​ទ័ព​ចំនួន ១០០.០០០​នាក់ ដំរី ៨០០ និង​សេះ​១៨៥០​។ ទោះ​បី​មាន​ទ័ព​ច្រើន​សន្ធឹក​សន្ធាប់ និង​ខ្លាំង​ពូកែ​យ៉ាង​នេះ​ក៏​ដោយ​ ក៏​សៀម​ពុំ​អាច​វាយ​លុក​យក​បាន​បន្ទាយ​លង្វែក​ឡើយ​។ ក្រោយ​ពី​ឡោម​ព័ទ​បន្ទាយ​នេះ​អស់​រយៈ​ពេ ល​៣​ខែ ដោយ​ខ្វះ​ស្បៀង​អាហារ និង​ដោយ​ត្រូវ​ជំងឺ​ឆ្លង​រាត​ត្បាត​ស្លាប់​អស់​ច្រើន​ផង សៀម​ក៏​ដក​ទ័ព​ថយ​ទៅ​វិញ ព្រោះ​ខ្មែរ​ដឹង​ចំនុច​ខ្សោយ​របស់​សៀម ហើយ​នាំ​គ្នា​ចេញ​ពី​បន្ទាយ​ទៅ​វាយ​លុក​យ៉ាង​ខ្លាំង​។ មាន​ប្រវត្ដិ​វិទូ​ខ្លះ(១) ថា​មាន​កង​ទ័ព​ខ្មែរ​មួយ​មក​ពី​ក្រៅ​ជួយ​ធ្វើ​អន្ដ​រាគមន៍​កំចាត់​សៀម​ទៅ​វិញ​។

អែក​សារ​ខ្មែរ​ខ្លះ​និយាយ​ថា ទ័ព​សៀម​ឈឺ​ស្លាប់​ច្រើន គឺ​បណ្ដាល​មក​ពី​បិសាច​ធ្វើ​។ ព្រះ​នរេសូរ បាន​ចាត់​អោយ​សាក​សួរ​ខ្មែរ ក៏​បាន​ដឹង​ថា​មាន​ទេវ​​រក្ស​១៣ អង្គ​ជួយ​ថែ​រក្សា​នគរ​ខ្មែរ​ ម្យ៉ាង​ទៀត មុន​នឹង​រត់​ដក​ខ្លួន​ទៅ​សៀម​បាន​ប្រើ​ឧបា​យកល​បាញ់​ប្រាក់​ដួង​ជា​ច្រើន​ចូល​ក្នុង​គុម្ព​រិស្សី ដែល​ជារបង​យ៉ាង​មាំ​មួន​ជា​ទី​បំផុត​សំរាប់​ការពារ​បន្ទាយ​លង្វែក​។

ក្រោយ​មក​ព្រះ​ចៅ​សៀម​បាន​ចាត់​ចារ​បុរស​ពីរ​នាក់ ចូល​មក​ធ្វើ​វិទ្ធង្សនា​បង្កើត​អោយ​មាន​ចលា​ចល​ក្នុង​ផ្ទៃ​ក្នុង​របស់​ខ្មែរ មហា​ត្លឹក​សៀម​ពីរ​នាក់​បាន​ក្លែង​ធ្វើ​ជា​អ្នក​បួស​នាម តិបញ្ញោ និង សុប្បញ្ញោ ចូល​មក​ធ្វើ​ពិធី​ដក​សិល្ប​សាស្រ្ដ ដែល​បញ្ចុះ​ក្នុង​រូប​ទេវ​រក្ស​។ សុប្បញ្ញោ ប្រើ​មន្ដ​អាគម​ធ្វើ​អោយ​អ្នក​ស្រុក​ឈឺ តិបញ្ញោ ជា​អ្នក​ដោះ​អោយ​ជា​សះ​ស្បើយ​ឡើង​វិញ​។

ប្រមាណ​ជា គ.ស ១៥៨៦ ព្រះ​បាទ​សត្ថា​ទី​១ ទ្រង់​សព្វ​ព្រះ​រាជ​ហរិ​ទ័យ​ដាក់​រាជ​ថ្វាយ​ទៅ​ព្រះ​រាជ​បុត្រ​ច្បង​នាម​ព្រះ​ជ័យ​ជេដ្ឋា ដែល​មាន​ព្រះ​ជន្ម​ទើប​បាន​ ១១​វស្សា អោយ​ឡើង​សោយ​រាជ​ស្នង​ព្រះ​អង្គ​ដាយ​មាន​ព្រះ​នាម សំរាប់​រាជ​ថា ព្រះ​បាទ​សម្ដេច​ព្រះ​រាជ​អោង្ការ​ជ័យ​ជេដ្ឋា​ធិរាជ​រាមា​ធិប​តី​។ ព្រះ​រាជ​បុត្រី​ទី​២ ចៅ​ពញា​តន់ ដែល​មាន​ព្រះ​ជន្ម​ទើប ៦​វស្សា​ត្រូវ​បាន​តាំង​អោយ​ឡើង​ជា​ឧប​រាជ​។ ឯ​ព្រះ​ស្រី​សុរិ​យោពណ៌ ត្រូវ​បាន​ឡើង​ជា​ឧភយោ​រាជ​។ ដោយ​ព្រះ​រាជ​បុត្រ​សុទ្ធ​តែ​នៅ​ក្មេង​ៗ​ពេក កិច្ចការ​គ្រប់​គ្រង​រដ្ឋ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ព្រះ​ហត្ដ​ព្រះ​សត្ថា​ទាំង​អស់​។ ត្រង់​នេះ មាន​សំនួរ​ចោទ​ឡើង​ថា បើ​ព្រះ​អង្គ​នៅ​តែ​កាន់​អំណាច​ដដែល​ដូច្នេះ ហេតុ​អ្វី​ក៏​ចាំ​ដាក់​រាជ​ថ្វាយ​ទៅ​ព្រះ​រាជ​បុត្រ​? អ្នក​ប្រវត្ដិ​សាស្រ្ដ​ខ្លះ​​បាន​អោយ​យោបល់​ថា ហេតុ​ដែល​នាំ​អោយ​ព្រះ​សត្ថា ទ្រង់​ប្រ​ព្រឹត្ដ​ដូច្នេះ ព្រោះ​ព្រះ​ អង្គ​ខ្លាច​ក្រែង​រាជ​សម្បត្ដិ​ពុំ​បាន​ទៅ​រាជ​បុត្រ តែ​បាន​ទៅ​ព្រះ​ស្រី​សុរិ​យោពណ៌​វិញ​នៅ​ពេល​ដែល​ព្រះ​អង្គ​សោយ​ទីវង្គត ព្រោះ​អនុជ​អង្គ​នេះ​ជា​ស្ដេច​មាន​សមត្ថ​ភាព ហើយ​ត្រូវ​បាន​ប្រជា​រាស្រ្ដ​ភាគ​ច្រើន​គោរព​ស្រលាញ់​រាប់​អាន​ទៀត​ផង​។

អែកសារ​ខ្មែរ​បាន​បញ្ជាក់​ថា អំពើ​របស់​ព្រះ​សត្ថា ខាង​លើ​នេះ បាន​បណ្ដាល​អោយ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ដ​ជា​ច្រើន​ពី​សំណាក់​រាជវង្សា​នុវង្ស នាម៉ឺន​សព្វ​មុខ​មន្រ្ដី​ ​​និង​អាណា​ប្រជា​នុ​រាស្រ្ដ​។ ចោរ​លួច ចោរ​ប្លន់ ក៏​កើត​ឡើង​ព្រោង​ព្រាត។ រី​អែ​ប្រជា​រាស្រ្ដ​ខ្មែរ​កាល​បើ​ដឹង​ថា គ្រាប់​ដែល​សៀម​បាញ់​ចូល​ក្នុង​របង​រិស្សី​ជា​ប្រាក់​សុទ្ធ ក៏​មាន​ចិត្ដ​ត្រេក​អរ​ពន់​ពេក នាំ​គ្នា​កាប់​ឆ្ការ​ព្រៃ​រិស្សី​ដើម្បី​យក​ប្រាក់​នោះ ទោះ​បី​មាន​បំរាម​ពី​ព្រះ​រាជា​យ៉ាង​ណា​ក៏​ដោយ ក៏​ពុំ​ព្រម​ស្ដាប់ ហើយ​ចេះ​តែ​នាំ​គ្នា​ប្រ​ព្រឹត្ដ​អំពើ​នោះ​រហូត​ដល់​ធ្លុះ​ធ្លាយ​របង​រិស្សី​អស់​។

គ.ស១៥៩៣ សៀម​បាន​លើក​ទ័ព​ចូល​វាយ​បន្ទាយ​លង្វែក​ម្ដង​ទៀត​។ ព្រះ​នរេសូរ​បាន​បញ្ជា​អោយ​ទ័ព​ចូល​ជា​៣​ផ្លូវ​។ ខ្មែរ​លើក​ទ័ព​ចេញ​ទៅ​ត​ទល់ តែ​លើក​នេះ​ក៏​ដូច​ជា​លើក​មុន សៀម​វាយ​យក​បាន​ជា​បន្ដប​ន្ទាប់​គ្នា​នូវ បន្ទាយ​ពោធិ​សាត់ និង​បន្ទាយ​បរិបូរ​។ ព្រះ​អុភយោ​រាជ ស្រី​សុយោ​ពណ៌ បក​សំបុត្រ​ទៅ​អោយ​កែន​ទ័ព ប្រមូល​ស្បៀង​ចូល​ការ​ពារ​ក្នុង​បន្ទាយ​លង្វែក​។ ទ័ព​ដែល​ចេញ​ទៅ​ទប់​ខាង​នគរ​វត្ដ ក៏​ទប់​ពុំ​ជាប់​។ អែ​ខាង​ជើង​ទឹក ក៏​ចាញ់​សៀម​ទៀត​។ សៀម​វាយ​កាន់​តែ​ខ្លាំង​ឡើង ព្រះ​អុភ​យោរាជ​ថយ​មក​នៅ បន្ទាយ​រលាប្អៀរ ហើយ​សុំជំ​នួយ​ពី​លង្វែក​។ សៀម​លើក​ទ័ព​មក​ព័ទ្ធ​បន្ទាយ​ទៀត​។ លុះ​ទ័ព​សៀម​មក​ជិត​ដល់ ព្រះ​សត្ថា​ទី​១ នាំ​បុត្រ​នាម​ជ័យ​ជេដ្ឋា និង​ពញា​តន់ ភៀស​ទៅ​គង់​នៅ​ស្រី​សន្ធរ ក្រោយ​មក​ទៀត​ភៀស​ទៅ​ស្ទឹង​ត្រែង ហើយ​នៅ​ទី​បំផុត​ភៀស​ទៅ​គង់​នៅ​វៀង​ចន្ទន៍ ជា​រាជ​ធានី​ប្រទេស​លាវ​លាន​ជាង​។

ចំណែកឯ ព្រះ​ស្រី​សុរិ​យោពណ៌ បាន​ស្ថិត​នៅ​ក្នុង​បន្ទាយ​លង្វែក​ដើម្បី​ប្រយុទ្ធ​នឹង​ខ្មាំង​។ តែ​ទោះ​បី​ព្រះ​អង្គ​បាន​ខិត​ខំ​ការ​ពារ​បន្ទាយ​យ៉ាង​ស្វិត​ស្វាញ​យ៉ាង​ណា​ក៏ដោយ ក៏​បន្ទាយ​នេះ​ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង ក្រោយ​ពី​ត្រូវ​ឡោម​ព័ទ្ធ​អស់​រយៈ​ពេល​៣​ខែ ព្រោះ​វា​បាន​យក​ចំបើង​ដុត​របង​រិស្សី​ ដែល​នៅ​សល់​បន្ដិច​បន្ដួច​នោះ​នៅ​គ.ស១៥៩៣​។​ សៀម​ចាប់​បាន​ព្រះ​អុភ​យោ​រាជ​ស្រី​សុរិ​យោ​ពណ៌ និង​បុត្រ​ទាំង​ពីរ​គឺ​ព្រះ​ជ័យ​ចេស្ដា​ (ព្រះ​ជន្ម​១៥​វស្សា) និង​ព្រះ​អុទ័យ​ព្រះ​ជន្ម​៥វស្សា) នាំ​យក​ទៅ​ប្រទេស​សៀម ព្រម​ជា​មួយ​នឹង​ក្បួន​ខ្នាត​អ្នក​ប្រាជ្ញ​បណ្ឌិត​កវី រូប​បដិមា​ព្រះ​គោ​ព្រះ​កែវ និង​ ឈ្លើយ​ខ្មែរ​ជា​ច្រើន​ទៀត​។ ក្រោយ​ពី​បាន​ស្នាក់​នៅ​ក្នុង​ប្រ​ទេស​ខ្មែរ​អស់​៣​ខែ ព្រះ​នរេសូរ បាន​យាង​ត្រលប់​ទៅ​ក្រុង​អយុធ្យា​វិញ ទុក​អោយ​តែ​មហា​មន្រ្ដី​សៀម​នៅ​ឈរ​នៅ​ក្រុង​ឧដុង្គ​។ គួរ​គប្បី​ជ្រាប​នៅ​ខាង​មុខ​ព្រះ​វិហារ​ព្រះ​កែវ នៅ​ក្រុង​បឹង​កក​ប្រ​ទេស​ថៃ​សព្វ​ថ្ងៃ មាន​រូប​ដិមា​ព្រះ​គោ ដែល​មាន​ទំហំ​សឹង​ប៉ុន​សត្វ​គោ​ធំ ពោះ​ប្រហោង​ក្នុង​។ តើ​នេះ​ជា​និមិត្ដ​រូប​ព្រះ​គោ​ព្រះ​កែវ ដែល​សៀម​បាន​នាំ​យក​ទៅ​នៅ​គ្រា​ដែល​វាយ​បែក​បន្ទាយ​លង្វែក​ ឬ​យ៉ាង​ណា​?។

ចំពោះ​ចំបាំង​ខ្មែរ​សៀម​នៅ​គ.ស. ១៥៩៣​នេះ អែក​សារ​សៀម​បាន​និយាយ​ថា មក​តែ​ពី​ខ្មែរ​មិន​រក្សា​ពាក្យ​សច្ចៈ ទើប​ព្រះ​នរេសូរ លើក​ទ័ព​មក​សង​សឹក​។ សម្ដេច​ព្រះ​នរេសូរ ឃើញ​កំលាំង​កម្ពុជា​ទន់​ខ្សោយ ទើប​មាន​តំរាស់​អោយ​ព្រះ​សត្ថា មក​គាល់​​តែ​ព្រះ​សត្ថា​ត្រលប់​ជា​ចាប់​ទូត​ថៃ ដែល​អញ្ជើញ​ព្រះ​បរម​រាជ​អោង្ការ​ឃុំ​ទុក ហើយ​ក៏​បញ្ជូន​ទ័ព​តស៊ូ​យ៉ាង​ខ្លាំង​(៨)។ ម្យ៉ាង​ទៀត​ព្រះ​រាជ​ពង្សា​វតារ​សៀម​បាន​អះ​អាង​ថា ទ័ព​សៀម​បាន​ចាប់​បាន​ទាំង​ព្រះ​មហា​ក្សត្រ​ខ្មែរ ហើយ​ព្រះ​ចៅ​សៀម​ទ្រង់​បញ្ជា​អោយ​ប្រហារ​ជីវិត​ព្រះ​អង្គ ដើម្បី​យក​ព្រះ​លោ​ហិត​ទៅ​លាង​ព្របាទ​ទៀត​ផង​(៩, ១០)​។ សព្វ​ថ្ងៃ​នេះ នៅ​វត្ដ​យ៉េ​ជ័យ​មង្គល នា​ខេត្ដ​អយុធ្យា គេ​ឃើញ​មាន​រូប​គំនូរ ២​ផ្ទាំង​ដែល​គួរ​អោយ​ចាប់​អារម្មណ៍ រូប​ទី​១ ជា​រូប​ស្ដេច​ខ្មែរ​គង់​អង្គុយ​លើ​កៅ​អី​១​ទាប មាន​ព្រះ​សុ​រង្គ​ព្រះ​បាទ និង​ព្រះ​ហស្ដ​ជាប់​ចំណង និង​ច្រ​វាក់ រូប​ទី​២ បង្ហាញ​ពី​បុរស​ម្នាក់​ស្លៀក​ពាក់​ស កំពុង​តែ​លុត​ជង្គង់​យក​លោហិត​ស្ដេច​ខ្មែរ​ទៅ​លាង​ព្រះ​បាទ អោយ​ស្ដេច​សៀម​នា​សម័យ​នោះ​? រាជ​ពង្សា​វតារ​ខ្មែរ​គ្រប់​ក្បួន​ទាំង​អស់​ពុំ​ឃើញ​មាន​និយាយ​ពី​ព្រិត្ដិ​ការណ៍​នេះ​ឡើយ​។

ឥរិយា​បទ​ល្មោភ​អំណាច​របស់​ស្ដេច​សុរិ​យោព ខ្លាច​បាត់​បង​រាជ​បល្លង្គ លើក​រាជ​អោយ​កូន​អាយុ​១១​ឆ្នាំ​​ឡើង​សោយ​រាជ ហើយ​កូន​អាយុ ៦​​ឆ្នាំ​អោយ​ធ្វើ​ជា​ឧបរាជ ធ្វើ​អោយ​រាជ​វង្សា​នុ​វង្ស និង​មន្ត្រី​តូច​ធំ​ប្រជា​រាស្ដ្រ​​អាក់​អន់​ចិត្ដ​យ៉ាង​ខ្លាំ​​ឈប់​ជួយ​ច្បាំង នឹង​សត្រូវ​ចូល​មក​ឈ្លាន​ពាន​​​លុក​លុយ​ស្រុក​ខ្មែរ​។