១២ - សង្គ្រាមរវាងខ្មែរ នឹងនគរចំប៉ា
ថ្ងៃសុក្រ ទី25.មេសា 2014.ម៉ោង 21:04

  តាមសិលាចារឹកខ្មែរ និង កំនត់ឯកសារប្រវត្ដិសាស្រ្ដចិនជំនាន់ដើម យើងកត់សំគាល់ឃើញថា ប្រទេសខ្មែរតែងតែ​ជួប​ប្រទះ​ធ្វើ​សង្គ្រាម​ត​ទល់​ជា​មួយ​នឹង​នគរ​ចំប៉ា ជា​ញឹក​ញាប់​។ ពីព្រោះនៅអាស៊ីអគ្គេយ៍ក្នុងសម័យនោះ កំលាំង ឬ ជនជាតិសាសន៍ ដែល​ប្រឈម​មុខ​គ្នា មាន​តែ​ខ្មែរ​ និង​ចាម​ប៉ុណ្ណោះ​។ សង្គ្រាម​នោះ ជាសង្គ្រាមវាតទឹកដី វាតអំណាច វាតឥទ្ធិពល ដែលនាំមកនូវផលអាក្រក់​មហន្ដ​រាយ​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​ដល់​ជោគ​វាសនា​ប្រ​ទេស​ចំប៉ា​។

១. ដើមកំណើតនគរចំប៉ា

  ជនជាតិចាម មានដើមកំណើតចេញមកពីជនជាតិជ្វា ឬ ម៉ាឡេ និង ប៉ូលេនេស៊ី ដែលរស់នៅក្នុងភូមិភាគប្រទេស​ម៉ា​លេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី​បច្ចុប្បន្ន​នេះ​។ នៅ​ដើម​សត​វត្ស​ទី​១ នៃគ.ស ជនជាតិចាមដែលមានឈ្មោះល្បីល្បាញ ជាអ្នកប៉ិនប្រសប់ខាងដណើរតាមសមុទ្រ បាន​នាំ​គ្នា​មក​កាន់​កាប់​ទឹក​ដី​ចន្លោះ​ជួរ​ភ្នំ​អណ្ណាម និង​សមុទ្រ​។ ព្រំប្រទល់ខាងជើង ជាប់នឹងទឹកដីខេត្ដតុងកឹង និងខាងត្បូងជាប់នឹងទឹកដីខ្មែរ​កម្ពុជា​ក្រោម​។ គឺ​ជា​ច្រក​ទឹក​ដី​មួយ​ចង្អៀត ដោយ​មាន​របាំង​ធម្ម​ជាតិ (ជួរភ្នំអណ្ណាម) ឃាំងជាប់នៅទិសខាងលិច នឹងខាងកើត (សមុទ្រចិន)។

  ក្នុងសតវត្សទី២ នៃគ.ស ជនជាតិចាមបានរៀបចំទឹកដីនេះ អោយក្លាយទៅជានគរមួយមានឈ្មោះថា នគរចំប៉ា ដែល​អ្នក​ដណើរ​ចិន​ដាក់​ឈ្មោះ​ហៅ​ថា លីន​យី​។ ជា​ដំបូង​ក្នុង​ប្រវត្ដិសាស្រ្ដរបស់ខ្លួន នគរចំប៉ាបានទទួលឥទ្ធិពល អំពីប្រទេសឥណ្ឌា ហើយគោរពបូជា​ព្រហ្ម​មញ្ញ​សាសនា ព្រះ​មហា​ក្សត្រ​ចាម​ទាំង​ប៉ុន្មាន តែង​តែ​ប្រកាសតាំងខ្លួន ចុះ មកពីព្រះសិវៈ ឬព្រះឥសូរ។

២. បុព្វហេតុសង្គ្រាមខ្មែរ និង ចំប៉ា

  សង្គ្រាមអធិករណ៍រវាងនគរខ្មែរ នឹងចាមមានរយៈពេលវេលា ៧៥ឆ្នាំ។ តែក្នុងរយៈពេលចុងក្រោយ ដែលនគរចាម​ទទួល​ការ​វាយ​ប្រហារ​កៀប​សង្កាត់​យ៉ាង​ខ្លាំង​ពី​សំណាក់​យួន ចំប៉ា​ហាក់​ដូច​ជា​ងាក​មក​ស្វែង​រក​ការ​គាំ​ទ្រ​ពី​កម្ពុជា​វិញ​។

៣. សង្រ្គាមខ្មែរ-ចាម ក្នុងរជ្ជកាលព្រះបាទសុរិយាវរ្ម័នទី២

  ចូលមកដល់រជ្ជកាលព្រះបាទសុរិយាវរ្ម័នទី២ ដែលប្រទេសកម្ពុជាកំពុងជួបប្រទះសង្រ្គាមកាប់សំលាប់គ្នា នគរ​ចំប៉ា​បាន​បញ្ជូន​កង​ទ័ព​មក​រាត​ត្បាត​លុក​លុយ និង​កាន់​កាប់​ត្រួត​ត្រា​ដែនដីខ្មែរនៅ ដីសន្ដរទន្លេមេកុង។ កងទ័ពចាម បានដុតបំផ្លាញផ្ទះសំបែង ភូមិ​ស្ថាន​ប្រជា​រាស្រ្ដ​ខ្មែរ​ជិះ​ជាន់​កាប់​សំលាប់ លួច​ប្លន់​ដឹក​ជញ្ជូន​ទ្រព្យសម្បត្ដិអ្នកស្រុក អ្នកភូមិខ្មែរ ដែលរស់នៅតាមឆ្នេរសមុទ្រ ទឹកដីកម្ពុជាក្រោម។ ពល​រដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជា​ច្រើន​ត្រូវ​ចាម​ចាប់​ចង​កៀរ​កេណ្ឌ​ជា​ឈ្លើយ យក​ទៅ​ធ្វើ​ទាសា​ទាសី​។

  ព្រះបាទសុរិយាវរ្ម័នទី២ កាលបើពង្រឹងអំណាច និង រៀបចំទឹកដីអោយមានឯកភាពរួចស្រេចហើយ ព្រះ​អង្គ​ក៏​ចាប់​ផ្ដើម​បើក​ការ​វាយ​ប្រហារ​ ដេញ​កំចាត់​ទ័ព​ចាម​ចេញ​ពី​នគរ​។ ក្នុងគ.ស.១១២៣ ព្រះអង្គបានតាមដេញកងទ័ពចាមរហូតដល់ស្រុកយួន។ ដោយ​ស្ដេច​យួន លី​កោង​ជិញ​ បាន​ការ​ពារ​អនុញ្ញាត​អោយ​ទ័ព​ចាម អាចជ្រោកកោនរស់នៅលើទឹកដីរបស់ខ្លួន ព្រះបាទសុរិយាវរ្ម័នទី២ ក៏ប្រកាស​ធ្វើ​សង្គ្រាម នឹង​នគរ​យួន​ព្រះ​អង្គ​បាន​លើក​ទ័ព​ចំនួន​ ២០០០០​នាក់ ធ្វើ​ដណើរ​ចុះតាមដោយសំពៅទុកចំនួន៧០០០គ្រឿង ឆ្លងកាត់សមុទ្រទៅច្បាំងនឹងយួន។។

  ក្នុងគ.ស.១១៣១ ដោយយល់ឃើញថា យួនជាសត្រូវមួយដ៏ធំ ដែលអាចនាំមកផលអាក្រក់គ្រប់បែបយ៉ាងដល់កម្ពុជា ព្រះ​អង្គ​ក៏​សំរេច​ចិត្ដ​លើក​ទ័ព​ទៅ​វាយ​កំទេច​ម្ដង​ទៀត​អោយ​ចប់ ស្ដេចចាមឈ្មោះជ័យឥន្រ្ទវរ្ម័នទី៣ បានធ្វើសំព័ន្ធមិត្ដ នាំកងទ័ពរួមកំលាំង នឹង​ទ័ព​ខ្មែរ​ទៅ​វាយ​ប្រ​យុទ្ធ​ធ្វើ​សឹក​នឹង​យួន ប៉ុន្ដែ​ទ័ព​ខ្មែរ-ចាម ទាំង​ពីរ​មិនបានយក ជ័យជំនះឈ្នះទ័ពយួនទេ។ ក្នុងគ.ស.១១៣៦ ដោយស្ថិតនៅ​ចំពោះ​មុខ​ភាព​ដ៏​សែន​អាសន្ន​ ស្ដេច​ចាម​បាន​លួច​ដក​ខ្លួន​រត់​ចោលកងទ័ពខ្មែ ហើយទៅសុំចុះចូលស្ដេចយួន។ ជាផ្នូរដើម្បីយករួចខ្លួន ដើម្បីសេចក្ដី​សុខ កុំ​អោយ​ស្ដេច​ យួន​ខឹង ប្រ​កាន់​ចាប់​ទោស​អូស​ដំណើរ ស្ដេចចាមព្រះបាទជ័យឥន្រ្ទាវរ្ម័នទី៣ បានដាក់នគរចំប៉ាចំនុះយួន ចំណែក​ព្រះ​បាទ​សុរិ​យា​វរ្ម័ន​ទី​២ ព្រះ​អង្គ​ត្រូវ​បង្ខំ​ចិត្ដ ដក​កង​ទ័ព​ពល​រេហ៍​ចេញ​ពី​ស្រុក​យួន​។

  នៅចំពោះមុខភាពមិនស្មោះត្រង់ គ្មានសេចក្ដីក្លាហានរបស់ស្ដេចនគរចំប៉ា ព្រះបាទសុរិយាវរ្ម័នទី២ តែងតែចិញ្ចឹមចិត្ដ សង​សឹក​កសាង​កិត្ដិយស​ជា​និច្ច​។ ព្រះ​អង្គ​បាន​គិត​យ៉ាង​ល្អិត​ល្អន់​ថា ត្រូវតែធ្វើសង្គ្រាមមួយទៀត វាយកំទេចន គរចំប៉ាអោយបាក់ស្បាត ហើយ​យក​មក​ដាក់​បញ្ចូល​ជា​ទឹក​ដី​ខេត្ដ​ខ័ណ្ឌ​ខ្មែរ​។ ក្នុង​គ.ស​១១៤៩ ព្រះ​មហា​ក្សត្រ​ខ្មែរ ព្រះបាទសុរិយាវរ្ម័នទី២ បានលើកយកកងពលទាហានសេនា​យ៉ាង​ច្រើន សំបើម​អស្ចារ្យ​ ទៅ​វាយ​ប្រហារ​នគរ​ចំប៉ា​។ កង​ទ័ព​ខ្មែរបានចេញប្រសាចទៅឡោមព័ទ្ធកងទ័ពបន្ទាយ និងទីក្រុងចាមគ្រប់​ទិស​ទី ព្រះ​រាជា​ខ្មែរ​បាន​វាយ​កំទេច​យក​ជ័យ​ជំនះ​ឈ្នះ​លើ​ទ័ព​ចាម នៅត្រង់វាលសាក្លាង ។ ស្ដេចចាមត្រូវបាត់ខ្លួន (ឬអស់ព្រះជន្ម?) នៅលើសមរភូមិ។ ព្រះ​រាជ​ធានី​ចាម វិជ័យ​ ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្មែរ​។ កង​ទ័ព​ខ្មែរ​ក៏​បានដណ្ដើមកាន់កាប់ត្រួតត្រានគរចំប៉ាទាំងមូល។

  ក្នុងគ.ស១១៤៧ ព្រះបាទសុរិយាវរ្ម័នទី២ បានតែងតាំងប្អូនថ្លៃព្រះអង្គ ឈ្មោះហរិទេវៈ ជាព្រះឧបរាជអោយសោយរាជ​នៅ​នគរ​ចំប៉ា​។ ក្នុង​គ.ស​.១១៤៩ ដោយ​ដឹង​ច្បាស់​ថា​កង​ទ័ព​ទាហានខ្មែរ នៅលើទឹកដីចាមមានចំនួនតិច កងទ័ពចាមនៅតាមខេត្ដខ័ណ្ឌនានាបាន​នាំ​គ្នា​រួម​កំលាំង​ ងើប​ឡើង​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ខ្មែរ ស្ដេច​ខ្មែរ​ព្រះ ឧបរាជហរិទេវៈត្រូវចាមធ្វើឃាត នគរចំប៉ាក៏បានរួចផុតពីការត្រួតត្រា​របស់​ខ្មែរ កាល​បើ​បាន​ជ័យ​ជំនះ​នេះ​ហើយ​កង​ទ័ព​បះ​បោរ​ចាម ក៏បានស្រុះស្រួលមូលមតិយល់ព្រមជ្រើសរើសតែងតាំងស្ដេចចាមឈ្មោះ ជ័យ​ហរិ​វ្មរ័ន​ទី​១ ជា​ព្រះ​មហា​ក្សត្រ​។ គឺ​នៅ​ក្នុង​កាលៈ​ទេសៈ​ដែល​កើត​ព្រឹត្ដិ​ការណ៍​នេះ ដែលព្រះបាទសុរិយាវរ្ម័នទី២ ព្រះអង្គបា នចូលទីវង្គត។

៤. ព្រះបាទធរនិន្រ្ទវរ្ម័នទី២ គ.ស១១៥០ - ១១៦០

  ព្រះបាទធរនិន្រ្ទវរ្ម័នទី២ ដែលជាបងប្អូនជីដូនមួយបង្កើត នឹងព្រះបាទសុរិយាវរ្ម័នទី២ ត្រូវបានតែងតាំងជាព្រះមហា​ក្សត្រ​ខ្មែរ ក្នុង​គ.ស.១១៥០​។ ព្រះ​អង្គ​អនុ​វត្ដ​នយោ​បាយ​បន្ដ​សង្រ្គាមនឹងនគរចំប៉ាដដែល កងទ័ពទាហានខ្មែរ ដែលចេញទៅប្រយុទ្ធនឹងចាម ត្រូវ​ស្ថិត​នៅ​ក្រោម​បញ្ជា​ របស់​ព្រះ​រាជ​បុត្រ​ព្រះ​អង្គ ដែលថ្ងៃក្រោយក្លាយទៅជា ព្រះបាទជ័យវរ្ម័នទី៧ កាលនោះព្រះអង្គព្រះជន្មទើបបាន ២៥វស្សា។

  ក្នុងពេលដែលព្រះអង្គកំពុងតែលើកទ័ពចូលប្រយុទ្ធ នៅមុខព្រះរាជធានីចាមវិជ័យ ព្រះអង្គបានទទួលដំណឹង​យ៉ាង ចុក​ចាប់​មក​ថា បិតា​ព្រះ​អង្គ​សុគត ហើយ​ព្រះ​យសោ​វរ្ម័ន​ទី​២ បាន​ឡើងគ្រងរាជសម្បត្ដិនគរកម្ពុជា គឺក្នុងគ.ស ១១៦០ ព្រះអង្គនៅស្ងៀមស្ងាត់ មិន​បញ្ចេញ​ឥរិ​យាបថ​ក្រេវ​ក្រោធ​ឡើយ​។ ព្រះ​អង្គ​បែរ​ជា​គារព​បូជា និងតាំងចិត្ដស្មោះត្រង់ភក្ដីចំពោះរាជាថ្មីជានិច្ច ព្រះអង្គនៅតែបន្ដការវាយប្រហារ​ប្រយុទ្ធ​នឹង​កង​ទ័ព​ចាម​ព្រះ​ជ័យ​វរ្ម័ន បាន​វាយ​កំទេច​បំផ្លាញ​ខេត្ដ​ខ័ណ្ឌ​ចាម​អស់​ជា​ច្រើន​។

៥. ព្រះបាទយសោវរ្ម័នទី២ គ.ស១១៦០ - ១១៦៥

  ព្រះមហាក្សត្រអង្គនេះ ក្នុងរាជព្រះអង្គ បានជួបប្រទះនូវវិបត្ដិផ្ទៃក្នុងជាច្រើន។ តាមរយៈសិលាយចារឹក យើងដឹងថា មាន​មនុស្ស​មាន​ក្រុម​ជា​ច្រើន​បាន​ប៉ុន​ប៉ង​ចង់​ធ្វើ​ឃាត​ព្រះ​អង្គ តែមិនបានសំរេច។ មនុស្ស ឬក្រុមដែលចង់ធ្វើគតព្រះអង្គ យើងមិនអាចស្គាល់​ឈ្មោះ​ទេ​។ ពី​ព្រោះ​សិលា​ចារឹក ប្រា​សាទ​បន្ទាយ​ឆ្មារ បាន​ត្រឹម​តែបញ្ជាក់ថា មាន «ករតៈរហូ» ក្បត់ចង់មកយាយីលេបត្របាក់ សិលាចារឹកបាន​ប្រៀប​ប្រ​ដូច​ព្រឹត្ដិ​ការណ៍​ក្បត់ ទៅ​នឹង​រាហូ​ដែល​កំពុង​លេប​ព្រះ​ចន្ទ​។

  ព្រះបាទយសោវរ្ម័នទី២ បានរួចរស់ជីវិត ដោយសារសេចក្ដីក្លាហាន និងប្រាជ្ញាភ្លឺថ្លាឈ្លាសវៃ របស់ព្រះស្រីឥន្រ្ទ​កុមារ ព្រះ​រាជ​បុត្រ​ព្រះ​ជ័យ​វរ្ម័ន ដែល​ជា​មេ​ទ័ព​រក្សា​ព្រះ​អង្គ ព្រះស្រីឥន្រ្ទវរ្ម័នខ្លួនឯង បានរួចរស់ផុតមកពីសេចក្ដីស្លាប់ ដោយវីរភាពរបស់មេទ័ពពីរនាក់ អរ​ជូន និង​ស្រី​ភរ​ទេវ​បរៈ​ ដែល​បាន​យក​ជីវិត​ទៅ​បូជា​រាំង​បាំង​ការ​ពារ​ព្រះ​អង្គ​។

  ក្នុងគ.ស ១១៦៥ ព្រះយសោវរ្ម័នទី២ មិនបានគេចផុតរួចអំពីអំពើក្បត់ប៉ងធ្វើឃាតដូចលើកមុនទៀឡើយ។ ព្រះ​អង្គ​ត្រូវ​មន្រ្ដី​ជាន់​ខ្ពស់​ម្នាក់​ឈ្មោះ​ត្រី​ភុវិន​អា​ទិត្យ​វរ្ម័ន និង​ក្រុម​បក្ស​ពួក​ធ្វើ​រដ្ឋ​ប្រហារ​សំលាប់​ព្រះ​អង្គ​។

៦. ព្រះបាទត្រីភុវ័នអាទិត្យវរ្ម័ន គ.ស ១១៦៥ - ១១៧៧

  ព្រះបាទត្រីភុវន័អាទិត្យវរ្ម័ន ស្ដេចជ្រែករាជ្យ ដែលបានធ្វើគត់ព្រះបាទយសោវរ្ម័នទី២ បានប្រកាសតាំងខ្លួនជាព្រះមហា​ក្សត្រ​នៅ​មហា​នគរ​។ ក្នុង​កាល​ជា​មួយ​គ្នា​នោះ​ដែរ នៅ​នគរ​ចំប៉ា ស្ដេចចាមដែលត្រឹមត្រូវតាមច្បាប់ ក៏ត្រូវគេធ្វើរដ្ឋប្រហារសំលាប់ដែរ។ ស្ដេចចាម​ថ្មី​ឈ្មោះ ជ័យ​ឥន្រ្ទ​វរ្ម័ន​ទី​៤ ដើម្បី​សុំ​សុខ ស្ដេច​ចំប៉ា​អង្គ​នេះ បានសុំសេចក្ដីអនុញ្ញាតពីស្ដេចចិនជាមុនសិន មុននឹងទទួលអភិសេកជាព្រះ​មហា​ក្សត្រ​។ ព្រះ​អង្គ​ក៏​បាន​នាំ​សួយ​សារ​អាករ ជា​ច្រើន​យក​ទៅ​ថ្វាយ​ស្ដេច​យួន​ដែរ​។ ស្ដេចចាមព្រះជ័យឥន្រ្ទវរ្ម័នទី៤មានរឹកពារច្រងេងច្រងាង ក្រ​អើត​ក្រទម​កោង​កាច​សា​ហាវ​ដូច​ក្រុង​រាពណ៍ ដែល​រៀប​ចំ​គ្រឿង​អា​វុធ​យុទ្ធ​ភ័ន្ដ​ដាក់ក្នុងរទេះ ចេញមកវាយប្រហារប្រទេសកម្ពុជា នេះ​ជា​កំនត់​សិលា​ចារឹក​ខ្មែរ​។ កាល​បើ​រៀប​ចំ​បាន​ទទួល​ការ​គាំ​ទ្រ​ពី​ប្រទេស​ចិន និង​យួន​ហើយ ស្ដេចចាមក៏លើកពលសេនាយ៉ាងសន្ធឹកអឹងកង ចូលមកវាយ​ប្រហារ​លុក​លុយ​បំ​ផ្លិច​បំផ្លាញ​ ដុត​ប្រ​ទេស​កម្ពុជា​។ គ្រា​នោះ​កង​ទ័ព​ខ្មែរនៅមានថ្វីដៃ អាចទប់ទល់ប្រយុទ្ធតតាំងនឹងសត្រូវ យ៉ាងអង់អាច​ក្លា​ហាន នៅ​តំបន់​ដី​កម្ពុជា​ក្រោម​។ សង្គ្រាម​ខ្មែរ​ចាម​បាន​ឆាប​ឆេះ ចាប់​ពី​គ.ស ១១៦៨ ទៅ គ.ស ១១៧៥​។ តែ​ទ័ព​ចំប៉ា​មិន​ទាន់​ដណ្ដើម​យក​ជ័យ​ជំនះ​បាន​ទេ​។

  ស្ដេចចាមក៏សំរេចចិត្ដលើកទ័ពតាមផ្លូវទឹក ឡើងតាមទន្លេមេគង្គ ចូលមកដល់បឹងទន្លេសាបដើម្បីចូលវាយប្រហារខ្មែរ អោយ​ដល់​មហា​នគរ​ ដែល​ជា​បេះ​ដូង​នគរ​ខ្មែរ​តែ​ម្ដង​។ កងទ័ពជើងទឹកខ្មែរពុំមានលទ្ធភាពអាចទប់ទល់ នឹងខ្មាំងបានឡើយ ហើយត្រូវកង​ទ័ព​ចាម​វាយ​កំទេច​បំផ្លាញ​ខូច​ខាត​វិនាស​អស់​។ ដោយ​មិន​បាន​ប្រុង​ប្រៀប​រៀបចំគ្រោងទុកជាមុន មហានគរត្រូវធ្លាក់ក្នុងកន្ដាប់ដៃស្ដេច និង​កង​ទ័ព​ចាម​។ ធន​ធាន​ទ្រព្យ​សម្បត្ដិ​ភោគ​ផល​ខ្មែរ​ទាំង​ប៉ុន្មាន ត្រូវ​ចាម​លួច​ប្លន់​ដឹកជញ្ជូនយកអស់គ្មានសេសសល់។ ប្រាង្គប្រាសាទខ្មែរ ផ្ទះសំបែងភូមិ​ស្ថាន ត្រូវ​ចាម​រុក​រាន​ទន្រ្ទាន​ទី​ ដុត​បំផ្លាញ​គ្មាន​ប្រណី​ដែរ​។ ឯ​ប្រ​ជា​នុរាស្រ្ដ ក៏​ត្រូវ​កងទ័ពចាមកាប់សំលាប់ ធ្វើទុក្ខបុកម្នេញ ចាប់ចង កៀរ​កេណ្ឌ​ធ្វើ​ជា​ឈ្លើយ​ដែរ​។​

  មហានគរត្រូវចាមវាយប្រហារបំផ្លិចបំផ្លាញ ដណ្ដើមយកបាននៅថ្ងៃ១៥កើត ខែចែត្រ គ.ស ១១៧៧ ស្ដេចខ្មែរជ្រែក​រាជ ព្រះ​បាទ​ត្រី​ភុវ័ន​អា​ទិត្យ បាន​ស្នើ​សុំ​ចរចា​ធ្វើ​សន្ដិ​ភាព នឹង​ស្ដេច​ចាម​ដែរ តែស្ដេចនគរចំប៉ាមិនយល់ព្រម ហើយក៏បានធ្វើគតព្រះអង្គក្នុង​គ្រា​នោះ​ទៅ​។ នគរ​ចំប៉ា​ក៏​បាន​ចាប់​ផ្ដើម​កាន់​កាប់​ត្រួត​ត្រា​ប្រទេស​កម្ពុ​ជា​ពី​ថ្ងៃ​នោះ​មក​(3)។

១ = រាជធានឥន្រ្ទបុរៈ ស្ថិតនៅក្នុងប្រទេសវៀតណាមបច្ចុប្បន្ន ត្រង់ចំនុចត្រាកីវ ខាងលិចមីសឹង។
២ = ដាន់រាំងបច្ចុប្បន្ននៅទីក្រុងមួយក្នុងប្រទេសវៀតណាម។
3 = ព្រឹត្ដិការណ៍ចាមវាយប្រហារដណ្ដើមយកមហានគរបាន គេពុំដែលឃើញមានការកត់ត្រារៀបរាប់អធិប្បាយក្នុង​ពង្សាវ​តារ​ខ្មែរ ឬ​របាយ​ក្សត្រ​ណា​មួយ​ឡើយ តើ​នេះ​មក​ពី​បុព្វ​ហេតុ​អ្វី?។