១០ - មហានគរជំនាន់ទី២
ថ្ងៃអាទិត្យ ទី13.មេសា 2014.ម៉ោង 09:27

  ក្រោយថ្ងៃដែលព្រះបាទជ័យវរ្ម័នទី៥ បានសុគតទៅ ស្ថានភាពក្នុងនគរបានផ្លាស់ប្ដូរមានវិបត្ដិមិនល្អ គ្មានស្ថិរ​ភាព​សោះ​ឡើយ​។ បុព្វ​ហេតុ​មិន​មែន​បណ្ដាល​មក​ពី​បរ​ទេស​ឈ្លាន​ពាន លើកកងទ័ពមកច្បាំងវាយប្រហារនោះទេ ប្រភពធំ គឺបណ្ដាលមកអំពីស្ដេចខ្មែរ មិន​ព្រម​គោរព​ទៅ​តាម​ក្រិត​ក្រម​ច្បាប់​វិន័យ​ប្រពៃ​ណី ដែល​បាន​កំនត់​ក្នុង​ព្រះ​រាជ​វង្ស ហើយសំអាងទៅលើកំលាំងអាវុធ ប្រើកំលាំងបាយ ដើម្បីដណ្ដើម​ដោះ​ស្រាយ​យក​អំណាច​រាជ​បល្ល័ង្ក​។

១. ព្រះបាទឧទ័យទិត្ដិយវរ្ម័ន ឬ ព្រះបាទឧទ័យវរ្ម័នទី១(១០០១-១០០២)

  ព្រះបាទឧទ័យវរ្ម័នទី១ត្រូវជាក្មួយរបស់ព្រះបាទជ័យវរ្ម័នទី៥ ព្រះអង្គបានទទួលស្នងរាជតពីព្រះបាទជ័យវរ្ម័នទី៥ នៅរាជ​ធានី​យសោ​ធបុរៈ ក្នុង​ស្ថាន​ភាព​ច្រ​បូក​ច្រ​បល់​ស្រ​ពិច​ស្រពិលជាខ្លាំង។ គេពុំបានដឹងថា ព្រះអង្គបានឡើង គ្រងរាជដោយមធ្យោបាយបែបណាទេ ហើយ​រាជ​ព្រះ​អង្គ​ក៏​មាន​រយៈ​ពេល​ខ្លី​ណាស់​ដែរ​។ ព្រះអង្គបានគ្រងរាជ តែប៉ុន្មានខែប៉ុណ្ណោះ ស្រាប់តែត្រូវបាត់ខ្លួនពុំដឹងមូលហេតុច្បាស់​លាស់​ឡើយ​។ ចាប់​ពី​ពេល​នោះ​មក ប្រទេស​ខ្មែរ​ត្រូវ​ជួបនូវស្ថានភាពអនាធិតេយ្យ អសន្ដិសុខ និងសង្រ្គាមស៊ីវិលអស់រយៈពេល៩ឆ្នាំ។

២. ព្រះបាទជ័យវិរវរ្ម័ន(គស ១០០២-១០១០)

  ព្រះបាទជ័យវិរវរ្ម័នត្រូវបានពួកនាម៉ឺនមន្រ្ដីតែងតាំងអោយឡើងគ្រងរាជ បន្ទាប់ពីការបាត់ខ្លួនរបស់ព្រះបាទឧទ័យវរ្ម័នទី១ តែ​រាជ​របស់​ព្រះ​អង្គ​ត្រូវ​ព្រះ​បាទ​សុរិយា​វរ្ម័ន​ទី​១ ដែលជាបុត្រ (ម្ដាយជាក្សត្រីខ្មែរ)របស់ក្សត្រម្នាក់គ្រងរាជនៅតំបន់កណ្ដាលនៃជ្រោយ​ម៉ាលា​កា (នគរ​ដាំ​ព្រះ​លិង្គ​ ឬ នគរស្រីធម្មរាជា) ជំទាស់មិនទទួលស្គាល់ ហើយបានប្រកាសសង្រ្គាមជាមួយព្រះអង្គ។

  សង្រ្គាមដណ្ដើមអំណាចរវាងស្ដេចខ្មែរទាំងពីរ ត្រូវផ្ទុះឆាបឆេះគ្រប់ទិសទី ក្នុងរាជាណាចក្រនៅ គស១០០៦ ព្រះបាទសុរិយា​វរ្ម័ន​ទី​១ បាន​ធ្វើ​ការ​វាយ​ប្រ​ហារ​ជា​បន្ដ​បន្ទាប់​មកលើរាជធានីអង្គរធំ។ កាលណោះព្រះអង្គបាន តាំងមូលដ្ឋានសឹករបស់ទ្រង់នៅម្ដុំ ប្រាសាទ​ព្រះ​វិហារ​។ ការ​ច្បាំង​បង្ហូរ​ឈាម​ខ្មែរ​អស់​រយៈ​ពេល​៤​ឆ្នាំ រហូតមកដល់ គស១០១០ ព្រះបាទជ័យវិរវរ្ម័ន ត្រូវបានព្រះបាទសុរិយា​វរ្ម័ន​ទី​១ ប្រហារ​ដណ្ដើម​រាជ​។ ដោយ​ព្រោះ​តែ​នៅ​ក្នុង​រជ្ជ​កាល​របស់​ព្រះអង្គ ចេះតែមានចំបាំងរាំងជលមិនឈប់ឈរដូច្នេះហើយ បានជាប្រជា​ជន​ខ្មែរ​នៅ​សម័យ​នោះ គ្មាន​ពេល​រៀប​ចំ​ស្រុក​ទេស​អោយ​បាន​ស្រួល​ទេ​។ តែទោះជាយ៉ាងណា ព្រះបាទជ័យវិរវរ្ម័នបានអោយគេជួសជុល ប្រាសាទ​តាកែវ និង​បាន​សាង​ ប្រា​សាទ​ឃ្លាំង​ខាង​ជើង​ផង​ដែរ​។

៣. ព្រះបាទសុរិយាវរ្ម័នទី១(គស ១០១០-១០៥០)

  ក្រោយពេលដែលបានធ្វើគត់ព្រះបាទជ័យវិរវរ្ម័នភ្លាម ព្រះបាទសុរិយាវរ្ម័នទី១ ក៏បានប្រកាសខ្លួជាមហាក្សត្រ មហា​នគរ ព្រះ​អង្គ​មិន​ទុក​អោយ​ព្រះ​រាជ​វង្ស​ព្រះ​មហា​ក្សត្រ​ចាស់​រួច​ខ្លួន​ឡើយ ព្រះអង្គចេញបញ្ជាអោយ សំលាប់ពួកក្សត្រ និងញាតិវង្សពេញច្បាប់​ទាំង​ប៉ុន្មាន ដើម្បី​កុំ​អោយ​គេ​អាច នឹង​មក​រំខាន​ព្រះ​អង្គ​ទៅថ្ងៃក្រោយ។ ព្រះបាទសុរិយាវរ្ម័នទី១ បានប្រកាសប្រាប់គេថា ព្រះអង្គជាប់ញាតិវង្ស​ខាង​ម្ដាយ​ជា​មួយ​ព្រះ​បាទ​ឥន្រ្ទ​វរ្ម័ន​ទី​១​។ ដូច្នេះ​ព្រះ​អង្គ​ជា​និមិត្ដ​រូប​នៃនគរកម្ពុជា និងនគរហ្វូនន់ តែការអះអាងរបស់ព្រះបាទសុរិយវរ្ម័នទី១ គ្មាន​អ្វី​ជា​ការ​ពិត​បាន​ទេ​។ ព្រះ​បិតា​របស់​ព្រះ​បាទ​សុរិ​យា​វរ្ម័ន​ទី​១​ ជា​ក្សត្រ​សោយរាជនៅតំបន់កណ្ដាលជ្រោយម៉ាលាកា ដែលមានរាជធានីឈ្មោះ ​នគរ​ដាំ​ព្រះ​លិង្គ​ ឬ​នគរ​ស្រី​ធម្ម​រាជ​ (បច្ចុប្បន្ន​នៅ​ប្រ​ទេស​ម៉ាឡេ​ស៊ី) ហើយបានចងសម្ព័ន្ធ យ៉ាងជិតស្និតជាមួយអាណាចក្រស្រីវិជ័យ(ស៊ូម៉ាត្រា)។

  នៅឆ្នាំ១០១១ ព្រះបាទសុរិយាវរ្ម័នទី១ បានបង្កើតនិតិសាស្រ្ដមួយបង្គាប់អោយ គ្រប់ពួកមន្រ្ដីដែលបំរើទ្រង់អោយ ធ្វើ​សច្ចា​ប្រណិ​ធាន​ថា «​ពួក​គេ​សុខ​ចិត្ដ​បូជា​ជីវិត​ប្ដូរ​ផ្ដាច់​ការ​ពារ​ព្រះ​អង្គ​គ្រប់ពេលវលោ ទោះជាមានសង្រ្គាម ឬគ្មានក៏ដោយ ប្រសិនបើគេក្បត់​វិញ​សូម​អោយ​វត្ថុ​ស័ក្ដិ​សិទ្ធ​ផ្ដន្ទា​ទោស​រហូត​ធ្លាក់​នរក​៣២ជាន់»។ ពាក្យសម្បថទាំងនេះត្រូវបានចារនៅលើសិលា៩ផ្ទាំង ដែលគេបានរកឃើញ​នៅ​ប្រាសាទ​ភិមាន​អាកាស​។ ដើម្បី​ពង្រឹង​អំណាច និង​ធ្វើ​អោយ​សម​ស្របតាមក្រិតក្រម រាជប្រពៃណីព្រះអង្គបានរៀបអភិសេកជាមួយ​មហេ​សី​មេម៉ាយ​របស់​ព្រះ​បាទ​ជ័យ​វិរ​វរ្ម័ន​ទី​១​(១)​។ ថ្វីត្បិតព្រះបាទជ័យវរ្ម័នទី១ ជាក្សត្រពុទ្ធសាសនិកមែន តែព្រះអង្គបានគោរពប្រតិបត្ដិ តាម​ក្រិត​ក្រម​បញ្ញាតិ​របស់​មហា​ក្សត្រ​ខ្មែរ​មុន​ៗ មាន​ពីធី​បូជា​ទេវៈ ទៅតាមទ្រឹស្ដីទេវរាជជាដើម។ល។

សង្គ្រាមនឹងនគរជិតខាង

  ជាមួយគ្នានេះដែរ ព្រះបាទសុរិយាវរ្ម័នទី១ ត្រូវធ្វើសង្គ្រាមទប់ទល់តតប ជាមួយនឹងនគរជិតខាងជាច្រើន។ ព្រះ​អង្គ​បាន​រៀប​ចំ​ប្រយុទ្ធ​ជា​មួយ​នឹង​ប្រទេស​មន​ហរិ​បុន​ជ័យ យកបានភូមិភាគតំបន់ទន្លេមេណាម ជាមួយនឹងនគរខ្មែរមួយចំនួន ដែលស្ថិតនៅខាងជើង​ទឹក​ជ្រោះ​ខោន ក្នុង​អតីត​នគរ​ចេលា ចំបាំង​រាំង​ជលក៏បានផ្ទុះដែរ។ ព្រះបាទសុរិយាវរ្ម័នទី១ បានយកជ័យជំនះវាតនគររហូតទៅ​ដល់​ស្រុក​ហ្លួង​ព្រះ​បាង ព្រះ​អង្គ​កាន់​កាប់ ប្រមូល​ទឹក​ដី​នគរ​ចេនឡាគោកដាក់បញ្ចូលបង្រួបបង្រួមប្រទេសខ្មែរតែមួយវិញ។

ការករសាងមហានគរលើកទី២

  រាជធានីយសោធបុរៈ ឬមហានគរ ដោយសារសង្គ្រាមស៊ីវិលដណ្ដើមរាជបល្ល័ង រាជធានីយសោធបុរៈ ត្រូវឆេះ​បាក់​បែក​ខូច​ខាត​អស់​ជា​ច្រើន​ លែង​មាន​សោ​ភ័ណ​ភាព​ដូច​ដើម ដែលជាទិដ្ឋភាពមិនស័ក្ដិសមនឹងចេស្ដាព្រះមហាក្ស ត្រឡើយ។ ព្រះអង្គបានប្រគល់​ភារៈ​ជួស​ជុល​សាង​សង់​មហា​នគរ អោយ​ទៅ​ព្រហ្មណ៍​ម្នាក់ជាអ្នកទទួលខុសត្រូវ តែដោយសារយល់ឃើញថា បើសាងមហានគរជាថ្មី​ល្អ​ប្រ​សើរ​ជាង ហើយ​សក្ដិ​សម​នឹង​គុណ​តេជៈ​បារមី កិត្យានុ ភាពរបស់ព្រះអង្គផង មួយចំណែកទៀត ព្រះអង្គអាចទុកនូវស្នាដៃ និង​កិត្ដិ​នាម​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​ ដូច្នេះ​ហើយ ទើប​បាន​ជា​ព្រះ​បាទ​សុរិយាវរ្ម័នទី១ ចាត់អោយសាងរាជធានីមហានគរថ្មីមួយទៀត មហានគរថ្មី​មិន​មែន ស្ថិត​នៅ​លើក​កន្លែង​មហា​នគរ​ចាស់​ទេ តែ​ត្រូវ​សង់​ឡើង​នៅទិសខាងជើងខុសគ្នាតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ពីនគរ ចាស់ ផែនទីមហានគរ​ថ្មី ត្រូវ​បាន​គូរ​រៀប​ចំ ដោយ​តំរូវ​ត្រូវ​សង់​ប្រាង្គ​ប្រាសាទ​មួយ​យ៉ាង​ធំ​នៅ​ចំ​កណ្ដាល។

រាជធានីយសោធបុរៈ ឬ មហានគរ

  ការជួសជុលប្រាសាទព្រះវិហារ ដោយព្រះអង្គធ្លាប់ស្នាក់នៅប្រាសាទនេះ ហើយដែលកសាងមិនទាន់ហើយដោយព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ ត្រូវ​បាន​ព្រះ​អង្គ​ចាត់​ចែង​អោយ​បន្ដ​ការ​សាង​សង់ ជាបន្ដបន្ទាប់ទៀតដែរ។

  ប្រាសាទតាកែវ ដែលព្រះមហាក្សត្រជំនាន់មុនសាងសង់មិនទាន់ហើយ ក៏ត្រូវព្រះអង្គសង់បន្ដដែរការជួសជុលប្រាសាទ​កោះ​កេរ ប្រាសាទ​នេះ​ត្រូវ​បាន​ព្រះ​បាទ​សុរិយា​វរ្ម័ន​ទី​១ បញ្ជា​អោយ​គេ​ជួស​ជុល​ដែរ​។ ប្រាសាទភិមានអាកាស និងរាជធានីវត្ដភូ ក៏ត្រូវបានព្រះអង្គសង់​បន្ដ​ពី​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៥​ដែរ​។ ចំណែក​ឃ្លាំង​ខាង​ត្បូង ត្រូវគេចាត់ទុកជាស្នាដៃមួយរបស់ព្រះអង្គដែរ។

  ក្រៅពីនេះព្រះអង្គបានអោយគេចាប់ផ្ដើមសង់បារាយខាងលិច ប្រាសាទបាភួន ភ្នំជីសូប្រាសាទព្រះខ័ននៅកំពុងស្វាយ។ ស្ថាបត្យ​កម្ម​ទាំង​នេះ​ត្រូវ​បាន​ចៅ​មីង​ព្រះ​អង្គ​គឺ ព្រះ​ឧទ័យ​វរ្ម័ន​ទី​២ សង់​បន្ដ​ពី​ព្រះ​អង្គ​។

  ព្រះបាទសុរិយាវរ្ម័ទី១ បានបន្សល់ទុកនូវមាតុភូមិដ៏ស្ដុកស្ដម្ភរុងរឿងត្រចះត្រចង់ដល់ជាតិខ្មែរ ក្រោយពេលលាចាក​លោក​ទៅ​។ ប៉ុន្ដែ​គួរ​អោយ​ស្ដាយ​ដែល​ព្រះ​អង្គ​ពុំ​មាន​បុត្រ​សំរាប់ស្នងរាជម្នាក់សោះ។ មានបណ្ឌិតបរទេសមួយចំនួនេងឿងឆ្ងល់ថា ព្រះ​បាទ​សុរិយា​វរ្ម័ន​ទី​១ ជា​ក្សត្រ​ពុទ្ធសាស​និក​សោះ តែ​បាន​សាង​ប្រាសាទ​ហិណ្ឌូ​ទៅ​វិញ​។

៤. ព្រះបាទឧទ័យវរ្ម័នទី២ គ.ស ១០៥០ - ១០៦៦

  ព្រះមហាក្សត្រ ដែលទទួលរាជសម្បត្ដិ បន្ដពីព្រះបាទសុរិយាវរ្ម័នទី១ គឺព្រះបាទឧទ័យវរ្ម័នទី២ ព្រះអង្គត្រូវជាចៅមីង​របស់​ព្រះ​បាទ​សុរិយា​វរ្ម័ន​ទី​១​។

ស្នាដៃនិងការកសាង

  យសោធបុរៈ ឬនគរធំទី២ ឬមហានគរថ្មី : ព្រះបាទឧទ័យវរ្ម័នទី២បានបន្ដការកសាងរាជធានីយសោធបុរៈ ពីជីតារបស់​ព្រះ​អង្គ ទី​កន្លែង​នគរ​ធី​ថ្មី ត្រូវ​បាន​លើក​ចេញ​ពី​ភ្នំ​បាខែង មកតាំងនៅកន្លែងនគរធំបច្ចុប្បន្ន តែក្នុងសម័យនោះ កំពែងជុំវិញមិនទាន់មានទេ ហើយ​គូរ​ទឹក​ជុំវិញ​រាជ​ធានី​ ដូច​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ​ក៏​មិន​ទាន់​មាន​ដែរ​។

  ប្រាសាទបាភួន ជាប្រាសាទធំ ដែលសំងំនៅចំកណ្ដាលព្រះរាជធានីនគរធំថ្មី។ លិង្គព្រះអីសូរធ្វើអំពីមាស ត្រូវ​បាន​គេ​យក​ទៅ​តំកល់​ទុក​បូជា​ នៅ​លើ​កំពូល​ប្រា​សាទ​។ អ្នកដំណើរចិនឈ្មោះ ជីតាក្វាន់ ដែលធ្វើដំណើរមកដល់ស្រុកខ្មែរ ក្នុងសតវត្សទី១៣ មាន​ការ​ភ្ញាក់​ផ្អើល ចាប់​ចិត្ដ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង នៅចំពោះមុខសម្ផស្សប្រាសាទបាភួន ចិនជីតាក្វាន់ បានសរសេរកត់ បរិយាយរៀបរាប់​ដោយ​ល្អិត​ល្អន់​ថា «ប្រាសាទ​បា​ភួន មាន​ដំបូល​ពណ៌​ក្រហម ឆ្អិន​ឆ្អៅ​ប្រក់​ទៅ​ដោយមាស»។ ប្រាសាទបាភួនមានទំហំ ៤២៥ម x ១២៥ម ហើយកំពូល​កណ្ដាល​ខ្ពស់​ជាង​គេ មាន​ កំពស់ ៥០ម ចំណែក​ផ្លូវ​ចូលក្រាលថ្ម មានប្រវែង២០០ម អ្នកបុរាណវិទ្យា បានចាត់ទុកប្រាសាទបាភួន ជាការ​វិ​វត្ដន៍ ថ្មី​មួយ​យ៉ាង​ខ្ពស់ នៅ​ក្នុង​សិល្ប​ខ្មែរ​។

  ប្រាសាទមេបុណ្យខាងលិច ត្រូវបានគេសង់លើកូនកោះសប្បនិម្មិតនៅកណ្ដាលបារាយខាងលិច។ គេបានសង់ រូប​សំណាក​ព្រះ​សិវៈ​ពី​សំ​រិត​មួយ​យ៉ាង​ធំ តម្កល់​ទុក​បូជា​។ លោកជីតាក្វាន់បានច្រលំរូបនេះថា ជាសំណាកពុទ្ធរូប ការពិត វាគឺជារូបសំណាកព្រះសិវៈសោះ។

  បារាយខាងលិចត្រូវបានជីកនៅខាងលិចមហានគរថ្មី បារាយខាងលិចមានបន្ដោយប្រវែង ៨០០០ម និងទទឹង ប្រវែង ២២០០​ម បាយ​រាយ​ខាង​លិច​មាន​ទំហំ​ធំ​ជាង​បារាយ​ខាង​កើត ហើយអាចផ្ទុទឹក ៤០.០០០.០០០ ម៉ែត្រត្រីគុណ។ ការជីកកសាងបារាយខាងលិច ដោយ​មាន​ព្រះ​បដិ​មាករ​ព្រះ​វិស្ណុ​ជា​តឹក​តាង អាច​ចាត់​ទុក​ជាការឧទ្ទិសគោរពបូជា រំលឹកដល់គុណព្រះវិស្ណុ។ តែក្រោយទិដ្ឋភាពសាសនា កាយវិការ​នេះ​ក៏​ជា​ការ​កសាង​នយោ​បាយ​ទឹក និង​កសិ​កម្ម​ដែរ​។ ម្យ៉ាងវិញទៀត នេះជាទំលាប់នៅក្នុងគោលនយោបាយធំ របស់ព្រះមហាក្សត្រខ្មែរជំនាន់​មហា​នគរ លើ​ផ្នែក​បង្ក​បង្កើត​ផល និង​សេដ្ឋ​កិច្ច បារាយទាំងបីនៅជុំវិញនគរធំ ដែលបូករួមគ្នាទាំងអស់ មានចំនុះទឹករហូតដល់ទៅ ៧៥លានម៉ែត្រ​ត្រី​គុណ អាច​ផ្ដល់​ទឹក​យ៉ាង​គ្រប់​គ្រាន់​បរិ​បូរណ៍ ដល់​ផ្ទៃ​ដី​ស្រែ ១០០គីឡូម៉ែត្រក្រលា នៅ​ជុំវិញ​រាជ​ធានី​។

  សមិទ្ធិកម្មនេះអាចបញ្ជាក់យ៉ាងច្បាស់នូវកំរិតប្រាជ្ញាឈ្លាសវៃ នូវកំរិតចេះដឹង នូវកំរិតការខំប្រឹងប្រែង​តស៊ូ​ព្យា​យាម និង​ឥទ្ធិ​ពល​កំលាំង​ប្រ​ទេស​ខ្មែរ​ជា​មហា​អំណាច​។

សង្គ្រាមផ្ទៃក្នុង

  ទោះបីជាមាននយោបាយទឹក សំរាប់បំរើប្រយោជន៍ប្រជារាស្រ្ដ មានការខំកសាងមហានគរ មានការកសាងប្រា​សាទ និង​បារាយ​ខាង​លិច​ក៏​ដោយ​ ក៏​ប្រទេស​កម្ពុជា​មិន​បាន​ជួប​នូវ​សេច​ក្ដី​សុខក្សេមក្សាន្ដ ចំរើនលូតលាស់ដែរ។ ដែលជាបញ្ហាធ្វើអោយយើងចោទសួរថា តើ​នេះ​ជា​កេរ្ដិ៍​អាករ​រឿង​ចាស់​ក្នុង​ករណី​ដណ្ដើម​រាជ​របស់​ព្រះ​បាទ​សុរិយា​វរ្ម័ន​ទី​១ ដែលសល់ទុកមកអោយកូនចៅជំនាន់ក្រោយ? ឬមួយជាការប៉ះ​ទង្គិច​គ្នារ​វាង​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា និង​អ្នក​កាន់​គោរព​បូជា​ព្រហ្មណ៍​សាសនា?។

  ក្នុងគ.ស. ១០៥២ នគរខេត្ដខ័ណ្ឌមួយចំនួន ដែលស្ថិតនៅភូមិភាគខាងត្បូង នៃប្រទេសកម្ពុជា បានបះបោរប្រមូល ផ្ដុំ​គ្នា​លើក​ជា​កង​ទ័ព ចេញ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ព្រះ​មហា​ក្សត្រ ព្រះបាទឧទ័យវរ្ម័នទី២ មេពួកក្រុមបំបែកខ្លួន អរវិន្ធដ។ ដំបូងពួកទ័ពបះបោរ មានប្រៀប​យក​បាន​ជ័យ​ជំនះ លើ​ច្រើន​សមរ​ភូមិ តែ​នៅ​ទី​បញ្ចប់ មេទ័ពឯករបស់ព្រះមហាក្សត្រ ឈ្មោះសង្គ្រាម បានយកជោគជ័យឈ្នះលើសត្រូវ បង្រ្កាប​រត់​ខ្ចាត់​ខ្ចាយ​អស់​ទៅ​ មេ​បះ​បោរ អរវិន្ធដ បាន​រត់​ទៅ​នៅ​នគរ​ចាម​។

  ក្នុងគ.ស.១០៦៥ មេទ័ពដ៏ខ្លាំងក្លាហានម្នាក់ទៀតរបស់ព្រះមហាក្សត្រ ឈ្មោះកម្ពុ បានលើកពលរេហ៍ចេញពីមហានគរ ហើយ​ប្រកាស​តាំង​ខ្លួន​ប្រឆាំង​នឹង​ព្រះ​មហា​ក្សត្រ មេ​ទ័ព​ស្មោះ​ស្ម័គ្រ​សង្គ្រាម ដោយមានមេទ័ព ទែវស្រុវនុង វនូរ គាំចេនតិស្រុ ចំនាត់ រញ្ញ និង​ក្មុញ ជា​ជំនួយ​ផង បាន​ទទួល​ភារ​កិច្ច​ចេញ​ទៅ​ផ្ដន្ទា​ទោស​សំលាប់​ជនក្បត់​។ លើកទ័ពដេញតាមទៅជួបនឹងសត្រូវ មេទ័ពទាំងពីរក៏បានកាប់ចាក់ប្រយុទ្ទគ្នា យ៉ាង​សាហាវ​អស្ចារ្យ​។ មេ​ទ័ព​កម្ពុ​បាញ់​ព្រួញ​មក ត្រូវ​មេទ័ពសង្រ្គាមរបួសត្រង់ថ្គាម តែមេទ័ពសង្រ្គាម គ្មានឈឺចុកចាប់បន្ដិចបន្ដួចសោះ លោក​ក៏​លើក​ធ្នូ​ចាប់​យិត​បាញ់​ព្រួញ​តប​ត​វិញ​បី​គ្រាប់ ហោះវឹងស្លេវ តំរង់ទៅចាក់ដោតចំដើមទ្រូង កញ្ចឹងក និងក្បាល។ សិលាចារឹកបានសរសេរ​បន្ដ​ទៀត​ថា មុន​នឹង​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ខ្មាំង នៅ​លើ​កំពូល​ភ្នំ​មួយ មេទ័ពសង្រ្គាមបានរៀបចំធ្វើពិធីបួងសួង បន់ស្រន់ដល់ព្រះសិវៈ សុំអោយ​បាន​ជោគ​ជ័យ​ជំនះ ក្នុង​គ្រប់​ប្រតិ​បត្ដិ​ការ​សឹក​។

  មួយឆ្នាំកន្លងមក ភាពវឹកវល់ចលាចល ក៏កើតមានជាសង្រ្គាមផ្ទៃក្នុងម្ដងទៀត ក្រោមការវាយប្រហារធ្វើឃាតជន​បះ​បោរ​ទាំង​បី​នាក់ ដោយ​ផ្ទល់​ដៃ ហើយ​ព្រម​ទាំង​បាន​ដេញ​កំចាត់​បក្ស​ពួក​ដែលនៅសេសសល់។

  ឆ្នាំដដែល ក្នុងគ.ស. ១០៦៦ ព្រះបាទឧទ័យវរ្ម័នទី២ បានចូលទីវង្គត។ ប្អូនបន្ទាប់ពីព្រះអង្គព្រះនាម ហរស្សវរ្ម័នទី៣ បាន​ឡើង​សោយ​រាជ​សម្បត្ដិ​បន្ដ​។

ព្រះបាទហរស្សវរ្ម័នទី៣ (គស១០៦៦ ១០៨០)

  ព្រះអង្គជាព្រះអនុជរបស់ព្រះបាទឧទ័យវរ្ម័នទី២ ព្រះអង្គត្រូវពួកនាម៉ឺនមន្រ្ដីតែងតាំងអោយគ្រងរាជបន្ដពីព្រះរៀមទ្រង់។ ដោយ​សារ​សង្រ្គាម​ផ្ទៃ​ក្នុង​ឥត​ស្រាក​ស្រាន្ដ ព្រះ​មហា​នគរ វាំង ប្រាសាទ ស្រុកភូមិ ផ្ទះសំបែងត្រូវ ឆេះបាក់បែកខូចខាត អន្ដរាយយ៉ាងដំនំ។ ដូចេ្នះ​ហើយ​បាន​ជា​ពេល​ដែល​ព្រះ​អង្គ​ឡើង​គ្រង​រាជ​ភ្លាម ព្រះអង្គបានយកចិត្ដទុកដាក់ក្នុងការចាត់ចែងជួសជុល រៀបចំស្ថាបនាសាងសង់រាជធានី ភូមិដ្ឋាន​ប្រ​ជា​ជន និង​កន្លែង​ទី​ សក្ការៈ​បូជា​ផ្សេង​ៗ អោយ​មាន​សន្ដិ​សុខ មានសន្ដាប់ធ្នាប់ក្នុងសង្គមជាតិឡើងវិញ។ ហើយព្រះអង្គក៏បានព្យាយាមរៀបចំ​ស្ថាប័ន និង​វណ្ណៈ​សង្គម​ ដែល​មាន​ជា​អាទិ វណ្ណៈ​ព្រាហ្មណ៍ វណ្ណៈ​ក្សត្រិយៈ វណ្ណៈ​វៃស្សៈ និង វណ្ណៈ​សូទ្រៈ​។

  នៅពេលដែលមានសភាពការណ៍ច្របូកច្របល់ ប្រទេសចុះទន់ខ្សោយដូច្នេះ បណ្ដាលអោយប្រទេសជិនខាងមាន​បំណង​លួច​លេប​យក​ប្រ​ទេស​កម្ពុជា​។

សង្គ្រាមនឹងបរទេស

  ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាត្រូវឆ្លងកាត់សង្គ្រាមពីរ គឺសង្គ្រាមនឹងនគរចំប៉ា និងសង្គ្រាមជាមួយនឹងយួនតុងកឹង។ សង្គ្រាម​នឹង​ចាម បុព្វ​ហេតុ​ដំបូង​ស្ដេច​ចាម​ឈ្មោះ ប៉ាង បាន​លើកកងពលរេហ៍ចូលមកលួចប្លន់ កាប់សំលាប់ ដុ តផ្ទះសំបែងប្រជានុរាស្រ្ដខ្មែរ ដែល​រស់​នៅ​តាម​ព្រំ​ដែន​។​ គឺ​នៅ​ក្នុង​គ.ស.​១០៧៤​។ ការ​រំលោភ​ចូល​មកលើទឹកដីខ្មែរ ការធ្វើបាបប្រជាពលរដ្ឋខ្មែរ មានជាញឹកញាប់រឿយៗ។ មិន​តែ​ប៉ុណ្ណោះ ដោយ​ឃើញ​ថា​ខ្មែរ​កំពុង​ទន់​ខ្សោយ ស្ដេច​ចាម​ក៏​ឆ្លៀត​ឱកាស​លើកពលយោធា តាមជើងទឹកផងតាមជើងគោកផង ចូលតាមទន្លេ​មេ​គង្គ​ទៅ​ដល់​អតីត​រាជ​ធានី​ សម្ភុ​បុរៈ ឬ សំបូរ វាយ​ប្រហារ​ដុត​កំទេច​បំផ្លាញ សំលាប់​មនុស្ស​ប្រុស​ស្រី​ចាស់​ក្មេង​គ្មាន​ត្រា​ប្រណី ហើយ​លួច​ប្លន់​ដឹក​ជញ្ជូន​យក​ភោគ​ផល​ទ្រព្យ​សម្បត្ដិ​ខ្មែរ​គ្មាន​សេស​សល់​។ កន្លែងសក្ការបូជាទាំងប៉ុន្មានត្រូវចាម ដុតបំផ្លាញចោលអស់។ ព្រះបដិមាករល្អៗមាន​តំលៃ ពួក​ចាម​ក៏​ប្រមែ​ប្រមូល​យក​គ្មាន​សល់​។ កង​ទ័ព​ចាម​បានចាប់ កៀរកេណ្ឌប្រជាជនខ្មែរជាច្រើន យកទៅធ្វើជាឈ្លើយ ជាទាសាទាសី។

  កាលនោះ ព្រះមហាក្សត្រខ្មែរ បានបញ្ជូនកងទ័ពអោយចេញទៅប្រយុទ្ធតតាំងទប់ទល់ នឹងកងទ័ពចាម។ តែកង​ទ័ព​ខ្មែរ​ហាក់​បី​ដូច​ជា​គ្មាន​កំលាំង​ គ្មាន​សមត្ថ​ភាព​យក​ជ័យ​ជំនះ​លើ​ខ្មាំង​ឡើយ​។ ហួសពីនេះទៅទៀត មេបញ្ជាការធំខ្មែរត្រូវទ័ពចាមចាប់បានធ្វើជាឈ្លើយ​។ សង្គ្រាម​រវាង​ខ្មែរ នឹង​ចាម​បាន​បន្ដ​រហូត​មក​ដល់​គ.ស.១០៨០ ទើប​ត្រូវ​បាន​បញ្ជប់ ហើយសន្ដិភាពក៏បានកើតមានមកវិញរវាងប្រទេសទាំងពីរ។

  ដំណាលគ្នានេះដែរ ក្នុងគ.ស.១០៧៦ ដោយសារបែបញ្ហាសម្ពន្ធមិត្ដ ប្រទេសកម្ពុជាបានចូលរួមកំលាំងជាមួយប្រទេសចិន លើក​ទ័ព​ទៅ​វាយ​ប្រហារ​ខេត្ដ​តុង​កឹង​។ កាល​នោះ​ជន​ជាតិ​យួន​បានបះបោរ ច្បាំងប្រឆាំងលែងគោរពស្ដា ប់បង្គាប់ រដ្ឋអំណាចស្ដេចចិន។ កង​ទ័ព​ចិន​ត្រូវ​ចុះ​តាម​ស្រុក​ឡាង​សឹង តំរង់​ចាក់​ទៅ​ទី​ក្រុង​ហាន​ណូយ​។ កងទ័ពខ្មែរត្រូវឡើងទៅវាយផ្ទប់នៅស្រុកង៉ែអាន។ កងទ័ពចិនត្រូវបាក់បែក​បរា​ជ័យ រត់​ចោល​ជួរ ដែល​ជា​ហេតុ​នាំ​អោយ​ទ័ព​ខ្មែរ​ពុំ​អាច​មាន​លទ្ធភាពទប់ទល់វាយប្រយុទ្ធយកជ័យជំនះតែម្នាក់ឯងបានឡើយ។ ក្នុងសភាពការណ៍​ដូច្នេះ ណា​មួយ​ឆ្ងាយ​ពី​ទឹក​ដី​ដែល​ជា​មូល​ដ្ឋាន​យោធា​ ជា​ចាំបាច់ទ័ពខ្មែរត្រូវតែនាំគ្នាដកឃ្លាត្រលប់ចូលនគរវិញ

ដើមកំណើតប្រទេសយួន(ដៃកូវៀត ឬដៃវៀត

  ប្រទេសយួននេះកាលដើមឡើយជាអាណាខេត្ដរបស់ចិនទេ។ គឺព្រះរាជាចិនម្នាក់ មានចិត្ដភ័យបារម្មណ៍ខ្លាចឥទ្ធិពលឥណ្ឌា ជះ​គ្រប​ទៅ​លើ​ចិន ទើប​ទ្រង់​បាន​ប្រគល់​ខេត្ដ​បួន​ គឺ​គុយ​អង់​ស៊ី គុយអង់ដុង តុងកឹង និងអាណាម អោយទៅមេទ័ពម្នាក់ឈ្មោះ ហ្សាអូត កាន់កាប់។ អាជ្ញា​ធរ​ចិន​បាន​ដាក់​សុទ្ធ​តែ​ពួក​ឧក្រិដ្ឋ​ជន និង​ពួក​ក្រុម​ចោរ​ទមិឡ ដែលប្រទេសចិនទាត់ចោល អោយរស់នៅក្នុងខេត្ដទាំងនោះ ដើម្បីងាយ​ស្រួល​ជួយ​រុញ​ច្រាន​ពួក​ប្រជា​ជន​ឥណ្ឌា​រូប​និយ​កម្ម ដែល​មាន​ការលូតលាស់ជាខ្លាំងនៅសម័យនោះ។ ខេត្ដខ័ណ្ឌទាំងនោះតែងស្ថិតនៅក្រោមការ​ត្រួត​ត្រា​ចិន​​រហូត​។ លុះ​ដល់​ គ:ស​៩៣៩ ពួក​ចិន​ដៃ​វៀត​នេះបានឆ្លៀតពេលដែលចក្រភពចិនកំពុងធ្លាក់ចុះ ដើម្បីធ្វើសង្រ្គាមផ្ដាច់ចេញពីចិនតែម្ដង​។ ដូច្នេះ​ហើយ​ទើប​ប្រទេស​ចិន​ចេះ​តែ​ព្យា​យាម​តាម​យក​ទឹក​ដី​នេះ​មក​វិញ​។

សង្គ្រាមផ្ទៃក្នុង

  ឆ្លៀតពេលដែលប្រទេសខ្មែរមមាញឹកជាប់ដៃប្រយុទ្ធជាមួយបរទេស ពួកក្សត្រខ្មែរឯទៀត មានបំណងចង់រំលំព្រះ​បាទ​រហស្ស​វរ្ម័ន​ទី​៣ ដើម្បី​ដណ្ដើម​យក​រាជ មាន​ស្ដេច​ខ្មែរ​មួយ​ព្រះអង្គព្រះនាម ព្រះបាទជ័យវរ្ម័នទី៦ ដែលសោយរាជនគរខ្មែរភាគខាងជើង ជួរភ្នំដងរែក បាន​ប្រកាស​តាំង​ខ្លួន​ជា​ព្រះ​មហា​ក្សត្រ​នគរ​កម្ពុជា លែងគោរពកោតខ្លាច ស្ដាប់បង្គាប់ព្រះបាទហរស្សវរ្ម័នទី៣ និង លែងស្ថិតនៅជានគរ​ចំនុះ​ដូច​សព្វ​ដង​។ ចលនា​សង្រ្គាម​រវាង​ខ្មែរ​នឹង​ខ្មែ ក៏​ចាប់​ផ្ដើម​ឆេះឆាបសន្ធោសន្ធៅក្នុងប្រទេស ពេលនោះព្រះបាទរហស្សវរ្ម័នទី៣ បានសុគតក្នុង​សង្រ្គាម​នោះ​ទៅ ក្នុង​គ.ស​១០៨០​។ សង្រ្គាម​ស៊ី​វិល​ដណ្ដើម​រវាង​រាជវង្សខ្មែរនេះ បានអូសបន្លាយរហូតដល់រជ្ជកាលព្រះបាទ សុរិយាវរ្ម័នទី២។

៦. ព្រះបាទនរិបតិន្រ្ទវរ្ម័ន (គ.ស.១០៨០ - ១១១៣)

  បន្ទាប់ពីព្រះបាទហរស្សវរ្ម័នទី៣ គឺព្រះបាទនរិបតិន្រ្ទវរ្ម័ន ដែលត្រូវបានតែងតាំងជាព្រះមហាក្សត្រសោយរាជ សម្បត្ដិ​ប្រ​ទេស​កម្ពុជា ក្នុង​គ.ស.១០៨០​។ គេ​ពុំ​បាន​ស្គាល់​ដើម​កំណើត​ពិតប្រាកដរបស់ព្រះអង្គទេ។ តែគេដឹងថា ព្រះអង្គជាព្រះមហាក្សត្រ ដែល​ប្រកប​ដោយ​ធម៌ គោរព​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់​វិន័យ​។ ព្រះ​អង្គ​ដែល​គង់​នៅ មហានគរ ត្រូវធ្វើសង្គ្រាមប្រយុទ្ធ ទប់ទល់នឹងព្រះបាទជ័យវរ្ម័នជ័យវរ្ម័នទី៦ ព្រម​ទាំង​ព្រះ​រាជ​វង្ស ​ជា​រៀង​រហូត​ដល់​ថ្ងៃ​អវសាន​ជីវិត​ព្រះ​អង្គ ក្នុងគ.ស១១៣។ ដោយខ្វះឯកសារ គេពុំបានស្គាល់ព្រះរាជាអង្គនេះច្បាស់លាស់ទេ។

  ក្នុង​សង្គម​ជាតិ​ខ្មែរ​ជំនាន់​ដើម គេអោយតំលៃទៅលើស្រ្ដី ដែលជាគ្រួសារខាងម្ដាយ។ អំណាចតាមផ្លូវច្បាប់ស្ថិត​នៅ​លើ​ស្រ្ដី​។ ស្រ្ដី​ជា​តំណាង និង​ជា​លក្ខ័ណ​នៃ​ភាព​ត្រឹម​ត្រូវ​តាម​ច្បាប់ ដូច្នេះដើម្បីអោយមានសិទ្ធិ មានអំណាចត្រឹមត្រូវ តាមច្បាប់ទំនៀមទំលាប់ខ្មែរ អាចឡើង​កាន់​តំណែង​ធំ ឬ​ឡើង​ធ្វើ​ជា​ស្ដេច គេ​ត្រូ​វតែ​រៀប​ការ​ជា​មួយនឹងកូនស្រីស្ដេច កូនស្រីមន្រ្ដីអ្នកធំ ឬមហេសីមេម៉ាយស្ដេច ឬភរិយាមេម៉ាយ​មន្រ្ដី​ធំ​នោះ​។