ការរីកចំរើននៃឥទ្ធិពលខ្មែរ
ថ្ងៃអាទិត្យ ទី6.មេសា 2014.ម៉ោង 21:16

១. ព្រះបាទជ័យវរ្ម័នទី៣ (៨៥៤ - ៨៧៧)

  ព្រះបាទជ័យវរ្ម័នទី៣ ជាព្រះរាជបុត្រព្រះបាទជ័យវរ្ម័នទី២ បានឡើងសោយរាជ្យសម្បត្ដិនគរខ្មែរ បន្ទាប់ពីបិតាព្រះអង្គ​។ ព្រះ​បរម​រាជ​វាំង និង​ ព្រះ​រាជ​ធានី​ស្ថិត​នៅ​ហរិ​ហរា​ល័យ​ដដែល​។ ក្នុងរជ្ជកាលព្រះអង្គ គេពុំបានសំគាល់ ឃើញមានព្រឹត្ដិការណ៍អ្វីជាសំខាន់​ទេ​។ ប្រ​ជា​ជន​រស់នៅ​ដោយ​សុខ​សន្ដិ​ភាព​។ សិលាចារឹក បានចារទុកមកថា ព្រះអង្គមានតេជបារមីភ្លឺចាំងចែងដូចព្រះសុរិយា ព្រះអង្គ​មានសេច​ក្ដី​ក្លា​ហាន​អង់​អាច​ ហើយ​បាន​ពង្រីក​ទឹក​ដី កេរមរតកបិតាព្រះអង្គអោយរឹងរិតតែធំទូលាយ។ សិលាចារឹកដែលបន្ដទៅទៀតថា ព្រះអង្គ​ចូល​ចិត្ដ​បរ​បាញ់​សត្វ​ និង​ទាក់​ដំរី​។

  ព្រះបាទជ័យវរ្ម័ទី៣ បានចូលទីវង្គតក្នុងគ.ស.៨៧៧។ ព្រះអង្គពុំមានកូនប្រុស សំរាប់ស្នងរាជបន្ដពីព្រះអង្គទេ។ នៅជុំវិញ​បរិ​វេណ​រលួស​ព្រះ​អង្គ​បាន​សាង​សង់​ប្រាសាទ​ព្រៃ​មន្ទីរ ប្រាសាទ​ត្រពាំង​ពង់ និងជណ្ដើរទីមួយនៃប្រាសាទបាគង។

២. ព្រះបាទឥន្រ្ទវរ្ម័នទី១ (គ.ស.៨៧៧ - ៨៨៩)

  ព្រះបាទឥន្រ្ទវរ្ម័នទី១ ជាក្សត្រដែលបានសោយរាជបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៣ ករណីការឡើងសោយរាជនេះ គេពុំបាន​ដឹង​ច្បាស់​លាស់​ទេ​ គេ​គ្រាន់​តែ​ដឹង​ថា ព្រះ​អង្គ​ត្រូវ​បានព្រះរាជវង្សានុវង្ស ព្រមទាំងនាម៉ឺនមុខមន្ត្រី ជ្រើសរើសតែងតាំងជាព្រះមហាក្សត្រ។ ប៉ុន្ដែ​គេ​អាច​ប៉ាន់​ស្មាន​ថា ព្រះ​អង្គ​បាន​ព្រះ​រាជ​គ្រូ​ព្រាហ្មណ៍ សិវសោមៈ ជាអ្នកជ្រោមជ្រែងជួយសំរួល ក្នុងការឈោងយកឋានៈជាព្រះ​មហា​ក្សត្រ​។ ព្រះ​រាជ​គ្រូសិវ​សោមៈ ត្រូវ​ជាប់​ជា​បង​ប្អូន​នឹង​ព្រះ​បាទ​ជ័យវរ្ម័នទី២។ ចំណែកព្រាហ្មណ៍ វាមសិវៈ ត្រូវជាចៅមីងរបស់ព្រាហ្មសិវកឥវ​លិយៈ ព្រះ​រាជ​គ្រូ ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី២​។

  ព្រះឥន្រ្ទវរ្ម័នទី១ មានជាប់ព្រះញាតិវង្ស នឹងព្រះបាទជ័យវរ្ម័នទី៣ដែរ ក្នុងឋានៈជាក្មួយ តែជាក្មួយឆ្ងាយ។ បិតាព្រះអង្គ​ព្រះ​នាម ព្រះ​ព្រិទ្ធិ​ឥន្រ្ទ​វរ្ម័ន ជា​កូន​របស់​ប្អូន​ស្រី ព្រះ​រុទ្រ្ទ​វរ្ម័ន ព្រះអង្គគង់នៅរាជធានី ហរិហរាល័យឯរលួស។

ការកសាងនិងស្នាដៃ

  កាលបើឡើងសោយរាជភ្លាម ក្នុងគ.ស ៨៧៩ ការតព្វកិច្ចដំបូងរបស់ព្រះអង្គគឺកសាងប្រាសាទ និង រៀបចំព្រះ​រាជ​ធានី ហរិ​ហរា​ល័យ​នៅរលួស ប្រាង្គ​ប្រា​សាទ​ដែល​ព្រះ​អង្គ​សាង​សង់​មាន៖

  ប្រាសាទព្រះគោ ដែលមានកំពូលទាំងអស់៦ ត្រូវបានសង់មុនគេ ក្នុងគ.ស.៨៧៩ ដើម្បីទុកជាទីសក្ការៈបូជា នៅខាង​ក្នុង ព្រះ​អង្គ​បាន​តំ​កល់​លិង្គ​ព្រះ​ឥសូរ ព្រះ​បដិ​មាករតំណាង​ព្រះ​ឥសូរ និង ព្រះនាងឧបមា មហេសីព្រះឥសូរ ដែលមានរូបរាងមុខមាត់ ដូចនឹង​ជី​ដូន​ជីតា​ព្រះ​អង្គ​ខាង​ម្ដាយ និង​ដូច​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​២ និង​អគ្គមហេសី។ ប្រាសាទព្រះគោបានសង់ទៅដោយឥដ្ឋ មានព្រវែង ៩៧ម x ៩៤ ម៉ែត្រ និង​កំពស់​១៥ម​។​

  ប្រាសាទបាគង់ ជាប្រាសាទមួយទៀត ដែលព្រះអង្គបានកសាង លើទីកន្លែងជិតនោះដែរ ក្នុងគ.ស ៨៨១។ ប្រា​សាទ​បាគង់​មាន​ទំហំ ៦៧​ម x ៦៥​ម សង់​លើ​ខឿន​ខ្ពស់​ពី​ដី ១៥ម ហើយមានកំពូលទាំងអស់៩។ កំពូលប្រាសាទ ចំកណ្ដាលខ្ពស់ជាងគេ មាន​កំពស់ ១៥​ម​។ ក្នុង​នោះ​ព្រះ​បាទ​ឥន្រ្ទ​វរ្ម័ន​ទី១ តំ​កល់​លិង្គ​ព្រះ​ឥសូរ​។ ឯកំពូល ៨ទៀត ត្រូវបានសង់​ដាក់​តំរង់​ទៅ​តាម​ទិស​ទាំង​ប្រាំបី​។

  បារាយលលៃ ស្ថិតនៅក្នុងគោលគំនិត នយោបាយទឹក ដែលជីកព្រែកស្រះ បឹងត្រពាំង នៅតាមភូមិស្ថានគ្រប់ទិសទី តំរូវ​ទៅ​តាម​សេច​ក្ដី​ត្រូវ​ការ​របស់​បន្ដា​ជន និង​នយោ​បាយ​កសាង​ជាតិ ការជីកកសាងបារាយលលៃ មិនមែនជាការផ្សងព្រេង មិនមែនជាការ​ពិសោធន៍ ធ្វើ​យក​ល្អ​មើល​នោះ​ទេ អ្វី​ៗ​សុទ្ធ​តែ​ត្រិះ​រិះ​គិត​គូរយ៉ាងល្អិតល្អន់ ដើម្បីអោយសមិទ្ធិបារាយនេះ អាចចែកចាយទឹក ផ្សព្វផ្សាយ​ពាស​ពេញ​ព្រះ​រាជ​ធានី ភូមិ​ជិត​ឆ្ងាយ និង​ស្រែ​ចំការ​នៅ​ក្បែរ​នោះ បាយលលៃនៅរលួស មានទំហំ ៣៨០០ម x ៨០០ម ហើយទុកទឹកបានយ៉ាងតិច ៦០០០.០០០ម​ត្រី​គុណ​។ ស្នា​ដៃ​នេះ អ្នក​វិទ្យា​សាស្រ្ដ អ្នក​បុរាណ​វិទ្យា និងអ្នកប្រវត្ដិសាស្ដ្រ ដែលបានសិក្សាអំពីប្រវត្ដិសាស្រ្ដ​ខ្មែរ​បាន​ទទួល​ស្គាល់ កោត​សរ​សើរ និង​បញ្ជាក់​ថា ជា​ជំហាន​ដំបូង​ដែល​នាំ​ប្រ​ទេស​ខ្មែរ​ឆ្ពោះ​ទៅ​រក​ការ​រីក​ចំរើន ក្លាយ​ទៅ​ជា​មហា​អំណាច​​។

ក្រិត្យក្រមកំនត់ព្រះរាជវង្ស

  ប្រហែលជាដើម្បីជៀសវាងតទៅអនាគត កុំអោយកើតមានបញ្ហាចោទ ក្នុងការឡើងសោយរាជ្យ​សម្បត្ដិ កុំ​អោយ​មាន​ការ​​ដណ្ដើម​អំណាច​គ្នា ដែល​ជា​ប្រភព​នៃ​ជំលោះ នៃការបែកបាក់សាមគ្គី និងចំបាំងរវាងជាតិឯង ទើបបានជាព្រះបាទឥន្រ្ទវរ្ម័នទី១ រៀប​អោយ​មាន​ក្បួន​ខ្នាត​ក្រិត្យ​វិន័យ​ក្នុង​រង្វង់​ក្រកូល​ក្សត្រ​។ ក្រិត្យបញ្ជានោះមានកំនត់ថា ព្រះមហាក្សត្រ ជាប្រធានធំលើព្រះរាជវង្សានុវង្សទាំង​អស់​។ ព្រះ​រាជវង្ស​ស្ដេច​ ចែក​ចេញ​ជា​បី​ខ្សែ៖
១. សម្ដេចព្រះឧបយោវរាជ មានស្វេទឆ័ត្រ៦ជាន់
២. ព្រះឧបរាជ មានស្វេទឆ័ត្រ៥ជាន់
៣. មាតាព្រះមហាក្សត្រ រឺបុត្រីច្បងព្រះមហាក្សត្រ មានស្វេទឆ័ត្រ ៤ជាន់
  ក្រុមក្សត្រទាំងបីជំពូកនេះ សុទ្ធតែមានគ្រូអាចារ្យ នាម៉ឺនមុខមន្រ្ដី ទ័ពទាហានពលសេនា និងទឹកដីទ្រព្យសម្បត្ដិខ្ញុំ​កំដរ​ទាសា​ទា​សី​បរិ​វារ ដូច​គ្នា​នឹង​ព្រះ​រាជា គ្រាន់​តែ​តិច​ច្រើន​ជាង​គ្នា​ប៉ុណ្ណោះ​។

  កូនចៅព្រះមហាក្សត្រ ក្នុងប្រាំដំណស្ថិតនៅក្នុងក្រមខ័ណ្ឌព្រះរាជវង្សដដែល ហើយមានសិទ្ធអំណាចនឹងឡើងគ្រង​រាជ​សម្បត្ដិ ជា​ម្ចាស់​ផែន​ដី​បាន គឺ​នៅ​ក្នុង​ចំណោម​ព្រះ​រាជ​វង្ស​ទាំង​ប្រាំដំណ ឬប្រាំជំនាន់នេះហើយ ដែលព្រាហ្មណ៍ និងនាម៉ឺនមន្រ្ដី ត្រូវ​ជ្រើស​​រើស​តែង​តាំង​ស្ដេច ក្នុង​​ពេល​ណា​ដែល​ព្រះ​មហា​ក្សត្រ​ចូល​ទីវង្គត។ តាមធម្មតាគេតែងជ្រើសរើស ព្រះឧបរាជអោយឡើងធ្វើជាព្រះមហាក្សត្របន្ដ​រាជ​វង្ស​។ ម្យ៉ាង​ទៀត​សមា​ជិក​នីមួយ​ៗ រប​ស់​ព្រះ​រាជ​វង្ស មុននឹងរៀបការ ត្រូវតែមានសេចក្ដីសុខចិត្ដយល់ព្រមអនុញ្ញាត ពីព្រះ​មហាក្ស​ត្រសិន​។

  ចំណែកកូនស្ដេច ដែលហួសពីប្រាំដំណ គេហៅថាព្រះវង្ស។ ស្ដេចទាំងនេះ គ្មានសិទ្ធិនឹងទាមទារឡើងធ្វើជាព្រះមហា​ក្សត្រ​ឡើយ​។ ដូច្នេះ​ដើម្បី​រក្សា​អោយ​មាន​សិទ្ធិ អាច​នឹង​ឡើងសោយរាជ្យទៅថ្ងៃក្រោយ ស្ដេចព្រះវង្ស ត្រូវស្វះស្វែងរៀបការជាមួយស្ដេច​អង្គ​ណា ដែល​មិន​ទាន់​អស់​សទ្ធិ​។ ដោយ​សារ​បុព្វ​ហេតុ​នេះ ទើបបានជាក្នុងចង្កោ មព្រះរាជវង្សខ្មែរ គេសង្កេតឃើញស្ដេចខ្មែរ ច្រើនតែរៀប​ការ​ជា​មួយ​បង​ប្អូន​ឯង​។​

  ព្រះបាទឥន្រ្ទវរ្ម័នទី១ ជាព្រះមហាក្សត្រមួយអង្គធំកំពូល ក្លាហានខ្លាំងពូកែ ក្នុងចំបាំងព្រះអង្គមិនដែលចាញ់ ឬដក​ឃ្លាថយ​ឡើយ សិលា​ចារឹក​នៅ​ព្រះ​បាទ និង​បា​គង់ បាន​សរ​សេរ​បន្ដ​ទៀត​ថា «ព្រះបាទឥន្រ្ទវរ្ម័នទី១ ជាព្រះមហាក្សត្រ ដែលប្រកបទៅដោយទសពិធ​រាជ​ធម៌ ជា​ទី​ត្រ​ជាក់​ត្រជុំ​របស់​ប្រ​ជា​នុរាស្រ្ដ​។ ព្រះ​អង្គ​មានគុណសម្បត្ដិគ្រប់យ៉ាងឥតមានខ្វះ ព្រះអង្គមានមហិទ្ធិរិទ្ធិអំណាចបីយ៉ាង ព្រះ​អង្គ​អាច​យក​ជ័យ​ជំនះ​ឈ្នះ​លើ​រូប​ព្រះ​អង្គ ព្រះ​អង្គ​មិន ដែលភ្លេចគោរពបូជាព្រះ ហើយព្រះអង្គបានការពារទឹកដីដូចជាម៉ានូ(១) ដោយ​ស្គាល់​ដឹង​យល់​អ្វី​ដែល​ត្រូវ​ធ្វើ និង​អ្វី​ដែល​មិន​ត្រូវ​ធ្វើ​។ ព្រះ​បាទ​ជ័យវរ្ម័នទី១ បានចូលទីវង្គតក្នុងគ.ស ៨៨៩ នៅរាជធានី ហរិហរាល័យ។

គ. ដើមកំណើតការកសាង មហានគរលើកទី១
១. ព្រះបាទយសោវរ្ម័នទី ១ (គ.ស. ៨៨៩ - ៩០០)

  ព្រះបាទយសោវរ្ម័នទី១ ជាព្រះរាជបុត្ររបស់ព្រះឥន្រ្ទវរ្ម័នទី១។ ព្រះអង្គបានឡើងសោយរាជបន្ដពីបិតាព្រះអង្គ ក្នុង គ.ស.៨៨៩ នៅ​ទី​ក្រុង​ហរិ​ហរា​ល័យ​។ ព្រះ​អគ្គ​មហេ​សី​ព្រះ​អង្គ​ព្រះនាមឥន្រ្ទទេវី ដែលជាម្ចាស់ក្សត្រីល្អឯក មានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញា​ភ្លឺ​ថ្លា​មុះ​មុត​ល្បីល្បាញ​ទៅ​គ្រប់​ទិស​ទី​ក្នុង​ព្រះ​នគរ​។ ព្រះរាជគ្រូ និងទីប្រឹក្សាជាន់ខ្ពស់ព្រះអង្គ មានព្រាហ្មណ៍ព្រះនាម សិវសោមៈ និងវាម​សិវៈ ដែល​ជា​ចៅ​របស់​ព្រាហ្មណ៍​សិ​វត​ឥវលិយៈ ព្រះ​រាជ​គ្រូ​ព្រះ​បាន​ជ័យវរ្ម័នទី២។

ចំបាំងក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១

  នៅដើមរជ្ជកាលព្រះអង្គ គេកត់សំគាល់ឃើញមាន ការរំជើបរំជួល ចលាចលអសន្ដិសុខ និងចំបាំងបង្កបង្កើតដុត​ឆេះ​ឡើង ដោយ​ក្រុម​គ្រួសារ​ព្រះ​ញាតិ​វង្ស ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៣ ដែលត្រូវខកខានមិនបានទទួលរាជបល្ល័ង្គ ក្រោយពេលដែលព្រះមហាក្សត្រ​អង្គ​នេះ​ចូល​ទី​វង្គត​។ ចំបាំង​រាំង​ជល​មាន​សភាព​ខ្លាំង​ក្លា​សាហាវអស្ចារ្យ។ កាលនោះ ទ័ពព្រះមហាក្សត្រព្រះបាទយសោវរ្ម័នទី១ ត្រូវ​ទន់​ដៃ​ក្រោម​ការ​វាយ​ប្រហារ​របស់​បច្ចា​មិត្រ ព្រះ​រាជា​ត្រូវ​សត្រូវ​ចោមរោមព័ទ្ធជុំទិស។ ក្នុងគ្រាដ៏សែនអាសន្ននេះ មេទ័ពស្មោះស្ម័គ្រព្រះអង្គពីរនាក់ បាន​នាំ​គ្នា​សំរេច​ចិត្ដ​បូជា​ជីវិត ដោយ​យក​រាង​កាយ​ទៅ​រាំង​ពាំងការពារព្រះអង្គ រងព្រួញដាវលំពែង តែនៅទីបញ្ចប់ ព្រះអង្គបានវាយប្រហារ​សត្រូវ​បាក់​បែក​រត់​ខ្ចាត់​ខ្ចាយ​បរា​ជ័យ​ចាញ់​អស់​។

  ព្រះអង្គធ្លាប់ធ្វើសង្គ្រាមច្បាំង ឈ្នះទាំងលើដី ទាំងលើសមុទ្រ បំផ្លាញទូកសំពៅសត្រូវអស់ជាច្រើន ជាពិសេស ព្រះអង្គ​បាន​ធ្វើ​ចំបាំង​ត​ទល់​នឹង​នគរ​ចំប៉ា ដេញ​វាយ​ប្រ​ហារ​ទ័ព​ចាម ចូលដល់រហូតទីក្រុង ហើយចាប់បានជាឈ្លើយ។ បន្ទាប់មក ព្រះអង្គ​បាន​តែង​តាំង​មេ​ទ័ព​ចាម​ម្នាក់​អោយ​ឡើង​សោយ​រាជ​នៅ​ទី​នោះ​។ ប៉ុន្ដែនៅពេលដែល ព្រះអង្គលើកទ័ពត្រលប់មកនគរ កងទ័ពចាម១២ក្រុមបានរៀប​ចំ​រាយ​អន្ទាក់ ចាំ​វាយ​កំទេច​ទ័ព​ខ្មែរ ព្រះ​អង្គ​បាន​បើក​ការ​វាយប្រហារ កំទេចកងទ័ពសត្រូវអស់ជាច្រើនក្រុម ហើយក៏រំលៀកខ្លួន​រំដោះ​ចេញ​ផុត ត្រលប់​ចូល​មហា​នគរ​វិញ ក្នុង​ពេល​ប្រយុទ្ធ​នឹង​ទ័ពចាម ប្រសិនបើគ្មានអន្ដរាគមន៍ គ្មានការធ្វើពលិកម្មបូជាជិវិត របស់មេទ័ព និង​ពល​សេនា នោះ​ប្រហែល​ជា​ព្រះ​អង្គ ត្រូវ​រង​គ្រោះ​ថ្នាក់​អស់​ព្រះ​ជន្ម​ផង​ក៏មិនដឹង។

  ព្រះបាទយសោវរ្ម័នទី១ មិនមែនពូកែតែខាងធ្វើចំបាំងប៉ុណ្ណោះទេ ព្រះអង្គក៏ជាក្សត្រមួយពូកែគ្រប់គ្រងរៀបចំកសាង​ប្រទេស​ជាតិ​ទឹក​ដី និង​ការ​ពារ​ថែ​រក្សា ទំនុក​បំរុង​សាសនា​ដែរ​។

ការកសាង និងស្នាដៃ

  បារាយ​ខាង​កើត​ស្ថិត​នៅ​ក្នុង​លក្ខណ​នយោ​បាយ​ទឹក សំរាប់​បំរើ​វិស័យ​កសិកម្ម ព្រះ​បាទយ​សោ​វរ្ម័ន​ទី​១ បាន​កសាង​ជីក​ឡើង​។ បារាយ​ខាង​កើត​មាន​ប្រវែង ៧០០០​ម និង​ទទឹង​៨០០ម អាច​ផ្ដល់​ទឹក​បាន​ដល់​ទៅ ៣០​លាន​ម៉ែត្រ​ត្រី​គុណ​។ ទំនប់​ដី​យ៉ាង​ធំ​ត្រូវ​បាន​លើក​ឡើង​ព័ទ្ធ​ជុំ​វិញ សំរាប់​ការ​ពារ​ទឹក​ជំនន់​។ ហើយ​នៅ​ជ្រាំង​ខាង​ត្បូង​បា​រាយ ព្រះ​អង្គ​បាន​ចាត់​ចែង​អោយ​សាង​ព្រះ​វិហារ​វត្ដ​អារាម សំរាប់​អ្នក​គោរព​ព្រះ​វិស្នុ ព្រះសិវៈ និង ព្រះពុទ្ធសា សនា។ ជាមួយគ្នានៅគ្រប់ខេត្ដខ័ណ្ឌនានា ព្រះអង្គបានកសាងអាស្រម ព្រះវិហារ និង វត្ដជាច្រើនទៀតដែរ។

  ប្រាសាទលលៃនៅរលួស ជិតប្រាសាទបាគោ និង បាគង់ដែលជាកន្លែងរាជធានី​ចាស់​ក៏​បាន​កសាង​ដោយ​សារ​ព្រះ​អង្គ​ដែរ ដើម្បី​រំលឹក​ដល់​វិញ្ញាណ​ខន្ធ​បិតា​មាតា និង​ជីដូន​ជីតា​ខាង​ម្ដាយ​ព្រះ​អង្គ

  ប្រាសាទព្រះវិហារ​ជា​ប្រាសាទ​ដែល​ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ បាន​កសាង​សំរាប់​ឧទ្ទិស​រំលឹក​គុណ​ថ្វាយ​ចំពោះ​សិវៈ​។ ប្រាសាទ​ព្រះវិហារ​គេ​បាន​សង់​នៅ​លើ​កំពូល​ភ្នំ​ដង​រែក លើ​ជ្រាំង​ភ្នំ​ដែល​មាន​កំពល់​៨០ម​។ គេ​អាច​ឡើង​ទៅ​តាម​ផ្លូវ​ជំរាល ដែល​មាន​ប្រ​វែង​ប្រ​ហែល​ជា ៨០០ម​ ​ការ​កសាង​ប្រាសាទ​ព្រះ​វិហារ មិន​បាន​ហើយ​ចប់​នៅ​ក្នុង​រាជ​ព្រះ​អង្គ​ទេ​។ ការ​សាង​សង់​មាន​បន្ដ​ទៅ​ទៀត ក្នុង​រជ្ជ​កាល​ព្រះ​បាទ​សុរិយា​វរ្ម័ន​ទី​១ និង​ព្រះ​បាទ​សុរិយា​វរ្ម័ន​ទី​២​។ ម្យ៉ាង​វិញ​ទៀត​យើង​សង្កេត​ឃើញ​ប្រាសាទ​ព្រះ​វិហារ មាន​លំនាំ​លក្ខណៈ​ដូច​គ្នា​នឹង​ប្រា​សាទ​វត្ដភូ​។

  ព្រះបាទយសោវរ្ម័នទី១ ជា​ព្រះ​មហា​ក្សត្រ​ប្រកប​ដោយ​សេច​ក្ដី​ក្លាហាន និង​ទស​ពិធ​រាជ​ធម៌​ដែល​មាន​តែ​មួយ​គត់ គ្មាន​អ្វី​មក​ប្រដូច​បាន ព្រះ​អង្គ​មាន​ចំណេះ​វិជ្ជា​ខ្ពង់​ខ្ពស់​ជ្រៅ​ជ្រះ​។ ហើយ​ព្រះ​អង្គ​ក៏​មិន​ធ្វេស​ប្រ​ហែស ក្នុង​ការ​គោរព​បូជា​ចំពោះ​សាសនា​ដែរ សិលា​ចារឹក​ខ្មែរ​នៅ​ព្រះ​បាទ បាន​សរ​សេរ​ចារ​បន្ថែម​ថា «ក្នុង​ភព​ទាំង​ពីរ ស្ថាន​កណ្ដាល និង​ស្ថាន​សួគ៌​។ មាន​តែ​ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១ (ភព​ផែន​ដី) និង​ព្រះ​ឥន្រ្ទ (ស្ថាន​សួគ៌) ទេ ដែល​ជា​អ្នក​គ្រប់​គ្រង ការ​ពារ​ពោរ​ពេញ​ទៅ​ដោយ​វីរ​ភាព​»​។

  ព្រះបាទយសោវរ្ម័នទី១ មានបុត្រពីរព្រះអង្គ ព្រះ​ហរស្ស​វវ្ម័ន​ទី​១ និង​ព្រះ​ឥសាន​វរ្ម័ន​ទី​២​។ ព្រះ​អង្គ​បាន​ចូល​ទី​វង្គត​ក្នុង​គ.ស ៩០០ ព្រះ​អង្គ​បាន​ទុក​ជា​មរតក ដល់​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​នូវ​ប្រ​ទេស​កម្ពុជា​មួយ យ៉ាង​ខ្លាំង​មាំ​មួន ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​កសាង និង​រីក​ចំរើន​លូត​លាស់​ក្នុង​គ្រប់​វិស័យ ព្រះ​អង្គ​បាន​ផ្ដល់​សន្ទុះ​មួយ​ថ្មី ​ដល់​មហា​អំណាច​កម្ពុជា​។

២. ព្រះបាទហរស្សវរ្ម័នទី១ (គ.ស ៩០០ - ៩២២)

  ក្រោយដែលព្រះបាទយសោវរ្ម័ន បាន​ចូល​ទី​វង្គត ព្រះ​ហរស្ស​វរ្ម័ន ដែល​ជា​បុត្រ​ច្បង បាន​ទទួល​រាជ​សម្បត្ដិ ឡើង​ធ្វើ​ជា​ព្រះ​មហា​ក្សត្រ​។ ក្នុង​រជ្ជ​កាល​ព្រះ​អង្គ គេ​ពុំ​បាន​កត់​សំគាល់​ឃើញ​មាន​ព្រឹត្ដិ​ការណ៍ ឬ​ហេតុ​ការណ៍​អ្វី​ជាសំខាន់​គួរ​អោយ​ចាប់​អារម្មណ៍​ឡើយ​។ ផល​វិបាក​នេះ គឺ​បណ្ដាល​មក​អំពី​ការ​ខ្វះ​ខាត​ផ្នែក​ឯក​សារ​។

៣. ព្រះបាទឥសានវរ្ម័នទី២ (គ.ស ៩២២ - ៩២៨)

  ព្រះបាទឥសានវរ្ម័នទី២ ត្រូវ​បាន​សោយ​រាជ​សម្បត្ដិ ជា​ព្រះ​មហា​ក្សត្រ​ខ្មែរ បន្ទាប់​ពី​ព្រះ​បាទ​ហរស្ស​វរ្ម័ន​ទី​១​ ដែល​ត្រូវ​ជា​បង​។ តាម​ឯក​សារ​ខ្លះ នៅ​ដើម​រជ្ជ​កាល​ព្រះ​អង្គ ព្រះ​បាន​ឥសាន​វរ្ម័ន​ទី​២ ត្រូវ​បាន​ទប់​ទល់​ធ្វើ​ចំបាំង​ជាមួយ​នឹង​ព្រះ​ជ័យ​វរ្ម័ន​ទី​៤ មា​ព្រះ​អង្គ ដែល​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​អង្គ​ជា​ស្ដេច ហើយ​បែរ​ជា​ប្រកាស​តាំង​ខ្លួន​ជា​ស្ដេច​ទៅ​វិញ ដូច្នេះ​ហើយ​បាន​ជា​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤ បាន​លួច​ដឹក​ជញ្ជូន​យក​ព្រះ​រាជ​ទ្រព្យ ទៅ​សង់​តាំង​ព្រះ​រាជ​វាំង​នៅ​កោះ​កេរ​។ រជ្ជ​កាល​ព្រះ​បាទ​ឥសាន​វរ្ម័ន​ទី​២ អ្នក​ប្រវត្ដិ​វិទូ មិន​សូវ​ស្គាល់​ប៉ុន្មាន​ទេ ដោយ​គ្មាន​ឯកសារ​គ្រប់​គ្រាន់ ព្រះ​អង្គ​បាន​អស់​ព្រះ​ជន្ម​​ក្នុង​គ.ស ៩២៨​។

៤. ព្រះបាទជ័យវរ្ម័ន ទី៤ (គ.ស. ៩២៨ - ៩៤១)

  ព្រះបាទឥសានវរ្ម័នទី២ គ្មានព្រះរាជ​បុត្រ​សំរាប់​ស្នង​រាជ​បន្ដ​ពី​ព្រះ​អង្គ​ទេ ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤ ដែល​មាន​នគរ និង​ស្ដេច​ត្រាញ់​តូច​ធំ​ទទួល​ស្គាល់​ខ្លះ​ៗ​ហើយ បាន​ប្រកាស​ធ្វើ​ព្រះ​រាជា​ភិសេក​តាំង​ខ្លួន​ជា​មហា​ក្សត្រ​កម្ពុ​ជា​។

  ព្រះបាទជ័យវរ្ម័នទី៤ ត្រូវ​ជា​ប្អូន​ថ្លៃ​ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១​។ ព្រះ​អគ្គ​មហេសី​ព្រះ​អង្គ ដែល​ជា​ប្អូន​ស្រី​បង្កើត​ព្រះ​បាទ​យសោ​វរ្ម័ន ព្រះ​នាម​ហិន្រ្ទ​ទេវី មុន​នឹង​រៀប​ការ​ជា​មួយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤​ព្រះ​នាង​ធ្លាប់​មាន​ស្វាមី​ម្ដង​ហើយ គី​ព្រះ​មហិន្រ្ទ​វរ្ម័ន ដែល​បាន​បុត្រ​មួយ​ព្រះ​អង្គ​ជា​មួយ​នឹង​ព្រះ​នាង​ ព្រះ​នាម​រាជ​ឥន្រ្ទ​វរ្ម័ន​។ ជា​មួយ​នឹង​ព្រះ​បាទ​ជ័ យ​វរ្ម័ន​ទី​៤ ព្រះ​នាង​មហិន្រ្ទ​ទេវី​បាន​រាជ​បុត្រ​មួយ​ព្រះ​អង្គ​ទៀត​ព្រះ​នាម​ហរស្ស​វរ្ម័ន​ទី​២​។

ការបោះបង់ចោលនគរធំ

  ព្រះបាទជ័យវរ្ម័នទី៤ បានបោះ​បង់​ចោល​មហា​នគរ ហើយ​ផ្លាស់​ប្ដូរ​ព្រះ​រាជ​ធានី​ទៅ​តាំង​នៅ​កោះ​កេរ​។ ប្រា​សាទ​កោះ​កេរ​ស្ថិត​នៅ​ខាង​ជើង​ភ្នំ​គូលែន​ ក្នុង​បច្ចុប្បន្ន ខេត្ដ​ព្រះ​វិហារ​។ ប្រា​សាទ​នេះ​មាន​ប្រា​ពីរ​​ថ្នាក់ ហើយ​មាន​កំពស់ ៣៥​ម​។ លិង្គ​ដែល​ជា​តំណាង​ទេវ​រាជ អំណាច​សាសនា និង​ព្រះ​រាជ​បល្ល័ង្គ ព្រះ​អង្គ​បាន​យក​មក​តំកល់​ទុក​គោរព​បូជា នៅ​លើ​កំពូល​ខ្ពស់​ចុង​បំផុត​នៃ​ប្រា​សាទ​កោះ​កេរ​។ សិលា​ចារឹក​ប្រា​សាទ​កុក មាន​តំកល់​ទុក​មក​ថា ព្រះ​អង្គ​បាន​ធ្វើ​សង្រ្គាម​នៅ​គ្រប់​ទិស​ទាំង​បួន ហើយ​ព្រះ​អង្គ​ក៏​ធ្លាប់​ច្បាំង​មាន​ជ័យ​ជំនះ​លើ​នគរ​ចាម​ដែរ​។

ការកសាង និង ស្នាដៃ

  កោះកេរ ព្រះរាជធានីថ្មីរបស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤ បាន​ផ្ដល់​មក​នូវ​ប្រា​សាទ និង​សិល្បៈ​យ៉ាង​ត្រចះ​ត្រចង់​មួយ​ចំនួន ដែល​បាន​ជះ​ឥទ្ធិ​ពល​មក​លើ​ការ​កសាង​ប្រាសាទ និង​សិល្បៈ​ខ្មែរ​ជំនាន់​ក្រោយ ព្រះ​អង្គ​បាន​កសាង​ទីក្រុង​ថ្មី​នេះ​ពី គ.ស ៩២១ ​ដល់ គ.ស ៩៤៤​។

  ប្រាសាទធំ ដែលស្ថិតក្នុចំណោម​ប្រា​សាទ​ជា​ច្រើន​ទៀត ជា​ស្នា​ដៃ​សំខាន់​របស់​ព្រះ​អង្គ នៅ​កណ្ដាល​ប្រាសាទ​ធំ មាន​ប្រាសាទ​មួយ​ទៀត​ខ្ពស់​ត្រ​ដែត​ទៅ​លើ គឺ​ប្រា​សាទ​ប្រាង្គ ដែល​មាន​កំពស់​ជាង ៦០ម ប្រា​សាទ​នេះ បាត​ខាង​ក្រោម​ទំហំ ៦២​ម x ៦៤​ម ហើយ​មាន​ជណ្ដើរ​មួយ​ឡើង​ត្រង់​ភ្លឹង​ពី​ទិស​ខាង​កើត​។ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤ បាន​ចូល​ទី​វង្គត​ក្នុង គ.ស ៩៤១​​។

៥. ព្រះបាទហរស្សវរ្ម័ន ទី២ (គ.ស. ៩៤១ - ៩៤៤)

  ព្រះបាទហរស្សវរ្ម័នទី២ បានទទួលរាជសម្បត្ដិ​នគរ​កម្ពុជា បន្ដ​ពី​បិតា​ព្រះ​អង្គ ក្នុង​គ.ស ៩៤១​។ ព្រះ​រាជ​ធានី​ ស្ថិត​នៅ​កោះ​កេរ​ដដែល​។ ព្រះ​អង្គ​នៅ​តែ​កាន់​គោរព​បូជា​ទេវ​រាជ ដូច​ព្រះ​មហា​ក្សត្រ​ខ្មែរ​ជំនាន់​មុន​។ សោយ​រាជ​បាន​ប្រមាណ​បី​ឆ្នាំ ក្នុងគ.ស ៩៤៤ ព្រះ​អង្គ​ក៏​បាត់​ខ្លួន ដោយ​គេ​ពុំ​ដឹង​ហេតុ​ផល​ពិត​ប្រា​កដ​មក​អំពី​អ្វី​ឡើយ​។ ចំណោទ​ដែល​គេ​ចោទ​សួ​រនោះ តើ​អ្នក​ណា​បាន​ធ្វើ​ឃាត​ព្រះ​អង្គ​។ ដោយ​សារ​ព្រះ​រាជ​ឥន្រ្ទ​វរ្ម័ន ដែល​ត្រូវ​ជា​បង​ប្អូន​បង្កើត តែ​មាន​ឳពុក​ដោយ​ខ្លួន​ពី​គ្នា ដោយ​សារ​ការ​ដណ្ដើម​រាជ​គ្នា ឬ​មួយ​ព្រះ​អង្គ​បាន​ចូល​ទី​វង្គត​ដោយ​សារ​ជំងឺ​ព្យាធិ គេ​ក៏​ពុំ​បាន​ដឹង​ថា ព្រះ​អង្គ​មាន​អគ្គ​មហេ​សី និង​បុត្រ​ឬ​​ទេ អាថិ​កំបាំង​ស្ថិត​ត្រង់​កន្លែង​នេះ ដោយ​គេ​ពុំ​មាន​ឯក​សារ​ណា​មួយ​សំរាប់​ឆ្លុះ​បញ្ជាក់​ទេ​។ ដូច្នេះ​រាជ​សម្បត្ដិ​នគរ​កម្ពុជា ត្រូវ​ធ្លាក់​ចេញ​ផុត​ពី​ខ្សែ​ខាង​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤ មក​ក្នុង​សន្ដិ​វង្ស​ថ្មី​មួយ​ទៀត តែ​គេ​ពុំ​បាន​ដឹង​ថា តើ​ដោយ​វិធី​ណា​?

៦. ព្រះបាទរាជឥន្រ្ទវរ្ម័ន គ.ស ៩៤៤ - ៩៦៨

  ព្រះបាទរាជឥន្រ្ទវរ្ម័ន ត្រូវបានក្រុមនាម៉ឺនមន្រ្ដីជ្រើសរើសតែងតាំង ជាព្រះមហាក្សត្រ​នគរ​កម្ពុជា​ជំនួស​ព្រះ​បាទ​ហរស្ស​វរ្ម័ន​ទី​២ ក្នុងគ.ស ៩៤៤។

ការវិលត្រលប់មកនគរធំវិញ

  កាយវិការទី១ របស់ព្រះងអង្គ ក្រោយដែលបានឡើងសោយរាជ គឺ​លើក​រាជ​ធានី​វិល​ត្រលប់​មក​គង់​នៅ​ឯ​យសោ​ធ​បុរៈ ឬ​នគរ​ធំ​។ ព្រះ​អង្គ​បាន​រៀប​ចំចាត់​ចែង​កសាង​មហាន​គរ អោយ​មាន​ជីវិត មាន​ផ្ទះ​វាំង​ប្រា​សាទ​ផ្លូវ​ថ្នល់ មាន​សោ​ភ័ណ​ភាព​ល្អ​ល្អះ ភ្លឺ​ចែង​ចាំង​ជះ​បំ​ព្រង សិលា​ចារឹក​មួយ​នៅ​ប្រា​សាទ​បាជុំ បាន​ចែង​ថា «ព្រះ​អង្គ​បាន ធ្វើ​អោយ​រាជ​ធានី​ក្លាយ​ជា​រម្យ​នី​យដ្ឋាន​ដូច​ភព​ព្រះ​ឥន្រ្ទា​ធិរាជ​នៅ​លើ​ដី»​។ ព្រះ​មហា​នគរ​បាន​ស្គាល់​នូវ​ការ​រីក​ចំរើន​ សុខ​សប្បាយ​ក្សេម​ក្សាន្ដ និង​កិត្យា​នុភាព​រន្ទឺ​សុះ​សាយ​ទៅ​គ្រប់​ទិស​ទី​។

សង្រ្គាម នឹងនគរចំប៉ា

  ក្នុងរជ្ជកាលមហាក្សត្រខ្មែរជំនាន់មុន ការប៉ះទង្គិចគ្នាតាម​ផ្លូ​វអាវុធ​រវាង​នគរ​ខ្មែរ នឹង​នគរ​ចំប៉ា​មាន​ជា​ញឹក​ញាប់ ជួន​ចាម​វាយ​ខ្មែរ ជួន​ខ្មែរ​វាយ​ចាម តប​ត​ទៅ​វិញ​។ តែ​យើង​ពុំ​មាន​សិលា​ចារឹក ឬ​ឯក​សារ​អ្វី​ជា​ច្បាស់​លាស់​សំរាប់​បញ្ជាក់​ទេ​។ មក​ដល់​រាជ​ព្រះ​បាទ​រាជ​ឥន្រ្ទ​វរ្ម័ន ក្នុង​ចន្លោះ​គ.​ស ៩៤៥ - ៩៤៦ សង្រ្គាម​រវាង​ខ្មែរ នឹង​ចាម​មាន​ទំហំ​ធំ​ខ្លាំង​ក្លា​ជាង​ធម្មតា ប្រ​ហែល​ជា​ពេល​នោះ នគរ​ចំប៉ា​បាន​ឆ្លៀត​ឱកាសដែល​ស្ថាន​ភាព​នៅ​កម្ពុ​ជា​ច្របូក​ច្របល់​មិន​ល្អ ដើម្បី​បើក​ការ​វាយ​ប្រហារ កង​ទ័ព​ខ្មែរ​បាន​វាយ​តប​វិញ ហើយ​រុញ​ច្រាន​ទ័ព​ចាម ចូល​រហូត​ដល់​ទី​ក្រុង​ចំប៉ា​។ នគរ​កម្ពជា​ យក​បាន​ជ័យ​ជំនះ​លើ​នគរ​ចំប៉ា ហើយ​បាន​ដាក់​នគរ​នេះ​ជា​ចំនុះ​។ ព្រឹត្ដិ​ការណ៍​ចំបាំង​រាំង​ជល់​ប្រយុទ្ធ​គ្នា​ក្នុង​សម័យ​នោះ ត្រូវ​បាន​សិលា​ចារឹក​ចាម នៅ​ពោ​ន​គរ កត់ត្រា​ហើយ​ចោទ​ប្រ​កាន់​កង​ទ័ព​ខ្មែរ​ថា បាន​លួច​ព្រះ​បដិ​មាករ ព្រះ​នាង​ភគ​វត្ដី ព្រះ​អាទិ​ទេព​ការ​ពារ​នគរ ដែល​ធ្វើ​អំពី​មាស​។​

  ឯកសារប្រវត្ដិសាស្រ្ដចិន ក្នុងយុគជាមួយគ្នានេះដែរ បានគត់សំគាល់ថា ចំប៉ា​ជា​នគរ​ចំនុះ​ប្រ​ទេស​កម្ពុ​ជា​។ គ្រា​នោះ​ក្នុង​រាជ​ព្រះ​បាទ​រាជ​ឥន្រ្ទ​វរ្ម័ន នគរ​ខ្មែរ​មាន​មហិ​ទ្ធិ​រិទ្ធ​ខ្លាំង​ពូកែ​ណាស់ ហើយ​មាន​នគរ​ចំនុះ​ជាង​៦០​នគរ​។ នេះ​ជា​សេច​ក្ដី​បន្ថែម របស់​ឯក​សារ​ប្រ​វត្ដិ​សាស្រ្ដ​ចិន​ដដែល​។

មហាអំណាចខ្មែរ

  ដោយសារសេចក្ដីក្លាហាន ព្យាយាមពុះពារ តស៊ូ​ធ្វើ​ពលិ​កម្ម គុណ​បុណ្យ​បារ​មី​មហិទ្ធិ​រិទ្ធិ និង​សមត្ថ​ភាព​របស់​ព្រះ​បាទ​រាជ​ឥន្រ្ទ​វរ្ម័ន រួម​ដោយ​សេច​ក្ដី​អង់​អាច ប្ដូរ​ផ្ដាច់​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ ប្រ​ទេស​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​មហា​អំណាច​មួយ​យ៉ាង​ធំ នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អគ្គេយ៍​។ សូម្បី​ប្រ​ទេស​ចិន ក៏​ទទួល​ស្គាល់​នូវ​ភាព​ពិត​ប្រាកដ​និយម​នេះ​ដែរ ទឹក​ដី​ខ្មែរ​ត្រូវ​បាន​ព្រះ​អង្គ​បង្រួប​បង្រួម អោយ​មាន​ឯក​ភាព​មក​ជា​នគរ​តែ​មួយ ហើយ​លាត​សន្ធឹង​វែង​ឆ្ងាយ​ធំ ទូលំ​ទូលាយ មាន​ព្រំ​ប្រទល់​ខាង​ជើង​ជាប់​នឹង​ខេត្ដ​ចិន​តុង​កឹង ខាង​លិច​ដល់​ទន្លេ​មេ​ណាម ជាប់​ចូល​ដល់​ប្រទេស​ភូមា​ភូមិ​ភាគ​ខាង​ត្បូង និង​ខាង​ត្បូង​ជាប់​នឹង​សមុទ្រ​។

ស្នាដៃ និងការកសាង

  ព្រះបាទរាជឥន្រ្ទវរ្ម័ន ព្រះអង្គបានកសាងប្រាង្គប្រាសាទជាច្រើន ទុក​ជា​ស្នា​ដៃ​រហូត​មក​ដល់ប​ច្ចុប្បន្នៈ កំពែង​ថ្ម​ទ័ព្ធ​ពី​ក្រៅ ជុំវិញ​ព្រះ​បរម​រាជ​វាំង គឺ​ជា​ស្នា​ដៃ​ដំបូង​របស់​ព្រះ​បាទ​រាជ​ឥន្រ្ទ​វរ្ម័ន​ដែល​ការ​កសាង សំរាប់​ការ​ពារ​ព្រះ​រាជ​ធានី​។

  ប្រាសាទមេបុណ្យខាងកើត គ.ស៩៥២ ព្រះអង្គបានកសាងនៅលើកោះតូចមួយ ចំ​កណ្ដាល​បារាយ​ខាង​កើត គឺ​នៅ​ខាង​កើត​ទី​ក្រុង នៅ​ទី​នោះ ព្រះ​អង្គ​តំកល់​អដ្ឋិ​ធាតុ ព្រះ​មាតា​បិតា​ព្រះ​អង្គ​។ ប្រាសាទ​នេះ​មាន​លំនាំ​ប្រហាក់​ប្រហែល​គ្នា​នឹង​ប្រាសាទ​ព្រះ​គោ របៀប​សាង​សង់ និង​ក្បាច់​រចនា​មិន​សូវ​ជា​អស្ចារ្យ​ទេ​។

  ប្រាសាទប្រែរូប គ.ស៩៦១ មានបែបផែនធំជាងប្រាសាទឯទៀត ក្នុង​រជ្ជ​កាល​របស់​ព្រះ​អង្គ​។ គេ​ចាត់​ទុក​ប្រា​សាទ​ប្រែ​រូប​ជា​ស្ថាបន​កម្ម​អន្ដរ​កាល ពី​សម័យ​មុន​អង្គរ មក​សម័យ​អង្គរ​។ ទំហំ​បាទ​ក្រោម​មាន​ ២៥០០​ម៉ែត្រ​ក្រលា ពី​ជ្រុង​១ ទៅ​ជ្រុង​១ មាន​ប្រ​វែង​៥០ម ខឿន​ជាន់​ទី​១ មាន​កំពស់​១២​ម​។

  ប្រាសាទបក្សីចាំក្រុងត្រូវបានព្រះអង្គកសាង នៅជើងភ្នំបាខែង នាទិសខាងជើង។ គឺ​ជា​ប្រាសាទ​តូច​ល្មម សង់​ខ្ពស់​ទៅ​លើ ជ្រុង​នីមួយ​ៗ​មាន​ប្រ​វែង​២៧​ម ខឿន​ទី​១ មាន​កំពស់​១៣​ម គេ​សង្កត​ឃើញ​មាន​ជណ្ដើរ​ឡើង​ចោត​គ្រប់​ទិស​ទាំង​បួន​។

  ប្រាសាទបាជុំត្រូវបានអ្នកបុរាណវិទ្យាខ្លះ ចាត់ទុកជាប្រាសាទរបស់​ព្រះ​បាទ​រាជ​ឥន្រ្ទ​វរ្ម័ន​ទី​២ នៅ​តាម​ប្រាសាទ​ទាំង​នេះ ព្រះ​អង្គ​បាន​បញ្ជា​អោយ​សរ​សេរ​ចារ​ទុក លើ​ផ្ទាំង​សិលា នូវ​ខ្លឹម​សារ​អត្ថ​ន័យ​ជា​ច្រើន​ដែល​មាន​ទាក់​ទង​ទៅ​នឹង​ប្រវត្ដ​ទឹក​ដី​នគរ​ខ្មែរ​៘

  ប្រាសាទបន្ទាយស្រី គ.ស៩៦៧ ជាប្រាសាទ​មួយ​ដែល​គេ​ចាត់​ទុក​ជា​ពេជ្រ​ចរ​ណៃ មាន​ចំលាក់​ល្អ​ដាច់​គេ នៅ​ក្នុង​សិល្បៈ​ខ្មែរ​ ជា​ស្នា​​ដៃ​យ៉ាង​ល្អ​ត្រចះ​ត្រចង់​ក្នុង​រាជ​ព្រះ​បាទ​រាជ​ឥន្រ្ទ​វរ្ម័ន​។ ប្រាសាទ​បន្ទាយ​ស្រី មិន​មែន​ជា​ស្នា​ដៃ​របស់​ព្រះ​មហា​ក្សត្រ ដូច​ប្រាង្គ​ប្រាសាទ​ខ្មែរ​ឯ​ទៀត​ទេ​។ ប្រា​សាទ​បន្ទាយ​ស្រី ជា​ស្នា​ដៃ​របស់​ព្រាហ្មណ៍​យជ្យ​វរ​ហៈ ដែល​ជា​ចៅ​របស់​ព្រះ​បាទ​ហរស្ស​វរ្ម័ន​ទី​១ ជា​ព្រះ​រាជ​គ្រូ​របស់​ព្រះ​បាទ​រាជ​ឥន្រ្ទ​វរ្ម័ន និង​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៥ ប្រា​សាទ​បន្ទាយ​ស្រី ស្ថិត​នៅ​ប្រ​មាណ​ជា​ជាង​២០​គីឡូ​ម៉ែត្រ ខាង​ជើង​ឆៀង​ខាង​កើត​ក្រុង​នគរ​ធំ ប្រាសាទ​នេះ​បាន​កសាង ដើម្បី​រំលឹក​បូជា​ដល់​ព្រះ​សិវៈ​។ នៅ​ជុំវិញ​ គេ​មាន​ជីក​កសិណ​ដែរ នៅ​ចំ​កណ្ដាល​មាន​ប្រាសាទ​តូច​ៗ​បី ដែល​មាន​កំពស់​មិន​ហួស​ពី ៩.៨០​ម​ទេ​។ ថ្ម​ដែល​គេ​យក​មក​សង់ និង​ឆ្លាក់​មាន​ពណ៌​ក្រហម​ព្រឿង​ៗ​។ ប្រាសាទ​នេះ មាន​រូប​រាង​តូច​ខុស​ធម្មតា ពី​ព្រោះ​អ្នក​កសាង​មិន​មែន​ជា​ព្រះ​មហា​ក្សត្រ​។

សេចក្ដីកោតសរសើរក្នុងសិលាចារឹក

  ព្រះបាទរាជឥន្រ្ទវរ្ម័ន ជា​ព្រះ​មហា​ក្សត្រ​ខ្មែរ​មួយ​អង្គ​ដ៏​ធំ​ខ្លាំង​ពូ​កែ ក្នុង​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ តែ​ខ្មែរ​ជំនាន់​ក្រោយ ភាគ​ច្រើន​ណាស់ ដែល​មិន​បាន​ស្គាល់​អំពី​ស្នា​ដៃ ទេព​កោសល្យ និង​ប្រ​វត្ដិ​តស៊ូ​អង់​អាច ធ្វើ​ពលិ​កម្ម​ជូន​ជាតិ​របស់​ព្រះ​អង្គ​។ បុព្វ​បុរស​ប្រវត្ដិ​វិទូ​ខ្មែរ បាន​សរ​សេរ​ចារ​លើ​ផ្ទាំង​ថ្ម ជា​សិលា​ចារឹក នៅ​ប្រាសាទ​ព្រះ​ឥន្ទ​កោ​សី​ថា «ព្រះ​អង្គ​មិន​ដែល​បរា​ជ័យ​ទេ ព្រះ​អង្គ​តែង​តែ​មាន​ជ័យ​ជំនះ​ឈ្នះ​សត្រូវ​ជា​និច្ច​»​។ សិលា​ចារឹក​ដដែល បាន​បញ្ជាក់​បន្ដ​ទៀត​ថា «ព្រះ​អង្គ​ជា​ព្រះ​មហា​ក្សត្រ​ដ៏​គួរ​អោយ​ស្រលាញ់ ជាង​ក្សត្រ​ទាំង​អស់​»​។ អ្នក​ប្រវិត្ដ​វិទូ​បារាំង អេ​ទិ​ជែន​អាយ ម៉ូ​និ​ញេ (Etienne Aymonier) ដែល​ជា​អ្នក​ឯក​ទេស បាន​សិក្សា​ស្រាវ​ជ្រាវ​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ​យល់​និង​មាន​ជំនឿ​ថា ព្រះ​បាទ​រាជ​ឥន្រ្ត​វរ្ម័ន ជា​ព្រះ​បាទ​បក្សី​ចាំ​ក្រុង ព្រះ​មហា​ក្សត្រ​ខ្មែរ​ទី​១៩ ក្នុង​ពង្សា​វតារ​ខ្មែរ​ភាគ​រឿង​ព្រេង​និទាន​។

  ជោគជ័យដ៏ឧដុង្គឧត្ដម ធំឥតឧបមារបស់​ព្រះ​អង្គ ក៏​បាន​មក​ដោយ​សារ​ព្រះ​អង្គ​មាន​ទី​ប្រិក្សា និង​សហ​ការី​សច្ចៈ ល្អ​ទៀង​ត្រង់ គោរព​ធម្ម​វិន័យ​ច្បាប់​ក្រិត​ក្រម និង​មាន​សមត្ថ​ភាព វិជ្ជា​ប្រាជ្ញា​ភ្លឺ​ថ្លា​ខ្ពង់​ខ្ពស់​។ ព្រះ​អង្គ​មិន​បាន​បំភ្លេច ឈ្មោះ​បុព្វ​បុរស អ្នក​ដ៏​មាន​គុណ​ទាំង​នេះ​ទេ​។ ដើម្បី​ជា​ការ​កោត​សរ​សើរ ការ​រំលឹក​ដល់​កិត្ដិ​យស​កិត្ដិ​នាម ព្រះ​បាទ​រាជ​ឥន្រ្ទ​វរ្ម័ន ព្រះ​មហា​ក្សត្រ​ខ្មែរ បាន​បញ្ជា​អោយ​សរ​សេរ​ចារ​ចុះ​លើ​ថ្ម​ដារ​នូវ​ស្នា​ដៃ គុណ​បំណាច់​វីរ​បុរស​ទាំង​អស់​នេះ​។ ព្រះ​រាជ​ឥន្រ្ទ​វរ្ម័ន បាន​ចូល​ទី​វង្គត​ក្នុង​គ.ស ៩៦៨។

ព្រះបាទជ័យវរ្ម័នទី៥ គ.ស៩៦៨ - ១០០១

  ព្រះបាទជ័យវរ្ម័នទី៥ ជា​ព្រះ​រាជ​បុត្រ ព្រះ​បាទ​រាជ​ឥន្រ្ទ​វរ្ម័ន ក្នុង​គស.៩៦៨ នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​ឡើង​គ្រង​រាជ​សម្បត្ដិ ព្រះ​អង្គ​មិន​ទាន់​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឡើយ​ទេ​។ ៦​ឆ្នាំ​ក្រោយ​មក ទើប​ព្រះ​អង្គ​គ្រប់​គ្រង​ផែន​ដី​ពេញ​លេញ ក្នុង​វគ្គ​ត្រង់​នេះ​គេ​ពុំ​បាន​ដឹង​ថា តើ​នរ​ណា​ជា​អ្នក​ដឹក​នាំ​ប្រទេស​ជាតិ​ជំនួស​ព្រះ​អង្គ​ឡើយ​។ ព្រះ​រាជ​គ្រូ និង​ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​ព្រះ​អង្គ គឺ​ព្រាហ្មណ៍​ជយ្យ​វរ​ហៈ សិលា​ចារឹក​ព្រះ​ឥន្ទ​កោ​សី​បាន​អះ​អាង​ថា ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៥​ជា​ព្រះ​មហា​ក្សត្រ​ក្លា​ហាន​ខ្លាំង​ពូកែ ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម​។ សត្រូវ​ជិត​ឆ្ងាយ បាក់​បប​ខ្លប​ខ្លាច​តេជៈ បុណ្យ​បារ​មី​ព្រះ​អង្គ ​ព្រះ​អង្គ​ក៏​ជា​ក្សត្រ​ដែល​មាន​ធម៌​សន្ដោស​ប្រោស​ប្រណី ស្រលាញ់ និង​ការ​ពារ​យុត្ដិ​ធម៌​ដែរ​។ សិលា​ចារឹក​ដដែល​បាន​ចារ​កត់​ថា «ដៃ​ព្រះ​អង្គ​ជា​ទំនប់​យុត្ដិ​ធម៌ កណ្ដាល​មហា​សមុទ្រ​ដ៏​ធំ​ធេង ពោរ​ពេញ​ទៅ​ដោយ​បាប​កម្ម​ប្រចាំ​សតវត្ស​។

ចំណោទសាសនា

  ទោះបីជាព្រហ្មញ្ញសាសនាគោរពសិវៈ ស្ថិត​នៅ​ជា​សាសនា​ពេញ​ច្បាប់​ក្នុង​នគរ​ក៏​ដោយ ក៏​ព្រះ​អង្គ​ទទួល​ស្គាល់ អនុញ្ញាត និង​ការ​ពារ​ព្រះ​ពុទ្ធ​សាសនា​ដោយ​ពេញ​ច្បាប់​ដែរ​។ ព្រះ​អង្គ​បាន​បញ្ជា​អោយ​មន្រ្ដី​ជាន់​ខ្ពស់​ម្នាក់​ឈ្មោះ ត្រិដ​បណ្ឌិត ដែល​ជា​អ្នក​កាន់ និង​គោរព​ព្រះពុទ្ធ​សាសនា អោយ​មាន​ភារ​កិច្ច​ទទួល​ជួស​ជុល​ថែរ​ក្សា​ព្រះ​ពុទ្ធ​រូប ដែល​ត្រូវ​គេ​បំផ្លិច​បំផ្លាញ​វាយ​បំបែក​បំបាក់ គម្ពីរ​ក្បួន​ខ្នាត និង​សៀវ​ភៅ​ដែល​ទាក់​ទង​នឹង​ព្រះ​ពុទ្ធ​សាសនា ត្រូវ​បាន​ស្រាវ​ជ្រាវ​ទិញ​យក​មក​ពី​បរ​ទេស ព្រះ​ពុទ្ធ​សាសនា​ដែល​ខ្មែរ​សម័យ​នោះ​គោរព​បូជា គឺ​ព្រះ​ពុទ្ធ​សាសនា​ផ្នែក​មហា​យាន​។

  មិនតែប៉ុណ្ណោះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សាសនា និង​ជំនឿ ​កុំ​អោយ​ក្លាយ​ទៅ​ជា​ប្រភព​បែក​បាក់​សាមគ្គី និង​ជា​សង្គ្រាម​ផ្ទៃ​ក្នុង ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៥ បាន​មាន​គោល​បំណង​ចង់​បញ្ជូន​ព្រះ​ពុទ្ធ​សាសនា ក្នុង​នាម​ព្រហ្មញ្ញ​សាសនា ដោយ​ធ្វើ​ព្រះ​ពុទ្ធ​អោយ​ក្លាយ​ទៅ​ជា​ព្រះ​ពោធិ​សត្វ​លោក​កេ​ស្វរៈ (ព្រះ​ឥសូរ) ទៅ​ជា​ព្រះ​អាទិ​ទេព​ថ្មី​មួយ​ទៀត​។ ទិដ្ឋ​ភាព​នេះ​អាច​បញ្ជាក់​អំពី​ឥទ្ធិ​ពល​ព្រះ​ពុទ្ទ​សាសនា ដែល​បាន​ជ្រួត​ជ្រាប​ក្នុង​គ្រប់​ស្រ​ទាប់​ប្រជា​ពល​រដ្ឋ ហើយ​ដែល​បាន​ក្លាយ​ទៅ​ជា​ចំណោទ​មួយ​សំរាប់​អ្នក​កាន់​អំណាច​។ ដូច្នេះ​ឥរិ​យា​បទ​របស់​ព្រះ​មហា​ក្សត្រ ចំពោះ​ព្រះ​ពុទ្ធ​សាសនា អាច​ចាត់​ទុក​ជា​គោល​ជំហរ​នយោ​បាយ និង​ជា​ផែន​ការ​ដោះ​ស្រាយ​បញ្ហា​ក្នុង​សង្គម​។

ស្នាដៃ និង ការកសាង

  ព្រះបាទជ័យវរ្ម័នទី៥ ព្រះអង្គក៏ជាស្ថាប័នក្សត្រ ដែល​បាន​កសាង​ប្រាង្គ​ប្រាសាទ​ដូច​ព្រះ​មហា​ក្សត្រ​ជំនាន់​មុន​ដែរ​។ ប្រាសាទ​ភិមាន​អាកាស​ត្រូវ​បាន​ព្រះ​អង្គ​សាង​សង់​មុន​គេ ហើយ​ដែល​ថ្ងៃ​ក្រោយ​ទៅ​ព្រះ​មហា​ក្សត្រ​ផ្សេង​ទៀត​បាន​កសាង​បន្ថែម​ជា​បន្ដប​ន្ទាប់​។ ប្រាសាទ​នេះ បាន​សង់​នៅ​ចំកណ្ដាល​អនា​គត​នគរ​ធំ មាន​ទំហំ ២៥០ម x ៦០០ម​។

  ប្រាសាតាកែវ ជាស្នាដៃមួយទៀត​របស់​ព្រះ​អង្គ ដែល​គេ​ចាត់​ទុក​ជា​សក្ខី​ភាព​ថ្មី​យ៉ាង​សំខាន់ ក្នុង​ការ​ស្ថាបនា​។ ប្រា​សាទ​តាកែវ​មាន​ទំហំ ១០០ x ១២០ម ហើយ​មាន​កំពស់​ប្រវែង ៤៥​ម​។ អ្នក​បុរាណ​វិទ្យា​យល់​ថា ប្រាសាទ​ភិមាន​អាកាស និង​ប្រា​សាទ​តាកែវ មាន​ការ​ជាប់​ជំពាក់​ទាក់​ទង​គ្នា ក្នុង​ផ្នែក​ប្រវត្ដិ​សាស្រ្ដ​។ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៥ បាន​ចូល​ទីវង្គត​ក្នុង​គ.ស ១០០១។

១ = ម៉ានូ ជាតួអង្គមួយ​សំខាន់​ណាស់ នៅ​ក្នុង​ព្រាហ្មណ៍​សាសនា គឺ​ជា​តួ​អង្គ​ដែល​ទទួល​ច្បាប់​បញ្ញាតិ​ពី​ព្រះ​អាទិទេព​ យក​មក​អោយ​មនុស្ស​លោក​អនុវត្ត​ប្រតិ​បត្ដិ​តាម​។ ព្រះ​ព្រហ្មណ៍​បាន​បង្ក​បង្កើត​ពី​ពិភព​លោក និង​ផ្ដល់​ជីវិត​ដល់​ម៉ានូ ម៉ានូ​បាន​ទទួល​ធម្ម​សាស្រ្ដ ពី​ព្រះ​ព្រហ្ម​។ ហើយ​បន្ទាប់​មក គឺ​ម៉ានូ​នេះ​ជា​អ្នក​បង្កើត​ម៉ានូ និង​ព្រាហ្មណ៍ ជា​ច្រើន​ទៀត​ដើម្បី​រៀប​ចំ​កសាង​ពិភព​លោក​។