៨ - កម្ពុជាសម័យអង្គរ
ថ្ងៃចន្ទ ទី31.មិនា 2014.ម៉ោង 21:10

  កម្ពុជានាចុងសតវត្សទី៨ ត្រូវស្ថិតនៅក្រោមអាណានិគមប្រទេសជ្វាស្ទាវា យ៉ាងតិចណាល់ក៏ជាង ១០ឆ្នាំដែរ។ ចំពោះ​ការ​រស់​នៅ​ ការ​គ្រប់​គ្រង និង​ទិដ្ឋ​ភាព​ក្នុង​នគរ យើង​ពុំ​មាន​ឯក​សារអ្វីជាសំអាង សំរាប់សិក្សាឡើយ។ តែយើងអាចដឹងបានថា ថ្ងៃក្រោយមាន​ក្សត្រ​ខ្មែរ​មួយ​អង្គ ​ព្រះ​នាម​ជ័យ​វរ្ម័ន បាន​រៀប​ចំការ​តស៊ូ ប្រមូលអ្នកស្នេហាជាតិ កទ័ពចេញមកប្រយុទ្ធ រើបំរះរំដោះកម្ពុជាពីអាណានិគមជ្វា​។ ព្រះ​បាទ​ជ័យ​វរ្ម័ន​ ជា​ព្រះ​មហា​ក្សត្រ​ខ្មែរ​មួយ​ដ៏​ចំណាន ខ្លាំង​ពូកែ​ក្នុង​ប្រ​វត្ដិ​សាស្រ្ដខ្មែរ ដែលបានកសាងសម័យមហានគរ ហើយ​ដែល​បាន​ជំរុញ​ធ្វើ​អោយ​កម្ពុជា មាន​អានុ​ភាព​រៀង​រហូត​មក​។

ព្រះបាទជ័យវរ្ម័នទី២ (៨០២ - ៨៥៤)

  គេអាចស្គាល់ប្រវត្ដិសាស្រ្ដរបស់ព្រះបាទជ័យវរ្ម័នទី២ ដោយសារសិលាចារឹក ស្ដុកកក់ធំ ដែលអ្នកប្រវត្ដិវិទូខ្មែរបាន​សរ​សេរ​ចារ​ឆ្លាក់​លើ​ថ្ម ​២០០​ក្រោយ​រជ្ជ​កាល​ព្រះ​អង្គ​។ ក្នុង​រាជ​ព្រះអង្គ គេពុំឃើញមានសិលាចារឹកណាមួយដែលបានសរសេរចារទុក បញ្ជាក់​ប្រាប់​អំពី​ការ​ត​ស៊ូ ​ព្យា​យាម​បង្រួប​បង្រួម​សា​មគ្គី​ជាតិ វាយកំចាត់ខ្មាំង និងកសាងមាតុភូមិឡើយ។

១. ការតស៊ូរំដោះជាតិ

  ព្រះបាទជ័យវរ្ម័នទី២ ត្រូវជាចៅមីងព្រះបាទបុស្សករ័ក្ស បើគិតតាមខ្សែខាងម្ដាយ។ ក្នុងពេលកើតព្រឹត្ដិការណ៍ ពួក​ជ្វា​ចោរ​សមុទ្រ​ចូល​មក​លួច​ប្លន់​ ដុត​ផ្ទះ​សំបែង ទី​ក្រុង​សម្ភុ​បុរៈ ព្រះ​អង្គ​ព្រមទាំងព្រះញាតិវង្ស ត្រូវពួកខ្មាំងចាប់យកជាឈ្លើយ នាំយកទៅកោះ​ស្ទា​វា​។ កាល​នោះ​ព្រះ​អង្គ​នៅ​ជា​កុមារ​នៅ​ឡើយ​។ នៅ​ប្រ​ទេស​ជ្វា ព្រះ​អង្គ​ខំប្រឹងរៀនសូត្រគ្រប់មុខវិជ្ជា ទាំងក្នុងសាសនា ទាំងក្នុងរបៀប​រៀប​ចំ​នគរ ដែល​ជា​មូល​ដ្ឋាន​បាន​ជំ​រុញ​ធ្វើ​អោយ​ប្រ​ទេស​ជ្វា​ក្លាយទៅជាមហាអំណាចមួយក្នុងភូមិភាគអាស៊ីអគ្នេយ៍។

  ថ្ងៃមួយក្នុងគ.ស.៨០០ ព្រះបាទជ័យវរ្ម័នទី២ ដោយមានពលសេនាអាមាត្យជាទីទុកចិត្ដ ជូនដំណើរផង ក៏លបលួចធ្វើ​ដំណើរ​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ​។ ព្រះ​អង្គ​បាន​តាំង​ទី​មូល​ដ្ឋាន​នៅខេត្ដក្រចេះ ក្នុងតំបន់ចន្លោះអតីតព្រះរាជធានី សម្ភុបុរៈ នឹង​ស្រុក​ត្បូង​ឃ្មុំ​។ កន្លែង​នោះ​មាន​ឈ្មោះ​ថា ឥន្រ្ទ​បុរៈ ដែល​គេ​ចាត់​ទុក​ជា​រាជ​ធានី​មួយ ក្នុងរជ្ជកាលព្រះអង្គ។ ព្រះអង្គបានពន្យល់បញ្ចុះបញ្ចូលដឹកនាំព្រះ​ញាតិ​វង្ស នា​ម៉ឺន​មន្រ្ដី​មេ​ទ័ព និង​ស្ដេច​ដែល​ធ្លាប់​ចំនុះ​នគរ​ចេនឡា​ទឹក​លិច អោយសុខចិត្ដសុខកាយយល់ព្រមរួបរួមកំលាំង វាយកំចាត់ពួក​សត្រូវ​ចោរ​ជ្វា​។

  ក្នុងការតស៊ូរំដោះជាតិពីនឹមប្រទេសជ្វា ព្រះជ័យវរ្ម័នទី២ មានសហការីពូកែចំណានចំណាប់មានវិជ្ជា និងសមត្ថភាព​យ៉ាង​ខ្ពស់​ជ្រៅ​ជ្រះ​ ជា​ច្រើន​ជា​ជំនួយ​។ មេ​ទ័ព​ដ៏​ល្បី​ល្បាញ​ជាង​គេ​ឈ្មោះ ព្រិទ្ធិ​ឥន្រ្ទ​វរ្ម័ន ដែលបានរំដោះបង្ក្រាប និងរៀបចំតំបន់ដែលស្ថិត​នៅ​ខាង​ត្បូង​ខេត្ដ​បាត់​ដំបង​ អោយ​មាន​សន្ដិ​សុខ​។ ស្នា​ដៃ​នេះ ជា​កត្ដា​មួយ​យ៉ាងសំខាន់ ដែលអនុញ្ញាតផ្ដល់ដល់ព្រះមហាក្សត្រខ្មែរ នូវ​លទ្ធ​ភាព​កសាង​ព្រះ​រាជ​ធានី​ ក្នុង​តំបន់​បឹង​ទន្លេ​សាប ដែល​ជា​ជង្រុក​ស្រូវ និង​ត្រី​សាច់ ហើយលើផ្នែកយុទ្ធសាស្រ្ដវិញ ទីក្រុងកម្ពុជា ក៏ស្ថិតនៅឆ្ងាយ​ពី​ច្រក​ចូល​របស់​កង​ទ័ព​ជ្វា និង​ចាម ដែល​តែង​ឡើង​មក​តាមដងទន្លេដែរ។ ដូច្នេះហើយ បានជាព្រះបាទជ័យវរ្ម័នទី២ បោះបង់ភូមិភាគទន្លេ​មេ​គង្គ​ខាង​ត្បូង មក​តាំង​ទី​រាជ​ធានី​នៅ​ខាង​ជើង​បឹង​ទន្លេសាប​។

  អ្នកប្រាជ្ញម្នាក់ទៀត ដែលល្បីល្បាញជាងគេ ខាងចំនេះចេះដឹង មានវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាឈ្លាសវៃឈ្មោះ សិវកឥវលិយៈ។ ក្នុង​គ្រប់​កាលៈ​ទេសៈ ព្រះ​អង្គ​តែង​តែ​នាំ​អ្នក​ប្រាជ្ញ​កំពូលនេះទៅជាមួយជានិច្ច ដើម្បីទុកជាទីប្រឹក្សាជាន់ខ្ពស់ សំរាប់ផ្ដោះប្ដូរសាក​សួរ​យោ​បល់​គ្រប់​បញ្ហា​ដែល​ទាក់​ទង​នឹង​អាយុ​ជីវិត​របស់​ប្រ​ទេស​ជាតិ​។

  ប្រវត្ដិតស៊ូរបស់ព្រះបាទជ័យវរ្ម័នទី២ និងប្រជាពលរដ្ឋខ្មែរជំនាន់នោះ គេពុំបានដឹងអ្វីជាពិតប្រាកដទេ។ តែយើង​អាច​ប៉ាន់​ស្មាន​បាន​ថា ការ​ត​ស៊ូ​រំដោះ​ជាតិ​ក្នុង​គ្រា​នោះ មាន​ភាព​ខ្លាំង​ក្លាធ្ងន់ពិបាកណាស់ ជាពិសេសនៅចំពោះមុខខ្មាំងជ្វា ដែលកំពុងមានកំលាំង។ ប្រ​ហែល​ជា​មក​អំពី​បញ្ហា​ស្ថិរ​ភាព សន្ដិ​សុខ និង​បុព្វ​ហេតុ​ដូច្នេះ​ហើយ ទើប បានជាព្រះមហាក្សត្រខ្មែរ បានលើកបានរើទីក្រុងជា​ច្រើន​ដំណាក់​។ ព្រះ​រាជ​ធានី​ទាំង​នេះ​មាន កុឌិ ដែល​ស្ថិត​នៅ​ក្នុង​រង្វង់តំបន់ប្រាសាទបន្ទាយក្ដី ផ្នែកខាងជើងក្នុងខេត្ដសៀមរាប អមរិន្រ្ទបុរៈ ដែល​អ្នក​ប្រវត្ដិ​វិទូ​ប៉ាន់​ស្មាន​ថា ​នៅ​ក្នុង​តំបន់​បន្ទាយ​ឆ្មារ ក្នុង​ខេត្ដ​បាត់ដំបង ហរិហរាល័យ ដែលស្ថិតនៅតំបន់​រលួស ក្នុង​ខេត្ដ​សៀម​រាប និង​មហិន្រ្ទ​បរ​ពត ដែល​ជា​ភ្នំគូ​លែន​ ស្ថិត​ក្នុង​ខេត្ដ​សៀម​រាប​ដដែល​។

ភ្នំគូលែន មហិន្រ្ទបព៌ត

២. ការប្រកាសឯករាជភាពកម្ពុជា

  គឺនៅលើភ្នំគូលែន ឬព្រះរាជធានីមហិន្រ្ទបរពត ក្នុងគ.ស ៨០២ ដែលព្រះមហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី២ ​បាន​ប្រកាស​ឯក​រាជ្យ​ភាព​កម្ពុជា​ ចេញ​ពី​ក្រ​ញាំ​អាណា​និគម​ស្ដេច​ជ្វា​ស្ទា​វា​។ ប្រវត្ដិរំដោះ និង ប្រកាសឯករាជភាពកម្ពុជា ត្រូវបានបុព្វបុរសខ្មែរ​សរ​សេរ​ឆ្លាក់​ចារ​លើ​ផ្ទាំង​សិលា ក្នុង​គ.ស ១០៥២ ដែល​គេ​ដាក់​ឈ្មោះ​ថា សិលាចារឹកស្ដុកកក់ធំ។ សិលាចារឹកនេះគេបានរកឃើញនៅក្នុងប្រាសាទ​ស្ដុក​កក់​ធំ ដែល​ស្ថិត​នៅ​ខាង​ជើង​ឆៀង​ខាង​លិច ចំងាយ​ប្រមាណ​២៥ គីឡូម៉ែត្រពីទីប្រជុំជន ស៊ីសុផុន ខេត្ដបាត់ដំបង (សព្វថ្ងៃបន្ទាយមានជ័យ)។​ បច្ចុប្បន្ន​សិលា​ចារឹក​ស្ដុក​កក់​ធំ ត្រូវ​គេយក​ទៅ​តំកល់​ទុកនៅសារមន្ទីរសៀមបាងកក។ តាមរយៈសិលាចារឹកស្ដុកកក់ធំ យើងអាច​ឃើញ​ស្គាល់​យល់ និង​ ដឹង​អំពី​ប្រ​វត្ដិ​សាស្រ្ដ វប្ប​ធម៌ អរិយធម៌ខ្មែរមួយ​ផ្នែក​ធំ ក្នុងសម័យអង្គរ។

  ដើម្បីអោយឯករាជភាពកម្ពុជា មានឥទ្ធិពលជ្រួតជ្រាបគ្រប់ទិសទី ទាំងក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់ប្រជាជន ទាំង​ទៅ​លើ​ប្រ​ទេស​ជិត​ឆ្ងាយ​ ព្រះ​បាទ​ជ័យ​វរ្ម័ន បាន​រៀប​ចំ​បង្កើត​ធ្វើអោយមានពីធីបុណ្យសាសនា យ៉ាងឧត្តុង្គឧត្ដមធំឧឡារឹក នៅភ្នំគូលែន។ ព្រះ​អង្គ​បាន​និមន្ដ​ព្រា​ហ្មណ៍​មួយ​អង្គ​ព្រះ​នាម ហិរ​និយ​ធម្ម​គង់​នៅអាស្រមជនបទ ហើយដែលចេះគ្រប់មុខវិជ្ជាសីលសាស្រ្ដ មន្ដអាគមគាថា អោយ​មក​ចំរើន​រៀប​ចំ​ពិ​ធី​បុណ្យ​គោ​រព​បូជា​ព្រហ្មញ្ញ​សាស​នា ទៅតាមតំរាក្បួនទ្រឹស្ដី​ទេវរាជ។

  ព្រាហ្មណ៍ ព្រះគ្រូហិរនិយធម្ម បានបង្ហាត់បង្រៀនសាស្រ្ដទាំងបួនក្នុងគម្ពីរព្រះឥសូរ ដល់ព្រាហ្មណ៍ សិវកឥវលិយៈ ទី​ប្រឹក្សា​ជំនិត​ព្រះ​មហា​ក្សត្រ ដើម្បី​អោយ​ចេះ​ចង​ចាំ ក្បួនវិធីរៀបចំធ្វើសក្ការបូជាគោរពទេវរាជ។ ធម៌ទាំងនេះ ពួកព្រាហ្មណ៍ត្រូវរៀន​សូត្រ​ស្វា​ធ្យាយ និង​ត្រូវ​រៀប​ចំ​ធ្វើ​ពិធី​ផ្សេង​ៗ ដើម្បី​កំចាត់​សត្រូវ ដើម្បី​ប្រកាសតាំងខ្លួនជាអ្នកជា មានឯករាជភាព មានឥស្សរភាព និង បួងសួងសុំ​អោយ​មាន​នូវ​សេច​ក្ដី​ចំរុង​ចំរើន​សំបូរ​សប្បាយ ដល់​ប្រ​ជា​ជាតិ​។ គឺអាចជាទ្រឹស្ដី ជាក្បួនតំរាគម្ពីរសំរាប់រៀបចំកសាងនគរ អោយមាន​ឯក​ភាព ខ្លាំង​ពូ​កែ​ល្អ​។ ជា​ គុណ​បំណាច់​ដល់​ព្រាហ្មណ៍ សិវកឥវលិយៈ ព្រះមហាក្សត្របានសច្ចាប្រគល់សិទ្ធិផ្ដាច់មុខដល់គ្រួសារព្រាហ្មណ៍ ត​ពូជ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ជា​លំដាប់​លំដោយ តាម​ត្រកូលខាងម្ដាយ អោយមានឋានៈជាអ្នកទទួលបន្ទុក រៀបចំពិធីបូជាទេវរាជ ត​ទៅ​អនា​គត​។ ដូច្នេះ​ហើយ​បាន​ជា​យើង​ឃើញ​មាន​ក្រុម​ព្រាហ្មណ៍​បារគូបុរោហិត នៅ ជិតជាប់ព្រះមហាក្សត្រ ដើម្បីជាសាក្ខីភាពនៃការគោរព​ប្រពៃ​ណី​។ តែ​ក្រុម​ព្រាហ្ម​បុរោ​ហិត ដែល​មាន​ពូជ​ពង្ស​ចុះមកពីព្រាហ្មណ៍ សិវកឥវលិយៈ ប្រហែលជាផុតពូជក្នុងសម័យស្ដេចត្រសក់​ផ្អែម​។ ពី​ព្រោះ​ស្ដេច​អង្គ​នេះ​ គ្មាន​បញ្ច​ក្សត្រ គ្មាន​ព្រះ​ខ័ន​រាជ គ្មានអ្វីសំគាល់ជាស្ដេចពេញគ្រប់លក្ខណៈ តាមច្បាប់ក្រិត្យក្រមវិន័យខ្មែរឡើយ​(១)​។ ឯ​ពិធី​ធ្វើ​សក្ការ​បូជា​ទេវ​រាជ ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ខ្មែរ​ជំនាន់ក្រោយ គោរពប្រតិបត្ដិ អនុវត្ដធ្វើតាមរហូតមក ដល់សព្វថ្ងៃ។ មិន​តែ​ប៉ុណ្ណោះ​ព្រាហ្មណ៍ សិវក​ឥវ​លិយៈ បាន​ទទួល​ឋានៈ​ជា​ព្រះ​រាជ​គ្រូ​របស់​ព្រះ​មហាក្សត្រ​។

  ក្នុងការគោរពបូជាទេវរាជ គេយកលិង្គមកធ្វើជាតំណាង។ លិង្គនេះ គេយកទៅតំកល់ទុកលើភ្នំមួយយ៉ាងខ្ពស់ ដែល​ជា​តំណាង​ភ្នំ​ព្រះ​សុ​មេរុ​។ ឯ​​ភ្នំ​​ដែល​​តំណាង​ភ្នំ​ព្រះ​សុ​មេរុ គឺភ្នំគូលែន។ ដូច្នេះហើយបានជាព្រះបាទជ័យវរ្ម័នទី២ បានប្រារព្ធពិធីគោរពបូជាទេវរាជ និង​យក​លិង្គ​ទៅ​តំកល់​នៅ​ទី​នោះ​។ លិង្គ​ជា​តំណាង​ព្រះ​ឥសូរ ជាតំណាងការកកើត។ ឯកក្នុងការគោរពទេវរាជ លិង្គជាតំណាងព្រះ​មហា​ក្សត្រ ដែល​មាន​ភារ​កិច្ច​ការ​ពារ​គ្រប​ដណ្ដប់​ប្រជា​ជាតិ ទាំង​តាម​ផ្លូវ​ចិត្ដ ទាំងតាមផ្លូវកាយ លិង្គតំណាងទេវរាជ គេអាចលើកផ្លាស់ប្ដូរទីកន្លែង​បាន ទៅ​តាម​កាលៈ​ទេសៈ​។ ដោយ​សារ​ពិធី​សក្ការ​បូជា​ទេវ​រាជ ព្រះបាទជ័យវរ្ម័នទី២ អាចប្រកាសតាំងខ្លួនជាស្ដេចអាទិទេព Dieu Roi មាន​តេជៈ​បា​រមី​ដូច​ទេវ​រាជ មិន​ចាញ់​ស្ដេច​ជ្វា​នៅ​កោះ​ស្ទាវា​ឡើយ​។ ដែលជាលក្ខណៈបញ្ជាក់អំពីឯករាជភាពពិត ប្រាកដរបស់កម្ពុជា។

៣. ទ្រឹស្ដីទេវរាជ

  អ្នកប្រវត្ដិវិទូ និងអ្នកសិក្សាស្រាវជ្រាវអំពីប្រវត្ដិសាស្រ្ដខ្មែរ តែងតែនាំគ្នានិយមមូលមតិជឿយល់ថា ការគោរពបូជា​ទេវ​រាជ ជា​ការ​វិវត្ដន៍​នៃ​ព្រហ្មញ្ញ​សាសនា ក្នុង​សម័យ​ព្រះ​បាទ​ជ័យ​វរ្ម័នទី២ គេយល់ថា ដើម្បីអាងប្រកាសខ្លន ជាស្ដេចពេញសិទ្ធិ ដើម្បីបញ្ចេញ​បង្ហាញ​ឥទ្ធិ​ពល​មហិទ្ធិ​រិទ្ធិ​ អោយ​ប្រជា​នុ​រាស្រ្ដ​កោដ​ខ្លាច​គោរព​ទទួលស្គាល់ ដើម្បីបញ្ជាក់ភាពឯករាជរបស់កម្ពុជា ព្រះបាទជ័យវរ្ម័នទី២ ត្រូវ​តែ​រៀប​ចំ​ធ្វើ​ពិធី​សា​សនា នៅ​ភ្នំ​គូលែន​។ គឺ​ព្រះ​អង្គ​បាន​តាំង​ខ្លួន​ជាព្រះមហាក្សត្រផង ជាអាទិ​ទេព​ផង​។

  ទ្រឹស្ដីនេះសមហេតុផល ត្រឹមត្រូវណាស់។ តែបើយើងយកទ្រឹស្ដីទេវរាជ ដោយសំអាងទៅលើ សិលាចារឹកស្ដុកកក់ធំ មក​សិក្សា​រិះ​គិត​ពិចារ​ណា អោយ​បាន​វែង​ឆ្ងាយ​បន្ដិច ជំនឿ និង ការគោរពទេវរាជ មិនមែនកំរិតឈប់ចប់ ត្រឹមតែលើសាសនា និងលើ​រូប​ព្រះ​មហា​ក្សត្រ​ប៉ុណ្ណោះ​នោះ​ទេ ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​សក្ការ​បូជា​គោរពថ្វាយចំពោះ ព្រះទេវរាជនៅភ្នំគូលែន ក្នុងគ.ស ៨០២ អាចចាត់​ទុក​ជា​ទិវា​ខ្មែរ​ឯក​រាជ្យ ​រំដោះ​ចាក​ផុត​ពី​អាណា​និគម​ជ្វា​កោះ​ស្ទា​វា និង​ក៏​ជា​ថ្ងៃដែលខ្មែរបានប្រកាសអនុវត្ដគោរព ទ្រឹស្ដីគោលការណ៍​នយោ​បាយ​ថ្មី សំរាប់​ក​សាង​ប្រទេស​ជាតិ​ដែរ​។ ទេវ​រាជ​ជា​ឈ្មោះ​គម្ពីរក្បួនខ្នាតទ្រឹស្ដីនយោបាយខ្មែរ សំរាប់រៀបចំគ្រប់គ្រងប្រទេសជាតិ

ការបែងចែកអំណាច

  សាសនា ដែលតំណាងទៅដោយព្រាហ្មណ៍ គ្រាន់តែជាមូលដ្ឋាន សំរាប់ប្រមូលផ្ដុំប្រជានុរាស្រ្ដ និង ជាប្រភពសំរាប់​បង្កើត​បញ្ចេញ​ច្បាប់​ ទ្រឹស្ដី​គោល​គំនិត​នយោ​បាយ​ប៉ុណ្ណោះ​។ ឯព្រះមហាក្សត្រ ដែលជាទេវរាជ ជាអ្នកយកច្បាប់ យកគោលគំនិត​ទ្រឹស្ដី​នយោ​បាយ​ទាំង​នោះ​មក​អនុ​វត្ដ​ប្រតិ​បត្ដិ​។ បើ​យើង​យក​មក​និយាយ និង ប្រើតាមភាសាទំនើបថ្មីបច្ចុប្បន្ន ក្រុមព្រាហ្មណ៍បរោហិតដែលជាដំណាង​ដោយ​ព្រាហ្មណ៍​ សិវក​ឥវ​លិយៈ ជា​អ្នក​ធ្វើ​ច្បាប់ រឺ​ជា​រដ្ឋ​សភា។ ចំណែក​ព្រះ​មហាក្សត្រវិញ ព្រះអង្គមិនធ្វើច្បាប់ទេ។ ព្រះអង្គជាអ្នកគោរព និង​អនុវត្ដ​ធ្វើ​តាម​ សេច​ក្ដី​បញ្ញាតិ​របស់​ច្បាប់​។ ព្រះ​មហា​ក្សត្រ​ស្ថិតនៅក្រោមអំណាចច្បាប់។ ព្រះអង្គជាដំណាង​អំណាច​និតិ​ប្រតិ​បត្ដិ ដូច្នេះ​ក្នុង​ការ​រៀប​ចំ​គ្រប់​គ្រង​ប្រ​ទេស​កម្ពុជា អ្នក​ដឹក​នាំ ឬ​អ្នក​នយោ​បាយខ្មែរជំនាន់ព្រះបាទជ័យវរ្ម័នទី២ បានបែកចែកអំណាចជា២ និតិបញ្ញាតិ និង​និតិ​ប្រតិ​បត្ដិ ​របៀប​បែង​ចែក​អំណាច​ត្រូវ​បាន​ព្រះ​មហា​ក្សត្រខ្មែរ ធ្វើសច្ចាប្រនិធានថា គោរពអនុវត្ដធ្វើតាមរៀងរហូតទៅអនាគត នេះ​គឺ​ជា​មូល​ដ្ឋាន និង​ជាគ្រិះ​នគរ​ខ្មែរ​។

ការរៀបចំស្ថានប័នជាតិ

  ការបែងចែកអំណាច នាំមកនូវការរៀបចំស្ថាប័ន។ ស្ថាប័ននេះមានទាក់ទងទៅនឹងការកំនត់មុខងារកិច្ចការរបស់​ក្រុម​ព្រាហ្មណ៍​បុរោ​ហិត និង​ ព្រះ​មហា​ក្សត្រ​។ ក្រុម​ព្រាហ្មណ៍ មាន​ភារកិច្ចក្នុងការគោរពរៀបចំធ្វើពិធីបុណ្យអោយបានត្រឹមត្រូវ ទៅតាមច្បាប់​វិន័យ​។ ព្រាហ្មណ៍​ក៏​ត្រូវ​ត្រួត​ពិនិត្យ​ត្រួត​ត្រា​ការ​អនុ​វត្ដិ​ទាំង​នោះ​ដែរ​។ ហើយករណីយកិច្ចដ៏ធំមួយទៀតរបស់ព្រាហ្មណ៍ គឺការអប់រំបង្ហាត់​បង្រៀន​ព្រះ​រាជ​វង្សា​នុ​វង្ស ​និង ផ្ដល់​យោ​បល់​គោល​គំនិត​ល្អៗ ដល់​ព្រះមហាក្សត្រ រួមសេចក្ដីមក ក្រុមព្រាហ្មណ៍ ជាអ្នកថែរក្សារការពារ ច្បាប់វិន័យ​ក្រិត​ក្រម​ក្បួន​ខ្នាត​គម្ពីរ​របស់​ខ្មែរ​។ ទិដ្ឋ​ភាព​ត្រង់​នេះ សិលាចារឹកស្ដុកកក់ធំបានបញ្ជាក់ច្បាស់ណាស់។ រីស្ថាប័នដែលជាប់ទៅនឹងព្រះមហា​ក្សត្រ ឬ​អំណាច​និតិ​ប្រតិ​បត្ដិ យើង​ឃើញ​មាន​ការ​បង្កើត​ក្រុមនាម៉ឺនមន្រ្ដី ការរៀបចំសង្គម ការបែងចែករៀបចំ​ទឹកដីភូមិស្រុក និង​ការ​បែង​ចែក​ធន​ធាន​។

ការស្ថាបនាជាតិ

  ក្នុងទ្រឹស្ដីទេវរាជ ក្នុងសិលាចារឹកស្ដុកកក់ធំ ពាក្យស្ថាបនា ជាពាក្យដែលសំខាន់ មានតំលៃ និងអត្ថន័យធ្ងន់ធំទូលំទូ​លាយ​ជាង​គេ​។ ពាក្យ​ស្ថាប​នា​ជា​គន្លិះ​ធំ ក្នុង​ទិស​ដៅ​នយោ​បាយ​កសាងជាតិរបស់ខ្មែរ។ អ្នកដឹកនាំខ្មែរត្រូវស្ថាបនា ធ្វើម្ដេចអោយប្រទេស​ជាតិ​ចំរុង​ចំរើន អោយ​ពល​រដ្ឋ​មាន​បាន សំបូរ​សប្បាយ ចាក​ផុត​ទុរ​គត​ក្រី​ក្រ​តោក​យាក ព្រាត់ប្រាសក្រុមញាតិគ្រួសារ។

  ការបែងចែកអំណាច រៀបចំស្ថាប័នដាក់តាមគោលការណ៍នយោបាយថ្មី អោយសមស្របស៊ីសង្វាក់ ប្រទាក់​ប្រទង ប្រ​ទាញ​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ស្ថាបនាកសាងជាតិ។ ការកសាងសង់ទាំងនេះ មិនមែន អនុវត្ដ ដោយមិនបានគិតគូរ​ល្អ​ល្អិត​ល្អន់​នោះ​ទេ​។ គេ​ក៏​មិន​មែន​ធ្វើ​អោយ​ឃើញ ចេញ​មាន​តែ​រូប​រាង ទុកសំរាប់ បង្អួតអោយគេកោតសរសើរឡើយ។

  ការស្ថាបនានេះ ស្ថិតនៅលើការកាប់គាស់ឆ្ការព្រៃទឹកដីថ្មី អោយក្លាយទៅជាស្រែចំការ ជាស្រុកភូមិថ្មី សំរាប់​បង្ក​បង្កើត​ភោគ​ផល​សម្បត្ដិ​សង្គម​ជាតិ​។ មុន​នឹង​បាន​សំរេច​ជោគ​ជ័យ​តាមការគ្រោងព្រះមហាក្សត្រ និងអ្នកដឹកនាំខ្មែរ បានជួយឧបត្ថម្ភប្រជាពល​រដ្ឋ ដោយ​មាន​ចែក​ទឹក​ចែក​ដី​ទ្រព្យ​ធន​ធាន សត្វ​ពា​ហនៈ​គោ​ក្របី ប្រដាប់ប្រដារឧបករណ៍កសិកម្ម និង ខ្ញុំកំដរទាសាទាសី។ សក្ខីភាពនេះ​អាច​បង្ហាញ​ព្រះ​មហា​ក្សត្រ និង​អ្នក​ដឹក​នាំ​ជាតិ​ខ្មែរ យល់​អំពី​ជំរៅសេដ្ឋកិច្ច ដែលផ្អែកទាំងស្រុងទៅលើកសិកម្ម។ ដូច្នេះកំលាំងនគរ ស្ថិតនៅលើ​កសិ​កម្ម​។ ឯ​ការ​ស្ថា ប​នា​ជាតិ​ស្ថិត​នៅ​លើ​ការ​ស្ថាប​នា​កសិ​កម្ម។ ហើយការបែងចែកទឹកដីភូមិស្រក ការជួយឧបត្ថម្ភ និងបញ្ជូនប្រជាពលរដ្ឋ​អោយ​ទៅ​កាន់​កាប់​ រស់​នៅ​លើ​ទឹក​ដី​ថ្មី ក៏​ជា​នយោ​បាយ​មួយ​យ៉ាង​ល្អ​ដែរ ក្នុងការថែរក្សាការពារជាតិមាតុ ភូមិ។

ការកសាង និងស្នាដៃ

  ព្រះបាទជ័យវរ្ម័នទី២ ទោះបីជាព្រះអង្គ មានបេសកកម្មធំត្រូវរំដោះជាតិក៏ដោយ ក៏ព្រះអង្គយកចិត្ដទុកដាក់ ខំរិះគិត​រក​មធ្យោ​បាយ រៀប​ចំ​ទី​ក្រុង​អោយ​បាន​នឹង​ន មាន​ស្ថិរ​ភាព និង​មាន​ការរីចំរើនដែរ។ ដូច្នេះហើយ បានជាព្រះអង្គរុះរើ លើកព្រះរាជធានីចុះឡើង​ៗ តែ​ព្រះ​រាជ​ធានី​របស់​ព្រះ​អង្គ​ស្ថិត​នៅ​ជានិច្ច តែក្នុងរង្វង់តំបន់បឹងទន្លសាប។ ដែលជាការចាប់ផ្ដើមកំនត់ទីតាំងព្រះរាជធានី​នគរ​ធំ ឬ​មហា​នគរ ទៅ​ក្នុង​អនា​គត​កាល​។

  ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ គេពុំសូវឃើញមានការកសាងប្រាង្គប្រាសាទធំៗទេ។ ឯទីក្រុងព្រះរាជធានីផ្សេងៗ ដែល​ព្រះ​អង្គ​បាន​ទៅ​តាំង​ទី ក៏​មិន​បាន​ទុក​នូវ​សំណៅ​អ្វី​ជា​ធំ​ដុំ មានជាប់មកដល់បច្ចុប្បន្នដែរ។ ពីព្រោះសំណង់ទាំងនោះធ្វើអំពីឈើ ឬសំភារៈមិនសូវ​ជា​មាំ​មួន បុព្វ​ហេតុ​នេះ​គឺ​បណ្ដាល​មក​ពី​ស្រុក​មាន​សង្គ្រាម ព្រះអង្គគិតខំប្រឹងតែរៀបចំការតស៊ូ រំដោះជាតិពីអាណានិគមជ្វាស្ទាវា​។ ម្យ៉ាង​ទៀត សន្ដិ​សុខ​ក៏​ពុំ​ទាន់​មាន​ជា​ស្ថា​ពរ​ក្នុង​នគរ​ដែរ​។

 ប្រាសាទដែលសង់ក្នុងរាជព្រះអង្គមានជាអាទិ ៖
 - ប្រាសាទរំចែង ត្រូបានកសាងនៅភ្នំគូលែន ក្នុងគ្រាដែលព្រះរាជធានីបានរើទៅតាំងនៅទីនោះ។
 - ប្រាសាទអកយំ ដែលស្ថិតនៅម្ដុំបារាយខាងលិច ត្រូវបានកសាងដោយឥដ្ឋ។
ប្រាសាទទាំងនេះ មានរូបទំហំតូចមែន តែគេអាចកត់ទុកជាយុគថ្មីមួយរបស់ខ្មែរក្នុងវិស័យលិល្បៈ និងសាង​សង់​ប្រាសាទ​។ យើង​បាន​ឃើញ​ប្រា​សាទ​ខ្មែរ​ជំនាន់​ក្រោយ​ជា​ច្រើន​ក​សាង​ទៅតាមលំនាំប្រាសាទរំចែងនិងអកយំ។

  ក្រោយដែលបានទៅតាំងរាជធានីនៅភ្នំគូលែន ឬមហិន្រ្ទបរពត ព្រះបាទជ័យវរ្ម័នទី២ បានយាងត្រលប់មកគង់នៅឯ​រលួស ទី​ក្រុង​ចាស់ ហរិ​ហរា​ល័យ ព្រះ​អង្គ​បាន​ចូល​ទី​វង្គតនៅទីក្រុងនេះ ក្នុងគ.ស ៨៥៤ ក្នុងព្រះជន្មប្រហែល ៩០វស្សាព្រះអង្គជាព្រះមហា​ក្សត្រ​ខ្មែរ​យ៉ាង​ធំ​មួយ​ព្រះ​អង្គ នៅ​ក្នុង​ប្រវត្ដិ​ព្រះ​អង្គ​បាន​រំដោះ​ជាតិ​ពី​នឹម​ជ្វា ព្រះអង្គ បានបង្រួបបង្រួមប្រទេសកម្ពុជាអោយមានឯកភាព ហើយ​ព្រះ​អង្គ​ក៏​ជា​ក្សត្រ​ខ្មែរ​ដែល​បាន​ស្ថាបនា​កសាង​ទឹក​ដី​ខ្មែរ​អោយ​ធំធាត់មានកិត្យានុភាព ជាមហានគរដែរ។ ព្រះបាទជ័យវរ្ម័នទី២ ព្រះអង្គ​ជា​ព្រះ​មហា​ក្សត្រ​មួយ​អង្គ​ខ្លាំង​ពូកែ អង់​អាច​ក្លា​ហាន ព្យា​យាម​តស៊ូ មានចិត្ដអំនត់ មានចំណេះវិជ្ជាជ្រៅជ្រះ មានប្រាជ្ញាភ្លឺថ្លាវាងវៃ ដែលបាន​ធ្វើ​ពលិ​កម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​ស្រុក​ខ្មែរ និង​កូន​ចៅ​ជំនាន់​ក្រោយ​។

១./ ពូជពង្សវង្សត្រកូល ព្រាហ្មណ៍ សិវកឥវលិយៈ ប្រហែលជាត្រូវផុតរលត់អស់លែងមាន ក្នុងសម័យព្រឹត្ដិការណ៍តា​ត្រសក់​ផ្អែម​ដណ្ដើម​រាជ្យ ដែល​បាន​កាប់​សំលាប់​បំផ្លាញ​អ្វី​ជាព្រហ្មញ្ញសាសនា។ ដូច្នេះហើយ ទើបស្ដេចត្រសក់ផ្អែម បញ្ជា​អោយ​បង្កើត​ព្រាហ្ម​បុរោ​ហិត និង​ បញ្ជ​ក្សត្រ​សំរាប់​តំណាង​រាជ​បល្ល័ង្គ​។