៤ -ការចាក់រិសគល់នៃអរិយធម៌ឥណ្ឌានៅអាស៊ីអគ្នេយ៍
ថ្ងៃសៅរ៍ ទី15.មិនា 2014.ម៉ោង 20:35

  ភូមិភាគអាស៊ីអគ្នេយ៍ទាំងមូល លើកលែងតែប្រទេសវៀតណាមនិងប្រទេសហ្វីលលីពីនចេញ សុទ្ធតែទទួលឥទ្ធិពល​ឥណ្ឌា​ទាំង​អស់​។ តើ​ជន​ជាតិ​នេះ​បាន​ធ្វើ​ដំណើរ​មក​កាន់អាស៊ីអគ្នេយ៍តាំងពីពេលណា? ហើយអ្វីទៅជាបុព្វហេតុ នាំអោយគេមក​កាន់​ភូមិ​ភាគ​នេះ​?​

  ខុសពីការមកដល់របស់ជនជាតិចិន ដែលគេមានឯកសារប្រវត្ដិសាស្រ្ដគ្រប់គ្រាន់ និងដឹងកាលកំនត់ច្បាស់លាស់ ការ​មក​ដល់​របស់​ជន​ជាតិ​ឥណ្ឌា​នៅ​ចោទ​ជា​បញ្ហា​នៅ​ឡើយ​។ គេគ្រាន់តែដឹងថាជនជាតិឥណ្ឌា មកកាន់អាស៊ីអគ្នេយ៍តាំងពីសម័យបុព្វប្រវត្ដិ​សាស្រ្ដ​ម៉្លេះ​។ ព្រោះ​គេ​បាន​រក​ឃើញ​វត្ថុ​មក​ពី​ឥណ្ឌា ដូច​ជា​ត្រាឆ្លាក់អក្សរសំស្រ្កឹត អូរកែវ Kuala Selinsing នៅម៉ាលេស្សា និងព្រះពុទ្ធរូប Sempaga នៅ​កោះ​ Célèbes នៅ​ត្រង់​ស្ថា​នីយ​ថ្ម​រំលីង​តែ​ម្ដង ។ ឯកសាសរសេរមានអាយុចាស់ជាងគេគឺ សិលាចារឹកវូកាញ់ ស.វ.ទី២,៣ នៃ គ.ស.។

ក.បុព្វហេតុ

  ចំបុព្វហេតុនៃការមកដល់របស់ជនជាតិឥណ្ឌា អ្នកស្រាវជ្រាវបានបញ្ចេញសម្មតិកម្មច្រើនបែបយ៉ាងដែលមាន​ជា​អាទិ​ដូច​ត​ទៅ​៖

  1. នៅស.វ ទី៣ មុនគ.ស. ព្រះបាទអសោកបានលើកទ័ពទៅវាយលុករដ្ឋកលិង្គ នៅឆ្នេរសមុទ្រខាងកើតនៃប្រទេស​ឥណ្ឌា ជា​ហេតុ​នាំ​អោយ​អ្នក​ស្រុក​ភៀស​ខ្លួន​ចេញ​ពី​ទី​នេះ ប៉ុន្ដែគេនៅតែឆ្ងល់ថា ចុះហេតុអ្វីបានជាដល់ ៣ ស.វ.ក្រោយទើបឃើញមានផលជាក់​ស្ដែង​កើត​ឡើង​។ ដូច្នេះ​គេ​យល់​ថា កាល​ប្រ​ហែល​ជា​មានអ្នកភៀសខ្លួនខ្លះមែន ហើយពួកនេះគ្រាន់តែជាអ្នកបើកផ្លូវអោយពួកក្រោយៗ​ដែល​មាន​ចំនួន​ច្រើន​ជាង​ប៉ុណ្ណោះ​។
  2. អ្នកខ្លះយល់ថាបុព្វហេតុ គឺបណ្ដាលមកពីការលុកលុយរបស់ពួកកុសាននៅគ្រិស្គស.វ.ទី១ ដែល​បាន​រុញ​ច្រាន​អោយ​អ្នក​ស្រុក​រត់​ចេញ​ពី​ទី​នោះ​។ សម្មតិ​កម្ម​នេះ​មើល​ទៅ​ហាក់​ដូច​ជា​សមរម្យច្រើន តែនៅមិនទាន់មាន ភស្ដុតាងជាក់លាក់នៅឡើយ។
  3. អ្នកខ្លះទៀតយល់ថា មានអ្នកផ្សងព្រេងឥណ្ឌាក្នុងវណ្ណៈខ្ពស់ៗ បានមកស្វែងរកភោគទ្រព្យនៅក្នុងភាគ​ដែល​សំបូរ​ដោយ​មាស និង​គ្រឿង​ទេស តែ​នេះ​ក៏​ជា​សម្មតិ​កម្ម​ដែល​មិន​ទាន់​មាន​អ្វី​អាច​បញ្ជាក់​នៅ​ឡើយ​ដែរ​។
  4. អ្នកស្រាវជ្រាវភាគច្រើននិយមចាត់ទុកថា ការមកដល់របស់ជនជាតិឥណ្ឌាមានប្រភពមក​ពី​ជំនួញ​ទៅ​វិញ​។
ទំនាក់ទំនងរវាងពិភពមេឌីទែរ៉ានេ និងបូព៌ាប្រទេសបន្ទាប់ពីយុទ្ធការរបស់ព្រះបាទអាលិចសង់​មហា​រាជ​ការ បង្កើត​ចក្រ​ភព​របស់​ព្រះ​បាទ​អសោក និង​ក្រោយ​មក​របស់​ព្រះ​បាទ​កនិស្ក កំណើតនៃចក្រភព Séleucide និងចក្រ ភពរ៉ូម៉ាំង ទាំងនេះជាហេតុជំរុញ​អោយ​ជំនួញ​គ្រឿង​ប្រ​និត​មាន​សន្ទុះ​យ៉ាង​ខ្លាំង​។ ម្យ៉ាង​ទៀត​គេ​ដឹង​ថា អាស៊ី​អគ្គេយ៍​ជា​កន្លែង​សំបូរ​ដោយគ្រឿងទាំងនោះ (គ្រឿង​ទេស ឈើ​ក្រអូប និង​មាស) ដូច​ដែល​ឈ្មោះ​ផ្សេង​ៗ​អាច​បង្ហាញ​អោយ​ឃើញ​ស្រាប់​៖
តក្តោល (ផ្សារលក់ក្រវាញ)
កប៌ូរទ្វីប (កោះកប៌ូរ)
នរិកេលទ្វីប (កោះដើមដូង)
កនកបុរី (ក្រុងមាស)
សុវណ្ណភូមិ (ដីមាស)
សុវណ្ណទ្វីប (កោះមាស)

  ប្រទេសឥណ្ឌាធ្លាប់តែទិញមាសពីភូមិភាគស៊ីបេរី Sibérie ប៉ុន្ដែនៅមុនគ.ស.បន្ដិច ការរំជើបរំជួលក្នុងចំនោម​ជន​ជាតិ​ផ្សេង​ៗ នៅ​អាស៊ី​កណ្ដាល​ធ្វើ​អោយ​ផ្លូវ​ទៅ​កាន់​ភូមិ​ភាគ​នោះ ដោយ​ឆ្លង​កាត់​តាម​បាក់​ទ្រី Bactriane ត្រូវកាត់ដាច់ធ្វើគមនាគមន៍តទៅទៀត​មិន​កើត​។ ដោយ​ហេតុ​នោះហើយ​បាន​ជា​នៅ​គ.ស.ស.វ​ទី១​ ឥណ្ឌា​បាន​ងាក​ទៅ​រក​ទិញមាសពីចក្រភពរ៉ូម៉ាំងវិញ ប៉ុន្ដែមិនយូរប៉ុន្មានអធិរាជ​វេស្បា​ស្យាង Vespasien 69-79 គ.ស. ទ្រង់​ចេញ​បញ្ញាត្ដិ​ហាម​ឃាត់​មិន​អោយ​នាំ​មាស​ចេញ។ អ្នកស្រាវជ្រាវខ្លះយល់ថា នេះហើយជាហេតុនាំអោយ​ឥណ្ឌា​បែរ​មក​ស្វែង​រក​មាស​នៅ​ភូមិ​ភាគ​អាស៊ី​អគ្នេយ៍​វិញ​។

ការធ្វើដំណើរដ៏វែងឆ្ងាយនេះ ត្រូវបានសំរួលដោយកត្ដាបីគឺៈ
១. ការចំរើនលូតលាស់ក្នុងផ្នែកនាវាចរណ៍របស់ឥណ្ឌា ដោយពេលនោះគេចេះធ្វើសំពៅធំៗ អាចផ្ទុកមនុស្ស​បាន​ពី​៦០០ ទៅ​៧០០​នាក់​។ ម្យ៉ាង​ទៀត​នៅ​ពាក់​កណ្ដាល​ស.វ​ទី១​នៃ​គ.ស អ្នក​បើក​បរ​សំពៅជាតិក្រិកគឺៈ លោក Hippalos បានរកឃើញនូវភាពឆ្លាស់​គ្នា​នៃ​ខ្យល់​រដូវ ជា​ហេតុ​​ជំរុញ​អោយ​មាន​សន្ទុះ​យ៉ាង​ខ្លាំង​ ក្នុង​ផ្នែក​ជំនួញតាមផ្លូវសមុទ្ររ វាងប្រទេសឥណ្ឌា នឹង​កំពង់​ផែ​ទាំង​ឡាយ​នៅ​តាម​ឆ្នេរ​សមុទ្រ​ក្រហម​។
២. ការចំរើនលូតលាស់នៃព្រះពុទ្ធសាសនា ព្រោះសាសនានេះបានលប់ចោលនូវប្រព័ន្ធវណ្ណៈ ដែលជា​ហេតុ​នាំ​អោយ​ពួក​ឥណ្ឌា​ឈប់​ខ្លាច​បាត់​ភាព​បរិ​សុទ្ធ​ ខាង​ជាតិ​សាសន៍​របស់​ខ្លួន ដោយ​ធ្វើ​ការ​ទាក់ទងជាមួយបរទេស រឿងរ៉ាវដែលជាប់ទាក់ទង និងការធ្វើនាវាចរណ៍​តាម​សមុទ្រ​ ត្រូវ​បាន​ពួក​អ្នក​និពន្ធ​ឥណ្ឌា​រៀប​រាប់​ក្នុង​គម្ពីរ​ជាតក​។
៣. ការរីកធំនៃផ្សារជំនួញចិន ក្រោយដែលជនជាតិនេះបានវាយលុកយកបានតំបន់​ផ្សេង​ៗ​នៅ​ខាង​ត្បូង​ទន្លេ​យ៉ង់​សេ(១)

ខ. ឥណ្ឌាបានមកផ្សាយអរិយធម៌របៀបណា?

  ក្នុងរឿងនេះ លោក G. Ferrand បានធ្វើសម្មតិកម្មមួយសំរាប់កោះជ្វា តែអ្នកស្រាវជ្រាវយល់ថា អាចយកទៅ អនុវត្ដចំពោះ​ប្រ​ទេស​ផ្សេង​ៗ នៅ​អា​ស៊ី​អគ្នេយ៍​ទាំង​មូល​បាន​។ លោក​សរ​សេរ​ថា «ពួកចំនូលថ្មី (ឥណ្ឌា)»បាន មកទាក់ទងជាមួយពួកមេដឹកនាំហើយយកចិត្ដ​ពួក​នេះ​ដោយ​ជំនូន​ ការ​ពារ​ជំងឺ និង​ការ​ផ្ដល់​អោយ​នូវ​យ័ន​គាថា​។ ដោយពុំទាន់មានអ្នកបកប្រែភាសាឥណ្ឌាត្រូវតែខិតខំរៀនភាសា​របស់​ពួក​អ្នក​ស្រុក​។ បន្ទាប់​មក​បាន​រៀប​មង្គល​ការ​ជា​មួយ​កូន​ស្រី​របស់​ពួកអ្នកដឹកនាំ គឺចាប់ពីពេលនេះហើយដែលពួកឥណ្ឌាមានលទ្ធភាពផ្សព្វផ្សាយ​អរិយ​ធម៌​របស់​ខ្លួន​ដោយ​ជោគ​ជ័យ ព្រោះ​ថា​ពួក​ស្រី​ស្រុក​អាយ​នេះ បើកាលណាជ្រួតជ្រាបដោយគំនិត និងជំនឿរបស់ប្ដីខ្លួនហើយ ហើយ​និយាយ​ផ្សាយ​ត​ទៅ​ទៀត​នោះ​ច្បាស់​ជា​ពួក​អ្នក​ស្រុក​ជឿ​តាម​ភ្លាម​មិន​ខាន​។ តែដើម្បីសំដែង រឺពន្យល់គំនិត និងជំនឿថ្មីនេះបាន គេត្រូវតែប្រើពាក្យ​ពេជន៍​របស់​ឥណ្ឌា​ដោយ​ខាន​មិន​បាន ព្រោះ​ក្នុង​ភាសា​របស់​គេ​ពុំ​មាន​ពាក្យ​ណា​អាចយកទៅប្រើក្នុងកិច្ចការបែបនោះបានឡើយ។

  ក្នុងដំណាក់ការទីពីរ គឺបន្ទាប់ពីពួកឈ្មួញមក មានពួកបញ្ញវន្ដក្នុងវណ្ណៈខ្ពង់ខ្ពស់ទាំងពីរមកដល់។ ចំពោះរឿងនេះគេយល់ថា ពួក​ព្រាហ្មណ៍​ខ្លះ​ដែល​មាន​ឈ្មោះ​ល្បី​ពូកែ​ខាង​មន្ដ​អាគម ដោយ​ការ​អោយ​ពត៌​មាន​របស់​ពួកឈ្មួញ ច្បាស់ជាបានពួកមេដឹកនាំអោយអារាធនាមក​ដើម្បី​ជួយ​បង្កើន​អំណាច និង​លើក​តិត្យា​នុភាព​របស់​ខ្លួន​ថែម​ទៀត​។

  រួចមកហើយ យើងបានឃើញថាព្រះពុទ្ធសាសនាមានមុខងារយ៉ាងសំខាន់ក្នុងជំនួញផ្លូវសមុទ្រ រវាងឥណ្ឌា និង​អា​ស៊ី​អគ្នេយ៍ ហើយ​គេ​បាន​សង្កេត​ឃើញ​ទៀត​ថា ក្នុង​ប្រ​ទេស​ជា​ច្រើន វត្ថុ​ជា​សាក្ខី​ភាព​ចាស់​បំផុតនៃការផ្សាយអរិយធម៌ឥណ្ឌាគឺព្រះពុទ្ធរូប​ទី​បង្ករ ដែល​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​និយម​គោ​រព​ណាស់​។ ដូច្នេះ​ឃើញ​ថា ពុទ្ធសាសនា មាននាទីយ៉ាងសំខាន់ ព្រោះហាក់ដូចជាបាន​បើក​ផ្លូវ​នាំ​អោយ​ឥណ្ឌា​មក​កាន់​អា​ស៊ី​អគ្នេយ៍​។ ក៏​ប៉ុន្ដែ​រាជា​ណា​ចក្រ​នា​នា​ដែល​បាន​បង្កើត​ឡើង​នៅ​ភូមិ​ភាគនេះ មិនយូរប៉ុន្មានក៏បានទទួលនូវទស្សនៈសិវៈនិយម​នៃ​រាជា​ធិប​តេយ្យ ដែល​មាន​មូល​ដ្ឋាន​ស្ថិត​លើ​ទំនាក់​ទំនង​រវាង​ព្រាហ្មណ៍​និង​ក្សត្រិយ និងការគោរពបូជាលិង្គទេវរាជ។

 
ការបង្កើតរាជាណាចក្រ ដោយផ្លាស់ប្ដូរគ្រិះស្ថានជំនួសអោយទៅជារដ្ឋបែបនេះអាចប្រព្រឹត្ដទៅដោយវីធី២យ៉ាង
១.ឬមួយមានឥណ្ឌាណាម្នាក់តាំងខ្លួនជាមេដឹកនាំរបស់អ្នកស្រុកអាយ ដែលបានទទួលឥទ្ធិពលឥណ្ឌាច្រើនរឺតិច។
២. ​ឬមួយមានមេដឹកនាំអ្នកស្រុកចង់ពង្រឹងអំណាចរបស់ខ្លួន ដោយទទួលយកទស្សនៈបរទេស។

  ករណីទាំងពីរនេះអាចកើតឡើងបានដូចគ្នា។ ប៉ុន្ដែក្នុងករណីទី១ បើទោះជារាជវង្សមានសញ្ជាតិជាឥណ្ឌាសុទ្ធសាធ តាំង​ពីដើម​មក ក៏​មិន​អាច​មាន​លក្ខណៈ​នេះ​វែង​ឆ្ងាយ​បាន​ទេ ព្រោះពុំអាចជៀសវាងបាននូវការយកគ្នាជា ប្ដីប្រពន្ធរវាងឥណ្ឌា នឹង​អ្នក​ស្រុក​បាន​ឡើយ​។ រឿង​ព្រះ​ថោង នាង​នាគ​ រឺ​រឿង​ហ៊ុន ទៀន លីវយី អាច​បញ្ជាក់​យើង​ពីរ​ចំនុច​នេះ​បាន​។ ប៉ុន្ដែចំពោះករណីទី២ គឺការលើកពួក​មេ​ដឹក​នាំ​អ្នក​ស្រុក​អោយ​ឡើង​ឋានៈ​ជា​ក្សត្រ​ដោយ​ពីធី រវាត្យ​ស្ដោម​នោះ គេ​យល់​ថា​មាន​ញឹក​ញាប់​ជាង​។

គ. ឥណ្ឌាបានចេញពីតំបន់ណាខ្លះ

  រឿងនេះពិបាកបញ្ជាក់ ព្រោះក្រៅពីអត្ថបទ ៣ ដែលសរសេរដោយភាសទមិឡ ហើយដែលមានកាលកំនត់ថ្មីៗ នេះ​គេ​ឃើញ​មាន​តែ​ឯក​សារ​សំស្ក្រឹត ដែល​ជា​ភាសា​ដែល​គេ​ប្រើ​ទូ​ទៅ​នៅ​ប្រ​ទេស​ឥណ្ឌា។ បើគេពិនិត្យឯកសារឥណ្ឌាដែលទាក់ទង នឹងការធ្វើ​នាវា​ចរណ៍​កំនត់​ហេតុ​របស់​អ្នក​ដំណើរ​ចិន ឈ្មោះ​ទី​កន្លែង អក្សរ​បុរាណ បុរាណ​វត្ថុ គេ​នឹង​ឃើញ​ថា ពិតមែនហើយ ប្រទេសឥណ្ឌាខាងត្បូងជាពិសេស​តំបន់ Kanchi (Conjeveram) បាន​ចូល​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សាយ​អរិយ​ធម៌​ឥណ្ឌានៅអាស៊ីអគ្នេយ៍ តែតំបន់ផ្សេងៗទៀតនៃប្រទេស​ឥណ្ឌា​ខ្ពង់​រាប ទក្សិណ​ វាល​ទំនាប​គង្គា និង​ឥណ្ឌា​ភាគ​ពាព្យ សុទ្ធ​តែ​បាន​រួម​ចំណែក​តិច ឬច្រើនក្នុងព្រឹត្ដិការណ៍ខាងលើទាំងអស់។

ឃ. ឥណ្ឌាបានចេញដំណើរពីកន្លែងណា

  ឯកសារផ្សេងៗមានជាអាទិ កំនត់ហេតុរបស់អ្នកភូមិសាស្រ្ដ Ptolémée និងអ្នកដំណើរអឺរុប និងចិន បានចែងពីកំពង់ផែ​សមុទ្រ​ធំ​ៗ​ ដែល​ជា​កន្លែ​ចេញ​ដំណើរ​របស់​ជន​ជាតិ​ឥណ្ឌា​មក​កាន់​អាស៊ី​អគ្នេយ៍​
ក. លើឆ្នេរសមុទ្រខាងកើតមានកំពង់ផែ តាម្រលិព្ដិ (តាម្លុក) កមរៈបោឌុកេ។
ខ. លើឆ្នេរសមុទ្រខាងលិចមានកំពង់ផែ ករុគច្ឆ (ប្រួច) សូបារកៈ និង មុឆិរិ។
ក្នុងការធ្វើដំណើរឆ្ពោះមកកាន់អាស៊ីអគ្នេយ៍នេះ ពួកឥណ្ឌាអាចប្រកាន់យកផ្លូវពីរ ចំពោះពួកណាដែលធ្វើដំណើរទៅកាន់កោះនានា​នោះ ការ​ប្រើ​ប្រាស់​ផ្លូវ​សមុទ្រ​ជា​ការ​ជៀស​វាង​ពុំ​បាន ប៉ុន្ដែ​ចំពោះ​ពួក​ណាដែលធ្វើដំណើរទៅកាន់ ដីគោក ការចាំបាច់តំរូវអោយគេ​ប្រើ​ផ្លូវ​ទឹក​ផង ផ្លូវ​គោក​ផង​។ ពិត​មែន​ហើយ​ថា ដី​សន្ដរ​នៅ​ឥណ្ឌូ​ចិន​ដែល​ពោរ​ពេញ​ទៅដោយដើមចាកនោះ គឺជាឧបសគ្គមួយ ហើយគឺការដែលមាន​ពួក​ចោរ​សមុទ្រ​នៅ​កក​កុញ​ក្នុង​ច្រក​សមុទ្រ និង​ក្រោយ​មក​ទៀត ការ​អនុ​វត្ដន​យោ​បាយ​ផ្ដាច់​ការ ខាងផ្លូវជំនួញរបស់រាជាណាចក្រប៉ាលេម​បាង​នេះ​ហើយ ដែល​ផ្ដល់​អោយ​ផ្លូវ​គោក​នូវ​សារ​សំខាន់​យ៉ាង​ធំ​ដែល​មាន​បុរាណ​វត្ថុ​ជា​ភស្ដុតាង​។

  ក្រៅពីកំពង់ផែធំៗដែលបានរៀបរាប់មកហើយ គួរគប្បីបញ្ចូលក្នុងកន្លែងចេញដំណើរ ដែលមជ្ឈមណ្ឌលវប្បធម៌ខ្លះ នៅ​លើ​ជ្រោយ​មា​លាយូ​ដូច​ជា Takna Pa (តក្កោល) និង កេដៈ Kedah ដែល​មាន​មុខ​ងារ​ជាតំណាងបន្លាស់ Relais។ គឺនៅត្រង់កន្លែងនេះ​ហើយ​ដែល​ពួក​ឥណ្ឌា​បាន​​ដាក់​​ទំនិញ​​ចុះ រួច​ដឹក​ឆ្លង​កាត់ បួដី​ក្រា តាម​ផ្លូវ​ដី​គោក​យក​ទៅដាក់សំពៅនៅឆ្នេរម្ខាងទៀត ដើម្បីធ្វើដំណើរទៅកាន់ឈូង​សមុទ្រ​សៀម និង​​សមុទ្រ​​ចិន​​។ គេ​​ធ្វើ​​ដូច្នេះ​ដើម្បី​ចៀស​វាង​នូវ​ការ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ ដោយកុងព័ទ្ធតាមច្រកសមុទ្រដែលនៅខាងត្បូង។

ង. តើសង្គមអ្នកស្រុកអាយទទួលឥទ្ធិពលឥណ្ឌាដល់កំរិតណា?

  ក្នុងតំណោះស្រាយបញ្ហាសំខាន់នេះគេឃើញមានទស្សនៈ២ ផ្ទុយគ្នាស្រលះ។ ចំពួកសង្គមវិទូដែលនិយមអោយ តំលៃច្រើនទៅលើ​ធាតុ​ពូជ​សាសន៍ និង​ប្រពៃ​ណី យល់​ថា​អរិយ​ធម៌​របស់​អ្នក​ស្រុក​អាយ បាន​រក្សា​លក្ខណៈ​ផ្ទាល់ របស់ខ្លួននៅពេលដែលបានពើបប្រទះ នឹង​អរិយ​ធម៌​ឥណ្ឌា​។ ចំពោះ​អ្នក​សិក្សា​អរិយ​ធម៌​ឥណ្ឌា Indiauistes ដែល​ផ្អែក​ទៅ​លើ​បុរាណវត្ថុ និងសិលាចារឹកយល់ថា អរិយធម៌ នៅអាស៊ីអគ្នេយ៍ គ្រាន់​តែ​ជា​មែក​ធាង​នៃ​អរិយ​ធម៌​ឥណ្ឌា​ប៉ុណ្ណោះ​។

  ដូច្នេះឃើញថា ចំពោះពួកសង្គមវិទូ អរិយធម៌បុរាណទាំងនោះ ជាលទ្ធផលនៃការវិវត្ដន៍របស់អរិយធម៌អ្នកស្រុកមានហើយ genic local ហើយ​ដែល​មាន​ប្រតិ​កម្ម​នឹង​ធាតុ​ឥណ្ឌា Stimulus ឯ​ពួក​អ្នក​សិក្សា​អរិយធម៌ឥណ្ឌា តាមប្រទេសនិមួយៗទៅវិញ គឺចាត់ទុកថា អរិយ​ធម៌​ឥណ្ឌា ជា​ឈើ​តែ​មួយ​ដើមដែល​បាន​ផ្ដល់​ផ្លែ​ផ្កា​ទៅ​តាម​លក្ខណៈ​ដី​ផ្សេង​ៗ​។

១៧ = ឯកសារមហាបុរសខ្មែរ លេខ ២៧-២៨ របស់លោកឯសុត បោះពុម្ពផ្សាយនៅក្រុងភ្នំពេញ គ.ស.១៩៦៩ ចំពោះបុព្វហេតុទី៤ ដែលទាក់​ទង​នឹង​ការ​ធ្វើ​ជំនួញ​នេះ អ្នក​ខ្លះ​យល់​ថា​ពួក​ឈ្មួញ​ឥណ្ឌា​ដែល​គ្រាន់​តែ​បាន​មកតាំង គ្រិះស្ថានជំនួញរបស់ខ្លួននៅលើឆ្នេរសមុទ្រ ឃើញថាមិនអាចមានទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ និង​យ៉ាង​យូរ​ជា​មួយ នឹង​អ្នក​ស្រុក​អាយ និង​ពួក​មេ​កោយ ដើម្បី​ផ្សព្វផ្សាយឥទ្ធិពលវប្បធម៌របស់ខ្លួនបានឡើយ។ ដោយហេតុនេះហើយ បានជាគេបានសង្កត់​ទៅ​លើ​វត្ដ​មាន​នៃ​ពួក​បញ្ញ​វន្ដ​ឥណ្ឌា និង​ការ​ត្រលប់​មក​កាន់​មាតុ​ប្រ​ទេស​វិញ​នៃ​ពួក​អ្នក​ស្រុក ក្រោយ​ពី​បាន​ស្នាក់​នៅ នៅ​ប្រទេសឥណ្ឌាអស់មួយរយៈពេល។