៣ - អំពីបុព្វប្រវត្ដិសាស្រ្ដខ្មែរ
ថ្ងៃអាទិត្យ ទី17.វិច្ឆកា 2013.ម៉ោង 19:09

I. ប្រវត្ដិទឹកដីខ្មែរ

  ការសិក្សាបុព្វប្រវត្ដិសាស្រ្ដខ្មែរ តំរូវអោយយើងដឹងពីអាយុកាលនៃទឹកដីខ្មែរផងដែរ ដែលមានប្រវត្ដិជាប់ទាក់ទង ​នឹង​អាស៊ី​អាគ្នេយ៍​ទាំង​មូល​ ។​ យ៉ាង​ណា​មិញ​គេ​បាន​ដឹង​ថា នៅដើម និងនៅចុងស័ក (ère)ទី១ ភូមិភាគអាស៊ីអាគ្នេយ៍ បានពើបប្រទះនឹងពើងផ្នត់កា​លេ​ដូន្យាង (Plissement calédonien) និង​ពើង​ផ្នត់​អែរស៊ីន្យាង(Plissement hercynien) ដែលបណ្ដាល​អោយ​ផុះ​ផុល​កើត​បាន​ជា​ជួរ​ភ្នំ និង​ខ្ពង់​រាប​នានា នៅ​ពាស​ពេញ​ ប្រ​ទេស​ខ្មែរ​សព្វ​ថ្ងៃ​។ បន្ទាប់​មក​ដី​ដែល​ដុះ ផុស​ឡើង​នេះ​ក៏​ត្រូវ​ទឹក​សមុទ្រ ទន្រ្ទាន​បណ្ដាល​អោយ​លិច​លង់​អស់ រហូត​ដល់​ដំណាច់​ស័ក​ទី​៣​។ នៅ​ ដើម​ស័ក​ទី​៤​មាន​ការ​បំ​ផុស​​ដី​ម្ដង​ទៀត​ចាប់​ពី​ភូមិ​ភាគ​ហេម​ពាន្ដ ចុះ​រហូត​ដល់​ភូមិ​ភាគ​អាស៊ី​អា​គ្នេយ៍​ទាំង​មូល​។ ដី​ខ្មែរ​ត្រង់​ភាគ​ខ្លះ​ក៏​ដុះ​ឡើង​កំពស់​ ពី​៧០០ ទៅ ៨៨០ ម៉ែត្រ​។ ក្នុង​អំលុង​ស័ក​ទី​៤ នេះ គេ​សង្កេត​ឃើញ​លំនាច និង​ជំនោរ​ទឹក​សមុទ្រ​ឆ្លាស់​គ្នា​ច្រើន​លើក​​ច្រើន​​សា ជា​ហេតុ​បណ្ដាល​ អោយ​ដី​ដែល​ផុស​ឡើង​ហើយ​ត្រូវ​លិច​បាត់ ទៅ​ក្នុង​ទឹក​សមុទ្រ​វិញ រួច​ផុស​ឡើង​សា​ជា​ថ្មី​ម្ដង​ទៀត​។ នៅ​ចន្លោះ​ពី​​៦០០០០០ ដល់ ១៥០០០ ឆ្នាំ​មុន​ គ.ស. ទឹក​សមុទ្រ​បាន​នាច​ថយ​ទៅ​ពី​១៣០ ដល់ ១៨០​ម៉ែត្រ (បើ​ប្រៀប​ធៀប​នឹង​កំពស់​ទឹក​សមុទ្រ​សព្វ​ថ្ងៃ)​។ ភូ​គព្ភ​វិទូ​ខ្លះ​បាន​​ពន្យល់​ថា ដោយ​ អា​ស្រ័យ​ហេតុ​ខាង​លើ​នេះ​ហើយ បាន​ជា​កាល​ណោះ​ភូមិ​ភាគ​ឥណ្ឌូ​ចិន និង​ប្រជុំ​កោះ​អាំង​សុយ​ឡាំង (Insulinde) ស្ថិត​ជាប់​គ្នា​រ​ហូត​គ្មាន​សមុទ្រ​ ខណ្ឌ ដូច​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​ទេ​។ នៅ​ប្រ​មាណ​១៥០០០​ឆ្នាំ មុន គ.ស. ទឹក​សមុទ្រ​បាន​ជោរ​ឡើង​កំពស់ ១៥ម ដែល​ជា​​ហេតុ​​នាំ​​អោយ​​ទឹក​ដី​ខ្មែរ​ ក្រោម​ព្រម​ទាំង​វាល​​ទំ​នាប​ប្រ​ទេស​ខ្មែរ​បច្ចុប្បន្ន​ខ្លះ​លិច​បាត់​ទៅ​ក្នុង​ទឹក​វិញ​។ នៅ ស.វ.ទី​៣ មុន គ.ស. ទឹក​សមុទ្រ​បាន​នាច​ម្ដង​ៗ​ទៅ​វិញ​។ ឯ​ទន្លេ​ មេ​គង្គ​ក៏​បាន​នាំ​ដី​ល្បាប់​មក​ចាក់​បង្កើត​ជា​ដី​សន្ដរ​ចុះ​ទៅ​ទិស​ខាង​ត្បូង ដេញ​តាម​សំរក​ទឹក​សមុទ្រ​ម្ដង​ៗ​ដែរ(8)

II. បុព្វប្រវត្ដិសាស្រ្ដខ្មែរ

  តើទឹកដីខ្មែរដែល​មាន​ប្រ​វត្ដិ​ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ មាន​មនុស្ស​មក​រស់​នៅ​ចាប់​តាំង​ពី​ពេល​ណា​មក​? ហើយ​ការ​រស់​នៅ​ក្នុង​សម័យ​ ដើម​នោះ មាន​លក្ខណៈ​ដូច​ម្ដេច​ខ្លះ​?​។ ចំពោះ​បញ្ហា​នេះ​បុព្វ​ប្រ​វត្ដិ​វិទូ​បាន​ពោល​ថា បុព្វ​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ​មិន​ទាន់​មាន​​លក្ខណៈ​​ច្បាស់​​លាស់​​ព្រោះ​ ​ការ​ស្រាវ​ជ្រាវ​ក្នុង​វិស័យ​នេះ​មិន​ទាន់​បាន​ធ្វើ​អោយ​ដិត​ដល់​នៅ​ឡើយ​។ ចំពោះ​យុគ​ថ្ម​បំបែក គេ​ទើប​តែ​រក​ឃើញ​ដាន​ខ្លះ​ៗ ប៉ុណ្ណោះ​។ នៅ​ក្នុង​ឆ្នាំ​ ១៩៦៣ លោក E.Saurin បាន​រក​ឃើញ​ដុំ​ថ្ម​ចាំង​នៅ​ទន្លេ​មេ​គង្គ នៅ​ចន្លោះ​ខែត្រ​ស្ទឹង​ត្រែង និង​ខែត្រ​ក្រ​ចេះ​។ ក្រៅ​ពី​នេះ​​នៅ​​មាន​​វត្ថុ​ផ្សេង​ៗ​ ទៀត​ធ្វើ​ពី​ថ្ម​ចាំង ត្រូវ​គេ​បាន​រក​ឃើញ​នៅ​តំបន់​អង្គរ​ដែរ​។ ស្ថានីយ​ឯ​ទៀត​ៗ ដែល​គេបាន​រក​ឃើញ​រហូត​ដល់​សព្វ​ថ្ងៃ​មាន​​ចំនួន​​៦ ហើយ​សុទ្ធ​តែ​ ស្ថានីយ​ទាក់​ទង​នឹង​យុគ​ថ្ម​រំលីងលាយលោហធាតុ។

ក.១. ស្ថានីយសំរោងសែន អន្លង់ផ្ដៅ ម្លូព្រៃ

  សំរោងសែនជាស្ថានីយមួយស្ថិតនៅខែត្រកំពង់ឆ្នាំង ខាងជើងបឹងទន្លេសាប។ ស្ថានីយនេះជាដីទួលមាន​កំ​ពស់ ៥ម. ហើយ​មាន​ផ្ទៃ​ប្រ​មាណ​ ៦០០០ ម៉ែត្រ​ក្រលា​ប៉ុណ្ណោះ​។ លោក Roques បានរកឃើញស្ថានីយនេះនៅឆ្នាំ ១៨៧៩។ ក្រោយមកលោក Moura ១៨៨២ លោក Aymonier 1901 លោក Mansuy 1902 និង 1923 បានទៅធ្វើ ការរុករកនៅទីនោះទៀត។ ការរកឃើញស្ថានីយនេះនៅឆ្នាំ ១៨៧៦ ​ជា​ជំហាន​ដំ​បូង​ក្នុង​ការ​ស្រាវ​ជ្រាវ​ផ្នែក​ប្រ​វត្ដិ​សាស្រ្ដ​នៅ​អាស៊ី​អាគ្នេយ៍។

  អន្លង់ផ្ដៅជាស្ថានីយមួយស្ថិតនៅចំងាយ ៣០គ.ម.ត្រង់ទិសអាគ្នេយ៍ពីសំរោងសែន ហើយមានប្រដាប់ប្រដាដូច នៅស្ថានីយ​ខាង​លើ​នេះ​ដែរ​។ លោក Mansuy បាន​រក​ឃើញ​ស្ថានីយនៅឆ្នាំ ១៩០២ ហើយបានដាក់ឈ្មោះ ហៅថា Longprao ទៀតផង។ ម្លូព្រៃស្ថិតនៅ​ខាង​ជើង​ខេត្ដ​ព្រះ​ វិហារ ហើយ​ត្រូវ​បាន​រក​ឃើញ​ដោយ​លោក  P.lévy នៅឆ្នាំ ១៩៤៣។ ស្ថានីយនេះថ្មីជាងស្ថានីយពីរខាងលើ ព្រោះមាន​ប្រ​ដាប់​ប្រ​ដា​ធ្វើ​ពី​លោ​​ហ​ធាតុ​ច្រើន​។ វត្ថុ​ដែល​គេ​បាន​រក​ឃើញនៅស្ថានីយទាំង៣នេះមាន ៖

ពីថ្មរំលីង :ពូថៅដែលមានពន្លួញ ពន្លាក ញញួរ ត្មោងដំសំបកឈើ យកសរសៃ ទ្រនាប់ កាំបិទ កន្ដៀវ ថ្មសំលៀង ពុម្ពចាក់កន្ដៀវ កងដៃ ក្បាលត្រល់ អង្រែ ផ្លែសន្ទូច
អំពីឆ្អឹងសត្វ : ចុងព្រួញ កាំបិត ផ្លែសន្ទូច កន្ដៀវ គ្រឿងអលង្ការ
ពីសំបកខ្យង : អង្កាំ ទំហូ
ពីដីឥដ្ឋ : ទំហូ អង្កាំ ក្អម ឆ្នាំង ចានទាប ចានក្រលូម ចានផើង
ពីលង្ហិន : ចុងព្រួញ កន្ដៀវ ពូថៅ ដួង ផ្លែសន្ទូច
ពីដែក : មានតែពន្លាក១គត់ នៅស្ថានីយម្លូព្រៃ។
ឆ្អឹងមនុស្ស : ឆ្អឹងស្មង ឆ្អឹងភ្លៅ ឆ្អឹងដើមដៃ លលាដ៍ក្បាល១
សំណង់ផ្ទះបាយ : ធ្យូង។

  គួរបញ្ជាក់ថា នៅឆ្នាំ ១៩០១ គេបានរកឃើញនៅកោះសំរោងសែន នូវលលាដ៍ក្បាលមួយ ដែលពុកផុយច្រើនណាស់​ទៅ​ហើយ ដោយ​សារ​ តែ​ទឹក​ជំនន់​នៅ​ទី​នោះ​។ ក្រោយ​ពី​បាន​សិក្សា​ពួកបុព្វេប្រវត្ដិវិទូបានចាត់ទុកថាឆ្អឹងលលាដ៍ នេះស្ថិតនៅចន្លោះពួក​ក្បាល​កណ្ដាល (mésocéphalie) គឺ​ពួក​ក្បាល​មូល (Sons- braachycéphalie)​។ បើ​ដូច្នេះ យើង​ឃើញ​ថា ចំណាត់​ខាង​លើ​នេះ​មាន​លក្ខណៈ​ស្រប នឹង​​លទ្ធ​ផល​របស់​លោក​ J.Deriker ដែល​លោក​បាន​រក​ឃើញ​ថា ជន​ជាតិ​ខ្មែរ​បច្ចុប្បន្ន​នេះ ជា​ពូជ​ដែល​មាន​ក្បាល​មូល (Sous- brachycéphalie) ដោយ​​មាន​សន្ទស្សន៍​ លលាដ៍ ៨៣,៦​​។ ការ​ប្រៀប​ធៀប​នេះ​បាន​អនុញ្ញាត​អោយ​យើង​សន្និដ្ឋាន​បាន​ថា មនុស្ស​ដែល​រស់​នៅ​សម័យ​សំ​រោង​​សែន​គឺ ពិត​ជា​បុព្វ​បុរស​ របស់​ជន​ជាតិ​ខ្មែរ​សព្វ​ថ្ងៃ ហើយ​លោក​មិន​ទាន់​បាន​ទទួល​ឥទ្ធិ​ពល​ឥណ្ឌា​នៅ​ឡើយ​ក្នុង វិស័យ​បូជា​សព​។ ដោយ​សំអាង​ទៅ​​លើ​​កំពស់​ដី​ល្បាប់​៥ម​ ដែល​គ្រប​ពី​លើ​ស្ថាន​សំរោង​សែន​ អ្នក​បច្ចេក​ទេស​បាន សន្និ​ដ្ឋាន​ថា ស្ថានី​នេះ​មាន​អាយុ​ប្រ​ហែល ១០០ ឬ ២០០ ឆ្នាំ​មុន​ គ.ស.។

ក.២. ស្ថានីយព្រែកឆ្លូង

  នេះជាស្ថានីយថ្មរំលីងមួយទៀត ដែលលោក B.Groslier បានរកឃើញនៅព្រែកឆ្លូង សុ្រកមេមត់ ខេត្ដកំពង់ចាម នៅ​ឆ្នាំ ១៩៦២ (១០) ជា​យូរ​មក​ហើយ លោក Groslier បាន​សិក្សា​ពី​លើយន្ដហោះ នូវស្នាដៃធ្វើពីដីមានរាងមូល ដែលនៅរាយប៉ាយ ចាប់​តាំង​ពី​ឡា​បាន​សៀក​ដល់​ ឡុក​និញ (LocNinh) ក្នុង​ប្រ​ទេស​វៀត​ណាម​ខាងត្បូងដោយ ឆ្លងកាត់តាមមេមត់ បានសេចក្ដីថាស្នាដៃទាំងនោះ​ស្ថិត​នៅ​ក្នុង​តំបន់​ដី​ក្រ​ហម​នៃ​ចំការ​កៅ​ស៊ូ​ធំ​ៗ​។

  មានសញ្ញាសម្មតិកម្មជាច្រើនបានស្របគ្នា ជាហេតុនាំអោយលោក Groslier ជឿថា ទីកន្លែងទាំងនោះ ជាទីលំ នៅ​របស់​ជន​ជាតិ​ខ្មែរ​ដើម​។​ ដូច្នេះ​ដើ​ម្បី​ធ្វើ​ការ​បញ្ជាក់​ពី​គំនិត​នេះនៅឆ្នាំ ១៩៦២ លោក Groslier បានជ្រើសរើស យកទីកន្លែងមួយ​នៅ​ព្រែក​ឆ្លូង​ដើម្បី​ធ្វើ​កំណាយ ព្រោះ កន្លែង​នោះ​ស្ថិត​នៅ​ចំ​កណ្ដាល​ប្រ​ព័ន្ធ​ទាំង​មូល។ ក្នុងការរុករក នេះ លោក Grolier បានរកឃើញរបស់ធ្វើពីថ្ម និងគ្រឿង​ចាន​ឆ្នាំង​មួយ​ចំនួន​ធំ​។ វត្ថុ​ទាំង​នោះ​បាន​បង្ហាញ​អោយ​ឃើញ​ថា នៅត្រង់កន្លែងដែលជាជំរំការពារយ៉ាងមាំមួននោះ មានមនុស្សរស់នៅដោយ​ការ​រៀប​ចំ​យ៉ាង​ហ្មត់​ចត់​ ហើយ​។ ជំរំ​ដែល​លោក​ Groslier បាន​សិក្សា មានកំពែងរាងមូលព័ទ្ធជុំវិញ (វិជ្ឈមាត្រ ជាង២០០ម.) ហើយមាន​ផ្លូវ​ចូល​ពីរ​។ អាយុ​នៃ​ជំរំ​មាន​ ប្រ​ហែល​ពី​១៥០០ ដល់ ៥០០​ឆ្នាំ​មុន​គ.ស​។ ប្រដាប់ប្រដាដែលធ្វើពីថ្មរំលីងមាន រាងប្លែកៗ ខ្លះមានរាងជាពង ខ្លះរាង​ជា​ចតុ​មុម យក​លំនាំ​តាម​ របស់​ដែល​ធ្វើ​ពី​លង្ហិន​ដំបូង​។ គ្រឿង​ចាន​ឆ្នាំង​មាន រាងច្រើនបែបយ៉ាងហើយ មានក្បាច់រចនាល្អវិចិត្រ ប៉ុន្ដែ​ក្រោយ​មក​បែរ​ជា​មាន​សភាព​គ្រោត​ ​គ្រាត​​គ្មាន​​លំអ​អ្វី​សោះ​។ វត្ថុ​​ទាំង​​អស់នេះគេចាត់ទុកថាជាស្នាដៃរបស់ជនជាតិខ្មែរដើម មុនពេលដែលជនជាតិ​នេះ​ចុះ​មក​​រស់​​នៅ ត្រង់​វាល​ទំនាប​ នៃ​ទន្លេ​មេ​គង្គ និង​មុន​ពេល​ដែល​បាន​ទទួល​អរិយ​ធម៌​ឥណ្ឌា។

ក.៣ ស្ថានីយល្អាងស្ពាន

  ពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ១៩៦៩ លោកនិងលោកស្រី Mourer សាស្រ្ដាចារ្យនៅមហាវិទ្យាល័យបុរាណវត្ថុវិទ្យា ដោយ​មាន​និស្សិត​នៃ​មហា​វិទ្យា​ ល័យ​នេះ​ចូល​រួម​ផង បាន​ធ្វើ​កំណាយ​នៅ​រូង​ភ្នំ​ល្អាង​ស្ពាន​នៃភ្នំទាកទ្រាំង មានចំងាយប្រ មាណ ៥គ.ម. ពី​អណ្ដើក​ហែប​ខែត្ត​បាត់​ដំបង​(11​)។ វត្ថុ​ដែល​គេ​បាន​រក​ឃើញ​មាន​ចំនួនប្រមាណ ២០០០ ហើយ មានជាអាទិ គ្រឿងប្រដាប់ធ្វើពីថ្មសំណង់ផ្ទះបាយ សាក​សព​សត្វ​ល្អិត បំណែក​ គ្រឿង​ចាន​ឆ្នាំង ឆ្អឹង​សត្វ​(Rhinoceros Sondaicusm Desm) និងឆ្អឹងមនុស្ស (ឆ្អឹងដើមដៃ និងឆ្អឹងដងកាំបិត)។ វត្ថុ​ទាំង​នេះ​ត្រូវ​បាន​គេ​ផ្ញើ​ ទៅ​ប្រទេស​បារាំង ដើម្បី​ធ្វើ​ការ​សិក្សា​។ ដុំធ្យូងជាច្រើនដែលគេរកឃើញក្នុងស្រទាប់លើ អនុញ្ញាតអោយគេចុះ​កាល​កំនត់​ដោយ​វិធី​វិទ្យុ​សកម្ម (G 14)​៖

- ស្រទាប់ទី១  = 1200 BP (750 ក្រោយ គ.ស)
- ស្រទាប់ទី៣ = 4200 BP (2050 មុន គ.ស)
- ស្រទាប់ទី៤ = 6250 (4290 មុន គ.ស.)

ក. ៤ ស្ថានីយក្បាលរមាស

  នៅចន្លោះឆ្នាំ ១៩៦៦ និងឆ្នាំ ១៩៦៩ លោក Carbonnel និង Dalibrias បានធ្វើការរុករកក្នុងរូងភ្នំ ដែលជាលំនៅរបស់​មនុស្ស​បុព្វ​ប្រ​វត្ដិ​សាស្រ្ដ​ នៅ​ភ្នំ​ក្បាល​រមាស​ក្នុង​ខែត្រ​កំពត​។ នៅទីនោះ លោកទាំងពីរបានរកឃើញនូវគ្រឿង ចាន​ឆ្នាំង​ដែល​មាន​អាយុ ៣៤២០​ឆ្នាំ​មុន គ.ស(11)

ខ. ជីវភាពក្នុងសម័យបុព្វប្រវត្ដិសាស្រ្ដ
ខ. ១. ពូជមនុស្ស

  ការសិក្សាឆ្អឹងលលាដ៍ដែលលោក Aymonier បានរកឃើញនៅសំរោងសែននៅឆ្នាំ ១៩០១ បានង្ហាញអោយយើងឃើញ​ថា មនុស្ស​ដែល​រស់​នៅ ​នៅ​សម័យ​សំរោង​សែន​គឺ ពិត​ជា​បុព្វ​បុរសរបស់ជនជាតិខ្មែរសព្វថ្ងៃ។ ឯការ សិក្សាពីបំនែកឆ្អឹងផ្សេងៗ អោយ​យើង​ដឹង​ថា មនុស្ស​នៅ​ម័យ​នោះ​ ជា​មនុស្ស​មាន​មាឌ​មធ្យម តែ​មាំ​ហើយ​មាន​ចិញ្ចើម​លយ​ទៀត​ផង​។

ខ. ២. ភូមិស្រុករបស់ប្រើប្រាស់

  នៅយុគថ្មរំលីង មនុស្សចូលចិត្ដរស់នៅក្នុងរូងភ្នំ (ភ្នំក្បាលរមាស ភ្នំទាកទ្រាំង) ឬលើខ្ពង់រាប (មនុស្សសម័យមេមត់) ក្រោយ​មក​ទៀត ទើប​ ចេញ​មក​រស់​នៅ​ត្រង់​វាល​ខាង​ជើង​បឹង​ទន្លេសាប (សំរោងសែន អន្លង់ផ្ដៅ) ឬទៅខាងជើង បន្ដិចទៀត (ម្លូព្រៃ)។ ខ្ទម​ពួក​នេះ​ធ្វើ​ពី​ឈើ ហើយ​ សង់​ខ្ពស់​ពី​ដី​ដើម្បី​ជៀស​វាង​ទឹក​ជំនន់ និងសត្វសាហាវ។ ឯ ឈើដែលគេយកទៅសង់ផ្ទះ គឺបានមកពីកាប់ដោយពូ​ថៅ​ថ្ម​ធំៗ​។ នៅ​ក្នុង​ស្ថានីយ​ជា​ ច្រើន គេ​បាន​រក​ឃើញ​គំនរ សំនល់​ផ្ទះ​គឺបានមកពីកាប់ដោយពូថៅថ្មធំៗ។ នៅក្នុងស្ថានីយជាច្រើនគេបានរកឃើញគំនរ​សំនល់​ផ្ទះ​បាយ​មាន ជា​អាទិ សំបក​ខ្យង​ខ្ចៅ​ឆ្អឹង​សត្វ ឆ្អឹង​ត្រី អំបែង​ក្អម​ឆ្នាំង​៘ ឯប្រដាប់ប្រើប្រាស់វិញមានក្អម ចាន ឆ្នាំង ពូថៅថ្ម ប្រដាប់សំរាប់ដំស្បែកសត្វ។

ខ. ៣. សកម្មភាពនៃអ្នកស្រុក

  មនុស្សចេះធ្វើស្រែវស្សារួចហើយក្នុងតំបន់បឹងទន្លេសាប រហូតដល់ម្លូព្រៃថែមទៀត ព្រោះគេបានរកឃើញកន្ដៀវ ជា​ច្រើន ខ្លះ​ធ្វើ​ពី​ឆ្អឹង​សត្វ​ ខ្លះ​ធ្វើ​ពី​លង្ហិន​។ សត្វ​ដែល​គេ​ចិញ្ចឹម​ច្បាស់ជាមាន គោ និង ជ្រូកនេះហើយ។ ក្រៅពី ស្រូវមនុស្សត្រូវការសាច់​សត្វ​ដែល​គេ​បាន​មក​ដោយ​ការ​ បរ​បាញ់ ព្រោះ​គេ​បាន​រក​ឃើញ​ចុង​ព្រួញ (១ធ្វើពីដែក ច្រើនទៀតធ្វើពីឆ្អឹង) និងពីការនេសាទ្រត្រី (ផ្លែសន្ទូចធ្វើពីឆ្អឹង និង​លង្ហិន)​។ ត្រង់​ដែល​គេ​ បាន​រក​ឃើញ បង្ហាញ​ថា មនុស្ស​សម័យ​នោះ​ចេះ​ត្បាញទៅហើយ។ គេមិនបានដឹងច្បាស់ថា វត្ថុធាតុដើមដែលគេ​ប្រើ​ក្នុង​មុខ​របរ​នេះ​ជា​អ្វី​ទេ​ តែ​បើ​តាម​ប៉ាន់​ស្មាន​មើល​ទៅ​ គឺកប្បាសហ្នឹងឯង។

ខ. ៤. ជំនឿ ទំនៀមទំលាប់

  គេមិនអាចស្គាល់ច្បាស់ពីជំនឿ និងទំនៀមទំលាប់របស់មនុស្សដើមទាំងនោះទេ ចំពោះវិធីរំលាយសព បើ​តាម​គេ​ស្មាន​មើល​ទៅ​ប្រហែល​គេ​ដាក់​សព​អោយ​អង្គុយ​ចោង​ហោង ហើយ​គេ​បំពាក់គ្រឿងអលង្ការអោយ មានកងដៃ និងខ្សែកជាដើម។

III អរិយធម៌ស្រ្ដូអាស៊ី

  ការសិក្សាពីជីវភាពក្នុងសម័យបុព្វប្រវត្ដិខាងលើ បានបង្ហាញអោយឃើញថា ជីវភាពមានលក្ខណៈជា «អរិយធម៌ អូ​ស្រ្ដូ​អា​ស៊ី»​។ តើ​អ្វី​ទៅ​ ដែល​ហៅ​ថា អរិយ​ធម៌​អូស្ដ្រូ​អាស៊ី ហើយ​អរិយធម៌នេះមានគោលសំខាន់អ្វីខ្លះ?
  ក្នុងកាលដ៏យូរលង់ មុនការមកដល់នៃជនជាតិចិន និងជនជាតិឥណ្ឌាអាស៊ីអាគ្នេយ៍បានស្គាស់នូវអរិយធម៌ពិសេស មួយ​បែប​។ តាម​ពិត​អរិយ​ ធម៌​នេះ​បាន​លាត​សន្ធឹង​លើ​អាស៊ី​ខាង​ត្បូងចាប់តាំងពីប្រទេសឥណ្ឌារហូតដល់ Nuvell Guinée ដោយរាប់បញ្ចូលទាំង​ប្រ​ទេស​ចិន​ខាង​ត្បូង​ផង​ (ចាប់​ផ្ដើម​តាំង​ពី​ទន្លេ​យ៉ង់​សេ​ចុះ​ក្រោម)​។ ដោយហេតុ តែអរិយធម៌ទាំងនោះមានលក្ខណដូចគ្នាច្រើន គេអោយ​ឈ្មោះ​ហៅ​ថា អរិយធម៌​អាស៊ី​ ខាង​ត្បូង​(អូស្រ្ដូ​អាស៊ី) ឬ​អរិយ​ធម៌​ខ្យល់រដូវ)(12)។ យ៉ាងណាមិញលោក A M Hocart និងលោក P.Mus បាន​សង្កេត​ឃើញ​មាន​ភាព​ដូច​ គ្នា​ក្នុង​ជំនឿ​ជា​មូល​ដ្ឋាន និង​ក្នុង​ពិធីសំខាន់ៗក្នុងភូមិភាគអាស៊ីខ្យល់រដូវទាំងមូល។ គេមិនទាន់ដឹងច្បាស់ថាអរិយ ធម៌​នេះ​ហូរ​ចេញ​ពី​មជ្ឈ​មណ្ឌល​ ណា​ឡើយ​ទេ​។ ចំពោះ​រឿង​នេះ​មាន​សម្មតិកម្មពីរយ៉ាង(13):

  - អ្នកខ្លះយល់ថាប្រហែលជាមានអំបូរមនុស្សមួយ ឬច្រើនដែលមានរិសគល់នៅឥណ្ឌូចិន ឬនៅលើកោះ បានហូរចូលទៅ​ក្នុង​ប្រទេស​ឥណ្ឌា​មុន​កាល​មក​ដល់​របស់​ពួក​អារ្យ​។
- ខ្លះទៀតយល់ផ្ទុយទៅវិញថាពួកទ្រាវិឌ ឬពួកអារ្យដែលចូលលុកលុយប្រទេសឥណ្ឌាតាមទិសពាយព្យ បានរុញច្រាន​អោយ​ពួក​អ្នក​ស្រុក​ដើម​ថយ​ទៅ​ខាង​ត្បូង ឬ​ទៅ​ខាង​កើត ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ឥណ្ឌូ​ចិន និង​ប្រ​ជុំ​កោះ insoline។

ទោះជាមានប្រភពមកពីណាក៏ដោយ យើងអាចបញ្ជាក់នូវគោលសំខាន់ៗនៃអរិយធម៌អូស្រ្ដូអាស៊ីបានដូតទៅ៖
 
១. ក្នុងវិស័យសំភារៈ
- ចេះធ្វើស្រែវស្សា
- ចេះវិធីបញ្ចូលទឹកក្នុងស្រែ
- ចេះប្រើគោក្របី និងធ្វើប្រដាប់សំរាប់ធ្វើស្រែខ្លះ
- ចេះស្លលោហធាតុ
- ស្ទាត់ជំនាញខាងនាវាចរណ៍ៈ អរិយធម៌នេះត្រូវគេផ្សព្វផ្សាយរហូតដល់កោះ Madagascar ហើយ​អ្នក​ខ្លះ​ថា រហូត​ដល់​ប្រជុំ​កោះ​ជប៉ុន​ថែម​ ទៀត​ព្រោះ​ទំនាក់​ទំនង​នេះ គេ​សំអាង​ទៅ​លើ​ប្រដាប់​ប្រដា​សម័យ​បុព្វ​ប្រវត្ដិ​សាស្រ្ដ លើ​ភាសា​និង​របាំ​ប្រ​ពៃណី​។ គេ​យល់​ថា ហេតុ​ដែល​នាំ​អោយ​អរិយ​ ធម៌​នេះ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទៅ​ឆ្ងាយ ដូច្នេះ​ព្រោះ​តែ​មនុស្ស​ជំនាន់​នោះ​ចេះ​ទាញ​ផល​ប្រ​យោជន៍​ពី​ភាព​ឆ្លាស់​គ្នា​នៃ​ខ្យល់​រដូវ​។

២. ក្នុងវិស័យសង្គមកិច្ច

  ក្នុងវិស័យនេះមានការទុកស្រីជាធំក្នុងគ្រួសារ និងសង្គម Matriareat និងការរាប់ញាតិតាមខ្សែស្រលាយខាង​ម្ដាយ filiation en lingne maternelle។

  ចំពោះខ្មែរយើង គោលសំខាន់ខាងលើនេះ តែងបានបន្សល់នូវដាន ជាក់លាក់តាំងតែពីដើមរហូតមកដល់សព្វថ្ងៃ។ យ៉ាង​ណា​មិញ​រឿង​ព្រេង​ ដែល​ទាក់​ទង នឹង​ការ​បង្កើត​បឋម​វង្ស ហើយដែលអ្នកប្រវត្ដិសាស្រ្ដចិនបានកត់ត្រាទុក ហ៊ុន ទៀន និងនាងលីវយី បាន​បង្ហាញ​ថា​អ្នក​ដឹក​នាំ​សង្គម​ ខ្មែរ​ក្នុង​សម័យ​ដើម​មាន​ភេទ​ជា​ស្រី​។ ឯសិលាចារឹកបានអោយពត៌មានថា នៅសម័យអង្គរ ស្រីមានអំណាចទុកដាក់ចែក​ចាយ​ទ្រព្យ​សម្បត្ដិ​គ្រួ​ ​សារ តាម​ចំណង់​ចិត្ដ​របស់​ខ្លួន ដោយ​មិន​បាច់សុំយោបល់ពីប្ដីទេ ចំណែកប្ដីវិញបើចង់ធ្វើអំណោយត្រូវទទួលការយល់​ព្រម​ពី​ប្រពន្ធ​ជា​មុន ឬ​បើ​ ពុំ​ដូច្នោះ​ទេ ទាល់​តែ​បញ្ជាក់​ថា​ទ្រព្យ​នេះ​ជាទ្រព្យផ្ទាល់របស់ខ្លួនជាប្ដី ឥតមានទាក់ទងនឹងប្រពន្ធទេ។ ម្យ៉ាងទៀត ការចែក​កេរ​មត៌​តក តែង​ធ្វើ​តាម​ ខ្សែ​ស្រ​លាយ​ខាង​ស្រី​ជា​ដរាប ការ​ផ្ទេរ​ការ​ងារ​ជាព្រហ្មណ៍ មិនត្រូវផ្ទេរពីឳពុកទៅកូនទេ តែត្រូវផ្ទេរពីឳពុកទៅកូនប្រុស​របស់​ប្អូន​ស្រី ឬ​ក៏​ពី​ឳពុក​ មា​ទៅ​កូន​ប្រុស​របស់​កូន​ស្រី នៃ​ប្អូន​ស្រី​របស់ខ្លួន។ របបចែកកេរមរត៌កដោយចាប់យកខ្សែស្រលាយខាងម្ដាយ​ជា​ធំ matrilinéarité ត្រូវ​គេ​ យក​ទៅ​អនុ​វត្ដ​ក្នុង​ការ​ផ្ទេរ​រាជ​សម្បត្ដិ​ទៀត : សិលាចារឹក ប្រែរូប (៩៦១) បានអោយដឹងថា ព្រះបាទរាជេន្រ្ទវរ័្មនទី២ មាន​ព្រះ​បិតា​ព្រះ​នាម ម​ហេន្រ្ទ​ វរ្ម័ន ដែល​មាន​ដើម​កំណើត​នៅ ភវ​បុរ ចេន​ឡា​ដី​គោក ឯ​ព្រះ​មាតា​ព្រះ​នាម មហេន្រ្ទ​ទេវី ជា​បង​បង្កើត​របស់​ព្រះ​បាទ​យ​សោ​​វរ្ម័ន​​ទី១​ ជា​ក្សត្រ​ខាង​ សោម​វង្ស ដោយ​ហេតុ​នេះ​ហើយ ទើប​ទ្រង់​អាច​ទទួល​រាជ​សម្បត្ដិ ពី​ព្រះ​បាទ​ហសិ​វរ្ម័ន​ទី៤​? ជា​ក្សត្រ​សោម​វង្ស​បាន(11)

  គួរកត់សំគាល់ថា មានរឿងព្រេងខ្មែរជាច្រើនបាននិទានពីការប្រកួតប្រជែងរវាងស្រី និងប្រុសក្នុងវិស័យផ្សេងៗ មាន​ការ​ជីក​ស្រះ ពូន​ភ្នំ​ សង់​ប្រាសាទ​ជា​ដើម ហើយ​ទោះ​បីរឿងទាំងនោះបានបញ្ជាក់ថា ភេទស្រីមានជ័យជំនះ លើប្រុសក៏ដោយ ក៏សព្វ​ថ្ងៃ​នេះ​សង្គម​ខ្មែរ​បាន​វិវត្ដ​ មក​ដល់​ដំណាក់​ការ​មួយ​ដែល​ភេទ​ស្រី ត្រូវបាត់បង់ឧត្ដមភាពរបស់ខ្លួនទៅលើភេទប្រុសទៅហើយ។ ប៉ុន្ដែសង្គមនេះ​នៅ​រក្សា​ដាន​ខ្លះ​ល្មម​ អោយ​យើង​ជឿ​បាន​នូវ​អត្ថិ​ភាព​របស់​ទស្សនៈទុកស្រីជាធំនៅឡើយ។ យ៉ាងណាមិញ របស់ ឬមនុស្សដែលមាន ឬ​មាន​តួ​នាទី​ជា​ធំ​ចំបង​ លើ​គេ​ឯ​ទៀត ខ្មែរ​យើង​នៅ​តែហៅថា មេ ដូចមេដៃ មេជើង មេដំបូល មេដែក មេទ័ព មេឃុំ មេស្រុក មេគយ មេ​ការ​៘ ក្នុង​ការ​ស្ដី​ ដណ្ដឹង​គូ​ស្រករ ត្រូវ​ប្រុស​ចូល​ទៅ​និយាយ​សុំសេចក្ដីព្រមពីខាងស្រី លុះដល់ពេលរៀបការ ខ្មែរយើងក៏និយមទៅ​ធ្វើ​ផ្ទះ​ខាង​ស្រី​ទៀត​។ ហើយ​ភស្ដុ​តាង​ដែល​ជាក់​ស្ដែង​ជាង​នេះទៅទៀត គឺពាក្យស្លោកខ្មែរមួយវគ្គដែលបានចែងថា «សូវស្លាប់​បាកុំ​​អោយ​ស្លាប់​មេ សូវ​លិច​ទូក​កណ្ដាល​ទន្លេ​កុំ​អោយ​ភ្លើង​ឆេះ​ផ្ទះ​»​។

  ដោយអាងទៅលើគោលធំមួយនៃអរិយធម៌ខ្មែរ គឺការទុកស្រីជាធំក្នុងគ្រួសារ និងក្នុងសង្គមនេះហើយទើបយើងយល់ថា ខ្មែរ​ទំនង​ជា​ក្លាយ​មក​ពី ក + មេ ដូច​មាន​ការ​វិវត្ដន៍​ដូច​ត​ទៅ​នេះ៖

ក + មេ > កមេ > ក្មេ> ក្មេរិ>ខ្មែរិ>ខ្មែរ

- ក្នុងភាសាខ្មែរិ ព្យញ្ជនៈ «ក» ជាបុព្វបទមួយសំរាប់ធ្វើន័យរបស់ពាក្យណាមួយអោយមានលក្ខណៈកាន់តែខ្លាំងក្លាឡើង។
ឧទាហរណ៍ កកាយ (ញាប់ជាងធម្មតា) កកូរ (កូញាប់ជាងធម្មតា) កខឹក (សើច លឺកខឹកៗ ញាប់ជាងធម្មតា)
- មេ សំគាល់ស្រ្ដីជាម្ដាយនៅក្នុងគ្រួសារ ឬស្រ្ដីជាអ្នកដឹកនាំនៅក្នុងសង្គម។
- ក្មេរិ បានន័យថា អ្នកគោរពមេ គឺអ្នកធ្វើអោយមេមានលក្ខណៈកាន់តែច្បាស់ឡើង។ ពាក្យនេះ មានប្រើនៅ​ក្នុង​សិលា​ចា​រឹក​មុន​សម័យ​អង្គរ ដូច​ជា​នៅ​សិលា​ចារឹក​ប្រា​សាទ​ជាន់​ជុំ​ជា​ដើម​។
- ខ្មេរិ ក្លាយមកពីក្មេរិទៀតគឺ ក ក្លាយមកជា ខ ។ ពាក្យនេះមានប្រើនៅសម័យអង្គរ ក្នុងសិលា​ចារឹក​ប្រា​សាទ​បន្ទាយ​ឆ្មារ​ជា​ដើម គឺ​ក្នុង​សម័យ​ដែល​ខ្មែរ​យើង​បាន​បង្កើត​តួ ខ សំរាប់​សរ​សេរ​ពាក្យ​បាលី​សំ​​ស្រ្កឹត​។
- ខ្មេរិ​ក្លាយមកពីខ្មេរនេះទៀត ដូចជាម៉ែដែលបានក្លាយមកពីមេដូច្នេះដែរ។

  ដើម្បីជាការប្រៀបធៀប គួរគប្បីជ្រាបថា ជនជាតិឥណ្ឌា និងជនជាតិចិន ដែលធ្លាប់តែជះឥទ្ធិពលរបស់ខ្លួន មកលើជាតិ​ខ្មែរ​នោះ គេ​មិន​និយម​ ទុក​ស្រ្ដី​ជា​ធំ​ដូច​ខ្មែរ​យើង​ទេ ផ្ទុយ​ទៅ​វិញ​គេទុកប្រុសជាធាតុមានតំលៃជាងស្រី។ ចំពោះជនជាតិឥណ្ឌាគេដឹងថា តាំង​តែ​ពី​ព្រេង​នាយ​មក​ស្រី​មេ​ ម៉ាយ​ពុំ​មាន​សិទ្ធ​យក​ប្ដី​ថ្មី​ទៀត​ឡើយ កាលណាប្ដី ស្លាប់ទៅស្រ្ដីឥណ្ឌាត្រូវនៅបំរើគ្រួសារប្ដីតទៅទៀត ឬមួយលោត​ទៅ​ក្នុង​ភ្លើង​ស្លាប់​តាម​ប្ដី​ ដើម្បី​ជៀស​អោយ​ផុត​ពី​លំ​បាក​វេទ​នា​ក្នុងការរស់នៅ(14)។ ម្យ៉ាងទៀតពាក្យ ប្ដី ដែលក្លាយមកពីពាក្យ បតិ =ម្ចាស់ ក៏​អាច​បង្ហាញ​អោយ​ឃើញ​ថា ជន​ជាតិ​ឥណ្ឌា​មាន​ទស្សនៈ​ខុស​ឆ្ងាយ​ពី​ខ្មែរ​ណាស់​។

  ចំណែកក្នុងសង្គមចិនវិញ គេឃើញមានការគោរពបូជាដូនតា។ ក្នុងគ្រួសារនីមួយៗ គឺប្ដីជាអ្នកមានមុខងារសំ​ខាន់​ ក្នុង​ការ​ទទួល​ខុស​ត្រូវ​ ធ្វើ​យ៉ាង​ណា​អោយ​ការ​គោរ​ពបូជានេះ អាចប្រព្រឹត្ដទៅដោយគ្មានឧបសគ្គ។ បើឳពុកស្លាប់ទៅ គឺកូនច្បងនេះហើយ​ដែល​ត្រូវ​ទទួល​តំណែង​ សំខាន់​ខាង​លើ​ជា​ជំនួស​ឳពុក ឯ​កូន​ស្រី​គ្មាននាទីអ្វីបន្ដិចបន្ដួចសោះឡើយ ក្នុងបន្ទុកនោះ។ ហើយនេះហើយបានជាជន​ជាតិ​ចិន មិន​អោយ​ តំលៃ​ទៅ​លើ​កូន​ស្រី​ទេ តែ​កាល​ណា​រៀប​ការ​ហើយ គេតែងបញ្ជូនអោយទៅនៅគ្រួសារខាងប្រុស។ បើកាលណា​ប្ដី​ស្លាប់ ត្រូវ​នៅ​បំរើ​ គ្រួសារ​ខាង​ប្ដី​ត​ទៅ​ទៀត​។ តាម​ទំលាប់​ចិន កូនស្រីមិនទាន់មានប្ដី ត្រូវស្ដាប់បង្គាប់ឳពុក បើមានប្ដីត្រូវស្ដាប់បង្គាប់​ប្ដី ហើយ​បើ​ផុត​ពី​ប្ដី​ទៅ​ ត្រូវ​ស្ដាប់​បង្គាប់​កូន​ប្រុស​ច្បង (Régle des trois soumission) គួរកត់សំគាល់ម្យ៉ាងទៀតថា ជនជាតិចិន និយមអោយ​តំលៃ​ទៅ​ញាតិ​ខាង​ ឳពុក : ឧទា​ហរណ៍ ដូច​ជា​ជីដូន​ជីតា​ខាង​ឳពុក​ គេ​ហៅថា ជីដូនជីតាក្នុង ឯជីដូនជីតាខាងម្ដាយ គេហៅថា ជីដូនជីតាក្រៅ​ក្នុង គឺ​ក្នុង​រង្វង់​គ្រួសារ​ ក្រៅ គឺ​ក្រៅ​រង្វង់​គ្រួសារ​គេ​មិន​សូវ​រាប់​រក​ទេ។

៣. ក្នុងវិស័យជំនឿ

  មនុស្សជាន់ដើមជឿថាមនុស្សស្លាប់ទៅមិនសូន្យទេ គឺមានព្រលឹងទៅចាប់ជាតិថ្មីទៀត។ ពួកខ្មែរលើដែលរស់នៅលើខ្ពង់​រាប​សព្វ​ថ្ងៃ ក៏​នៅ​មាន​ ជំ​នឿ​បែប​នេះ​ដែរ ពួក​នេះ​ចែក​ព្រលឹងជាបីប្រភេទ គឺព្រលឹងធំដែលចេញពីខ្លួនមនុស្ស ៦ខែមុនពេលស្លាប់ ព្រលឹងតូច​ចេញ​ទៅ​នៅ​ពេល​ស្លាប់​ នឹង​ព្រលឹង​ខ្លះ​ទៀត​ស្លាប់​៦​ខែ​ហើយ​ទើប​ព្រមចេញ (១៦)។ ដល់កាលណាមនុស្សស្លាប់ទៅគេយកទៅកប់ ហើយ​គេ​យក​គ្រឿង​ប្រ​ដាប់​ដែល​បុគ្គល​ នោះ​ធ្លាប់​ប្រើ​ យក​ទៅ​កប់​ជា​មួយ​ដែរ ដើម្បីទុកអោយប្រើប្រាស់ទៅទៀត។ ខ្មែរយើងសម័យឥលូវ តែកាលណាមានមនុស្ស​ស្លាប់ គេ​តែង​រៀប​ គ្រឿង​បន្លុង​ប្រ​គេន​ចំពោះ​ព្រះ​សង្ឃ ដើម្បីបញ្ជូនអោយអ្នកស្លាប់នោះដែរ។ បើតាមការស្រាវជ្រាវរបស់បុព្វ​ប្រ​វត្ដិ​វិទូ មនុស្ស​ជាន់​ដើម​និយ​ម​បញ្ចុះ​ ខ្មោច​ក្នុង​ក្រឡ ឬ​ក្នុង​ថ្មដុល dolmen ឬ menhir ដោយ​ដាក់​អោយ​សព​អង្គុយ​។ ទំលាប់​នៅ​ស្ថិត​ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ បើ​កាល​ណា​មាន​វរ​ជន​ ស្លាប់ គេ​យក​សព​ទៅ​ដាក់​ក្នុង​កោដ្ឋ ដែល​ប្រ​ហែល​ជា​ក្លាយ​មក​ពី​ក្រឡ​នោះ​ហើយ ឯ​ធាតុ​របស់​រាស្រ្ដ​សា​មញ្ញ ក៏​​គេ​​យក​​ទៅ​​ដាក់​ក្នុង​កោដ្ឋ ហើយ​បញ្ចុះ ក្នុង​ចេតីយ​ដែរ​។

  ផលវិបាកសំខាន់ដែលហូរចេញពីជំនឿដែលថាមនុស្សស្លាប់ទៅមិនសូន្យ គឺជំនឿលើខ្មោចអារក្សអ្នកតានេះឯង ។ អ្នក​តា​ជា​ព្រលឹង​នៃ​ជន​ ដែល​ស្លាប់​ទៅ​ហើយ តែ​នៅ​រក្សា​មើល​សុខទុក្ខដល់កូនចៅតទៅទៀត បើជាស្រីគេហៅថា អ្នកដូន។ ខ្មែរយើង​សព្វ​ថ្ងៃ​នៅ​មាន​ជំនឿ​លើ​អ្នក​ តា​ច្រើន​នៅ​ឡើយ ជា​ពិសេស​ក្នុង​ចំណោមអ្នកស្រែចំការ ខ្ទមអ្នកតា គេឃើញមានពាសពេញភូមិស្រុក ហើយ​ពិធី​សែន​ឡើង​អ្នក​តា​ក៏​គេ​ ប្រារព​ធ្វើ​រៀង​រាស់​ឆ្នាំ​ដែរ​។ ពួក​ខ្មែរ​លើ ក៏មានជំនឿដូចគ្នានេះដែរ ហើយគេហៅអ្នកតាថាព្រះ ដូច្នេះយើងឃើញ​ថា ពួក​អ្នក​ស្រុក​អាយ​មាន​ ទំលាប់​គោរព​បូជា​ដូន​តា​នេះ​ស្រេចទៅហើយ នៅមុនពេលឥណ្ឌាចូលមកដល់។ លុះលទ្ធិពុទ្ធសាសនានាំចូលមក ជំនឿ​ដែល​ចាត់​ទុក​ថា​មនុស្ស​ ស្លាប់​ទៅ​មិន​សូន្យ ព្រោះ​មាន​វិញ្ញាណទៅកើតជារូបថ្មីទៀត ក៏មានលក្ខណៈប្រហាក់ប្រហែល នឹងជំនឿរបស់អ្នកស្រុក​អាយ (ព្រលឹង ហើយ​ និង​វិញ្ញាណ​មិន​ដូច​គ្នា​បេះ​បិទ​ទេ) ហើយក៏បានពួកនេះទទួលយកទៅ។ សព្វថ្ងៃនេះបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យសំយោគ​រវាង​ជំនឿ​បែប​ពុទ្ធ​សាសនា និង​ជំនឿ​អ្នក​ស្រុក​អាយ​។

  មនុស្សជំនាន់ដើមមានជំនឿម្យ៉ាងទៀតថា កន្លែងសំរាប់គោរពបូជា គឺស្ថិតនៅលើកំពស់ មានកំពូលភ្នំជាដើម។ គឺ​ជំ​នឿ​បែប​នេះ​ហើយ​ ដែល​បង្កើត​អោយ​មាន​ទស្សនៈ​ក្នុង​ការករសាងប្រាសាទភ្នំ អេតណូ-វិទូខ្លះដូចជាលោក Quarit Ches Wates បាន​ពន្យល់​ថា ប្រា​សាទ​ភ្នំ​ជា​ដំណាង​ភ្នំ ឯ​លិង្គ​តំ​កល់​ក្នុង​ប្រា​សាទ​ជា​តួ​អ្នក​តា​នេះ​ឯង​។

  ជំនឿមួយទៀតរបស់អ្នកស្រុកដើមដែលគួរអោយកត់សំគាល់ដែរ គឺការគោរពទេព្ដាដី ព្រោះដីជាមូលដ្ឋានផ្ដល់នូវ ស្រូវ​អង្ករ​អាហារ​សំខាន់​។ ជំនឿ​នេះ គេ​ឃើញ​មាន​រំលឹក​ឡើង​វិញ​ក្នុង​ពិធី​ច្រត់​ព្រះ​នង្គ័ល​បើក​រដូវ​ធ្វើ​ស្រែ​ចំការ។

ក្នុងវិស័យភាសា

  គេឃើញមានប្រើភាសាដែលគេអាចបង្កើតពាក្យថ្មីបានដោយប្រើបទដើម pr-fixes បទជ្រែក infixes និង​បទ​ចុង​។ ចំពោះ​ខ្មែរ​យើង​ធ្វើ​ កំលាយ​ពាក្យ​ដោយ​ប្រើ​បទ​ដើម និង​បទ​ជ្រែក​ឃើញនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ ហើ យប្រកបដោយក្បួន​ខ្នាត​ច្បាស់​លាស់​ណាស់​។ ម្យ៉ាង​ទៀត​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហាញ​អោយឃើញថាវិធីបែប នេះ ក៏មានពិតប្រាកដក្នុងភាសាមនដែរ។

 
ក្នុងភាសាខ្មែរ
ព  +  យល់  >  ពន្យល់
ប  +  ដើរ   >   បណ្ដើរ
គិត  >  គំនិត  ( គ + ន + ិ  + ត)
កាយ  >  កំណាយ (ក + ណ + ា យ
ក្នុងភាមន
គេត (វិល) > បៈ គេត (បង្វិល)
គើ  (ឆេះ) > ពគើ  (បញ្ឆេះ
ក្លូន (ធ្វើការ) > កម្លូន (កិច្ចការ)
ក្លូត (លួច) >កម្លូត (ចោរ)

(8) បែបរៀនសង្គមសិក្សា វិជ្ជាប្រវត្ដិសាស្រ្ដថ្នាក់មធ្យមសិក្សាឆ្នាំទី១ របស់ក្រុមវិជ្ជាការក្រសួងសិក្សាធិការ (ភាសាថៃ) បឹងកកព.ស. ២៥១២ គ.ស. ១៩៦៨
(10) Henri Russier, Histoire sommaire du royaume du Cambodge des origines à nos jours (brochure ronéotypé 1929?
(11) Adhémard leclère, ke Sdach Kân, Imprimerie coloniale, Saigon 1911
(12) Heneri Russier. Histoire sommaire du royaume du Cambodge des origines ä nos jours (brochire ronéotypée), 1929?
(13)Lê Thanh Khôi,Histoire del l'Asie du Sud - est PUF. Que sais-je? Paris, 1959
(១៦) ពង្សាវតារប្រទេសលាវ គឺក្រុងហ្លួងព្រះបាង ក្រុងវៀងចន្ទ ក្រុងជូន និងក្រុងចំប៉ាសាក់ ជាភាសាលាវ វៀង ចន្ទ គ.ស. ១៩៦៧។ Annales de Laos-Luang Prabang- vein tiane Tranninh et Bassac, Publiées la 22e année du régne de S.M. Sisavang Vong du Luang Prabang.1926 Counter