១ - មជ្ឈដ្ឋានភូមិសា្រស្រ្ដ និងដើមកំណើតជាតិខ្មែរ
ថ្ងៃសៅរ៍ ទី2.វិច្ឆកា 2013.ម៉ោង 10:42

ក.មជ្ឈដ្ឋានភូមិសាស្រ្ដ

  ក្នុងសម័យដែលរុងរឿងបំផុត ទឹកដីខ្មែរបានលាតសន្ធឹងទៅលើភូមិភាគធំនៃអាស៊ីអគ្នេយ៍ដីគោក។ ក្រៅពី​ប្រទេស​ខ្មែរ​បច្ចុប្បន្ន ទឹក​ដី​កូ​សាំង​ ស៊ីន​ទាំង​មូល ផ្នែក​ខាង​ត្បូង និង​កណ្ដាល​នៃ​ប្រទេសលាវ និងផ្នែកខាងកើតនៃប្រទេសថៃ ក៏ជារបស់ខ្មែរដែរ។ ហើយ​មាន​ពេល​ខ្លះ អំណាច​ខ្មែរ​បាន​លាត​សន្ធឹង​រហូត​ដល់​ជ្រោយ​ម៉ាលាយូ និង​ប្រទេស ភូមា​ថែម​ទៀត​ផង។

  1. - ភូមិភាគដីខ្ពស់ ជាភូមិភាគសំបូរដោយព្រៃឈើ ហើយមានសន្ឋានហាក់ដូចជារបងព័ទ្ធជុំវិញដីទំនាប។
  2.  - នៅទិសនិរតីភ្នំក្រវាញ បានលាតសន្ធឹងតាមឆ្នេរសមុទ្រ តែមានកំពស់មធ្យមមិនហួសពី ១០០០ម. ឡើយ។
  3. - នៅខាងជើង ជួរភ្នំដងរែកជាព្រំដែនធម្មជាតិរវាងប្រទេសខ្មែរនិងប្រទេសថៃ។ នៅ​​ខាង​ត្បូង​ជួរ​ភ្នំ​នេះ គេ​ ឃើញ​មាន​ភ្នំ​ដង​រែក និង​ខ្ពង់​រាប​ខ្លះ ភ្នំ​គូលេន​។

  នៅទិសឦសាន ខ្ពង់រាបក្រានិត (granite) បានលាតសន្ធឹងក្នុងខេត្ដរតនគីរី និងមណ្ឌលគីរី ហើយមានកន្លែងខ្លះមាន​កំពស់​រហូត​ដល់ ១០០០ម (កន្លែង​ប្រ​ជុំ​ព្រំ​ដែន ៣) ខ្ពង់​រាប​ទាំង​នេះ​ជា​ប្រ​ភព​នៃ​ស្ទឹង ៣ ដែលបានហូរឆ្ពោះទៅរកទន្លេមេគង្គ គឺស្រែពក សេសាន និង​សេ​កង​។ ផ្នែក​កណ្ដាល​ នៃ​ប្រ​ទេស​ខ្មែរ មាន​សន្ឋាន​ជា​បាត​ចាន​ដែក​ធំ​មួយ ដែលគេឃើញមានភ្នំនៅត្រង់ណេះខ្លះ នៅត្រង់ណោះខ្លះ គឺនៅត្រង់នោះហើយដែលមានម នុស្សរស់នៅច្រើនកុះករជាទីបំផុត ហើយដែលចិញ្ចឹមជីវិតដោយរបរកសិកម្ម ព្រោះដីមានជីជាតិ និងមានទំហំធំទូលាយជាងគេនៅអិណ្ឌូចិនទាំង មូលនេះ។

  ទន្លេមេគង្គជាទន្លេធំតែមួយ ដែលបានឆ្លងកាត់វាលទំនាបខ្មែរ ពីខាងជើងរហូតដល់ចុងខាងត្បូង។ ទន្លេមាន​ប្រ​វែង​ជាង​៥០០០​គ.ម មាន​ប្រភព​ ចេញ​ពី​ខ្ពង់​រាប​ទី​បេ ហើយ​បាន​ហូរ​កាត់​ប្រទេសចិនខាងត្បូង ប្រទេសភូមា ប្រទេសថៃ ប្រទេសលាវ ប្រទេសខ្មែរ និង​ប្រ​ទេស​វៀត​ណាម​ខាង​ ត្បូង​។ នៅ​ត្រង់​ខោន​ប្រទេស​លាវ ដុំ​ថ្ម​ជា​ច្រើន​បាន​រាំង​ផ្លូវទន្លេមេគង្គជាប់បង្កើតបានជាអាងទឹកកំពស់ប្រមាណ២០ម ហើយ​ដែល​ជា​ហេតុ​បណ្ដាល​ អោយ​មាន​ល្បាក់​ទឹក​មិន​អាច​អោយ​កប៉ាល់​ធ្វើ​ចរាចរណ៍ទៅមកបានឡើយ។ ដីសន្ដរទន្លេមេគង្គមានដៃច្រើន ខ្លះមានទទឹង​ដល់​ទៅ​ ២.គម ហើយ​ មាន​ទំហំ​ប្រមាណ​៦០០​គ.ម​។

  វាលទំនាបទន្លេមេគង្គ បានលាតសន្ធឹងពីក្រចេះរហូតដល់សមុទ្រចិន។នៅភ្នំពេញទន្លេនេះបានបែកជាបួនត្រង់កន្លែងដែលគេ​ហៅ​ថា «ទន្លេ​៤​មុខ»​ ទន្លេ​ធំ ទន្លេ​សាប ទន្លេ​តូច ទន្លេ​បា​សាក់​។ នៅខែមិនា មេសា ទឹកទន្លេមេគង្គស្រកចុះច្រើនហើយនៅនឹងមួយកន្លែង។ លុះ​ចូល​ដល់​រដូវ​ភ្លៀង​ជោគ​ជាំ ​នៅ​ខែ​កក្កដា ទឹក​ទន្លេ​ឡើង​ខ្លាំង ធារ​ទឹក​អាច​ដល់ ៥០.០០០ម៉ែត្រត្រីគុណក្នុងមួយវិនាទី (លើសទន្លេក្រហមទៅទៀតដែល​មាន​ធារ​ទឹក​តែ ៣០.០០០​ ម៉ែត្រ​ត្រី​គុណ​ក្នុង​មួយ​វិនាទី) ទន្លេ​តូច និង​ទន្លេបាសាក់មិនអាចនាំទឹកហូរទៅក្នុងសមុទ្រចិនបានទាំងអស់ ទឹកនោះក៏ហូរ​ចូល​ទៅ​ក្នុង​បឹង​ធំៗ ​(បឹង​ធំ បឹង​តូច) តាម​រយៈ​ទន្លេ​សាប​។ ដូច្នេះ​បឹង​ទន្លេ​សាប​ជា​នីយ​តករ (Régulateur) មួយ​យ៉ាង​សំខាន់ ទប់​ទល់​កុំ​អោយ​មាន​ទឹក​ជំនន់​ក្នុង​រដូវ​វស្សា។

  តាមការសិក្សារបស់អ្នកភូមិសាស្រ្ដ បឹងទន្លេសាបជាស្នាមនៃឈូងសមុទ្រមួយបិទជិតដីល្បាប់ ដែលទន្លេមេគង្គនាំមក​លប់​ជា​រៀង​រាល់​ឆ្នាំ​។ បឹង​ នេះ​មាន​ប្រ​វែង​សរុប ១៦០.គ.ម. (បឹង​ធំ បឹង​តូច +វាល​ភក់) ហើយមានទទឹងអតិបរមា ៣៥គ.ម.។ នៅរដូវសំរក (មិនា មេសា) ទំហំ​ផ្ទៃ​ទឹក​មាន​ប្រ​​មាណ ៣.០០០ គ.ម​។​ នៅ​រដូវ​ទឹក​ឡើងខែកក្កដា នៅពេលដែលទឹកទន្លេមេគង្គហូរចូល កំពស់ទឹកឡើងពី ២ ដល់ ១៤ ម. ទឹក​ហៀរ​ចេញ​ពន្លិច​ តំ​បន់​ជិត​ខាង​រហូត​ដល់​ ២០ រឺ ៣០​គ.ម. ។ នៅខែតុលា វិច្ឆិកា ទឹកហូរចេញពីបឹងទន្លេសាបចូលទៅក្នុងទន្លេមេគង្គវិញ គឺ​ក្នុង​អោ​កាស​នោះ​ហើយ​ ដែល​ប្រ​ជា​រាស្រ្ដ​ខ្មែរ​នាំ​គ្នា​ប្រា​រព្ធ​ធ្វើ​ពិធី​បុណ្យ​អុំ​ទូក សំពះព្រះខែ លយប្រទីប។

  គួរគាត់សំគាល់ថា បឹងទន្លេសាបជាកន្លែងដែលមានត្រីច្រើនជាងគេក្នុងពិភពលោក បើគិតតាមសមាមាត្រនៃទំហំ​បឹង​នេះ​។ ម្យ៉ាង​ទៀត​ នៅ​ប្រ​ទេស​ខ្មែរ​យើង​ភ្លៀង​ធ្លាក់​ទៀង​ទាត់ជាងនៅប្រទេសវៀតណាមខាងជើង ហេតុដូច្នេះហើយបានជាទឹកជំនន់នៅ​ទន្លេ​មេ​គង្គ​មាន​ភាព​ មិន​សូវ​មាន​ភាព​សាហាវ​ដូច​នៅ​ទន្លេ​ក្រហម​ទេ​។ គេមិនបាច់ធ្វើទំនប់ហើយដើម្បីពង្រីកយកដីដាំដំនាំ គេគ្រាន់តែបង្ហូរ​ទឹក​ចេញ​ពី​កន្លែង​ ណា​ដែល​លិច​ទឹក និង​បញ្ចូល​ទឹក​ទៅ​ក្នុង​ដី​ត្រង់​ណា​ដែលពុំសូវមានទឹកដោយការជីកប្រលាយ។ នេះជាពិធីដែលអ្នកស្រុក​អា​ណា​ចក្រ​ភ្នំ ធ្លាប់​បាន​​អនុ​វត្ដ​ក្នុង​ការ​ប្រ​កប​របរ​កសិ​កម្ម​របស់​ខ្លួន​ជាយូរ​ណាស់​មក​ហើយ។

ខ. អំពីដើមកំណើតជាតិខ្មែរ

  បញ្ហាដើមកំណើតជាតិខ្មែរនេះ មានចោទឡើងរៀងរាល់ពេលដែលគេធ្វើការសិក្សាស្រាវជ្រាវ ពីអរិយធម៌ រឺពីប្រវត្ដិ​សាស្រ្ដ​ខ្មែរ​។ យ៉ាង​ណា​មិញ​ ជាតិ ឬ​ពូជ​អំបូរ ជា​មូល​ធម៌​មួយ​យ៉ាង​សំខាន់​ ជួយបំភ្លឺអ្នកប្រាជ្ញ ក្នុងការសិក្សាស្រាវជ្រាវ ពីអរិយធម៌ជាតិណាមួយ។ ចំពោះ​ខ្មែរ​យើង ការ​យល់​​មិន​ច្បាស់​ពី​អត្ដ​សញ្ញាណ Identité នេះ​ហើយ​ជា​ហេតុនាំអោយអ្នកសិក្សាខ្លះមានការភាន់ច្រលំ រហូតទាញភ្ជាត់ជាតិខ្មែរ​ទៅ​នឹង​ជាតិ​ណា​មួយ​ដែល​ គេ​យល់​ថា​មាន​អរិយ​ធម៌​ខ្ពង់​ខ្ពស់​ជាង​ខ្មែរ។

  ជាយូរណាស់មកហើយ អ្នកសិក្សាស្រាវជ្រាវពីខ្មែរ បានខិតខំដោះស្រាយបញ្ហាដ៏សំខាន់នេះ ហើយបានបញ្ចេញយោបល់ ឬ​សម្ម​តិ​កម្ម​ប្លែក​គ្នា ហើយ​ជួន​កាល​ក៏​ផ្ទុយ​គ្នា​ស្រលះ​តែ​ម្ដង​។ ប៉ុន្ដែយើងអាចប្រមូលយោបល់ រឺសម្មតិកម្មទាំងនោះបានបីប្រភេទ៖

  ១ -យោបល់ដែលយល់ថាខ្មែរគឺឥណ្ឌា ឬក៏ថា ខ្មែរនិងឥណ្ឌាជាជាតិតែមួយ។ ទស្សនបែបនេះលោកអុកញ៉ាឈឹម ក្រសេម បាន​បញ្ជាក់​យ៉ាង​ ពិស្ដារ​ក្នុង​សៀវ​ភៅ ពង្សាវ​តារ​ខ្មែរ ភាគ១ បោះពុម្ពនៅភ្នំពេញ គ.ស.១៩៧១។ លោក បានសរសេរថា «តាមដែលបាន​ស្រាវ​ជ្រាវ តាម​ផ្លូវ​ប្រវត្ដិ​ សាស្រ្ដ​មក​ហើយ ប្រាកដ​ថា​ក្នុង​ដែន​ឥណ្ឌា​ភាគខាងត្បូង ដែលផុតអំពីមធ្យមប្រទេសជាទីតាំងប្រទេសជាច្រើននៅត្រង់រវាង​កណ្ដាល​នៃ​ប្រ​ ទេស​ទាំង​នោះ គឺ​ត្រង់​ដែល​ហៅ​ថា ទក្ខិ​ណា​បថ ឬ​ទក្សិ​នាទ្ធិគោល មានប្រទេសមួយ ឈ្មោះ «កុមេរុ» ជាប្រទេសធំ មានប្រជាជន​កុះ​ករ​ច្រើន​ ខ្មែរ យើង​ដើម​ឡើយ​មុន​ដែល​ផ្សាយ​មក​នៅ​ក្នុង​កម្ពុជ​រដ្ឋ អាស្រ័យនៅក្នុងកុមេរុរដ្ឋនោះ ៗប្រទេសរបស់ខ្មែរពីបុរាណ កាលមក។ ឈ្មោះ​ជាតិ​ ខ្មែរ​ហៅ​ត្រឹម​ត្រូវ​តាម​សូ​សព្ទ​ដើម​ថា កុមេរុ ដូច្នេះ តែ​តាម​សំលេង​និយាយ​ធម្មតាថា កុមេរុ៍ ទំនងដូចឈ្មោះភ្នំសុមេរុ គេ​ហៅ​នៅ​ត្រឹម សុមេរុ៍​។ លុះ​យូរ​មក​ឈ្មោះ​នេះ​បាន​ក្លាយ​ចេញ​ទៅ​ទៀត​ប្រាកដ នៅ​សិលាចារឹករបស់ខ្មែរថា «ក្មេរ» ទៅជាសំលេងផ្សំក្រោយសម័យ​សិលា​ចារឹក​មក​ បាន​ប្រែថា «ខ្មែរ»។ ..តាំងពី ក្រោយពុទ្ធកាលប្រមាណ ២០០ឆ្នាំជាដើមមកជនជាតិខ្មែរ បានផ្ដើមផ្សាយមកក្នុងដែនសុវណ្ណភូមិ។ ..ពួក​ខ្លះ​មក​ ដោយ​ក្នុង​ប៉ង​ដើម្បី​រក​ស៊ី​លក់​ដូរ​តាម​ធម្មតា ពួក​ខ្លះ​មក​ដោយ​រត់​សឹក​។ ... អ្នកដែលនាំអារ្យធម៌ឥណ្ឌាមកផ្សាយក្នុង ដែន​ដី​អោយ​នេះ គឺ​ខ្មែរ​ អា​ស្រ័យ​ជាតិ​ខ្មែរ​ជា​អ្នក​មាន​អារ្យ​ធម៌​ខ្ពង់​ខ្ពស់​ទាំង​មាន​ឥទ្ធិពល ទើប​អាច​ផ្សាយ​អារ្យធម៌ របស់ខ្លួនទៅលើជាតិទាំងឡាយដែល​នៅ​ក្រោម​អំណាច​ និង​ជាតិ​ទាំង​ឡាយ​ដែល​នៅ​ជិត​ខាង​ទៀត​ផង ដោយ​ហេតុ នេះ​ទើប​មានឆាយាថា «ខ្មែរជាឥណ្ឌាទី២» នៅក្នុងសុវណ្ណភូមិ។ ខ ដែល​ថា «ខ្មែរ​ផ្សាយ​ មក​​ពី​​ឥណ្ឌា» ដូច្នេះ តើ​មាន​ អ្វី​ខ្លះ​ជា​សំអាង តប​ថា ក្រៅ​ពី​ជាតិ និង​ឈ្មោះ​ប្រទេស​ដូច​ពោល​ហើយនៅមានភស្ដុតាងយ៉ាងដទៃ​ទៀត​ជា​ច្រើន យ៉ាង​សំអាង​គឺ៖

ក. លក្ខណអក្សរ និងភាសា
ខ. លទ្ធិប្រពៃនី និសាសនា
គ. ពង្សាវតារ និងសេចក្ដីកត់ហេតុ
...ជាតិខ្មែរ និងជាតិជ្វា ជាម្ចាស់​ស្រុក​ដើម បាន​រួម​គ្នា​ទៅ​ជា​ជាតិ​មួយ​ហៅថា កុមេរុ គឺជាខ្មែរសព្វថ្ងៃនេះ។ ខ្មែរក្នុងជាន់ដើម​រូប​រាង​ច្រើន​ស្រុង​ៗ ច្រមុះ​ស្រួច សំ​បុរ​កាយ​ខ្មៅ​ស្រ​អែម ឯ​ជាតិ​ជ្វានោះ​ មាន​លក្ខ​ណៈ​រូប​រាង​ជា​មធ្យម សំបុរកាយសជ្រះ រូបច្រើនល្អ។
...ពង្សាវតារភូមាថា មន និងខ្មែរ ជាបងប្អូនផង​គ្នា​ចុះ​មក​អំពី​ឥណ្ឌា​ទាំង​ពីរ​ពួក តែ​ពួក​មន​ផ្សាយ​មក​មុន​បន្ដិច​។

  ទស្សនរបស់អុកញ៉ា ឈឹម ក្រសេម ខាងលើនេះ មានជនបរទេសយល់ស្របតាម និងយកទៅប្រើប្រាស់ជា​ផល​ប្រ​យោជន៍​របស់​គេ​ថែម​ ទៀត​។ លោក Pierre Loti អ្នក​និពន្ធ​បារាំង​ដ៏​ល្បី​ល្បាញមួយរូប បានសរសេរក្នុងសៀវភៅឈ្មោះ Pèlerin d'Angkor le peuplekhmer rameau détache de la grande race aryenne..(ប្រជារាស្រ្ដខ្មែរជាមែកធាងដែលដាច់ចេញពីមហាអំបូអារ្យ...)។ ចំណែក​លោក​មុំ​សេនី​ ប្រា​មោជ មេ​ធាវី​ថៃ​អម​តុលា​ការ​អន្ដរ​ជាតិនាទីក្រុងឡាអេ (La Hye) បានលើកយកទស្សនបែបនេះមកធ្វើជាទល្ហីករ ដើម្បី​ប្រ​ឆាំង​នឹង​ខ្មែរ​ យើង​ក្នុង​រឿង​ក្ដី​ប្រា​សាទ​ព្រះ​វិហារ ហើយដែលសារពត៌មានសៀមឈ្មោះ «ឆាវថៃ» ចុះថ្ងៃទី៣១ តុលា ១៩៥៩បានរំលឹកថា «មុំ​សេនិ​ប្រា​មោជ​ បាន​និយាយ​ថា ពពួក «ខម» ជា​ជន​ពូជ​អំ​បូរ​ឥណ្ឌា។ ជនជាតិថៃមានដើមកំណើតក្នុងខេត្ដចិនយួណានបានវាយយកជ័យទៅ​លើ​ជាតិ​ខម រហូត​ ដល់​ពួក​នេះ​ត្រលប់​ទៅ​ស្រុក​ឥណ្ឌា​វិញ។ ដែនដីដែលពីដើមពួកខម តាំងនៅក៏ក្លាយទៅជាដីថៃ ហើយប្រជាជនថៃក៏បែងចែក​ខ្លួន​ឯង​ជា​ពីរ​ក្រុម​។ ក្រុម​ទី១​មក​តាំង​នៅ​តំបន់​ទំនាប ដែល​គេ​អោយ​ឈ្មោះ​សព្វ​ថ្ងៃ​ថា «កម្ពុជា» ក្រុមមួយទៀតបានតាំងនៅតំបន់ខ្ពស់ហើយបានថែរក្សា​ឈ្មោះ​ថៃ​ដដែល​។

  ២. យោបល់ដែលចាត់ទុកជាតិខ្មែរជាជាតិប្រវេសន៍ ចេញពីប្រទេសឥណ្ឌាហើយបានមកលុកលុយដន្ដើមយកទឹក​ដី​របស់​ជាតិ​ដើម​មួយ​ គឺ​ជន​ជាតិ​ក្នុង​អំ​បូរ​មាលា​យូរ ប៉ូ​លី​នេ​ស៊ី​យែន ឬជាជនជាតិថៃកាដៃ ប៉ុន្ដែជាជាតិមួយដោយលែកពីជាតិឥណ្ឌាហើយស្ថិត​ក្នុង​អំបូរ​មន ខ្មែរ​។ នេះ​ជា​ទស្សន​របស់​លោក Henkrik Kern លោក Sdhémard Lecléere(1) លោក Paul Benerdict លោក Pieere Gourou(2)។ ចំពោះ​ទស្សន​ Pieere Gourou បាន​បញ្ជាក់​ថា ជន​ជាតិ​មន-ខ្មែរ​ប្រហែលជាត្រូវពួកទ្រាវិឌ ឬពួកអារ្យ ច្រានចេញពីប្រទេសឥណ្ឌា ហើយ​ដោយ​មាន​នៅ​សល់​ ក្រុម ខ្លះ​ដូច​ជា​ពួក​មុណ្ឌ បានមកលុកលុយប្រទេសភូមា ប្រទេសសៀម និងប្រទេសកម្ពុជា។

  គេអាចបន្ថែមទៅក្នុងក្រុមអ្នកស្រាវជ្រាវទី២ នូវឈ្មោះលោក Etienne Aymonier ដែលយល់ថាក្រុម មន-ខ្មែរមុណ្ឌ មាន​ទី​តាំង​ដើម​នៅ​ជើង​ភ្នំ ​ទី​បេ​ហើយ​ក្រោយ​មក​បាន​បំបែក​ជា​ពីរ​ក្រុម មួយក្រុម មន-ខ្មែរ ចូលមករស់នៅក្នុងភូមភាគអាស៊ីអាគ្នេយ៍ ឯមួយក្រុមទៀត (មុណ្ឌ) ចូល​ទៅ​រស់​នៅ​ក្នុង​ប្រ​ទេស​ឥណ្ឌា​រហូត​ដល់​សព្វ​ថ្ងៃ(៣)។

  ៣. យោបល់ដែលទទួលស្គាល់ថា ជាតិខ្មែរជាជាតិពិសេសមួយស្ថិតនៅក្នុងអំបូរ មន-ខ្មែរ ហើយបានកកើតឡើងនៅភូមិ​ភាគ​អាស៊ី​អា​គ្នេយ៍​នេះ ​តែ​ម្ដង​។ នេះ​ជា​ទស្សន​របស់​លោក Berard Philippe Groslier (4) និងលោក Marcel Talabot ជាដើម លោក​ទាំង​ពីរ​នេះ​យល់​ឃើញ​ថា​ ក្នុង​សម័យ​បុព្វ​ប្រ​វត្ដិ​សាស្រ្ដ​ដ៏​យូរ​លង់ណាស់មកហើយ មនុស្សពូជខុសគ្នា បានធ្វើដំនើរពីខាងជើងចុះមកអាស៊ីអគ្គេយ៍ ហើយ​ផ្សំ​កាត់​ជា​មួយ​គ្នា​។ តាម​ការ​ប៉ាន់​ស្មាន​របស់​លោក​ទាំង​ពីរអំបូរ មន-ខ្មែរ យើងកើតមកពីការផ្សំកាត់រវាងពូជមេលានេស៊ីយាង (Mé lanésiens) និង​ពូជ ឥណ្ឌូ​នេ​ស៊ី​យាង​ (Indonésiens) ហើយ​បាន​រស់​នៅ​លើ​ទឹក​ដី​លាត​សន្ធឹង​ពីឆ្នេរសមុទ្រចិន រហូតដល់ព្រំប្រទល់ប្រទេសឥណ្ឌា។

  រួចមកហើយ ឃើញមានលាតត្រដាងនូវយោបល់ និងសម្មតិកម្មរបស់អ្នកសិក្សាស្រាវជ្រាវពីជាតិខ្មែរ។ ឃើញថា យោ​បល់ និង​សម្មតិ​កម្ម​ ទាំង​នោះ ទោះ​បី​ប្លែក​គ្នា​ក៏​បាន​ស្រប​គ្នា​ត្រង់ចំនុចដែលថាខ្មែរ និងមនស្ថិតនៅក្នុងអំបូរជាមួយគ្នាគឺអំបូរមនខ្មែរនេះឯង។ ដូច្នេះ​ត​ទៅ​នេះ​យើង​ នឹង​ខិត​ខំ​វែក​ញែក​រក​មើល​ថា តើ​មន​ខ្មែរ​នេះជាអំបូរមួយពិសេស ឬក៏ជាជាតិឥណ្ឌាដែរ។

  តាមទស្សន លោកអុកញ៉ាឈឹម ក្រសេម ឃើញថា ខ្មែរគឺជាឥណ្ឌាហ្នឹងឯង ព្រោះបានចេញមកពីប្រទេសឥណ្ឌា មាន​ឈ្មោះ​ជា​ឥណ្ឌា មាន​ទំ​នៀម​ ទំលាប់ សាសនា អក្សរ ភាសា ជា​របស់​ឥណ្ឌា ហើយ​មនុស្ស​ខ្មែរដើមទៀតសោតក៏មានលក្ខណជាឥណ្ឌាបេះបិទ ហើយលោក​បាន​បញ្ជាក់​ថា​ ខ្មែរ​ជា​ឥណ្ឌា​ទី​២​។

  ប្រសិនបើយើងលើកយកលទ្ធផលស្រាវជ្រាវរបស់នរវិទូក្នុងពិភពលោក មកពិនិត្យមើល ឃើញថា មនុស្សខ្មែរ និង​មនុស្ស​ឥណ្ឌា​(ទាំង​ពួក​ស​ ទាំង​ពួក​ខ្មៅ​) មាន​លក្ខណ​ខុស​គ្នា​ឆ្ងាយ​ណាស់​។ យាងណាមិញ ខ្មែរមានកំពស់មធ្យម ១.៦១ម.និងសន្ទស្សន៍លលាដ៍​ក្បាល​៨៤.៥ (ក្បាល​មូល)​ ចំ​ណែក​ឯ​ពួក​ឥណ្ឌា-ស​(អារ្យ) មាន​កំពស់ ១.៧២ម និង សន្ទស្សន៍លលាដ៍ក្បាល៧៣.៨ (ក្បាលពយ) និងពួកឥណ្ឌាខ្មៅ​(ទ្រា​វិឌ)មាន​កំពស់ ១.៦២​ម និង​មាន​សន្ទស្សន៍ លលាដ៍​ក្បាល ៧៦.២​(ក្បាល​ពយ​ទៀត) (៥) ឯការដែលអះអាងថាខ្មែរចេញពីប្រទេសឥណ្ឌានោះ តើ​មាន​អ្វី​អាច​បញ្ជាក់​បាន​? ត្រង់​ទំនៀម​ទំលាប់​សាសនា អក្សរ​ភាសា ក្នុងផ្នែកនេះខ្មែរយើងបានទទួលឥទ្ធិពលពីឥណ្ឌាក៏ពិតមែន ប៉ុន្ដែការ​សិក្សា​ជីក​ដល់​ជំរៅ​បាន​បង្ហាញ​ អោយ​ឃើញ​ថា ខ្មែរ​យើង​មានអរិយធម៌ផ្ទាល់របស់ខ្លួនទៅហើយមុន ដែលបានទាក់ទងជាមួយឥណ្ឌា។ បានសេចក្ដីថាខ្មែរជា​ពូជ​ដោយ​លែក​ពី​ ឥណ្ឌា នេះ​ហើយ​ជា​ទស្សនៈ​របស់ក្រុម អ្នកស្រាវជ្រាវទី៣ ដែលយល់ថាអំបូរខ្មែរមន បានកកើតឡើងនៅត្រង់ភូមិភាគ​អាស៊ី​អគ្នេយ៍​នេះ​តែ​ម្ដង​ ដោយ​ការ​ផ្សំ​កាត់​រវាង​ពួក មេលានេស៊ីយាង (កំពស់ ១.៦៥ម ក្បាលពយ) និងពួកអិណ្ឌូនេស៊ីយាង កំពស់ពី ១.៦០ ទៅ  ១.៦៣​ក្បាល​មូល​។ គួរ​ កត់​សំគាស់​ថា​ទស្សនៈ​នេះ​មានលក្ខណស្របនឹងទស្សនៈខ្មែរដែរ ពីព្រោះបើយើងសំ អាងទៅលើរឿងព្រេងខ្មែរក៏ដោយ លុះ​ត្រា​តែ​មាន «នាង​នាគ»​ នៅ​ស្រុក​ខ្មែរ​នេះ​ឯង ទើប​«ព្រះថោង» (ដែល​គេ​ថា​មក​ពីស្រុកឥណ្ឌា) បានជួបប្រភពគ្នា ដោយបានគ្រប់គ្រងនគរគោកធ្លកនេះដែរ។

  បានសេចក្ដីថា លុះត្រាតែមានជាតិខ្មែរនៅលើកោះគោកធ្លកនេះដែរ ទើបឥណ្ឌាអាចផ្សាយអរិយធម៌របស់ខ្លួន​បាន​ខ្លះ​ចូល​ក្នុង​ស្រុក​ខ្មែរ​។ និយាយ​ពី​ដើម​កំណើត​ជាតិ​ខ្មែរ​នេះ Maurice Glaizer អតីតអភិរក្សអង្គរបានសរសេរ ជាអាទិថា៖

  Ce n'est nullement, comme certains le croient, un peuple d'origine puremen tindinne qui serait venu, à la suite de migrations. se fixer dans une région vide d'habitants, ou en aurait éliminé les eléménts pas des massacres ou des déportations en masse : Les peuple khmer est un peuple autochtone hindousé

  មិនមែនដូចអ្នកខ្លះបានយល់យល់នោះទេ ថាជាប្រជារាស្ដ្រមួយដែលដើមកំណើតជាឥណ្ឌាសុទ្ធសាធ ហើយដែល​បាន​មក​តាំង​នៅ​ក្នុង​តំបន់​ មួយ​គ្មាន​មនុស្ស ឬ​ក៏​បាន​កំចាត់​ពួកអ្នកស្រុកអាយដោយការសំលាប់រង្គាល ឬការនិរទេសទាំងហ្វូង : ប្រជារាស្រ្ដខ្មែរ គឺ​ជា​អ្នក​ស្រុក​ដើម​ដែល​បាន​ទទួល​ឥទ្ធិ​ពល​អរិ​យធម៌​ឥណ្ឌា(៦)។

  ឯលោក Henri Marchal អតីតអភិរក្សអង្គរដែរ បានសរសេរថា : Le Cambodgien n'est pas der race hindoue. Il est le résultat de mombreux croisements avec un fond malayo indonésien.. ខ្មែរ​មិន​មែន​មនុស្ស​ពូជ​សាសន៍​ឥណ្ឌា​ទេ : ខ្មែរ​ជា​លទ្ធ​ផល​នៃ​ការ​ផ្សំ​កាត់​ច្រើន​ជា​មួយ​ នឹង​មាលាយូ អណ្ឌូ​នេស៊ី​យាង​(៧)..។

  ចំពោះយោបល់ដែលថា ខ្មែរបានមកលុកលុយដន្ដើមយកទឹកដីរបស់ជនជាតិដើមមួយនោះ ច្រើនតែសំអាងទៅលើ​រឿង​ព្រេង​ខ្មែរ ដែល​បាន​ និទាន​ថា មាន​ស្ដេច​ចាម​មួយ​អង្គ បាននាំបរិវារ ៥០០នាក់ ជិះសំពៅកំសាន្ដតាម មហាសាគរ លុះប៉ះនឹងខ្យល់ព្យុះបោក​បក់​មក នាំ​អោយ​វិនាស​ សំពៅ​អស់​ទៅ ក៏​រសាត់​ទៅ​ដល់​កោះ​គោកធ្លក ហើយបានរស់នៅទីនោះតទៅ។ តាមយោបល់យើង ការដែលថា ជ្វា​ឬ​ចាម​ជា​ម្ចាស់​ដើម​នៃ​ស្រុក​ គោក​ធ្លក​ដូច​ជា មិន​ទំនង ព្រោះ​ពួក​នេះ​ជា​ចំណូលថ្មី បានជិះសំពៅមកពីស្រុកគេ (មិនច្បាស់ថានៅទីណាទេ តែបើតាមប៉ាន់​ស្មាន​មើល ប្រ​ហែល​ មក​ពី​ម្ដុំ​ខ្ពង់​រាប​ខ្ពស់​វៀត​ណាម​សព្វ​ថ្ងៃ មិនមែនមកពីប្រទេសឥណ្ឌូនេស៊ី ព្រោះចរន្ដ0ច្រើនចុះពីជើងទៅត្បូង)។ តាមសេចក្ដី​ដំណាល​របស់​រឿង​ ព្រេង​ដដែល​ឃើញ​ថា ព្រះ​ថោង​បាន​មករៀបការជាមួយនាងនាគី ដែលរស់នៅទីនោះមុនការមកដល់នៃពួកចាម និងព្រះ​ថោង​ទៅ​ទៀត​។ បើ​ដូច្នេះ ​តើ​យើង​ចាត់​ទុក​ថា នាង​នាគី​នេះ​ជា​អ្វី? ជា​សត្វ​តិរច្ឆាន​មែន ឬក៏ជាមនុស្សដើមបង្អស់នៅទីនោះ (នាងចេះកាលាខ្លួនជា​មនុស្ស​មាន​រូប​រាង​ល្អ)​

  រួមសេចក្ដីមកឃើញថា មានភស្ដុតាងជាច្រើនបង្ហាញថា ខ្មែរជាជាតិមានចំនាស់ បានកកើតឡើងនៅភូមិភាគ អាស៊ីអគ្នេយ៍នេះ ហើយ​ស្ថិត​នៅ​ ក្នុង​អំ​បូរ​មនុស្ស​មួយ​ដោយ​លែក​ពី​អំបូរ​ឥណ្ឌា ហើយដែលនរវិទូលោកអោយ ឈ្មោះថា អូស្រ្ដូអាស្យាទិក (Au stroasiatiques) ។ ជាតិ​ខ្មែរ​បាន​ កើត​ឡើង​បាន​វិវត្ដ​ហើយ​មាន​ជីវិតស្ថិតស្ថេរ រហូតមកដល់សព្វថ្ងៃ នៅលើទឹកដីដែលដូនតាខ្លួនបានកសាងទុកជាកេរដំនែល។ ចំ​ណែក​ជន​ជាតិ​ដទៃ​ ទៀត ដែល​បាន​មក​រស់​នៅ នៅ​ភូមិ​ភាគ​អាស៊ីអគ្នេយ៍ដីគោកសព្វថ្ងៃ ជាអ្នកជិតខាងរបស់ខ្មែរ គឺសុទ្ធតែបានមកដល់ក្រោយ (លើក​លែង​តែ​ជន​ ជាតិ​ចាម​ចេញ) គឺ​ថា បាន​ចូល​មក​ក្នុង​សម័យប្រវត្ដិសាស្រ្ដ ដែលគេអាចដឹងបានច្បាស់លាស់ តាមឯកសារផ្សេងៗ : ភូមា (ស.វ.ទី៩) យួន ស.វ.ទី ១០) សៀម (ស.វ.ទឺ១៣)។

(3) ឯកសារមហាបុរសខ្មែរលេខ៤ បោះពុម្ពផ្សាយដោយលោកអេងសុតនៅភ្នំពេញ គ.ស. ១៩៦៩
(4) លោកកងគីរី លោកសែម សូរ ប្រជុំអនុពាក្យទំនើប ទំព័រ ៨៤ កំពង់ចាម ១៩៦៣។
(5) សំដេចព្រះមហាសុមេធាធិបតី ជួនណាត ប្រវត្ដិនៃវត្ដអុណ្ណាលោម ភ្នំពេញ គ.ស.១៩៥៣។
(6) លោកស៊ឹមវ៉ានិងលីអេង ប្រវត្ដិសាស្រ្ដប្រទេសកម្ពុជា (សាកល្បង) បោះពុម្ពហើយតែមិនបានផ្សាយនៅភ្នំពេញ គ.ស.១៩៦៩។
(7) Etienne Aymonier le Cambodge. Tome III. Paris. 1904