ថ្ងៃសៅរ៍ ទី22.ឧសភា 2021.ម៉ោង 09:12
ព្រិត្ដិការណ៍ ឆ្នាំ១៩៥៦ -១៩៥៩

ព្រឹត្ដការណ៍ឆ្នាំ១៩៥៦
ខែមករា ថ្ងៃទី៥ រដ្ឋា​ភិបាល​សង្គម​ទី​១ គឺ​រដ្ឋា​ភិបាល អ៊ុម ឈៀងស៊ុន។ ថ្ងៃ​ទី​១៤ សេច​ក្ដី​ប្រកាស​អោយ​មាន​ការ​កែ​ប្រែ​រដ្ឋ​ធម្ម​នុញ្ញ​យ៉ាង​សំខាន់​មួយ​ ដែល​អាច​និយាយ​បាន​ថា​ជា​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​។ គឺ​មាន​រាប់​បញ្ចូល​នូវ​សិទ្ធិ​បោះ​ឆ្នោត​របស់​នារី​។ ការ​បោះ​ឆ្នោត​រើស​សភា​ខេត្ដ​ និង ក្រុង។ បង្កើត​អោយ​​មាន​របប​ប្រធានា​ធិបតី​ ពាក់​កណ្ដាល​ផ្ទាល់​។​ ថ្ងៃទី​២៧ ច្បាប់​មួយ​បាន​ចែង​អំពី​សមា​សភាព​សភា​ខេត្ដ​ដែល​ត្រូវ​ជ្រើស​រើស​តាម​រយ​ការ​បោះ​ឆ្នោត​ដោយ​ផ្ទាល់​ និង ជា​សកល​។​ ការ​បោះ​ឆ្នោត​នេះ​ បាន​ចាប់​ផ្ដើម​ឡើង​នៅ​ពេល​ក្រោយ​ក្នុង​ឆ្នាំ​ដដែល​នេះ​។ បន្ដិច​ម្ដង​ៗ​ ពួក​សភា​ខេត្ដ​ទាំង​នោះ​ បាន​តាំង​ខ្លួន​​ជា​អ្នក​ជជែក​តវ៉ា​ខាង​​នយោ​បាយ​រាល់​ការ​មិន​ពេញ​ចិត្ដ​ដែល​បណ្ដាល​មក​ពី​នយោ​បាយ​ នៃ​អំនាច​កណ្ដាល​។

ខែ​កុម្ភ ថ្ងៃ​ទី​១១ ការ​បើក​សាលា​ភូមិន្ទ​រដ្ឋ​បាល។ ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​២១​ ដំនើ​រទស្សន​កិច្ច​របស់​ស្ដេច​សីហនុ​ ទៅ​កាន់​ប្រ​ទេស​ចិន​ សហ​ភាព​សូវៀត​ និង ឆេកូ​ស្លូ​វាគី​។ សេច​ក្ដី​ថ្លែង​ការ​រួម ចិន​កម្ពុជា​។ ជំនួយ​លើក​ដំបូង​របស់​ប្រ​ទេស​ចិន​ផ្ដល់​អោយ​ប្រ​ទេស​កម្ពុ​ជា មិន​មែន​កុំមុយ​និស្ដ​។

ខែ​មិនា ថ្ងៃ​ទី១ រដ្ឋា​ភិបាល​សង្គម​ទី​៣ គឺ​រដ្ឋា​ភិបាល​សីហនុ។ សីហនុ​បដិ​សេធ​មិន​ចូល​រួម​អង្គ​ការ​សិទ្ធិ​សញ្ញា​ស៊ី​អាគេ្នយ៍​។
ខែ​មេសា ថ្ងៃ​ទី​៣ រដ្ឋា​ភិបាល​សង្គម​ទី​៤ គឺ​រដ្ឋា​ភិបាល ឃឹម ទិត។ ពី​ថ្ងៃទី​២១ ដល់​ថ្ងៃ​ទី​២២ សមាជ​សង្គម​លើក​ទី៣​ បដិ​សេធ​មិន​ចូល​រួម​អង្គ​ការ​សិទ្ធិ​សញ្ញា​អាស៊ី​អាគេ្នយ៍​។​ ការ​គាំ​ទ្រ​នយោ​បាយ​អព្យា​ក្រឹត​របស់​​សីហនុ​។ គណ​បក្ស​ប្រជា​ជន​សុំ​ចូល​ជា​មួយ​គណ​បក្ស​សង្គម​រាស្រ្ដ​និយម​ តែ​ត្រូវ​បាន​​គេ​បដិ​សេធ​។

ខែ​មិថុនា​ ថ្ងៃ​ទី​១៥ ការ​បង្កើត​ការិ​យា​ល័យ​ភូមិន្ទ​ នៃ ​កិច្ច​សហ​ប្រតិ​បត្ដិ​ការ ​គឺ​ជា​អង្គ​ការ​ឥណទាន​​មួយ​​សំរាប់​រិត​ត្បិត​ អំពីមហន្ដ​រាយ ​ដែល​កើត​មាន​ពី​ការ​យក​ពន្ធ​ខ្លាំង​ពេក​ពី​ទំនិញ​ចិន​។

ខែ​កញ្ញា ថ្ងៃ​ទី​១៥ រដ្ឋា​ភិ​បាល​សង្គម​ទី​៥ គឺ​រដ្ឋា​ភិបាល​សីហនុ​។ ក្រសួង​បោស​​សំអាត​ទូ​ទៅ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដែល​មាន​ទ្រង់​ស៊ី​សុវ​ត្ដិ មុនី​រ៉េត​ជា​រដ្ឋ​មន្រ្ដី​។ ទ្រង់​បាន​រៀប​ចំ​អោយ​មាន​ច្បាប់​ដោយ​បង្កើត​អោយ​មាន​ ប្រពន្ធ​យុត្ដិ​កិច្ច​ពិសេស​អែក​រាជ​មួយ​សំរាប់​ត្រួត​ពិនិត្យ​អែកសារ​ដែល​ជាប់​ទាក់​ទង​ទៅ​ នឹង ជន​ជាប់​សង្ស័យ​ក្នុង​អំពើ​ពុក​រលួយ​។​ សីហនុ​ទាម​ទារ​អោយ​ទ្រង់​មុនី​រ៉េត លា​លែង​ពីតំ​នែង តែ​ត្រូវ​ទ្រង់​បដិសេធ​។

ខែតុលា ទាហាន​ថៃ​មក​ជំនួស​ប៉ូលិស​ថៃ​ដើម្បី​កាន់​កាប់​ប្រា​សាទ​ព្រះ​វិហារ​។​ ថ្ងៃ​ទី​២៥ រដ្ឋា​ភិបាល​សង្គម​លើក​ទី​៦ គឺ​រដ្ឋា​ភិបាល​សាន់ យុន​។ ពេល​នោះ​ទ្រង់​មុនី​រ៉េត​ គ្មាន​មុខ​ងារ​អ្វី​ទៀត​ឡើយ​។​

ខែ​វិច្ឆិកា​ ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៧ ទស្សន​កិច្ច​ជា​ផ្លូវ​ការ​លើក​ទី​១ នៅ​កម្ពុ​ជា​របស់​រដ្ឋ​មន្រ្ដី​ការ​បរ​ទេស​ចិន​ប្រជា​មានិត​ជូ​អេន ​ឡាយ។ ថ្ងៃ​ទី​២៦ ក្រុម​និស្សិត​ខ្មែរ​នៅ​បារីស​ បាន​នាំ​គ្នា​បង្កើត​សមា​គម​ឡើង​វិញ​ដោយ​អោយ​ឈ្មោះ​​ថា សម្ព័ន្ធ​និស្សិត​ខ្មែរ​ឈ្មោះ ​អុន សុកាន​ ត្រូវ​បាន​ជាប់​ឆ្នោត​នៅ​ថ្ងៃទី​២៨ ខែ​ធ្នូ ជា​ប្រធាន​។ នៅ​ក្នុង​គណ​កម្មាធិ​​ការ​ គេ​ឃើញ​មាន​ឈ្មោះ​អៀង​សារី​ ខៀវ​ ធិរិទ្ធ ខៀវ សំផន ជួន មុំ​។

ព្រឹត្ដការណ៍ឆ្នាំ១៩៥៧
ខែ​មករា​ថ្ងៃ​ទី​៣ រដ្ឋា​ភិបាល​សីហនុ ទី​៧ គឺ​រដ្ឋា​ភិបាល​សាន យុន។ ថ្ងៃ​ទី​១២ សមាជ​សង្គម​លើក​ទី៤​ អនុមតិ​ដំណោះ​ស្រាយ​ស្ដី​អំពី​អព្យា​ក្រឹត​ភាព​នៃ​ប្រ​ទេស​កម្ពុជា​។

ខែមេសា ថ្ងៃទី​៩ រដ្ឋា​ភិបាល​សង្គម​ទី​៨ គឺ​រដ្ឋា​ភិបាល សីហនុ​។ ថ្ងៃ​ទី​២៥ ជា​លើក​ទី​១ ដែល​យួន​ខាង​ត្បូង​ចោទ​ប្រទេស​កម្ពុជា​ពី​បទ​ផ្ដល់​កន្លែង​ជ្រក​កោន​ដល់​ពួក​ព្រៃ​យួន​កុំមុយ​និស្ដ​។

ខែ​ឧសភា ថ្ងៃ​ទី​២ ទាហាន​យួន​ខាង​ត្បូង​បាន​ឆ្លង​កាត់​ព្រំ​ដែន​ប្រ​ទេស​កម្ពុជា​ចូល​ក្រុង​ភូមិ​ចន្រ្ទា ខេត្ដ​ស្វាយ​រៀង​។​
ខែ​កក្កដា ថ្ងៃ​ទី​១៥ សមាជ​សង្គម​លើក​ទី​៥ ការ​អនុមតិ​លក្ខន្ដិក​ចំពោះ​ជន​បរ​ទេស​ដែល​មាន​មុខ​របរ​ចំនួន​១៨​ ត្រូវ​​ហាម​ឃាត់​។​ ថ្ងៃ​ទី​២៦ រដ្ឋា​ភិបាល​សង្គម​ទី​៩ គឺ​រដ្ឋា​ភិបាល​ ស៊ឹម វ៉ា​។ ខែ​សីហា ថ្ងៃ​ទី​១១ ការ​ជជែក​ត​ទល់​គ្នា​ជា​សាធា​រណៈ និង​ ចាក់​ផ្សាយ​តាម​វិទ្យុ​រវាង​ សីហនុ និង​ អ្នក​ដឹក​នាំ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ចំនួន​ប្រាំ​នាក់​ ដែល​ក្នុង​នោះ​មាន​វត្ដ​មាន​ទ្រង់​ ភូរី​ដារ៉ា​ ដែរ​។ ពេល​ចប់​កិច្ច​ប្រជុំ​អ្នក​ទាំង​ប្រាំ​​ត្រូវ​ទាហាន​រក្សា​វាំង​វាយ​ធ្វើ​បាប​រហូត​ដល់​មាន​របួស​ជា​ទំងន់​។ ការ​តាម​វាយ​ប្រហារ​លើ​ពួក​គណ​បក្ស​ប្រជា​ធិ​ប​តេយ្យ​ចេះ​តែ​មាន​បន្ដ​អស់​រយ​ពេល​បី​ថ្ងៃ​។​ គណ​បក្ស​ប្រជា​ធិប​តេយ្យ​ក៍​ត្រូវ​រលាយ​បាត់​។ ដប់​ឆ្នាំ​ក្រោយ​មក​ គេ​​ឃើញ​អតីត​សមា​ជិក​ប្រជា​ធិតេយ្យ​ខ្លះ​ៗ ក្លាយ​ជា​ពួក​សាធា​រណ​រដ្ឋ ហើយ​ខ្លះ​ទៀត​ជា​ពួក​កុំមុយ​និស្ដ។​ ថ្ងៃ​ទី​២០ សីហនុ សម្ពោធន៍ ផ្ទះ​កម្ពុ​ជា​ដែល​ស្ថិត​នៅ​ក្នុង​បរិ​វេណ​បូរី​និស្សិត​នៅ​ក្រុង​បារីស​។

ខែ​កញ្ញា ថ្ងៃ​ទី​៥ ការ​បង្កើត យុវជ​ន​សង្គម​រាស្រ្ដ​និយម​ខ្មែរ ថ្ងៃ​ទី​៦ ច្បាប់​ប្រកាស​អព្យា​ក្រិត​ភាព​នៃ​ប្រទេស​កម្ពុជា​។

ព្រឹត្ដការណ៍ឆ្នាំ១៩៥៨
ខែមករា ពីថ្ងៃទី៤ ដល់​ថ្ងៃទី​៦ សមាជ​សង្គម​លើក​ទី​៦ មាន​ការ​តិះ​ទៀន​យ៉ាង​ខ្លាំង​ចំពោះ​លោក ស៊ឹម វ៉ា។ ថ្ងៃទី​២១ រដ្ឋា​ភិបាល​សង្គម​ទី​១០ គឺ​រដ្ឋា​ភិបាល ប៉ែន នុត​។ ថ្ងៃ​ទី​២៦​ ការ​ធ្វើ​ប្រជា​មតិ​លើ​ច្បាប់​បោះ​ឆ្នោត​។ សិទ្ធិ​បោះ​ឆ្នោត​របស់​នារី​ត្រូវ​បាន​ការ​អនុមតិ​ដោយ​សំលេង​ឆ្នោត​គាំ​ទ្រ​ ៩៩,៩៥%​។

ខែ​មិនា ថ្ងៃ​ទី​២៣ ការ​បោះ​ឆ្នោត​សភា​ធម្ម​នុញ្ញ​។ ជា​លើក​ទី​១​ ដែល​នារី​ខ្មែរ​បាន​ចូល​រួម​បោះ​ឆ្នោត​។ មាន​គណ​បក្ស​ពីរ​ចូល​រួម​ប្រ​កួត គឺ​គណ​បក្ស​សង្គម​រាស្រ្ដ​និយម​ និង​ គណ​បក្ស​ប្រជា​ជន​។ បេក្ខ​ជន​ឈរ​ឈ្មោះ​ទាំង​អស់​ ពី​គណ​បក្ស​សង្គម​ត្រូវ​បាន​ សីហនុ ជា​អ្នក​ជ្រើស​រើស​ដោយ​ផ្ទាល់ ដែល​ភាគ​ច្រើន​ជា​បេក្ខ​ជន​ដែល​មាន​វ័យ​ក្មេង​ និង​មាន​សមត្ថ​ភាព​ជាង​មុន​ ដូច​ជា ហ៊ូ យន់ ហ៊ូនឹម ជា​ដើម​ (ជា​បេក្ខ​ជន​ខេត្ដ​កំពង់​ចាម)​។ ដោយ​មាន​ការ​គៀប​សង្កត់​ជា​ច្រើន​លើក​ច្រើន​សារ​ពី​ពួក​ប៉ូ​លិស​ គណ​បក្ស​ប្រជា​ជន​ មាន​លទ្ធិ​​ភាព​ឈរ​ឈ្មោះ​តែ​មួយ​មណ្ឌល​តែ​ប៉ុណ្ណោះ ​(បេក្ខ​ជន​ឈ្មោះ កែវ មាស​ប្រចាំ​មណ្ឌល​ភ្នំ​ពេញ​ត្រូវ​លាក់​ខ្លួន​នៅ​ស្រុក​ស្រែ)​។ ក្នុង​គ្រប់​យុទ្ធ​នា​ការ​ ឃោស​នា​រក​សំលេង​របស់​គណ​បក្ស​សង្គម​ គឺ​​ផ្ដោត​ទៅ​លើ​ការ​ប្រឆាំង​ នឹង គណ​បក្ស​ប្រជា​ជន​។ គណ​បក្ស​សង្គម ឈ្នះ​បាន​កៅ​អី​ទាំង​អស់​នៅ​ក្នុង​សភា​។​

ខែមេសា ថ្ងៃ​ទី២៩ រដ្ឋា​ភិបាល​សង្គម​លើក​ទី​១១ រដ្ឋា​ភិបាល​ ស៊ឹម វ៉ា។
ខែ​មិថុនា​ ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​២៥​ កង​ពល​ធំ​យួន​ខាង​ត្បូង​ជា​ច្រើន​បាន​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​ចំងាយ​១៥​គម គឺ​ភាគ​ខាង​ត្បូង​ឈៀង​ខាង​កើត​ខេត្ដ​ ស្ទឹង​ត្រែង​។ បើ​តាម​កា​សែត​ ប៉ង់​តា​ហ្គោន​ នេះ​ជា​កាយ​វិការ​សំលុត​ស្ដេច សីហនុ អោយ​ប្រកាន់​យក​អិរិ​យា​បថ​ខាង​អាមេ​រិក​កាំង​។ ការ​​បរាជ័យ​នៃ​ផែន​ការ​នេះ​បាន​ធ្វើ​អោយ​ពួក​សេ​អ៊ី​អា​ចាប់​ ផ្ដើម​សិក្សា​ផែន​ការ​ទំលាក់​សីហនុ​។​

ខែ​កក្កដា ថ្ងៃ​ទី​១០ រដ្ឋា​ភិបាល​សង្គម​ទី​១២ គឺ​ រដ្ឋា​ភិបាល សីហនុ។ ហ៊ូ យន់ ហ៊ូ នឹម ក៍​ចូល​រួម​ដែរ​។ ថ្ងៃ​ទី​២៤ ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​ចិន​ប្រជា​មានិត​។

​ ខែ​សីហា ថ្ងៃ​ទី១៦ កង​ទាហាន​ថៃ​បាន​បង្ហាញ​ខ្លួន​យ៉ាង​ព្រ​ហើន នៅ​តំបន់​ព្រះ​វិហារ​។ ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​៣ កញ្ញា ការ​ចចារ​ខ្មែរ​ថៃ នៅ​បាង​កក​ស្ដី​អំពី​ប្រាសាទ​ព្រះ​វិហារ​។​ ថៃ​បាន​បដិសេធ​មិន​ទទួល​​ស្គាល់​ ផែន​ទី​នៃ​សិទ្ធិ​សញ្ញា​ឆ្នាំ​ ១៩០៧​ នោះ​ឡើយ​។​ ខែតុលា ថ្ងៃ​ទី​៩ នៅ​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ក្នុង​សន្ទរ​កថា​ ថ្លែង​ទៅ​កាន់​អង្គការ​អាស៊ី​យ៉ា​ហ្វោន​ដេ​សិន ស្ដេច​សីហនុ បាន​ព្យា​យាម​ពន្យល់​ដល់​ប្រជា​ជន​អាមេ​រិកាំង​ អោយ​យល់​អំពី​ភាព​ចាំ​បាច់​នៃ​នយោ​បាយ​អព្យា​ក្រិត​របស់​ប្រ​ទេស​កម្ពុជា​។​

ខែ​ធ្នូ ថ្ងៃ​ទី​៣០ សម សារី ដែល​ជា​អតីត​ឧប​នាយក​រដ្ឋ​មន្រ្ដី​ អតីត​អែក​អគ្គ​រដ្ឋ​ទូត​ខ្មែរ​ប្រចាំ​ទី​ក្រុង​ឡុង​ និង​ ជា​អ្នក​និយម​អា​មេ​រិកាំង​នោះ​ បាន​បង្កើត​គណ​បក្ស​ប្រឆាំង​មួយ​ឈ្មោះ​ បង្រួប​បង្រួម​ខ្មែរ​ប្រជា​ធិប​តេយ្យ​។ ក្រោយ​មក​​គាត់​បាន​រត់​គេច​ទៅ​សៃ​ហ្គង​។ នៅ​ឆ្នាំ ១៩៦៣ ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ប្រទេស​ថៃ​ ហើយ​ត្រូវ​បាន​គេ​សម្លាប់​​នៅ​ប្រទេស​លាវ​។​

ព្រឹត្ដការណ៍ឆ្នាំ១៩៥៩
ខែមករា ថ្ងៃទី​១៣ សីហនុ បរិ​ហារ​រិះ​គន់​ផែន​ការ​ក្បត់​ប្រឆាំង​ នឹង ព្រះ​អង្គ​​របស់​ក្រុង​បាង​កក ដោយ​បាន​ជួយ​ជ្រោម​ជ្រែង​សម​សារី​។ ថ្ងៃ​ទី​១៩ ពិធី​សំភោធន៍​អាកាស​យាន្ដ​អន្ដរ​ជាតិ​ពោ​ចិន​តុង​ ដែល​បាន​សាង​សង់​ឡើង​ក្រោម​ជំនួយ​ឧបត្ថម្ភ​ប្រាក់​ពី​ប្រទេស​បារាំង​។​ ខែ​កុម្ភ ថ្ងៃ​ទី​១៧ រដ្ឋា​ភិបាល​សង្គម​ទី​១៣​ គឺ​រដ្ឋា​ភិបាល​​សីហនុ​។ ថ្ងៃ​ទី​១៩ តាម​រយៈ​ការ​ផ្ដួច​ផ្ដើម​គំនិត​របស់​ធនាគា​ជាតិ​ រដ្ឋា​ភិបាល​បាន​បង្កើត​អោយ​មាន​ជា​ផែន​ការ​គ​ណេនយ្យ​ទូ​​ទៅ​មួយ​។ ថ្ងៃ​ទី​២០ ការ​បង្កើត​អោយ​មាន​បំនង​ទាក់​ទង​ការ​ទូត​ឡើង​វិញ​ជា​មួយ​ប្រទេស​ថៃ បន្ទាប់​ពី​មាន​ការ​សម្រប​សំរួល​​ របស់​អង្គការ​សហ​ប្រជា​ជាតិ​​។ ថ្ងៃ​ទី​២២ ផែន​ការ​ក្បត់​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ ដាប ឈួន​ចៅ​ហ្វាយ​ខេត្ដ​សៀម​រាប​ ដើម្បី​ប្រឆាំង​ សីហនុ​ ត្រូវ​បែក​ការ​ហើយ​ ដាប ឈួន ត្រូវ​គេ​សំលាប់​នៅ​ថ្ងៃ​ទី​៣​ ខែ​មិនា​។ ក្នុង​ផែន​ការ​នេះ​មាន​ការ​លូក​ដៃ​ចូល​ពី​ អា​មេ​រិក​ថៃ​ និង យួន​ខាង​ត្បូង​។ ស៊ីវ​ ហេង ដែល​ជា​អគ្គ​លេខា​នៃ​បក្ស​ប្រជា​ជន​បដិ​វត្ដន៍​ខ្មែរ​ បាន​ចុះ​ចូល​ នឹង រដ្ឋា​ភិ បាល​ដោយ​គ្មាន​បាន​អោយ​ដំណឹង​​អ្វី​មុន​ដល់​ជួ​រអ្នក​ដឹក​នាំ​ នៃ គណ​បក្ស​ប្រជា​ជន​បដិ​វត្ដន៍​ឡើយ​ សូម្បី​តែ​ក្មួយ​របស់​គាត់​ឈ្មោះ​ នួន ​ជា ក៏​មិន​បាន​ដឹង​ដែរ​។ ក្រុម​ជន​បណ្ដាញ​នៅ​តាម​ជន​បទ​ដែល​គាត់​ជា​អ្នក​បង្កើត​នោះ​ត្រូវ​បាន​សំលាប់​ចោល​អស់​។​

ខែ​មិនា ​ថ្ងៃ​ទី​១៣ រដ្ឋា​ភិបាល​សង្គម​ទី​១៤ គឺ​រដ្ឋា​ភិបាល​សីហនុ​។
ខែ​កក្កដា ថ្ងៃ​ទី​២២​ ពិធី​​សំភោធន៍​ផ្លូវ​ជាតិ​ ភ្នំពេញ​ក្រុង​សីហនុ ដែល​គេ​ហៅ​ថា​ផ្លូវ​អា​មេ​រិកាំង​ ដោយ​មាន​ជំនួយ​​ថវិ​ការ​ពី​សហ​រដ្ឋ​។
ខែ​សីហា ថ្ងៃ​ទី​៣ នៅ​សៃ​ហ្គន មាន​ការ​ជួប​គ្នា​រវាង​​សីហនុ និង​ ងោ ឌីញ​ឌៀម​។ អា​យួន​នេះ​បាន​ទាម​ទារ​យក​​កោះ​ នៅ​តាម​ឆ្នេរ​សមុទ្រ​ខ្មែរ​។​ ថ្ងៃ​ទី​៣១ ស្ដេច​សុរា​ម្រិត​ ម្ចាស់​ក្សត្រីយ៍ កុសមៈ​ និង សីហនុ បាន​គេច​ផុត​ពី​ការ​ដាក់​គ្រប់​បែក​អោយ​ផ្ទុះ​មួយ​ នៅ​ក្នុង​បរិ​វេណ​រាជ​វាំង​ និង​ បុគ្គ​លិក​ពីរ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​សំលាប់​។ អំពើ​នេះ​ត្រូវ​បាន​សន្មត់​ថា​ ជា​សកម្ម​ភាព​របស់​ពួក​ខ្មែរ​សេរី​ រឺ​របស់​លោក​ សម ​សារី​។​

ខែតុលា សឹង ង៉ុកថាញ់ ដែល​កំពុង​ស្នាក់​នៅ​អែ​សៃ​ហ្គន​នោះ បាន​បោះ​ផ្សាយ​នូវ​សន្ទរ​កថា​មួយ​នៃ​ចលនា​ពួក​ខ្មែរ​សេរី​។ ថ្ងៃ​ទី​១១ ឃាត​កម្ម​លើរូប​លោក ណុប បួ​ផាន់​ នាយក​កាសែត​ប្រជា​ជន​។

ខែ​វិច្ឆិកា​ ថ្ងៃ​ទី​​២២ ការ​​ចេញ​ផ្សាយ​លេខ​ដំបូង​របស់​កា​សែត ឡុប​ស៊ែវា​ទ័រ ដែល​គ្រប់​គ្រង​ដោយ​ ខៀវ​ សំផន​។ ពី​ថ្ងៃ​​ទី​៣០ ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី៦​ ខែ​តុលា​ ពាក្យ​បណ្ដឹង​ទាមទារ​ប្រាសាទ​ព្រះ​វិហារ​បស់​រដ្ឋាភិ​បាល​កម្ពុ​ជា​ប្ដឹង​ទៅ​ តុលា​ការ​អន្ដរ​ជាតិ​។ ថ្ងៃ​ទី​២៩ ធ្វើ​ប្រជា​មតិ ហើយ​សភា​នេះ​មិន​ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​ជា​ថ្មី​វិញ​ឡើយ​។​