ថ្ងៃសៅរ៍ ទី21.មេសា 2018.ម៉ោង 7:28
ផែនដី ព្រះស្ដេចកន (ត) លេខ ១៦

ក្រោយ​ពី​នោះ​មក​ ទ្រង់​ព្រះ​តម្រិះ​យល់​ថា ​:​ ការ​សឹក​សង្គ្រាម​នៅ​វែង​ឆ្ងាយ​ណាស់​ទៅ​ទៀត​ឯ​មុខ​ដំរី​សឹក​ ក៏​នៅ​តិច​ ទូក​ចម្បាំង​ គ្រឿង​សស្ត្រា​វុធ​ ក៏​នៅ​ពុំ​ទាន់​ធួន​ការណ៍​ បើ​ទ្រង់​ត្រាស់​បង្គាប់​ក្រុម​ហ្ម​ថៅ​ និង​ ហ្ម​ទាំង​ពួង​ ឲ្យ​ចេញ​ទៅ​ទាក់​ដំរី​ ទ្រង់​បង្គាប់​ជាង​ទូក​ ឲ្យ​រក​ឈើ​មក​ធ្វើ​ទូក​ចម្បាំង​ឲ្យ​ច្រើន​ ទ្រង់​បង្គាប់​ជាង​ដែក​ឲ្យ​សិត​កាំ​ភ្លើង​ និង​ លំពែង​ ដាវ​ ផ្គាក់​ ឲ្យ​បាន​ច្រើន​ ទ្រង់​បង្គាប់​ក្រុម​សេះ​ ឲ្យ​ទិញ​សេះ​មក​បន្ថែម​ទៀត​។​ ទ្រង់​បង្គាប់​ភ្នាក់​ងារ​ដំរី​ថា​ ការ​ដែល​ នឹង ចាំ​ឲ្យ​ហ្ម​ទៅ​ទាក់​ដំរី​នោះ​ ឃើញ​ថា​យឺត​យូរ​ពុំ​ទាន់​កា​រណ៍​ទេ​។​ យើង​ត្រូវ​តែ​ឲ្យ​ទិញ​ដំរី​ពី​ស្រុក​លាវ​ យក​មក​បង្ហាត់​ ឲ្យ​បាន​ជា​ដំរី​សឹក​ ឲ្យ​ស្ទាត់​ទាំង​ព្រេច​ ទាំង​ជាន់​ ទាំង​ជល់​ ឲ្យ​បាន​ជា​ច្រើន​។

​ លុះ​ចូល​រដូវ​ភ្លៀង​ធ្លាក់​ហើយ​ ទ្រង់​បើក​កង​ទ័ព​ ឲ្យ​ទៅ​ធ្វើ​ស្រែ​ចំការ​ ដាក់​ឲ្យ​មាន​មេ ​មាន​នាយ​ត្រួត​ត្រា​ ធ្វើ​ឲ្យ​បាន​ច្រើន​។ ស្រូវ​ក្នុង​ឆ្នាំ​នោះ​ បង្កើត​ផល​ចម្រើន​ឡើង​បាន​ ១ ជា ៥ ជា ៦ ភាគ​ កត់​យក​ជា​ពន្ធ​ដាក់​ឃ្លាំង​ សម្រាប់​សេនា​ទាហាន​ មិន​ឲ្យ​អត់​ឃ្លាន​។

លុះ​ចេញ​ព្រះ​វស្សា​រួច​ ដល់​ខែ​មិគ​សិរ​ ឆ្នាំ​ថោះ​នោះ​ ព្រះ​អង្គ​យក​ព្រះ​ក្សត្រី​ ព្រះ​វង្ស​ធំ​ (1)លើក​ឡើង​ជា​ព្រះ​អគ្គម​ហេសី​ ទ្រង់​ព្រះ​នាម​ សម្ដេច​ព្រះ​ភគ​វតី​ សិរី​ចក្រពត្តិ​ ហើយ​ព្រះ​អង្គ​ទ្រង់​តែង​តាំង​ឲ្យ​មាន​ ព្រះ​ស្នំ​ឯក​ ទោ​ ត្រី​ ចត្វា​ ឲ្យ​មាន​យស​ស័ក្ដិ​ធំ​តូច​តាម​លំដាប់​។

ឯ​ សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ជា​ម្ចាស់​ផែន​ដី​ ត្រើយ​ខាង​កើត​ កាល​ទ្រង់​ជ្រាប​ថា ​:​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ យក​បាន​ផែន​ដី​ ខេត្ត​ខាង​លិច​ទាំង​អស់​ហើយ​ ចៅ​ពញា​លំពាំង​ ចៅ​ពញា​ស្រាល​ ក៏​ស្លាប់​ក្នុង​សង្គ្រាម​អស់​ ចៅ​ពញា​វាំង​ ក៏​មាន​រោគ​អនិច្ច​កម្ម​ទៅ​ទាំង​អស់​គ្នា​ទៅ​ទៀត​ ទ្រង់​ព្រះ​ពិរោធ​ណាស់​ ទើប​ទ្រង់​រើស​ព្រះ​ញាតិ​ខាង​ព្រះ​អង្គ​មក​តាំង​ឡើង​ជា​ថ្មី​ :​

  • ១. ឈ្មោះ ព្រំតាំងជាចៅពញាវៀង "ទីយមរាជ"
  • ២. ឈ្មោះ ជុំ តាំងជាចៅពញាវាំង "ទីវាំង"
  • ៣. ឈ្មោះ ជោត តាំងជាចៅពញាស្រាល "ទីក្រឡាហោម"
  • ៤. ឈ្មោះ ពេញ តាំងជាចៅពញាលំពាំង "ទីចក្រី"

ហើយ​ទ្រង់​បង្គាប់​សេនា​ទាំង​ ៤​​នេះ​ឲ្យ​ចេញ​សំបុត្រ​ប្រាប់​ទៅ​ចៅ​ហ្វាយ​ស្រុក​ គ្រប់​ខែត្រ​ ដែល​ឡើង​ព្រះ​អង្គ​ទិស​ខាង​កើត​ ទិស​អគ្នេយ៍​ទាំង​ប៉ុន្មាន​ឲ្យ​កេណ្ឌ​កង​ទ័ព​ឲ្យ​បាន​ច្រើន​។​ ចៅ​ហ្វាយ​ស្រុក​ទាំង​នោះ​ ទទួល​ព្រះ​រាជ​បង្គាប់​ហើយ​ ក៏​កេណ្ឌ​បាន ៨០០០០ នាក់​ មក​ជួប​ជុំ​តាម​ព្រះ​រាជ​កំណត់​គ្រប់​ប្រការ​។​ ខណៈ​នោះ​ ព្រះ​ស្រី​ជេដ្ឋា​ ស្ដេច​ចាត់​សម្ដេច​ចៅ​ហ្វា​កៅ ​ជា​មា​ ឲ្យ​នៅ​ចាំ​រក្សា​ព្រះ​នគ​រ ​ជា​មួយ​ នឹង ចៅ​ពញា​វាំង​ ចាត់​ចៅ​ពញា​វៀង​ (ព្រំ) ​និង​ សេនា​ទាហាន​រេហ៍​ពល​ ១៥០០០ នាក់​ ជា​ទ័ព​មុខ​ ចាត់​ចៅ​ពញា​លំពាំង​ ឲ្យ​ឃុំ​ពល​ ១០០០០ នាក់ ​ជា​ប៉ែក​ឆ្វេង​ ចាត់​ចៅ​ពញា​យោធា​ធិបតី​ (នួន​)​ ឃុំ​រេហ៍​ពល ១០០០០ នាក់​ ជា​ប៉ែក​ស្ដាំ​ ចាត់​ចៅ​ពញា​មហា​សេនា​ "ទន់"​ ឃុំ​រេ​ហ៍​ពល​ ១០០០០ នាក់​ជា​ទ័ព​ក្រោយ​។ ព្រះ​អង្គ​ឯង​ឡើង​គង់​ព្រះ​ទី​នាំង​ព្រម​ដោយ​ស្វេត​ឆ័ត្រ​ ចាមរ​ បៃ​មន​ សែន​ត្វាន់​ អភិ​រម្យ​ ឃុំ​រេហ៍​ពល​ ២០០០០ នាក់ លើក​ចេញ​ទៅ​ជា​ទ័ព​ហ្លួង​។​ ទ្រង់​ចាត់​ចៅ​ពញា​ស្រាល​ និង​ ចៅ​ពញា​វិបុល​រាជ​ ឃុំ​រេហ៍​ពល​ ២០០០០ នាក់ ​ចុះ​ទូក​ចម្បាំង​ ៣០០ លើក​ចេញ​ទៅ​ ទាំង​ជើង​ទឹក​ ជើង​គោក​។​ ខណៈ​នោះ​ទ័ព​ជើង​ទឹក​ទៅ​ចត​ទូក​បោះ​ទ័ព​នៅ​កំពង់​ព្រែក​ពោធិ៍​។ ទ័ព​ជើង​គោក​ បោះ​ទ័ព​ហ្លួង​ នៅ​ភូមិ​មាន​ឃ្មុង​ ក្នុង​ខែត្រ​ត្បូង​ឃ្មុំ​។ ទើប​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ជា​អម្ចាស់​ផែន​ដី​ត្រើយ​ខាង​កើត​ ក្រុង​ស្រឡប់​ពិជ័យ​ព្រៃ​នគរ ត្រាស់​បង្គាប់​ចៅ​ពញា​វៀង​ ចៅ​ពញា​លំពាំង​ ឲ្យ​លើក​កង​ទ័ព​ ឆ្លង​ទៅ​ចោម​វាយ​បន្ទាយ​កំពង់​សៀម​។​

ចៅ​ពញា​មន្ត្រី​ភក្ដី​ ចៅ​ហ្វាយ​ស្រុក​ និង​ ក្រម​ការ​ខែត្រ​កំពង់​សៀម​ (2) ដឹង​ហើយ​ក៏​ឲ្យ​កេណ្ឌ​កង​ទ័ព​រក្សា​នាទី​បន្ទាយ​យ៉ាង​មាំ​មួន​ ទើប​ធ្វើ​សំបុត្រ​ចាត់​បម្រើ​ឲ្យ​ទៅ​ជូន​សេនា​បតី​ត្រើយ​ខាង​លិច​ សេនា​បតី​នាំសេច​ក្ដី​ឡើង​ក្រាប​បង្គំ​ទូល​ ទ្រង់​ជ្រាប​គ្រប់​ប្រការ​។​ ព្រះ​បរម​បពិត្រ​ ចៅ​ពញា​ចន្ទ​រាជា​ ជា​អម្ចាស់​ ផែន​ដី​ ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ត្រាស់​បង្គាប់​ឧកញ៉ា​ធម្មា​ធិរាជ​ (ឈឹម) មួយ ឧកញ៉ា​ពិភ័ក្ដិ​និ​វេសន៍​ (កោ)​ មួយ​ ឲ្យ​នាំ​ព្រះ​អគ្គម​ហេសី​ ស្រី​ព្រះ​ស្នំ​ ក្រុម​បរិពារ​ និង​ គ្រប់​គ្រួ​នាម៉ឺន​ សព្វ​មុខ​មន្ត្រី​ ថយ​ទៅ​នៅ​ក្នុង​បន្ទាយ​ ខែត្រ​ពោធិ៍​សាត់​សិន​ ហើយ​ព្រះ​អង្គ​ឲ្យ​សេនា​បតី​ មន្ត្រី​តាម​ក្រសួង​ ចម្លង​រេហ៍​ពល​ ៥០០០០ នាក់​ ដាក់​ទៅ​ត្រើយ​ខាង​កើត​ ចុង​ខែត្រ​អាសន្ទុក​ ព្រម​ដោយ​ សេះ​ ដំរី​។​ ព្រះ​អង្គ​ ស្ដេច​ព្រះ​រាជ​ដំណើរ​ ចុះ​ព្រះ​ទី​នាំង​នាវា​ ឆ្លង​តាម​ទៅ​ដល់​ហើយ​ទ្រង់​ឡើង​ប្រថាប់​លើ​ព្រះ​ពន្លា​ស្រេច​ ទើប​ស្ដេច​ចាត់​កង​ទ័ព​ជើង​ទឹក​ដូច្នេះ :​

១. ឧកញ៉ាវិបុលរាជ ជាទ័ពមុខ ឃុំទូកច្បាំង ១០០ មានរេហ៍ពល ១០០០ នាក់។
២. ឧកញ៉ាបរទេសរាជ ជាប៉ែកឆ្វេង ឃុំទូកចម្បាំង ៥០ មានរេហ៍ពល ៥០០ នាក់។
៣. ឧកញ៉ារាជាបវររាជ ឃុំទូកចម្បាំង ៥០ មានរេហ៍ពល ៥០០ នាក់ជាប៉ែកស្ដាំ។
៤. ឧកញ៉ា ត្រាច ឃុំទូកចម្បាំង ៥០ បានរេហ៍ពល ៥០ នាក់ ជាទ័ពក្រោយ។
៥. ឧកញ៉ាក្រឡាហោម ជាទ័ពហ្លួង ឃុំទូកចម្បាំង ១០០ មានរេហ៍ពល ១០០០ នាក់។
ព្រមដោយគ្រឿងសស្ត្រាវុធ លើក​ទៅ​ បោះ​ទ័ព​នៅ​ភូមិ​ព្រែក​រកា​កោង​។ ទើប​ទ្រង់​ចាត់​ទ័ព​ជើង​គោក​ ត​ទៅ​ទៀត​។​
១. ឧកញ៉ា ចក្រី ឃុំរេហ៍ពល ១០០០០ នាក់ លើកទៅជាទ័ពមុខ។
២. ឧកញ៉ាវង្សាអគ្គរាជ ឃុំរេហ៍ពល ៦០០០ នាក់ ជាប៉ែកស្ដាំ។
៣. ឧកញ៉ារាជតេជះ ឃុំរេហ៍ពល ៦០០០ នាក់ ជាប៉ែកឆ្វេង។
៤. ឧកញ៉ានរិន្ទ្រាធិបតី ឃុំរេហ៍ពល ៦០០០០ នាក់ ជាទ័ពក្រោយ។
៥. ព្រះ​អង្គ​ឯង​ ទ្រង់​ជា​ទ័ព​ហ្លួង​ នាំ​រេហ៍​ពល​ ២០០០ នាក់ ព្រម​ដោយ​សេនា​ទាហាន​រេហ៍​ពល​ ដំរី សេះ និង ស្វេត​ច្ឆ័ត្រ អភិ​រម សែន​ត្វាន់ ត្រៀប​ត្រា​។​
៦. ឲ្យ​ឧក​ញ៉ាយម​រាជ​ ជា​មេ​ទ័ព​ធំ មួយ​កង​ផ្សេង​ ឃុំ​រេហ៍​ពល​ ១០០០០ នាក់​ លើក​ព័ទ្ធ​ ពី​ព្រៃ​ចំការ​លើ​ចុះ​មក​។
៧. ឲ្យ​សម្ដេច​ចៅ​ពញា​យោធា​នរិន្ទ​ ឃុំ​រេហ៍​ពល​ ១០០០០ នាក់ លើក​តាម​ផ្លូវ​ក្រោម​ គឺ​តាម​មាត់​ព្រៃ​ខាង​លិច​ កំណត់​ឲ្យ​ទៅ​ជួប​ជុំ​ នៅ​បន្ទាយ​ខែត្រ​កំពង់​សៀម​។​
៨. ឯ​ទ្រង់​ព្រះ​ករុណា​ពិសេស​ ព្រះ​បរម​បពិត្រ​ ព្រម​ដោយ​សេនា​ទាហាន​ នាយ​កង​ទ័ព​មុ​ខ ក្រោយ​ ឆ្វេង ​ស្ដាំ លើក​តាម​ផ្លូវ​កណ្ដាល​ចេញ​ទៅ​។

តែ​​ដោយ​ហេតុ​ថា​ ផ្លូវ​នោះ​មាន​ទឹក​ច្រើន​ណាស់​រេហ៍​ពល​ធ្វើ​ដំណើរ​យឺត​យូរ​ពេក​ ក៏​ចៅ​ពញា​លំពាំង​ ចៅ​ពញា​យោធា​ធិបតី​ មេ​ទ័ព​ស្ដេច​ខាង​កើត​ ដែល​ចោម​វាយ​បន្ទាយ​ ខែត្រ​កំពង់​សៀម​នោះ ​វាយ​បែក​បន្ទាយ​នេះ​មួយ​ថ្ងៃ​មុន​។​ លុះ​ព្រះ​រាជ​ដំណើរ​ទ័ព​ទៅ​ដល់​ហើយ​ ស្ដេច​ឲ្យ​រេហ៍​ពល​ឡើង​រក្សា​នាទី​ បន្ទាយ​មាំ​មួន​។​ ក្នុង​គ្រា​ ដែល​ស្ដេច​ព្រះ​រាជ​ដំណើរ​ទ័ព​ ទៅ​ប្រថាប់​នៅ​ប្រាសាទ​គុហ៌​ពង្រ​នោះ​ក៏​ស្រាប់​តែ​លេច​ឃើញ​ ចៅ​ពញា​មន្ត្រី​ភ័ក្ដី​ និង ក្រម​ការ​ខេត្ត​កំពង់​សៀម​​ ចូល​ក្រាប​បង្គំ​យំ​ថ្វាយ​ទោស​ថា​ ព្រះ​ស្ដេច​កន​ឲ្យ​ចៅ​ពញា​លំពាំង​ និង​ ពញាយោ​ធាធិ​បតី​ លើក​កង​ទ័ព ៤០០០០ នាក់ ​មក​ចោម​វាយ​បន្ទាយ​នោះ​ ​១៦ ​ថ្ងៃ យ៉ាង​សាហាវ​ក្រៃ​ពេក​កង​ទ័ព​ក្នុង​បន្ទាយ​តែ​ ១០០០០ នាក់​ ហើយ​ខ្វះ​ខាត​ដោយ​ស្បៀង​អាហារ​ផង​ ទ្រាំ​ពុំ​បាន​ ទើប​បាន​ជា​បែក​ទ័ព​ រត់​មក​ជ្រក​ក្រោម​បុណ្យ​បារមី​នេះ​។ ព្រះ​បាទ​បរម​នាថ​ បរម​បពិត្រ​ ជា​ម្ចាស់​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​មាន​ព្រះ​រាជ​បន្ទូល​ពិសេស​ថា​ :​ ដែល​យើង​យឺត​យូរ​ ក្រ​មក​ជួយ​អ្នក​នេះ​ ពី​ព្រោះតាម​ផ្លូវ​ មាន​ទឹក​ច្រើន​ណាស់​ ហេតុ​នេះ​ហើយ​ បាន​ជា​សត្រូវ​វាយ​បែក​បន្ទាយ​អ្នក​ទាំង​អស់​គ្នា​។ ការ​បាត់​បង់​ជោគ​ជ័យ​នេះ​ មិន​មែន​ជា​កំហុស​ឧកញ៉ា ​និង ក្រម​ការ​ខេត្ត​ធ្វេស​ប្រហែស​ទេ​ គឺ​ចំពោះ​ជា​កំហុស​ពី​យើង​ ដើរ​កាត់​យឺត​ យូរ​ពេក​ មក​ពុំ​ទា​ន់​ ពុំ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នាមា​ន​ទោស​ទេ​។ ស្អែក​នេះ ​យើង​នឹង​វាយ​បន្ទាយ​នោះ​ឲ្យ​បាន​វិញ​ ចូរ​កុំបា​រម្ភ​ឡើយ​។​

ចៅ​ពញា​មន្ត្រី​ភ័ក្ដី​ និង​ ក្រម​ការ​ទាំង​អស់​ឮ​ព្រះ​បន្ទូល​ ទ្រង់​ព្រះ​មេត្តា​ប្រោស​លើក​ទោស​ដូ​ច្នោះក៏​ត្រេក​អរ​ណាស់​។ លុះ​ព្រឹក​ឡើង​ ព្រះ​បរម​បពិត្រ​ ទ្រង់​ចាត់​កល​ឧបាយ​ប្រាប់​នាយ​ទ័ព​ នាយ​កង​ឲ្យ​ដឹង​ ឲ្យ​ធ្វើ​តាម​គ្រប់​គ្នា​ ហើយ​ទ្រង់​ចាត់​ឲ្យ​បម្រើ​សេះ​ ចេញ​ទៅ​ជា​ពីរ​ផ្លូវ​ ទៅ​ប្រាប់​សម្ដេច​ចៅ​ពញា​យោធា​នរិន្ទ​មួយ​ផ្លូវ​ ទៅ​ប្រាប់​ឧក​ញ៉ា​យម​រាជ​មួយ​ផ្លូវ​ ឲ្យ​លើក​ទ័ព​វាយ​ប្រសប់​ចូល​មក​។​ ឯ​ឧកញ៉ា​វង្សា​អគ្គ​រាជ​ ឧក​ញ៉ា​រាជ​តេជះ​ ឃុំ​រេហ៍​ពល​របស់​ខ្លួន​ ហើយ​ក៏​លើក​ទៅ​ចោម​បន្ទាយ​កំពង់​សៀម​ តាម​ត្រាស់​បង្គាប់​។​ ខណៈ​នោះ​ ចៅ​ពញា​លំពាំង​ យោធា​ធិប​តី​ មេ​ទ័ព​ សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ឃើញ​ហើយ​ក៏​លើក​ទ័ព​ចេញ​មក​ត​។​ ទ័ព​ទាំង​សង​ខាង​ បាន​ច្បាំង​គ្នា​យូរ​បន្តិ​ច​មក​ ឧក​ញ៉ា​វង្សា​អគ្គ​រាជ​ ឧក​ញ៉ា​រាជ​តេជះ​ ក៏​ក្លែង​ធ្វើ​ជា​ចាញ់​ ហើយ​នាំ​កង​ទ័ព​រត់​ទៅ​ដល់​ភូមិ​សៀម​បោយ​។​ ឧក​ញ៉ា​ចក្រី​ ឧក​ញ៉ា​នរិន្ទ​នាយក​ (3) ដែល​បង្កប់​ទ័ព​ចាំ​នៅ​ទី​នោះ​ ឃើញ​ទ័ព​សត្រូវ​មក​ដល់​ហើយ​ក៏​ដេញ​កង​ទ័ព​របស់​ខ្លួន​ ស្ទាក់​ព័ទ្ធ​ ពី​ឆ្វេង​ ពី​ស្ដាំ​។ ឧក​ញ៉ា​វង្សា​អគ្គ​រាជ​ ឧក​ញ៉ា​រាជ​តេជះ​ ក៏​កាល​ពល​ទ័ព​ ឲ្យ​រា​មក​ត​វិញ​។ ទ័ព​សត្រូវ​ទាំង​ពីរ​កង​ ដែល​ដេញ​ទៅ​នោះ​ ក៏​ត្រឡប់​ជា​នៅ​កណ្ដាល​ កង​ទ័ព​ហ្លួង​ខាង​លិច​។​ លុះ​ឃើញ​ថា​ ទ័ព​ខាង​នេះ​ច្រើន​លើស​កំលាំង​នឹង​ត​ស៊ូ​ពុំ​បាន​ មេ​ទ័ព​សត្រូវ​នោះ​ ក៏​នាំ​កង​ទ័ព​ខ្លួន​វាយ​បែក​ការ​ឡោម​ព័ទ្ធ​ ហើយ​ចេញ​មក​ដល់​ព្រៃ​មួយ​អន្លើ​ ជា​ខាង​កើត​ភូមិ​សៀម​បោយ​នោះ​ប្រមាណ​ ៣៥ ​សិន​។ ខណៈ​នោះ​ព្រះ​បរម​បពិត្រ​ ព្រះ​អង្គ​ទ្រង់​បរ​ព្រះ​ទីនាំង​ពិជ័យ​គជេន្ទ្រ​ នាំ​យោធា​ចេញ​ពី​ព្រៃ​ ស្ទាក់​ទ័ព​ចៅ​ពញា​លំពាំង​ ចៅ​ពញា​យោធា​ធិបតី​ជាប់​។​ មេ​ទ័ព​សត្រូវ​ក៏​ទទួល​ត​តាំង​ច្បាំង​គ្នា​ជា​មាំមួន​ ដោយ​អាវុធ​វែង​ខ្លី​។ ឯ​អស់​ពួក​ពល​ខាង​ទ័ព​ចៅ​ពញា​លំពាំង​ និង​ យោធា​ធិបតី​ កាល​ឃើញ​សម្ដេច​ ​ព្រះ​អង្គ​ចន្ទ​រាជា​ គង់​លើ​ដំរី​ស​សុទ្ធ​ហើយ​ ក៏​ចេះ​តែ​នឹក​ថា​ ព្រះបរម​បពិត្រ​អង្គ​នេះ​ហើយ​ ដែល​គេ​ហៅ​ថា​ជា​អ្នក​មាន​បុណ្យ​ មាន​តេជះ​។​ មិន​យូរ​ប៉ុន្មាន​ពួក​ពល​ទាំង​នោះ​​ ក៏​បោះ​ចោល​គ្រឿង​សស្ត្រា​វុធ​ពី​ដៃ​ ហើយ​រត់​ចូល​ទៅ​ថ្វាយ​បង្គំ​សុំ​ព្រះ​រាជ​ទាន​ ឲ្យ​អភ័យ​ទោស​។​ ព្រះ​អង្គ​ ក៏​ទ្រង់​លើក​ទោស​ឲ្យ​ទាំង​អស់​ ឯ​ចៅ​ពញា​​លំពាំង​ ចៅ​ពញា​យោធា​ធិបតី​ ទាល់​គំនិត​នឹង​ច្បាំង​ ត​ទៅ​ទៀត​ពុំ​កើត​ ក៏​គេច​ចូល​ក្នុង​ព្រៃ​អារ​ក​ខ្លួន​ឯង​ស្លាប់​ទាំង​ពីរ​នាក់​ទៅ​។​

ព្រះបរម​បពិត្រ​ ខត្តិ​យា​មហា​ចន្ទ​រាជា​ ទ្រង់​យល់​បាត់​មេ​ទ័ព​ ខាង​សត្រូវ​ទាំង​ពីរ​នាក់​ហើយ​ ទ្រង់​ឲ្យ​សេនា​ទា​ហាន​ ដេញ​តាម​រក​សព្វ​ព្រៃ​។​ លុះ​ឃើញ​ថា​ ស្លាប់​ហើយ​ សេនា​ទាហាន​ ក៏​កាត់​ក្បាល​យក​ទៅ​ក្រាប​បង្គំ​ទូល​ ថ្វាយ​ព្រះ​បរម​បពិត្រ​។​ គ្រា​នោះ​ទ្រង់​ត្រាស់​ឲ្យ​ដោយ​ក្បាល​ មេ​ទ័ព​សត្រូវ​ទាំង​ពីរ​នាក់​នោះ​ ទុក​ជា​បំរាម​។​ ឯ​សម្ដេច​ចៅ​ពញា​យោ​ធា​នរិន្ទ​១​ ឧក​ញ៉ា​យម​រាជ​១​ ជា​មេ​ទ័ព​ដែល​ចេញ​ទៅ​ទាំង​ពីរ​ផ្លូវ​ លុះ​ដឹង​សេច​ក្ដី​ដោយ​ព្រះ​រាជ​បំ​រើ​ ជិះ​សេះ​ទៅ​ប្រាប់​ហើយ​ ក៏​លើក​កង​ទ័ព​ស្រូត​ទៅ​ដល់​ទី​ណាត់​ ហើយ​ចោម​បន្ទាយ​កំពង់​សៀម​។​ ខណៈ​នោះ​ ចៅ​ពញា​មហា​សេនា​ មេ​ទ័ព​ខាង​ស្ដេច​ត្រើយ​ឯ​កើត​ ដែល​នៅ​រក្សា​បន្ទាយ​នោះ​ លុះ​ឃើញ​ហើយ​ ក៏​ដេញ​រេហ៍​ពល​ឲ្យ​ឡើង​រក្សា​នាទី​បន្ទាយ​ តែ​ដោយ​ពល​ខ្លួន​តិច​ យល់​ថា​ នឹង ស៊ូ​ពុំ​បាន​ ក៏​នាំ​ពួក​ពល​ ចេញ​ពី​បន្ទាយ​ទៅ​ចុះ​ទូក​ តែ​ចុះ​ជា​បន្ទាន់​ពេក​ ទូក​ ក៏​ភ្លូក​លិច​ទៅ​អស់​ជា​ច្រើន​ ពល​រេហ៍​ធ្លាក់​ស្លាប់​ក៏​ច្រើន​ ស្លាប់​ទាំង​ចៅ​ពញា​មហា​សេនា​ផង​។​

ឯ​ព្រះ​បរម​បពិត្រ​ ព្រះ​អង្គ​ធ្វើ​សង្គ្រាម​មាន​ជ័យ​ហើយ​ ព្រះ​អង្គ​ត្រឡប់​មក​បន្ទាយ​កំពង់​សៀម​វិញ​។​ សម្ដេច​ចៅ​ពញា​យោ​ធា​នរិន្ទ​ និង ឧក​ញ៉ា​យម​រាជ​ ឃើញ​ស្ដេច​ព្រះ​រាជ​ដំណើរ​មក​ដ​ល់​ ក៏​ចេញ​មក​ទទួល​អញ្ជើញ​ស្ដេច​ចូល​ទៅ​ ប្រថាប់​ក្នុង​បន្ទាយ​ហើយ​។​ នៅ​ទី​នោះ ព្រះ​បរម​​បពិត្រ​ ស្ដេច​ត្រាស់​បញ្ចុះ​បញ្ចូល​សេនា​ទាហាន​រេហ៍​ពល​ ដែល​មេ​ទ័ព​ព្រះ​អង្គ​ទាំង​ពីរ​ ចាប់​បាន​មក​ថ្វាយ​នោះ​ ជា​សេច​ក្ដី​ស្រុះ​ស្រួល​ហើយ​ កង​ទ័ព​ទាំង​នោះ​ក៏ទទួល​ខ្លប​ខ្លាច​ អំណាច​ព្រះ​បារមី​ថ្វាយ​ខ្លួន​ជា​ខ្ញុំ​រាជ​ការ​ទាំង​អស់​គ្នា​។​

ព្រះ​ស្រី​ជេដ្ឋា​ ព្រះ​ចៅ​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃ​នគរ​ បាន​ទ្រង់​ជ្រាប​ថា​ បែក​បន្ទាយ​កំពង់​សៀម​​ដូច្នោះ​ហើយ​ ទ្រង់​ត្រាស់​ឲ្យ​បំរើ​ ទៅ​ប្រាប់​ចៅ​ពញា​ស្រាល​ ចៅ​ពញា​វិបុល​រាជ​ ឲ្យ​លើក​កង​ទ័ព​ជើង​ទឹក​ មក​ជួយ​ទ័ព​ជើង​គោក​ទៀត​។ គ្រា​នោះ​ចៅ​ពញា​ស្រាល និង​ពញា​វិបុល​រាជ​ ជា​សេនា​បតី​ សម្រាប់​ឯក​ ភូ​សម្រេច​រាជ​ការ​ ខាង​ជើង​ទឹក​បាន​ដឹង​ហើយ​ ក៏​លើក​កង​ទ័ព​ទៅ​ដល់​ រួច​ក៏​ដេញ​កង​ទ័ព​ជើង​ទឹក​ ឲ្យ​ឡើង​ចោម​បន្ទាយ​ខែត្រ​កំពង់​សៀម​។​

ខណៈ​នោះ​កង​ទ័ព​ហ្លួង​ គ្រប់​កង​ ដេញ​ពួក​ពល​ឲ្យ​ចេញ​ច្បាំង​បាញ់​គ្នា​ដោយ​កាំ​ភ្លើង​ធំ​តូច​ សូរ​សន្ធឹក​កក្រើក​រំពើក​ទាំង​ប្រថពី​។​ ឯ​ឧក​ញ៉ា​ក្រឡា​ហោម​ ឧក​ញ៉ា​វិបុល​រាជ​ សេនា​ សេនា​បតី​ សម្រេច​រាជ​ការ​ ហ្លួង​ត្រើយ​ខាង​លិច​ ដែល​បាន​បោះ​ទ័ព​នៅ​រកា​កោង​នោះ​ ចែវ​ទូក​ទៅ​ដល់​ភូមិ​អង្គរ​បាន​ ស្រាប់​តែ​ឮ​សូរ​កាំ​ភ្លើង​តូច​ធំ​ ជា​ខ្លាំង​ណាស់​ក៏​ស្រូត​ទៅ​ដល់​កំពង់​ចាម​។​ លុះ​ឃើញ​ទូក​ចម្បាំង​ ខាង​ហ្លួង​ត្រើយ​ឯ​កើត​ហើយ​ ហើយ​ឃើញ​ក្នុង​ទូក​នីមួយ​ៗ មាន​តែ​ពល ​៥ ឬ ៦​ នាក់​នៅ​រក្សា​។ ក្នុង​ ១៥០​ ទូក​នោះ​ មាន​រេហ៍​ពល​តែ ១៥០០ នាក់ ក៏​ឲ្យ​សេនា​ទាហាន​ ចោម​ បាញ់​ ចាក់​ កាប់​សត្រូវ​ទាំង​នោះ​ ឥត​សំចៃ​ដៃ​ឡើយ​។ កង​ទ័ព​ទាំង​នោះ​ បាក់​បែក​ទៅ​អស់​។ មេ​ទ័ព​ខាង​ព្រះបរម​បពិត្រ​ ចាប់​យក​ទូក​ចម្បាំង​ ទាំង​អស់​មក​ក្រាប​បង្គំ​ទូល​ថ្វាយ​យក​ថ្វី​ដៃ​។​

ខណៈ​នោះ​រេហ៍​ពល​ ដែល​រត់​បែក​ពី​ចាំ​ទូក​ចម្បាំ​ងនោះ​ ខ្លះ​ក៏​បែក​ផ្លូវ​ទៅ​ទី​ទៃ​ៗ​កង​ទ័ព​សម្ដេច​ចៅ​ពញា​យោធា​នរិន្ទ​ និង​ កង​ទ័ព​ឧកញ៉ា​យម​រាជ​ ចាប់​បាន​សត្រូវ​ចំនួន​ ៨០០ ​នាក់​ ក៏​នាំ​យក​មក​ក្រាប​បង្គំ​ទូល​ដែរ​។​ កង​ទ័ព​ ដែល​ចាំ​ទូក​សត្រូវ​នោះ​ ខ្លះ​ក៏​រត់​ទៅ​ប្ដឹង​ចៅ​ពញា​ស្រាល​ និង​ ចៅ​ពញា​វិបុល​រាជ​ រាយ​តាម​ដំណើរ​។​ ចៅ​ពញា​ទាំង​ពីរ​ជា​មេទ័​ព​ ស្ដេច​ត្រើយ​ខាង​កើត​ ឮ​ហើយ​ ក៏​ស្លុត​ចិត្ត​អស់​គំនិត​ ភិត​ភ័យ​បណ្ដាល​ឲ្យ​ដឹង​ ដល់​នាយ​កង​ នាយ​ទ័ព​ គ្រប់​កង​។ នាយ​ទាំង​នោះ​ ក៏​អស់​គំនិត​ នឹង ចូល​ច្បាំង​ទៀត​ ហើយ​ក៏​តាំង​តែ​បែក​ទ័ព​រត់​ខ្ចាត់​ខ្ចាយ​ទៅ​ ខ្លះ​ក៏​លោត​ទឹក​ស្លាប់​ទៅ​។​ ឯ​កង​ទ័ព​សម្ដេច​ព្រះ​មហា​ចន្ទ​រាជា​ ជា​អម្ចាស់​ផែន​ដី​ខាង​លិច​ ចេញ​ពី​បន្ទាយ​មក​ ចាប់​បាន​ខ្លួន​សត្រូវ​ប្រមាណ​ ៥០០ ​នាក់​។ លុះ​ជួប​ជុំ​នាយ​កង​ទ័ព​ជើង​ទឹក​ ជើង​គោក​ គ្រប់​គ្នា​ទាំង​អស់​ ព្រម​ទាំង​ឈ្លើយ​ និង​ ស្បៀង​អាហារ​ សស្ត្រា​វុធ​ និង​ ទូក​ចម្បាំង​ ១៥០​ នោះ​ ហើយ​ក៏​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ ព្រះ​បរម​បពិត្រ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​។​ ព្រះ​បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​ ទ្រង់​ជ្រាប​គ្រប់​ប្រការ​ ទ្រង់​ព្រះ​អំណរ​ណាស់​ ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​រង្វាន់​ដល់​សេនា​ទាហាន​ តាម​សម​គួរ​។​

សម្ដេច​ព្រះ​បាទ​ស្រី​ជេដ្ឋា​ អម្ចាស់​ផែន​ដី​ ទិស​ខាង​កើត​ កាល​ទ្រង់​ជ្រាប​ថា ​:​ ចៅ​ពញា​ស្រាល​ ចៅ​ពញា​លំពាំង​ ជា​ក្មួយ​បរាជ័យ​ ដល់​មរណ​ភាព​ ខូច​ទាំង​ទូក​ចម្បាំង​ដូច្នោះ​ហើយ​ ទ្រង់​ព្រះ​ពិរោធ​ណាស់​ ទ្រង់​រើស​យក​កូន​សម្ដេច​ចៅ​ហ្វា​កៅ​ ពីរ​នាក់​មក​គឺ​ ឈ្មោះ​ពេជ​១ ស្ដេច​តាំង​ជា​ចៅ​ពញា​ស្រាល​ (ទី​ក្រឡា​ហោម​)​ ឈ្មោះ​ក្រេះ​១ ស្ដេច​តាំង​ជា​ ចៅ​ពញា​លំពាំង​ (ទីច​ក្រី)​ និង​ ចៅ​ពញា​វៀង​ ទី​យម​រាជ​ (កុយ)​ រួម​ជា​៣​ នាយ​ឲ្យ​លើក​ទ័ព​ទៅ​ច្បាំង​ នឹង កង​ទ័ព​សម្ដេច​ចៅ​ពញា​យោធា​នរិន្ទ​ ឧក​ញ៉ា​យ​ម​រាជ​ ជា​ទ័ព​ខាង​អម្ចាស់​ត្រើយ​ខាង​លិច​។ សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ទ្រង់​ផ្ដាំ​ថា ​:​ បើ​សម្ដេច​ចៅ​ពញា​ និង​ ឧក​ញ៉ា​យម​រាជ​បែក​ទៅ​ហើយ​ ឲ្យ​ឃុំ​ពល ២០០០០ នាក់​ ទៅ​ចោម​បន្ទាយ​ខែត្រ​កំពង់​សៀម​ទៀត​។​

មេកង​ធំ​ ទាំង​បី​នាក់​ ទទួល​ព្រះ​រាជ​តម្រាស់​ហើយ​ ក៏​ថ្វាយ​បង្គំ​លា​ លើក​ទ័ព​ឆ្លង​ទៅ​ចោម​បន្ទាយ​រាយ​ទ័ព​ច្បាំង​ នឹង កង​ទ័ព​​សម្ដេច​ចៅ​ពញា​យោធា​នរិន្ទ​ ឧក​ញ៉ា​យម​រាជ​តាម​ត្រាស់​បង្គាប់​។ ទ័ព​ទាំង​សងខាង​ច្បាំង​គ្នា​ជា​ច្រើន​ដង​ ច្រើន​គ្រា​ ម្ដង​ចាញ់​ ម្ដង​ឈ្នះ ​ពុំ​បាន​សម្រេច​ជ័យ​ជំនះ​ទៅ​ខាង​ណា​ៗ​ឡើយ​។​ លុះ​ដល់​ខែ​ជេស្ឋ​ ជិត​ដល់​ពេល​នឹង​ត្រូវ​ឲ្យ​រាស្ត្រ​ធ្វើ​ស្រែ សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ស្ដេច​ពិជ័យ​នគរ​ ទ្រង់​ឲ្យ​បន្ថយ​មេ​ទ័ព​ទាំង​បី​នោះ​ ចូល​ទៅ​សម្រាក​ខ្លួន​វិញ​ ទើប​ទ្រង់​ព្រះ​តំរិះ​ថា​ តាំង​ពី​ធ្វើ​សង្គ្រាម​ នឹង ពញា​ចន្ទ​មក​នេះ​ ការ​ខូច​ខាត​ទ្រព្យ​ និង​ ស្បៀង​អាហារ​ អាណា​ប្រជា​នុរាស្ត្រ​ ក៏​អស់​ជា​ច្រើន​ ដូច្នេះ​គួរ​តែ​យើង​គិត​បែង​ផែន​ដី​យក​សេច​ក្ដី​សុខ​វិញ​ ជា​ការ​ល្អ​ជាង​។​ លុះ​ទ្រង់​ឈ្វេង​យល់​យ៉ាង​នេះ​ហើយ​ ទើប​ទ្រង់​ឲ្យ​តែង​ ព្រះ​រាជ​សារ​ ដាក់​ក្នុង​បំព​ង់​​មាស​ តម្កល់​​លើ​ព្រះ​ពាន​មាស​​ពិសេ​ស​ ថ្លៃថ្លា​ប្រពៃ​ ល្អ​ហើយ​ទ្រង់​ត្រាស់​ប្រើ​ ចៅ​ពញា​សង្គ្រាម​កែវ​​មួយ ជា​រាជ​ទូត​ពញា​រក្សា​សម្បត្តិ​ "ឯម"​ មួយ​ជា​ឧប​ទូត​ ព្រះ​ជំនាញ​អាវុធ​ គាម​មួយ​ជា​ត្រី​ទូត​ ឲ្យ​អញ្ជើញ​ព្រះ​រាជ​សារ​ចុះ​ទូក​-ង​ បាំង​សប្ប​ធន់​ ៣​ លើក​ព្រះ​ពាន​ ព្រះ​រាជ​សារ​នោះ​មក​ថ្វាយ​​សម្ដេច​ ព្រះ​មហា​ចន្ទ​រាជា​។​ រាជ​ទូត​ ឧប​ទូត​ ឆ្លង​មក​ដល់​ផែន​កំពង់​សៀម​ ប៉ង​ នឹង​ឡើង​គោក​ដើម្បី​អញ្ជើញ​ព្រះ​រាជ​សារ​ទៅ​ថ្វាយ​ ព្រះ​បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​ធិ​រាជ​ ក៏​ខណៈ​នោះ​ ម៉ឺន​ជំនិត​ ស ទ្រង់​​សួរ ជា​ព្រះ​ញាតិ​ដែល​នាំ​រេហ៍​ពល ៣០០​ នាក់ ដើរ​ល្បាត​តាម​សព្វ​ដង​ កាល​ឃើញ​រាជ​ទូត​ទាំង​៣​ ដែល​អញ្ជើញ​ព្រះ​រាជ​សារ​មក​ហើយ​ ក៏​ស្រែក​ឲ្យ​ពល​ចូល​ចាប់​។ រាជ​ទូត​ទាំង​៣​នាក់​ ក៏​ប្រយុទ្ធ​គ្នា នឹង ទ័ព​ល្បាត​ ត្រា​តែ​ធ្លាក់​បំពង់​ព្រះ​រាជ​សារ​ និង​ ព្រះ​ពាន​មាស​ នោះ​ទៅ​ក្នុង​ទឹក​ទៅ​។ ទ័ព​ល្បាត​ចាប់​យក​បាន​តែ​ រាជ​ទូត ឧប​ទូត​ ត្រី​ទូត​ ទាំង​ ៣ នាក់​ និង​ ពល​ ១០០​នាក់ ​ចំណុះ​ទូក​ទាំង​៣​ នោះ​នាំ​ទៅ​ក្រាប​ទូល​ថ្វាយ​ រាយ​សេច​ក្ដី​គ្រប់​ប្រការ​។​

សម្ដេច​ព្រះ​បរម​ក្សត្រ​មហា​ចន្ទ​រាជា​ ទ្រង់​ព្រះ​វិនិច្ឆ័យ​ទោស​ ឧក​ម៉ឺន​ជំនិត​ស ទ្រង់​សួរ​ថា​ :​ ដែល​ឧក​ម៉ឺន​ចាប់​បំរើ​សត្រូវ​ ដែល​មក​ជា​រាជ​ទូត​ ឧប​ទូត​ ត្រី​ទូត​នេះ​ ទាស់​ នឹង ព្រះ​ច្បាប់​សម្រាប់​ស្រុក​អំពី​បូរាណ​រាជ​ប្រវេណី​ហើយ​ ត្រូវ​តែ​មាន​ទោស​ទ្រង់​ប្រោស​ ឲ្យ​ចុះ​ព្រះ​រាជ​អាជ្ញា​ (ឲ្យ​វាយ​ខ្នង​) ២៤ ខ្វាប់​ម្នាក់​ឲ្យ​ដាក់​ឃ្នាង​បណ្ដើរ​អា​ក្រោស​ ឧក​ម៉ឺន​ជំនិត​ "ស​" ទ្រង់​ "សួ​" ៣ ជុំ​បន្ទាយ​ទ័ព​។​ លុះ​ធ្វើ​ទោស​ស្រេច​ហើយ​ ស្ដេច​មាន​ព្រះ​បន្ទូល​ត្រាស់​សួរ​ទៅ​ទូត​ទាំង​៣ ​ថា ឯង​មក​នេះ​ តើ​ដោយ​ប្រការ​ម្ដេច​?​ រាជ​ទូត​ យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​ថា​ ទូល​ព្រះ​បង្គំ​ ជា​រាជ​បំរើ​ ព្រះ​ករុណា​ត្រើយ​ខាង​កើត​ ស្ដេច​ឲ្យ​នាំ​ព្រះ​រាជ​សារ​ មក​ថ្វាយ​ល្អង​ធូលី​ ជា​ម្ចាស់​ផែន​ដី​ ប៉ែក​ខាង​លិច​ ប៉ុន្តែ​ឥឡូវ​នេះ​ ព្រះ​រាជ​សារ​​នោះ​ធ្លាក់​ទឹក​ បាត់​ ក្នុង​គ្រា​ដែល​គេ​ចោម​ចាប់​នោះ​អស់​ទៅ​ហើយ​ តែ​នៅ​ចាំ​សេច​ក្ដី​ខ្លះ​ៗ​ បើ​ នឹង ក្រាប​បង្គំ​ទូល​ទៅ​ក្រែង​សេច​ក្ដី​នោះ​ពុំ​សព្វ​គ្រប់​។​ ហេតុ​នេះ​សូម​ទ្រង់​ព្រះ​រាជ​ទាន​ទោស​។​

សម្ដេច​ព្រះ​មហា​ចន្ទ​រាជា​ ស្ដេច​ទ្រង់​ប្រោស​ឲ្យ​ទូត​ទាំង​នោះ​ ទូល​ព្រះ​អង្គ​តាម​ចាំ​រៀង​ខ្លួន​ចុះ​។​ រាជ​ទូត​ត្រើយ​ខាង​កើត​ ក៏​ទូល​ថា​ ដ្បិត​ហ្លួង​ ជា​ម្ចាស់​លើ​ត្បូង​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ មាន​ព្រះ​រាជ​ហឫ​ទ័យ​ប្រណី​រាស្ត្រ​ ដែល​វិនាស​ស្លាប់​ បាត់​បង់​ជា​ច្រើន​ក្នុង​សង្គ្រាម​ ដែល​បាន​ធ្វើ​មក​ ជា​ច្រើន​ឆ្នាំ​នោះ​។​ ឥឡូវ​នេះ​ ហ្លួង​ជា​អម្ចាស់​លើ​ត្បូង​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ ស្ដេច​មាន​ព្រះ​ហ​ឫ​ទ័យ​ ចង់​បញ្ឈប់​សង្គ្រាម​ សុំ​ចង​ជា​ព្រះ​រាជ​មេត្រី​ចែក​ផែន​ដី នឹង អម្ចាស់​ត្រើយ​ខាង​លិច​ឲ្យ​ស្មើ​គ្នា​។​ បើ​ទ្រង់​ព្រះ​ករុណា​វិសេស​ ជា​អម្ចាស់​លើ​ត្បូង​ខាង​នេះ​ ទ្រង់​យល់​ព្រម​ល្មម​ផង​នោះ​ ព្រះ​ពុទ្ធ​សាសនា​ និង​ អាណា​ប្រជា​នុរាស្ត្រ​ នឹង បាន​សុខ​ក្សេម​ក្សាន្ត​ ត​ទៅ​ដោយ​សារ​ព្រះ​សតិ​ប្រាជ្ញា​ ទ្រង់​ព្រះ​ករុណា​ពិសេស​ ទាំង​ពីរ​ព្រះ​អង្គ​ បម្រុង​រាស្ត្រ​ឲ្យ​សុខ​ ជា​ព្រះ​កិត្តិ​យស​ខ្ពស់​ប្រសើរ​។​

សម្ដេច​ព្រះ​បរម​នាថ​ បរម​បពិត្រ​ ជា​អម្ចាស់​ត្រាស់​ថា​ : ក្រុង​កម្ពុ​ជា រាជ​ធានី​នេះ​ ជា​ព្រះ​រាជ​សម្បត្តិ​ អំពី​ព្រះ​បរម​រាជ​អយ្យ​កោ​អយ្យិ​កា​យើង​រៀង​មក​។ ឯ​ព្រះ​ស្ដេច​កន​ អម្ចាស់​ឯង​នោះ​ ប្រៀប​ដូច​ជា​ចោរ​មក​លួច​ផែន​ដី​យើង​ ហើយ​មក​សុំ​ចែក​សម្បត្តិ​ នឹង ម្ចាស់​ទ្រព្យ​នេះ​ តើ​ឯង​ឃើញ​ថា​​គប្បី​ហើយ​ឬ​?​ ប៉ុន្តែ​ឥឡូវ​នេះ​បើ​ម្ចាស់​ឯង​ ចង់​ឈប់​សង្គ្រាម​ ក៏​ឈប់​តាម​ចិត្ត​ចុះ​។ តែ​ថា​ឲ្យ​ម្ចាស់​ឯង​ ថយ​ទៅ​ជា​មុន​ចុះ​ សុំ​អញ​ថយ​ទៅ​ជា​ក្រោយ​។​

មាន​ព្រះ​បន្ទូល​ចប់​ហើយ​ ស្ដេច​ព្រះ​រាជ​ទាន​ពាន​មាស​មួយ​ ជា​ជំនួស​ព្រះ​ពាន​ដែល​ធ្លាក់​ទឹក​នោះ​ទៅ​ទូត​ទាំង​ ៣ ​នាក់​វិញ​។​
រាជ​ទូត​ត្រើយ​ខាង​កើត​ ទាំង​ ៣ ​នាក់​ ក្រាប​ថ្វាយ​បង្គំ​លា​ចេញ​ទៅ​ ចុះ​ទូក​-ង​ ឲ្យ​ពួក​ស៊ី​ថាយ​ អុំ​ឆ្លង​ទៅ​ក្រាប​បង្គំ​ទូល​ អម្ចាស់​ខ្លួន​សព្វ​សេចក្ដី​។​

 សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ក្រុង​ពិជ័យ​នគរ​ (ស្ដេច​កន)​ ទ្រង់​ជ្រាប​ហើយ​ ឃើញ​ថា​ពុំ​សម​ប្រកប​តាម​ព្រះ​ហឫ​ទ័យ​ ដែល​ទ្រង់​ប្រាថ្នា​ទេ​ ទ្រង់​ព្រះ​ពិរោធ​ណាស់​តែ​ក្លែង​ធ្វើ​ជា​ទ្រង់​ព្រះ​សម្រួល​ហើយ​ត្រាស់​ថា​ ចៅ​ពញា​ចន្ទ​រាជា​ដែល​មក​លួច​វាយ​ស្រុក​ខែត្រ​ខាង​លិច​នេះ​ តើ​ខ​ត្រូវ​ជា​ចោរ​ដែរ​ឬ ​ពុំមែ​ន​ជា​ចោរ​ទេ​។​ ​

រាជ​ទូត​ទាំង​៣​ ក្រាប​បង្គំ​ទូល​ថា​ : ទូល​ព្រះ​បង្គំ​ទាំង​ឡាយ​នឹក​ឃើញ​ថា​ :​ នឹង​ទូល​តប​ទៅ​វិញ​ដែរ​ តែ​បើ​នឹង​ទូល​តប​ត​ សេច​ក្ដី​ទៅ​វិញ​ដូច្នេះ​ ពុំ​ហ៊ាន​ ដ្បិត​ទៅ​គ្នា​តិច​ពេក​។​ ដែល​ទូល​ព្រះ​បង្គំ​ទាំង​ឡាយ​បាន​រួច​ខ្លួន​មក​នេះ​ ក៏​ព្រោះ​តែ​បុណ្យ​បារមី​ សម្ដេច​ជា​អម្ចាស់​គ្រប់​គ្រង​ហើយ​ ទើប​បាន​ជា​រួច​មក​នេះ​។​

សម្ដេច​ ព្រះ​ស្រី​ជេដ្ឋា​ ទ្រង់​ព្រះ​សណ្ដាប់​ សព្វ​គ្រប់​ហើយ​ ព្រះ​អង្គ​ចាត់​ចៅ​ហ្វាយ​ស្រុក​ និង​ កង​ទ័ព ឲ្យ​នៅ​រក្សា​បន្ទាយ​ មាត់​ឃ្មុង​ និង​ បន្ទាយ​ស្រី​ស​ឈរ​ ហើយ​ព្រះ​អង្គ​លើក​កង​ទ័ព​ត្រឡប់​ទៅ​ ក្រុង​ពិជ័យ​នគ​រ​វិញ​។​

សម្ដេច ព្រះ​បរម​បពិត្រ​​ជា​អម្ចាស់​​ផែន​​ដី​​ ប៉ែក​ខាង​លិច​ ទ្រង់​ជ្រាប​ថា​ :​ ព្រះ​ស្ដេច​កន​ លើក​ទ័ព​ត្រឡប់​ទៅ​មុន​ហើយ​ ទើប​ព្រះ​អង្គ​ បង្គាប់​ចៅ​ហ្វាយ​ស្រុក​ ឲ្យ​នៅ​រក្សា​បន្ទាយ​កំពង់​សៀម​ បារាយណ៍​ ជើង​ព្រៃ​ រួច​ស្ដេច​លើក​ទ័ព​ត្រឡប់​មក​ បន្ទាយ​ខែត្រ​បរិបូណ៌​វិញ​ (4)។ ព្រះ​អង្គ​លើក​ហួស​ទៅ​ខែត្រ​ពោធិ៍​សាត់​ទៀត​ ហើយ​ត្រាស់​ឲ្យ​ពល​ធ្វើ​ដំណាក់​តូច​ ធំ​ ប្រក់​ស្លឹក​ មាន​សន្ធិយា​ចុង​រោង​ ទី​ក្រៅ ​ក្នុង​។ រួច​ស្រេច​ចូល​គង់​ ទ្រង់​មាន​ព្រះ​រាជ​បន្ទូល​ នឹង អស់​សព្វ​មុខ​មន្ត្រី​ថា​ :​ ទំនៀម​ពី​បុរាណ​រៀង​ម​ក​ ដល់​រដូវ​មហា​សង្ក្រាន្ត​ចូល​​ឆ្នាំ​ថ្មី​ហើយ​ ព្រះ​មហា​ក្សត្រា​ធិរាជ​ ស្ដេច​តែង​ចេញ​ទត​ព្រះ​នេត្រ​ អស់​សេនា​ទាហាន​ និង ​អាណា​ប្រជា​នុ​រាស្ត្រ​ក្នុង​ខែត្រ​ ដែល​បាន​ហាត់​ក្បួន​ គុន​ដាវ​អាវុធ​ មក​ប្រជុំ​ថ្វាយ​ថ្វី​ដៃ​។​ បើ​គូ​ណា​ដៃ​ជា​ ទ្រង់​តែង​ប្រោស​ព្រះ​រាជ​ទាន​រង្វាន់​ និង​ ចិញ្ចឹម​ឲ្យ​ជា​នាយ​រេហ៍​ពល​ត​ទៅ​។​ បី​ឆ្នាំ​មក​ហើយ​ យើង​បាន​ឃើញ​ថា​ មនុស្ស​ដែល​ចូល​មក​ប្រឡង​យក​ថ្វី​ដៃ​ តិច​ណាស់​ យើង​ នឹង រើស​ដាក់​ជា​ទាហាន​ក៏​ពុំ​គ្រប់​គ្រាន់​ ពុំ​ធួន​ នឹង រាជ​ការ​ដែល​ត្រូវ​ការ​។ ឥឡូវ​នេះ​ជិត​ចូល​ឆ្នាំ​ថ្មី​ហើយ​គប្បី​ឲ្យ​អស់​សេនា​បតី​ប្រកាស​ឲ្យ​គ្រប់​ខែ​ត្រ​ដឹង​ថា ​:​ បើ​ឈ្មោះ​ណា ​បាញ់​កាំ​ភ្លើង​ ធ្នូ ស្នា ត្រង់ ច្បាំង​លើ​ខ្នង​ដំរី​ ឈ្នះ​គេ​ បី​ថ្ងៃ​ យើង នឹង​ ទុក​ជា​ឯក​ លេខ ​១​ ហើយ​យើង​ នឹង ប្រោស​ព្រះ​រាជ​ទាន​ ឲ្យ​មាន​យស​សក្ដិ​ជា​ ៥​ ហ៊ូ​ពាន់​ ព្រះ​រាជ​រង្វាន់​មាស​ ប្រាក់​ ភូមិ​ឋាន​ ស្រែ​ចំការ​ច្បារ​ដំណាំ ​ភូមិ​ឋាន​ ឲ្យ​តាម​សម​គួរ​។ បើ​ឈ្មោះ​ណា​កាន់​អាវុធ​ច្បាំង​គ្នា​ លើ​ខ្នង​សេះ​ឈ្នះ​គេ​ បី​ថ្ងៃ​ យើង​នឹង​ទុក​ជា​ទោ​ លេខ ​២​ យើង​ នឹង ព្រះ​រាជ​ទាន​យស​សក្ដិ​ជា​ ៤​​ហ៊ូ​ពាន់​ និង រង្វាន់​មាស​ ប្រាក់​ ភូមិ​ឋាន ឲ្យ​តាម​សម​គួរ​។ បើ​ឈ្មោះ​ណាកាន់​អាវុធ​ច្បាំង​ឈ្នះ​គេ​នៅ​ដី​បី​ថ្ងៃ​ ទុក​ជា​ត្រី​ លេខ​ ៣​ យើង​ នឹង ប្រោស​ព្រះ​រាជ​ទាន​យស​សក្ដិ​ ៣ ហ៊ូ​ពាន់ និង រង្វាន់​មាស​ប្រាក់​ តា​ម​សម​គួរ​។ បើ​គូណា​ មាន​ថ្វី​ដៃ​ ចុះ​ជា​រណ្ដាប់​ ក្រៅ​ពី​នោះ​យើង​ នឹង ព្រះ​រាជ​ទាន​ជា​ ឧក​ម៉ឺន​ ជា​ម៉ឺន​ ជា​នាយ​រាល់​រូប​។​

អស់​សេនា​បតី​ ក្រាប​បង្គំ​ទទួល​ព្រះ​រាជ​បន្ទូល​ ថ្លៃ​វិសេស​ហើយ​ ក៏​ថ្វាយ​បង្គំ​លា​ចេញ​ទៅ​ធ្វើ​សំបុត្រ​ប្រកាស​ ប្រាប់​ទៅ​ចៅ​ហ្វាយ​ស្រុក​ ឲ្យ​ប្រាប់​អស់​ អ្នក​មុខ​ អ្នក​ការ​បណ្ដា​រាស្ត្រ​ ឲ្យ​ដឹង​គ្រប់​គ្នា​ តាម​ត្រាស់​បង្គាប់​។ ខណៈ​នោះ​ អស់​មនុស្ស​ ដែល​មាន​ចំណេះ​វិជ្ជា​ការ​ ខំ​​ហ្វឹក​ហាត់​រៀន​រាល់​គ្នា​។ លុះ​ចូល​សង្ក្រាន្ត​ថ្មី​ ឆ្នាំ​រោង​ ​ទោស័ក​ សេនា​ទាហាន​ អាណា​ប្រជា​នុ​រាស្ត្រ​ ចូល​មក​រក​នាយ​ចៅ​ហ្វាយ​ទី​ទៃ​ៗ​ ដើម្បី​ចាំ​ដល់​ថ្ងៃ​ចូល​ព្រ័ត្រ​ នឹង ប្រឡង​ចំណេះ​វិជ្ជា​ការ​ ថ្វាយ​ថ្វី​ដៃ​គ្រប់​ៗ​គ្នា​។​ ការ​ប្រឡង​ជាន់​នោះ​ រើស​បាន​សេនា​ទាហាន​ច្រើន​ លើស​ឆ្នាំ​មុន​ ១០​ សួន​។​

ព.ស. ២០៦៤, គ.ស. ១៥២០, ម.ស. ១៤៤២, ច.ស. ៨៨២ ឆ្នាំ​រោង​ ទោស័ក​ សិរី​រាជ​សម្បត្តិ​ ស្ដេច​គ្រប់​គ្រងនគរ​ នៅ​ខែត្រ​ខាង​លិច​ បាន​ ៥ ​ព្រះ​វស្សា​ សម្ដេច​ព្រះ​អគ្គ​មហេសី​ សម្ភព​ព្រះ​រាជ​បុត្រា​មួយ​ព្រះ​អង្គ​ ទ្រង់​ព្រះ​នាម​ ព្រះ​រាមា​ធិបតី​ នោះ​សម្ដេច​ព្រះ​បិតុ​រង្គា​ធិរាជ​ ជា​អម្ចាស់​ ត្រាស់​ឲ្យ​ព្រះ​រាជ​គ្រូ​​បុរោ​ហិត​ ព្រឹទ្ធា​ចារ្យ​ សេ​នា​បតី​ រៀប​ទទួល​តាម​ព្រះ​សិរី​យស​ សម្ដេច​ព្រះ​ឱរ​សា​ធិរាជ​ឯក​ តាម​ទំនៀម​។​ លុះ​បាន​មួយ​ខែ​ក្រោយ​មក​ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​មុខ​ងារ​ ធ្វើ​ព្រះ​រាជ​ពិធី​ ចម្រើន​ព្រះ​កេសា​ព្រៃ​។​ ធ្វើ​ស្រេច​ហើយ​ អស់​សេនា​បតី​ មន្ត្រី​មុខ​ងារ​ទាំង​ពួង​ នាំ​កូន​ប្រុស​ស្រី​ និង​ ទាសា​ទាសី​ គោ​ ក្របី​ សេះ​ រទេះ​ ទូក​ចេញ​ ហែ​សុវណ្ណ​មាលា​។​ ថ្វាយ​ភួង​ព្រះ​ហស្ថ​រាល់​ៗ​គ្នា​។ ឯ​សម្ដេច​ព្រះ​វរ​រាជ​បិតា​ ក៏​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​ សួយ​សារ​អាករ​ ក្នុង​ខែត្រ​បាត់​ដំបង​ ជា​ចំណង​ព្រះ​ហស្ថ​ នៃ​សម្ដេច​ព្រះ​ប្រិយ​បុត្រ​បរិសុទ្ធ​ជា​រាមា​ធិបតី​។​

ឆ្នាំម្សាញ់​ ត្រី​ស័ក​ ព.ស. ២០៦៥, គ.ស. ១៥២១, ម.ស. ១៤៤៣, ច.ស. ៨៨៣ នោះ​អ្នក​ព្រះ​នាង​បទុម​បុប្ផា​ ជា​ព្រះ​ស្នំ​ឯក​ សម្ភព​ព្រះ​រាជ​បុត្រា​មួយ​អង្គ​ទ្រង់​ប្រោស​ព្រះ​នាម​ថា​ ព្រះ​អង្គ​បរមិន្ទ​រាជា​។​ សម្ដេច​ព្រះ​វរ​រា​ជបិ​តា​ ទ្រង់​ពេញ​ព្រះ​ស្នេហា​ ទាំង​ពីរ​ព្រះ​អង្គ​ដូច​គ្នា​។​

នេះ​នឹង​និយាយ​អំពី​ឧកញ៉ា​មន្ត្រី​កែវ​ សេនា​បតី​ ភូ​សម្រេច​រាជ​ការ​ផ្នែក​ទ័ព​ជើង​គោក​ ខាង​ព្រះ​ចៅ​ក្រុង​កម្ពុជា​ទិស​ខាង​លិច​នោះ​។​ កាល​ដល់​ជិត​ចូល​ឆ្នាំ​ម្សាញ់​ ត្រី​ស័ក​ហើយ​ឧកញ៉ា​ ក៏​គិត​ថា ​: ​កាល​មុន​ព្រះ​ស្ដេច​កន​ បាន​ឲ្យ​ពល​ ១០០ ​នាក់​មក​ក្លែង​កល​ ប៉ង​ នឹង​ធ្វើ​អន្ត​រាយ​ដល់​ព្រះ​បរម​បពិត្រ​ជា​អម្ចាស់​យើង​។​ ការណ៍​នេះ​ យើង​ពុំ​ទាន់​បាន​សង​កល​ទៅ​វិញ​ម្ដង​សោះ​។​ គិត​ហើយ​ ឧកញ៉ា​ចក្រី​កែវ​ ក៏​ហៅ​សេនា​មាន​ថ្វី​ដៃ​ បាញ់​ត្រង់​ ៤​នាក់​ មក​និយាយ​ថា :​ កាល​មុន​ព្រះ​ស្ដេច​កន​ ឲ្យ​ទាហាន​របស់​វា​ ១០០​នាក់​ ឲ្យ​ក្លែង​ចូល​មក​ចង់​ធ្វើ​អន្ត​រាយ​ អម្ចាស់​យើង​ យើង​ពុំ​ទាន់​បាន​សង​កល​វា​ម្ដង​នៅ​ឡើយ​។​ ឥឡូវ​នេះ​ជិត​ចូល​ឆ្នាំ​ថ្មី​ហើយ​ ព្រះ​ស្ដេច​កន​ មុខ​ជា​ នឹង​ ប្រមូល​សេនា​ទាហាន​ឲ្យ​ល្បង​ថ្វី​ដៃ​ ជា​មិន​ខាន​។ ដូច្នេះ​នរ​ណា​ហ្ន៎​ បណ្ដា​អ្នក​​អាច នឹង ទទួល​អាសា​ទៅ​ប្លម​ ធ្វើ​ជា​ពួក​របស់​វា​ហើយ​ បាញ់​វា​សម្លាប់​ចេញ​បាន​សោះ​ នឹង នឿយ​ព្រួយ​រវល់​ច្បាំង​ត​ទៅ​ទៀត​ ថា​បើ​ឯ​ង​រាល់​គ្នា​ សម្រេច​ការណ៍​នេះ​ឲ្យ​បាន​ដូច​ប្រាថ្នា​យើង​ នឹង ក្រាប​ទូល​សុំ​ឲ្យ​ឡើង​យស​សក្ដិ​ ឲ្យ​បាន​ជា​ធំ​។ ខណៈ​នោះ​ សេនា ​៤​នាក់​ ដែល​មាន​ថ្វី​ដៃ​ត្រង់​ខាង​បាញ់​កាំ​ភ្លើង​គឺ​ ឈ្មោះ​ ប្រាច​១​ នៅ​ខែត្រ​ទ្រាំង​ ឈ្មោះ​ក្ដាន់​១​ នៅ​ខែត្រ​កំពត​ ឈ្មោះ​តោ១​ នៅ​បន្ទាយ​មាស​ ឈ្មោះ​ជ័យ​មួយ​ នៅ​សំរោង​ទង​ បាន​ចូល​មក​នៅ​ជា​ខ្ញុំ​រាជ​ការ​ ហើយ​​បាន​ចង​ជា​សំលាញ់​ នឹង គ្នា​ គិត​គ្នា​ថា ​:​ យើង​ចូល​មក​នៅ​ជា​ខ្ញុំ​រាជ​ការ​នេះ​ ប្រាថ្នា​នឹង​ស្វែង​រក​គុណ​បំណាច់​ បើ​បាន​កល​ហើយ​ត្រូវ​តែ​ទទួល​យក​អាសា​ អម្ចាស់​ផែន​ដី​។​ លុះ​យល់​ព្រម​គ្នា​ហើយ​ សេនា​ទាំង​ ៤ នាក់​ក៏ឆ្លើ​យ​ថា​ : យើង​ខ្ញុំ​ប្របាទ​ទាំង​ ៤​ នាក់​នេះ សុំ​ទទួល​យក​អាសា​ ធ្វើ​ការ​ថ្វាយ​ព្រះ​បរម​បពិត្រ​។​ ថា​ហើយ​ទាំង​ ៤​នាក់​នោះ​ក៏​សំពះ​ជម្រាប​លា​ចេញ​មក​។ លុះ​មកដល់​កំពង់​លួង​ ក្នុង​ខែត្រ​សំរោង​ទង​ ទាំង​ ៤ ​នាក់​ក៏​សុំ​ដោយ​សារ​ទូក​គេ​ ឆ្លង​ចូល​ទៅ​ដល់​ខែត្រ​បាសាន​ហើយ​ កាត់​ទៅ​ដល់​ក្រុង​ស្រឡប់​ពិជ័យ​នគ​រ​។​

តទៅលេខ ១៧

(1) ព្រះក្សត្រីយានី ដែលមានព្រះបិតាក៏ស្ដេច ព្រះមាតាក៏ស្ដេច
(2) មន្ត្រីខាងសម្ដេចបរមខត្តិយាមហាចន្ទរាជា។
(3) ជាមេទ័ពរបស់សម្ដេចបរមខត្តិយា មហាចន្ទរាជាដែរ
(4) សង្គ្រាម​ជាន់​នោះ ​សម្ដេច​ព្រះ​បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​ ស្ដេច​ដណ្ដើម​យក​មក​បាន​ផែនដី​ ដែល​នៅ​ខាង​លិច​ត្រើយ​ទន្លេ​មេគង្គ​ទាំង​អស់​។​ ឯ​ស្ដេច​កន​នៅ​សល់​ផែន​ដី​ ត្រើយ​ខាង​កើត​ទន្លេ​មេគង្គ​ទាំង​អស់​។​