ថ្ងៃសៅរ៍ ទី24.មីនា 2018.ម៉ោង 7:20
ផែនដី ព្រះស្ដេចកន (ត)
ផ្នូកផ្នូលនៃដំបូកទាំងបួន លេខ ១៤

លុះ​អាល័ក្ស​ ថ្លែង​ព្រះ​រាជ​សារ​ចប់​ហើយ​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ទ្រង់​ព្រះ​ពិរោធ​ខ្លាំង​ណាស់​ទ្រង់​ត្រាស់​ថា ​:​ អា​រាជ​ទូត​ឯង​ វិល​ទៅ​ប្រាប់​ម្ចាស់​ឯង​ចុះ​ថា : " អញ​ព្រម​សម្រាក​ឲ្យ​រាស្ត្រ​ធ្វើ​ស្រែ​ហើយ​ តែ​ថា​អញ​សុំ​កុំ​ឲ្យ​ម្ចាស់​ឯង​ ហៅ​អញ​ថា​ ជា​បង​ជា​ប្អូន​ឡើយ​ដ្បិត​ម្ចាស់​ឯង​ នឹង អញ​នេះ​ មាន​ជាតិ​ត្រកូល​ឆ្ងាយ​ពី​គ្នា​ណាស់​"​។​ ទ្រង់​ត្រាស់​ហើយ​ ទ្រង់​ព្រះ​រាជ​ទាន​ មាន​ដួង​​មួយ​ជញ្ជីង​សៀម​​ប្រាក់​​ដួង​ពីរ​ជញ្ជីង​ដែល​បាន​មក​ពី​ក្រុង​អយុធ្យា​នោះ​ ហើយ​ប្រទាន​ឲ្យ​ជា​រង្វាន់​រាជ​ទូត​ ជា​គ្រឿង​ឧប​រាជ​បណ្ណា​ការ​ រួច​ទ្រង់​បណ្ដេញ​ឲ្យ​ទៅ​ជា​ប្រញាប់​។​

លុះរាជ​ទូត​ចេញ​ផុត​ទៅ​នោះ​ អស់​នាយ​កង​ទ័ព​ យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​ថា​ :
យើង​ធ្វើ​សង្គ្រាម​ កំពុង​តែ​មាន​ជ័យ​ហើយ​ ហេតុ​អ្វី​ក៏​ព្រះ​អង្គ​ទ្រង់​ទទួល​សញ្ញា​ ឲ្យ​ឈប់​សង្គ្រាម​ដូច្នេះ​ មួយ​ទៀត​ ខែត្រ​ខាង​សត្រូវ​ នៅ​ច្រើន​ជាង​យើង​ដែរ​ គឺ​ថា​ បាន​ទៅ​គេ​នោះ​ជាង​ ១០ សួន​បាន​មក​យើង​មិន​ទាន់​ពេញ​មួយ​សួន​ទេ​។​ បើ​ខាង​សត្រូវ​ ឲ្យ​កេណ្ឌ​បណ្ដា​រាស្ដ្រ​តាំង​ពី​ខែត្រ​ខាង​ជើង​ ទល់​នឹង​ស្រុក​លាវ​ ខាង​ត្បូង​ទល់​ ​នឹង សមុទ្រ​ ខាង​កើត​ទល់​ នឹង នគរ​ចាម​ បាន​មក​ទាំង​អស់​ ប្រហែល​ជាង​ ១០០០០០០ (ដប់​សែន​នាក់​) ​ទៅ​ហើយ​។ ឯ​ខាង​យើង​ យើង​វាយ​ទើប​បាន​តែ​ ៦​-៧​ ខែត្រ​ គឺ​ខែត្រ​មហាន​គរ​ ដែល​សម្ដេច​ព្រះ​បរម​រាជា​ពញាយ៉ាត វាយ​ដណ្ដើម​ពី​សៀម​មក​វិញ​ ហើយ​ឲ្យ​ឈ្មោះ​ជា​ ខែត្រ​សៀម​រាប​​នេះ​មួយ​ ខែ​ត្របាត់​ដំបង​មួយ​ និង​ខែត្រ​តូច​ៗ​ ១២​​ ឬ​ ១៣ នេះ​មួយ​។​ ម្យ៉ាង​ទៀត​ ខែត្រ​នេះ​ កាល​បែក​ព្រះ​មហា​នគរ​កម្ពុ​ជា​ហើយ​ សៀម​កៀរ​គ្រួ​យក​ទៅ​អស់​ នៅ​តែ​ពីរ​ ឬ​ បី​ពាន់​នាក់​តែ​ប៉ុណ្ណោះ​, បើ​ដូច្នេះ​តើ​យើង​ធ្វើ​ដូ​ច​ម្ដេច​ នឹង​ទទួល​ជ័យ​ពី​សត្រូវ​បាន​ បើ​សត្រូវ​វា​កេណ្ឌ​ពល​ពី​ក្រុង​ខែត្រ​ទាំង​អស់​លើក​មក​យើង​ នឹង មិន​បង់​កា​រណ៍​ទេ​ឬ​អ្វី​។ ទូល​ព្រះ​បង្គំ​យល់​ថា​ :​ "យើង​នឹង​រក្សា​ខ្លួន​ពិបាក​ណាស់​"​។

សម្ដេច​​ចៅ​​ពញា​ចន្ទ​រាជា​ ជា​អម្ចាស់​ទ្រង់​ត្រាស់​ថា​ :​ ការណ៍​នេះ​ យើង​បាន​គិត​ស្រេច​ហើយ​បាន​ជា​យើង​ព្រម​ឈប់​ច្បាំង​សិន​ ព្រោះ​យើង​ឃើញ​ប្រយោជ​ន៍ ៧​ប្រការ​គឺ៖
ប្រការ​១ :​ មាន​​សុភា​​បុរាណ​ថា ​:​ "ធ្វើ​ស្រែ​នឹង​ទឹក​ ធ្វើ​សឹក​នឹង​បាយ​" បើ​យើង​ខំ​តែ​ធ្វើ​សង្គ្រាម​ទៅ​ កូន​ប្រពន្ធ​របស់​ឈ្មោះ​ ដែល​មក​ចុះ​កំណែន​នោះ​ នឹង​ដាច់​ពោះ​ស្លាប់​ បើ​កូន​ប្រពន្ធ​វា​នោះ​អត់​បាយ​ហើយ​ វា​ក៏​ពុំ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​ធ្វើ​រាជ​ការ​ នឹង យើង​ឡើយ​។​
ប្រការ​២ : យើង​បាន​ខែត្រ​តូច​ធំ​ ចំនួន​ ១២​ ឬ​ ១៣ ​ខែត្រ​នេះ​ ល្មម​ទុក​ជា​ទី​សំណាក់​បាន​ហើយ​ បើ​យើង​មិន​ទាន់​ឲ្យ​ទៅ​បញ្ចុះ​បញ្ចូល​ខែត្រ​ផ្សេង​ៗ​ទេ​ ហើយ​ស្រាប់​តែ​លើក​ទ័ព​ទៅ​វាយ​គេ​តែ​ម្ដង​នោះ​នឹង​ខ្ចេច​ខ្ចំ​រកាំ​ចិត្ត​ នៃ​អាណា​ប្រជា​នុ​រាស្ត្រ​ជា​មិន​ខាន​។​ លុះ​តែ​យើង​ទៅ​បញ្ចុះ​បញ្ចូល​លួង​ចិត្ត​ចៅ​ហ្វាយ​ស្រុក​ និង​ បណ្ដា​រាស្ត្រ​ ជា​មុន​សិន​ ឲ្យ​ចូល​ចិត្ត​ នឹង យើង​ដែល​ជា​ព្រះ​រាជ​ត្រកូល​ ឬ​ បើ​គេ​មិន​ចូល​ចិត្ត​ នឹង យើង​ទេ​ គេ​បែរ​ជា​ចូល​ចិត្ត​ទៅ​ខាង​ពួក​ក្បត់​ ដែល​តាំង​ខ្លួន​ជា​ស្ដេច​នោះ​ ចាំ​យើង​បាន​ចំណាប់​កាល​ណា​សុំ​លើក​ទ័ព​ទៅ​បង្ក្រាប​ ពួក​ដែល​រឹង​ទទឹង​នោះ​ ធ្វើ​ឲ្យ​បាន​សម្រេច​កា​រណ៍​ ក្នុង​កាល​ខាង​ក្រោយ​។​
ប្រការ​៣​ : ខែត្រ​អាសន្ន​ទុក​ ជា​ខែត្រ​ធំ​មាន​អាណា​ខែត្រ​ឡើង​ក៏​ច្រើន​ ចៅ​ពញា​ឧទ័យ​ធិរាជ​ប្រាង្គ​ ជា​ចៅ​ហ្វាយ​ស្រុក​នៃ​ខែត្រ​នេះ​គាត់​មាន​ថ្វី​ដៃ​ និង​ តំរិះ​ប្រាជ្ញា​មាំ​មួន​ណាស់​ ប្រសិន​បើ​យើង​ខំ​ធ្វើ​ចំបាំង​រហូត​ទៅ​មិន​ឈប់​ ហើយ​​ពញា​ប្រាង្គ​ គេលើ​ក​ទ័ព​មក​ព័ទ្ធ​យើង​ពី​ក្រោយ​ យើង​នឹង​នៅ​ជា​កណ្ដាល​ចំណោម​គេ​ នោះ​យើង​ពិបាក​ នឹង រក្សា​ខ្លួន​ណាស់​។​ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ព្រម​បង្អង់​ច្បាំង​ ចាំ​ប្រាប់​ប្រាម​នូវ​ខែត្រ​ធំ​ៗ​នេះ​ និង​ខែត្រ​តូច​ៗ​ត្រើយ​ខាង​កើត​ ទិស​ខាង​ជើង​នោះ​ ឲ្យ​បាន​មក​ជា​របស់​យើង​សិន​។​
ប្រការ​៤ :​ ខាង​ព្រះ​ស្ដេច​កន​ ដែល​វា​តាំង​ខ្លួន​ជា​ស្ដេច​នោះ​ តែ​វា​ចេញ​ច្បាំង​កាល​ណា​ វា​បាំង​ស្វេត​ច្ឆត្រ​ និង​ ចាម៉រ បាយ​មន់ សែន​ត្វាន់​ តាម​ទំនៀម​ព្រះ​មហា​ក្សត្រ​។ ឯ​ខាង​យើង​ ដែល​ពេញ​ជា​ព្រះ​រាជ​ត្រកូល​នោះ​ យើង​គ្មាន​អ្វី​សោះ​ យើង​ចេញ​ច្បាំង​កាល​ណា ឥស្ស​រិយ​យស​យើង​ ជា​ទ័ព​ថោក​ជាង​វា​។​ ទោះ​បី​ឈ្នះ​ប៉ុន្មាន​ដង​ក្ដី ឥស្ស​រិយ​យស​យើង​នោះ​ក៏​នៅ​តែ​ថោក​ទាប​ជាង​វា​។​
ប្រការ៥ : កាល​ដែល​បំរើ​នៃ​ព្រះ​ស្ដេច​កន​នាំ​ព្រះ​រាជ​សារ​មក​ ហើយ​ទៅ​វិញ​នោះ​យើង​បាន​ផ្ដាំ​ថា​ បើ​នឹង​ចង់​ឈប់​សង្គ្រាម​ ឲ្យ​រាស្ត្រ​ធ្វើ​ស្រែ​ក៏​ឈប់​តាម​ចិត្ត​ចុះ​។ បើ​រាស្ត្រ​កំពុង​មាន​ចិត្ត​ត្រេក​អរ​ព្រោះ​បាន​ទៅ​ប្រមូល​កូន​ប្រពន្ធ​ផង​ ត្រេក​អរ​ នឹង យើង​ជា​ដើម​គំនិត​នេះ​ផង​ ហើយ​បើ​យើង​ត្រឡប់​ជា​ប្រែ​សំដី​វិញ​ រាស្ត្រ​កំពុង​បាក់​ចិត្ត​ស្រលាញ់​យើង​នោះ​ ក៏​នឹង​ប្រែ​ចិត្ត​ស្អប់​យើង​ ព្រោះ​យើង​មាន​វាចា​ពុំ​ទៀង​ទាត់​។​
ប្រការ៦ :​ សេនា​ទាហាន​ខាង​យើង​ មាន​ថ្វី​ដៃ​ក៏​ច្រើន​នាក់​ តែ​យើង​ពុំ​បាន​ឲ្យ​ប្រឡង​ថ្វី​ដៃ​ ឲ្យ​ឃើញ​ជាក់​ច្បាស់​នៅ​ឡើយ​។​
ប្រការ៧ : ខាង​យើង​ពិត​ជា​ព្រះ​រាជ​ត្រកូល​មែន​ តែ​ទើប​តាំង​ខ្លួន​ថ្មី​ ពុំ​ទាន់​មាន​ទូក​ចម្បាំង​ដល់​មួយ​សោះ​។​ ឯ​ខាង​ព្រះ​ស្ដេច​កន​វិញ​ គេ​ពិត​ជា​ក្រៅ​ព្រះ​រាជ​ត្រកូល​ តែ​គេ​តាំង​ខ្លួន​មក​យូរ​ហើយ​ គេ​មាន​ទូក​ចម្បាំង​ក៏​ច្រើន​។​ បើ​គេ​លើក​ទ័ព​ជើង​ទឹក​ មក​ព័ទ្ធ​ចោម​យើង​កាល​ណា​យើ​ង​គ្មាន​អ្វី​ត​ទល់​នឹង​គេ​ឡើយ​។ ហេតុ​នេះ​ហើយ​ បាន​ជា​យើង​ព្រម​តាម​ស្ដេច​កន​ សុំ​ដែល​សម​តាម​គំនិត​របស់​យើង​។​

ឯ​មន្ត្រី​ ខ្ញុំ​រាជ​ការ​ សេនា​ទាហាន​ទាំង​ប៉ុន្មា​ន​បាន​ថ្លែង​កោត​សរ​សើរ​ព្រះ​ប្រាជ្ញា​ញាណ​នៃ​ទ្រង់​គ្រប់​ៗ​គ្នា​។ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ជា​អម្ចាស់​ កាល​ទ្រង់​បាន​យល់​ចិត្ត​នៃ​មន្ត្រី​ ខ្ញុំ​រាជការ​ ដែល​​ទុក​ចិត្ត​ជឿ​ចំពោះ​ព្រះ​តំរិះ​ប្រាជ្ញា​ព្រះ​អង្គ​ហើយ​ ព្រះ​អង្គ​ក៏​តាំង​​ចៅ​ពញា​សួគ៌ា​លោក​ទេព​ ជា​កូន​​ទី​៣ របស់​ពញា​មឿង​ ឲ្យ​សម្រេច​រាជ​ការ លើ​ចៅ​ហ្វាយ​ស្រុក​ខែត្រ​រលា​ប្អៀរ​ ខែត្រ​លង្វែក​ ហើយ​ព្រះ​អង្គ​លើក​ទ័ព​ទៅ​ប្រថាប់​ នៅ​បន្ទាយ​អមរិន្ទ​បូរ​វិញ​។​

ឯ​ព្រះ​ស្រី​ជេដ្ឋា​ អម្ចាស់​ផែន​ដី​ខាង​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃ​នគរ​នោះ​ ស្ដេច​ត្រាស់​ឲ្យ​កង​ទ័ព​ ឈរ​រក្សា​ខែត្រ​ ជាប់​តាំង​ពី​ស្ទឹង​ក្រាំង​ពន្លៃ​ រៀង​ទៅ​ដល់​ខាង​ត្បូង​ ហើយ​ស្ដេច​លើក​ទ័ព​ត្រឡប់​ ទៅ​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃ​នគរ​ ទិស​ខាង​កើត​វិញ​។​

នេះនឹងនិយាយ អំពីចៅពញាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុក (1) វិញ។
ចៅ​ហ្វាយ​ស្រុក​ ខែត្រ​អាសន្ទុក​ លុះ​ដឹង​ថា​ "សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ស្ដេច​លើក​ទ័ព​ហួស​រហូត​ទៅ​ដល់​ខែត្រ​រលា​ប្អៀរ​ លង្វែក​ ហើយ​" ក៏​តាំង​កេណ្ឌ​ទ័ព​គ្រប់​ខែត្រ​ ដែល​ឡើង​ខែត្រ​ អា​សន្ទុក​នោះ​ គឺ​មឿង​ជី​ក្រែង ស្ទោង​ ព្រំ​ទេព ព្រៃ​ក្ដី​ ក្រកោះ​ កំពង់​ស្វាយ​ កំពង់​ហាវ​ ប្រាសាទ​១០​ កោះ​កែ​ ស្វាយ​រលែក​ គោក​សេះ​ សែន​ កំពូល​ពេជ្រ​ មឿង​ពោធិ៍​រោង​ ត្រឡែង​កែង​ ងន​ ឈើ​ទាល​ ស្រងែ​ សារ​នគរ​ ស្រយូវ​ ម្លូ​ព្រៃ​ ព្រៃ​ក្ដី​ សៀម​បូក​ សៀម​ប៉ាង​ ព្រះ​ប្រ​សប់​ (2) មឿង​ទាំង​ ២៥​ នេះ​ កេណ្ឌ​បាន​ពល ៨០០០០​នាក់​ ហើយ​ឲ្យ​កេណ្ឌ​ទូក​រាស្ត្រ​ សម្រាប់​ចម្លង​កង​ទ័ព​ឆ្លង​ទៅ​ខែត្រ​ក្រគរ​ ដើម្បី​ នឹង វាយ​ទ័ព​សត្រូវ​ផ្ទប់​ពី​ក្រោយ​ កុំ​ឲ្យ​ស​ម្ដេច​ចៅ​ពញា​ចន្ទ​រាជា​រត់​គេច​ខ្លួន​រួច​បាន​។​

ឯ​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ព្រះ​អង្គ​ប្រថាប់​ទ័ព​ នៅ​បន្ទាយ​ស្រុក​អមរិន្ទ​បូរ​ (អម្រិន្ទ​បូរី​)​។ ក្នុង​ថ្ងៃ​មួយ​នោះ​ ព្រះ​អង្គ​ទ្រង់​ជ្រាប​ថា​ "កង​ល្បាត​ នៃ​ចៅ​ពញា​ឧទ័យ​ធិ​រាជា​ កំពុង​ឲ្យ​កង​ទ័ព​ឆ្លង​ទន្លេ​សាប​ មក​ខែត្រ​ក្រគរ​ហើយ​ លុះ​ទ្រង់​ឈ្វេង​យល់​គ្រប់​ប្រការ​ស្រេច​ ទើប​ស្ដេច​ត្រាស់​បង្គាប់​បម្រើ​សេះ​ ឲ្យ​ទៅ​ទូល​ចៅ​ពញា​យស​រាជា​ ​ដែល​នៅ​រក្សា​ ខែត្រ​ពោធិ៍​សាត់​ថា​ ឲ្យ​លើក​កង​ទ័ព​ទៅ​ស្ទាក់​ចាំ​ នៅ​នឹង​កំពង់​ដៃ​ទន្លេ​សាប​ កុំ​ឲ្យ​កង​ទ័ព​សត្រូវ​ឡើង​គោក​រួច​"​។ ឯ​ចៅ​ពញា​យស​រាជា​ ជា​សម្ដេច​ព្រះ​ភាគិ​នេយ្យោ​ (របស់​ព្រះ​ចន្ទរា​ជា​)​ ទ្រង់​ជ្រាប​ហើយ​ ស្ដេច​ត្រាស់​ឲ្យ​យក​កង​ទ័ព​នាំ​ រេហ៍​ពល ១០០០០ នាក់​កាន់​កាំ​ភ្លើង​ធំ​តូច​ទៅ​បង្កប់​ចាំ​ នៅ​មាត់​ព្រែក​ទន្លេ​សាប​ ពី​រ​អន្លើ​ ហើយ​ឲ្យ​កេណ្ឌ​ទូក​បាន​ជា​ច្រើន​។​ ទ្រង់​ត្រាស់​កំណត់​ថា​ បើ​កង​ទ័ព​សត្រូវ​វា​ថយ​រត់​ទៅ​ ត្រូវ​ឲ្យ​តាម​បាញ់​តាម​កាប់​ យក​ជ័យ​ជំនះ​ឲ្យ​បាន​។​

សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ កាល​ឲ្យ​បម្រើ​ទៅ​ទូល​ សម្ដេច​ព្រះ​ភាគិ​នេយ្យោ​ ចៅ​ពញា​យស​រាជា​រួច​ហើយ​ ស្ដេច​ត្រាស់​បង្គាប់​ និង​ ចៅ​ពញា​យោធា​សង្គ្រាម​ពៅ ​ឲ្យ​នាំ​រេហ៍ពល ២០០០០​នាក់​ទៅ​បង្កប់​ចាំ​ នៅ​មាត់​ព្រែក​ទន្លេ​សាប​ត្រើយ​ខាង​កើត​ ហើយ​ទ្រង់​ផ្ដាំ​ថា​ "បើ​ឮ​សូរ​កាំ​ភ្លើង​សន្យា​ទ័ព​ហើយ​ ឲ្យ​លើក​កង​ទ័ព​ចូល​ច្បាំង​ឲ្យ​បាន​សម្រេច​ចុះ​"​។​ ចៅ​ពញា​ទាំង​ពីរ​ ក៏​ក្រាប​ថ្វាយ​បង្គំ​លា​ ចេញ​ទៅ​តាម​ព្រះ​រាជ​បញ្ជា​។ ឯ​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ព្រះ​អង្គ​ស្ដេច​ឡើង​គង់​ លើ​ព្រះ​ទី​នាំ​ចក្រ​ពត្តិ​ គឺ​ទូក​-ង​សារាយ​អណ្ដែត​នោះ​ ព្រម​ដោយ​ទូក​-ង​ផ្សេង​ៗ​ ២៥​ ទៀត​ចេញ​ទៅ​បង្កប់​ស្ទាក់​នៅ​ព្រែក​មាត់​ទន្លេ​សាប​ចាំ​ទ័ព​សត្រូវ​។​

ចៅ​ពញា​ឧទ័យ​ធិរាជ​ ចៅ​ហ្វាយ​ស្រុក​អាសន្ន​ទុក្ខ​ (ខាង​ព្រះ​ស្ដេច​កន​)​ កាល​បាន​ទូក​ និង ទ័ព​មក​ជួប​ជុំ​ហើយ​ ក៏​ដេញ​ពល​ឲ្យ​ចុះ​ទូក​ចេញ​ទៅ​ ដល់​ជិត​ព្រៃ​ត្រើយ​ខាង​លិច​។ ខណៈ​នោះ​ កង​ទ័ព​ចៅ​ពញា​យស​រាជា​ ដែល​បង្កប់​ខ្លួន​នោះ​ ក៏​តាំង​ហ៊ោ​បាញ់​កាំ​ភ្លើង​ធំ​តូច​កង​រំពង​ឡើង​។ កង​ទ័ព​ចៅ​ពញា​ឧទ័យ​ធិ​រាជ​ ជិះ​ទូក​កំណែន​ គ្មាន​ចំ​ណាប់​ នឹង បាញ់​ ក៏​បែក​កង​ទ័ព​ រត់​ទៅ​ពួន​ក្នុង​ព្រៃ​មួយ​អន្លើ​ ក្នុង​ខែត្រ​អម្រិន្ទ​បូរ​។​ នៅ​ទី​នោះ​ កង​ទ័ព​ពញា​ឧទ័យ​ធិរាជ​ទាំង​នោះ​ រត់​ទៅ​ជួប​ នឹង​ កង​ទ័ព​ចៅ​ពញា​សេនា​សង្គ្រាម​។​ ទ័ព​ខាង​ចៅ​ពញា​សេនា​សង្គ្រាម​ក៏​ទទួល​បាញ់​ កាប់​ចាក់​ កង​ទ័ព​សត្រូវ​ឥត​ត្រា​ប្រណី​ឡើយ​។ កង​ទ័ព​សត្រូវ​ទ្រាំ​មិន​បា​ន ​ក៏​រត់ឆ្លង​ទៅ​ត្រើយ​ខាង​កើត​វិញ​។ ទ័ព​ដែល​ស្លាប់​ដោយ​ធ្លាក់​ទឹក​ទន្លេ​សាប​នោះ​ប្រមាណ​ជា​ពីរ​ ឬ​បី​ពាន់​នាក់​ (3)

ឯ​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ដែល​បង្កប់​ទ័ព​ក្នុង​ព្រៃ​ លុះ​ ឮសូរ​កាំ​ភ្លើង​ហើយ​ឃើញ​ទ័ព​នៃ​ចៅ​ពញា​ឧទ័យ​ធិ​រាជា​ រា​រង់​ថយ​មក​នោះ​ ទ្រង់​ក៏​ឲ្យ​ទូក​-ង​ទាំង​ ២៥​ និង ទូក​ព្រះ​ទីនាំង​ចក្រ​ពត្តិ​អុំ​សម្រុក​ចូល​ទៅ​ចាប់​ ហើយ​ចាប់​បាន​ទាំង​ពល​​ទាំង​ពញា​ឧទ័យ​ធិ​រាជា​ និង​ ចៅ​មឿង​ ១០​នាក់​។​ ឯ​ចៅ​មឿង​​១១ នាក់​ទៀត​ លោត​រត់​ដោះ​គេច​ខ្លួន​ ទៅ​ដល់​ច្រាំង​ត្រើយ​ខាង​កើត​ជា​មុន​។​

ឯ​ចៅ​ពញា​អធិ​បតី​សេនា​ និង​ ចៅ​ពញា​យោធា​សង្គ្រាម​ ដែល​ទៅ​បង្កប់​ទ័ព​ នៅ​មាត់​ទន្លេ​សាប​ត្រើយ​ខាង​កើត​នោះ​ លុះ​ឃើញ​ចៅ​មឿង​ ទាំង​ ១១​នាក់​ រត់​ទៅ​ដល់​ហើយ​ ក៏​ឲ្យ​ទ័ព​ខ្លួន​ដេញ​ចាប់​បាន​ទាំង​អស់​ ហើយ​ឲ្យ​ដាក់​ក្ដី​ប្រចាំ​ការ​ ទម្រាំ​ស្ដេច​យាង​ទៅ​ដល់​។​ លុះ​ដល់​ថ្ងៃ​រសៀល​ សម្ដេច​​ចៅ​ពញា​ចន្ទ​រាជា​ ព្រះ​អង្គ​ចេញ​ព្រះ​រាជ​ដំ​ណើរ​ ទៅ​ដល់​ព្រះ​ពន្លា​ នៅ​ត្រើយ​ខាង​កើត​នោះ​ហើយ​ ចៅ​ពញា​អធិ​បតី​សេនា​ពេជ្រ​ និង​ ចៅ​ពញា​យោធា​សង្គ្រាម​ពៅ ​នាំ​ចៅ​ហ្វាយ​ស្រុក​ ចៅ​មឿង​ទាំង​ ២២ ​នាក់​ និង​ឈ្លើយ​ ទាំង​ ​៦០០០០ នាក់​ដែល​ចាប់​បាន​នោះ​ នាំ​មក​ក្រាប​បង្គំ​ទូល​ថ្វាយ​។ ខណៈ​នោះ​ ចៅ​ហ្វាយ​ស្រុក​ និង​ចៅ​មឿង​ ចៅ​បាន​ សេនា​ទាហាន​ ឯក​ ទោ ត្រី ដែល​ចាប់​បាន​ជាប់​ទាំង​រេហ៍​ពល​ ៦០០០០ នាក់​ក៏​កោត​ខ្លាច​អំណាច​បុណ្យ​ព្រះ​បារមី​ នៃ​សម្ដេច​ពញា​ចន្ទ​រាជា​ ហើយ​សន្មត​សញ្ញា​សូម​នៅ​ជា​ខ្ញុំ​រាជ​ការ​ត្រា​តែ​អស់​ជីវិត​។​

សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ទ្រង់​ព្រះ​រាជា​នុញ្ញាត​ឲ្យ​តាម​សុំ​។​ តែ​ក្នុង​គ្រា​នោះ​ ព្រះ​អង្គ​ពុំ​ទាន់​រក​ឃើញ​ នូវ​ក្រុម​ព្រះ​បុរោ​ហិត​នៅ​ឡើយ​ នឹង​ ឲ្យ​ធ្វើ​សច្ចា​ប្រណិ​ធាន​ តាម​ច្បាប់​ប្រពៃ​ណី​ពុំ​កើត​ ទើប​ទ្រង់​ត្រាស់​បង្គាប់​ ឲ្យ​ក្រុម​ទាំង​អស់​នេះ​ ទទួល​ថា​តាម​ព្រះ​អង្គ​ ៣​ ដង​ម្នាក់​ៗ​ ហើយ​ឲ្យ​ក្រុម​ទាំង​នោះ​ ទទួល​ទាន​ទឹក​ពិភទ្ទ​សច្ចា​ ទុក​ជា​ការ​ស្រេច​។​ លុះ​ពល​ទាំង​នោះ​ សុំ​ចុះ​ចូល​អស់​ហើយ​ ព្រះ​អង្គ​ត្រាស់​បង្គាប់​ទៅ​ ពញា​ឧទ័យ​ធិរាជ​ ជា​ចៅ​ហ្វាយ​ស្រុក​ ខែត្រ​អាសន្ទុក​ ដែល​ទើប​នឹង​សុំ​ចុះ​ចូល​ ឲ្យ​នាំ​ចៅ​មឿង​ទាំង​២២​ស្រុក​ និង​រេហ៍​ពល ៦០០០០ នាក់​ដែល​សល់​ពី​ស្លាប់​នោះ​ ឲ្យ​លើក​ទៅ​វាយ​បន្ទាយ​ ខែត្រ​កំពង់​សៀម​ បន្ទាយ​ខែត្រ​ជើង​ព្រៃ ​និង​ស្ទឹង​ត្រង់​ ទាំង​៣ខែ​ត្រ​នេះ​ ឲ្យ​បាន​។​

ចៅ​ហ្វាយ​ស្រុក​ទាំង​៣ ​ខែត្រ​នេះ​ ធ្លាប់​ខ្លាច​ថ្វី​ដៃ ​នៃ​ចៅ​ពញា​ឧទ័យ​ធិរាជ​ស្រាប់​ លុះ​ឃើញ​កង​ទ័ព​ចៅ​ពញា​ឧទ័យ​ធិរាជ​ មក​ដល់​ហើយ​ ក៏​ចុះ​ទូក​រត់​ទៅ​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃ​នគរ​អស់​។​ មួយ​រំពេច​នោះ​ ចៅ​ពញា​ឧទ័យ​ធិ​រាជ​ ចាត់​សេនា​ទាហាន​ ឲ្យ​នៅ​រក្សា​ខែត្រ​ទាំ​ង៣​ ហើយ​ក៏​លើក​ទ័ព​ត្រឡប់​មក​ក្រាប​បង្គំ​ទូល​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​អំពី​ជ័យ​ជំនះ​ ដែល​ខ្លួន​យក​បាន​​គ្រប់​ប្រការ​។​

សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ទ្រង់​មាន​ព្រះ​អំណរ​ណាស់​ ទ្រង់​ត្រាស់​ព្រះ​រាជ​ទាន​រង្វាន់​មាស​ ប្រាក់​យស​សក្ដិ​ ដល់​សេនា​ទាហាន​ទាំង​នោះ​ ឲ្យ​ឡើង​ទី​ទៃៗ​ពី​គ្នា ​តាម​សម​គួរ​ហើយ​ ទ្រង់​ផ្ដាំ នឹង ចៅ​ពញា​ឧទ័យ​ធិរាជ​ថា​ "ឲ្យ​ការ​ពារ​សឹក​សង្គ្រាម​ ត្រើយ​ខាង​កើត​ ទិស​ខាង​ជើង​នេះ​ ឲ្យ​ជាប់​នៅ​ នឹង បា​ឯង​, ឲ្យ​បាឯ​ង​ ខិត​ខំ​រក្សា​អាណា​ខេត្ត​ ព្រម​ទាំង​បញ្ចុះ​បញ្ចូល​ ចៅ​ហ្វាយ​ស្រុក​ និង​ចៅ​មឿង​ទីទៃ​ៗ ​ឲ្យ​បាន​មក​ជា​ចំណែក​ខា​ង​យើង​ទាំ​ងអស់​។​"

ចៅ​ពញា​ឧទ័យ​ធិរាជ​ និង​ ចៅ​មឿង​ ២១​ ខែត្រ ក៏​ថ្វាយ​បង្គំ​ទូល​ទទួល​ព្រះ​បន្ទូល​ពិសេស​ ហើយ​ក៏​លើក​ទ័ព​ត្រឡប់​ទៅ​ខែត្រ​ទី​ទៃៗ​​រៀង​ខ្លួន​។​

ចៅ​ពញា​ឧទ័យ​ធិ​រាជ​ទៅ​ដល់​ខែត្រ​ហើយ​ ក៏​ឲ្យ​កេណ្ឌ​សេនា​ទាហាន​ និង​ អ្នក​មាន​ប្រាជ្ញា​ស្មារ​តី​មាន​ថ្វី​មាត់​ ចេញ​ទៅ​និយាយ​បញ្ចុះ​បញ្ចូល​ ចៅ​ហ្វាយ​ស្រុក​ និង​ ចៅ​មឿង​ដែល​នៅ​ទិស​ខាង​កើត​ ប៉ែក​ខាង​លិច​នោះ​ទាំ​ងអស់​។ សេនា​ទាហាន​ និង​អ្នក​មាន​ប្រាជ្ញា​​ស្មារ​តី​ ថ្វី​មាត់​ទាំ​ងនេះ​ ទៅ​បញ្ចុះ​បញ្ចូល​បាន​ ចៅ​ហ្វាយ​ស្រុក​មហា​នគរ​ ចៅ​មឿង​សូត្រ​និគម​ ចៅ​មឿង​ពួក​ ចៅ​មឿង​ក្រឡាញ់​ ចៅ​មឿង​ចុង​កាល​ និង​រហូត​រៀង​ទៅ​ដល់​ផុត​ដែន​ បាន​ជា​ច្រើន​ទៅ​ទិស​ខាង​លិច​ ជា​ស្រេច​ដាច់​ខាត​ មក​ខាង​សម្ដេច​បញា​ចន្ទ​រាជា​​ទាំង​អស់​។​ ចៅ​ពញា ឧទ័យ​ធិរាជ​ កាល​បាន​ជោគ​ជ័យ​ ដូច្នេះ​ហើយ​ក៏​ធ្វើ​សំបុត្រ​ក្រាប​បង្គំ​ទូល​ ចូល​មក​ព្រះ​បាទ​អ្នក​ជា​អង្គ​ថយ​ទ័ព​ត្រឡប់​មក​ ខែត្រ​អម្រិន្ទ​បូរ​វិញ​។​

ក្នុង​ឆ្នាំ​ជូត​អដ្ឋ​ស័ក​នោះ​ ព្រះ​សង្ឃ​រាជ​ រាជា​គណៈ​ ឋា​នា​នុក្រម​ និង​ ព្រះ​បុរោ​ហិត​ព្រឹទ្ធា​ចារ្យ​ ព្រះ​រាជ​វង្សា​នុវង្ស​ (4) ដែល​រត់​ខ្ចាត់​ភ្លាត់​ ចេញ​ពី​ក្រុង​ភ្នំ​ពេញ​ និង ពី​ក្រុង​បាសាន​នោះ​ បាន​ដឹង​ថា​ "សម្ដេច​ព្រះ​អនុជ​ (ព្រះ​ចន្ទ​រាជា​)​ ព្រះ​អង្គ​មាន​ជ័យ​ជំនះ​ហើយ​" ក៏​ចេញ​ពី​ព្រៃ​ដែល​ពួន​ជ្រក​នោះ​ មក​ជួប​ជុំ​នាយ​កង​ទ័ព​ សុំ​ឲ្យ​នាំ​ខ្លួន​យក​ទៅ​ថ្វាយ​ជា​ខ្ញុំ​រាជ​ការ​ ហើយ​ប្រឹក្សា​គ្នា​ថា ​:​ "ទ្រង់​ព្រះ​ករុណា​ពិសេស​ ជា​អម្ចាស់​យើង​នេះ​ ពេញ​ជា​ព្រះ​រាជ​បុត្រា​បង្កើត​ នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​រាជ​ ឱង្ការ ​ព្រះ​ធម្មរា​ជា​ ដែល​ជា​ព្រះ​មហា​ក្សត្រ​ទ្រង់​ធម៌​ ទ្រង់​ប្រាថ្នា​ជា​ពុទ្ធ​ភូមិ​ វីរិយា​ធិក​ ព្រះ​អង្គ​ម្ចាស់​យើង​នេះ​ ពេញ​ជា​មាន​សតិ​បញ្ញា​ឈ្លាស​វៃ​ណាស់​ ព្រះ​អង្គ​ឈម​​ព្រះ​ភក្ដ្រ​ទៅ​ធ្វើ​សង្គ្រាម​ទិស​ណា​ ក៏​វាយ​ទិស​នោះ​ បាក់​បប​ខ្លប​ខ្លាច​ទាំង​អស់​ ពុំ​ដែល​ទើស​ទាក់​នឹង​ព្រះ​រាជា​នុភាព​បាន​ឡើយ​។​ ព្រះ​អង្គ​មាន​បុណ្យ​ បាន​របស់​ត្រកាល​ពីរ​យ៉ាង​គឺ ​​:​"

១. ទ្រង់​មាន​ព្រះ​ពិជ័យ​គជេន្ទ្រ ​ស​ សុទ្ធ​មួយ​ កាល​ដែល​ទើប​ នឹង បាន​កំពស់​តែ ​៦​ ហត្ថ​មក​ដល់​ ឥឡូវ​នេះ​កំពស់​របស់​វា​ ៧​​ហត្ថ​ប្លាយ​ ដំរី​នេះ​ មាន​ដំណឹង​ (ការ​ចេះ​ដឹង​) ​ច្រើន​ចំពូក​ណាស់​ គឺ​ ចំពូក​មួយ​ វា​ចេះ​កាន់​អាវុធ​ចាក់​កាប់​ ដូច​មនុស្ស​ ជើង​ទាំង​ ៤​ ចេះ​ធាក់​ផង​ រង​អា​វុធ​បាន​ផង​។​ ចំពូក​ពីរ​ បើ​មាន​ជំងឺ​តំកាត់​នៅ​ទី​ណា​ ក្នុង​ព្រះ​នគរ​ ព្រះ​ករុណា​ជា​អម្ចាស់​យើង​ឲ្យ​ហ្ម​ថៅ​ពិធី​ សុំ​ទឹក​យក​ទៅ​ជះ​បាច​សាច​ នៅ​ទី​ណា​ដែល​មាន​ជំងឺ​នោះ​ ជំងឺ​ក្នុង​ទីនោះ​ សឹង​តែស្ងប់​ស្ងាត់​បាត់​ទៅ​។ ចំពូក​បី បើ​រដូវ​វស្សា​ហើយ​ រាំង​ភ្លៀង​ ព្រះ​អង្គ​ ជា​អម្ចាស់​យើ​ង​ឲ្យ​ហ្ម​ថៅ ​នាំ​ទៅ​ធ្វើ​ពិធី​ក្នុង​ទី​នោះ ​៣ ​ឬ​ ៧​ថ្ងៃ​ប៉ុណ្ណោះ ​ភ្លៀង​ក៏​ធ្លាក់​បរិ​បូរណ៍​។ ចំពូក​បួន​ បើ​ព្រះ​អង្គ​ជា​អម្ចាស់​យើង​ ឡើង​គង់​នឹង​ធ្វើ​សង្គ្រាម​យុទ្ធ​កាល​ណា​ បើ​វា​ស្រែក​ឲ្យ​ ឮ​ សម្លេង​ក្រ​អៅ​ហើយ​នោះ​ ឲ្យ​សង្ឃឹម​ទុក​ចិត្ត​ចុះ​ថា​ មុខ​ជា​មាន​ជ័យ​ជំនះ​ ឈ្នះ​បាន​ដំរី​មក​ជា​បរិ​វារ​​ច្រើន​ជា​មិន​ខាន​ឡើយ​។​

២. ព្រះ​អង្គ​ទ្រង់​បាន​ទូក​-ង​ ឈ្មោះ ​សារាយ​អណ្ដែត​ មក​ជា​ព្រះ​ទី​នាំង​ចក្រ​ពត្តិ​នោះ​ ក៏​មាន​បុញ្ញា​ធិការ​ច្រើន​ចំពូក​ គឺ​ចំពូក​មួយ​ បើ​ទូក​ធម្មតា​ទៅ​នគរ​វត្ត​នោះ​ មិន​មាន​ខ្យល់​រលក​ទេ​ កំណត់​បី​បួន​ថ្ងៃ​ ទើប​ទៅ​ដល់​បើ​ខ្យល់​រលក​ផង​ ទូក​ធម្មតា​ ទៅ​នគរ​វត្ត​ ត្រូវ​ប្រើ​វេ​លា​អស់​ ១០ ​ឬ​ ១៥ ​ថ្ងៃ​ ឯ​ព្រះ​ទីនាំង​ចក្រ​ពត្តិ​នោះ​ ព្រះ​អង្គ​ទៅ​បិណ្ឌ​បាត​ នៅ​នគរ​វត្ត​ ត្រឡប់​មក​ដល់​វត្ត​យើង​វិញ​ កំណត់​តែ​បាយ​ចង្ហា​ន់​ហុយ​ៗ​ នៅ​ឡើយ​ ព្រោះ​លឿន​ បី​ដូច​ជា​ទូក​ទិព្វ​។ ចំពូក​ពីរ​ បើ​សេនា​ទាហាន​ នឹង​ ឡើង​ជិះ​ធ្វើ​សង្គ្រាម​ ចំណុះ​ទូក​ ១២៥​ នាក់​នោះ​ ទោះ​កាំ​ភ្លើង​ ធ្នូ​ ស្នា​ ច្រើន​ប៉ុន្មាន​ក្ដី​ ក៏​ពុំ​ដែល​មក​ជិត​ចំណុះ​ទូក​នោះ​ឡើយ​។​ ចំពូក​បី​ បើ​នឹង​លើក​ទ័ព​ចេញ​ទៅ​​ហើយ​ គេ​ត្រូវ​លេង​ភ្លេង​ពិធី​អូស​ចេញ​ពី​បង្គង​នោះ​ លុះ​លេង​រួច​ហើយ​ ឲ្យ​ពិនិត្យ​មើល​ពង​មាន់​ ១២៥​ ដែល​តាំង​ថ្វាយ​ទូក​នោះ​ បើ​បិសាច​ដែល​រក្សា​ទូក​នោះ​ ឭ​សូរ​គាំហ៊ោ​ជា​ត្រេក​ត្រអាល​នោះ​អ្នក​ស្នែង​អាច​សែង​តែ​ ១៦​ នាក់​រួច​យ៉ាង​ស្រួល​ ហើយ​ឲ្យ​សង្ឃឹម​ថា​មុខ​តែ​មាន​ជ័យ​, បើ​ពង​មាន់​នោះ​មិន​បាត់​ មាត់​ក៏​​ឮ​ហ៊ោ​ក្រេវ​ទេ​ ទូក​ដែល​ចេញ​ទៅ​នោះ​ មុខ​ជា​ពុំ​ប្រទះ​ច្បាំហ​នឹង​សត្រូវ​សោះ​ឡើយ​។​ របស់​វិសេស​ទាំង​ពីរ​ប្រការ​នេះ​ អស់​អាត្មា​ភាព​ និង​ យើង​ខ្ញុំ​ទាំង​ឡាយ​យល់​ថា​ ចូល​ជា​របស់​ចុល្ល​ចក្រ​ មហា​ចក្រ​ ទៅ​ធ្វើ​ការ​ឯណា​ ក៏​នឹង​មាន​ជ័យ​ជំនះ​ ហើយ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ មក​នៅ​ស្ងៀម​ ពុំ​បាន​ធ្វើ​ព្រះ​រាជ​ពិធី​អភិ​សេក​ ឲ្យ​បាន​រុង​រឿង​ឥស្ស​រិយ​យស​ខ្ពស់​ជា​ឯក​ព្រះ​មហា​ក្សត្រ​ ឲ្យ​បាន​ថ្កុំថ្កើង​ ជាង​រាជ​សត្រូវ​នោះ​ពុំ​បាន​ឡើយ​។ លុះ​គិត​ព្រម​គ្នា​ហើយ​ ក៏​នាំ​គ្នាចូ​ល​ទៅ​ក្រាប​បង្គំ​ទូល​សូម​អញ្ជើញ​ព្រះ​អង្គ​ សោយ​រាជ​សម្បត្តិ​ តាម​សេច​ក្ដី​ពិភាក្សា​ ហើយ​យល់​ព្រម​គ្នា​ជា​ឯកច្ឆន្ទ​។​

ទើប​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ជា​អម្ចាស់​ទ្រង់​ត្រាស់​ថា​ : ព្រះ​នគរ​ ក៏​ពុំ​ទាន់​បាន​រាប​ទាប​ទាំង​ព្រះ​ខ័ន​ក៏​ពុំ​ទាន់​រក​ឃើញ​ បើ​ នឹង​រៀប​អភិ​សេក​ ក្រែង​ពុំ​គួរ​ទេ​ដឹង​។ ពេល​នោះ​ អស់​ព្រះ​សង្ឃ​ និង​ព្រះ​បុរោ​ហិត​ ព្រះ​វង្សា​នុវង្ស​ មន្ត្រី​ចាស់​ទុំ​ ខ្ញុំ​ព្រះ​រាជ​កា​រ​ ក្រាប​បង្គំ​ទូល​ថា​ សូម​ព្រះ​រាជ​ទាន​ នឹង​រៀប​ព្រះ​រាជ​ពិធី​ជា​ សង្គ្រា​មា​ភិសេក​ ថ្វាយ​ជា​សុវត្ថិ​មង្គល​ គ្រាន់​ នឹង គ្រប់​គ្រង​រាស្ត្រ​ប្រជា​ ជា​បណ្ដោះ​អាសន្ន​សិន​ ប៉ុណ្ណោះ​ទេ​ បើ​ទ្រង់​ច្បាំង​ឈ្នះ​បាន​ព្រះ​នគរ​ស្រេច​កាល​ណា ​នឹង​សូម​ថ្វាយ​ ប្រាប្ដា​ភិសេក​ (5) ក្នុង​កាល​នោះ​។

ខណៈ​នោះ សម្ដេច​ព្រះ​បរម​បពិត្រ​ ទ្រង់​ព្រះ​រាជា​នុកូល ចូល​ព្រះ​ហ​ឫទ័យ​ផង​ ហើយ​ទ្រង់​ត្រាស់​ថា បើ​ព្រម​គ្នា​យល់​ថា​ត្រូវ​តែ​ឲ្យ​យើង​ទទួល​អភិសេក​ហើយ​ ក៏​ឲ្យ​គិត​សម្រេច​ធ្វើ​តាម​ក្បួន​សង្គ្រាម​អភិសេក​នោះ​ ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ប្រ​ពៃ​ណីចុះ​។ មួយ​រំពេច​នោះ​ ព្រះ​សង្ឃ​ និង​ខ្ញុំ​រាជ​ការ​ទាំង​ឡាយ​ត្រេក​អរ​សោម​នស្ស​ណាស់​ ហើយ​ក៏​ចេញ​មក​ចាត់​ចែង​ កេណ្ឌ​កង​កំណែន​ ឲ្យ​ចាំង​ដី​ជម្រះ​ស្មៅ​ ជា​ឯ​លិច​បន្ទាយ​ដែល​គង់​ ឲ្យ​សង់​រោង​រាជ​ពិធី​ តាម​ពុទ្ធ​សាសន៍​ សេយ្យ​សាសន៍​ (6) ព្រះ​រាជវ័តិ​ ឆត្រ​ ទ្រង់​​ធ្វើ​ភ្នំ​មហា​បណ្ឌម​ ធ្វើ​ព្រះ​បុស្បក​មាន​ព្រះ​ស្វេត​ច្ឆត្រ​គ្រឿង​រាជ​អភិ​រម​សព្វ​សារ​ពើ​។ ចំណែក​ឯ​ព្រះ​ស្វេច្ឆត្រ​នោះ​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ទ្រង់​ពុំ​ឲ្យ​ធ្វើ​គ្រប់​ ៩ ​ជាន់​ទេ​ ទ្រង់​ឲ្យ​ធ្វើ​តែ​ ៥ ​ជាន់​ ហើយ​ទ្រង់​ឲ្យ​ធ្វើ​គ្រឿង​ព្រះ​ទីនាំង​គជេន្ទ្រ​យុទ្ធ​ គ្រឿង​ព្រះ​ទីនាំង​អស្សតរ​ ព្រះ​ទីនាំង​ពីជ័យ​រិទ្ធិ​គ្រឿង​ឧសភ​រាជ​ គ្រឿង​ ព្រះ​ទីនាំង​រាជ​ និង​ គ្រឿង​សេនា​ទាហាន​ ឲ្យ​មាន​ស្លាក​ពាក់​ តែង​ខ្លួន​ឲ្យ​ប្រពៃ​ បម្រុង​កាន់​ទង់​ជាតិ​ ដើរ​ហែ​ចូល​ទៅ​ក្នុង​រោង​ព្រះ​រាជ​ពិធី​។​

ឯ​បណ្ដា​រាស្ត្រ​ជិត​ឆ្ងាយ​ ឮ​ថា​ ព្រះ​បរម​បពិត្រ​ ទ្រង់​រៀប​សង្គ្រា​មា​ភិសេក​ហើយ​ ត្រេក​អរ​ណាស់​ ក៏​នាំ​គ្នាយក​គោ​ ក្របី​ ដំរី សេះ រទេះ ទូក មាស ប្រាក់ សំពត់ អាវ សាវ​ស្បៃ ​តាម​ដែល​ខ្លួន​មាន​នោះ​មក​ក្រាប​ទូល​ថ្វាយ​ ច្រើន​ជា​អនេក​។​

លុះ​មក​ដល់​ថ្ងៃ​ទី​៩​ កើត​ ខែ​ផល្គុន​ ឆ្នាំ​ជូត​ អដ្ឋ​ស័ក​ ព.ស.​២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេ​ចៅ​ពញា​ចន្ទ​រាជា​ ព្រះ​អង្គ​ទ្រង់​គ្រឿង​ មហា​ខត្តិ​យា​ធិប​ឌិន​ ទ្រង់​ធ្វើ​ព្រះ​រាជ​ដំណើរ​ចូល​ក្នុង​រោង​រាជ​ពិធី​។ ព្រះ​រាជ​គ្រូ ​ថ្វាយ​មហា​ស្វេត​ច្ឆត្រ​ ស្ដេច​ឋិត​នៅ​នា​បូព៌ា​ភិ​មុខ​ស្វេត​ច្ឆត្រ​ ទើប​ព្រះ​រាជ​វង្សា​នុវង្ស​ សេនា​មុខ​មន្ត្រី​ ក្រាប​ថ្វាយ​ព្រះ​រាជ​មង្គល​ ព្រះ​ពិធី​ពរ​ជ័យ​។​
សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ព្រះ​អង្គ​ឡើង​គ្រង​រាជ​សម្បត្តិ​ (7) ទ្រង់​ព្រះ​នាម​ជា​"សម្ដេច​ព្រះ​បរម​រាជា​ ចន្ទ​រាជា​ គ្រង​ក្រុង​កម្ពុជា​ធិបតី​"​។​

លុះ​រួច​ពិធី​ហើយ​ ព្រះ​អង្គ​តាំង​ព្រះ​សង្ឃ​ និង​ មន្ត្រី​ តាម​មាន​គុណ​បំណាច់​ និង​ ចំណេះ​វិជ្ជា​ដូច​ត​ទៅ​នេះ​៖
១. ចៅអធិការ សួស្ដិ៍ ជាទីសម្ដេចព្រះសុគន្ធាធិបតី សិរីសោធរសង្ឃនាយក។
២. ចៅអធិការ ស្រី ជាទី សម្ដេចមង្គលទេពាចារ្យ។
៣. ចៅអធិការ សោម ជាទី សម្ដេចព្រះធម្មលិខិត។
៤. ចៅអធិការ លាស់ ជាទីសម្ដេចព្រះពោធិវង្ស។
៥. ចៅអធិការ ទន់ ជាទីសម្ដេចព្រះវនរ័ត។
៦. ចៅអធិការ សោម ជាទី សម្ដេព្រះមហាព្រហ្មមុនី។
៧. ចៅអធិការ ជ័យ ជាទី សម្ដេចមហាវិមលធម្ម

ចៅ​អធិការ​ សោម​ មាន​បណ្ដា​ស័ក្ដិ​ស្មើ​ នឹង ទី​ក្រឡា​ហោម​, ស្រី​ ស្មើ​ នឹង ទី​យម​រាជ​ លាស់​ ស្មើ​ទី​វាំង​ ទន់ ស្មើ​ទី​ចក្រី​ សោម ស្មើ​ទី​មហា​មន្ត្រី​ ជ័យ​ ស្មើ​ទី​មហា​ទេព​។​ លំដាប់​មក​ ទ្រង់​តាំង​ព្រះ​រាជា​គណៈ​សម្រាប់​ ទោ ​ត្រី ចត្វា ត​ទៅ​ទៀត​។ លុះ​តាំង​ទ្រ​ទូង​រត្ន​ទាំង​ ៧​ គ្រប់​ទាំង​ ៤​ សម្រាប់​នោះ​រួច​ហើយ​ ទ្រង់​តាំង​មន្ត្រី​រត្ន​ទាំង​៧​ទៀត​ ហើយ​ទ្រង់​បញ្ញត្តិ​ទុក​ថា​ តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ​ បើ​​ នឹង តាំង​សេនា​បតី​មន្ត្រី​ក្នុង​ក្រៅ​ ឲ្យ​តាំង​ដោយ​របៀប​ដូច្នេះ​:​

បើ​ខ្ញុំ​រាជ​ការ​សក្ដិ ​៥ ហ៊ូ​ពាន់​(8) ឲ្យ​តាំង​ជា​ហ្លួង​។ បើ ​៤​ ហ៊ូ​ពាន់​ ឲ្យ​តាំង​ជា ឃុន​ម៉ឺន​។​ បើ ​៣​ ហ៊ូ​ពាន់​ឲ្យ​តាំង​ជា​ឧក​ម៉ឺន​។ បើ ២​ ហ៊ូ​ពាន់​ ឲ្យ​តាំង​ជា​ចៈ​ម៉ឺន​។ បើ​មួយ​ម៉ឺន​ ឲ្យ​តាំង​ជា​ ម៉ឺន​ បើ​ខ្ញុំ​រាជ​ការ​ហើយ​តែ​ពុំ​ទាន់​ប្រោស​ព្រះ​រាជ​ទាន​ ឲ្យ​មាន​យស​សក្ដិ​ទេ​នោះ​ឲ្យ​ហៅ​ថា នាយ​។​

មួយ​ទៀត​ សេនា​បតី​ និង ចៅ​ហ្វាយ​ស្រុក​ សក្ដិ​ ១០​ ហ៊ូ​ពាន់​ ពី​បុរាណ​រៀង​មក​ គឺ​តាំង​ពី​ផែន​ដី​ព្រះ​បាទ​អរិដ្ឋ​ពល​ពាហ​នោ​នោះ​ ទ្រង់​តាំង​ឡើង​ សុទ្ធ​តែ​ជា​ទី ​"សម្ដេច​ចៅ​ពញា​"​ ព្រោះ​ចៅ​ហ្វាយ​ស្រុក​ទាំង​​នោះ​ សុទ្ធ​តែ​ជា​សម្ដេច​ព្រះ​រាជ​ត្រកូល​ ដែល​ចេញ​ទៅ​គ្រង​ស្រុក​ សក្ដិ​១០​ហ៊ូ​ពាន់​ក៏​មាន​ ៩​ហ៊ូ​ពាន់​ក៏​មាន​ ដល់​មក​ផែន​ដី​ ព្រះ​បាទ​ធនញ្ជ័យ​គោរព្យ​រាជ​នោះ​ ចៅ​ហ្វាយ​ស្រុក​ទាំង​នោះ​ ពុំ​សូវ​កោត​ខ្លាច​សេនា​បតី​ ទើប​ព្រះ​បាទ​គោរព្យ​រាជ​ទម្លាក់​ចៅ​ហ្វាយ​ស្រុក​ទាំង​នោះ​មក​នៅ​ត្រឹម​តែ​ទី "ចៅ​ពញា​"​ វិញ​។ បើ​សក្ដិ ​៨​ហ៊ូពាន់​ចុះ​មក​ តាំង​ជា​ទី "ពញា"​។ ឯ​សេនា​បតី​ និង មន្ត្រី​សក្ដិ​ ៩​ហ៊ូពាន់​ ក្នុង​វង្ស​មន្ត្រី​រដ្ឋ​នោះ​ ពី​មុន​មក​ បាន​តែង​តាំង​ជា​ "សម្ដេច​ចៅ​ពញា​" ដល់​មក​ផែន​យើង​នេះ​ យើង​ពិនិត្យ​ទៅ​ក៏​ឃើញ​ថា នៅ​តែ​ច្រឡូក​ច្រឡំ​នៅ​ឡើយ​។ ដូច្នេះ​ យើង​ត្រូវ​គិត​រៀប​ចំ​ជា​ថ្មី​ គឺ​ថា​ នា​ម៉ឺន​ក្រៅ​ពី​ខ្នង​ពស់​ (9) ទាំង៤ សម្រាប់​ បើ​​តាំង​ឡើង​ ឲ្យ​តាំង​ជាទី​ "ឧក​ញ៉ា"​។ ឯ​ចៅ​ហ្វាយ​ស្រុក​សក្ដិ​ ៩​ ឬ​ ១០ ហ៊ូ​ពាន់​នោះ​ឲ្យ​តាំង​ជា​ទី "ចៅ​ពញា​"​។​ បើ​៧ ឬ​ ៨ ហ៊ូ​ពាន់​ឲ្យ​តាំង​ជា​ទី​ "ពញា"​។ ត​មក​ ទ្រង់​តាំង​ព្រះ​ភីលៀង​ ខាង​ព្រះ​អង្គ​ ទាំង ​៥​នាក់​គឺ៖

១. ព្រះទិព្វជាញជ័យ ទេព ឲ្យជាទី សម្ដេចចៅហ្វាទឡ្ហៈ (នាយករដ្ឋមន្ត្រី)។
២. ហ្លួងស្នេហានុរ័ក្ស ព្រំ ជាទី ឧកញ៉ាយមរាជ (រដ្ឋមន្ត្រីខាងក្រសួងយុត្តិធម៌)
៣. ហ្លួងវិជិត ព្រះអង្គឲ្យតាំងជាទី ឧកញ៉ាក្រឡាហោម (រដ្ឋមន្ត្រីក្រសួងទ័ពជើងទឹក)។
៤. ហ្លួងឧត្តមចិន្តា ស្រី ជាទី ឧកញ៉ាវាំង (រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង)។
៥. ហ្លួងភក្ដីនុរ័ក្ស កែវ ជាទី ឧកញ៉ាចក្រី (រដ្ឋមន្ត្រីខាងទាហានជើងគោក)។
ទ្រង់តាំងខ្ញុំរាជការ ដែលជាកម្សត់ជំនិត និងព្រះអង្គ ទាំង ៥០ នាក់នោះ ជាមន្ត្រីក្រុមរក្សាព្រះអង្គគ្រប់គ្នា។ ទ្រង់តាំងចៅពញាយសរាជា ជាទី សម្ដេចព្រះភាគិនេយ្យោយសរាជា។
ទ្រង់តាំងព្រះភីលៀង សម្ដេចព្រះភាគិនេយ្យោ៖
១. ឃុនស្នេហានុរ័ក្ស កែន ជាទី ឧកញ៉ាវង្សាអគ្គរាជ
២. ម៉ឺនវិជិតសិទ្ធិរស សម ជាទី ឧកញ៉ាវិបុលរាជ
៣. ម៉ឺនភក្ដីនុរ័ក្ស ទេព ជាទី ឧកញ៉ាធម្មាធិរាជ
៤. ម៉ឺនវិសេសហឫទ័យ កៅ ជាទី ឧកញ៉ារាជតេជៈ។
ឯមន្ត្រីក្នុងសេនាទាហាន ក្រៅពីនេះ ទ្រង់តាំង៖
១. ចៅពញាសេនរឿងឫទ្ធិ ទ័យ ជាទីសម្ដេចជេដ្ឋាមន្ត្រី
២. ចៅពញាជំរង់ស្នេហា ស៊ិន ជាទី ឧកញ៉ា ឯករាជ
៣. ចៅពញាសេនាវុធ ស៊ុន ជាទី ឧកញ៉ាបរទេសរាជ
៤. ចៅពញាសេនាសមសក្ដិ នូរ ជាទី ឧកញ៉ាស្រីសូទិព្វវាំង
៥. ចៅពញាសំដែងអាវុធ មោ ជាទី ឧកញ៉ានរិន្ទ្រាធិបតី។

(1) ស្រុក​សន្ទុក​ ក្នុង​ខែត្រ​កំពង់​ធំ​សព្វ​ថ្ងៃ​នេះ​ កាល​ពី​ដើម​ ឈ្មោះ​ អា​សន្ទុក​ៗ​ នេះ​ក្លាយ​មក​ពី​ពាក្យ​ថា​ "អាសន្ន​ និង​ ទុក្ខ"​។ បាន​ជា​ស្រុក​នេះ​មាន​ឈ្មោះ​ដូច្នេះ​ មក​ពី​មាន​រឿង​មួយ​ដំណាល​ថា​ កាល​នោះ​ ពញា​ក្រែក​ (សាស្ត្រា​ខ្លះ​ថា​ដំបង​ក្រញូង​) ទ្រង់​ចាត់​ទាហាន​ឱ្យ​ដេញ​ចាប់​ព្រះ​បាទ បក្សី​ចាំ​ក្រុង​ លុះ​ព្រះ​រាជ​កុមារ​អង្គ​នេះ​ ទ្រង់​រត់​មក​ដល់​ទី​នេះ​ ទ្រង់​មាន​ អាសន្ន ហើយ​មាន​ទុក្ខ​ទៀត​ ទើប​បាន​ជា​ស្រុក​នេះ​ឈ្មោះ ​"អាសន្ន​ទុក្ខ​"​ ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃ​នេះ​ឈ្មោះ​នេះ​នៅ​ត្រឹម​តែ​សន្ទុក​ៗ​វិញ​។​
(2) បណ្ដា​មឿង​ទាំង​នេះ​ មឿង​ខ្លះ​ ក៏​នៅ​គង់​ឈ្មោះ​នៅ​ឡើយ​ គ្រាន់​តែ​ប្រែ​ ហៅថា​ ឃុំ​ ឬ ​សង្កាត់​ប៉ុណ្ណោះ ​ខ្លះ​ទៀត​ក៏​ក្លាយ​ឈ្មោះ​ផ្សេង​ទៅ​វិញ​ក៏មាន​ ឧទាហ​រណ៍​ ដូច​មឿង​គោក​សេះ​ សព្វ​ថ្ងៃ​នេះ​ គេ​ហៅ​ថា​ ឃុំ​បារាយណ៍​ មឿង​ខ្លះ​ទៀត​ក៏​បាត់​ឈ្មោះ​សូន្យ​ទៅ​ហើយ​ ដូច​ជា​កោះ​កែ​ជា​ដើម​។​
(3) បាន​ជា​កើត​មាន​ឈ្មោះ​ហៅថា​ "កំពង់​ហ្លួង​" ក្នុង​ខែត្រ​ក្រគរ​ "កំពង់​ស្ទាក់​បាញ់​"​ ក្នុង​ខែត្រ​បរិ​បូណ៍​ រៀង​មក​។ ប៉ុន្តែ​កំពង់​ស្ទាក់​បាញ់ នោះ​យារ​ៗ​ យូរ​ម​ក​ ហៅ​ "កំពង់​រន្ទះ​បាញ់​"​ ទៅ​វិញ​។
(4) ព្រះ​សង្ឃ និង​ ព្រះ​រាជ​វង្សា​នុ​វង្ស​ខាង​ព្រះ​រាជ​ត្រកូល​ ដែល​បាន​រត់​ចោល​វត្ត​ ចោល​ដំណាក់​ ហើយ​ទៅ​ជ្រក​ព្រៃ​ក្នុង​ ពេល​ដែល​ស្ដេច​កន​ បាន​ឈ្នះ​សង្គ្រាម​ព្រះ​ស្រី​សុគន្ធ​បទ​។​
(5) ប្រាប្ដា​ភិសេក​ ជា​ពាក្យ​សំស្ក្រឹត​ ប្រែ​ថា "ដែល​មាន​អភិ​សេក​ប្រាកដ​ហើយ​"​ បាន​ន័យ​ថា អភិ​សេក​ព្រះ​មហា​ក្សត្រ​ដែល​បាន​បង្ក្រាប​អរិន្ទ​រាជ​សត្រូវ​ ហើយ​ឡើង​សោយ​រាជ្យ​។​ អភិសេក​ ព្រះ​មហា​ក្សត្រ​ដែល​ពុំ​បាន​ធ្វើ​សង្គ្រាម​ មុន​ នឹង​ សោយ​រាជ្យ​ទេ​ ច្បាប់​ឱ្យ​ហៅ​ថា​ មុន្ទា​ភិសេក​ ឬ​ រាជា​ភិសេក​។ ឯ​សង្គ្រាមា​ភិសេក​ គឺ​អភិសេក​ក្នុង​ពេល​កំពុង​ធ្វើ​សង្គ្រាម​។​
(6) សេយ្យសាសន៍ ប្រែថា "សាសនា​ដ៏​ប្រសើរ​"​។ ក្នុង​សម័យ​បុរាណ​ ខ្មែរ​យើង​កាន់​ព្រហ្មញ្ញ​សាសនា​ ហើយ​ហៅ​ព្រហ្មញ្ញ​សាសនា​នេះ​ថា "សេយ្យ​សាសន៍​" ឥឡូវ​នេះ​ សាមញ្ញ​ជន​យល់​ថា​ ពាក្យ​នេះ​បាន​ន័យ​ថា សាសនា​ដ​ទៃ​ក្រៅ​ពី​ព្រះ​ពុទ្ធ​សាសនា​ទៅ​វិញ​។​
(7) គ្រង​រាជ្យ​បាន​ន័យ​ថា​ ព្រះ​មហា​ក្សត្រ ​បាន​ទទួល​រាជ​សម្បត្តិ​ហើយ​ តែ​មិន​ទាន់​បាន​អភិសេក​មែន​ទែន​ទេ​។​ លុះ​ណា​តែ​ ព្រះ​អង្គ​បាន​អភិសេក​មែន​ទែន​ហើយ​ ទើប​ច្បាប់​ឲ្យ​ហៅ​ថា​មហា​ក្សត្រ​អង្គ​នោះ​ សោយ​រាជ្យ​។​
(8) ហូពាន់ - ក្បាល​ពាន់​ គឺ​មន្ត្រី​នោះ​ មាន​ទ័ព​រាប់​ពាន់​នាក់​ នៅ​ក្រោម​បង្គាប់​របស់​ខ្លួន​។​
(9) ខ្នង​ពស់​ ឬ​ ជើង​គ្រឹះ ​បើ​ជា​មន្ត្រី​ឈរ​ខែត្រ​ គឺ​ ជា​ស្ដេច​ត្រាញ់​ បើ​ជា​មន្ត្រី​ក្នុង​ព្រះ​រាជ​វាំង​គឺ​សេនា​បតី​ ឥឡូវ​នេះ​ ហៅ​ថា​រដ្ឋ​មន្ត្រី​។