ថ្ងៃសៅរ៍ ទី17.មីនា 2018.ម៉ោង 7:20
ផែនដី ព្រះស្ដេចកន (ល.១៣)
ផ្នូកផ្នូលនៃដំបូកទាំងបួន

១. ដំបូក​អ្នក​ម្នាង​ខៀវ​ នោះ​ប្រែ​ឈ្មោះ​ហៅ​ថា​ "ដំ​បូក​កន្ទោង​ខៀវ​"​។​ បើ​ដំបូក​នេះ​ដុះ​លូត​លាស់​ទំនាយ​ថា​ ព្រះ​មហា​ក្សត្រ​ នឹង ក្សេម​ក្សាន្ត​។​ បើ​ដំបូក​នេះ​របេះ​រិល​រេច​ទំនាយ​ថា​ : ព្រះ​មហា​ក្សត្រ​នឹង​មាន​ទុក្ខ ឬ​ មាន​ព្រះ​រោគ​។ បើ​ដំបូក​នោះ​ប្រេះ​ ឬ​ បែក​ទំនាយ​ថា​ព្រះ​មហា​ក្សត្រ​ នឹង អស់​ព្រះ​ជន្ម​។​

២. ដំបូក​ពញា​មឿង​ ប្រែ​ឈ្មោះ ​ហៅ​ថា​ "ដំបូក​ឃ្លាំង​មឿង​"​ (ពី​ដើម​ហៅ​ថា​ "ខ្លាំង​មឿង​"​ តែ​ពាក្យ​នេះ ជា​ពាក្យ​សៀម​ ប្រែ​ជា​ខ្មែរ​ថា​ "អ្នក​តា​ចាស់​ស្រុក​"​)​ បើ​​ដំបូក​នេះ​ដុះ​លូត​លាស់​ល្អ​ ទំនាយ​ថា​ចៅ​ហ្វាយ​ស្រុក​ នឹង​ក្សេម​ក្សាន្ត​។​ បើ​ដំបូក​នោះ​របេះ​រេច​រិល​ ទំនាយ​ថា​ ចៅ​ហ្វាយ​ស្រុក​ នឹង កើត​ទុក្ខ​ព្រោះ​កិច្ច​រាជ​ការ​ ឬ មាន​រោគ​។​ បើ​ដំបូក​នេះ​ ប្រេះ​បែក​ ទំនាយ​ថា​ ចៅ​ហ្វាយ​ស្រុក​ នឹង​អស់​បុណ្យ​ ឬ​ អស់​ជីវិត​។​

៣. ដំបូក​កូន​ពញា​មឿង​ នៅ​ខាង​លិច​នោះ​ ប្រែ​ឈ្មោះ​ ហៅ​ថា​ "ដំបូក​ក្រ​វាញ​"​។​ ដំបូក​នោះ​ដុះ​លូត​លាស់​ល្អ​ ទំនាយ​ថា​ ក្រវាញ​ នឹង​កើត​ដើម​ច្រើន​ មាន​ផ្លែ​ផ្កា​​ច្រើន​។​ បើ​ដំបូក​នោះ​របេះ​រេច​រិល​តែ​ខាង​ៗ​ ទំនាយ​ថា​ ក្រវាញ​នោះ​​ពុំ​សូវ​ផ្លែ​ផ្កា​ទេ​។​ បើ​ដំបូក​នោះ​ របេះ​រេច​រាប​ចុះ​មក​ ទំនាយ​ថា​ភ្លើង​ព្រៃ​ នឹង ឆេះ​ក្រវាញ​អស់​។ បើ​មាន​សត្វ​ ទៅ​ធ្វើ​រូង​នៅ​ក្នុង​ដំបូក​នោះ​ ទំនាយ​ថា នឹង មាន​អ្នក​បរ​ទេស​ដណ្ដើម​យក​សួយ​ក្រវាញ​នោះ​។​

៤. កន្លែង​ដែល​នាង​ពេញ​ លោត​សម្លាប់​ខ្លួន​ក្នុង​ស្ទឹង​នោះ​ឈ្មោះ​ថា​ "កន្លែង​ដូន​ពេញ​"​។​ បើ​ច្រាំង​ស្ទឹង​នោះ​ ដុះ​លូត​លាស់​ល្អ​ ទំនាយ​ថា​ ចៅ​ហ្វាយ​ស្រុក​ នឹង ក្សេម​ក្សាន្ត​។​ បើ​ច្រាំង​បាក់​រេច​រិល​ទំនាយ​ថា​ចៅ​ហ្វាយ​ស្រុក​ មាន​ទុក្ខ​ក្នុង​ផ្ទះ​ មាន​ទុក្ខ​ពី​រាជ​ការ​។​ បើ​ច្រាំង​ស្ទឹង​នោះ​បាក់​ ទំនាយ​ថា ចៅ​ហ្វាយ​ស្រុក​ នឹង​អស់​បុណ្យ​។​

របៀបដែល នឹង គោរព អ្នកតា ឃ្លាំង​មឿង​ នោះ​មាន​ដូច​ត​ទៅ​នេះ​គឺ​៖​
១. ដល់​ខែ​ពិសាខ​ មេ​ស្មឹល​ត្រូវ​តែង​ខ្លួន​ ឲ្យ​មាន​មនុស្ស​ពាក់​ស្នែង​ទន្សោង​ តាម​របៀប​ពញា​មឿង​កាល​ដែល​លោក​នៅ​រស់​ ដើរ​បរ​បាញ់​សត្វ​ព្រៃ​។​ ត្រូវ​ឲ្យ​មាន​ភ្លេង​លេង​ច្រៀង​រាំ​​ថ្វាយ​ ក្នុង​វេលា​ព្រឹក​។ សាស្ត្រា​ច្បាប់​ដើម​មិន​មាន​បង្គាប់​ឲ្យ​លេង​ភ្លេង​​បទ​អ្វី​ៗ​ទេ​ ប៉ុន្តែ​តាម​ពាក្យ​ចចាម​អារាម​ថា​ បទ​ភ្លេង​ត្រូវ​លេង​តាម​របៀប​លៀង​អារ័ក្ស​។​
២. ឯ​របៀប​ដង្វាយ​អ្នក​តា​ឃ្លាំង​មឿង​នោះ​ គឺ​ចំអាប​ពីរ​គូ​ ប្រាក់​ ៥ ​ស្លឹង​ សំពត់​ស​មួយ​អាវ​ កាស​​៥​ទៀត​ ស្លា​ធ័រ​ ៤​ ស្លាជម​៤​ ទឹក​អប់ ​៤ ​ក្បាល​ដំរី​មួយ​គូ​ មាន់​ស្ងោរ​មួយ​គូ​ ផ្លែ​ឈើ ​៤ ​តោក​។​ ក្នុង​មួយ​តោក​ៗ​ត្រូវ​មាន​អង្ករ​ទ្រាប់​បាត​តោក​នោះ​ ចំនួន​មួយ​នាឡិ​ ស្លា​ពីរ​ពាន​ ស្រា​ពីរ​ដប​។ នេះ​ជា​ដង្វាយ​ព្រម​ទាំង​របៀប​ ដែល​ត្រូវ​រៀប​ចំ​ឱ្យ​ពួក​អ្នក​ល្បែង​នោះ​សប្បាយ​ ជា​ច្រើន​ផង​។​
៣. ឯ​ដង្វាយ​អ្នក​តាក​ន្ទោង​ខៀវ​នោះ​ របៀប​ដូច​ដង្វាយ​ អ្នក​តា​ឃ្លាំង​មឿង​ដែរ​ ខុស​គ្នា​តែ​ត្រង់​ ដង្វាយ​កន្ទោង​ខៀវ​ ត្រូវ​មាន​កន្ទោង​ធំ​មួយ​ ដាក់​បង្អែម​ ចំ​អាប​ និង ពង​មាន់​ ៧​។
៤. ក្នុង​ថ្ងៃ​ដែល​ឡើង​អ្នក​តា​នោះ​ មេ​ស្រុក​ និង​ អ្នក​ស្រុក​ទាំង​ ៤ ទិស​ ត្រូវ​យក​ទឹក​ទៅ​ជូន​ ចៅ​ហ្វាយ​ស្រុក​។​ ឯ​ចៅ​ហ្វាយ​ស្រុក​ ត្រូវ​ទទួល​ទឹក​នោះ​ហើយ​ លើក​ទឹក​ចាក់ឱ្យ​​ចំក្បាល​ដំបូក​អ្នក​តា​ឃ្លាំងមឿង។ បើ​ទឹក​នោះ​ ហូរ​ទៅ​ទិស​ខាង​ណា​ច្រើន​ជាង​ ទំនាយ​ថា ​: ភ្លៀង​ច្រើន​ខាង​ទិ​ស​នោះ​។​

ឯ​ត្រង់​ទី​ដី​ដែល​ហៅ​ថា​ "កន្លែង​ដូន​ពេញ​" នោះ​ក្នុង​ ១​ឆ្នាំ ​មេ​ស្រុក​ និង អ្នក​ស្រុក​ត្រូវ​យក​កន្ទោង​​ធំ​មួយ​ ដាក់​ពង​មាន់​៧​ និង បង្អែម​ចំអាប​​ទៅ​ដាក់​ថ្វាយ​នៅ​ត្រង់​ទី​នោះ​ សូម​សុខ​សប្បាយ​ បើ​ខាន​មិន​បាន​ដាក់​ទេ​ អ្នក​ស្រុក​ភូមិ​ នឹង កើត​ជំងឺ​តម្កាត់​​ជា​ខ្លាំង​។​

ឥឡូវ​នេះ​ នឹង​ ​និយាយ​ពី​ ព្រឹត្តិ​កា​រណ៍​ក្រោយ​ ពញា​មឿង​បូជា​ខ្លួន​ កាល​ពញា​មឿង​ ពញា​វង្សា​អគ្គ​រាជ​ កែវ​ ពញា​បរ​ទេស​រាជ​កែ​ អ្នក​ម្នាង​ខៀវ​លោត​ចុះ​ទៅ​ក្នុង​រណ្ដៅ​ ហើយ​អស់​ពួក​តូរ្យ​តន្ត្រី​ តាំង​ប្រគុំ​រងំ​ខ្ទរ​ខ្ទារ​​ទាំង ៨​ទិស​នោះ​មក​ ដំណឹង​ក៏​ជ្រាប​ដល់​ព្រះ​បាទ​សម្ដេច​ចន្ទ​រាជា​។​ ព្រះ​បរម​បពិត្រ​ ទ្រង់​ឱ្យ​និមន្ត​ព្រះ​សង្ឃ​បង្ស​កូល​ធ្វើ​បុណ្យ​សង្គាយ​នា​ ៣​ថ្ងៃ​ ៣​យប់​ ទើប​ទ្រង់​តាំង​ចៅ​ពញា​វិបុល​រាជា​ទេព​ ជា​ "ចៅ​ពញា​សួគ៌ា​លោក​"​ ជា​ជំនួស​ពញា​មឿង​។​ ចៅ​ពញា​តេជៈ​សុខ​ ជា​កូន​ពញា​មឿង​ ទ្រង់​ឱ្យ​គ្រង​ងារ​ជា "ចៅ​ពញា​សង្គ្រាម​"​ ជា​ចៅ​ហ្វាយ​ស្រុក​ខែ​ត្រ​អមរ​គីរិន្ទ​បូរ​ (ឬ​អម្រិន្ទ​បូរ)​ សក្ដិ ​១០​ ហ៊ូ​ពាន់​ដូច​គ្នា​។ ទ្រង់​ត្រាស់​បង្គាប់​ឱ្យ​ចៅ​ពញា​សេនា​សង្គ្រាម​សុខ​ ចាត់​ពល​នឹង​ លើក​ទៅ​តាម​កំចាត់​សឹក​សត្រូវ​។​

ក្រោយ​ថ្ងៃ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​ខ្មោច​ពញា​មឿង​ នោះ​ក្នុង​ពេល​ព្រឹក​ មាន​មនុស្ស​ម្នាក់​ឈ្មោះ​ហ្ម​ជ័យ​ យក​ដំរី​ភ្លុក​មួយ​កំពស់​ ៦​ហត្ថ ១២​ធ្នាប់​ មាន​រូប​ល្អ​បរិសុទ្ធ​ មក​ក្រាប​ទូល​ថ្វាយ​ព្រះ​ចន្ទ​រាជា​។ ដំរី​នោះ​ មាន​កិរិយា​ប្រពៃ​ក្រៃ​លែង​ ជាង​ដំរី​ទាំង​ពួង​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ស្ដេច​ទ្រង់​សព្វ​ព្រះ​ទ័យ​ណាស់​ ទុក​ដំរី​នោះ​ជា​ព្រះ​ទីនាំង​ តាំង​ខ្នាន់​នាម​ជា​ "ព្រះ​ពិជ័យ​គជា​" តាម​ឈ្មោះ​ហ្ម​ និង​តាម​ជាតិ​ដំរី​។ ទ្រង់​តាំង​ហ្ម​ជ័យ​ នោះ​ជា​ចៅ​ហ្វាយ​ស្រុក​ខែត្រ​ក្រង​ រួច​ហើយ​ស្ដេច​យាង​ទៅ​ឯ​មុខ​ព្រះ​​ពន្លា។ លុះ​ឃើញ​អ្នក​មុខ​អ្នក​ការ​បណ្ដា​រាស្ត្រ​ នាំ​ដំរី​ សេះ ​មក​ក្រាប​បង្គំ​ទូល​ថ្វាយ​ ខ្លះ​មួយ​ ខ្លះ​ពីរ​ ស្ដេច​ទទួល​បាន​ដំរី​ ៣៥​ សេះ ៣០​។ ទ្រង់​មាន​ព្រះ​អំណរ​ណាស់​ ស្ដេច​ប្រោស​ព្រះ​រាជ​ទាន​ រង្វាន់​ជា​មាស​ប្រាក់​ និង យស​សក្ដិ​ ដល់​ជន​ជា​ម្ចាស់​ដំរី​ ម្ចាស់​សេះ​ ដែល​ថ្វាយ​ព្រះ​អង្គ​។​

ឯ​សម្ដេច​ចៅ​ហ្វា​​​កៅ និង​ ចៅ​ពញា​ចក្រី​កែវ​ (មេ​ទ័ព​ខាង​ស្ដេច​កន​)​ កាល​បែក​ទ័ព​ដោយ​សារ​ទ័ព​បិសាច​នោះ​ ក៏​ថយ​មក​ឈប់​ ប្រមូល​កង​ទ័ព​ តាំង​ខ្ជាប់​ខ្ជួន​នៅ​ខែត្រ​ក្រគរ​។ ក្រោយ​ពី​នោះ​ បី​បួន​ថ្ងៃ ចៅ​ហ្វា​កៅ និង ចក្រ​ចៅ​ពញា​ចក្រី​កែវ​ លើក​ទ័ព​ត្រឡប់​មក​ចោម​បន្ទាយ​ពោធិ៍​សាត់​វិញ​។​

ប៉ុន្តែ​ពេល​នោះ មេ​ទ័ព​ទាំង​ពីរ​ កាល​ទៅ​ដល់​បន្ទាយ​ពោធិ៍​សាត់​ហើយ​ មិន​ទាន់​ចូល​ទៅ​វាយ​ទេ​ព្រោះ​មេទ័ព​ទាំង​ពីរ​នោះ​ រង់​ចាំ​កង​ទ័ព​ចៅ​ពញា​ឧទ័យ​ធិរាជ​ ជា​ចៅ​ហ្វាយ​ស្រុក​ ខែត្រ​អាសន្ន​ទុក​ ដែល​ត្រូវ​មក​ព័ទ្ធ​ទ័ព​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​​ពី​ក្រោយ​ ដើម្បី​កុំ​ឱ្យ​ស្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ស្ដេច​រត់​រួច​។​

ឯ​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ តាំង​ពី​បាន​ឈ្នះ​សង្គ្រាម​ សម្ដេច​ចៅ​ហ្វា​កៅ​ និង​ ចៅ​ពញា​ចក្រី​កែវ​ មក​ទ្រង់​ក៏​តាំង​ឱ្យ​ផ្ដើម​កេណ្ឌ​ប្រមូល​កង​ទ័ព​ ថែម​ទៀត​។ ថ្ងៃ​មួយ​នោះ​ ទ្រង់​ជ្រាប​ថា​ សម្ដេច​ចៅ​ហ្វា​កៅ​ និង ចៅ​ពញា​ចក្រី​កែវ​ លើក​ទ័ព​ត្រឡប់​មក​បោះ​ចោម​បន្ទាយ​ម្ដង​ទៀត​ តែ​ពុំ​ទាន់​ឃើញ​ចូល​វាយ​។ យប់​នោះ​ ទ្រង់​ចាត់​ចែង​តែង​នាយ​កង​ នាយ​ទ័ព​ តាម​ចំនួន​ដែល​ត្រូវ​ការ​ ទ្រង់​តាំង​ចៅ​ពញា​តេជៈ​សុខ​ កូន​ពៅ​នៃ​ពញា​មឿង​ ឱ្យ​គ្រង​ងារ​ជា​ "សេនា​បតី​" ធ្វើ​ជា​ទ័ព​មុខ​ ឃុំ​ពល ៥០០០ ​នាក់​ ឱ្យ​ចៅ​ពញា​សួគ៌ា​លោក​ទេព​ ជា​កូន​ទី​៣​ របស់​ពញា​មឿង​ធ្វើ​ជា​មេ​ទ័ព​ឃុំពល​ ៥០០០ ​នាក់​ ទៅ​នៅទល់​មុខ​ទ័ព​នៃ​ចៅ​ពញា​ចក្រី​កែវ​ និង​ នៃ​សម្ដេច​ចៅ​ហ្វា​កៅ​ ដែល​មាន​ពល​ ៣០០០០ ​នាក់​ ជា​ទ័ព​មុខ​។ ព្រះ​ចន្ទ​រា​ជា​ទ្រង់​ពល​ ១៥០០០ ​នាក់​ ជា​ទ័ព​ហ្លួង​ លើក​តាម​ទៅ​ជា​ក្រោយ​ រួច​ទ្រង់​ឱ្យ​ចៅ​ពញា​យស​រាជា​ ជា​ព្រះ​ភាគិ​នេយ្យោ​ និង​ ឧក​ញ៉ា​វៀត​ ជា​ព្រះ​ពិលៀង​ ឃុំ​ពល ៣០០០ ​នាក់​ នៅ​រក្សា​បន្ទាយ​។ លុះ​ចាត់​ទ័ព​ស្រេច​ហើយ​ ល្មម​ពេល​ព្រះ​ចន្ទ​ចរ​ត្រង់​ចំ​ពី​លើ​ទ្រង់​ហើយ​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ក៏​អុជ​ ទៀន​ ធូប​ ភ្ញី​ ផ្កា​ តាំង​ធ្វើ​នមស្ការ​ ទ្រង់​​ប្រ​តិស្ថាន​ ដល់​គុណ​ព្រះ​រតន​ត្រ័យ​ និង​ ព្រះ​ព្រហ្ម​ បរម​ឥន្ទ្រា​ធិរាជ​ ព្រម​ទាំង​ទេវ​តា​ទាំង​ឆកា​មា​សួគ៌​ ដែល​មាន​ឫទ្ធី​សក្ដិ​សិទ្ធិ​ និង អ្នក​តា​ឃ្លាំង​មឿង​ថា​:​ "ឱ្យ​យើង​ខ្ញុំ មាន​ជ័យ​ជំនះ​ឈ្នះ​បាន​សេច​ក្ដី​សុខ​ ទាំង​រេហ៍​ពល​សកល​យោធា​"​ ។ ទ្រង់​បួង​សួង​ស្រេច​ហើយ​ ស្ដេច​ឡើង​គ្រង​ព្រះ​ទី​នាំង​ពិជ័យ​គជេន្ទ្រ​បវរ​ស​សុទ្ធ​ដ៏​ប្រពៃ​។ ខណៈ​នោះ​ស្រាប់​តែ​ឮ​សូរ​ហ៊ោ​ក្រោម​ប្រថ​ពី​លើ​អាកាស​ ដាស​កក្រើក​ រំពើក​ទាំង​ផែន​ដី​។​ សូរ​សព្ទ​ទាំង​នោះ​ អស្ចារ្យ​ពន់​ប្រមាណ​ណាស់​។ ព្រះ​បរម​ក្សត្រ​ក្សាន្ត​ទ្រង់​ឱ្យ​វាយ​គង​ ទូង​ភេរី​ លើក​យោធា​ចេញ​ទៅ​ទាំង​ ៤​ កង​ តម្រង់​ទៅ​បន្ទាយ​សម្ដេច​ចៅ​ហ្វា​កៅ​ និង​ ចៅ​ពញា​ចក្រី​កែវ​។​

សម្ដេច​ចៅ​ហ្វា​កៅ ​និង​ ចៅ​ពញា​ចក្រី​កែវ​ បាន​ដឹង​ហើយ​ ក៏​ដេញ​កង​ទ័ព​ឱ្យ​បាញ់​ត​។ ក្នុង​ពេល​ដែល​កង​ទ័​ព​ កំពុង​តែ​បាញ់​ចាក់​កាប់​គ្នា​នោះ​ កង​ទ័ព​ខាង​សត្រូវ​ គឺ​ខាង​លោក​កៅ​ និង លោក​កែវ​ ទាំង​ប៉ុន្មាន​នោះ​ ក៏​ស្រាប់​តែ​ឮ​សូរ​សន្ធឹក​នៃ​ទ័ព​ជា​ច្រើន​កង​ ព័ទ្ធ​ពី​ក្រោយ​ខ្នង​ខ្លួន​។​ សូរ​សព្ទ​ហ៊ោ​នោះ​ លាន់​ឮ​ក​ក្រើក​រំពើក​ទាំង​ក្រឡា​ប្រ​ថពី​ ដូច​ជា​ស្នូរ​រន្ទះ​ ឬ​ ដូច​ជា​ភ្នំ​រលំ​មក​លើ​ទ័ព​របស់​ខ្លួន​។ សូរ​សព្ទ​នេះ​កើត​ឡើង​ ដោយ​សារ​ខ្មោច​ពញា​មឿង​ កេណ្ឌ​បិសាច​មក​ជួយ​។​ ខណៈ​នោះ​ នាយ​កង​ទ័ព សេះ​ ដំរី​ ខាង​សត្រូវ​ ក៏​ផ្អើល​វឹក​វរ​ ជាន់​​ជល់​ដួល​អស់​សេនា​ទាហាន​ខាង​ខ្លួន​ឯង​។​ រេហ៍​ពល​ខាង​សត្រូវ​ ក៏​បែក​ទ័ព​ រត់​យក​តែ​អាយុ​ជីវិត​ គ្រប់​ខ្លួន​ទីទៃ​ៗ​គ្នា​។​

ចៅ​ពញា​សួគ៌ា​លោក​កែវ​ និង​ ចៅ​ពញា​មហា​សេនា​សង្គ្រាម​សុខ​ ក៏​ដេញ​រេហ៍​ពល​ឱ្យ​ចូល​ចោម​កង​ទ័ព​ចៅ​ពញា​ចក្រី​ ជិត​ជុំ​វិញ​។ ចៅ​ពញា​ចក្រី​កែវ​ ឃើញ​ដូច្នោះ​ ក៏​លោត​ឡើង​ជិះ​ដំរី​ បរ​ចូល​ទៅ​ត​ទល់​ជា​មួយ​នឹង​ចៅ​ពញា​សួគ៌ា​លោក​កែវ​ (កែវ​ត​ទល់​នឹង​ កែវ​)​ លុះ​ទៅ​ជិត​ទៀប​នឹង​បាន​ប្រកាប់​ជា​មួយ​នឹង​ចៅ​ពញា​សួគ៌ា​លោក​ទៅ​ហើយ​ ក៏​ស្រាប់​តែ​ដំរី​ជំនិះ​នៃ​ចៅ​ពញា​ចក្រី​កែវ​នោះ​ភ្ញាក់​ផ្អើល​បោល​ពេញ​ទំហឹង​ បណ្ដាល​ឱ្យ​ ដូច​គេ​គ្រវាត់​ធ្លាក់​ខ្លួន​ចៅ​ពញា​ចក្រី​ទៅ​លើ​ ភ្លុក​ដំរី​ ជា​ជំនិះ​នៃ​ចៅ​ពញា​សួគ៌ា​លោក​។​ ភ្លាម​នោះ​ ចៅ​ពញា​សួគ៌ា​លោក​ ក៏​កាប់​ពញា​ចក្រី​ នឹង​ដាវ​ដាច់​ ក​ ស្លាប់​មួយ​រំពេច​។ រេហ៍​ពល​ខាង​ចៅ​ពញា​ចក្រី​កែវ​ ឃើញ​នាយ​ស្លាប់​ហើយ​ មិន​ហ៊ាន​ត​ទល់​ទៅ​ទៀត​ទេ​ ក៏​បែក​ទ័ព​រត់​ខ្ចាត់​ខ្ចាយ​ទៅ​ទីទៃ​ៗ​អស់​។​

ពញា​សួគ៌ា​លោក​កែវ​ និង​ ចៅ​ពញា​សេនា​សង្គ្រាម​សុខ​ កាល​បាន​ជ័យ​ជំនះ​ហើយ​ ក៏​នាំ​យក​ក្បាល​ ចៅ​ពញា​ចក្រី​កែវ​ ទៅ​ក្រាប​បង្គំ​ទូល​សម្ដេច​ពញា​ចន្ទ​រាជា​ សូម​ទ្រង់​ជ្រាប​គ្រប់​ប្រការ​។​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ទ្រង់​មាន​ព្រះ​អំណរ​ណាស់​។​ លុះ​ព្រឹក​ឡើង​ កង​ទ័ព​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ចាប់​បាន​ដំរី​ សេះ​ គោ​ ក្របី​ ស្បៀង​អាហារ​ សស្ត្រា​វុធ​ និង​ របស់​ផ្សេង​ៗ​ជា​ច្រើន​ នាំ​មក​ក្រាប​ទូល​ថ្វាយ​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ សម្ដេច​ទ្រង់​ឱ្យ​ដោត​ក្បាល​ចៅ​ពញា​ចក្រី​កែវ​ ជា​សត្រូវ​រួច​ហើយ​ សម្ដេច​ក៏​រៀប​ដំណើរ​កង​ទ័ព​ ចេញ​មក​ដល់​ខែត្រ​ក្រគរ​។​ នៅ​ទី​នោះ​ ទ្រង់​បញ្ឈប់​កង​ទ័ព​ ឱ្យ​តាំង​បន្ទាយ​មួយ​។​ ទ្រង់​ត្រាស់​បង្គាប់​ចៅ​ហ្វាយ​ស្រុក​ដែល​ទ្រង់​តាំង​ថ្មី​ ឱ្យ​ទៅ​ឈរ​ប្រមូល​ស្បៀង​អាហារ​ អំពី​រាស្ត្រ​ប្រជា​ទុក​នៅ​ក្នុង​ខែត្រ​ក្រគរ​ ហើយ​ព្រះ​អង្គ​ស្ដេច​ចេញ​ ព្រះ​រាជ​ដំណើរ​ក្បួន​កង​ទ័ព​ មក​ដល់​ខែត្រ​ក្រង​ទ្រង់​លើក​រំលង​ ទៅ​ដល់​ខែត្រ​ខ្លុង​។​ នៅ​ទី​នោះ​ ទ្រង់​ត្រាស់​ឱ្យ​កង​ទ័ព​ ឈប់​តាំង​បន្ទាយ​មួយ​ទៀត​ ហើយ​ទ្រង់​ត្រាស់​ តាំង​ចៅ​ហ្វាយ​ស្រុក​ថ្មី​ ឱ្យ​នៅ​ប្រមូល​ស្បៀង​អាហារ​អំពី​ប្រជា​រាស្ត្រ​ទុក​ឱ្យ​បាន​ច្រើន​ សម្រាប់​ នឹង បើក​ឱ្យ​ក​ង​ទ័ព​ កុំ​ឱ្យមាន​ខ្វះ​ខាត​។ ត​មក​ ស្ដេច​ធ្វើ​ព្រះ​រាជ​ដំណើរ​ ទៅ​ថ្វាយ​បង្គំ​ព្រះ​ពុទ្ធ​រូប​ នៅ​ព្រះ​វិហារ​ប្រប​ភូមិ​ប្រាសាទ​ កាល​សម្ដេច​ដែល​ទ្រង់​បក​ព្រះ​សុភ័គ​ ពី​ព្រះ​អង្គ​យក​ទៅ​ឃ្លុំ​ បូជា​ព្រះ​ពុទ្ធ​រូប​ រួច​ទ្រង់​អធិស្ថាន​បន់​ឱ្យ​បាន​ឈ្នះ​សឹក​សង្គ្រាម​។​ ហេតុ​នេះ​ហើយ​ បាន​ជា​ជាប់​មាន​ពាក្យ​រាស្ត្រ​ហៅ​វត្ត​នោះ​ថា​ "វត្ត​ព្រះ​ជីវ​លួង​បន់​"​ នៅ​ខែត្រ​ខ្លុង​ រៀង​មក​ដល់​សព្វ​ថ្ងៃ​នេះ​។​

លុះ​ចប់​ពិធី​បួង​សួង​ដល់​គុណ​ព្រះ​រតនៈ​ត្រ័យ​ហើយ​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ស្ដេច​លើក​កង​ទ័ព​ចេញ​ពី​ខែត្រ​ខ្លុង​លើក​សំដៅ​ ទៅ​ខែត្រ​អម្រិន្ទ​បូរ (ឬ​ អមរ​គិរិន្ទ​បូរ)​ ទៀត​។​

កាល​នោះ​ អស់​រាស្ត្រ​ប្រជា​ ក្នុង​ខែត្រ​អម្រិន្ទ​បូរ​ ពុំ​ព្រម​កំណែន​ចៅ​ហ្វាយ​ស្រុក​ចាស់​នាំ​គ្នា​រៀប​គ្រឿង​ដង្វាយ​ នាំ​ទៅ​ថ្វាយ​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​។​ ចៅ​ហ្វាយ​ស្រុក​ចាស់​ ឃើញ​រាស្ត្រ​តម្អឹង រឹង​ នឹង អំណាច​ខ្លួន​ ពុំ​ព្រម​ស្ដាប់​ខ្លួន​ហើយ​ទៅ​ក្រាប​ទូល​ស្ដេច​ដូច្នោះ​ក៏​ភ័យ​រត់​ដោះ​ខ្លួន​ ទៅ​ខែត្រ​រលា​ប្អៀរ​។​

សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ព្រះ​អង្គ​ឱ្យ​ជួស​ជុល​បន្ទាយ​ ពី​បុរាណ​ រួច​ហើយ​ទ្រង់​ប្រថាប់​ទ័ព​ នៅ​ទី​នោះ​ ចំនួន​៣​ថ្ងៃ​។​ ក្រោយ​ពី​នោះ​មក​ ព្រះ​អង្គ​ឡើង​គង់​ព្រះ​ទីនាំង​ អស្ស​តរ​ព្រម​ដោយ​នូវ​សេនា​ទាហាន​ យាង​ទៅ​ដល់​ទី​ដី​មួយ​អន្លើ​ ជា​ឯ​ត្បូង​ចុង​ខែ​ត្រ​អម្រិន្ទ​បូរ​។​

កាល​ស្ដេច​យាង​ដល់​ទី​នោះ​ ទ្រង់​ទត​ឃើញ​ ស្ថាន​ដី​មួយ​អន្លើ ​ដែល​មាន​ទី​រាប​ទាប​ស្មើ​មាន​ជ័យ​ភូមិ​ល្អ​ ហើយ​ទ្រង់​ឱ្យ​លើក​បោះ​បង់​ចោល​បន្ទាយ​ចាស់​ ផ្លាស់​ទៅ​តាំង​បន្ទាយ​ថ្មី​ នៅ​ដី​ដែល​មាន​ជ័យ​ភូមិ​វិញ​ព្រោះ​នៅ​ទីនោះ​ ជា​ទី​ឧត្តម​ ធំ​ទូលាយ​មាំ​មួន​។ លុះ​ទ្រង់​ធ្វើ​បន្ទាយ​នោះ​ហើយ​ ព្រះ​អង្គ​លើក​យោធា​ទៅ​ប្រថាប់​ ក្នុង​បន្ទាយ​ថ្មី​នោះ​។ ហេតុ​នេះ​ បាន​ជា​មាន​ពាក្យ​អ្នក​ស្រុក​ ហៅ​បន្ទាយ​ដែល​បោះ​បង់​នោះ​ថា "បន្ទាយ​ចាស់​" រៀង​មក​។​

ក្នុង​ពេល ដែល​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ យាង​ទៅ​គង់​នៅ​បន្ទាយ​ថ្មី ក្នុង​ខែត្រ​អម្រិន្ទ​បូរ​នោះ​មាន​ចៅ​អធិការ​មួយ​អង្គ​ ព្រះ​នាម​ជ័យ ងារ​ជា​ "មង្គល​សត្ថា​"​។​ ព្រះ​ថេរៈ​អង្គ​នេះ​ នាំ​ទូក-ង មួយ​ជា​ដង្វាយ​មក​ថ្វាយ​ ហើយ​ទូល​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ :

សូម​ថ្វាយ​ព្រះ​ពរ​ ទូក​-ង នេះ​ ឈ្មោះ​ "សារាយ​អណ្ដែត​" កាល​ចុង​ផែន​ដី​នៃ​ព្រះ​បាទ​ស្រី​សុគន្ធ​បទ​បរម​បពិត្រ​ ជា​សម្ដេច​ព្រះ​រៀម​ នៃ​ទ្រង់​ដែល​កើត​ចលាចល​ ព្រោះ​ស្ដេច​កន​សព្វ​ថ្ងៃ​នេះ​អាច​ក្ដី​ (1) បាន​លាក់​ទុក​ឈើ​ដែល​ធ្វើ​ជា​ទូក​ពុំ​ទាន់​ហើយ​នោះ​ ទុក​ចោល​នៅ​វាល​មួយ​ ឆ្ងាយ​ពី​ព្រៃ​ ចម្ងាយ ៦ ​សិន ​ប្លាយ​។ ដល់​ខែ​ប្រាំង​រាំង​រឹះ ​ត្រូវ​ថ្ងៃ​ក្ដៅ ​មាន​ហ្វូង​ដំរី​ព្រៃ​ ទៅ​បោច​សារាយ​ ត្រឹប​បឿន​យក​ទៅ​គ្រប​លើ​ឈើ​ដែល​ធ្វើ​ទូក​នេះ​ មិន​ឱ្យ​ត្រូវ​ថ្ងៃ​ ក្រែង​ប្រេះ​ឆា​។ លុះ​ស្រុក​សាន្ត​ត្រាណ​បន្តិច​ទៅ​ អាច​ក្ដី​ក៏​នាំ​សិស្សា​នុសិស្ស​ ទៅ​កាប់​ចាំង​ឈើ​នោះ​ ធ្វើ​ជា​ទូក​-ង​។​ លុះ​យក​ទូក​នេះ​មក​ អុំ​ទៅ​ អាច​ក្ដី​ ក៏​ឃើញ​ថា​ ទូក​នេះ​លឿន​ជាង​ទូក​ទាំង​ពួង​។ ហេតុ​នេះ​ហើយ​ បាន​ជា​អាច​ក្ដី​ឱ្យ​ឈ្មោះ​ទូក​នេះ​ថា​ "សារាយ​អណ្ដែត​"​ មួយ​ទៀ​ត​កាល​ពី​ខែ​វស្សា​អាច​ក្ដី​ជិះ​ទូក​នេះ​ទៅ​បិណ្ឌ​បាត​ឯ​ស្រុក​មហា​នគរ​អាច​ក្ដី​ ត្រឡប់​វិល​មក​វិញ​ទាន់​ពេល​ឆាន់​ ហើយ​ចង្ហាន់​ក៏​នៅ​ហុយ​ៗ​។ ហេតុ​នេះ​ហើយ​ បាន​ជា​មាន​ពាក្យ​ហៅ​ថា "ទូក​ចង្ហាន់​ហុយ​"​។ អាច​ក្ដី​យល់​ថា​ ទូក​-ង​នេះ​លឿន​លើស​ចម្លែក​នឹង​ទូក​ទាំង​ពួង​ ជា​របស់​អស្ចារ្យ​ ក្នុង​ព្រះ​នគរ​បាន​ជា​អាច​ក្ដី​នាំ​មក​ថ្វាយ​ព្រះ​មហា​បពិត្រ​។​

សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ទ្រង់​ជ្រាប​ហើយ​ ទ្រង់​មាន​ព្រះ​អំណរ​ណាស់​ ទ្រង់​ថ្វាយ​អភិ​វន្ទន​កម្ម​ហើយ​ត្រាស់​ថា​ "ព្រះ​ជីតុន​ (2) ឱ្យ​ទូក​នេះ​ មក​ញោម​ៗ​មាន​អំណរ​ណាស់​ តែ​សព្វ​ថ្ងៃ​នេះ​ញោម​នៅ​ទ័ល​ពេក​។​ បើ​ទៅ​ថ្ងៃ​មុខ​ ញោម​បាន​ព្រះ​នគរ​មក​កាល​ណា​ ញោម​ នឹង ត​ប​ស្នង​ព្រះ​គុណ​ឱ្យ​គាប់​ព្រះ​ទ័យ​ពុំ​ខាន​ឡើយ​"​ ។​

លំដាប់​នោះ​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ព្រះ​អង្គ​ឱ្យ​មន្ត្រី​មុខ​ងារ​ទទួល​ទូក​នោះ​ ហើយ​បញ្ចុះ​ពួក​ស៊ី​ថាយ​ (3) ១២៤ នាក់ អុំ​ទៅ​មហា​នគរ​វត្ត​ល្បង​មើល​។​ លុះ​ទូក​នោះ​ត្រឡប់​មក​វិញ​បាយ​ដែល​ដាំ​នោះ​នៅ​ក្ដៅ​ហុយ​ៗ​ នៅ​ឡើយ​ ដូច​ព្រះ​ពុទ្ធ​ដីកា​នៃ​ចៅ​អធិ​ការ​នោះ​ ថ្វាយ​ព្រះ​ពរ​មែន​។​

សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ស្ដេច​មាន​ព្រះ​តម្រាស់​ប្រាប់​មន្ត្រី​ទាំង​ពួង​ថា​ "យើង​មាន​ភ័ព្វ​វាសនា​ល្អ​ណាស់​ ខាង​ជើង​គោក​ យើង​បាន​ "ព្រះ​ពិជ័យ​គជេន្ទ្រ"​ ស​ សុទ្ធ​ ជា​ព្រះ​ទីនាំង​ ខាង​ជើង​ទឹក​ យើង​បាន​ទូក​-ង​ "សា​រាយ​អណ្ដែត​"​ ជា​ព្រះ​ទីនាំង​លឿន​ដូច​ខ្យល់​"​។​ រួច​ទ្រង់​ត្រាស់​បង្គាប់​ឱ្យ​ភ្នាក់​ងារ​ទទួល​ធ្វើ​រោង​ ដាក់​រក្សា​ទូក​ទិព្វ​នោះ​។​ ទ្រង់​តាំង​នាម​ទូក​នោះ​ថា​ "ព្រះ​ទី​នាំង​ចក្រ​ព័ត្រ​"​។​ លុះ​ទ្រង់​ត្រាស់​សន្មត​នាម​ស្រេច​ហើយ​ ស្ដេច​បង្គាប់​​ចៅ​ពញា​សេនា​ធិបតី​សង្គ្រាម​សុខ​ ឱ្យ​ប្រមូល​ស្បៀង​អាហារ​ និង​ គ្រឿង​សស្ត្រា​វុធ​ ទុក​ក្នុង​បន្ទាយ​នោះ​ ជា​កម្លាំង​ទ័ព​។​ លុះ​ទ្រង់​ប្រមូល​រេហ៍​ពល​បាន​សូ​រេច​ហើយ​ស្ដេច​ធ្វើ​ព្រះ​រាជ​ដំណើរ​ទ័ព​ ទៅ​ដល់​វាល​សាប​អង្កាម​ (ភូមិ​នេះ​ទៅ​ខាង​លិច​ កំពង់​ឆ្នាំង​)​។​ នៅ​ទី​នោះ​ទ្រង់​បាន​ប្រទះ​នឹង​ទ័ព​សម្ដេច​ចៅ​ហ្វា​កៅ​។​ មួយ​រំពេច​នោះ​ ស្ដេច​ចាត់​ឱ្យ​បរ​កង​ទ័ព​ ចូល​ច្បាំង​ នឹង ទ័ព​ចៅ​ហ្វាយ​កៅ​ឥត​រួញ​រា​។​ ទ័ព​ទាំង​សង​ខាង​ ច្បាំង​គ្នា​​ជា​កោលា​ហល​តាំង​ពី​អាវុធ​វែង​រហូត​ដល់​អាវុធ​ខ្លី​។​ ពួក​ពល​សេនា​ ចូល​ត​តាំង​ច្បាំង​ប្រកាប់​គ្នា​ ខ្លាំង​មហិ​មា​ណាស់​ នឹង រៀប​រាប់​ឱ្យ​អស់​ពុំ​បាន​។​ ខណៈ​នោះ​មាន​អភូត​ហេតុ​មួយ​គួរ​ឱ្យ​អស្ចារ្យ​ណាស់​ គឺ​ ដំរី​ភ្លុក​មួយ​ ជា​ឧត្តម​ធំ​ណាស់​ របស់​សម្ដេច​ចៅ​ពញា​កៅ ​(ខាង​ស្ដេច​កន​)​ ជា​មេ​ទ័ព​ត្រើយ​ខាង​កើត​ វា​ផ្អើល​រត់​ទៅ​ដល់​ព្រេច​ដំបូក​មួយ​រលើង​រលំ​ទាំង​ដើម​ឈើ​ រមៀល​ទៅ​លើ​កង​ទ័ព​ខ្លួន​ឯង​ បែក​ទាំង​សំបុក​ឱម៉ាល់​ ព្រលួត​ល័ខ​ ហើយ​ហើរ​ទៅ​ទិច​កង​ទ័ព​សម្ដេច​ចៅ​ហ្វា​កៅ​ទៀត​។​ រេហ៍​ពល​ទាំង​នោះ​ ទ្រាំ​ នឹង ឱម៉ាល់​ ព្រលួត​ល័ខ​ ពុំ​បាន​ក៏​រត់​ខ្ចាត់​ខ្ចាយ​បែក​ទ័ព​ទៅ​។​

ខាង​កង​ទ័ព​ នៃ​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ឃើញ​ដូច្នោះ​ ក៏​តាម​ដេញ​ទ័ព​សម្ដេច​ចៅ​ហ្វា​កៅ​ទៅ​ទៀត​។​ លុះ​កង​ទ័ព​នេះ​ទាន់​ ឃើញ​សម្ដេច​ចៅ​ហ្វា​កៅ​ ហើយ​សម្ដេច​ចៅ​ហ្វាកៅ​ ក៏​រា-​ត​ នឹង សេនា​ទាហាន​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​។​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ស្ដេច​ចូល​ត​យុទ្ធ​ទល់​គ្នា​ នឹង ចៅ​ហ្វា​កៅ​។​ លុះ​ប្រយុទ្ធ​គ្នា​មិន​បាន​ប៉ុន្មាន​ភ្លេង​ផង​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ក៏​កាប់​ត្រូវ​ស្មា​ចៅ​ហ្វា​កៅ ​មួយ​អន្លើ​ ចៅ​ហ្វា​កៅ មាន​ពិការ​ជា​ទម្ងន់​។​ សេនា​ទាហាន​ ខាង​សម្ដេច​ចៅ​ហ្វា​កៅ​ ជួយ​ការ​ពារ​ នាំ​រត់​ឆ្លង​​ទៅ​​ក្រាប​ទូល​ព្រះ​ស្រី​ជេដ្ឋា​ (ស្ដេច​កន)​ តាម​កា​រណ៍​ដែល​បែក​ទ័ព​ ហើយ​ស្លាប់​ចៅ​ពញា​ចក្រី​កែវ​នោះ​។​ ឯ​សេនា​ទាហាន​ ខាង​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ កាល​សម្ដេច​ចៅ​ហ្វា​កៅ​រត់​ទៅ​នោះ​ ហើយ​ដេញ​តាម​ពុំ​ទាន់​ ក៏​ចាប់​យក​តែ​គោ ​ក្របី​ ដំរី​ សេះ​ ស្បៀង​អាហារ​ សស្ត្រា​វុធ​ ជា​ច្រើន​ នាំ​ទៅ​ក្រាប​ទូល​ថ្វាយ​។ សម្ដេច​ចៅ​ពញា​ ចន្ទ​រាជា​ ស្ដេច​ទ្រង់​ជ្រាប​ហើយ​ ទ្រង់​លើក​កង​ទ័​ព ចូល​ទៅ​បោះ​ទ័ព​​នៅ​ខាង​លិច​ភូមិ​ រលា​ប្អៀរ​ ក្នុង​ខែត្រ​រលាប្អៀរ​ (ខែត្រ​កំពង់​ឆ្នាំង​សព្វ​ថ្ងៃ​នេះ​)​។​

ចំណែកខាង​ចៅ​ពញា​ស្រែន្យា​ធិបតី​(4)សោម ចៅ​ហ្វាយ​ស្រុក​ខែត្រ​រលា​ប្អៀរ​ ខាង​ព្រះ​ស្រី​ជេដ្ឋា​ (ស្ដេច​កន​) បាន​ដឹង​ហើយ​ ក៏​ឱ្យ​កេណ្ឌ​កង​ទ័ព​ ឡើង​រក្សា​នាទី​បន្ទាយ​។ ប៉ុន្តែ​រាស្ត្រ​ពុំ​ចុះ​កំណែន​សោះ​ បែរ​ជា​នាំ​គ្នា​យក​បណ្ណា​ការ​ ចូល​ទៅ​គាល់​ថ្វាយ​ខ្លួន​ ធ្វើ​រាជ​ការ​ ក្នុង​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ជា​ច្រើន​នាក់​ទៅ​វិញ​។​ ចៅ​ហ្វាយ​ស្រុក​សោម​ ដឹង​ដូច្នោះ​ហើយ​ ក៏​នាំ​គ្រប់​គ្រួ​ ដឹក​កូន​ជញ្ជូន​ចៅ​ រត់​តាម​សម្ដេច​ចៅ​ហ្វា​កៅ​។​ លុះ​រត់​ទៅ​ពុំ​ទាន់​ចៅ​ហ្វា​កៅ​ ចៅ​ហ្វាយ​ស្រុក​សោម​ ក៏​ចូល​ទៅ​ជ្រក​ក្នុង​បន្ទាយ​ភ្នំ​ពេញ​ ហើយ​ស្លាប់​ក្នុង​ទី​នោះ​។​

សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ព្រះ​អង្គ​ទ្រង់​ជ្រាប​ថា​ : "ចៅ​ពញា​ស្រែន្យា​ធិប​តី​សោម​ ចៅ​ហ្វាយ​ស្រុក​ខែត្រ​រលា​ប្អៀរ​រត់​ទៅ​ហើយ​"​ ទ្រង់​ក៏​បាន​ជ្រើស​រើស​យក​ ហ្លួង​រាជា​ភឹម​ ឱ្យ​ធ្វើ​ជា​ចៅ​ហ្វាយ​ស្រុក​ឡើង​។ ទ្រង់​ឱ្យ​ប្រមូល​រាស្ត្រ​ប្រជា​ ស្បៀង​អាហារ​ សស្ត្រា​វុធ​ ទុក​ជា​កម្លាំង​សឹក​សង្គ្រាម​ សម្រាប់​ស្រុក​នោះ​។​

ចៅ​ពញា​ស្រែន្យា​សេនា​ទន់​ ចៅ​ហ្វាយ​ស្រុក​ខែត្រ​លង្វែក​ កាល​ដឹង​ដើម​ទង​ថា​ "សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ព្រះ​អង្គ​ត្រឡប់​មក​ពី​ស្រុក​សៀម​វិញ​ហើយ​ៗ​ ទ្រង់​បាន​ទាំង​ឈ្នះ​សង្គ្រាម​បាន​ខែត្រ​ខាង​ជើង​ជា​ច្រើន​ ទ្រង់​បាន​សម្លាប់​ចក្រី​កែវ​ ដេញ​ទាំង​ទ័ព​ចៅ​ហ្វា​កៅ​ទៀត​"​ ចៅ​ពញា​ក៏​នាំ​ស្ម័គ្រ​បក្ស​ពួក​រាស្ត្រ​ប្រជា​ និង បណ្ណ​ការ​​យក​ទៅ​ថ្វាយ​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ថ្វាយ​ទាំង​ខ្លួន​ ចូល​ទៅ​ធ្វើ​រាជ​ការ​ ជា​ច្រើន​នាក់​។​

នេះ​នឹង​និយាយ​អំពី​ ព្រះ​ស្រី​ជេដ្ឋា​ ស្ដេ​ច​កន​ តាំង​ខ្លួន​ជា​ម្ចាស់​ផែន​ដី​លុះ​ដល់​មក​ឆ្នាំ​ ជូត​អដ្ឋស័​ក ព.ស. ២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ព្រះ​អង្គ​សោយ​រាជ្យ​បាន​៤ឆ្នាំ​។​ លុះ​ទ្រង់​ជ្រាប​ថា​ "សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ វាយ​យក​ខែត្រ​ខាង​លិច​ ប៉ែក​ខាង​ជើង​បាន​ហើយ​ ហើយ​បាន​សម្លាប់​ចៅ​ហ្វាយ​ស្រុក​ជា​ច្រើន​ផង​ មិន​តែ​ប៉ុណ្ណោះ​ ទាំង​ពញា​ចក្រី​កែវ​ក៏​ស្លាប់​ ទាំង​សម្ដេច​ចៅ​ហ្វា​កៅ ​ជា​មា​ ក៏​មាន​របួស​ជា​ទម្ងន់​ទៀត​។ "ទ្រង់​មាន​ព្រះ​វិតក្ក​ទុក្ខ​ទោ​មនស្ស​ណាស់​ រហូត​ដល់​ទ្រង់​ព្រះ​កន្សែង​សោក​ស្ដាយ​ជា​ខ្លាំង​។​ លុះ​ស្វាង​សោក​ហើយ​ ទ្រង់​មាន​ព្រះ​តម្រិះ​ពី​ការ​សង្គ្រាម​​សព្វ​ប្រការ​ ទើប​ទ្រង់​ត្រាស់​បង្គាប់​ មុខ​មន្ត្រី​ ឱ្យ​ចេញ​ទៅ​កេណ្ឌ​ទ័ព​។​ លុះ​មន្ត្រី​កេណ្ឌ​បាន​រេហ៍​ពល​ ត្រើយ​ខាង​កើត​ ១២០០០០ នាក់​ហើយ​ ទ្រង់​ចាត់​បម្រើ​សេះ​ឱ្យ​ទៅ​តាម​កង​ទ័ព​ចៅ​ពញ​ឧទ័យ​ធិរាជ​ថ្មី​ ដែល​ឱ្យ​ទៅ​ស្កាត់​ផ្លូវ​ សម្ដេច​ចៅ​ពញា​ចន្ទរា​ជា​ ពី​ផែន​បាត់​ដំបង​នោះ​ ឱ្យ​នាំ​កង​ទ័ព​ត្រឡប់​មក​វិញ ​"​ ចៅ​ពញា​ឧទ័យ​ធិរាជ​ នាំ​រេហ៍​ពល​ ៥០០០០ នាក់ ទៅ​ជួប​ជុំ​គ្នា​ នឹង មេ​ទ័ព​ឯ​ទៀត​នៅ​បន្ទាយ​ភ្នំពេញ​ ហើយ​ក៏​ចាត់​ចែង​តែង​ដាក់​រេហ៍​ពល​ ឱ្យ​ផ្លាស់​ប្ដូរ​គ្នា​ នៅ​រក្សា​ទី​បន្ទាយ​។ ចៅ​ពញា​តេជោ​កុយ​ ចៅ​ហ្វាយ​ស្រុក​ ខែត្រ​សំរោង​ទង​ និង​ ចៅ​ពញា​វង្សា​អនុជិត​យស​ ចៅ​ហ្វាយ​ស្រុក​ថ្មី​ ខែត្រ​បាទី​ មាន​រេហ៍​ពល​មួយ​ម៉ឺន​នាក់​ជា​កង​ក្រវែល​រួម​ទាំង​អស់​ ត្រូវ​ជា ១៩០០០០ ​នាក់​។​

ព្រះស្រីជេដ្ឋា ទ្រង់ចាត់កងទ័ព ទាំង ១៩០០០០ នាក់នោះ ជាពីរផ្លូវ។ ក្នុងមួយផ្លូវៗ ទ្រង់តាំងដូចមានខាងក្រោមនេះ:

  • ផ្លូវទី១.
    • ក) ទ្រង់ចាត់ចៅពញាយមរាជព្រាប ឃុំពល ១ ម៉ឺននាក់ ជាទ័ពមុខ។
    • ខ) ឱ្យចៅពញាវង្សាអគ្គរាជស្រី ឃុំពល ១ ម៉ឺននាក់ ជាប៉ែកឆ្វេង។
    • គ) ឱ្យចៅពញាពិស្ណុលោកទេន ចៅហ្វាយស្រុកទ្រាំង ឃុំពល ១ ម៉ឺននាក់ជាប៉ែកខាងស្ដាំ។
    • ឃ) ឱ្យចៅពញាអធិកវង្សាវេត ចៅហ្វាយស្រុកទ្រាំង ឃុំរេហ៍ពល ១ ម៉ឺននាក់ជាប៉ែកខាងក្រោយ។
    • ង) ទ្រង់​ឱ្យយក​ ឧក​ហ្លួងសូរ​ត្រូវ​ជា​មា​ម៉ែ​បាន​តាំង​ឡើង​ជា ​ចៅ​ពញា​ចក្រី​ធិបតី​កុញ្ចរ​" សម្រេច​រាជ​ការ​មហា​ក្រប័ត្រ​សឹក​ ហើយ​ឱ្យ​លើក​ទ័ព​ទៅ​មុន​។
  • ផ្លូវទី២ ក្រោយ​ដែល​ឧក​ហ្លួង​សូរ​ លើក​ទ័ព​ចេញ​ទៅ​នោះ​ សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ព្រះ​ចៅ​ក្រុង​ស្រឡប់​ពិ​ជ័យ​ព្រៃ​នគ​រ ស្ដេច​កន​រើស​យក​ក្មួយ​ម៉ែ​បាន​ ៤ ​នាក់​ មក​តាំង​ជា​សេនា​បតី​គឺ
    • ក) ឧកហ្លួងសូរ តាំងជា ឧកញ៉ាវៀង ឱ្យឃុំពល ២០០០០ នាក់ ជាទ័ពមុខ។
    • ខ) ឧកហ្លួងនៅ តាំងជា ឧកញ៉ាវាំង ឱ្យឃុំពល ១៥០០០ នាក់ ជាទ័ពឆ្វេង។
    • គ) ឧកហ្លួងទេព តាំងជា ឧកញ៉ាលំពាំង ឱ្យឃុំពល ១៥០០០ នាក់ ជាទ័ពស្ដាំ។
    • ឃ) ឧកហ្លួងមាន់ តាំងជា ឧកញ៉ាស្រាល ឱ្យឃុំពល ១៥០០០ នាក់ ជាទ័ពក្រោយ។

ឯ​ព្រះ​អង្គ​ឯង​ (ព្រះ​ស្រី​ជេដ្ឋា)​ ឃុំ​ពល​ ៣០០០០ នាក់​ ជា​ទ័ព​ហ្លួង​។​ ឯ​អស់​ចៅ​ហ្វាយ​ស្រុក​ទាំង​ពួង​ ទ្រង់​ចាត់​ឱ្យ​ធ្វើ​ជា​បាឡាត់​ទ័ព យោក្បាត់​ទ័ព ជា​កង​ក្រវែល​ ១៥​ កង​ សឹង​ឱ្យ​កាន់​ទង់​ជ័យ​ពណ៌​ដែល​មាន​រូប​ខុស​ៗ​គ្នា​ ដើម្បី​ នឹង មិន​ឱ្យ​ច្រឡូក​ច្រឡំ​គ្នា​ឡើយ​។​

ព្រះ​ស្រី​ជេដ្ឋា​នេះ​ មាន​បុណ្យ​អស្ចារ្យ​ណាស់​ ទ្រង់​មាន​ព្រះ​ទី​នាំង​គជេន្ទ្រ​ភ្លុក​ធំ​ ១​កំពស់​ ១០​ហត្ថ​ ឈ្មោះ​ "ព្រះ​គជេន្ទ្រ​យា​វុធ​"​ មាន​សេះ​ព្រះ​ទី​នាំង​សម្បុរ​ស៊ី​សាំ​ កំពស់​ ៣​ ហត្ថ ៤​ធ្នាប់​ មាន​កម្លាំង​បោល​ក្នុង​មួយ​ថ្ងៃ​កំណត់​ ២០៥០ សិន​ ហែល​ទឹក​លឿន​បី​ដូច​រន្ទះ​រូប​ល្អ​បី​ដូច​រូប​រាជ​សីហ៍​ ឈ្មោះ ​"ព្រះ​ទីនាំង​ស័ង្ខ​រង្ស៊ី​"​។​

សេនា​ សេ​នីយ៍ ដែល​ទ្រង់​ចាត់​ហើយ​នោះ​ បាន​មក​គ្រប់​មុខ​ងារ​ គឺ​អ្នក​កាន់​ស្វេត​ច្ឆ័ត្រ​អភិ​រម្យ​សែន​ត្វាន់​ចាម៉រ​ បាយ​មន​ តូរ្យ​តន្ត្រី​តាម​លំដាប់​ព្រះ​មហា​ក្សត្រ​។ លុះ​ដល់​ពេល​មាន​ជោគ​ជ័យ​បើក​ហើយ​ បុរោ​ហិត​ផ្លុំ​ ត្រែ​ស័ង្ខ​ ពួក​តូរ្យ​តន្ត្រី​ ក៏​ប្រគំ​​នូវ​រគាំ​ង​ស្គរ​ស្នែង​ ដែល​តាក់​តែង​សម្រាប់​បង្គាប់​ទ័ព​។ ព្រះ​ស្រី​ជេដ្ឋា​ ជា​ម្ចាស់​ផែន​ដី​ ស្រឡប់​ពិជ័យ​ព្រៃ​នគរ​ ស្ដេច​ឡើង​គង់​ព្រះ​ទីនាំង​គជេន្ទ្រ​បវរ​រតន​មង្គល​ លើក​រេហ៍​ពល​ ចេញ​ទៅ​សូរ​សព្ទ​រេហ៍​ពល និសូរ​សព្ទ​រទេះ សេះ ដំរី ព្រម​ទាំង​សូរ​សព្ទ​តូរ្យ​តន្ត្រី​នោះ​នាំ​ឱ្យ​ព្យុះហៈ​យាត្រា​កង​ទ័​ព​ ជា​ឧត្តម​រងំ​ ខ្ទ័រ​ខ្ទារ​ ទាំង​ព្រៃ​ព្រឹក្សា​ក្រឡា​មហា​ប្រថពី​។ លុះ​ទៅ​ដល់​ស្ទឹង​ក្រាំង​ពន្លៃ ​(សព្វ​ថ្ងៃ​នៅ​ក្នុង​ ខែត្រ​កំពង់​ស្ពឺ​ ក្បែរ ផ្សារ​ឧដុង្គ​ ហើយ​ព្រះ​អង្គ​ទ្រង់​តាំង​បន្ទាយ​ទ័ព​ធំ​នៅ​ស្ទឹង​ក្រាំង​ពន្លៃ​នោះ​ ទ្រង់​ត្រាស់​បង្គាប់​ចៅ​ពញា​យម​រាជ​ព្រាប​ ជា​មេ​ទ័ព​មុខ​ ឱ្យ​ឃុំ​ពល ៤៥០០០ នាក់​លើក​ទៅ​ចោម​វាយ​បន្ទាយ​ខែត្រ​លង្វែក​។ ចៅ​ហ្វាយ​ស្រុក​ខែត្រ​លង្វែក​ ក៏​ដេញ​ពល​តតាំង​ច្បាំង​គ្នា​ជា​មាំ​មួន​។​

ខណៈ​នោះ​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ទ្រង់​ជ្រាប​ថា : "កង​ទ័ព​សត្រូវ​ចោម​បន្ទាយ​លង្វែក​ហើយ​" ព្រះ​អង្គ​ក៏​ប្រើ​ទ័ព​សេះ ​ឱ្យ​ទៅ​ប្រាប់​ចៅ​ហ្វាយ​ស្រុក​ខែត្រ​លង្វែក​ថា : "ឱ្យ​ក្លែង​ធ្វើ​ជា​ចាញ់​ទ័ព​សត្រូវ​ហើយ​ រត់​តាម​ផ្លូវ​ទៅ​ទិស​ខាង​ជើង​"​។​ ក្រោយ​បំរើ​សេះ ​ចេញ​ទៅ​នោះ​ព្រះ​អង្គ​លើក​កង​ទ័ព​ ៤៥០០០ នាក់​ស្រូត​រូត​ទៅ​ជួយ​ចៅ​ហ្វាយ​ស្រុក​ខែត្រ​លង្វែក​។​ លុះ​ស្ដេច​ទៅ​ដល់​ ព្រៃ​មួយ​ធំ​ ទ្រង់​ឮ​សូរ​កាំ​ភ្លើង​ច្បាំង​គ្នា​ ជា​ឧឡា​រិក​ណាស់​ ទើង​ព្រះ​អង្គ​បង្កប់​រេហ៍​ពល​នៅ​ទី​នោះ​។ ឯ​ចៅ​ហ្វាយ​ស្រុក​ខែត្រ​រលា​ប្អៀរ​ បាន​ដឹង​ឧបាយ​ ដោយ​បំរើ​សេះ​ហើយ​ ក៏​ឱ្យ​កង​ទ័ព​ទាំង​នោះ​ ថយ​តាម​ព្រះ​រាជ​បញ្ជា​។​

ចៅ​ពញា​យម​រាជ​ និង​ នាយ​កង​ទ័ព​មុខ​ ក្រោយ​ ឆ្វេង​ស្ដាំ ទាំង​ ៥​ កង​ខាង​ព្រះ​ស្រី​ជេដ្ឋា​យល់​ថា​ "មាន​ជ័យ​ជំនះ​ហើយ​" ក៏​មាន​ចិត្រ​កម្រើក​ លើក​ទ័ព​ដេញ​ជិត​ប្រកិត​តាម​ទៅ​ រហូត​ដល់​នាទី​ដែល​សម្ដេច​ចៅព​ញា​ចន្ទ​រាជា​ ស្ដេច​បង្កប់​ទ័ព​ចាំ​នោះ​។ មួយ​រំពេច​នោះ​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ស្ដេច​បរ​ព្រះ​ទីនាំង​គ​ជេន្ទ្រ​ពិជ័យ​ នាំ​សេនា​ទាហាន​រេហ៍​ពល​ លើក​ចេញ​ដេញ​ទៅ​វាយ​ផ្ទប់​សម្លាប់​ កង​ទ័ព​សត្រូវ​ពី​ក្រោយ​ ដោយ​ទ័ព​សត្រូវ​ពុំ​ដឹង​ខ្លួន​។​ កង​ទ័ព​សត្រូវ​ស្លាប់​ដោយ​ក្របី​វ័ធ​ ដំរី​ជល់​ព្រេច​ និង​ដោយ​ត្រូវ​អាវុធ​វែង​ខ្លី​ ស្លាប់​អស់​ជាង​ ៣០០០​ នាក់​ ឈាម​ក្រហម​ដាល​ច្រាល​ទាំង​ព្រៃ​វាល​ ចាប់​បាន​ចៅ​ពញា​យម​រាជ​ និង​នាយ​កង​ នាយ​ទ័ព​ ១០​ នាក់​ទៀត​។ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ស្ដេច​ត្រាស់​ឱ្យ​កាត់​ក្បាល​ ចៅ​ពញា​យម​រាជ​ និង មេ​ទ័ព​ ១០​នាក់​ ហើយ​ឱ្យ​ចៀរ​ស្លឹក​ត្រចៀក​ មេ​កង​ដែល​ចាប់​បាន​ទាំង​រស់​ ១០​​នាក់​ទៀត​។​ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ "អា​ឯង​ទាំង​ ១០​នាក់​នេះ​ ចូរ​នាំ​ក្បាល​គូ​កន​ឯង​ទាំង​ ១១​នាក់​នេះ​ ទៅ​ឱ្យ​អា​ព្រះ​ស្ដេច​កន​ ចុះ​ហើយ​ ឱ្យ​ប្រាប់​អាកន​ថា ​:​ បើ​វា​អាង​ពល​ច្រើន​ឱ្យ​លើក​មក​ទៀត​ ឬ​បើ​យល់​ថា​ ភ្លៀង​ធ្លាក់​មក​ហើយ​ ជិត​រដូវ​ល្មម​នឹង​ឱ្យ​រាស្ត្រ​ធ្វើ​ស្រែ​ចំការ​ហើយ​ នឹង ចង់​ឈប់​ច្បាំង​ឱ្យ​រា​ស្ត្រ​ធ្វើ​ស្រែ​ចំការ​សិន​ ក៏​តាម​ចិត្ត​វា​ចុះ​"។​ ទ្រង់​ត្រាស់​ផ្ដាំ​រួច​ស្រេច​ហើយ​ ព្រះ​អង្គ​លើក​ទ័ព​ត្រឡប់​មក​បន្ទាយ​ខែត្រ​រលា​ប្អៀរ​វិញ​។​ ទ្រង់​ឱ្យ​បម្រើ​ចេញ​ទៅ​ស៊ើប​ការណ៍​ ក្នុង​កង​ទ័ព​សត្រូវ​។​ បម្រើ​ដឹង​ការ​ណ៍​ហើយ​ ក៏​វិល​ត្រឡប់​មក​ក្រាប​ទូល​សព្វ​គ្រប់​ ពុំ​មាន​ហ៊ាន​ធ្វេស​ប្រហែស​ឡើយ​។​

នេះ​នឹង​ស្រដី​ អំពី​បំរើ​ទាំង​ ១០​ នាក់​ដែល​រែក​យួរ​ក្បាល​ ១១​ នាក់​នោះ​ទៅ​ដល់​បន្ទាយ​ស្ទឹង​ក្រាំង​ពន្លៃ​ហើយ​ ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​ យំ​ក្រាប​ទូល​ម្ចាស់​របស់​ខ្លួន​ សព្វ​គ្រប់​តាម​ដំណើរ​។​ ព្រះ​ស្រី​ជេដ្ឋា​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃ​នគរ​ ទ្រង់​បាន​ជ្រាប​ហើយ​ ទ្រង់​ញ័រ​ភ័យ​ខ្លាច​ ព្រះ​បារមី​ថ្វី​ព្រះហស្ថ​ នៃ​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​។​ លុះ​ដល់​ភ្ញាក់​ស្មារ​តី​យ៉ាង​នេះ ​ព្រះ​ស្រី​ជេដ្ឋា​ ត្រាស់​ថា​ : "យើង​នឹង​ខ្លាច​អ្វី​ថ្វី​ដៃ​នៃ​ចៅ​ពញា​ចន្ទ​រាជា​នោះ​ប៉ុន្តែ​ឥឡូវ​នេះ​ គេ​សុំ​យើង​ឱ្យ​កង​ទ័ព​យើង​ឈប់​ច្បាំង​ធ្វើ​ស្រែ​សិន​ យើង​ក៏​គួរ​ឈប់​តាម​សណ្ដាប់​ព្រះ​នគរ​ បើ​យើង​នឹង​រឹង​ទទឹង​ទៅ​ ក៏​ឃើញ​ថា​​ការ​ណ៍នេះ​មិន​ត្រឹម​ត្រូវ​ដែរ​ យើង​ត្រូវ​តែ​ព្រម​តាម​គេ​ចុះ​"​។​ ទើប​ទ្រង់​ត្រាស់​ឱ្យ​តែង​ព្រះ​រាជ​សារ​ បោះ​ត្រា​សម្រាប់​ផែន​ដី​ ឱ្យ​ចៅ​ពញា​មហា​មន្ត្រី​ ជា​រាជ​ទូត​ ឱ្យ​ពញា​ឫទ្ធា​ធិបតី​ ជា​ឧប​ទូត​, ឱ្យ​ឧកញ៉ា​ជុំជិត​ជំនិត​ទឡ្ហៈ ​ជា​ត្រី​ទូត​ នាំ​ពាន​មាស​មួយ​ តម្កល់​ព្រះ​រាជ​សារ​នោះ​ និង ព្រែ​ផ្កា​មាស​ ១០​ កី​, ព្រែ​ញ័រ​ ២០​, ព្រំ​យ៉ាង​ធំ ​២​ ក្បាល​ជាង​គ្រឿង​បណ្ណា​ការ​។ លុះ​រាជ​ទូត​, ឧប​ទូត​, ត្រី​ទូត​ នាំ​ទៅ​ដល់​ខែត្រ​រលា​ប្អៀរ​ហើយ​អស់​នាយ​កង​ទ័ព​ ខាង​សម្ដេច​ចៅ​ពញា​ចន្ទរា​ជា​ក៏​ឃុំ​ខ្លួន​នាំ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​គាល់​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​។ ខណៈ​នោះ​ ស្ដេច​ចេញ​ជួប​មុខ​មន្ត្រី​ សេនា​យោធា​កង​ទ័ព​ ក្រាប​បង្គំ​គាល់​ តាម​បណ្ដា​សក្ដិ​ធំ តូច​ ហើយ​ស្ដេច​ឱ្យ​អាល័ក្ស​ ថ្លែង​ព្រះ​រាជ​សារ​ថ្វាយ​។​ ឯ​ព្រះ​រាជ​សារ​នោះ​មាន​សេចក្ដី​ដូច​ខាង​ក្រោម​នេះ​:​

"ព្រះរាជសារ សម្ដេច​ព្រះស្រី​ជេដ្ឋា​ធិរា​ជ រាម​ធិបតី​ បរម​បពិត្រ​ ជា​ម្ចាស់​ជីវិត​លើ​ត្បូង​ក្រុង​កម្ពុជា​ធិបតី​ សិរិយ​សោធរ​ បវរ​ឥន្ទ​បត្ត​កុរុ​រដ្ឋ​រាជ​ធានី​ ដែល​ រាស្ដ្រ និង ព្រះ​រាជ​វង្សា​នុវង្ស​ ស្រលាញ់​ស្ម័គ្រ​ចិត្ត​លើក​ឡើង​ ឱ្យ​សោយ​រាជ​សម្បត្តិ​ ក្នុង​មហា​ស្រឡប់​ពិជ័យ​ព្រៃ​នគរ​បវរ​បូព៌ា​ទិសា​។ សូម​ចម្រើន​ព្រះ​រាជ​មេត្រី​ មក​សម្ដេច​ព្រះ​អនុ​ជា​ធិរាជ​ គឺ​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា
បាន​ទ្រង់​ជ្រាប​។​

ដ្បិត អ្នក​អូន​ លើក​ចតុ​រង្គ​សេនា​ទាហាន​រេហ៍​ពល​មក​ធ្វើ​សង្គ្រាម​នេះ​ យើង​មាន​ចិត្ត​អំណរ​ណាស់​ ដោយ​ហេតុ​ថា​ យើង​នឹង​បានទត​ នូវ​សេនា​ទាហាន​ ច្បាំង​ប្រកាប់​គ្នា​ដោយ​អាវុធ​វែង​ អាវុធ​ខ្លី​លើ​ខ្នង​សេះ​ ដំរី​ជា​សិរី​សួស្ដី​ នៃ​ចក្ខុ​ទាំង​សង​ខាង​។ ប៉ុន្តែ​ឥឡូវ​នេះ​ ជិត​ដល់​វស្សាន​រដូវ​ហើយ​ ត្រូវ​រាស្ត្រ​ធ្វើ​ស្រែ​, ដូច្នេះ​ យើង​សុំ​ឱ្យ​ឈប់​ធ្វើ​សង្គ្រាម​ នឹង គ្នា ក្នុង​មួយ​រដូវ​នេះ​ចុះ​ តែ​សុំ​ឱ្យ​ចាំ​ពាក្យ​ដែល​សន្មត​សញ្ញា​ កុំ​ឱ្យ​លប​លួច​វាយ​យក​ខែត្រ​គ្នា​ ដូច​ជា​ទ័ព​ចោរ​នោះ​ឡើយ​។​ បើ​ដល់​រាស្ត្រ​ធ្វើ​ស្រែ​ចំការ​រួច​ហើយ​, មុន​នឹង​ធ្វើ​សង្គ្រាម​នឹង​គ្នា​កាល​ណា​ ឱ្យ​មាន​រាជ​សារ​ ចារ​ជា​ព្រះ​រាជ​កំណត់​ទៅ​មក​ ទើប​គួរ​សម​ជា​ឧត្តម​មហាក្ស​ត្រា​ធិរា​ជ"​។​

តទៅលេខ ១៤