ថ្ងៃសៅរ៍ ទី10.មីនា 2018.ម៉ោង 7:28
ផែនដី ព្រះស្ដេចកន (ត) លេខ១២

ចៅពញាមឿង លុះ​ឮ​រាស្ត្រ​ ប្រកាស​វាយ​បក​ដូច្នោះ​ ល្មម​ពេល​ព្រឹក​ស្រាង​ៗ​ ហើយ​ក៏​នាំ​អស់​ក្រម​ការ​ និង​ អស់​អ្នក​មុខ​អ្នក​ការ បណ្ដា​រាស្ត្រ​ចេញ​ទៅ​​អញ្ជើញ​ស្ដេច​ធ្វើ​ព្រះ​រាជ​ដំណើរ​ចូល​ទៅ​ប្រថាប់​ ក្នុង​បន្ទាយ​ស្រុក​។ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ស្ដេច​បាន​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ទ្រង់​ព្រះ​អំណរ​ណាស់​ ទ្រង់​ត្រាស់​សួរ​សេច​ក្ដី​ដើម​ទង​ គ្រប់​ប្រការ​។​ លុះ​ទ្រង់​ជ្រាប​ហើយ​ ស្ដេច​ឲ្យ​លើក​ទ័ព​ចូល​ទៅ​ប្រថាប់​ក្នុង​បន្ទាយ​ស្រុក​ ហើយ​ស្ដេច​ហាម​កង​ទ័ព​ទាំង​ខ្មែរ​ ទាំង​សៀម​ មិន​ឲ្យ​ទៅ​កំហែង​កំហល់​រាស្ត្រ​ប្រជា​ ក្នុង​ស្រុក​ឲ្យ​សោះ​ ដើម្បី​កុំ​ឲ្យ​រាស្ត្រ​ប្រជា​ មាន​សេច​ក្ដី​ក្ដៅ​ក្រហាយ​។ ទ្រង់​ដាក់​អាយ័ត​ថា "បើ​ឈ្មោះ​ណា​ពុំ​ស្ដាប់​ ព្រះ​រាជ​ឱង្ការ​នេះ​ទេ​ ស្ដេច​ នឹង យក​ទោស​ដល់​ប្រហារ​ជីវិត​"​។​ ខណៈ​នេះ​ អស់​រាស្ត្រ​ប្រជា​ ក៏​បាន​សេច​ក្ដី​សុខ​សាន្ត​ ឥត​មាន​ទុក្ខ​ភ័យ​ អំពី​ពួក​ពល​ទាហាន​ សរ​សើរ​ព្រះ​បារមី​ ​ព្រម​ទាំង​ថ្វាយ​សព្ទ​សា​ធុកា​រ​ពរ​ គ្រប់​ៗ​គ្នា​។​

សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ កាល​ដែល​ទ្រង់​ហាម​ប្រាម​សេនា​ទាហាន​ មិន​​ឲ្យ​រំ​លោភ​ជិះ​ជាន់​រាស្ត្រ​នាំ​ឲ្យ​រាស្ត្រ​បាន​សេច​ក្ដី​សុខ​កាយ​សុខ​ចិត្ត​ ឥត​ក្ដៅ​ក្រហាយ​យ៉ាង​នេះ​ហើយ​ ទ្រង់​ឲ្យ​រឹប​យក​ទ្រព្យ​សម្បត្តិ​របស់​ចៅ​ហ្វាយ​ស្រុក​ ដែល​ចៅ​ពញា​មឿង​ ចូល​លុក​សម្លាប់​នោះ​មក​ព្រះ​រាជ​ទាន​ជា​រង្វាន់​ ដល់​អស់​នាយ​កង​នាយ​ទ័ព​ ហើយ​ទ្រង់​តាំង​ចៅ​ពញា​មឿង​​ជា​​ "ចៅ​ពញា​សួគ៌ា​លោក​"​ ចៅ​ហ្វាយ​ស្រុក​ ខែត្រ​ពោធិ៍​សាត់​ ទាំង​តាំង​ឲ្យ​ធ្វើ​ជា​មេ​ទ័ព​ សម្រេច​រាជ​ការ​គ្រប់​ប្រការ​។ រួច​ទ្រង់​តាំង​កូន​តា​មឿង​ ទាំង​៤​នាក់​ឲ្យ​មាន​ឋានន្តរ​សក្ដិ​ខ្ពង់​ខ្ពស់​ គឺ​៖

  • កូនទី១ ឈ្មោះកែវ ឲ្យធ្វើជា "ចៅពញាវង្សាអគ្គរាជ"
  • កូនទី២ ឈ្មោះអង់ ឲ្យធ្វើជា "ចៅពញាបរទេសរាជ"
  • កូនទី៣ ឈ្មោះទេព ឲ្យធ្វើជា "ចៅពញាវិបុលរាជ"
  • កូនទី៤ ឈ្មោះសុខ ឲ្យធ្វើជា "ចៅពញារាជតេជៈ" ជាមេទ័ពមុខក្រោយ ឆ្វេងស្ដាំ។

ទើបទ្រង់ចាត់ទាំង៤នាយ ឲ្យ​លើក​ពល ៨០០​នាក់ ចេញ​ទៅ​វាយ​ខែត្រ​ក្រគរ​ ខ្លុង​ ក្រង​ ជា​មុន​។​
ព្រះ​ស្រី​ជេដ្ឋា​ (ស្ដេច​កន)​ កាល​ខូច​ខែត្រ​ពោធិ៍​សាត់​ហើយ​ នៅ​ពេល​ថ្ងៃ​ត្រង់​ម៉ោង​ ១១​ ស្ដេច​នាំ​ព្រះ​ស្នំ ក្រុម​បរិ​ពារ​ ចុះ​ស្រង់​ទឹក​ក្នុង​ស្រះ​ រួច​ហើយ​នាំ​ទៅ​ប្រពាត​សួន​ ឧទ្យាន​កំសាន្ត​ព្រះ​ហ​ឫទ័យ​។ ស្ដេច​នាំ​ព្រះ​ស្នំ​ក្រុម​បរិពារ​ យាង​រហូត​ដល់​ទី​ក្រឡា​បន្ទំ​ ដែល​មាន​ក្នុង​សួន​ឧទ្យាន​នោះ​។ នៅ​ទី​នោះ​ទ្រង់​ព្រះ​សណ្ដាប់​ ក្រុម​ភ្លេង​មហោរី​ ក្រុម​ចម្រៀង​ ច្រៀង​ ផ្លុំ​ប៉ី​កែវ​ ពីរោះ​ពេក​ បណ្ដាល​ឲ្យ​ភ្លើត​ភ្លើន​ព្រះ​រាជ​ហ​ឫទ័យ​ ហើយ​ក៏​ទ្រង់​ទម្រេត​ព្រះ​អង្គ​ ទៅ​លើ​ព្រះ​ស្នំ​ជាតិ​លាវ​ម្នាក់​។ លុះ​ទ្រង់​ផ្ទំ​ស្កប់​ស្កល់​ទៅ​ទ្រង់​ព្រះ​សុបិន​និមិត្ត​ឃើញ​ថា​ :​

​​​​​​​​​​​"ព្រះ​ចន្ទ​រះ​ពី​ទិស​ខាង​លិច​លឿន​គ្រឿន​មក​លើ​ប្រា​សាទ​ ហើយ​ក៏​បណ្ដាល​ឲ្យ​កើត​ជា​ភ្លើង​ឆេះ​សន្ធោ​រ​សន្ធៅ​លើ​ប្រាសាទ​ អណ្ដាត​ភ្លើង​រាល​ដាល​ ទូ​ទៅ​ពេញ​ទាំង​ព្រះ​នគរ​ ព្រម​ទាំង​រាល​ក្ដៅ​ដល់​ព្រះ​អង្គ​ផង​ ព្រះ​អង្គ​រត់​ទៅ​ទិស​ឦសាន​ ភ្លើង​ក៏​រាល​ឆេះ​រោល​ក្ដៅ​ក្រហាយ​សព្វ​ព្រះ​សារ​ពាង្គ​កាយ​ខ្លាំង​ណាស់​"​។​

ទ្រង់​បម្រះ​ដឹង​ព្រះ​ស្មារតី​ឡើង​ ក៏​ល្មម​ពេល​រសៀល​ម៉ោង​៣​ ទ្រង់​ក៏​តើន​ចាក​ព្រះ​សុបិន​ឡើង​ពី​ក្រឡា​បន្ទំ​ ទ្រង់​ក៏​ព្រួយ​ព្រះ​ទ័យ​ណាស់​ ទើប​ទ្រង់​បញ្ជា​ឱ្យ​ហៅ​ព្រា​ហ្មណ៍​បុរោ​ហិត​ និង ពិជ័យ​ហោ​រា​ មក​ប្រាប់​នូវ​និមិត្ត​នោះ​ គ្រប់​ប្រការ​។ ពិជ័យ​ហោ​រា​ ទូល​ថ្វាយ​ព្យា​ករ​ណ៍​ថា​ :​

"ទ្រង់​និមិត្ត​ក្នុង​ថ្ងៃ​សៅរ៍​នេះ ​ក្បួន​ទំនាយ​ថា​ ត្រូវ​លើ​ព្រះ​អង្គ​ហើយ​ គឺ​ព្រះ​អង្គ​ នឹង ត្រូវ​ទទួល​គ្រោះ​កាច​។ តាម​ព្រះ​សុបិន​នេះ​ ព្រះ​អង្គ​ នឹង ដឹង​ការណ៍​ឆាប់​។​ ឯ​ព្រះ​ចន្ទ​ដែល​រះ​ហើយ​បង្កើត​ជា​ផ្កា​ភ្លើង​ឆេះ​រាល​ពាស​ពេញ​ទាំង​នគ​រ​នោះ​ ទំនាយ​ថា​ ទ្រង់​ នឹង មាន​សត្រូវ​​មក​បៀត​បៀន​ព្រះ​អង្គ​ ឲ្យ​នាំ​ព្រះ​អង្គ​ថ្លោះ​កា​រណ៍​​ធំ​​ណាស់​"​។​

ព្រះ​ស្រី​ជេដ្ឋា​ ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​ខ្ញាល់​ណាស់​ ចំពោះ​ពិជ័យ​ហោ​រា​ ដែល​មិន​ចេះ​ប្រចុប​ឲ្យ​ស្រប​ នឹង ព្រះ​ទ័យ​។​ ព្រះ​ភក្ដ្រ​ទុំ​​ទែង​ពន់​ប្រមាណ​ ទើប​ទ្រង់​ត្រាស់​ថា​ ហោ​រា​ទាយ​នេះ​ ដូច​ជា​ក្រៅ​ក្បួន​តម្រា​ហើយ​ ដូច្នេះ​ ចូរ​បុរោ​ហិត​ពិនិត្យ​ទាយ​មើល​វិញ​ តើ​ខាង​ណា​ទាយ​ខុស​ ខាង​ណា​ទាយ​ត្រូវ​។​ ព្រះ​បុរោ​ហិត​ ក្នុង​ព្រះ​រាជ​ត្រកូល​ យល់​ថា​ ​"ទំនាយ​ហោរា​នេះ​ ពុំ​សព្វ​ព្រះ​ទ័យ​នៃ​ព្រះ​ស្រី​ជេដ្ឋា​ទេ​"​ ទើប​ក្រាប​ទូល​ប្រចុប​ប្រចែង​ រក​ផ្លូវ​ឲ្យ​ស្រប​ព្រះ​រាជ​ហឫ​ទ័យ​ ហើយ​ក្រាប​បង្គំ​ទូល​ថ្វាយ​ថា ​:​

"សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​!​ សុបិន​និមិត្ត​នៃ​ព្រះ​អង្គ​នេះ​ បើ​តាម​ក្បួន​ហោរ​ថា​ ទេវ​តា​មក​ប្រាប់​ហេតុ​ឲ្យ​ទ្រង់​ជ្រាប​ ទាំង​អស់​៥​ប្រកា​រ​គឺ​

ប្រការទី១: ត្រង់​ទ្រង់​ឃើញ​ព្រះ​ចន្ទ​រះ​ពី​ទិស​ខាង​លិច​នោះ​ ទំនាយ​ថា​ ព្រះ​អង្គ​ នឹង បាន​សុខ​ក្សេម​ក្សាន្ត​ ត្រជាក់​ត្រជុំ​ ទាំង​អាណា​ប្រជា​នុ​រាស្ត្រ​ ក៏​បាន​សេច​ក្ដី​រុង​រឿង​ប្រៀប​បាន​ នឹង​ពន្លឺ​ព្រះ​ចន្ទ​។​
ប្រការទី២: ត្រង់​ព្រះ​ចន្ទ​ចេញ​ជា​ភ្លើង​ ឆេះ​ពាស​ពេញ​ព្រះ​នគរ​នោះ​ ទំនាយ​ថា​ ព្រះ​អង្គ​ នឹង មាន​អំណាច​ អាច​ផ្សាយ​ពេញ​ទាំង​ប្រ​ទេស​ ដូច​ភ្លើង​ឆេះ​ទូ​ទៅ​ទាំង​៨​ទិស​។​
ប្រការទី៣: ត្រង់​ថា​ ចំហាយ​ក្ដៅ​ដល់​ព្រះ​អង្គ​នោះ​ ទំនាយ​ថា​ : នឹង​មាន​សត្រូវ​មក​ប្រមាថ​ព្រះ​នគរ​។
ប្រការទី៤: ត្រង់​ទ្រង់​ឃើញ​ថា​ ព្រះ​ចន្ទ​ពេញ​បូរ​មី​នោះ​ ទំនាយ​ថា​ សត្រូវ​នោះ​នៅ​ក្នុង​ព្រះ​រាជ​ត្រកូល​ បង្កើត​ហេតុ​ចេញ​មក​ពី​ទិស​បស្ចិម​។​
ប្រការទី៥: ត្រង់​ឃើញ​ថា​ ព្រះ​អង្គ​រត់​ទៅ​ទិស​ឦសាន​ ហើយ​ភ្លើង​នៅ​តែ​តាម​រាល​ក្ដៅ​ដល់​ព្រះ​អង្គ​នោះ​ទំនាយ​ថា​ បើ​កើត​មាន​សត្រូវ​ហើយ​ សូម​ព្រះ​អង្គ​ស្ដេច​ទៅ​តាំង​ទ័ព​ទប់​សត្រូវ​ពី​ទិស​ឦសាន​ទើប​ នឹង មាន​ជ័យ​ជំនះ​។ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​!​ ព្រះ​សុបិន​នេះ​ល្អ​ទេ​ កុំ​ព្រួយ​ព្រះ​ទ័យ​ឡើយ​​"​។​

សម្ដេច​ព្រះស្រី​ជេដ្ឋា​ ស្ដាប់​បុរោ​ហិត​ព្យា​ក​រណ៍​ថ្វាយ​ហើយ មាន​ព្រះ​ទ័យ​ត្រេក​អរ​ខ្លាំង​ណាស់​ តែ​ដើម្បី នឹង រំដោះ​ព្រះ​គ្រោះ​ខ្លះ​ ព្រះ​អង្គ​ក៏​ឲ្យ​បុរោ​ហិត​ផ្លុំ​ ប្រគុំ​ត្រែ​ស័ង្ខ​ ថ្វាយ​ទឹក​ស័ង្ខ​ ស្លឹក​ព្នៅ សៀត​ព្រះ​កាណ៌​ព្រះ​អង្គ​ ព្រម​ទាំង​ព្រះ​រាជ​ទាន​ស្លឹក​ព្នៅ​មួយ​សន្លឹក​ ទៅ​ព្រះ​រាជ​បុត្រ​ព្រះ​ជន្ម ៥​ឆ្នាំ​ ឲ្យ​សៀត​ព្រះ​កាណ៌​ដែរ​ ព្រោះ​ព្រះ​អង្គ​កំពុង​ជាប់​ព្រះ​ទ័យ​ នឹង ព្រះ​រាជ​បុត្រ​នេះ​ ហើយ​ព្រះ​រាជ​ទាន​រង្វាន់​ ឲ្យ​បុរោ​ហិត​ដែល​ទាយ​ត្រូវ​ព្រះ​ទ័យ​នោះ​ តាម​សព្វ​ព្រះ​ទ័យ​។ លំដាប់​ត​មក​​ទ្រង់​ត្រាស់​ថា​ :​

"អា​ហោរ​ចង្រៃ​នេះ​ វា​ស្អប់​អញ​​ទើប​វា​ក្លែង​ទាយ​ឲ្យ​អញ​ខូច​ចិត្ត​ទាំង​ខូច​ទ្រព្យ​សម្បត្តិ​ ដោយ​វា​មាន​គោល​គំនិត​សម្ងាត់​ ប្រការ​ណា​មួយ​ ក្នុង​ខ្លួន​វា ​" ត​មក​ទ្រង់​ដៀល​ត្មះ​ ហោ​រា​នោះ​ដោយ​ប្រការ​ផ្សេង​ៗ​។​

ពិជ័យ​ហោ​រា​ ខំ​ក្រាប​ទូល​ដោយ​ជំនះ​ថា ​​:​ "សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​ សូម​ព្រះ​អង្គ​កុំ​អាល​ទ្រង់​អរ​តាម​ទំនាយ​បុរោ​ហិត​ក្រាប​ទូល​នេះ​ឲ្យ​សោះ​ ព្រោះ​កា​រណ៍​ម្ដង​នេះ​ ប្រាកដ​ជា​មាន​ដូច​ទូល​ថ្វាយ​មិន​មែន​ ដូច​ទំនាយ​បុរោ​ហិត​នេះ​ទេ​"​។​

សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ ទ្រង់​ខ្ញាល់​ នឹង សំដី​ទូល​តប​ របស់​ហោ​រា​នោះ​ណាស់​ ទើប​ទ្រង់​ស្ទុះ​ទៅ​ចាប់​ព្រះ​សែង​ (ដាវ)​ មក​កាប់​ហោ​រា បណ្ដាល​ឲ្យ​ហោរ​ស្លាប់​នៅ​ទី​នោះ​មួយ​រំពេច​។​ ក្រោយ​ពី​នោះ​មក​ចំនួន​១០​ថ្ងៃ​ ព្រះ​ស្រី​ជេដ្ឋា​ ស្ដេច​ចេញ​ចង​ព្រះ​រាជ​រោង​រម្យ​ ជួប​ជុំ​ចៅ​ពញា​លំពាំង​ធិបតី​ សេនា​បតី​ និង​ មន្ត្រី​ទាំង​ពួង​​ដែល​ក្រាប​បង្គំ​ជា​យ​ស​បរិ​វារ​។​ ខណៈ​នោះ​ចៅ​ពញា​លំពាំង​ធិបតី​ ក្រាប​បង្គំ​ទូល​ថា :​
"សូម​ទ្រង់​ព្រះ​មេ​ត្តា​ប្រោស​ ព្រះ​ចន្ទ​រាជា​ បាន​ត្រឡប់​មក​ពី​ស្រុក​សៀម​វិញ​ហើយ​ ឥឡូវ​ស្ដេច​សង្កត់​បាន​ខែ​ត្របាត់​ដំបង​ ហើយ​ឆ្លង​មក​សង្កត់​ បាន​ខែត្រ​ពោធិ៍​សាត់​ថែម​ទៀត​ ចៅ​ហ្វាយ​ស្រុក​ ខែត្រពោធិ៍​សាត់​ បាន​ប្ដឹង​ដោយ​សំបុត្រ​ ចូល​មក​សុំ​កង​ទ័ព​ អំពី​ទូល​ព្រះ​បង្គំ​ ឲ្យ​ទៅ​ជួយ​ជា​ឆាប់​​"​។​

ចៅ​ពញា​លំពាំង​ធិបតី​ ក្រាប​ទូល​ពុំ​ទាន់​ផុត​វាចា​ផង​ ព្រះ​រាជ​វរា​នុកូល​ ក្រាប​ទូល​ថា​:​
"សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​ មាន​សំបុត្រ​ចៅ​ហ្វាយ​ស្រុក​ ខែត្រ​ក្រគរ​ ប្ដឹង​ទូល​ព្រះ​បង្គំ​ថា ​:​ នៅ​ខែត្រ​ពោធិ៍​សាត់​នោះ​ ចៅ​ពញា​សួគ៌ា​លោក​ អនិច្ច​កម្ម​ក្នុង​ចំបាំង​ទៅ​ហើយ​ ឥឡូវ​នេះ​ចៅ​ពញា​ចន្ទ​រាជា​តាំង​ពញា​មឿង​មេស្មិល​ ឲ្យ​ឡើង​ជា​​ចៅ​ពញា​សួគ៌ា​លោក​ហើយ​ ហើយ​ឲ្យ​ធ្វើ​ជា​មេទ័ព​ សម្រេច​រាជ​ការ​ទាំង​ពួង​ផង​ទៀត​ ចៅ​ពញា​ចន្ទ​រាជា​ ឲ្យ​កូន​ពញា​មឿង​ទាំង​៤​ នាក់​នោះ​ធ្វើ​ជា​សេនា​បតី​សម្រាប់​ទ្រង់​ហើយ​ឲ្យ​ធ្វើ​បាឡាត់​ទ័ព​មុខ​ ក្រោយ​ ឆ្វេង​ ស្ដាំ លើក​មក​វាយ​បន្ទាយ​ខែត្រ​ក្រគរ​ទៀត​ ឥឡូវ​នេះ​ បន្ទាយ​ខែត្រ​ក្រគរ​បែក​ហើយ​"​។​

ព្រះស្រីជេដ្ឋា (ស្ដេច​កន​) ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​គ្រវី​ព្រះ​សិរសា​ ហើយ​មាន​ព្រះ​បន្ទូល​ថា ​:​
បង​ចក្រី​ ចូរ​បង​ឯង​ចេញ​ទៅ​ជា​មេ​ទ័ព​ធំ​ កេណ្ឌ​បណ្ដា​រាស្ត្រ​ខែ​ត្រខាង​លិច​ ហើយ​លើក​យ៉ាង​ស្រូត​រូត​ទៅ​ទល់​ទប់​ទ័ព​ របស់​ចៅ​ពញា​ចន្ទ​រាជា​ ឲ្យ​ទាន់​ការណ៍​ សូម​បង​ប្រឹង​ជួយ​ខ្ញុំ​ ឲ្យ​អស់​ពី​កម្លាំង​ចិត្ត​ណា៎"​។​
ពញា​ចក្រី​ ទទួល​ព្រះ​រាជ​បញ្ជា​ ហើយ​ក្រាប​ទូល​ថា​ : "ទូល​ព្រះ​បង្គំ​ លើក​ទ័ព​ទៅ​ម្ដង​នេះ ​បើ​ចាប់​បាន​តួ​ខ្លា​ ឬ​ មិន​បាន​ ក៏​គង់​ខ្លា​ត្រូវ​របួស​ បង់​ជន្ម​ ឲ្យ​រាង​ចាល​ជា​មិន​ខាន​ដែរ​"​។​

ព្រះស្រី​ជេដ្ឋា ​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​ត្រូវ​ព្រះ​ទ័យ​ណាស់​ ទ្រង់​ព្រះ​ទាន​លំពែង​ក្រំ ​(1) មាស​មួយ​ជា​អាជ្ញា​សឹក​ ហើយ​ឲ្យ​លើក​កង​ទ័ព​ ទៅ​តាំង​នៅ​ក្នុង​ខែត្រ​លង្វែក​។​ ហើយ​ទ្រង់​ត្រាស់​បង្គាប់​សម្ដេច​ចៅ​ហ្វា​កៅ ​ជា​មា​ឲ្យ​ធ្វើ​មេទ័​ព​ធំ​។ ទ្រង់​ប្រទាន​ដាវ​គ្រឿង​មាស​មួយ​ ជា​អាជ្ញា​សឹក​ ហើយ​ នឹង ពាន​កន្ថោរ​ទិតោ​មាស​ មួយ​សម្រាប់ ​ជា​គ្រឿង​សម្រាប់​យស​ និង​ ស្គរ​ហែ​ពីរ​ សម្រាប់​ទូង​ តាម​ផ្លូវ​ខែត្រ​កំពង់​សៀម​។​

សម្ដេច​ចៅ​ហ្វា​កៅ ​ទទួល​ព្រះ​រាជ​បញ្ជា​ហើយ​ក៏​ថ្វាយ​បង្គំ​លា​ លើក​ទ័ព​ទៅ​ដល់​ខែត្រ​កំពង់​សៀម​ហើយ​ចេញ​សំបុត្រ​ទៅ​កេណ្ឌ​រេហ៍​ពល​ គ្រប់​ខែត្រ​។ លុះ​បាន​រេហ៍​ពល​គ្រប់​ខែត្រ​ មក​ជួប​ជុំ​ហើយ​ចៅ​ហ្វា​កៅ​ ក៏​ចាត់​ចៅ​ពញា​ឧទ័យ​ធិរាជា​ ចៅ​ហ្វាយ​ស្រុក​ខែត្រ​អាសន្ន​ទុក​ ឲ្យ​លើក​ទ័ព​កាត់​សំដៅ​ទៅ​ខែត្រ​បាត់​ដំបង​ ឆ្លង​មក​វាយ​ផ្ទប់​ពី​ក្រោយ​ កុំ​ឲ្យ​ចៅ​ពញា​ចន្ទ​រាជា​​រត់​រួច​​។​ ចំណែក​ឯ​ សម្ដេច​ចៅ​ហ្វា​កៅ​ ខ្លួន​ឯង​ ជា​មេ​ទ័ព​ធំ​នោះ​ លើក​ទ័ព​ឆ្លង​មក​ត្រើយ​ខាង​លិច​។ ឯ​ប៉ែក​កង​ទ័ព​ នៃ​ចៅ​ពញា​ចក្រី​ កាល​កេណ្ឌ​រេហ៍​ពល​បាន​ ៥៥០០​នាក់​ ហើយ​ក៏​ឲ្យ​ចៅ​ពញា​តេ​ជោ​ ចៅ​ហ្វាយ​ស្រុក​ខែ​ត្រសំ​រោ​ងទង​ លើក​ទ័ព​ ១០០០០​នាក់​ ជា​ទ័ព​មុខ​ ឲ្យ​ចៅ​ពញា​រាជា​មេត្រី​ ចៅ​ហ្វាយ​ស្រុក​ភ្នំ​ពេញ​កាន់​ពល​ ១០០០០​នាក់​ជា​ប៉ែក​ស្ដាំ ​ឲ្យ​ចៅ​ពញា​វង្សា​អនុ​ជិត​(2) ចៅ​ហ្វាយ​ស្រុក​បាទី​កាន់​ពល ​១០០០០​នាក់​ ជា​ប៉ែក​ឆ្វេង​ ឲ្យ​ព្រះ​រាជា​វរា​នុកូល​កាន់​ពល​ ១០០០០​នាក់​ជា​ទ័ព​ក្រោយ​។ ឯ​ខ្លួន​ ចៅ​ពញា​ចក្រី​ឯង​ កាន់​ពល​​ ១៥០០០​នាក់​ជា​ទ័ព​ធំ​។​

ទ័ព​ចៅ​ពញា​ចក្រី​ លើក​ដល់​ខែត្រ​ក្រគរ​ ក៏​ប្រទះ​នឹង​ទ័ព​នៃ​ចៅ​ពញា​សួគ៌ា​លោក​មឿង​។ ចៅ​ពញ​សួគ៌ា​លោក​មឿង​​យល់​ថា​ "ទ័ព​ខាង​ចៅ​ពញា​ចក្រី​ លើក​មក​ដល់​ហើយ​ព្រម​ទាំង​មាន​ពល​លើស​កង​ទ័ព​ខ្លួន​ច្រើន​ចំនួន​ណាស់​ផង​ ក៏​ចាត់​ប្រើ​ចៅ​ពញា​វង្សា​អគ្គ​រាជ​ កែវ​ជា​កូន​ច្បង​ឲ្យ​កាន់​ពល​ ​២០០០​នាក់​ ជា​ទ័ព​មុខ​​ចាត់​ចៅ​ពញា​បរ​ទេស​រាជ​អង់​ជា​កូន​ទី​២​ ឲ្យ​កាន់​ទ័ព​១០០០​នាក់​ជា​ប៉ែក​ស្ដាំ ចាត់​ចៅ​ពញា​វិបុល​រាជ​ទេព​ ជា​កូន​ទី​៣​ ឲ្យ​កាន់​ទ័ព​១០០០​នាក់​ ជា​ប៉ែក​ឆ្វេង​ ចាត់​ចៅ​ពញា​រាជ​តេជៈ​សុខ​ ជា​កូន​ទី៤​ ជា​ទ័ព​ក្រោយ​ កាន់​ពល​ ១០០០​នាក់​។ ឯ​ខ្លួន​ចៅ​ពញា​សួគ៌ា​លោក​​ឯង​ កាន់​ពល​ ៤០០០​នាក់​ ជា​មេ​ទ័ព​ធំ​ ហើយ​ចេញ​ទៅ​ត​នឹង​ចៅ​ពញា​ចក្រី​។​

​ចៅ​ពញា​វង្សា​អគ្គ​រាជ​កែវ កូនច្បង ជា​មេ​ទ័ព​មុខ​នោះ​ ដេញ​ទ័ព​ឲ្យ​ចូល​វាយ​លុក​កង​ទ័ព​ចៅ​ពញា​តេជោ​។ រេហ៍​ពល​ ក្នុង​កង​ទ័ព​ទាំង​ ២០០០​នាក់​ នោះ​កាល​ស្រែក​ហ៊ោ​យក​ជ័យ​ យ៉ាង​កង​រំពង​ហើយ​ ក៏​រត់​សំដៅ​ចូល​ទៅ​លុក​កង​ទ័ព នៃ​ចៅ​ពញា​តេជោ ​វាយ​កាប់​សម្លាប់​គ្នា​ពពាក់​ពពួន​ ស្លាប់​ហូរ​ឈាម​​ដូច​ទឹក​ទរ​ ឬ​ ហូរ​ដូច​ជា​ស្ទឹង​ តែ​ទ័ព​ពញា​តេជោ​ពុំ​ព្រម​បែក​សោះ​។ ចៅ​ពញា​វង្សា​អគ្គ​រាជ​កែវ​ ឃើញ​ដូច្នោះ​ហើយ​ ក៏​ស្ទុះ​ចូល​ទៅ​ដេញ​កាប់​ចៅ​ពញា​តេជោ​ ដែល​នៅ​លើ​ខ្នង​សេះ​។​ សេះ​ចៅ​ពញា​តេជោ​ ដោយ​ឃើញ​គេ​ស្ទុះ​ចូល​មក​ប្រញាប់​ពេក​ ក៏​ភ្ញាក់​គេច​ខ្លួន​ទៅ​ប៉ះ​នឹង​ដើម​ឈើ​ បណ្ដាល​ឲ្យ​ធ្លាក់​ពញា​តេជោ​ ពី​លើ​ខ្នង​សេះ​ខ្ពោក​។​ ចៅ​ពញា​វង្សា​អគ្គ​រាជ​ ឃើញ​បាច​ណាប​ហើយ​ ក៏​កាប់​ពញា​តេជោ​ស្លាប់​មួយ​រំពេច​ រេហ៍​ពល​ទាំង​សង​ខា​ង​ ក៏​ប្រកាប់​ប្រចាក់​គ្នា​​ច្របូក​ច្របល់​ ទៅ​វិញ​ទៅ​មក​ យ៉ាង​សាហាវ​ ដូច​ម្រឹគ​ពាឡ​ មាន​របឹង​រឹង​រូស​មិន​ព្រម​ចាញ់​គ្នា​ ទៅ​វិញ​ទៅ​មក​សោះ​។ ចៅ​ពញ​វង្សា​អគ្គ​រាជ​យល់​ថា​ "ពល​ខ្លួន​តិច​ណាស់​ ហើយ​កង​ទ័ព​ខាង​សត្រូវ​ ដែល​មាន​ចំនួន​ច្រើន​ស្រាប់​ទៅ​ហើយ​នោះ​ ក៏​រឹង​រឹត​តែ​មក​ដល់​ ថែម​ហើយ​ថែម​ទៀត​ផង​ នឹង​យក​ជ័យ​ត​ទៅ​ទៀត​ពុំ​បាន​ឡើយ​"​ ទើប​នាំ​រេហ៍​ពល​ថយ​មក​ជម្រាប​បិតា​តាម​ដំណើរ​។​

ឯ​ចៅ​ពញា​រាជា​មេត្រី​ ចៅ​ហ្វាយ​ស្រុក​ ខែត្រ​ភ្នំ​ពេញ​ និង​ ចៅ​ពញា​វង្សា​អនុ​ជិត​ ចៅ​ហ្វាយ​ស្រុក​ខែត្រ​បាទី​ ជា​មេ​ទ័ព​ឆ្វេង​ ស្ដាំ ​ដែល​លើក​តាម​ ទ័ព​ពញា​តេជោ​នោះ​ ក៏​បាន​ប្រទះ​នឹង​កង​ទ័ព ចៅ​ពញា​បរទេស​រាជ​ និង​ ចៅ​ពញា​វិបុល​រាច​ ដែល​បង្កប់​តាម​សង​ខាង​ផ្លូវ​នោះ​។​

កង​ទ័ព​ចៅ​ពញា​បរ​ទេស​រាជ​ និង​ចៅ​ពញា​វិបុល​រាជ​ កាល​បើ​បាន​ប្រទះ​ហើយ​ ក៏​ដេញ​ពល​ចូល​ច្បាំង​ កាប់​ចាក់​ពល​ នឹង ​ពល ចៅ​ហ្វាយ​និង​ចៅ​ហ្វាយ​ ប្រកាប់​ ប្រចាក់​គ្នា​ទៅ​វិញ​ទៅ​មក​។ ចៅ​ពញា​វង្សា​អនុ​ជិត​ ជា​ចៅ​ហ្វាយ​ស្រុក​ ខែត្រ​បាទី​ ក្នុង​ពេល​ដែល​កំពុង​ប្រកាប់​គ្នា​​ទៅ​​វិញ​ទៅ​មក​នោះ​សេះ​របស់​ខ្លួន​ ផុង​ជើង​ក្នុង​រណ្ដៅផ​ង​ ច្រឡោត​ដោយ​ស្នូរ​កាំ​ភ្លើង​ផង​ ក៏​បណ្ដាល​ឲ្យ​ធ្លាក់​ចៅ​ពញា​នេះ​ទៅ​ដី​។​ មួយ​រំពេច​នោះ​ ចៅ​ពញា​វិបុល​រាជ​ ស្ទុះ​ចូល​ទៅ​កាប់​ត្រូវ​ស្មា​ចៅ​ហ្វាយ​ស្រុក​ខែត្រ​បាទី​ បណ្ដាល​ឲ្យ​គាត់​ពិការ​ជា​ទម្ងន់​។ អស់​សេនា​ទាហាន​ ខាង​ចៅ​ពញា​វង្សា​អនុជិត​ នាំ​គ្នា​ជួយ​គ្រាហ៍​ចៅ​ហ្វាយ​រត់​រួច​ខ្លួន​ទៅ​។​ ទ័ព​ស្ដាំ​រ​បស់​ចៅ​ពញា​ចក្រី​ កាល​បើ​ឃើញ​ថា​ "នាយ​ទ័ព​របស់​ខ្លួន​ត្រូវ​របួស​ជា​ទម្ងន់​ហើយ​ "ក៏​នាំ​គ្នា​ទៅ​រក​ទ័ព​ចៅ​ពញា​តេជោ​។​ មេ​កង​ខាង​ចៅ​ពញា​ចក្រី​ កាល​ដឹង​ថា​ "ចៅ​ពញា​តេជោ​ ស្លាប់​ក្នុង​សង្គ្រាម​ហើយ​" ក៏​នាំ​សេនា​ទាហាន​ទាំង​ពីរ​កង​ ទៅ​ប្ដឹង​ចៅ​ពញា​ចក្រី​។ ចៅ​ពញា​ចក្រី​ បាន​ដឹង​ហើយ​ក៏​លើក​ទ័ព​ធំ​តាម​មក​។ ចៅ​ពញា​ចក្រី​ លុះ​ឃើញ​កង​ទ័ព​ ចៅ​ពញា​រាជា​មេត្រី​ ចៅ​ហ្វាយ​ស្រុក​ភ្នំ​ពេញ​ និង ទ័ព​ចៅ​ពញា​បរ​ទេស​រាជ​ និង វិបុល​រាជ​ ជា​កូន​ទី២​ ទី៣​របស់​ចៅ​ពញា​សួគ៌ា​លោក​មឿង​កំពុង​ច្បាំង​ប្រកាប់​គ្នា​ យ៉ាង​គឹក​កង​រំពង​ខ្លាំង​ណាស់​ដូច្នោះ​ ព្រម​ទាំង​បាន​ក្រឡេក​មើល​ពី​លើ​ដំរី​ទៅ​ ឃើញ​កូន​តាមឿង​ ទាំង​ពីរ​នាក់​នោះ​ក្លា​ហាន​ណាស់​ ក៏​នឹក​ថប់​ក្រែង​ចៅ​ពញា​រាជា​មេត្រី​ថយ​ថ្វី​ដៃ​របស់​កូន​តាមឿង​ទាំង​ពីរ​នាក់​ ទើប​ចៅ​ពញា​ចក្រី​ ដេញ​រេហ៍​ពល​ ឲ្យ​ចូល​ទៅ​ជួយ​ច្បាំង​ថែម​ទៀត​។​

ចំណែក​ឯ​ចៅ​ពញា​សួគ៌ា​លោក​មឿង​ ចៅ​ពញា​រាជ​តេជៈ​សុខ​ កូន​ទី​៤ របស់​តា​មឿង​ កាល​បាន​ដឹង​នូវ​កិច្ច​ការ​ទ័ព​​ទាំង​នោះ​ហើយ​ ក៏​លើក​ទ័ព​ទៅ​ដែរ​ ហើយ​ចូល​ជួយ​ច្បាំង​កូន​ទាំង​ពីរ​នោះ​ទៀ​ត​។ ការ​ប្រយុទ្ធ​រវាង​កង​ទ័ព​ ខាង​ចៅ​ពញា​ចក្រី​ និង​ ខាង​ចៅ​ពញា​សួគ៌ា​លោក​មឿង​ បាន​ប្រព្រឹត្ត​ទៅ​អស់​ពេល​ដ៏​យូរ​ តែ​មិន​មាន​ខាង​ណា​អន់​ជាង​ខាង​ណា​ឡើយ​។ ទ័ព​ទាំង​សង​ខាង​ សុទ្ធ​សឹង​តែ​របឹង​រឹង​រូស​​មោះ​មុត​​ដូច​ៗ​គ្នា​។​

ខណៈ​នោះ​ពញា​សួគ៌ា​លោក​មឿង​ យល់​ថា​កង​ទ័ព​ចៅ​ពញា​ចក្រី​ មាន​ពល​ច្រើន​ណាស់​ សេនា​ទាហាន​ទាំង​នោះ​ ក៏​មាន​ថ្វី​ដៃ​ខ្លាំង​ៗ​ទៀត​ ឯ​ពល​ខាង​ខ្លួន​ ក៏​ស្លាប់​ប្រមាណ​ជា ៦០​នាក់​ទៅ​ហើយ​ឃើញ​ថា​ នឹង​ ត​យក​ជ័យ​ជំនះ​ពុំ​បាន​ទេ​។​ លុះ​វេ​លា​ព្រ​លប់​ មក​ដល់​ហើយ​​ចៅ​ពញា​សួគ៌ា​លោក​មឿង​ ក៏​វាយ​ស្គរ​​ជា​សញ្ញា​ឲ្យ​ដំណឹ​ង​ដល់​កង​ទ័ព​ ឲ្យ​ឈប់​ច្បាំង​​ទាំង​សង​ខាង​។​

ចៅពញាសួគ៌ា​លោក​មឿង​ និង កូន​ទាំង​៤នាក់​ នាំ​សេនា​ទាហាន​រេហ៍​ពល​ ថយ​ទ័ព​ទៅ​ក្រាប​បង្គំ​គាល់​ ព្រះ​ចៅ​ពញា​ចន្ទ​រាជា​ នៅ​បន្ទាយ​ពោធិ៍​សាត់​ ព្រម​ទាំង​ក្រាប​បង្គំ​ទូល​ តាម​ហេតុ​គ្រប់​ប្រការ​។​ ចៅ​ពញា​ចក្រី​ ឃើញ​ថា​ចៅ​ពញា​សួគ៌ា​លោក​ បន្ថយ​ទ័ព​ទៅ​នោះ​ មិន​ហ៊ាន​ដេញ​តាម​ទៅ​ទេ​ ដោយ​ខ្លាច​ចាញ់​កល​តា​មឿង​ផង​ ដោ​យ​ព្រះ​អាទិត្យ​អស្ដង្គត​រលត់​រស្មី​ទៅ​ហើយ​ផង​។​

លុះព្រឹក​ឡើង​ ចៅ​ពញា​ចក្រី​បម្រុង​ នឹង លើក​ទ័ព​ តាម​ចៅ​ពញា​សួគ៌ា​លោក​ តែ​ទទួល​ពេល​នោះ​សម្ដេច​ចៅ​ហ្វា​កែវ​ នាំ​ពល ៥០០០០​នាក់​លើក​ឆ្លង​មក​ដល់​ដែរ​ ចៅ​ពញា​ចក្រី​ក៏​បញ្ឈប់​ទ័ព​ រង់​ចាំ​ស្ដាប់​ចៅ​ហ្វា​កៅ​ដែល​ នឹង ចាត់​ទ័ព​ជា​ថ្មី​វិញ​។​

វេលានោះចៅហ្វាកៅ បានចាត់ទ័ពជា ៥ កង ដូចតទៅនេះ៖
១. ឲ្យចៅពញាចក្រីកែវឃុំពល ៣០០០០នាក់ ជាមេទ័ពមុខ (ទ័ពស្រួច)។
២. ឲ្យចៅពញារាជាមេត្រីទិព្វ ចៅហ្វាយស្រុកខែត្រភ្នំពេញ ឃុំពល ២០០០០នាក់ជាមេកងទ័ព ប៉ែកឆ្វេង។
៣. ឲ្យចៅពញាស្រែន្យសេនាឫទ្ធីជ័យ ចៅហ្វាយស្រុកខែត្រលង្វែក ឃុំពល១៥០០នាក់ជាប៉ែកស្ដាំ។
៤. ឲ្យចៅពញាសេនាសង្គ្រាមសួស្តិ៍ ចៅ​ហ្វាយ​ស្រុក​ខែត្រ​អមរ​គីរិន្ទ​បូរ​។ ឬ​អម្រិន្ទ​បូរ​ គឺ​ស្រុក​បរិ​បូណ៌​ ឃុំ​ពល​ ១៦០០០។នាក់​ ជា​ទ័ព​ក្រោយ​។​
៥. ឯខ្លួនសម្ដេcចៅហ្វាកៅ ឯងឃុំពល ៤០០០០នាក់ ជាមេទ័ពធំ។

សម្ដេច​ចៅ​ហ្វា​កៅ ​លើក​ទ័ព​ដេញ​តាម​ ទ័ព​ចៅ​ពញា​សួគ៌ា​លោក​មឿង​ ដែល​ថយ​ទ័ព​មក​ក្រាប​បង្គំ​ទូល​ ចៅ​ពញា​ចន្ទ​រាជា​​នោះ​។​ គ្រា​ដែល​ចៅ​ហ្វា​កៅ​ លើក​ទ័ព​ដេញ​តាម​មក​នោះ​ កង​ទ័ព​ចៅ​ពញា​សួគ៌ា​លោក​មឿង​បាន​ចូល​ទៅ​ក្នុង​បន្ទាយ​អស់​ទៅ​ហើយ​។​

សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ កាល​ទ្រង់​បាន​ជ្រាប​ថា​ :​ "កង​ទ័ព​ខាង​គេ​លើក​មក​ច្រើន​ណាស់​ដូច្នេះ​ហើយ​"ទ្រង់​ក៏​ត្រាស់​ឲ្យ​កេណ្ឌ​ពល​ បាន​២០០០០​នាក់​ ឲ្យ​ឡើង​ការ​ពារ​បន្ទាយ​។​ លុះ​កង​ទ័ព​ខាង​ចៅ​ហ្វា​កៅ​ មក​ចោម​វាយ​បន្ទាយ​ ទ្រង់​ក៏​ឲ្យ​ទ័ព​ក្នុង​បន្ទាយ​បាញ់​ព្រួញ​ ចោល​ដុំ​ថ្ម​ទៅ​ត្រូវ​កង​ទ័ព​សម្ដេច​ចៅ​ហ្វា​កៅ​ ស្លាប់​អស់​ជា​ច្រើន​។​ ចៅ​ហ្វា​កៅ​ ខំ​ដេញ​ពល​ពាន​កំផែង​បន្ទាយ​ណែន​ណាន់​តាន់​តាប់​ ដូច​ស្រមោច​រោម​ស្ករ​ តែ​វាយ​មិន​បាន​។​ កាល​ដឹង​ថា​វាយ​យក​បន្ទាយ​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ពុំ​បាន​ក៏​ឲ្យ​ចៅ​ហ្វា​កៅ​ បោះ​ទ័ព​ព័ទ្ធ​ចោម​បន្ទាយ​នោះ​ឲ្យ​ជាប់​ ដើម្បី​ទប់​ព័ទ្ធ​ខាង​ក្នុង​មិន​ឲ្យ​ចេញ​រួច​ផង​ ឲ្យ​អត់​បាយ​បរិ​ភោគ​ ដរាប​ត្រូវ​​ស្លាប់​ ឬ​ត្រូវ​ដាច់​ពោះ​គ្រប់​ៗ​គ្នា​ផង​។​

សម្ដេច​ចៅ​ហ្វា​កៅ​ ចៅ​ហ្វា​ពញា​ចក្រី​កែវ​ ឲ្យ​ពល​ចោម​បន្ទាយ​រហូត​ដល់​ ១២​ខែ​។​ កង​ទ័ព​ខាង​សម្ដេច​ចៅ​ពញា​ចន្ទរា​ជា​ ចេញ​ពី​បន្ទាយ​ពុំ​រួច​មែន​ ស្បៀង​អាហារ​ ក្នុង​បន្ទាយ​ក៏​ចេះ​តែ​ហោច​ទៅ​ៗ​ គួរ​ឲ្យ​បារម្ភ​ណាស់​ដោយ​បន្ទាយ​នោះ​ មិន​ទាន់​មាន​ការ​ប្រុង​ប្រៀប​មាំ​មួន​ ប៉ុន្តែ​ដោយ​ហេតុ​ព្រះ​បារមី​រប​ស់ព្រះ​អង្គ​ ដែល​បាន​សាង​មក​ពី​អតីត​កាល​ បណ្ដាល​ឲ្យ​កង​ជញ្ជូន​ស្បៀង​ ខាង​សម្ដេច​ចៅ​ហ្វា​កៅ​ បញ្ជូន​ទៅ​ពុំ​ទាន់​។​ ដូច្នេះ​ សម្ដេច​ចៅ​ហ្វា​ កៅ​ហើយ​ក៏​ឲ្យ​ថយ​កង​ទ័ព​ មក​តាំង​បន្ទាយ​ឆ្ងាយ​ពីបន្ទាយ​ព្រះចន្ទ​រាជា​ ចម្ងាយ ​៣​សិន​ ឲ្យ​ទ័ព​ព័ទ្ធ​ជុំវិញ​ទៀត​។ ការណ៍​ដែល​ចៅ​ហ្វា​កៅ​ ឲ្យ​ថយ​ទ័​ព​នោះ​ប្រយោជន៍​ឲ្យ​កង​ទ័ព​ផ្លាស់​ប្ដូរ​គ្នា​ ចេញ​ទៅ​រក​ស្បៀង​អាហារ​ ក្នុង​ភូមិ​ជិត​ខាង​។​

សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ កាល​ទត​ឃើញ​ថា​ "កង​ទ័ព​សត្រូវ​ ថយ​ឃ្លាត​ពី​បន្ទាយ​ព្រះ​អង្គ​ហើយ​ព្រះ​អង្គ​ក៏​ទ្រង់​ត្រាស់​ប្រឹក្សា​ នឹង នាយ​កង​នាយ​ទ័ព​ថា​ : "ទ័ព​សត្រូវ​រំលៀក​ចេញ​ពី​បន្ទាយ​យើង​បន្តិច​ហើយ​ ការ​ណ៍នេះ​ល្អ​ប្រពៃ​ហើយ​ ជា​ឱកាស​ឲ្យ​យើង​គិត​ដោះ​ដៃ​ចេញ​ពី​សត្រូវ​បាន​ដោយ​ស្រួល​ ចុះ​យើង​ នឹង គិត​ធ្វើ​យ៉ាង​ណា​ ដើម្បី​ឲ្យ​ចេញ​រួច​ពី​ចំណោម​នេះ​?​"​។​

ចៅ​ពញា​សួគ៌ា​លោក​មឿង​ ក្រាប​ទូល​ថា​ :​ "បើ​យើង​នឹង​គិត​វាយ​ទំលាយ​ចេញ​នោះ​ក៏​ចេញ​រួច​បាន​ដែរ​ ពី​ព្រោះ​ពល​យើង​ មាន​តែ​ ២០០០០​នាក់​ ឯ​ពល​ខាង​គេ​ មាន​ដល់​ទៅ​ជាង​ ១០០០០០​នាក់​ បើ​យើង​ចេញ​រួច​ទៅ​ ទ័ព​ទាំង​សង​ខាង​ក៏​គង់​ស្លាប់​ច្រើន​ជា​មិន​ខា​ន​ បើ​យើង​រឹង​តែ​នៅ​ក្នុង​បន្ទាយ​នេះ​ មិន​ចេញ​ទទួល​ច្បាំង​សោះ ​ក៏​មិន​បាន​ដែរ​ ពី​ព្រោះ​បន្ទាយ​របស់​យើង​ទើប​ នឹង តាំង ថ្មី ​ឯ​ស្បៀង​អាហារ​ ក៏​ពុំ​ទាន់​មាន​បរិ​បូរណ៍​ ដល់​យូរ​ទៅ​ ក្រែង​លំបាក​ក្នុង​ការ​ខ្វះ​ខាត​គ្រប់​យ៉ាង​ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ គិត​យក​គំនិត​មួយ​ មក​សូម​ទទួល​អាសា​ គឺ​ទៅ​កេណ្ឌ​កង​ទ័ព​បិសាច​ ឲ្យ​មក​ចោម​វាយ​ទ័ព​ចៅ​ហ្វា​កៅ​ បើ​ទ្រង់​ព្រះ​រាជា​អនុញ្ញា​ត​ ទូល​ព្រះ​បង្គំ​យល់​ឃើញ​ច្បាស់​ថា​ មុខ​ជា​នឹង​ឈ្នះ​សត្រូវ​​ដោយ​ងាយ​ បើ​ទ្រង់​ព្រះ​ករុណា​ពិសេស​ យល់​ព្រម​ផង​នោះ ​សូម​ឲ្យ​ជីក​រណ្ដៅ​កណ្ដាល​បន្ទាយ​នេះ​ ឲ្យ​បាន​ជា​ប្រញាប់​ ដើម្បី​ទូល​ព្រះ​បង្គំ​នឹង​បាន​គិត​ការ​ថ្វាយ​ ឲ្យ​ទាន់​ពេល​វេលា​។​

សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ កាល​ទ្រង់​ព្រះ​សណ្ដាប់​ចៅ​ពញា​សួគ៌ា​លោក​ ទូល​សុំ​យ៉ាង​នេះ​ទ្រង់​ពុំ​ជឿ​សោះ​ទេ​ ទើប​ទ្រង់​គ្រវី​ព្រះ​សិរសា​ ហើយ​ត្រាប់​ថា​ "ពី​បុរាណ​រៀង​ម​ក​ យើង​ពុំ​ដែល​ឮ​ថា​ មាន​ឈ្មោះ​ណា​ទៅ​កេណ្ឌ​យក​ខ្មោច​បិសាច​ មក​ជួយ​ច្បាំង​មនុស្ស​ដល់​ម្ដង​ឡើយ​ ណ្ហើយ​អ្នក​ចៅ​ពញា​ លែង​គិត​គំនិត​បែប​នេះ​ទៅ​ចុះ​ ព្រោះ​ជា​គំនិត​មិន​ដែល​មាន​អ្នក​ណា​គិត​មក​ពី​មុន​ផង​ និង ជា​កិច្ច​ការ​មួយ​ដែល​ខ្ញុំ​មិន​ជឿ​ថា​មាន​ប្រសិទ្ធិ​ភាព​ទាល់​តែ​សោះ​ផង​"​។​

ចៅ​ពញា​សួគ៌ា​លោក​មឿង​ ក្រាប​ទូល​ថា​ បើ​ទ្រង់​មិន​សព្វ​ព្រះ​ហឫ​ទ័យ​ឲ្យ​គិត​ធ្វើ​តាម​ចំណេះ​ និង​ តាម​មន្ត​វិជ្ជា​ការ​ទូល​ព្រះ​បង្គំ​ទេ​ នោះ​ទូល​ព្រះ​បង្គំ​នឹង​អារ​ក​ ឲ្យ​ស្លាប់​នៅ​ទី​នេះ​ក្នុង​ឥឡូវ​នេះ​ហើយ​ ព្រោះ​បើ​នឹង​រស់​នៅ​ត​ទៅ​ ក៏​មិន​បាន​ជួយ​យក​អាសា​ផែន​ដី​ ថ្វាយ​ព្រះ​អង្គ​ដល់​កម្រិត​ដែរ​"​។​ ថា​ហើយ​ចៅ​ពញា​សួគ៌ា​លោក​មឿង​ ក៏​ហូត​ដាវ​ នឹង អារ​ក តាម​ពាក្យ​ដែល​ខ្លួន​បាន​ក្រាប​ទូល​។​ ខណៈ​នោះ​ សម្ដេច​ចៅ​ពញា​ចន្ទរា​ជា​ ទ្រង់​ក្រឡេក​ព្រះ​នេត្រា​ ឃើញ​ទាន់​ក៏​ទ្រង់​ស្ទុះ​ទៅ​ចាប់​ដាវ​នោះ​ចេញ​ពី​ដៃ​ហើយ​ទ្រង់​ត្រាស់​ថា​ : "កុំ​!​ កុំ​ ចៅ​ពញា​ កុំ​សម្លាប់​ខ្លួន​ខ្ញុំ​ស្ដាយ​លោក​ណាស់​ ខ្ញុំ​ព្រម​តាម​ចៅ​ពញា​ហើយ​ ដូច្នេះ​បើ​ចៅ​ពញា​គិត​ឃើញ​ដូច​ម្ដេច​ ស្រួល​សូម​ចៅ​ពញា​ធ្វើ​តាម​គំនិត​នោះ​ចុះ​"​។​

ចៅ​ពញា​សួគ៌ា​លោក​ ឮ​ហើយ​ មាន​អំណរ​ណាស់​ ទើប​ថ្វាយ​បង្គំ​លា​ចេញ​មក​ក្រៅ​ដំណាក់​ ហើយ​ក៏​ចាត់​កូន​ទាហាន​ឲ្យ​ជីក​រណ្ដៅ​ធំ​មួយ​ ជំរៅ​៨ហត្ថ​ ៤​ជ្រុង​ ឲ្យ​​ធ្វើ​រាន​ទេវតា​ ៧​ថ្នាក់​ដាក់​បាយ​សី​ ទឹក​អប់​ និង គ្រឿង​បូ​ជា​ ហើយ​ឲ្យ​ធ្វើ​រាជ​​វ័តិ​ព័ទ្ធ​ជុំ​វិញ​។ លុះ​ពួក​ពល​ ធ្វើ​តាម​បង្គាប់​សព្វ​គ្រប់​ហើយ​ ចៅ​ពញា​សួគ៌ា​លោក​មឿង​ ក៏​ស្លៀក​ស​ ពាក់​ស​ ហើយ​ឲ្យ​រៀប​ភ្លេង​ចាំ​ប្រគុំ​ទាំង​៨​ទិស​។​

រឿង​ពញា​មឿង​​នេះ​មាន​ក្នុង​ព្រះ​របា​ក្សត្រ​ថា ​:​ ពញា​មឿង​នេះ​ ជា​មេ​ស្មឹង​ មាន​កូន​ប្រុស​៤​នាក់ ​គឺ​ឈ្មោះ​កែវ ​១ (3) ទេព ១ ​សុខ​ ១​​។ ពញា​មឿង​ មាន​សម្លាញ់​ម្នាក់​ឈ្មោះ​ចន្ទ​ ធ្វើ​ជា​ជំទប់​មេ​ស្មឹង​ក្រវាញ​។​ ក្នុង​គ្រា​នោះ​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ព្រះ​អង្គ​មាន​ម្នាង​ម្នាក់​ ​ឈ្មោះ​អ្នក​ម្នាង​ខៀវ​។​ អ្នក​ម្នាង​ខៀវ​នោះ​ ទ្រង់​គភ៌​៧​ខែ​ ហើយ​អ្នក​ម្នាង​មាន​បាវ​ស្រី​មួយ​ ឈ្មោះ នាង​ពេញ​។​

សាស្ត្រា​របា​ក្សត្រ​នោះ​និយាយ​ទៀត​ថា​ ក្នុង​គ្រា​ដែល​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ស្ដេច​លើក​ទ័ព​ពី​ក្រុង​ស្រី​អយុធ្យា​ មក​ខែត្រ​ពោធិ៍​សាត់​នោះ​ ពញា​មឿង​ នាំ​ដំរី​ សេះ​ ជា​ច្រើន​ទៅ​ថ្វាយ​ ទុក​ធ្វើ​សង្គ្រាម​ប្រយុទ្ធ​នឹង​ព្រះ​ស្រី​ជេដ្ឋា​ (ស្ដេច​កន)​។​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ស្ដេច​មក​ដល់​ខែត្រ​ក្រគរ​បាន​ត​យុទ្ធ​នឹង​ទ័ព​ព្រះ​ស្រី​ជេដ្ឋា​ ប៉ុន្តែ​ ខាង​ទ័ព​ព្រះ​ស្រី​ជេដ្ឋា​ឈ្នះ​។​

សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ទ្រង់​ឃើញ​ទ័ព​ព្រះ​អង្គ​ ចាញ់​ទ័ព​ព្រះ​ស្រី​ជេដ្ឋា​ដូច្នេះ​ ព្រះ​អង្គ​ក៏​ថយ​ទៅ​ប្រថាប់​ទ័ព​ នៅ​បន្ទាយ​មាន​ជ័យ​ ខែត្រ​ពោធិ៍​សាត់​ ក្នុង​ឃុំ​បាក់​នឹម​វិញ​។​

ខណៈ​នោះ​ ពញា​មឿង​ កាល​ឲ្យ​ពល​ជីក​រណ្ដៅ ​ជំរៅ​ ៨​ហត្ថ​ ៤​ជ្រុង​ហើយ​ ក៏​ថ្វាយ​បង្គំ​លា​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ទៅ​កេណ្ឌ​បិសាច​ ឲ្យ​ជួយ​ធ្វើ​សង្គ្រាម​។​ មុន​នឹង​ទៅ​កេណ្ឌ​បិសាច​នោះ​ពញា​មឿង​​​បាន​ផ្ដាំ នឹង​ ពញា​ចន្ទ​ជា​សម្លាញ់​ដែល​ជា​ជំទប់​មេ​ស្មឹង​ភ្នំ​ក្រវាញ​ថា​ "ឲ្យ​សម្លាញ់​ឯង​ នៅ​ជា​មេស្មឹង​ជំនួស​អញ​ ដើម្បី​និយាយ​ត​ពី​ព្រះ​មហា​ក្សត្រ​មក​អញ​ កុំ​បី​ឲ្យ​ព្រះ​អង្គ​និយាយ​ផ្ទាល់​ នឹង អញ​ឡើយ​មួយ​ទៀត​ បើ​ដល់​ថ្ងៃ​ស្អែក​ ពេញ​បូណ៌​មី​ ខែ​ពិសាខ​ វេ​លាយប់​ បើ​ឯង​ឮ​សូរ​សន្ធឹក​ខ្ទរ​ខ្ទារ​មេឃ​ ក្នុង​ដី​ហើយ​ ឲ្យ​ឯង​ក្រាប​បង្គំ​ទូល​ព្រះ​បរម​បពិត្រ​ សូម​ឲ្យ​ទ័ព​ទៅ​ចោម​បន្ទាយ​សត្រូវ​ ជា​ប្រញាប់​ចុះ​"​។​

ឯ​អ្នក​ម្នាង​ខៀវ កាល​ឮ​ថា​ "ពញា​មឿង​សម្លាប់​ខ្លួន​ទៅ​កេណ្ឌ​ទ័ព​បិសាច​ហើយ​ក៏​មាន​ចិត្ត​ឈឺ​ឆ្អាល​ជួយ​ផែន​ដី​ដែរ​។​ កាល​ឃើញ​ពញា​មឿង​ចូល​ក្នុង​រោង​រាជ​វ័តិ​ តាំង​ពិ​ធី​បួង​សួង​ទេវ​តា​ដូ​ច្នោះ អ្នក​ម្នាង​ក៏​ថ្វាយ​បង្គំ​លា​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ចូល​ទៅ​ក្នុង​ទី​ព្រះ​រាជ​ពិធី​ដែរ​។ លុះ​បួង​សួង​ទេវ​តា​ស្រេច​ហើយ​ អ្នក​ម្នាង​ខៀវ​ និង​ពញា​សួគ៌ា​លោក​មឿង​ ក៏​លោត​ទាំង​ពីរ​នាក់​ ទៅ​ក្នុង​រណ្ដៅ​។​ ព្រះ​បរម​បពិត្រ​ និង​ បណ្ដា​ជា​ខ្ញុំ​ ក្រុម​រាជ​ការ​ជួយ​ឃាត់​ផង​ ក៏​ពុំ​ស្ដាប់​។ ក្នុង​គ្រា​នោះ​ កូន​ពញា​មឿង​៤នា​ក់​ ដែល​ព្រះ​បរម​បពិត្រ​ស្ដេច​បាន​តាំង​ជា​មន្ត្រី​ទាំង​ ៤​នាក់​ រួច​ហើយ​នោះ​គឺ​៖

១. ឈ្មោះកែវ ទ្រង់បានតាំងជា "ចៅពញាវង្សាអគ្គរាជ"
២. ឈ្មោះកែ ទ្រង់បានតាំងជា "ចៅពញាបរទេសរាជ"
៣. ឈ្មោះទេព ទ្រង់បានតាំងជា "ចៅពញាវិបុលរាជ"
៤. ឈ្មោះសុខ ទ្រង់បានតាំងជា"ពញារាជតេជៈ"។

កូន​ទាំង​៤​នាក់​ នោះ​កាល​ឃើញ​បិតា​ លោត​សម្លាប់​ខ្លួន​ ទៅ​កេណ្ឌ​បិសាច​ដូច្នោះ​ ក៏​និយាយ​គិត​គ្នា​ថា ​:​ "បិតា​យើង​ទៅ​តែ​ម្នាក់​ឯង​ គ្មាន​គេ​ទៅ​ជួយ​បម្រើ​ ជួយ​គិត​កេណ្ឌ​បិសាច​ផង​សោះ​ បើ​យ៉ាង​នេះ​ក្រែង​ឪពុក​យើង​ ធ្វើ​ការ​នេះ​ពុំ​ទាន់​ការ​ ដូច្នេះ​ត្រូវ​យើង​កេណ្ឌ​ទ័ព​ខ្មោច​ជា​មួយ​នឹង​គាត់​"​។​ ថា​តែ​ប៉ុណ្ណោះ​ កូន​ទាំង​៤​នាក់​នោះ​ ក៏​ស្ទុះ​លោត​ទៅ​តាម​បិតា​ទាំង​អស់​គ្នា​។​ តែ​ខណៈ​នោះ​ ខ្ញុំ​រាជ​ការ​ ចាប់​មិន​ឲ្យ​លោត​តាម​ ដើម្បី​ឃាត់​ឲ្យ​នៅ​ធ្វើ​រាជ​ការ​ បាន​ពីរ​នាក់​មក​វិញ​ គឺ​ចៅ​ពញា​វិបុល​រាជ​ ទេព​១​ ចៅ​ពញា​រាជ​តេជៈ​សុខ​១​។​ ឯ​ចៅ​ពញា​វង្សា​អគ្គ​រាជ​ កែវ​ និង​ចៅ​ពញា​បរ​ទេស​រាជ​ កែ​ (ឬ​អង់​) ជា​កូន​ទី១​ ទី​២​ នោះ​ ខ្ញុំ​រាជ​ការ​ចាប់​ឃាត់​ពុំ​ទាន់​ ក៏​លោត​ចុះ​ទៅ​ក្នុង​រណ្ដៅ ​ស្លាប់​ជា​មួយ​បិតា​ទៅ​។​ អ្នក​ម្នាង​ខៀវ​ក៏​លោត​សម្លាប់​ខ្លួន​ទៅ​ក្នុង​រណ្ដៅ ​រួម​ជា​ ៤​នាក់​។ (ខ្មោច​ទាំង​ ៤​ នាក់​នោះ​ បាន​កើត​ឡើង​ជា​ដំបូក​ឃ្លាំង​មឿង​ (4)​ ដល់​សព្វ​ថ្ងៃ​នេះ​)។

លុះ​ដល់​ ព្រះ​ចន្ទ​ចរ​ត្រង់​ ក្នុង​ថ្ងៃ​ពេញ​បូណ៌​មី​ ខែ​ពិសាចខ​នោះ ក៏​ស្រាប់​តែ​ឮ​សូរ​សន្ធឹក​ខ្ទរ​ខ្ទារ​មហិ​មា​នៅ​លើ​មេឃ​ និង​ នៅ​ក្នុង​ដី​ នាំ​ឲ្យ​ភិត​ភ័យ​តក្ក​មា​ក្រៃ​លែង​ ហាក់​បី​ដូច​ជា​កក្រើក​ក្រឡា​មហា​ប្រថ​ពី​។ ខណៈ​នោះ​ពញា​ចន្ទ​ មេ​ស្មឹល​ ​យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​ សម្ដេ​ចៅ​ពញា​ចន្ទ​រាជា​ តាម​បណ្ដាំ​ចៅ​ពញា​សួគ៌ា​លោក​មឿង​ ដែល​បាន​ផ្ដាំ​នោះ​។ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ក៏​លើក​ទ័ព​ចេញ​ទៅ​ចោម​បន្ទាយ​សត្រូវ​។​ ឯក​ង​ទ័ព​សត្រូវ​ បាន​ឮ​សូរ​សន្ធឹក​ខ្ទរ​ខ្ទារ​ លើក​មក​ក្នុង​ដី​លើ​មេឃ​ សន្ធឹក​ដូច​ជា​រន្ទះ​​ដូច្នោះ​ ក៏​ភិត​ភ័យ​ញ័រ​ជើង​ញ័រ​ដៃ ​រន្ធត់​តក់​ស្លុត​ រត់​ចោល​បន្ទាយ​ ចោល​សស្ត្រា​វុធ​ រត់​គេច​ដោះ​ខ្លួន​ឲ្យ​រួច​ជីវិត​ តែ​សព្វ​ខ្លួន​។ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ព្រះ​អង្គ​លើក​ពល​យោធា​ ចូល​ក្នុង​បន្ទាយ​អា​សត្រូវ​ហើយ​ទ្រង់​ចាត់​កង​ទ័ព​ ឲ្យ​ដេញ​តាម​ទ័ព​អា​សត្រូវ​ទៅ​។​ ព្រះ​អង្គ​បាន​គ្រឿង​សស្ត្រា​វុធ​ ស្បៀង​អាហារ​សេះ​ ដំរី​ ជា​ច្រើន​ ដែល​នៅ​ក្នុង​បន្ទាយ​នោះ​ទាំង​ប៉ុន្មាន​។​

ថ្ងៃ​ក្រោយ​មក​ នាង​ពេញ​ ជា​បាវ​អ្នក​ម្នាង​ខៀវ​ បាន​ដឹង​ថា​ "ចៅ​ហ្វាយ​របស់​ខ្លួន​ស្លាប់​ទៅ​ហើយ​ ហើយ​ទៅ​កើត​ជា​បិសាច​​រក្សា​ស្រុក​ដូច្នោះ​" នាង​អធិដ្ឋាន​ថា ​:​ "ខ្ញុំ​សូម​ឲ្យ​បាន​ទៅ​ជួប នឹង ចៅ​ហ្វាយ​ខ្ញុំ​ហើយ​ឲ្យ​បាន​ជា​​ផ្នូក​ផ្នូល​ព្រះ​នគរ​" លុះ​បួង​សួង​ស្រេច​ហើយ​ នាង​ពេញ​ក៏​លោត​ទឹក​ស្ទឹង​ពោធិ៍​សាត់​ជិត​ផ្សារ​ក្រោម​នេះ​ ហើយ​ស្លាប់​ទៅ​កើត​ ជា​បិសាច​ ថិត​នៅ​ក្នង​ទី​ដែល​មាន​ដំបូក​ទាំង​៣​។​

អ្នក​ម្នាង​ខៀវ​ កើត​ជា​ដំបូក​មួយ​នៅ​ខាង​ជើង​ ពញា​មឿង​កើត​ជា​ដំបូក​មួយ​ នៅ​ខាង​ត្បូង​ វង្សា​អគ្គ​រាជ​កែវ​ និង​បរ​ទេស​រាជ​ កែ​ ដែល​ជា​កូន​ពញា​សួគ៌ា​លោក​មឿង​ នោះ​កើត​ជា​ដំបូក​មួយ​ នៅ​ខាង​លិច​។​ ដំបូក​ទាំង​៣​ដុះ​ជាប់​គ្នា​ជា​៣​មុំ​ ទៅ​ជា​ដំបូក​ផ្នូក​ផ្នូល​ នៃ​ព្រះ​នគរ​ ដូច​ដែល​នឹង​និយាយ​ ក្នុង​ទំនាយ​ខាង​ដើម​នេះ​:​

១. ដំបូកខាងជើង គឺដំបូកអ្នកម្នាងខៀវ ជាដំបូកផ្នូកផ្នូល ខាងម្ចាស់ផែនដី។
២. ដំបូកខាងត្បូង គឺដំបូកពញាមឿង ជាដំបូកផ្នូកផ្នូលខាងចៅហ្វាយស្រុក។
៣. ដំបូកខាងលិច គឺដំបូកកូនពញា​មឿង​ ទាំង​ពីរ​នាក់​ ជា​ដំបូក​ផ្នូក​ផ្នូល​ ខាង​ក្រ​វាញ​។
៤. កោះ​មួយ​នៅ​ក្នុង​ស្ទឹង​ នៃ​ខែត្រ​ពោធិ៍​សាត់​នោះ​ នៅ​ផ្សារ​ក្រោម​ ជា​កោះ​នាង​ពេញ​។ កោះ​នេះ​ ជា​ផ្នូក​ផ្នូល​ ខាង​ចៅ​ហ្វាយ​ស្រុក​ដែរ​។​

តទៅលេខ ១៣

(1) ប្រកប​ ឬ បញ្ចុះ​លោ​ហ​ធាតុ​ផ្សេង​ៗ​ មាន​មាស​ជា​ដើម​ទៅ​ក្នុង​ដែក​។​ សម័យ​បុរាណ​ គេ​ជឿ​ថា​ អាវុធ​យុទ្ធោ​បក​រណ៍ ទាំង​ពួង ដែល​មាន​ក្រំ​មាស​នោះ​ ពូកែ​សក្ដិ​សិទ្ធិ​ណាស់​ អ្នក​ណា​ដែល​អួត​អាង​ថា​ ខ្លួន​មាន​សាច់​ស្វិត​យ៉ាង​ណា​ក្ដី​។ ក៏​គង់​មុត​ដោយ​អាវុធ​ដែល​ក្រំ​ដោយ​លោហ​ធាតុ​នោះ​ដែរ​។​
(2) គេ​ទំលាប់​សរ​សេរ​សព្វ​ថ្ងៃ​នេះ​ ជា​វង្សា​អន្ជិត ឬ​វង្សា​អញ្ជិត​។​ ពាក្យ​ថា​ អន្ជិត​ឬ​អញ្ជិត​ នោះ​ពុំ​បាន​ន័យ​ថា​ដូច​ម្ដេច​សោះ​។​ បើ​ថា​អនុ​ជិត​​វិញ​ទើប​មាន​ន័យ​ថា​ អ្នក​ឈ្នះ​រាប​។
(3) សាស្ត្រា​វត្ត​កំពង់​ត្រឡាច​ថា​ឈ្មោះ​ អង់
(4) អ្នក​ខ្លះ​យល់​ថា​ "ឃ្លាំង​មឿង​"​ នេះ​មិន​មែន​ជា​ឈ្មោះ ​ឬ​ ជា​ងារ​សក្ដិ​របស់​រូប​មន្ត្រី​ដែល​បាន​ប្ដូរ​ជីវិ​ត​ ដើម្បី​បូជា​ទឹក​ដី​នោះ​ទេ​ ថា​ពាក្យ "ឃ្លាំង​មឿង​" នេះ​ជា​ពាក្យ​សៀម​ក្លាយ​ពី​ពាក្យ​សៀម​មែន​ទែន​ថា​ "ខ្លាង​មឿង​" ប្រែថា​អ្នក​តា​ចាស់​ស្រុក​។​