ថ្ងៃសៅរ៍ ទី3.មីនា 2018.ម៉ោង 7:28
ផែនដីព្រះស្ដេចកន

ព្រះ​មហា​ឧប​រាជ​ ភូ​សម្រេច​រាជ​ការ​ មហា​ក្រស័ត្រ​សឹក​ (កន)​ បាន​ឡើង​ប្រាប្ដា​ភិសេក​ សោយ​រាជ​សម្បត្តិ​ ក្នុង​ឆ្នាំ​វក​ចត្វា​ស័ក​ ព.ស. ២០៥៦-គ.ស. ១៥១២-ម.ស. ១៤៣៤-ច.ស. ៨៧៤ ក្នុង​ព្រះ​ជន្មាយុ​២៩​ឆ្នាំ​ ក្នុង​វាំង​បាសាន​ ​ខែត្រ​ស្រី​ស​ឈរ​ ទ្រង់​ព្រះ​នាម​ជា​ ព្រះ​បាទ​សម្ដេច​​ព្រះ​ស្រី​ជេដ្ឋា​ធិ​រាជ​រាមា​ធិបតី​ ក្រុង​ស្រី​ស​ឈរ​ បាសាន​។​ ស្ដេច​លើក​ព្រះ​រាជ​វង្សា​នុវង្ស​ និង​ ពល​ព្រះ​ស្រី​រតន​ត្រ័យ​ទាំង​អស់​ ឲ្យ​ឡើង​​សម្ដេច​ចៅ​ហ្វា​កៅ​ ដ្បិត​សម្ដេច​ចៅ​ហ្វា​មាន​គុណ​បំណាច់​ បាន​ជួយ​ច្បាំង​មាន​ជ័យ​ហើយ​បាន​ដើរ​សង្កត់​រាប​ទាំង​អាណា​ខែត្រ​។​ ស្ដេច​លើក​លែង​ឲ្យ​យក​សួយ​សារ​អាករ​មួយ​រដូវ​ តាម​បុរាណ​រាជ​ប្រវេណី​ ដែល​ផ្លាស់​ផែន​ដី​ថ្មី​។ ផែន​ដី​ព្រះ​មហា​ឧប​រាជ​កន​ ក៏​សុខ​សប្បាយ​រៀង​មក​។​

លុះ​ដល់​មក​ឆ្នាំច​ ឆស័ក​ ព.ស. ២០៥៨-គ.ស. ១៥១៤-ម.ស. ១៤៣៦-ច.ស. ៨៧៦ សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ បរម​បពិត្រ​ ទ្រង់​ព្រះ​តំរិះ​ថា​ : យើង​ជា​ស្ដេច​ផ្លាស់​វង្ស​ថ្មី​ គប្បី​គិត​ឲ្យ​មាន​ជាប់​នៅ​ព្រះ​កេរ្តិ៍​ ទី​ដំណែល​ព្រះ​រាជ​ធានី​ថ្មី​ត​ទៅ​ ទើប​មាន​សេច​ក្ដី​ល្បី​ឮ​នាម​ច្បាស់​ប្រាកដ​ទៅ​ក្នុង​អនាគត​។ លុះ​ទ្រង់​ព្រះ​តំរិះ​ យល់​ដូច្នេះ​ហើយ​ ទ្រង់​ត្រាស់​បង្គាប់​ សម្ដេច​ចៅ​ហ្វា​កៅ​ ជា​មា​ ឲ្យ​កេណ្ឌ​ប្រ​មូល​រាស្ត្រ​ប្រជា​គ្រប់​គ្រួ ​លើក​ពី​ក្រុង​បាសាន​ទៅ​ទិស​ខាង​កើត​។ ​លុះ​ដល់​ទៅ​ភូមិ​ចន្លក់​ដូន​តី​ ព្រះ​ស្រី​ជេដ្ឋា​ ស្ដេច​ឲ្យ​សាង​ក្រុង​ ហើយ​គង់​នៅ​ទី​នោះ​បាន​៥​ខែ​។ ថ្ងៃ​មួយ​នោះ​ ព្រះ​អង្គ​ទៅ​ពលី​ការ​ ទេវ​តា​នៅ​ដើម​ព្រះ​ពោធិ៍​ រួច​ហើយ​ ស្ដេច​ត្រឡប់​មក​ដំណាក់​វិញ​។​ យប់​នោះ​ ទ្រង់​ផ្ទំ​លក់​ទៅ​ ទ្រង់​ព្រះ​សុបិន​និមិត្ត​ឃើញ​ថា​ :​ ទ្រង់​បាន​ឮ​សន្ធឹក​អ្វី​ ពី​ទិស​ខាង​លិច​ ថា​ទ្រង់​ឈរ​ទត​ព្រះ​នេត្រ​គ្រប់​៥​ម៉ោង​ ឃើញ​ខែ​រះ​ប៉​ប្រះ​មាត់​ព្រៃ​ ហើយ​ឃើញ​តា​ចាស់​ម្នាក់​ឈរ​នៅ​ទី​នោះ​ ស្រែក​ប្រាប់​មក​ព្រះ​អង្គ​ថា​:​ "ស្ដេច​ពុំ​ត្រូវ​នៅ​ទី​នេះ​ទេ​ ត្រូវ​តែ​នៅ​ឯ​ភូមិ​ស្រឡប់​ទើប​បាន​សុខ​ ថា​ទៅ​មុខ​គង់​តែ​នឹង​ដឹង​ទៀត​​"​។​ លុះ​ចប់​ព្រះ​សុបិន​ និមិត្ត​ហើយ​ ស្ដេច​តើន​ឡើង​ ក៏​យល់​ថា​ ព្រះ​អាទិត្យ​រៀង​រះ​ប្រ​ពៃ​ណាស់​។​ ពេល​នោះ​ ទ្រង់​ចោល​ទី​ចន្លក​ ហើយ​លើក​គ្រប់​គ្រួ​ ទៅ​នៅ​ភូមិ​ស្រឡប់​ ចុង​ខែត្រ​ត្បូង​ឃ្មុំ​ទល់​ដែន​ខែត្រ​បាភ្នំ​ សម​គួរ​ជា​ទី​ពិជ័យ​ភូមិ​ល្អ​។​ នៅ​ទី​នោះ​ ទ្រង់​ចាត់​ការ​ លើក​ដី​ ដុត​ឥដ្ឋ​​ ដុត​កំបោរ​ ដុត​ក្បឿង​ និង​ស្បូវ​អំបែង​ តាក់​តែង​លើក​កំផែង​ ជីក​គូ​ ជីក​អូរ តាំង​បន្ទាយ​ធំ​ខ្ពស់​ ក្រាស់​ក្រួន​មាំ​មួន​ធំ​ទូលាយ​ណាស់​ ល្មម​ធ្វើ​សឹក​កាន់​ឆ្នាំ​បាន​។ លុះ​ធ្វើ​ការ​ស្រេច​ហើយ​ ស្ដេច​ឲ្យ​សាង​ប្រា​សាទ​ ព្រះ​រាជ​មន្ទីរ​ ត្រឡែង​កែង​ចុង​រោង​ រោង​ជួង​ រោង​ទង​ រោង​ទី​នាំង​ រោង​ឃ្លាំង​ និង​ សួន​ឧទ្យាន​ មាន​គ្រប់​ប្រការ​។​ ស្ដេច​ចាប់​ធ្វើការ​ តែ​ពី​រ​ឆ្នាំ​បាន​រួច​ជា​ស្រេច​។ តែ​ទី​នោះ​ ឥត​ទឹក​ទេ​ ទើប​ទ្រង់​ត្រាស់​បង្គាប់​ ឧក​ញ៉ា​វៀង​មួយ​ ឧក​ញ៉ា​វាំង​មួយ​ ឧក​ញ៉ា​លំពាំង​មួយ​ ឧក​ញ៉ា​ស្រាល​មួយ​ ឲ្យ​ជីក​ស្រះ​ធំ​ កណ្ដាល​កំពែង​ព្រះ​នគ​រ មាន​ជ្រុង​៤​។ លុះ​ជីក​បាន​ទឹក​ស្រេច​ ស្ដេច​សន្មត​ជ្រុង​មួយ​ៗ​ ឲ្យ​ហៅ​ថា​ កំពង់​វៀង​ ជ្រុង​មួយ​ទៀត​ហៅ​ថា​ កំពង់​វាំង​ កំពង់​ទី៣​ ហៅ​ថា ​កំពង់​លំពាំង​ កំពង់​ទី​៤ ហៅ​ថា កំពង់​ស្រាល​ គ្រប់​ចតុស្ដម្ភ​ (សេនា​បតី)​ ទាំង​៤​។ អាស្រ័យ​ហេតុ​ទាំង​នេះ​ហើយ​ ទើប​បាន​ជា​កំពង់​ទាំង​៤​នោះ​ មាន​ជាប់​ឈ្មោះ​ ឧកញ៉ា​ទាំង​៤​នោះ​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។​

ស្ដេច​កន​ សាង​នគរ​នេះ​ ធំ​មាំ​មួន​ជាង​នគ​រ​ចាស់​ ហើយ​បាន​រួច​រហ័ស​ឆាប់​ទៀត​ផង​ ព្រោះ​​រាស្ត្រ​ស្រុះ​ស្រួល​ណាស់​ កេណ្ឌ​តែ​ម្នាក់​ចូល​ជួយ​ជា​ពីរ​បី​នាក់​។​ លុះ​ស្ថា​បនា​រួច​ស្រេច​ហើយ​ ស្ដេច​តាំង​ព្រះ​នគរ​នោះ​ យក​នាម​ភូមិ​ដើម​ មក​ផ្សំ​នឹង​ពាក្យ​ថ្មី​ ហៅ​ថា​ ក្រុង​សន្លប់​ដូន​តី​ ព្រៃ​នគរ​ បវរ​រាជ​ធានី​។​ ទ្រង់​ឲ្យ​ឧកញ៉ា​ស្រាល​ ចាប់​ត្រី​ធំ​ តូច​ យក​ទៅ​លែង​ក្នុង​ស្រះ​ ក្នុង​គូ​ ស្នាម​ភ្លោះ​ជា​ច្រើន​ ឲ្យ​ឧក​ញ៉ា​លំពាំង​តាំង​ក្លោង​ព្នៀត​ដំរី​ (ធ្វើ​ក្រោល​ដំរី)​។ ស្ដេច​ឲ្យ​ឈ្មោះ​វាល​ ដែល​ស្ដេច​ទៅ​ប្រពាត​ ដេញ​សត្វ​នោះ​ថា​វាល​បាន​ធំ​ (ខ្លះ​ថា​វាល​ចន្ទំ)​ ព្រោះ​វាល​ ដែល​ស្ដេច​ដេញ​សត្វ​​ជា​ច្រើន​ ឲ្យ​ឈ្មោះ​​បឹង​មួយ​ ដែល​ស្ដេច​ទៅ​ប្រពាត​មច្ឆា​ពុំ​បាន​នោះ​ ឲ្យ​ហៅ​ថា​ បឹង​ស្មូរ​ជន​។​ ព្រះ​អង្គ​ឲ្យ​សាង​ព្រះ​វិហារ​សីមា​ជា​ច្រើន​។​ ទ្រង់​ឲ្យ​តាំង​ទ្រទូង​រដ្ឋ​ទាំង​៧​ គឺ​ ព្រះ​សង្ឃ​បរិ​នាយក​មួយ​ ព្រះ​អរិយ​កស្សប​មួយ​ ព្រះ​ឯក​សត្ថា​មួយ​ ព្រះ​ពុទ្ធ​ឃោសា​មួយ​ ព្រះ​ធម្ម​ឃោសា​មួយ​ ព្រះ​វិបស្សនា​មួយ​ ព្រះ​បវរ​សត្ថា​មួយ​ ទ្រទូង​រដ្ឋ​ទាំង​៧​នេះ​ ព្រះ​អង្គ​ឲ្យ​នៅ​គង់​ចាំ​ព្រះ​វស្សា​ ក្នុង​អាវាស​មួយ​ៗ​ រាល់​ព្រះ​អង្គ​។​

ព្រះ​ស្រី​ជេដ្ឋា​ ដែល​យាង​មក​គង់​នៅ​ ក្រុង​សន្លប់​ដូន​តី​ ព្រៃ​នគរ​នោះ​ បាន​តែ​បី​ឆ្នាំ​ រាស្ត្រ​ប្រជា​អ្នក​បរទេស​ ចូល​មក​នៅ​កុះ​កុំ​ជុំ​ជិត​ប្រកិត​គ្នា​ច្រើន​ក្រៃ ​គណ​នា​ពុំ​បាន​ឡើយ​ លើស​ពី​ផែន​ដី​មុន​ពី​រ​ភាគ​។​ ព្រះ​នគរ​ ក៏​សុខ​សប្បាយ​សម្បូណ៌​គ្រប់​។​ ព្រះ​អង្គ​ឲ្យ​បោះ​ប្រាក់​ស្លឹង​ មាន​ស្លឹង​ ត្រា​រូប​នាគ​ឲ្យ​រាស្ត្រ​ចាយ​ ហើយ​ព្រះ​អង្គ​សព្វ​ព្រះ​ហ​ឫទ័យ​ល្បែង​​ស្រី​ទត​រាំ របាំ​ មហោ​ស្រព​ ដូរ្យ​ដន្ត្រី​ណាស់​។

នេះនឹងនិយាយអំពី សម្ដេចព្រះឥសីភ័ទ្ទនោះថា :
កាល​ស្ដេច​ឥសី​ភ័ទ្ទ​ នៅ​លាក់​ខ្លួន​ពួន​អាត្មា​ក្នុង​ព្រៃ​ជា​យូរ​ទៅ​ អាសូរ​ព្នង​ជា​ខ្ញុំ​(1) (1) សម័យ​ពី​ដើម​គេ​ចាប់​ព្នង​មក​លក់​ឲ្យ​ធ្វើ​ជា​ខ្ញុំគេ​)​ ក៏​ស្លាប់​ទៅ​ទៀត​ នៅ​តែ​ម្នាក់​ឯង​ ក្រី​ក្រ​លំបាក​ណាស់​។​ លុះ​បាន​ដឹង​ដំណឹង​ថា​ : "​ស្ដេច​កន​ បាន​សោយ​រាជ្យ​​ ហើយ​​បាន​ប្រកាស​ឲ្យ​រក​ព្រះ​ខាន់​រាជ្យ​ និង​ គ្រឿង​បញ្ច​ក្សេត្រ​ថា​បើ​នរ​ណា​រក​ឃើញ​ ហើយ​យក​ទៅ​ថ្វាយ​ស្ដេច​កន​ ព្រះ​ស្ដេច​កន​ នឹង ប្រទាន​រង្វាន់​ ជា​មាស​ ៥០០​តម្លឹង​ ដូច្នេះ​ ឥសី​ភ័ទ្ទ​ " ក៏​មាន​ចិត្ត​លោភ​ក្នុង​សន្តាន​អាត្មា​ដោយ​គិត​ថា​ : បើ​យើង​យក​វត្ថុ​ទាំង​នេះ​ទៅ​ថ្វាយ​ស្ដេច​កន​ទៅ​មាស​ប្រាក់​ក៏​បាន​ យស​សក្ដិ​ក៏​បាន​ នឹង​ ទុក​ទៅ​ ក៏​អសារ​ឥត​ការ​ដែរ​ កាល​ណា​ឡើយ​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ និង​ សម្ដេច​ចៅ​ពញា​យស​រាជា​ ទាំង​ពីរ​ព្រះ​អង្គ​ នឹង បាន​ត្រឡប់​មក​វិញ​នោះ​។​ គិត​យល់​ដូច្នេះ​ហើយ​ សម្ដេច​ឥសី​ភ័ទ្ទ​ក៏​ដើរ​តែ​ម្នាក់​ឯង​ ទៅ​ដល់​ដើម​ចំបក់​ធំ​នោះ​ហើយ​ខំ​ប្រវា​បា​ឡើង បាន​ដល់​បង្កៀប​មួយ​ រៀប​ នឹង លូក​ដៃ​យក​ព្រះ​ខាន់​នោះ​ ក៏​ស្រាប់​តែ​ឃើញ​ពស់​មួយ​យ៉ាង​ធំ​លូន​ឡើង​ទៅ​លើ​ដើម​ចំបក់​នោះ​ចាំ​ នឹង ចឹក​សម្ដេច​ព្រះ​ឥសី​ភ័ទ្ទ​។​ សម្ដេច​ព្រះ​ឥសី​ភ័ទ្ទ​ ឃើ​ញ​ពស់​ហើយ​ ក៏​ភ័យ​រន្ធត់​ភ្លាត់​ជើង​ភ្លាត់​ដៃ​ ធ្លាក់​ចុះ​មក​បាក់​ក​ស្លាប់​ក្នុង​ព្រៃ​នោះ​ ឥត​មាន​អ្នក​ឯ​ណា​ឃើញ​សោះ​ឡើយ​។​ ខ្មោច​នោះ​ ចំណេរ​មក​ឯ​អនា​គត​ក៏​ទៅ​ជា​បិសាច​ ចាំ​រក្សា​ព្រះ​ខាន់​នៅ​ទី​នោះ​រៀង​មក​។

​ នេះ​​នឹង​​សា​និយាយ​ ទៅ​ខាង​ដើម​បន្តិច​វិញ​ថា​ : កាល​សម្ដេច​ព្រះ​ស្រី​សុគន្ធ​បទ​ ស្ដេច​សុគត​ទៅ​នោះ​នៅ​ក្នុង​ច.ស. ៨៧៤ ឆ្នាំ​វក​ ចត្វា​ស័ក​។ កាល​ច.ស. ៨៧១ ឆ្នាំ​ម្សាញ់​ ឯក​ស័គនោះ​ ទើប​ព្រះ​ចៅ​ពញា​យស​រាជា​ រត់​ដល់​ទៅ​ក៏​គង់​នៅ​ជា​មួយ​ នឹង សម្ដេច​ ចៅ​ពញា​ចន្ទ​រាជា​ ជា​ព្រះ​បិតុលា​ ព្រម​ទាំង​ស្ដេច​ក្រាប​ទូល​ព្រះ​បិតុលា​ថា​ :​ ក្រុង​កម្ពុជា​ធិប​តី​នោះ​ ព្រះ​ស្ដេច​កន​ លុក​សម្ដេច​ព្រះ​ស្រី​សុគន្ធ​បទ​ ជា​សម្ដេច​ព្រះ​បរម​រាជ​បិតា​ ដែល​ត្រូវ​ជា​ព្រះ​បរម​ជេដ្ឋា​ ព្រះ​អង្គ​នោះ ​សុវណ្ណ​គត​ទៅ​ហើយ​។ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​ព្រះ​វិយោគ​សោក​អាឡោះ​អាល័យ​ ព្រះ​បរម​សព​ពន់​ប្រមាណ​។​ ស្ដេច​ចង់​តែ​ត្រឡប់​មក​ក្រុង​កម្ពុជា​វិញ​ ស្ដេច​ទន្ទឹង​ចាំ​ថា​ ព្រះ​ចៅ​ចក្រពត្តិ​ បាន​ព្រម​ទទួល​ថា​ នឹង ជួយ​ទំនុក​បម្រុង​ ព្រះ​អង្គ​ ថ្វាយ​ទ័ព​ដល់​ព្រះ​អង្គ​នាំ​ទៅ​ក្រុង​កម្ពុ​ជា​វិញ​ ក៏​មិន​ឃើញ​ចាត់​កង​ទ័ព​មក​ថ្វាយ​សោះ​។​ តាំង​ពី​ថ្ងៃ​នោះ​មក​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ក៏​រក​តែ​កល​ នឹង ដោះ​មក​ក្រុង​កម្ពុជា​វិញ​ តែ​រក​ពុំ​បាន​នៅ​ឡើយ​។​

បើ​គិត​ពី​ត្រឹម​តែ​ ស្ដេច​ចៅ​ពញា​​ចន្ទ​រាជា​ ទៅ​គង់​នៅ​ស្រុក​សៀម​ ពី​ឆ្នាំ​ម្សាញ់ ​ឯក​ស័ក ព.ស.២០៥៣-គ.ស. ១៥០៩-ម.ស. ១៤៣១-ច.ស. ៨៧១ ឆ្នាំ​ជូត​ នព​ស័ក មកដ​ល់ ព.ស.២០៥៩-គ.ស.១៥១៥-ម.ស. ១៤៣៧-ច.ស. ៨៧៧ ឆ្នាំ​កុរ​សប្តស័ក​នេះ​ ត្រូវ​ជា​៧​ឆ្នាំ​ហើយ​។​ ឆ្នាំ​នោះ​ មាន​ដំរី​មួយ​ កំពស់​៤​ហត្ថ​ នៅ​ស្រុក​កាញ្ចន​បុរី​។​ មាន​ហ្ម​សៀម​ម្នាក់​ឈ្មោះ​ពាម​ នាំ​ស្ម័គ្រ​បក្ស​ពួក​ ទៅ​ចោម​ទាក់​ដំរី​នោះ​តែ​ទាក់​ពុំ​បាន​។ ដំណឹង​នេះ​ជ្រាប​ដល់​ព្រះ​ចៅ​ចក្រ​ពត្តិ​ (ស្ដេច​សៀម)​ ទ្រង់​ចង់​បាន​ដំរី​ស​នោះ​ណា​ស់​ តែ​ ​នឹង​ រក​អ្នក​ណា​ជា​ទំនុក​ទុក​ព្រះ​ទ័យ​ ឲ្យ​ចេញ​ទៅ​ធ្វើ​ការ​នេះ​ថ្វាយ​ពុំ​បាន​។ ខណៈ​នោះ​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ក្រាប​ទូល​សុំ​អាសា​ ទៅ​ទាក់​ដំរី​នោះ​យក​ម​កថ្វាយ​។ ព្រះ​ចៅ​ចក្រ​ពត្តិ​មាន​ព្រះ​ទ័យ​ត្រេក​អរ​ណាស់​ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​កេណ្ឌ​យក​ធ្នាក់​ យក​ហ្ម​ទៅ​ទាក់​ដំរី​ស​នោះ​​ឲ្យ​បាន​។ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ទាក់​បាន​ដំរី​នោះ​នាំ​មក​ថ្វាយ​ព្រះ​ចៅ​ចក្រពត្តិ​ ព្រះ​អង្គ​ទ្រង់​ព្រះ​អំណរ​ណាស់​ទ្រង់​ត្រាស់​សរ​សើរ​ឫទ្ធី​ចំណេះ​ផ្សេង​ៗ​ ហើយ​ទ្រង់​ព្រះ​រាជ​ទាន​រង្វាន់​ជា​ច្រើន​ ដល់​សម្ដេច​ចៅ​ ពញា​ចន្ទ​រាជា​ ទើប​ទ្រង់​ប្រទាន​នាម​ដំរី​ស​នោះ​ជា​ ព្រះ​គជេន្ទ្រ ​នរោត្តម​​។ សម្ដេច​ព្រះ​មហា​ឧប​រាជ​ ចៅ​ពញា​ចន្ទរា​ជា​ កាល​ទាក់​ដំរី​បាន​នោះ​យល់​ថា​ បាន​ឱកាស​ហើយ​ក៏​ក្រាប​ទូល​ថា​ សូម​បង្គំ​លា​សម្ដេច​ព្រះ​ចៅ​ ចក្រ​ពត្តិ​ទៅ​បង្ក្រាប​អាស្ដេច ​កន ដែល​ក្បត់​ញាំ​ញី​ព្រះ​ពុទ្ធសាសនា​ នូវ​ព្រះ​បរម​រាជ​វង្សា​នុវង្ស​ បណ្ដាល​ឲ្យ​បែក​បាក់​ខ្ចាត់​ខ្ចាយ​អស់​ ថា​បើ នឹង បង្អង់​យូរ​ទៅ​ឃើញ​ថា​ ពុំ​បាន​ឡើយ​។ សម្ដេច​ព្រះ​ចៅ​ចក្រពត្តិ​ បាន​ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ត្រាស់​ថា​ : កុំ​ឲ្យ​ក្មួយ​រួស​រាន់​ពេក​ ចាំ​ដល់​ឆ្នាំ​ក្រោយ​ៗ​ មារ​នឹងឲ្យជូន​ទៅ​ជា​មិន​ខាន​។ ទ្រង់​ត្រាស់​តែ​ម៉្លោះ​​ហើយ​ព្រះ​​ចៅ​ចក្រពត្តិ​ស្ដេច​ក៏​ចូល​ទៅ​ខាង​ក្នុង​ព្រះ​ក្រឡា​បន្ទុំ​ទៅ​។​

ចៅ​ពញា​ចន្ទ​រាជា​ បាន​ឮ​ព្រះ​ក្រសែ​ដូច្នោះ​កាល​ណា​ ក៏​យល់​ថា​ :​ ព្រះ​ចៅ​ចក្រពត្តិ​ មិន​ព្រម​បើក​ឲ្យ​ព្រះ​អង្គ​ទៅ​ឆាប់​ឡើយ​។​ លុះ​ទ្រង់​ត្រឡប់​ពី​គាល់​ ដល់​​ទៅ​ដំណាក់​វិញ​ ស្ដេច​ទ្រង់​ព្រះ​ចិន្តា​ថា ​:​ បើ​អញ​ នឹង ចាំ​លា​ដោយ​ស្រួល​នោះ​ មុខ​ជា​ស្ដេច​សៀម​ មិន​បើក​ឲ្យ​អញ​ទៅ​ទេ​។​ ដូច្នេះ​ មាន​តែ​អញ​គិត​ឧបាយ​កល​យ៉ាង​ណា​មួយ​ ទើប​អញ​បាន​ទៅ​ស្រុក​វិញ​ឆាប់​។​ ទ្រង់​ព្រះ​ចិន្តា​យល់​ដូច្នេះ​ហើយ​ ទើប​ទ្រង់​ត្រាស់​បង្គាប់​ បណ្ដា​ពួក​ក្រុម​ជា​ខ្ញុំ​១៥​នាក់​ (ច្បាប់​ខ្លះ​ថា ​១៤​នាក់​)​ ឲ្យ​យក​ឈើ​ធ្លាក់​ ធ្វើ​ជា​ជើង​ដំរី​យ៉ាង​ធំ​ៗ​ ៤​ ហើយ​យក​ទៅ​លប​សង្កត់​ដី​ ឲ្យ​មាន​ជា​ស្នាម​ ដូច​ជា​ជើង​ដំរី​មែន​ទែន​ រួច​ឲ្យ​យក​លាមក​ដំរី​ញាត់​ក្នុង​ជាល​ យក​ទៅ​​រលាក់​ចេញ​ ពី​ជាល​ច្រើន​ដុំ​ ហើយ​យក​ទៅ​ទំលាក់​រាយ​ចោល​ ឲ្យ​ប្រកប​នឹង​ដាន​ជើង​ធំ​នោះ​ ឲ្យ​ដូច​ជា​ដំរី​ទាំង​ពួង​ជុះ​។​ ទ្រង់​ផ្ដាំ​ថា​ បើ​ដល់​ដើម​ឈើ​ណា​​ល្មម​ជា​ដំរី​ឈរ​ស្រប់​ (2) បាន​ ​ ឲ្យ​ពួក​បណ្ដា​ជា​ខ្ញុំ​ទាំង​នោះ​យក​ដី​ភក់​ទៅ​លាប​ ហើយ​ឲ្យ​យក​រោម​ចៀម​ពីរ​បី​សរសៃ​ សៀត​នឹង​សំបក​ឈើ​ ធ្វើ​ឲ្យ​ដូច​ជា​រោម​ដំរី​ត្រដុស​ នឹង ដើម​ឈើ​មែន​ៗ​។​ ទ្រង់​បញ្ជា​ថា​ បើ​ធ្វើ​ដូច្នេះ​រួច​ហើយ​ ឲ្យ​ពួក​ក្រុម​បណ្ដា​ជា​ខ្ញុំ​ទាំង​នោះ​ ដើរ​បង្ហួស​ កន្លង​ដាន​ទៅ​ទិស​ឦសាន​ ដល់​ទៅ​ខេត្ត​នាង​រង​ ស្រុក​នគរ​រាជ​ ហើយ​ខ្លួន​ឯង​ទាំង​១៥​នាក់​ ស្រូត​រូត​ទៅ​បញ្ចុះ​បញ្ចូល​ប្រជា​រាស្ត្រ​ នៅ​ស្រុក​នាង​រង​ នាង​ផ្អែក​ ចុង​កល្ប​ ស្រុក​ទំនប់​ ទុង​កែ​ ទឹក​ជោរ​ មង្គល​បូរី​ នគ​ររាជ​សីមា​ (ត្រង់​នេះ​សាស្ត្រា​ខ្លះ​ថា​សៀម​រាប​)​ បាត់​ដំបង​ ឲ្យ​បាន​មក​ជួប​ជុំ​ចាំ​អញ​នៅ​ទី​បន្ទាយ​។ ទ្រង់​ផ្ដាំ​ទៀត​ថា ​:​ បើ​កាល​ណា​ដើរ​តាម​ផ្លូវ​នោះ​ទៅ​ ហើយ​មាន​គេ​សួរ​ឯង​ អំពី​ដំណើរ​នោះ​ ឯង​ត្រូវ​ប្រាប់​គេថា​ ឯង​បាន​ឃើញ​ដំរី​ស​មួយ​ ដូច​សំឡី​ កំពស់​ប្រហែល​ជាង​ ១០​ហត្ថ​បាន​ជា​ដើរ​តាម​រក​មើល​ឲ្យ​ច្បាស់​ទី​លំ​នៅ​វា​។​

អស់​បណ្ដា​ជា​ខ្ញុំ​ទាំង​ ១៥​នាក់​ ក៏​ចេញ​ទៅ​ធ្វើ​ការ​ តាម​ត្រាប់​​បង្គាប់​គ្រប់​ប្រការ​។​ លុះ​កន្លង​មក​គ្រប់​មួយ​ខែ​ អស់​ចៅ​មឿង​ (ចៅ​ហ្វាយ​ស្រុក​ ឬ​ មេ​ឃុំ)​ ចៅ​បាន​ (ម្ចាស់​ស្រុក​) ក្នុង​ដែន​សៀម​ទិស​ខាង​កើត​ បាន​ដំណឹង​ថា​ មាន​ដំរី​ស​ក៏​អរ​ណាស់​ ទើប​នាំ​គ្នា​ចូល​ព្រៃ​ទៅ​ពិនិត្យ​មើល​ តែ​មើល​ឃើញ​តែ​ដាន​ជើង​ និង​ លាមក​វា ​ធំ​ក្រៃ​លែង​នឹង​ដំរី​ទាំង​ពួង​ មើល​ទៅ​លើ​ដើម​ឈើ​ខ្លះ​ ក៏​ឃើញ​មាន​រោម​ស​សុទ្ធ​ស​ដូច​ជា​សំឡី​ ជាប់​នៅ​លើ​ដើម​ឈើ​នោះ​ច្រើន​អន្លើ​មែន​។ ចៅ​មឿង​ ចៅ​បាន​ ទាំង​អស់​នោះ ​ក៏​ប្រញាប់​ប្រញាល់​ ធ្វើ​សំបុត្រ​បក​ប្ដឹង​ចូល​ទៅ​ សេនា​បតី​ សេនា​បតី​ យក​សេច​ក្ដី​ក្រាប​ទូល​​ព្រះ​ចៅ​ចក្រពត្តិ​ ព្រះ​ចៅ​ចក្រ​ពត្តិ​ ទ្រង់​ជ្រាប​ហើយ​​ទ្រង់​ព្រះ​អំណរ​ណាស់​។​ ថ្ងៃ​មួយ​ ស្ដេច​ចេញ​គង់​ព្រះ​រាជ​រោង​រម្យ​ ជួប​ជុំ​ព្រះ​រាជ​បុត្រា​ធម៌​ គឺ​ចៅពញា​អុង​ ដែល​ត្រូវ​ ជា​ព្រះ​រាជ​បុត្រា​ នៃ​ ព្រះ​ស្រី​រាជា​ (ខ្មែរ)​ និង​ ព្រះ​វង្សា​សេនា​បតី​ មន្ត្រី​ទាំង​ពួង​ ក្រាប​បង្គំ​គាល់​ត្រៀម​ត្រា​ ទើប​ស្ដេច​ត្រាស់​សួរ​ថា​ឈ្មោះ​ណា​ នឹង ទទួល​អាសា​ទៅ​តាម​ទាក់​ដំរី​ប្លែក​នោះ​បាន​?​

អស់​រាជ​សេវ​កាមាត្យ​សៀម​ ក្រាប​ទូល​ថា​ :​
ទូល​ព្រះ​បង្គំ​យើង​ខ្ញុំ​ទាំង​ឡាយ​ ឃើញ​តែ​ ចៅ​ពញា​ចន្ទ​រាជា​ មួយ​ប៉ុណ្ណោះ ដែល​ជា​អ្នក​ក្លា​ហាន​ មាន​តំរិះ​ខាង​ទាក់​ដំរី​នោះ​ជាង​គេ​។​ ម្យ៉ាង​វិញ​ទៀត​ ចៅ​ពញា​ចន្ទ​រាជា​​នេះ​ ក៏​បាន​ធ្វើ​ការ​ទាក់​ដំរី​ ថ្វាយ​រៀង​មក​ហើយ​ផង​។​

សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ឮ​ទី​ប្រជុំ​ឆ្លើយ​ដូ​ច្នោះ​ ក៏​យល់​ថា​បាន​ដូច​គំនិត​ព្រះ​អង្គ​ហើយ​ ទើប​ក្រាប​ទូល​ថា​ : តាម​សំបុត្រ​ច្រើន​ច្បាប់​ ដែល​ចៅ​ហ្វាយ​ស្រុក​ច្រើន​ស្រុក​ ប្ដឹង​ចូល​មក​នោះ​ថា ​:​ ដំរី​នោះ​ ធំ​ខ្ពស់​ទៅ​ ១០​ហត្ថ​ ហើយ​បើ​តាម​ដំណឹង​ក្រៅ​សំបុត្រ​ទៀត​ថា​ :​ ដំរី​នោះ​មាន​បរិ​វារ​ គោត ​ស្ដ(3) ​ នៅថែ​រក្សា​ជា​ច្រើន​ លើស​ដំរី​ទាំង​ពួង​ ទាំង​សម្បុរ​ និង​ កំពស់​ទៀត​ ក៏​ល្អ​គួរ​ឲ្យ​ចេតនា​ គួរ​តែ​ទូល​ព្រះ​បង្គំ​ យក​ចិត្ត​ទុក​ដាក់​ គិត​យក​ដំរី​នោះ​ មក​ទុក​ជា​មង្គល​ព្រះ​នគរ​ថ្វាយ​ឲ្យ​បាន​។​ ការណ៍​ ដែល​ខ្ញុំ​ព្រះ​រាជ​ការ​ទាំង​ឡាយ​ ជំនុំ​យល់​ព្រម​ថា​ យក​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ ឲ្យ​ទទួល​អាសា ​នឹង ទៅ​ទាក់​យក​ដំរី​នោះ​ មក​ថ្វាយ​ឲ្យ​បាន​ទៀត​ ក៏​ជា​ការ​គួរ​សម​ណាស់​ហើយ​ ក៏​ប៉ុន្តែ​ ដំរី​ស​នោះ​ មាន​បរិ​វារ​ ធំ​ ច្រើន​លើស​ដំរី​មុន​ណាស់​ ហេតុ​ដូច្នេះ​ សូម​សម្ដេច​ ស្ដេច​ព្រះ​រាជ​ទាន​ពល​៥០០០​នាក់​ ដំរី​១០០​ និង ​កាំ​ភ្លើង​ ធ្នូ​ ស្នា​ សស្ត្រា​វុធ​ក សម្រាប់​បាញ់​បង្អើល​ដំរី​កាច​ៗ​ ដែល​នៅ​រក្សា​ដំរី​ស​នោះ​ ច្រើន​ណាស់​ឲ្យ​វា​ខ្លាច​ហើយ​ចៀស​ចេញ​ទៅ​៖​

ម្យ៉ាង​វិញ​ទៀត​ ដោយ​ឃើញ​ថា​ ការ​ទាក់​ដំរី​នោះ​ មុខ​ជា​ធ្វើ​អស់​ពេល​វេលា​ជា​ច្រើន​ផង​ ក្រែង​រេហ៍​ពល​ពុំ​គ្រប់​គ្រាន់​ស្បៀង​អា​ហារ​ នឹង​កើត​ចលា​ចល​ ការ​ណ៍​ក៏​ពុំ​បាន​សម្រេច​ ហេតុ​ដូច្នេះ​ ទូល​ព្រះ​បង្គំ​ សូម​ព្រះ​រាជ​ទាន​​ស្បៀង​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់​ផង​ សូម​ព្រះ​រាជ​ទាន​ ព្រះ​រាជ​អាជ្ញា​ ឲ្យ​បាន​មាំ​មួន​ទៀត​ ទើប​ទៅ​ធ្វើ​ការ​នោះ​បាន​សម្រេច​។​

ព្រះ​ចៅ​ចក្រ​ពត្តិ​ បាន​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​ព្រះ​អំណរ​ណាស់​ ទើប​ព្រះ​រាជ​ទាន​ ព្រះ​សែង(4)​ ហើយ​ត្រាស់​បង្គាប់​ឲ្យ​ចៅ​ពញា​ចក្រី​ កេណ្ឌ​ពល​ពាហនៈ​ថ្វាយ​តាម​សុំ​កុំ​បី​ខាន​។ ឧកញ៉ា​ចក្រី​ ក៏​ចាត់​ការ​ថ្វាយ​ ព្រះ​ចៅ​ចន្ទ​រាជា​ តាម​ព្រះ​រាជ​បង្គាប់​ នៃ​ ព្រះ​ពុទ្ធ​ចៅ ​មហា​ចក្រពត្តិ​គ្រប់​ប្រការ​។​

ចៅ​ពញា​ចន្ទ​រាជា​ កាល​បាន​ពល​ និង​ ស្បៀង​អាហារ​ ​ព្រម​ទាំង​ព្រះ​រាជ​អាជ្ញា​ ព្រះ​សែង​អាជ្ញា​សឹក​គ្រប់​អស់​ហើយ​ ក៏​ថ្វាយ​បង្គំ​លា​ ចេញ​មក​ក្រៅ​។​ ក្នុង​គ្រា​នោះ​ ព្រះ​អង្គ​សុវណ្ណ​ខាក់​លោក​ ស្ដេច​ចូល​ទៅ​ក្នុង​ក្រុង​ស្រី​អយុធ្យា​នោះ​ ទើប​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ស្ដេច​យាង​ទៅ​ថ្វាយ​បង្គំ​ ព្រះ​អង្គ​សួគ៌​លោក​ គឺ​ពញា​អុង​រាជា​ ដែល​ត្រូវ​ជា​ព្រះ​រៀម​ ព្រះ​អយ្យ​កោ​មួយ​នឹង​ព្រះ​អង្គ​ (សូម​ជ្រាប​ថា​ ពញា​នេះ​ត្រូវ​ជា​ព្រះ​រាជ​បុត្រ​ នៃ​ ព្រះ​ស្រី​រាជា​ ដែល​សៀម​នាំ​យក​ទៅ​ស្រុក​វា​ ទាំង​ព្រះ​ស្រី​រាជា​ ទាំង​ពញា​អុង​ ហើយ​ព្រះ​ស្រី​រាជា​ សុគត​នៅ​ខេត្ត​បាត់​ដំបង​។​ ព្រះ​ស្រី​រាជា​ ត្រូវ​ជា​សម្ដេច​ព្រះ​ជេដ្ឋា​ នៃ​ ព្រះ​ធម្មរា​ជា​ ដែល​ត្រូវ​ជា​បិតា​ នៃ​ សម្ដេច​ចៅ​ពញាចន្ទ​រាជា​។​ ដូច្នេះ​ ពញា​អុង និង សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ត្រូវ​ជា​ព្រះ​រៀម​ព្រះ​អនុជ​ មាន​ព្រះ​អយ្យ​កោ​មួយ​ជា​មួយ​គ្នា​)​។ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ស្ដេច​ក្រាប​ទូល​សួរ​ថា ​:​ អ្នក​បង​លែង​គិត​ស្រុក​ហើយ​ឬ​ ក៏​បាន​ជា​គង់​នៅ​ព្រ​ងើយ​ មិន​អើ​ពើ នឹង រឿង​អាក្បត់​ឈ្មោះ​កន​ យក​រាជ​សម្បត្តិ​បាន​ដូច្នេះ​?​ ទ្រង់​ពុំ​ស្ដាយ​វង្ស​ព្រះ​មហា​ក្សត្រ​ និង​​ គ្រង​ព្រះ​មហា​នគរ​ទេ​ឬ​?​

ព្រះ​អង្គ​សួគ៌​លោក​ ទ្រង់​ឆ្លើយ​ថា​ ​:
អូន​អើយ​ បង​មក​នៅ​ក្រុង​ទេ​ព​នេះ​ ជា​ឈ្លើយ​ព្រះ​ពុទ្ធ​ចៅ​ទេ​។​ ព្រះ​ពុទ្ធ​ចៅ​ ស្ដេច​ពុំ​យក​ទោស​បង​ ស្ដេច​ប្រោស​បង​ ឲ្យ​បង​គ្រង​ស្រុក​សុវណ្ណ​ខាក់​លោក​នេះ​ ​ជា​ខែត្រ​ធំ​ស្មើ​ នឹង ខែត្រ​ព្រះ​រាជ​បុត្រ​ទៅ​ហើយ​ បាន​ប៉ុណ្ណេះ​ហើយ​ បង​ក៏​បាន​សុខ​ណាស់​ហើយ​ បើ​បាន​សុខ​ដូច្នេះ​ហើយ​ នឹង គិត​រក​សុខ​អ្វី​ទៀត​។​ ចំណែក​ឯ​ស្រុក​ខ្មែរ​វិញ​ បង​លែង​នឹក​រលឹក​អាល័យ​ហើយ​ តាម​តែ​អ្នក​អូន​គិត​គូរ​ចុះ​"​។​

សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ស្ដេច​ដឹង​ព្រះ​រាជ​ហ​ឫទ័យ​ យ៉ាង​នេះ​ហើយ​ ទ្រង់​មិន​ហ៊ាន​ត្រាស់​សួរ​ត​ទៅ​ទៀត​ ក្រែង​រឿង​នេះ​ពុំ​បាត់​ស្ងាត់​ នឹង នាំ​ឲ្យ​ខូច​ការណ៍​។ ដូច្នេះ​ហើយ​​ទ្រង់​ពុំ​បាន​ត្រាស់​តប​ទៅ​វិញ​ឡើយ​!​ ទ្រង់​គង់​ក្រសាល​បន្តិច​ ក៏​ថ្វាយ​បង្គំ​លា​វិល​មក​ដំណាក់​វិញ​។​ មក​ដល់​ដំណាក់​ ទ្រង់​នឹក​តែ​ក្នុង​ព្រះ​ទ័យ​ថា​ :​ ឱ​អ្នក​បង​អុង​អើយ​ បាន​សុខ​ហើយ​ ត្រឡប់​ជា​ភ្លេច​ស្រុក​ទេស​អស់​។​

លុះ​មក​ដល់​ថ្ងៃ ​១០​រោច ខែ​ផល្គុន ឆ្នាំ​ជូត ព.ស. ២០៦០-គ.ស. ១៥១៦-ម.ស. ១៤៣៨-ច.ស.៨៧៨ នោះ​ចៅ​ពញា​ចន្ទ​រាជា​ មាន​ព្រះ​ជន្ម​វស្សា​៣៦​ឆ្នាំ​ ទ្រង់​រៀប​ចំ​ចាត់​ចែង​ ព្រះ​រាជ​ដំណើរ​ស្រេច​ ស្ដេច​នាំ​ចៅ​ពញា​យស​រាជា​ និង​ បណ្ដា​ជា​ខ្ញុំ​ លើក​ពល​សៀម​ស្រូត​រូត​ តាម​ស្នាម​ជើង​ដំរី​​ទាំង​យប់​ទាំង​ថ្ងៃ​ ពុំ​មាន​ឈប់​ឈរ​សោះ។​ លុះ​លើក​ទៅ​បាន​៧​ថ្ងៃ​ ជិត​ដែន​ស្រុក​ខ្មែរ​ហើយ​ ទ្រង់​ព្រះ​រាជ​ចិន្តា​ថា :​ អញ​មក​ដល់​នេះ​ហើយ​ បើ​ទុក​ជា​ព្រះ​ចៅ​ចក្រពត្តិ​បាន​ដឹង​ថា​ អញ​រត់​ហើយ​លើក​ទ័ព​តាម​មក​ក៏​ពុំ​ទាន់​ដែរ​។ ទើប​ទ្រង់​ឲ្យ​ធ្វើ​សំបុត្រ​បក​ដាក់​ទាំង​រោម​ចៀម​ ដាក់​ទាំង​រោម​ចោម​រឹ​ស​ ដែល​ជាប់​នៅ​ដើម​ឈើ​គូរ​ទាំង​ស្នាម​ជើង​ លាមក​ និង កំពស់​ដំរី​នោះ​ ឲ្យ​បម្រើ​សៀម​ នាំ​វិល​ទៅ​ថ្វាយ​ព្រះ​ចៅ​ រួច​ហើយ​ព្រះ​អង្គ​ក៏​លើក​ទ័ព​ចេញ​មក​ទៀត​។​

ព្រះ​ចៅ​ចក្រ​ពត្រា​ធិ​រាជ​ (ស្ដេច​សៀម)​ កំពុង​ទ្រង់​បារម្ភ​ ពី​រឿង​ទាក់​ដំរី​នោះ​ លុះ​បម្រើ​នាំ​សំបុត្រ​ទៅ​ដល់​ហើយ​ ទ្រង់​ត្រាស់​សួរ​ថា ​:​ ឥឡូវ​ទៅ​ដល់​ណា​ហើយ​?​

បំរើ ក្រាប​ទូល​ថា ​:​ ទៅ​ជិត​ដែន​កម្ពុជា​ហើយ​។​ កាល​ទ្រង់​ព្រះ​សណ្ដាប់​ចំលើយ​ ដែល​បំរើ​ក្រាប​ទូល​ឆ្លង​ហើយ​ ព្រះ​ចៅ​ចក្រ​ពត្តិ​ នឹង គ្នាន់​ក្នុង​ព្រះ​ទ័យ​ណាស់​ ទើប​ត្រាស់​សួរ​ព្រះ​អង្គ​ សួគ៌​លោក​ថា​ : ចៅ​ពញា​ចន្ទ​រាជា​ ទៅ​ទាក់​ដំរី​ស​នេះ​ ហេតុ​អ្វី​ក៏​ស្រូត​រូត​ម៉្លេះ ​អញ​សង្ស័យ​ណាស់​។​

ព្រះ​អង្គ​សួគ៌​លោក​ ក្រាប​ទូល​ថា​ : ចៅ​ពញា​ចន្ទ​រាជា​នេះ​ មាន​ចិត្ត​មានះ​ណាស់​ មាន​ស្មារ​តីរឹង​ប៉ឹង​ ហើយ​ចិត្ត​ក៏​រឹង​រូស​ កាន់​វង្ស​ត្រកូល​ណាស់​ទៀត​។​ តាំង​ពី​ចៅ​ពញា​យស​រាជា​ មក​ប្រាប់​ថា : ​អា​ព្រះ​ស្ដេច​កន​ សម្លាប់​បិតា​យក​ព្រះ​នគរ​ហើយ​នោះ​ ទូល​ព្រះ​បង្គំ​ឃើញ​កិរិ​យា​របស់​ចៅ​ពញា​ចន្ទរា​ជា​ ខឹង​ក្ដៅ នឹង អាកន​ខ្លាំង​ណាស់​។​ ការ​ដែល​ទៅ​ហើយ​ស្រូត​រូត​យ៉ាង​នេះ​ ទូល​ព្រះ​បង្គំ​ក៏​យល់​ឃើញ​ថា​ ចៅ​ពញា​ចន្ទ​រាជា​ លើក​ទ័ព​​ទៅ​វាយ​អា​ព្រះ​ស្ដេច​កន​ ពុំ​ខាន​ឡើយ​។​

ព្រះ​ចៅ​ចក្រ​ពត្តិ​ បាន​ទ្រង់​ជ្រាប​ដូច្នោះ​ហើយ​ ទ្រង់​ត្រាស់​ប្រើ ​ម៉ឺន​ពេជ្រ​ដា​វិចិត្រ​ ឲ្យ​នាំ​ទាហាន​ សេះ​៣០​ នាក់​លើក​ទៅ​តាម​​សម្ដេច​ចៅ​ពញា​ចន្ទរា​ជា​ ហើយ​ទ្រង់​ផ្ដាំ​ថា​ :​ បើ​ចៅព​ញាចន្ទ​រាជា​ពុំ​ព្រម​ត្រឡប់​មក​ទេ​ ឲ្យ​ឯង​ប្រាប់​ពល​ទាំង​ ៥០០០​នាក់​នោះ​ ឲ្យ​ខាង​តែ​បាន​មក​។​

ម៉ឺន​ពេជ្រ​ដា​វិចិត្រ​ បាន​ទទួល​ព្រះ​រាជ​បញ្ជា​ហើយ​ ក៏​ថ្វាយ​បង្គំ​លា​ នាំ​ទាហាន​សេះ​ទាំង​ ៣០​នាក់​លើក​តាម​ទៅ​។​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ព្រះ​អង្គ​ស្រូត​រូត​មក​ដល់​ដែន​ខែត្រ​ ប្រ​ទេស​ខ្មែរ​ហើយ​ក៏​ទ្រង់​បញ្ចុះ​បញ្ចូល​អាណា​ប្រជា​នុរាស្ត្រ​ តាំង​ពី​ប្រទល់​ដែន​រៀង​មក​ បាន​ពល​១៨០០​នាក់​ ហើយ​លើក​មក​ដល់​ខែត្រ​ទឹក​ជោរ​ ដូច​ជា​បណ្ដា​ជា​ខ្ញុំ ​ដែល​ប្រើ​មុន​គេ​នោះ​។​ បណ្ដា​ជា​ខ្ញុំ​ទាំង​នោះ​ បាន​រេហ៍​ពល​ ២០០​នាក់​ ផ្សំ​គ្នា​ជា​ ២០០០​នាក់​ ហើយ​ស្ដេច​លើក​កង​ទ័ព​ខ្មែរ​សៀម​ ចូល​វាយ​បន្ទាយ​បាន​ខែត្រ​នគរ​សៀម​រាប​ បាន​រេហ៍​ពល​ថែម​ទៀត​ រួម​ទាំង​ទ័ព​ ៨០០០នា​ក់ផ​ង ​ត្រូវ​ជា​១០០០០​នាក់​ហើយ​លើក​ចូល​ទៅ​ក្នុង​បន្ទាយ​មហាន​គរ​។​

ខណៈ​នោះ ម៉ឺន​ពេជ្រ​ដា​វិចិត្រ​ នាំ​ទាហាន​សេះ​៣០​នាក់​ ដល់​មក​ជិត​មហា​នគរ​​ហើយ ហើយ​សួរ​គេ​ឯង​តាម​ផ្លូវ​ទៅ​ បាន​ដំណឹង​ថា​ :​ ចៅ​ពញា​ចន្ទ​រាជា​ នាំ​រេហ៍​ពល​ខ្មែរ​សៀម​ ចូល​មក​តាំង​ក្នុង​មហាន​គរ​ ៣​ថ្ងៃ​ហើយ​។ ម៉ឺន​ពេជ្រ​ដា​វិចិត្រ​ ក៏​នាំ​ទាហាន​ទាំង​ ៣០​នាក់​នោះ​ ចូល​ទៅ​មហា​នគ​រ​ ហើយ​បាន​ឃើញ​សម្ដេច​ចន្ទ​រាជា​ ប្រ​ថាប់​លើ​ផែន​សិលា​ ជា​មួយ​ នឹង សេនា​ទាហាន​សៀម​ខ្មែរ​ ដែល​កំ​ពុង​អង្គុយ​គាល់​ត្រៀម​ត្រា​។ មួយ​រំពេច​នោះ​ ម៉ឺន​ពេជ្រ​ដា​វិចិត្រ​ទូល​ថា​ : ព្រះ​ពុទ្ធិ​ចៅ​ត្រាស់​ប្រើ​ទូល​ព្រះ​បង្គំ ឲ្យ​មក​តាម​ទ្រង់​ ឲ្យ​ទ្រង់​លើក​ពល​ត្រលប់​ទៅ​វិញ​ឲ្យ​ឆាប់​។​

សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ដឹង​កល​យល់​ការណ៍​ថា​ :​ សៀម​លើក​តាម​មក​​ហើយ​ក៏​ហូត​ព្រះ​សែង​អាជ្ញា​សឹក​ ដែល​ព្រះ​ចៅ​ចក្រ​ពត្តិ​ ព្រះ​រាជ​ទាន​មក​នោះ​ ហើយ​មាន​ព្រះ​មធុ​រស​វាចា​សន្ធាប់​ថា ​:​ នេះ​គឺ​ជា​អាជ្ញា​សឹក​ ព្រះ​ចៅ​ប្រទាន​មក​ឲ្យ​អញ​ពេញ​អំណាច​ឲ្យ​អញ​ធ្វើ​ នាទី​ពីរ​យ៉ាង​គឺ​ មួយ​ឲ្យ​តាម​ទាក់​ដំរី​ស​ ម្យ៉ាង​ទៀត​ឲ្យ​អញ​ ទៅ​កាប់​អា​ព្រះ​ស្ដេច​កន​ថ្វាយ​ព្រះ​អង្គ​។​ ខ្លួន​ឯង​នេះ​ឬ​ មាន​អំណាច​លើស​ដាវ​អាជ្ញា​សឹក​នេះ​?​ ដែល​ឯង​ថា​ ព្រះ​ចៅ​ឲ្យ​ឯង​មក​​តាម​អញ​នោះ​ គឺ​ព្រះ​រា​ជ​ឱង្ការ​ ឬ​ ចុត​ហ្មាយ​ឯង​នៅ​ឯ​ណា​យក​មក​ឲ្យ​អញ​មើល​?​ បើ​ឯង​មិន​យក​មក​ឲ្យ​អញ​ទេ​ អញ​ទុក​ឯង​ជា​ក្លែង​ព្រះ​រាជ​ឱង្ការ​ ទុក​ជា​បង្ខូច​បង្ខាន​រាជ​ការ​ផែន​ដី​ ហើយ​អញ​ត្រូវ​កាត់​ក្បាល​ផង​ ដោត​ជា​បម្រាម​ ព្រះ​ទាំង​គូ​កន​ផង​។​

ម៉ឺន​ពេជ្រ​ដា​វិចិត្រ​ និង​ កូន​ទាហាន​ជំនិះ​៣០​នាក់​ ដែល​ខ្លួន​មក​នោះ​ គ្មាន​ព្រះ​រាជ​ឱង្ការ​ របស់​ព្រះ​ចៅ​ជា​ទីអាង​ទេ​។​ លុះ​ឃើញ​ ព្រះ​សែង​អាជ្ញា​សឹក​ហើយ​ទាហាន​សៀម​ទាំង​៣០​នាក់​ និង ៥០០០​នាក់​ ដែល​មក​តាម​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​នោះ​ ក៏​ភិត​ភ័យ​តក់​ស្លុត​ លុត​ជង្គង់​សូម​ព្រះ​រាជ​ទាន​ទោស​។​ សម្ដេច​ចៅ​ពញា​ចន្ទរាជា​ យល់​ឃើញ​ថា​ ត្រូវ​ព្រះ​ទ័យ​ហើយ​ ទ្រង់​ព្រះ​អំណរ​ណាស់​ ទ្រង់​ត្រាស់​ថា ​:​ អស់​ឯង​រាល់​គ្នា​វិញ​ទៅ​វិញ​ចុះ​ ទៅ​ក្រាប​ទូល​ព្រះ​ចៅ​ថា ​:​ ដែល​ទ្រង់​ប្រោស​លៀង​រក្សា​អញ​ជា​ង​៧​ឆ្នាំ​នេះ​ ជា​ព្រះ​គុណ​លើ​អញ​ខ្លាំង​ណាស់​ រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន​ទេ​។​ មិន​តែ​ប៉ុណ្ណោះ​សោត​កាល​អញ​ត្រឡប់​មក​ស្រុក​នេះ​ ទ្រង់​ឲ្យ​រេហ៍​ពល​ ៥០០០​នាក់​ ដំរី​ធ្នាក់​១០០​រយ​ ជូន​មក​ទៀត​នេះ​ក៏​ជា​ព្រះ​គុណ​ធ្ងន់​លើស​លែង​ទៅ​ទៀត​។​ ប៉ុន្តែ​ឥឡូវ​នេះ​ អញ​នៅ​ក្រ​ណាស់​ អញ​នឹង​រក​អ្វី​ថ្វាយ​ទៅ​វិញ​ឲ្យ​បាន​សម​គួរ​ នឹង ព្រះ​គុណ​នោះ​គ្មាន​ទេ​។​ សុំ​កុំ​ឲ្យ​ព្រះ​ចៅ ​ទ្រង់​ពិរោធ​ឡើយ​។​ ថា​បើ​ដល់​អញ​បាន​ឈ្នះ​ហើយ​ចាប់​អា​ព្រះ​ស្ដេច​ កន​បាន​ បាន​ទាំង​ផែន​ដី​មក​វិញ​កាល​ណា​ អញ​នឹង នាំ​ពល​សៀម​ ដែល​ទ្រង់​ប្រទាន​មក​នេះ​ និង​ សួយ​សារ​មក​ក្រាប​បង្គំ​ទូល​ថ្វាយ​ តាម​សំដី​ដែល​អញ​​បាន​ក្រាប​បង្គំ​ទូល​ទុក​ជា​សម្ងាត់​ស្រាប់​។​

ពួក​ពល​ទាំង​៥០០០​នាក់​ បាន​ឮ​ព្រះ​រាជ​បរិ​ហារ​ហើយ​ខ្សឹប​គ្នា​ថា​: ចៅ​ពញា​ចន្ទ​រាជា​នេះ​ បាន​សញ្ញា​ថ្វាយ​ព្រះ​ចៅ​យើង​ស្រេច​ហើយ​បា​ន​ជា​ទ្រង់​ត្រាស់​ឲ្យ​យើង​ទាំង​៥០០០​ នាក់​នេះ​មក​ ឯ​ម៉ឺន​ពេជ្រ​ដា​វិចិត្រ​ ដែល​មក​ស្រដី​មាត់​ទទេ​នោះ​ ប្រហែល​ជា​ក្លែង​ក្លាយ​ទេ​ យើង​ នឹង ជឿ​ស្ដាប់​ផង​មិន​បាន​ទេ​។​

ម៉ឺន​ពេជ្រ​ដា​វិចិត្រ​ ​​ក៏​រឹត​តែ​កោត​ខ្លាច​ ពល​ទាហាន​ដែល​មក​នោះ​ ក៏​គិត​ពិនិត្យ​ទៅ​ ឃើញ​ចិត្ត​រេហ៍​ពល​សៀម​ដែល​ហែ​មក​មុន​នោះ​ ជឿ​ខាង​ចៅ​ពញា​ចន្ទ​រាជា​ច្រើន​ជា​ជាង​ខ្លួន​ នឹង​គិត​ធ្វើ​តាម​ព្រះ​ចៅ​ទ្រង់​ព្រះ​បណ្ដាំ​នោះ​មិន​កើត​។ ដូច្នេះ​ ម៉ឺន​ពេជ្រ​ដាវិចិត្រ​ ក៏​នាំ​ទាហាន​ជំនិះ​៣០​នាក់​នោះ​ ត្រឡប់​ទៅ​ក្រុង​ទេព​វិញ​ទៅ​។​

ក្រោយ​ទាហាន​សេះ​ត្រឡប់​ទៅ​វិញ​ សម្ដេច​ចៅ​ពញា​ចន្ទរា​ជា​ ទ្រង់​លើក​កង​ទ័ព​ទៅ​ដល់​ស្រុក​បាត់ដំ​បង​ហើយ​ ទ្រង់​ក៏​ចាត់​ឲ្យ​នាយ​កង​ទ័ព​ ដើរ​បញ្ចុះ​បញ្ចូល​រាស្ត្រ​ក្នុង​ខេត្ត​។​ ខណៈ​នោះ​ ពញា​មនោ​មេត្រី​ ចៅ​ហ្វាយ​ស្រុក​បាត់​ដំបង​ បាន​ដឹង​ថា​ ចៅ​ពញា​ចន្ទ​រាជា​ ជា​ព្រះ​រាជ​ត្រកូល​ស្ដេច​ខ្មែរ​ ត្រឡប់​មក​ដល់​ហើយ​ ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​ ថ្វាយ​រេហ៍​ពល​ ១០០០០​នាក់​ និង​ ស្បៀង​អាហារ​ ១០០០​រទេះ​ទៀត​។​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ស្ដេច​ទ្រង់​ព្រះ​អំណរ​ណាស់​ ស្ដេច​គង់​សម្រាក​កំលាំង​ រេហ៍​ពល​ នៅ​ក្នុង​ខេត្ត​នោះ​បី​ថ្ងៃ ​ហើយ​ក៏​លើក​ឆ្លង​ទៅ​តាំង​បន្ទាយ​នៅ​ខេត្ត​ពោធិ៍​សាត់​។​

ចំណែក​ឯ សម្ដេច​ចៅ​ពញា​សួគ៌ា​​លោក​ចៅ​ហ្វាយ​ស្រុក​ខេត្ត​ពោធិ៍​សាត់​ ដែល​ជា​មន្ត្រី​ខាង​សម្ដេច​ព្រះ​ស្រី​ជេដ្ឋា​ (កន)​ បាន​ដឹង​ដំណឹង​នេះ​ហើយ​ ក៏​កេណ្ឌ​ពល​បាន​ ៤០០០០​នាក់​ ឲ្យ​រក្សា​នាទី​ភាគ​បន្ទាយ​ រាយ​ល្បាត​តាម​ច្រក​ផ្លូវ​ស្រេច​ ទើប​បក​សំបុត្រ​ ប្ដឹង​ចូល​មក​សេនា​បតី​ក្នុង​ក្រុង​សន្លប់​ពិជ័យ​ព្រៃ​នគរ​។​

រី​ឯ​ចៅ​ពញា​មឿង​វិញ​ លុះ​បាន​ដឹង​ថា​ ​ចៅ​ពញា​ចន្ទ​រាជា​ ស្ដេច​ត្រឡប់​មក​ដល់​ស្រុក​បាត់​ដំបង​ហើយ​ អ្នក​ក៏​ដើរ​បញ្ចុះ​បញ្ចូល​ បាន​ស្ម័គ្រ​ប័ក្ស​ពួក​ ចូល​ក្នុង​កង​ទ័ព​ចៅ​ពញា​សួគ៌ា​លោក​ ជា​ច្រើន​នាក់​។​ កាល​ឃើញ​ថា ចៅ​ពញា​សួគ៌ា​លោក​ ជំនុំ​រាជ​ការ​គិត​រឹង​ទទឹង​ ពុំ​ព្រម​ចុះ​ចូល​នឹង​សម្ដេច​ចៅ​ពញា​ចន្ទ​​រាជា​ទេ​ ពញា​មឿង​ លុះ​ដល់​វេលា​យប់​ស្ងាត់​ ក៏​នាំ​ស្ម័គ្រ​ប័ក្ស​ពួក​ ចូល​លុក​ (គឺ​ចូល​ទៅ​ប្រហារ​មិន​ឲ្យ​ដឹង​ខ្លួន​ជា​មុន​)​ ចៅ​ពញា​សួគ៌ា​លោក​ស្លាប់​មួយ​រំពេច​ ហើយ​ស្រែក​ប្រកាស​ប្រាប់​អស់​ក្រម​ការ​បណ្ដា​រាស្ត្រ​ថា​ :​

សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​នេះ​ ពេញ​ជា​ព្រះ​រាជ​ត្រកូល​នៃ​សម្ដេច​ព្រះ​ធម្ម​រាជា​ ដែល​ជា​ស្ដេច​ទ្រង់​ធម៌​ហើយ​។​ ឯ​ស្ដេច​កន​ ជា​ចៅ​ហ្វាយ​ ចៅ​ពញា​សួគ៌ា​លោក​នេះ​ខាង​ម្ដាយ​ជា​ពល​ព្រះ​ស្រី​រតន​ត្រ័យ​សុទ្ធ​។​ អស់​អ្នក​រាល់​គ្នា​ នឹង សំពះ​ព្រះ​ ក៏​ចង់​ថ្វាយ​បង្គំ​បា​យ៉ាប(5)​។ ថា​បើ​ អស់​អ្នក​ពេញ​ចិត្ត​ថ្វាយ​បង្គំ​ ព្រះ​ស្រី​រតន​ត្រ័យ​នោះ​ ចូរ​អ្នក​ថ្វាយ​បង្គំ​ចៅ​ពញា​ចន្ទ​រាជា​ ដ្បិត​ស្ដេច​យាង​មក​ដល់​ហើយ​ ត្រូវ​យើង​ចេញ​ទៅ​ថ្វាយ​បង្គំ​ ទទួល​ព្រះ​អង្គ​ចុះ​។​ ថា​បើ​អស់​អ្នក​ចូល​ចិត្ត​ ចង់​សំពះ​បាយ៉ាប​នោះ​ ចូរ​អស់​អ្នក​រៀប​ស្បៀង​អាហារ​ នាំ​បុត្រ​ភរិយា​​ទៅ​ថ្វាយ​បង្គំ​ព្រះ​ស្ដេច​កន​ កូន​ពល​ (ក្នុង​ពេល​ដែល​ប្រទេស​យើង​នៅ​វណ្ណៈ​ច្រើន​នៅ​ឡើយ​ វណ្ណៈ​ពល​ជា​វណ្ណៈ​ថោក​ទាប​បំផុត​ ជា​ពូជ​អម្បូរ​អ្នក​មាន​ទោស​ដែល​មិន​អាច​លុប​លាង​បាន​ឡើយ​)​ ព្រះ​ស្រី​រតន​ត្រ័យ​ឯ​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃ​នគរ​ ឲ្យ​ឆាប់​ចុះ​។​

អស់​ក្រម​ការ​បណ្ដា​រាស្ត្រ​ក្នុង​កង​ទ័ព​ទាំង​ ៤០០០​នាក់​ប្លាយ​ លុះ​ឮ​ពញា​មឿង​ប្រកាស​ចេញ​ព្រះ​នាម​ សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ដូច្នោះ​ហើយ​ ហេតុ​តែ​ជា​បុណ្យ​បារមី​នៃ​ព្រះ​អង្គ​ ក៏​បណ្ដាល​ចិត្ត​គ្រប់​កង​ទ័ព​ទាំង​អស់​ ឲ្យ​នឹក​ស្រឡាញ់​អាល័យ​ ដល់​សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ពន់​ប្រមាណ​ ហើយ​ក៏​ស្រែក​តប​ប្រកាស​ថា ​:​

យើង​រាល់​គ្នា​ចូល​ចិត្ត​ទៅ​ថ្វាយ​បង្គំ​ព្រះ​ មិន​ព្រម​ទៅ​ថ្វាយ​បង្គំ​បាយ៉ា​ប​ទេ​។​ ហេតុ​នេះ​ហើយ​ បាន​ជា​មាន​ពាក្យ​ថា​ :​ មិន​ចង់​សំពះ​ព្រះ​ មិន​ចង់​ថ្វាយ​បង្គំ​ព្រះ​ ទៅ​សំពះ​ឯ​បាយ៉ាប​ទៅ​វិញ​ តាំង​ពី​ថ្ងៃ​នោះ​មក​។​

តទៅលេខ ១២

(1) សម័យ​ពី​ដើម​គេ​ចាប់​ព្នង​មក​លក់​ឲ្យ​ធ្វើ​ជា​ខ្ញុំគេ​។
(2) ពាក្យ​សម្រាប់​និយាយ​ថា​ ដំរី​ឈរ​ជ្រក​ម្លប់​ឈើ ។
(3) គោត​ គឺ​ដំរី​ឥត​ភ្លុក​ឥត​ចែ​, ​ស្ដ ​=​ ដំរី​ឈ្មោល​ឥត​ភ្លុក​មាន​តែ​ចែ​។
(4) គឺ​ដាវ​ស្រោម​មាស​ អ្នក​កាន់​ដាវ​នេះ​ មាន​អំណាច​កាប់​សម្លាប់​បាន​តាម​ចិត្ត​)​
(5) បា​យ៉ាប​ គឺ​អារ័ក្ស​ទឹក​ សម្រាប់​ពួក​នេ​សាទ​មច្ឆ​ជាតិ​គោរព​។