ថ្ងៃសៅរ៍ ទី24.កុម្ភៈ 2018.ម៉ោង 9:37
ផែនដីព្រះសុគន្ធបទ(ត)

សម្ដេច​ព្រះ​ស្រី​សុគន្ធ​បទ​ ស្ដេច​បាន​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​ព្រះ​ពិរោធ​ណាស់​ ស្ដេច​ត្រាស់​ឲ្យ​ចៅ​ពញា​ឧទ័យ​ធិ​រាជ​ ជា​ចៅ​ហ្វាយ​ស្រុក​អាសន្ទុក​ ធ្វើ​សំបុត្រ​តប​ ហើយ​ប្រ​គល់ឲ្យ​បំរើ​វិញ​។ បំរើ​បាន​សំបុត្រ​តប​ហើយ​ ក៏​ក្រាប​ថ្វាយ​បង្គំ​លា​​នាំ​សំបុត្រ​នោះ​ ដល់​សម្ដេច​មហា​ឧប​រាជ ​កន​។ សម្ដេច​មហា​ឧ​បរាជ​ កន​ បើក​ស្រោម​សំបុត្រ​មើល​ មាន​សេច​ក្ដី​ថា​:​

អ្នកចៅ​ពញា​ ឧទ័យ​ធិរាជ​ អគ្គ​មហា​សេនា​ សេនា​ធិបតី​ ចៅ​ហ្វាយ​ខែត្រ​អាសន្ទុក​ ខាង​ក្រុម​មហា​នគរ​។​
"ឲ្យមកដល់ ឃុនលួងព្រះស្ដេចធិបតី" ឲ្យបានដឹង។

ដ្បិត​ក្នុង​សំបុត្រ​ឃុន​ ក្រាប​ទូល​ទៅ​ព្រះ​បរម​បពិត្រ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​នោះ​ មាន​សេច​ក្ដី​ថា​សូម​ឲ្យ​ទ្រង់​ព្រះ​រាជ​ទាន​​គ្រប់​គ្រួ​ និង ម្ដាយ​មក​ឲ្យ​ឃុន​ជា​មុន​នោះ​ ពុំ​ត្រឹម​ត្រូវ​តាម​ទំនៀម​ទេ​។ បើ​ឃុន​មាន​ចិត្ត​ស្លូត​ត្រង់​មែន​ គួរ​ឃុន​រៀប​ខ្លួន​រំលាយ​កង​ទ័ព​ ចូល​តែ​ខ្លួន​ទៅ​ក្រាប​បង្គំ​ទូល​ គាល់​ព្រះ​បាទ​អ្នក​ជា​អម្ចាស់​ ទើប​ត្រូវ​តាម​សណ្ដាប់​ អម្ចាស់​ និង ខ្ញុំ​។ បើ​ឃុន​ប្រែ​ចិត្ត​លែង​ក្បត់​ មក​ប្រកាន់​ចិត្ត​កតញ្ញូ​ហើយ​រំលាយ​ទ័ព​ចោល​ទៅ​នោះ​ យើង​ នឹង ជួយ​បង្គំ​ទូល​សុំ​ទោស​ឲ្យ​ឃុន​។​ បើ​ឃុន​ប្រឹង​រឹង​ទទឹង​ មិន​ចូល​ទៅ​គាល់​ទេ​ យើង​នឹង​ឲ្យ​សម្លាប់​ម្ដាយ​ឃុន​ និង​ គ្រប់​គ្រួ​ទាំង​អស់​ ឲ្យ​ស្លាប់​ពុំ​ត្រា​ប្រណី​ឡើយ​"​។

ស្ដេច​កន​ មហា​ឧប​រាជ​ ភូ​សម្រេច​រាជ​ការ​ មហា​ក្រស័ត្រ​សឹក​ លុះ​អាន​ចប់​សេច​ក្ដី​ហើយ​ យល់​ពុំ​ដូច​គំនិត​របស់​ខ្លួន​ ក៏​ឲ្យ​បំរើ​នាំ​សំបុត្រ​នោះ​ទៅ​ជូន​ព្រះ​ពិជ័យ​នាគ​ ជា​បិតា​ឲ្យ​បាន​ដឹង​ផង​។​ ព្រះ​ពិជ័យ​នាគ​ កាល​បើ​បាន​ដំណឹង​ថា​ មាន​សំបុត្រ​ពី​ចៅ​ពញា​ឧទ័យ​ធិ​រាជ​ មក​ដូច្នេះ​ ក៏​ស្ទុះ​រត់​ទៅ​ ប្រុង​នឹង​ទទួល​សំបុត្រ​នោះ​ ហើយ​ នឹង ដើម្បី​សុំ​មហា​ឧប​រាជ​កន​ កុំ​ឲ្យ​ធ្វើ​ទ័ព​ត​ទៅ​ទៀត​។ លុះ​រត់​ទៅ​ដល់​ទន្ទឹម​នឹង​ទ្វារ​ ​ក៏​ភ្លាត់​ជើង​ដួល​ទៅ​ត្រូវ​នឹង​ចុង​ដាវ​ ដែល​ដាក់​នឹង​ដៃ​កែវ​ ចំ​ចន្លោះ​ឆ្អឹង​ដង​កាំ​បិត​ ហើយ​ដួល​ចុះ ​សន្លប់​បាត់​ស្មារតី​ ក្នុង​ទី​នោះ​ទៅ​។ បាវ​ព្រាវ​ដែល​នៅ​ក្នុង​ទី​នោះ​ ឃើញ​ហើយ​ក៏​គ្រាហ៍​ព្រះ​ពិជ័យ​នាគ​ ទៅ​ដាក់​ឲ្យ​ដេក​នៅ​លើ​គ្រែ​ ហើយ​ឲ្យ​បម្រើ​ទៅ​ថ្វាយ​ដំណឹង​ ដល់​មហា​ឧបរាជ​កន​ តាម​ដំណើរ​គ្រប់​ប្រការ​។​

មហា​ឧប​រាជ​ ភូ​សម្រេច​រាជ​ការ​ មហា​ក្រស័ត្រសឹក​ បាន​ជ្រាប​ថា​ បិតា​ត្រូវ​អាវុធ​ មាន​របួស​ជា​ទម្ងន់​ណាស់​ ក៏​ថយ​កង​ទ័ព​ស្រូត​រូត​ចូល​មក​។​ លុះ​ដល់​មក​បន្ទាយ​ក្នុង​ព្រះ​នគរ​ ក៏​ល្មម​នឹង​ពេល​ដែល​ព្រះ​ពិជ័យ​នាគ​អនិច្ច​កម្ម​ទៅ​ដែរ​។ មហា​ឧប​រាជ​ ភូ​សម្រេច​រាជ​ការ​ មហា​ក្រស័ត្រ​សឹក​ ដឹង​ថា​បិតា​ក្ស័យ​ហើយ​ ក៏​ទ្រង់​វិយោគ​សោក​អា​ល័យ​ផ្សេង​ៗ​ ហើយ​ផ្អាក​ការ​សង្គ្រាម​ ដើម្បី​ធ្វើ​បុណ្យ​សព​បិតា​ ឲ្យ​បាន​ជា​ឧឡា​រិក​។​

ចំណែក​ឯ​ សម្ដេច​ព្រះ​ស្រី​សុគន្ធ​បទ​ កាល​ទ្រង់​ជ្រាប​ថា​ ព្រះ​ពិ​ជ័យ​នាគ​ ក្ស័យ​ជីវិត​ហើយ​ ហើយ​ព្រះ​ស្ដេច​កន​ ថយ​កង​ទ័ព​ទៅ​ធ្វើ​បុណ្យ​ឪ​ពុក​ដូច្នោះ​ ទ្រង់​ក៏​ត្រាស់​បង្គាប់​ ចៅ​ពញា​ឧទ័យ​ធិ​រាជ​ ចៅ​ហ្វាយ​ស្រុក​ខេត្ត​អា​សន្ទុក​ ឲ្យ​លើក​កង​ទ័ព​ ទៅ​វាយ​យក​បន្ទាយ​លង្វែក​ ខែត្រ​កំពង់​សៀម​ឲ្យ​បាន​ហើយ​ឲ្យ​លើក​ទៅ​វាយ​យក​ខែត្រ​ត្បូង​ឃ្មុំ​ទៀត​។ ទ្រង់​ឲ្យ​ចៅ​ពញា​ក្រឡា​ហោម​ លើក​ទ័ព​ទៅ​វាយ​យក​បន្ទាយ​ភ្នំ​ពេញ​។​

ចៅ​ពញា​ឧទ័យ​ធិ​រាជ​ ចៅ​ហ្វាយ​ខែត្រ​អាសន្ទុក​ ចៅ​ពញា​ក្រឡា​ហោម​ ចៅ​ពញា​សួគ៌ា​លោក​ ជា​មេ​ទ័ព​ហ្លួង​ទាំង​៣​នាក់​នោះ​ បាន​ទទួល​ព្រះ​រាជ​បញ្ជា​ហើយ​ ក៏​ក្រាប​ថ្វាយ​បង្គំ​​លា​​ចេញ​ទៅ​​ចាត់​ចែង​សេនា​ទាហាន​រេហ៍​ពល​ ១០០០០​នាក់​ ដើម្បី​លើក​ទៅ​វាយ​បន្ទាយ​សត្រូវ​ទាំង​បី​អន្លើ​។​ ក្នុង​គ្រា​នោះ​មេ​ទ័ព​ខាង​មហា​ឧប​រាជ​ ភូ​សម្រេច​រាជ​ការ​ មហា​ក្រស័ត្រ​សឹក​ ក៏​ចាត់​កង​ទ័ព​ឲ្យ​ឡើង​ច្បាំង​ រក្សា​បន្ទាយ​គ្រប់​កង​ ហើយ​ធ្វើ​សំបុត្រ​ប្ដឹង​ ទៅ​ដល់​មហា​ឧប​រាជ​កន​។ មហា​ឧប​រាជ​ ភូ​សម្រេច​រាជ​ការ​ មហា​ក្រស័​ក្រសឹក​កាល​បាន​ដឹង​ថា​ ព្រះ​បរម​បពិត្រ​ ស្ដេច​ចាត់​មេ​ទ័ព​ហ្លួង​ឲ្យ​មក​វាយ​ទ័ព​ខ្លួន​ដូច្នោះ​ ក៏​ស្រើប​ស្រួល​ ជា​សេច​ក្ដី​ក្សេម​ក្សាន្ត​ ទើប​ចាត់​ភោជ​ឲ្យ​លៀង​សេនា​ទាហាន​យ៉ាង​ធំ​។ វេលា​កំពុង​ស៊ី​លៀង​នោះ​ សេនា​ទាហា​ន​ទាំ​ង​អស់​និយាយ​គ្នា​ថា​ :​

មហា​ឧប​រាជ​យើង​ លោក​ធ្វើ​បុណ្យ​បិតា​នោះ​ បើ​មើល​មុខ​លោក​ទៅ​ឃើញ​ថា​ លោក​មាន​ទុក្ខ​ជា​ទម្ងន់​ណាស់​។ លោក​ធ្វើ​បុណ្យ​មិន​ទាន់​ហើយ​ផង​ គឺ​ទើប​តែ​នឹង​មក​សង្គាយ​នា​ ហើយ​មាន​សំបុត្រ​ប្ដឹង​មក​ថា​ មាន​ទ័ព​ចោម​បន្ទាយ​នោះ​ លោក​ត្រឡប់​ជា​ស្រើប​ស្រួល​សប្បាយ​ទៅ​វិញ​។ ដូច្នេះ​ តើ​មាន​ហេតុ​ដូច​ម្ដេច​ ទើប​បាន​ជា​មហា​ឧប​រាជ​ លោក​ស្រើប​ស្រួល​សប្បាយ​យ៉ាង​នេះ​?​

មហា​ឧប​រាជ​កន​ ឮ​ហើយ​ឆ្លើយ​ថា ​:​ អ្នក​ចាំ​ពុំ​ច្បាស់​ទំនៀម​ ព្រះ​នគរ​នេះ​ទេ​ឬ​អ្វី​?​ តាម​ទំនៀម​រដូវ​ចូល​ឆ្នាំ​ថ្មី​នេះ​មួយ​ ពេល​គេ​ធ្វើ​បុណ្យ​សព​បិតា​គេ​នេះ​មួយ​ ទោះ​បី​ម្ដេច​ម្ដា​ក៏​គេ​តែង​តែ​ឈប់​ធ្វើ​សង្គ្រាម​ កំណត់​មួយ​រយ​ថ្ងៃ​សិន​ដែរ​ ឥឡូវ​នេះ​ ស្ដេច​នេះ​ធ្វើ​ល្មើស​ នឹង បទ​ព្រះ​អយ្យ​ការ​យ៉ាង​នេះ​ហើយ​ នោះ​យើង​យល់​ថា​ ស្ដេច​ នឹង អស់​បុណ្យ​ជា​ពិត​ ហើយ​ផែន​ដី​ នឹង បាន​មក​យើង​ ដូច​ទំនាយ​លោក​គ្រូ​ទាយ​ឲ្យ​យើង​មិន​ខាន​។​

នាយ​កន​ថា​តែ​ប៉ុណ្ណេះ​ហើយ​ ហេតុ​តែ​ជា​បុណ្យ​ ក៏​បណ្ដាល​ឲ្យ​ឃើញ​អស្ចារ្យ​ ជា​នាគ​មួយ​ហោះ​ព័ទ្ធ​រោង​បុណ្យ​នោះ​ ៣​ជុំ​។ ខណៈ​នោះ​មន្ត្រី​សេនា​ទាហាន​ទាំង​អស់​ ក៏​ទះ​ដៃ​តាំង​ហ៊ោ​ថា ​:​ បន្ទូល​ព្រះ​មហា​ឧប​រាជ​នោះ​ ពិត​ដូច​ទំនាយ​ហើយ​។​

ចាប់​តាំង​ពី​នោះ​មក​មន្ត្រី​សេនា​ទាហាន​ ក៏​ព្រម​ព្រៀង​គ្នា​ ប្រឹង​ខំ​ធ្វើ​ការ​ទ្វេ​មួយ​ជា​ប្រាំ​។​ ពេល​នោះ​ សេនា​ទាហាន​ ដែល​ជា​មេ​កំណែន​ កេណ្ឌ​រេហ៍​ពល​ បាន​ពី​ខែត្រ​ខាង​កើត​ ១២​០០០០​នាក់​ ហើយ​នាំ​មក​ថ្វាយ​ស្ដេច​កន​។​ មហា​ឧប​រាជ​កន​ ភូ​សម្រេច​រាជ​ការ​ មហា​ក្រស័ត្រ​សឹក​ យល់​ថា​ ពល​ជួប​ជុំ​ហើយ​ ទើប​តាំង​នាយ​កៅ​ជា​ប្អូន​ម៉ែ​បាន​ ដែល​ត្រូវ​ជា​មា​ខ្លួន​បង្កើត​ ឲ្យ​ធ្វើ​ជា​សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​ ហើយ​ឲ្យ​ឃុំ​ពល​មួយ​ម៉ឺន​ប្រាំ​ពាន់​ លើក​ទៅ​ជួយ​មេ​ទ័ព​របស់​ខ្លួន​ ដែល​តាំង​បន្ទាយ​នៅ​ភ្នំពេញ​ ត ​នឹង ទ័ព​ចៅ​ពញា​ក្រឡា​ហោម​ដែល​ជា​មេ​ទ័ព​ហ្លួង​ តាំង​ពី​ឧក​ម៉ឺន​កែវ​ ជា​ចៅ​ពញា​ក្រឡា​ហោម​ ឲ្យ​ឃុំ​ពល ១៥០០០​នាក់​ ឲ្យ​ជួយ​មេ​ទ័ព​ខ្លួន​ ដែល​តាំង​បន្ទាយ​នៅ​លង្វែក ​ត​ នឹង​ទ័​ព​ចៅ​ពញា​សួគ៌ា​លោក​ ជា​មេ​ទ័ព​ហ្លួង​។ ឯ​ខ្លួន​មហា​ឧប​រាជ​កន​ ភូ​សម្រេច​រាជ​ការ​ មហា​ក្រស័ត្រ​សឹក ឯង​វិញ​ឃុំ​ពល​ ៤០០០០​នាក់​ លើក​ទៅ​ជួយ​មេ​ទ័ព​ខ្លួន​ ដែល​តាំង​បន្ទាយ​នៅ​ខែត្រ​កំពង់​សៀម​ត​ នឹង ទ័ព​ចៅ​ពញា​ឧទ័យ​ធិ​រាជ​។ ខណៈ​នោះ​ មេទ័ព និង ខ្លួន​មហា​ឧប​រាជ​ ភូ​សម្រេច​រាជ​ការ​ មហា​ក្រស័ត្រ​សឹក​ លើក​ទៅ​ដល់​បន្ទាយ​ទាំង​៣​ហើយ​ក៏​ចូល​ត នឹង មេ​ទ័ព​ហ្លួង​ ទាំង​៣​ផ្លូវ​ បាន​ចូល​ត​តាំង​ច្បាំង​គ្នា​ តាំង​ពី​អាវុធ​វែង​ រហូត​ដល់​អាវុធ​ខ្លី​ ចូល​ប្រកាប់​គ្នា​ កង​ទ័ព​ពី​ក្នុង​បន្ទាយ​ ក៏​បើក​ទ្វារ​បន្ទាយ​ វាយ​ផ្ទប់​មក​កង​ទ័ព​ហ្លួង​ នៅ​កណ្ដាល​ចំណោម​។​ កង​ទ័ព​ហ្លួង​ត្រូវ​ នឹង អាវុធ​វែង​ខ្លី​ ស្លាប់​អស់​ជា​ច្រើន​។ មេ​ទ័ព​ហ្លួង​ទាំ​ង៣​ ផ្លូវ​ ក៏​បែក​ទ័ព​ រត់​ថយ​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ទោស​គ្រប់​ៗ​គ្នា​។ សម្ដេច​ព្រះ​បរម​បពិត្រ​ ទ្រង់​ប្រោស​ប្រណី​ដល់​មេ​ទ័ព​ទាំង​៣​ នាក់ មិន​ឲ្យ​មាន​ទោស​ឡើយ​ ទ្រង់​ប្រោស​ឲ្យ​ធ្វើ​រាជ​ការ​រៀង​រាល់​ខ្លួន​ត​ទៅ​ទៀត​។​

សម្ដេច​ព្រះ​ស្រី​សុគន្ធ​បទ​ ទ្រង់​អាណិត​ លើក​ទោស​មេ​ទ័ព​ទាំង​៣​ ហើយ​ទ្រង់​ត្រាស់​បង្គាប់​ ឲ្យ​មន្ត្រី​ចេញ​ទៅ​កេណ្ឌ​កង​ទ័ព​ពី​ខេត្ត​ស្ទឹង​ត្រង​មួយ​ គោក​ខាន់​មួយ​ សូរិន្ទ​មួយ​ ខ្លង​សិញ​មួយ​ រិម​ជួស​មួយ​ ជាំ​ក្សាន្ត​ ចុង​កាល់​មួយ​ បាក្រង់​មួយ​ ទង់​តែ​មួយ​ ទំនប់​មួយ​ មង្គល​បុរី​មួយ​ ឫស្សី​សាញ​មួយ​ ទឹក​ជោរ​មួយ​ បាត់​ដំបង​មួយ​ ពោធិ​សាត់​មួយ​ ក្រគរ​មួយ​ ខ្លុង​ក្រង​មួយ​ អម្រាគ​គិរិន្ត​បូណ៌​មួយ​ រលា​ប្អៀរ​មួយ​ ទាំង​១៥​ ខេត្ត​នេះ​ បាន​ពល​តែ​៥០០០០​នាក់​ ព្រោះ​រាស្ត្រ​ខ្លាច​ចំបាំង​ រត់​ចូល​ព្រៃ​អស់​ជាង ១០០០០០០​នាក់​ បាន​តែ​ ១០០០០០​នាក់​ រួម​ទាំង​ទ័ព​ហ្លួង​ ដែល​កេណ្ឌ​នៅ​ខេត្ត​ជិត​ៗ​នោះ​ផង​។​

មហា​ឧប​រាជ​កន​ យល់​ឃើញ​ថា​ បាន​ការ​ហើយ​ ក៏​លើក​ទ័ព​ទាំង​ពីរ​ផ្លូវ​ ត្រូវ​ជា​បី​ផ្លូវ​ នឹង ទ័ព​ខ្លួន​ឯង​ផង​ ចេញ​ទៅ​ដល់​ចុង​ខេត្ត​អាសន្ទុក​ ហើយ​ឲ្យ​ឈប់​ទ័ព​តាំង​បន្ទាយ​ ប្រជុំ​នាយ​កង​ទ័ព​ មក​ប្រឹក្សា​ការ​សង្គ្រាម​ថា​ : ទ័ព​យើង​ដែល​លើក​ទៅ​នេះ​ បាន​ពិជ័យ​ឫក្ស​ល្អ​ណាស់​។ បើ​យើង​ នឹង លើក​ទៅ​វាយ​យក​ជ័យ​ជំនះ​កាល​ណា​ ប្រាកដ​ជា​យើង​ នឹង បាន​ដោយ​ងាយ​ ក្នុង​កាល​នោះ​ តែ​ស្លាប់​រេហ៍​ពល​ទាំង​សង​ខាង​ខ្លះ​ ពុំ​ខាន​ឡើយ​។​ បើ​យើង​មាន​ ជ័យ​ជំនះ​កាល​ណា ​ប្រាកដ​ជា​ហ្លួង​ឲ្យ​សម្លាប់​ម្ដាយ​យើង​ និង​ ញាតិ​សន្តាន​យើង​ ស្លាប់​អស់​ឥត​ប្រយោជន៍​។ ដូច្នេះ យើង​យល់​ថា​យើង​ត្រូវ​គិត​ឧបាយ​កល​ យក​ម្ដាយ​ និង​ ញាតិ​សន្តាន​យើង​ឲ្យ​បាន​ ហើយ​ឲ្យ​មាន​ជ័យ​ជំនះ​ផង​។​ ដូច្នេះ​តើ​អស់​កង​សេនា​ទាហាន​យើង​នេះ​ នរណា​​ នឹង អាច​ទទួល​អាសា​យើង​ យក​កេរ្តិ៍​ឈ្មោះ​ទុក​ត​ទៅ​។ អស់​នាយ​កង​ទ័ព ​សួរ​ថា ​:​

ឧបាយ​កល មហា​ឧប​រាជ​នោះ​ ដូច​ម្ដេច​?
មហា​ឧបរាជ​ ថ្លែង​ប្រាប់​ថា​ :​ កាល​ផែន​ដី​ សម្ដេច​ព្រះ​បរម​រាជា​ ពញា​យ៉ាត​នោះ​ ព្រះ​អង្គ​តែង​ប្រើ​ឧបាយ​ មនុស្ស​ដប់​ពីរ​នាក់​ ឲ្យ​ចូល​ទៅ​លុក​ព្រះ​ឥន្ទ​កុមារ​រាជា​ (ស្ដេច​សៀម)​។ ឧបាយ​នោះ​ ក៏​នៅ​ជា​ពុំ​សូវ​ជ្រៅ​ជ្រះ​ណាស់​នៅ​ឡើយ​ដែរ​។ ថា​បើ ​នរ​ណា​ទទួល​អាសា​យើង​ យើង​ នឹង ឲ្យ​រង្វាន់​ ឲ្យ​យស​សក្ដិ​ឲ្យ​ពេញ​ចិត្ត​ ហើយ​យើង​ នឹង ចិញ្ចឹម​កូន​ចៅ​ ផៅ​សន្តាន​ ត​ទៅ​ ៧ ​ជួរ​គោត្រ​។​ ខណៈ​នោះ​ មាន​ម្នាក់​ឈ្មោះ ​ឱក​ម៉ឺន​សូរិន្ទ​កែវ​ ជា​កូន​របស់​ចៅ​ពញា​យោធា​សង្គ្រាម​ ដែល​មាន​ចិត្ត​ឃោរ​ឃៅ​ខឹង​នឹង​ សម្ដេច​ព្រះ​ស្រី​សុគន្ធ​ប​ទ​ថា​ ទ្រង់​ប្រើ​ចៅ​ពញា​យោធា​សង្គ្រាម​ ជា​បិតា​ខ្លួន​ ទៅ​ឲ្យ​មហា​ឧប​រាជ​កន​ កាល​នៅ​ជា​ឃុន​ហ្លួង​ព្រះ​ស្ដេច​ធិបតី​ បាញ់​សម្លាប់​ ហើយ​មិន​បាន​តាំង​ចិញ្ចឹម​កូន​ចៅ​ ឲ្យ​កាន់​នាទី​បិតា​ត​ទៅ​ ក៏​រត់​ពី​សម្ដេច​ព្រះ​ស្រី​សុគន្ធ​បទ​ ទៅ​នៅ​ពឹង​បុណ្យ ​មហា​ឧប​រាជ ក​ន​ បំណង​ប៉ង​តែ​ នឹង​សង​សឹក​ឈាម​បិតា​វិញ​ តែ​ប៉ុណ្ណោះ​។​ លុះ​ឮ​ប្រកាស​ មហា​ឧប​រាជ​ដូច្នោះ​ហើយ​ ឱក​ម៉ឺន​កែវ​ ក៏​វារ​ចូល​ទៅ​សំពះ​ ហើយ​និយាយ​ថា​:​

ខ្ញុំ​ប្របាទ​ម្ចាស់​ ទទួល​អាសា​មហា​ឧប​រាជ​ ឲ្យ​បាន​សម្រេច​។
មហា​ឧប​រាជ​កន​ កាល​បាន​ស្ដាប់​ ឱក​ម៉ឺន​កែវ​ សុំ​ខ្លួន​ហើយ​ ក៏​យល់​ថា​ បាន​ការ​ ទើប​ហៅ​ឱក​ម៉ឺ​សូរិន្ទ​កែវ​ ឲ្យ​ទៅ​ទី​ស្ងាត់​ រួច​ខ្សឹប​ប្រាប់​ឧបាយ​កល​គ្រប់​ប្រការ​។​ ឱក​ម៉ឺន​សូរិន្ទ​កែវ​ សំពះ​គំនាប់​ហើយ​ថា​ ឧបាយ​របស់​មហា​ឧប​រាជ​នេះ​ ខ្ញុំ​ប្របាទ​ម្ចាស់​ នឹង ធ្វើ​ឲ្យ​បាន​សម្រេច​ តែ​ទាហាន​ពីរ​រយ​នាក់​ប៉ុណ្ណោះ​។​ ដូច្នេះ​ ​ខ្ញុំប្របាទ​ម្ចាស់​ សុំ​យក​ខ្លួន​ ចៈ​ម៉ឺន​ចែ​ចុង​​រ៉ាក់​សោម​ ជា​ក្រុម​របស់​ខ្ញុំ​ប្របាទ​ម្ចាស់​ ឲ្យ​ឃុំ​ទាហាន​ក្រុម​ខ្ញុំ​ប្របាទ​នោះ​ទៅ​ផង​ ​ដ្បិត​មនុស្ស​នេះ​ជា​ទំនុក​ទុក​ចិត្ត​ របស់​ខ្ញុំ​ប្របាទ​ម្ចាស់​។​

មួយ​រំពេច​នោះ​ មហា​ឧប​រាជ​កន​ ក៏​យក​មាស​ពីរ​រយ​ជញ្ជីង​ ប្រាក់​ស្លឹង​បុរាណ​ ៤០​ជញ្ជីង​ ប្រគល់​ឲ្យ​ទៅ​ឱក​ម៉ឺន​សូរិន្ទ​កែវ​ ឲ្យ​យក​ទុក​ជា​ស្បៀង​តាម​ផ្លូវ​ ហើយ​តាំង​ ឱក​ម៉ឺន​សូរិន្ទ​កែវ​ឲ្យ​គ្រង​ទី​យម​រាជ​។ ស្ដេច​កន ​ប្រាប់​ថែម​ទៀត​ថា​ : បើ​ឱក​ម៉ឺន​សូរិន្ទ​កែវ​ ទៅ​ហើយ​ធ្វើ​បាន​ដូច​ប្រាថ្នា​នោះ​ ខ្លួន​ឧប​រាជ​កន​ នឹង ឲ្យ​ឱក​ម៉ឺន​សូរិន្ទ​កែវ​ ឡើង​ស៊ប់​ក្នុង​ទី​យម​រាជ​ ហើយ​ នឹង ឲ្យ​រង្វាន់​ឲ្យ​ពេញ​ចិត្ត​ទៀត​ កុំ​ឲ្យ​ថប់​បា​រម្ភ​អ្វី​ ថា​ឯ​ទាហាន​ពីរ​រយ​នាក់​ ដែល​ឯង​បាន​រើស​ ព្រម​ទាំង​ ចៈ​ម៉ឺន​ចែ​ចុង​រ៉ាក់​ ជា​ទាហាន​រួម​ចិត្ត​របស់​ឯង​ទៅ​នោះ​ ក៏​ឲ្យ​យក​តាម​ចិត្ត​ចុះ​។​ ស្ដេច​កន​ និយាយ​ចប់​ត្រឹម​នេះ​ហើយ​ ក៏​ស្ទុះ​ទៅ​យក​មាស​ ២០០​ជញ្ជីង​ និង ប្រាក់​ ៤០០​ជញ្ជីង​ ឲ្យ​ទៅ​ឱក​ម៉ឺន​សូរិន្ទ​កែវ​ទៀត​។​ ហើយ​ផ្ដាំ​ថា​ ឲ្យ​យក​មាស​ និង ប្រាក់​នោះ​ ទៅ​ចែក​ម៉ឺន​ចែ​ចុង​រ៉ាក់​សោម​ ជា​សំលាញ់​ឯង​ និង​ កូន​ទាហាន​ពីរ​រយ​នាក់​នោះ​ ទុក​ជា​ស្បៀង​តាម​ផ្លូវ​ចុះ​។​

ឱក​ម៉ឺន​សូរិ​ន្ទ​កែវ​ ទទួល​រង្វាន់​ និង បណ្ដាំ​សព្វ​គ្រប់​ហើយ​ ក៏​សំពះ​លា​ថយ​ទៅ​ ទី​សំចត​របស់​ខ្លួន​រួច​ហើយ​ឱក​ម៉ឺន​សូរិន្ទ​កែវ​ ក៏​ហៅ​ចៈ​ម៉ឺន​ចែ​ចុង​រ៉ាក់​ និង កូន​ទាហា​ន​រួម​ចិត្ត​ ចូល​ទៅ​ក្នុង​ព្រៃ​ស្ងាត់​ ចែក​មាស​ ចែក​ប្រាក់​នោះ​ រួច​ទើប​ប្រាប់​ឧបាយ​ តាម​មហា​ឧបរាជ​ កន​ ផ្ដាំ​មក​គ្រប់​ប្រការ​។​

ចៈ​ម៉ឺន​ចែ​ចុង​រ៉ាក់​ និង ទាហាន​ទាំង​ពីរ​រយ​នាក់​ បាន​ទទួល​រង្វាន់​ហើយ​ ក៏​និយាយ​ថា ​:​ យើង​តាំង​ចិត្ត​ថា​ នឹង​ធ្វើ​រាជ​ការ​ ពុំ​ស្ដាយ​ជីវិត​ទាំង​ម៉្លេះ ​ក៏​ព្រោះ​តែ​ប្រយោជន៍​ និង​ គុណ​ ទុក​ត​កេរ្តិ៍​ ឲ្យ​កូន​ចៅ​។ គ្រា​នោះ​ យើង​បាន​ដូច​ប្រាថ្នា​ ហើយ​ត្រូវ​យើង​ប្រុង​ប្រៀប​ខ្លួន​ រាល់​ខ្លួន​ធ្វើ​ការ​ឲ្យ​បាន​សម្រេច​ការ​តាម​បង្គាប់​របស់​លោក​មហា​ឧប​រាជ​។​

ចៈម៉ឺន​ចែ​ចុង​រ៉ាក់​ និង​ ប័ក្ស​ពួក​ យល់​ព្រម​គ្នា​ទាំង​អស់​ហើយ​ ក៏​ចូល​ទៅ​ដេក​ដំ​ណាក់​ តាម​នាទី​របស់​ខ្លួន​។ ព្រឹក​ឡើង​មហា​ឧប​រាជ​កន​ ធ្វើ​ជា​ដើរ​ត្រួត​កង​ទាហាន​គ្រប់​នា​ទី​ទាំង​អស់​។ លុះ​ដល់​ទៅ​នាទី​ម៉ឺន​សូរិន្ទ​កែវ​ មហា​ឧប​រាជ​កន​ ឃើញ​ឈ្មោះ​នេះ​ ដេក​រាល់​ថ្ងៃ​ចោល​នាទី​បន្ទាយ​របស់​ខ្លួន​ ពុំ​បាន​ត្រួត​ត្រា​ឲ្យ​បាន​ដិត​ដល់​។ ខណៈ​នោះ​ មហា​ឧប​រាជ​កន​ បង្គាប់​ឲ្យ​ភូ​ឃុំ​ ចាប់​យក​ខ្លួន​ ឧក​ម៉ឺន​សូរិន្ទ​កែវ​ គ្រង​ងា​រយ​ម​រាជ​នោះ​ ដាក់​ក្ដី​វាយ​ខ្នង​៣០​ ខ្វាប់​ ឲ្យ​បណ្ដើរ​អាក្រោស​ ឲ្យ​គ្រប់​៣ ​ថ្ងៃ ​ហើយ​ឲ្យ​សម្លាប់​ចោល​ក្នុង​ពេល​នោះ​។​

ក្នុង​គ្រា​នោះ​ មហា​ឧប​រាជ​កន​ និង​ ចៅ​ពញា​ឧទ័យ​ធិ​រាជ​ បោះ​​បន្ទាយ​រាយ​ទ័ព​ល្បាត​ប្រទល់​​គ្នា​។ លុះ​ភូឃុំ​ បណ្ដើ​រអា​ក្រោស​ ឱក​ម៉ឺន​សូរិ​ន្ទកែវ​ ទៅ​មុខ​បន្ទាយ​ចៅ​ពញា ឧទ័យ​ធិរាជ​ហើយ​ ក៏​បោះ​ឈើ​បំណង នឹង សម្លាប់​ ឱក​ម៉ឺន​ សូរិន្ទ​កែវ​ ហើយ​បង្គាប់​ឲ្យ​ ឱក​ម៉ឹន​សូរិន្ទ​កែវ​ ភាវ​នា។​ ខណៈ​នោះ​ ចៈ​ម៉ឺន​ចែ​ចុង​រ៉ាក់​សោម​ និង ទាហាន​ រួម​ចិត្ត​ពីរ​រយ​នាក់​ ឃើញ​ថា​ដល់​សន្មត​ហើយ​ ក៏​តាំង​ហ៊ោ​ចេញ​ពី​ក្នុង​ព្រៃ​មក​ ដេញ​ពួក​ភូ​ឃុំ​ដែល​បណ្ដើរ​ ឱក​ម៉ឺន​សូរិន្ទ​កែវ​នោះ​ ហើយ​ដោះ​ក្ដី​ ឱក​ម៉ឺន​សូរិន្ទ​កែវ​ ចេញ​ពី​បង្គោល​ រួច​នាំ​គ្នា​រត់​ទៅ​រក​បន្ទាយ​ ចៅ​ពញា​ឧទ័យ​ធិរាជ​។ ចៅ​ពញា​ឧទ័យ​ធិ​រាជ​ ក្រឡេក​ឃើញ​ហើយ​សាក​សួរ​ទៅ​ ឱក​ម៉ឺន​សូរិន្ទ​កែវ​ និង​ ចៈ​ម៉ឺន​ចែ​ចុង​រ៉ាក់​សោម​ ព្រម​ទាំង​ទាហាន​ទាំង​ពីរ​រយ​នាក់​ដោយ​ចង់​ដឹង​។ មនុស្ស​ទាំង​នេះ​ ក៏​ឆ្លើយ​ត្រូវ​សេច​ក្ដី​គ្នា​ថា ខ្លួន​ដើរ​យាម​ល្បាត​រាល់​ថ្ងៃ​រាល់​យប់​។ ថា​យប់​ម្សិល​មិញ​នេះ​ ឱក​ម៉ឺន​សូរិន្ទ​កែវ​ ទទួល​ទាន​​ដំណេក​ទាល់​ថ្ងៃ​ ក៏​ព្រះ​ស្ដេច​កន​ ដែល​តាំង​ខ្លួន​ជា​ឧបរាជ​ ភូ​សម្រេច​រាជ​ការ​ មហា​ក្រស័​ត្រសឹក​នោះ​ចេញ​មក​ ដើរ​ត្រួត​ត្រា​បន្ទាយ​ ឃើញ​ក៏​ចាប់​ទោស​ឲ្យ​យក​មក​សម្លាប់​ ហេតុ​នេះ​ហើយ​បាន​ជា​ ពួក​ខ្ញុំ​ប្របាទ​ម្ចាស់​ ទាំង​ពីរ​រយ​នាក់​នេះ​អាណិត​អាសូរ​ វេទ​នា​ដល់​ជាតិ​ត្រកូល​ ឱក​ម៉ឺន សូរិន្ទ​កែវ​ ដែល​ជា​កូន​ចៅ​ពញា​យោធា​សង្គ្រាម​ ស្លាប់​ដោយ​មាន​គុណ​បំណាច់​ នឹង ផែន​ដី​នោះ​ផង​។ ខ្ញុំ​ប្របាទ​ទាំង​អស់​គ្នា​ ខំ​ដណ្ដើម​យក​ខ្លួន​ ឱក​ម៉ឺន​សូរិន្ទ​កែវ​ មក​សុំ​ជ្រក​បុណ្យ​អំណាច​ព្រះ​តេជ​គុណ​ សូម​ធ្វើ​រាជ​ការ​ សង​សឹក​បិតា​ ក្នុង​បុណ្យ​ព្រះ​តេជ​គុណ​ត​ទៅ​។​

ចៅពញា ឧទ័យធិរាជ​សួរ​ថា : ចៅ​ពញា​យោធា​សង្គ្រាម​ ដែល​អា​ព្រះ​ស្ដេច កន​ បាញ់​ធ្លាក់​ពី​ក្បាល​ដំរី​នោះ​ ឬ​ ជា​បិតា​របស់​ឯង​។​

ឱក​ម៉ឺន​ឆ្លើយ​ថា​ : បាទ​នុះ​ឯង​ហើយ​ វា​បាញ់​បិតា​ខ្ញុំ​ប្របាទ​ស្លាប់​ ហើយ​វា​ចាប់​យក​ខ្លួន​ខ្ញុំ​ប្រ​បាទ​យក​ទៅ​រាប់​អាន​បញ្ចុះ​បញ្ចូល​ រួច​ក៏​ឲ្យ​ចូល​ទៅ​ធ្វើ​រាជ​ការ​នឹង​វា​។ ឥឡូវ​នេះ​ខ្ញុំ​ប្របាទ​ម្ចាស់​ បាន​រួច​ពី​វា​មក​ហើយ​ ខ្ញុំ​ប្របាទ​ម្ចាស់​ទាំង​អស់​គ្នា​នេះ​ សូម​ផ្ញើ​អាយុ​ជីវិ​ត​ ធ្វើ​រាជ​ការ​ក្នុង​ព្រះ​តេជ​គុណ​ ដើម្បី​គិត​សម្លាប់​ ព្រះ​ស្ដេច​កន​ សង​ឈាម​បិតា​ខ្ញុំ​ប្របាទ​ ឲ្យ​បាន​វិញ​។​

ចៅ​ពញា ឧទ័យ​ធិរាជ​ បាន​ស្ដាប់​ចម្លើយ​ អស់​ទាំង​ពីរ​រយ​នាក់​នោះ​ហើយ​ ឃើញ​ថា​ ឆ្លើយ​ត្រូវ​គ្នា​ទាំង​អស់​ ក៏​អាណិត​វេទនា​ នឹង ទៅ​ដល់​​ចៅពញា​យោធា​សង្គ្រាម​ ដ្បិត​ជា​ភ្នាក់​ងារ​ខ្ញុំ​ព្រះ​រាជ​ការ​ចាស់​ជា​មួយ​គ្នា​ ជឿ​ទុក​ចិត្ត​ថា​ :​ សំដី​បោក​ប្រាស​នេះ​ ជា​សំដី​ពិត​ប្រាកដ​ណាស់​ ទើប​មាន​ប្រសាសន៍​ថា​ ​:

ការណ៍​នេះ​ បើ​អ្នក​ស្លូត​ត្រង់​ ស្មោះ​ចំពោះ​ នឹង ព្រះ​បរម​បពិត្រ​ ជា​ម្ចាស់​មែន​ យើង​ នឹង ជួយ​ទំនុក​បម្រុង​ ក្រាប​បង្គំ​ទូល​ព្រះ​អង្គ​ ឲ្យ​បាន​សេច​ក្ដី​គាប់​ ទៅ​ជា​ខាង​ក្រោយ​ ប៉ុន្តែ​ជាន់​នេះ​ តាម​ច្បាប់​អាជ្ញា​សឹក​ នឹង ខាន​ដាក់​ក្ដី ​នាំ​ខ្លួន​ឯង​ទាំង​អស់​គ្នា​ ទៅ​ថ្វាយ​ព្រះ​អង្គ​ពុំ​បាន​ឡើយ​។​

ចៅ​ពញា​ឧទ័យ​ធិរាជ​ ថា​ហើយ​ក៏​បង្គាប់​ នាយ​កង​នាយ​ទ័ព​ឲ្យ​ដាក់​ឈ្មោះ​ ទាំង​ ២០២​ នាក់​ហើយ​ចាត់​បម្រើ​ឲ្យ​នាំ​ខ្លួន​ទាំង​ ២០២​ នាក់​នោះ​ ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ ព្រះ​បរម​បពិត្រ​ ដែល​ស្ដេច​គង់​នៅ​ ក្នុង​បន្ទាយ​ស្ទឹង​សែន​។​

ទាហាន​ទាំង​ ២០២​នាក់​ បាន​ទៅ​ដល់​ព្រះ​អង្គ​ហើយ​ ក៏​ក្លែង​ធ្វើ​ជា​ក្រាប​យំ​ អណ្ដឺត​អណ្ដក​រអាក់​រអួល​ពន់​ប្រមាណ​។​
សម្ដេច​ព្រះ​ស្រី​សុគន្ធ​បទ​រាជា​ ពេល​នោះ​ ព្រះ​អង្គ​ចេញ​គង់​ ចុង​ព្រះ​រាជ​រោង​រម្យ​ ជួប​ជុំ​អស់​នាម៉ឺន​សេនា​បតី​ មន្ត្រី​តូច​ធំ​ខ្ញុំ​រាជ​ការ​ នៅ​បន្ទាយ​ស្ទឹង​សែន​ លុះ​ព្រះ​អង្គ​ទត​ឃើញ​បម្រើ​ ចៅ​ពញា​ឧទ័យ​ធិរាជ​ ថ្វាយ​សំបុត្រ​ចម្លើយ​ទាហាន​ ទាំង​២០២​នាក់​នោះ​ ទ្រង់​ក៏​ត្រាស់​បង្គាប់​មន្ត្រី​ខាង​ទាហាន​ក្រុម​មឿង​ ទាហាន​រក្សា​ព្រះ​អង្គ ​និង​ ក្រុង​មហា​ផ្ទៃ ​ឲ្យ​ពិចារ​ណា​សួរ​កត់​យក​ចម្លើយ​ ហើយ​ឲ្យ​យក​ទៅ​សូត្រ​រាយ​ការណ៍​ ថ្វាយ​ទ្រង់​ព្រះ​សណ្ដាប់​។ មន្ត្រី​ទាំង​៣​ក្រុម​ ក៏​ធ្វើ​តាម​ព្រះ​រាជ​បង្គាប់​។ លុះ​ឃើញ​ថា​ចម្លើយ​របស់​ទាហាន​ទាំង​ ២០២​នាក់​នោះ​ ត្រូវ​ដូច​ចម្លើយ​ក្នុង​សំបុត្រ​ ចៅ​ពញា​ឧទ័យ​ធិរាជ​ហើយ​ ទ្រង់​ព្រះ​អាសូរ​ ដល់​ចៅ​ពញា​យោធា​សង្គ្រាម​ណាស់​ ទ្រង់​ក៏​ឲ្យ​លើក​ទោស​ដោះ​ក្ដី​ ទាហាន​ទាំង​២០២​នាក់​នោះ​ចេញ​។ ទ្រង់​​ទុក​អ្នក​ទាំង​នោះ​ ជា​មន្ត្រី​ក្នុង​ទាហាន​ រក្សា​ព្រះ​អង្គ​ត​ទៅ​។ បន្ទាប់​មក​ ទ្រង់​ព្រះ​រាជ​ទាន​ប្រាក់​ ឱក​ម៉ឺន​សូរិន្ទ​កែវ​ ៥​ជញ្ជីង​ ឲ្យ​ចៈ​ម៉ឺន​ចែ​ចុង​រ៉ាក់​សោម​ ៤ ជញ្ជីង ឲ្យ​ទាហាន​ទាំង​ ២០​០​នាក់​ ៥​តម្លឹង​ៗ​ម្នាក់​។​

មហា​ឧប​រាជ​កន ភូ​សម្រេច​រាជ​ការ​ មហា​ក្រស័ក្រ​សឹក​ កាល​ ឱក​ម៉ឺន​សូរិន្ទ​កែវ​គ្រង​ងារ​ជា​​យម​រាជ​ រត់​ចេញ​ទៅ​ហើយ​នោះ​ ក៏​លើក​កង​ទ័ព​ទៅ​ចោម​វាយ​ បន្ទាយ​ចៅ​ពញា ​ឧទ័យ​ធិ​រាជ​ យ៉ាង​សាហាវ​។ ចៅ​ពញា ឧទ័យ​ធិរាជ​ ក៏​ឲ្យ​កង​ទ័ព​ទទួល​ត​តាំង​ច្បាំង​ តាំង​ពី​ព្រឹក​លុះ​ដល់​ថ្ងៃ​រសៀល​ ជិត​ព្រលប់​ទើប​ឈប់​។​ កង​ទ័ព​ខាង​ចៅ​ពញា​ឧទ័យ​ធិ​រាជ​ ស្លាប់​អស់​ជា​ច្រើន​។ ចៅ​ពញា​ ឧទ័យ​ធិរាជ​យល់​ថា​ នឹង​ទ្រាំ​ច្បាំង​ត​ទៅ​ទៀត​ពុំ​បាន​ លុះ​វេលា​យប់​ ក៏​នាំ​កង​ទ័ព​ដោះ​ថយ​ទៅ​ស្ទឹង​សែន​ ហើយ​ឲ្យ​រៀប​ព្រះ​ទីនាំង​នាវា​ ទូក​ចំណុះ​ និង​ ទូក​ចម្លង​ ត្រៀម​ទុក​ ដើម្បី​ នឹង អញ្ជើញ​​ព្រះ​បរម​បពិត្រ​ ឲ្យ​ស្ដេច​នាំ​គ្រប់​គ្រួ​ទៅ​គង់​ ទៅ​នៅ​ឯ​ខែ​ត្រ​ពោធិ៍​សាត់​វិញ​។​

នៅ​វេលា​យប់​នោះ​ សម្ដេច​ព្រះ​ស្រី​សុគន្ធ​បទ​ ជា​អម្ចាស់​ផែន​ដី​ ស្ដេច​ចូល​ក្រឡា​ព្រះ​បន្ទំ​ ទ្រង់​សុបិន​និមិត្ត​​ឃើញ​​ថា ​: ព្រះ​អង្គ​ចុះ​ស្រង់​ក្នុង​ទឹក​ស្ទឹង​សែន​ ថា​វេលា​នោះ​មាន​នាគ​រាជ​មួយ​មក​ខាំ​ពាំ​ព្រះ​អង្គ​ ហើយ​ពន្លិច​ព្រះ​អង្គ​ទៅ​ក្នុង​គង្គា​ ឥត​មាន​មន្ត្រី​ណា​ជួយ​ព្រះ​អង្គ​ដល់​ម្នាក់​សោះ​ ថា​ក្នុង​ពេល​នោះ​ស្ដេច​ឃើញ​ ដូច​ជា​សម្ដេច​ព្រះ​វរ​រាជ​បិតា​ មក​ដាស់​ហៅ​ព្រះ​អង្គ​ថា​ ឯង​ទៅ​នៅ​ នឹង អញ​ ថា​ស្ដេច​នាគ​រាជ​នោះ​ កុំ​ឲ្យ​ឯង​ត​ នឹង វា​អី ថា​វា​នោះ​ដល់​កំណត់​ព្រះ​ចន្ទ​ រះ​មក​ពី​ទិស​ខាង​លិច​កាល​ណា​ វា​ក៏​រលាយ​រូប​ទៅ​ក្នុង​កាល​នោះ​ដែរ​។ ទ្រង់​ព្រះ​សុបិន​តែ​ប៉ុណ្ណោះ​ហើយ​ ក៏​តើន​ចាក​ក្រឡា​​​ព្រះ​បន្ទំ​។ លុះ​ដឹង​ព្រះ​អង្គ​ស្រេច​ ស្ដេច​ចេញ​ទៅ​ខាង​ក្រៅ​ ត្រាស់​ហៅ​ព្រះ​បុរោ​ហិត​ និង​ ហោ​រា​មក​ថ្វាយ​ព្យាក​រណ៍​។​ ព្រះ​ហោ​រាធិ​បតី​ ថ្វាយ​ព្យាក​រណ៍​ថា ​:​ ការណ៍​ដែល​ព្រះ​អង្គ​និមិត្ត​ ឃើញ​នាគ​ខាំ​ពាំ​ព្រះ​អង្គ​ នាំ​ទៅ​ក្នុង​ទឹក​ស្ទឹង​សែន​នោះ​ ត្រូវ​ត្រង់​ស្ដេច​កន​ នាំ​អ្នក​ជា​មក​ប្រមាថ​ព្រះ​អង្គ​បាន​។​ ថា​ត្រង់​ដែល​ឃើញ​សម្ដេច​ ព្រះ​វរ​រាជ​បិតា​ មក​ស្រែក​ហៅ​ព្រះ​អង្គ​នោះ​ ទំនាប​ថា​ ព្រះ​អង្គ​គង់​នៅ​ទី​នេះ​ពុំ​បាន​ទេ​។​ ថា​បើ​ ចៅ​ពញា​ឧទ័យ​ធិ​រាជ​ ឲ្យ​រៀប​ព្រះ​ទី​នាំង​ ឲ្យ​ថយ​ទៅ​ខេត្ត​ពោធិ៍​សាត់​នោះ​ ឃើញ​ថា​ត្រូវ​ណាស់​ សូម​ព្រះ​អង្គ​ទ្រង់​ធ្វើ​តាម​ចុះ​។​ ថា​ត្រង់​ដែល​ព្រះ​ចន្ទរះ​មក​ពី​ទិស​ខាង​លិច​ នឹង​រលាយ​រូប​នាគ​នោះ​ ទំនាយ​ថា​ អ្នក​មាន​បុណ្យ​ក្នុង​ព្រះ​ត្រកូល​ នឹង ចេ​ញ​មក​ពី​ទិស​បស្ចិម​ មក​ប្រាម​ប្រាប​ ឲ្យ​រលាយ​ព្រះ​ស្ដេច ​កន​នេះ​ ពុំ​ខាន​ឡើយ​។​

កាល​ដែល​ហោ​រា​ទំនាយ​ថ្វាយ​នោះ​ ត្រូវ​ជា​ថ្ងៃ​ ១៥ ​កើត​ ខែ​ជេស្ឋ​ ឆ្នាំ​វក​ ចត្វា​ស័ក​ ព.ស.២០​៥៦ ​គ.ស. ១៥១២-ម.ស. ១៤៣៤-ច.ស. ៨៧៤។ បើ​គិត​ពី​ត្រឹម​កាល​ដែល​ព្រះ​អង្គ​ ព្រះ​ស្រី​សុ​គន្ធ​បទ​ស្ដេច​សោយ​រាជ​ជា​សុខ​នោះ​ បាន​៥​ឆ្នាំ​ ស្ដេច​ធ្វើ​សង្គ្រាម​បាន​ ៤​ឆ្នាំ បូក​រួម​ទៅ​ត្រូវ​ជា​៩​ ឆ្នាំ​ ព្រះ​ជន្ម​វស្សា​ ៣៤​ឆ្នាំ​។​ ​

ក្នុង​គ្រា​ដែល​ហោរា​ កំ​ពុង​ព្យាក​រណ៍​នោះ​ ឧក​ម៉ឺន​សូ​រិន្ទ​កែវ​ គ្រង​ងា​រ​យម​រាជ​មួយ​ ចៈ​ម៉ឺន​ចែ​ចុង​រ៉ាក់​សោម​មួយ​ នាំ​ទាហាន​ទាំង​ពីរ​រយ​នាក់​ ចូល​ទៅ​ស្រែក​ថា​ មាន​កា​រណ៍​ធំ​ណាស់​ សូម​ក្រាប​បង្គំ​គាល់​។​ ខណៈ​នោះ​ ព្រះ​បរម​បពិត្រ​ ទ្រង់​តើន​ឡើង​ ទើប​តែ​នឹង​គង់​ស្រង់​ព្រះ​អង្គ​ ទាហាន​ទាំង​ពីរ​កាយ​នេះ​ កាប់​ត្រូវ​ព្រះ​អង្គ​ជា​ទម្ងន់​។​ ព្រះ​បរម​បពិត្រ​ទ្រង់​ស្រែក​ហៅ​ក្រុម​រក្សា​ព្រះ​អង្គ​ ឲ្យ​ចូល​មក​ជួយ​ក្រុម​រក្សា​ព្រះ​អង្គ​ស្ទុះ​ចូល​ទៅ​ កូន​ទាហាន​ទាំង​ពីរ​រយ​នាក់​នោះ​ ទទួល​កាប់​ចាក់​គ្នា​ជា​ឧឡា​រិក​ ឮ​សូរ​សន្ធឹក​នេះ​ ដល់​ទៅ​ចៅ​ពញា​យម​រាជ​ ដែល​ជា​បិតា​លៀង​ នៃ​ ចៅ​ពញាយ​សរា​ជា​ ជា​ព្រះ​រាជ​បុត្រ​ តែ​ចៅ​ពញាយ​មរាជ​ លើក​ទៅ​ជួយ​ពុំ​ទាន់​ ព្រះ​បរម​បពិត្រ​ ក៏​សុគត​ទៅ​។ កាល​ព្រះ​បរម​បពិត្រ​ ព្រះ​អង្គ​សុគ​ត​ទៅ​ ចៅ​ពញា​យម​រាជ​ អញ្ជើញ​ចៅ​ពញាយ​ស​រាជា​ លើក​ព្រះ​សព​ព្រះ​បិតា​បញ្ចុះ​នៅ​ទី​សម​គួរ​ហើយ​នាំ​សេនា​ទាហាន​ខ្លះ​ ចេញ​មក​កាប់​អាក្បត់​ស្លាប់​អស់​៣០​នាក់​ ស្លាប់​ខាង​ទ័ពហ្លួង​ជាង​ ១០០​នាក់​។​

ចំណែក​ឯ មហា​ឧបរាជ​កន​វិញ​ កាល​ព្រឹក​ឡើង​ដឹង​ថា​ : ចៅ​ពញា​ ឧទ័យ​ធិ​រាជ​នាំ​កង​ទ័ព​រត់​ចោល​បន្ទាយ​ហើយ​ ក៏​លើក​កង​ទ័ព​ទៅ​ដល់​បន្ទាយ​ទ័ព​ហ្លួង​។ ឯ​ទ័ព​ហ្លួង​ដែល​គ្មាន​មេ​កង​ត្រួត​ត្រា​ ក៏​បែក​ទ័ព​រត់​ខ្ចាត់​ខ្ចាយ​អស់​ទៅ​។ ឯ​ចៅ​ពញា​យម​រាជ​ កាល​ដេញ​កង​ទ័ព​ឱក​ម៉ឺន​សូរិន្ទ​កែវ​ រត់​ខ្ចាត់​ខ្ចាយ​អស់​ហើយ​ ក៏​ចេញ​មក​ទទួល​ច្បាំង​ នឹង ទ័ព​អាស្រូវ​កន​ តែ​ច្បាំង​ពុំ​បាន​ ក៏​នាំ​ចៅ​ពញាយ​ស​រាជា​ ចុះ​ទូក​ចែវ​រត់​ទៅ​។ លុះ​ដល់​ខេត្ត​មហា​នគរ​ហើយ​ ចៅ​ពញា​យម​រាជ​ ក៏​សុំ​យក​ដំរី​សេះ​ ពី​ចៅ​ហ្វាយ​ស្រុក​នោះ​មក​ ដើម្បី​រត់​ទៅ​ក្រុង​ទេព​ (ប្រទេស​សៀម​)​។ ចៅ​ពញា​យម​រាជ​ លុះ​ធ្វើ​ដំណើរ​ដល់​ពាក់​កណ្ដាល​ផ្លូ​វ ក៏​ឈឺ​អនិច្ច​កម្ម​ទៅ​។​ អស់​មុខ​មន្ត្រី​ក្រម​ការ​មហា​តលិក​ រៀប​ដាក់​ស្នែង​បញ្ចុះ​សព​ នៅ​ទី​សម​គួរ​ហើយ​ ក៏​នាំ​គ្នា​អញ្ជើញ​ ចៅ​ពញា​យស​រាជា​ ចូល​ទៅ​ក្រុង​ទេព​។​

នេះ​នឹង​ស្រដី​អំពី​ សម្ដេច​ព្រះ​ឥសី​ភ័ទ្ទ​សួស្តិ៍​ថា​ : កាល​ដែល​បន្ទាយ​សំរោង​សែន​ បែក​ទ័ព​នោះ​សម្ដេច​ព្រះ​ឥសី​ភ័ទ្ទ​ ព្រម​គ្នា​ នឹង ស្ម័គ្រ​បក្ស​ពួក​ អញ្ជើញ​យក​ព្រះ​ខាន់​រតន​មង្គល​ ព្រះ​លំពែង​ជ័យ​ និង គ្រឿង​ព្រះ​បញ្ច​ក្សេត្រ​ ចុះ​ទូក​នាំ​ហែ​ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ​។ នៅ​ទី​នោះ​ គាត់​គិត​ថា​ : បើ​អញ​ទ្រាំ​ទៅ​ឲ្យ​ដល់​ទៅ​ស្រុក​សៀម​ទៅ​ មុខ​ជា​សៀម​មិន​ឲ្យ​អញ​ត្រលប់​មក​វិញ​ទេ​។​ លុះ​គិត​ដូច្នេះ​ហើយ​សម្ដេច​ឥសី​ភ័ទ្ទ​ ក៏​ធ្វើ​ជា​ចូល​ទូក​ ទៅ​បន្ទោ​បង់​ឧច្ចារៈ​ (ដោះ​ទុក្ខ​សត្វ​ធំ​)​ ក្នុង​ព្រៃ​។ លុះ​ទូក​ទីនាំង​ នាំ​ចៅ​ពញា​យស​រាជា​ ហួស​ទៅ​​សម្ដេច​ព្រះ​ឥសី​ភ័ទ្ទ​ គាត់​ក៏​បត់​ក្បាល​ទូក​នោះ​ ចែវ​ត្រឡប់​មក​ត្រើយ​ខាង​លិច​វិញ​ ហើយ​ក៏​ឡើង​គោក​ចោល​ទូក​នោះ​ទៅ​ យក​តែ​ព្រះ​ខាន់​រាជ្យ​ និង​ លំពែង​ជ័យ​ ព្រះ​កៅ​ទណ្ឌ​សរ​ នោះ​ ​ឲ្យ​អាសូរ​ជា​ខ្ញុំ​វេច​ស្ពាយ​ រត់​ទៅ​ដល់​ចុង​ខេត្ត​បាទី​។ (គឺ​ស្រុក​កណ្ដាល​ស្ទឹង​សព្វ​ថ្ងៃ​នេះ​ ព្រោះ​សម័យ​ពី​ដើម​ ស្រុក​កណ្ដាល​ស្ទឹង​ ស្អាង​ សំរោង​ ភ្នំ​ស្រួច​ ភ្នំ​ស្រង់​ គង​ពិសី​ ទាំង​អស់​នេះ​ នៅ​ក្នុង​ខែត្រ​បាទី​ដែរ​)​។ នៅ​ទី​នោះ​ សម្ដេច​ឥសីភ័ទ្ទ​ ក៏​នាំ​គ្នា​នឹង​អាសូរ​ជា​ខ្ញុំ​ ពួន​ពាក់​លាក់​ខ្លួន​ មិន​ឲ្យ​អ្នក​ណា​ដឹង​ឡើយ​។​ ឯ​ព្រះ​ខាន់​រាជ្យ​ នឹង ព្រះ​លំពែង​ជ័យ​ និង​គ្រឿង​ព្រះ​បញ្ច​ក្សេត្រ​នោះ​ សម្ដេច​ឥសី​ភ័ទ្ទ​យក​ទៅ​លាក់​ទុក​ នៅ​ក្នុង​រន្ធ​ នៃ​ ប្រហោង​ដើម​ចំបក់​មួយ​។​

ចំណែក​ឯ​ ចៅ​ពញា​យស​រាជា​ ជា​ព្រះ​រាជ​បុត្រ​ ព្រះ​ស្រី​សុគន្ធ​បទ​នោះ​ ព្រម​ទាំង​បណ្ដា​ជា​ខ្ញុំ​ ក្រុម​មហា​តលិក​ នាំ​ព្រះ​អង្គ​រត់​ទៅ​ដល់​ស្រុក​សៀម​ហើយ​ ក៏​ចូល​ទៅ​នៅ​ នឹង សម្ដេច​ចៅ​ពញា​ចន្ទ​រាជា​ ជា​ព្រះ​បិតុលា​ ហើយ​ថ្វាយ​បង្គំ​យំ​ខ្សឹក​ខ្សួល​ ទូល​ពី​រឿង​ដែល​អា​ (កន) ព្រះ​ស្ដេច​គិត​ប្រទូស​រ៉ាយ ក្លែង​ឧបាយ​ក្បត់​ផែន​ដី​។​ ទ្រង់​ថ្លែង​សេច​ក្ដី​ ពី​សម្ដេច​ព្រះ​វរ​រាជ​បិតា​ ក្ស័យ​ព្រះ​ជន្ម​​នៅ​ស្ទឹង​សែន​ សព្វ​គ្រប់​ប្រការ​។​

សម្ដេច​ព្រះ​បរម​រាជា​ មហា​ឧប​រាជ​ ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​មាន​សេច​ក្ដី​អា​ល័យ​ សម្ដេច​ព្រះ​ជេដ្ឋា​ណាស់​។​ ទ្រង់​នឹក​តូច​ព្រះ​ទ័យ​នឹង​ការ​ចាញ់​ឧបាយ​កល​អា​ (កន)​ ព្រះ​ស្ដេច​ ដែល​វា​ចេញ​ក្បត់​ផែន​ដី​ ទាល់​តែ​អន្តរាយ​ដល់​ព្រះ​អង្គ​ព្រះ​ជេដ្ឋា​។​ ស្ដេច​ទ្រង់​ព្រះ​កន្សែង​ទាំង​ពីរ​អង្គ​ ទាំង​មុខ​មន្ត្រី​ក៏​សោក​យំ​គ្រប់​គ្នា​។ លុះ​បន្ទោ​សោក​ស្រេច​ សម្ដេច​ព្រះ​បរម​រាជា​ មហា​ឧប​រាជ​ ស្ដេច​នាំ​ចៅ​ពញា​យស​រាជ​ ចូល​គាល់​សម្ដេច​ព្រះ​មហា​ចក្រ​ពត្តិ​ "ស្ដេច​សៀម​"​ ទូល​រឿង​សព្វ​គ្រប់​ហើយ​ ទូល​ពី​សម្ដេច​ព្រះ​រៀម​​សុគត​គ្រប់​ប្រការ​ រួច​ទូល​សុំ​កង​ទ័ព​លើក​ទៅ​ចាប់​អា ​(កន)​ ព្រះ​ស្ដេច ប្រហារ​ជីវិត​ឲ្យ​បាន​។​

ព្រះ​មហា​ចក្រ​ពត្តិ​ ទ្រង់​ប្រារព្ធ​ នឹង ក្រស័ត្រ​ទាំង​ពីរ​ព្រះ​អង្គ​ ហាក់​ដូច​ជា​ឈឺ​ឆ្អាល​ណាស់​ ថា​ចាំ​យើង​ចាត់​សេនា​ទាហាន​ ឲ្យ​លើក​ទៅ​ជួយ​បង្ក្រាប​ អាក្បត់​នោះ​ឲ្យ​វិនាស​ឆាប់​ៗ​ កុំ​បី​ក្មួយ​ កុំបី​ចៅ​ព្រួយ​ព្រះ​ទ័យ​ឡើយ​។​

រី​ឯ​ មហា​ឧប​រាជ​ កន​ ភូ​ស​ម្រេច​រាជ​កា​រ​ មហា​ក្រស័ត្រ​សឹក​ កាល​បាន​ជ័យ​ជំនះ​ឈ្នះ​ ព្រះ​មហា​ក្សត្រ​ហើយ​ ក៏​ទ្រើស​ចិត្ត​ពន់​ប្រមាណ​ណាស់​ ហើយ​ឲ្យ​សម្ដេច​ចៅ​ហ្វា​កៅ​ ត្រូវ​ជា​មា​ និង នាយ​កង​នាយ​ទ័ព​ លើក​ទៅ​សង្កត់​ខែត្រ​ ឲ្យ​រាប​ទាប​ទាំង​អស់​ គឺ​ខាង​ជើង​ទល់​នឹង​នគរ​លាវ​ ខាង​លិច​ទល់​នឹង​នគរ​ចាម​​ខាង​ត្បូង​ទល់​នឹង​សមុទ្រ​។ លុះ​សង្កត់​ខែត្រ​បាន​រាប​ទាប​ហើយ​ ចៅ​ហ្វា​កៅ​ ក៏​តាំង​ចៅ​ហ្វាយ​ស្រុក​ ឲ្យ​នៅ​រក្សា​ខែត្រ​យ៉ាង​មាំ​មួន​ រួច​ទើប​ត្រឡប់​មក​រក​ មហា​ឧប​រាជ​កន​វិញ​។​

មហា​ឧប​រាជ​ ភូ​សម្រេច​ការ​រាជ​ការ​ មហា​ក្រស័ត្រ​សឹក​ បាន​ដឹង​ថា អាណា​ខែត្រ​រាប​ទាប​អស់​ហើយ​ ក៏​មាន​ចិត្ត​ត្រេក​អរ​ណាស់​ ទើប​ឲ្យ​លើក​កង​ទ័ព​ត្រឡប់​មក​ក្រុង​ស្រី​សន្ធរ​វិញ​។ មហា​ឧប​រាជ​លុះ​ចូល​ទៅ​ក្នុង​ព្រះ​រាជ​វាំង​ហើយ​ ក៏​តាំង​សម្ដេច​ចៅ​ហ្វា​កៅ​ជា​មា​ឲ្យ​ជា​ធំ ​សម្រេច​រាជ​ការ​ខាង​ទាហាន​។​ ​

ក្រៅ​ពី​នោះ​ តាំង​ឲ្យ​ជា​ សេនា​បតី​ មន្ត្រី​ធំ​តូច​ តាម​មាន​គុណ​បំណាច់​រាល់​រូប​។ លុះ​រៀប​ចំ​សេនា​បតី​រួច​ស្រេច​ហើយ​ មហា​ឧប​រាជ​​កន​​ ក៏​ប្រកាស​ថា ​:​ បើ​អ្នក​ណា​រក​ព្រះ​ខាន់​រាជ្យ​មក​ថ្វាយ​បាន​ មហា​ឧប​រាជ នឹង ឲ្យ​រង្វាន់​ ជា​មាស ៥០០ ​តម្លឹង​ តែ​រក​ពុំ​ឃើញ​សោះ​។​ ស្ដេច​កន​ ឲ្យ​ធ្វើ​ព្រះ​ខាន់​ថ្មី​ វិចិត្រ​ រចនា​ដោយ​សុវណ្ណ​រតន៍​ រួច​ស្រេច​ហើយ​ សម្ដេច​ចៅ​ហ្វា​កៅ​ និង​ អស់​សេនា​បតី​មន្ត្រី​តូច​ធំ​ ខ្ញុំ​ព្រះ​រាជ​ការ​ជំនុំ​ព្រម​គ្នា​ រៀប​ចំ​ពិធី​ ប្រាប្ដា​ភិសេ​ក​ មហា​ឧប​រាជ​ ឲ្យ​ឡើង​សោយ​រាជ​សម្បត្តិ​ គ្រប់​គ្រង​ក្រុង​កម្ពុ​ជា​ធិបតី​ ត​ទៅ​។​

តទៅលេខ ១១