ថ្ងៃសៅរ៍ ទី10.កុម្ភៈ 2018.ម៉ោង 8:21
ផែនដីព្រះសុគន្ធបទ(ត)

សម្ដេច​ព្រះ​ស្រី​សុគន្ធ​បទ​រាជា​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ កាល​សម្ដេច​ព្រះ​អនុជ​ថ្វាយ​បង្គំ​លា​ទៅ​ហើយ​ ក្រោយ​នោះ​ ទ្រង់​ព្រះ​តំរិះ​យល់​ថា​ :​ ព្រះ​រូប​របស់​អញ​ ​អញ​ក៏​បាន​សាង​ទុក​ជា​ព្រះ​កេរ្តិ៍​ ជា​ព្រះ​យស​រួច​ហើយ​ ខាង​រាជ​ការ​ទៀត​ ត្រើយ​ខាង​កើត​មាន​ខ្លួន​អញ​ជា​អ្នក​ត្រួត​ត្រា​រក្សា​មាំ​មួន​ហើយ​ត្រើយ​ខាង​លិច​ អញ​ក៏​បាន​ចាត់​ សម្ដេច​ព្រះ​អនុជ​ចន្ទរា​ជា​ធិរាជ​ ឲ្យ​ទៅ​ត្រួត​ត្រា​មាំ​មួន​ជ្រះ​ស្រឡះ​ហើយ​ដែរ​។ នៅ​ឡើយ​តែ​វង្ស​អ្នក​ព្រះ​ស្នំ​ឯក​ ដែល​ជាប់​ក្នុង​ពល​ព្រះ​ស្រី​រតន​ត្រ័យ​ មិន​ទាន់​បាន​គិត​នឹង​លោះ​ដោះ​សារ​ដូច​ម្ដេច​ឲ្យ​បាន​ស្រឡះ​ទាំង​មាតា​បិតា​ ទាំង​អ្នក​ព្រះ​ស្នំ​ឯក​ផង​នោះ​សោះ​​។ លុះ​ទ្រង់​ព្រះ​ចិន្តា​តែ​ម៉្លោះ​ហើយ​ ព្រះ​បរម​បពិត្រ​ ស្ដេច​​ចេញ​គង់​ចង់​ព្រះ​រាជ​រោង​រម ជួប​ជុំ​ព្រះ​រាជ​វង្សា​ ព្រាហ្មណ៍​ព្រឹទ្ធា​ចារ្យ​ សេនា​បតី​ មន្ត្រី​តូច​ធំ​ ខ្ញុំ​រាជ​ការ​ទាំង​អស់​ ទើប​ទ្រង់​ត្រាស់​ប្រឹក្សា​ដូច​ ទ្រង់​គិត​គ្រប់​ប្រការ​នោះ​។​

ព្រះ​រាជ​វង្សា​ សេនា​បតី​ មន្ត្រី​ទាំង​ប៉ុន្មាន​ ព្រម​គ្នា​ក្រាប​ទូល​ថា​ : ពល​ទាំង​នេះ​ ព្រះ​មហា​ក្សត្រ​អំពី​បុរាណ​ ទ្រង់​បាន​ឧទ្ទិស​ថាន​ ថ្វាយ​ទៅ​ព្រះ​ស្រី​រតន​ត្រ័យ​ ទ្រង់​សច្ចា​ថា​ឲ្យ​គ្រប់​៥០០០​ ព្រះ​វស្សា​ទើប​មនុស្ស​អាច​ដោះ​សារ​ចេញ​ឲ្យ​រួច​បាន​។ ប្រសិន​បើ​ទ្រង់​ដោះ​សារ​ ក្នុង​ពេល​ឥឡូវ​នេះ​ទៅ​ រឿង​នេះ​គឺ​ហាក់​ដូច​ជា​ពុំ​ឈឺ​ឆ្អាល​ នឹង​ព្រះ​ស្រី​រតន​ត្រ័យ​។​ ប្រការ​នេះ​ទោះ​បី​ នឹង យក​មាស​ប៉ុន​រូប​បុរ​ស ​ដែល​ជា​ពល​នេះ​មួយ​រយ​ ឬ​ មួយ​ពាន់​ដង​ទៅ​សុំ​សោះ​ដោះ​សារ​ អំពី​ព្រះ​ស្រី​រតន​ត្រ័យ​នោះ​ ក៏​ពុំ​បាន​ដែរ​ ដ្បិត​ព្រះ​ស្រី​រតន​ត្រ័យ​នេះ​ ព្រះ​អង្គ​ពុំ​ប្រាថ្នា​ចំពោះ​ ត្រេក​ត្រង់​តំលៃ​នោះ​សោះ​ឡើយ​។​

ព្រះ​បាទ​បរម​នាថ​ បរម​ពិត្រ​ ទ្រង់​ព្រះ​សណ្ដាប់​ មន្ត្រី​ក្រាប​បង្គំ​ទូល​គ្រប់​ប្រកា​រហើយ​ ទ្រង់​ចូល​ព្រះ​ទ័យ​សព្វ​គ្រប់​ទាំង​អស់​ ហើយ​ស្ដេច​ចូល​ទៅ​ខាង​ក្នុង​វិញ​។​

លុះ​ក្រោយ​នោះ​ព្រះ​ម៉ែ​នាង​ កេ​សរ​បុប្ផា​ ព្រះ​ស្នំ​ឯក​ កើត​រោគា​ជា​ទម្ងន់​។ ពេទ្យ​ហ្ម​ច្រក​ថ្នាំ​ប៉ុន្មាន​ ក៏​មិន​បាន​ស្រាក​ស្រាន្ត​សោះ​ឡើយ​។ ព្រះ​អង្គ​ទ្រង់​ព្រួយ​ព្រះ​ទ័យ​ណាស់​ ទើប​ទ្រង់​ឧទ្ទិស​ថាន​ថា : សូម​ឲ្យ​តែ​ព្រះ​ម្នាង​ កេសរ​បុប្ផា​ សះ​ជា​ចុះ​ ព្រះ​អង្គ​នឹង​សាង​ព្រះ​វិហារ​ថ្វាយ​ ហើយ​ព្រះ​អង្គ​នឹង​ឲ្យ​ខ្លួន​អ្នក​ព្រះ​ម្នាង​កេសរ​បុប្ផា ​ព្រះ​ស្នំ​ឯក​ទៅ​ ជម្រះ​ស្មៅ​ព្រះ​អារាម​រាល់​ថ្ងៃ​សីល​។​ ទ្រង់​បួង​សួង​ត​មក​ ៧​ ថ្ងៃ ជំងឺ​នោះ​បាន​សះ​ស្បើយ​ជា​ ដូច​ព្រះ​ហ​ឫទ័យ​។ ព្រះ​អង្គ​ស្ដេច​មាន​ព្រះ​អំណរ​ណាស់​ ទ្រង់​ត្រាស់​ឲ្យ​សាង​ព្រះ​វិហារ​មួយ​ជា​ព្រះ​អារាម​ហ្លួង​។​ អ្នក​ព្រះ​មាតា​បិតា​ ក៏​ធ្វើ​បុណ្យ​ឆ្លង​តាម​ព្រះ​ពុទ្ធា​នុញ្ញាត​រួច​ស្រេច​ ស្ដេច​ត្រាស់​បង្គាប់​ ភ្នាក់​ងារ​ព្រះ​សន្ធិយា​ (1) ឲ្យ​យក​វាំង​នន​ ទៅ​បាំង​ជួរ​ស្នួ​ទាំង​សង​ខាង​ផ្លូវ​ តាំង​ពី​ព្រះ​រាជ​វាំង​រៀង​ទៅ​ដល់​វត្ត​នោះ​។​ ទ្រង់​ត្រាស់​បញ្ញត្ត​លើ​ចាស់​ទុំ​ អករ៍​យាយ​ថា ​: បើ​ដល់​ថ្ងៃ​ឧបោសថ​​កាល​ណា ​ឲ្យ​នាំ​អ្នក​ ព្រះ​ស្នំឯក​ ទៅ​ជម្រះ​ស្មៅ​ព្រះ​វិហារ​នោះ​ ឲ្យ​រាល់​ថ្ងៃ​សីល​ កុំ​ឲ្យ​ខាន​ឡើយ​។ តែ​ធ្វើ​ដូច្នេះ​លុះ​កន្លង​មក​ជា​យូរ​អង្វែង​ វាំង​នន​ក៏​ចេះ​តែ​ដាច់​ដាច​ទៅ​ជា​រឿយ​ៗ​ នឹង តាំង​ដេរ​ធ្វើ​ជា​ថ្មី​ឡើង​វិញ​ ក៏​គ្មាន​ប្រយោជន៍​ប៉ុន្មាន​។ ខណៈ​នោះ​ ព្រះ​បរម​បពិត្រ​ ស្ដេច​ត្រាស់​បង្គាប់​ឲ្យ​មន្ត្រី​ក្រុម​វាំង​ រក​កូន​ឈើ​ឫស្សី​ព្រេច​មក​ដាំ​ជា​របង​ ជា​កំពែង​ទ័ព​ទាយ​រាយ​រៀប​ ដាក់​ឲ្យ​ជិត​គ្នា​ ជា​របាំង​វាំង​នន​ ជា​ស្នួ​មិន​ឲ្យ​មនុស្ស​មើល​ពី​ក្រៅ​ទៅ​ឃើញ​ អស់​អ្នក​អស់​នាង​នោះ​ឡើយ​។ អាស្រ័យ​ហេតុ​នោះ​ហើយ​បាន​ជា​កាល​ជា​អនាគត​រៀង​មក​ខ្លះ​ហៅ​ វត្ត​ម៉ែ​បាន​ ខ្លះ​ហៅ​ វត្ត​ព្រែ​បាំង​ព្រោះ​ចូល​ចិត្ត​តាម​ហេតុ​ ដែល​ខ្លួន​ដឹង​ទី​ទៃ​ៗ​គ្នា​។​

ក្រោយ​ពី​នោះ​មក​ អ្នក​ព្រះ​ស្នំ​ឯក​ មាន​ព្រះ​រាជ​បុត្រា​មួយ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ចៅ​ពញា​យស​រាជា​ ជា​ព្រះ​រាជ​ឱរសា​ធិរាជ​ នៃ​ព្រះ​បរម​បពិត្រ​ អ្នក​ជា​ម្ចាស់​ជីវិត​លើ​ត្បូង​។​

ចំណែក​ឯ​ អ្នក​ឧក​ស្នេហា​ចម​ចិត្ត​ ដែល​ត្រូវ​ជា​ប្អូន​ អ្នក​ព្រះ​ស្នំ​ឯក​នេះ​ ព្រះ​បរម​ពិត្រ​ ចង់​តាំង​ឲ្យ​ជា​មន្ត្រី​ធំ​ ស្ដី​រាជ​ការ​ថ្វាយ​ ប៉ុន្តែ​ព្រះ​អង្គ​ទើស​ទាស់​ នឹង មាតា​នៃ​ឧក​ស្នេហា​ចម​ចិត្ត​នោះ​ ជាប់​ជា​ពល​ព្រះ​ ក្រែង​ខ្ញុំ​រាជ​ការ​ផង​ទាំង​ពួង​ គេ នឹង និន្ទា​ព្រះ​អង្គ​ ព្រះ​អង្គ​នឹង​ខូច​កិត្តិយស​ជា​មិន​ខាន​។ ដូច្នេះ​ ព្រះ​បរម​បពិត្រ​ ស្ដេច​ទ្រង់​ប្រទាន​ងារ​ ដល់​អ្នក​ឧក​ស្នេហា​ចម​ចិត្ត​ ជា​ឃុន​ហ្លួង​ព្រះ​ស្ដេច​ សមុហ​សេនា​បតី​វិញ​។​ ក្នុង​មុខ​ងារ​នេះ​ ឃុន​លួង​ព្រះ​ស្ដេច​ ត្រូវ​មាន​ជំទប់​ ៤ ​នាក់ ដែល​មាន​ងារ​គឺ​ ឃុន​នរេន្ទ្រ​រាជ​បញ្ញោ​១​ ឃុន​មនោ​រាជ​បញ្ញា១​ ឃុន​ធម្មធារា​១ ឃុន​បញ្ញា​ធិ​រាជ​១​។ ឃុន​ហ្លួង​ព្រះ​ស្ដេច​ ក្នុង​មុខ​ងារ​ថ្មី​នេះ​ មាន​អំណាច​ឲ្យ​ស្រដី​ត្រួត​ត្រា​ មើល​ពល​បម្រើ​ព្រះ​ស្រី​រតន​ត្រ័យ​ទាំង​អស់​ តែ​ព្រះ​បរម​បពិត្រ​ ស្ដេច​ពុំ​ទាន់​បាន​ប្រទាន​សក្ដិ​ ដូច​មន្ត្រី​ទាំង​ពួង​ឡើយ​។​ ឃុន​ហ្លួង​ព្រះ​ស្ដេច​ មាន​ព្រះ​រាជ​អាជ្ញា​ ឲ្យ​ផ្ដន្ទា​យក​ទោស​មនុស្ស​ពាលា​ពាលោ​មោហ៍​បិទ​ ចិត្ត​អក​តញ្ញូ និង បង្ខូច​បង្ខុស​ព្រះ​ស្រី​រតន​ត្រ័យ​ ល្មើស​បុរាណ​រាជ​ប្រវេ​ណី ​ចាស់​ព្រឹទ្ធា​ចារ្យ​ផង​ទាំង​ពួង​។​

កាល​នោះ ព្រះ​រាជ​សីមា​​អាណា​ចក្រ​​នៅ​ជា​សុខ​ក្សេម​ក្សាន្ត​ ឥត​មាន​ភ័យ​អន្ត​រាយ​អ្វី​មក​បៀត​បៀន​ឡើយ​។ អស់​មន្ត្រី​ សេដ្ឋី​ ពាណិជ​​កុះ​ករ​ ប្រកប​មុខ​របរ​រៀង​មក​ ជា​សុខ​គ្រប់​ៗ​គ្នា​។​ ឃុន​ហ្លួង​ព្រះ​ស្ដេច​ ក៏​មាន​កេរ្តិ៍​ឈ្មោះ អស់​ខ្ញុំ​រាជ​ការ​ក៏​កោត​ក្រែង​ណាស់​ ម៉្លោះ​ហើយ​ ឃុន​ហ្លួង​ព្រះ​ស្ដេច​ ក៏​កម្រើក​ចិត្ត​ព្រ​ហើន​ អាង​ខ្លួន​ជា​ប្អូន​ព្រះ​ស្នំ​ឯក​ ជា​មា​ព្រះ​រាជ​ឱរសា​ធិ​រាជ​ផង​ ពុំ​កោត​ក្រែង​មន្ត្រី​ចាស់​ទុំ​ឡើយ​។​

លុះ​ដល់​មក​ឆ្នាំ​រោង​ សំរឹទ្ធិ​ស័ក​ ព.ស. ២០៥២-គ.ស. ១៥០៨-ម.ស. ១៤៣០-ច.ស.៨៧០ ក្នុង​ខែ​ចេត្រ​ ចូល​មហា​សង្ក្រាន្ត​ នៅ​ថ្ងៃ​នក្ខត្ត​ឫក្ស​នោះ​ អស់​មហា​ជន​ សឹង​ជួប​ជុំ​ធ្វើ​បុណ្យ​ សក្ការៈ​បូជា​ទាំង​ទេព​និករ​អមរ​មេឃ​ សូម​មង្គល​សួស្ដី​ ចូល​ឆ្នាំ​ថ្មី​ត​ទៅ​។​ ខណៈ​នោះ​ ទ្រង់​ព្រះ​ករុណា​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​អង្គ​ធ្វើ​សក្ការ​បូជា​ ថ្វាយ​ព្រះ​ស្រី​រតន​ត្រ័យ​ សព្វ​ទេព​ទិស​ទស​ស្រេច​ហើយ​ ស្ដេច​ចូល​ក្រឡា​ព្រះ​បន្ទំ​ បរម​សេយ្យាសន៍​ (ឬសយ្យាសន៍​ ប្រែ​ជា​ទី​ដេក​ ឬ ទី​ងងុយ​) ជា​សុខ​ស្កល់​។​

កាល​ដែល​ នឹង កើត​ជា​ហេតុ​ធំ​ ក្នុង​ព្រះ​នគរ​នោះ​ ទ្រង់​ព្រះ​សុបិន​និមិត្ត​ឃើញ​ថា​ : មាន​នាគ​មួយ​ធំ​មាន​ឫទ្ធិ​មហិមា​ មក​ដេញ​ព្រះ​អង្គ​ និង​ មនុស្ស​ម្នា​ ឲ្យ​រត់​ចេញ​អស់​ពី​ព្រះ​រាជ​វាំង​ ហើយ​ព្រួស​ពិស​ជា​ភ្លើង​ឆេះ​ដាល​ពេញ​ទាំង​ព្រះ​មហា​នគរ​។ អំណាច​ភ្លើង​នោះ​ ក្ដៅ​ពន់​ប្រមាណ​ណាស់​ ឃើញ​ហាក់​ដូច​ជា​នាគ​នោះ​ ស្ទុះ​ចូល​មក​ខាំ​ពាំ​ស្វេត​ច្ឆ័ត្រ​ នាំ​ទៅ​កាន់​ទិស​បូព៌​។​ លុះ​ល្មម​ព្រឹក​ឡើង​ ព្រាង​ស្វាង​ព្រះ​សុរិយា​ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​អង្គ​តើន​ចាក​ព្រះ​សេយ្យាសន៍​ស្រេច​ ស្ដេច​ព្រួយ​ព្រះ​ទ័យ​ នឹង ​ព្រះ​សុបិន​ប្លែក​នោះ​ ពន់​ប្រមាណ​ណាស់​។​ លុះ​ស្ដេច​ស្រង់​ ទ្រង់​គ្រឿង​ស្រេច​ ស្ដេច​ចេញ​ព្រះ​រាជ​រោង​រម​ គង់​លើ​ព្រះ​សុវណ្ណ​ទែន​ទិព្វ​អាសនា​។​ សម្ដេច​ព្រះ​អនុជ​ ចន្ទរា​ជា​ធិ​រាជ​ និង​ សម្ដេច​ឱរសា​ធិ​រាជ​ព្រម​ដោយ​ព្រះ​បរម​វង្សា​ ព្រាហ្មណ៍​ព្រឹទ្ធា​ចារ្យ​ សេនា​បតី​ មន្ត្រី​តូច​ធំ​ គាល់​គ្រប់​តំណែង​ ថ្វាយ​ទៀន​ធូប​មាលា​ជា​ទី​តប​ស្នង​ឆ្លង​ព្រះ​តេជ​គុណ​ តាម​ព្រះ​រាជ​ប្រវេ​ណី​។​ ក្នុង​វេលា​នោះ​ គ្រប់​គ្នា​ទាំង​អស់​ ទាំង​ខ្ញុំ​ព្រះ​រាជ​ការ​ក្នុង​ ទាំង​ខ្ញុំ​ព្រះ​រាជ​ការ​ក្រៅ​ មក​ថ្វាយ​ទៀន​ធូប​មាលា​ ពុំ​មាន​សេស​សល់​ដល់​ម្នាក់​ឡើយ​។​

ព្រះ​បាទ​បរម​បពិត្រ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ មាន​ព្រះ​រាជ​បន្ទូល​សូរ​សីហ​នាថ​ព្រះ​រាជ​ទាន​ ព្រះ​ពរ​សុន្ទរ​រាជ​មង្គល​ស្រេច​ហើយ​ ស្ដេច​ទត​ព្រះ​នេត្រ​ទៅ​ អស់​ព្រះ​បរម​វង្សា​ និង​ ខ្ញុំ​រាជ​ការ​ រៀង​ទៅ​ដល់​ឃុន​លួង​ព្រះ​ស្ដេច​ធិបតី​។ ខណៈ​នោះ​ ស្ដេច​ទត​ឃើញ​ មាន​តួ​នាគ​ពីរ​ ព័ទ្ធ​ព័ន្ធ​លើ​ឃុន​លួង​ព្រះ​ស្ដេច​ហើយ​ងើប​ក្បាល​ឆ្វេង​ស្ដាំ​ ទន្ទឹម​គ្នា​ នឹង សិរសា​​ឃុន​លួង​ព្រះ​ស្ដេច​កន​។​ រូន​នាគ​នោះ​ ដូច​នាគ​ដែល​ព្រះ​អង្គ​ទ្រង់​ព្រះ​សុបិន​និមិត្ត​។ កិរិយា​នាគ​នោះ​ ហាក់​ដូច​ជា​នឹង​ស្ទុះ​ទៅ​ខាំ​ព្រះ​អង្គ​ ព្រះ​អង្គ​ទ្រង់​ភ្ញាក់​ព្រះ​ទ័យ​ត្រាស់​ឲ្យ​មន្ត្រី​មើល​ មន្ត្រី​មើល​ពុំ​ឃើញ​ តាម​ព្រះ​រាជ​បញ្ជា​សោះ​។​ ដូច្នោះ​ហើយ​ ព្រះ​អង្គ​ទ្រង់​ព្រួយ​ព្រះ​ទ័យ​ណាស់​។​

ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ ចៅ​ពញាម​នោ​មេត្រី​ ចៅ​ហ្វាយ​ស្រុក​បាត់​ដំបង​ បាន​បក​សំបុត្រ​ប្ដឹង​មក​ថា​ : ព្រះ​ទឹក​សម្រាប់​ព្រះ​មហា​ក្សត្រ​ ដែល​នៅ​ក្នុង​គុហា​ភ្នំ​បាណន់​នោះ​ ចេញ​ជា​ឈាម​ដាល​ក្រហម​ដូច​ទឹក​ល័ខ​។​ ព្រះ​ចៅ​អធិការ​ វត្ត​ព្រះ​វិហារ​សួគ៌​ ក៏​មាន​សង្ឃ​ដី​កា​បក​ចូល​មក​ថា​ :​ ព្រះ​ជ្រែ​ប្រផ្នូល​នោះ​ បាក់​មែក​ចេញ​ជា​ឈាម​។​ ថា​ព្រះ​ឥសូរ​ព្រះ​នា​រាយណ៍​ ប្រេះ​ព្រះ​ឱរា​ ចេញ​ជា​ឈាម​ដែរ​។​ ព្រះ​រាជ​គ្រូ​បុរោ​ហិត​ ក៏​ថ្វាយ​សេច​ក្ដី​ថា ​:​ ព្រះ​ខាន់​ជ័យ​មង្គល​នោះ​មាន​ស្នឹម​ច្រាល​ក្រហម​ពី​ត្រី​សូល៍​ ដល់​គល់​។ ចៅ​ហ្វាយ​ស្រុក​ពោធិ៍​សាត់​ បក​សំបុត្រ​ប្ដឹង​មក​ថា​ :​ ព្រះ​កាំ​បិត​ស្ដាំ ​រង្គោះ​ផ្លែ​ពី​ដង​។ ថា​មាន​ផែះ​នៅ​ក្នុង​ស្រោម​កាំបិត​នោះ​។ ចៅ​ហ្វាយ​ស្រុក​បាភ្នំ​ បក​​សំបុត្រ​ចូល​ម​កថា​ ព្រះ​ពុទ្ធ​រូប​ក្នុង​ទី​បាភ្នំ​ ហូរ​ទឹក​នេត្រ​មក​ជា​ឈាម​​ក្រហម​ដូច​ល័ខ​។​

ព្រះ​បរម​បពិត្រ​ ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ​ ទ្រង់​ព្រួយ​ព្រះ​ទ័យ​ណាស់​។​
លុះ​ផុត​វេលា​ ក្រាប​បង្គំ​គាល់​ហើយ​ ព្រះ​អនុជ​ អង្គ​ចន្ទ​រាជា​ធិបតី​ ស្ដេច​យាង​ត្រឡប់​ទៅ​ភ្នំ​ពេញ​វិញ​។​ ខ្ញុំ​រាជ​ការ​ទាំង​ពួង​ ក៏​ថ្វាយ​បង្គំ​លា​ទៅ​ផ្ទះ​ទី​ទៃ​ៗ​រៀង​ខ្លួន​។​ ឯ​ព្រះ​បរម​បពិត្រ​ ព្រះ​អង្គ​ចូល​ទៅ​ដល់​រតន​បល័ង្ក​ តាំង​ប្រថាប់​នៅ​មុខ​ស្វេត្រ​ច្ឆ័ត្រ​ទើប​ត្រាស់​ព្រះ​ឥសី​ភ័ទ្ទ​ មហា​រាជ​គ្រូ ​និង​ រាជ​ហោ​រា​ធិបតី​ឲ្យ​ចូល​ទៅ​គាល់​ខាង​ក្នុង​ទី​ស្ងាត់​។​ ខណៈ​នោះ​ ទ្រង់​ប្រឹក្សា​កា​រណ៍​ថា ​:​ ការ​ផែន​ដី​ពេល​នេះ​ មាន​ហេតុ​គ្រប់​ប្រការ​ ដូច្នេះ​អស់​អ្នក​យល់​ថា​ដូច​ម្ដេច​?​

សម្ដេច​ព្រះ​ឥសី​ភ័ន្ទ​ យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​ថា​ :​
ព្រះ​ខាន់​ជ័យ​មង្គល​ ដែល​មាន​ហេតុ​ស្នឹម​​ដល់​គល់​យ៉ាង​នេះ​ តាម​សម្ដេច​ព្រះ​ឥន្ទ្រា​ធិ​រាជ​ទ្រង់​ទំនាយ​ទុក​នោះ​ថា​ មុខ​ជា​នឹង​កើត​ហេតុ​ធំ​ពុំ​ខាន​ឡើយ​។​
ព្រះ​រាជ​ហោ​រាធិបតី យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​ថា ​:​
តាម​ហេតុ​នេះ​ ផែន​ដី​ កើត​កោលា​ហល​ដល់​អស្ចារ្យ​។ ផែន​ដី​ នឹង មាន​ព្រះ​គ្រោះ​កាច​ខ្លាំង​ណាស់​។​
លុះ​ទ្រង់​ព្រះ​សណ្ដាប់​ទំនាយ​ឥសី​ភ័ទ្ទ​ និង ហោរា​សព្វ​គ្រប់​ហើយ​ ទើប​ព្រះ​អង្គ​ត្រាស់​សួរ​ទៀត​ថា​:​
"រាជ​សត្រូវ​នោះ​ មក​ពី​ក្នុង​ ឬ​ ក្រៅ​ក្រុង​ ឲ្យ​គន់​គូរ​ត​ទៅ​ទៀត​មើល​?​"​
ហោរា​ តាំង​លេខ​តំរា​ គន់​គូរ​បូក​ហត្ថ​ទៅ​ទៀត​ ដឹង​ច្បាស់​ក្នុង​តំរា​ហើយ​ក្រាប​ទូល​ថា ​: " រាជ​សត្រូវ​នោះ​ នៅ​ក្នុង​ព្រះ​នគរ​"​។ វា​កើត​ឆ្នាំ​រោង​ ពង្ស​នាគ​។ ទំនាយ​នេះ​ ឃើញ​ចំពោះ​ ត្រូវ​ត្រង់​ខ្លួន​ឃុន​ហ្លួង​ព្រះ​ស្ដេច​កន​ ដ្បិត​ជតា​រាសី​របស់​វា​កំពុង​ឡើង​ខ្លាំង​ណាស់​។​ ទំនាយ​ថា​ បើ​កើត​កលិ​យុគ​ម្ដង​នេះ​ គឺ​កើត​មក​ពី​ឃុន​ហ្លួង​​ព្រះ​ស្ដេច​កន​នេះ​​ឯង​ ព្រោះ​វា​កើត​ឆ្នាំ​នាគ​។​ នាគ​ដើម​ឆ្នាំ​នេះ​ កំពុង​ក្លា​ហាន​ណាស់​ សូម​ទ្រង់​ជ្រាប​។ សូម​ព្រះ​អង្គ​ ស្ដេច​កុំ​ប្រ​ហែស​ព្រះ​អង្គ​ឡើយ​។​
ព្រះ​បរម​បពិត្រ​ បាន​ទ្រង់​ជ្រាប​ទំនាយ​​ត្រូវ​ នឹង ​ហេតុ​និមិត្ត​ ដែល​ព្រះ​អង្គ​យល់​ឃើញ​គ្រប់​ប្រការ​ហើយ​ ទ្រង់​ស្លុត​ក្នុង​ព្រះ​រាជ​ហ​ឫទ័យ​ណាស់​ ទើប​ត្រាស់​ថា​ :​

អញ​ក៏​ឃើញ​ពិត​ ដូច​ហោ​រា​ឯង​ទាយ​ដែរ​ តែ​បើ​ នឹង ចាប់​វា​យក​ទៅ​ប្រហារ​ជីវិត​តែ​ម្ដង​ វា​ឥត​ខុស​ឥត​ទោស នឹង អញ​សោះ​។​ ការ​ធ្វើ​យ៉ាង​នេះ​ មុខ​ជា​នឹង​មាន​ពាក្យ​គេ​និន្ទា​ជា​មិន​ខាន​។​ មួយ​វិញ​ទៀត​បង​វា​ក៏​ជា​ព្រះ​ស្នំ​ឯក​មាន​ទាំង​ព្រះ​រាជ​បុត្រ​ផង​។​ បើ​បង​វា​ដឹង​ ក្រែង​ នឹង ញុះ​ញង់​កូន​វា​ ឲ្យ​ចេញ​ជា​សត្រូវ​នឹង​អញ​។ អញ​ នឹង កើត​សត្រូវ​ចម្បាំង​ព្រោះ​កូន​ឯង​ នាំ​ឲ្យ​លំបាក​រាស្ត្រ​។ អញ​គិត​យល់​ឧបាយ​កល​ម្យ៉ាង​យ៉ាង​នេះ​ គឺ​ថា​ ដល់​វេ​លា​ព្រឹក​នេះ​ យើង​ក្លែង​ទៅ​បង់​សំណាញ់​ ហើយ​ក្លែង​ធ្វើ​ជា​សំណាញ់​ជាប់​គល់​ រួច​ហើយ​បង្គាប់​ឲ្យ​វា​មុជ​ចុះ​ទៅ​ដោះ​។ លុះ​វា​មុជ​ទៅ​ក្នុង​ទឹក​ហើយ​ យើង​ព្រួត​គ្នា​បង់​សំណាញ់​គ្រប​ឲ្យ​ជាប់​ទាំង​ដៃ​ទាំង​ជើង​ វា​នឹង​ឡើង​ក៏​មិន​រួ​ច​ ហែល​ក៏​មិន​បាន​។ វា​គង់​តែ​ស្លាប់​ដោយ​ងាយ​ តែ​កាល​ណា​វា​បាត់​ខ្លួន​ទៅ​ សេច​ក្ដី​ដែល​ នឹង កើត​ពាក្យ​និន្ទា​នោះ​ក៏​គ្មាន​ដែរ​។ តើ​អ្នក​រាល់​គ្នា​ យល់​ដូច​ម្ដេច​?​ ព្រះ​ឥសី​ភ័ទ្ទ​ និង​ រាជ​ហោរា​ ឆ្លើយ​ថា​ យល់​តាម​ ព្រះ​រាជ​បរិ​ហារ​គ្រប់​គ្នា​។​

ឯ​ព្រះ​ម្នាង​កេស​រ​បុប្ផា​ ព្រះ​ស្នំ​ឯក​ កាល​ស្ដេច​កំពុង​ប្រជុំ​មន្ត្រី​ ប្រឹក្សា​ការ​ផែន​ដី​នោះ​ លប​ស្ដាប់​ផ្ទាប់​ខាង​ឡប់​ឡែ​ តែ​ឮ​ពុំ​ច្បាស់​។ អ្នក​ព្រះ​ម្នាង​ ឮ​ តែ​ចុង​ពាក្យ​ថា​ : ឲ្យ​ព្រះ​ស្ដេច​កន​មុជ​ទឹក​ ហើយ​ឲ្យ​បង់​សំណាញ់​គ្រប​ឲ្យ​ស្លាប់​ តែ​ប៉ុណ្ណោះ​ ថា​ខុស​ពី​ហេតុ​អ្វី​ក៏​ពុំ​ដឹង​។ លុះ​លប​ស្ដាប់​បាន​ប៉ុណ្ណេះ​ហើយ​ ក៏​លប​វិល​ទៅ​ដំណាក់​ខ្លួន​វិញ​។​

ឯ​មុខ​មន្ត្រី​ ដែល​ចូល​ជំនុំ​រាជ​កា​រ​នោះ​ លុះ​ទៅ​ដល់​មុខ​ព្រះ​លាន​ក្រៅ​ហើយ​ ក៏​បង្គាប់​ឲ្យ​ត្រៀម​ព្រះ​រាជ​យាន​ និង​ ព្រះ​ទីនាំង​នាវា​ សម្រាប់​គង់​​ប្រពាត​មច្ឆា​។​ អស់​ខ្ញុំ​រាជ​ការ​ទាំង​ពួង​ តម្រូវ​ឲ្យ​មាន​សំណាញ់​មួយ​ ទូក​មួយ​។​ សំណាញ់​មួយ​ម្នាក់​ ប្រចាំ​ហែ​ស្ដេច​ទៅ​ប្រពាត​មច្ឆា​ក្នុង​បឹង​ ថ្ងៃ​ព្រឹ​ក​ស្អែក​នោះ​។​ មន្ត្រី​គ្រប់​ក្រុម​ខ្ញុំ​ព្រះ​រាជ​ការ​ ក៏​ទទួល​តាម​បង្គាប់​ ព្រៀង​ព្រម​ស្ដេច​ រង់​ចាំ​នៅតាម​តំណែង​ព្រះ​រាជ​ការ​។​

លុះ​ព្រឹក​ព្រាង​ស្វាង​ស្រេច​ ស្ដេច​គង់​ព្រះ​រាជ​យាន​ នាំ​អស់​រាជ​ការ​ខាង​ក្នុង​ក្រៅ​ ហែ​ចុះ​ព្រះ​ទី​នាំង​តូច​ សម្រាប់​ទ្រង់​សំណាញ់​នោះ​។​ ពួក​ពល​ក៏​តាំង​ស្រែក​ហ៊ោ​គឹក​កង​ ឆ្លង​ទៅ​ដល់​ទំនាប​មាន​ម្លប់​ព្រឹក្សា​ទើប​ស្ដេច​ត្រាស់​ឲ្យ​ឈប់​តាំង​គ្រឿង​សោយ​ ហើយ​ឲ្យ​រៀប​លៀង​ភោជ​នាហារ​ អស់​ខ្ញុំ​ព្រះ​រាជ​ការ​ទាំង​ក្នុង​ទាំង​ក្រៅ​ ពុំ​រើស​មុខ​ ជា​សុខ​សប្បាយ​រាល់​គ្នា​។​

តែ​អ្នក​ព្រះ​ស្នំ​ឯក​ ដែល​បាន​ដឹង​សេច​ក្ដី​ នៃ​ការ​ជំនុំ​ប្រឹក្សា​រាជ​ការ​នោះ​មាន​ចិត្ត​ថប់​​បារម្ភ​ នឹង ប្អូន​ពុំ​ស្រាក​ស្រាន្ត​សោះ​។​ កាល​ព្រះ​បរម​បពិត្រ​ ស្ដេច​ឲ្យ​អស់​ខ្ញុំ​រាជ​ការ​ទទួល​លៀង​ភោជ​នាហារ​នោះ​ព្រះ​ស្នំ​ឯក​បង្គាប់​ថា​ ឲ្យ​ថយ​ទូក​ទៅ​ទី​ស្ងាត់​រួច​ សឹម​បរិ​ភោគ​គ្រប់​គ្នា​។​ លុះ​ទូក​ថយ​ទៅ​ដល់​ទី​ស្ងាត់​ហើយ​ ព្រះ​ស្នំ​ឯក​ ក៏​តាំង​សរ​សេរ​ជា​អក្សរ​ រាយ​សេច​ក្ដី​តាម​ហេតុ​ស្រេច​ដាក់​ក្នុង​កញ្ចប់​បាយ​ ហើយ​ឲ្យ​ទាសី​ម្នាក់​យក​ទៅ​ឲ្យ​ឃុន​លួង​ ព្រះ​ស្ដេច​ជា​ប្អូន​។ ឃុន​លួង​ព្រះ​ស្ដេច​ធិបតី​ កាល​ឃើញ​កញ្ចប់​បាយ​នោះ​ហើយ​ ក៏​គិត​ថា ​:​ បង​អញ​ពុំ​ដែល​ឲ្យ​បាយ​កញ្ចប់​ដូច្នេះ​សោះ​។​​ បង​ធ្លាប់​ឲ្យ​តែ​នឹង​តុ​នឹង​ថាស​។ ម្ដង​នេះ​បង​ឲ្យ​យ៉ាង​ដូច្នេះ​ គួរ​ឲ្យ​សង្ស័យ​ណាស់​។​ លុះ​គិត​ដូច្នេះ​ ក៏​កាន់​បាយ​កញ្ចប់​នោះ​ទៅ​ជ្រក​ក្នុង​ព្រៃ​ស៊ុំ​ទ្រុំ​។​ លុះ​យល់​ថា​ស្ងាត់​ហើយ​ឃុន​លួង​ព្រះ​ស្ដេច​ ក៏​លា​កញ្ចប់​បាយ​នោះ​មើល​ ហើយ​ឃើញ​កំណត់​មួយ​ច្បាប់​មាន​សេច​ក្ដី​ថា​ "ឲ្យ​ប្អូន​ប្រយ័ត្ន​ឲ្យ​មែន​ទែន​ គេ​នឹង​សម្លាប់​ហើយ​។​ បើ​ហ្លួង​ប្រើ​ឲ្យ​​មុជ​​ទឹក​ ឲ្យ​ប្អូន​ចេញ​រត់​ទៅ​ឲ្យ​ឆ្ងាយ​ កុំ​ត្រឡប់​មក​វិញ​ឡើយ​"​ ឃុន​លួង​ព្រះ​ស្ដេច​ធិបតី​ ដឹង​ជាក់​សេច​ក្ដី​ហើយ​ ធ្លាក់​ថ្លើម​ក្ដុក​ភ័យ​ណាស់​ ចាប់​ដី​ដាក់​លើ​ក្បាល​ ប្រណម្យ​ដៃ​ទាំង​ពីរ​ ហើយ​តាំង​សច្ចា​ថា ​:​ "ខ្លួន​ខ្ញុំ​នេះ​ សុច​រិត​ពិត​ត្រង់​ណាស់​ ឥត​មាន​បើ​ទាស់​ខុស​នឹង​អ្នក​ណា​សោះ​ឡើយ​។ ដូច្នេះ​ សូម​គុណ​បុណ្យ​លោក​ជួយ​ខ្ញុំ​ ឲ្យ​ខ្ញុំ​បាន​គង់​ជីវិត​ក្នុង​គ្រា​នេះ​ ខ្ញុំ​តាំង​ទី​ថ្ងៃ​នេះ​ទៅ​ ប្រាកដ​ជា​អស់​ទីពឹង​ហើយ​។​

លុះ​សច្ចា​ចប់​ហើយ​ ក៏​ត្រឡប់​មក​ទី​ប្រជុំ​មន្ត្រី​វិញ​។ ខណៈ​នោះ​ ព្រះ​បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ កាល​សោយ​ស្រេច​ហើយ​ ស្ដេច​ចុះ​គង់​ព្រះ​ទីនាំង​ សម្រាប់​បង់​សំណាញ់​ អស់​ខ្ញុំ​រាជ​ការ​ ក៏​ចាប់​បង់​សំណាញ់​ លយ​តាម​ជល​ធី​ហែ​ទៅ​។ តែ​ឃុន​ហ្លួង​ព្រះ​ស្ដេច​ធិប​តី​ ក៏​ចុះ​ទូក​តូច​ តាម​ហែ​ទៅ​ជិត​ព្រះ​ទី​នាំង​ដែរ​ អ្នក​ខាង​ក្នុង​ និង​ ជំទាវ​នាង​ឃុន​ណាង​ ចាស់​ទុំ​ប្រជុំ​គ្នា​នៅ​លើ​គោក​ មើល​លួង​ទ្រង់​សំណាញ់​ និង​ អស់​ខ្ញុំ​រាជ​ការ​ធំ​តូច​បង់​សំណាញ់​។ អ្នក​ទាំង​អស់​ បង់​ទំនង​ល្អ​អាក្រក់​ផ្សេង​ៗ​គ្នា​ ខ្លះ​បាន​ត្រី​ធំ​ ខ្លះ​បាន​ត្រី​តូច​ ខ្លះ​បាន​មែក​ឈើ ​ខ្លះពាន​ទៅ​លើ​​ត្រឹប​ ចឿន​ចក​ អស់​អ្នក​អស់​នាង​ជំទាវ​ឃុន​ណាង​ ដែល​នៅ​លើ​គោក​នោះ​ ក៏​ស្ដី​ចំអន់​ចំអក​ សើច​ឡើង​តែ​សព្វ​ខ្លួន​។​

ចំណែក​ឯ​ព្រះ​បរម​បពិត្រ​ ជា​អម្ចាស់​ជីវិត​ ព្រះ​អង្គ​ទ្រង់​បង់​សំណាញ់​ពាក់​ត្រូវ​មច្ឆា​ត​រៀង​ៗ​ទៅ​។​ លុះ​ដល់​អន្លង់​មួយ​អន្លើ​ ជ្រៅ​ក្រៃ​លែង​ជាង​អន្លង់​ទាំង​ពួង​ មាន​ឫស​ឈើ​ក៏​ច្រើន​ ទើប​មន្ត្រី​ម្នាក់​ បង់​សំណាញ់​ចុះ​ទៅ​ក្នុង​ទី​នោះ​ ហើយ​ក្លែង​ថា​ :​ ជាប់​សំណាញ់​ហើយ​។​ ហើយ​​ក្រាប​ទូល​ថា ​:​ ត្រង់​នេះ​ត្រី​ច្រើន​ណាស់​ ទូល​ព្រះ​បង្គំ​បង់​ត្រូវ​ទាញ​ លើក​ឡើង​ពុំ​រួច​សោះ​។​ ខណៈ​នោះ​ ព្រះ​បរម​បពិត្រ​ ទ្រង់​ព្រះ​សណ្ដាប់​ ទ្រង់​ជ្រាប​កល​ឧបាយ​ដូច្នេះ​ហើយ​ ទើប​ទ្រង់​ត្រាស់​បង្គាប់​ ឲ្យ​ប្រមូល​ទូក​សំណាញ់​ មក​ព័ទ្ធ​ទី​នោះ​ ហើយ​ទ្រង់​គ្រ​វែង​សំណាញ់​សម្រាប់​ព្រះហត្ថា​ ចុះ​ទៅ​ក្នុង​ព្រះ​គង្គា​ ជា​មួយ​នឹង​មន្ត្រី​ដែល​បង់​មុន​នោះ​។​​ ខណៈ​នោះ​ទ្រង់​បង្គាប់​ថា​ :​ អា​កន​ឯង​ លោត​ចុះ​ទៅ​ដោះ​សំណាញ់​ឲ្យ​អញ​មួយ​រំពេច​។​

ឃុន​លួង​ព្រះ​ស្ដេច​ធិបតី​ ថ្វាយ​បង្គំ​លោត​ចុះ​ទៅ​ក្នុង​ទឹក​ ចាប់​រាម​ (រាម​គឺ​រនាម​)​ ក្រាប​រាប​ទៅ​នៅ​បាត​បឹង​នោះ​។ ទូក​មន្ត្រី​ជាង​ពីរ​រយ​ ចូល​​ព្រួត​ប្រឹង​ បង់​គ្រប​ប្រកិត​ ច្រើន​ត្រួត​ច្រើន​ជាន់​ ដោយ​គិត​ថា​ឲ្យ​ស្លាប់​ កុំ​ឲ្យ​ហែល​រត់​ចេញ​ អំពី​ទី​នោះ​រួច​។​

ឃុន​លួង​ព្រះ​ស្ដេច​ធិបតី​ កន​ កាល​មុជ​ចុះ​ទៅ​ក្នុង​ទឹក​នោះ​ ភ័យ​ណាស់​ គិត​អ្វី​​ក៏​ពុំ​ឃើញ​ លុះ​ដល់​បាត​ដី​ហើយ​ គាត់​ឮ​ស័ព្ទ​សូរ​សំណាញ់​ បង់​គ្រាំ​គ្រេង​ខ្វែង​ខ្វាត់​ គឹក​កង​រំពង​ ទឹក​ពី​លើ​ខ្លាំង​ណាស់​ ក៏​ដក​ដង្ហើម​ធំ​ថប់​គិត​ថា ​:​ អញ​មុខ​ជា​នឹង​ស្លាប់​ប្រាកដ​ណាស់​ម្ដង​នេះ​។ សំណាញ់​ទាំង​ពួង ​ក៏​កាន់​តែ​រួប​រឹត​ជិត​មក​ហើយ​ តែ​ដោយ​ហេតុ​ថា​ ជា​តេជៈ​កុសល​ដែល​គាត់​បាន​សាង​ ក៏​បណ្ដាល​ឲ្យ​មាន​នាគ​រាជ​មួយ​មក​ព័ទ្ធ​កណ្ដាល​ខ្លួន​ នាំ​ហែល​រត់​យ៉ាង​រហ័ស​ ផុត​ពី​សំណាញ់​ រួច​អំពី​ចំណោម​ ហើយ​ហែល​បណ្ដោយ​បឹង​ទៅ​ទិស​ខាង​ជើង​ រួច​ហើយ​នាគ​នោះ​ ក៏​ភៀស​កាយ​បាត់​ទៅ​។​ ឃុន​លួង​ព្រះ​ស្ដេច​ធិបតី​ ក៏​ផុស​លោត​​ឡើង​ ដើរ​បន្លុយ​ក្នុង​ទឹក​ទៅ​។ ​ហេតុ​តែ​ជា​បុណ្យ​ឲ្យ​បាន​សោយ​រាជ្យ​ ពេល​នោះ​ទើប​មាន​សត្វ​ទា​ព្រៃ ​ហើរ​ពី​លើ​ខ្មួល​ខ្មៅ ​ហើយ​ចុះ​ទៅ​ទុំ​លើ​ក្បាល​ឃុន​លួង​ព្រះ​ស្ដេច​ ប្រមាណ​ជាង​ពីរ​ឱប​មើល​ពី​ឆ្ងាយ​ទៅ​ ដូច​ជា​គល់​ឈើ ​បាំង​បាត់​ខ្លួន​ព្រះ​ស្ដេច​។​ ព្រះ​ស្ដេច​ខំ​បន្លុយ​ខ្លួន​ក្នុង​ទឹក​ រត់​ដោះ​ទៅ​ជ្រក​ពួន​ក្នុង​ត្រឹប​ច្រើន​មួយ​អន្លើ ​ទម្រាំ​យប់​ នឹង រត់​ត​ទៅ​ទៀត​។​ អាស្រ័យ​ហេតុ​នេះ​ហើយ​ បាន​ជា​បឹង​នោះ​ មាន​ឈ្មោះ​ហៅ​ថា​ : បឹង​ទា ​យូរ​មក​ហៅ​ថា ​បឹង​ទទា​វិញ​ ទី​បំផុត​ប្រែ​ក្លាយ​ជា​បឹង​ទទង​ លុះ​ដល់​សព្វ​ថ្ងៃ​នេះ​។​

សម្ដេច​ព្រះ​បរម​បពិត្រ​ លុះ​បាត់​ព្រះ​ស្ដេច​កន​ យូរ​ពេក​ ទ្រង់​ឲ្យ​ស្រាវ​សំណាញ់​ឡើង​ តែ​ស្រាវ​មក​ពុំ​ឃើញ​ខ្លួន​ព្រះ​ស្ដេច​កន​ សោះ​។​ ស្ដេច​ឲ្យ​យក​ច្បូក​ សម​ ចាក់​រក​គ្រប់​រាម​ ក៏​ពុំឃើ​ញ​ទៀត​។ ទ្រង់​មិន​អស់​ព្រះ​ទ័យ​សោះ​ ទើប​ទ្រង់​ឲ្យ​មនុស្ស​ពូកែ​មុជ​ទឹក​ ឲ្យ​មុជ​ចុះ​រក​ទៀត​ក៏​ពុំ​ឃើញ​។​ ស្ដេច​រឹង​ព្រួយ​ព្រះ​ទ័យ​ណាស់​ ទ្រង់​ត្រាស់​ថា​ ​: "អា​នេះ​រត់​រួច​ទៅ​ ដូច​ជា​ខ្លា​រួច​ពី​ទ្រុង​ វា​គង់​នឹង​ត្រឡប់​មក​សង​សឹក​វិញ​ពុំ​ខាន​ឡើយ​"​។​

ចៅ​ពញា​យម​រាជ​ ចៅ​ពញា​វង្សា​អគ្គ​រាជ​ ក្រាប​ទូល​ថា​ ​:​
ចំពោះ​ស្ថាន​ការ​ណ៍​ដូច្នេះ​ សូម​ព្រះ​អង្គ​កុំ​ព្រួយ​ព្រះ​រាជ​ហ​ឫទ័យ​។ ទូល​ព្រះ​បង្គំ​ទាំង​ពីរ​នាក់​ នឹង តាក់​តែង​ទាហាន​ ឲ្យ​ចាប់​ខ្លួន​ឃុន​ហ្លួង​ព្រះ​ស្ដេច​ថ្វាយ​ ស្នង​ព្រះ​តេជៈ​គុណ​ឲ្យ​បាន​ ថា​ហើយ​ ក៏​ថ្វាយ​បង្គំ​លា​ ចេញ​ទៅ​ចាត់​ទាហាន​ ស្រាល​​ឲ្យ​ទៅ​ល្បាត​ក្រ​វែល​ ចាំ​រក​ចាប់​ខ្លួន​​ឃុន​ហ្លួង​ព្រះ​ស្ដេច​​កន ជុំវិញបឹង។ សម្ដេច​ព្រះ​បរម​បពិត្រ​ ទ្រង់​គិត​មក​នេះ​ ពុំ​បាន​សម្រេច​ដូច​ព្រះ​ចិន្តា​ ទ្រង់​ពុំ​ស្បើយ​ព្រះ​វិតក្ក​សោះ ​ទើប​ស្ដេច​ត្រឡប់​ចូល​ក្នុង​ព្រះ​បរម​រាជ​វាំង​វិញ​ ហើយ​ស្ដេច​ក៏​រឹត​ទ្រង់​ព្រះ​វិតក្ក​ណាស់​ទៅ​ទៀត​។​

ចំណែក​ឯ ឃុន​ហ្លួង​ព្រះ​ស្ដេច​ធិបតី​កន​​វិញ​ កាល​ខំ​រត់​ឡើង​អំពី​បឹង​ហើយ​ ក៏​ខំ​ដើរ​ទាំង​យប់​ទាំង​អធ្រាត្រ​ ឥត​ឈប់​ឈរ​។​ លុះ​ដើរ​មក​បាន​បន្តិច​ ក៏​ជួប​នឹង​មនុស្ស​ល្បាត​។​ មនុស្ស​ល្បាត​ ឃើញ​ឃុន​ហ្លួង​ព្រះ​ស្ដេច​កន​​ហើយ​​ ក៏​ដេញ​ភ្លាម​ឥត​បង្អង់​។ ឃុន​ហ្លួង​ព្រះ​ស្ដេច​កន​ រត់​ជ្រក​ពួន​តាម​គុម្ព​ព្រៃ​ ចេញ​ផុត​ពី​ចំណោម​ទៅ​ ក៏​ទៅ​ប្រទះ​នឹង​មនុស្ស​ម្នាក់​ទៀត​កាន់​ដាវ​វែង​។​ មនុស្ស​នេះ​ឃើញ​ហើយ​ ក៏ស្រែក​ថា​ ​:​

នែ លោក​ព្រះ​ស្ដេច​ទៅ​ណា​ ហ្លួង​ត្រាស់​ឲ្យ​ចូល​ទៅ​គាល់​។
​ ព្រះ​ស្ដេច​កន​ ឮ​ហើយ​ភ័យ​ស្លុត​ រត់​ទៅ​ជល់​ នឹង ដង្គត់​ឫស្សី​ក៏​ដួល​ចុះ​។​ នាយ​ល្បាត​ម្នាក់​នោះ​ដេញ​ទៅ​ទាន់​ ងា​ដាវ​ទៅ​កាប់​ ត្រឡប់​ជា​ឃើញ​នាគ​មួយ​ធំ​ បើក​ពពា​ដេញ​មក​។​ នាយ​ភ័យ​ណាស់​ធ្លាក់​ដាវ​ពី​ដៃ​ ដួល​ចុះ​ទៅ​នៅ​ទី​នោះ​។ ព្រះ​ស្ដេច​​កន​យល់​បាន​កា​រណ៍​ហើយ​ក៏​ស្ទុះ​កន្ត្រាក់​យក​ដាវ​បាន​ហើយ​កាប់​ចៅ​នោះ​ ស្លាប់​នៅ​នឹង​កន្លែង​។​ ព្រះ​ស្ដេច​កន​ បាន​ដាវ​នោះ​ រត់​ទៅ​ដល់​វត្ត​សម្ដេច​ព្រះ​សង្ឃ​រាជ​ "សង្ឃ​សត្ថា"​ តាម​ដំណើរ​។​ សម្ដេច​មាន​ថេរ​វាចា​ថា ​:​
បា កុំ​នៅ​ក្នុង​ទី​នេះ​ឡើយ​ បា​ នឹង មាន​រាជ​ភ័យ​ជា​មិន​ខាន​។ បើ​បា​ឯង​ចង់​ឲ្យ​រួច​ភ័យ​ ចូរ​បា​រត់​ទៅ​ទិស​បូព៌​ចុះ​ តែ​៣​ឆ្នាំ​ បា​នឹង​បាន​ជា​ធំ​ពុំ​ខាន​ឡើយ​។​

ព្រះ​ស្ដេច​កន​ បាន​ឮ​ទំនាយ​គ្រូ​ហើយ​ ត្រេក​អរ​ណាស់​ ក៏​ថ្វាយ​បង្គំ​លា​ទៅ​ដល់​ក្រៅ​វត្ត​។​ នៅ​ទី​នោះ ​ព្រះ​ស្ដេច​កន​ បាន​ប្រទះ​នឹង​ទាស​កម្មករ​របស់​ខ្លួន​ ដែល​បិតា​មាតា​ឲ្យ​មក​រក​លោក​ចាប់​យាម​ឲ្យ​។​​ ព្រះ​ស្ដេច​កន​​ត្រេក​អរ​ណាស់​ ក៏​ប្រើ​ឲ្យ​ទៅ​យក​ធ្នូ​ព្រួញ​ សម្រាប់​ខ្លួន​នៅ​ឯ​ផ្ទះ​នោះ​ ហើយ​ប្រមូល​បាវ​ព្រាវ​ សន្មត​ឲ្យ​មក​ជួប​ជុំ​ នៅ​ព្រៃ​ថ្ម​ដា​។​ ឯ​ខ្លួន​ក៏​រត់​ទៅ​ពួន​ នៅ​ប្រប​ភូមិ​ថ្មដា​នោះ​ ចាំ​អស់​បាវ​ព្រាវ​ និង ស្ម័គ្រ​ប័ក្ស​ពួក​។​ ទាស​កម្មករ​នោះ​ លុះ​ទៅ​ដល់​ផ្ទះ​វិញ​ហើយ​ ក៏​ជម្រាប​អ្នក​បិតា​ពិ​ជ័យ​នាគ ​និង អ្នក​មាតា​ម៉ែ​បាន​​ថា ​ទៅ​ជួប​នឹង​លោក​ព្រះ​ស្ដេច​ហើយ​។​ លោក​សុខ​សប្បាយ​ទេ​។​ លោក​ប្រើ​ខ្ញុំ​បាទ​ឲ្យ​ត្រឡប់​មក​យក​ធ្នូ ​សម្រាប់​កាន់​នោះ​ទៅ​ជូន​លោក​វិញ​។​ មាតា​បិតា​ទាំង​ពីរ​នាក់​បាន​កូន​នៅ​រស់​ទេ​ ក៏​មាន​ចិត្ត​ត្រេក​អរ​ណាស់​ យក​ធ្នូ​នោះ​ប្រគល់​ឲ្យ​ទៅ​ទាស​កម្មករ​ជា​បម្រើ​។​ បំរើ​ទាំង​នោះ​ ក៏​ប្រមូល​បាវ​ព្រាវ​ស្ម័គ្រ​ប័ក្ស​ពួក​ បាន​ប្រមាណ​ ៥០​នាក់​ ហើយ​ក៏​រត់​ត្រឡប់​មក​ជួប​ នឹង ព្រះ​ស្ដេច​កន​វិញ​។ ព្រះ​ស្ដេច​កន​នាំ​ស្ម័គ្រ​ប័ក្ស​ពួក​ទាំង​នោះ​រត់​ទៅ​ដល់​ស្រុក​បា​ភ្នំ​។ វេលា​ព្រ​លប់​ហើយ​ ទាំង​អស់​គ្នា​ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​ផ្ទះ​ចៅ​ហ្វាយ​ស្រុក​។​ ព្រះ​ស្ដេច​កន​ ឃើញ​ចៅ​ហ្វាយ​ស្រុក​កំពុង​ស្ដី​ការ​រាជ​ការ​ យល់​ប្រហែល​ខ្លួន​ ទើប​ស្ដេច​កន​ក្លែង​ស្រែក​ថា​ : មាន​ព្រះ​រាជ​ឱង្ការ​ ឲ្យ​អញ​មក​ប្រហារ​ជីវិត​ឯង​ ដ្បិត​ឯង​ក្បត់ ចូល នឹង ចៅ​ពញា​ចន្ទ​រាជា​។​ ថា​ហើយ​ កន​ក៏​ស្ទុះ​ទៅ​កាប់​ចៅ​ហ្វាយ​ស្រុក​ ដល់​អនិច្ច​កម្ម​ទៅ​។​ អស់​ក្រម​ការ​ រាស្ត្រ​ប្រជា​ ក៏​ភ្ញាក់​ផ្អើល​ឆោ​ឡោ​អឹង​កង​ ទើប​ព្រះស្ដេច​កន​ ឧបាយ​ស្រដី​ថា​ ​:

"ហ្លួង​ទ្រង់​ជ្រាប​ថា​" ចៅ​ហ្វាយ​ស្រុក​នេះ​ ក្បត់​ចូល​ នឹង ចៅ​ពញា​ចន្ទ​រាជា​ ដើម្បី​នឹង​ដណ្ដើម​រាជ្យ​។ ហេតុ​នោះ​ហើយ​ បាន​ជា​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​អញ​ចេញ​មក​សម្លាប់​។ បើ​អញ​សម្លាប់​បាន​ហើយ​ ឲ្យ​កេណ្ឌ​ទ័ព​ នាំ​ចូល​ទៅ​លើក​ចៅ​ពញា​យស​រាជា​ ជា​ព្រះ​រាជ​ឱរស​ ដែល​ត្រូវ​ជា​ក្មួយ​អញ​​ឲ្យ​ឡើង​សោយ​រាជ្យ​។​ អស់​អ្នក​រាល់​គ្នា​ដែល​ឥត​ទោស​ កុំ​គិត​វឹក​វរ​បារម្ភ​ឡើយ​។ ចូល​អ្នក​នាំ​គ្នា​យក​អាសា​ ថ្វាយ​ព្រះ​ករុណា​វិញ​ទើប​ជា​។ បើ​បាន​សម្រេច​ការណ៍​ថ្ងៃ​ណា ​នោះ​ពល​ (2) នឹង​ឲ្យ​រួច​ជា​ព្រៃ​ងារ​(3) ព្រៃ​ងារ​ នឹង ឲ្យ​ឡើង​ជា​មន្ត្រី​ ហើយ​មន្ត្រី​ នឹង ឲ្យ​ជា​នា​ម៉ឺន​ធំ​ តាម​មាន​គុណ​បំណាច់​តិច​ច្រើន​។ ឯ​អស់​ក្រម​ការ​ ប្រជា​រាស្ត្រ​បាន​​ឮ ឃុន​លួង​ព្រះ​ស្ដេច​កន​ និយាយ​បោក​ប្រាស់​ដូច្នោះ​ ក៏​ជឿ​ចិត្ត​ចុះ​ចូល​ទាំង​អស់​។​ ព្រះ​ស្ដេច​កន​ចែក​ចាត់​ជា​មេ​កង​ មេ​ទ័ព​ ទៅ​កេណ្ឌ​ពល​ហើយ​ឲ្យ​ចេញ​ទៅ​សង្កត់​ស្រុក​តូច​ធំ​ រៀង​មក​ដល់​ខេត្ត​ព្រៃ​វែង​ជា​មុន​ បណ្ដាល​ឲ្យ​ចៅ​ហ្វាយ​ស្រុក​ទាំង​នោះ​ ជឿ​ស្ដាប់​ទៅ​ទើប​បាន​ខែត្រ​ព្រៃ​វែង​នោះ​ និង​ ខែត្រ​ឯ​ទៀត​ជា​ច្រើន​ជា​ចំណុះ​។​

ឯ​កង​ល្បាត​របស់​ពញា​យម​រាជ​ និង​ វង្សា​អគ្គ​រាជ​ យល់​មនុស្ស​ម្នាក់​ស្លាប់​ ក៏​ដឹង​ថា ព្រះ​ស្ដេច​កន​សម្លាប់​ តែ​ពុំ​ដឹង​ជា​រត់​ទៅ​ទិស​ណា​។ លុះ​ស៊ើប​តាម​រាស្ត្រ​ប្រជា​ទៅ​ ទើប​ដឹង​ជាក់​ ជា​រត់​ទៅ​តាំង​ខ្លួន​ឯ​ស្រុក​បាភ្នំ​។ ទាហាន​ របស់​ពញា​យម​រាជ​ និង វង្សា​អគ្គ​រាជ​ គិត​គ្នា​ថា​ នឹង​លើក​ទ័ព​តាម​ទៅ​ចាប់​ព្រះ​ស្ដេច​កន​ តែ​រាស្ត្រ​ទាំង​នោះ​ឃាត់​ថា​ នឹង​ទៅ​ជា​ល្បាត​ដូច្នេះ​ពុំ​បាន​ទេ​ ដ្បិត​ព្រះ​ស្ដេច​កន​ សង្កត់​បាន​តាំង​ពី​ខេត្ត​តូច​ធំ​ ចុះ​ចូល​ជា​ច្រើន​មាន​កង​ទ័ព​រាប់​ម៉ឺន​រាប់​ពាន់​ទៅ​ហើយ​។ ឯ​នាយ​កង​ល្បាត​ ស្ដាប់​បាន​ដំណឹង​ជាក់​ហើយ​ ក៏​នាំ​គ្នា​យក​សេច​ក្ដី​នោះ​ ចូល​ទៅ​ប្ដឹង​ចៅ​ពញា​យម​រាជ​ និង​ ចៅ​ពញា​វង្សា​អគ្គ​រាជ​ ជា​សេនា​បតី​។ សេនា​បតី​ទាំង​ពីរ​នេះ​យក​សេច​ក្ដី​នោះ​នាំ​ឡើង​ក្រាប​បង្គំ​ទូល​ថា ​:​ សូម​ទ្រង់​ត្រាស់​បង្គាប់​លើ​ព្រះ​ពិជ័យ​នាគ​ ឲ្យ​ធ្វើ​សំបុត្រ​ប្រាប់​ប្រាម​ទៅ​កូន​ ឲ្យ​ចូល​មក​គាល់​។ បើ​កូន​ពុំ​ចូល​មក​ទេ​ សឹម​យើង​លើក​ទ័ព​ធំ​ទៅ​ចាប់​ព្រះ​ស្ដេច​កន​ ព្រះ​ស្ដេច​កន​គង់​រត់​មិន​រួច​ឡើយ​។​

សម្ដេច​ព្រះ​បរម​ពិត្រ​ ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​ត្រូវ​ព្រះ​ទ័យ​ណាស់​ ទើប​ត្រាស់​បង្គាប់​ព្រះ​ពិជ័យ​នាគ​ជា​បិតា​ និង​ ព្រះ​ស្នំ​ឯក​ជា​បង​ ឲ្យ​ធ្វើ​សំបុត្រ​ប្រាប់​ទៅ​ព្រះ​ស្ដេច​កន​ ឲ្យ​ចូល​មក​គាល់​ចុះ​ ទ្រង់​នឹង​លើក​ទោស​ លែង​ឲ្យ​មាន​ទោស​ត​ទៅ​ទៀត​ហើយ​។​ ព្រះ​ពិជ័យ​នាគ​ និង​ ព្រះ​ស្នំ​ឯក​ ក៏​បាន​ធ្វើ​តាម​ទ្រង់​ត្រាស់​បង្គាប់​។​ ​

លុះបំរើនោះ ទៅដល់ទ្វាររបងហើយ ក៏ស្រែកប្រាប់នាយទ្វារថា: ខ្ញុំ​ជា​រាជ​បំរើ​ហ្លួង​។ ហ្លួង​ឲ្យ​ខ្ញុំ​នាំ​សំបុត្រ​ព្រះ​ពិជ័យ​បិតា​ មក​ជូន​ឃុន​ហ្លួង​ព្រះ​ស្ដេច​។​

ឃុន​ហ្លួង​ព្រះ​ស្ដេច​ដឹង​កល​នេះ​យល់​ប្រាកដ​ជា​ បិតា​ឲ្យ​មក​យក​ខ្លួន​ហើយ​ ក៏​គិត​ថា​ : អញ​បាន​ចំណាប់​ហើយ​ អញ​ត្រូវ​និយាយ​ឲ្យ​រាស្ត្រ​ដឹង​ឮ​ច្បាស់​ថា​ ហ្លួង​ឲ្យ​មក​តឿន​ការ​សង្គ្រាម​វិញ​។​ លុះ​គិត​ដូច្នេះ​ហើយ​ ឃុន​ហ្លួង​ព្រះ​ស្ដេច​កន​ ក៏​ក្លែង​និយាយ​ប្រាប់​ក្រម​ការ​ទាំង​ពួង​ថា ​:​ ព្រះ​រាជ​ឱង្ការ​នេះ​ឲ្យ​មក​តឿន​ការ​សម្ងាត់​ហើយ​។​ ​ថាយើង​ ក៏​រៀប​ចំ​មិន​ទាន់​ស្រេច​ ដោយ​ក្រម​ការ​ធ្វើ​ការ​ធ្វេស​ប្រហែស​ពេក​បាន​ជា​យឺត​យូរ​។​ ឥឡូវ​ព្រះ​រាជ​ឱង្ការ​ ឲ្យ​អញ្ជើញ​មក​ដល់​ហើយ​ ដូច្នេះ​ចូរ​អស់​ក្រម​ការ​រៀប​គ្រឿង​បូជា​ទៅ​អញ្ជើញ​ព្រះ​រាជ​ឱង្ការ​នោះ​ចូល​មក​។​

ក្រមការ​ឮ​ដូច្នោះ​ហើយ​ រឹង​ឃើញ​ថា​ កល​របស់​ឃុន​ហ្លួង​ព្រះ​ស្ដេច​កន​នេះ​ជា​ការណ៍​ពិត​ណាស់​ក៏​តែង​ខ្លួន​តាម​យស​សក្ដិ​ ហើយ​មាន​សេនា​ទាហាន​ កាន់​គ្រឿង​អាវុធ​ និង គ្រែ​មួយ​ ព្រម​ទាំង​តោក ៥​ជាន់​ ចេញ​ទៅ​ដំកល់​សំបុត្រ​នោះ​ ចូល​មក​ដំកល់​ក្នុង​បន្ទាយ​។​ ព្រះ​ស្ដេច​កន​ ក៏​ក្លែង​ធ្វើ​ជា​ក្រាប​ថ្វាយ​បង្គំ​៣ដង​ ហើយ​បណ្ដេញ​ក្រម​ការ​ទាំង​អស់​ ឲ្យ​ចេញ​ទៅ​ឆ្ងាយ​សិន​ ដ្បិត​ត្រូវ​ថ្លែង​ព្រះ​រាជ​ឱង្ការ​នោះ​សម្ងាត់​។​ ក្រម​ការ​ទាំង​អស់​ ក៏​ជឿ​ពិត​ថា​ សេច​ក្ដី​ព្រះ​រាជ​ឱង្ការ​នោះ​ជា​សម្ងាត់​ ឲ្យ​មក​តឿន​ការ​សម្ងាត់​ គឺ​ការ​សង្គ្រាម​នោះ​មែន​ ក៏​ដើរ​ចេញ​ទៅ​ក្រៅ​អស់​ទៅ​។ ខណៈ​នោះ​ ព្រះ​ស្ដេច​កន​ មើល​ដឹង​សេច​ក្ដី​ថា​ ព្រះ​ពិជ័យ​បិតា​ និង​ ព្រះ​ស្នំ​ឯក​ ប្រាប់​មក​ឲ្យ​ខ្លួន​ចូល​ទៅ​គាល់​ហ្លួង​ ហ្លួង​នឹង​លើក​ទោស​ហើយ​។​

ព្រះ​ស្ដេច​កន​ មើល​ចប់​ដឹង​សេច​ក្ដី​ហើយ​ ក៏​ឆ្លើយ​ប្រាប់​ក្លែង​ទៅ​នឹង​បំរើ​វិញ​ថា​ ​:
ឲ្យ​ជម្រាប​លោក​ឪពុក​ និង​ អ្នក​បង​ថា​!​ ទ្រង់​ព្រះ​មេត្តា​ប្រោស​ លើក​លែង​ទោស​ដូច្នោះ​ នោះ​ព្រះ​គុណ​ធំ​ឥត​ស្មើ​ជា​ទី​បំផុត​។​ ខ្ញុំ​នឹង​ចូល​ទៅ​ជា​ខ្ញុំ​រាជ​ការ​តាម​ដើម​វិញ​ តែ​សូម​បង្អង់​ចាំ​ចាត់​ឲ្យ​រាស្ត្រ​ប្រជា​ដែល​តាម​មក​ផង​នោះ​ ត្រឡប់​ទៅ​ទី​លំ​នៅ​វិញ​សិន​។ ខ្ញុំ​ចាត់​ការ​នេះ​ស្រេច​កាល​ណា​ ខ្ញុំ​នឹង​ចូល​ទៅ​ជា​ក្រោយ​ កុំ​ឲ្យ​លោក​ឪពុក​អ្នក​បង​ព្រួយ​ចិត្ត​ឡើយ​។​ លុះ​ប្រាប់​ចប់​ហើយ​ នាយ​កន​ក៏​ឲ្យ​រាជ​បម្រើ​នោះ​ត្រឡប់​មក​វិញ​។ រាជ​បំរើ​នោះ​ចេញ​ផុត​ទៅ​ ព្រះ​ស្ដេច​កន​ធ្វើ​ជា​រត់​តាម​ទៅ​ស្រែក​ផ្ដាំ​ថា​ ​:​

ឲ្យ​លោក​ឪពុក​ និង​ អ្នក​បង​ ក្រាប​ទូល​ការ​ណ៍​នោះ​ថា​ ជិត​បាន​សម្រេច​ហើយ​ ខ្ញុំ​នឹង​លើក​ទៅ​ឆាប់​ហើយ​ ឲ្យ​ទ្រង់​ទុក​ព្រះ​រាជ​ហឫ​ទ័យ​ចុះ​។ អ្នក​ឯង​មក​​ ឃើញ​មនុស្ស​ម្នា​មក​កក​កុំ​នឹង​ភ្នែក​ហើយ​។​

ខណៈ​ដែល​ព្រះ​ស្ដេច​កន​ស្រែក​ផ្ដាំ​ដូច្នោះ​ បំរើ​ចូល​ចិត្ត​ថា​ ប្រាកដ​ជា​នឹង​លើក​លែង​ក្បត់​ហើយ​ ហើយ​ឲ្យ​កង​ទ័ព​ត្រឡប់​ទៅ​ស្រុក​វិញ​មែន​។​

ចំណែក​ក្រមការ​ និង កំណែន​ទាំង​ប៉ុន្មាន​ កាល​បាន​ស្ដាប់​សំដី​ថ្លែង​ របស់​ព្រះ​ស្ដេច​កន​នេះ​ហើយ​ក៏​ជឿ​ចូល​ចិត្ត​ថា​ ហ្លួង​ឲ្យ​មក​តឿន​កង​ទ័ព​ ឲ្យ​ប្រញាប់​ទៅ​មែន​។​

ក្រោយនោះមក ព្រះស្ដេចកនឲ្យធ្វើសំបុត្រប្រកាសប្រាប់ ក្រមការ និងរាស្ត្រ ឲ្យដឹងគ្រប់គ្នាថា:

(1) មក​ពី​ពាក្យ​សាណី​ ក្លាយ​​មក​ជា​សាណីយ​ ហើយ​ក្លាយ​មក​ទៀត​ជា​សន្ធិយា​ ប្រែ​ថា​វាំង​នន​។
(2) គឺ​ពូជ​មនុស្ស​ដែល​ទុក​ជា​វណ្ណៈ​ថោក​ទាប​ជាង​គេ​បំផុត​ បណ្ណា​វណ្ណៈ​ទាំង​បួន​ គឺ​ព្រា​ហ្មណៈ, ក្សត្រិយ​, វៃស្ស​, សូទ្រៈ ​ពល​គឺ​ជា​ពូជ​សូទ្រៈ​នេះ​ឯង​ ឬ មនុស្ស​ដែល​មាន​ទោស​ធ្ងន់​ហើយ​ ច្បាប់​តម្រូវ​ឲ្យ​ទុក​មនុស្ស​នេះ​ត​កូន​ ត​ចៅ​រៀង​ទៅ។
(3) ព្រៃ​ងារ​ គឺ​មនុស្ស​អ្នក​ជា​ធម្មតា​ ជា​មនុស្ស​ពយក​ភាគ​ទី៣​។​ មនុស្ស​ពួក​នេះ​ មាន​សេរី​ភាព​អាច​ធ្វើ​អ្វី​បាន​គ្រប់​យ៉ាង​។​