ថ្ងៃសៅរ៍ ទី3.កុម្ភៈ 2018.ម៉ោង 7:39
ផែនដីព្រះសុគន្ធបទ
(គ.ស ១៥០៤)

ចៅ​ពញា​ដំ​ខត្តិ​យ​រាជា​ ជា​ព្រះ​រាជ​បុត្រ​ច្បង​ ស្ដេច​ឡើង​សោយ​រាជ្យ​ស្នង​សម្ដេច​ព្រះ​វរ​បិតា​ ពី​ឆ្នាំ​ជូត​ ឆស័ក​ ព.ស. ២០៤៨ - គ.ស. ១៥០៤ - ម.ស. ១៤២៦ - ច.ស ៨៦៦ ក្នុង​ព្រះ​ជន្មាយុ​ ២៦​ព្រះ​វស្សា​ ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ជា ព្រះ​បាទ​សម្ដេច​ ព្រះ​រាជ​ឱង្ការ​ ព្រះ​ស្រី​សុគន្ធ​បទ​ ចក្រ​ពត្តិ​ពង្ស​វរ​វង្ស​ខត្តិ​យោ​ មហា​សេដ្ឋោ​វរោ​រិទ្ធិ​ពិធ្យា​ស្រ័យ​ មហ័យ​ រាជា​ធិ​រាជ​រាមា​ធិប​តី​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​គ្រង​ព្រះ​មហា​នគរ​កម្ពុជា​ សិរីយ​យោធរ​បវរ​ឥន្ទ​បត្ត​ កុរុ​រដ្ឋ​រាជ​ធានី​ បុរី​រម្យ​ឧត្ត​មម​ហា​ស្ថាន​។​

ស្ដេច​បាន​តែង​ព្រះ​មេរុ​ ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ សម្ដេច​ព្រះ​វរ​បិតា​ស្រេច​ស្ដេច​គង់​នៅ​ចតុ​ម្មុខ​ស្រុក​ភ្នំ​ពេញ​។
ក្នុង​ឆ្នាំ​ឆ្លូវ សប្តស័ក ព.ស. ២០៤៩-គ.ស. ១៥០៥-ម.ស. ១៤២៧-ច.ស. ៨៦៧ ព្រះ​អង្គ​ និង រាជ​សេវ​កាមាត្យ​ ហែ​ព្រះ​បរម​អដ្ឋិ​ សម្ដេច​ព្រះវរ​បិតា​ ទៅ​សាង​ព្រះ​ចេតិយ​ នៅ​ខាង​ព្រះ​ធាតុ​ ខេត្ត​អាសន្ទុក​ ប្រប​ព្រះ​ពុទ្ធ​ចេតិយ​ ធ្វើ​បុណ្យ​ជា​ឧឡា​រិក​សន្ធឹ​ក​មហិមា​ បញ្ចុះ​ព្រះ​បរម​អដ្ឋិ​ សម្ដេច​ព្រះ​បិតា​ស្រេច​ ស្ដេច​ត្រឡប់​មក​ចតុ​ម្មុខ​មង្គល​វិញ​។ ព្រះ​អង្គ​សោយ​រាជ្យ​ជា​សុខ​មក​បាន​ ៤​ឆ្នាំ​។​

ក្នុង​ឆ្នាំ​រោង​ សំរឹទ្ធ​ស័ក ព.ស. ២០៥២-គ.ស. ១៥០៨-ម.ស. ១៤៣០-ច.ស.៨៧០ ព្រះ​បរម​បពិត្រ​ ទ្រង់​ព្រះ​ចិន្តា​ថា ​: ទី​ទួល​បា​សាន​ (ស្រុក​សន្ធរ​)​ ដែល​សម្ដេច​ព្រះ​បរម​រាជា​ ពញាយ៉ាត ជា​សម្ដេច​ព្រះ​អយ្យ​កោ ​សាង​មុន​ម្ដង​នោះ​ ស្រួល​ណាស់​។ បើ​យើង​មាន​សឹក​ ទ័យ​យើង​នឹង​ទទួល​សង្គ្រាម​បាន​ ដ្បិត​មាន​បឹង​ខ័ណ្ឌ​ខាង​កើត​ មាន​ទន្លេ​ខ័ណ្ឌ​ខាង​អគ្នេយ៍​ មាន​ព្រៃ​ធំ​ខ័ណ្ឌ​ខាង​ទិស​ទក្សិណ​។ ទ្រង់​ព្រះ​ចិន្តា​តែ​ម៉្លេះ​ហើយ​ ស្ដេច​ទ្រង់​ចេញ​ត្រាស់​ប្រឹក្សា​ នឹង អស់​ព្រះ​រាជ​វង្សា​នុវង្ស​ អគ្គ​សេវ​កាមាត្យ​។ ព្រះ​រាជ​វង្សា​នុវង្ស​ អង្គ​អគ្គ​សេនា​មាត្យ​ ក៏​យល់​ព្រម​តាម​ព្រះ​រាជ​តំរិះ​។ ព្រះ​បាទ​បរម​នាថ​ បរម​បពិត្រ​កាល​បើ​ទ្រង់​យល់​ថា ​: អង្គ​អគ្គ​សេវ​កា​មាត្យ​ ព្រម​ព្រៀង​ដូច្នេះ​ហើយ​ ស្ដេច​ត្រាស់​បង្គាប់​ឲ្យ​មុខ​ងារ​ត្រៀម​ព្រះ​ទីនាំង​នាវា​ និង​ ទូក​ជំនិះ​ខ្លះ​ ឲ្យ​ទៅ​រាយ​កាប់​ឆ្កា​ ធ្វើ​ព្រះ​រាជ​វាំង​ ព្រះ​ដំណាក់​ ដោយ​ខ្ជី​ខ្ជា​ចាំ​មុន​សិន​។ លុះ​ដល់​បាន​ពិជ័យ​ឫក្ស​ (ឫក្ស ​=​ វេលា​មាន​ជោគ​ មាន​មង្គល​) ហើយ​ ព្រះ​អង្គ​ទ្រង់​នាំ​រាជ​សេវ​កាមាត្យ​ ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ​ ចុះ​ព្រះ​ទី​នាំង​នាវា​ជល​ឫទ្ធិ​ ទៅ​គង់​នៅ​បាសាន​ ព្រម​ដោយ​មុខ​មន្ត្រី​ គិត​​ត​បន្ទាយ​កំផែង​តែង​ព្រះ​រាជ​វាំង​ តែ​ពេល​នោះ​ពុំ​ទាន់​ស្រេច​នៅ​ឡើយ​ទេ​ ព្រះ​អង្គ​ប្រថាប់​ដោយ​ព្រះ​រាជ​វាំង​ខ្ទីខ្ជា​សិន​។ ប្របាទ​អ្នក​ជា​អម្ចាស់​អង្គ​នេះ​ ទ្រង់​សព្វ​ព្រះ​ទ័យ​ប្រពាត​បង់​សំណាញ់​នេសាទ​ត្រី​រឿយ​ៗ​។​

នេះ​នឹង​និយាយ​ពី ព្រះ​ពិជ័យ​នាគ​ ជា​មន្ត្រី​ធំ​ក្នុង​ខេត្ត​បាសាន​។ អ្នក​ទៅ​យក​នាង​បាន​​ជា​ពល​ព្រះ​ស្រី​រតន​ត្រ័យ​ (ពល​ គឺ​ពួក​ជន​ពូជ​សូទ្រៈ​ ជា​វណ្ណៈ​ទី​៤​ ឬ​ពល​ព្រះ​រតន​ត្រ័យ​ គឺ​ពល​ដែល​មាន​មុខ​ងារ​ជា​អ្នក​ថែរ​ក្សា​វត្ត​អារាម​)​ ធ្វើ​ជា​ភរិយា​។​ កាល​ក្នុង​ផែន​ដី​ ព្រះ​បាទ​សម្ដេច​ ព្រះ​ធម្ម​រាជា​នៅ​ឡើយ​ នាង​បាន​​មាន​កូន​ស្រី​មួយ​ ឈ្មោះ​ ស​។ ក្រោយ​នោះ​ នាង​បាន​មាន​គភ៌​គ្រប់​ខែ​ទៀត​ ទៀប​នឹង​ប្រសូត្រ​ទារក​ហើយ​។ ថ្ងៃ​មួយ​ នាង​ចុះ​ទៅ​ដោះ​ទុក​សត្វ​ក្នុង​បង្គន់​ ក៏​របូត​ទារក​នោះ​ទៅ​ក្នុង​​ទឹក​ទៅ​។ គ្រា​នោះ​មាន​ហេតុ​ជា​អស្ចារ្យ​ នាំ​ឲ្យ​ឃើញ​ថា​ ទារក​នោះ​មាន​បុណ្យ​មែន​ គឺ​ថា​ វេលា​នោះ​ ស្រាប់​តែ​ត្រី​ពោ​ធំ​មួយ​ មក​ទទួល​លេប​ទារក​នោះ​ទៅ​ ក្នុ���​ព���ះ​បាត់​ទៅ​។​ បន្ទាប់​ពី​នោះ​មក​ ព្រាន​ប្រមង់​ម្នាក់​ ទៅ​បង់​សំណាញ់​ក៏​ត្រូវ​ជាប់​ត្រី​ពោ​នោះ​បាន​មក​។​ ជា​កុសល​ទារក​ នឹង មាន​បុណ្យ​ មិន​ស្លាប់​ក្នុង​ថ្ងៃ​នោះ​ ក៏​មាន​ហេតុ​បណ្ដាល​ឲ្យ​សម្ដេច​ព្រះ​មហា​សង្ឃ​រាជ​ (កាល​នៅ​ជា​ព្រះ​សង្ឃ​សត្ថា​)​ យប់​នោះ​ផ្ទុំ​ស្កប់​ទៅ​យល់​សប្តិ​ឃើញ​ថា ​:​ ដូច​ជា​មាន​ទេវ​តា​តាម​មក​ទូល​ថា​ : ព្រឹក​នោះ​ឲ្យ​ស្ដេច​យាង​ទៅ​កំពង់​ទឹក​ ដើម្បី​ឲ្យ​ជួយ​សង្គ្រោះ​ទារក​ម្នាក់​ ជា​អ្នក​មាន​បុណ្យ​ មាន​វាសនា​ផង​។ លុះ​តើន​ឡើង​ សម្ដេច​ក៏​ទ្រង់​នូវ​ត្រៃ​ចីវរ​ ចុះ​គង់​ក្នុង​ទូក​ឲ្យ​សិស្សា​នុសិស្ស​ អុំ​ចេញ​ទៅ​។​ ទ្រង់​បិណ្ឌ​បាត្រ​ តាម​សព្វ​ដង​ តែ​ព្រះ​នេត្រ តែង​គន់​រំពៃ​មើល​ ក្រែង​មាន​ហេតុ​អ្វី​ជា​ចម្លែក​ ដ្បិត​មា​និមិត្ត​ពី​យប់​មិញ​នោះ​ ដូច​ជា​ច្បាស់​ពេក​ណាស់​។​ លុះ​សិស្ស​ អុំ​បាន​បន្តិច​ទៅ​ ទូក​ក៏​ទៅ​អែប​ប្រប​ទូក​ព្រាន​ប្រមង់​នោះ​។ សម្ដេច​ព្រះ​សង្ឃ​រាជ​ ស្ដេច​ឃើញ​ត្រី​ពោ​ ក្នុង​ទូក​ព្រាន​ប្រមង់​នោះ​ ធំ​ប្លែក​ ស្ដេច​ប្រឹង​សង្កេត​ ទត​ឲ្យ​ច្បាស់​។ ព្រាន​ប្រមង់​ឃើញ​សម្ដេច​ព្រះ​មហា​សង្ឃ​រាជ​ (សង្ឃ​សត្ថា​) អើត​ទៅ​ទត​ត្រី​នោះ​ ក៏​បង្កើត​ឲ្យ​មាន​សទ្ធា​ លើក​ត្រី​ពោ​នោះ​ថ្វាយ​ដល់​ព្រះ​អង្គ​។ ​ព្រះ​អង្គ​ទ្រង់​ទទួល​ហើយ​ ក៏​ឲ្យ​អុំ​ទូក​បិណ្ឌ​បាត​ទៅ​ទៀត​។ លុះ​បិណ្ឌ​អស់​ពេល​ហើយ​ ស្ដេច​ឲ្យ​សិស្សា​នុសិស្ស​ ត្រឡប់​មក​អារាម​វិញ​។​ ខណៈ​នោះ​សម្ដេច​ព្រះ​សង្ឃ​រាជ​ ស្ដេច​មាន​ព្រះ​ថេរ​វាចា​ថា​ ត្រី​ពោ​នេះ​ជា​ពោ​ធំ​ប្លែក​ពី​ត្រី​ពោ​សព្វ​ដង​ ប្រ​ហែល​ជា​មាន​ហេតុ​អ្វី​ ក្នុង​ពោះ​ត្រី​នេះ​ជា​ពុំ​ខាន​ឡើយ​។ អស់​ពួក​សិស្សា​នុ​សិស្ស​ ឮ​ពុទ្ធ​ដីកា​ហើយ​ ក៏​នាំ​គ្នា​យក​កាំបិត​ ទៅ​វះ​ត្រី​នោះ​ វះ​ទៅ​ឃើញ​ទា​រក​មួយ​នៅ​រស់​។ ទើប​សម្ដេច​ ឲ្យ​កូន​នោះ​ទៅ​ អាបាន​មេទា​គឺ​ប្រុស​ឈ្មោះ​បាន​ និង​ស្រី​ឈ្មោះ​នាង​ទា​នេះ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​។ សម័យ​ពី​ដើម​ មនុស្ស​ដែល​ឥត​មាន​បណ្ដា​សក្ដិ​ ឥត​បាន​បួស​រៀន​ បើ​ប្រុស​គេ​ហៅ ​អា បើ​ស្រី​គេ​ហៅ​មេ​ ជា​ខ្ញុំ​របស់​សម្ដេច​ព្រះ​សង្ឃ​រាជ​)​ ឲ្យ​យក​ទៅ​ចិញ្ចឹម​រក្សា​។​

ព្រះ​ពិជ័យ​នាគ​ (គឹម) និង ភរិយា លុះ​បាន​ដឹង​ថា​ កូន​ខ្លួន​ពុំ​ស្លាប់​ទេ​ ក៏​ទៅ​ក្រាប​ថ្វាយ​បង្គំ​ប្រគេន​ទារក​នោះ​ថា​ ឲ្យ​នៅ​ នឹង សម្ដេច​ព្រះ​សង្ឃ​រាជ​ចុះ​។ សម្ដេច​ព្រះ​សង្ឃ​រាជ​ឲ្យ​ទារក​នោះ​ឈ្មោះ​ អាកៅ​ តែ​ឪពុក​ម្ដាយ​ហៅថា​ អា​កន ​រៀង​មក​។

នេះនឹង​និយាយ​ក្នុង​ផែន​ដី​ ព្រះ​បាទ​សម្ដេច​ ព្រះ​សុគន្ធ​បទ​វិញ​។
សម័យ​ថ្ងៃ​មួយ​នោះ​ ព្រះ​បរម​ពិត្រ​ ស្ដេច​ទៅ​ថ្វាយ​បង្គំ​ព្រះ​នៅ​វត្ត​ ស្ដេច​ទ្រង់​ទត​ព្រះ​នេត្រ​ទៅ​ឃើញ​ស្រី​ម្នាក់​ ស​ ឈរ​នៅ​លើ​ខឿន​ព្រះ​វិហារ​នោះ​ ជា​កូន​ព្រះ​ពិជ័យ​​នាគ​ មេ​បាន​ជា​ភរិយា​ មាន​រូប​រាង​ល្អ​ប្រ​ពៃ​។​ ស្ដេច​ទត​ម្ដង​ហើយ​ម្ដង​ទៀត​។ ខណៈ​នោះ​ ព្រះ​ពិជ័យ​នាគ​ ស្គាល់​ច្បាស់​ព្រះ​រាជ​ហឫ​ទ័យ​ ទើប​ក្រោយ​មក​ក៏​ចូល​ទៅ​ ក្រាប​ថ្វាយ​បង្គំ​ព្រះ​បរម​បពិត្រ​ ថ្វាយ​កូន​ស្រី​នោះ​ ជា​ខ្ញុំ​បម្រើ​ល្អង​ធូលី​ព្រះ​បាទ​ ត​រៀង​ទៅ​។ ព្រះ​បរម​បពិត្រ​ ទ្រង់​ព្រះ​សោម​នស្ស​ណាស់​ ស្ដេច​ត្រាស់​សួរ​ថា​ : នាង​នេះ​កូន​ឯង​ឬ​?​

ព្រះ​ពិជ័យ​នាគ​ ក្រាប​ទូល​ថា​ :​ នាង​នេះ​ហើយ​ ដែល​ទ្រង់​ទត​ឃើញ​ ហើយ​មាន​ព្រះ​បន្ទូល​សួរ​ថា​ : ស្រី​នេះ​ពី​ណា​មក​ កូន​ចៅ​អ្នក​ណា ​ដែល​ឈរ​នៅ​ខឿន​ព្រះ​វិហារ​នោះ​ គឺ​នាង​ ស​នេះ​ឯង​។​

ព្រះ​បរម​បពិត្រ​ ព្រះ​អង្គ​ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ត្រូវ​ព្រះ​ទ័យ​​ពន់​ប្រមាណ​ តាំង​នាម​នាង​ ស​ ជា​អ្នក​ព្រះ​ម្នាង​ កេសរ​បុប្ផា​ ព្រះ​ស្នំ​ឯក​។ ទ្រង់​ព្រះ​ចិន្តា​ថា នាង​នេះ រូប​ក៏​ល្អ​សម​សួន​ ចរិត​ឫក​ពា​ឥរិ​យា​ក៏​ថ្លៃ​ថ្លា​លើស​ពី​ស្រី​ទាំង​ពួង​ គួរ​គប្បី​ នឹង យក​នាម​នាង​នេះ​ តាង​នាម​ព្រះ​នគរ​ កុំ​ឲ្យ​បាត់​ឈ្មោះ​ត​ទៅ​។​ តាំង​ពី​ថ្ងៃ​នោះ​រៀង​មក​ ទ្រង់​ព្រះ​បញ្ញាត្ត​ឲ្យ​លើក​លែង​ហៅ ​ស្រុក​បាសាន​ ឲ្យ​ហៅ​ថា​ ស្រុក​ស្រី ​ស ​ឈរ​ ឬ​ ខែ​ត្រ​ស្រី ​ស​ ឈរ​ វិញ​ តែ​ពាក្យ​នេះ​យារ​ៗ​មក​ ក៏​ប្រែ​ក្លាយ​ជា​ខែត្រ​ ស្រី​សន្ធរ​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។​

បិតា​មាតា​ អ្នក​ព្រះ​ម្នាង​ កេសរ​បុប្ផា​ នោះ​ទ្រង់​លើក​យក​ឲ្យ​ខ្ពស់​ឡើង​។ បិតា​ឲ្យ​ហៅ​ថា​ អ្នក​ព្រះ​បិតា​ ពិជ័យ​នាគ​ មាតា​ ឲ្យ​ហៅ​ថា​ អ្នក​ព្រះ​មាតា​ មេ​បាន​។ ឯឈ្មោះ ​កន ដែល​ជា​កូន​ អ្នក​ព្រះ​បិតា​ពិជ័យ​នាគ​នោះ​ លុះ​ចម្រើន​ធំ​ឡើង​ មាន​ចំណេះ​ប្រាជ្ញា​ឆ្លៀវ​ឆ្លាត​ បម្រើ​គ្រូ ​គ្រូ​ក៏​ពេញ​ព្រះ​ទ័យ​ និង​ រៀន​សូត្រ​អ្វី​ៗ​ប្រាប់​តែ​ម្ដង​ក៏​ចាំ​ជាប់​។ សម្ដេច​ព្រះ​មហា​សង្ឃ​រាជ​ (ព្រះ​សង្ឃ​សត្ថា​ ទ្រង់​ប្រិត​ប្រៀន​ទាំង​អក្សរ​សាស្ត្រ​ ទាំង​សិល្ប​សាស្ត្រ​មន្ត​វិជ្ជា​ការ​ គាថា​ កៅ​ទណ្ឌ​ ក្បួន​តម្រា​ផង​ទាំង​ឡាយ​ គ្រប់​សព្វ​សារ​ពើ​ឥត​ចន្លោះ​ហើយ​។ កន​ ក៏​ចេះ​ស្ទាត់​លើស​សិស្សា​នុសិស្ស​ទាំ​ង​ពួង​។ គ្រូ​បាន​ទំនាយ​ឲ្យ​ថា : កន​ នេះ​ នឹង បា​ន​គ្រង​ស្រុក​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន​។​

អ្នក​ព្រះ​ពិជ័យ​នាគ​ អ្នក​ម៉ែ​បាន​ កាល​ឃើញ​កូន​ប្រុស​ មាន​រូប​រាង​ល្អ​ មាន​ចំណេះ​វិជ្ជា​ ប្រាជ្ញា​ ក៏​ពូ​កែ អាយុ ​១៦​ឆ្នាំ​ហើយ​ ក៏​នាំ​ខ្លួន​កូន​ទៅ​ក្រាប​ទូល​ព្រះ​បរម​បពិត្រ​។ ព្រះ​បរម​បពិត្រ​ ទ្រង់​ជ្រាប​ថា​ កន​ជា​ប្អូន​អ្នក​ព្រះ​ស្នំ​ឯក​ ក៏​ទ្រង់​ប្រោស​ប្រាណ​ ឲ្យ​ហៅ​នាយ ​កន​ នៅ​ក្នុង​តំណែង​មហា​តលិក​។​ លុះ​យូរ​បន្តិច​មក​ ព្រះ​បរម​បពិត្រ​ ទ្រង់​ប្រោស​តាំង​​នាយ​ កន ជា​ឧក​ញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ត​។ អស់​រាស្ត្រ​ប្រជា​ កោត​ខ្លាច​អ្នក​ម៉ឺន​ស្នេហា​ចម​ចិត្ត​ ចូល​ពឹង​បុណ្យ​អំណាច​ អ្នក​ព្រះ​ពិជ័យ​នាគ​ អ្នក​ម៉ែ​បាន​ អ្នក​ម៉ឺន​ស្នេហា​ចម​ចិត្ត​ជា​ច្រើន​។

មាន​ថ្ងៃ​មួយ​នោះ​ ព្រះ​បរម​បពិត្រ​ ទ្រង់​ចង់​ទត​ព្រះ​នេត្រ​ពី​សិល្ប​ធ្នូ​ និង​ចំណេះ​វិជ្ជា​របស់​ ឧក​ម៉ឺន​ស្នេហា​ចម​ចិត្ត​ កន​ ទើប​ទ្រង់​ត្រាស់​ឲ្យ​សំដែង​ពី​ចំណេះ​ទាំង​ឡាយ​នោះ​ថ្វាយ​។ ឧក​ម៉ឺន​ស្នេហា​ ចម​ចិត្ត​ដំឡើង​ធ្នូ ​ចាប់​ព្រួញ​ម្ដង​ ៥ ​បាញ់​ទៅ​ម្ដង​ ព្រួញ​ចេញ​ទៅ​ត្រូវ​ដើម​ឈើ​ ផ្លែ​ឈើ​ទាំង​ ៥​ទិស​។ ឧក​ម៉ឺន​សូត្រ​គាថា​បាលី​ និង​ ក្បួន​តម្រា​អ្វី​ៗ​ ក៏​ឃើញ​ថា​ស្ទាត់​ទាំង​អស់​ ទើប​ទ្រង់​ត្រាស់​សួរ​ថា​ វិជ្ជា​ការ​ទាំង​នេះ​ ចេះ​ពី​គ្រូ​ណា​មក​។

ឧក​ម៉ឺន​ស្នេហា​ ចម​ចិត្ត​ ក្រាប​ទូល​ថា ​:​ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ រៀន​ពី​សម្ដេច​ព្រះ​សង្ឃ​រាជ​ កាល​នៅ​ជា​ព្រះ​សង្ឃ​សត្ថា​។​
ខណៈ​នោះ​ ព្រះ​បរមប​ពិត្រ​ ស្ដេច​ត្រាស់​ឲ្យ​និ​មន្ត​ព្រះ​សង្ឃ​រាជ​ "សង្ឃ​សត្ថា​" នោះ​មក​ទ្រង់​តាំង​ជា​សម្ដេច​ព្រះ​សុគន្ធា​ធិបតី​ សិរី​សង្ឃ​នាយក​ លើ​ព្រះ​សង្ឃ​ទាំង​អស់​។​

ឯ​អស់​សេនា​បតី​ មន្ត្រី​ធំ​តូច​យល់​ថា​ :​ ព្រះ​នគរ​បាន​ក្សេម​ក្សាន្ត​ហើយ​ ក៏​នាំ​គ្នាក​សាង​ព្រះ​វិហារ​សីមា​ ព្រះ​ស្តូប​ ព្រះ​ចេតិយ​ តាម​ធន​ធាន​តែ​រៀង​រាល់​ខ្លួន​។ ព្រះ​បាទ​បរម​បពិត្រ​ ទ្រង់​យល់​ថា ​:​ អស់​នា​ម៉ឺន​សព្វ​មុខ​មន្ត្រី​ កសាង​ព្រះ​វិហារ​ សីមា​ទុក​ជា​កេរ្តិ៍​​នោះ​ ក៏​ជា​ការ​គួរ​សម​ហើយ​ ឯ​ការ​នេះ​ពុំ​បាន​ចម្រើន​ទេ​ នឹង រលាយ​បាត់​បង់​ទៅ​វិញ​។​ ដូច្នេះ​ គួរ​អញ​សាង​រូប​អញ​ និង​ ប្រាសាទ​មួយ​ទុ​ក​​ក្នុង​ព្រះ​នគរ​បាន​ជ័យ​បាន​ការ​ បើ​អត់���ពី​ខ���លួន​អញ​ទៅ​ គង់​រូប​អញ​នៅ​ ឲ្យ​អ្នក​ផង​ធ្វើ​សក្ការ​បូជា​ នោះ​ឃើញ​ថា​ នឹង​ឋិត​ថេរ​ជា​ជាង​ការ​ទាំង​ពួង​។ ទ្រង់​ព្រះ​តម្រិះ​តែ​ម៉្លោះ​ហើយ​ ក៏​ចាត់​ជាង​ និង​ កូន​ជាង​ឲ្យ​ទៅ​សាង​ប្រាសាទ​មួយ​ ព្រះ​រូប​ព្រះ​អង្គ​មួយ​ ទុក​ក្នុង​កំផែង​នគរ​បាន​ជ័យ​បាន​ការ​។ អាស្រ័យ​ហេតុ​នេះ​ហើយ​បាន​ជា​មាន​រូប​ ព្រះ​បាទ​សម្ដេច​ព្រះ​ស្រី​សុគន្ធ​បទ​នៅ​ទី​នោះ​ តែ​យារ​ៗ​មក​ អ្នក​ស្រុក​ហៅ​ថា អ្នក​តា​សុគន្ធ​បត្រ ​សព្វ​ថ្ងៃ​នេះ​។​ លុះ​សាង​ព្រះ​រូប​នោះ​រួច​ស្រេច​ហើយ​ ស្ដេច​ឲ្យ​ធ្វើ​បុណ្យ​ឆ្លង​យ៉ាង​ធំ​ សង្គាយ​នា​ ៧​ថ្ងៃ​ ទើប​ទ្រង់​ត្រឡប់​មក​ក្រុង​ស្រី​ស​ឈរ​វិញ​។​

ឆ្នាំ​ថោះ​ នព​ស័ក​ ព.ស. ២០៥១-គ.ស. ១៥០៧-ម.ស. ១៤២៨-ច.ស. ៨៦៨ ព្រះ​បរម​បពិត្រ​ស្ដេច​ទ្រង់​ព្រះ​តំរិះ​ អំពី​កិច្ច​ការ​រាជ​ការ​ផង​ទាំង​ពួង​ ទ្រង់​ឃើញ​ថា​ ប្រទេស​កម្ពុជា​ ត្រើយ​ខាង​លិច​នោះ​ឆ្ងាយ​ណាស់​ ឆ្ងាយ​អំពី​កិច្ច​ការ​ត្រួត​ត្រា គួរ​ជា​ទី​រងា​អស់​អាណា​ប្រជា​នុ​រាស្ត្រ​។ ទ្រង់​ព្រះ​ពិចារ​ណា​ឃើញ​ថា ​:​ ចៅ​ពញា​ចន្ទ​រាជា​ ជា​ព្រះ​អនុជ​នោះ​ មាន​តំរិះ​ប្រាជ្ញា​ ល្មម​​ជា​ទី​កក់​ក្ដៅ​ របស់​​រាស្ត្រ​ត្រើយ​ខាង​លិច​បាន​ ទើប​ទ្រង់​តាំង​ឲ្យ​ ចៅ​ពញា​ចន្ទ​រាជា​ ឡើង​យស​ជា​សម្ដេច​ព្រះ​បរម​រាជា​ មហា​ឧប​រាជ​រាជ​ធិរាជ​ ហើយ​ព្រះ​បរម​បពិត្រ​ ជា​អម្ចាស់​ ស្ដេច​ឲ្យ​ចេញ​ទៅ​គង់​នៅ​ក្នុង​ក្រុង​ចតុម្មុខ​ មង្គល​ស្រុក​ភ្នំ​ពេញ​ ឲ្យ​បាន​ជា​ទី​កោត​ក្រែង​ អ្នក​ត្រើយ​ខាង​លិច​។​ សម្ដេច​ព្រះ​អនុជ​ ចន្ទ​រាជា​ធិ​រាជ​ ថ្វាយ​បង្គំ​ទទួល​ព្រះ​រាជ​ឱង្ការ​ហើយ​ ក៏​លា​ចេញ​មក​ នាំ​បណ្ដា​រាស្ត្រ​ជា​ខ្ញុំ​ក្នុង​ព្រះ​អង្គ​ចេញ​ទៅ​គង់​ចតុម្មុខ​មង្គល​ (រាជ​ធានី​ភ្នំ​ពេញ​យើង​សព្វ​ថ្ងៃ​នេះ​) ដើម្បី​ទំនុក​បម្រុង​ អ្នក​ស្រុក​ត្រើយ​ខាង​លិច​ ឲ្យ​បាន​ក្សេម​ក្សាន្ត​ ឥត​មាន​កលិយុគ​ រៀង​មក​ឡើយ​។​