ថ្ងៃសៅរ៍ ទី27.មករា 2018.ម៉ោង 8:18
ផែនដីព្រះផែនដីព្រះធម្មរាជា (ត)

ឆ្នាំមមី អដ្ឋស័ក ព.ស. ២០៣០-គ.ស. ១៤៨៦- ព្រះ​រាជ​ឱរស​ (គឺ​ព្រះ​ស្រី​សុគន្ធបទ) បាន​រៀន​ព្រះ​ត្រៃ​បិតក​ ចាំ​ចប់​គ្មាន​ទើស​ទាល់​។ ខណៈ​នោះ​ ព្រះ​បរម​បពិត្រ​ជា​ព្រះ​បិតា​ ស្ដេច​ទ្រង់​ឆ្លង​ព្រះ​រាជ​កុសល​ និមន្ត​ព្រះ​សង្ឃ​ទេសនា​ បរិច្ចាគ​ព្រះ​រាជ​ទ្រព្យ​ ធ្វើ​ទេយ្យ​ទាន​ច្រើន​ណាស់​។ ទ្រង់​សម្ដែង​ព្រះ​ធម្ម​ចក្រ ប្រទាន​ជា​សណ្ដាប់​ ដល់​សេវ​កាមាត្យ​ទាំង​ឡាយ​ រាល់​ថ្ងៃ​ឧបោសថ​ ពុំ​ដែល​ដាច់​។ ស្ដេច​តាំង​ព្រះ​រាជ​ហ​ឫទ័យ​ ប្រាថ្នា​ជា​ពុទ្ធភូមិ​ទៅ​អនាគត​។​

ឆ្នាំ​រោង អដ្ឋ​ស័ក ព.ស. ២០៤០-គ.ស. ១៤៩៦ ព្រះ​អង្គ​សោយ​រាជ្យ​បាន​ ១៩​ឆ្នាំ​ ព្រះ​មែយ្យ (ពាក្យ​សៀម​ ពាក្យ​សម្រាប់​ហៅ​ព្រះ​អគ្គ​មហេ​សី ឬ​ ស្នំ​ឯក​) ទេព​បុប្ផា​ ជា​ព្រះ​ស្នំ​ឯក​ សម្ភព​ព្រះ​រាជ​បុត្រា​មួយ​ព្រះ​អង្គ​នៅ​វេលា​ចន្ទ្រ​គ្រាស​ ដូច្នេះ​ក្រុម​បារគូ​ បុរោ​ហិត​ ហោ​រាចារ្យ​ ថ្វាយ​ព្រះ​នាម​ដល់​ព្រះ​រាជ​បុត្រ​នោះ​ថា ពញា​ចន្ទ​រាជា​។​ ព្រះ​ចន្ទ​រាជា​ ស្ដេច​បាន​ជំទាវ​វារ​ (ប្រ​ហែល​ជា​ជំទាវ​នោះ​វល្លិ​ឬ​?​) ជា​ភរិយា​ចៅ​ពញា​យម​រាជ​ ពិ​ភ័ក្ដិ​រក្សា​ព្រះ​អង្គ​ទំនុក​បម្រុង​ជា​សុខ​រៀង​មក​។

សម្ដេច​ព្រះ​ធម្ម​រាជា​ អម្ចាស់​ផែន​ដី​ តាម​ព្រះ​ទ័យ​ ដែល​ស្ដេច​តាំង​ប្រាថ្នា​ជា​ព្រះ​ពុទ្ធ​ភូមិ​ទៅ​អនាគត​ ទ្រង់​ប្រជុំ​សម្ដេច​ព្រះ​សុគន្ធា​ធិ​បតី ​ជា​រាជា​គណៈ ​មុខ​មន្ត្រី​ កវី​ជាតិ​មក​ជួប​ជុំ​ហើយ​មាន​ព្រះ​រាជ​ឱង្ការ​ថា​:​ ព្រះ​បរម​សារី​រិក​ធាតុ​ នៃ ​ព្រះ​ពុទ្ធ​ជា​អម្ចាស់​ ដែល​ព្រះ​បាទ​ស្រី​ធម្មា​សោក​រាជ​ និង​ ព្រះ​មោគ្គ​ល្លី​បុត្ត​តិស្ស​ត្ថេរ​ ធ្វើ​បុណ្យ​សង្គាយ​នា​សាង​ព្រះ​វិហារ​ចេតីយ​ ៨៤០០០​នោះ ប្រាថ្នា​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​ គង់​វង្ស​នៅ​គ្រប់​ ៥០០០​ ព្រះ​វស្សា​។ លោក​បាន​ចែក​ ព្រះ​បរម​សារី​រិក​ធាតុ​នោះ​ នៅ​ទី​ភ្នំ​សន្ទុក​ ទុក​ជា​សក្ការៈ​បូជា​ ឲ្យ​បាន​គ្រប់​គ្រាន់​ ៥០០០​ព្រះ​វស្សា​ តើ​ព្រះ​ករុណា​គ្រប់​ព្រះ​អង្គ​ និង​ ព្រះ​បរម​រាជ​វង្សា​នុ​វង្ស​ ព្រះ​អគ្គ​​មហា​សេនា​ សេនា​បតី​ មន្ត្រី​ធំតូច​ ខ្ញុំ​រាជ​ការ​ទាំង​ឡាយ​ យល់​ដូច​ម្ដេច​?​

ខណៈ​នោះ ​សម្ដេច​ព្រះ​សុគន្ធា​ធិបតី​ មហា​សង្ឃ​រាជា​ ជា​រាជ​គណៈ​ និង​ ព្រះ​វង្សា​ សេនា​បតី​ មន្ត្រី​ទាំង​ឡាយ​ ថ្វាយ​ព្រះ​ពរ​ក្រាប​ទូល​ថា ​៖​
ព្រះបាទ​ អ្នក​ជា​អម្ចាស់​ ដែល​មាន​ព្រះ​រាជ​ហឫ​ទ័យ​ ភ្នក​ប្រាថ្នា​ចង់​បាន​បុព្វ​និស្ស័យ​ជា​ពុទ្ធ​ភូមិ​ហើយ​មាន​ប្រាថ្នា​ កសាង​ព្រះ​ចេតិយ​នេះ​ ឃើញ​ថា​សម​គួរ​តាម​ព្រះ​រាជ​ឱង្ការ​ណាស់​។​

លំដាប់​ត​ពី​នោះ​មក ព្រះ​បរម​បពិត្រ​ ស្ដេច​ត្រាស់​បង្គាប់​ដល់​ខ្ញុំ​រាជ​ការ​គ្រប់​ក្រសួង​ ឲ្យ​ចេញ​ទៅ​កេណ្ឌ​រាស្ត្រ​ធ្វើ​ការ​នោះ​ តាម​ត្រាស់​បង្គាប់​។ ក្រោយ​បម្រើ​ចេញ​ទៅ​កេណ្ឌ​រាស្ត្រ​ ឲ្យ​ធ្វើ​ការ​នោះ​មក​ ព្រះ​បរម​ប​ពិត្រ​ ស្ដេច​នាំ​រាជ​សេវ​កាមាត្យ​ក្នុង​ក្រៅ​ព្រះ​រាជ​ដំណើរ​ ទៅ​ខេត្ត​អាសន្ទុក​ ហើយ​ទ្រង់​ចាប់​ការ​ស្ថាប​នា (ពាក្យ​នេះ​មាន​តាំង​ពី​បូរាណ​កាល​មក​) ក​ជា​ព្រះ​ចេតិយ​នៅ​តំបន់​ភូមិ​ខ្វាវ​នេះ​។​ អស់​មុខ​មន្ត្រី​មេ​ការ​ទាំង​ឡាយ​ កេណ្ឌ​កូន​ជា​ង​សាង​ព្រះ​មហា​ស្តូប​ព្រះ​ចេតិយ​ធំ​ និង ចេតិយ​តូច​ៗ​ ជា​បរិ​វារ​ រចនា​ដោយ​ថ្ម​ ត​កំផែង​ខ្វាត់​ខ្វែង​ ឲ្យ​ជា​ច្រើន​បែប​ច្រើន​យ៉ាង​ សាង​ព្រះ​វិហារ​ មាន​ត្រី​សូល៍​កំពូល​ប្រាំ​។​ តាម​កំពែង​ និង ព្រះ​លាន​ព្រះ​អារាម​នោះ​ សឹង​ឆ្លាក់​ឆ្លោវ​​ជា​ភាព​មនុស្ស​ គ្រុឌ​នាគ​ សត្វ​មហឹង្សា​ គោ​ក្របី​ និង​ ក្បាច់​ភ្ញី​ផ្កា​ វល្លិ​ រចនា​ថ្លៃ​ថ្លា​ប្រពៃ​ ហើយ​សាង​ព្រះ​ពុទ្ធ​រូប​បន្ទុំ​ និង​ សណ្ឋិត​ជា​ច្រើន​អង្គ​ មាន​សីមា​ និង​ របៀង​រោង​ទង​ ក្លោង​ទ្វារ​កំពូល​មុខ​ព្រហ្ម​ សុទ្ធ​សឹង​ឆ្លាក់​ឆ្លោវ​ដោយ​ថ្ម​ ក​កំផែង​ខ្វាត់​ខ្វែង​ ជុំ​វិញ​សឹង​ថ្ម​បាយ​អ​ ថ្ម​គ្រាម​ ក្រាល​ថ្ម​ល្អិត​ ហើយ​មាន​រូប​សិង្ហ​តោ​រាជ​សីហ៍​ ដំរី​យក្ស​ ដាក់​គ្រប់​ទ្វារ​។ ព្រះ​អង្គ​ឲ្យ​ជីក​ស្រះ​រៀប​ថ្ម​ក្នុង​ទី​នោះ​ទៀត​។ ក្នុង​ព្រះ​ចេតិយ​ធំ​នោះ​ ព្រះ​អង្គ​ ដំ​កល់​ព្រះ​បរម​សារី​រិក​ធាតុ​ រៀប​ថ្ម​ជា​ទី​បរិ​មណ្ឌល​។ ទ្រង់​ឲ្យ​ធ្វើ​ប្រាសាទ​ទង់​ដែង​តម្កល់​លើ​មន្ទីរ​ ក្នុង​ប្រាសាទ​នោះ​ មាន​ស្តូប​ដល់​បី​ជាន់​ស្តូប​ជាន់​ក្រៅ​រចនា​ពី​ប្រាក់​ ស្តូប​ជាន់​បន្ទាប់​ធ្វើ​ពី​ទង់​ហ៊្វា​ ស្តូប​ជាន់​ក្នុង​រចនា​ពី​មាស​ ប្រដាប់​ដោយ​ត្បូង​។ ក្នុង​នោះ​ ព្រះ​អង្គ​បាន​រោយ​រាយ​ ខ្លឹម​ចន្ទន៍​ក្រិស្នា ​និង ​គ្រឿង​សុគន្ធ​ពិដោរ​ តម្កល់​ព្រះ​បរម​សារី​រិក​ធាតុ​ស្រេច​ហើយ​ ស្ដេច​ត្រាស់​បង្គាប់​ឲ្យ​យក​ព្រះ​មកុដ​ ព្រះ​សង្វា​មហា​រាជ​ពាហុ​រតនៈ​ (គ្រឿង​អលង្ការ​ធ្វើ​ដោយ​រតន​វត្ថុ​ មាន​មាស​ជា​ដើម​ សម្រាប់​ស្ត្រី​ពាក់​ត្រង់​កំភួន​ដៃ​ ឬ ​ត្រង់​ដើម​ដៃ​) សម្រាប់​ទ្រង់​នោះ​ ទៅ​រចនា​ជា​មហា​ស្វេត​ច្ឆ័ត្រ​ រាយ​ឱភាស​សោភា​ បូជា​ហើយ​ ស្ដេច​រចនា​ឲ្យ​មាន​តំណាង​រូប​ ព្រះ​អរហន្ត​គាល់​ជា​បរិ​វារ​ រចនា​សុទ្ធ​តែ​ពី​មាស​ប្រាក់​។ ទ្រង់​យក​ព្រះ​ ពាន​ព្រះ​ស្រី​ (ជើង​ពាន​សម្រាប់​ដាក់​ស្លា​បារី​ថ្វាយ​ព្រះ​រាជា​) កុណ្ឌី​ ព្រះ​ទំ​រង់​ ព្រះ​ពាន​​រង​ ព្រះ​ពស្ត្រ​សុវណ្ណ​កាញ្ចី​រេត​ ដោយ​មាស​ធ្វើ​សក្ការ​បូជា​។ ចំណែក​ ព្រះ​អគ្គម​ហេសី​ នៅ​ព្រះ​រាជ​វង្សា​នុវង្ស​ និង​ សេវ​កាមាត្យ​ទាំង​ពួង​ ក៏​ធ្វើ​សក្ការ​បូជា​ដោយ​ទ្រព្យ​មាន​តំលៃ​ផ្សេង​ៗ​ សាង​ព្រះ​ចេតិយ​ និង ព្រះ​វិហារ​សីមា​នោះ​ពីរ​ឆ្នាំ​ប្លាយ​ ទើប​រួច​ស្រេច​ ទើប​ស្ដេច​ ឲ្យ​ហែ​ព្រះ​បរម​សារី​រិក​ធាតុ​ ពី​ព្រះ​មហាន​គរ​វត្ត​ មក​ធ្វើ​បុណ្យ​ឆ្លង​។ នា​ម៉ឺន​សព្វ​មុខ​មន្ត្រី​ទាំង​ឡាយ​ ក៏​រៀប​ក្បួន​ទៅ​ដង្ហែ​ ព្រះ​បរម​សារី​រិក​ធាតុ​មក​ថ្វាយ​ តាម​ទ្រង់​ព្រះ​រាជ​បញ្ជា​ ជា​ប្រញាប់​។​

ព្រះ​ពុទ្ធ​សក​រាជ​ ២០៣៩-គ.ស. ១៤៩៥ - ម.ស. ១៤១៧ - ច.ស. ៨៥៧ ឆ្នាំ​ថោះ ​សប្ត​ស័ក (ព្រះ​រាជ​ពង្សាវ​តារ​ ព្រះ​រាជ​បណ្ណា​ល័យ​ថា ​: ព.ស. ២០៤០ - គ.ស. ១៤៩៦ - ម.ស. ១៤១៨- ច.ស. ៨៥៨ ឆ្នាំ​រោង​ អដ្ឋ​ស័ក) ថ្ងៃ១១​ កើត ខែ អាសាធ ទ្រង់​ចាត់​មុខ​ក្រសួង​ ឲ្យ​រៀប​ពិធី​បុណ្យ​ឆ្លង​ ព្រះ​បរម​សារី​រិក​ធាតុ​ តម្កល់​ក្នុង​ព្រះ​ស្តូប​មាស​ក្នុង​ព្រះ​ចេតិយ​ធំ​។ ក្រោយ​នោះ​ ស្ដេច​ឲ្យ​ហែ​ព្រះ​បរម​អដ្ឋិ​ ព្រះ​ស្រី​រាជា​ និង ព្រះ​អដ្ឋិ​ព្រះ​ស្រី​សុរិ​យោទ័យ​ ព្រះ​អដ្ឋិ​ នៃ ព្រះ​មហា​ក្សត្រ​ទាំង​ពីរ​ព្រះ​អង្គ​នេះ​។​ តាម​ព្រះ​រាជ​ពង្សា​វតារ​ ដែល​តម្កល់​នៅ​ព្រះ​រាជ​បណ្ណា​ល័យ​ថា : ព្រះ​បាទ​ស្រី​ធម្ម​រាជា​ ស្ដេច​ចាត់​ព្រះ​រាជ​តេជៈ​ ឲ្យ​ទៅ​សុំ​ស្ដេច​សៀម​ នាំ​យក​មក​ធ្វើ​បុណ្យ​បូជា​ហើយ​ ដំ​កល់​នៅ​ភ្នំ​ពេញ​ ពី​ថ្ងៃ​១០​ កើត​ ខែ​បុស្ស​ ឆ្នាំ​កុរ​ត្រី​ស័ក​ ព.ស. ២០៣៥ - គ.ស. ១៤៩១ ពី​ព្រះ​បរម​រាជា​វាំង​ចតុម្មុខ​ មក​បញ្ចុះ​ក្នុង​ព្រះ​ចេតិយ​បន្ទាប់​ស្រេច​ រួច​ស្ដេច​ទ្រង់​បព្វជ្ជា​ ជា​ភិក្ខុ​ក្នុង​ព្រះ​ពុទ្ធសាស​នា​។ ព្រះ​ឧបជ្ឈាយ៍​ ថ្វាយ​ព្រះ​នាម​ក្នុង​ឆាយា​ថា ​: ព្រះ​គោណ​សាមី​ផលា​ ភី​រម​បរម​វីរិ​យោ​ធិក​ ពោធិ​សម្ភារ​ មហា​បរិ​បាល​ ឥន្ទ​ប្រស្ថ​ សំរឹទ្ធិ​។ ស្ដេច​គង់​ក្នុង​ភេទ​ ជា​ភិក្ខុ​ភាវៈ​ ៣​ថ្ងៃ​ហើយ​ ទ្រង់​លា​ចាក​សិក្ខា​បទ​។ ទ្រង់​បរិច្ចាគ​ព្រះ​រាជ​ទ្រព្យ​ធ្វើ​ឆ្នោត​​ព្រះ​រាជ​ទាន​ បណ្ដា​រាស្ត្រ​ជា​អនេក​អនន្ត​ពន់​ពេក​។ ទ្រង់​ព្រះ​រាជ​សទ្ធា​វេរ​ភូមិ​ ២១​ ស្រែ​២១​ ខ្ញុំ​ប្រុស​២១​នាក់​ ខ្ញុំ​ស្រី​២១​នាក់​ រទេះ​គោ​២១​​នឹម​ រទេះ​ក្របី​២១​នឹម​ សេះ​២១​ ដំរី​២១​ នូវ​គ្រឿង​ប្រគំ​ផ្សេង​ៗ​ ថ្វាយ​ទុក​ជា​ទាសា​ទាសី​ ឲ្យ​រក្សា​ព្រះ​ចេតិយ​ ព្រះ​វិហារ​ សីមា​ សម្រាប់​បោស​ច្រាស​សំអាត​។ ទ្រង់​តាំង​ឲ្យ​មាន​មេ​ពីរ​នាក់​ជា​នាយ​ត្រួត​ត្រា​រក្សា​។ អាស្រ័យ​ហេតុ​នេះ​ហើយ​ បាន​ជា​មាន​ពល​ព្រះ​ស្រី​រតន​ត្រ័យ​ តាំង​ពី​នោះ​រៀង​មក​។ ស្ដេច​ទ្រង់​ជ្រួច​ទឹក​ស្នោ​ទក (ទក្សិ​ណោ​ទក​ គឺ​ទឹក​ដែល​ចាក់​ដោយ​ដៃ​ស្ដាំ)​ ហើយ​ទ្រង់​មាន​ព្រះ​រាជ​តំរាស់​ថា​ : សូម​ទេព​និករ​ អម​រ​មេឃ​ ឥន្ទ​ព្រហ្ម​ដែល​មាន​ទិព្វ​សោត​ ទិព្វ​ចក្ខុ​ ជួយ​ជា​សាក្សី​ ពេជ្ជ​ញាណ​ ដ្បិត​ខ្ញុំ​បាន​វេរ​ដី​ស្រែ​ មនុស្ស​សត្វ​ទាំង​អស់​នេះ​ឧទ្ទិស​ថ្វាយ​ ព្រះ​បរម​សារី​រិក​ធាតុ​ និង​ ព្រះ​ស្រី​រតន​ត្រ័យ​ សូម​ព្រះ​ពុទ្ធ​សាសនា​ ឋិត​ឋេរ​ថីរ​កាល​ ដរាប​ដល់​គ្រប់​ ៥០០០​ ព្រះ​វស្សា​។​

ព្រះ​ស្រី​ធម្ម​រាជា​ ស្ដេច​ឲ្យ​ឆ្លាក់​រាជ​សក​រាជ​ នៅ​ផែន​ថ្ម​ទុក​ជា​ចារិ​ក កុំ​ឲ្យ​បាត់​។ ទ្រង់​ធ្វើ​បុណ្យ​ឆ្លង​៣ខែ​ ទើប​ស្រេច​ការ​ព្រះ​រាជ​កុសល​ រួច​ស្ដេច​ព្រះ​រាជ​ដំណើរ​ ត្រឡប់​មក​ក្រុង​ចតុម្មុខ​ភ្នំ​ដូន​ពេញ​វិញ​។

"សាស្ត្រា វត្ត​កំពង់​ត្រឡាច​ក្រោម​ មាន​សេច​ក្ដី​លើស​ពី​ឯក​សារ​ ដទៃ​ទៀត​ដូច្នេះ​ថា​ : ព្រះ​ស្រី​ធម្ម​រាជា​ មុន​នឹង​លើក​ ព្យូហៈ​យាត្រា​ចូល​ទៅ​ក្រុង​ចតុ​ម្មុខ​នោះ​ ស្ដេច​បាន​ធ្វើ​ព្រះ​រាជ​ដំណើរ​ ទៅ​ទត​នគរ​ពិជ័យ​ ​បាអា​ (ប្រ​ហែល​ជា​ វត្ត​នគរ​នៅ​កំពង់​ចាម​ទេ​ដឹង​)​។ លុះ​ដល់​ហើយ​ ទ្រង់​ប្រ​ថាប់​នៅ​ក្នុង​កំពែង​ប្រាសាទ​នោះ​ ទ្រង់​ទត​ព្រះ​នេត្រ​សព្វ​គ្រប់​ ទ្រង់​សរ​សើរ​ថា​ :​ ព្រះ​បាទ​​អរិដ្ឋ​ពល​​ពាហ​នោ​ មាន​បុណ្យ​បារ​មី​ ពន់​ប្រមាណ​ណាស់​ ស្ដេច​សាង​ព្រះ​រាជ​វាំង​ គ្រាន់​ជា​ទី​មក​ក្រសាល​ម្ដង​ៗ​ទេ​ តែ​ស្ដេច​ធ្វើ​សុទ្ធ​តែ​ពី​ថ្ម ក​ទាំង​កំ​ផែង​ ស្រះ​ស្រង់​រង​ថ្លា​ មាន​ទាំង​ទន្លេ​សម្រាប់​ ព្រះ​ស្នំ​ក្រុម​បរិពារ​ អុំ​ទូក​លេង​សប្បាយ​ គប្បី​តែ​ស្ដេច​ប្រ​ទេស​រាជ​ ១០១​ មក​ជា​ចំណុះ​មែន​។​

សម័យ​ថ្ងៃ​មួយ​នោះ ព្រះ​អង្គ​រតន​មាលី​ ព្រះ​រាជ​បុត្រី ​នៃ សម្ដេច​ព្រះ​មហា​ស្រី​ធម្ម​រាជា​ ទ្រង់​ភ្នក​ព្រះ​ទ័យ​ ចង់​ទៅ​ស្រង់​ទឹក​ទន្លេ​ធំ​ ឲ្យ​ដឹង​ស្គាល់​ជាតិ​។ លុះទ្រ​ង់​ព្រះ​ចិន្តា​ដូច្នោះ​ហើយ​ ព្រះ​អង្គ​ក្សត្រី​ ក៏​ក្រាប​ថ្វាយ​បង្គំ​លា ​សម្ដេច​ព្រះ​វរ​រាជ​មាតា​បិតា​ ទៅ​ក្រសាល​តាម​សព្វ​ព្រះ​ទ័យ​។ ព្រះ​វរ​រាជ​មាតា​បិតា​ ក៏​យល់​ព្រម​ហើយ​ ស្ដេច​ព្រះ​រាជ​ដំណើរ​ ទៅ​ជា​មួយ​ដែរ​។

ក្នុង​គ្រា​នោះ ច្រាំង​ទន្លេ​ធំ​ នៅ​ទី​កំពង់​ចាម​ ដុះ​ខ្សាច់​ជ្រេ​ជ្រាល​ល្អ ​ព្រះ​នាង​ និង​ អស់​បរិវារ​ ចុះ​ស្រង់​ក្នុង​ទឹ​ក​ទន្លេ​នោះ​យ៉ាងក្សេ​មក្សាន្ត​។

នេះ​ នឹង និយាយ​ពី​ក្រពើ​មួយ​នៅ​ព្រែក​ឆ្លូង​ ថា​ក្រពើ​នោះ មាន​ក្បាល ​៥​ហត្ថ​ សា​ហាវ​ហាន​ក្លា​ក្រឡា​ខ្លួន​បាន​។ ថ្ងៃ​នោះ​ វា​ចេញ​អំពី​ព្រែក​ឆ្លូង​ ហែល​នាំ​បរិវារ​ទៅ​លេង​ទី​នានា​ តាម​សព្វ​ដង​រៀង​មក​។ ក្នុង​គ្រា​នោះ​ ក្រ​ពើ​ក្រ​ឡេក​ឃើញ​ព្រះ​រាជ​បុត្រី​ ព្រះ​នតន​មាលី​ នៅ​ក្នុង​កណ្ដាល​ហ្វូង​ស្ត្រី​ ក៏​មាន​ចិត្ត​មេត្រី​ចង់​ព្រះ​​នាង​​​ជា​​ភរិយា​ ទើប​វា​វាយ​កន្ទុយ​ រលក​បោក​គ្រាំ​គ្រេង​។ អស់​ស្ត្រី​ជា​បរិ​វារ​ ភិត​ភ័យ​ទាំង​ព្រះ​អង្គ​រតន​មាលី​ រត់​ឡើង​គោក​ទាំង​អស់​គ្នា​។ ខណៈ​នោះ​ ក្រពើ​នោះ​ ស្ទុះ​ចូល​មក​ខាំ​ ពាំ​យក​ព្រះ​នាង​រតន​មាលី​បាន​ហើយ​ ក៏​ពាំ​នាំ​តម្រង់​ទៅ​កាន់​កន្លែង​របស់​វា​។ អស់​ពួក​ខ្ញុំ​រាជ​ការ​ទាំង​ប្រុស​ទាំង​ស្រី​ ឃើញ​ហើយ​ភិត​ភ័យ​ ក៏​ស្រែក​កញ្ជ្រោល​រោល​រាល​ជា​ខ្លាំង​។​ សេច​ក្ដី​នេះ​ ជ្រាប​ដល់​ព្រះ​វរ​រាជ​មាតា​បិតា​ ស្ដេច​ទ្រង់​សោក​ស្ដាយ​ព្រះ​រាជ​បុត្រី​ណាស់​ ទ្រង់​ឲ្យ​លើក​ព្យូហៈ​នាវា​ ដេញ​តាម​ក្រពើ​នោះ​។ ទាហាន​ខ្លះ​ក៏​បាញ់​កាំ​ភ្លើង​បង្អើល​ ដើម្បី​ឲ្យ​ក្រ​ពើ​នោះ​ លែង​ចោល​ព្រះ​នាង​មក​វិញ​ ខ្លះ​ក៏​បោះ​បាញ់​ច្បូក​ ធ្នូ​ ស្នា ដោយ​ប្រការ​ផ្សេង​ៗ​។ ឯ​ក្រពើ​នោះ​ កាល​ឮ​សន្ធឹក​កាំ​ភ្លើង​បាញ់​ ដេញ​តាម​ប្រកិត​យ៉ាង​ជិត​ខ្លាំង​ពេក​ នឹង​រក​ពេល​គេច​វេះ​ដោះ​ខ្លួន​យក​ព្រះ​នាង​ធ្វើ​ជា​ភរិយា​ពុំ​បាន​ ក៏​លេប​ព្រះ​នាង​ចូល​ទៅ​ក្នុង​ពោះ​ ហើយ​ស្ទុះ​ហែល​ចូល​ទៅ​ក្នុង​ព្រែក​ឆ្លូង​ តាម​ទី​ក​ន្លែង​របស់​វា​។

ឯ​ព្រះ​បរម​បពិត្រ​ ដែល​ទ្រង់​លើក​ព្យុហៈ​នាវា​ តាម​ទៅ​នោះ​ លុះ​ទៅ​ដល់​ព្រែក​ឆ្លូង​ហើយ​ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ហ្ម​ចូល​ទាក់​ក្រពើ​នោះ​ លុះ​ត្រា​តែ​បាន យក​មក​វះ​ពោះ យក​សព​ព្រះ​រាជ​បុត្រី​ មក​ធ្វើ​ព្រះ​មេរុ បូជា​ព្រះ​សព​។ កាល​សូ​រេច​បុណ្យ ស្ដេច​ទ្រង់​យក​គ្រឿង​សង្វារ​ កង​កន់ ​និង​ ព្រះ​ពាន​មាស​ទាំង​ប៉ុន្មាន​ មក​កសាង​ជា​ព្រះ​ពុទ្ធ​រូប​មាស​ ៥​ អង្គ​ ប្រាក់​ ៥​អង្គ​ សំរឹទ្ធិ ​៥​អង្គ​ ទង់​ហ៊្វា ​៥អង្គ​ ទង់​ដែង​ ៥​អង្គ​។ ព្រះ​អង្គ​ឲ្យ​សាង​ចេតិយ​ តម្កល់​ព្រះ​អដ្ឋិ​ព្រះ​រាជ​បុត្រី​ នៅ​ទី​នោះ​។​ ទ្រង់​ឲ្យ​សាង​ព្រះ​វិហារ​មួយ​នៅ​មាត់​ព្រែក​ឆ្លូង​ នោះ​មាន​សសរ​មួយ​រយ​ប្លាយ​ ហើយ​យក​សុទ្ធ​សឹង​តែ​ខ្មោច​​ ព្រាយ​ទ្រាប​បាត​សសរ​ទាំង​មួយ​រយ​នោះ​ បញ្ចុះ​អថ័ន​ (មក​ពី​ពាក្យ​ សំស្ក្រឹត​ អថ​វ៌ន​ ប្រើ​ជា​ឈ្មោះ ​មន្ត​អា​គម​ពួក​មួយ​សម្រាប់​សូត​សែក​ហៅ ​ឬ​ បណ្ដេញ​ភូត​បីសាច​ជា​ដើម​ និង ពិធី​បញ្ចុះ​គោល​ចារឹក​សន្មត​ថា​ជា​ជ័យ​ភូមិ​) ឲ្យ​ពូ​កែ​។​ ដោយ​ហេតុ​ថា ព្រះ​អង្គ​ក្រោធ​ នឹង អស់​មន្ត្រី​ខ្ញុំ​រាជ​ការ​ ពុំ​ជួយ​ថែ​ទាំ​រក្សា​ បាន​ជា​ព្រះ​រាជ​បុត្រី​ថ្លោះ​ការ​ទាំង​ម៉្លេះ ​ទើប​សម្ដេច​ព្រះ​បរម​បពិត្រ​ ស្ដេច​ដាក់​ទំនាយ​ថា ​:​ បើ​មន្ត្រី​ណា​ដើរ​កាត់​មុខ​ព្រះ​វិហារ​កូន​អញ​ ឲ្យ​មន្ត្រី​នោះ​អន្តរាយ​។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​វិហារ​វត្ត​នោះ​ នា​ម៉ឺន​ដើរ​កាត់​មុខ​ពុំ​បាន​។ សម្ដេច​ ស្ដេច​សាង​ស្រេច​ហើយ​ ស្ដេច​ធ្វើ​សង្គាយ​នា​ឆ្លង​ព្រះ​វិហារ​វត្ត​នោះ​។ ព្រះ​អង្គ​ បង្វែរ​ ខ្ញុំ​ប្រុស​ ២១​នាក់​ ខ្ញុំ​ស្រី​២១​នាក់​ រទេះ​គោ​២១​នឹម រទេះ​ក្របី​២១​នឹម​ ស្រែ​២១​ ភូមិ​២១​ សេះ​២១​ ដំរី​២១​ ជា​ដង្វាយ​ព្រះ​ស្រី​រតន​ត្រ័យ​ ឲ្យ​បាន​កុសល​នោះ​ ចម្រើន​ដល់​ព្រះ​រាជ​បុត្រី​។ លុះ​សម្រេច​ ព្រះ​រាជ​ពិធី​ បុណ្យ​នេះ​ហើយ​ ព្រះ​អង្គ​នាំ​រាជ​សេវ​កាមាត្យ​ ត្រឡប់​ចូល​មក​ក្រុង​ចតុម្មុខ​វិញ​"​។

លុះ​ដល់​ឆ្នាំ​មមែ​ ឯក​ស័ក ​ព.ស. ២០៤៣-គ.ស. ១៤៩៩-ម.ស. ១៤២១-៨៦១ ឧក​ញ៉ា​សួគ៌ា​លោក​ ចៅ​ហ្វាយ​ស្រុក​ខែ​ត្រ​ពោធិ៍​សាត់ ​ប្ដឹង​ចូល​មក​អ្នក​ឧកញ៉ា​ចក្រី សេនា​បតី​ ឲ្យ​នាំ​សេច​ក្ដី​ក្រាប​បង្គំ​ទូល ​សូម​ទ្រង់​ជ្រាប​។

ដ្បិត​ភ្នាក់​ងារ​ក្លោង​ទាក់​ដំរី​ភ្លុក​ស​បាន​មួយ​ កំពស់​បួន​ហត្ថ​ប្លាយ​ សម្បុរ​ឆ្នាំង​ថ្មី​ ប្រកប​ដោយ​គជ​លក្ខណៈ​បរិបូណ៌​។

អ្នក​ឧក​ញ៉ា​ចក្រី​ ក៏​នាំ​ឡើង​ក្រាប​បង្គំ​ទូល​ តាម​សេច​ក្ដី​សំបុត្រ​គ្រប់​ប្រការ​ ទើប​ទ្រង់​ព្រះ​រាជ​បញ្ជា​ឲ្យ​នាំ​ដំរី​ចូល​មក​ថ្វាយ​។ លុះ​ស្ដេច​ចេញ​ទត​ដំរី​ យល់​បរិ​សុទ្ធ​ប្រាកដ​មែន​ ទ្រង់​សោម​នស្ស​ សព្វ​ព្រះ​ទ័យ​ក្រៃ​ពេក​។ ស្ដេច​ព្រះ​រាជ​ទាន​រង្វាន់​ហ្ម​ដែល​ទាក់​បាន​នោះ​ មាស​មួយ​តឹង​កូន​ដៃ​ ប្រាក់​មួយ​តឹង​កូន​ដៃ​ និង​ របស់​ឯ​ទៀត​ជា​ច្រើន​។ ឯ​អ្នក​ដែល​ជួយ​ទាក់​នោះ​ ជា​ពល​កម្លោះ​ ស្ដេច​ព្រះ​រាជ​ទាន​ដល់​ពល​ទាំង​នោះ​ តាម​គួរ​ទ្រង់​ប្រោស​មិន​ឲ្យ​ត្រូវ​កំណែន​រាជ​ការ​អ្វី​ឡើយ​។​

ថ្ងៃ​ក្រោយ ទ្រង់​ចាត់​មុខ​ក្រសួង​ឲ្យ​រៀប​ពិធី​មង្គល​ ព្រះ​រាជ​ទាន​នាម​ដំរី​ស​នោះ​ថា​ ព្រះ​ស្វេត​មង្គល​រាជ​ហត្ថិ​ពិ​ជ័យ​ឆទ្ទន្ត​។ ទ្រង់​ព្រះ​រាជ​ទាន​គ្រឿង​ប្រ​ដាប់​សឹង​មាស​ ទ្រង់​ឲ្យ​ធ្វើ​រោង​ប្រក់​ស្បូវ​អំបែង​បិទ​មាស​ សម្រាប់​ទ្រង់​ដំរី​នោះ​។ លុះ​ដល់​ឆ្នាំ​ច​ចត្វា​ស័ក​ ព្រះ​ស្វេត​មង្គល​ រាជ​ហត្ថី​ ឈឺ​យូរ​ថ្ងៃ​ហើយ​ ក៏​ស្រុត​ទៅ​ "ស្រុត​ប្រែ​ថា​ស្លាប់​ ពាក្យ​នេះ​ សម្រាប់​និយាយ​ចំពោះ​តែ​ដំរី​"​។​

ថ្ងៃ ១០ កើត ខែ​ពិសាខ ឆ្នាំ​ច ចត្វាស័ក ព.ស. ២០៤៦-គ.ស. ១៥០២-ម.ស. ១៤២៤-ច.ស. ៨៦៤ ព្រះ​បាទ​សម្ដេច​ ព្រះ​មហា​ធម្ម​រាជា​ ទ្រង់​យាង​ទៅ​ប្រពាត​ ភ្នំ​ព្រះ​រាជ​ទ្រព្យ ខេត្ត​សំរោង​ទង​ សេនា​បតី​ មន្ត្រី​ខ្ញុំ​រាជ​ការ​ គ្រប់​ក្រុម​ ហែ​ហម​អម​ព្រះ​អង្គ​ជា​ច្រើន​ ហើយ​ទ្រង់​ព្រះ​រាជ​បញ្ជា​កេណ្ឌ​រាស្ត្រ​ ជីក​ស្រះ​នៅ​កៀន​ភ្នំ​ យក​ទឹក​ដាក់​ជា​ទាន​ សាង​ព្រះ​រាជ​កុសល​។ វេលា​គ្រា​នោះ​ មាន​ព្រះ​គ្រោះ​មួយ​បង្កើត​ជា​ព្រះ​រោគ​ក្នុង​ព្រះ​អង្គ​ ទើប​ស្ដេច​ព្រះ​រាជ​ដំណើរ​ត្រឡប់​មក​ ក្រុង​ដូន​ពេញ​វិញ​ដោយ​ព្រះ​រោគ​រឹត​តែ​ខ្លាំង​ឡើង​ៗ​ ឯ​ស្រះ​ដែល​ជីក​ ក៏​ពុំទាន់​ហើយ​។​

សម្ដេច ព្រះ​មហា​ធម្ម​រាជា​ ព្រះ​អង្គ​សោយ​រាជ​សម្បត្តិ​ កាល​ស្រុក​កំពុង​កើត​ ចលា​ចល បាន​ ៨​ឆ្នាំ ស្ដេច​ប្រាប្ដា​ភិសេក​ បាន​ ១៩​ឆ្នាំ​ រួម​ជា ២៧​ឆ្នាំ ​ព្រះជន្ម​៦៤​ឆ្នាំ​ ទ្រង់​ព្រះ​អាពាធ​ រឹត​តែ​ធ្ងន់​ណាស់​។ ទ្រង់​ឲ្យ​និមន្ត​ព្រះ​រាជា​គណៈ​មក​ចម្រើន​ព្រះ​ពុទ្ធ​គុណ​ ធម្ម​គុណ​ សង្ឃ​គុណ​ ថ្វាយ​រាល់​វេលា​។​

ថ្ងៃ ១០ រោច ខែ​ជេស្ឋ ឆ្នាំ​ជូត ឆស័ក ព.ស. ២០៤៨-គ.ស. ១៥០៤-ម.ស. ១៤២៦-ច.ស. ៨៦៦ ទ្រង់​សោយ​ព្រះ​ទិ​វង្គត​ទៅ​។ ព្រះ​បរម​វង្សា​ នា​ម៉ឺន​សព្វ​មុខ​មន្ត្រី​ លើក​ព្រះ​សព​តម្កល់​ក្នុង​ព្រះ​កោដ្ឋ​ស្រេច​។ ទើប​អញ្ជើញ​ចៅ ពញា​ដំ​ខត្តិយ៍​ ជា​ព្រះ​រាជ​បុត្រា​ច្បង​ ឲ្យ​ឡើង​សោយ​រាជ​សម្បត្តិ​តាម​ព្រះ​ប្រ​វេណី​។​