ថ្ងៃសៅរ៍ ទី20.មករា 2018.ម៉ោង 13:12
ផែនដីព្រះស្រីសុរិយោទ័យ (ត)

ព្រះ​បាទ​សម្ដេច​ព្រះ​ស្រី​រាជា​ធិរាជ​ ជា​អម្ចាស់​ផែន​ដី​ឧត្តរ​ទិស​នោះ​ លុះ​ដល់​ឆ្នាំ​ជូត សំរឹទ្ធិ​ស័ក ច.ស. ៨៣០ ស្ដេច​ត្រាស់​ឲ្យ​មន្ត្រី ​នាំ​ព្រះ​សុភ​អក្សរ​មក​សុំ​ព្រះ​ខាន់​រាជ​ជ័យ​មង្គល​ និង​ដាវ​ក្រឹស​ដែក​សម្រាប់​ជា​យាន​សេះ ​ដំរី​ ដែល​នៅ​ក្នុង​ព្រះ​ឃ្លាំង​ សម្រាប់​ផែន​ដី​នោះ​។

ព្រះធម្មរាជាបានទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ថា ៖
     "របស់​ទាំង​អស់​នេះ​ ជា​របស់​សម្រាប់​ព្រះ​មហា​នគរ​ មិន​គួរ​ឡើយ​ទ្រង់​ថ្វាយ​របស់​ទាំង​នេះ​ទៅ​ព្រះ​ស្រី​រាជា​ ជា​ព្រះ​ជេដ្ឋា​ទេ​"​។ ទ្រង់​ព្រះ​តំរាស់​នេះ​ចប់​ហើយ​ ទ្រង់​ត្រាស់​ចាត់​អាវ​ក្រឹស​ដែក​ ស្រកា​ពង្រូល​​ជា​សម្រាប់​ ពល​រទេះ​ម្ភៃ​សម្រាប់​ និង​ មួក​ដែក​ពីរ​ ប្រគល់​ឲ្យ​មន្ត្រី​នាំ​យក​ទៅ​ក្រាប​ទូល​ថ្វា​យ​សម្ដេច​ព្រះ​សេរី​រាជា​។​

     សម្ដេច​ព្រះ​ជេដ្ឋា​ ទ្រង់​យល់​ដូច្នោះ​ហើយ​ ទ្រង់​ខ្ញាល់​ណាស់​ ទើប​ទ្រង់​ត្រាស់​ថា ៖ ព្រះ​ខាន់​ ក៏​មិន​ឲ្យ​ត្រឡប់​មក​ឲ្យ​ ឯ​​គ្រឿង​អាវ​ក្រឹស​ សម្រាប់​ពល​រទេះ​ ដែល​ឥឡូវ​នេះ​ គេ​លែង​ប្រើ​អស់​ទៅ​ហើយ​។ ត​មក​ស្ដេច​ឲ្យ​ព្រះ​រាជ​បម្រើ​ ទៅ​កួន​សុំ​ច្រើន​គ្រា​ តែ​សុំ​ពុំ​បាន​។​

នេះនឹងនិយាយ អំពីមន្ត្រី ក្នុងក្រុងចតុម្មុខវិញ។
មន្ត្រី​ទាំង​នោះ​ ដោយ​ស្រឡាញ់​អម្ចាស់​របស់​ខ្លួន​ណាស់​ ក៏​អញ្ជើញ​ស្ដេច​ធម្ម​រាជា​ឲ្យ​ឡើង​សោយ​រាជ្យ​ កាល​នោះ​ព្រះ​អង្គ​ពុំ​ព្រម​ទទួល​សេច​ក្ដី​អញ្ជើញ​ទេ​។ លុះ​ដល់​ឆ្នាំ​រកា នព​ស័ក ព្រះ​សុរិ​យោ​ទ័យ​ស្ដេច​ឡើង​សោយ​រាជ្យ​ មួយ​ឆ្នាំ​ក្រោយ​នោះ​មក ទើប​ព្រះ​សេរី​ធម្ម​រាជា​ ស្ដេច​ព្រម​ទទួល​សោយ​រាជ្យ​ឡើង​។

ផែនដីព្រះធម្មរាជា
(ពីគ.ស.១៤៧៨ ដល់ គ.ស.១៥០៤)

ព្រះធម្មរាជា ឡើង​សោយ​រាជ​សម្បត្តិ​ ក្នុង​ឆ្នាំ​ច សំ​រឹទ្ធិ​ស័ក​ ព.ស. ២០២២ - គ.ស. ១៤៧៨​ - ម.ស. ១៤០០-ច.ស. ៨៤០ ក្នុង​ជន្មា​យុ​២៦​ឆ្នាំ ​ទ្រង់​ព្រះ​នាម​ជា​​ព្រះ​បាទ​សម្ដេច​ ព្រះ​រាជ​ឱង្ការ​ ព្រះ​ធម្ម​រាជា​ មហា​ចក្រ​ពត្រា​ធិ​រាជ​។ ព្រះ​អង្គ​លើក​ព្រះ​វង្ស​ក្សត្រី​ឡើង​ជា​អគ្គម​ហេសី​ ទ្រង់​ព្រះ​នាម​​ជា​សម្ដេច​ព្រះ​ភគ​វតី​ សេរី​ទេព​ទេវី​ នារី​ចក្រ​ពត្តិ​។ ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​ ព្រះ​រាជ​វង្សា​នុ​វង្ស​ ស្នំ ​រក្សា​ឲ្យ​មាន​យស​ស័ក្ដិ​ តាម​ថានា​នុ​រូប​ ដោយ​សម​គួរ​ទាំង​ប្រុស​ទាំង​ស្រី​។ ក្នុង​ឆ្នាំ​នោះ​ មាន​អព្ភូត​ហេតុ​បង្កើត​ជា​អស្ចារ្យ​ណាស់​ គឺ​កម្រើក​ផែន​ដី​ជាង​ ៥​ម៉ោង​។​

ព្រះ​បាទ​សម្ដេច​ ព្រះ​ស្រី​រាជា​ ស្ដេច​បាន​ទ្រង់​ជ្រាប​ថា : សម្ដេច​ព្រះ​ធម្ម​រាជា​ ប្រែ​ព្រះ​ទ័យ​ក្បត់​ឡើង​សោយ​រាជ្យ​ហើយ​ ស្ដេច​ខ្ញាល់​ណាស់​។ ស្ដេច​ត្រាស់​ឲ្យ​លើក​ទ័ព​ទៅ​វាយ​ក្រុង​ភ្នំពេញ​។ ប៉ុន្តែ​លុះ​ទ្រង់​ជ្រាប​ថា : សម្ដេច​ព្រះ​សុរិ​យោ​ទ័យ​ស្ដេច​ចាត់​កង​ទ័ព​ ឲ្យ​ទៅ​សង្កត់​ខេត្ត​ស្ទឹង​ត្រែង​ កំពង់​សៀម​ហើយ​ ទើប​ទ្រង់​ឲ្យ​ឈប់​ខាន​ លើក​ទ័ព​ទៅ​វាយ​ស្រុក​ភ្នំ​ពេញ​វិញ​ ហើយ​ព្រះ​អង្គ​ឲ្យ​លើក​ទ័ព​ ឡើង​ទៅ​ខែត្រ​ត្រើយ​ខាង​កើត​ ដើម្បី​តាំង​រក្សា​ ខែត្រ​ស្ទឹង​ត្រែង​ កំពង់​សៀម នឹង​ ធ្វើ​សង្គ្រាម​ទល់​នឹង​ព្រះ​ស្រី​សុរិ​យោ​ទ័យ​វិញ​។ ស្ដេច​ទាំង​ពីរ​ព្រះ​អង្គ​ លើក​ច្បាំង​គ្នា​គ្រា​នោះ​ជា​ច្រើន​ក្ដារ​ តែ​មិន​ចាញ់​មិន​ឈ្នះ​សោះ​។ លុះ​ដល់​ខែ​ពិសាខ​ ឆ្នាំកុរ​ ឯក​ស័ក ព.ស. ២០២៣-គ.ស. ១៤៧៩ - ម.ស. ១៤០១-ច.ស. ៨៤១ ភ្លៀង​ធ្លាក់​រឿយ​ៗ ច្បាំង​មិន​កើត​ ទើប​ព្រះ​ស្រី​រាជា​ និង​ព្រះ​ស្រី​សុរិ​យោ​ទ័យ ស្ដេច​ថយ​ទ័ព​បញ្ឈប់​ពល​ឲ្យ​ធ្វើ​ស្រែ​ទាំង​សង​ខាង​។​

ផែន​ដីគ្រា​នោះ​បែក​ជា​ ៣​ភាគ​ ស្ដេច​ទាំង​៣​ព្រះ​អង្គ​ពុំ​ព្រម​ចំណុះ​គ្នា​ទៅ​វិញ​ទៅ​មក​សោះ​។ ស្ដេច​ធ្វើ​សឹក​សង្គ្រាម​ នឹង គ្នា គឺ​ពី​ឆ្នាំ​វក​អដ្ឋ​ស័ក​ រៀង​មក​ដល់​ឆ្នាំ​ម្សាញ់​ បញ្ច​ស័ក​ ត្រូវ​ជា​១០​ឆ្នាំ ​រេហ៍​ពល​រាស្ត្រ​ប្រជា​ ស្លុត​ស្លាប់​អស់​ជា​ច្រើន​នាក់​។ កង​ទ័ព​ទាំង​សង​ខាង​ក៏​ញញើត​ថ្វី​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​ស្ដេច​ឲ្យ​បញ្ឈប់​សង្គ្រាម​ ទ្រង់​នៅ​ស្ងៀម​រក្សា​ព្រះ​រាជ​អាណា​ខែត្រ​របស់​ព្រះ​អង្គ​គ្រប់​ព្រះ​អង្គ​។

ឯ​ព្រះ​បាទ​សម្ដេច​ស្រី​រាជា​នោះ​ អ្នក​ព្រះ​បរម​ចន្ទារ​ពិសេស​ សម្ភព​ព្រះ​រាជ​បុត្រា​មួយ​ព្រះ​អង្គ​ ទ្រង់​ព្រះ​នាម​ចៅ​ពញា​ឱង​រាជា​ ក្នុង​ឆ្នាំ​ជូត​ទោ​ស័ក​។ លុះ​ដល់​ឆ្នាំ​កុរ ឯក​ស័ក​ក្រោយ​ដែល​បាន​ធ្វើ​សង្គ្រាម​ ៣​ឆ្នាំ ហើយ​​នោះ​ព្រះ​បាទ​សម្ដេច​ព្រះ​ស្រី​រាជា​ ស្ដេច​ត្រាស់​បង្គាប់​ឲ្យ​ត​ទូក កេណ្ឌ​រេហ៍​ពល​ ហ្វឹក​ហ្វឺន​ហាត់​សេនា​ទាហាន​ប្រុង​ប្រៀប​ស្បៀង​អាហារ​ គ្រឿង​សស្ត្រា​វុធ​ នឹង លើក​ទ័ព​ទៅ​វាយ​សម្ដេច​ព្រះ​ស្រីសុ​រិ​យោ​ទ័យ​ម្ដង​ទៀត​។ លុះ​សូរេច​ហើយ​ ស្ដេច​លើក​យោធា​ទាហាន​ឆ្លង​ទៅ​ច្បាំង​គ្នា​ ទាំង​ទ័ព​ទឹក​ ទ័ព​គោក​បោះ​បាញ់​ ចាក់​កាប់​សម្លាប់​គ្នា​ជា​ច្រើ​នក្ដារ​ តែ​ពុំ​ទាន់​ចាញ់​ឈ្នះ​រាង​ចាល​ម្ខាង​ៗ​ឡើយ​។​

ព្រះ​បាទ​សម្ដេច​ព្រះ​ធម្ម​រាជា​ កាល​ទ្រង់​ជ្រាប​ថា ​: ស្ដេច​ទាំង​ពីរ​ព្រះ​អង្គ​ ទិស​ខាង​កើត​ច្បាំង​គ្នា​ទៀត​ហើយ​ ទើប​ទ្រង់​ត្រាស់​ឲ្យ​នាយ​កង​ទ័ព​ កេណ្ឌ​រេហ៍​ពល​លើក​ទៅ​ត្រួត​ត្រា​ រក្សា​ព្រះ​រាជ​អាណា​ខេត្ត​កុំ​ឲ្យ​កង​ទ័ព​ខាង​កើត​ និង ខាង​ជើង​ចូល​មក​ធ្វើ​វឹក​វរ​ក្នុង​ព្រះ​អាណា​ខេត្ត​ព្រះ​អង្គ​បាន​ឡើយ​។​​

ស្ដេច​ទាំង​ពីរ​ព្រះ​អង្គ​ ត្រើយ​ខាង​កើត​ និង​ ខាង​ជើង​ ធ្វើ​សង្គ្រាម​នឹង​គ្នា​ ពី​ឆ្នាំ​វក អដ្ឋ​ស័ក​រៀង​មក​ដល់​ឆ្នាំ​ម្សាញ់​ បញ្ច​ស័ក ត្រូវ​ជា ១០ឆ្នាំ អស់​អាណា​ប្រជា​នុរា​ស្ត្រ​វិនាស​ ដោយ​ច្បាំង​ និង​ដោយ​ជំងឺ​តំកាត់​ជា​ច្រើន​។ ទើប​ព្រះ​បាទ​សម្ដេច​ធម្ម​រាជា​ ព្រះ​អង្គ​យល់​ថា​ ប្រ​ទេស​កើត​កោ​លា​ហល​ខ្លាំង​ណាស់​សង្គ្រាម​ក៏​រឹត​តែ​ខ្លាំង​ឡើង​ ចោរ​ខ្មួញ​ ក៏​កម្រើក​ថ្លើម​ធំ​ ប្លន់​កាប់​ចាក់​សម្លាប់​គ្នា​គ្រប់​ស្រុក​គ្រប់​តំបន់​។​ ទ្រង់​មាន​ព្រះ​រាជ​ហ​ឫ​ទ័យ​ ព្រះ​មហា​ករុណា​ អាណិត​អាណា​ប្រជា​នុ​រាស្ត្រ​ពន់​ប្រមាណ​ ទើប​ទ្រង់​តែង​ព្រះ​សុភ​អក្សរ​ ឲ្យ​ព្រះ​តេជៈ​អញ្ជើញ​យក​សុភ​អក្សរ​នោះ​ចុះ​ទូក​ ចេញ​ទៅ​ក្រុង​ទេព​បូរី​ស្រី​អយុធ្យា​ នៅ​ឆ្នាំ​ម្សាញ់​ បញ្ច​ស័ក​ ព.ស. ២០២៩-គ.ស. ១៤៨៥-ម.ស. ១៤០៧-ច.ស. ៨៤៧។ នោះ​បើ​គិត​រាជ​សម្បត្តិ​ ព្រះ​មហាក្ស​ត្រ​ទាំង​៣​ព្រះ​អង្គ​ ឃើញ​ថា​ ព្រះ​បាទ​សម្ដេច​ព្រះ​សេរី​រាជា​សោយ​រាជ្យ​បាន​ ២០​ឆ្នាំ​។ ស្ដេច​លើក​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​នឹង​សៀម​ ហើយ​ត្រឡប់​មក​វិញ​ ក្នុង​ឆ្នាំ​វក​ អដ្ឋ​ស័ក​នេះ​ ស្ដេច​ធ្វើ​សង្គ្រាម​នឹង​ព្រះ​បាទ​សម្ដេច​ព្រះ​ស្រី​សុរិ​យោទ័យ​ រៀង​មក​ដល់​ឆ្នាំ​ម្សាញ់​ សប្ត​ស័ក​នេះ ​១០​ ឆ្នាំ​ទៀត​ត្រូវ​ជា​៣០​ឆ្នាំ​។ ស្ដេច​គង់​នៅ​ក្នុង​ខែត្រ​គោក​សេះ (ខែត្រ​បារាយណ៍​) និង​ ខែ​ត្រ​កំពង់​សៀម​។

ព្រះ​បាទ​ស្រី​សុរិ​យោ​ទ័យ សោយ​រាជ្យ​ពី​ឆ្នាំ​រកា នព​ស័ក​។ ស្ដេច​ធ្វើ​សង្គ្រាម​ នឹង ព្រះ​បិតុលា (មា​ខាង​ឪពុក​) រៀប​មក​ដល់​ឆ្នាំ​ម្សាញ់​សប្ត​ស័ក​ នោះ​ត្រូ​វ​ជា​ ៥​ឆ្នាំ ស្ដេច​គង់​នៅ​ក្រុង​បាសាន​ (គឺ​ស្រុក​ស្រី​សន្ធរ​ទាំង​ឆ្វេង​ទាំង​ស្ដាំ​ ទាំង​កណ្ដាល​សព្វ​ថ្ងៃ​នេះ​)​។

ព្រះ​បាទ​សម្ដេច​ព្រះ​ធម្ម​រាជា​ ស្ដេច​សោយ​រាជ្យ​ពី​ឆ្នាំ​ច សំ​រឹទ្ធិ​ស័ក រៀង​មក​ដល់​ឆ្នាំ​ម្សាញ់​ សប្ត​ស័ក​ត្រូវ​ជា ៨​ឆ្នាំ​ ស្ដេច​គង់​នៅ​ក្រុង​ចតុម្មុខ​ ព្រះ​អង្គ​ឲ្យ​បោះ​ទ័ព​រាំង​ទប់​តែ​ប៉ុណ្ណោះ​ ពុំ​បាន​លើក​ទៅ​ច្បាំង​ នឹង ខាង​ណាៗ​ឡើយ​។​

នឹង​ថ្លែង​អំពី​ ព្រះ​រាជ​តេជៈ​ រាជ​ទូត​ដែល​អញ្ជើញ​ព្រះ​រាជ​សារ​នោះ​វិញ​។ លុះ​ទៅ​ដល់​ក្រុង​ទេព​បូរី​ហើយ​។ ព្រះ​រាជ​តេជៈ​រាជ​ទូត​ ក៏​ចូល​ទៅ​ប្ដឹង​សេនា​បតី​ សេនា​បតី​ក៏​នាំ​ឡើង​ក្រាប​បង្គំ​គាល់​ ថ្វាយ​ព្រះ​រាជ​សារ​នោះ​។​ សម្ដេច​ព្រះ​ចៅ​ចក្រ​ពត្តិ​ឲ្យ​លាម (បក​ប្រែ)​ សារ​នោះ​ អាល័ក្ស​ថ្វាយ​សេច​ក្ដី​ ដូច​ត​ទៅ​នេះ​ថា :​

"ព្រះ​រាជ​សារ​ព្រះ​បាទ​សម្ដេច​ ស្ដេច​ព្រះ​រាជ​ឱង្ការ​ ព្រះ​ធម្ម​រាជា​ រាមា​ធិប​តី​ សេរី​សូរ្យ​វង្ស​ តម្រង់​មហាន​គរ​ ក្រុង​កម្ពុជា​ធិបតី​ សេរី​សោធរ​ បវរ​ឥន្ទ​បត្ត​ កុរុ​រដ្ឋ​រាជ​ធានី​ មន្ទីរ​លីលា​មហា​ឋាន​។​

សូម​ចម្រើន​ផ្លូវ​ព្រះ​រាជ​មេត្រី មក​សម្ដេច​ព្រះ​មហា​ចក្រ​ពត្តិ​ រាជ​វរ​ឫទ្ធិ បរ​មិន្ទ​មហិន្ទ​រាជ​ឫទ្ធី​ជីវិត​ រតន​ជា​ញ​ជ័យ នៃ ព្រះ​ចៅ​ក្រុង​ទេព​មហា​នគរ​ រាជ​ធារា​វតី​ ស្រី​អយុធ្យា​ មហា​តលិក​ (សៀម​អាន​ថា មហា​តិឡុក) ពិភព​នព​រ័តន៍ រាជ​ធានី ឧត្តម​មហា​ឋាន​។
                                                                                                                      សូមទ្រង់ជ្រាប។

ដ្បិត​ក្រុង​កម្ពុជា កើត​កោល​ហល​ក្ដៅ​ក្រហាយ​ ដល់​សម​ណ​ជី​ព្រាហ្មណ៍​ ទាំង​ព្រះ​ពុទ្ធ​សាស​នា​ក៏​សៅ​ហ្មង​ ព្រោះ​ព្រះ​បាទ​សម្ដេច​ព្រះ​ស្រី​រាជា​ ជា​ព្រះ​ជេដ្ឋា ​និង​ សម្ដេច​ព្រះ​ស្រី​សុរិ​យោទ័យ​ ជា​ព្រះ​ភាគិ​នេយ្យោ​ នៃ ​យើង​ស្ដេច​កើត​វិវាទ​ ធ្វើ​សង្គ្រាម​ នឹង គ្នា​ជា​យូរ​យារ​អង្វែង​ណាស់​ហើយ​។

ដូច្នេះ សូម​ទ្រង់​តម្រង់​ផ្លូវ​ព្រះ​រាជ​មេត្រី​ អញ្ជើញ​លើក​ព្យូហៈ​កង​ទ័ព​ទៅ​ជួយ​ប្រាប​ប្រាម​ ក្រសត្រ​ទាំង​ពីរ​ព្រះ​អង្គ​ឲ្យ​លះ​លែង​បដិ​បក្ស​ចេញ​ ដើម្បី​ឲ្យ​សមណ​ជី​ព្រា​ហ្មណ៍ បណ្ដា​រាស្ត្រ នឹង​ បាន​សេច​ក្ដី​សុខ ដោយ​ព្រះ​ចៅ​ក្រុង​សៀម​ជួយ​ទំនុក​បំរុង​ ព្រះ​ពុទ្ធ​សាសនា​ នឹង បាន​រុង​រឿង​ត​ទៅ​។ ព្រះ​នគរ​ទាំង​ពីរ​ ទុក​ជា​ផែន​ដី​មួយ​ជា​មួយ​គ្នា ​បើ​ព្រះ​នគរ​ខាង​ណា​ កើត​សឹក​សង្គ្រាម​ ព្រះ​នគរ​ម្ខាង​ នឹង លើក​ទ័ព​ទៅ​ជួយ​គ្នា​ទៅ​វិញ​ទៅមក​ ទុក​ជា​ព្រះ​រៀម​ ព្រះ​អនុជ​ តាម​ព្រះ​រាជ​ប្រ​វេណី​។

ឥឡូវ​នេះ​ យើង​ព្រះ​រៀម​ ឲ្យ​ព្រះ​រាជ​តេជៈ​ ជា​រាជ​ទូត​ និង ឧបទ្ទត​ នាំ​ចាន​មាស​ ៤ ​ចាន​ប្រាក់ ​៤ កុយ​រមាស ​៤​ ភ្លុក​ដំរី​យ៉ាង​ធំ ​៤​ ក្បាល សំពត់​ហូល​ ៤០ សូត្រ ៤​ហាប​ ជា​រាជ​បណ្ណា​ការ​ មក​ថ្វាយ​សម្ដេច​ព្រះ​អនុជ​ជា​ធិរាជ​ ជា​ផ្លូវ​ព្រះ​រាជ​មេត្រី​ សូម​ព្រះ​ចៅ​ទទួល​សម្ព័ន្ធ​មិត្រ​ កុំ​បី​ឃ្លាត​។

លុះ​អាល័ក្ស សូត្រ​សេច​ក្ដី​ព្រះ​រាជ​សារ​ចប់​ហើយ​ ព្រះ​ចៅ​ចក្រពត្តិ ទ្រង់​ព្រះ​អំណរ​ណាស់​ ស្ដេច​ត្រាស់​សួរ​ថា :​
ព្រះ​រៀម​នេះ​ឬ​ ដែល​មាន​ព្រះ​មាតា​ជា​សៀម ​?
លោក​អ្នក​អាន​ប្រ​ហែល​ជា​នៅ​ចាំ​បាន​ថា​ព្រះ​មាតា​របស់​ព្រះ​ស្រី​ធម្ម​រាជា​នោះ​នាម​ស៊ី​សាងាម​ជាតិ​សៀម​សុទ្ធ​
ព្រះរាជតេជៈរាជទូត ក្រាបទូលថា ៖
ព្រះ​ចៅ​ចក្រ​ពត្តិ​ បាន​ទ្រង់​ជ្រាប​ជៀង​ជាក់​ជា​វង្ស​សៀម​ ជា​មួយ​ នឹង ព្រះ​អង្គ​ហើយ​ ព្រះ​អង្គ​ទុក​ព្រះ​ទ័យ​ស្និទ្ធ​ជា​ព្រះ​រៀម​ ទើប​ត្រាស់​ឲ្យ​កេណ្ឌ​កង​ទ័ព​ ជើង​ទឹក​ទុក​បម្រុង​ថ្វាយ​។​

លុះ​ដល់​ខែ​អស្សុជ​ចេញ​វស្សា​ ស្ដេច​ត្រាស់​បង្គាប់​ឲ្យ​ចៅ​ពញា​យោធា​និករ​ជា​មេ​ទ័ព​ជើង​ទឹក​ ឃុំ​ពល​ពីរ​ម៉ឺន​នាក់ (២០០០០នាក់)​ នាំ​ព្រះ​រាជ​តេជៈ​រាជ​ទូត​ខ្មែរ​ លើក​ចូល​មក​ក្រុង​កម្ពុជា​ធិបតី​តាម​ផ្លូវ​កំពត​ ពាម បន្ទាយ​មាស​។

     "ព្រះ​រាជ​ពង្សាវ​តារ​ភាគ​៣​ ដែល​តម្កល់​នៅ​ព្រះ​រាជ​បណ្ណា​ល័យ​លេខ​ គ ៥៣-៣ មាន​សេច​ក្ដី​ដូច្នេះ​ថែម​ទៀត ​" ស្ដេច​សៀម​ឲ្យ​ប្រែ​ព្រះ​រាជ​សារ​ថ្វាយ​ លុះ​ទ្រង់​ជ្រាប​សេច​ក្ដី​គ្រប់​ប្រការ​ហើយ​ ទ្រង់​ព្រះ​អំណរ​ណាស់​ ដោយ​មាន​គំនុំ​ ​នឹង ព្រះ​ស្រី​រាជា កាល​មក​វាយ​ស្រុក​សៀម កៀរ​គ្រួយក​ទៅ​ជា​ច្រើន​។ ទ្រង់​មាន​បន្ទូល​ថា : យើង​លើក​ទ័ព​ទៅ​គ្រា​នេះ​ នឹង យក​គ្រួ​យើង​មក​វិញ​ទាំង​អស់​។ លុះ​ទ្រង់​ព្រះ​រាជ​បញ្ជា​សេនា​បតី​មន្ត្រី ​ឲ្យ​ប្រមូល​សេនា​ទាហា​ន​មក​ ជួប​ជុំ​រៀប​ជា​ក្បួន​ព្យូហៈ​ស្រេច​ ស្ដេច​ចាត់​ពញា​យោធា​ ជា​មេទ័ព​ជើង​ទឹក​ ឲ្យ​នាំ​ពល​៣០០០​នាក់ ចុះ​ទូក​ជា​មួយ​ នឹង ព្រះ​រាជ​តេជៈ​រាជ​ទូត​ខ្មែរ​ចេញ​មក​ក្រុង​កម្ពុជា​ធិបតី​ ទូល​សម្ដេច​ព្រះ​ធម្មរាជា​ សូម​ទ្រង់​ជ្រាប​ជា​មុន​។​

លុះ​ដល់​ថ្ងៃ​អាទិត្យ ៦​កើត​ ខែ​បុស្ស ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ព.ស. ២០២៩ គ.ស. ១៤៨៥ ម.ស. ១៤០៧ ច.ស. ៨៤៧ វេលា​ព្រឹក​ម៉ោង​​២ (ម៉ោង​បុរាណ​ ត្រូវ​ម៉ោង​ ៩​កន្លះ​យើង​សព្វ​ថ្ងៃ​នេះ​) ព្រះ​ចៅ​ចក្រព​ត្រា​ធិរាជ​ស្ដេច​ទ្រង់​គ្រឿង​សង្គ្រាម​យុទ្ធ​ ឡើង​គង់​ព្រះ​ទី​នាំង​គជេន្ទ្រ​ប្លាយ​មង្គល​ចក្រ​ពត្តិ ​កំពស់​ប្រាំ​ហត្ថ​មួយ​ចំអាម​ ទើប​ស្ដេច​ឲ្យ​ចៅ​ពញា​មហា​សេនា​ សមុហៈ​ក្រឡា​ហោម​ជា​មេ​ទ័ព​ ចៅ​ពញា​ចក្រី​ ឧកញ៉ា​ព្រះ​ឃ្លាំង​ធិប​តី​ ជា​ប៉ែក​ឆ្វេង​ប៉ែក​ស្ដាំ ​លើក​ទ័ព​ជើង​គោក​ មក​ប្រ​ទេស​កម្ពុ​ជា​មហា​នគរ​ តាម​ផ្លូ​វបាត់​ដំបង​។

ឯ​ព្រះ​រាជ​តេជៈ​ ជា​រាជ​ទូត​ កាល​នាំ​ទ័ព​ជើង​ទឹក​ តាម​ផ្លូវ​កំពត​ រហូត​មក​ដល់​ភ្នំ​ពេញ​ហើយ​ អ្នក​ក៏​ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ ទូល​តាម​សេច​ក្ដី​ ដែល​ព្រះ​ចៅ​ចក្រ​ពត្តិ​ យក​ព្រះ​ទ័យ​ទុក​ដាក់​ លើក​ទ័ព​មក​នោះ​គ្រប់​ប្រការ​។ ព្រះ​បាទ​សម្ដេច​ ព្រះ​ធម្ម​រាជា​ កាល​ទ្រង់​បាន​ជ្រាប​ហើយ​ ក៏​ចាត់​ស្បៀង​លៀង​កង​ទ័ព​ស្រេច​ ទើប​ស្ដេច​ឲ្យ​សេនា​បតី​តាំ​ងព្យូហៈ​ទ័ព​ និង លើក​ទៅ​ប្រសប់​ (គឺ​លើក​ទៅ​ជួប​) នឹង​ទ័ព​សៀម​ខាង​ជើង​គោក​។ ខណៈ​នោះ​ ស្ដេច​ទ្រង់​គ្រឿង​រាជ​រណ​រង្គ​យុទ្ធ​ ស្រេច​ហើយ​ស្ដេច​ឡើង​គង់​ព្រះ​ទី​នាំង​ហត្ថី​ ចង​គ្រឿង​គជា​ហរណៈ ​បាំង​នូវ​ព្រះ​បរម​ស្វេត​ច្ឆ័ត្រ​ឆើត​ឆាយ​ ដោយ​នូវ​អភិ​រម​សែន​ត្វាន​ ទង់​ជ័យ​ប្រពៃ​រន្ទាល​ ច្រាល​ឆ្អៅ​គ្រប់​កង​គជ​សារ​ អស្សា​ពាជី​ យោធី​ព្រៀង​ព្រម​ មក​ស្ថិត​ចាំ​ស្ដេច​នៅ​ ព្រះ​លាន​ជ័យ​។​ លុះ​បាន​ពិជ័យ​ឫក្ស​ល្អ​ហើយ​ ហោរា​ក៏​គោះ​គង​ទូង​ស្គរ​ អ្នក​មុខ​អ្នក​ការ​ ក៏​ប្រគំ​រងំ​ដោយ​នូវ​តូរ្យ​តន្ត្រីយ៍​ ភ្លែ​ភ្លៀវ​លេង​ស្គរ​ជ័យ​ ល្វាស​ល្វៃ​ព្យូហៈ​ ទ័ព​ចេញ​ចាក​ព្រះ​មហាន​គរ​ទៅ​ឧត្តរ​ទិស​។ ស្ដេច​ព្រះ​រាជ​ដំណើរ​ទៅ​ដល់​ខែត្រ​អម្រាគ​គីរិន្ត​បូណ៌ ​(ស្រុក​បរិ​បូណ៌​សព្វ​ថ្ងៃ​នេះ)​ ស្ដេច​បញ្ឈប់​កង​ទ័ព​ ធ្វើ​ទី​ប្រថាប់​សម្រាប់​ក្រ​សត្រ​ជា​ពីរ​ឋាន​។​

ត​ទៅ​នេះ​សេច​ក្ដី​ក្នុង​សាស្ត្រា​វត្ត​កំពង់​ត្រឡាច​ក្រោម​ ព្រះ​ចៅ​ចក្រ​ពត្តិ ស្ដេច​លើក​យោធា​សៀម​ តាម​ផ្លូវ​បាត់​ដំបង​ ពោធិ៍​សាត់​ ក្រុង​ខ្លុង ចូល​មក​ដល់​ខែត្រ​អម្រាគ​គីរិន្ត​បូរណ៌​ ជួប​ នឹង សម្ដេច​ព្រះ​ធម្ម​រាជា​ ស្ដេច​​សៀម​​ទទួល​ព្រះ​អង្គ​ដោយ​ផ្លូវ​ព្រះ​រាជ​មេត្រី​យ៉ាង​ធំ​ សម​ នឹង ព្រះ​សិរី​យស ព្រះ​មហាក្សត្រ​រួម​មហា​ស្វេត​ច្ឆ័ត្រ​។​ លំដាប់​នោះ​ ទ្រង់​ព្រះ​តំរិះ​ពី​ការ​សង្គ្រាម​ស្រេច​ហើយ​ ស្ដេច​ទាំង​ពីរ​ព្រះអង្គ​ ទុក​ព្រះ​ទ័យ​សោម​នស្ស​ គ្មាន​រង្គាស​ទាំង​សងខា​ង។ ស្ដេច​ធម្ម​រាជា​ សម្ដេច​ត្រាស់​ហៅ​ព្រះ​ចៅ​ចក្រព​ត្តិ​ថា ព្រះ​អនុជ​ ខាង​ព្រះ​ចៅ​ត្រាស់​ហៅ​មក​វិញ​ថា​ ព្រះ​រៀម​។

លុះ​ណាត់​ការ​សង្គ្រាម​ស្រេច​ ស្ដេច​ទាំង​ពីរ​ព្រះ​អង្គ​ ក៏​លើក​ទ័ព​ខ្មែរ​ទ័ព​សៀម​ ឆ្លង​ទៅ​ត្រើយ​ខាង​កើត​ ចោម​បន្ទាយ​សម្ដេច​ព្រះ​ស្រី​រាជា​។​

សម្ដេច​សិរី​រាជា​ ក្នុង​គ្រា​នោះ​ កំ​ពុង​គង់​ប្រថាប់​ នៅ​ខែត្រ​កំពង់​សៀម​។ លុះ​ព្រះ​អង្គ​ស្ដេច​បាន​ជ្រាប​ហើយ​ថា សម្ដេច​ព្រះ​អនុជា​ធិ​រាជ ឲ្យ​នៅ​អន្ទង​ទ័ព​សៀម​មក​ច្បាំង នឹង ព្រះ​អង្គ​ដូច្នេះ​ ស្ដេច​ក៏​មាន​ព្រះ​តំរាស់​ប្រឹក្សា​ នឹ ងអស់​សេនា​បតី​ មន្ត្រី​ជា​មេ​កង​ទ័ព​ធំ​តូច​ថា : ឥឡូវ​នេះ មាន​កង​ទ័ព​សៀម​ខ្មែរ​លើក​មក​ថែម​ទៀត​ ដូច្នេះ​អស់​អ្នក​រាល់​គ្នា​យល់​ដូច​ម្ដេច​?

ខណៈនោះ សម្ដេចចៅហ្វាទឡ្ហៈ
តាម​​គំនិត​របស់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នោះ ទូល​ព្រះ​បង្គំ​យល់​ថា យើង​ នឹង ត​ នឹង គេ​ពុំ​បាន​ទេ​ ដ្បិត​យើង​ធ្វើ​ទ័ព​មក​ជិត​ ១០​ឆ្នាំ​ហើយ​ ពល​ទាហាន​កំពុង​នឿយ​ហត់​ ស្បៀង​អាហារ​សស្ត្រា​វុធ​ ក៏​ស្ដួច​ស្ដើង​។ ចំណែក​ខាង​គេ​វិញ​ រេហ៍​ពល​គេ​ក៏​ថ្មោង​ថ្មី ​ស្បៀង​អាហារ​សស្ត្រា​វុធ​គេ ក៏​បរិ​បូណ៌​។ មិន​តែ​ប៉ុណ្ណោះ​សោត​ ថែ​ម​ទាំង​សម្ដេ​ច​ព្រះ​អនុជ​ ស្ដេច​ចូល​ នឹង គេ​ថែម​ទៀត​ផង​ ដែល​ជា​ហេតុ​ឲ្យ​គេ​កើត​ ទៅ​ជា​ពីរ​​កំលាំង​។ យើង​មុខ​ជា​តតាំង​ច្បាំង​ពុំ​ឈ្នះ​គេ​ឡើយ​។

ខណៈនោះ ពួកមន្ត្រីខាងសេនាទាហាន ឆ្លើយឡើងថា ៖
យើង​ នឹង ស្ដី​ធ្វើ​អ្វី​ឲ្យ​តែ​វែង​ ពួក​សៀម​នោះ​ វា​ធ្លាប់​តែ​ចាញ់​ថ្វី​ដៃ​យើង​ទេ​។ ខាង​ទ័ព​ខ្មែរ​ខាង​លិច​ (គឺ​ទ័ព​ព្រះ​ស្រី​ធម្ម​រាជា​) ក៏​សុទ្ធ​តែ​ថ្មី​ៗ​ ពុំ​ដែល​ចូល​ច្បាំង​សោះ​ ហេតុ​ដូច្នេះ​ សូម​ស្ដេច​ជា​អម្ចាស់​ ស្ដេច​កុំ​ព្រួយ​ព្រះ​ទ័យ​ឡើយ​។ យើង​ខ្ញុំ​ទូល​ព្រះ​បង្គំ​ទាំង​អស់​គ្នា ទទួល​អាសា​ ធ្វើ​ការ​ថ្វាយ ត្រា​តែ​អស់​ជីវិត​រៀង​ៗ​ខ្លួន​។

សម្ដេច​ព្រះ​ស្រី​រាជា​ បាន​ទ្រង់​ព្រះ​សណ្ដាប់​ដូច្នោះ​ហើយ​ ទ្រង់​ព្រះ​ចិន្ដា​ឈ្វេង​យល់​ថា ​: វិស័យ​ជា​ជាតិ​ទាហាន​ ចិត្ត​មនោ​មានះ ​មិន​ដឹង​កំលាំង​គេ​កំលាំង​ឯង​ជា​ធម្មតា​។ យើង នឹង ស្ដាប់​ណាស់​ផង​ ក៏​ពុំ​បាន​ ទើប​ទ្រង់​ត្រាស់​ថា ​:

     "អស់​អ្នក​រាល់​គ្នា ​យក​ចិត្ត​ឈឺ​ឆ្អា​ល​ ជួយ​យក​រាជ​អាសា​យើង​នោះ​ យើង​អរ​ណាស់​ហើយ​ តែ​កា​រណ៍​ម្ដង​នេះ​ធ្ងន់​ណាស់​។ យើង​ឃើញ​ថា បើ​យើង​ត​ នឹង គេ​នោះ​ មុខ​ជា​ត​ពុំ​បាន​ឡើយ​ យើង​មុខ​ជា​ស្លាប់​មិន​ខាន​។ រាស្ត្រ​ប្រជា​ សេនា​ ទាហាន​ រេហ៍ពល​គ្មាន​ប្រ​យោជន៍​អ្វី​ នឹង ត​ស៊ូ​ជា​មួយ​ នឹង គេ​បាន​ទេ​។ យើង​គួរ​ចុះ​ចូល​គេ​ទៅ​វិញ​ ជា​ជាង​ ព្រោះ​អាណិត​អស់​រាស្ត្រ​ប្រជា​"​។ មាន​ព្រះ​បន្ទូល​រួច​ ស្ដេច​ត្រាស់​ប្រើ ឧក​ញ៉ា​យម​រាជ​១ ឧកញ៉ា​វាំង​១ ឲ្យ​ទៅ​ទូល​សម្ដេច​ព្រះ​ធម្ម​រាជា​ថា :​ ព្រះអង្គ​នឹង​លើក​លែង​សង្គ្រាម​យុទ្ធ​ ដែល​បាន​ធ្វើ​នោះ​ត​ទៅ​ទៀត​ហើយ​។

សម្ដេច​ព្រះ​ធម្ម​រាជា​ និង​ ព្រះ​ចៅ​ចក្រ​ពត្តិ​ កាល​ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ព្រះ​អំណរ​ណាស់​ ទើប​ស្ដេច​ទាំង​ពីរ​ព្រះ​អង្គ​ ត្រាស់​បង្គាប់​ឧក​ញ៉ា​ទាំង​ពីរ​នាក់​ ឲ្យ​ទៅ​អញ្ជើញ​ ស្ដេច​មក​ជុំ​ទាំង​៣​ព្រះ​អង្គ​ នៅ​ថ្ងៃ​ ៣​កើត​ខែ​មាឃ​ ឆ្នាំ​ម្សាញ់​ សប្ត​ស័ក​។ ខណៈ​នោះ​ ឧកញ៉ា​ទាំង​ពីរ​នាក់​ កាល​បាន​ឮ​ដូច្នោះ​ហើយ​ ក៏​ត្រេក​អរ​ណាស់​ ត្រឡប់​ទៅ​ក្រាប​ទូល​ព្រះ​សិរី​រាជា​ តាម​សេច​ក្ដី​គ្រប់​ប្រការ​។​

អស់​មុខ​មន្ត្រី​ទាំង​ ៣​កង​ កាល​បាន​ដឹង​កា​រណ៍​ថា ៖ ក្សត្រ​ទាំង​៣​ព្រះ​អង្គ​ជា​មេត្រី​​ស្មោះ​សរ​ត្រេក​អរ​ នឹង គ្នា​ ដោយ​ស្មោះ​ស្ម័គ្រ​ដូច្នោះ​ ក៏​ចាត់​ចែង​ពល​ទាំង​កង​ ឆ្លង​ទៅ​សង់​ព្រះ​ពន្លា​ជ័យ​ នៅ​រោង​ទង (សូម​អភ័យ​ទោស​ចុះ​ស្រុក​នេះ​ យើង​ខ្ញុំ​មិន​ស្គាល់​ទេ​ យើង​បាន​ស៊ើប​សួរ​អ្នក​ស្រុក​កំពង់​ចាម​ដែរ​ តែ​មិន​ប្រទះ​នឹង​អ្នក​ស្គាល់​សោះ​។​ ប្រហែល​ជា​គេ​សរ​សេរ​មុន​ឲ្យ​ឃ្លៀង​ឃ្លាត​ឆ្ងាយ​ពេក​ ឬ​ប្រការ​យ៉ាង​ណា​ក៏​មិន​ដឹង​)​។ លុះ​ដល់​កំណត់​គ្រប់​ថ្ងៃ​ ១០​ រោច​ ខែ​មាឃ​ហើយ ព្រះ​ពន្លា​ក៏​បាន​សង់​រួច​ស្រេច​ សម្ដេច​ព្រះ​ស្រី​រាជា​ សម្ដេច​ព្រះ​ធម្ម​រាជា​ ព្រះ​ចៅ​ចក្រ​ពត្តិ​ ស្ដេច​យាង​ដោយ​ក្បួន​ហែ​យ៉ាង​ធំ​ ទៅ​ជួប​ជុំ​ ព្រម​ដោយ​សេនា​បតី​ មុខ​មន្ត្រី​ចតុស្ដម្ភ​ ខ្ញុំ​រាជ​ការ​តូច​ធំ​ បង្គំ​គាល់​ជាយ​ស​ប​រិ​វារ​ ពុំ​កាន់​គ្រឿង​អាវុធ​ឡើយ​។ ព្រះ​មហាក្ស​ត្រា​ធិរាជ​ទាំង​៣​ ព្រះ​អង្គ​ក៏​ទទួល​បញ្ឈប់​ការ​សង្គ្រាម​ តាម​ព្រះ​ទ័យ​ព្រះ​អនុជ​។ ទើប​ព្រះ​ចៅ​ចក្រ​ពត្តិ ទូល​សម្ដេច​ព្រះ​សិរី​រាជា​ : ខ្ញុំ​ជា​អនុជ​លើក​ទ័ព​មក​ទាំង​នោះ​ ព្រោះ​ព្រះ​រៀម​ និង​ ព្រះ​ភាគិ​នេយ្យោ​ ទ្រង់​ធ្វើ​សង្គ្រាម​យូរ​ឆ្នាំ​មក​ហើយ​ ពុំ​សម្រេច​។​ ដូច្នេះ​ សូម​កុំ​ឲ្យ​ទ្រង់​តូច​ព្រះ​ទ័យ​ឡើយ​ សូម​តាំង​ព្រះ​ទ័យ​ ជួយ​ព្រះ​ពុទ្ធ​សាសនា​ បំបាត់​ទុក្ខ​ប្រជា​រាស្ត្រ​ឲ្យ​បាន​នៅ​ជា​សុខ​ក្សេម​ក្សាន្ត​។ ខ្ញុំ​សុំ​អញ្ជើញ​ ស្ដេច​ទៅ​គង់​ក្រុង​ទេព​ជា​មួយ​គ្នា​ នឹង ខ្ញុំ​ជា​ព្រះ​អនុជ​ទៅ​វិញ​ សោះ​រវល់​។ ឯ​ពញា​ឱង​ជា​ក្មួយ​នោះ​ (ព្រះ​រាជ​បុត្រ​ព្រះ​ស្រី​រាជា)​ ខ្ញុំ​សុំ​ជា​បុត្រ​ធម៌​ នឹង​ទំនុក​បម្រុង​ឲ្យ​ដូច​ជា​រាជ​បុត្រ​បង្កើត​របស់​ទូល​បង្គំ​។ ឯ​មុខ​មន្ត្រី​បណ្ដា​ជា​​ខ្ញុំ​ នឹង ចង់​​ទៅ​តាម​ប៉ុន្មាន​ៗ​ ក៏​ទៅ​តាម​ស្ម័គ្រ​ចិត្ត​ចុះ​។ លុះ​ត្រាស់​ប្រាប់​រាជ​ការ​ស្រេច​ហើយ​ស្ដេច​ត្រឡប់​ចូល​ព្រះ​ពន្លា​ជ័យ​វិញ​។​

នាយ​កង​ទ័ព​សៀម​ ដែល​បាន​ទទួល​ណាត់​ កិច្ច​ការ​ទាហាន​នោះ​ ក៏​ឃុំ​សម្ដេច​ព្រះ​ស្រី​រាជា​ ពញា​ឱង​រាជា​ និង​ ខ្ញុំ​រាជ​ការ​ក្នុង​ក្រៅ​ ទុក​ហើយ​ ទើប​ឲ្យ​រាជ​ទូត​ទៅ​អញ្ជើញ​ សម្ដេច​ព្រះ​ស្រី​សុរិ​យោ​ទ័យ​អំពី​ត្រើយ​ខាង​កើត​ ដើម្បី​ឲ្យ​ស្ដេច​មក​ នឹង រៀប​ចំ ​ឲ្យ​បាន​សុខ​សាន្ត​ តាម​ប្រវេ​ណី​រៀង​ទៅ​។​

សម្ដេច​ព្រះ​ស្រី​សុរិ​យោ​ទ័យ​ ទ្រង់​បាន​ជ្រាប​ថា ​: សៀម​ចាប់​សម្ដេច​ព្រះ​បិតុលា​បាន​ហើយ​ ទ្រង់​មាន​ព្រះ​អំណរ​ណាស់​។ ស្ដេច​ត្រាស់​ទៅ​មុខ​មន្ត្រី​ថា​ : ព្រះ​ធម្ម​រាជា​នេះ​ជា​មា​យើង​មែន​ តែ​ព្រះ​ជន្ម​វស្សា​តិច​ជាង​យើង​ទេ​ បើ​ដូច្នេះ​ គង់​តែ​ព្រះ​ចៅ​រៀប​ចំ​ឲ្យ​យើង​ជា​ទ្រង់​រាជ្យ​ ជា​មិន​ខាន​។ បើ​មិន​ដូច្នោះ​ទេ​ ព្រះ​ចៅ​ គង់​នឹង​បែង​ផែន​ដី​ជា​ពីរ​ ចែក​ស្មើ​គ្នា​ពុំ​ខាន​។ បើ​ដូច្នេះ​ គួរ​តែ​យើង​ចូល​ទៅ​ស្ដាប់​ការ​ណ៍​មើល​សិន​។ លុះ​ទ្រង់​ព្រះ​ចិន្តា​ដូច្នេះ​ហើយ​ ស្ដេច​ឲ្យ​លើក​កង​ទ័ព​ ឆ្លង​ទៅ​ខែត្រ​សំរោង​ទង​ ចូល​ដល់​ទៅ​ បាន​ជួប​ នឹង សម្ដេច​ព្រះ​ធម្ម​រាជា​ និង​ ព្រះចៅ​ចក្រ​ពត្តិ នៅ​ទី​ព្រះ​ពន្លា​ក្រៅ​បន្ទាយ​។ ខណៈ​នោះ​ ព្រះ​ចៅ​ចក្រ​ពត្តិ ​ទ្រង់​ត្រាស់​ នឹង ព្រះ​ស្រី​សុរិ​យោ​ទ័យ​ថា ​៖​

"សម្ដេច​​ព្រះ​ស្រី​រាជា​ និង​ព្រះ​អង្គ​ ជា​គូ​សង្គ្រាម​នឹង​គ្នា​ ឥឡូវ​នេះ​ យើង​នឹង​ឲ្យ​តែ​មួយ​ព្រះ​អង្គ​នៅ​ យក​តែ​មួយ​ព្រះ​អង្គ​ស្ដេច​ទៅ​នេះ​ ជា​អយុ​ត្តិ​ធម៌​ណាស់ ហេតុ​ដូច្នេះ​ សូម​អញ្ជើញ​ព្រះ​ក្មួយ​ទៅ​ក្រុង​ទេព​ ជា​មួយ​នឹង​បិតុលា​ចុះ​"​។

ព្រះ​ចៅ​ចក្រ​ពត្តិ​ ត្រាស់​ចប់​តែ​ប៉ុណ្ណោះ​ហើយ​ ក៏​ឲ្យ​ទាហាន​អញ្ជើញ​ ព្រះ​ស្រី​សុរិ​យោ​ទ័យ​ ចូល​ក្នុង​បន្ទាយ​។ កង​ទ័ព​ទាំង​ឡើយ​ ដែល​ហែ​ហម​ព្រះ​អង្គ​មក​ នឹង ចូល​ទៅ​តាម​ផង​ពុំ​បាន​ ព្រោះ​ទាហាន​សៀម ដែល​កាន់​គ្រឿង​អាវុធ​គ្រប់​គ្នា​នោះ​ ឃាត់​មិន​ឲ្យ​ចូល​។ ដូច្នេះ​ ទាហាន​របស់​ព្រះ​ស្រី​សុរិ​យោទ័យ​ ក៏​ថយ​មក​ចាំ​ស្ដាប់​កា​រណ៍​នៅ​ខាង​ក្រៅ​។ លុះ​បាន​ដឹង​ថា : សៀម​ឃុំ​ព្រះ​អង្គ​ នឹង យក​ស្ដេច​ទៅ​ស្រុក​សៀម​ហើយ​ ក៏​ទាល់​គំនិត​ភិត​ភ័យ​ ហើយ​រត់​ត្រឡប់​ទៅ​ស្រុក​វិញ​អស់​។

ព្រះ​បាទ​សម្ដេច​ព្រះ​ធម្ម​រាជា​ និង ព្រះ​ចៅ​ចក្រ​ពត្តិ ស្ដេច​លើក​ទ័ព​ នាំ​ក្សត្រ​ទាំង​ពីរ​ព្រះ​អង្គ​ ព្រះ​រាជ​ដំណើរ​ត្រឡប់​ទៅ​ដល់​ខែត្រ​លង្វែក​ រួច​ហើយ​ព្រះ​ចៅ​ចក្រពត្តិ​ ស្ដេច​ថ្វាយ​បង្គំ​លា​សម្ដេច​ព្រះ​ធម្ម​រាជា​ លើក​ទ័ព​ទៅ​ក្រុង​ទេព​បូរី​វិញ​។

ព្រះ​បាទ​សម្ដេច​ ព្រះ​ធម្ម​រាជា​ ស្ដេច​ចាត់​រាជ​បណ្ណា​ការ​ និង​ ស្បៀង​ តាម​សម​គួរ​ដោយ​ផ្លូវ​​ព្រះ​រាជ​មេត្រី​។ ស្ដេច​ថ្វាយ​មកុដ​មាស​ យ៉ាង​ខេមរា​ប្រទេស​មួយ​ សង្វារ​មាស​បី​ខ្សែ​ ព្រះ​សុព័ណ៌​បាទ​មាស​មួយ​សម្រាប់​ ស្វេត​ច្ឆ័ត្រ​មួយ​ ព្រះ​ខាន់​ដង​ខ្លី​ដង​មាស​ស្រោម​មាស​មួយ​ ប្រាក់​បី​ហាប​ ដំរី​មាន​ភ្លុក​ ៦​ក្បាល​ សេះ​២០០​ សូត្រ​១០​ហាប​ ក្របាស់​៥​ហាប​ សំពត់​ហូល​ ៣០០​ ព្រែក​សូត្រ​ ១០០​ត្បូង រង្គ​៣ហាប​ ថ្ម​កែវ​២០០​ដុំ​ និង គ្រួ​សៀម​ ដែល​សម្ដេច​ព្រះ​ស្រី​រាជា​ បាន​កៀរ​យក​មក​មុន​នោះ​ លើក​ថ្វាយ​ទៅ​វិញ​ទាំង​អស់​។​

ខណៈ​នោះ​ ព្រះ​ចៅ​ចក្រ​ពត្តិ​ ថ្វាយ​ស្នង​វិញ​គឺ មកុដ​មាស​​យ៉ាង​ស្យាម​ប្រទេស​មួយ​អង្គ​ ព្រះ​ពាន​មាស​មួយ​ ទំរង់​ព្រះ​ហស្ថ​ ឆ្លាក់​ជា​រូប​គ្រុឌ​មួយ​ ព្រះ​មាលា​មួយ​ ព្រះពាន​មាស​ទំរង់​ព្រះ​កាញ្ចន​ការ​មួយ​ (ជើង​ពាន​ទ្រ​គ្រឿង​ទ្រង់​ធ្វើ​ពី​មាស​សុទ្ធ​)​ ព្រះ​ពាន​ទ្រ​ព្រះ​សុភ័គ​ (អក្ខ​រា​វិរុទ្ធ​នៃ​ពាក្យ​នេះ​មិន​ឃើញ​មាន​)​ ឆ្លាក់​ជា​រូប​ទេព​ប្រ​ណម្យ​មួយ​ ព្រះ​សែង​ (ដាវ​) ស្រោម​មាស​ ដង​មាស​មួយ​ ស្វេត​ច្ឆ័ត្រ​មួយ​ ព្រះ​វិកាញ្ចន​ការ​ (ថាស)​ មួយ​ព្រះ​វិកាញ្ចន​វាំង​ណយ​ ៥​ អង្គ សឹង​ប៉ាក់​មាស​ ទេស​ស្រុក​ជ្វា​ គ្រឿង​ព្រះ​ទីនាំង​ គ​ជេន្ទ្រ​យុទ្ធ​ពីរ​សម្រាប់​ ស្គរ​យោង​ទ័ព​មុខ​មួយ​គូរ​ គ្រឿង​ពិណ​ពាទ្យ​ពីរ​វង់​ ដំរី​ភ្លុក​១០០​ គ្រឿង​លួង​ "ប្រអប់​ដាក់​ថ្នាំ​ជក់​ មួយ​សម្រាប់​។ លុះ​ព្រះ​រាជ​បណ្ណា​ការ​ (ខ្មែរ​បូរាណ​យក​នាម​ ធ្វើ​ជា​កិរិ​យា​សព្ទ​សេច​ក្ដី​ត្រង់​នេះ​បាន​ន័យ​ថា​ថ្វាយ​ព្រះ​រាជ​បណ្ណា​ការ​) រួច​ស្រេច​ហើយ​ ព្រះ​ចៅ​ចក្រ​ពត្តិ​ក៏​ស្ដេច​លើក​កង​ទ័ព​សៀម​ ត្រឡប់​មក​វិញ​ តាម​ពោធិ៍​សាត់​ បាត់​ដំបង​រៀង​ទៅ​។​

ព្រះ​បាទ​សម្ដេច​ ព្រះ​រាជ​ឱង្ការ​ ព្រះ​ធម្ម​រាជា​ ស្ដេច​ទ្រង់​ត្រាស់​បង្គាប់​ ចៅ​ហ្វាយ​ស្រុក​ស្ដេច​ត្រាញ់​ (ចៅ​ហ្វាយ​ស្រុក​ដែល​មាន​បណ្ដា​សក្ដិ ១០​ ហួ​ពាន់​ក្នុង​សម័យ​បូរាណ​ ប្រទេស​កម្ពុ​ជា​មាន​ស្ដេច​ត្រាញ់ ​៥​ គឺ​ពញា​តេជោ​ចៅ​ហ្វាយ​ស្រុក​កំពង់​ស្វាយ​១ ពញា​សួគ៌ា​លោក​ចៅ​ហ្វាយ​ស្រុក​ខែ​ត្រ​ពោធិ៍​សាត់​១ ពញា​ស្រី​ធម្មា​តេជោ​ ចៅ​ហ្វាយ​ស្រុក​ខែត្រ​បាភ្នំ​១​ ពញា​ពិស្ណុ​លោក​ ចៅ​ហ្វាយ​ស្រុក​ខែត្រ​ទ្រាំង​១ ពញា​អរ​ជូន​ ចៅ​ហ្វាយ​ស្រុក​ខែ​ត្រ​ត្បូង​ឃ្មុំ​១​)​។ ទាំង​៤ និង​ ចៅ​ពញា​សួគ៌ា​លោក​ ឲ្យ​ជូន​ទ័ព​ស្ដេច​សៀម តាម​រយៈ​ផ្លូវ​រៀង​ទៅ​។ លំដាប់​ត​មក​ ព្រះ​បាទ​សម្ដេច​ព្រះ​ធម្ម​រាជា​ ស្ដេច​លា​ព្រះ​ចៅ​ចក្រពត្តិ​ ស្ដេច​សៀម​លើក​ទ័ព​ត្រឡប់​ចូល​មក​ ក្រុង​ចតុ​ម្មុខ​វិញ​។

ព្រះ​ចៅ​ចក្រ​ពត្តិ​ ស្ដេច​ព្រះ​រាជ​ដំណើរ​ទ័ព​ ទៅ​តាម​ផ្លូវ​ពោធិ៍​សាត់​ បាត់​ដំបង​ មង្គល​បូរី​​ ឫស្សី​សាញ់​ បា​ត្រង់​។ ព្រះ​អង្គ​បញ្ឈប់​ទ័ព​នៅ​ទី​នោះ​៣​ថ្ងៃ​។​ ឯ​សម្ដេច​ព្រះ​ស្រី​រាជា​ ព្រះ​អង្គ​តូច​ព្រះ​ទ័ព​ណាស់​ទ្រង់​ពុំ​សោយ​ពុំ​ស្រង់​សោះ​ ទ្រង់​អស់​ព្រះ​កាយ​ពល​ទាល់​តែ​ទ្រង់​ព្រះ​អាពាធ​ជា​ទម្ងន់​ណាស់​។ ព្រះ​ចៅ​ចក្រពត្តិ​ ស្ដេច​ទៅ​សួរ​ព្រះ​អាការ​រោគ​ ព្រះ​បាទ​សម្ដេច​ព្រះ​សិរី​រាជា​។ ព្រះសិរី​រាជា​ ទ្រង់​ផ្ដាំ​ផ្ញើ​ពញា​ឱង​និង​ព្រះ​ចៅ​ចក្រ​ពត្តិ​ហើយ​ទ្រង់​សុវណ្ណ​គត​ទៅ​។ ព្រះ​ចៅ​ក្រុង​ទេព​សៀម​រៀប​ចំ​តម្កល់​សព​ស្រេច​ស្ដេច​លើក​ ពញា​ឱង​ ជា​ព្រះ​រាជ​បុត្រ​ធម៌​របស់​ព្រះ​អង្គ​។ ទ្រង់​ថ្វាយ​ព្រះ​នាម​ជា​ ព្រះ​សទ្ធាន​រាជា​ទុក​ជា​បុត្រ​ច្បង​។​ ស្រេច​ហើយ​ស្ដេច​លើក​ទ័ព​ចូល​ទៅ​ក្រុង​ទេព​បូរី​វិញ​។ លុះ​ដល់​ទៅ​ក្រុង​ទេព​បូរី​បញ្ឈប់​ទ័ព​បាន​១៥​ថ្ងៃ សម្ដេច​ព្រះ​សិរី​សុរិ​យោ​ទ័យ​ ស្ដេច​ទ្រង់​អាពាធ​ជា​ទម្ងន់​ ហើយ​ទ្រង់​សុវណ្ណ​គត​ទៅ​។ ព្រះ​ចៅ​ចក្រ​ពត្តិ​ស្ដេច​ឲ្យ​រៀប​សង់​ព្រះ​មេរុ​ ថ្វាយ​ព្រះ​ភ្លើង​រើស​ព្រះ​ធាតុ​បញ្ចុះ​ស្រេច​ហើយ​ ទ្រង់​ប្រោស​ពញា​ឱង​ "ព្រះ​សុទ្ធាន​រាជា​" ឲ្យ​ទៅ​គ្រង​ស្រុក​សួគ៌​លោក​។ ​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​ ព្រះ​រាជ​បុត្រី​បង្កើត​ ឲ្យ​ជា​ព្រះ​ជាយា​ និង ព្រះ​ស្នំ​ក្រម​ការ​ផង​ទាំង​ពួង​។​

នេះ​ នឹង ​និយាយ​ពី​ប្រទេស​កម្ពុជា​វិញ​ ព្រះ​បាទ​សម្ដេច​ព្រះ​ស្រី​ធម្ម​រាជា​ បរមប​ពិត្រ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​អង្គ​បង្ក្រាប​រាជ​សង្គ្រាម​នូវ​សឹក​សត្រូវ​រាប​ទាប​ហើយ​ ស្ដេច​ទ្រង់​ទំនុក​បម្រុង​ ព្រះ​ពុទ្ធ​សាសនា​បាន​រុង​រឿង​ថ្កើង​ថ្កាន​។ ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​រង្វាន់​ដល់​អស់​មុខ​មន្ត្រី​ ឲ្យ​ឡើង​យស​សក្ដិ​ ទ្រង់​ប្រណី​ដល់​ សម​ណៈ​ជី​ព្រាហ្មណ៍​ ទាំ​ងអាណា​ប្រជា​នុរាស្ត្រ​ ឲ្យ​បាន​សុខ​ក្សេម​ក្សាន្ត​។ ទ្រង់​មាន​ព្រះ​ទ័យ​ ប្រកាន់​ទស​ពិធ​រាជ​ធម៌​ ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ចំណាយ​ព្រះ​រាជ​ទ្រព្យ​ សង់​សាលា​ឆទាន​។ ទ្រង់​លើក​លែង​ យក​ពន្ធ​រាជ​ការ​ខ្លួន​ និង​ ពន្ធ​ព្រះ​រាជ​ធានី​ ៣ ​ឆ្នាំ។​ ព្រះ​អង្គ​ឲ្យ​ព្រះ​រាជ​ឱរសា​ធិរាជ​ (កូន​ប្រុស​) សូត្រ​រៀន​ធម៌​អាថ៌​ សាស្ត្រា​បាលី​គ្រប់​ប្រការ​។