ថ្ងៃសៅរ៍ ទី12.មករា 2018.ម៉ោង 7:46
ផែនដីព្រះសេរីរាជា (តពីលេខ៤)
(សាស្ដ្រាខ្លះថា ព្រះរាជាអង្គនេះព្រះនាមស្រីរាជា)

(គ.ស.១៤៣៣)

ព្រះ​បាទ​បរម​នាថ​បរម​បពិត្រ​ ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​ព្រះ​បង្គាប់​​សម្ដេច​ព្រះ​ចៅ​ហ្វា​ទឡ្ហៈ​ (ក្នុង​បុរាណ​សម័យ​ចៅ​ហ្វា​ទឡ្ហៈ​ ជា​សេនា​បតី​ធំ​លើស​សេនា​បតី​ដទៃ​ទៀត​ បើ​ធៀប​មក​ នឹង រដ្ឋ​មន្ត្រី​យើង​សព្វ​ថ្ងៃ​នេះ​ ចៅ​ហ្វា​ទឡ្ហៈ​មាន​បណ្ដា​ស័ក​ស្មើ​នឹង​នាយក​រដ្ឋ​មន្ត្រី​ ឬ​ រដ្ឋ​មន្ត្រី​ទី​១​)​ "​កែវ" និង​ សេនា​បតី​ មន្ត្រី​ដែល​មាន​ខែត្រ​ឡើង​ទាំង​ប៉ុន្មាន​ ឲ្យ​កេណ្ឌ​ពល​បាន​ចំនួន​ ១២​ម៉ឺន​នាក់​ ព្រម​ដោយ​រទេះ​គោ សេះ ដំរី និង គ្រឿង​សស្ត្រា​វុធ​ ព្រម​ស្រេច​ស្ដេច​បង្គាប់​ឲ្យ​ព្រះ​ធម្ម​រាជា​ ជា​ព្រះ​អនុជ​នៅ​រក្សា​ព្រះ​នគរ​។ ទ្រង់​ចាត់​សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​ ឲ្យ​ធ្វើ​ជា​មេ​កង​ទ័ព​មុខ​ ឲ្យ​ចៅ​ពញា​ចក្រី​ "ប៉ែន"​ ជា​មេ​កង​ទ័ព​ស្ដាំ​ ឲ្យ​ចៅ​ពញា​ក្រឡា​ហោម​ "ប៉ឹង"​ ជា​មេ​កង​ទ័ព​ឆ្វេង​ ឲ្យ​ចៅ​ពញា​យម​រាជ​ (មិន​ដឹង​នាម​អ្វី​ទេ​ ព្រោះ​សស្ត្រា​ទាំង​អស់​ឥត​មាន​ដាក់​នាម​លោក​សោះ​)​ ជា​មេ​ទ័ព​ក្រោយ​ ឲ្យ​ចៅ​ពញា​រាជ​តេជៈ​ វិបុល​រាជ​ ប្រ​ទេស​រាជ​ នរិន្ធា​ធិ​បតី​ ជា​មេ​គយ​ឈ្លប​ បើ​ឃើញ​កង​ទ័ព​ទន់​កំលាំង​ខាង​ណា​ឲ្យ​លើក​ទៅ​ជួយ​ខាង​នោះ​ ឲ្យ​មហា​សេនា​សង្គ្រាម​ នៅ​អម​ទ័ព​ហ្លួង​ឆ្វេង​ស្ដាំ​។​

លុះ​បាន​ព្រះ​ពិជ័យ​ឫទ្ធិ​ហើយ​ ទ័ព​មុខ​ និង ទ័ព​ឆ្វេង​ស្ដាំ ​ក៏​លើក​ចេញ​ទៅ​។ ព្រះ​បាទ​បរម​បពិត្រ​ ព្រះ​អង្គ​ក៏​ទ្រង់​គ្រឿង​សីហ​រាជ​រណ​យុទ្ធ ​(រណ​ + យុទ្ធ = ​សង្គ្រាម​)​។ ឡើង​គង់​ព្រះ​ទីនាំង​គជេន្ទ្រ​លើក​ចេញ​ទៅ​តាម​ផ្លូវ​ពោធិ៍​សាត់​ បាត់​តំបង ណោ​សារិកា ស្រះ​កែវ​ ស្ទឹង​បា​គ្រង​។ កង​ទ័ព​ទាំង​នោះ​ និង​ទ័ព​ប៉ែក​ខាង​ឆ្វេង​ស្ដាំ ​បំបែក​គ្នា វាយ​ដែន​សៀម​រៀង​ទៅ​ដល់​មឿង​បស្ចឹម​ "មឿង​ប្រាជិម​សព្វ​ថ្ងៃ​នេះ​" មាន​ជ័យ​ជំនះ​ឈ្នះ​សត្រូវ​ ចាប់​បាន​ចៅ​ហ្វាយ​ស្រុក​ និង​ ក្រម​ការ​សៀម​ជា​ច្រើន​ ហើយ​កៀរ​គ្រួ​សៀម​បាន​ជាង​មួយ​ពាន់​ប្លាយ​នាក់​ ទើប​បោះ​ទ័ព​​ឈប់​ចាំ​ទ័ព​ហ្លួង​មក​ដល់​ នឹង​លើក​ចូល​ទៅ​ក្រុង​ទេព​មហា​នគរ​។ លុះ​កង​ទ័ព​ហ្លួង​មក​ដល់​ហើយ​ ទ័ព​មុខ​ខ្មែរ​ ក៏​នាំ​ឈ្លើយ​ចៅ​ហ្វាយ​ស្រុក​ និង​ ពួក​ក្រម​ការ​សៀម ឡើង​ក្រាប​បង្គំ​ទូល​ថ្វាយ​។ ព្រះ​បរម​បពិត្រ​​ស្ដេច​មាន​ព្រះ​តំរាស់​ត្រាស់​​សួរ​ពី​កិច្ច​ការ​រាជការ​ស្រុក​សៀម​ តាម​សព្វ​ប្រការ​។ សៀម​ក្រាប​បង្គំ​ទូល​ថា ​៖

" " សូម​ព្រះ​រាជ​ទាន​ទោស​ កាល​ដើម​ឡើយ​​ប្រទេស​សៀម​មាន​កើត​កោលា​ហល​ បះ​បោរ​ជា​ខ្លាំង​ណាស់​មែន​ តែ​ឥឡូវ​នេះ ឃុន​ពិ​រេន្ត្រ​ទេព​ និង មុខ​មន្ត្រី​ចាប់​ពញា​វរ​វង្សា​ និង​ នាង​ជាយា ស្រី​សុតា​ចន្ទ្រ៍​ប្រហារ​ជីវិត​ទៅ​ហើយ​ ហើយ​លើក​រាជ្យ​ថ្វាយ​ព្រះ​រាជា​ ឲ្យ​ទ្រង់​ឡើង​សោយ​រាជ្យ​ ថ្វាយ​ព្រះ​នាម​ជា​ ព្រះ​ចៅ​ចក្រ​ពត្តិ​ក្រុង​ទេព​មហា​នគរ​។ ឥឡូវ​នេះ​ ក្រុង​ស្រី​អយុធ្យា​ ក៏​បាន​រៀប​រយ​ដូច​ដើម​វិញ​ហើយ​"។​​

ព្រះ​បាទ​បរម​នាថ​បរម​បពិត្រ​ (ស្ដេច​ខ្មែរ​) ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ពុំ​អស់​ព្រះ​រាជ​ហឫ​ទ័យ​ ទើប​ចាត់​បម្រើ​សេះ​ ឲ្យ​ចូល​ទៅ​ស៊ើប​ការណ៍​ ក្នុង​ក្រុង​ទេព​ទៀត​ ហើយ​ឲ្យ​កង​ទ័ព​នោះ​ និង ទ័ព​ឆ្វេង​ស្ដាំ​លើក​សង្កត់​កៀរ​គ្រួ​សៀម​បាន​ជាង​បួន​ពាន់​ប្លាយ​នាក់​ទៀត​។ ទ្រង់​ឲ្យ​កង​ទ័ព​ហ្លួង​ ឈប់​សម្រាក​​ក្នុង​មឿង​បស្ចិម​នោះ​។​

សេច​ក្ដីប​ន្ថែម​ - ព្រះ​រាជ​ពង្សា​វតារ​ភាគ​៣​ ដែល​តម្កល់​ទុក​នៅ​ព្រះ​រាជ​បណ្ណា​ល័យ​លេខ​ គ​៥៣​-​៣ ​មាន​សេច​ក្ដី​លើស​ពី​ពង្សាវ​តារ​​វត្ត​កំពង់​ត្រឡាច​ដូច្នេះ ៖ សេនា​ទាហាន​ ដែល​ព្រះ​ស្រី​រាជា​ទ្រង់​ចាត់​ឲ្យ​ទៅ​ស៊ើប​ការណ៍​ ក្នុង​ស្រី​អយុធ្យា​នោះ​ ស៊ើប​បាន​ដឹង​សេច​ក្ដី​ហើយ​ ត្រឡប់​មក​ក្រាប​បង្គំ​ទូល​ថា​៖ ពី​ថ្ងៃ​មុន​ ឃុន​ពិ​រេន្ទ្រ​ទេព​១​ ឃុន​ព្រះ​ឥន្ទ​ទេព​១ ម៉ឺន​រាជ​ស្នេហា​១ ហ្លួង​ស៊ី​យ៉ត​ ផ្ទះ​នៅ​ភូមិ​ឡាន​តាក​ហ្វា​១​ ទាំង​បួន​នាក់​នេះ​ បាន​សម្លាប់​ពញា​វរ​វង្សា​ និង​ មាតា​ស្រី​សុតា​ចន្ទ្រ៍​ ដែល​ក្បត់​ព្រះ​យត​ហ្វា​នោះ​ទៅ​ហើយ​ ហើយ​ឥឡូវ​នេះ​ឈ្មោះ​ទាំង​៤​នាក់​នេះ​ បាន​លើក​ព្រះ​ឌៀរ​រាជា​ ជា​ព្រះ​វង្ស​ឲ្យ​សោយ​រាជ​សម្បត្តិ​ ទ្រង់​ព្រះ​នាម ព្រះ​មហា​ចក្រព​ត្រា​ធិ​រាជ​រួច​ហើយ​ទៅ​ទៀត​ផង​។​

សម្ដេច​ព្រះ​ស្រី​រាជា ទ្រង់​ព្រះ​តំរាស់​ថា ៖ យើង​លើក​ទ័ព​មក​ជិត​ក្រុង​សៀម​ហើយ​ ត្រូវ​យើង​លើក​ទៅ​ច្បាំង​ឲ្យ​ដឹង​ថ្វី​ដៃ​សិន​។
ចំណែកឯ ​សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​ មេ​ទ័ព​ជើង​ទឹក​ ដែល​បោះ​ទ័ព​នៅ​ស្រុក​រយង​វិញ​ លោក​បាន​ច្បាំង​នឹង​ទ័ព​សៀម​ សម្លាប់​ចៅ​ហ្វាយ​ស្រុក​ និង​ក្រម​ការ​សៀម​ស្លាប់​​ក្នុង​សង្គ្រាម​អស់​ទាំង​អស់​ រាស្ត្រ​ខ្មែរ​ក្នុង​ស្រុក​នោះ​ ចុះ​ចូល​សម្ដេច​ទាំង​អស់​។​

សម្ដេច​ចៅ​ហ្វាទឡ្ហៈ វាយ​បាន​ស្រុក​ចន្ទ​បូរី​ ហើយ​សម្លាប់​ពញា​ទៃ​យណាម​ (គឺ​ចៅ​ហ្វាយ​ដែល​ជា​មេទ័ព​ធំ​នៅ​ទីនោះ​) បាន​ទៀត​។ សម្ដេច​កៀរ​គ្រួ​សៀម​ ប្រមូល​ទុក​ក្នុង​កង​ទ័ព​ជា​ច្រើន​ រួច​បោះ​ទ័ព​នៅ​ស្រុក​នោះ​ ទើប​ធ្វើ​សំបុត្រ​ទូល​តប​ថា ​: សុំ​តាំង​ទ័ព​រក្សា​ខេត្ត​ចន្ទ​បូរី​ ខេត្ត​រយង​ ឲ្យ​មាំ​មួន​សិន​ ព្រោះ​បាន​វាយ​ទ័ព​សៀម​ថយ​ចេញ​អស់​ហើយ​។ ថា​បើ​នឹង​ចោល​ខេត្ត​ទាំង​នោះ​ទៅ​ នាំ​ឲ្យ​ស្ដាយ​។ ទ្រង់​ព្រះ​រាជ​តំរិះ​ដូច​ម្ដេច​ តាម​សព្វ​ព្រះ​រាជ​ហឫ​ទ័យ​។

សម្ដេច​ព្រះ​ស្រី​រាជា​ ទ្រង់​ព្រះ​រាជ​បញ្ជា​មុខ​ក្រសួង​ឲ្យ​ធ្វើ​ព្រះ​រាជ​ឱង្ការ​ប្រាប់​ទៅ​សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​វិញ​ថា៖ ឲ្យ​បោះ​ទ័ព​រក្សា​ខេត្ត​ទាំង​នោះ​កុំ​បី​ប្រហែស​ចុះ​ តែ​ឲ្យ​ស្ដាប់​ដំណឹង​ខាង​ទ័ព​ហ្លួង​ ដែល​នឹង​ចូល​ទៅ​វាយ​ក្រុង​សៀម​ផង​។ បើ​ឮ​ដំណឹង​ថា​មាន​ជ័យ​ជំនះ​ ឲ្យ​អ្នក​ចៅ​ហ្វា​ចម្លង​សេនា​ទាហាន​ ចូល​ចោម​នគរ​ខាង​ទិស​ទក្សិណ​។ មួយ​ទៀត​អោយ​ស៊ើប​ការណ៍​ ក្នុង​ខេត្ត​ទាំង​នោះ​ ហើយ​ក្រាប​ទូល​ទៅ​វិញ​ឲ្យ​រឿយ​ៗ​ផង​ រួច​ហើយ​សម្ដេច​ព្រះ​ស្រី​រាជា​ ស្ដេច​ប្រ​គល់​ព្រះ​រាជ​ឱង្ការ​ឲ្យ​បម្រើ​នាំ​ទៅ​ឲ្យ​សម្ដេច​ចៅ​ហ្វា​វិញ​។​

ក្រោយ​ពី​នោះ​មក​ ស្ដេច​លើក​ទ័ព​ពី​ស្រុក​បស្ចិម​ ចូល​ទៅ​វាយ​ក្រុង​សៀម​។ ស្ដេច​ច្បាំង​ឈ្នះ​តាម​ផ្លូវ​រហូត​ដល់​ចោម​ព្រះ​នគរ​សៀម​។ ប៉ុន្តែ​ពេល​នោះ​ ទ័ព​ខ្មែ​រ​គ្មាន​កាំ​ភ្លើង​ធំ​សោះ​។ ខាង​សៀម​វិញ​វា​មាន​កាំ​ភ្លើង​ធំ​ច្រើន​ វា​បាញ់​ពី​ក្នុង​បន្ទាយ​វា​មក ទ័ព​ខ្មែរ​នឹង​ចូល​ជិត​ពុំ​បាន​។​ ស្ដេច​ថយ​ទ័ព​ មក​បោះ​ចម្ងាយ​២០០​សិន​ ពី​វាំង​ស្ដេច​សៀម​ ខណៈ​នោះ​ អ្នក​ឧកញ៉ា​ចក្រី​ប៉ែន​ នាំ​សេនា​ទាហាន ​៥០០​នាក់​ ចូល​ជិត​កំ​ពែង​សៀម​។ សៀម​បាញ់​មក​ត្រូវ​ឧក​ញ៉ា​ចក្រី​ប៉ែន​ មរណៈ​ក្នុង​សង្គ្រាម​។

សម្ដេច​ព្រះស្រី​រាជា​ ទ្រង់​ជ្រាប​ហើយ​ ស្ដេច​ប្រឹក្សា​ នឹង នាយក​​កង​នាយ​ទ័ព​ថា ​: យើង​វាយ​នគរ​សៀម​ជាន់​នេះ ​ឃើញ​ថា​មិន​បែក​ទេ ដូច្នេះ​ស្ដេច​ឲ្យ​ថយ​ទ័ព​មក​​នៅ​ខេត្ត​បស្ចិម​វិញ​។ ទ័ព​ខាង​សៀម​ឃើញ​ហើយ​ ពុំ​ហ៊ាន​លើក​ទ័ព​តាម​ទេ​។​

ព្រះ​ចៅ​ពិរោ​រាជា​ (តិលោក​រាជ​?​) ជា​ព្រះ​ចៅ​នៅ​ក្រុង​ហង្សាវ​តី​ ទ្រង់​ជ្រាប​ថា :​ ក្រុង​ទេព​បុរី​ស្រី​អយុធ្យា​ កើត​កោលា​ហល​ដូច្នេះ​ ទ្រង់​ក៏​កេណ្ឌ​រេហ៍​ពល​បាន​ ៣​ម៉ឺន​នាក់​ព្រម​ដោយ​គ្រឿង​សស្ត្រា​វុធ​ សេះ​ដំរី​ ហើយ​លើក​ចូល​មក​ដល់​ ដែន​ក្រុង​ទេព​បូរី​ទៀត​។ ប៉ុន្តែ​​កាល​ទ្រង់​បាន​ជ្រាប​ថា :​ ព្រះ​ចៅ​ក្រុង​កម្ពុ​ជា លើក​ទ័ព​ចូល​មក​វាយ​ក្រុង​ទេព​បូរី​ដែរ​ មាន​រេហ៍​ពល​ដល់​ទៅ ​១២​ម៉ឺន​នាក់ ហើយ​កៀរ​គ្រួ​សៀម​ក៏​បាន​ច្រើន ដូច្នេះ​ហើយ​ព្រះអង្គ​ក៏​លើក​ទ័ព​ភូមា​ ចូល​ទៅ​ក្រុង​ហង្សា​វតី​វិញ​ទៅ​។

នេះ​នឹង​និយាយ​ពី​ ក្រុង​កម្ពុ​ជា​ចតុម្មុខ​វិញ​។ ក្រោយ​ពី​ព្រះ​បាទ​សេរី​រាជា​បរម​បពិត្រ​ជា​អម្ចាស់​ស្ដេច​លើក​ទ័ព​ទៅ​វាយ​ក្រុង​សៀម​នោះ​ មាន​បូព៌​​និមិត្ត​ថា ព្រះ​ខាន់​ឡើង​ច្រែះ​ ព្រះ​ជ្រៃ​រេច​ស្លឹក​។​

ព្រះ​ស្រី​សុរិ​យោទ័យ​ ព្រះ​រាជ​បុត្រ​ ព្រះ​នារា​យណ៍​រាជា​ "ព្រះ​ជេដ្ឋា​ដែល​សុគត​ទៅ​" ត្រូវ​ជា​ព្រះ​ភា​គិនេយ្យោ​ ព្រះ​បាទ​សេរី​រាជា​នោះ​ ស្ដេច​កើត​ព្រះ​ទ័យ​លោភ​ចេតនា​ ចង់​បាន​រាជ​សម្បត្តិ​។ ស្ដេច​គិត​ក្បត់​ដណ្ដើម​រាជ្យ​។ ស្ដេច​ថយ​ដោះ​ព្រះ​អង្គ​ ចេញ​អំពី​ក្រុង​ចតុ​ម្មុខ​ ទៅ​សង្កត់​រាស្ត្រ​ត្រើយ​ខាង​កើត​ ឲ្យ​ចុះ​ចូល​ព្រះ​អង្គ​អស់​ហើយ​ ទើប​ទ្រង់​ហើយ​អស់​នាម៉ឺ​នសព្វ​មុខ​មន្ត្រី​ ចៅ​ហ្វាយ​ស្រុក​ត្រួត​ត្រា​ខេត្ត​ទាំង​នោះ​ឲ្យ​មាំ​មួន​។ ស្ដេច​កេណ្ឌ​ទ័ព​លើក​ទៅ​សង្កត់​ខាង​ត្រើយ​កំពង់​សៀម​ ស្ទឹង​ត្រង់​ បាយណ៍​ ជើង​ព្រៃ​ និង​ត្រើយ​ខាង​ជើង​បាន​ជា​ច្រើន​។​

ព្រះ​​ធម្ម​​រាជា​​ ជា​​ព្រះ​រាជ​អនុជ​ របស់​ព្រះ​បាទ​ស្រី​រាជា​ កាល​បាន​ទ្រង់​ជ្រាប​ថា៖ ព្រះ​ស្រី​សុរិ​យោទ័យ​ បះ​សង្កត់​បាន​ខេត្ត​ជា​ច្រើន​​ដូច្នេះ​ហើយ​ ព្រះ​អង្គ​ពុំ​ទុក​ព្រះ​ទ័យ​ឡើយ​ ទើប​ព្រះ​អង្គ​ចាត់​មុខ​មន្ត្រី​ខាង​ព្រះ​អង្គ​ឲ្យ​ចេញ​ទៅ​ឈរ​ខេត្ត​ទាំង​ឡាយ​ តាំង​ពី​ខេត្ត​សំរោង​ទង​ រហូត​ដល់​ខេត្ត​ទឹក​ខ្មៅ​ (​នៅ​ដែន​កូសាំង​ស៊ីន​សព្វ​ថ្ងៃ​នេះ​)​ ទល់​នឹង​សមុទ្រ​។ ខាង​កោះ​ស្លា​កែត​ ក៏​ស្ដេច​ឲ្យ​មាន​ចៅ​ហ្វាយ​ស្រុក​ឈរ​គ្រប់​ខេត្ត​ រហូត​ដល់​​ពាម មេស ព្រៃ​នគរ​ លង់​ហោ ផ្សារ​ដែក​គ្រប់​ ដ្បិត​ចៅ​ហ្វាយ​ស្រុក​ក្នុង​ងារ​គ្រប់​ខេត្ត​ទាំង​នោះ​ បាន​ចូល​ទៅ​ក្នុង​ក្បួន​ទ័ព​ ជាប់​ដង្ហែ​ព្រះ​បរម​បពិត្រ​ ព្រះ​បាទ​ស្រី​រាជា​​អស់​ទៅ​ហើយ​ សល់​នៅ​ឡើយ​តែ​ក្រម​ការ​ នៅ​រក្សា​ខេត្ត​ស្រុក​​ពុំ​បាន​មាំ​មួន​។ លុះ​ទ្រង់​ចាត់​ឲ្យ​រក្សា​ខេត្ត​មាំ​មួន​ហើយ​ ទ្រង់​មាន​ព្រះ​បន្ទូល​ ប្រើ​មន្ត្រី​ឲ្យ​ទៅ​ក្រាប​ទូល​សម្ដេច​ព្រះ​ជេដ្ឋា​ធិរាជ​ (គឺ​ព្រះ​បាទ​ស្រី​រាជា​)​ ឲ្យ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​។

ព្រះ​បាទ​សម្ដេច​ ព្រះ​ស្រី​រាជា​ធិ​រាជ​ កាល​ក្រុង​កម្ពុជា​កើត​កលិ​យុគ​នោះ​ ស្ដេច​បញ្ឈប់​នៅ​ មឿង​បស្ចិម​បុរី ស្ដេច​គង់​លើ​ព្រះ​ពន្លា​ជ័យ​ជា​សុខ​។ ក្នុង​រាត្រី​មួយ​នោះ ស្ដេច​ផ្ទំ​ស្កល់ យល់​សុបិន​និមិត្ត​ថា ៖ សម្ដេច​ព្រះ​នារា​យណ៍​រាជា​ ជា​ព្រះ​ជេដ្ឋា​ ដែល​ស្ដេច​សុគត​ទៅ​នោះ​ បាន​យក​ព្រះ​ខាន់​មក​កាប់​ព្រះ​អង្គ​ជា ៣​កំណាត់​។ ទ្រង់​ភ័យ​ណាស់​ ទ្រង់​តើន​ឡើង​ហើយ​ ក៏​មាន​ព្រះ​រាជ​បន្ទូល​ឲ្យ​ហៅ​ហោរ​មក​ទំនាយ​ថ្វាយ​ ហោរា​ខ្លះ​ទាយ​ថា​ ព្រះ​អង្គ​នឹង​មាន​ព្រះ​តេជៈ​ឈ្នះ​មារ​សត្រូវ​ជា​មិន​ខាន​ ខ្លះ​ព្យា​ករណ៍​ថា​ព្រះ​អង្គ​នឹង​មាន​វិវាទ​នឹង​ព្រះ​រាជ​វង្ស​អង្គ​ណា​ជា​មិន​ខាន​។ សម្ដេច​ព្រះ​ស្រី​រាជា​ធិរាជ​ ទ្រង់​ជ្រាប​តាម​ព្យា​ករណ៍​ផ្សេង​ៗ​ ទាំង​សង​ខាង​ទៅ​ ទ្រង់​ព្រួយ​ព្រះ​រាជ​ហ​ឫទ័យ​ណាស់​។ ក្រោយ​នោះ​មក​ ៥​ថ្ងៃ បំរើ​សេះ​ពី​ខេត្ត​ពោធិ៍​សាត់ ដែល​ព្រះ​ធម្ម​រាជា​​ស្ដេច​ចាត់​ទៅ​នោះ​ បាន​ចូល​ទៅ​ដល់​បច្ឆិម​បុរី​ ហើយ​យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​ថា​ :​ ព្រះ​សុរិយោ​ទ័យ​ជា​ព្រះ​ភា​គិ​នេយ្យោ ទ្រង់​កើត​ព្រះទ័យ​ក្បត់​ សង្កត់​បាន​ខេត្ត​ជា​ច្រើន​ហើយ​។ ឥឡូវ​នេះ​ស្ដេច​លើក​ទ័ព​ តាម​មក​ស្កាត់​ផ្លូវ​ចាំ​វាយ​ម្ចាស់​ផែន​ដី​នៅ​ខេត្ត​ជើង​ព្រៃ​។​

ព្រះ​បរម​ពិត្រ​ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ត្រាស់​បង្គាប់​​ឲ្យ​នាយ​កង នាយ​ទ័ព​កៀរ​ឈ្លើយ​សៀម​ហើយ​ស្រូត​រូត​ លើក​ត្រឡប់​ចូល​មក​ដល់​ក្រុង​កម្ពុជា​ធិបតី​វិញ​។ លុះ​មក​ដល់​ស្រុក​បាត់​ដំបង ចម្លង​ពល​ស្រេច​ហើយ​ ស្ដេច​ឲ្យ​ចៅ​ពញា​មនោ​ចក្រី​ ជា​ចៅ​ហ្វាយ​ស្រុក​បាត់​ដំបង​ កេណ្ឌ​ពល​ស្រុក​ខាង​លិច​ចំនួន​៥០០០​នាក់ លើក​ទៅ​តាំង​រាំង​ទ័ព​សៀម​ នៅ​ស្រុក​នាង​រោង​។ រួច​ហើយ​ស្ដេច​លើក​ហួស​មក​ដល់​ខេត្ត​ពោធិ៍​សាត់​ ប្រទះ​នឹង​មន្ត្រី​​នាំ​ព្រះ​រាជ​បន្ទូល​ព្រះ​ធម្ម​រាជា​ ជា​ព្រះ​អនុជ​ឲ្យ​ចូល​ទៅ​ថ្វាយ​នោះ​។ ទ្រង់​ទត​ព្រះ​នេត្រ​ មាន​សេច​ក្ដី​ថា​ ៖

ក្មួយស្រីសុរិ​យោទ័យ ចេញ​ក្បត់​សង្កត់​បាន​រាស្ត្រ​ស្រុក​ត្រើយ​ខាង​កើត​ ខាង​ជើង​អស់​ហើយ​ នៅ​ឡើយ​តែ​ព្រះរា​ជវាំង​ និង ខេត្ត​ខាង​ត្បូង​ ខាង​លិច​។

ទូល​ព្រះ​បង្គំ​បាន​ចាត់​មន្ត្រី​ ឲ្យ​ចេញ​ទៅ​ត្រួត​ត្រា​ ខេត្ត​ដែល​សល់​នេះ​មាំ​មួន​ហើយ​។ សូម​ទ្រង់​ព្រះ​ជេដ្ឋា​ ព្រួយ​ព្រះ​រាជ​ហឫ​ទ័យ​ឡើយ​។ សូម​អញ្ជើញ​ព្រះ​ករុណា​ពិសេស​ លើក​ទ័ព​ឆ្លង​ទៅ​ត្រើយ​កំពង់​សៀម​ ហើយ​វាយ​ប្រសប់​ ខ្ទប់​ពី​ខាង​ជើង​មក​ គង់​មាន​ជ័យ​ជំនះ​ជា​មិន​ខាន​។

ព្រះបាទ​សម្ដេច​ព្រះ​ស្រី​រាជា​ធិរាជ​ បាន​ទ្រង់​ជ្រាប​សេច​ក្ដី​គ្រប់​ប្រការ​ហើយ​ ស្ដេច​ពេញ​ព្រះ​ទ័យ​ណាស់​ នឹង​ព្រះ​តម្រាស់​របស់​ព្រះ​អនុជ​។ ស្ដេច​ត្រាស់​ថា​ : បើ​ស្រេច​ការ​សង្គ្រាម​ម្ដង​នេះ​កាល​ណា​យើង​ នឹង លើក​ប្អូន​ធម្ម​រាជ​ ជា​ព្រះ​មហា​ឧបរាជ​ ឲ្យ​គួរ​នឹង​គុណ​បំណាច់​ ជា​ពុំ​ខាន​។

លុះ​ត្រាស់​ស្រេច​ហើយ​ ស្ដេច​ឲ្យ​ទុក​គ្រួ​សៀម​ នៅ​ខេត្ត​ពោធិ៍​សាត់​។ ស្ដេច​កេណ្ឌ​រាស្ត្រ​ពោធិ៍​សាត់​ជា​កង​បញ្ជូន​ស្បៀង​ ហើយ​លើក​ទ័ព​ហ្លួង​មក​ដល់​ខេត្ត​អម្រាគ​គីរិន្ត​បូរ ​"ខែត្រ​បរិ​បូណ៌​សព្វ​ថ្ងៃ​នេះ​" ស្ដេច​ឲ្យ​ចម្លង​ពល​ទៅ​ត្រើយ​ខាង​កើត​ ស្ដេច​គង់​ព្រះ​ទី​នាំង​នាវា​ឆ្លង​ទៅ​ជា​ក្រោយ​ ទ្រង់​ចាត់​ទ័ព​មុខ​ក្រោយ​ ឆ្វេង​ស្ដាំ ហើយ​លើក​ចេញ​ទៅ​។​

ក្នុង​ខែ​ផល្គុន ​ឆ្នាំ កុរ​បញ្ចស័ក​ ព្រះ​បាទ​​អ្នក​ជា​អម្ចាស់​ផែន​ដី ស្ដេច​ប្រទះ​ទ័ព​ ព្រះ​សុរិ​យោទ័យ​ ហើយ​បាន​ច្បាំង​ចាក់​កាប់​សម្លាប់​គ្នា​ជា​ច្រើន​ក្ដារ​។ ព្រះ​សុរិ​យោ​ទ័យ​ទ្រង់​ឃើញ​ថា កង​ទ័ពខា​ងជើង​ (គឺ​ទ័ព​ព្រះ​ស្រី​រាជា​) មាន​កំលាំង​ខ្លាំង​ណាស់​ ព្រះ​អង្គ​នឹង​ទ្រាំ​ទ្រ​ពុំបាន​ ទើប​ទ្រង់​ចម្លង​ទ័ព​មក​ខែត្រ​បាសាន​វិញ​។ ព្រះ​ស្រី​រាជា​ធិរាជ​ ស្ដេច​បាន​ជ័យ​ជំនះ​លើ​ទ័ព​ស្រី​សុរិយោ​ទ័យ​ហើយ​ ស្ដេច​លើក​ដេញ​វាយ​យក​ស្រុក​ត្រើយ​ខាង​ជើង​វិញ​ទាំង​អស់​។​

កាលនោះ មាន​បុព្វ​និមិត្ត​ថា មាន​ផ្កាយ​ដុះ​កន្ទុយ​ នៅ​ទិស​បូព៌ កន្ទុយ​នោះ​ចាក់​ទៅ​ទិ​ស​ទក្សិណ​វែង​ប្រមាណ​ជាង​ ១៥​ព្យាម​។

ព្រះបាទ​សម្ដេច​ ព្រះ​ស្រី​រាជា​ កាល​បាន​ជ័យ​ជំនះ​ហើយ​ ស្ដេច​ក៏​បាន​ឲ្យ​ចៅ​ពញា​យម​រាជ​ ជា​សេនា​បតី​លើក​ទ័ព​ឆ្លង​ទន្លេ​ទៅ​បោះ​ទ័ព​នៅ​ភូមិ​ឆ្លូង​ មហា​សៀត​ជា​ច្រើន​។ ឯ​ព្រះ​ស្រី​សុរិ​យោទ័យ​ កាល​ទ្រង់​ជ្រាប​ដូច្នោះ​ហើយ​ ក៏​កេណ្ឌ​កង​ទ័ព​ធំ​លើក​ទ័ព​ជើង​ទឹក​ ជើង​គោក​ទៅ​ចោម​សេនា​បតី​នោះ​ជា​ច្រើន​ក្ដារ​ច្រើន​គ្រា​ ហើយ​ជ័យ​ជំនះ​បាន​ទៅ​លើ​ព្រះ​ស្រី​សុរិ​យោទ័យ​។ ព្រះសុរិ​យោទ័យ​លើក​ទ័ព​ដេញ​ចាក់​កាប់​សម្លាប់​កង​ទ័ព​សេនា​បតី​បែក​ខ្ចាត់​ខ្ចាយអស់​។ សេនា​បតី​រត់​ឆ្លង​ទៅ​ទូល​ព្រះ​បាទ​សម្ដេ​ចព្រះ​ស្រី​រាជា​។ ព្រះ​ស្រី​រាជា​ទ្រង់​ជ្រាប​ហើយ​ទ្រង់​ខ្ញាល់​ណាស់​ ត្រាស់​បង្គាប់​ចៅ​ពញា​ក្រឡា​ហោម​ជា​មេ​កង​ ឲ្យ​លើក​ទ័ព​ទៅ​ច្បាំង​ទៀត​ជា​ច្រើន​គ្រា តែ​នៅ​តែ​បរាជ័យ​ ហើយ​ថយ​ទ័ព​ត្រឡប់​ឆ្លង​មក​វិញ​អស់​។​

កង​ទ័ព ព្រះ​បាទ​សម្ដេច​ស្រី​រាជា​ ដែល​ជា​អ្នក​ត្រើយ​ខាង​កើត​ កាល​បាន​ឮ​ថា ព្រះ​សុរិ​យោ​ទ័យ​ស្ដេច​ឲ្យ​ធ្វើ​ទោស​គ្រប់​គ្រួ ​របស់​ពល​ណា​ដែល​ចូល​ក្នុង​ទ័ព​ព្រះ​បាទ​សម្ដេច​ព្រះ​ស្រី​រាជា​នោះ​ ក៏​នាំ​គ្នាឆ្លង​ទន្លេ​រត់​ទៅរក​បុត្រ​ភរិយា​វិញ​អស់​។ ព្រះ​បាទ​សម្ដេច​ព្រះ​ស្រី​រាជា​ កាល​បើ​ឃើញ​ការ​មិន​ស្រួល​យ៉ាង​នេះ​ហើយ​ ទ្រង់​ក៏​យល់​ថា រេហ៍​ពល​កាន់​តែ​ស្ដួច​អស់​ជា​ច្រើន​ទៅ​ហើយ​ នឹង​ធ្វើ​សឹក​ទៅ​ទៀត​ក៏​មិន​បាន​ហើយ​រដូវ​នេះ​ក៏​ជិត​វស្សាន​រដូវ​ ត្រូវ​ភ្លៀង​ធ្លាក់​ជា​ច្រើន​ទៀត​ផង​ ទើប​ទ្រង់​ត្រាស់​ឲ្យ​មន្ត្រី​ និង​កង​ទ័ព​នៅ​រក្សា​ ខេត្ត​កំពង់​សៀម​ ជើង​ព្រៃ ​ស្ទឹង​ត្រង ត្រើយ​ខាង​ជើង​ ហើយ​ស្ដេច​នឹង​ត្រឡ​ប់​មក​ក្រុង​ចតុម្មុខ​វិញ​ គិត​ថា​ នឹង មក​កេណ្ឌ​កង​ទ័ព​ធ្វើ​សង្គ្រាម​ទៀត​។ ព្រះ​អង្គ​ទ្រង់​ព្រះ​ចិន្តា​តែ​ម៉្លោះ​ហើយ​ ព្រះ​បាទ​សម្ដេច​ស្រី​រាជា​ ស្ដេច​ថយ​ទ័ព​ហ្លួង​ ឆ្លង​មក​ត្រើយ​ខាង​លិច​ហើយ​ទ្រង់​តាំង​ប្រថាប់​ នៅ​ព្រះ​ពន្លា​ក្នុង​បន្ទាយ​ខេត្ត​អម្រាគ​គិរិន្ត​បូណ៌​ក្នុង​ឆ្នាំ​រកា​ សប្ត​ស័ក ព.ស. ២០០៨-គ.ស. ១៤៦៥-ម.ស. ​១៣៨៧-ច.ស. ៨២៧ (ឆ្នាំ និង​ សករាជ​ដែលមា​នកត់​ត្រា ក្នុង​ព្រះ​រាជ​ពង្សាវ​តារ​ សាស្ត្រា​ស្លឹក​រឹត​ទាំង​ឡាយ​តាំង​ពីរាជ្យ​ព្រះ​បាទ​អង្គជ័យ​ ឬ ​ព្រះ​បាទ​ត្រសក់​ផ្អែម រហូត​មក​ដល់​ទី​នេះ​ មិន​សូវ​ត្រូវ​គ្នា​សោះ ​គឺ​ថា​សាស្ត្រា​ខ្លះ​គេ​ដាក់​លឿន​ទៅ​មុ​ខ​ ខ្លះ​ទៀត​បង្ខិត​បែរ​មក​ក្រោយ​ ខុស​គ្នា ១០​ឆ្នាំ ក៏​មាន​២០ ឬ​៣០​ឆ្នាំ​ក៏​មាន។​ ក៏​ក្នុង​ទីនេះ​ យើង​ខ្ញុំ​មិន​ហ៊ាន​កែ​ប្រែ​ឆ្នាំ​ និង​សក​រាជទាំង​នោះ​ឲ្យ​មូល​គ្នា​តែ​មួយ​ទេ​ខ្លាច​ក្រែង​ខុស​ យើង​ខ្ញុំ​សូម​ទុក​ឆ្នាំ ​និង​ សក​រាជ​នោះ ​ក្នុង​សៀវ​ភៅ​នេះ ឲ្យ​ដូច​សាស្ត្រា​វត្ត​កំពង់​ត្រឡាច​ក្រោម​សិន​ចុះ​ក្រែង​នា​អនាគត​ទៅ​គណៈ​កម្មការ​ខាង​ប្រវត្តិ​វិជ្ជា​ នឹង​សម្រេច​អំពី​កាល​បរិច្ឆេទ​នេះ​យ៉ាង​ណា​ ក៏​សូម​លោក​អ្នក​អាន​មេត្តា​យក​តាម​នោះ​ចុះ .. ​។)

នេះ​នឹង​ស្រដី​ពី​ស្រី​ធម្ម​រាជា​ដែល​ត្រូវ​ជា​ព្រះ​អនុជ នៃ​ ព្រះ​បាទ​សម្ដេច​ព្រះ​ស្រី​រាជា​វិញ។​
ព្រះ​ធម្ម​រាជា​ ដែល​ទ្រង់​នៅ​រក្សា​ព្រះ​នគរ​ចតុ​ម្មុខ​ ស្រុក​ភ្នំ​ពេញ​នោះ​ ព្រះ​អង្គ​ព្រះ​តំរិះ​យល់​ថា៖​ សង្គ្រាម​ម្ដង​នេះ​ មុខ​ជា​យឺត​យូរ​ពុំ​បាន​ជា​ងាយ​ឡើយ​។ អំណើះ​ត​ទៅ​មុខ​ មុខ​ជា​មាន​មនុស្ស​ញុះ​ញង់​សម្ដេច​ព្រះ​ជេដ្ឋា​ធិរាជ​ ឲ្យ​ទ្រង់​ព្រះ​ក្រោធ​ពី​ការ​អ្វី​ៗ​ នឹង​ព្រះ​អង្គ​ពុំ​ខាន​ឡើយ​។ ដូច្នេះ​​គួ​រតែ​ព្រះ​អង្គ​ពឹង​ខ្លួន​ព្រះ​អង្គ​វិញ​ ទើប​ជា​។ ទ្រង់​ព្រះ​ចិន្តា​តែ​ម៉្លោះ​ហើយ​ ព្រះ​អង្គ​ចេញ​គង់​ចុង​ព្រះ​រោង​រម ជួប​ជុំ​មន្ត្រី​ខាង​ព្រះ​អង្គ​។ ទើប​ទ្រង់​ត្រាស់​ប្រឹក្សា​ ដូច​ព្រះ​ចិន្តា​នោះ​។ ខណៈ​នោះ​មន្ត្រី​តូច​-ធំ​ ខ្ញុំ​រាជ​ការ​ទាំង​ពួង​ក្រាប​ទូល​ថា ៖

"ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​គ្រប់​គ្នា​ គិត​តែ​នឹង​នាំ​សេច​ក្ដី​ក្រាប​បង្គំ​ទូល​យ៉ាង​នេះ​ មក​ជា​យូរ​ហើយ​។ ចំពោះ​កិច្ច​ការ​ ដែល​ទ្រង់​ព្រះ​ករុណា​ពិសេស​ ត្រាស់​ប្រឹក្សា​នេះ​ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ពេញ​ចិត្ត​គ្រប់​ៗ​គ្នា​។ ថា​បើ​មា​នសង្គ្រាម​មក​ ទូល​ព្រះ​បង្គំ​ទាំង​ឡាយ​ នឹង​ ប្រុង​ប្រៀប​ធ្វើ​ការ​ឲ្យ​អស់​ពី​ចិត្ត​"​។

ព្រះ​ធម្ម​រាជា​ ព្រះ​អង្គ​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​ព្រួយ​ព្រះ​ទ័យ​ណាស់​ ទ្រង់​ត្រាស់​ឲ្យកេណ្ឌ​កង​ទ័ព​ ពី​ខែត្រ​ត្រើយ​ខាង​លិច​ និង ត្រើយ​ខាង​ត្បូង​។ លុះ​ទ័ព​មក​មូល​ហើយ​ ព្រះ​អង្គ​ក៏​តែង​ព្រះ​បន្ទូល​ឲ្យ​មន្ត្រី​ ខាង​ហ្លួង​នាំ​ព្រះ​រាជ​ទ្រព្យ និង ព្រះ​រាជ​ទេពី​នារី​ស្រី​ព្រះ​ស្នំ​ ក្រុម​បរិ​ស័ទ គ្រួ​សារ​ទៅ​ថ្វាយ​ព្រះបាទ​សម្ដេច​​ព្រះ​ស្រី​រាជា​។ មន្ត្រី​ក៏​ថ្វាយ​បង្គំ​នាំ​ទៅ​តាម​ត្រាស់​បង្គាប់​។​

ព្រះ​ធម្ម​រាជា​ លុះ​មន្ត្រី​រាជ​ទូត​ នាំ​គ្រប់​គ្រួ​ និង​ ព្រះ​រាជ​ទ្រព្យ​​ចេញ​ផុត​ទៅ​ ទ្រង់​ក៏​ត្រាស់​ប្រើ​មន្ត្រី​បណ្ដា​ជា​ខ្ញុំ​ខាង​ព្រះ​អង្គ​ ឲ្យ​លើក​ទ័ព​ទៅ​បោះ​នៅ​ឧដុង្គ​មួយ​អន្លើ​, ឲ្យ​ទៅ​វាយ​ទ័ព​ជើង​គោក​ នៅ​មាត់​ទន្លេ​​ចុង​ស្ទឹង​ក្រាំង​ពន្លៃ​មួយ​អន្លើ​, ឲ្យ​រាំង​ទ័ព​ជើង​ទឹក​ នៅ​ខ្សាច់​កណ្ដាល​មួយ​អន្លើ​, ឲ្យ​រាំង​ទ័ព​ត្រើយ​ទិស​ខាង​កើត​ ខាង​ជើង​នៅ​ល្វា​ឯម​មួយ​អន្លើ​, ឲ្យ​រាំង​ទ័ព​ត្រើយ​ខាង​កើត​ និង​ ទិស​ខាង​ត្បូង​មួយ​អន្លើ​ ហើយ​ចាត់​កង​ទ័ព​តូច​ៗ ច្រើន​កង​ ឲ្យ​ចេញ​ទៅ​ត្រួត​ត្រា​រក្សា​គ្រប់​ខែត្រ​ កុំ​ឲ្យ​កង​ទ័ព​ខាង​កើត​ ខាង​ជើង​ផ្លែ​ផ្លម​ចូល​ម​កបាន​។ ឯ​កង​ទ័ព​ព្រះ​នគ​រ ក៏​តាំង​ហាត់​សេនា​ទាហាន​ប្រុង​ប្រៀប​ ដាវ​ កាំ​ភ្លើង​គ្រឿង​សស្ត្រា​វុធ​ ប្រមូល​ស្បៀង​អាហារ​មិន​ឲ្យ​ខ្វះ​ខាត​ ទាំង​ព្រះ​ជ័យ​មង្គល​ និង​ គ្រឿង​បញ្ចច​ក្សត្រ​ទាំង​ប៉ុន្មាន​នោះ​ ក៏​គង់​រក្សា​ទុក​នៅ​នឹង​ព្រះ​អង្គ​​ពុំ​បាន​យក​ទៅ​ថ្វាយ​ ព្រះ​បាទ​សម្ដេច​ព្រះ​ស្រី​រាជា​ ជា​ព្រះ​បរម​ជេដ្ឋា​ឡើយ​។​

ព្រះ​បាទ​ សម្ដេច​ព្រះ​សេរី​រាជា​ ដែល​ស្ដេច​ឆ្លង​មក​គង់​ខែត្រ​អម្រា​គិរិន្ត​បូណ៌ (ខែត្រ​បរិបូណ៌​សព្វ​ថ្ងៃ​នេះ​)​ ទ្រង់​យល់​ព្រះ​បន្ទូល​ និង​ ព្រះ​រាជ​ទ្រព្យ​ ព្រះ​រាជ​ទេពី​នារី​ស្នំ​ ក្រុម​បរិពារ​ទៅ​ដល់​ហើយ​ ហើយ​យំ​ក្រាប​ទៀប​ព្រះ​បាទ​ ទាំង​ស្រី​ទាំង​ប្រុស​ ស្រដី​រអាក់​រអួល​ពន់​ប្រមាណ​នោះ​ ព្រះ​បរម​បពិត្រ​ ស្ដេច​ទ្រង់​យល់​អស់​ហើយ​។​ ទ្រង់​ពិភាល់​ណាស់​ ទ្រង់​ទទួល​ព្រះ​បន្ទូល​មក​ទត​​ទស្សនា​សេច​ក្ដី​ថា​ ៖​

"ព្រះ​ធម្ម​រាជា​ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​។

សូម​ក្រាប​បង្គំ​ទូល​មក​​សម្ដេច​ព្រះ​បរមនាថ​ជេដ្ឋា​
                                                                                                                        សូមទ្រង់ជ្រាប។
    ដ្បិត​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​យល់​ថា​ ទ្រង់​ព្រះ​ករុណា​ពិសេស​ នឿយ​ព្រួយ​ព្រះ​អង្គ​ នឹង បង្ក្រាប​សត្រូវ​យូរ​អង្វែង​ណាស់​ ទូល​ព្រះ​បង្គំ​ឲ្យ​នាំ​ព្រះ​ស្នំ​តូច​ធំ មក​ក្រាប​ទូល​ថ្វាយ​ សោះ​ព្រួយ​ព្រះ​ទ័យ​គិត​។ មួយ​ទៀត​ ខេត្ត​ទិស​ខាង​ជើង​នោះ​ តែ​ស្ដេច​​ត្រឡប់​ចូល​ទៅ​​ក្រុង​ចតុម្មុខ​វិញ​កាល​ណា ហើយ​ឲ្យ​តែ​មុខ​មន្ត្រី​នៅ​រក្សា​នោះ​ កាល​ណា​ឡើយ​មន្ត្រី​ទាំង​នោះ​ នឹង​ទ្រ​ទ្រាំ នឹង ក្មួយ​ព្រះ​សុរិ​យោ​ទ័យ​បាន​។ ថា​បើ​ស្ដេច​យាង​ចូល​ទៅ​វេលា​ ព្រឹក​ ឬ​ ល្ងាច នឹង​ខូច​ការណ៍​ពុំខាន​ឡើយ​។

    អាស្រ័យ​ហេតុ​នេះ​ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​ កុំ​ព្រួយ​ព្រះ​ទ័យ​ នឹង ​ខេត្ត​ត្រើយ​ខាង​ត្បូង​ឲ្យសោះ​។ មុខ​ងារ​ទូល​ព្រះ​បង្គំ​ ​នឹង រក្សា​ថ្វាយ​មិន​ឲ្យ​ខូច​ការណ៍​ទេ​ តែ​សូម​កុំ​ឲ្យ​បណ្ដា​ជា​ខ្ញុំ​ ទៅ​មក​ឡើយ​។

                                                                       គួរពុំគួរ ស្រេចហើយតែនៅទ្រង់ប្រោសប្រណី។

ព្រះ​បាទ​សម្ដេច​ព្រះ​ស្រី​​រាជា​ បាន​ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ខ្ញាល់​ណាស់​ ទើប​ទ្រង់​ឲ្យ​កេណ្ឌ​កង​ទ័ព​នឹង​លើក​ទៅ​វាយ​ព្រះ​ធម្ម​រាជា​ យក​ព្រះ​នគរ​វិញ​ ហើយ​សឹម​ត្រឡប់​ទៅ​ធ្វើ​ទ័ព​សង្គ្រាម​ ត្រើយ​ខាង​កើត​ត​ទៅ​ទៀត​។​

ខណៈ នោះ​អស់​មន្ត្រី​ យល់​ព្រម​ក្រាប​ទូល​ថា​ ៖
យើង​ធ្វើ​សឹ​ក​សង្គ្រាម​ នឹង ត្រើយ​ខាង​កើត​កំពុង​ជាប់​ដៃ​ ពុំ​ទាន់​រៀប​ទាប​នៅ​ឡើយ​ បើ​យើង​ នឹង ទៅ​វិវាទ​ នឹង ​ព្រះ​រាជ​អនុជ ត្រើយ​ខាង​លិច​ទៀត​ នោះ​ទូល​ព្រះ​បង្គំ​យល់​ឃើញ​ថា យើង​នឹង​កើត​ជា​សត្រូវ​ពីរ​ខាង​។ តែ​បើ​ព្រះ​អនុជ​ និង​ ព្រះ​ភាគិ​នេយ្យោ​ ចូល​គំនិត​គ្នា ហើយ​ព្រួត​គ្នា​​លើក​ទ័ព​មក​វាយ​យើង​កាល​ណា ​យើង​ នឹង ពិបាក​រាត​ជា​ពីរ​ផ្លូវ​មិន​ខាន​។

ព្រះ​បរម​បពិត្រ​ ទ្រង់​ព្រះ​សណ្ដាប់​មុខ​មន្ត្រី​ ទូល​ព្រម​គ្នា​ដូច្នេះ​ហើយ​ ស្ដេច​យល់​ឃើញ​ថា​ត្រូវ​ណាស់​ ហើយ​ទ្រង់​ត្រាស់​ឲ្យ​បញ្ឈប់​កង​ទ័ព​ ទ្រង់​ចាត់​ឲ្យ​តែ​មន្ត្រី​ទៅ​ឈរ​ត្រួត​ត្រា​ខេត្ត​ ដែល​នៅ​ចំណុះ​ព្រះ​អង្គ​ទាំង​ប៉ុន្មាន​ តាំង​ពី​ខេត្តល​ង្វែក​ រលា​ប្អៀរ អម្រាគ​គីរិន្ត​បូណ៌ ​ក្រគរ​ គ្រង​ ពោធិ៍​សាត់ ​បាត់ដំបង​ ឫស្សី​សាញ​ តាម​សីមា ​មង្គល​បូរី​ រយង​ សុរិន្ទ​ សិង្គារ​ កំពង់​សៀម​ ស្ទឹង​ត្រែង​ ជើង​ព្រៃ គោក​សេះ​ អន្លង់​រាជ​ ព្រំ​ទេព​ ព្រៃ​ក្ដី​ ស្ទោង​ ជី​ក្រែង រលួស​ សៀម​រាប​ ម្លូព្រៃ​ ជាំ​ក្សាន្ត​ ត្នោត​ ទឹក​ជោរ រៀង​ទៅ​ទល់​នឹង​ដែន​សៀម​។ ខេត្ត​ក្រៅ​ពី​នោះ ត្រើយ​ខាង​លិច​ បាន​ទៅ​ព្រះ​ធម្ម​រាជា​ទាំង​អស់​។

នេះនឹងនិយាយ អំពីកងទ័ព ខាងក្រុងបាសានវិញ។
កង​ទ័ព​ទាំង​នោះ​ មាន​ចិត្ត​ស្ម័គ្រ​ស្មា​គម ​​នឹង ព្រះ​ស្រី​សុ​រិយោ​ទ័យ​ ពន់​ប្រមាណ​ណាស់​ព្រោះ​ចូល​ចិត្ត​ថា : ព្រះ​ស្រី​សុរិ​យោ​ទ័យ​នោះ​ ជា​ព្រះ​រាជ​បុត្រ​ព្រះ​នា​រាយណ៍​រាជា​ ជា​ចំហុត​ទៅ​ហើយ​ ថា​រាជ​សម្បត្តិ​ត្រូវ​តែ​បាន​មក​ព្រះ​ស្រី​សុរិ​យោ​ទ័យ​ ពុំ​ត្រូវ​បាន​ទៅ​ព្រះ​ស្រីរាជា​ទេ​។ កាល​ជំនុំ​គ្នា​យល់​ថា ​ដូច្នេះ​ហើយ​ ពួក​កង​ទ័ព​ទាំង​អស់​នោះ​ មាន​សង្ឃឹម​ថា​ : បើ​រាជ​សម្បត្តិ​នេះ​ បាន​មក​ព្រះ​ស្រី​សុរិ​យោ​ទ័យ​មែន​ ខ្លួន​រាល់​គ្នា​ ក៏​នឹង​បាន​ជា​អគ្គម​ហា​សេនា​​សេនា​បតី​ មន្ត្រី​គ្រប់​ក្រសួង​ ត​ជាតិ ​ត​ត្រកូល​ទីទៃ​ៗ​មិន​ខាង​ឡើយ​។

ខណៈនោះ ទើប​នាយ​កង​នាយ​ទ័ព​ មុខ​មន្ត្រី ​ដែល​ជំនុំ​ព្រម​គ្នា​ដូច្នេះ​ហើយ​ ក៏​អញ្ជើញ​ព្រះ​ស្រី​សុរិ​យោ​ទ័យ ឡើង​សោយ​រាជ​សម្បត្តិ​ផែន​ដី​ឡើង​។

ផែនដីព្រះស្រីសុរិយោទ័យ
(គ.ស.១៤៧១)

ព្រះ​ស្រី​សុរិ​យោ​ទ័យ ជា​ព្រះ​រាជ​បុត្រ​ នៃ ព្រះ​នារាយ​ណ៍​រាជា​ធិរាជ​។ ទ្រង់​ឡើង​សោយ​រាជ្យ​សម្បត្តិ​ក្នុង​ឆ្នាំ​រកា​ នព​ស័ក​ ព.ស. ២០២១-គ.ស. ១៤៧៧ ក្នុង​ព្រះ​ជន្មាយុ​២៦​ ព្រះ​វស្សា ទ្រង់​ព្រះ​នាម​ជា​ព្រះ​រាជ​ឱង្ការ​ ព្រះ​ស្រី​សុរិ​យោ​ទ័យ​រាជា​ធិរាជ​រាមា​ បរម​បពិត្រ​។ លុះ​បាន​ឡើង​សោយ​រាជ្យ​ស្រេច​ហើយ​ ព្រះ​អង្គ​ក៏​ស្ដេច​តែង​តាំង​ ចៅ​ហ្វាយ​ស្រុក​ឲ្យ​ទៅ​រក្សា​ខេត្ត​ តាំង​ពី​ខេត្ត​សៀម​បូក សម្បុក​សម្បូណ៌​ ក្រចេះ​ ឆ្លូង​ ត្បូង​ បាសាន​ ទទឹង​ថ្ងៃ​ ព្រៃ​វែង​ បាភ្នំ រំដួល ស្វាយ​ទាប​ រោង​ដំរី​ ព្រៃ​នគរ​ លង់​ហោ​ ជើង​បា​ដែង​ រៀង​ទៅ​ទល់​នឹង​នគរ​ចាម​ នោះ​បាន​ទៅ​ខាង​ព្រះ​បាទ​ស្រី​សុរិ​យោ​ទ័យ​ទាំង​អស់​។​

អស់​មុខ​មន្ត្រី​ ខាង​នគរ​ចតុ​ម្មុខ​ ស្រុក​ភ្នំ​ពេញ​នោះ​ ឃើញ​ព្រះ​មហាក្ស​ត្រ​ទាំង​ពីរ​ព្រះ​អង្គ​ ពី​ត្រើយ​ខាង​លិច​ និង​ ត្រើយ​ខាង​ជើង​ សុទ្ធ​តែ​ទ្រង់​រាជ្យ​ទាំង​អស់​ ព្រះ​កិត្តិ​យស​ក៏​ខ្ពង់​ខ្ពស់​ វិសេស​ជាង​ម្ចាស់​របស់​ខ្លួន​ ក៏​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ អញ្ជើញ​ព្រះ​ធម្ម​រាជា​ឲ្យ​ស្ដេច​ឡើង​សោយ​រាជ​សម្បត្តិ​។​ ព្រះ​ធម្ម​រាជា​ ព្រះ​អង្គ​ពុំ​ព្រម​ទទួល​ អញ្ជើញ​តាម​សេច​ក្ដី​សុំ​របស់​មុខ​មន្ត្រី​នោះ​ទេ​។ ស្ដេច​គ្រាន់​តែ​រក្សា​អាណា​ខេត្ត​ តាំង​ពី​ខេត្ត​សំរោង​ទង​ បាទី លើក​ដែក​ ទ្រាំង​ បន្ទាយ​មាស​ ថ្ពង​ បាសាក់​ បា​វៀ ពាម កោះ​ស្លា​កែត​ (គឺ​ស្រុក​លើក​ដែក​សព្វ​ថ្ងៃ​នេះ​)​ កំពត​ កំពង់​សោម​ ព្រះ​ត្រពាំង​ ក្រមួន​ស​ ដូន​ណៃ​ រៀង​ទៅ​ទល់​នឹង​សមុទ្រ​នេះ​ត្រូវ​បាន​មក​ព្រះ​ធម្ម​រាជា​ទាំង​អស់​។

នេះនឹងស្រដី អំពីស្រុក ជាងរីកជាងរាង ជាស្រុកយួនវិញ។
ចាម និង យួន កើត​ចម្បាំង​នឹង​គ្នា រៀង​មក​ជា​ច្រើន​ឆ្នាំ​ ច្រើន​ហើយ​ ទើប​ក្រោយ​មក ចាម​ក៏​ចាញ់​យួន​ទៅ​។ យួន​តាំង​កូន​ស្ដេច​ចាម​ ឲ្យ​សោយ​រាជ្យ​ ហើយ​ឲ្យ​ឡើង​ស្រុក​យួន​រៀង​មក​។ វេលា​នោះ​ មាន​ស្ដេច​ចាម​មួយ​ព្រះ​អង្គ​ឈ្មោះ​ចៅ​រាំង​ឡាក់​ក្រា​ទ្រុត​ (ព្រះ​នាម​ស្ដេច​ចាម​នេះ​ខុស ឬ​ត្រូវ​យ៉ាង​ណា​ យើង​ខ្ញុំ​មិន​ដឹង​ទេ​ ពី​ព្រោះ​យើង​ខ្ញុំ​សរ​សេរ​ព្រះ​នាម​ តាម​តែ​សាស្ត្រា​ដើម​ប៉ុណ្ណោះ​ មិន​ទាន់​បាន​ស្រាវ​ជ្រាវ​ឲ្យ​ច្បាស់​លាស់​ប្រាកដ​យ៉ាង​ណា​នៅ​ឡើយ​ទេ​។​)​ ខ្លះ​ហៅ​ថា​ ប៉ោ​ធុន​ ពុំ​សព្វ​ព្រះ​ទ័យ​និង​ឡើង​ស្រុក​យួន​ ទើប​លើក​ពល ១០​សែន​នាក់​ គឺ​ ១០០០០០០ ទៅ​វាយ​ស្រុក​យួន​បាន​ពីរ​ខែត្រ​។​ កាល​នោះ​ ស្ដេច​យួន​ឈ្មោះ​ ឡេ ចាញ់​តុង​ (ព្រះ​នាម​ស្ដេច​យួន​នេះ​ ក៏​មិន​ច្បាស់​ដែរ​)​ ស្ដេច​លើក​ទ័ព​ជា​បី​ផ្លូវ​ ដេញ​ច្បាំង​ នឹង ស្ដេច​ចាម​ ច្បាំង​ឈ្នះ​ស្ដេច​ចាម​ ហើយ​ចាម​រត់​មក​ស្រុក​វិញ​។ យួន​ក៏​កៀរ​គ្រួ​ចាម​​អស់​ជា​ច្រើន​ ក្នុង​ ព.ស. ២០១៦ គ.ស. ១៤៧២ ម.ស. ១៣៩៤ ច.ស. ៨៣៤ ឆ្នាំ​រោង​ ចត្វា​ស័ក​ ពេល​នោះ​ទ័ព​យួន​ លើក​មក​ដល់​ព្រំ​នគរ​ចាម រួច​ស្ដេច​ចាម​មាន​សុភ​អក្សរ​ (សំបុត្រ​របស់​ស្ដេច​ផ្ញើ​ ទៅ​ថ្វាយ​ស្ដេច​មួយ​អង្គ​ទៀត​)​ សុំ​កង​ទ័ព​ក្រុង​កម្ពុជា​ធិបតី​។ លុះ​រាជ​ទូត​ចាម​មក​ដល់​ គយ​ខែត្រ​បារៀ​ ដូន​ណៃ ​ចៅ​ហ្វាយ​ស្រុក​ទល់​ដែន​ ក៏​បក​សំបុត្រ​មក​សេនា​បតី​, សេនា​បតី​ នាំ​ឡើង​ក្រាប​បង្គំ​ទូល​សម្ដេច​ព្រះ​សុរិ​យោ​ទ័យ​។ សម្ដេច​ព្រះ​សុរិ​យោ​ទ័យ​ បាន​ទ្រង់​ជ្រាប​ហើយ​ទ្រង់​ត្រាស់​ថា ​:​ ស្រុក​យើង​កំពុង​មាន​ ទ័ព​ច្បាំង​រាំង​ជល់​ មិន​ទាន់​រាប​ទាប​ ដូច្នេះ​ឃើញ​ថា យើង​ នឹង ទៅ​ជួយ​គេ​មិន​ទាន់​បាន​។ ទើប​ទ្រង់​ឲ្យ​បក​សំបុត្រ​ ប្រាប់​ទៅ​ចៅ​ហ្វាយ​ស្រុក​ទល់​ដែន​ប្រាប់​ទៅ​បម្រើ​ស្ដេច​ចាម​ ឲ្យ​ត្រឡប់​ទៅ​នគរ​វិញ​ទៅ​។ ក្រោយ​មក​ ទ័ព​យួន​ ក៏​វាយ​បែក​បាន​នគរ​ចាម​ ហើយ​ចាប់​ស្ដេច​ចាម​ នាំ​យក​ទៅ​ស្រុក​យួន​បាត់​ទៅ​។ យួន​បំបែក​នគរ​ចាម​នោះ​ ទៅ​ជា​ខែត្រ​តូច​ធំ​ ហើយ​បញ្ចូល​ទៅ​ជា​នគរ​យួន​។ ខែត្រ​សល់​ខ្លះ​ ក៏​បាន​តាំង​ស្ដេច​ចាម​ថ្មី​ ហើយ​ឲ្យ​នា​ម៉ឺន​យួន​ នៅ​ត្រួត​ត្រារក្សា​មាំ​មួន​រៀង​មក​។​ កាល​នោះ​ រាស្ត្រ​ និង​ ព្រះ​វង្ស​ចាម​រត់​មក​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​។ ខ្លះ​ខ្លាច​យួន​ដេញ​តាម​ ក៏​ហួស​ទៅ​ស្រុក​ស្ទៀង​ រដែ​ ជា​ច្រើន​។​