ថ្ងៃសៅរ៍ ទី6.មករា 2018.ម៉ោង 8:16
ផែនដីព្រះបាទពញាយ៉ាត
(ពីគ.ស.១៣៥៦ ដល់ គ.ស.១៣៥៩)

សម្ដេច​ព្រះ​ពញា​យ៉ាត​ ឡើង​សោយ​រាជ​សម្បត្តិ​ ក្នុង​ឆ្នាំ​ច ចត្វា​ស័​ក ព.ស. ១៩២៦-គ.ស.១៣៨២ ម.ស. ១៣០៤ - ច.ស. ៧៤៤ ក្នុង​ព្រះ​ជន្មាយុ​ ៥១​ វស្សា ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ជា​ព្រះ​បាទ​សម្ដេច​ព្រះ​រាជ​ឱង្ការ​ ព្រះ​បរម​ញាតិ​ រាជា​ធិរាជ​ ព្រះ​អង្គ​ទ្រង់​ទស​ពិធ​រាជ​ធម៌​ ទំនុក​បម្រុង​ព្រះ​ពុទ្ធ​សាសនា​ណាស់​។ អាណា​ប្រជា​នុ​រាស្ត្រ បាន​សេច​ក្ដី​សុខ​ឥត​សឹក​សត្រូវ​រៀង​មក​។​

លុះ​ដល់​មក​ឆ្នាំ​ថោះ ​នព​ស័ក ព.ស. ១៩៣១ - គ.ស. ១៣៨៧ - ម.ស. ១៣០៩- ច.ស. ៧៤៩ ព្រះ​អង្គ​ឋិត​នៅ​ក្នុង​សុវណ្ណ​រតន៍ សិលា​មហា​ប្រាសាទ​ គិត​តាំង​ពី​ព្រះ​អង្គ​គ្រង​រាជ្យ​ ២​ឆ្នាំ សោយ​រាជ្យ​ ៥​ឆ្នាំ​ត្រូវ​ជា​៧​ឆ្នាំ​។ សម័យ​ថ្ងៃ​មួយ​ព្រះ​អង្គ​ចេញ​គង់​ក្នុង​ព្រះ​រាជ​រោង​រម្យ​ ព្រម​ទាំង​ព្រះ​បរម​រាជ​វង្សា​នុវង្ស​ សេវ​កាមាត្យ​ សេនា​បតី មន្ត្រី​តូច - ​ធំ ខ្ញុំ​រាជ​ការ​ ក្រាប​បង្គំ​គាល់​ត្រៀប​ត្រា ​ទើប​ព្រះ​អង្គ​ មាន​ព្រះ​រាជ​ឱង្ការ​ ត្រាស់​ថា​៖​

ក្រុង​កម្ពុ​ជា​មហា​នគរ​ ជា​គូ​សត្រូវ​ នឹង ក្រុង​ទេព​នគរ​ តាំង​ពី​ដើម​រៀង​មក​ មិន​មាន​ស្រុះ​ស្រួល​គ្នា​ឲ្យ​បាន​មាំ​មួន​សោះ​។ ក្រោយ​មក​ សៀម​កៀរ​យក​គ្រួ​ខ្មែរ​ទៅ​ជា​ច្រើន​ខែត្រ​ ខែត្រ​ដែល​នៅ​ជា​ផែន​ដី​របស់​យើង​ ក៏​វា​ផាត់​កៀរ​គ្រួ​យក​អស់​ទៅ​ជា​ច្រើន​ដែរ​ អាណា​ប្រជា​នុ​រាស្ត្រ​ដែល​សល់​នៅ​ ក៏​ពុំ​ធួន​ល្មម​ នឹង ភូមិ​ស្រុក​សោះ ​ប្រជា​ជន​ ក្នុង​មហា​នគរ​ ក៏​មាន​ចំនួន​តិច​។ បើ​យើង​ នឹង គិត​លើក​ទ័ព​ទៅ​វាយ​យក​ខែត្រ​ទាំង​នោះ​មក​វិញ​ ក៏​ពុំបាន​ ដ្បិត​គេ​តែង​តាំង​ រក្សា​បន្ទាយ​មាំ​មួន​ណាស់​ ជា​យូរ​មក​ហើយ​។ ខាង​យើង​ទៀត​ ក៏​យើង​ទើប​នឹង​រួច​ពី​ធ្វើ​សឹក​សង្គ្រាម​ សេនា​ទាហាន​ក៍​កំពុង​នឿយ​ហត់​។​ ស្បៀង​អាហារ​ ក៏​ពុំ​ទាន់​មាន​បរិ​បូរណ៍​។ បើ​សៀម​លើក​មក​ យើង​នឹង​យក​ខែត្រ​ណា​ជា​របាំង​ខាង​ក្រៅ​ ក៏​គ្មាន​ដែរ​។ នៅ​ក្នុង​ក្រុង​នេះ​ កំពែង​ក៏​មាន​នាទី​ធំ​ទូលាយ​ តែ​ប្រជា​រាស្ត្រ​ ស្ដើង​ស្ដួច​ ពុំ​ធួន​នឹង​ការ​រាជ​ការ​ នៃ​ព្រះ​មហាន​គរ​លួង​ឡើយ​។ បើ​សៀម​ដឹង​ហើយ​ នឹង​លើក​មក​យាយី​យើង​ ក៏​យើង​ពិបាក​នឹង​ទប់​ទល់​ដែរ​ ដែល​ជា​ទី​លំបាក​ដល់​សមណៈ​ ជី​ព្រាហ្មណ៍​។ ដូច្នេះ​ គួរ​តែ​យើង​នឹង​ថយ​ពី​ទី​នេះ​ ទៅ​តាំង​ព្រះ​នគរ​ នៅ​ខែ​ត្រ​បាសាន​វិញ​ ទើប​គួរ​។ បើ​សៀម​វា​លើក​មក​ យើង​នឹង​បាន​ទ័ព​ចេញ​ទៅ​ទទួល​ តាម​រយៈ​ តាម​វត្ត​ដោយ​ខែត្រ​ ទម្រាំ​តែ​ដល់​ទៅ​ទី​ក្រុង​ យើង​ក៏​ល្មម​ប្រុង​ប្រៀប​សេនា​ទាហាន​ចេញ​ទាន់​ មិន​បង់​ការ​ទេ​។​

សេចក្ដីនេះ តើអស់អ្នករាល់គ្នា យល់ថាដូចម្ដេច?
អស់​ខ្ញុំរាជ​ការ​ធំ - តូច​ ក្រាប​ថ្វាយ​បង្គំ​ទូល​ថា ​:​ បពិ​ត្រ​ព្រះ​សម្មតិ​ទេ​វា​វង្ស​ សេច​ក្ដី​ដែល​ទ្រង់​ព្រះ​តម្រិះ​នេះ​ ឃើញ​ថា គួរ​ដូច​ព្រះ​រាជ​បរិ​ហារ​ណាស់​។

ព្រះ​បរម​បពិត្រ​ ព្រះ​អង្គ​ទ្រង់​ព្រះ​សណ្ដាប់​ អស់​មុខ​មន្ត្រី​ យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​យ៉ាង​នេះ​ហើយ​ទើប​មាន​ព្រះ​រាជ​ឱង្ការ​ ព្រះ​រាជ​ទាន​ ព្រះ​រាជ​កំណត់​ឲ្យ​អស់​សេនា​បតី​ មន្ត្រី​គ្រប់​ក្រសួង​ កេណ្ឌ​ពួក​ពល​ កសិករ ទាំង​ជើង​ទឹក​ ទាំង​ជើង​គោក​ ទៅ​រៀប​ចំ នាំ​ព្រះ​រាជ​ទ្រព្យ​ នូវ​អស់​គ្រួ​ប្រជា​នុ​រាស្ត្រ ​ទាស​ កម្មករ ​ទាំង​អស់​។ លុះ​ដល់​មក​ឆ្នាំ​ថោះ នព​ស័ក​ ព.ស. ១៩២៦ គ.ស. ១៣៨២ កាល​បាន​ឫក្ស​មង្គល​ល្អ​ហើយ​ ព្រះ​បាទ​សម្ដេច​ព្រះ​បរម​បពិត្រ​ ស្ដេច​ចេញ​ចាក​ព្រះ​មហា​ប្រាសាទ​ រតន​សីលា​មហា​ឋាន​ ស្ដេច​ចុះ​ទៅ​ប្រថាប់​លើ​ព្រះ​ទី​នាំង​នាវា​ រាជ​ពាហនៈ​។ ព្រះ​ហោ​រា​ធិបតី​ គោះ​គង​ទូង​រាជ​ភីរី​ ថ្វាយ​បង្គំ​ឫក​រាជ​ព្យូហៈ​ អគ្គ​មហា​នោ​និករ​ ទូក​យោង​ ទូក​បោ ពល​ជើង​ទឹក​ ជើង​គោក​ ក៏​ស្រែក​ព្យោ​មា​ តាំង​ហ៊ោ​យក​ជ័យ​ លើក​ចេញ​ចាក​មហា​នគរ​ ភ្នាក់​ងារ​ក៏​បើក​បាំង​មហា​ ស្វេត​ច្ឆ័ត្រ​ អភិ​រម​រាជ​ (អភិរម​ ឬ អភិរំ = ឆត្រ​រួត​មាន​រំភាយ​ដូច​ក្លស់​ សម្រាប់​ប្រើ​ជា​គ្រឿង​រុង​រឿង​ ក្នុង​ក្បួន​ហែ​នៃ​ព្រះ​រាជ​ពិធី​ណា​មួយ​)​ សម្រាប់​ព្រះ​មហាក្សត្រ​ កំចាត់​ព្រះ​សូរ្យ​ឆាន​ ឧត្តម​ពណ្ណ​រាយ​ ព្រម​ដោយ​នូវ​ទូក​យោង​ ទូក​ព្រះ​សង្ឃ​ ទូក​ព្រះ​រាជ​វង្ស​ និង ទូក​ព្រះ​ទីនាំង​អគ្គម​ហេសី​ស្រី​ស្នំ​ ព្រហ្ម​ចារី​ សេនា​បតី​ មន្ត្រី​តូច​ -​ ធំ​ ខ្ញុំ​ព្រះ​រាជ​ការ​ អា​មាត្យ​ សេវ​កា ​ព្រាហ្មណ៍​ព្រឹទ្ធ​ បណ្ឌិត​ កវី​ និង​ ទូក​ជំទាវ​ នាង​ខុន​ណាង​ ហែ​បណ្ដោយ​ក្រោយ​តាម​លំដាប់​ ទៅ​ដោយ​វិថី​ លុះ​ទៅ​ដល់​ខែត្រ​បាសាន​ហើយ​ ស្ដេច​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​បោះ​យុថ្កា​ គង់​នៅ​កោះ​បាសាន​ ឲ្យ​ខ្ញុំ​ព្រះ​រាជ​ការ​ តាំង​កសាង​ ព្រះ​រាជ​និវេសន៍​ ព្រះ​រាជ​រោង​ ព្រះ​រាជ​មន្ទីរ​ និង​ រោង​ព្រះ​រាជ​រថ រោង​សេះ ដំរី ​និង​ កំផែង​ខ្វាត់​ខ្វែង​ បែរ​មុខ​ព្រះ​រាជ​វាំង​ទៅ​ខាង​កើត​ យក​ទន្លេ​ធំ​មុខ​ព្រះ​រាជ​វាំង​ ទុក​ជា​កំពង់​មួយ​។​

អស់​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ អាណា​ប្រជា​នុរាស្ត្រ​ ទាស​កម្មករ​ ក៏​តាំង​សង់​រោង​ សង់​ផ្ទះ នៅ​ទី​នោះ​តែ​រាល់​ខ្លួន​ លុះ​រួច​ស្រេច​ហើយ​ ស្ដេច​ឡើង​គង់​ក្នុង​ព្រះ​រាជ​វាំង​ថ្មី​ តាំង​នាម​ព្រះ​នគ​រ ហៅ​ថា​ព្រះ​វាំង​ថ្ម​។​

នេះនឹងនិយាយពីក្រុងលាវវិញ៖
ក្នុង​ឆ្នាំមមី សំ​រិទ្ធិ​ស័ក ព.ស. ១៩២២ - គ.ស. ១៣៧៨-ម.ស. ១៣០០ - ច.ស. ៧៤០ មាន​ទឹក​ជោរ​ជន់​​នៅ​ប្រទេស​លាវ​ជា​ធំ​។ ទឹក​ហូរ​ខ្លាំង​របេះ​មាត់​ច្រាំង​ បាក់​ដើម​គគីរ​​មួយ​​ធំ​ក្រៃ​លែង​ និង ដើម​គគីរ​ទាំង​ពួង​ជា​ច្រើន​។ ក្នុង​ដើម​គគីរ​ធំ​នោះ​ មាន​ព្រះ​ពីរ​ព្រះ​អង្គ​ មាន​ព្រះ​ភក្ដ្រ​ឈម​ជា​បួន​ទិស​ ជាប់​នឹង​ដើម​គគីរ​នោះ​ ហូរ​ចុះ​មក​ទន្ទឹម​នឹង​ព្រែក​ពាក់​ព្រ័ត្រ​ (ព្រែក​ពាក់​ព្រ័ត្រ​ គឺ​ព្រែក​លាភ​សព្វ​ថ្ងៃ​នេះ​) រសាត់​ច្រាស​ទឹក​ទៅ​លើ​រួច​រសាត់​បណ្ដោយ​ទៅ​ក្រោម​វិញ​។ រសាត់​ទៅ​រសាត់​មក ៧​ថ្ងៃ​។ ក្នុង​គ្រា​នោះ​មាន​ស្ត្រី​ម្នាក់​ ជា​អ្នក​មាន​ធំ ជា​ឧបា​សិកា​ក្នុង​វត្ត​លង្កា​ ឈ្មោះ​ដូន​ពេញ​។ កាល​ដឹង​សេច​ក្ដី​នេះ​ហើយ​ ដូន​ពេញ​ក៏​ហៅ​បរិវារ​ចុះ​ទូក​ ឆ្លង​ទៅ​ពិនិត្យ​មើល​។​ លុះ​ពិនិត្យ​ទៅ​ឃើញ​ដូច​ថ្ម​កែវ​ពរ​ មាន​ព្រះ​ពីរ​ព្រះ​អង្គ​ជាប់​ នឹង ដើម​នោះ​។ ដូន​ពេញ និង បរិ​វារ​ នាំ​គ្នា​លើក​ថ្ម​កែវ​នោះ​​ចេញ​ពី​ដើម​គគីរ​ តែ​លើក​មិន​រួច​ទើប​នាំ​គ្នា​អន្ទង​យក​ដើម​គគី​រ​នោះ​ ឲ្យ​មក​ចត​ភ្ជាប់​នឹង​មាត់​ច្រាំង​ រួច​បបួល​គ្នា​លើក​ថ្ម​កែវ​នោះ​ទៀត​ តែ​លើក​នៅ​តែ​ពុំ​បាន​។ ដូន​ពេញ​ និង បរិ​វារ​ ចង់​បាន​ព្រះ​ទាំង​ពីរ​ព្រះ​អង្គ​នោះ​ណាស់​ តែ​លើក​អស់​ចំណេះ​ អស់​កម្លាំង​ហើយ​ ទាំង​បរិវារ​ នឹង ធ្វើ​ការ​នោះ​ក៏​ពុំ​កើត​ ទើប​ទៅ​ពិត​ទូល​ព្រះ​ថេរ​វត្ត​ព្រះ​ធម្ម​លង្កា​។ ព្រះ​ចៅ​អធិការ​អង្គ​នេះ​ ក៏​ទទួល​យក​អាសា​ ហើយ​ទៅ​តាំង​ពិធី​៧​ថ្ងៃ​ យក​សរ​សៃអម្បោះ​ អន្ទង​​ដើម​គគីរ​នោះ​ យោង​ទៅ​ជាប់​នឹង​ព្រែក​បង្កង​។​ ខណៈ​នោះ​ លោក​ព្រះ​ធម្ម​លង្កា​ យក​ព្រះ​ពុទ្ធ​រូប​នោះ​បាន​ហើយ​ លោក​ឲ្យ​ព្រះ​ដែល​មាន​ព្រះ​ភក្ដ្រ​បួន​នោះ​ មួយ​ព្រះ​អង្គ​ទៅ​ ដូន​ពេញ​ ឲ្យ​នាំ​មក​កោះ​ឫស្សី​កែវ​ (គឺ​ក្រុង​ភ្នំ​ពេញ​យើង​សព្វ​ថ្ងៃ​នេះ​)​។ លោក​ព្រះ​ធម្ម​លង្កា​ ទុក​មួយ​ព្រះ​អង្គ​ ដើម្បី​សាង​ព្រះ​អារាម​មួយ​នៅ​ព្រែក​បង្កង​។​ ព្រះ​បួន​មុខ​ដែល​បាន​មក​ដូន​ពេញ​នោះ​ ហៅ​ថា​ព្រះ​បង ព្រះ​ដែល​តម្កល់​នៅ​ព្រែក​បង្កង​ហៅ​ថា ព្រះ​ប្អូន​។​

ដូន​ពេញ​ តាំង​តែ​ពី​បាន​ព្រះ​បួន​មុខ​នោះ​ម​ក ក៏​តាំង​នាំ​ស្ម័គ្រ​ប័ក្ស​ពួក​ជិត​ឆ្ងាយ​ ជញ្ជូន​ដី​លើក​ជា​ភ្នំ​ក​​ជា​ព្រះ​អារាម​មួយ​ តម្កល់​ព្រះ​ចតុ​មុខ​នោះ​ អស់​រាស្ត្រ​ទាំង​ពួង​ដឹង​ឮ​ហើយ​ ក៏​ចុះ​ចូល​មក​ជួយ​ជញ្ជូន​ដី​នោះ​ជា​អចិន្ត្រៃយ៍​។

ព្រះ​បាទ​បរម​បពិត្រ​ ពញា​យ៉ាត​ ព្រះ​អង្គ​គង់​នៅ​ព្រះ​រាជ​វាំង​ថ្ម​។ ក្នុង​គ្រា​នោះ​ទឹក​លិច​រាជ​ធានី​ជ្រៅ​ក្រៃ​លែង​។ អស់​ខ្ញុំ​រាជ​ការ​ និង ព្រះ​បរម​រាជ​វង្សា​នុវង្ស​ មាន​ក្ដី​លំបាក​ជា​ច្រើន​ នឹង​សាង​ជា​ព្រះ​នគរ​ពុំ​បាន​។ លុះ​ទឹក​ស្រក​ក្នុង​ឆ្នាំ​នោះ​អស់​ ព្រះ​បរម​បពិត្រ​ ព្រះ​អង្គ​នាំ​រាជ​សេវ​កាមាត្យ​ មក​សាង​ព្រះ​រាជ​វាំង​​នៅ​ភូមិ​ឫស្សី​កែវ​។ ទ្រង់​ត្រាស់​បង្គាប់​ ចៅ​ពញា​តេជោ​ ចៅ​ហ្វាយ​ស្រុក​ខេត្ត​សំរោង​ទង​ ឲ្យ​កេណ្ឌ​រាស្ត្រ​លើក​ដី​ ទៅ​ចាក់​បំពេញ​ក្នុង​រាជ​វាំង​។​ ទី​ដែល​ចៅ​ពញា​តេជោ​ ឲ្យ​រាស្ត្រ​ជីក​ដី​នោះ​ ធំ​ជ្រៅ​ទូលាយ​ណាស់​ ទើប​បាន​ជា​មាន​ឈ្មោះ​ហៅ​ បឹង​តេជោ​ រៀង​មក​។ ទ្រង់​ត្រាស់​បង្គាប់​ ចៅ​ពញា​រាជា​មេត្រី​ផ្លុង​ ចៅ​ហ្វាយ​ស្រុក​កោះ​ឫស្សី​កែវ​ (តាម​ព្រះ​រាជ​ពង្សា​វតារ​ ដែល​តម្កល់​ទុក​ នឹង ព្រះ​រាជ​បណ្ណា​ល័យ​ក្រុង​ភ្នំ​ពេញ​​ មាន​សេច​ក្ដី​ថា​ : ឧក​ញ៉ា​ផ្លុង​ នេះ​ជា​ចៅ​ហ្វាយ​ស្រុក​ខេត្ត​បាទី​ ដែល​មាន​ងារ​ជា​ឧក​ញ៉ា​វង្សា​អនុ​ជិត​ ទៅ​វិញ​ទេ​)​ ឲ្យ​ជីក​ព្រែក​ទម្លាយ​ទឹក​ ពី​បឹង​ពោង​ពាយ​មក​ កុំ​ឲ្យ​នៅ​ឆ្អេះ​ឆ្អាប​ស្អុយ​ល្អក់​។​ ព្រោះ​ហេតុ​នេះ​ហើយ​ បាន​ជា​មាន​ពាក្យ​ហៅ​ថា​ ព្រែក​ពាម​​ផ្លុង​ រៀង​មក​។ រួច​ហើយ​ទ្រង់​ត្រាស់​ឲ្យ​ធ្វើ​ស្ពាន រៀប​ផ្លូវ​ក្រាល​ថ្ម​ល្អ​ស្រេច​ ទើប​ទ្រង់​តាំង​ព្រះ​រាជ​ពិធី​ ស្ថាបនា​ព្រះ​រាជ​វាំង សង់​ប្រា​សាទ​ ព្រះ​រាជ​មន្ទីរ​ត្រឡែង​កែង​ ខ្វាត់​ខ្វែង​ទាំង​ក្នុង​ក្រៅ​ ព្រម​ទាំង​ដំណាក់​តូច​ធំ សម្រាប់​ស្នំ​ស្រឹង្ការ​ស្រាប់​ស្រេច​។ ទ្រង់​ឲ្យ​តាំង​មុខ​ ព្រះ​រាជ​វាំង​​បែរ​ទៅ​បូព៌ា​ទិស​ ហើយ​ទ្រង់​ឲ្យ​លើក​ដី​ទប់ តាំង​ជា​សើន​ជា​បន្ទាយ​ក្រៅ​ទៅ​ទិស​ឧត្តរ​ តាំង​ពី​មាត់​ទន្លេ​នៅ​ខាង​លិច​។ ទ្រង់​ឲ្យ​ជីក​ជា​អូរ ជា​អូរ​អម​ប៉ម​កំពែង​ ហើយ​ឲ្យ​លើក​បន្ទាយ​ព័ទ្ធ​ជា​វង់​ ខាង​ទិស​បស្ចិម​ ត្រឹម​តែ​ទិស​ទក្សិណ​។​ ទ្រង់​ឲ្យ​ទុក​បឹង​តេ​ជោ​ជា​ទី​ធ្វើ​ស្រែ​ ក្នុង​ព្រះ​នគ​រ ត​ទៅ​ដល់​ទិស​និរតី​​ ហើយ​កាត់​ត្រង់​ទៅ​ឯ​កើត​ដល់​មាត់​ទន្លេ​ ត្រឹម​ព្រែក​តាកែវ​។ ទ្រង់​ឲ្យ​លើក​ដី​ជា​បន្ទាយ​ តាម​ឆ្នេរ​មាត់​ទន្លេ​ ជា​កំពែង​ព្រះ​នគរ​ជុំ​វិញ​ទល់​នឹង​មុខ​ព្រះ​លាន​។

ឯ​ទី​ព្រះ​វិហារ​ទាំង​ប៉ុន្មាន​ ទ្រង់​ឲ្យ​បូក​កំបោរ​រៀប​ឥដ្ឋ​ ព្រម​ទាំង​សាង​ព្រះ​វិហារ ​ចេតិយ កុដិ សាលា បាន​ជា​ច្រើន​ ទ្រង់​ឲ្យ​កសាង​ខ្លោង​មឿង​មួយ​ (ខ្លោង​មឿង​ គឺ​អ្នក​តា​ចាំ​ស្រុក​។ យើង​សព្វ​ថ្ងៃ​ច្រើន​និយាយ​ថា ឃ្លាំង​មឿង​)​ ឈ្មោះ​អ្នក​តា​ប្រាជ្ញ​ តាំង​នៅ​ជា​អគ្នេយ៍​ព្រះ​រាជ​វាំង​ ខាង​វត្ត​ពាម​ផ្លុង​។​ លុះ​ស្រេច​ការ​ហើយ​ ស្ដេច​ឡើង​គង់​លើ​ព្រះ​រាជ​និវេសន៍​ថ្មី​ តាំង​នាម​ទន្លេ​បួន​មុខ​ ហៅ​ថា ទន្លេ​ចតុមុខ​។ លុះ​សម្រេច​ការ​កសាង​ហើយ​ ទ្រង់​តាំង​ប្រទាន​នាម​ព្រះ​នគរ​ ជា​ក្រុង​ចតុ​មុខ​សកល​កម្ពុជា​ធិបតី​ ជា​ខត្តិយា​មហា​នគរ​។ អស់​សមណ​ជី​ព្រាហ្មណ៍​ព្រឹទ្ធា​ចារ្យ​ សេនា​បតី​ មន្ត្រី​ប្រជា​នុរាស្ត្រ​ និង​ ឈ្មួញ​ជួញ​ប្រែ​ក្នុង​ ក្រៅ​ប្រទេស​ ក៏​ចូល​មក​ជា​ក្រាស់​ក្រួន​ មួន​មាំ​សម​ដោយ​ភោគ​សម្ប័ទ ជា​សុខ​សប្បាយ​ ទាំង​ស្បៀង​អាហារ​សព្វ​សារ​ពើ​ ក៏​បរិ​បូរណ៍​ មិន​អត់​ឃ្លាន​។ ព្រះ​ពុទ្ធ​សាសនា​ក៏​រុង​រឿង​ ដោយ​ព្រះ​បរម​ពោធិ​សម្ភារ​ព្រះ​បារមី​ ដែល​ស្ដេច​ទ្រង់​ នូវ​ព្រះ​មហា​សុច​រិត ទស​ពិធ​រាជ​ធម៌​ មហា​ប្រសើរ​។​ អស់​អរិន្ទ​រាជ​សត្រូវ​ពា​លោ​ចោរ​កំណាច​ ក៏​កោត​ក្រែង​ស្ញប់​ស្ញែង​ខ្លាច​ព្រះ​បារមី​ ឥត​បី​នឹង​កម្រើក​ឡើយ​។ ប្រទេស​ចិន​ យួន ​ចាម ជ្វា ក៏​នាំ​គ្រឿង​បណ្ណា​ការ​ មក​ក្រាប​ទូល​ថ្វាយ​ សូម​ពឹង​ព្រះ​បុណ្យ​បារមី​ជា​ច្រើន​។​

ព្រះ​បាទ សម្ដេច​ព្រះ​បរម​រាជា​ពញា​យ៉ាត​ រាជា​ធិរាជ​ មាន​ព្រះ​រាជ​បុត្រ​ បី​ ព្រះ​អង្គ​ សម្ភព​ នឹង​ អ្នក​ម្នាង​ទេវី​ ទ្រង់​ព្រះ​នាម​នារាយណ៍​រាជា​ សម្ភព​ នឹង អ្នក​ម្នាង​បទុម​កេសរ​ ទ្រង់​ព្រះ​នាម​ព្រះ​សេរី​រាជា​ សម្ភព នឹង ព្រះ​មេនាង​ស៊ីសា​ងាម​ ទ្រង់​ព្រះ​នាម​ព្រះ​ធម្ម​រាជា​។​ ព្រះ​អង្គ​ទ្រង់​ព្រះ​ករុណា​ប្រោស​ ព្រះ​រាជ​ទាន​ ព្រះ​រាជ​ឥស្ស​រិយ​យស​ ដល់​ព្រះ​រាជបុត្រ​ទាំង​ បី​ ព្រះ​អង្គ​ ស្មើ​គ្នា​ តាម​លំដាប់​ បង និង​ប្អូន​។

ព្រះ​អង្គ​គ្រង​រាជ្យ​ ក្នុង​ពេល​ធ្វើ​សង្គ្រាម​ មួយ​ឆ្នាំ ​ទ្រង់​សោយ​រាជ្យ​ក្នុង​ព្រះ​មហា​នគរ​ ១៥​ឆ្នាំ​ ទ្រង់​ចត​គង់​ក្នុង​ព្រះ​រាជ​វាំង​បាសាន​ មួយ​ឆ្នាំ ​ទ្រង់​មក​​គង់​ក្នុង​ព្រះ​នគរ​ដែល​សាង​ថ្មី​៣០​ឆ្នាំ​ បូក​រួម​ទាំង​អស់​ត្រូវ​ជា​ ៤៧​ឆ្នាំ​ ព្រះ​ជន្ម ៧៨​ឆ្នាំ​ ក៏​ទ្រង់​ដល់​នូវ​ជរា​រោគ​ ហើយ​សុគត​ទៅ​។​ ព្រះ​រាជ​បុត្រ​ និង​ មន្ត្រី​លើក​ព្រះ​សព​តម្កល់​ក្នុង​ព្រះ​កោដ្ឋ​ស្រេច​ហើយ​ ទើប​អញ្ជើញ​ព្រះ​នារាយណ៍​រាជា​ ជា​ព្រះ​រាជ​បុត្រ​ច្បង​ ឲ្យ​សោយ​រាជ​សម្បត្តិ​ ជា​តំណ​ព្រះ​រាជ​វង្ស​មក​។

ផែនដីព្រះនារាយណ៍រាជា
(ពីគ.ស.១៤២៧ - គ.ស.១៤៣៣)

ព្រះ​នារាយណ៍​រាជា​ ស្ដេច​ឡើង​សោយ​រាជ្យ​ ស្នង​សម្ដេច​ព្រះ​វរ​រាជ​បិតា​ ក្នុង​ឆ្នាំ​រោង​ ទោស័ក ព.ស.១៩៤៤-គ.ស. ១៤២៧-ម.ស. ១៣៤៩-ច.ស. ៧៨៩ ក្នុង​ព្រះ​ជន្មា​យុ​៣៣ ​វស្សា​ ទ្រង់​ព្រះ​នាម​ជា​ ព្រះ​បាទ​សម្ដេច​ ព្រះ​រាជ​ឱង្ការ​ ព្រះ​នារាយ​ណ៍​រាជា​ រាមា​ធិបតី​ ព្រះ​ស្រី​សុរិ​យោពណ៌​ ធម្មិក​មហា​រាជា​ធិរាជ​ បរម​បពិ​ត្រ​បណ្ឌិត​ជា​ឥសូរ​ គង់​ចតុ​ម្មុខ​មង្គល​ សកល​កម្ពុជា​ធិបតី​ បវរ​ឥន្ទ​បត្ត​បូរី​រដ្ឋ​មហា​រាជ​ធានី​ បូរី​រម​ ឧត្តម​ ព្រះ​រាជ​និ​វេសន៍​ វិសេស​មហា​នគរ​ ត​មក​។ ព្រះ​អង្គ​ទ្រង់​ឲ្យ​ធ្វើ​ព្រះ​មេរុ​ធំ​ កំពូល​៤​ កំពស់​៣ ​សិន​ ១០​ ព្យាម ​១ ​ហត្ថ ​១ ​ចំអាម​ (កំពស់​ទាំង​កំពូល​ផង​)​ មាន​ទាំង​មេរុ​ជ្រែក​ មេរុ​ទិស​ស្រេច​ហើយ​ ស្ដេច​រៀប​ដង្ហែ​ ព្រះ​បរម​សព​ចូល​ព្រះ​មេរុ​ធ្វើ​បុណ្យ​ ៧​ថ្ងៃ​។​ លុះ​ថ្វាយ​ព្រះ​ភ្លើង​ជា​សូរេច​បុណ្យ​ហើយ​ សម្ដេច​ព្រះ​មាលា​ទេវី​ ជា​សម្ដេច​ព្រះ​វរ​រាជ​ជន​នី​ ព្រះ​អង្គ​សាង​ព្រះ​វាំង​ នៅ​ព្រះ​វិហា​រ ឪ​ផ្រឹង​។​

សម័យ​ថ្ងៃ​មួយ​នោះ​ ព្រះ​បរម​បពិត្រ​ ព្រះ​អង្គ​គង់​ព្រះ​យា​នុកា​មាត្យ​ ព្រម​ដោយ​មន្ត្រី​ ក្រុម​រក្សា​ព្រះ​អង្គ​ ដើម្បី​ស្ដេច​ទៅ​គាល់ សម្ដេច​ព្រះ​វរ​រាជ​ជន​នី​នា​ថ។​ ខណៈ​នោះ​ ស្ដេច​ទត​ព្រះ​នេត្រ​ យល់​ដូន​ពេញ​ និង​ស្ម័គ្រ​ប័ក្ស​ពួក​គាត់​ ជាង​រយ​ពាន់​នាក់​ នាំ​គ្នា​ដឹក​ដី​រែក​ជញ្ជូន​ ឥត​ឈប់​ឈរ​ ទើប​ទ្រង់​ត្រាស់​សួរ​ថា​ : អ្នក​ទាំង​នោះ​គេ​ធ្វើ​អ្វី​ហ្ន៎ ​? មន្ត្រី​រក្សា​ព្រះ​អង្គ​ ដែល​ដើរ​កាន់​គ្រឿង​ហែអម​ព្រះ​ទី​នាំង​នោះ​ក្រាប​ទូល​ថា ​:​

(សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​ ដូន​ពេញ​នេះ​ បាន​ព្រះ​ចតុ​ម្មុខ​មួយ​ព្រះ​អង្គ​ មក​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​គាត់​។ ឥឡូវ​នេះ​ គាត់​ឃោសនា​អ្នក​ស្រុក​ ឲ្យ​មក​ជួយ​លើក​ដី​ឲ្យ​បាន​ខ្ពស់​ ដើម្បី​នឹង​តាំង​ព្រះ​អា​រាម​ព្រម​ទាំង​ចេតិយ​ តម្កល់​ព្រះ​ចតុ​ម្មុខ​នោះ​)​។

ព្រះ​បាទ​បរម​បពិត្រ​ ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ព្រះ​ចិន្តា​ថា ​:​ (ដូន​ពេញ​នេះ​ ជា​រាស្ត្រ​ពិត​ តែ​គាត់​គិត​កសាង​កុសល​នេះ​​ល្អ​ប្រសើរ​ណាស់​ គួរ​តែ​អញ​ជា​ក្សត្រ ចូល​ជួយ​កសាង​ផង​)​។ តាំង​ថ្ងៃ​នោះ​មក​ សម្ដេច​ព្រះ​នារាយណ៍​រាជា​ ព្រះ​អង្គ​នាំ​អស់​ព្រះ​អគ្គម​ហេសី​ ស្រី​ស្នំ​ ក្រុម​ស្រឹង្ការ​ នាម៉ឺន​សព្វ​មុខ​មន្ត្រី​ លើក​ដៃ​ទៅ​ជញ្ជូន​ដី​នោះ​ លើក​ឡើង​ឲ្យ​បាន​ជា​ភ្នំ​។ អាស្រ័យ​ហេតុ​នោះ​ហើយ​ ទើប​បាន​ជា​អាណា​ប្រជា​នុរាស្ត្រ​ ទាំង​ស្រុក​ក្រៅ​ស្រុក​ក្នុង​ ស្រុះ​ស្រួល​បបួល​គ្នា​ ទៅ​ជួយ​ជញ្ជូន​ដី​នោះ​ លើក​ឡើង​បាន​ជា​ភ្នំ​មែន​។ សម្ដេច​ព្រះ​នារា​យណ៍​រាជា​ ទ្រង់​បាន​សាង​ព្រះ​ចេតិយ​មួយ​ធំ​ បញ្ចុះ​ព្រះ​បរម​សារី​រិក​ធាតុ​និង​ព្រះ​ចតុម្មុខ​នោះ​។​ ដើម្បី​ នឹង មិន​​អោយ​រាជ​សត្រូវ​ប្រាថ្នា​យក​ព្រះ​នគរ​បាន​ ទ្រង់​ឲ្យ​យក​ដើម​គគីរ​នោះ​ កាត់​រំលែក​ជា​ពីរ​កំណាត់​ គឺ​មួយ​កំណាត់​ទ្រង់​ឲ្យ​សាង​​ជា​រូប​តំណាង​ព្រះ​ចតុ​ម្មុខ​ ទុក​លើ​ភ្នំ​នោះ​ ហើយ​ទ្រង់​ឲ្យ​សាង​ព្រះ​អារាម​មួយ​ តម្កល់​ព្រះ​តំណាង​នោះ​។ គគីរ​មួយ​កំណាត់​ទៀត​ ទ្រង់​ឲ្យ​ធ្វើ​ជា​រូប​តំណាង​ព្រះ​ ៤​មុខ​ ដែល​នៅ​វត្ត​ព្រែក​បង្កង​។ ឯ​ព្រះ​រូប​ព្រះ​ចតុម្មុខ​នោះ​ ទ្រង់​អាយ័ត​ឲ្យ​នៅ​ជាប់​តែ​នឹង​ព្រះ​អង្គ​ចៅ​អធិការ​។ ទ្រង់​ព្រះ​បណ្ដាំ​ថា​ : "ព្រះ​ពុទ្ធ​រូប​អង្គ​នេះ​ វិសេស​ណាស់​ បើ​ស្រុក​មាន​ភប់​ភាន់​បណ្ដាល​អោយ​មាន​រាជ​សត្រូវ​ ឲ្យ​កប់​សន្ធប់​ ព្រះ​អង្គ​ ព្រះ​ពុទ្ធ​រូប​នោះ​កុំ​ឲ្យ​គេ​យក​បាន​"​។​ ព្រះ​អង្គ​តាំង​នាម​វត្ត​ ដែល​លើក​នោះ​ ឲ្យ​ហៅ​ថា​ វត្ត​ភ្នំ​ពេញ​ តាម​នាម​ដូន​ពេញ​ ហើយ​ទ្រង់​ប្រែ​ឈ្មោះ​ខេត្ត​កោះ​ឫស្សី​កែវ​នោះ​ ឲ្យ​ហៅ​ថា​ ខេត្ត​ភ្នំ​ពេញ​ត​រៀង​មក​។​

ឆ្នាំ​ជូត ចត្វា​ស័ក​ ព.ស. ១៩៧៦-គ.ស. ១៤៣២-ម.ស. ១៣៥៤-ច.ស. ៧៩៤ ព្រះ​បរម​បពិត្រ​ ស្ដេច​សាង​ព្រះ​ចេតិយ​មួយ​ នៅ​ចង្កេះ​ភ្នំ​ពេញ រួច​ហើយ​ធ្វើ​បុណ្យ​សង្គាយ​នា ​៧​ថ្ងៃ​ បញ្ចុះ​ព្រះ​បរម​ធាតុ​ សម្ដេច​វរ​រាជ​បិតា​ (ព្រះ​បាទ​ពញា​យ៉ាត​)​។ លុះ​សូរេច​ហើយ​ ព្រះ​អង្គ​សោយ​រាជ្យ​ រក្សា​អាណា​ប្រជា​នុរាស្ត្រ​ ជា​សុខ​ក្សេម​ក្សាន្ត​ ទាំង​ព្រះ​សង្ឃ​សមណ​ជី​ព្រាហ្មណ៍​ ឥត​មាន​មោះ​មន្ទិល​ឡើយ​។ ព្រះ​អង្គ​មាន​ ព្រះ​រាជ​បុត្រា​មួយ​ ព្រះ​អ​ង្គ​ ទ្រង់​ព្រះ​នាម​ព្រះ​សុរិ​យោ​ទ័យ​។​

លុះ​ព្រះ​អង្គ​សោយ​រាជ្យ​បាន​ ៦​ព្រះ​វស្សា​ ព្រះ​ជន្ម​៣៩​ព្រះ​វស្សា​ ទ្រង់​ប្រឈួន​ជា​ទម្ងន់​ហើយ​សុគត​ទៅ​។ ព្រះ​បរម​រាជ​វង្សា​នុវង្ស​ នា​ម៉ឺន​សព្វ​មុខ​មន្ត្រី​ លើក​ព្រះ​សព​តម្កល់​ក្នុង​ព្រះ​កោដ្ឋ​ស្រេច​ ទើប​អញ្ជើញ​ព្រះ​សេរី​រាជា​ ជា​ព្រះ​អនុជ​បន្ទាប់​នោះ​ឲ្យ​ឡើង​សោយ​រាជ្យ​ស្នង​ព្រះ​ជេដ្ឋា​។ សាស្ត្រា​វត្ត​កំពង់​ត្រឡាច​ក្រោម​ មាន​ដាក់​សេច​ក្ដី​​ដូច​ត​ទៅ​នេះ​ថា​ : ​"រាជ​ពង្សា​វតារ​ ដែល​សម្ដែង​ព្រះ​នាម​ស្ដេច​ និង សក​រាជ​ស្ដេច​នោះ​ គឺ​តែង​តាម​អក្សរ​ថ្ម​ ដែល​ស្ដេច​ព្រះ​សុគន្ធា​ធិបតី​ ព្រះ​នាម​ប៉ាន​ បាន​ចម្លង​យក​មក​ពី​អក្សរ​ថ្ម​នៅ​មហា​នគរ​ និង​ តាម​របា​ក្សត្រ​ ស្ដេច​ក្នុង​ព្រះ​រាជ​ត្រកូល​ អស់​ក្នុង​អក្សរ​ថ្ម​តែ​ប៉ុណ្ណោះ​។​ អំពី​នេះ​ នឹង សំដែង​ តាម​លំអាន​​ព្រះ​រាជ​ពង្សាវ​តារ​ ដែល​អ្នក​ប្រាជ្ញ​ជាន់​មុន​ចារឹក​ទុក​មក​នោះ​ ទុក​ជា​លំដាប់​ត​ទៅ​ តែ​បើ​តាម​សករាជ​ក្នុង​អក្សរ​ថ្ម​នោះ​ ឃើញ​លឿន​លើស​ទៅ​លើ​​តែ​លើស​នោះ​ ខ្ញុំយល់​ថា : ព្រោះ​ពុំ​បាន​កាត់​បច្ចុប្បន្ន ហេតុ​នោះ​​សូម​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ពិចា​រណា​តម្រង់​សេច​ក្ដី​ទៅ​។​

ផែនដីព្រះសេរីរាជា
(សាស្ដ្រាខ្លះថា ព្រះរាជាអង្គនេះព្រះនាមស្រីរាជា)

(គ.ស.១៤៣៣)

ព្រះ​ស្រី​រាជា​ ឡើង​សោយ​រាជ្យ​ ស្នង​ព្រះ​ជេដ្ឋា​ ក្នុង​ឆ្នាំ​កុរ​​ត្រី​ស័ក ព.ស.១៩៧៧-គ.ស. ១៤៣៣ ម.ស. ១៣៥៥-ច.ស. ៧៩៥ ក្នុង​ព្រះ​ជន្មា​យុ​៣០​ ព្រះ​វស្សា​​ទ្រង់​ព្រះ​នាម​ ព្រះ​បាទ​សម្ដេច​​ព្រះ​រាជ​ឱង្ការ​ ព្រះ​សេរី​រាជា​រាមា​ធិប​តី​ ធម្មិក​វ​រោត្តម​ បរម​មហា​ចក្រ​ពត្រា​ធិ​រាជ​ ព្រះ​បរម​នាថ​មហា​បពិត្រ​។​ ព្រះ​អង្គ​ទ្រង់​ត្រាស់​បង្គាប់​មុខ​ងារ​ ឲ្យ​សាង​ព្រះ​មេរុ​ ធ្វើ​បុណ្យ​ព្រះ​បរម​សព​ សម្ដេច​ព្រះ​ជេដ្ឋា​ ៧​ថ្ងៃ​។​ លុះ​សូរេច​ហើយ​ ទ្រង់​សោយ​រាជ្យ​ជា​សុខ​រៀង​មក​។

មក​ដល់​ឆ្នាំ​រកា​ បញ្ច​ស័ក ព.ស. ១៩៩៥-គ.ស. ១៤៥៣-ម.ស. ១៣៧៥-ច.ស. ៨១៥ ព្រះ​អង្គ​សោយ​រាជ្យ​ ជា​សុខ​រៀង​មក​បាន​២០​ឆ្នាំ​។​ លុះ​ស្ដេច​ទ្រង់​ជ្រាប​ថា ​: ស្រុក​សៀម​កើត​ចលា​ចល​ (សេច​ក្ដី​ភ្ញាក់​ផ្អើល​, ជ្រួល​ជ្រើម​, តែ​ក្នុង​ទី​នេះ​ ពាក្យ​នេះ​បាន​ន័យ​ថា​ មាន​ចម្បាំង​រាំង​ជល់​ក្នុង​ស្រុក​)​ ទើប​ព្រះ​អង្គ​ទ្រង់​ចេញ​គង់​ចុង​ព្រះ​រាជ​រោង​រម​ជួប​ជុំ​ ព្រះ​បរម​រាជ​វង្សា​នុវង្ស​ អង្គ​អគ្គ​សេវ​កា​មាត្យ​ទាំង​ពួង​ ក្រាប​បង្គំ​គាល់​ជា​យស​បរិ​វារ​។ ខណៈ​នោះ​ ស្ដេច​មាន​ព្រះ​រាជ​ឱង្ការ​ត្រាស់​ប្រឹក្សា​ថា ​:​

នគរ​ក្រុង​កម្ពុជា​យើង​នេះ​ សៀម​លើក​ទ័ព​មក​វាយ​ពីរ​គ្រា​ហើយ​ កៀរ​គ្រួ​យើង​យក​ទៅ​ជា​ច្រើន​រហូត​ដល់​សម្ដេច​ព្រះ​វររាជ​បិតា​ ស្ដេច​ថយ​មក​គង់​ក្នុង​ចតុម្មុខ​នេះ​ ទើប​បាន​បរិ​បូរណ៍​ជា​សុខ​រៀង​មក​។ ​ឥឡូវ​នេះ ​សៀម​កំពុង​កើត​កង្វល់​ ដោយ​ហេតុ​ថា ឃុន​វរ​វង្ស​ក្បត់​សម្លាប់​ព្រះ​ចៅ​យ៉ត​ហ្វា​ ហើយ​ឡើង​សោយ​រាជ្យ​។​ មុខ​មន្ត្រី​ប្រជា​នុរាស្ត្រ​ទាំង​ឡាយ​ ពុំ​ទាន់​រៀប​រយ​​ដូច្នេះ​ គួរ​យើង​លើក​ទៅ​សង​សឹក​វិញ​។ យើង​គង់​បាន​ជ័យ​ជំនះ​ពុំ​ខាន​ ដ្បិត​ស្រុក​សៀម​ពុំ​ទាន់​រៀប​ទាប​នៅ​ឡើយ​។​

ខណៈ​នោះ​ ព្រះ​រាជ​វង្សា​នុវង្ស​ អង្គ​អគ្គមហា​សេនា​ សេនា​បតី​ ពុំ​ទាន់​បាន​ឆ្លើយ​ថា​ជា​អ្វី​ផង​ ក៏​ស្រាប់​តែ​ពួក​សេនា​ទាហាន​ក្រាប​ទូល​ថា ​: កាល​សៀម​លើក​មក​ចោម​ បែក​ព្រះ​នគរ​នោះ ​ព្រោះ​ថា យើង​ខ្ញុំ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​​នៅ​ឆ្ងាយ​​ មក​ជួយ​មិន​ទាន់​។ ឥឡូវ​នេះ​ ពួក​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នៅ​ជុំ​ព្រៀប​ព្រម​ទាំង​សេនា​ ទាហាន​ ឯក​ ទោ ​ត្រី​ ចត្វា ក៏​ល្មម​ នឹង ទទួល​អាសា​ ធ្វើ​ការ​ឲ្យ​បាន​សម្រេច​ថ្វាយ​។​