ថ្ងៃសៅរ៍ ទី30.ធ្នូ 2017.ម៉ោង 13:05
ផែនដីព្រះចៅសាត (ស្ដេចសៀម)
(ពីគ.ស.១៣៥៦ ដល់ គ.ស.១៣៥៩)

ព្រះចៅបាសាត សោយ​រាជ្យ ស្នង​សម្ដេច​ព្រះ​ជេដ្ឋា​ ក្នុង​ឆ្នាំ​វក​ អដ្ឋ​ស័ក ​ព.ស. ​១៩០០ - គ.ស. ១៣៥៦ - ម.ស. ១២៧៨ - ​ច.ស. ៧១៨ ក្នុង​ព្រះ​ជន្មាយុ​ ៦២​ឆ្នាំ​។

កាល​ព្រះ​ស្រី​សុរិ​យោ​វង្ស​ ដែល​ទ្រង់​រត់​ទៅ​ស្រុក​លាវ​នោះ​ ព្រះ​ចៅ​ក្រុង​ចម្បា​សក្ដិ​ ទទួល​ទំនុក​បម្រុង​ បាន​ថ្វាយ​ពល​លាវ​ ១៥០០​នាក់ និង​ គ្រឿង​សស្ត្រា​វុធ​ ជា​ច្រើន​។ លុះ​បាន​ហើយ​ ព្រះ​អង្គ​ ក៏​លើក​ទ័ព​ចុះ​មក​សង្កត់​ ស្រុក​ ខេត្ត​ ដែល​ចុះ​សៀម​នោះ​រៀង​មក​។

ព្រះ​អង្គ​ទៅ​ប្រ​ថាប់​ ប្រជុំ​ហាត់​​ហ្វឹក​ហ្វឺន​ទ័ព​នៅ​បាសាន​ (ស្រុក​ស្រី​សន្ធរ​)​។ ដល់​ឆ្នាំ​កុរ ឯក​ស័ក​ ព្រះ​ចៅ​បាសាត​ សោយ​រាជ្យ​បាន​៣​ឆ្នាំ ទ្រង់​សុគត​ទៅ​។ ពួក​នា​ម៉ឺន​មន្ត្រី​ លើក​សព​តម្កល់​ក្នុង​ព្រះ​រាជ​កោដ្ឋ​ ហើយ​អញ្ជើញ​ ចៅ​កំបង់​ពិសី​ ជា​ព្រះ​អនុជ​ ឲ្យ​ឡើង​សោយ​រាជ្យ​​ស្នង​ព្រះ​ជេដ្ឋា​ធិរាជ​។

ព្រះចៅកំបង់ពិសី
(ពីគ.ស.១៣៥៩ ដល់ គ.ស.????)

ព្រះ​ចៅ​កំបង់​ពិសី​ ឡើង​សោយ​រាជ្យ​​ស្នង​ព្រះ​ជេដ្ឋា​ក្នុង​ឆ្នាំ​កុរ ឯក​ស័ក ព.ស. ១៩០៣ - គ.ស. ១៣៥៩ - ម.ស. ១២៨១ - ច.ស. ៧២១។ ស្ដេច​ថ្មី​នេះ​ សោយ​រាជ្យ​បាន​មួយ​ខែ ទទួល​ពេល​នោះ​ព្រះ​សុរិ​យោ​វង្ស​ ដែល​ស្ដេច​បាន​ប្រជុំ​ទ័ព​នៅ​ខេត្ត​បាសាន​នោះ​ បាន​រិក្ស​ហើយ​ ព្រះ​អង្គ​ក៏​លើក​ទ័ព​ ទាំង​ជើង​ទឹក​ ជើង​គោក​ចេញ​តាម​រយៈ​ ផ្លូវ​ទៅ​ព្រះ​មហា​នគរ​ (អង្គរ​ធំ)​។ ចំណែក​ ឯ​សម្ដេច​ព្រះ​ទេពី​ ស្ដេច​បាន​ចុះ​ព្រះ​ទី​នាំង​នាវា​ បណ្ដោយ​តាម​ក្រោយ​កង​ទ័ព​ ទៅ​ដល់​ទី​មួយ​អន្លើ​ហើយ​ ក៏​សម្ដេច​ព្រះ​មហេសី​​ស្ដេច​ទត​ទៅ​ឃើញ​ភ្នំ​មួយ​ ឈ្មោះ​ភ្នំ​ព្រាយ​ មាន​ទី​រហោ​ឋាន​​ល្អ​ជា​ទី​មនោ​រម្យ​។ ស្ដេច​ចត​ព្រះ​ទីនាំង​នៅ​ទី​នោះ​ ហើយ​យាង​ឡើង​ទៅ​​លើ​កំពូល​ ស្ដេច​ទត​ឃើញ​មាន​សាលា​ទេវ​រុក្ខ​មួយ​ស្ដុក​ស្ដម្ភ​ប្រពៃ​ណាស់​។ ស្ដេច​ទ្រង់​បន់​ស្រន់​បួង​សួង​ថា ​:​ សូម​ឲ្យ​ព្រះ​ទេវ​រុក្ខ​ ដែល​ស្ថិត​នៅ​ក្នុង​ទី​ភ្នំ​ព្រាយ​នេះ​ ជួយ​បី​បាច់​ថែ​រក្សា​កង​ទ័ព​ ព្រះ​ស្វាមី​របស់​ព្រះ​អង្គ​ ឲ្យ​បាន​ជ័យ​ជំនះ​ផង​។ ថា​បើ​ព្រះ​ស្វាមី​ស្រេច​ការ​សង្គ្រាម​ហើយ​កាល​ណា​ ព្រះ​អង្គ​ នឹង តាំង​តែង​សាង​ឋាន​ទេវ​រុក្ខ​ ឲ្យ​ប្រពៃ​ថ្វាយ​​ជា​ពុំ​ខាន​។

លុះ​សម្រេច​សង្គ្រាម​ហើយ​ សម្ដេច​ព្រះ​ទេពី​ ក៏​ឲ្យ​ជាង​ធ្វើ​ថ្វាយ​ តាម​សេច​ក្ដី​ដែល​បួង​សួង​ ព្រោះ​ហេតុ​នោះ​ហើយ​ ទើប​បាន​ជា​ភ្នំ​ព្រាយ​នោះ​ ប្រែ​ឈ្មោះ​មក​ហៅ​ថា ភ្នំ​ព្រះ​ទេពី​​រៀង​មក​វិញ​។​

កាល​ព្រះ​សុរិ​យោវង្ស​ ទ្រង់​លើក​ទ័ព​ចូល​ទៅ​វាយ​ព្រះ​នគរ​ ក្នុង​គ្រា​នោះ​ មន្ត្រី​ខ្មែរ​ដែល​នៅ​ក្នុង​ព្រះ​មហាន​គរ​ ដឹង​ថា​អម្ចាស់​របស់​ខ្លួន​ លើក​ទ័ព​មក​ដល់​ហើយ​ ក៏​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​​ជួយ​ច្បាំង​សៀម​ឡើយ​ គឺ​ងាក​ចិត្ត​មក​រក​អម្ចាស់​របស់​ខ្លួន​។ កាល​ព្រះ​ចៅ​កំបង់​ពិសី​ លើក​ទ័ព​ចេញ​ទៅ​ត​តាំង​ច្បាំង​ នឹង ព្រះ​ស្រី​សុរិ​យោ​វង្ស​នោះ​ ទ័ព​ខ្មែរ​ដែល​នៅ​ជា​មួយ​សៀម​ ក៏​ជួយ​វាយ​ពី​ខាង​ក្រោយ​ ខ្ទប់​កង​ទ័ព​សៀម​ ឥត​សំចៃ​ដៃ​ឡើយ​។ កង​ទ័ព​សៀម​ដែល​នៅ​ជា​កណ្ដាល​ នៃ​កង​ទ័ព​ខ្មែរ​ ត្រូវ​កង​ទ័ព​ខ្មែរ​​បាញ់​ ចាក់​កាប់​​សម្លាប់​ ស្លាប់​ពល​សៀម​អស់​ជា​ច្រើន​ ទាំង​ព្រះ​ចៅ​កំបង់​ពិសី​ ក៏​សុគត​ក្នុង​សង្គ្រាម​ដែរ​។​ ព្រះ​សុរិ​យោ​វង្ស​ ទ្រង់​ឲ្យ​ចាប់​ឈ្លើយ​សៀម​ ក្នុង​១០​ភាគ​ បាន ៩​ភាគ រត់​រួច​តែ​មួយ​ភាគ​ប៉ុណ្ណោះ​។ ព្រះ​អង្គ​យក​នគរ​វិញ​បាន​ ក្នុង​ឆ្នាំ​កុរ ឯក​ស័ក​ ព.ស. ១៩០៣ គ.ស. ១៣៥៩​។ ដោយ​ព្រះ​តេជា​នុភាព​ ដែល​ទ្រង់​បាន​ជ័យ​ជំនះ​ ហើយ​ព្រះ​សុរិ​យោ​វង្ស​ ក៏​ទ្រង់​ឡើង​រាជា​ភិសេក​ (អភិ​សេក​ក្សត្រិយ៍​ដែល​បាន​ជ័យ​ជំនះ​ លើ​សឹក​សត្រូវ​ ហើយ​បាន​ទទួល​រាជ្យ​)​ ជា​ក្សត្រ​រក្សា​វង្ស ត​ព្រះ​មហា​ប្រយូរ​វង្ស​រៀង​មក​។

ផែនដីព្រះសុរិយោវង្ស
(ពីគ.ស.១៣៥៩ ដល់ គ.ស.១៣៦៩)

ព្រះ​ស្រី​សុរិ​យោ​វង្ស​ ព្រះ​អង្គ​ឡើង​សោយ​រាជ្យ​ ទទួល​រាជា​ភិសេក​ ក្នុង​ឆ្នាំ​កុរ ឯក​ស័ក ព.ស.១៩០៣ - គ.ស. ១៣៥៩ - ម.ស. ១២៨១ - ច.ស. ៧២១ ក្នុង​ព្រះ​ជន្មាយុ ៤១​ឆ្នាំ​ ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ថា​ ព្រះ​បាទ​សម្ដេច​ព្រះ​ស្រី​សុរិ​យោ​វង្ស​ ហើយ​ទ្រង់​ប្រទាន​រង្វាន់​ពិសេស​ ជា​យស​ស័ក្ដិ​ ទ្រព្យ​សម្បត្តិ​ ឲ្យ​សេនា​ទាហាន​ ដែល​មាន​បំណាច់​ បាន​ជួយ​បង្ក្រាប​ អរិន្ទ (មក​ពី អរិ = ឥន្ទ​ប្រែ​ថា សត្រូវ​ជា​ធំ​) ​រាជ​ភ័យ​រី​ (ប្រ​ហែល​ជា​បាន​ន័យ​ថា​ ភ័យ​ កើត​មក​ពី​ស្ដេច​ជា​សត្រូវ)​។ ព្រះ​អង្គ​ទ្រង់​តាំង​ សេនា​បតី​ មន្ត្រី​គ្រប់​តំណែង​។ អស់​ពួក​បរម​រាជ​វង្សា​នុវង្ស​ ក៏​ចូល​មក​ជួប​ជុំ​ ជា​បរម​សុខ​រៀង​មក​។ ព្រះ​អង្គ​ទ្រង់​ព្រះ​ករុណា​ប្រោស​ប្រទាន​ព្រះ​រាជ​បុត្រ​ ព្រះ​សុរិ​យោ​ទ័យ​ ជា​មហា​ឧបរាជ​ ដែល​សុគត​ក្នុង​សង្គ្រាម​នោះ​ ដែល​ត្រូវ​ជា​ក្មួយ​ព្រះ​ទួត​ នឹង ព្រះ​អង្គ​ ឲ្យ​ឡើង​ជា​ទី​សម្ដេច​មហា​ឧបរាជ​ ស្នង​ព្រះ​បិតា​។

គិត​តាំង​ពី​សៀម​វាយ​បាន​ព្រះ​នគរ​ ក្នុង​ឆ្នាំ​មមី​ ឆស័ក​ ដល់​មក​ឆ្នាំ កុរ​ឯក​ស័ក ត្រូវ​ជា ៦​ឆ្នាំ ​ទើប​ព្រះ​បរ​មពិត្រ​ ព្រះ​ស្រី​សុរិយោ​វង្ស​ ស្ដេច​បង្ក្រាប​រាជ​សត្រូវ​បាន​ ហើយ​យក​បាន​ព្រះ​នគរ​វិញ​ ទ្រង់​គង់​នៅ​ជា​សុខ​ស្ថាពរ​ (ពាក្យ​នេះ​មាន​តាំង​ពី​បុរាណ​កាល​មក​) រៀង។ ទ្រង់​ត្រាស់​បង្គាប់​ ឲ្យ​ចៅ​ពញា​ចក្រី​នាំ​សេនា​ទាហាន​រេហ៍​ពល​ លើក​ទៅ​វាយ​ស្រុក​រាយ​រង​ ចុះ​ចូល​មក​​ជា​ស្រុក​ខ្មែរ​រៀង​មក​។

នេះ​នឹង​ស្រដី​ ពី​ក្រុង​ស្រី​អយុធ្យា​វិញ​។ កាល​ព្រះ​រាមា​ធិបតី​ (ស្ដេច​សៀម)​ សុគត​ទៅ ​ព្រះ​បរ​ម​រាជា​ ជា​បង​ថ្លៃ​ឡើង​សោយ​រាជ្យ​ ស្នង​ព្រះ​រាមា​ធិបតី​។ ព្រះ​បរម​រាជា​ សុគត​ទៅ ព្រះ​ចៅ​ឡាន​ ដែល​ជា​ព្រះ​រាជ​បុត្រ​ ព្រះ​បរម​រាជា​ ឡើង​សោយ​រាជ្យ​​ស្នង​ព្រះ​បិតា​។ ព្រះ​ចៅ​ឡាន​ សោយ​រាជ្យ​បាន​៧​ថ្ងៃ ​ព្រះ​រាមេ​សូរ​ដែល​ជា​ព្រះ​រាជ​បុត្រ​ ព្រះ​រាមា​ធិបតី​ ចាក់​ព្រះ​ចៅ​ឡាន សុគត​ទៅ​ ហើយ​ឡើង​សោយ​រាជ្យ​ខ្លួន​ឯង​វិញ​។ ដល់​ឆ្នាំ​ជូត​ ទោ​ស័ក​។ ព្រះ​រាមា​សូរ លើក​ទ័ព​ទៅ​វាយ​នគរ​ឈៀង​រ៉ាយ​ ឬ ​ជាង​រ៉ាយ (លាវ​ពោះ​ខ្មៅ​)​។ ក្នុង​ពេល​ដំណាល​គ្នា​នោះ​ សៀម​ដែល​នៅ​ប្រទល់​ដែន​ ទល់​ នឹង ប្រទេស​ខ្មែរ​ បាន​លើក​ទ័ព​មក​កំហែង​ទារ​យក​ប្រជា​នុរាស្ត្រ​ខ្មែរ​ បាន​ជាង​មួយ​រយ​ភាគ​យក​ទៅ​ស្រុក​វា​។ ចៅ​ហ្វាយ​ស្រុក​ ក្រម​ការ​ខេត្ត​ខាង​ខ្មែរ​ លើក​ទ័ព​តាម​ទៅ​ដណ្ដើម​ពី​សៀម​មក​វិញ​។ សៀម​ក៏​លើក​ពល​ជាង​ពីរ​រយ​ពាន់​នាក់​ មក​ច្បាំង​ នឹង ទ័ព​ចៅ​ហ្វាយ​ស្រុក​ខ្មែរ​។ ចៅ​ហ្វាយ​ស្រុក​ និង ក្រម​ការ​ខេត្ត​ខ្មែរ​តស៊ូ​ នឹង ទ័ព​សៀម​ ហើយ​ប្ដឹង​បក​សំបុត្រ​ ជូន​មក​លោក​សេនា​បតី​ ឲ្យ​យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​ព្រះ​ករុណា​ក៏​ទ្រង់​ជ្រាប​គ្រប់​ប្រការ​។ ព្រះ​បរម​បពិត្រ​ ព្រះ​ស្រី​សុរិ​យោវង្ស​ ជា​អម្ចាស់​ផែ​នដី​ ប្រទេស​កម្ពុជា​ កាល​ទ្រង់​ជ្រាប​ដំណឹង​នេះ​ហើយ​ ក៏​បង្គាប់​ទៅ​ចៅ​ហ្វាយ​ស្រុក​ ឲ្យ​កេណ្ឌ​រាស្ត្រ​ខេត្ត​ ទ្រាំង​មួយ​​ បាសាក់​មួយ​ ព្រះ​ត្រពាំង​មួយ​ ឪ​ម៉ៅ​មួយ​ ក្រមួន​ស​មួយ ​ទឹក​ខ្មៅ​មួយ​ ពាម​កំពត​​កំពង់​សោម​មួយ​ បាន​ពល​ប្រាំ​ម៉ឺន​នាក់​ ហើយ​ទ្រង់​ចាត់​ចៅ​ពញា​ ពិស្ណុ​លោក​ ចៅហ្វាយ​ស្រុក​ទ្រាំង​ ឲ្យ​ធ្វើ​ជា​មេទ័ព​ធំ​ ឲ្យ​ចៅ​ហ្វាយ​ស្រុក​បាសាក់​ ធ្វើ​ជា​មេទ័ព​មុខ ចូល​ទៅ​ច្បាំង​ នឹង សៀម​។ ទ័ព​នេះ​ឈ្នះ​សៀម​ហើយ​ ក៏​លើក​ទៅ​វាយ​ស្រុក​សំយ៉ែ​មួយ​ ស្រុក​រយង​មួយ​ ស្រុក​ចន្ទបូរ​ (ចាន់​តាប៊ុន​) មួយ​ ស្រុក​ជល​បូរី​មួយ​ ហើយ​កៀរ​គ្រួ​សៀម​បាន​ ៩០០០​នាក់​ ទើប​លើក​ទ័ព​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ រួច​ឡើង​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ ព្រះ​ករុណា​ សូម​ទ្រង់​ជ្រាប​គ្រប់​ប្រការ​។ ព្រះ​ករុណា​ ទ្រង់​ព្រះ​អំណរ​ណាស់​ ទ្រង់​ប្រទាន​រង្វាន់​ដល់​នាយ​កង​ នាយ​ទ័ព​ ដល់​នាយ​ទាហាន​ និង​ សេនា​ទាហាន​ តាម​គុណ​បំណាច់​។ ត​មក​ ព្រះ​ករុណា ​ទ្រង់​ព្រះ​រាជ​កំណត់​ទៅ​គ្រប់​ចៅ​ហ្វាយ​ស្រុក​តូច​ធំ​ ឲ្យ​ត្រៀម​ខ្លួន​ប្រុង​ប្រៀប​រៀប​រៀង​ទៅ​បង្ហាត់​ សេនា​ ទាហាន ឲ្យ​មាន​គ្រប់​ខែត្រ​ ជា​ទី​បង្ការ​រក្សា​ព្រះ​នគរ​ត​ទៅ​។​

ព្រះ​រាមា​សូរ​ ក្រុង​ទេព​ ដែល​លើក​ទ័ព​ទៅ​វាយ​​ស្រុក​លាវ​នោះ​ កាល​បាន​ជ័យ​ជំនះ​ឈ្នះ​លាវ​យក​បាន​ស្រុក​ជាង​​រ៉ាយ​ ហើយ​កៀរ​គ្រួសារ​លាវ​​បាន​ជា​ច្រើន​ ហើយ​ទើប​លើក​ទ័ព​ត្រឡប់​ទៅ​ក្រុង​ស្រី​អយុធ្យា​វិញ​។ លុះ​មក​ដល់​ហើយ​ ទ្រង់​ជ្រាប​ថា​ ខ្មែរ​លើក​ទ័ព​មក​វាយ​ បាន​ស្រុក​បួន​ដំបន់​ ព្រម​ទាំង​កៀរ​គ្រួ​យក​ទៅ​ជា​ច្រើន​ទៀត​ផង​។ ទ្រង់​ខ្ញាល់​ណាស់​ ទើប​ត្រាស់​ឲ្យ​កេណ្ឌ​កង​ទ័ព​ លើក​មក​ធ្វើ​សង្គ្រាម​នឹង​ខ្មែរ​។ លុះ​ដល់​ឆ្នាំ​ឆ្លូវ​ ត្រី​ស័ក​ ទ្រង់​ត្រាស់​បង្គាប់​ ចៅ​ពញា​ជ័យ​ដំរុង ឲ្យ​ធ្វើ​ជា​មេ​ទ័ព​មុខ​ ព្រះ​រាមា​សូរ​ អង្គ​ឯង​ជា​ទ័ព​ហ្លួង​លើក​មក​វាយ​ស្រុក​ទាំង​បួន​តំបន់​បាន​ទៅ​វិញ​ ហើយ​បំរុង​ នឹង លើ​ក​ទ័ព​មក​វាយ​មហាន​គរ​ទៀត​។ ប៉ុន្តែ​នាយ​គយ​​ខ្មែរ​ ដែល​នៅ​ល្បាត​ព្រំ​ដែន​ កាល​បើ​ដឹង​ថា​ ទ័ព​សៀម​លើក​មក​ហើយ​ ក៏​ចាត់​សំបុត្រ​ឲ្យ​បំរើ​សេះ​ ចូល​មក​ប្ដឹង​សេនា​បតី​ ឲ្យ​នាំ​ឡើង​ក្រាប​បង្គំ​ទូល​ព្រះ​ករុណា​ សូម​ទ្រង់​ជ្រាប​គ្រប់​ប្រការ​។ ព្រះ​ករុណា​ កាល​បើ​បាន​ទ្រង់​ជ្រាប​ហើយ​ ក៏​ត្រាស់​ឲ្យ​ប្រមូល​សេនា​ទាហាន​ ដែល​បាន​ហាត់​ហ្វឹក​ហ្វឺន​ បំរុង​ការណ៍​ ក្នុង​ខែត្រ​ជិត​ៗ​​នោះ​មក​ប្រជុំ​គ្នា​ ទ្រង់​ត្រាស់​បង្គាប់​ ឲ្យ​មហា​ឧបរាជ​ ធ្វើ​ជា​មេ​ទ័ពធំ​ នាំ​ទាហាន​ជើង​ទឹក​ ចេញ​ទៅ​រាំង​ទ័ព​សៀម​។ ព្រះ​មហា​ឧប​រាជ​ លើក​ទ័ព​ចេញ​ទៅ​ប្រទះ​នឹង​សត្រូវ​នៅ​ស្ពាន​ញែក​ ទើប​ទ្រង់​ចាត់​ឲ្យ​តាំង​បន្ទាយ​រាយ​ចម្រូង​ ទប់​ទល់​ នឹង ទ័ព​សៀម​នៅ​ទី​នោះ​ ឥត​មាន​រុញ​រា​ឡើយ​។ ចៅ​ពញា​ពិជ័យ​ដំរុង​ នាយ​ទ័ព​មុខ​ កាល​បើ​ឃើញ​ទ័ព​ខ្មែរ​មក​ដល់​ហើយ​ ក៏​បរ​ពល​ឲ្យ​ចូល​វាយ​បន្ទាយ​ខ្មែរ​ ខ្មែរ​ក៏​បរពល​ច្បាំង​ទល់​មក​វិញ​។ ចំបាំង​ពុំ​ទាន់​ចាញ់​ឈ្នះ​ ទាំង​សង​ខាង​នៅ​ឡើយ​ផង​ក៏​ស្រាប់​តែ​ព្រះ​រាមាសូរ​ ចាត់​ឲ្យ​ធ្វើ​បន្ទាយ​​ឆាក​ (បន្ទាយ​ឆាក​ គឺ​បន្ទាយ​ដែល​ចាត់​ឆែវ​ ខុស​ពី​ទិស​ដែល​ត្រូវ​ធ្វើ​) ទ័ព​ឆ្វេង​ស្ដាំ​ ហើយ​បាញ់​ផ្ទប់​ចូល​មក​។ ព្រះ​មហា​ឧបរាជ​ខ្មែរ​ ដែល​នៅ​ក្នុង​ចំណោម​ យល់​ឃើញ​ថា ទ័ព​សត្រូវ​​លើក​ថែម​មក​​ច្រើន​លើស​កំលាំង​ណាស់​ នឹង ទ្រាំ​ពុំ​បាន​ក៏​រា​ថយ​ចុះ​មក​នៅ​ក្នុង​ពាម គង់​ក្នុង​ព្រះ​ទីនាំង​នាវា​ ដើម្បី​ឲ្យ​ក​​​ទ័ព​ជើង​ទឹក​ លើក​ទៅ​ជួយ​កង​ទ័ព​ជើង​គោក​។ ខណៈ​នោះ ​ទ័ព​សៀម​ក៏​ចោម​រោម​ បាញ់​តម្រង់​ព្រះ​ទីនាំង​នាវា​ សន្ធាប់​យ៉ាង​ខ្លាំង​ ឥត​សំចៃ​ឡើយ​។ មួយ​ស្របក់​ក្រោយ​មក​ គ្រាប់​កាំ​ភ្លើង​សត្រូវ​ ក៏​រត់​មក​ត្រូវ​ធុង​រំសេវ​ខាង​ខ្មែរ​ បែក​ឆេះ​ធ្លាយ​ហើយ​ត្រូវ​សម្ដេច​ព្រះ​មហា​ឧប​រាជ​ និង ​ទាហាន​ក្នុង​កង​ទ័ព​ ស្លាប់​ និង​ ពិការ​ជា​ច្រើន​នាក់​។ ទ័ព​ខ្មែរ​ ឃើញ​ហេតុ​ដូច្នេះ​ហើយ​ ក៏​ផ្អើល​​ភ្ញាក់​​បរាជ័យ​ រត់​បែក​ខ្ញែក​ប្រាស​យក​តែ​អាយុ​ សព្វ​ៗ​ខ្លួន​។ ទ័ព​សៀម​ដេញ​សន្ធាប់​ហើយ​ចាប់​បាន​សម្ដេច​ព្រះ​មហា​ឧប​រាជ​ យក​មក​ទុក​បាន​៣ថ្ងៃ​ ព្រះ​អង្គ​ក៏​ទ្រង់​សុគត​ទៅ​។​

ព្រះ​បាទ​សម្ដេច​ ព្រះ​សុរិ​យោវង្ស​ កាល​ទ្រង់​បាន​ជ្រាប​ថា​ : ទ័ព​ព្រះ​អង្គ​បែក​ហើយ​ ព្រម​ទាំង​សៀម​ចាប់​បាន​ព្រះ​មហា​ឧប​រាជ​ទៅ​ទៀត​នោះ​ ស្ដេច​ក៏​លើក​សេនា​យោធា​ ជា​កង​ទ័ព​ធំ​ចេញ​ទៅ​ព័ទ្ធ​ចោម​ច្បាំង​នឹង​ទ័ព​សៀម​ទៀត​។ ទ័ព​សៀម​រអា​ដៃ​អស់​កំលាំង​ច្បាំង​ត​ថ្វី​ដៃ​នឹង​ទ័ព​សម្ដេច​ព្រះ​សុរិយោ​វង្ស​ពុំ​បាន​ ក៏​រា​ថយ​មក​វិញ​។ ខណៈ​នោះ​ ទ័ព​ខ្មែរ​យល់​ថា​ បាន​ការ​ហើយ​ ក៏​ចោម​ចាក់​កាប់​សម្លាប់​​ពួក​ទ័ព​សៀម​ឥត​ត្រា​ប្រណី​ឡើយ​។ សៀម​នឹង​ត​តាំង​ច្បាំង​ពុំ​កើត​ ក៏​បែក​ទ័ព​រត់​ខ្ចាត់​ខ្ចាយ​ ហើយ​បាក់​ទ័ព​រត់​ទៅ​ស្រុក​វិញ​អស់​។ ទ័ព​ខ្មែរ​ចាប់​បាន​ឈ្លើយ​សៀម​ជា​ច្រើន​នាក់​ នាំ​មក​ក្រាប​បង្គំ​ទូល​ថ្វាយ​ រួច​ហើយ​ដេញ​ទ័ព​សៀម​ឲ្យ​ចេញ​ផុ​ត​ពី​ដែន​ដី​ខ្មែរ​ ទើប​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​។

ព្រះ​បាទ​សម្ដេច​ ព្រះ​ស្រី​សុរិយោ​វង្ស​ ព្រះ​អង្គ​បង្ក្រាប​ទ័ព​សៀម​រាប​ទាប​ហើយ​ ស្ដេច​ក៏​យាង​ចូល​ទៅ​ព្រះ​មហា​នគ​រ សោយ​រាជ​សម្បត្តិ​ ប្រកប​ដោយ​នូវ​យុត្តិ​ធម៌​ អាណា​ប្រជា​នុរាស្ត្រ​ ក្នុង​ព័ទ្ធ​​សីមា (ព័ទ្ធ​សីមា​ = សីមា​មួយ​យ៉ាង​ដែល​ព្រះ​សង្ឃ​ទុក​ជា​គោល​​សម្រាប់​ កំណត់​ព្រំ​ដែន​ ក្នុង​ការ​ធ្វើ​សង្ឃ​កិច្ច​ផ្សេង​ៗ​។ ព័ទ្ធ​សីមា​ក្នុង​ទី​នេះ​ គឺ​ព្រំ​ដែន​ប្រទេស​នីមួយ​ៗ​។​) ក៏​បាន​សុខ​សប្បាយ​គ្រប់​ៗ​គ្នា​។​

កាលនោះ ផែន​ដី​ស្រុក​ខ្មែរ​ ធំ​ទូលាយ​ណាស់​ ទិស​ខាង​លិច​ទល់​នឹង​បស្ចិម​បូរី​ ខាង​ពាយ័ព្យ​ទល់​នឹង​ស្រុក​នាង​រង​ នគរ​រាជ​ ខាង​ឧត្តរ​ទល់​ដល់​ស្នាម​ខ្សាច់​ ទិស​អីសាន​ ដល់ស្រុកចន្ទបូរី (គឺចាន់​តាប៊ុនសព្វថ្ងៃនេះ) ខាង​កើត​ដល់​បា​រៀ​ដូន​ណយ​ ខាង​ត្បូង​ផុត​សមុទ្រ​ ទល់​នឹង​ស្រុក​យួន​ ស្រុក​ចាម​។

ព្រះ​បរម​បពិត្រ​ គង់​ក្នុង​រាជ​សម្បត្តិ​នោះ ​មាន​ព្រះ​រាជ​បុត្រ​មួយ​ព្រះ​អង្គ​ ព្រះ​នាម​ព្រះ​ពញា​យ៉ាត​។ ព្រះ​អង្គ​សោយ​រាជ្យ​បាន​១០​ឆ្នាំ ព្រះ​ជន្ម​បាន​៥១​ឆ្នាំ​ ទ្រង់​ប្រ​ឈួន​ជា​ទម្ងន់​ ពេទ្យ​ថ្វាយ​ព្រះ​ឱសថ​ពុំ​ជា​គ្រាន់​ ក៏​​ទ្រង់​ព្រះ​សុវណ្ណ​គត​ទៅ​។ ខណៈ​នោះ​ ព្រះ​បរម​រាជ​វង្សា​សេនា​ព្រឹទ្ធា​មាត្យ​ អញ្ជើញ​​ព្រះបរម​រាមា​ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​លំពង់​រាជា​ ជា​ព្រះ​ភា​គិ​នេយ្យោ​ នៃ​ព្រះ​សុរិ​យោវង្ស​​ស្នង​ព្រះ​អង្គ​ ត​រៀង​ទៅ​។​

"សាស្ត្រា​ខ្លះ​ថា​ ព្រះ​សុរិ​យោវង្ស​អង្គ​នេះ ឡើង​សោយ​រាជ្យ​ពី គ.ស. ១៣៥៧ ហើយ​ទ្រង់​សោយ​សុវណ្ណ​គត​ទៅ​វិញ​នៅគ.ស. ១៣៦៦​។"​

ផែនដីព្រះបរមរាមា
(ពីគ.ស.១៣៦៩ ដល់ គ.ស.១៣៧៣)

ព្រះ​បរម​រាមា​ ជា​ព្រះ​រាជ​បុត្រ​ ព្រះ​បាទ​សម្ដេច​​ព្រះ​លំពង់​រាជា​ ទ្រង់​ឡើង​សោយ​រាជ​សម្បត្តិ​ ក្នុង​ឆ្នាំ​រកា ឯក​ស័ក ព.ស. ១៩១៣ - គ.ស. ១៣៦៩ - ម.ស. ១២៩១ - ច.ស. ៧៣២ ក្នុង​ជន្មា​យុ ៥២​វស្សា​។ ព្រះ​ចៅ​ពញា​យ៉ាត​ ដែល​ជា​ព្រះ​រាជ​បុត្រ​ ព្រះ​ស្រី​សុរិ​យោវង្ស​នោះ​ ក្នុង​ពេល​នោះ​ ព្រះ​អង្គ​គង់​នៅ​ជា​ព្រះ​កុមារ​ណាស់​ នឹង ឡើង​ទទួល​រាជ្យ​សម្បត្តិ​​ស្នង​ព្រះ​បិតា​ពុំ​ទាន់​បាន​។ ព្រះ​បរម​រា​មា​ កាល​បាន​ឡើង​សោយ​រាជ្យ​ហើយ​ ព្រះ​អង្គ​ក៏​ប្រជុំ​ចៅ​ហ្វាយ​ស្រុក​ធំ ​- ​តូច​ ចូល​មក​ធ្វើ​ព្រះ​មេរុ​ បូជា​ព្រះ​បរម​សព​ ជា​សូរេច​ហើយ​ ព្រះ​អង្គ​សោយ​រាជ្យ​ជា​សុខ​ត​រៀង​មក​បាន ៥​ឆ្នាំ ​ទ្រង់​ប្រឈួន​ ជា​ខ្លាំង​ក៏​សុគត​ទៅ​។ មន្ត្រី​លើក​ព្រះ​បរម​សព​ តម្កល់​ក្នុង​ព្រះ​កោដ្ឋ​ស្រេច​ហើយ​ អញ្ជើញ​ព្រះ​ធម្មា​សោក​រាជ​ជា​ព្រះ​អនុជ​ ព្រះ​អយ្យ​កោ​មួយ​ នឹង ព្រះ​បរមរា​មា​ ឲ្យ​ឡើង​សោយ​រាជ្យ​ស្នង​ព្រះ​ជេដ្ឋា​។​

ផែនដីព្រះធម្មាសោករាជ
(ពីគ.ស.១៣៧៣ ដល់ គ.ស.១៣៨៣)

ព្រះ​ធម្មា​សោក​រាជ​ ជា​ព្រះ​រាជ​បុត្រ​សម្ដេច​ ព្រះ​មហា​ឧប​រាជ សុរិ​យោ​ទ័យ​ដែល​ សុគត​ក្នុង​បន្ទាយ​មហា​នគរ​ ក្នុង​គ្រា​ធ្វើ​សង្គ្រាម​ នឹង សៀម​។ ព្រះ​អង្គ​ត្រូវ​ជា​ព្រះ​អនុជ​ជីដូន​មួយ​ នឹង ព្រះ​បរម​រាមា​។ ព្រះ​អង្គ​ឡើង​សោយ​រាជ​សម្បត្តិ​ ក្នុង​ឆ្នាំ​ឆ្លូវ​​ បញ្ច​ស័ក គ.ស. ១៩១៧-គ.ស. ១៣៧៣-ម.ស.១២៩៥ - ច.ស. ៧៣៥ ទ្រង់​ព្រះ​នាម​ជា​ព្រះ​បាទ​សម្ដេច​ ព្រះ​រាជ​ឱង្ការ​ ព្រះ​ធម្មា​សោក​រាជ​ រាជា​។ ទ្រង់​ធ្វើ​បុណ្យ​ព្រះ​បរម​សព​រួច​ហើយ​ ព្រះ​អង្គ​គង់​ជា​សុខ​រៀង​មក​បាន​ ៣វស្សា​។​

នេះ​នឹង​និយាយ​ពី​ក្រុង​ទេព​បុរី​វិញ​។ នៅ​ក្រុង​ទេព​បុរី​ (ប្រទេស​សៀម​)​ ព្រះ​រាមាសូរ​ សុគត​ទៅ​ ព្រះ​រាជ​នត្តោ (ចៅ) សោយ​រាជ្យ​ត​ៗ​មក​ ទើប​ចៅ​សា​មប្បា​ បាន​ឡើង​សោយ​រាជ្យ ទ្រង់​ព្រះ​នាម​ជា​ព្រះ​ចៅ​បរម​រាជា​។ កាល​បាន​ឡើង​សោយ​រាជ្យ​ភ្លាម​ ព្រះ​រាជា​សៀម​អង្គ​នេះ​ ចង់​ឲ្យ​ព្រះ​នគរ​របស់​ព្រះ​អង្គ​ ធំ​ទូលាយ​ឆ្ងាយ​ទៅ​ទៀត​ ទើប​ទ្រង់​ត្រាស់​ឲ្យ​កេណ្ឌ​ពល​ ១០០០០​នាក់​ មក​បង្ហាត់​បង្រៀន​ ហ្វឹក​ហ្វឺន​តាម​គ្រឿង​ចម្បាំង​គ្រប់​ប្រការ​។​

លុះ​ដល់​មក​ឆ្នាំ​មមែ​ ឯក​ស័ក ព្រះ​ចៅ​បរម​រាជា​ ត្រាស់​ឲ្យ​ព្រះ​ឥន្ទ​រាជា​ ជា​រាជ​បុត្រ​ធ្វើ​ជា​មេទ័ព​មុខ​លើក​មក​លុក​លុយ​មហា​នគរ​ (ស្រុក​ខ្មែរ)​។ ព្រះ​អង្គ​ឯង​ ធ្វើ​ជា​មេ​ទ័ព​ហ្លួង​ លើក​ទ័ព​ធំ ព្រម​ដោយ​សេនា​ ពល​ សេះ​ ដំរី យាត្រា​ប្រាប​ប្រាម​ស្រុក​ខ្មែរ​ តាម​រយៈ​ផ្លូវ​ ចូល​មក​ដល់​ក្រុង​មហា​នគរ​។​ លុះ​មក​ដល់​មហា​នគរ​កម្ពុជា​ហើយ​ ព្រះ​ចៅ​បរម​រាជា​ ក៏​បញ្ជា​ទ័ព​ ឲ្យ​ចូល​ចោម​វាយ​បន្ទាយ​គ្រប់​ទិស​ ឥត​បង្អែ​បង្អង់​ឡើយ​។​

ព្រះ​បាទ​ធម្មា​សោក​រាជ​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ បាន​ទ្រង់​ជ្រាប​​ថា ទ័ព​សៀម​លើក​មក​ចោម​ ក្រុង​មហា​នគរ​គ្រប់​ទិស​ហើយ​ ទ្រង់​ក៏​ចាត់​ពល​ឲ្យ​ឡើង​រក្សា​ទី​បន្ទាយ​ ឲ្យ​ពញា​កែវ​ ជា​នាយ​កង​ទ័ព​រក្សា​ទិស​ខាង​លិច​ ពញា​ទ័យ​ ត្រួត​ទិស​ខាង​ជើង​ ពញា​យ៉ាត​ត្រួត​ទិស​ខាង​ត្បូង​ ចៅ​ហ្វា​ទឡ្ហៈ​ ត្រួត​ទិស​ខាង​កើត​។ ព្រះ​បរម​រាជា​វង្ស​ទាំង​​បី​ព្រះ​អង្គ​ និង សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​ ក៏​ចេញ​យក​ព្រះ​ទ័យ​ យក​ចិត្ត​ទុក​ដាក់​ ត្រួត​ត្រា​តាម​នាទី​មាំ​មួន​ គ្រប់​ព្រះ​អង្គ​គ្រប់​គ្នា​ ពុំ​មាន​ធ្វេស​ប្រហែស​ឡើយ​។

ព្រះ​ចៅ បរម​រាជា​ "ស្ដេច​សៀម​" ឲ្យ​លើក​ដី​ខ្ពស់​ស្មើ​នឹង​កំ​ពែង​បន្ទាយ​ខ្មែរ​ ហើយ​ឲ្យ​អូស​កាំភ្លើង​ធំ​ ឡើង​បាញ់​ចូល​ទៅ​ខាង​ក្នុង​បន្ទាយ​ខ្មែរ​។ ទ័ព​ខ្មែរ​ ក៏​បាញ់​ចេញ​ពី​ខាង​ក្នុង​បន្ទាយ​ មក​ត្រូវ​រេហ៍​ពល​សៀម​ ស្លាប់​ជា​ច្រើន​ដែរ​។ ទ័ព​សៀម​បាញ់​ត្រូវ​ទ័ព​ខ្មែរ​ក៏​ស្លាប់​ច្រើន​ដែរ​ តែ​ពុំ​បែក​បាន​នគរ​ឡើយ​។​ ព្រះ​ចៅ​បរម​រាជា​ ដេញ​ឲ្យ​ទាហាន​ពាន​ (ពាន​ = ឡើង​ពារ​រំលង​លើ​)​ បន្ទាយ​មក​ទៀត​ ទ័ព​ខ្មែរ​ក៏​បាញ់​កាប់​ចាក់​ ពី​លើ​ភាគ​បន្ទាយ​ និង​ ចោល​ដោយ​ ដុំ​ថ្ម​ទៅ​លើ​ទ័ព​សៀម​ ស្លុត​ស្លាប់​ជា​ច្រើន​។ សៀម​យក​ព្រះ​មហាន​គរ​ពុំ​បាន​។

គិត​តាំង​ពី​ទ័ព​សៀម​ ចូល​ចោម​ព្រះ​មហា​នគ​រ​ ក្នុង​ខែ​មិគសិរ​ មក​ដល់​ខែ​ជេស្ឋ​ ត្រូវ​ជា​៧​ខែ តែ​យក​មហា​នគរ​ពុំ​បាន​។ ក្រោយ​នោះ​មក​ មាន​ទាហាន​សៀម​ ៦​នាក់​ ឈ្មោះ ​នាយ​អឿន​១ នាយ​លាន​​១ នាយ​ឆាន់​១ នាយ​ដេត​១ នាយ​កៅ​១ នាយ​ឌី​១ គិត​កល​យល់​ឧបាយ​ព្រម​គ្នា​ស្រេច​ ក៏​ចូល​ក្រាប​ទូល​ព្រះ​បរម​រាជា​ថា​ ​:

" ទ័ព​សៀម​ ដែល​និង​គិត​ការ​វាយ​យក​មហា​ន​គ​រ​នោះ​ តាម​ដោយ​កំលាំង​យុទ្ធ​សាស្ត្រ​ ឃើញ​ថា​ពុំ​ងាយ នឹង យក​បាន​ឡើយ​។ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ ទាំង​ ៦​នាក់​ សុំ​យក​អាសា​ នឹង ទៅ​ស្លង់​កាំភ្លើង​ធំ ​របស់​​មហា​នគរ​ ដែល​ដាក់​មុខ​ចាំ​ផ្លូវ​ថ្នល់​ទាំង​ប៉ុន្មាន​នោះ​ឲ្យ​បាន​សិន​។ ថា​បើ​ស្លង់​កាំ​ភ្លើង​នោះ​បាន​ហើយ​ទំនើង​ (ទំនើង​ , ធ្វើ​បាន​តាម​ចិត្ត​ , ស្រេច​នូវ​ចិត្ត​ចង់​ធ្វើ​អ្វី​ក៏​​ធ្វើ​បាន​ឥត​ទើស​ទាស់​ឡើយ​) តែ​កាំ​ភ្លើង​របស់​យើង​ បាញ់​ចូល​ទៅ​ សេនា​ទាហាន​អាវុធ​ខ្លី​របស់​យើង​ ក៏​នឹង​ចូល​ពាន​បន្ទាយ​ខ្មែរ​លុះ​បាន​ដោយ​ងាយ​។ ព្រះ​ចៅ​រាមា​ ស្ដេច​សៀម​បាន​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​មាន​ព្រះ​អំណរ​ណាស់​។​ ទ្រង់​ត្រាស់​ថា​ បើ​ចៅ​ទាំង​ ៦​នាក់​ ទទួល​អាសា​ទៅ​ស្លង់​កាំភ្លើង​បាន​នោះ​ សម្រេច​ការ​សង្គ្រាម​កាល​ណា​យើង​ នឹង ឲ្យ​រង្វាន់​ ដល់​ចៅ​ឲ្យ​ពេញ​ចិត្ត​, ត្រាស់​តែ​ម៉្លោះ​ហើយ​ ក៏​ក្លែង​ធ្វើ​ជា​ទ្រង់​ព្រះ​ពិរោធ​ណាស់​ ហើយ​មាន​បន្ទូល​ថា​ : ម្សិល​មិញ​អញ​ឲ្យ​ឯង​ ឡើង​វាយ​បន្ទាយ​មហា​នគរ​ ម្ដេច​ក៏​ឯង​នាំ​ពល​រេហ៍​រត់​ថយ​ក្រោយ​មក​វិញ​។ កំហុស​របស់​ឯង​នេះ​ ត្រូវ​អញ​យក​ទោស​ ឲ្យ​ពេញ​ច្បាប់​។ ត​មក​ទើប​ទ្រង់​ត្រាស់​ឲ្យ​ចង​រ៉ាវ​ (ចង​រ៉ាវ = ​ឲ្យ​មនុស្ស​ដែល​មាន​ទោស​ដេក​ផ្កាប់​មុខ​ រួច​ចង​ដៃ​ទាំង​ពីរ​ ជើង​ទាំង​ពីរ​ ហើយ​ទាញ​សន្ធឹង​ឲ្យ​តឹង​ភ្ជាប់​ នឹង ស្នឹង​ទាំង​បួន​ទិស​) វាយ​ខ្នង​ទាហាន​ទាំង​ ៦​នាក់​នោះ ៥០​ខ្វាប់​ម្នាក់​ ហើយ​ឲ្យ​លាក់​ថ្ងាស​ ជា​ជើង​ក្អែក​ គ្រប់​ទាំង ៦​នាក់​។ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​លែង​វា​ចោល​ទៅ​ ដើម្បី​ជា​បំរាម​ ដល់​ទាហាន​ទាំង​ឡាយ​ត​ទៅ​។ លុះ​ដល់​ជិត​ នឹង អាធ្រាត្រ​ទាហាន​ទាំង​ ៦​នាក់​នោះ​ ក៏​លប​លួច​រត់​ទៅ​ជួប​ នឹង កង​ល្បាត​ខ្មែរ​ ដែល​កំពុង​តែ​ល្បាត​។ កង​ល្បាត​ខ្មែរ​ចាប់​ដាក់​ក្ដី​ ហើយ​យក​ទៅ​ជូន​សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​ ដែល​នៅ​ត្រួត​ទ្វារ​កំផែង​ខាង​កើត​។ សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ​ បាន​សួរ​ទៅ​ទាហាន​ទាំង​ ៦​នាក់​នោះ​ តាម​ដំណើរ​។ ទាហាន​ទាំង​ ៦​នាក់​ ឆ្លើយ​ថា​ : ខ្លួន​ជា​ទាហាន​សៀម រត់​មក​សុំ​ចុះ​ចូល​ នឹង ទ័ព​ខ្មែរ​ សម្ដេច​ចៅ​ហ្វា​ទឡ្ហៈ ​ឮ​ហើយ​ ក៏​នាំ​ខ្លួន​ទាំង​ ៦​នាក់​ ទៅ​ក្រាប​ទូល​ថ្វាយ​ព្រះ​បរម​បពិត្រ​ សូម​ស្ដេច​ទ្រង់​ជ្រាប​គ្រប់​ប្រការ​។​ ព្រះ​បរម​បពិត្រ​ត្រាស់​សួរ​​ថា ​ហេតុ​អ្វី បាន​ជា​ឯង​បែក​ខ្នង​ បែក​ថ្ងាស​ ហើយ​ចូល​មក​ក្រាប​យំ​ យ៉ាង​ដូច្នេះ​។​

ទាហានទាំង ៦នាក់នោះ ក្រាបទូលថា៖
ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ បាន​យក​អាសា​ព្រះ​ចៅ​សៀម​មក​ច្រើន​គ្រា​ហើយ​ តែ​ពុំ​បាន​បំណាច់​អ្វី​សោះ​។ លុះ​ដល់​ថ្ងៃ​ម្សិល​មិញ​នេះ​ ទ្រង់​ដាក់​អាជ្ញា​ថា​ ឲ្យ​ទូល​ព្រះ​បង្គំ​ទាំង​ ៦​នាក់​នេះ​ វាយ​បន្ទាយ​ប៉ែក​ខាង​ត្បូង​ឲ្យ​បែក​។​ លុះ​ទូល​ព្រះ​បង្គំ​ធ្វើ​ការ​ថ្វាយ​ពុំ​បាន​ដូច​ព្រះ​បង្គាប់​ ទើប​ព្រះ​បរម​រាជា​ ទ្រង់​ត្រាស់​ឲ្យ​ធ្វើ​ទោស​វាយ​ខ្នង​សាប់​ថ្ងាស់​យ៉ាង​នេះ​។​ មិន​តែ​ប៉ុណ្ណោះ​សោត​ ទ្រង់​មាន​ព្រះ​តម្រាស់​ថា​ : ព្រឹក​នេះ​ ទ្រង់​នឹង​ឲ្យ​សម្លាប់​ទូល​ព្រះ​បង្គំ​ទាំង​ ៦​នាក់​នេះ​ទៀត​។ អាស្រ័យ​ហេតុ​នេះ​ហើយ​ ទើប​បាន​ជា​ទូល​ព្រះ​បង្គំ​ទាំង​ឡាយ​ភិត​ភ័យ​ណាស់​ ហើយ​រត់​មក​សូម​ជ្រក​ក្រោម​ព្រះ​បារមី​ នៃ ​ព្រះ​បរម​បពិត្រ​ ជា​អម្ចាស់​"។​

កាល​ទាហាន​សៀម​ទាំង​ ៦​នាក់​ កំពុង​ក្រាប​បង្គំ​ទូល​នោះ​ មាន​មន្ត្រី​ខ្មែរ​ម្នាក់​ ចូល​មក​ពីទិស​ខាង​លិច​ ហើយ​មក​ក្រាប​បង្គំ​ទូល​ថា ​:
ទូល​ព្រះ​បង្គំ​ បាន​ឃើញ​ទាហាន​សៀម​ ១៥​នាក់​ នាំ​យក​ភូ​ឃុំ ១៥​នាក់​មក​សម្លាប់​នៅ​ទ្វារ​បន្ទាយ​ខាង​លិច​។ ទូល​ព្រះ​បង្គំ​សាក​សួរ​ទៅ​ ទាហាន​ទាំង​នោះ​ប្រាប់​ថា ​: នាយ​ភូ​ឃុំ​ទាំង​នេះ​ បាន​ឲ្យ​រួច​មនុស្ស​ទាំង​ ៦​នាក់​នេះ​។​

ព្រះ​បរម​បពិត្រ​ និង​ សេនា​បតី​ ពិនិត្យ​សេច​ក្ដី​របស់​មន្ត្រី​ខ្មែរ​នេះ​សព្វ​គ្រប់​ទៅ​ ឃើញ​ថា ត្រូវ​នឹង​ពាក្យ​ទាហាន​ទាំង ៦​នាក់​នោះ​មែន​, ដូច្នេះ​ ទ្រង់​ក៏​ជឿ​ចម្លើយ​របស់​ទាហាន​ទាំង​ ៦​នាក់​នោះ​ណាស់​ ទើប​ទ្រង់​ឲ្យ​ដោះ​ក្ដី​ ឲ្យ​នៅ​មើល​ជំងឺ​ខ្លួន​ឲ្យ​បាន​សះ​ជា​។ បណ្ដា​ទាហាន​ទាំង​ ៦​នាក់​នោះ​ ទាហាន​ពីរ​នាក់​ស្លាប់​ដោយ​ជម្ងឺ​បែក​ខ្នង​នោះ​ទៅ​ នៅ​សល់​តែ​ ៤ ​នាក់​មិន​ស្លាប់​ទេ​។ ទាហាន​សៀម​ទាំង​ ៤​នាក់​នោះ​ កាល​បើ​មើល​ជំងឺ​ខ្លួន​បាន​សះ​ជា​ហើយ​ ក៏​សំដែង​ខ្លួន​ជា​អ្នក​ក្លាហាន​ ចេញ​ជួយ​ទាហាន​ខ្មែរ​ ច្បាំង​នឹង​ទាហាន​សៀម​រឿយ​ៗ​។ កាល​ទ្រង់​ទត​ឃើញ​ទាហាន​ទាំង​ ៤​នាក់​នោះ​ មាន​ចិត្ត​ក្លា​ហាន​ណាស់​ ទ្រង់​ក៏​ប្រទាន​យស​សក្ដិ​ ប្រាក់​រង្វាន់​ជា​រឿយ​ៗ​ ហើយ​ទុក​ព្រះ​ទ័យ​លើ​ទាហា​ន​សៀម​ទាំង​នោះ​រៀង​មក​។ ទាហាន​សៀម​ទាំង​ ៤​នាក់​ដែល​គិត​កល​នោះ​ លុះ​យល់​ថា​ បាន​ការណ៍​ហើយ​ ក៏​សរ​សេរ​សំបុត្រ​ចង​នឹង​ព្រួញ​ បាញ់​ចេញ​ទៅ​ទូល​ថ្វាយ​ ព្រះ​ចៅ​បរម​រាជា​ តាម​ដំណើរ​ដែល​ខ្លួន​បាន​ធ្វើ​ការណ៍​មក​នោះ​។​ ត​មក​ទាហាន​ទាំង​៤​នាក់​នោះ​ ក៏​លប​យក​ដែក​គោល​ទៅ​ស្លង់​កាំ​ភ្លើង​ធំ​ទាំង​អស់​។​

ព្រះ​ចៅ ​បរម​រាជា​ ទ្រង់​ជ្រាប​តាម​សំបុត្រ​នោះ​ហើយ​ ក៏​លើក​ទ័ព​ធំ​ប្រជុំ​ចូល​មក​រោម​ព្រះ​មហា​នគរ​ទាំង​ ៤​ទិស​។ ទាហាន​ កាល​ឃើញ​ទ័ព​សៀម​ ចោម​ព្រះ​មហា​នគរ​គ្រប់​ទិស​ហើយ​ ក៏​អុជ​កាំ​ភ្លើង​ធំ​បាញ់​សំដៅ​ទៅ​ទ័ព​សៀម​ តែ​បាញ់​ពុំចេញ​ ទើប​ទទួល​ច្បាំង​តែនឹង​កាំភ្លើ​ង​តូច និង​ធ្នូ​ ស្នា សស្ត្រា​វុធ​ផ្សេង​ៗ​។ ទ័ព​សៀម​ស្លុត​ស្លាប់​វិនាស​ពាស​ពេញ​សង​ខាង​ថ្នល់​ទាំង ​៤​ទិស​។ សៀម​ចូល​វាយ​តាំង​អំពី​ព្រឹក​ លុះ​ដល់​រសៀល​ ក៏​នៅ​តែ​វាយ​ទំលាយ​ព្រះ​មហា​នគរ​ពុំ​បាន​ ទើប​សៀម​ទាំង​ ៤​នាក់​ លាក់​ខ្លួន​ពួន​អាត្មា​ លួច​បើក​ទ្វារ​បន្ទាយ​ទិស​ខាង​លិច​។ មួយ​រំពេច​នោះ​ ទាហាន​ខ្មែរ​ឃើញ​ហើយ​ ក៏​ស្ទុះ​ទៅ​កាប់​សៀម​ទាំង ៤​នាក់​នោះ​ស្លាប់​ភ្លាម​មួយ​រំពេច​។ ទ័ព​សៀម​ឃើញ​ទ្វារ​បន្ទាយ​រ​បើក​ ក៏​ស្ទុះ​ចូល​ទៅ​ក្នុង​មហា​នគរ​។ លុះ​បាន​ចំណាប់​ហើយ​ ក៏​បោះ​បាញ់​ កាប់​ចាក់​គ្នា ​ច្រឡំ​បល់​ក្នុង​ព្រះ​នគរ​ គ្រប់​ទិស​ទាំង៤​។ សម្ដេច​ព្រះ​ធម្មា​សោករាជ​ ជា​អម្ចាស់​ផែន​ដី​ ព្រះ​អង្គ​ដល់​នូវ​កាល​ទិវង្គត​ទៅ​ ទ័ព​ខ្មែរ​ក៏​បាក់​បែក​ខ្ចាត់​ខ្ចាយ​ខ្លះ​ក៏​ទទួល​សា​ពិភ័ក្ដិ​នឹង​ទ័ព​សៀម​។ សៀម​មាន​ជ័យ​ជំនះ​ វាយ​បែក​ព្រះ​មហា​នគរ​ ក្នុង​ឆ្នាំ វក​ទោស័ក ព.ស. ១៩២៤ - គ.ស. ១៣៨០-ម.ស. ១៣០២- ច.ស. ៧២៤។ លុះ​បាន​ជ័យ​ជំនះ​ហើយ​ ព្រះ​បរម​រាជា​ ស្ដេច​សៀម​ ក៏​លើក​អស់​សេនា​ យោធា ទាហាន ចូល​ក្នុង​នគរ​ចាប់​ ពញា​កែវ​ ពញា​ទ័យ​ ដែល​ជា​ព្រះ​រាជ​បុត្រ​ នៃ​ ព្រះ​បាទ​ធម្មា​សោក​រាជ​ និង​ មន្ត្រី​សេនា​ទាហាន​ច្រើន​។ អស់​ប្រជា​នុ​រាស្ត្រ​ រត់​រួច​បាន​មួយ​សួន​ គេ​ចាប់​បាន​៣សួន​។ បន្ទាប់​ម​ក ​ព្រះ​បរម​រាជា​ ស្ដេច​សៀម​ ទ្រង់​ក៏​អភិសេក​ ព្រះ​ឥន្ទ​រាជា​ "ពញា​ក្រែក​" ជា​ព្រះ​រាជ​បុត្រ​ ឲ្យ​សោយ​រាជ្យ​សម្បត្តិ​ ក្នុង​ប្រទេស​ ក្រុង​កម្ពុជា​ធិប​តី​។

ផែនដីព្រះឥន្ទរាជា (ស្ដេចសៀម)
(ពីគ.ស.១៣៨០)

  ពញា​ព្រែក​ ជា​រាជ​បុត្រ​ របស់​ព្រះ​បរម​រាជា​ "ស្ដេច​សៀម​"​។ ទ្រង់​ឡើង​សោយ​រាជ្យ​ នៅ​មហា​នគរ​ ក្នុង​ឆ្នាំ​ជូត​ ឆ​ស័ក ព.ស. ១៩២៨ - គ.ស. ១៣៨៤ ក្នុង​ជន្មា​យុ​ ២៥​ឆ្នាំ​។ ពញា​ព្រែក​ ទ្រង់​ព្រះ​នាម​ជា​ សម្ដេច​ព្រះ​ឥន្ទ​រាជា​រាមា​ធិបតី​ ខ្លះ​ហៅ​ថា ព្រះ​ឥន្ទ​កុមារ​។

  មាន​សម័យ​ថ្ងៃ​មួយ​នោះ​ ព្រះ​បរម​រាជា​ ជា​ព្រះ​បិតា​ នៃ ព្រះ​ឥន្ទ​កុមារ​ ចេញ​ទត​ប្រាសាទ​ប្រសើរ​មហា​ឋាន​គ្រប់​អន្លើ​។ ទ្រង់​ឃើញ​មាន​ប្រាសាទ​ និង​ រោង​ទង​ ធ្នឹម​ថែវ​ ខ្វាត់​ខ្វែង​ច្រើន​ជាន់​ ច្រើន​អន្លើ​ទើប​ទ្រង់​ត្រាស់​សួរ​មន្ត្រី​ខ្មែរ​ថា​៖
ទីនេះ ខ្វាត់​ខ្វែង​ ច្រើន​ជាន់​ ច្រើន​អន្លើ​ តើ​ទីក​ន្លែង​ព្រះ​រាជ​បុត្រ​ ឬ ជា​ទី​កន្លែង​ព្រះ​អគ្គ​មហេសី​ ឬ​ ជា​ទី​អ្វី​?​
មន្ត្រីខ្មែរ ក្រាបទូលថា៖
ទីនេះ ហៅ​ថា ប្រាសាទ​មួយ​រយ​ហា​សិប​ប្រាំ ​(១៥៥) ល្វែង​ និង រោង​ទង​ រោង​ជួង​ ដំណាក់​ពិសេស​ ស្រះ​ស្រង់​រង​ថ្លា​ សួន​ច្បារ​ ផ្កា​ដំណាំ ​និង កំផែង​ ខ្វាត់​ខ្វែង​ ច្រើន​ថ្នល់​ច្រើន​ថ្នាក់​នេះ​ ជា​សម្រាប់​ព្រះ​រាជ​បុត្រ​ក្សត្រ​គ្រប់​នគរ​ជា​ចំណុះ​ ដែល​ព្រះ​អង្គ​តែង​យក​ព្រះ​រាជ​បុត្រ​ ឲ្យ​មក​នៅ​បម្រើ​ តាង​ព្រះ​អង្គ​គ្រប់​នគរ​។​
ព្រះ​បរម​រាជា​ត្រាស់​សួរ​ទៀត​ថា​ ប្រាសាទ​ និង ទីក​ន្លែង​ទាំង​នេះ​ កើត​ពី​ផែន​ដី​ណា​មក​ដល់​ផែន​ដី​ណា​?​
មន្ត្រីខ្មែរក្រាបទូលថា ប្រាសាទ​នេះ កើត​កាល​ពី​ផែន​ដី​ ព្រះ​បាទ​ទេ​វា​វង្ស​អស្ចារ្យ​ ដែល​ទ្រង់​មាន​ព្រះ​ហស្ថ​ទិព្វ​ ទ្រង់​ចាប់​វត្ថុ​អ្វី ​វត្ថុ​នោះ​ក៏​កើត​ជា​មាស​ប្រាក់​ អាច​ចែក​ចាយ​ដល់​អាណា​ប្រជា​នុរាស្ត្រ​ក្នុង​ព្រះ​នគរ​បាន​។ បណ្ដា​ក្សត្រ​ទាំង​ឡាយ​ គ្រប់​នគរ​នោះ​ កាល​ទ្រង់​បាន​ជ្រាប​ថា​ ព្រះ​បាទ​ទេវា​វង្ស​អស្ចារ្យ​ ព្រះ​អង្គ​កាន់​សីល​សោយ​ព្រុត​ ហើយ​មាន​ព្រះ​រាជ​បុត្រ​មួយ​ព្រះ​អង្គ​ ទ្រង់​ព្រះ​នាម ព្រះ​កេតុ​មាលា​ ដែល​ជា​ព្រះ​រាជ​បុត្រ​របស់​ព្រះ​ឥន្ទ្រា​ធិ​រាជ​ដែរ​នោះ​ ក៏​នាំ​សួយ​សារ​អាករ​មក​ថ្វាយ​ ព្រះ​បាទ​ទេវា​វង្ស​អស្ចារ្យ​ ហើយ​នាំ​ព្រះ​រាជ​បុត្រ​ របស់​ព្រះ​អង្គ​គ្រប់​ព្រះអង្គ​ ឲ្យ​មក​នៅ​គាស់​បម្រើ​ លួង​លោម​ព្រះ​រាជ​កុមារ​ ព្រះ​កេតុលា​ គ្រប់​ៗ​នគរ​។ អាស្រ័យ​ហេតុ​នោះ​ហើយ​ បាន​ជា​ព្រះ​ទេវា​វង្ស​អស្ចារ្យ​ ស្ដេច​ឲ្យ​សាង​ប្រាសាទ​ ថ្វាយ​ព្រះ​រាជ​បុត្រ​ នៃ​ ស្ដេច​ចំណុះ​ទាំង​នោះ​គង់​នៅ​។​
ព្រះបរមរាជា​សួរ​ត​ទៅ​ទៀត​ថា​ ក្រឡា​បន្ទំ​ សម្រាប់​ព្រះ​មហា​ក្សត្រ និង ព្រះ​រាជ​បុត្រ​នោះ នៅ​ត្រង់​ណា​?​
មន្ត្រីក្រាប​ទូល​ថា ព្រះ​មហាក្ស​ត្រ គង់​នៅ​ប្រាសាទ​បាយ័ន​។ ព្រះ​រាជ​បុត្រ​ គង់​ក្រសាល​នៅ​ប្រាសាទ​ ពិមាន​អាកាស​។
ស្ដេច​សៀម​សួរ​ទៀត​ថា ​: កាល​ព្រះ​កេតុ​មាលា​ ឡើង​សោយ​រាជ្យ​​នោះ ព្រះ​អង្គ​នៅ​ឯ​ណា?​
មន្ត្រី​ក្រាប​ទូល​ថា ​: កាល​ព្រះ​កេតុមាលា​ ឡើង​សោយ​រាជ្យ​នោះ​ ព្រះ​ឥន្ទ្រ​ទ្រង់​បញ្ជា​ឲ្យ​ព្រះ​វិស្ស​កម្ម​ទេវ​បុត្រ​ ច្យុត​មក​កើត​ជា​ ចៅ​ចិត្រ​កុមារ​ ឲ្យ​ធ្វើ​ជា​មេ​ជាង​ ឲ្យ​ទេវតា​ ៥០០​អង្គ មក​កើត​ជា​កូន​ជាង​សាង​ប្រាសាទ​នគរ​តូច​ថ្វាយ​គង់​ ហើយ​ទ្រង់​សាង​ប្រាសាទ​ តម្កល់​ព្រះ​ខាន់​មួយ​។ ទ្រង់​ឲ្យ​សាង​ប្រា​សាទ​មួយ​ទៀត​ ឈ្មោះ​ហៅ​ថា​ បឹង​មាលា​ សម្រាប់​ស្ដេច​គង់​លំហើយ​ព្រះ​គ្រោះ​។ ទ្រង់​ឲ្យ​សាង​ប្រាសាទ​មួយ​ទៀត​ឈ្មោះ ​តាព្រហ្ម​ សម្រាប់​ថ្វាយ​បង្គំ​ព្រះ​មាន​គុណ​។ ស្ដេច​ឲ្យ​សាង​ប្រាសាទ​ កោះ​កែវ​មួយ​ ប្រាសាទ​នគរ​ពិជ័យ​មួយ​។
ស្ដេច​សៀម​សួរ​ទៀត​ថា ស្ដេច​ដើម​ ដែល​សាង​នគរ​នោះ​ទ្រង់​ព្រះ​នាម​អ្វី​?​
មន្ត្រី​ក្រាប​ទូល​ថា ​ក្សត្រ​ដើម​គេ​បង្អស់​នោះ​ គឺ​ព្រះ​បាទ​កម្ពុជ​នាគ​រាជ​ ព្រះ​អង្គ​និម្មិត​ថ្វាយ​ព្រះ​បាទ​​កមេ​រុ​រាជ​ ជា​រាជ​សុណិសា​។ ក្រោយ​មក​ព្រះ​បាទ​ កមេ​រុរា​ជ​ ក្រែង​អត់​ពី​ព្រះ​អង្គ​ទៅ​ នឹង វិនាស​បាត់​កេរ្តិ៍​ព្រះ​ចៅ ​ទើប​ទ្រង់​ឲ្យ​សាង​ប្រាសាទ​ជា​ថ្មី​ឡើង​វិញ​។
ស្ដេច​សៀម​ត្រាស់​សួរ​ទៀត​ថា ផែន​ដី​ណា​ បង្វែរ​នគរ​តូច​ទៅ​ជា​វត្ត​? ស្ដេច​នោះ​សាង​អ្វី​ខ្លះ ​?​
មន្ត្រី​ក្រាប​ទូល​ថា ព្រះ​មហា​ក្សត្រ ដែល​បាន​បង្វែរ​ នគរ​តូច​ ទៅ​ជា​វត្ត​នោះ​ ទ្រង់​ព្រះ​នាម​ព្រះ​បាទ​ បទុម​សុរិ​យោ​វង្ស​។ ព្រះ​អង្គ​នេះ​ ស្ដេច​បាន​សាង​ព្រះ​កែវ​មរកត​ ព្រះ​ត្រៃ​បិដក​ ចូល​មក​ក្នុង​ព្រះ​នគរ​ ទើប​ព្រះ​អង្គ​បង្វែរ​ប្រា​សាទ​នគរ​តូច​ទៅ​ជា​វត្ត​សម្រាប់​តម្កល់​ព្រះ​ត្រៃ​បិដក​។​

ព្រះ​អង្គ​ឲ្យ​សាង​ប្រាសាទ​មួយ​ទៀត​។ សម្រាប់​តម្កល់​ព្រះ​កែវ​ម​រកត​ រួច​ព្រះ​អង្គ​ស្ដេច​ទៅ​ជួស​ជុល​ព្រះ​មហា​នគរ​ ហើយ​ទ្រង់​សាង​ដំណាក់​ភ្នំ​ព្រះ​សុមេរុ​ និង​ សក្ដេ​​បព៌ត​មួយ​ សាង​ស្រះ​ព្រះ​ពិស្ណុការ​ និង​ បាណក​យក្ស​មួយ​ សាង​ប្រាសាទ​ និង​ ព្រះ​រាជ​ដំណាក់​ ព្រះ​បាទ​យុ​តេ ​និង​ លំអង​រំចេក​មួយ​។​ ប្រាសាទ​ទាំង​ប៉ុន្មាន​នេះ​ សុទ្ធ​សឹង​តែ​ធ្វើ​ដោយ​ថ្ម ល្អ​ប្លែក​ៗ​គ្នា​ ដោយ​យ៉ាង​ៗ​។​

ព្រះ​បរម​រាជា​ ស្ដេច​ព្រះ​រាជ​ដំណើរ​ត​ទៅ​ទៀត​ ទ្រង់​ទត​ព្រះ​នេត្រ​ទៅ​ឃើញ​ប្រាសាទ​មួយ​មាន​គ្រឿង​សក្ការ​បូជា​ច្រើន​ ទើប​ទ្រង់​ត្រាស់​សួរ​ថា​  ទី​នេះ​ហេតុ​អ្វី​ បាន​ជា​មាន​គ្រឿង​សក្ការ​បូជា​ច្រើន​ម៉្លេះ​ ?​

មន្ត្រី ក្រាបទូលថា ទី​នេះ​ ជា​ទី​តម្កល់​ព្រះ​គោ​ ដែល​បញ្ចុះ​ក្បួន​តំរា​ក្នុង​ពោះ​នោះ​។
ព្រះ​បរម​រាជា​ ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ ទ្រង់​យល់​ថា​ ស្ដេច​ខេម​រា​ប្រ​ទេស​នេះ​មាន​ បុណ្យ​បារមី​ណាស់​ ទើប​ទ្រង់​ត្រាស់​សួរ​ទៀត​ថា ស្ដេច​ដែល​ថយ​ព្រះ​តេជា​នុភាព​ បណ្ដាល​ឲ្យ​គ្មាន​បុត្រ​ក្សត្រ​ មក​នៅ​គាល់​បម្រើ​នោះ​ ពី​ត្រឹម​អង្គ​ណា​មក​ ?​

មន្ត្រី​ក្រាប​ទូល​ថា ​ពី​ត្រឹម​ផែន​ដី ​ស្ដេច​អាល​សោ សេ​ណក​រាជ​ រៀង​មក​ដល់​ផែន​ដី​ ព្រះ​បរមរា​ជា​ជ័យ​ ព្រះ​បរម​នាថ​សួស្ដិ៍​។ ពី​ត្រឹម​ព្រះ​បរមរា​ជា​ជ័យ​ ព្រះ​បរម​នាថ​សួស្ដិ៍​រៀង​មក​ទៀត​ ព្រះ​មហា​ក្សត្រ​នោះ​ មាន​តេជា​នុភាព​ត្រឹម​ត្រូវ​ឡើង​វិញ​ ទាល់​តែ​មក​ដល់​សម្ដេច​ព្រះ​ចៅ ​មក​វាយ​បែក​ព្រះ​នគរ​។​ ថា​របស់​សម្រាប់​នគរ​ទាំង​ប៉ុន្មាន​នេះ​ សុទ្ធសឹង​តែ​ប្រ​សិទ្ធី​ធំ​មាំ​មួន​ណាស់​។​

ព្រះ​ចៅ​បរម​រាជា​ ទ្រង់​ជ្រាប​ហើយ​ ទ្រង់​ព្រះ​អំណរ​ណាស់​ ត​មក​ទ្រង់​ត្រាស់​ឲ្យ​មន្ត្រី​ ៨​នាក់​ រក្សា​ព្រះ​នគរ​ជា​មួយ​ នឹង ព្រះ​ឥន្ទ​រាជា​ ជា​​ព្រះ​រាជ​បុត្រ​។ ព្រះ​អង្គ​ឲ្យ​និមន្ត​ព្រះ​ពុទ្ធ​រូប​មាស​ ប្រាក់​ សំរិទ្ធិ​ កែវ​ រូប​ព្រះ​គោ​ រូប​សត្វ​ទី​ទៃ​ជា​ច្រើន​ និង​ ព្រះ​សង្ឃ​សមណៈ​ ឲ្យ​នាំ​យក​ទាំង​ ពញា​កែវ​ ពញា​ទ័យ​ ជា​ព្រះ​រាជ​បុត្រ​ នៃ​ព្រះ​បាទ​ធម្មា​សោក​រាជ​ និង​ ទ្រង់​ឲ្យ​កៀរ​គ្រួ​ខ្មែរ​ បាន​៧​ម៉ឺន​នាក់​ ហើយ​ឲ្យ​លើក​ទ័ព​ទៅ​ក្រុង​ស្រី​អយុធ្យា​វិញ​។​

ព្រះ​ឥន្ទ​រាជា​ នៅ​គ្រប់​គ្រង​កម្ពុជា​ ស៊ើប​បាន​ព្រះ​ខាន់​ និង​ គ្រឿង​ព្រះ​បញ្ច​ក្សេត្រ​ហើយ​ ទ្រង់​គិត​នឹង​ឲ្យ​នាំ​យក​ទៅ​ស្រុក​សៀម​។ ខណៈ​នោះ​ ក៏​បង្កើត​ជា​អស្ចារ្យ​ មហា​វាយោ​ ព្យុះ​ធំ​ រងំ​ខ្ទ័រ​ ផ្គរ​ អសនី​បាញ់​គ្រប់​ទិស​។ ក្នុង​រាត្រី​យប់​នោះ​ ស្ដេច​ផ្ទំ​ស្កល់​ទៅ​ ទ្រង់​សុបិន​ឃើញ​ថា​ ព្រះ​មហា​ក្សត្រ​ខ្មែរ​ អំពី​បូរាណ​មក​ មក​ឈរ​ពី​លើ​ក្រឡា​ព្រះ​បន្ទំ​ របស់​ព្រះ​អង្គ​ ហើយ​ត្រាស់​កំហែង​ថា​ បើ​ឯង​យក​ព្រះ​ខាន់​នេះ​ទៅ​ ខ្លួន​ឯង​នឹង​ស្លាប់​ ដោយ​ឫទ្ធិ​អាវុធ​ព្រះ​ខាន់​នេះ​ពុំ​ខាន​ឡើយ​។ ហេតុ​នេះ​ហើយ​ បាន​ជា​ស្ដេច​សៀម​ខាន​នាំ​ព្រះ​ខាន់​ នឹង​គ្រឿង​បញ្ច​ក្សេត្រ​ទៅ​ស្រុក​សៀម​ ដោយ​ខ្លាច​ព្រះ​តេជៈ​ នៃ​ព្រះ​មហាក្ស​ត្រ​អំពី​បូរាណ​។​

ឯ​សម្ដេច​ចៅ​ពញា​យ៉ាត ជា​ក្សត្រ​ខត្តិយ​វង្ស​ ដែល​ស្ដេច​ទ្រង់​ចេញ​រួច​ពី​ចំណោម​សៀម​ហើយ​រត់​ចាក​ព្រះ​នគរ​ទៅ​នោះ​ ព្រះ​អង្គ​ទៅ​តាំង​បញ្ចុះ​បញ្ចូល​មន្ត្រី​រាស្ត្រ​បាន​ជា​ច្រើន​។ ទ្រង់​ព្រះ​ចិន្តា​ រក​ទី​ជ័យ​ភូមិ​ ដែល​នឹង​តាំង​ជា​ក្បួន​ទ័ព​ សព្វ​​ទី​កន្លែង​ តែ​មិន​បាន​សោះ​។ ក្រោយ​មក​ទ្រង់​ឃើញ​ថា​ ស្រុក​កោះ​បាសាន​ "ស្រី​សន្ធរ​"​ សព្វ​ថ្ងៃ​នេះ​ មាន​ជ័យ​ភូមិ​ល្អ​ គួរ​ឲ្យ​តាំង​ជា​បន្ទាយ​មាំ​មួន​បាន​។​ ទ្រង់​ជ្រាប​ថា​ កាល​ព្រះ​បាទ​គម្ដែង​ អញ​ប្រ​ដាញ់​រាជ​បក្សី​ចាំ​ក្រុង​ ក៏​ស្ដេច​មក​តាំង​ព្រះ​អង្គ​នៅ​ស្រុក​នេះ​ដែរ​។​

លុះ​មន្ត្រី​គ្រប់​ក្រុម​ យល់​ព្រម​ហើយ​ ស្ដេច​ក៏​លើក​ទ័ព​ទៅ​តាំង​បន្ទាយ​ជា​មាំ​មួន​ នៅ​ខេត្ត​កោះ​បាសាន​នោះ​។​ ឯ​អស់​អាណា​ប្រជា​នុ​រាស្ត្រ​ ខេត្ត​ក្រៅ​ទាំង​ប៉ុន្មាន​ ដែល​បាន​ ឮ​ដំណឹង​ថា​ សម្ដេច​ចៅ​ពញាយ៉ាត​ ស្ដេច​យាង​មក​តាំង​ទី​បន្ទាយ​ នៅ​ខេត្ត​កោះ​បាសាន​ហើយ​ ក៏​នាំ​គ្នា​មក​ចុះ​ចូល​គ្រប់​ៗ​ខេត្ត​។​ ចំណេរ​ខាង​ក្រោយ​មក​ ព្រះ​បរម​បពិត្រ​ ស្ដេច​ត្រាស់​ប្រឹក្សា​ រក​មនុស្ស​ឯ​ណា​ឲ្យ​បន្លំ​ចូល​ទៅ​នៅ​ធ្វើ​ជា​ខ្ញុំ​រាជ​ការ​ ព្រះ​ឥន្ទ​រាជា​ "ស្ដេច​សៀម​" ដើម្បី​នឹង​គិត​ការ​លុក​ស្ដេច​សៀម​នោះ​ឲ្យ​បាន​។​

ខណៈ​នោះ​ មាន​អាមាត្យ​ពីរ​នាក់​ ឈ្មោះ​ ពេច​១ ពៅ​១ ជា​បង​ប្អូន​បង្កើត​នឹង​គ្នា​ កាល​បាន​ឮ​ព្រះ​តម្រាស់​នេះ​ហើយ​ ក៏​ចូល​ថ្វាយ​បង្គំ​សុំ​ខ្លួន​ទទួល​អាសា​ ធ្វើ​ការ​ថ្វាយ​តាម​បន្ទាល់​។​ សម្ដេច​ចៅ​ពញា​យ៉ាត​ ទ្រង់​មាន​ព្រះ​អំណរ​ណាស់​ ទើប​ទ្រង់​ចាត់​ប្រើ​ទៅ​​អាមាត្យ​ទាំង​ពីរ​នាក់​ក៏​ថ្វាយ​បង្គំ​លា​ នាំ​ស្ម័គ្រ​ប័ក្ស​ពួក​ ១០​នាក់​ ចូល​ទៅ​ដល់​មហា​នគរ​។ ដល់​ហើយ​ ក៏​រក​ពឹង​មន្ត្រី​សៀម​ ឲ្យ​នាំ​ខ្លួន​ទាំង​ពីរ​នាក់​ និង​ ស្ម័គ្រ​ប័ក្ស​ពួក​១០​នាក់​ទៀត​ ជា​១២​នាក់​នោះ​ ឡើង​ក្រាប​បង្គំ​ទូល​ថា ខ្មែរ​ទាំង​ ១២​នាក់​នេះ​ មាន​ចិត្ត​សា​ពិភ័ក្ដិ​ (សាពិភ័ក្ដិ ​=​ ការ​ត្រឡប់​សះ​សា​នឹង​គ្នា​ ហើយ​ទំនុក​បំរុង​គ្នា​ទៅ​។​ ឧ.​- មនុស្ស​ពីរ​នាក់​នេះ​ពី​ដើម​ទាស់​គ្នា​ ឥឡូវ​វា​មាន​សា​ពិភ័ក្ដិ​ នឹង​ គ្នា​វិញ​ហើយ​។ ស្ម័គ្រ​មក​សុំ​ចូល​ធ្វើ​រាជ​ការ​ ស្នង​ព្រះ​តេជ​គុណ​លុះ​អស់​ជីវិត​រៀង​ៗ​ខ្លួន​។ ព្រះ​ឥន្ទ​រាជា​ ពេល​នោះ​ស្ដេច​កំពុង​ប្រថាប់​នៅ​មុខ​ព្រះ​សាទ​លើ​ថ្ម​ ជា​ទី​កណ្ដាល​វាល​ លុះ​ទ្រង់​បាន​ព្រះ​សណ្ដាប់​ពាក្យ​នេះ​ហើយ​ ក៏​សព្វ​ព្រះ​ទ័យ​ណាស់​ ទើប​ត្រាស់​ថា​៖

តាំង​អំពី​យើង​មក​ឈរ​ស្រុក​ខ្មែរ​នេះ​ ជិត​៣​ខែ​ហើយ​ គ្មាន​ឈ្មោះ​ណា​ឡើយ​ស្ម័គ្រ​ចិត្ត​ចូល​មក​នៅ​ផង​។ ទើប​តែ​ថ្ងៃ​នេះ​ យើង​ឃើញ​ចៅ​ទាំង​ ១២​នាក់​ មក​សា​ពិភ័ក្ដិ​ជា​មុន​គេ​ គួរ​យើង​ឲ្យ​រង្វាន់​ចៅ ​ឲ្យ​ដល់​ចិត្ត​។ ទ្រង់​ត្រាស់​ហើយ​ ទ្រង់​ព្រះ​សម្រួល​ បង្គាប់​មុខ​ងារ​ព្រះ​ឃ្លាំង​ ឲ្យ​យក​សំពត់​ខោ​អាវ​ មក​ប្រទាន​។ ឯ​នាយ​មហា​មាត្រ​ទាំង​ពីរ​នាក់​ ពេល​នោះ​ក៏​ក្រាប​ ថ្វាយ​បង្គំ​ខិត​ចូល​ទៅ​ជិត​ ហើយ​ហូត​កាំបិត​ស្នៀត​ ដែល​ចង​នៅ​ផ្នួង​សក់​នោះ​ ស្ទុះ​ទៅ​ចាក់​ព្រះ​ឥន្ទ​រាជា​ ត្រូវ​ព្រះ​ឱរា​មួយ​កាំបិត​។​ ព្រះ​ចៅ​ឥន្ទ​រាជា​ ស្រែក​ថា​ឲ្យ​ចាប់​ បាន​តែ​មួយ​ព្រះ​ឱស្ឋ​ប៉ុណ្ណោះ ​ក៏​ដួល​ចុះ​ហើយ​សុគត​ ក្នុង​ឆ្នាំ​រោង​បញ្ច​ស័ក​នោះ​ទៅ​។ ខណៈ​នោះ​ អស់​ពួក​ទាហាន​ រក្សា​ព្រះ​អង្គ​ ស្ទុះ​ព្រម​គ្នា​ចូល​ចោម​ចាប់​ កាប់​សម្លាប់​មហា​មាត្យ​ពីរ​នាក់​ និង​ ស្ម័គ្រ​ប័ក្ស​ពួក​ ១០​នាក់​នោះ​។ មហា​មាត្យ​ទាំង​ ១២​នាក់​ ក៏​ស្ទុះ​ទៅ​ចាប់​យក​ព្រះ​សែង​ និង​ គ្រឿង​អាវុធ​ ពី​ក្រុម​រក្សា​ព្រះ​អង្គ​នោះ​ ចូល​ត​ដៃ​ប្រថុយ​ជីវិ​ត កាប់​សម្លាប់​មន្ត្រី​ និង​សេនា​ទាហាន​សៀម​បាន​ប្រមាណ​មួយ​រកយ​ប្លាយ​នាក់​។ មហា​មាត្យ​ទាំង​ ១២​នាក់​នោះ​ រោយ​ដៃ​អស់​កំលាំង​ ដោយ​ហេតុ​ថា​ទាហាន​សៀម​ច្រើន​ លើស​លប់​កម្លាំង​ពេក​ និង​ តស៊ូ​ទៅ​ទៀត​ពុំ​បាន​ សៀម​ក៏​សម្លាប់​ទាំង​ ១២​នាក់​នោះ​ក្នុង​ខណៈ​នោះ​ទៅ​។ មន្ត្រី​សៀម​ទាំង​នោះ​ ក៏​រៀប​ចំ​ព្រះ​សព​ដាក់​ក្នុង​ព្រះ​កោដ្ឋ​ស្រេច​ ចាត់​ឲ្យ​បម្រើ​ទៅ​ក្រាប​ទូល​ ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ តាម​ផ្លូវ​រាជ​ការ​។​

ឯ​សម្ដេច​ចៅ​ពញា​យ៉ាត​រាជា​ ព្រះ​អង្គ​ត្រៀម​ពល​រួច​ជា​ស្រេច​។ ក្រោយ​មហា​មាត្យ​ទាំង​ ១២​នាក់​ចេញ​ទៅ​នោះ​ ព្រះ​អង្គ​ក៏​លើក​ទ័ព​បណ្ដោយ​តាម​ក្រោយ​មក​។ លុះ​មក​ដល់​ហើយ​ ស្ដេច​ឃើញ​មន្ត្រី​ និង​ ទាហាន​សៀម​ កំពុង​ជ្រើម​ជ្រួល​រមួល​គ្នា​ដូច្នេះ​ ក៏​ទ្រង់​ចូល​ចោម​វាយ​ ព្រះ​មហា​នគរ​ភ្លាម​មួយ​រំពេច​។ ពួក​រាស្ត្រ​ខ្មែរ​ ក្នុង​ព្រះ​នគរ​ ក៏​កាប់​សម្លាប់​សៀម​ គ្មាន​ញញើត​ដៃ​ឡើយ​ ហើយ​បើក​ទ្វារ​ចេញ​មក​ទទួល​កង​ទ័ព​ព្រះ​អង្គ​។ ខណៈ​នោះ​ សម្ដេច​ចៅ​ពញា​យ៉ាត​ ព្រះ​អង្គ​ក៏​លើក​ក្បួន​ទ័ព​ចូល​ក្នុង​ព្រះ​នគរ​កាប់​សម្លាប់​ទ័ព​សៀម​ និង​ ចាប់​បាន​ទុក​ជា​ឈ្លើយ​ ជា​ច្រើន​។ បន្ទាប់​មក​ ស្ដេច​ចូល​ប្រាសាទ​ ទត​ព្រះ​នេត្រ​ទៅ​យល់​ស្ត្រី​សៀម​ម្នាក់​ ជា​អ្នក​ម្នាង​ ព្រះ​ឥន្ទ​រាជា​ មាន​រូប​ឆោម​លោម​ពណ៌​យ៉ាង​ល្អ​ កំ​ពុង​ក្រាប​យំ​ ទៀប​កោដ្ឋ​ស្ដេច​សៀម​ ទើប​សម្ដេច​ព្រះ​ពញា​យ៉ាត​ ក៏​ទ្រង់​សួរ​ថា ឯង​ឈ្មោះ​អី​ ជា​កូន​ចៅ​អ្នក​ណា​?​ នាង​ស្រី​នោះ​ ក្រាប​ថ្វាយ​បង្គំ​ ឱន​ចោល​កន្ទុយ​ភ្នែក​មើល​ព្រះ​អង្គ​ ហើយ​ដាក់​មុខ​ក្រាប​ទូល​ថា​ ខ្ញុំ​ម្ចាស់​ឈ្មោះ ​ស៊ីសា​ងាម​ ជា​កូន​ឃុន​ទ្រង់​ដាន់​មុន​ ដែល​ត្រូវ​ជា​ជីដូន​មួយ​នឹង​ពញា​តេជោ​ក្រុង​ទេព​។​ ព្រះ​ឥន្ទ​រាជា​ ជា​ព្រះ​រៀម​ជីដូន​មួយ​ បាន​សុំ​ខ្ញុំ​ម្ចាស់​មក​ធ្វើ​ជា​ព្រះ​ម្នាង​។​

ព្រះ​បរម​បពិត្រ​ ជា​អម្ចាស់​ ស្ដេច​ទ្រង់​ជ្រាប​ពី​វង្ស​ត្រកូល​ និង​ ពី​រូប​រាង​លោម​ពណ៌ ម្នាង​ស្រី​សៀម​នេះ​ហើយ​ ក៏​សព្វ​ព្រះ​ទ័យ​ នឹង អ្នក​ស៊ី​សាងាម​នោះ​ណាស់​។ ស្ដេច​ទ្រង់​យក​អ្នក​ម្នាង​នោះ​ ទុ​ក​ជា​ព្រះស្នំ​ឯក​។​

កាល​សម្ដេច​ព្រះ​ចៅ​ពញា​យ៉ាត​រាជា​ ស្ដេច​បង្ក្រា​ប​រាជ​សត្រូវ​សៀម​​បាន​រាប​ទាប​ហើយ​ ព្រះ​អង្គ​ក៏​ចាត់​ទាហាន​ ឲ្យ​ចេញ​ទៅ​រក្សា​គ្រប់​ខេត្ត​ទី​ទៃ​ៗ​ ជា​មាំ​មួន​។ ខណៈ​នោះ​ សម្ដេច​ព្រះ​សុ​គន្ធារាជា​គណៈ​ឋា​នា​នុក្រម​បម្រុង​រាជ​គ្រូ​បុរោ​ហិត​ និង​ ព្រះ​បរម​រាជ​វង្សា​នុវង្ស​ អង្គ​អគ្គ​មហា​សេនា​ សេនា​បតី​ មន្ត្រី​តូច​ ធំ​ខ្ញុំ​រាជ​ការ​ ជំនុំ​ព្រម​ទាំង​អញ្ជើញ ​សម្ដេច​ចៅ​ពញា​យ៉ាត​ ដែល​គ្រង​រាជ្យ​ ឲ្យ​ឡើង​សោយ​រាជ្យ​ជា​លំដាប់​មក​។

តទៅលេខ៤