ថ្ងៃសៅរ៍ ទី23.ធ្នូ 2017.ម៉ោង 8:27
ផែនដី ព្រះសុរិយោពណ៌
(ពីគ.ស.១២៧៥ ដល់ គ.ស.១៣៤០)

ព្រះ​សុរិ​យោពណ៌ ឡើង​សោយ​រាជ្យ​ ស្នង​ព្រះ​វរ​រាជ​បិតា ក្នុង​ឆ្នាំ​ថោះ​ត្រី​ស័ក ព.ស. ១៨១៩ - គ.ស. ១២៧៥ - ម.ស. ១១៩៧ - ច.ស. ៦៣៧ ព្រះ​ជន្មាយុ ២៣​ឆ្នាំ ទ្រង់​យក​ព្រះ​អង្គ​ មន្ទា​ពិសី ជា​ព្រះ​រាជ​អនុជ​ផ្សេង​មាតា​ លើក​ឡើង​ជា​ព្រះ​អគ្គម​ហេសី​ ទ្រង់​ព្រះ​នាម​ជា សម្ដេច​ព្រះ​ភគ​វតី​ មន្ទា​ពិសី​ ព្រះ​សិរី​ចក្រ​ពត្តិ​ ហើយ​ព្រះ​អង្គ​ឲ្យ​ប្រជុំ​សា​មល​រាជ​ សាង​ព្រះ​មេរុ​ ធ្វើ​បុណ្យ​ព្រះ​បរម​សព​ ព្រះ​វរ​រាជ​បិតា​។

ក្នុង​ឆ្នាំ​ម្សាញ់​ បញ្ច​ស័ក ព​.ស. ១៨៤៩ - គ.ស. ១៣០៥ - ម.ស. ១២២៧ - ច.ស. ៦៧១ ព្រះ​អគ្គ​មហេសី សម្ភព​ព្រះ​រាជ​បុត្រា​មួយ​ព្រះ​អង្គ​ ទ្រង់​ព្រះ​នាម​ ព្រះ​និព្វាន​ចក្រ​ (សាស្ត្រា​ខ្លះ​ថា​ និព្វាន​បាទ​ សាស្ត្រា​ខ្លះ​ទៀត​ថា​ និព្វាន​បទ​)​។

ឆ្នាំ​រការ​ ឯក​ស័ក ព.ស. ១៨៥៣- គ.ស. ១៣០៩-ម.ស. ១២៣១ - ច.ស. ៦៧១ ព្រះ​អគ្គ​មហេសី​ សម្ភព​ព្រះ​រាជ​បុត្រា​មួយ​ព្រះ​អង្គ​ទៀត​ ទ្រង់​ព្រះ​នាម​ព្រះ​សុទ្ធាន​រាជា​។

លុះ​ព្រះ​រាជ​បុត្រ​ទាំង​ពីរ​ព្រះ​អង្គ​ ចម្រើន​ព្រះ​ជន្ម​ធំ​ឡើង​នោះ​ ព្រះ​បរម​និព្វាន​ចក្រ​ ជា​ព្រះ​រាជ​បុត្រ​ច្បង​មាន​ព្រះ​រាជ​បុត្រា​មួយ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ ព្រះ​ស្រី​សុគន្ធ​ចក្រ​។ ឯ​ព្រះ​សុទ្ធាន​រាជា​ មាន​ព្រះ​រាជ​បុត្រា​ ពីរ​ព្រះ​អង្គ​ មួយ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ ព្រះ​លំពង់​រាជា​ មួយ​ព្រះ​អង្គ​ទៀត​ ទ្រង់​ព្រះ​នាម​ព្រះ​សុរិ​យោទ័យ​។ ឯ​សម្ដេច​ព្រះ​សុរិ​យោពណ៌​ ជា​ព្រះ​វរ​រាជ​បិតា​នោះ​ ព្រះ​អង្គ​សោយ​រាជ្យ​ជា​សុខ​រៀង​មក​បាន​ ៦៥​ឆ្នាំ​ ព្រះ​ជន្ម​បាន​៨៨​ឆ្នាំ​ ទ្រង់​ប្រឈួន​រោគ​​ សុគត​ទៅ​។ មន្ត្រី​លើក​តម្កល់​ព្រះ​បរម​សព​ ក្នុង​ព្រះ​កោដ្ឋ​ស្រេច​ក៏​ព្រម​គ្នា​ អញ្ជើញ​ព្រះ​បរម​និព្វាន​ចក្រ​ ជា​ព្រះ​រាជ​បុត្រ​ច្បង​ ឲ្យ​ឡើង​សោយ​រាជ​សម្បត្តិ​។​
"ព្រះមហាក្សត្រអង្គនេះ ក៏ពុំឃើញមានព្រះនាម ក្នុងឯកសារដទៃទៀតដែរ"។

ផែនដីព្រះនិព្វានចក្រ ឬ និព្វានបាទ
(គ.ស ១៣៤០ - ១៣៤៥)

ព្រះបរម​និព្វាន​ចក្រ ជា​ព្រះ​រាជ​បុត្រ​ច្បង​ ឡើង​សោយ​រាជ្យ​​ស្នង​សម្ដេច​ព្រះវរ​រាជ​បិតា​ ក្នុង​ឆ្នាំ​រោង​ ទោ​ស័ក ព.ស. ១៨៨៤ គ.ស. ១៣៤០ - ម.ស. ១២៦២ - ច.ស. ៧០២ ព្រះ​ជន្មាយុ​៣៥​ឆ្នាំ​។ ទ្រង់​ប្រជុំ​មន្ត្រី​ធ្វើ​បុណ្យ​សម្ដេច​ព្រះវរ​រាជ​បិតា​ មាតា​រួច​ហើយ​ សម្ដេច​សោយ​រាជ្យ​ជា​សុខ​សប្បាយ​ដល់​អាណា​ប្រជា​នុ​រាស្ត្រ​រៀង​មក​បាន​ ៥​ឆ្នាំ​។ ព្រះ​ជន្ម​វស្សា ៤០​ឆ្នាំ​ ទ្រង់​ប្រឈួន​រោគ​សុគត​ទៅ​។ មន្ត្រី​លើក​ព្រះ​បរម​សព​ តម្កល់​ក្នុង​ព្រះ​កោដ្ឋ​ស្រេច​ហើយ​ អញ្ជើញ​ព្រះ​សុទ្ធាន​រាជា​ ជា​ព្រះ​រាជ​បុត្រ​ពៅ​ នៃ​ព្រះ​បាទ​ស្រី​សុរិ​យោ​ពណ៌​ គឺ​ជា​ព្រះ​រាជ​អនុជ ព្រះ​និព្វាន​ចក្រ​ ឲ្យ​ឡើង​សោយ​រាជ្យ​។

ផែនដីព្រះសុទ្ធានរាជ
(គ.ស ១៣៤៥)

ព្រះ​សុទ្ធាន​​រាជ​ ជា​ព្រះ​អនុជ​ ឡើង​គ្រង​រាជ្យ​​ស្នង​សម្ដេច​ ឬ ព្រះ​ជេដ្ឋា​ បាន​តែ​៣​ខែ​ ពុំ​ទាន់​បាន​ធ្វើ​រាជា​ភិសេក​ និង​ ធ្វើ​បុណ្យ​បរម​សព​ ព្រះ​វរ​រាជ​បិតា​​នៅ​ឡើយ​ផង​ ក៏​ទ្រង់​អាពាធ​សុគត​ទៅ​។ មន្ត្រី​លើក​ព្រះ​សព​តម្កល់​ ក្នុង​ព្រះ​កោដ្ឋ​ហើយ​ អញ្ជើញ​ព្រះ​លំពង់​រាជា​ ជា​ព្រះ​រាជ​បុត្រ​ច្បង​ របស់​ព្រះ​សុទ្ធាន​រាជា​ ឲ្យ​ឡើង​សោយ​រាជ​សម្បត្តិ​ ជា​តំណ​ប្រយូ​រវង្ស​។

ផែនដីព្រះលំពង់រាជា
(ពីគ.ស.១៣៤៦ ដល់ គ.ស.១៣៥១)

ព្រះ​លំពង់​រាជា​ ជា​ព្រះ​រាជ​បុត្រ​ច្បង​ នៃ​ ព្រះ​បាទ​សុទ្ធាន​រាជា ​ទ្រង់​ឡើង​សោយ​រាជ្យ​ ស្នង​ព្រះ​វររាជ​បិតា​ ក្នុង​ឆ្នាំ​ខាល​ ទោ​ស័ក​ ព.ស. ១៨៩០ - គ.ស. ១៣៤៦ - ម.ស. ១២៦៨-ច.ស. ៧០៨ ក្នុង​ព្រះ​ជន្មា​យុ​៥៤​ ព្រះ​វស្សា​។ ព្រះ​អង្គ​បាន​សាង​ព្រះ​មេរុ​ ថ្វាយ​ព្រះ​ភ្លើង​​​ ព្រះ​បរម​សព​​ព្រះបាទ​ព្រះ​សុទ្ធាន​រាជា​ ជា​សម្ដេច​ព្រះ​វរ​រាជ​បិតា​ និង​ ព្រះ​បរម​សព​ ព្រះ​បាទ​សម្ដេច​ព្រះ​សុគន្ធ​ចក្រ​ ជា​សម្ដេច​ព្រះ​ជេដ្ឋា​ ព្រះ​អយ្យ​កោ​មួយ​ ក្នុង​ឆ្នាំ​នោះ​ឯង​។

នា​កាល​ព្រះ​រាជ​ពិធី​ រំលាយ​ព្រះ​សព​​ចប់​សព្វ​គ្រប់​ជា​សូរេច​ហើយ​ សម្ដេច​ព្រះ​ភគវ​តី​ ព្រះ​សិរី​ទិព្វ​មាលី​​ទេវី​ចក្រ​ពត្តិ ជា​ព្រះ​អគ្គ​មហេសី​ នៃ​ព្រះ​បាទ​សិរី​សុគន្ធ​ចក្រ​ ព្រះ​អង្គ​សុំ​យក​ព្រះ​បរម​ធាតុ​សម្ដេច​ព្រះ​ស្វាមី​ ដើម្បី​នឹង​ដង្ហែ​ទៅ​បញ្ចុះ​ នៅ​នគរ​បាន​ជ័យ​ បាន​ការ​ដែល​ជា​ស្រុក​កេរ្តិ៍​របស់​ព្រះ​អង្គ​។​ សម្ដេច​បាន​ឲ្យ​ជាង​សាង​ព្រះ​បដិ​មាករ​មួយ​ ស្នង​ព្រះ​រូប​សម្ដេច​ព្រះ​ស្វាមី​ ទុក​ក្នុង​គុហា​មួយ​ នៅ​ទី​នោះ​គ្រាន់​ជា​ទី​ប្រតិ​បត្តិ​​របស់​ព្រះ​អង្គ​ជា​អ​ចិន្ត្រៃយ៍​ទៅ​ ដោយ​ហេតុ​ថា​ព្រះ​អង្គ​លោក​អាឡោះ​អាល័យ​ ព្រះ​ស្វាមី​ពន់​ប្រមាណ​ណាស់​។

អាស្រ័យ​ហេតុ​នេះ​ ព្រះ​បដិ​មាករ​អង្គ​នេះ​ បាន​ព្រះនាម​ថា​ : ព្រះ​រូប​ព្រះ​បាទ​បរម​សុគន្ធ​ចក្រ​ តែ​អ្នក​ស្រុក​ហៅ​យារ​ៗ​មក​ថា : អ្នក​តា​សុគន្ធ​ចក្រ​​ទៅ​វិញ​។ អ្នក​ស្រុក​រាប់​អាន​ ព្រះ​រូប​នេះ​ណាស់​។ ទោះ​គេ​ទៅ​បន់​ស្រន់​សុំ​ការ​អ្វី​ៗ​ ក៏​គេរ​មែង​តែង​​បាន​ដូច​សេច​ក្ដី​ប្រាថ្នា​។​

នេះ​នឹង​ស្រដី​ ទៅ​ខាង​ស្យាម​ប្រទេស​ គឺ​ប្រទេស​សៀម​នោះ​វិញ​។ ប្រ​ទេស​សៀម​នោះ​ កាល​ពី​ដើម​ឡើយ​ ជា​ប្រទេស​ចំណុះ​ក្រុង​កម្ពុជា​ធិបតី​។ លុះ​មក​រាជ្យ​ ព្រះ​បាទ​បទុម​សូរ្យ​វង្ស​ ដោយ​ទ្រង់​យល់​ឃើញ​ថា ​:​ ពញា​រោង​នោះ​ជា​សម្ដេច​ព្រះ​ជេដ្ឋា​ ផ្ទាល់​នៃ​ព្រះ​អង្គ​ ព្រះ​អង្គ​ក៏​លើក​ប្រទេស​ចំណុះ​នោះ​ ឲ្យ​ឡើង​ជា​ប្រទេស​ឯក​រាជ្យ​មួយ​ និង​ ឲ្យ​មាន​ទី​ក្រុង​ឈ្មោះ ​សុខោ​ទ័យ​។ ក្នុង​គ្រា​នោះ​ ពញា​រោង​ មាន​បុណ្យ​​ មាន​អំណាច​ណាស់​ ព្រះ​អង្គ​បាន​ប្រាប​ប្រាម​ ស្រុក​ជិត​ឆ្ងាយ​ទាំង​នោះ​ឲ្យ​ចុះ​ចូល​ក្នុង​អំណាច​របស់​ព្រះ​អង្គ​។ ព្រះ​អង្គ​លើក​ស្រុក​ សុខោ​ទ័យ​ឡើង​ជា​នគរ​ធំ ​ជា​ប្រទេស​ឯក​រាជ្យ​មួយ​។​ ព្រះ​រាជ​វង្ស​ព្រះ​អង្គ​ បាន​សោយ​រាជ្យ​រៀង​ៗ​មក​ ជា​ច្រើន​ដំណ​។​

គ្រា​ក្រោយ​ពី​នោះ​មក​ ទើប​មាន​ស្ដេច​លាវ​ ខាង​ស្រុក​ឈៀង​​រ៉ាយ​ ជា​​យោ​​នក ​ប្រទេស​​មួយ​​ (យោ​នក​ប្រទេស​ ជា​ប្រទេស​ដើម​​របស់​ព្រះ​បាទ​ក្រុង​មិ​លិន្ទ​ គឺ​ប្រទេស​ក្រឹក​។ ប៉ុន្តែ​ខ្មែរ​បុរាណ​ ហៅ​ប្រទេស​លាវ​ខាង​លិច​ថា យោនក​ប្រទេស​ដែរ​)​ ដែល​ច្បាំង​ចាញ់​គេ​ ហើយ​កៀរ​គ្រួសារ​ លើក​ចុះ​មក​នៅ​ក្នុង​ដែន​ដី​សៀម​។ ស្ដេច​លាវ​នេះ​ កាល​បាន​ប្រាប​ប្រាម ព្រះ​រាជ​ត្រកូល​ពញា​រោង​ និង ព្រះ​រាជ​វង្សា​នុវង្ស​ទាំង​នោះ​ ឲ្យ​ចុះ​ចាញ់​ព្រះ​អង្គ​ហើយ​ ក៏​ចុះ​មក​តាំង​បន្ទាយ​​នៅ​ស្រុក​កំពែង​ពេជ្រ​ លើក​ស្រុក​នោះ​ជា​នគរ​ធំ​ ហើយ​ប្រែ​​ភេទ​ភៀស​ខ្លួន​ ប្រើ​​សំដី​ជា​ភាសា​សៀម​វិញ​។ ព្រះ​រាជ​វង្ស​ នៃ​ស្ដេច​ឈៀង​រ៉ាយ​នេះ​ សោយ​រាជ្យ​មក​បាន​ ៤​តំណ​វង្ស​ ទើប​មាន​រាស្ត្រ​ម្នាក់​ឈ្មោះ ​សែន​តុំ​ បាន​កូន​ស្ដេច​លាវ​មក​ជា​ភរិយា​។ ឈ្មោះ​នេះ​ មាន​បុណ្យ​ណាស់​ បាន​មក​ដណ្ដើម​រាជ្យ​ពួក​ស្ដេច​លាវ​ឈៀង​រាយ​ ហើយ​សោយ​រាជ្យ​ក្នុង​ដែន​ដី​សៀម​នោះ​។ ស្ដេច​ជ្រែក​រាជ្យ​នេះ​ បាន​កសាង​ព្រះ​នគរ​ជា​ថ្មី​ ដាក់​នាម​ទី​ក្រុង​នោះ​ថា​ជា​ ក្រុង​ទេព​បូរី​ ហើយ​តាំង​ខ្លួន​ឯង​ជា​ស្ដេច​ ទ្រង់​នាម​ជា​ព្រះ​សេរី​ជ័យ​ឈៀង​សែន​។​ ព្រះ​អង្គ​សោយ​រាជ្យ​បាន​ ២០​ឆ្នាំ​ ក៏​អស់​បុណ្យ​ទៅ​។

ក្រោយ​ពី​ព្រះ​សេរី​ជ័យ​ឈៀង​សែន​នោះ​មក​ ព្រះ​ចៅ​អ៊ូង​ទង (សាស្ត្រា​ខ្លះ​ថា​ព្រះ​ចៅ​អង្គ​នេះ​ទ្រង់​ព្រះ​នាម​អ៊ូ​ថោង​) ដែល​ត្រូវ​ជា​ព្រះ​រាជ​បុត្រ​ច្បង​ នៃ​ ព្រះ​សេរី​ជ័យ​ឈៀង​សែន​នោះ​ ឡើង​សោយ​រាជ្យ​ជា​ជំនួស​ព្រះ​បិតា​។ ព្រះ​អង្គ​ថយ​ព្រះ​រាជ​វាំង​ មក​សាង​ព្រះ​នគរ ​នៅ​ទី​ណោង​ស្នោ ដែល​នៅ​ជាយ​ខាង​ត្បូង​ នៃ​ក្រុង​ទេព​បូរី​នោះ​វិញ​ ហើយ​ប្រែ​នាម​នគរ​ ឲ្យ​ហៅ​ថា ក្រុង​ទេព​មហា​នគរ​ បវរ​រាជ​វតី​ ស្រី​អយុធ្យា​ ជា​នគរ​ធំ​។ ព្រះ​អង្គ​មាន​ចៅ​ហ្វាយ​ស្រុក​ ទាំង​ធំ​ទាំង​តូច ជា​ច្រើន​ស្រុក ឡើង​ចំណុះ​ព្រះ​អង្គ​។ ក្នុង​ឆ្នាំ​ខាល​ទោ​ស័ក​ ព.ស. ១៧១៤-គ.ស.១១៧០-ម.ស. ១០៩២ - ច.ស. ៥៣២ (ឆ្នាំ​ និង​សក​រាជ​នេះ​ច្រឡំ​ទេ​ បើ​ថា​ឆ្នាំ​ខាល​ទោ​ស័ក​ ព.ស. ១៨៩៤ គ.ស. ១៣៥១ - ម.ស. ១២៧៣ - ច.ស. ៧១៣​ វិញ​ត្រូវ​ជាង​ ព្រោះ​គិត​តាម​រាជ្យ​ ព្រះ​លំពង់​រាជា​)។

ព្រះ​ចៅ​អ៊ូ​ថង កាល​បាន​សាង​ព្រះ​នគរ​រួច​ស្រេច​ហើយ​ ក៏​ឡើង​សោយ​រាជ្យ​ ហើយ​​ទ្រង់​ព្រះ​នាម​ជា​ ព្រះ​ចៅ​រាមា​ធិបតី​ ក្រុង​ស្រី​អយុធ្យា​។​
ឥឡូវ​នេះ​យើង​ខ្ញុំ​សូម​អញ្ជើញ​ លោក​អ្នក​អាន​ មក​ស្ដាប់​ប្រវត្តិ​វិទ្យា​ នៃ​ប្រទេស​កម្ពុ​ជា ត​រៀង​ទៅ​។

ព្រះ​បាទ​សម្ដេច​ព្រះ​លំពង់​រាជា​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ ក្រោយ​ដែល​បាន​អភិ​សេក ជា​ឯក​អគ្គ​មហា​បុរស​រដ្ឋ​ ក្នុង​ប្រទេស​កម្ពុ​ជា​ធិបតី​រួច​ហើយ​ ព្រះ​អង្គ​ទ្រង់​ប្រោស​ប្រ​ទាន​ព្រះ​អនុជ​ ទ្រង់​ព្រះ​នាម​ព្រះ​សុរិយោ​ទ័យ​ ឲ្យ​តាំង​ឡើង​ជា​សម្ដេច​ព្រះ​មហា​ឧប​រាជ​។​ ព្រះ​មហា​ឧប​រាជ​ ព្រះ​អង្គ​មាន​ព្រះ​រាជ​បុត្រា​មួយ​ព្រះ​អង្គ​ (សាស្ត្រា​ខ្លះ​ថា ព្រះ​សុរិ​យោ​វង្ស​ ជា​ព្រះ​រាជ​បុត្រ​ ព្រះ​សុគន្ធ​ចក្រ​ទេ​ គឺ​ថា​ព្រះ​សុរិ​យោ​វង្ស​ ជា​ព្រះ​អនុជ​ព្រះ​អយ្យ​កា​មួយ​ (ប្អូន​ជីដូន​មួយ​) និង ព្រះ​លំពង់​រាជា​ ព្រះ​ស្រី​សុរិ​យោ​ទ័យ) ព្រះ​នាម​ព្រះ​ស្រី​សុរិ​យោវង្ស​ ព្រះ​អង្គ​គង់​ជា​សុខ ក្នុង​រាជ​សម្បត្តិ​រៀង​មក​។​

លុះ​មក​ដល់​ឆ្នាំ​រោង ចត្វា​ស័ក ព.ស. ១៧១៦-គ.ស. ១១៧២-ម.ស. ១០៩៤-ច.ស.៥៣៤ (នេះ​ក៏​ច្រឡំ​ដែរ​ បើ​ថា​ឆ្នាំ​រោង​ចត្វា​ស័ក​ ព.ស.១៨​៦៩-គ.ស.១៣៥៦-ម.ស.១២​៧៤-ច.ស.៧១៤ វិញ​សម​ជាង​)​ ព្រះ​ចៅ​រាមា​ធិបតី​ ក្រុង​ស្រី​អយុធ្យា​ មាន​ព្រះ​ទ័យ​កម្រើក​ជា​ខ្លាំង​ ចង់​ឲ្យ​ព្រះ​​នគរ​របស់​ព្រះ​អង្គ​ធំ​ទូលាយ​ ក៏​តាំង​ខ្ញាល់​នឹង​ព្រះ​មហា​នគរ​ "ប្រទេស​កម្ពុជា​" ថា​​ពុំ​បាន​ទៅ​ចំណុះ​ ចុះ​ចូល​ព្រះ​អង្គ​។ លុះ​ទ្រង់​កម្រើក​ព្រះ​ទ័យ​ដូច្នេះ​ហើយ​ ទើប​ទ្រង់​ព្រះ​តម្រាស់​ត្រាស់​ប្រើ​ព្រះ​រាមា​សូ​ ជា​រាជ​បុត្រ​ច្បង​ ឲ្យ​ឃុំ​ពល​មួយ​ម៉ឺន​នាក់​ជា​ទ័ព​ធំ​ ឲ្យ​ព្រះ​ស្រី​សុបត្តិ​ ជា​ព្រះ​រាជ​នត្តា ​(ចៅ) ឃុំ​ពល​ ៥០០០​នាក់​ ជា​ទ័ព​មុខ​ ហើយ​ឲ្យ​លើក​យ៉ាង​ស្រូត​រូត​ ប៉ង​មក​យក​ក្រុង​កម្ពុជា​ធិបតី​ បង្ខំ​វាយ​កុំ​ឲ្យ​ដឹង​ខ្លួន​។​ ព្រះ​រាមាសូរ ប្រឹង​លើក​ទ័ព​ស្រូត​រូត​​ទាំង​យប់​ទាំង​ថ្ងៃ​ ដើរ​តាម​ផ្លូវ​រាជ​សីមា​។ ពេល​នោះ​ ចៅ​ពញា​នគរ​រាជ​សីមា​ (នគរ​រាជ​សីមា​នេះ​កាល​នោះ​ នៅ​ជា​របស់​កម្ពុជា​យើង​នៅ​ឡើយ​ ពុំ​បាន​ដឹង​ជា​មុន​ នឹង​គិត​កេណ្ឌ​ពល​ក៏​ពុំ​ទាន់​ ដូច្នេះ​ហើយ ក៏​នាំ​គ្នា​គ្រប់​គ្រួ​រត់​ចោល​ស្រុក​ ហើយ​បក​សំបុត្រ​ចូល​​មក​ ក្រុង​មហាន​គរ​) (អង្គ​ធំ) ដើម្បី​ថ្វាយ​ព្រះ​ករុណា ព្រះ​លំពង់​រាជា​ ឲ្យ​ទ្រង់​បាន​ជ្រាប​សព្វ​សេច​ក្ដី​។ បំរើ​នាំ​សំបុត្រ​មក​ដល់​ ក៏​នាំ​ឡើង​ទៅ​ប្ដឹង​សេនា​បតី​។ សេនា​បតី​នាំ​ឡើង​ក្រាប​បង្គំ​ទូល​ ព្រះ​បរម​បពិត្រ​។​ ព្រះ​បរម​បពិត្រ​ កាល​បាន​ទ្រង់​ជ្រាប​ តាម​សំបុត្រ​នោះ​ គ្រប់​ប្រការ​ហើយ​ ព្រះ​អង្គ​ទ្រង់​ព្រួយ​ព្រះ​ទ័យ​ជា​ខ្លាំង​ណាស់​។​

សំបុត្រ​នោះ​មក​ដល់​​នៅ​វេលា​ថ្ងៃ​ត្រង់​ លុះ​ថ្ងៃ​រសៀល​ជិត​ព្រលប់​ កង​ទ័ព​សៀម ក៏​លើក​មក​ដល់​ព្រះ​នគរ​​ពេញ​ដេរ​ដាស​ណែន​ណាន់​តាន់​តាប់​ដែរ​ ព្រម​ទាំង​ប្រដាប់​ដោយ​គ្រឿង​សស្ត្រា​វុធ​ផ្សេង​ៗ​គ្នា​ប្រុង​ប្រៀប​បោះ​បន្ទាយ​រាយ​ចំរូង​ ក្នុង​ទី​នោះ​ជា​បន្ទាន់​។​

ព្រះ​បាទ​សម្ដេច​ព្រះ​លំពង់​រាជា​ ស្ដេច​បាន​ទ្រង់​ជ្រាប​ថា​ ទ័ព​សៀម​លើក​មក​ដល់​ដូច្នេះ​ហើយ​ ក៏​ទ្រង់​ត្រាស់​ប្រើស​ម្ដេច​ព្រះ​មហា​ឧប​រាជ​ ឲ្យ​ប្រជុំ​សេនា​ទាហាន​ ឲ្យ​ចេញ​ទៅ​កេណ្ឌ​អស់​រាស្ត្រ​ប្រជា​ បណ្ដា​អ្នក​នៅ​ជិត​ព្រះ​នគរ​ទាំង​ប៉ុន្មាន​ តាំង​ពី​ថ្ងៃ​រសៀល​ដល់​ព្រលប់​ ពុំ​ទាន់​បាន​គ្រប់​ជា​ពល​ពីរ​សែន​ "២០០០០០"​ នៅ​ឡើយ​ទេ​ តែ​ស្ដេច​ឲ្យ​កេណ្ឌ​មក​ប្រជុំ​ទុក​ នៅ​មុខ​ព្រះ​លាន​ ហើយ​ចាត់​ចែក​គ្រឿង​អាវុធ​ ឲ្យ​កាន់​គ្រប់​ៗ​ដៃ​។ លុះ​ចាត់​ការ​បាន​ត្រឹម​នេះ​ហើយ ទើប​ទ្រង់​ពិភាក្សា​សង្គ្រាម​ ជា​មួយ​នឹង​ព្រះ​រាជ​វង្សា​នុវង្ស​ សេនា​បតី​ មន្ត្រី​ទាំង​ពួង​ថា៖​

ព្រះ​នគរ​យើង​ បាន​សុខ​សប្បាយ​ជា​យូរ​ណាស់​មក​ហើយ​ គ្មាន​សឹក​សង្គ្រាម​ទេ​។ អស់​រេហ៍​ពល​ ពុំ​ដែល​បាន​ហ្វឹក​ហ្វឺន​ហាត់​គ្រប់​គ្នា​ផង​។ បើ​ដូច្នេះ​ តើ​អស់​លោក​នឹង​យល់​ថា យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ​?​
        ខណៈ​នោះ​ សម្ដេច​ព្រះម​ហា​ឧបរាជ​ ក្រាប​ទូល​ថា៖

ទ័ព​សៀម​ដែល​លើក​មក​នេះ​ ស្រូត​រូត​ទាំង​យប់​ទាំង​ថ្ងៃ ​ឥត​មាន​បង្អង់​ឈប់​ឈរ​ឡើយ​ រេហ៍​ពល​របស់​វា​ កំពុង​តែ​ហត់​នឿយ​ណាស់​ ហើយ​វា​ក៏​គង់​តែ​មាន​ការ​ធ្វេស​ប្រហែស​ខ្លះ​​ជា​មិន​ខាន​ ព្រោះ​វា​ប្រមាថ​ខ្មែរ​យើង​ ថា​ដូច​ជា​យើង​ពុំ​មែន​ជា​បុរស ជាតិ​ទាហាន​ទេ​។ វា​ទុក​យើង​ជា​មនុស្ស​កំសាក​ទៀត​។​ បើ​ដូច្នេះ​ ទោះ​បី​ជា​ពល​យើង​ពុំ​ស្ទាត់​ជំនាញ​ក៏​ដោយ​ តែ​បើ​ទាហាន​យើង​កំពុង​ក្លៀវ​ក្លា​យ៉ាង​នេះ​ហើយ​ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ សុំ​យក​អាសា​ចេញ​ទៅ​វាយ​ទ័ព​សៀម​ កុំ​ឲ្យ​វា​តាំង​បន្ទាយ រាយ​ចម្រូង​ បោះ​ជាប់​នៅ​ដី​ទាន់​។ បើ​យើង​ធ្វើ​ដូច្នេះ​ ទ័ព​សៀម​ គង់​រសាយ​ដៃ ​បាក់​បែក​ទ័ព​ រត់​ថយ​ទៅ​ជា​ពុំ​ខាន​។

ព្រះ​បាទ​សម្ដេច​ព្រះ​លំពង់​រាជា​ ជា​ព្រះ​ជេដ្ឋា​ យល់​ឃើញ​ថា :​ ព្រះ​តម្រិះ​របស់​ព្រះ​អនុជ​នោះ​ត្រឹម​ត្រូវ​ហើយ​ ទើប​ទ្រង់​ត្រាស់​ឲ្យ​សម្ដេច​ព្រះ​មហា​ឧបរាជ​ កាន់​ពល​ប្រាំ​ម៉ឺន​នាក់​ ឲ្យ​លើក​ទ័ព​ចេញ​ទៅ​វាយ​ទ័ព​សៀម​ភ្លាម​។ ព្រះ​អង្គ​ចាត់​ឲ្យ​កេណ្ឌ​​ពល ១៥០០០០​នាក់ (ចំនួន​ទ័ព​នេះ​ប្រហែល​ជា​ថែម​ដោយ​ច្រឡំ​) ដទៃ​ទៀត​ ឲ្យ​មក​នៅ​រក្សា​ព្រះ​នគរ​។ ខណៈ​នោះ​ សម្ដេច​ព្រះ​មហា​ឧបរាជ​ ទ្រង់​ត្រាស់​ ឲ្យ​រៀប​ក្បួន​ទ័ព​ តាម​ក្បួន​ស្រេច​ហើយ ស្ដេច​ក៏​ទ្រង់​គ្រឿង​គ្រប់​ប្រដាប់​ សម្រាប់​សង្គ្រាម​យុទ្ធ​ ទ្រង់​ឡើង​គង់​ព្រះ​ទី​នាំង​គជេន្ទ្រ​ ចង​គ្រឿង​បវរ​រតន៍​ ចង​គ្រឿង​បវរ​រដ្ឋា​យុទ្ធ ទើប​ស្ដេច​លើក​ពល​សេះ​ដំរី​ អាជានេយ្យ និង ពល​​ថ្មើរ​ជើង​ ព្រម​ដោយ​គ្រឿង​សស្ត្រា​វុធ​ ចេញ​ចាក​ព្រះ​មហា​នគរ​ តាំង​ពី​ពេល​វេលា​ព្រលប់​ធំ​ទៅ​។ លុះ​ទៅ​ដល់​យល់​ទ័ព​សៀម​ កំពុង​តែ​តាំង​បន្ទាយ​ យ៉ាង​ប្រញឹក​ប្រញាប់​ដៃ​គ្រប់​គ្នា ព្រះ​មហា​ឧបរាជ​ ក៏​ដេញ​ពល​អោយ​ចូល​ចោម​មក​វាយ​ទ័ព​មុខ​របស់​សៀម​ បណ្ដាល​ឲ្យ​បែក​ដល់​ទៅ​ទ័ព​ធំ​។ ទ័ព​ធំ​ដែល​ពុំ​ទាន់​ដឹង​ខ្លួន​ថា មាន​ទ័ព​ខ្មែរ​ចូល​មក​លុក​លុយ​ដូច្នេះ​ ក៏​ស្រាប់​តែ​ផ្អើល​ភ្ញាក់​ភិត​ភ័យ​ គឹក​កង​កោ​លាហល​ រចល់​ចាប់​គ្រឿង​សស្ត្រាវុធ​ រក្សា​ខ្លួន​ទី​ទៃ​ៗ​។

ឯ​ព្រះ​បាទ​ស៊ី​សុបត្តិ​ ដែល​ជា​មេ​ទ័ព​ស្រួច​នោះ​ ក៏​ក្រឡាស់​ប្រាស់​ព្រះ​អង្គ​ ឡើង​គង់​ទី​នាំង​គជេន្ទ្រ​កៀង​កាល់​ពល​សៀម​ឲ្យ​ចូល​ច្បាំង​ កង​ទ័ព​សៀម​ប្រកាប់​គ្នា​ នឹង ទ័ព​ខ្មែរ​ទៅ​វិញ​ទៅ​មក​ យ៉ាង​គគ្រឹក​គគ្រេង​ បែក​ផ្សែង​ ឮ​តែ​សូរ​អាវុធ​។

សម្ដេច​ព្រះ​មហា​ឧប​រាជ​ ស្ដេច​បរ​រាជ​គជេន្ទ្រ​ ប្រជល់​ នឹង ដំរី​ព្រះ​ស៊ីសុបត្តិ​ ឥត​មាន​បង្អង់​ពេល​ឡើយ​។ ព្រះ​ទីនាំង​ព្រះ​មហា​ឧប​រាជ​ ចាក់​ត្រូវ​ដំរី​សៀម ដែល​បែរ​ឲ្យ​ប្រែ​ទទឹង​ខ្លួន​ទៅ ​ព្រះ​មហា​ឧប​រាជ​ទ្រង់​ក៏​កាប់ នឹង ព្រះ​ឆែង​ដាវ​ ត្រូវ​ក​ព្រះ​ស៊ី​សុបត្តិ​ ដាច់​ក​ធ្លាក់​អំពី​ខ្នង​ដំរី​ មក​ដល់​ដី​ ទទួល​មរណៈ​ភ្លាម​។​

ទ័ព​សៀម​ ឃើញ​មេ​ទ័ព​របស់​ខ្លួន​ បរា​ជ័យ​ដូច្នេះ​ ក៏​បែក​ទ័ព ប្រាស់​យក​តែ​អាយុ​សព្វ​ៗ​ខ្លួន​។ ទ័ព​ខ្មែរ​ កាល​បើ​មាន​ជ័យ​ហើយ​ ក៏​ចេញ​ទៅ​ច្បាំង​ នឹង ទ័ព​ធំរបស់​សៀម​ទៀត​។ ខណៈ​នោះ​ ព្រះ​រាមាសូរ ពុំ​បាន​ដឹង​ព្រះ​អង្គ​ជា​មុន​ កាល់​ពល​ឲ្យ​ចូល​ច្បាំង​ក៏​ពុំ​បាន​ ទើប​ព្រះ​អង្គ​ ឲ្យ​ថយ​ទ័ព​​ត្រឡប់​ទៅ​ក្រោយ​វិញ​ជា​ប្រញាប់​។​

សម្ដេច​ព្រះ​មហា​ឧប​រាជ កាល​ព្រះ​អង្គ​មាន​ជ័យ​ជំនះ​សព្វ​គ្រប់​ហើយ​ ទ្រង់​ក៏​ចាប់​ឃុំ​ពល​សៀម​ និង ប្រមូល​គ្រឿង​សស្ត្រា​វុធ​ ហើយ​ឲ្យ​ត្រឡប់​ចូល​ព្រះ​នគរ​ នាំ​ឡើង​ក្រាប​បង្គំ​ទូល​ថ្វាយ​សេច​ក្ដី​ដែល​មាន​ជ័យ​ជំនះ​គ្រប់​ប្រការ​ និង​ ចាប់​បាន​ពល​សៀម​ ព្រម​ទាំង​គ្រឿង​សស្ត្រា​វុធ​ជា​ច្រើន​នោះ​ផង​។​

ព្រះ​បាទ​សម្ដេច​ ព្រះ​​លំពង់​​រាជា​​ ជា​​ព្រះ​​បរម​​រាជ​​ជេដ្ឋា​​ កាល​​ទ្រង់​ជ្រាប​ពី​កិច្ច​ការ​សង្គ្រាម​គ្រប់​ប្រការ​ហើយ​ ព្រះ​អង្គ​ទ្រង់​ព្រះ​អំណរ​ណាស់​ ទ្រង់​ព្រះ​រាជ​ទាន​ ព្រះ​រាជ​ទ្រព្យ​ជា​ច្រើន​ ដល់​សេនា​ទាហាន​ តាម​មាន​គុណ​បំណាច់​តិច​ច្រើន​គ្រប់​ៗ​គ្នា​។

ចំណែក​ឯ​ព្រះ​រាមា​សូរ កាល​ចាញ់​ទ័ព​ខ្មែរ​ហើយ​ ក៏​ត្រឡប់​ផុត​ពី​ដែន​​ក្រុង​កម្ពុជា​ទៅ​។ លុះ​ឃើញ​ថា​ ពុំ​មាន​កង​ទ័ព​ខ្មែរ​ដេញ​តាម​មក​ទៀត​ទេ​ ទ្រង់​ក៏​បោះ​បន្ទាយ​រាយ​កង​ទ័ព​ បញ្ឈប់​នៅ​ទី​នោះ​ ហើយ​ទ្រង់​ឲ្យ​បំរើ​សេះ​ ចូល​ទៅ​ក្រុង​ស្រី​អយុធ្យា​ យក​សេច​ក្ដី​ក្រាប​បង្គំ​ទូល​ព្រះ​បិតា​គ្រប់​ប្រការ​ ព្រម​ទាំង​សុំ​កង​ទ័ព​ ឲ្យ​មក​ជួយ​ទៀត​។ ព្រះ​ចៅ​រាមា​ធិបតី​ ក្រុង​ស្រី​អយុធ្យា​ កាល​ទ្រង់​ជ្រាប​ថា​ : ព្រះ​ស៊ីសុបត្តិ​ ស្លាប់​ហើយ​ ព្រះ​អង្គ​តូច​ព្រះ​ទ័យ​ ខ្ញាល់​ខ្លាំង​ណាស់​ ទើប​ទ្រង់​ត្រាស់​ ឲ្យ​កេណ្ឌ​ក​ង​ទ័ព​ ឲ្យ​បាន​ច្រើន​នាំ​យក​ទៅ​ថ្វាយ​ព្រះ​បរម​រាជា​ ជា​បង​ថ្លៃ ឲ្យ​ធ្វើ​ជា​មេ​ទ័ព​ធំ ​និង​ ចៅ​បាសាត​ ចៅ​បាអាត​ ចៅ​កំបង់​ពិសី​ ទាំ​ង៣​ អង្គ ដែល​ជា​ព្រះ​រាជ​បុត្រា​ នៃ​ ព្រះ​រាមាសូរ​ ព្រម​ដោយ​មុខ​មន្ត្រី ​ឲ្យ​លើក​កង​ទ័ព​ ទៅ​សន្ធប់​ (លើ​​កកង​​ទ័ព​​ទៅ​សន្ធប់​ នឹង ទ័ព​មុន​ = បាន​សេច​ក្ដី​ថា​យក​ទៅ​ថែម​នឹង​ទ័ព​មុន​) នឹង​ទ័ព​ព្រះ​រាមាសូរ​ ហើយ​ឲ្យ​លើក​ចូល​មក​ក្រុង​កម្ពុ​ជា​ទៀត​។

ក៏​ឯ​ប្រទេស​កម្ពុជា​​ យើង​វិញ​ កាល​បាន​ឈ្នះ​ទ័ព​សៀម​ហើយ​ ក៏​ធ្វេស​ប្រហែស​ បើក​កង​ទ័ព​ឲ្យ​ចេញ​ទៅ​តាម​លំនៅ​ទីទៃ​ៗ​របស់​ខ្លួន​។ លុះ​ទ័ព​សៀម លើក​កង​ទ័ព មក​ដល់​ជិត​ នឹង កំពែង​ព្រះ​នគរ​ហើយ​ ទើប​បំរើ​សេះ ​នាំសេច​ក្ដី​មក​ក្រាប​បង្គំ​ទូល​ ឲ្យ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​។ សម្ដេច​ព្រះ​លំពង់​រាជា​ កាល​ទ្រង់​ទទួល​ព័ត៌​មាន​ពី​បំរើសេះ​កាល​ណា បាន​ទ្រង់​ជ្រាប​គ្រប់​ការ​ហើយ​ ក៏​ភ្ញាក់​ព្រះ​អង្គ​យ៉ាង​ខ្លាំង​។ ទ្រង់​ព្រះ​វិតក្ក​ណាស់​ ទ្រង់​ត្រាស់​ដេញ​រាស្ត្រ​ប្រជា បណ្ដា​អ្នក​នៅ​ក្រៅ​កំពែង​ទាំង​ប៉ុន្មាន​ ឲ្យ​ចូល​នៅ​ក្នុង​កំពែង​ទាំង​អស់​ ហើយ​ទ្រង់​កេណ្ឌ​រេហ៍​ពល​ ឲ្យ​ឡើង​ចាំ​រក្សា​នា​ទី​ប៉ម​ សើន​ ជុំ​ព្រះ​នគរ​។​ លុះ​ព្រឹក​ឡើង​ ទ្រង់​ត្រាស់​ប្រឹក្សា​ នឹង សម្ដេច​ព្រះ​មហា​ឧបរាជ​ ព្រម​ទាំង​សព្វ​មុខ​មន្ត្រី​ទាំង​ពួង​ថា​ ​:

ទ័ព​សៀម​លើក​មក​ម្ដង​នេះ ច្រើន​លើស​ជា​ង​ទ័ព​មុន​ដប់​កំលាំង​ ពល​យើង​តិច​ ហើយ​យើង​ឲ្យ​រំសាយ​អស់​ទៅ​ទៀត​។ ដូច្នេះ​ឃើញ​ថា យើង នឹង តតាំង​ច្បាំង​ក្នុង​ពេល​ឥឡូវ​នេះ​ ពុំ​ទាន់​បាន​ទេ យើង​មាន​តែ​កេណ្ឌ​កង​ទ័ព​ស្រុក​ក្រៅ មក​វាយ​ផ្ទប់​ទាំង​ក្នុង​ទាំង​ក្រៅ ​ទើប​ឈ្នះ​វា​បាន​។

លុះ​ព្រះ​រាជ​វង្សា​ សេនា​បតី​ មន្ត្រី​គ្រប់​ក្រុម​ យល់​ព្រម​ហើយ​ ព្រះ​បរម​បពិត្រ​ ត្រាស់​ប្រើ​ព្រះ​សុរិ​យោ​វង្ស ​ដែល​ជា​ព្រះ​អនុជ​ ព្រះ​អយ្យកោ​មួយ​ ជា​ព្រះរាជ​បុត្រ​ ព្រះ​បាទ​ស្រីសុគន្ធ​ចក្រ​ ឲ្យ​ចេញ​ទៅ​កេណ្ឌ​កង​ទ័ព​ គ្រប់​ចៅ​ហ្វាយ​ស្រុក​ក្រៅ​ ឲ្យ​លើក​មក​ជួយ​ព្រះ​មហា​នគរ​។ ព្រះ​ស្រីសុរិ​យោ​វង្ស ក៏​ថ្វាយ​បង្គំ​លា​ចេញ​ទៅ​តាម​ត្រាស់​បង្គាប់​។​

ទ័ព​សៀម​ដែល​លើក​មក​ដល់​ហើយ​ ក៏​ឈប់​ចាំ​ស្ដាប់​ការ​ណ៍​គ្រប់​៣​ថ្ងៃ​។ លុះ​ដល់​បាត់​ពុំ​ឃើញ​កង​ទ័ព​ខ្មែរ​ លើក​ទ័ព​ចេញ​ទៅ​ច្បាំង​សោះ​ ក៏​ព្រះ​បរម​រាជា​ ជា​មេ​ទ័ព​ធំ​ ចាត់​ឲ្យ​ព្រះ​រាមាសូរ​ ជា​មេ​កង នាំ​ពល​ចូល​វាយ​ទិស​ខាង​ជើង​ ឲ្យ​ចៅ​បាសាត​ជា​មេ​កង​ឃុំ​ពល​ (ឃុំ​ពល គឺ​យក​ពល ឬ​ នាំ​ពល​ចូល​ទៅ​ច្បាំង​ ឬ​កាន់​បញ្ជា​ការ​លើ​ពល​មាន​ចំនួន​ តាម​ដែល​មេ​ទ័ព​ចែក​ឲ្យ​មក​) ចូល​វាយ​ទិស​ខាង​កើត​ ឲ្យ​ចៅ​បាអាត​ នាំ​ពល​ចូល​វាយ​ទិស​ខាង​ត្បូង​ ឲ្យ​ចៅ​កំបង់​ពិសី​ ជា​មេ​កង​ នាំ​ពល​ចូល​វាយ​ពី​ទិស​ខាង​លិច​ ហើយ​ឲ្យ​តាំង​បន្ទាយ​ វាយ​ចោម​ជុំ​ព្រះ​នគរ ចំងាយ​ ៥០​ សិន​ខ្លះ ៦០​ សិន​ខ្លះ​។ លុះ​តាំង​បន្ទាយ​រាយ​ខ្ជាប់​មាំ​មួន​ហើយ​ ទើប​មេ​ទ័ព​សៀម​ឲ្យ​លើក​ចូល​តាំង​បន្ទាយ​មួយ​ ជាប់​នៅ​ខាង​ក្នុង​ទៀត​ ឆ្ងាយ​ពី​កំពែង​ព្រះ​នគ​រ ២០​សិន​ខ្លះ​ ៣០​សិន​ខ្លះ​។​

ព្រះ​បាទ​សម្ដេច​ ព្រះ​លំពង់​រាជា​ កាល​យល់​ថា​ : កង​ទ័ព​សៀម​កាន់​តែ​លុក​រុក​រាន​ទន្ទ្រាន​ចូល​មក​ជិត​ណាស់​ហើយ​ នឹង ចាំ​កង​ទ័ព​ ដែល​ព្រះ​សុរិ​យោ​វង្ស​ទៅ​កេណ្ឌ​នោះ​ ក៏​បាត់​ស្ងាត់​មិន​ទាន់​ឃើញ​មក​ ទើប​ទ្រង់​ចាត់​ព្យុហ​យាត្រា​ សេនា​រាជ​យោធា​ទាហាន​ ស្ដេច​ព្រះ​រាជ​ដំណើរ​ ចេញ​ធ្វើ​សង្គ្រាម​ វាយ​ទ័ព​សៀម​។ ពល​សេនា​ យោ​ធា ទាហាន ក៏​បាន​តាំង​ ច្បាំង​ ប្រកាប់ បោះ​បាញ់​ ចាក់​កាប់​ស្លាប់​ស្មើ​គ្នា​ទាំង​សង​ខាង​។ ខ្មែរ​វាយ​ទ័ព​សៀម ក៏​ពុំ​បែក​ សៀម​វាយ​ទ័ព​ខ្មែរ​ក៏​ពុំ​បែក​ លុះ​ប្រយុទ្ធ​គ្នា ល្មម​ដល់​ពេល​ព្រលប់​ បញ្ឈប់​ទ័ព​ហើយ​ ស្ដេច​ត្រឡប់​ចូល​ព្រះ​នគរ​វិញ​។​

ព្រះ​រាមា​សូរ​ ឲ្យ​ធ្វើ​បន្ទាយ​លើក​ដី​ជា​ប៉ម​ឡើង​ខ្ពស់​ ស្មើ​នឹង​កំពែង​ព្រះ​នគរ​។ ហើយ​អូស​កាំ​ភ្លើង​ធំ​ដាក់​បាញ់​តម្រង់​ចូល​មក​ក្នុង​ព្រះ​នគរ​។ កង​ទ័ព​ខាង​ព្រះ​មហា​នគរ ​"អង្គរ​ធំ​ប្រទេស​កម្ពុជា​ ក៏​អូស​កាំ​ភ្លើង​ធំ" មក​ដាក់​គង​លើ​ភាគ​កំផែង​បន្ទាយ​ ហើយ​បាញ់​ទៅ​វិញ​ទៅ​មក​ ឮ​សូរ​ស័ព្ទ​សន្ធឹក​ពន្លឹក​មហិមា​។ ទ័ព​ខាង​ព្រះ​នគរ​ លើក​ចេញ​ទៅ​វាយ​ទ័ព​សៀម​ ជា​ច្រើន​គ្រា​ តែ​ពុំមា​ន​ជ័យ​ជំនះ​សោះ​។ ខាង​ទ័ព​សៀម​លើក​មក​ប្លន់​ វាយ​បន្ទាយ​ព្រះ​នគរ​វិញ​ រេហ៍​ពល​ក៏​ស្លាប់​អស់​ជា​ច្រើន​ណាស់​ដែ​រ តែ​ក៏​យក​ព្រះ​នគរ​ពុំបាន​។ ខ្មែរ​ និង សៀម​តាំង​ច្បាំង​គ្នា​ច្រើន​ដង​ ច្រើន​គ្រា​ តាំង​ពី​ខែ​មិគសិរ​ ឆ្នាំ​រោង​ ចត្វា​ស័ក​រៀង​មក​ដល់​ខែ​ចេត្រ​ ឆ្នាំ​ម្សាញ់​ បញ្ច​សក​ ត្រូវ​ជា​មួយ​ឆ្នាំ​ប្រាំខែ​ តែ​ពុំ​មាន​ខាង​ណា​ចាញ់​ ខាង​ណា​ឈ្នះ​សោះ​សឹង​តែ​របឹង​រឹង​រូស​ទាំង​សង​ខាង​។ កាល​បើ​សង្គ្រាម​នៅ​នឹង​ពុំ​មាន​ជឿន​ ឬ​ចម្រើន​ខាង​ណា​ដូច្នេះ​ ទើប​ព្រះ​បាទ​លំពង់​រាជា​ ទ្រង់​មាន​ព្រះ​រាជ​សារ​ ឲ្យ​រាជ​ទូត​នាំ​ទៅ​ឲ្យ​មេទ័ព​សៀម​ ឲ្យ​នាំ​យក​ទៅ​ថ្វាយ​ព្រះ​ចៅ​បរម​រាជា ​ជា​មេ​ទ័ព​សៀម​។ មេ​ទ័ព​ធំ​ ទទួល​ឲ្យ​អាល័ក្ស​ មើល​ប្រែ​ជា​សៀម​ ដែល​មាន​សេច​ក្ដី​ថា ​:

"នគរ​កម្ពុជា​ធិបតី​ ជា​មហា​នគរ​ ដែល​សៀម​ធ្លាប់​ជា​ចំណុះ​រៀង​មក​ ហើយ​សៀម​បាន​តាំង​ខ្លួន​ជា​ឯក​រាជ្យ​ រក្សា​ខេត្ត​ខ័ណ្ឌ​ ព័ទ្ធ​សីមា​ ដោយ​ខ្លួន​រួចទៅ​ហើយ​។ ខាង​យើង​ យើង​ក៏​ពុំ​ដែល​គុំ​គួន​ បង្ក​បង្កើត​ជា​សត្រូវ​ នឹង សៀម​ដល់​ម្ដង​ឡើយ​។ ឥឡូវ​នេះ​ ហេតុ​ភេទ​ ប្រការ​ដូច​ម្ដេច​ ក៏​បាន​ជា​សៀម​លើក​ទ័ព​ មក​ធ្វើ​សង្គ្រាម​ នឹង ខ្មែរ​ ឲ្យ​សមណៈ ​ជី​ព្រាហ្មណ៍ អាណា​ប្រជា​នុ​រាស្ត្រ​ ក្ដៅ​ក្រហាយ​ យ៉ាង​ដូច្នេះ​ ឬ​ក៏​ប្រាថ្នា​ការ​ភ័ស្តុ​ផល​អ្វី​?​"

ព្រះបរម​រាជា មេ​ទ័ព​សៀម​ ជ្រាប​សេច​ក្ដី​ហើយ ទើប​ឲ្យ​តែង​ជា​ព្រះ​រាជ​សារ​ ប្រគល់​ឲ្យ​បំរើ​នាំ​មក​ថ្វាយ​វិញ​ ដែល​មាន​សេច​ក្ដីថា​:

"ក្រុង​ស្រី​អយុធ្យា​ ដែល​លើក​ទ័ព​មក​នេះ​ គឺ​ចង់​ឲ្យ​មហា​នគរ​ ប្រទេស​កម្ពុជា​ព្រម​ចំណុះ​ក្រុង​ស្រី​អយុធ្យា​។ ថា​បើ​ក្រុង​កម្ពុជា​ធិបតី​ ព្រម​ចំណុះ​ក្រុង​ស្រី​អយុធ្យា​ហើយ​ សៀម​នឹង​លើក​ទ័ព​ត្រឡប់​ទៅ​វិញ​ភ្លាម​"

ព្រះ​បាទ​បរម​នាថ​ បរម​បពិត្រ​ ជា​អម្ចាស់​ជីវិត​ផែនដី​ ក្រុង​កម្ពុជា​ បាន​ទត​ព្រះ​រាជ​សារ​នេះ​ហើយ​ ក៏​មាន​ព្រះ​តម្រាស់​ ក្នុង​ទី​ប្រជុំ​ព្រះ​រាជ​វង្សា​នុវង្ស​ អង្គ​អគ្គ​មហា​សេនា​ សេនា​បតី​ថា :​

"យើង​ធ្លាប់​មាន​កិត្តិ​យស​ខ្ពស់​ប្រសើរ​ បើ​យើង​ នឹង ទទួល​ចំណុះ​សៀម​ទៅ​ នឹង នាំ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​អាប់​យស នឹង អស់​ប្រទេស​ទាំង​ពួង​ ជា​មិន​ខាន​ឡើយ​។ ដូច្នេះ​សៀម​ឯង​កុំ​សង្ស័យ​ឡើយ​ថា​ ប្រទេស​កម្ពុជា​ ព្រម​ចំណុះ​ខ្លួន​ឲ្យ​សោះ"​។ ទ្រង់​ព្រះ​តម្រាស់​ដូច្នេះ​រួច​ហើយ​ ព្រះ​បរម​បពិត្រ​ អម្ចាស់​ជីវិត​ផែន​ប្រទេស​កម្ពុជា​ ស្ដេច​យាង​ចេញ​ប្រ​ទក្សិណ​ ត្រួត​ត្រា​រក្សា​ព្រះ​នគ​រ​ជា​មាំ​មួន​។​

ខាង​ទ័ព​សៀម​ ក៏​ចោម​ព្រះ​នគរ​ជុំវិញ​ ឥត​មាន​បន្ធូរ​បន្ថយ​ឡើយ​។ លុះ​ដល់​វស្សាន​រ​ដូវ (រដូវ​ភ្លៀង)​ ត្រូវ​ភ្លៀង​ធ្លាក់​មក​ជោក​ជាំ​ ព្រះ​មហាក្ស​ត្រ​ខ្មែរ ក៏​ចាត់​ចែង​ឲ្យ​ពល​​ធ្វើ​ស្រែ ​យក​ស្រូវ​ជា​ស្បៀង​​អាហារ​ ទុក​សម្រាប់​ការ​សង្គ្រាម​ទៅ​អនាគត​។​
ចំណែក មេ​ទ័ព​សៀម​ គឺ​ព្រះ​បរម​រាជា​ ព្រះ​អង្គ​ឲ្យ​ព្រះរាជ​បំរើ​ ទៅ​ក្រាប​ទូល​ ព្រះ​ចៅ​រាមា​ធិបតី​ ជា​ម្ចាស់​ផែន​ដី​សៀម​ថា​ ៖

ការ​សង្គ្រាម​ នៅ​ប្រទេស​ខ្មែរ​​សព្វ​ថ្ងៃ​នេះ​ នៅ​តែ​របឹង​រឹង​រូស​ទៅ​វិ​ញ​ ទៅ​មក មិន​ទាន់​មាន​ខាង​ណា​ជា​ទន់​ជាង​ខាង​ណា​ឡើយ​។ ថា​បើ​សៀម​ នឹង យក​ស្រុក​ខ្មែរ​ឲ្យ​បាន​នោះ​​បាន​តែ​ខំ​ប្រឹង​ ក្នុង​គ្រា​វេលា​នេះ​ទេ​។ ប្រសិន​បើ​យើង​ថយ​ទ័ព​ ត្រលប់​ទៅ​ប្រ​ទេស​វិញ​ ទុ​ក​ឲ្យ​ខ្មែរ​ដឹង​ខ្លួន​ ខ្មែរ​នឹង​កេណ្ឌ​ពល​ពី​ស្រុក​ក្រៅ​ បាន​មក​ជួប​ជុំ​ហើយ​ នោះ​សៀម​កុំ​នឹក​ឡើយ​ថា នឹង​បាន​ស្រុក​ខ្មែរ​ឲ្យ​សោះ​។

ព្រះ​ចៅ រាមា​ធិបតី​ យល់​តាម​សំបុត្រ​នោះ​ ឃើញ​ថា​ ត្រូវ​ហើយ​ ទើប​ឲ្យ​កេណ្ឌ​កង​ទ័ព​ ប្រុង​ប្រៀប​រៀប​ពល​ជា​ច្រើន​។ លុះ​ចេញ​វស្សា​ ស្ដេច​ក៏​លើក​ទ័ព​មក​ ដោយ​ព្រះ​អង្គ​ឯង​ រហូត​មក​ដល់​ជិត​មហា​នគរ​។ ខណៈ​នោះ​ ស្ដេច​ឲ្យ​លើក​ពល​ចូល​ចោម​ជិត​រឹត​រឹង​ប្រឹង​ធ្វើ​ការ​លើស​ដើម​។

នេះ​នឹង​ស្រដី​ ឯ​សម្ដេច​ព្រះ​អនុជ​ ព្រះ​ស្រី​សូ​រិយោ​វង្ស​ ដែល​ទ្រង់​ចេញ​ទៅ​​កេណ្ឌ​កង​ទ័ព​ខាង​ស្រុក​ក្រៅ​។ លុះ​កេណ្ឌ​មក​ពុំ​ទាន់​បាន​ជុំ​គ្រប់​ស្រុក​គ្រប់​ខេត្ត​ ហើយ​បាន​ដឹង​ថា ​: ទ័ព​សៀម​លើក​មក​ច្រើន​ណាស់​ ទ្រង់​ក៏​ប្រជុំ​ពល លើក​មក​ជិត​គិត​តាំង​បន្ទាយ​ចោម​ទ័ព​សៀម​​វិញ​។​

ខណៈ​នោះ សៀម​ ដឹង​ហើយ​ ក៏​លើក​កង​ទ័ព​បំបែក​ទៅ​វាយ​ទ័ព​ ព្រះ​ស្រី​សុរិយោ​វង្ស​ បណ្ដាល​ឲ្យ​ទ័ព​ខ្មែរ​បែក​បាក់​ខ្ចាត់​ខ្ចាយ​អស់​។ ទ្រង់ នឹង តាំង​លើក​មក​វិញ​ក៏​ពុំ​បាន​ ទើប​ព្រះ​ស្រីសុ​រិយោ​វង្ស​ ស្ដេច​រត់​ហួស​ទៅ​ នឹង នគរ​លាវ​​លាន​ជាង​ (ឯក​សារ​ដើម​សរ​សេរ​ថា ​ឡាន​ធាង​ គឺ​សរ​សេរ​តាម​សំ​នៀង​របស់​លាវ​។​ តែ​បើ​សរ​សេរ​តាម​អក្ខរា​វិរុទ្ធ​ខ្មែរ​ត្រូវ​សរ​សេរ​ថា "លាន​ជាង​" វិញ​ទើប​ត្រូវ​ ព្រោះ​ លាន​ជាង​ ប្រែ​ ដំរី​មួយ​លាន​ ជា​ឈ្មោះ​របស់​ស្រុក​លាវ​ គឺ​ស្រុក​ដែល​មាន​ដំរី​ច្រើន​)​ ចម្បា​សក្ដិ​។ ឯ​ចៅ​ហ្វាយ​ស្រុក​ខ្មែរ​ខេត្ត​ក្រៅ​បាន​ដឹង​ថា​ : ទ័ព​សៀម​ ចោម​ព្រះ​មហា​នគរ​ហើយ​ ក៏​កេណ្ឌ​កង​ទ័ព​ គ្រប់​ស្រុក​លើក​ចូល​មក​ជួយ​ជា​ច្រើន​កង​ តែ​ពុំ​បាន​មក​ព្រម​គ្នា​ តែ​ម្ដង​ទេ​។ ស្រុក​ណា​លើក​មក​ដល់​មុន​ ប្រទះ​នឹង​ទ័ព​សៀម​ ក៏​ច្បាំង​គ្នា នឹង សៀម​ទៅ​។ ប៉ុន្តែ​ ដោយ​ទ័ព​សៀម​ច្រើន​ជាង​ខ្មែរ​ វា​ក៏​លើក​វាយ​ទ័ព​ខ្មែរ​នោះ​ ខ្ចាត់​ខ្ចាយ​ទៅ​ទី​ដទៃ​ៗ​អស់​ទៅ​ទៀត​។​

ព្រះ​ចៅ​រាមា​ធិបតី​ បរ​ពល​ប្រជុំ​ទ័ព​ធំ​ វាយ​ប្លន់​ព្រះ​មហា​នគរ​ជា​ច្រើន​លើក​ ច្រើន​សា​ទៀត​ តែ​មិន​បាន​ការ​សោះ​។ កង​ទ័ព​ខ្មែរ​រក្សា​បន្ទាយ​ ក៏​បាញ់​កាំ​ភ្លើង​ធំ​ តូច​ ធ្នូ​ ស្នា​ ពួយ​ ចាក់​ ដោយ​សស្ត្រាវុធ​ ដែល​មាន​គ្រប់​ដៃ ​បណ្ដាល​ឲ្យ​ត្រូវ​ពល​សៀម​ ភ្លូក​ភ្លឹក​ស្លាប់​ជា​ច្រើន​។ បើ​គិត​តាំង​ពី​សៀម​ចោម​នគរ​មក​នោះ​គ្រប់​មួយ​ខួប​ គឺ​១២​ខែ​ហើយ​ តែ​សៀម​ធ្វើ​ការ​សង្គ្រាម​ពុំ​បាន​ចាញ់​ឈ្នះ​សោះ​។​

ព្រះ​បាទ​សម្ដេច​ ព្រះ​លំពង់​រាជា​ធិរាជ​ ស្ដេច​ទ្រង់​ព្រះ​វិតក្ក​ នឹង ការ​សង្គ្រាម​ណាស់​ ក៏​បណ្ដាល​ជា​ព្រះរោគ​ មក​ញាំ​ញី​ព្រះ​អង្គ​ជា​ខ្លាំង​ ព្រះ​អង្គ​ក៏​សុគត​ទៅ​។ "ព្រះ​អង្គ​សោយ​រាជ្យ​ជា​សុខ​សាន្ត​បាន​៣​ឆ្នាំ​សោយ​រាជ្យ​ក្នុង​ ២​ឆ្នាំ ​បូក​រួម​ទាំង​អស់​ត្រូវ​ជា​ ៥​ឆ្នាំ​"​។

សម្ដេច​ព្រះ​មហា​ឧបរាជ​ កាល​បើ​ឃើញ​ព្រះ​រាម​របស់​ព្រះ​អង្គ​ទ្រង់​សុគត​ទៅ​ដូច្នេះ​ហើយ​ ព្រះ​អង្គ​ក៏​ទ្រង់​ព្រះ​កន្សែង​សោយ​សោក​ជា​ខ្លាំង​។ សោក​ស្រេច​ ស្ដេច​លើក​ព្រះ​​បរម​សព​ តម្កល់​ទុក​ក្នុង​មហា​ប្រាសាទ​ ហើយ​ព្រះ​អង្គ​ត្រួត​ត្រា​ការ​សង្គ្រាម​ដូច​ប្រ​ក្រតី​។ ប៉ុន្តែ​ដោយ​ហេតុ​ថា​ ព្រះ​គ្រោះ​នៃ​មហា​នគរ​ នឹង ដល់​នូវ​កលិ​យុគ​ ជា​ទុក្ខ​វិនាស​អន្តរាយ​ កង​ទ័ព​រេហ៍​ពល​សា​កល​ប្រជា​នុរាស្ត្រ​ មិន​អាច​ទប់​ទល់​ នឹង សេច​ក្ដី​ទុក្ខ​នេះ​បាន ក៏​យំ​សោក​ភ្លឹក​ចិត្ត​ភិត​ភ័យ​ ញាប់​ញ័រ​រាល់​រូប​កាយ​។ សូរ​ស័ព្ទ​យំ​យោ​បំ​រងំ​ ពេញ​ទាំង​មហា​នគរ​។

ព្រះ​រាមា​ធិប​តី ​បាន​ដំណឹង​នេះ​ហើយ​ ហើយ​យល់​ថា​ជា​ការ​ណ៍​ចំណាប់​របស់​ព្រះ​អង្គ​ហើយ​ ក៏​បរ​ពល​ចូល​ព្រះ​មហាន​គរ​ទៀត​។ ព្រះ​អង្គ​ដាក់​ព្រះ​អាជ្ញា​ថា បើ​អ្នក​ឯ​ណា​រា​រត់​ ទ្រង់​យក​ទោស​កាត់​ក្បាល​​ដោយ​ជា​បំរាម​។ ថា​បើ​អ្នក​ណា​ចូល​ព្រះ​នគរ​បាន​មុខ​​ ទ្រង់​នឹង​ប្រទាន​រង្វាន់​ជា​ច្រើន​។​ គ្រា​នោះ​សេនា​យោធា​ទាហាន​ បាន​ឮ​ព្រះ​បន្ទូល​ព្រះ​រាមា​ធិបតី​ "ស្ដេច​សៀម​" ហើយ​ក៏​មាន​ចិត្ត​ព្រឺ​ព្រម​គ្នា​ចូល​ពាក់​បង្អោង​តោ​ង​ជណ្ដើរ​បាន​រាល់​គ្នា​ ហើយ​ឡើង​ក្បាល​បន្ទាយ​បាន​គ្រប់​ៗ​គ្នា​។ ខាង​ទ័ព​ខ្មែរ​ កាល​បើ​បាន​ឃើញ​ទ័ព​សៀម​ មាន​ចិត្ត​ក្លា​ហាន​ ឡើង​ដល់​ក្បាល​បន្ទាយ​ហើយ​ ក៏​ឥត​រុញ​រា រា​រែក​ដែរ​ គឺ​ចូល​ទៅ​ច្បាំង​លើ​​ក្បាល​បន្ទាយ​ ព្រះ​មហាន​គរ​ តប​ត​ទៅ​វិញ​យ៉ាង​សាហាវ​។ សង្គ្រាម​នេះ​ ឮ​តែ​សន្ធឹក​សូរ​ស្គរ​ គង​រគាំង​ត​ តាំង​ហ៊ោ​កញ្ជ្រៀវ​ សូរ​កាំ​ភ្លើង​កៅ​ទ័ណ្ឌ​ (ធ្នូ​សម្រាប់​ព្រះ​ទ្រង់​រាជ​) ធ្នូ ស្នា ​សស្ត្រា​វុធ​ ជា​មហា​កោ​លា​ហល​ រចល់​ពល​សៀម​ក៏​ស្លាប់​គរ​ជើង​លើ​គ្នា​ នៅ​ជើង​កំពែង​។ ពល​ខ្មែរ​ក៏​ស្លាប់​រាប់​មិន​អស់​ដូច​គ្នា​។ ខណៈ​នោះ​ ចៅ​បាសាត​ (ព្រះ​រាជបុត្រ​ទី​២​ នៃ​ ព្រះ​ចៅ​សៀម​)​ បរពល​ទាហាន​រុក​រាន​ លុក​ចូល​ទិស​ខាង​កើត​ បាន​ដល់​មក​ក្នុង​កំពែង​ព្រះ​នគ​រ។ កង​ទាហាន​ទី​ទៃ​ ក៏​បាន​ចូល​គ្រប់​ទិស​ ចាក់​កាប់​ សម្លាប់​គ្នា ជា​ច្រឡំ​បល់​ក្នុង​ព្រះ​នគ​រ។ ពល​ខ្មែរ​ស្លាប់​ច្រើន​ម៉ឺន​ណាស់​ ឈាម​ក្រហម​ដាល​ដាស​ទាំង​ទី​កំពែង​ព្រះ​រាជ​វាំង​។​

កាល​វេលា​ ទ័ព​សៀម​ចូល​បាន​នោះ​ សម្ដេច​ព្រះ​មហា​ឧប​រាជ​ ព្រះ​អង្គ​សុគត​ក្នុង​សង្គ្រាម​យុទ្ធ​នោះ​ទៅ​ហើយ​ ពុំ​មាន​នរ​ណាឡើយ​ ជា​មេ​ទ័ព​ត្រួត​ត្រា​ តំណ​អំពី​ព្រះអង្គ​សោះ​។ បណ្ដា​រេហ៍​ពល​ សាកល​យោធា​ ក៏​រំសាយ​ដៃ​ រំលាយ​គ្នាអ​ស់​ទៅ​។

ព្រះ​បរម​រាជា​ ជា​ព្រះ​រាជ​បុត្រ​ ព្រះ​បាទ​សម្ដេច​ព្រះ​លំពង់​រាជា​ ព្រះ​ធម្មា​សោក​រាជ​ ជា​ព្រះ​រាជ​បុត្រ​សម្ដេច​ព្រះ​មហា​ឧបរាជ​ និង​ រាជ​គ្រូ​បុរោហិត​ កាល​បើ​ឃើញ​ថា នឹង ទប់​ទល់​ នឹង ទ័ព​សៀម​ពុំ​បាន​ហើយ​ក៏​បបួល​គ្នា​យក​គ្រឿង​សម្រាប់​រាជ្យ​ និង​ ព្រះ​ខាន់ លំពែង​ជ័យ គ្រឿង​កៅ​ទ័ណ្ឌ​សម្រាប់​ព្រះ​បញ្ចក្សេត្រ​នោះ​ នាំ​មុខ​មន្ត្រី​រាស្ត្រ​ប្រជា​ច្រើន​ម៉ឺន​នាក់​ វាយ​ទម្លាយ​ទ័ព​សៀម​ ត្រា​តែ​បែក​ហើយ​រត់​រួច​ចេញ​ទៅ​។ គ្រា​នោះ​ ព្រះ​មហា​នគ​រ ក៏​បែក​ខូច​បាន​ទៅ​សៀម​ ក្នុង​ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ព.ស.១៨៩៧-គ.ស.១៣៥៣-ម.ស.១២៧៥-ច.ស. ៧១៥។

ព្រះ​រាមា​ធិបតី​ (ស្ដេច​សៀម)​ កាល​បើ​មាន​ជ័យ​ជំនះ​លើ​ខ្មែរ​ហើយ​ ក៏​លើក​ពល​សៀម​ចូល​មក​មហា​នគរ​ ប្រមូល​ព្រះ​រាជ​ទ្រព្យ​សម្បត្តិ​ ក្នុង​ឃ្លាំង​ យក​បញ្ជី​គ្រប់​ចំនួន​ ចាប់​យក​រាស្ត្រ​ខ្មែរ​ក្នុង​នគរ​ ដាក់​ជា​ឈ្លើយ​បាន​មួយ​សែន​គ្រួ​ ហើយ​ស្ដេច​នាំ​សេនា​ទាហាន​ ចូល​ទត​ក្នុង​ព្រះ​មហាន​គរ​ គ្រប់​ប្រាសាទ​រាជ​សីមា​ នៅ​ដំណាក់​រោង​ទង​ រោង​ទី​រាជ​ឃ្លាំង​ កំពែង​គ្រប់​តំបន់​ សុទ្ធ​សឹង​ប្រដាប់​រចនា​ដោយ​កែវ​ ដោយ​ថ្ម ឆ្លាក់​ទឹប​មាស​ ឱភាស​ប្រសើរ​ណាស់​។ ព្រះ​ចៅ​រាមាធិ​បតី​ និង សេនា​ទាហាន​ ក៏​លាន់​មាត់​សរ​សើរ​ថា ​: ប្រាសាទ​មហាន​គរ​នេះ​ ល្អ​ដូច​ប្រាសាទ​ក្នុង​ឋាន​ត្រៃ​ត្រឹង្សា​ សួគ៌ា​ ដូច​បាន​​ល្បី​ឮ​រន្ទឺ​គ្រប់​ប្រទេស​រៀង​មក​មែន​។ លុះ​ស្ដេច​ទៅ​ដល់​ទី​តម្កល់​ព្រះ​សព​ ព្រះ​លំពង់​រាជា​ ក៏​ព្រះ​អង្គ​បង្កើត​ជា​ធម្ម​សង្វេគ​ ទ្រង់​ត្រាស់​ឲ្យ​រៀប​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​សព​ព្រះ​បាទ​លំពង់​រាជា​ និង​ សម្ដេច​ព្រះ​មហា​ឧប​រាជ​ តាម​ទំនៀម​របស់​ខ្មែរ​។ លុះ​រៀប​ស្រេច​ហើយ​ ទើប​ស្ដេច​រៀប​អភិ​សេក​ព្រះ​រាជ​បុត្រ​ទី​១​ របស់​ព្រះ​អង្គ​ព្រះ​នាម​ព្រះ​ចៅ​បាអាត​ ឲ្យ​សោយ​រាជ្យ​ក្នុង​ដែន​ដី​ ប្រទេស​កម្ពុ​ជា​។

ផែនដីព្រះចៅបាអាត "ស្ដេចសៀម
(ពីគ.ស.១៣៥៣ ដល់ គ.ស.១៣៥៥)

ចៅ​បាអាត​ ឡើង​សោយ​រាជ្យ​ នៅ​មហា​នគរ​ ក្នុង​ឆ្នាំ​ម្សាញ់ បញ្ច​ស័ក​នោះ​ ព្រះ​អង្គ​ទ្រង់ ព្រះ​នាម​ថា ព្រះ​ចៅ​បាអាត​រាជា​។ ព្រះ​ចៅ​រាមាធិ​បតី ​ស្ដេច​សៀម​ កាល​បើ​បាន​រៀប​អភិសេក​ ព្រះ​រាជ​បុត្រ​ទី១​ របស់​ព្រះ​អង្គ​រួច​ហើយ​ ក៏​បាន​ទុក​ព្រះ​ចៅ​បាអាត​មួយ​ ចៅ​កំពង់​ពិសី​មួយ​ និង​សេនា​ទាហាន​សៀម​មួយ​ម៉ឺន​នាក់​ ឲ្យ​នៅ​ជួយ​ធ្វើ​ការ​រាជ​ការ​ និង រក្សា​នគរ​។ ទ្រង់​តាំង​នាម៉ឺន​សៀម​ ឲ្យ​ធ្វើ​ជា​ចៅ​ហ្វាយ​ស្រុក​ ស្រុក​បស្ចិម​មួយ​ នគ​ររាជ​សីមា​មួយ​ ស្រុក​ទាំង​ពីរ​ សៀម​យក​ជាប់​ទៅ​ តាំង​ពី​ពេល​នោះ​មក​។ ព្រះ​ចៅ​រាមាធិ​បតី​ លុះ​តាំង​នាម៉ឺន​រួច​ហើយ​ ទ្រង់​ប្រទាន​រង្វាន់​ ដល់​សេនា​ទាហាន​តាម​សម​គួរ​។ ស្ដេច​ត្រាស់​ឲ្យ​ផា​ត់​កៀរ​គ្រួសារ​ខ្មែរ​ ប្រាំ​បួន​ម៉ឺន​នាក់​ ទ្រង់​ទុក​មួយ​ម៉ឺន​ ទ្រង់​ឲ្យ​ជញ្ជូន​យក​ទ្រព្យ​ ពិសេស​មាន​តម្លៃ ​និង​ មាស​ប្រាក់​សម្រាប់​ផែន​ដី​ សព្វ​ដំរី​ សេះ​ ព្រះ​រាជ​ទ្រព្យ​គ្រប់​គ្រឿង​ប្រដាប់​ ទ្រង់​ឲ្យ​យក​កន្ទេល​មាស​ កន្ទេល​ប្រាក់​ ដាក់​រទេះ​ ផ្ទុក​ជា​ស្រេច​ហើយ​ ទើប​ស្ដេច​លើក​ទ័ព​ មក​ក្រុង​មហា​នគ​រ​វិញ​។

ព្រះ​ចៅ​បាអាត​ បាន​សោយ​រាជ្យ ជា​ស្ដេច​ក្នុង​ប្រទេស​កម្ពុជា​ ទ្រង់​បាន​ឲ្យ​មនុស្ស​ដើរ​បញ្ចុះ​បញ្ចូល​រាស្ត្រ​ខ្មែរ​បាន​មក​តាំង​ជា​មន្ត្រី​ ហើយ​ឲ្យ​មន្ត្រី​ខ្មែរ​ សៀម​ ចេញ​ប្រាប​ប្រាម​ សង្កត់​ខែត្រ​នានា​ ក្នុង​ប្រទេស​កម្ពុ​ជា តែ​សង្កត់​បាន​តែ​ខែត្រ​ ដែល​នៅ​ជិត​ៗ​ប៉ុណ្ណោះ ​ឯ​ខែត្រ​ធំ ​តូច​ នៅ​ត្រើយ​​ខាង​កើត​ ខាង​ជើង​ ខាង​ត្បូង​នោះ​ ពុំ​មក​ចុះ​ចូល​ស្ដេច​ឡើយ​។ ចៅ​ហ្វាយ​ស្រុក​ទាំង​នោះ​ តាំង​ខ្លួន​ជា​ធំ​តែ​ដោយ​ខ្លួន​ លើក​ទ័ព​លប​កាប់​សម្លាប់​គ្នា​, អស់​ប្រជា​នុរាស្ត្រ​ កើត​វិនាស​ក្ដៅ​ក្រហាយ​ ជា​កលិយុគ​ កើត​ទុក្ខ​តាំង​ពី​ឆ្នាំ​ម្សាញ់​បញ្ច​ស័ក​នោះ​រៀង​មក​។

នេះ​នឹង​ស្រដី​ពី​ព្រះ​ស្រី​សុរិ​យោវង្ស​ ដែល​ព្រះ​អង្គ​ចាញ់​ទ័ព​សៀម​ រត់​ទៅ​ប្រទេស​លាវ​។ ព្រះ​ស្រី​សុរិ​យោវង្ស​ ដែល​ស្ដេច​ទៅ​គង់​នៅ​ក្នុង​នគរ​លាវ​នោះ​ លុះ​មហាន​គរ​បែក​ធ្លាយ​ហើយ​ ព្រះ​អង្គ​ក៏​ចេញ​អំពី​នគរ​លាវ​ មក​បញ្ចុះ​បញ្ចូល​សេនា​ទាហាន​ ប្រាប​ប្រាម​ស្រុក​ដែល​ចលា​ចល ឲ្យ​បាន​រាប​ទាប​ រហូត​ទល់​ នឹង ស្រុក​ចំណុះ​សៀម​។

ព្រះ​ចៅ​បាអាត​ សោយ​រាជ្យ​បា​ន​ ២​ឆ្នាំ គឺ​ពី​ឆ្នាំម្សាញ់​ បញ្ចស័ក​ ដល់​ឆ្នាំ​មមែ សប្ត​ស័ក បើ​រាប់​តែ​ក្បាល​​ឆ្នាំ បាន​៣​ឆ្នាំ ​ទ្រង់​ប្រឈួន​ហើយ​សុគត​ទៅ​។ មន្ត្រី​ខ្មែរ​សៀម​ លើក​ព្រះ​សព​ធ្វើ​បុណ្យ​ ហើយ​អញ្ជើញ​ព្រះ​ចៅ​បាសាត​ ជា​ព្រះ​រាជ​អនុជ​ ឲ្យ​ឡើង​សោយ​រាជ្យ​ ជា​ជំនួស​ព្រះ​រៀម​។