ថ្ងៃអាទិត្យ ទី7.តុលា 2018.ម៉ោង 8:15
ផែនដីព្រះបរមិន្ទរាជា លេខ៤

លុះ​ចូល​ឆ្នាំ​ថ្មី​ ព.ស. ២១១៦, គ.ស. ១៥៧២, ម.ស. ១៤៩៤, ច.ស. ៩៣៤ ឆ្នាំ​វក​ ចត្វា​ស័ក​ខាង​ឯ​នគរ​លាវ​ ព្រះ​ចៅ​ក្រុង​លាន​ជាង​បូរី​ "ស្ដេច​លាវ​" ស្ដេច​ចេញ​ប្រឹក្សា​ និង​ សេនា​បតី​មន្ត្រី​ក្លាវ​ "ប្រែ​ជា​ខ្មែរ​ថា​ : នា​ម៉ឺន​ធំតូច​" មាន​ពញា​ឧប​រាជ​ ពញា​រាជ​សូរ​វង្ស​ជា​ដើម​ថា ​:​ ព្រះ​ចៅ​ក្រុង​ហង្សា​វតី​វាយ​បាន​នគរ​ដទៃ​មក​ជា​ចំណុះ​ច្រើន​ ខាង​ស្ដេច​អណ្ណាម​កុក​ (ស្រុក​យួន​)​ ក៏​វាយ​យក​នគរ​ចាម​បាន​ជា​ចំណុះ​ដែរ​ ឥឡូវ​នគរ​ខ្មែរ​ក៏​នៅ​ជា​ឯក​រាជ្យ​ យើង​លើក​ទ័ព​ទៅ​វាយ​យក​ជា​ចំណុះ​យើង​ ក៏​មុខ​ជា​នឹង​លំបាក​ដល់​សេនា​ទាហាន​ដែរ​ បើ​ដូច្នេះ​ យើង​គិត​យក​ដំរី​គុជ​សារ​ សឹក​ធំ​របស់​យើង​ដែល​កំពុង​ចុះ​ប្រេង​ ទៅ​បបួល​នគរ​ខ្មែរ​ប្រជល់​ភ្នាល់​គ្នា​ដោយ​ដាក់​នគរ​ជា​ក្រយា​តំណាង​​ថា​ បើ​ខ្មែរ​រក​ដំរី​មក​ប្រជល់​ នឹង ដំរី​យើង​ពុំ​បាន​ទេ​ ខ្មែរ​ត្រូវ​យក​នគរ​របស់​ខ្លួន​មក​ជា​ចំណុះ​យើង​ យ៉ាង​នេះ​ ហើយ​យើង​ នឹង បាន​នគរ​ខ្មែរ​មក​ជា​ចំណុះ​យើង​ដោយ​ងាយ​។​

ខណៈ​នោះ​ពញា​ឧប​រាជ​សូរិ​វង្ស​ក្លាវ​ខ្លា​សេនា​លាវ​ក្រាប​ទូល​ថា​: ព្រះ​តំរិះ​នេះ​ពេញ​ ជា​ប្រសើរ​សម​គួរ​ណាស់​។ ទូល​ព្រះ​បង្គំ​ឃើញ​ស្រប​ថា ​:​ បើ​នគរ​ខ្មែរ​គ្មាន​ដំរី​ទេ​នោះ​ យើង​ នឹង បាន​នគរ​ខ្មែរ​​ជា​ចំណុះ​មួយ​ដ៏​ងាយ​មែន​។​ ស្ដេច​លាវ​កាល​បាន​ឮ​ អស់​សេនា​លាវ​ក្លាវ​ខ្លាំង​ និង​ ព្រះ​រាជ​វង្សា​នុ​វង្ស​យល់​ព្រម​ល្មម​តាម​ព្រះ​ទ័យ​អស់​ហើយ​ក៏​ ត្រេក​អរ​ណាស់​ ទើប​ទ្រង់​ត្រាស់​ឲ្យ​ អាល​ក្ខ​ តែង​​ព្រះ​​រាជ​សារ​លើ​ផែន​មាស​ដាក់​បំពង់​ប្រាក់​ច្រក​ស្រោម​ ស្រោម​ព្រែ​របស់​លាវ​ សំរាប់​រាជ្យ​នូវ​សំណៅ​ ហើយ​ឲ្យ​មន្ត្រី​ពីរ​នាក់​ជា​ចៅ​ហ្វាយ​ស្រុក​ចម្បា​សក្ដិ​ ជា​រាជ​ទូត​ឲ្យ​ចៅ​ហ្វាយ​ស្រុក​បោង​ចាំ​ឃុំ​ពល ១១០០ នាក់​ឲ្យ​នាំ​ដំរី​ មួយ​ធំ​ខ្ពស់​ កំពស់ ​៨​ ហត្ថ​មួយ​ចំ​អាម​ ដែល​កំពុង​ចុះ​ប្រេង​និង​គ្រឿង​បណ្ណា​ការ​គឺ​ភ្លុក​ដំរី​ ៤​ ក្បាល​កុយ​រមាស ​២​ ក្បាល​ប្រអប់​មាស​ដាក់​ ក្បាល​មួយ​ ពាន​មាស​ ផ្តិល​មាស​ សំរាប់​ស្រព​មួយ​សំរាប់​ ដី​ ស​កែវ​ ៥ ​ដុំ​កន្ទុយ​ចាម​រី ១០​ ប្រគល់​ឲ្យ​រាជ​ទូត​ ឲ្យ​នាំ​មក​ដល់​ក្រុង​កម្ពុជា​ធិបតី​លង្វែក​រាជ​ធានី​។​ មន្ត្រី​លាវ​ទាំង​នេះ​នាំ​មក​ជួប​ នឹង សេនា​បតី​ខ្មែរ​ហើយ​សូម​ឲ្យ​សេនា​បតី​ ខ្មែរ​នាំ​សេច​ក្ដី​ឡើង​ក្រាប​បង្គំ​ទូល​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​។ ព្រះ​ករុណា​ទ្រង់​បាន​ជ្រាប​ហើយ​ទ្រង់​ត្រាស់​ឲ្យ​រៀប​ព្រះ​ទី​នាំង​ចន្ទ​ឆា​យា​មហា​ប្រាសាទ​ និង​ចុង​ព្រះ​រាជ​រោង​សុវណ្ណ​វិមាន​ ហាម​ប្រាម​អស់​ ខ្ញុំ​រាជ​ការ​ធំ​តូច​ ឲ្យ​តែង​ខ្លួន​តាម​តំណែង​បណ្ដា​សក្ដិ​រៀង​ខ្លួន​មក​ក្រាប​បង្គំ​គាល់​។​

 លុះ​ព្រឹក​ឡើង​ស្ដេច​ទ្រង់​គ្រឿង​សំរាប់​ក្សត្រ​ចេញ​ចុង​ព្រះ​រាជ​រោង​រម្យ​ ប្រជុំ​អស់​ព្រះ​រាជ​វង្សា​នុវង្ស​សេនា​មាត្រ​ នាយក​ចតុ​មុខ​មន្ត្រី​ធំ​-តូច​គាល់​ក្រោម​ព្រះ​បាទ​ម្កុដ​មាស​លើ​មល្លិ​ការ​រួច​ទ្រង់​ព្រះ​រាជា​នុញ្ញាត​ឲ្យ​នាំ​រាជ​ទូត​លាវ​ និង ​រាជ​សារ​គ្រឿង​បណ្ណា​ការ​ចូល​ក្រាប​បង្គំ​ថ្វាយ​។ ខណៈ​នោះ​ ទ្រង់​ត្រាស់​ឲ្យ​ភ្នាក់​ងារ​ប្រែ​មើល​មាន​សេច​ក្ដី​ថា​ : រាជ​សារ​ សម្ដេច​មហា​ក្សត្រ​ ព្រះ​ចៅ​ក្រុង​ស្រី​សត​នា​គន​ហុត​ សុខ​មក​ណជ​បាល​វតី​ មហា​នគរ​ជា​ធំ​ក្នុង​មា​លាន​ប្រទេស​ទិស​ឧត្តរា​ សូម​ចំរើន​ផ្លូវ​ព្រះ​រាជ​មេត្រី​មក​ សម្ដេច​ព្រះ​មហា​ក្រស័ត្រ​សោយ​រាជ​សម្បត្តិ​ក្នុង​ក្រុង​កម្ពុ​ជា​ធិបតី​ សិ​រីយ​​សោ​ធរ​បវរ​ឥន្ទ​បត្ត​ កុរុ​រាជ​ធានី​បុរី​រម្យ​ ឧត្តម​រាជ​និវេស​ន៍​វិសេស​មហា​ស្ថាន​សូម​ទ្រង់​ជ្រាប​។​ ដ្បិត​ព្រះ​នគរ​យើង​ទាំង​ពីរ​ជា​ឯក​រាជ្យ​ដូច​គ្នា​មាន​ទំនៀម​ខត្យាវ​តា​នុវត្ត​ក្រស័ត្រ​ក៏​ដូច​គ្នា​ ហើយ​ជាប់​ជាយ​ដែន​អាណា​ចក្រ​គ្នា​ទៀត​។ ឥឡូវ​នេះ​យើង​ចង់​រំលាយ​ ព្រះ​នគរ​ទាំង​ពីរ​ជា​នគរ​តែ​មួយ​។​

 ដូច្នេះ​បើ​ថា​យើង​ចង់​ នឹង លើក​យោធា​ពលា​ជ័យ​ កង​ទ័ព​លាវ​មក​វាយ​យក​ស្រុក​ខ្មែរ​ ក៏​យក​បាន​តែ​ការ​នេះ​ នឹង នាំ​ឲ្យ​តែ​លំបាក​ដោយ​ផ្លូវ​គីរី​បុព្វតា​អារញ្ញ​​វា រុក្ខា​ទូ​រេស​ឆ្ងាយ​ហើយ​ឲ្យ​ជា​ទុក្ខ​លំបាក​ដល់​អស់​រេហ៍​ពល​ថែម​ទៀត​ផង​។​ ឥឡូវ​នេះ​យើង​ឲ្យ​នាំ​គជ​សារ​មក​ប្រជល់​ភ្នាល់​គ្នា​ នឹង គជេន្ទ្រ​ក្រ​ស័ត្រ​ក្រុង​កម្ពុជា​យក​នគរ​ខ្មែរ​ និង​ នគរ​លាវ​ដាក់​ជា​ក្រយា​តំណាង​។​ ថា​បើ​ដំរី​ខ្មែរ​បរាជ័យ​នោះ​ឲ្យ​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ រៀប​សុវណ្ណ​ហិ​រញ្ញ​បុប្ផា​បណ្ណា​ការ​ឲ្យ​យក​ទៅ​ចំណុះ​នគរ​លាវ​។​ ថា​បើ​ដំរី​លាវ​ បរា​ជ័យ​យើង​ នឹង រៀប​សុវណ្ណ​ហិ​រញ្ញ​មាលា​បណ្ណា​ការ​យក​នគរ​លាវ​មក​ជា​ចំណុះ​ព្រះ​នគរ​ខ្មែរ​។​

 ដូច្នេះ​បើ​រាជ​ទូត​យើង​បាន​មក​ដល់​ហើយ​សូម​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ អនុ​កូល​ចិត្ត​ទទួល​ប្រជល់​កុំ​បី​ឲ្យ​បង់​ព្រះ​រាជ​មេត្រី​ឡើយ​។​ ព្រះ​បរម​រាជា​ធិ​រាជ​ ជា​អម្ចាស់​ផែន​ដី​ "ព្រះ​រាជា​ខ្មែរ​យើង​" ទ្រង់​ជ្រាប​ហើយ​ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​បរិ​ហារ​ នឹង ខ្ញុំ​រាជការ​ធំ​-​តូច​ និង​ រាជ​ទូត​លាវ​ថា​:​ ព្រះ​ចៅ​ក្រុង​ស្រី​សត​នា​គន​ហុត​ គិត​ការ​កំសាន្ត​ព្រះ​រាជ​ហឫ​ទ័យ​ យក​ដំរី​មក​ប្រជល់​គ្នា​ដាក់​ព្រះ​នគរ​យ៉ាង​ដូច្នេះ​ឃើញ​ថា​ពុំ​សម​រម្យ​សោះ​។​

ប្រសិន​បើ​ព្រះ​នគរ​ទាំង​ពីរ​បាន​ប្រជល់​ដំរី​ភ្នាល់​គ្នា​មែន​ ហើយ​ព្រះ​នគរ​ខាង​ណា​ឈ្នះ​ក្ដី​ ចាញ់​ក្ដី​សុខ​ចិត្ត​ញ៉ម​តាម​សំដី​របស់​ខ្លួន​នោះ​ព្រះ​នគរ​ទាំង​ពីរ​ក៏​បាន​សុខ​ដោយ​សារ​នោះ​ផង​ទៅ​។​ ប្រសិន​បើ​នគរ​ណា​មួយ​ប្រាស​ចាក​ហិរិ​ឱត្តប្ប​បង់​សុច​រិត​សត្យ​វាចា​នោះ​ ព្រះ​នគរ​លាវ​ និង​ ព្រះ​នគរ​ខ្មែរ​ ក៏​គង់​តែ​ពុំ​សុខ​មុខ​ជា​ នឹង កើត​ទុក្ខ​ដល់​សម​ណ​ជី​ព្រាហ្មណ៍​ ប្រជា​រាស្ត្រ​ លាវ និង​ រាស្ត្រ​ខ្មែរ​ទៀត​ពុំ​លែង​ឡើយ​។​ យើង​គិត​យល់​ថា​ ព្រះ​នគរ​លាវ​ និង ក្រុង​កម្ពុជា​ធិបតី​ពុំ​ដែល​បាន​ចង​ពៀរ​ជា​បច្ចា​មិត្រ​ នឹង គ្នា​បាន​ម្ដង​សោះ​ទេ​ ឥឡូវ​បើ​ព្រះ​នគរ​លាវ​ចង់​ប្រ​ជល់​ដំរី​ភ្នាល់​ នឹង ព្រះ​នគរ​កម្ពុ​ជា​ដោយ​ដាក់​នគរ​រៀង​ខ្លួន​ជា​តំណាង​​ដូច្នេះ​យើង​ក៏​មិន​រួញ​រា​អ្វី​ដែរ​។​ ទ្រង់​មាន​ព្រះ​រាជ​បន្ទូល​តែ​ប៉ុណ្ណេះ​ហើយ​ ទើប​ស្ដេច​ព្រះ​រាជ​ដំណើរ​ចេញ​ទៅ​មុខ​ព្រះ​លាន​ទត​ ដំរី​លាវ​ ទ្រង់​ព្រះ​រាជ​បញ្ជា​ឲ្យ​យក​កំពស់​ទៅ​ឃើញ​ ៨ ហត្ថ​មួយ​ចំអាម​ឃើញ​រូប​រាង​ក៏​មាំ​មួន​ សម​ជា​ដំរី​សឹក​មែន​ ទើប​ទ្រង់​ត្រាស់​ប្រាប់​ទៅ​រាជ​ទូត​លាវ​ថា ​:​ ខ្មែរ​ព្រម​ប្រជល់​ដំរី​ហើយ​ តែ​សន្មត ​៧​ថ្ងៃ​ ទើប​ចាប់​ប្រជល់​គ្នា​។ ឥឡូវ​​នេះ​ឲ្យ​ទាហាន​លាវ​នាំ​ដំរី​ទៅ​រក្សា​ដោយ​សម​គួរ​ចុះ​។​ ត​មក​ទ្រង់​ត្រាស់​ឲ្យ​ឧកញ៉ា​ចក្រី​ យក​ដំរី​សឹក​ព្រះ​ទីនាំង​ក្នុង​រោង​មក​ថែ​ទុក​បំរុង​ នឹង ប្រជល់​។​

 លុះ​​ដល់​​ថ្ងៃ​ជា​ពេ​លា​កំណត់​ប្រជល់​ហើយ​ស្ដេច​ទ្រង់​ព្រះ​រាជ​ដំណើរ​ចេញ​ពី​សុវណ្ណ​មហា​ប្រាសាទ​​ខ្ពស់​ ព្រម​ទាំង​ព្រះ​រាជ​វង្សា​នុ​កូល​ខត្តិ​យា​ និង ធីតា​សុរង្គ​រាជ​នារី​រម្យ​ស្នំ​ ក្រម​សមុហៈ​ទាហាន​ មាន​មាត្យា​ ក្រុម​និវេសន៍​មហា​ស្ថាន​គាល់​ត្រៀប​ត្រា​ ទើប​ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ឲ្យ​យក​ព្រះ​ទីនាំង​គជេន្ទ្រ​សឹក​ កំពស់​ ៧​ហត្ថ​ចុះ​ប្រេង​មុខ​ក្រោយ​ឲ្យ​ចង​គ្រឿង​សុវណ្ណ​វិចិត្រ​ព័ទ្ធ​ខ្នង​ មាន​មន្ត្រី​ជិះ​ក្បាល​ ជិះ​កន្សៃ​។​ ខាង​ដំរី​លាវ​វិញ​ ដែល​មាន​កំពស់​ ៨ ​ហត្ថ​ មួយ​ចំអាម​នោះ​ក៏​មាន​គ្រឿង​ប្រដាប់​រចនា​យ៉ាង​សោភា​ណាស់​ដែរ​។ មន្ត្រី​លាវ​ជិះ​ក្បាល​ ជិះ​កន្សៃ ​ចុះ​​ព្រេង​មុខ​ក្រោយ​ មក​ដល់​នា​ព្រះ​ទីនាំង​។ ទើប​ទ្រង់​យក​កុណ្ឌី​មាស​ច្រូច​ទឹក​ស្នោ​ទក​ បើក​ព្រះ​រាជ​ឱង្ការ​ត្រាស់​ថា ​:​ សូម​ទេវ​តា​ទាំង​ឆកាមា​វចរ​សួគ៌​ ដែល​រក្សា​ព្រះ​នគរ​គ្រប់​ទិស​ទី​មក​ជា​សាក្សី​ពេជ្រ​ញ្ញាណ​។​

 ថា​បើ​ព្រះ​នគរ​ខាង​ណា​មាន​បុញ្ញា​ធិការ​បារមី​ច្រើន​សេស​ព្រះ​នគរ​ម្ខាង​ ​ខ្ញុំ​សូម​ឲ្យ​មាន​ជ័យ​ជំនះ​ឈ្នះ​ដំរី​ខាង​ម្ខាង​នោះ​ឲ្យ​បាន​ដូច​ប្រាថ្នា​។​ លុះ​មាន​ព្រះ​រាជ​ឱង្ការ​ដូច្នេះ​ហើយ​ ទើប​ទ្រង់​ត្រាស់​ឲ្យ​គោះ​គង​ ទូង​ស្គរ​លេង​ភ្លេង​សំរាប់​យុទ្ធ​ដំរី​ទាំង​ពីរ​។ មួយ​រំពេច​នោះ​ដំរី​ទាំង​ពីរ​ក៏​លែង​ឲ្យ​ចូល​ប្រជល់​គ្នា​។ ដំរី​លាវ​ឃើញ​ដំរី​ខ្មែរ​តូច​ក៏​ស្ទុះ​មក​ចាក់​ត្រូវ​ព្រះ​ទីនាំង​គជេន្ទ្រ​មុន​។ ឯ​ព្រះ​ទីនាំង​គជេន្ទ្រ​ក៏​ស៊ូ​ចាក់​ជល់​ទៅ​វិញ​ ជា​កោលា​ហល​ដល់​ទៅ​ប្រមាណ​ច្រើន​នាឡិកា​។​

 កាល​នោះ​ប្រជា​នុរាស្ត្រ​ផ្អើល​មក​មើល​ពាស​ពេញ​ត្រៀប​ត្រា​ជា​មហា​វិសេស​ភ្នែក​ណាស់​។​ បើ​ដំរី​ខ្មែរ​ចាក់​ត្រូវ​ដំរីលាវ​ម្ដង​ៗ​សូរ​សព្ទ​វាចា​សារ​ធិការ​ ក៏​បន្លឺ​គឹក​កង​រំពង​ស្ទើរ​ភ្លូក​ភ្លឹក​ផែន​ដី​។ បើ​ដំរី​លាវ​ចាក់​ត្រូវ​ដំរី​ខ្មែរ​ម្ដង​ៗ​ ពួក​លាវ​ទាំង ​១០០០​នាក់​ ក៏​ត្រេក​អរ​ស្រែក​បន្លឺ​សូរ​សព្ទ​យ៉ាង​សន្ធឹក​រាល់​កាយ​ដូច​គ្នា​។​ លុះព្រះទីនាំងគជេន្ទ្រនៃសម្ដេច​ព្រះ​បរម​បពិត្រ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ទទួល​ជ្រង​ចាក់​ដំរី​លាវ​ពីក្រោ​ម​ត្រូវ​យ៉ាង​ដំណំ​បាន​ចំណាប់​​ហើយ​ក៏​រុញ​ទៅ​ពេញ​ទំហឹង​។ ខណៈ​នោះ​ដំរី​លាវ​ក្រឡះ​ពី​ខ្លួន​ រួច​ហើយ​ទៅ​ជល់​ដំរី​ខ្មែរ​វិញ​ម្ដង​ទៀត​ ដំរី​ខ្មែរ​លើក​នេះ​ត្រូវ​ស្នាប់​មុខ​បុក​កណ្ដាល​ភ្លុក ដំរី​លាវ​យ៉ាង​​ខ្លាំង​ បណ្ដាល​ឲ្យ​ដំរី​លាវ​ប្រាស់​​ស្ទុះ​សុំ​យក​តែ​អាយុ​ប៉ុណ្ណោះ​។ ដំរី​ខ្មែរ​ដេញ​ចាក់​ថែម​ទៀត​ត្រូវ​លោកង​ខាង​ក្រោយ​ ដំរី​លាវ​ស្រែក​រោទិ៍​យ៉ាង​ខ្លាំង​រត់​កណ្ដាល​ទី​។ អស់​ពួក​ខ្ញុំ​រាជ​ការ​ខ្មែរ​ក៏​ស្រែក​ហ៊ោ​ក​ញ្ជ្រៀវ​កក្រើក​អំពើក​បី​ដូច​ផែន​ដី​ញាប់​ញ័រ​រន្ធត់​។ ព្រះ​បាទ​សម្ដេច​ក្សត្រា​ធិ​រាជ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ "​ព្រះ​រាជា​ខ្មែរ"​ ទ្រង់​ព្រះ​បីតិ​សោម​នស្ស​ប្រជា​ភិរម្យ​ណាស់​។ ស្ដេច​មាន​ព្រះ​រាជ​ឱង្ការ​ ត្រាស់​ទៅ​កាន់​ព្រះ​រាជ​ទូត​លាវ​ថា ​:​ អម្ចាស់​ឯង​ សន្យា​ថា​ បើ​ដំរី​ឯង​ចាញ់​ដំរី​អញ​ អម្ចាស់​ឯង​ នឹង​ ឲ្យ​នាំ​រាជ​បណ្ណា​ការ​មក​ទទួល​ជា​ចំណុះ​ព្រះ​នគរ​អញ​ ឥឡូវ​នេះ ដំរី​ឯង​ចាញ់​ដំរី​អញ​ហើយ​ដូច្នេះ​ ចូរ​ឯង​នាំ​ដំរី​ទៅ​ថ្វាយ​ស្ដេច​ឯង​វិញ​ចុះ​ហើយ​ឲ្យ​អម្ចាស់​ឯង​ធ្វើ​តាម​សត្យ​សញ្ញា​របស់​ខ្លួន​ចុះ​។​ ឯ​ពល​មួយ​ពាន់​ និង ​បាវ​​ព្រាវ​​យើង​​ត្រូវ​​អូស​​ទុក​សិន​។​

 ថា​​បើ​ស្ដេច​លាវ​នាំ​សុវណ្ណ​បណ្ណា​ការ​មក​ដល់​ថ្ងៃ​ណា​អញ​ក៏​ នឹង បើក​បាវ​ទាំង​នោះ​ឲ្យ​ទៅ​វិញ​ក្នុង​ថ្ងៃ​នោះ​ដែរ​។ កាល​ទ្រង់​ត្រាស់​យ៉ាង​នេះ​ចប់​ហើយ​ទ្រង់​ត្រាស់​ឲ្យ​មន្ត្រី​ខ្មែរ​ឃុំ​ពល​លាវ​ទុក​មួយ​អន្លើ​សិន​ទើប​ ស្ដេច​យាង​ចូល​ព្រះ​រាជ​និវេសន៍​ មហា​ស្ថាន​វិញ​រួច​ទ្រង់​ត្រាស់​បញ្ជា​ឲ្យ​ធ្វើ​ព្រះ​រាជ​សារ​ ច្រក​ក្នុង​បំពង់​ភ្លុក​ស្រោម​​ព្រែក​ បោះត្រា​ព្រះ​វ​លញ្ជករ​រូប​ ព្រះ​មហា​ប្រាសាទ​ សំរាប់​ផែន​ដី​មួយ​ ព្រះ​វលញ្ជករ​ រូប​ព្រះ​ឥសូរ​ថ្លែង​ស​មួយ​ដួង​ រូប​ព្រះ​ព្រហ្ម​ប្លែង​រឹទ្ធី​គង់​លើ​នាគ​បើក​ពពារ​សំរាប់​រាជ្យ​មួយ​ដួង​ ដាក់​ស្រោម​ ស្រេច​ទើប​ទ្រង់​ចាត់​ផ្លែ​ក្រវាញ ​៤​ហាប​ ពាន​ព្រះ​ស្រី​មាស​ធំ​មួយ​ សំរាប់​គ្រឿង​ និង ព្រែ​សូត្រ​ ​២០ កី​ ថ្ម​កែវ​ ២០​​ដុំ សាក្លា ​ ២០​ ជាប់​កំរង​ផ្កា​មាស​មួយ​ កី​​ប្រគល់​ឲ្យ​រាជ​ទូត​លាវ​។​ រាជ​ទូត​លាវ​ក៏​ថ្វាយ​បង្គំ​លា​ នាំដំរី​ និង គ្រឿង​តប​ព្រះ​រាជ​បណ្ណា​ការ​ទៅ​នគរ​វិញ​។​ ដល់​នគរ​លាវ​ហើយ​ រាជ​ទូត​លាវ​ក៏​នាំ​រាជ​សារ និង រាជ​បណ្ណា​ការ​ចូល​ទូល​ថ្វាយ​ស្ដេច​សព្វ​តាម​ដំណើរ​។​

 ខណៈ​នោះ​ព្រះ​ចៅ​ក្រុង​ស្រី​សត​នា​គន​​ហុត​ ព្រះ​ស្រី​សុរិ​យោ​ពណ៌​ធម្ម​ចក្រ​រាជ​ ព្រះ​បរម​នាថ​ បរម​បពិត្រ​ប្រថាប់​ជា​ឥសូរ​កំពូល​កម្ពុជា​ធិបតី​ សិរីយ​សោ​ធរ​បវរ​ឥន្ទ​បត្ត​កុរុ​រដ្ឋ​ រាជ​ធានី​បុរី​រម្យ​ឧត្តម​​ ព្រះ​រាជ​និវេសន៍​ វិសេស​មហា​ស្ថាន​ ចំរើន​ព្រះ​រាជ​មេត្រី​ មក​សម្ដេច​ព្រះ​ចៅ​ ក្រុង​ស្រី​សតនា​គន​ហុត​ ឧត្តម​ រតន​និវេសន៍ ​វតី​​ មហានគរ​ឲ្យ​បាន​ជ្រាប​។ យើង​បាន​ទទួល​រាជ​សារ​ប្ដេជ្ញា​ថា​ ប្រ​ជល់​គជេន្ទ្រ​យុទ្ធ​ឥឡូវ​យើង​មាន​ជ័យ​ជំនះ​ហើយ​។ ដូច្នេះ​សូម​ព្រះ​ចៅ​ស្រី​សត​នា គនហុត​ នាំ​រាជ​សុវណ្ណ​ បណ្ណាការ ថ្វាយ​យើង​តាម​សតិ​បដិ​សញ្ញា​ចុះ​ យើង​នឹង​ប្រគល់​ពល​ទាំង​ ១០០០​នាក់​ឲ្យ​មក​វិញ​។​

 ត្រង់​នេះ​ព្រះ​រាជ​ពង្សា​វតារ​របស់​ព្រះ​បណ្ណា​ល័យ​ភាគ​៣ ទំព័រ​ ២១០ មាន​សេច​ក្ដី​ថា​:​ កាល​មន្ត្រី​លាវ​ នាំ​ដំរី​មក​ សុំ​ប្រជល់​ នឹង ដំរី​ខ្មែរ​នោះ​ ព្រះ​រាជ​សារ​ស្ដេច​លាវ​ មាន​សេច​ក្ដី​ប្លែក​គ្នា​ ពី​ព្រះ​រាជ​សារ​ក្នុង​សាស្ត្រា ​វត្ត​កំពង់​ត្រឡាច​ក្រោម​ ដូច​ត​ទៅ​នេះ:​ ថ្ងៃ​ក្រោយ​ស្ដេច​ "​ព្រះ​ករុណា​អម្ចាស់​ផែន​ដី​កម្ពុជា​យើង​" ស្ដេច​ឲ្យ​នាម៉ឺន​ សព្វ​មុខ​មន្ត្រី​ទាំង​ពួង​ តែង​ខ្លួន​ពេញ​យស​សក្ដិ​ ចូល​គាល​វេលា​ម៉ោង ​៩​ ព្រឹក​រួច​ស្រេច​ឲ្យ​ហ្លួង​ទិព្វ​សេនា​ "តូច"​ នាំ​ព្រះ​រាជ​សារ​ស្ដេច​លាវ​ និង​ មន្ត្រី​លាវ​ទាំង​ ២ ​នាក់​ចូល​គាល់​នៅ​ចុង​ព្រះ​រាជ​រោង​ជា​មួយ​នឹងសេនា​បតី​ទាំង​ពួង​។​ មន្ត្រី​លាវ​ថ្វាយ​បង្គំ​តាម​ទំនៀម​លាវ​ ៦ ​ដង​ហើយ​ក្រាប​គាល់​នៅ​ទី​នោះ​។ ទើប​សម្ដេច​ ព្រះ​បាទ​ ​បរមិន្ទ​រាជា​ ជា​អម្ចាស់​ទ្រង់​សួរ​ពី​សុខ​ទុក្ខ​ក្នុង​ព្រះ​នគរ​ មន្ត្រី​លាវ​ក៏​ក្រាប​បង្គំ​ទូល​តាម​ដំណើរ​សព្វ​គ្រប់​ហើយ​ ទ្រង់​ព្រះ​រាជ​បញ្ជា​ព្រះ​ទេព​ចិន្តា​ "សោ"​ ដែល​ចេះ​ភាសា​លាវ​ឲ្យ​សូត្រ​ព្រះ​រាជ​សារ​ថ្វាយ​សេច​ក្ដី​ថា​ : ព្រះ​រាជ​សារ​ ព្រះ​ចៅ​ស្រី​សតនា​ ​គនហុត​ ដ៏​ជា​មោលី​នៃ​នគរ​ជាន​​ជាតិ​ម៉ាឡាន​ ប្រទេស​លាន​ជាង​ (អាន​​តា​សំដី​លាវ​ថា​ ឡាន​ឆាង​ ប្រែ​ថា​ប្រទេស​មួយ​លាន​ដំរី​)​ ចំរើន​ផ្លូវ​ព្រះ​រាជ​មេត្រី​មក​សម្ដេច​ព្រះ​បរមិន្ទ​រាជា​ រាមា​ធិបតី​ ក៏​ប្រកប​ដោយ​កិត្យា​ភិនិ​ហារ​ក្នុង​ខេម​រា​ប្រទេស​។ សូម​ជ្រាប​។​

 យើង​ទាំង​ពីរ​ជា​ក្រស័ត្រ​ ប្រ​សើរ​ប្រកប​ដោយ​មន្ត្រី​រតន៍​ ដំរី​រតន៍ សេះ​រតន៍​ សេនា​ ទាហាន​រតន៍​ជាច្រើន​។ ត្បិត​មាន​ឮ​កិត្តិ​យស​ កិត្តិ​សព្ទ​ទៅ​ដល់​ម៉ាឡា​ប្រទេស​ថា ​: ក្រុង​កម្ពុជា​ធិបតី​មាន​ដំរី​ច្រើន​ ឥឡូវ​ខ្ញុំ​ចាត់​មន្ត្រី​ ២​នាក់ និង​ ពល ១០០០​នាក់ ឲ្យ​នាំ​ដំរី​មួយ​មក​ប្រជល់​គ្នា​ ភ្នាល់​ដាក់​ព្រះ​នគរ​ជា​ក្រយា​តំណាំង​។ ថា​បើ​ដំរី​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី បរាជ័យ​ចាញ់​ដំរី​យើង​ ព្រះ​ចៅ​ត្រូវ​នាំ​ព្រះ​រាជ​សារ​ដំបារ​មាស​ទៅ​ថ្វាយ​យើង​ជា​ចំណុះ​យើង​ជា​ព្រះ​ចៅ ​ក្រុង​ស្រី​សតនា​គន​ហុត​។​ ថា​បើដំ​រី​យើង​ចាញ់​ ត្រូវ​យើង​នាំ​ព្រះ​រាជ​សារ​ដំ​បារ​មាស​មក​ថ្វាយ​ជា​ចំណុះ​ក្រុង​កម្ពុជា​ធិប​តី​វិញ​ដែរ​។ ថា​បើ​ក្រុង​កម្ពុជា​ធិបតី​គ្មាន​ដំរី​ប្រជល់​ នឹង​ដំរី​យើង​ទេ​ ឲ្យ​ព្រះ​ចៅ​នាំ​ ព្រះ​រាជ​សារ​ដំបារ​មាស​ ទៅ​ថ្វាយ​ជា​ចំណុះ​នគរ​លាវ​ដោយស្រួល​តែ​ម្ដង​កុំ​ឲ្យ​លំបាក​ដល់​សេនា​ទាហាន​ឡើយ​។ ព្រះ​បរម​នាថ បរម​បពិត្រ​ អ្នក​ជា​អម្ចាស់​ ដែន​កម្ពុជា​ទ្រង់​បាន​ ព្រះ​សណ្ដាប់​សេច​ក្ដី​ ព្រះ​រាជ​សារ​ចប់​ហើយ​ត្រង់​នឹក​ពិរោធ​ក្នុង​ព្រះ​ទ័យ​ថា ​:​ ស្ដេច​លាវ​នេះ​ វា​មើល​ងាយ​អញ​ជា​ មហា​ក្រស័ត្រ​ប្រ​កប​ដោយ​ បុញ្ញ​ឫទ្ធិ​ដ៏​ប្រ​សើរ​ផង​ដូច្នេះ​ គួរ​តែ​​អញ​លើក​ទ័ព​ទៅ​លំអិត​ស្រុក​លាវ​ឲ្យ​ល្អិត​ដើម្បី​ឲ្យ​សម​ នឹង​ គំនិត​ដែល​វា​មើល​ងាយ​អញ​ហើយ​ ក្នុង​ពេល​ឥឡូវ​នេះ​អញ​ ល្មម​តែ​ចាប់​អាលាវ​រាជ​ទូតនេះ​ ទៅ​សំលា​ប់​ក៏​បាន​ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​ នឹង នាំ​ឲ្យ​ខូច​បង់​​បុរាណ​រាជ​ ប្រវេណី​ព្រោះ​ស្រុក​យើង​ក៏​​នៅ​ជាប់​ធ្វើ​សង្គ្រាម​នឹង​សៀម​ផង​។​ ឯ​លាវ​ថ្វី​បើ​វា​ព្រហើន​យ៉ាង​នេះ​ វា​ក៏​គង់​តែ នឹង បរា​ជ័យ​ ជា​មិន​ខាន​ដែរ​។​

 ទើប​ទ្រង់​ មាន​ព្រះ​តំរាស់​ និង​ មន្ត្រី​លាវ​ធ្វើ​ហាក់​ដូច​ជា​មិន​ខ្ញាល់​ថា​ : យើង​អរ​ណាស់​ និង​ ព្រះ​ចៅ​ស្រី​សតនា​គនហុត​ ដែល​បាន​ឲ្យ​នាំ​ដំរី​មក​ប្រជល់ នឹង ដំរី​យើង​នេះ​ណាស់​ហើយ​ ហើយ​ទ្រង់​ត្រាស់​ បង្គាប់​ឲ្យ​ឧក​ញ៉ា​ចក្រី​នូវ​បញ្ជូន​មន្ត្រី​លាវ​ទាំង​ពីរ​នាក់​ និង ពល ១០​នាក់​ឲ្យ​ទៅ​នាំ​ដំរី​មក​រង់​ចាំ​ស្ដេច​នៅ​ភ្នំ​សន្ទុក​។ ថ្ងៃ​ក្រោយ​ស្ដេច​ឲ្យរើស​ដំរី​ក្នុង​រោង​មួយ​ឈ្មោះ ​គជ​វែ​ហាន​ក្លា​កំពស់ ​៧​ហត្ថ​ពូកែ​ធ្លាប់​ដល់​​ក្នុង​ការ​សង្គ្រាម​ ហើយ​ដែល​កំពុង​តែ​ចុះ​ប្រេង​ផង​ឲ្យ​តាំង​ស្នាម​ហាត់​ជល់​នៅ​មុខ​ព្រះ​លាន​យ៉ាង​ស្ទាត់​ជំនាញ​។​

នៅ​ថ្ងៃ ​១០ កើត ខែផល្គុន ឆ្នាំវក ចត្វាស័ក ស្ដេច​ព្រម​ដោយ​សេនា​បតី​ មន្ត្រី​គ្រប់​ក្រុម​ ខ្ញុំ​រាជ​ការ​លើក​ព្យូហយាត្រា​ចេញ​ពី​រាជ​វាំង​លង្វែក​ទៅ​ប្រថាប់​នៅ​កំពង់​ ទ្រង់​ឲ្យ​ចំលង​សេះ ដំរី​ពល​ទៅ​ដាក់​ខាង​ត្រើយ​នាយ​។ ឯ​គជវៃ​ហាន​ក្លា ស្ដេច​ឲ្យ​ធ្វើ​ដាក់​ទឹក​ យោង​ទាញ​ទៅ​ត្រើយ​នាយ​។ ទ្រង់​ចំលង​រួច​ហើយ​ ស្ដេច​លើក​ព្យូហ​យាត្រា​តាម​រយៈ​ផ្លូវ​រហូត​ដល់​ភ្នំ​អាសន្ទុក​។ ស្ដេច​ទ្រង់​សំរាក​ព្រះ​កាយ​ពល​ ២​យប់ ក្រោយ​នោះ​ទើប​ស្ដេច​កំណត់​ពេល​ និង​ទី​ប្រជល់​ នឹង ដំរី​លាវ​។ ដំរី​លាវ​មក​នៅ​ទី​នេះ​ដោយ​ខុស​ ភេទ​ ទឹក​ ស្មៅ​ ក៏​ថយ​កំលាំង​ច្រើន​។​

ពស.២១១៦, គស.១៥៧២, មស.១៤៩៤, ចស. ៩៣៤ ថ្ងៃ ៧ រោច ខែផល្គុន ឆ្នាំវក ចត្វា​ស័ក​គ្រប់​ថ្ងៃ​សន្មត​ហើយ​ មន្ត្រី​លាវ​ទាំង​ពីរ​នាក់​ ក៏​នាំ​ដំរី​មក​ឈប់​នៅ​វាល​ខាង​ត្បូង​ភ្នំ​អា​សន្ទុក​។ វេលា​ដែល​​ នឹង ប្រជល់​នោះ​ ស្ដេច​ទ្រង់​សុវណ្ណ​ភិង្គា​ (កុណ្ឌី​មាស) ច្រូច​ទឹក​ស្នោ​ទក​លើ​ផែន​ប្រឹថ​ពី​អធិដ្ឋាន​ព្រះ​បារ​មី​ថា​: សូម​អរគុណ​ ព្រះ​រតន​ត្រ័យ​ និង ទេវតា​ដែល​រក្សា​ក្រុង​កម្ពុជា​ ដ៏​ទ្រង់​នូវ​មហិទ្ធិ​រឹទ្ធី​ជួយ​ជា​បន្ទាល​សាក្សី​ខ្ញុំ​ ការ​ភ្នាល់​នេះ​ខ្ញុំ​ នឹង ​រំលោភ​ទៅ​លើ​ស្ដេចលាវ​ក៏​ទេ​ គឺ​ស្ដេច​លាវ​ពុំ​ប្រកប​ដោយ​ ទស​ពិធ​រាជ​ធម៌​ រំលោភ​ចង់​យក​ព្រះ​នគរ​ខ្ញុំ​នេះ​ឲ្យ​ជា​ចំណុះ​នគរ​ខ្លួន​។ ថា​បើ​ខ្ញុំ​មាន​ជ័យ​ជំនះ​លើ​ស្ដេច​លាវ​សូម​ឲ្យ​ឃើញ​ច្បាស់​ជា​អស្ចារ្យ​ ក្នុង​គ្រា​នេះ​កុំ​បី​ខាន​។ ដោយ​អំណាច​ព្រះ​រាជ​អធិដ្ឋាន​ ក៏​បណ្ដាល​ឲ្យ​ព្រះ​ទី​នាំង​គជ​វៃ​ហាន​ក្លា​ បញ្ចេញ​សំរែក​កោញ្ច​នាទ​ ហាក់​ដូច​ជា​ នឹង បោល​ចូល​។ សម្ដេច​ព្រះ​បរម​បពិត្រ​ជា​អម្ចាស់​ទ្រង់​ទត​ឃើញហើ​យ​ ទ្រង់​ឲ្យ​ប្រគុំ​ត្រែ​ស័ង្ខ​ គោះ​គង​ ទូង​ភេរី​ តូរ្យ​តន្ត្រី​ ព្រះ​គជេន្ទ្រ​នា​យក​កែប​ទា​មក​ ព្រះ​មហា​ឧទេន​រតន៍​ទា​មក​ន្សៃ។ លុះ​ឮ​សូរ​តូរ្យ​តន្ត្រី​ហើយ​ ហ្ម​ក៏​ទ​ទោក​ដំរី​ចេញ​ទៅ​។​ លាវ​ទាំង​ពីរ​នាក់​ក៏​ទទោក​ដំរី​ខ្លួន​ចូល​មក​អួត​ដាក់​គ្នា​ ៣ ​ជុំ​។​

គជ​វៃ​ហាន​ក្លា​ក៏​បញ្ជូច​កោញ្ច​នាទ​ចូល​រះ​ចុង​ភ្លុក​ដៃ​ និង ដៃ​មួល​ច្របាច់​គ្នា​។​ លុះ​ចូល​ជល់​គ្នា​អស់​ពេល​យ៉ាង​យូរ​មក​គជ​វៃ​ហាន​ក្លា​ដែល​មាន​ភ្លុក​វែង​ជាង​ចាក់​ត្រូវ​ក្រោម​ស្នាប់​ភ្លុក​ដំរី​លាវ​។ ដំរី​លាវ​ដក​ថយ​បរ​ទៅ​ខាង​កើត​គ ជ​វៃ​ហាន​ក្លា​ដេញ​ចាក់​​ត្រូវ​ផ្នោះ​ក្រាន​ពី​អន្លើ​ទៀត​ ដំរី​លាវ​ក៏​ស្រែក​រោទ៍​រំពង​ព្រៃ​ មន្ត្រី​លាវ​ កា​ក្បាល​បញ្ចូល​មក​ទៀត​ តែ​ដំរី​លាវ​ពុំ​ព្រម​ចូល​ហើយ​បោល​ចូល​ព្រៃ​ទៅ​។​ ខណៈ​នោះ​ ទ្រង់​មាន​អំណរ​ណាស់​ ស្ដេច​ឲ្យ​សេនា​ទាហាន​ទះ​ដៃ​ស្រែក​ហ៊ោ​ទ្រហឹង​អឹង​កង​ ទើប​ស្ដេច​ឲ្យ​មន្ត្រី​លាវ​ចូល​គាល់​។ ទ្រង់​សួរ​ពី​រាជ​សារ​ស្ដេច​លាវ​ដែល​សន្យា​ មន្ត្រី​លាវ​ក្រាប​ទូល​ថា ​:​ សូម​ថយ​ទៅ​ក្រាប​បង្គំ​ទូល​ស្ដេច​លាវ​វិញ​ ស្ដេច​ក៏​ព្រម​ហើយ​ឲ្យ​មន្ត្រី​លាវ​ទាំង​ពីរ​នាក់​នឹង​ពល ១០​នាក់​ នាំ​ដំរី​ទៅ​វិញ​ឲ្យ​ស្ដេច​លាវ​បាន​ឃើញ​ស្នាម​របួស​។ ទ្រង់​ព្រះ​រាជ​បណ្ដាំ​ នឹង មន្ត្រី​លាវ​ថា ​:​ ឲ្យ​ទូល​ស្ដេច​លាវ​ផង​ថា ​: ឲ្យ​នាំ​រាជ​សារ​ដំបារ​មាស​មក​ឡើង​តាម​សន្យា​ចុះ​។​ ថា​ពល​សល់​ពី​នោះ​ទាំង​ប៉ុន្មាន​ ទ្រង់​ឲ្យ​ឃាត់​ទុក​ប្រគល់​ឲ្យ​ទៅ​ចៅ​មឿង​ ខេត្ត​អាសន្ទុក​ រក្សា​ហើយ​ស្ដេច​យាង​ទៅ​ខេត្ត​កំពង់​ស្វាយ​ទ្រង់​ឲ្យ​ ចៅ​ហ្វាយ​ស្រុក​ធ្វើ​បន្ទាយ​រក្សា​ខេត្ត​ស្រេច​ស្ដេច​យាង​ ចុះ​កំពង់​គង់​លើ​ព្រះ​ទី​នាំង​នា​វា​យាង​មក​ព្រះ​បរម​រាជ​វាំង​វិញ​។​

 លុះ​ទ្រង់​ព្រះ​សណ្ដាប់​ព្រះ​រាជ​សារ​ចប់​ហើយ​ព្រះ​ចៅ​ក្រុង​ស្រី​សតនា​គន​ហុត​ ទ្រង់​សួរ​រាជ​ទូត​បញ្ជាក់​ថែម​ទៀត​។ លុះ​បាន​ទ្រង់​ជ្រាប​សព្វ​ គ្រប់​ប្រការ​ហើយ​ ព្រះ​ចៅ​លាវ​ ទ្រង់​ព្រះ​ពិរោធ​ខ្លាំង​ណាស់​ ទ្រង់​ត្រាស់​ស្រែក​ដោយ​សំឡេង​ខ្លាំង​ៗ​ប្រាប់​ព្រះ​ឧបរាជ​ ព្រះ​សូរ​វង្ស​សេនា​បតី​ មន្ត្រី​ទាំង​ពួង​ថា​ ព្រះ​ចៅ​លង្វែក​នេះ​ ចិត្ត​ពាល​កាច​ខូច​បង់​ធម្ម​រាជ​បវេ​ណី​​ខ្លាំង​ណាស់​។​ យើង​មាន​សត្តប្ប​ដិសញ្ញា​ហើយ​ ម្ដេច​ឡើយ​ក៏​នៅ​តែ​មក​អូស​ពល​យើង​ទុក​ឲ្យ​បាក់​មុខ​ អប្ប​យស​​ខ្មាស​ អស់​ប្រទេស​ទាំង​ពួង​ទៀត​យ៉ាង​នេះ​។ បើ​ដូច្នេះ​ ត្រូវ​តែ​យើង​ធ្វើ​ឲ្យ​ខ្មែរ​ដឹង​ដៃ​យើង​ម្ដង​។ ទ្រង់​ត្រាស់​ដូច្នេះ​ចប់​ហើយ​ ព្រះ​ចៅ​លាវ​ក៏​បញ្ជា​ឲ្យ​កេណ្ឌ​ទ័ព​គ្រប់​ស្រុក​ធំ​-​តូច​រៀប​ទូក​ក្ដារ​ស្បៀង​អាហារ​​គ្រឿ​ង​សាស្ត្រា​វុធ​ ហើយ​លើក​ទ័ព​សំដៅ​មក​ប្រទេស​កម្ពុជា​ធិបតី​។

 នេះ​នឹង​ស្រដី​ឯ​ខាង​ក្រុង​កម្ពុជា​ធិបតី​វិញ​ម្ដង​។ ក្រោយ​ពី​ប្រជល់​ដំរី​បាន​ជ័យ​ជំនះ​ លើ​ដំរី​លាវ​ហើយ​លុះ​ចេញ​វស្សា​ហើយ​ក្នុង​ឆ្នាំ​រកា បញ្ច​ស័ក ពស.២១១៧, គស. ១៥៧៣, មស.១៤៩៥, ចស.៩៣៥ អម្ចាស់​ផែន​ដី​ ប្រទេស​កម្ពុជា​ស្ដេច​ចេញ​គង់​ចុង​ព្រះ​រាជ​រោង​រម្យ​ជួប​ជុំ​ជំនុំ​ព្រះ​រាជ​វង្សា​នុ​វង្ស​ នា​ម៉ឺន​សព្វ​មុខ​មន្ត្រី​ដែល​គង់​ចាំ​ត្រៀប​ត្រា​ជា​យស​បរិ​វារ​ទើប​ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ថា​ :​ កាល​ពី​ឆ្នាំ​ទៅ​ យើង​លើក​ទ័ព​ទៅ​ចាប់​ក្រុង​ស្រី​អយុធ្យា​ តែ​ចាប់​ពុំ​បាន​ព្រោះ​យើង​យក​ពល​ទៅ​តិច​ពេក​ហើយ​ នគរ​សៀម​មាន​ទឹក​ព័ទ្ធ​ជុំ​វិញ​ជា​ខ័ណ្ឌ​ផង​។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​ពុំ​បាន​។ ក្នុង​ឆ្នាំ​នេះ​ យើង​លើក​ទ័ព​ទៅ​ចាប់​ស្រុក​ធំ​-​តូច​ក្រៅ​។ ឲ្យ​បាន​សិន​ ឲ្យ​ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ លើក​ទ័ព​ចេញ​មក​ជួយ​ស្រុក​អស់​ទាំង​នោះ​ ទើប​យើង​ នឹង វាយ​ទ័ព​​សៀម​ឲ្យ​បែក​ ហើយ​នឹង​ចូល​ទៅ​យក​នគរ​សៀម​ឲ្យ​បាន​។ អស់​មន្ត្រី​ធំ​-តូច​ស្ដាប់​ ព្រះ​បន្ទូល​ហើយ​ ក៏​យល់​ស្រប​តាម​ព្រះ​រាជ​តំរិះ​។​

 មួយ​រំពេច​នោះ​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ ឲ្យ​កេណ្ឌ​កង​ទ័ព​ពីរ​ម៉ឺន​នាក់​ សេះ ៨០០ ប្លាយ​ព្រម​ទៅ​ដោយ​គ្រឿង​សាស្ត្រា​វុធ​ រួច​ទើប​ទ្រង់​ត្រាស់​ឲ្យ​កេណ្ឌ​ចៅ​ហ្វាយ​ស្រុក​បាសក្ដិ​ ចៅ​ហ្វាយ​ស្រុក​ខេត្ត​ព្រះ​ត្រពាំង​ ឱម៉ោ ​ក្រមួនស​ កំពត ពាម កំពង់​សោម​ដែល​មាន​ចៅ​ហ្វាយ​ស្រុក​បាសក្ដិ​ជា​មេទ័ព​ឲ្យ​លើក​កង​ទ័ព​ ១៥០០០ នាក់​ទៅ​វាយ​ស្រុក​ចន្ទ​បុរី​ ស្រុក​ធន​យ៉ៃ​ ស្រុក​រយ៉ង​ ស្រុក​ប៉ែត​ទ្រីវ​ ស្រុក​ណាម​រឿង​ ឡើង​ទៅ​ប្រសព្វ​ នឹង ទ័ព​ហ្លួង​ខាង​ជើង​គោក​។ អស់​នាយក​កង​ទ័ព​ឯ​ទៀត​ ទ្រង់​ឲ្យ​លើក​ទ័ព​ចេញ​មក​ មក​ជួប​ជុំ​នឹង​ទ័ព​ហ្លួង​ ហើយ​ទ្រង់​ឲ្យ​តាំង​ពិធី​សឹក​ក្រស័ត្រ​។ លុះដល់​ថ្ងៃ​បាន​ឫក្ស​ជា​ពេលា​ល្អ​បវរ​សិទ្ធិ​ជោគ​ ស្ដេច​ទ្រង់​គ្រឿង​អលង្ការ​សំរាប់​មហា​រណង្គ​យុទ្ធ​ ទ្រង់​រាជ​អាវុធ​ឡើង​គង់​លើ​ព្រះ​ទីនាំង​គជា​សក្ដិ​ ព្រម​ទៅ​ដោយ​ស្វេត​ច្ឆ័ត្រ​ ក្លស់​ក្លំ​អភិរម្យ​ គ្រឿង​រាជ​សឹក​ សន្ធឹក​ទៅ​ដោយ​ចតុរង្គ​យោធា សេនា​និករ​បវរ​ ទង់​ជ័យ​មើល​ទៅ​ ប្រពៃ​ដោយ​ក្បួន​មាំ​មួន​មហិ​មា​ នា​អាវុធ​គ្រប់​ដៃ​។ ព្រះ​បាទ​សម្ដេច​បរម​នាថ​ បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ស្ដេច​ព្រះ​រាជ​ដំណើរ​ទៅ​ដោយ​ថ្នល់​មាគ៌ា​ វិថី​ រៀង​ទៅ​ដល់​ស្រុក​កំពង់​ក្រសាំង​ ក្នុង​ខេត្ត​សៀម​រាប​។ ស្ដេច​តាំង​យក​ទ័ព​ហ្លួង​នៅ​ទី​នោះ​ ទ្រង់​មាន​ព្រះ​រាជ​កំណត់​ឲ្យ​នាយ​កង​ទ័ព​ និង ពល ១០០០០​នាក់​ ទៅ​ចៅ​ពញា​ឧកាស​រាជ​ជា​មេ​ទ័ព​ ឲ្យ​ទៅ​វាយ​ស្រុក​នគរ​រាជ​សីមា​ ឲ្យ​ពញា​សួគ៌ា​លោក​ជា​មេទ័ព​ និង នាយ​ទ័ព​នាយ​កង​ព្រម​ទាំង​ពល ៨០០០​នាក់​ ឲ្យ​លើក​ទៅ​វាយ​បស្ចឹម​បុរី​ ស្រុក​នគរ​នាយក​ ស្រុក​ជ័យ​បុរី​ ស្រុក​ប្រាំបី​រដ្ឋ​ និង ស្រុក​ធំ​-​តូច​រៀង​ទៅ​។​ ទ្រង់​ចាត់​ទ័ព​ ២​កង​ ទៀត​​ឲ្យ​ទៅ​ស្កាត់​កៀរ​គ្រួ​សៀម​ដែល​រត់​ចូល​ព្រៃ​។​ នាយ​កង​ទ័ព​ទាំង​នោះ​ ក្រា​បថ្វាយ​បង្គំ​លា​លើក​ទ័ព​ទៅ​ហើយ​ចូល​វាយ​ស្រុក​សៀម​ធំ​តូច​ តាម​ត្រាស់​បង្គាប់​បាន​ជ័យ​ជំនះ​បាន​ស្រុក​ជា​ច្រើន​តាំង​ពី​នគរ​រាជ​សីមា​ ខាង​ជើង​រៀង​រហូត​ទៅ​ដល់​ខេត្ត​ខាង​ត្បូង​ទល់​ នឹង​ សមុទ្រ​ផុត​កោះ​ចន្ទបុរី​។ ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ទ្រង់​បាន​ជ្រាប​ថា​: ទ័ព​ខ្មែរ​បាន​លើក​ចូល​មក​វាយ​ប្រ​ទេស​ព្រះ​អង្គ​ហើយ​ តែ​ព្រះ​អង្គ​ពុំ​ហ៊ាន​លើក​ទ័ព​មក​ជួយ​ឡើយ​។ កាល​នោះ នាយ​កង​ទ័ព​ខ្មែរ​ទាំង​អស់​ខាង​ជើង​គោក​ចាប់​បាន​ឈ្លើយ​សៀម​ ស្បៀង​អាហារ​ គោ ក្របី ដំរី សេះ និង គ្រឿង​ប្រដាប់​ប្រដា​ ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទើប​លើក​ទ័ព​មក​ក្រាប​បង្គំ​ទូល​ថ្វាយ​វិញ​។ ​នាយ​កង​ នាយ​ទ័ព​ ខ្មែរ​ខាង​ជើង​ទឹក​ក៏​ ចាប់​បាន​ឈ្លើយ​សៀម​ទាំង​ប្រុស​ទាំង​ស្រី​ជា​ច្រើន​នូវ​ទូក​ក្ដារ​ទ្រព្យសម្ប​ត្តិ​ដ៏​មាន​តំលៃ​ ក៏​​ច្រើន​មហិមា​ណាស់​ដែរ​ទើប​លើក​ កង​ទ័ព​ត្រឡប់​មក​ស្រុក​កំពង់​សោម​វិញ​ ហើយ​បក​សំបុត្រ​ឲ្យ​អ្នក​បំរើ​នាំ​យក​​ទៅ​​ក្រាប​បង្គំ​ទូល​ព្រះ​​ករុណា​សូម​ទ្រង់​ជ្រាប​គ្រប់​ប្រការ​។​

ព្រះបរមិន្ទរាជា លេខ៥