ថ្ងៃសៅរ៍ ទី29.កញ្ញា 2018.ម៉ោង 17:33
ផែនដីព្រះបរមិន្ទរាជា លេខ

នេះ​ នឹង​ និយាយ​ពី​ក្រុង​កម្ពុជា​ធិប​តី​ ឥន្ទ​បត្ត​កុរុ​រដ្ឋ​ធានី​វិញ​។​
 កាល​ក្នុង​ផែន​ដី​ ព្រះ​បាទ​សម្ដេច​ ព្រះ​បរម​ខត្តិ​យា​ ម​ហា​ចន្ទ​រាជា​ ដែល​ពាក្យ​រាស្ត្រ​ទាំង​ពួង​ លើក​យស​ព្រះ​អង្គ​ហៅ​ថា ​:​ ព្រះ​រាជ​ឱង្ការ​ធំ​នោះ​ ព្រះ​អង្គ​សោយ​រាជ​សម្បត្តិ​ ប្រកប​ដោយ​បុញ្ញា​ធិការ​មាន​បុណ្យ​បារមី​ណាស់​ នោះ​ព្រះ​បរមិន្ទ​រាជា​ កាល​មិន​ទាន់​បាន​សោយ​រាជ្យ​នៅ​ឡើ​យ​ គឺ​កាល ព.ស. ២០៨៣, គ.ស. ១៥៣៩, ម.ស. ១៤៦១, ច.ស. ៩០១ ឆ្នាំ​កុរ​ ឯក​ស័ក​ ព្រះ​ជន្ម​បាន ២២ ​វស្សា​ ព្រះ​អង្គ​មាន​ព្រះ​រាជ​បុត្រា​ មួយ​ព្រះ​អង្គ​ ទ្រង់​ប្រទាន​ព្រះ​នាម​ថា​ : សម្ដេច​ព្រះ​សេដ្ឋា​។​ ក្រោយ​មក​កាល​ ព.ស. ២០៩៨, គ.ស. ១៥៥៤, ម.ស. ១៤៧៦, ច.ស. ៩១៦ ឆ្នាំ​ខាល​ ឆស័ក ព្រះ​ជន្មា​យុ​ចំរើន​បាន​ ៣៧​ វស្សា​ សម្ដេច​សម្ភព​ព្រះ​រាជ​បុត្រា​ មួយ​ព្រះ​អង្គ​ និង​ ព្រះ​នាង​កេសរ​មាលា​ ជា​ព្រះ​នាង​ស្ដាំ ទ្រង់​ប្រទាន​ ព្រះ​នាម​ថា​ ព្រះ​ស្រី​សុរិ​យោ​ពណ៌​។

​ លុះ​ដល់​ ព.ស. ២១០២, គ.ស. ១៥៥៨, ម.ស. ១៤៨០, ច.ស. ៩២០ ឆ្នាំ​មមី​ សំរឹទ្ធ​ស័ក ស្ដេច​សម្ភព​ព្រះ​រាជ​បុត្រា​មួយ​ព្រះ​អង្គ​ នឹង អ្នក​ម្នាង​កេសរ​ ទ្រង់​ប្រទាន​ព្រះ​នាម​ថា​ ពញា​នូរ​។ កាល​ព.ស. ២១០៧, គ.ស. ១៥៦៣, ម.ស. ១៤៨៥, ច.ស. ៩២៥ ឆ្នាំ​កុរ បញ្ច​ស័ក​ ព្រះជន្មាយុ​បាន​ ៤៦ ​វស្សា​។ នៅ​មុន​ពេល​សោយ​រាជ្យ​នោះ​មួយ​ឆ្នាំ​ អ្នក​ព្រះ​ម៉ែ​នាង​វង​សម្ភព​បាន​ព្រះ​រាជ​បុត្រា​មួយ​អង្គ​ ទ្រង់​ប្រទាន​ព្រះ​នាម​ថា​ ពញា​អន​។

សម្ដេច​ព្រះ​បរម​នាថ​ បរម​បពិត្រ​អម្ចាស់​ផែន​ដី​ ស្ដេច​មាន​ព្រះ​ឱង្ការ​ត្រាស់​លើ​ត្បូង​ ឲ្យ​មុខ​មន្ត្រី​ថ្វាយ​ព្រះ​មេរុ​ នូវ​គ្រឿង​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ សម្ដេច​ព្រះ​បិតា​ ព្រះ​បរម​ខត្តិ​យា​មហា​ចន្ទ​រាជា​។ ឯ​ព្រះ​មេរុ​ សសរ​កំពស់​មួយ​សិន​មួយ​ព្យាម​ (ក្នុង​មួយ​សិន​មាន​ ២០​ព្យាម​ក្នុង​មួយ​ព្យាម​មាន​ ៤​ហត្ថ​ ក្នុង​មួយ​ហត្ថ​មាន ០,៥​មាត្រ​ ដូច្នេះ​ក្នុង​មួយ​សិន​ មួយ​ព្យាម​ ត្រូវ​ជា ២១​ព្យាម ត្រូវជា ៤០​មាត្រ។)​ លុះ​ស្រេច​ការ​ ព្រះ​បាទ​អ្នក​ជា​អម្ចាស់​ផែន​ដី​ ព្រម​ទាំង​ព្រះ​រាជ​វង្ស ក្សត្រា​ ក្សត្រី​ មន្ត្រី​ បរិ​ស័ទ ធំ ​តូច រៀប​ចំ​ដង្ហែ​ ព្រះ​បរម​សព​យ៉ាង​ធំ​ ចូល​ព្រះ​មេរុ​ធ្វើ​បុណ្យ​ស្នង​ព្រះ​តេជ​គុណ​សម្ដេច​ ព្រះ​បិតា​ ជា​មហោ​ឡា​រិក​អធឹក​ ពន្លឹក​រុង​រឿង​ ថ្វាយ​ព្រះ​ភ្លើង​ បរិច្ចាគ​ព្រះ​រាជ​ទ្រព្យ​ជា​ទាន​ដល់​ព្រះ​សង្ឃ​ ស្មូម​យា​ចក​ជា​សូរេច​ការ​ឈា​បន​កិច្ច​តាម​រាជ​បវេ​ណី​។

លុះ​ចូល​ឆ្នាំ​ថ្មី​ព្រះ​បាទ​សម្ដេ​ច ព្រះ​បរមិន្ទ​រាជាធិ​រាជ​ ព្រះ​បរម​នាថ​ ព្រះ​បាទ​អ្នក​ជា​អម្ចាស់​លើ​ត្បូង​ រៀប​ដង្ហែ​ព្រះ​អដ្ឋិ​ធាតុ​ ដោយ​ក្បួន​ព្យូ​ហ​យាត្រា​ នាវា​ដោយ​ជល​វិថី​រហូត​ដល់​ភ្នំ​សន្ទុក​។​ នៅ​ទី​នោះ​ស្ដេច​ធ្វើ​បុណ្យ​ធំ​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​ធាតុ​ក្នុង​ព្រះ​ចេតិយ​​ ដែល​សម្ដេច​ព្រះ​បរម​អយ្យ​កោ​ ព្រះ​ធម្ម​រាជា​ ទ្រង់​សាង​ព្រះ​បរម​ពុទ្ធ​សារីរិក​ធាតុ​ព្រះ​មហា​ស្តូប​ធំ​ នូវ​ព្រះ​ធាតុ​ទាំង​ឡាយ​ស្រេច​ ស្ដេច​ត្រ​លប់​ចូល​ព្រះ​នគរ​វិញ​។ ទ្រង់​សំរាន្ត​ព្រះ​រាជ​ហ​ឫទ័យ​ជា​សុខ​រៀង​មក​។

ឯ​ពញា​យស​រាជា​ ជា​សម្ដេច​ព្រះ​រាម​អយ្យ​កោ​មួយ​ ស្ដេច​មាន​ព្រះ​រាជ​បុត្រី​មួយ​ព្រះ​អង្គ​ ទ្រង់​ព្រះ​នាម​ព្រះ​ជា​តិ​ក្សត្រី​។ ព្រះ​ជាតិ​ក្សត្រី​ អង្គ​នេះ​មាន​ព្រះ​រាជ​បុត្រា​មួយ​ព្រះ​អង្គ​ និង​ ព្រះ​ស្រី​សុរិ​យោ​ពណ៌​ ទ្រង់​ព្រះ​នាម​ជ័យ​ជេស្ដា​ ហើយ​ពញា​យស​រាជា​ក៏​សុគត​ទៅ​។

នេះ​នឹង​ស្រដី​ នៅ​ឯ​នគរ​ផាង​រិ ផាង​រ៉ាង​ជា​នគរ​ចាម​ដែល​ខ្មែរ​ហៅ​ថា​ បាញ់​តិក​ បាញ់​ត្រាង​ ដែល​យួន​ហៅ​ថា​ ជិប​ថាញ់​ជា​នគរ​ទិស​ខាង​កើត​ ក្រុង​នគរ​កម្ពុជា​ធិប​តីវិញ​។​ កាល​អំពី​ដើម​រៀង​មក​ នគរ​នេះ​មាន​ស្ដេច​សោយ​រាជ្យ​សម្បត្តិ​ត​ព្រះ​វង្ស​ ជា​ច្រើន​តំណ​ ហើយ​ជា​ចំណុះ​ក្រុង​កម្ពុជា​តាំង​អំពី​បុរាណ​ក្រស័ត្រ​រៀង​មក​។ លុះ​ដល់​ពូជ​បោសោម​នគរ​នេះ​ក៏​លែង​ដាច់​ជា​ចំណុះ​ក្រុង​កម្ពុ​ជា​ ហើយ​តាំង​ខ្លួន​ជា​នគរ​ឯក​រាជ្យ​ត្រកូល​ បោ​ ជា​លំដាប់​រៀង​ៗ​មក​ជា​ច្រើន​អង្គ​។​ ស្ដេច​ចាម​ក៏​ដាច់​ពុំ​ជា​ចំណុះ​ប្រទេស​ណា​ឡើយ​។

លុះ​​ដល់​ព.ស. ២៤៨២, គ.ស. ១៥៣៨, ម.ស. ១៤៦០, ច.ស. ៩០០ ឆ្នាំ​ចរ​ សំរឹទ្ធិ​ស័ក​ ស្ដេច​ចាម​ជាន់​នោះ​ឈ្មោះ​ បោ​ភិក​ស័ក​ ជា​ស្ដេច​សោយ​រាជ្យ​ក្នុង​នគរ​ចាម​នោះ​ ស្ដេច​យួន​ឲ្យ​អុង​ខាំ​តាន់​ កាន់​​ជា​មេ​ទ័ព​លើក​ពល ៣០០០០ នាក់​ដើរ​ជើង​ទឹក​ចូល​ច្បាំង​វាយ​នគរ​ចាម​តាម​ផ្លូវ​មាត់​សមុទ្ទ​។ ទ័ព​យួន​សំលាប់​បោ​ភិន​ស័ក​ស្លាប់​ទៅ​។​

 ស្ដេច​ចាម​ដែល​សោយ​រាជ្យ​ត​ៗ​ មក​បាន​ធ្វើ​សង្គ្រាម​ នឹង យួន​ច្រើន​​រាជ្យ​ ច្រើន​គ្រា​ណាស់​។​ ទី​បំផុត​ទ័ព​យួន​ វាយ​យក​បាន​នគរ​ចាម​ហើយ​អុង​ខាំ​តាន់​ ក៏ ​តាំង​បោ​អិន​ភិរៃ​ឲ្យ​ឡើង​សោយ​រាជ្យ​ ស្ដេច​ចំណុះ​នគរ​យួន​។​ លុះ​ដល់​ក្រោយ​មក​បោរាត​ ជា​ពូជ​ព្រះ​វង្ស​ចាម​គិត​និង​​លាក​ស្មើ​ណា​ជ្វា ក្បត់​យួន​ យួន​ដឹង​ទាន់​ក៏​ ដេញ​ចាប់​បោ​រាត​ចាម​ និង​ លាក់​ស្មើ​ណា​ជ្វា​។ អ្នក​ទាំង​ពីរ​នេះ​ ក៏​ផាត់​កៀរ​គ្រួ​ នាំ​គ្នា​មក​តាំង​នៅ​ត្រើយ​ខាង​លិច​ទន្លេ​បាសាក់​ ដែល​ក្នុង​ខេត្ត​ស្បៀង​ជិត​ ប្រប​ដែន​ក្រុង​កម្ពុជា​ធិបតី​ ហើយ​ទទួល​ជា​ចំណុះ​ ពញា​អរ​ជូន​ ចៅ​ហ្វាយ​ស្រុក​ត្បូង​ឃ្មុំ​ទៅ​។​ សម្ដេច​ព្រះ​បរមិន្ទ​រាជា​ជា​បរម​បពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​ជ្រាប​ហើយ​ទ្រង់​ប្រោស​ ឲ្យ​ពញា​អរ​ជូន​ទទួល​ចាម​ជ្វា​ទាំង​នោះ​ជា​ខ្ញុំ​ នៅ​ក្នុង​ខ័ណ្ឌ​សីមា​ចុះ​។ សម្ដេច​ព្រះ​បរមិន្ទ​រាជា​ បរម​បពិត្រ​ជា​អម្ចាស់​ ស្ដេច​សោយ​រាជ​សម្បត្តិ​ជា​សុខ​សាន្ត​ បរិបូណ៌​ទៅ​ដោយ​ស្បៀង​អាហារ​ឥត​ខ្វះ​ឡើយ​។ ក្រុង​កម្ពុជា​ធិបតី​ ខេមរា​ប្រទេស​ កាល​ជាន់​នោះ​ប្រកប​ដោយ​សេច​ក្ដី​​សុខ​សប្បាយ​ អស់​អាណា​ប្រជា​នុ​រាស្ត្រ​ ក្នុង​ព្រះ​នគរ​ប្រកប​ទៅ​ដោយ​គ្រឿង​ល្បែង​ ភ្លេង​រាំ​ជា​សុខ​ក្សេម​ក្សាន្ត​ សប្បាយ​ណាស់​។​

លុះ​កន្លង​មក​ដល់​ ព.ស. ២១១៣, គ.ស. ១៥៨១, ម.ស. ១៥០៣, ច.ស ៩៤៣ ឆ្នាំ​ម្សាញ់​ ឯក​ស័ក ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ​រាជា​ធិ​រាជ​ ជា​អម្ចាស់​ ជីវិត​លើ​ត្បូង​ ទ្រង់​ព្រះ​តំរិះ​អំពី​ការ​សង្គ្រាម​ស្រុក​សៀម​ លាវ​ ទើប​ព្រះ​អង្គ​ចេញ​គង់​ចុង​​ព្រះ​រាជ​រោង​រម្យ​ ជួប​ជុំ​ព្រះ​បរម​រាជ​វង្សា​នុ​វង្ស​ អង្គ​អគ្គ​សេ​កោ​ ព្រិនា​មាត្រ​ ក្រាប​បង្គុំ​គាល់​តាម​យស​សក្ដិ​តាម​តំណែង​ធំ​ តូច​ ទើប​មាន​ព្រះ​រាជ​ឱង្ការ​ថា​ ក្រុង​ស្រី​អយុធ្យា​ និង​ នគរ​សៀម​ទាំង​ ៧​ នោះ​ធ្លាប់​ចំណុះ​ក្រុង​កម្ពុជា​រៀង​មក​ តែ​ដល់​មក​ផែន​ដី​ ព្រះ​បាទ​អាទិត្យ​វង្ស​ ព្រះ​អង្គ​មាន​ព្រះ​កាណ៌​ទិព្វ​ ព្រះ​នេត្រា​នោះ​ ទ្រង់​មាន​ព្រះ​រាជ​បុត្រា​មួយ​ នឹង​ នាង​នាគ​ជា​ពង​នោះ​កើត​ឡើង​ជា​ពញា​រោង​ មាន​មាត់​ទិព្វ​ ហើយ​ខ្ចាត់​ទៅ​នៅ​ស្រុក​ណោង​ស្នោ​ និង​ សុខោ​ទ័យ​។ ព្រះ​អង្គ​មាន​ព្រះ​រាជ​បុត្រា​មួយ​អង្គ​ទៀត​ជា​មនុស្ស​ ទ្រង់​ព្រះ​នាម​ ព្រះ​បាទ​បទុម​សូរ្យ​វង្ស​ ទ្រង់​មាន​ព្រះ​នេត្រ​ ជា​ទិព្វ​ទាំង​អស់​ទ្រង់​ ជ្រាប​ថា​ : ពញា​រោង​ជា​សម្ដេច​ព្រះ​សេដ្ឋា​ ខ្ចាត់​ទៅ​នៅ​ស្រុក​សុខោ​ទ័យ​ ដូច្នោះ​ទ្រង់​ប្រោស​លើក​ស្រុក​នោះ​ ថា​ឯក​រាជ្យ​ ឲ្យ​លែង​នាំ​សួយ​សារ​ ផ្កា​មាស​ ប្រាក់​មក​ថ្វាយ​ក្រុង​កម្ពុជា​ទៅ​។​ ពញា​រោង​មាន​បុណ្យ​វាយ​នគរ​សៀម​ បាន​ជា​ចំណុះ​ទាំង​ ៧​នគរ​ និង ស្រុក​លាវ​ខ្លះ​ផង​។​

លុះ​ដល់​ ពញា​រោង​សុគត​ទៅ ​ពញា​ស៊ី​សុភ័ណ​ ជា​ព្រះ​រាជ​បុត្រា​ ឡើង​សោយ​រាជ្យ​ស្នង​ ដឹង​​ខ្លួន​ថា​ ជា​ព្រះ​ភា​គិនេយ្យោ​នៃ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ ក៏​ឲ្យ​នាំ​សួយ​សារ​ផ្កា​មាស​ប្រាក់​ មក​ថ្វាយ​ព្រះ​បុទម​សូរ្យ​វង្ស​ ជា​សម្ដេច​ព្រះ​បិតុលា​រៀង​រាល់​រដូវ​។​ លុះ​ដល់​ព្រះ​បាទ​បុទុម​សូរ្យ​វង្ស​សុគត​ទៅ​ ក្រុង​ស្រី​អយុធ្យា​នោះ​ ត្រូវ​ព្រះ​ចៅ​សិរី​វិ​ជ័យ​ ស្រុក​ឆៀង​សែន​មាន​បុណ្យ​មាន​អំណាច​ប្រាប​ប្រាម​ពូជ​ពញា​រោង​បាន​ បាន​ជា​ស្ដេច​ធំ​ក្នុង​នគរ​សៀម​ទៅ​។​ ដល់​ចៅ​ឧទង​កុមារ​ បាន​សោយ​រាជ្យ​ ស្ដេច​នោះ​ឲ្យ​លើក​ទ័ព​មក​វាយ​ក្រុង​កម្ពុជា​ធិបតី​ម្ដង​ហើយ​ ឲ្យ​កូន​សោយ​រាជ្យ​ម្ដង​។ ដល់​មក​រាជ្យ​ សម្ដេច​ព្រះ​អយ្យកោ​​ទូត​ ស្ដេច​​ដេញ​សៀម​ចេញ​ហើយ​យក​បាន​ព្រះ​នគរ​វិញ​។ ដល់​មក​រាជ្យ​សម្ដេច​ ព្រះ​វរ​រាជ​បិតា​ សៀម​លើក​ទ័ព​មក​ដល់​នគរ​វត្ត​ម្ដង​ទៀត​ និង ឲ្យ​ពញា​អុង​ លើក​ទ័ព​មក​ដល់​ស្រុក​ពោធិ៍​សាត់​ម្ដង​ទៀត​ តែ​សម្ដេច​ព្រះ​វរ​រាជ​បិតា​ ស្ដេច​មាន​តេជៈ​បារ​មី​ណាស់​ ដូច្នេះ​សៀម​ក៏​បរាជ័យ​ចាញ់​ទាំង​ពីរ​លើក​ទៅ​។​ វា​ធ្វើ​យើង​ច្រើន​គ្រា​ណាស់​ហើយ​ ក្រុង​កម្ពុជា​យើង​ឥត​មាន​ទោស​អ្វី​ នឹង វា​សោះ​។​

 ឥឡូវ​ផែន​ដី​របស់​អញ​គួរ​តែ​គិត​សង​សឹក​សៀម​ខ្លះ​ទើប​បាន​ តែ​បើ​អញ​សំងំ​ស្ងៀម​យូរ​ទៅ​ មុខ​ជា​សៀម​យក​កូន​ខ្មែរ​ទៅ​ធ្វើ​ជា​ខ្ញុំ​ពុំ​ខាន​ឡើយ​។ កាល​ទ្រង់​ព្រះ​តំរិះ​ដូច្នេះ​ហើយ​ ព្រះ​​ករុណា​ស្ដេច​ទ្រង់​ ឲ្យ​កេណ្ឌ​កង​ទ័ព​បាន​ ៣៣០០០ នាក់​មក​ជួប​ជុំ​នៅ​ព្រះ​រាជ​ធានី​លង្វែក​។​ ទ្រង់​ប្រោស​ឲ្យ​សម្ដេច​ ព្រះ​រាជ​បុត្រ​ និង មន្ត្រី​ក្រុម​ស្រុក​ នៅ​ចាំ​ព្រះ​នគរ​។ ទ្រង់​ត្រាស់​ ព្រះ​វង្ស​ចំប៉ា​ធិរាជ​ ជា​មេ​ទ័ព​មុខ​ ឲ្យ​មុខ​មន្ត្រី​ក្រុម​ទាហាន​ រៀប​ពល​ជា​ក្បួន​ទ័ព​ពិជ័យ​សង្គ្រាម​។​

លុះ​ដល់​ថ្ងៃ ​១​កើត​ ខែ​បុស្ស​ ឆ្នាំ​​ម្សាញ់​​ ឯក​​ស័ក ព.ស. ២១១៣, គ.ស. ១៥៦៩, ម.ស. ១៤៩១, ច.ស. ៩៣១ ជា​​ថ្ងៃ​សុភ​មង្គល បាន​ឫក​ល្អ​ហើយ​ ស្ដេច​ទ្រង់​គ្រឿង​ប្រដាប់​សំរាប់​ខត្តិ​យា​វង្ស​ ទ្រង់​សុវណ្ណ​បញ្ចង្គ​សំរាប់​ រណ​យុទ្ធ​រួច​ជា​ស្រេច​ ស្ដេច​ឡើង​គង់​ ព្រះ​ទី​នាំង​គជេន្ទ្រ​ចង​សុវណ្ណ​មណ្ឌល​ គ្រឿង​ប្រដាប់​សំរាប់​គជា​គ្រប់​គ្រឿង​។​ លុះ​បាន​ វេលា​ឫក្ស​ពារ​ល្អ​ហើយ​ ព្រះ​វហារា​ធិបតី​ ក៏​គោះ​គង​ទូង​ភេរី​ ផ្លុំ​ត្រែ​ ផ្លុំ​ស័ង្ខ​ ប្រគុំ​ភ្លេង​តូរ្យ​តន្ត្រី​ ស្ដេច​ព្រិន្ទា​ពលា​ពល​ បូរាណ​អាន​ថា : ព្រិន្ធា​។​ បើ​ជា​គុណ​នាម​ពាក្យ​នេះ​ប្រែ​ថា​ ច្រើន​ ទាំង​អស់​ បើ​ជា​នាម​វិញ​ប្រែថា​ ពួក​ចំនួន​ច្រើន​។ ក្នុង​ទី​នេះ​ ព្រិន្ទា​ពលា​ពល​ ប្រែ​ថា លើក​ពល​ទៅ​ទាំង​អស់​។​

ព្រម​ទៅ​ដោយ​គ្រឿង​មង្គល​ចាមរ​​បៃ​មន​ ក្លស់​ក្លំ​ អភិ​រម្យ​សែន​ត្វាន់​បាំង​សែង​ព្រះ​សុរិយា​ត្រៀប​ត្រា​ទង់​ជ័យ​ ប្រពៃ​ទៅ​ដោយ​ចតុ​រង្គ​ ព្យូហៈ​ គជសា​ ពាជិ​រិទ្ធិ​ពល​សឹក​សន្ធឹក​ទៅ​ដោយ​ទាហាន​ថ្មើរ​ជើង​ កាន់​នូវ​គ្រឿង​អាវុធ​ស្រេច​ ស្ដេច​ត្រាប់​ដោយ​មាគ៌ា​ជា​លំដាប់​ផ្លូវ​ទៅ​បស្ចឹម​ទិស​។​ ឯ​ព្រះ​ចំប៉ា​ធិរាជ​វង្ស​ធំ​ ជា​មេ​ទ័ព​មុខ​លើក​ទ័ព​ស្រួច​ រត់​ដល់​ស្រុក​បស្ចឹម​បុរី​ ជា​ដែន​នគរ​សៀម​ហើយ​ ក៏​ដេញ​ទ័ព​មុខ​ឲ្យ​ចូល​វាយ​លុក​បែក​បាន​ស្រុក​នគរ​​នាយក​មួយ ​វាយ​ស្រុក​តូច​ៗ​ រៀង​តាម​ផ្លូវ​ទៅ​ រហូត​ឥត​ឈប់​ឈរ​ឡើយ​ហើយ​ចាប់​បាន​ឈ្លើយ​សៀម​ជា​ច្រើន​ទៀត​។ ឯ​ទ័ព​ហ្លួង​ក៏​ស្ដេច​តាម​លំដាប់​ទ័ព​មុខ​រៀង​ៗ​ទៅ​។ ចៅ​ហ្វាយ​ស្រុក​ និង ក្រម​ការ​ខេត្ត​ខាង​សៀម​ដែល​បរាជ័យ​ ចាញ់​ដៃ​ព្រះ​ចំប៉ា​ធិរាជ​ ហើយ​ដែល​រត់​ចូល​ទៅ​នោះ​ក៏​ខំ​ស្រូត​ ទៅ​ដល់​ក្រុង​ស្រី​អយុធ្យា​ រួច​ក៏​នាំ​គ្នា​ចូល​ទៅ​ក្រាប​បង្គំ​ទូល​សម្ដេច​ព្រះ​មហា​ព្រះ​ចៅ​ធម្មា​រាជា​ ស្ដេច​សៀម​ឲ្យ​ទ្រង់​ជ្រាប​គ្រប់ប្រការ​។ ស្ដេច​សៀម​ជ្រាប​ហើយ​ ទ្រង់​ភ័យ​បារម្ភ​ណាស់​ ទ្រង់​ប្រជុំ​អស់​សេនា​បតី​ធំ​ តូច​ប្រឹក្សា​គ្នា​ថា ​:​ ទ័ព​ខ្មែរ​លើក​មក​ម្ដង​នេះ​ យើង​ នឹង គិត​ដូច​ម្ដេច​ ខណៈ​នោះ​ ចៅ​ពញា​ឥន្ទ្រា​នគរ​បាល​ និង សេនា​បតី​មន្ត្រី​សៀម​ក្រាប​ទូល​ព្រះ​ចៅ​មហា​ធម្ម​រាជា​ធិរាជ​ថា ​:​ ព្រះ​មហា​នគរ​ស្រី​អយុធ្យា​ យើង​នេះ​ទើប​នឹង​ខូច​ខាត​អន្ត​រាយ​ថ្មី​ៗ​។ មនុស្ស​ទាំង​ឡាយ​ និង កាំ​ភ្លើង​តូច​ធំ​គ្រឿង​សាស្ត្រា​វុធ​នោះ​សម្ដេច​ ព្រះ​ចៅ​ហង្សា​វតី​ស្ដេច​យក​ អស់​ទៅ​ហើយ​ យើង​គង់​នៅ​ឡើយ​តែ​មនុស្ស​សំណល់​គ្រួ​មួយ​ម៉ឺន​ និង​ មនុស្ស​ដែល​សេស​សល់​នៅ​ស្រុក​ក្រៅ​ក៏​ច្រើន​មែន​ តែ​បើ​យើង​ នឹង កេណ្ឌ​ឲ្យ​ចូល​មក​ក្នុង​ពេល​ឥឡូវ​នេះ​ក៏​ពុំ​បាន​។ មួយ​វិញ​ទៀត​កាំ​ភ្លើង​ គ្រាប់​រំសេវ​​យើង​ក៏​មាន​តិច​ឃើញ​ថា​ យើង​ត​ទល់​ នឹង ទ័ព​ខ្មែរ​ពុំ​បាន​ឡើយ​។​ ដូច្នេះ​សូម​អញ្ជើញ​ព្រះ​ចៅ​យូ​ហួរ​ ស្ដេច​គេច​ថយ​ទៅ​ស្រុក​ពិស្ណុ​លោក​ឲ្យ​ផុត​ពី​ទ័ព​ខ្មែរ​សិន​ចុះ​។ ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ ទ្រង់​សណ្ដាប់​ហើយ​ទ្រង់​ព្រម​ នឹង រៀប​ចំ​ព្រះ​រាជ​ដំណើរ​ និង រត់​ទៅ​ស្រុក​ពិស្ណុ​លោក​តាម​សេច​ក្ដី​អញ្ជើញ​ ពី​អង្គ​ប្រជុំ​ហើយ​ ប៉ុន្តែ​កាល​នោះ​មាន​មន្ត្រី​ម្នាក់​ឈ្មោះ​ពង្ស​ពេជ្រ​រ័ត្ន​ ជា​ចៅ​ហ្វាយ​ស្រុក​ពេជ្រ​បូរី​ខុស​ និង ​សម្ដេច​ព្រះ​ចៅ​សៀម​។ មន្ត្រី​នេះ​គិត​ក្បត់​លើក​ទ័ព​មក​វាយ​ស្ដេច​ក្រុង​សៀម​កុំ​ឲ្យ​ស្ដេច​សៀម​រត់​ទៅ​បាន​។​

ព្រះ​ចៅ​មហា​ធម្ម​រាជា​ ជ្រាប​ថា​ទ័ព​ខ្មែរ​កាន់​តែ​មក​ជិត​ណាស់​ហើយ​ ខាង​មន្ត្រី​សៀម​​ឯ​ណេះ​ក៏​ក្បត់​រាំង​ផ្លូវ​រក​យាង​ទៅ​មិន​រួច​ ទ្រង់​វិតក្ក​ពុំ​ដឹង​ជា​ថា នឹង ដោះ​ដៃ​ទៅ​ខាង​ណា​ឲ្យ​រួច​បាន​។ ខណៈ​នោះ​ទើប​ព្រះ​ចៅ​ទ្រង់​ត្រាស់​សួរ​ ឃុន​ទេវរៈ​ជូន​ថា ​:​ ទ័ព​ខ្មែរ​ម្ដង​នេះ​យើង​ទៅ​ រឺ នៅ​។ ឃុន​ទេវរៈ​ជូន​ក្រាប​ទូល​ថា ​: សូម​ព្រះ​មេត្តា​ប្រោស​ ទ័ព​ខ្មែរ​នេះ​ជា​បុណ្យ​ព្រះ​បារមី​ នៃ​ព្រះ​ករុណា​ជា​អង្គ​ម្ចាស់​ណាស់​ហើយ​ ព្រោះ​ខ្មែរ​មិន​បាន​កេណ្ឌ​ពល​មក​ច្រើន​ទេ​ ព្រោះ​នគរ​យើង​សោត​ ក៏​មាន​ទឹក​ទន្លេ​ព័ទ្ធ​ជុំ​វិញ​ បើ​ពល​ខ្មែរ​តិច​សូម​ស្ដេច​កុំ​ចេញ​ពី​បន្ទាយ​ឡើយ​។​ បើ​ពល​យើង​តិច​ មិន​ពេញ​បន្ទាយ​ទេ ពល​ខាង​ខ្មែរ​ក៏​តិច​ដែរ​ គួរ​តែ​ស្ដេច​គង់​នៅ​ទើប​ល្អ​ ពុំ​គួរ​ស្ដេច​ទៅ​ ចោល​ព្រះ​នគរ​ឡើយ​ បើ​កាល​ណា​ព្រះ​អង្គ​ស្ដេច​យាង​ទៅ​ ហើយ​ការណ៍​នេះ​ ជ្រាប​ដល់​ព្រះ​ចៅ​ក្រុង​ហង្សាវ​តី​ហើយ​ ព្រះ​ចៅ​ទ្រង់​ នឹង និន្ទា​បាន​​ ជា​​មិន​ខាន​។

ព្រះ​មហា​ធម្មរា​ជា​ ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ ទ្រង់​ព្រះ​សណ្ដាប់​ឮ​ដូច្នោះ​ហើយ​ទ្រង់​យល់​ថា​ : សេច​ក្ដី​ដែល​ឃុន​ទេវរៈ​ដូន​ ទូល​នេះ​ត្រូវ​ ទើប​ទ្រង់​ឲ្យ​ចាត់​ពល​ រាយ​ពល​រក្សា​ការ​ពារ​ព្រះ​នគរ​គ្រប់​ជ្រុង​គ្រប់​ទិស​។​ ទី​ណា​ដែល​មាន​ទឹក​ព្រែក​តូច​ ពុំ​បាន​ធំ​ជា​ទន្លេ​នោះ​ឲ្យ​ពល​បន​ហង្សា​វតី​រក្សា​ទី​នោះ​។

នេះ​ នឹង ស្រដី​ពី​ទ័ព​ខ្មែរ​វិញ​។​ សម្ដេច​ព្រះ​បរម​នាថ​ ព្រះ​បាទ​អ្នក​ជា​អម្ចាស់​ជីវិត​តំកល់​លើ​ត្បូង​ ស្ដេច​ព្រះ​រាជ​ដំណើរ​ទ័ព​ហ្លួង​ទៅ​ដល់​ក្រុង​ស្រី​អយុធ្យា​នៅ​ក្នុង​ខាង​ខ្នើត​ខែ​មាឃ​។​ ទ្រង់​ដាក់​ទ័ព​នៅ​ភូមិ​មួយ​ធំ​ ហើយ​ទ្រង់​ឲ្យ​តែង​ព្រះ​រាជ​សារ​ប្រគល់​ឲ្យ​ឈ្លើយ​សៀម​នាំ​យក​ទៅ​ថ្វាយ​ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​។ ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ទ្រង់​ត្រាស់​ឲ្យ​សៀម​ស្រាយ​ ព្រះ​រាជ​សារ​នេះ​មើល​ ដែល​មាន​សេច​ក្ដី​ថា​ : ព្រះ​រាជ​សារ​បវរ​មង្គល​ ព្រះ​បាទ​សម្ដេច​ ព្រះ​រាជ​ឱង្ការ​ព្រះ​មហា​បរ​មិន្ទ​បរម​រាជា​រាមា​ធិប​តី ​សិរី​សោភា​ បវរ​ឥន្ទ​បត្ត​កុរុ​រដ្ឋ​រាជ​ធានី​ជា​ទី​ភិរម្យ​ឧត្តម​ ព្រះ​បរម​និវេ​សន៍​មហា​ស្ថាន​ ចំរើន​ផ្លូវ​ព្រះ​រាជ​មេត្រី​មក​សម្ដេច​ព្រះ​មហា​ធម្មា​ធិ​រាជ​ ព្រះ​ចៅ​ក្រុង​ទេព​មហា​នគរ​ រាជ​ធានី​ធារា​វតី​ ស្រី​អយុធ្យា​ មហា​ស្ថាន​ជា​ព្រះ​ជេដ្ឋា​ធិ​រាជ​ឲ្យ​ទ្រង់​ជ្រាប​។​ ត្បិត​ក្រុង​កម្ពុ​ជា​ធិប​តី​និង​ក្រុង​ទេព​ស្រី​អយុ​ធ្យា​ ជា​ប្រទេស​ដ៏​ស្មោះ​សរ​សា​មគ្គី​រស​រាជ​មេត្រី​ នឹង គ្នា​។ ក្រុង​កម្ពុជា​ខេម​រា​ប្រទេស​មិន​បាន​មាន​ទោស​អ្វី​ នឹង ស្រី​អយុធ្យា​ស្យាម​ប្រទេស​សោះ​ទេ​ តែ​ក្រុង​ស្រី​អយុធ្យា​ តែង​លើក​ទ័ព​ធ្វើ​សង្គ្រាម​ នឹង ខេមរា​ប្រទេស​ជា​ច្រើន​គ្រា​។​

ឥឡូវ​នេះ​យើង​ជា​ព្រះ​អនុជ​ លើ​ក​ព្យូ​ហ​ទ័ព​មក​ដល់​ហើយ​ បើ​សម្ដេច​ព្រះ​រៀមា​ព្រម​ឲ្យ​ស្រុក​ នគរ​រាជ​សីមា​ជួរ​ខាង​កើត​ទៅ​ដល់ បស្ចឹម​រហូត​ទៅ​ដល់​សមុទ្រ​ ជា​ដែន​ដី​ខ្មែរ​ពី​ដើម​ដែល​សៀម​ វាយ​យក​មក​នោះ​ប្អូន​នឹង​លើក​ទ័ព​ ត្រឡប់​ទៅ​វិញ​មួយ​រំពេច​។ តែ​ថា​បើ​ សម្ដេច​ព្រះ​រៀម​ពុំ​ព្រម​ប្រ​គល់​ស្រុក​ទាំង​នោះ​ឲ្យ​មក​វិញ​ទេ​ ប្អូន​នឹង​ធ្វើ​សង្គ្រាម​តាម​ច្បាប់​ឥត​បង្អែរ​បង្អង់​ឡើយ​។​

ស្ដេច​សៀម​ជ្រាប​ហើយ​ ជំនុំ នឹង អស់​មន្ត្រី​សេរី​ជាតិ​ រួច​ធ្វើ​រាជ​សារ​ប្រគល់​ឲ្យ​បំរើ​នាំ​មក​ថ្វាយ​ព្រះ​ក្រុង​កម្ពុ​ជា​វិញ​។ សម្ដេច​ព្រះ​បរម​រាជា​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​អង្គ​ប្រជុំ​នាយ​កង​ នាយ​ទ័ព​មក​ប្រែ​រាជ​សារ​ថ្វាយ​។​ រាជ​សារ​នោះ​មាន​សេច​ក្ដី​ថា ​: ​ព្រះ​រាជ​សារ​ សុន្ទរ​បវរ​ជេដ្ឋា​វិមល​ពល​ សម្ដេច​ព្រះ​សារ​ពេជ្ញ​វង្កូល​សុរិ​យោត្តម​​ បរម​មហា​ធម្ម​រាជា​ធិ​រាជ​ ព្រះ​ចៅ​ក្រុង​មហា​នគរ​បវរ​ធារា​វតី​ ស្រី​អយុធ្យា​មហា​តិល​កភ​ពន្វ​រដ្ឋ​ រាជ​ធានី​បុរី​រម្យ​ឧត្តម​ មហា​ស្ថាន​ជា​ ព្រះ​ជេដ្ឋា​ធិរាជ​ស្នង​ផ្លូវ​ព្រះ​រាជ​មេត្រី​មក​ សម្ដេច​បរម​រាជា​ ធិ​រាជ​បរមិន្ទ​ បរម​រាជា​ឥស្សរា​ធិប​តី​ ក្រុង​កម្ពុជា​ធិបតី​ សិរិ​យ​សោធ​រ​មហាន​គរ​ឥន្ទ​បត្ថ​កុរុ​រដ្ឋ​ រាជ​ធានី​ បាន​ជ្រាប​។ ដ្បិត​យើង​បាន​ទទួល​រាជ​សារ​ ព្រះ​អនុ​ជាធិ​រា​ជ ហើយ​បាន​ទត​ឃើញ​សេច​ក្ដី​សព្វ​គ្រប់​ថា​ ព្រះ​អនុជ​សុំ​ស្រុក​ទិស​ខាង​កើត​នោះ​ យើង​ នឹង ឲ្យ​ពុំ​បាន​ ដ្បិត​មាន​សម្ដេច​ព្រះ​ចៅ​ហង្សា​វតី​ មាន​ជ័យ​ទស​ទិស​ឥស្សរ​ភាព​ជា​បង្គោល​។​ ដូច្នេះ​បើ​ ព្រះ​ចៅ​ក្រុង​កម្ពុ​ជា​ធិបតី​ យល់​ថា​ នឹង ធ្វើ​សង្គ្រាម​ខាន​មិន​បាន​ក៏​សុំ​ធ្វើ​តាម​ សព្វ​រាជ​ហ​ឫ​ទ័យ​ អធ្យា​ស្រ័យ​ចុះ​។​

សម្ដេច​ព្រះ​បរម​នាថ​ បរម​បពិត្រ​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ លុះ​ទ្រង់​ជ្រាប​ព្រះ​រាជ​សារ​ស្ដេច​ស្រុក​សៀម​ហើយ​ ស្ដេច​ក៏​ទ្រង់​ត្រាស់​ឲ្យ​លើក​ក្បួន​ទ័ព​រៀប​តាម​ ពិជ័យ​សង្គ្រាម​ ដើម្បី​ នឹង ចូល​វាយ​ក្រុង​ស្រី​អយុធ្យា​ តាម​ព្រះ​រាជ​សារ​ស្ដេច​ស្រុក​សៀម​។​ លុះ​វេលា​ព្រឹក​ព្រាង​ភ្លឺ​ច្បាស់​ ព្រះ​អរុណោ​ទ័យ​ ស្ដេច​ទ្រង់​គ្រឿង​យុទ្ធ​នា​ធិ​ការ​ សំរាប់​ក្សត្រ​ ស្រេច​ស្ដេច​គង់​លើ​ព្រះ​ទី​នាំង​គជេន្ទ្រ​ហត្ថី​ ចង​គ្រឿង​សុវណ្ណា​បាំង​ព្រះ​មហា​ស្វេត​ច្ឆ័ត្រ​ ទើប​ទ្រង់​ត្រាស់​ឲ្យ​ព្រះ​ចម្បា​ធិ​រាជ​ជិះ​ដំរី​ចំលង​សឹក​ឃុំ​ទ័ព​ ៧០០០ នាក់​ ជា​មេ​ទ័ព​មុខ​ ឲ្យ​ព្រះ​បរិ​នា​យក​ នឹង នាយ​រង​លើក​ព្យូហ​ចតុ​រង្គ​សេនា​ រៀប​តាម​ក្បួន​ពិជ័យ​សង្គ្រាម​ស្រេច​ ទើប​ស្ដេច​រៀប​ព្រះ​រាជ​ដំណើរ​ ចេញ​ក្បួន​ទ័ព​ចូល​វាយ​ក្រុង​ស្រី​អយុធ្យ​មហា​នគរ​។​

  កាល​ទ័ព​លើក​ទៅ​ដល់​ហើយ​ស្ដេច​ទ្រង់​ បញ្ឈរ​ព្រះ​ទី​នាំង​នៅ ​វត្ត​សាម​វិហារ​។ ទ្រង់​ឲ្យ​រាយ​ដំរី​សឹក​រៀង​ទៅ​ដល់​ តុត្ថី​ថោង​ហួស​ចូល​ទៅ​វត្ត​ឆោង​​។​ ទ្រង់​ត្រាស់​ឲ្យ​ ព្រះ​ចម្បា​ធិ​រាជ​យក​ទូក​ដែល​ចាប់​បាន​ប្រមាណ​ជា​ ១៥​ ចំ​លង​សឹក​ទៅ​មុខ​វត្ត​មេរុ​រាជ្ជី​កា​រាម​ ឲ្យ​​ពល ៤០០០ នាក់​ទៀត​ជិះ​ទូក​ចូល​ទៅ​ច្បាំង​វាយ​បន្ទាយ​នគរ​នៅ​ជ្រុង​ចៅ​​សនុក​ រួច​ឲ្យ​ទ័ព​ខាង​ជើង​គោក​ បាញ់​កាំ​ភ្លើង​ធំ ​តូច ​ជា​កោលា​ហល​។ សម្ដេច​ព្រះ​ធម្ម​រាជា​ ព្រះ​ចៅ​ក្រុង​ស្រី​អយុធ្យា​ ទ្រង់​គ្រឿង​សំរាប់​រាជ្យ​រណ​​យុទ្ធ​ឡើង​គង់​ព្រះ​រាជ​យាន​លើក​ពល​ទាហាន​ឡើង​ក្បាល​បន្ទាយ​ទទួល​ច្បាំង​ បាញ់​គ្នា​ដោយ​កាំ​ភ្លើង​ធំ​តូច​ការ​ពារ​នគ​រ​។ លុះ​ច្បាំង​គ្នា​ដល់​ថ្ងៃ​ប្អូន​ត្រង់​ សៀម​បាញ់​ត្រូវ​ទូក​ខ្មែរ​លិច​អស់​ច្រើន​។​​ កង​ទ័ព​ខ្មែរ​ជើង​គោក​ដែល​ទៅ​ជា​មួយ​គ្នា​ ក៏​ទៅ​ជួយ​ពុំ​រួច​ព្រោះ​ទើស​ នឹង ទឹក​ ទ័ព​ទាំង​ ៤០០០​នាក់​ក៏​ថយ​វិល​មក​វិញ​។ ព្រះ​ចម្បា​ធិ​រាជ​ ខឹង​ណាស់​ក៏ប​រដំរី​ដេញ​ពល​ ទៅ​បញ្ឈរ​នៅ​មាត់​ច្រាំង​ តាំង​បាញ់​ចំរុះ​។ លុះ​ព្រឹក​ឡើង​ព្រះ​ ចៅ​ក្រុង​កម្ពុជា​ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ ត្រាស់​ឲ្យ​កេស្ស​ធិកា​បុស្ស​រាជ​ ដែល​ជា​ជំនួយ​ព្រះ​ចម្បា​ធិរាជ​ នោះ​ជា​មេ​ទ័ព​មុខ​ ជំនួស​ព្រះ​ចម្បា​ធិរាជ​។ ស្ដេច​ឲ្យ​កេណ្ឌ​ពល​ ធ្វើ​ស្ពាន​ ចង​ក្បូន​ចំលង​ទ័ព​ចូល​ទៅ​វាយ​សៀម​ម្ដង​ទៀត​។​

ខាង​សៀម​ក៏​បាញ់​កាំ​ភ្លើង​ធំ​តូច​មក​លើ​ក្បូន​ លើ​​ស្ពាន​​ទ័ព​ស្រុក​ខ្មែរ​យើង​ ទ័ព​ខ្មែរ​យើង​ឆ្លង​ពុំ​បាន​។ លុះ​ដល់​ថ្ងៃ ​ក្រោយ​មក​ទ្រង់​ត្រាស់​ ឲ្យ​លើក​ទ័ព​ធំ​ទៅ​ក​ជា​ប៉ម​ដាក់​កាំភ្លើង​ធំ​បាញ់​តំរង់​ទ្វារ​បន្ទាយ​ ហើយ​ទ្រង់​ឲ្យ​ចង​ក្បួន​ធ្វើ​ស្ពាន​ កេណ្ឌ​ទូក​ចំលង​ទ័ព​ចូល​ច្បាំង​ទៀត​តែ​សៀម​វា​រក្សា​បន្ទាយ​យ៉ាង​មាំ​មួន​វាយ​ពុំ​បាន​។ ទ័ព​ខ្មែរ​ ក៏​ថយ​មក​បន្ទាយ​វិញ​។ ខណៈ​នោះ​ ព្រះ​រាជា​អ្នក​ជា​អម្ចាស់​ផែន​ដី​កម្ពុជា​ មាន​ព្រះ​រាជ​ឱង្ការ​ នឹង អស់​នា​ម៉ឺន​មុខ​មន្ត្រី​ថា ​:​ នគរ​សៀម​មាន​ទឹក​ព័ទ្ធ​ជុំវិញ​ ហើយ​យើង​លើក​ទ័ព​ជើង​គោក​មក​នេះ​មាន​ពល​ ក៏​​តិច​ យើង​បន្ត​សង្គ្រាម​ទៅ​ទៀត​ពុំ​បាន​។​

 ដូច្នេះ​ទ្រង់​ត្រាស់​ឲ្យ​កង​ទ័ព​មួយ​ម៉ឺន​នាក់​លើក​ទ័ព​ចេញ​ហើយ​បំបែក​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​តូច​-​ធំ និគម​ជន​បទ​ចាប់​កៀរ​គ្រួ​សៀម​ចាប់​ដំរី​សេះ​ យក​អស់​សម្បត្តិ​ទ្រព្យ​ ស្បៀង​អាហារ​បាន​មក​ជា​ឈ្លើយ​ច្រើន​ណាស់​។ ទ្រង់​មាន​ ព្រះ​រាជ​ឱង្ការ​ឲ្យ​ទ័ព​ក្រោយ​ ផាត់​កៀរ​គ្រួ​មក​ មុន​ទ័ព​ហ្លួង​ ១៥​ថ្ងៃ​។ លុះ​ដល់​ខ្នើត​ ខែ​ផល្គុន​ ស្ដេច​លើក​ទ័ព​វិល​ចូល​ ក្រុង​កម្ពុ​ជា​ធិប​តីវិញ​។ ព្រះ​ចៅ ​ក្រុង​ស្រី​អយុធ្យា ​កាល​បើ​បាន​ឃើញ​ទ័ព​ខ្មែរ​ដក​ថយ​ត្រឡប់​មក​ ក្រុង​កម្ពុជា​វិញ​ហើយ​ក៏​ឲ្យ​ចៅ​ហ្វាយ​ស្រុក​ប្រមូល​រាស្ត្រ​ដែល​នៅ​សេស​សល់​នោះ​ឲ្យ​ចូល​មក​នៅ​តាម​ស្រុក​ដើម​វិញ​។ ឯ​អម្ចាស់​ផែន​ដី​ ព្រះ​នគរ​ក្រុង​កម្ពុជា​ ទ្រង់​ត្រាស់​ឲ្យ​ផាត់​កៀរ​គ្រួ​សៀម​ ដែល​នៅ​ខេត្ត​ខាង​ជើង​ ខេត្ត​ខាង​កើត​នាំ​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​បាន​ចំនួន​ច្រើន​ណាស់​។ ទ្រង់​ត្រាស់​ឲ្យ​រំសាយ​កង​ទ័ព​ ឲ្យ​ចេញ​ទៅ​នៅ​តាម​ទី​លំនៅ​ រៀង​ៗ​ខ្លួន​ ហើយ​ទ្រង់​មាន​ព្រះ​រាជ​កំណត់​ឲ្យ​ត្រួត​ត្រៀម​ពល​ អាហារ​សាស្ត្រា​វុធ​ដាក់​កំណត់​ពេល​ថា ​: ដល់​ពេល​ចេញ​វស្សា​ ឆ្នាំ​ក្រោយ​ ទ្រង់​នឹ ង លើក​ទ័ព​ចូល​ទៅ​វាយ​ក្រុង​ស្រី​អយុធ្យា​ម្ដង​ទៀត​។​

ព្រះបរមិន្ទរាជា លេខ៤