ថ្ងៃសុក្រ ទី21.មេសា 2017.ម៉ោង 21:00
លោកស៊ឹម-វ៉ារ ទទួលទោសកំហុស!.
ដោយ សុទ្ធ-ប៉ូ លិន

*ថ្ងៃទី១៩ តុលា ២០០៤(១៩៤១)

ស្តេច​សីហនុ​ ក្នុង​អាយុ​១៩​ឆ្នាំ ជា​ស្តេច​ក្មេង​ រឺ​ “ស្តេច​ពាល”​ មួយ​អង្គ​មិន​ទាន់​ដឹង​ខ្យល់​អ្វី... ដែល​ស្រាប់​តែ​បាន​ឡើង​សោយ​រាជ្យ​ ជា​ម្ចាស់​ផែន​ដី​នៃ​នគរ​ក្រុង​កម្ពុជា​។ មាន​អ្នក​នយោ​បាយ​បី​នាក់​ គឺ​លោក​សឺង​ ង៉ុក​ថាន់, ប៉ាជ​-​ឈឺន និង​ ស៊ឹម​-​វ៉ារ​ ដែល​បាន​ធ្វើ​សកម្ម​​ភាព​ចូក​ចែវ​ ជំរុញ​អោយ​ខ្សែ​ចរន្ត​នៃ​ប្រវត្តិ​សាស្ត្រ​ហូរ​ទៅ​តាម​ទិស​ព្រួញ​បែប​ដូច​នេះ​។ ក៏​ប៉ុន្តែ​ ក្នុង​ប្រកា​រនេះ​, លោក​ស៊ឺម​-​វ៉ារ​ បាន​ថ្លែង​ប្រាប់​ខ្ញុំ​ថា​ លោក​ “ទទួល​ទោស​កំហុស​” ធ្ងន់​ជាង​គេ​ទាំង​អស់ គឺ​នៅ​ក្នុង​ឆ្នាំ​១៩៦៧​ទៅ​ហើយ​ ពេល​ដែល​ខ្លួន​ខ្ញុំ​បាន​ទៅ​ធ្វើ​ជា​សហ​ការី​នៃឳពុក​ធំ​របស់​ខ្ញុំ លោក​ស៊ឺម​-វ៉ារ​ នៅ​ក្នុង​ទិន្នា​នុប្ប​វត្តិ ​“​ខ្មែរ​អែក​រាជ្យ​” ដែល​ខ្ញុំ​បាន​ដឹង​រឿង​សំងាត់​ខាង​លើនេះ​​។ ឳពុក​ធំ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំថា​ ដែល​សម្ដេច​សីហនុ​បាន​ឡើង​សោយ​រាជ្យ​ ជា​ព្រះ​ករុណា​ម្ចាស់​ផែន​ដី​នោះ ក៏​ដោយ​សារ “កំហុស​របស់​អ៊ុំ​” ដែរ​។ ពាក្យ​ថា “កំហុស” ក្នុង​មាត់​អ្នក​នយោ​បាយ​, តើ​មាន​ន័យ​ដូច​ម្តេច​ទៅ​ហ្ន៎ ​?...

ព្រោះ​តាំង​ពី​ខ្ញុំ​ដឹង​ក្តី​កាល​ណា​មក​ ខ្ញុំ​មិន​ទាន់​ជឿ​ថា​ មាន​អ្នក​នយោ​បាយ​ណា​ម្នាក់​ ទោះ​នៅ​ក្នុង​អតីត​កាល​ក្តី​ ទោះ​នៅ​ក្នុង​បច្ចុប្បន្ន​​កាល​ក្តី​ ទទួល​ខ្លួន​​អែ​ង​​ថា ខ្លួន​អែង​ធ្វើ​ខុស​ឡើយ​ រឺ យល់​ព្រម​សារ​ភាព​ដោយ​សុទ្ធ​ចិត្ត​អែង​ៗ​ ដោយ​ស្មោះ​បរិ​សុទ្ធ​អស់​ពី​ពោះ​ពី​ពុង​ ចំពោះ​អ្នក​ដទៃ ថា​ខ្លួន​ធ្វើ​ខុស​ក្រៅ​ពី​ការ​គេ​រុញ​ច្រាន​អោយ​ទាល់​ច្រក​ប៉ុណ្ណោះ​។ ពី​ព្រោះ​ការ​ទទួល​កំហុស​ក្នុង​នយោបាយ​ គឺ​ជា “សេច​ក្តី​ស្លាប់​របស់​ខ្លួន​អែង​” មិន​មែន​ជា​អវត្ត​មាន​នៃ​រូប​កាយ​ទេ​ ប៉ុន្តែ​ជា “​ការ​ស្លាប់​នៃ​អុត្តម​គតិ​របស់​ខ្លួន​អែង​”​។ អ្នក​នយោ​បាយ​ដែល​ទទួល​ខ្លួន​ខុស​ គឺ​ត្រូវ​ឈប់​ធ្វើ​នយោ​បាយ​។ គឺ​ប្រហែល​គ្នា​នឹង​បង្ខំ​អោយ​មនុស្ស​សាមញ្ញ​ធម្ម​តា​ឈប់​ដក​ដង្ហើម​។

សម្ដេច​​សី​ហនុ​​ក្តី​, លោក​​ខៀវ​​-​សំ​ផន​ក្តី ក៏​សូម្បី​អែក​អុត្តន​អ៊ិន​-តាំ​ក្តី​ ក៏​មិន​ដែល​ទទួល​ខ្លួន​ខុស​ដែរ​ មក​ទល់​សព្វ​ថ្ងៃ​នេះ​។ ហើយ​បើ​កាល​ណា​គេ​ម្នាក់​ៗ​ទទួល​ខ្លួន​ថា “​ខុស​” គឺ​គ្រាន់​តែ​បាន​សេច​ក្តី​ថា​ គេ​មិន​ខុស​តែ​ប៉ុណ្ណោះ​អែង​, ធ្ងន់​ជាង​នេះ​ទៅ​ទៀត “ខុស​ដែរ...ក៏ប៉ុន្តែ​” អុទា​ហរណ៍​ដូច​មក​ទល់​បច្ចុប្បន្ន​នេះ​ គ្មាន​ដែល​បាន​ទទួល​ខ្លួន​លោក​ថា​ខុស​ម្តង​ណា​សោះ​ គឺ​លោក​ភ្លឺ​ស្វាង​តែ​មួយ​ចប់​... ស្វាង​តាំង​តែ​ពី​ឆ្នាំ​១៩៤១​ រហូត​ដល់​ឆ្នាំ​២០០៤​ ក៏​នៅ​តែ​ទ្រង់​ឈ្វេង​យល់​ត្រូវ​រហូត​ ស្វាង​មិន​ព្រម​ស្វាង​។ លោក​ផ្លាស់​ប្តូរ​នយោ​បាយ​វិល​ក្បុង​ ដូច​សត្វ​ថ្លែន​ដូរ​ពណ៌​ពេល​ដែល​សម្ដេច​ធ្វើ​ជា​ប្រធាន​សង្គម​រាស្ត្រ​និយម​ លោក​បាន​ពិឃាត​ “ពួក​ខ្មែរ​សេរី​” និង​ “ពួក​ខ្មែរ​ក្រហម​” ១៩៥៥​-​១៩៧០, ពេល​ដែល​លោក​ឡើង​ធ្វើ​ជា​ប្រធាន​ខ្មែរ​ក្រហម​​នៅ​ទី​ក្រុង​ប៉េកាំង​ លោក​បាន​ដឹក​នាំ​ពួក​យួន​ហា​ណូយ​ ហើយ​និង​ពួក​ខ្មែរ​កុម្មុយ​និស្ត​ អោយ​មក​ពិឃាត​ពួក​ខ្មែរ​លន់​-​នល់ និង​ពួក​សង្គម​ចាស់​ ដែល​សុទ្ធ​សឹង​ជា​កូន​ចៅ​ព្រះ​អង្គ កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម​ ១៩៧០-១៩៧៩​។ នៅ​ក្នុង​ទស​វត្ស​១៩៨០ លោក​បាន​ធ្វើ​នយោ​បាយ​រួប​រួម​ជា​មួយ​ពួក​ខ្មែរ​ក្រហម​ ហើយ​និង​ពួក​សាធា​រណ​រដ្ឋ​ ដើម្បី​ច្បាំង​ជា​មួយ​ពួក​យួន​ឈ្លាន​ពាន ហើយ​និង​ពួក​ហ៊ុន​-សែន​។ លុះ​ដល់​ទសវត្ស​១៩៩០ លោក​បាន​ទៅ​ចុះ​ចូល​ជា​មួយ​ពួក​ហ៊ុន​-​សែន​ ដើម្បី​ច្បាំង​ជា​មួយ​ពួក​ខ្មែរ​ក្រហម​វិញ​ម្តង​។ ឃើញ​ថា​អ្នក​ដែល​ខុស គឺ​សុទ្ធ​សឹង​ជា​ពួក​អ្នក​ដទៃ​ទៀត​ទាំង​អស់ គឺ​ពួក​លន់​-នល់ ​ពួក​កូន​ចៅ​ផ្ទាល់​របស់​សម្ដេច​ ចំនែក​អ្នក​ដទៃ​ទៀត​សុទ្ធ​សឹង​ជា​ពួក​កូន​ចៅ​មិន​ផ្ទាល់​ ហើយ​បើ​និយាយ​ថា កូន​ចៅ​លោក​ផ្ទាល់​មិន​ស្មោះ​នឹង​លោក​ទៅ​ហើយ​ តើ​ទៅ​សង្ឃឹម​លើ​អ្នក​ណា ថា​គេ​ស្មោះ​នឹង​លោក​ទៅ​កើត​?​ ។ អ្នក​ខុស​គឺ “ពួក​ខ្មែរ​សេរី”, “ពួក​ខ្មែរ​ក្រហម​”, “ពួក​ចក្រ​ពត្តិ​អាមេរិក​”, “ពួក​យួន​ហាណូយ​”, ពួក​សូវៀត​, ពួក​ចិន​ប៉េ​កាំង​ ព្រម​ទាំង​រាស្ត្រ​ខ្មែរ​ទូ​ទៅ​ក៏​ខុស​ដែរ​, ទេ​តែ​សម្ដេច​សីហនុ​មួយ​អង្គ​គត់​ ​។​ ចំនែក​លោក​ខៀវ​-​សំផន​មក​ដល់​សព្វ​ថ្ងៃ​វិញ គេថា ខ្លួន​​គេ​ខុស​​មែន​ពិត​ ក៏​ប៉ុន្តែ​គេ​ពុំ​បាន​សំលាប់​មនុស្ស​ណា​ដែល​គ្មាន​ទោស​កំហុស​នោះ​ទេ​។ ចំនែក​ប៉ុល​-ពត​វិញ​ សាហាវ​ជាង​គេ​មែន​ទេ​... រហូត​ទៅ​ដល់​ថ្ងៃស្លាប់​ ១៩៩៨ ប៉ុល-ពត​មិន​បាន​ទទួល​ខ្លួន​ខុស​ ក៏​​មិន​ថា​ខ្លួន​គាត់​ខុស​​ក៏​មិន​ថាខ្លួន​គាត់​ត្រូវ។ ប៉ុល​-​ពត​មិនសូវ​​ជា​​ខ្វល់​ខ្វាយ​នឹង​យោបល់​ពិភព​លោក​នោះ​ទេ​។ មនុស្ស​តែ​ម្នាក់​គត់​ រស់​នៅ​ក្នុង​អាថ៌​កំបាំង​នៃ អង្គការ​លើ ត​ទល់​នឹង​ការ​ខ្ពើម​រអើម​មួយ​ភព​ផែន​ដីបាន​។ គួរ​សរ​សើរ​ដែរ​, ព្រោះ​ខ្លួន​មាឌ​តូច​ អិទ្ធិ​ពល​តិច​ ចំនេះ​ស្តើង អ្នក​នយោ​បាយ​កំទេច​កំ​ទី​ម្នាក់​ ក្នុង​ប្រ​ទេស​តូច​មួយ​ដែល​គេ​មិន​ដែល​ស្គាល់​, អតីត​គ្រូប​ង្រៀន​សាលា​ឈ្នួល​ម្នាក់​ ដែល​មាន​សំដី​ទន់​ភ្លន់​, ស្រាប់​តែ​មាន​កំលាំង​ទឹក​ចិត្ត​ប្រ​ហែល​មិន​ស្ទើរ​ រឺ​ក៏​មិន​ស្មើ​ទេ ប៉ុន្តែ​ដូច​ជា​លើស​ អ៊ីត្លែរ​, ស្តា​លីន​, ម៉ៅ​-​សេ​ទុង​ទៅទៀត​។ រី​អែ​ជន​ផ្តាច់​ការ​អន្តរ​ជាតិ​មាឌ​យក្ស​ទាំង​ប៉ុន្មាន​ ប្រសិន​បើ​គេ​ទៅ​គាស់​ខ្មោច​ពួក​គាត់​មក​វិញ​ អោយ​មក​ថ្លែង​ការណ៍​ដល់​សារ​ពត៌​មាន​អន្តរ​ជាតិ​ ក៏​ច្បាស់​ជា​ពួក​គាត់​គ្មាន​ផ្លូវ​ទទួល​ខ្លួន​ ថា​ពួក​គាត់​ខុស​នោះ​ដែរ​។ ហើយ​ប្រសិន​បើ​ពួក​គាត់​ត្រូវ​កសាង​អុក្រឹដ្ឋ​កម្ម​ឡើង​វិញ​ ដែល​គាត់​បាន​ប្រព្រឹត្ត​ក្នុង​អតី​ត​កាល​ គឺ​ច្បាស់​ជា​គាត់​នឹង​កសាង​ឡើង​វិញ​ម្តង​ទៀត​ជា​មិន​ខាន​ឡើយ​។

នៅ​ទី​បំផុត​ បើ​និយាយ​ពី​អែក​អុត្តម​ អ៊ិន​-តាំ​វិញ​ ដែល​សព្វ​ថ្ងៃ​កំពុង​កសាង​សីល​ធម៌​ស្រង់​ដើម​ ជា “តាអីសី​កំបាក់​កំពុក​” ម្នាក់​នៅ​អា​រី​សូណា​ លោក​ធ្លាប់​បាន​រំលឹក​ពេល​វេលា​ធំ​ៗ​ទាំង​អស់​នៅ​ក្នុង​អតីត​កាល​ ដែល​អែក​អុត្តម​បាន​គាំ​ទ្រ​សម្ដេច​ឳ​ជា​អម្ចាស់​។ ពេល​ សម័យ​ទាម​ទារ​អែក​រាជ្យ​ពី​បារាំង​! ពេល​ឆ្នាំ​១៩៦០​, ដែល​លោក​បាន​កេណ្ឌ​ប្រជា​នុរាស្ត្រ​ (ខេត្ត​តាកែវ​) ជា​មួយ​នឹង​លោក​ទឹម​-​ដុង (ប្រតិ​ភូ​ក្រុង​កែប​) មក​ថ្វាយ​ព្រះ​ពរ​សម្ដេច​ឳ អោយ​ក្លាយ​ទៅ​ជា​ព្រះ​ប្រមុខ​រដ្ឋ​ ព្រម​ទាំង​បាន​ដង្ហែ​សម្ដេច​ឳ “រហូត​ដល់​ទី​អវ​សាន”​, ជួយ​ព្រះ​អង្គ​ធ្វើ​ប្រជា​មតិ​ប្រកប​ដោយ​ជោគ​ជ័យ​ត្រចះ​ត្រចង់​ចំពោះ “សង្គម​រាស្ត្រ​និយម​” ​។

នៅ​ឆ្នាំ​១៩៧២​... នៅ​ចំកណ្ដាល​ទន្លេ​នៃ​សាធា​រណ​រដ្ឋ​ខ្មែរ អែក​អុត្តម​ អ៊ិន-តាំ ក្នុង​នាម​ជា​មេ​ដឹក​នាំ​គណបក្ស​ប្រជា​ធិបតេយ្យ​ ជា​មួយ​នឹង​លោក​ឌុក-​រ៉ាស៊ី​ ហើយ​និង​លោក​ ចៅ​-​សៅ ក្នុង​យុទ្ធ​នា​ការ​បោះ​ឆ្នោត​ត​តាំង​នឹង​អែក​អុត្តម លន់​-នល់​ លោក​បាន​ប្រកាស​ធ្វើ​ជា​មេ​ធាវី​អោយ​សម្ដេច​សីហនុ​ ត្រលប់​ចូល​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ ក្នុង​ប្រការ​អោយ​ស្តេច​ក្រហម​មក​អារ​ក​ពួក​លន់​-​នល់ និង ពួក​សិរិមតៈ​។ រហូត​ដល់​ឆ្នាំ​១៩៨០​ ដែល​អែក​អុត្ត​ម​បាន​សុខ​ចិត្ត​ដង្ហែរ​សម្ដេច​ឳ អោយ​រហូត​ដល់​ទី​ចប់​នោះ​ទៀត​, លោក​អ៊ិន​-តាំ​ ភ្លេច​នឹក​ឃើញ​តែ​ព្រឹត្តិការណ៍​មួយ​គត់​ ថ្វី​បើ​ជា​ព្រឹត្តិ​ការណ៍​មួយ​ដ៏​សំខាន់​គួរ​សម​ដែរ​ គឺ​លោក​ភ្លេច​ថា លោក​បាន​ដង្ហែរ​ព្រះ​កូណា​សីហនុ​វរ្ម័ន​ អោយ​ធ្លាក់​ដាំ​ដូង​ ក្នុង​ព្រឹត្តិ​ការណ៍៍​ ១៨ មិនា​១៩៧០​.ដែល​ក្នុង​ឋានៈ​ជា​ប្រធាន​រដ្ឋ​សភា​ស្តី​ទី លោក​បាន​ក្លាយ​ទៅ​ជា កូន​សោរ​មួយ​ដ៏​សំខាន់​ ក្នុង​រដ្ឋ​ប្រហារ​ តាម​ច្បាប់​ ទំលាក់​ប្រមុខ​រដ្ឋ​ខ្មែរ​។

គិត​សព្វ​ៗ​ទៅ. ពេល​ដែល​លោក​អ៊ិន​-តាំ​បាន​ចោទ​សម្ដេច​សីហនុ​ ក្នុង​ថ្ងៃ​១៨​មិនា​ថា ជា​ស្តេច​សក្តិ​ភូមិ​ជា​មួយ​អែក​អុត្តម​ទ្រិញ​-វ៉ាញ ​ព្រម​ទាំង​បាន ​លួច​សរសើរ​រៀម​ច្បង​អែក​អុត្ត​ អុត្តម​សេ​និយ​អែក​លន់-នល់​ ពី​យូ​យារ​ណាស់​មក​ហើយ​ ក៏​នៅ​តែ​លោក​មិន​ខុស​។ ប៉ុន្តែ​ពេល​ដែល​អែក​អុត្តម​អ៊ិន​-តាំ​បាន​បោក​បញ្ឆោត​មេ​ដឹក​នាំ​ខ្មែរ​សេរី​ម្នាក់​ គឺ​លោក​ព្រៀប​-អ៊ិន​ អោយ​មក​ចូល​ស៊ង​ “សង្គម​រាស្ត្រ​និយម​” បណ្ដាល​អោយ​សម្ដេច​សីហនុ​ចាប់​ដាក់​ក្នុង​ទ្រុង​ បណ្ដើរ​ដូច​ស្វា នៅ​មុខ​មនុស្ស​កំសាក​រាប់​ម៉ឺន​​សែន​នាក់​នៃ​ហ្វូង​សមាជ​នៅ​វាល​ព្រះ​មេរុ រួច​ហើយ​ត្រូវ​ស្តេច​បញ្ជា​អោយ​យក​ទៅ​បាញ់​ចោល​យ៉ាង​សាហាវ​យង់​ឃ្នង​នៅ​ត្រពាំង​ក្រលឹង​នោះ​ក៏​ជា​អំពើ​ត្រឹម​ត្រូវ​មួយ​ដែរ​របស់​អែក​អុត្តម​អ៊ិន​ តាំ​ ខ្ញុំ​ហាក់​ដូច​ជា​មាន​អារម្មណ៍​ម្តង​ម្កាល​ថា ស្តេច​សីហនុ​ប្រហែល​ ជា​មិន​ធ្លាក់​ដល់​ថ្នាក់​ឆ្គួត​លីលា​ម្លឹង​ពេក​ទេ ប្រសិន​បើ​គ្មាន​ព្រះ​រាជ​បំរើ​បញ្ចើច​បញ្ចើរ​អោយ​ឡប់​អាច់​ខ្សៀរ​ តួ​យ៉ាង​ដូច​អែក​អុត្តម​អិន​-​តាំ !!​។

សុភា​សិត​របស់ ឌី​យោស​នែ DIOGÈNE ទស្សន​វិទូ​ក្រិក ជន​ម្នាក់​បាន​សួរ​គាត់​ថា តើ​សត្វ​ណា​មួយ​ដែល​ខាំ​បណ្ដាល​អោយ​ ឈឺ​ចាប់​ជាង​គេ​បំផុត​? នៅ​ក្នុង​ចំនោម​ពួក​កាច​សាហាវ​ ​ពួក​ជន​ពាល​, គាត់​ឆ្លើយ​, គឺ​ពួក​និយាយ​អាក្រក់​ពីគេ​។ នៅ​ក្នុង​ចំនោម​ពួក​​អ្នក​ចេះ​ដឹង​, គឺ​ពួក​និយាយ​បញ្ចើច​បញ្ចើរ...។

វិល​ត្រលប់​មក​លោក​ស៊ឺម​-​វ៉ា​រ វិញ​, ក្នុង​ឆ្នាំ​១៩៦៧ ពេល​នោះ​សម្ដេច​សីហនុ​ទើប​តែ​បាន​បញ្ជា​អោយ​លោក ចៅ​-សេង “អុប​រាជ​ឆ្វេង​” របស់​ទ្រង់​ប្លន់​ដណ្ដើម​យក​កា​សែត «Le Dépêche du Cambodge» ចេញ​ពី​ផ្ទះ​គាត់ ដែល​គាត់​មាន​ឋានៈ​ជា​ចាង​ហ្វាង​នយោ​បាយ​។ លោក​ស៊ឹម​-វ៉ា​រក៏​បាន​ទៅ​បង្កើត​ទិន្នា​នុប្ប​វត្តិ​មួយ​ទៀត​ជា​ភាសា​ខ្មែរ​ គឺ​កាសែត​ ខ្មែរ​អែក​រាជ្យ ចាង​ហ្វាង​នយោ​បាយ ស៊ឹម​-វ៉ារ​, ចាង​ហ្វាង​ការ​ផ្សាយ​ថោង​លឹម​ហួង​, និពន្ធ​នា​យក ជូ​-ថា​នី​។ ថ្វី​បើ​មាន​ការ​ជំទាស់​ពី​មិត្ត​ភក្តិ​តស៊ូ​ជា​ច្រើន​ក្នុង​ជំនាន់​ អាណា​និគម​បារាំង​ក៏​ដោយ ថា​កុំ​អោយ​គាត់​ធ្វើ​នយោ​បាយ​ធ្វើ​អ្វី ក្នុង​ឆ្នាំ​១៩៦៦-៦៧.ព្រោះ​កាលៈ​ទេសៈ​មិន​អនុញ្ញាត​អោយ​ទេ ពី​ព្រោះ​គ្មាន​ច្រក​ចេញ​ទេ​, ដោយ​សេរី​ភាព​នយោ​បាយ​នៅ​ប្រទេស​កម្ពុជា​ ក្នុង​សម័យ​១៩៦៦​-​៦៧​នោះ​ មាន​​មិន​ស្មើ នឹង សេរី​ភាព​នយោ​បាយ​កាល​ពី​សម័យ​អាណា​និគម​​នោះ​ផង​ ក៏​ប៉ុន្តែ​លោក​ស៊ឹម​-​វ៉ារ នៅ​តែ​ចចេស​ធ្វើ​តាម​ចរិត​របស់​គាត់​ ដែល​ហ៊ាន​និយាយ​ការ​ពិត​ខ្លាំង​ៗ​ ចំពោះ​ព្រឹត្តិ​ការណ៍​ប្រកប​ដោយ​គ្រោះ​ថ្នាក់​.. នៅ​ពេល​ដែល​អ្នក​ផង​ទូទៅ​គ្រាន់​តែ​ហ៊ាន​គិត​នៅ​ក្នុង​ពោះ ​(Dire tout haut ce que tant le monde pense tout bas)​។ ជា​ហេតុ​បណ្ដាល​អោយ​សម្ដេច​ឳ​ជា​អម្ចាស់​ ស្រែក​បង្អើល​តាម​វិទ្យុ​ អោយ​រាស្ត្រ​មក​ធ្វើ​ឃាត​លោក​ស៊ឹម-​វ៉ារ​ ព្រម​ទាំង​បញ្ជា​អោយ​លោក​ចៅ​-សេង​ ព្រម​ទាំង​លោក​ស័ក្តិ​ប្រាំ ហ៊ូវ​-​ហាំង​ស៊ីន​ (កុមីស្សែរ​សង់ត្រាល់​ភ្នំពេញ)​ កេណ្ឌ​បាតុ​ករ​ខ្នាន់​ខ្នាប់​ មក​ឡោម​ព័ទ្ធ​បំផ្លិច​បំផ្លាញ​គេ​ហស្ថាន​លោក​ស៊ឺម​-​វ៉ារ​ផង (ឋិត​នៅ​វិថី​បូទុម​សូរិ​យាវង្ស​ ក្បែរ​ស្តាត​ចាស់​ នៅ​ចំ​ពី​មុខ​ផ្ទះ​លោក​ម៉ី-​ស៊ី​ចន​ ក្នុង​សង្កាត់​បារាំង ព្រម​ទាំង​អោយ​មក​កំទេច​រោង​ពុម្ព​កាសែត​ខ្មែរ​អែក​រាជ្យ​ផង​ ឋិត​នៅ​តាម​ផ្លូវ​កម្ពុជា​ក្រោម​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ថ្មី​។ ពួក​បាតុ​ករ​បាន​វាយ​ដំ​ម៉ាស៊ីន​កាសែត​អោយ​ខូច​យ៉ាង​ដំណំ ព្រម​ទាំង​ប្រមូល​ក្រដាស​រាប់​តោន​ មក​ហែក​បាច​សាច​ពេញ​ថ្នល់​ ចំនួន​ខូច​ខាត​ប្រហែល​ខ្ទង់​ជិត​ពីរ​លាន​រៀល ហើយ​សុទ្ធ​សឹង​ជា​ប្រាក់​ខ្ចី​គេ និង​ជា​ប្រាក់​ចូល​ហ៊ុន​គ្នា​យក​មក​ធ្វើ​សារពត៌​មាន​នេះ​។

ក្រោយ​ពី​កើត​អុប្បត្តិ​ហេតុ​ លោក​អ៊ុំ​ស៊ឹម​-វ៉ា​រ​ ព្រម​ទាំង​គ្រួសារ​របស់​គាត់​ ​ដោយ​ការ​ណែ​នាំ​បញ្ចុះ​បញ្ចូល​ពី​ក្រុម​ញាតិ និង មិត្ត​ ឆ្ងាយ​ទាំង​អស់​ក៏​បាន​ដាច់​ចិត្ត​ទៅ​សំណាក់​នៅ​ផ្ទះ​ក្មួយ​គាត់​ម្នាក់​ឈ្មោះ​លោក ហង-គុន​ថាប់ ប្អូន​បង្កើត​របស់​លោក ហង-គន្ធន់ នៅ​ទួល​គោក​។ ក្នុង​ការ​ខក​ចិត្ត​រឺ​ស្រុត​ចិត្ត​យ៉ាង​ខ្លាំង​​ដែល​ខ្ញុំ​កម្រ​ជួប​ប្រទះ​នៅ​ក្នុង​រូប​អ្នក​នយោ​បាយ​ស៊ឹម​-វ៉ារ ខ្ញុំ​លឺ​គាត់​មាន​ប្រសាសន៍​ មក​កាន់​ខ្ញុំ​ដោយ​មិន​ទាំង​សំលឹង​មុខ​ខ្ញុំ​ផង​ថា “អ៊ុំ​គ្មាន​ជំនឿ​ទៅ​លើ​អនា​គត​របស់​ស្រុក​យើង​ទៀត​ទេ ហើយ​អ៊ុំ​ក៏​គ្មាន​ជំនឿ​ថា នរ​ណា​អាច​ធ្វើ​អ្វី​ទៀត​កើត​ដែរ​។

ដូច្នេះ​ឆ្នាំ​១៩៦៦-​១៩៦៧​នេះ គឺ​ជា​ឆ្នាំ​កំណើត​នៃ​ការ​មិន​សប្បាយ​ចិត្ត​ទូ​ទៅ​នៃ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ចំពោះ​សម្ដេច​សីហនុ​ព្រះ​ប្រ​មុខរដ្ឋ ចំនែក​កាសែត​ “ខ្មែរ​អែក​រាជ្យ​” របស់​លោក​ស៊ឹម​-វ៉ា​រ គឺ​ជា​និមិត្ត​រូប នៃ​ការ​មិន​សប្បាយ​ចិត្ត​នោះ​អែង​ (Le Malaise)... ដូច្នេះ​ហើយ​បាន​ជា​សម្ដេច​អោយ​គេ​រំលាយ​ចោល​ដោយ​​ច្បាប់​ព្រៃ រឺ ច្បាប់​តាម​ផ្លូវ​ថ្នាក់​ Loi de la rue​។ ប៉ុន្តែ​រឿង​ធំ​បំផុត​ដែល​គ្មាន​នរ​ណា​ដឹង​ ប្រ​ហែល​​មាន​តែលោកស៊ឹម​វ៉ារ​ និង​មនុស្ស​៤​-​១០​នាក់​ទេ​ដែល​ដឹង​ ដែល​ជា​កត្តា​សំខាន់​បំផុត​ បណ្ដាល​អោយ​ផ្ទុះ​ព្រឹត្តិ​ការណ៍៍​១៨​ មិនា​ ១៩៧០​។

រឿង​រិស​គល់​នៃ​សោក​នាដ​កម្ម​ខ្មែរ​តែ​ម្តង​ គឺ​រឿង “ទំនាស់​វាំង​” គឺ​រឿង​ចំបាំង​រវាង​ស្តេច​ម៉ែ វាំង​ហ្លួង) និង ស្តេច​កូន​វិមាន​រដ្ឋ​ចំការ​មន គឺ​ការ​ប៉ះ​ទង្គិច​គ្នា​អិត​ផ្លូវ​កែ​បាន​ រវាង​ព្រះ​មហាក្ស​ត្រី​យានី​កុសុមៈ​នារី​រ័ត្ន​ នឹង សម្ដេច​ប្រមុខ​រដ្ឋន​រោត្តម​-សី​ហនុ​។ សម្ដេច​សីហនុ​ ដោយ​ដឹង​ថា អំណាច​របស់​លោក​កាន់​តែ​រង្គោះ​រង្គើ​រហើយ​ ដូច​ជា​ចង់​របូត​ផុត​ពី​ដៃ​លោក​ហើយ​ ក៏​មាន​គោល​បំណង​ចង់​សោយ​រាជ្យ​លើ​រាជ​បល្លង្ក​ឡើង​វិញ​ ដោយ​ពិធី​រាជា​ភិសេក​ជា​មួយ​អ្នក​ម្នាង​ម៉ូនិក​។ ដែល​ជា​ការ​បណ្ដាល​អោយ​មាន​ការ​ប្រឆាំង​ដាច់​អហង្កា​ពី​ព្រះ​មហាក្ស​ត្រី​យានី​។ បើ​សម្ដេច​សីហនុ​ចង់​សោយ​រាជ្យ​សម្បត្តិ​ឡើង​វិញ​ វា​ទាល់​តែសោយ​លើ ខ្មោច​របស់​ទ្រង់ ពី​ព្រោះ​ថា ពេល​ព្រះ​កូណា​នរោត្តម​​-​សីហនុ​បាន​​ដាក់​រាជ្យ​ក្នុង​ឆ្នាំ​១៩៥៥ ព្រះ​អង្គ​បាន​សន្យា​ជា​ឱឡា​រិក​ ចំពោះ​មុខ​ប្រជា​នុ​រាស្ត្រ និង ទេព្តា​រក្សា​ស្វេត​ឆ័ត្រ​​ថា ទ្រង់​មិន​វិល​ត្រលប់​មក​កាន់​រាជ​សម្បត្តិ​វិញ​ទេ​។ ពី​ឆ្នាំ​១៩៦៦ ទៅ​ដល់​ឆ្នាំ​១៩៧០ ម៉ែ​ហើយ ​និង​ កូន អស់​មើល​មុខ​គ្នា​ត្រង់​ជា​ម៉ែ ហើយ​និង​ជា​កូន​ទៀត​ហើយ​។​ ព្រះ​រាជា​ណា​ចក្រ​ខ្មែរ​ក៏​ក្លាយ​ទៅ​ជា​មាន​វាំង​ពីរ​។

ពេល​ដែល​លោក​ស៊ឹម​-​វ៉ារ​ត្រូវ​ទៅ​សំណាក់​នៅ​ផ្ទះ​លោក ហង​-គុន​ថាប់​ ចាង​ហ្វាង​ក្រុម​ហ៊ុន​សែល​ នៅ​ទួល​គោក គឺ​ជា​ពេល​ដែល​គាត់​បាន​ និទាន​ រឿង​សំងាត់​របស់​វាំង​អោយ​ខ្ញុំ​ស្តាប់​ខ្លះ​ៗ ដែល​បណ្ដាល​អោយ​ខ្ញុំ​ព្រឺក្បាល​ខ្ញាក​ៗ​។ ជា​បថម លោក​ស៊ឹម​-​វ៉ារ​ មាន​ប្រសាសន៍​ថា ដែល​គេ​មិន​ធ្វើឃាត​គាត់​ រឺ​មិន​ធ្វើ​ឃាត​ដល់​ក្រុម​និពន្ធ “​ខ្មែរ​អែក​រាជ្យ​” ​គឺ​ដោយ​ សារ​បាន​គុណ​បុណ្យ​ព្រះ​មហាក្ស​ត្រី​យានី​ជា​អ្នក​គាំ​ពារ​។

ទី២ -​លោក​បញ្ជាក់​ថា​ ដែល​សម្ដេច​សីហនុ​បាន​ឡើង​សាយ​រាជ្យ​ ក៏​ជា​កំហុស​របស់​គាត់​ដែរ ដូច​ខ្ញុំ​បាន​ពោល​នៅ​លើ​រួច​មក​ហើយ​ ប៉ុន្តែ​ជា​កំហុស​ដែល​គាត់​បាន​ស្តាយ​ក្រោយ​ រឺ​មិនបាន​ស្តាយ​ក្រោយ​នោះ​​ខ្ញុំ​មិន​ដឹង​ទេ​ពី​ព្រោះ​ខ្ញុំ​មិន​សួរ​គាត់​។

ទី៣ -លោក​ស៊ឺម​-វ៉ារ​ពោល​ថា ព្រះ​មហាក្ស​ត្រីយានី​ ថ្វី​ត្បិត​តែ​ជា​ស្រី​ភេទ​ ប៉ុន្តែ​មាន​ប្រាជ្ញា​ខ្ពង់​ខ្ពស់​ណាស់​ ហើយ​មាន​ចិត្ត​រឹង​ប៉ឹង​ដូច​ប្រុស​ តាំង​ពី​សម័យ​អាណា​និគម​បារាំង​មក​ម៉្លេះ​។ ចំនែក​ស្តេច​សីហនុ​វិញ​ មាន​ជាតិ​ជា​ស្តេច​តែ​សំបក​ក្រៅ តែ​មាន​ក្រយៅ​ជា​ខ្ញុំ​គេ ពេល​នោះ​ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា លោក​ស៊ឹម​-វ៉ារ​ម្តេច​ក៏​ស្រលាញ់​ហើយ​គោរព​ម្តាយ ​ហើយ​ម្តេច​ក៏ស្អប់​ កូន​ម៉េ្លះ​?

ទី៤- ​អំពី​សម្ដេច​ក្រុម​ព្រះ​ស៊ី​សុវត្ថិ​-មុនី​រេត លោក​ស៊ឹម​-​វ៉ារ​បាន​ពោល​ថា​ ជា​មនុស្ស​ម្នាក់​ត្រង់ (Un homme sincère) ចិត្ត​លោក​យ៉ាង​ម៉េច​ សំដី​លោក​យ៉ាង​ដូច្នោះ​អែង​ មិន​ចេះ​មាន​ពុត​ត្បុត​ម្ញែរ​ម្ញរ​ ម្អែ​ម្អួយ​ របៀប​ជា ​“ញី”​ រឺ លាក់​មុខ​ទុក​គូថ​កណ្ដាល​វាល​ដូច​សម្ដេច​សីហនុ​នោះ​ទេ​។ អំពី​ស្តាត​អូឡាំ​ពិក​នៅ​ភ្នំពេញ​ជា​ដើម​ ដែល​ស្រូប​ថវិកា​ជាតិ​អស់​រាប់​លាន​ដុល្លារ​​នោះ សម្ដេច​ក្រុម​ព្រះ​មុនី​រេត​បាន​និយាយ​ជា​ភាសា​បារាំង​ថា «C'est le tombeau du Sangkum) “គឺផ្នូរ​នៃ​របប​សង្គម​រាស្ត្រ​និយម”​។

ទី៥- ​គឺ​ចំនុច​នេះ​ហើយ​ដែល​លោក​ស៊ឹម​-វ៉ារ​បាន​ហាម​ប្រាម​ខ្ញុំ​ដាច់​ខាត​ មិន​អោយ​ផ្សាយ​ រឺ មិន​អោយ​ប្រាប់​នរណា​ម្នាក់​ទៀត​សោះ ក៏​ប៉ុន្តែ​ក្នុង​ពេល​អីលូវ​នេះ​ ខ្ញុំ​មិន​អាច​លាក់​ទុក​ការ​សំងាត់​នេះ​បាន​ទៀត​ឡើយ​។ លោក​ស៊ឹម​-​វ៉ារ​បាន​ពោល​ថា​ ថ្ងៃ​មួយ​លោក​បាន​បង្កើត​សមា​គម​និស្សិត​ខ្មែរ​មួយ ក្នុង​ប្រការ​ស្វែង​រក​អាហា​រូប​ករណ៍៍​ ដើម្បី​ទៅ​ធ្វើ​ការ​សិក្សា​នៅ​បរ​ទេស​។ លោក​ក៏​បាន​ទៅ​ស្នើ​សុំ​សម្ដេច​ក្រុម​ព្រះ​ស៊ីសុ​វត្ថិ​-​មុនី​រេត​ កាល​នោះ​ហៅ​ថា “ព្រះ​អង្គ​ម្ចាស់​អធិបតី​” (កូន​ស្តេច​បំរុង​សោយ​រាជ្យ) ដើម្បី​អោយ​លោក​ធ្វើ​ជា​ប្រធាន​។ ជា​អកុសល​ សម្ដេច​ក្រុម​ព្រះ​មុនី​រេត​បាន​ឆ្លើយ​មក​លោក​ស៊ឹម​-វ៉ារ​វិញ​ថា កុំ​អោយ​កូន​ខ្មែរ​រៀន​សូត្រ​ច្រើន​ពេក​ នាំ​តែ​ពិបាក​ត្រួត​។ លឺ​ដូច​នេះ ​លោក​ស៊ឹម​-វ៉ារ​កើត​សេច​ក្តី​ទោ​មនស្ស​ ហើយ​ ក៏​បាន​ទៅ​បំផុស​បំផុល​ចល​នា​ប្រជា​ប្រិយ​មួយ​ ប្រឆាំង​នឹង​សម្ដេច​មុនី​រេត​ ដែល​ជា​ហេតុ​បណ្ដាល​អោយ​ “​ព្រះអង្គ​ម្ចាស់​អធិ​បតី” ត្រូវ​របូត​រាជ​សម្បត្តិ​​។

អីលូវ​នេះ​, ខ្សែ​ចរន្ត​ប្រវត្តិ​សាស្ត្រ​បាន​ហូរ​រសាត់​បាត់​ទៅ​ឆ្ងាយ​ពន់​ពេក​ទៅ​ហើយ​ ដូច​តែ​ទឹក​ស្ទឹង​ហូរ​អិត​មាន​វិល​ត្រលប់​។ ក៏​ប៉ុន្តែ​តើ​យើង​គួរ​ស្តាយ​កំហុស​របស់​លោក​ស៊ឹម​-​វ៉ារ​ រឺ​ទេ​ ដែល​បាន​ធ្វើ​ចល​នា​សំងាត់​កំចាត់​សម្ដេច​ក្រុម​ព្រះ​ស៊ី​សុវត្ថិ​ -​មុនី​រេត​ពី​រាជបល្ល័ង្ក​ហើយ​បែរ​ជា​ជ្រើស​រើស ស្តេច​ពាល​ មិន​ទាន់​ជ្រុះ​បង្ហើយ​ពី​ក្បាល​ឈ្មោះ​នរោត្តម​-​សីហនុ​ មក​សោយ​រាជ្យ​ជំនួស​វិញ​? ធម្មតា​ការ​ប្រព្រឹត្ត​ខុស​ គឺ​ជា​កំហុស​ទី​១... ចំនែក​ការ​ស្តាយ​កំហុស​ វាជា​កំហុស​ទី​២... ពី​ព្រោះ​ថា អ្វី​ដែល​យើង​បាន​ប្រព្រឹត្ត​ហួស​ទៅ​ហើយ​ យើង​មិន​អាច​កែ​ប្រែ​វា​អោយ​មាន​លក្ខណៈ​ទ្រង់​ទ្រាយ​ បាន​ដូច​ដើម​វិញ​ទេ​។ អង្ករ​ដាំ​ជា​បាយ​ទៅ​ហើយ​... មិន​អាច​ក្លាយ​ ទៅ​ជា​អង្ករ​វិញ​បាន​ទេ​...​

ក៏​ប៉ុន្តែ​តាម​យោបល់​ខ្ញុំ​ យ៉ាង​ហោច​ណាស់​ ក៏​សូម​អោយ​កំហុស​របស់​លោក​ស៊ឹម​-​វ៉ារ​ បាន​ក្លាយ​ទៅ​ជា​មេរៀន​ប្រវត្តិ​សាស្ត្រ​ សំរាប់​កូន​ចៅ​ជំនាន់​ក្រោយ​ផង​ដែរ​។ ជា​ពិសេស​នៅ​ក្នុង​បច្ចុប្បន្ន​នេះ​តែ​ម្តង​ ប្រជា​ពល​រដ្ឋ​ ខ្មែរ​កំពុង​តែ​ត្រូវ​ការ​ជ្រើស​រើស​យក​ស្តេច​សោយ​រាជ្យ នៅ​ក្នុង​ចំនោម​ព្រះអង្គ​ម្ចាស់​ពី​រអង្គ ដើម្បី​កាន់​កាប់​ព្រះ​រាជ​បល្ល័ង្ក​នៃ​ប្រទេស​កម្ពុជា​!​...។

ទី១ -តើ​យើង​ត្រូវ​ជ្រើស​រើស​យក​ព្រះ​អង្គ​ម្ចាស់​នរោត្តម​-​សីហមុនី​រឺ​?? បើ​ដូច្នេះ​ យើង​ច្បាស់​ជា​ដើរ​តាម​គន្លង​នៃ​កំហុស​របស់​ លោក​ស៊ឹម វ៉ារ​ទៀត​ហើយ​... គឺ​​យើង​នឹង​បាន​ជ្រើស​រើស​យក​ស្តេច​ភ្លី​​ភ្លើ​ម្នាក់​ ចេះ​តែ​រាំ​ច្រៀង​ ហើយ​​ដែល​ជាប់​ “ឃុំ​ព្រលឹង​” ដោយ​មហា​អំណាច​បារាំង​ និង​ វៀត​ណាម​។ គឺ​ដូច​ដែល​លោក​ស៊ឹម​-​វ៉ារ​បាន​ជ្រើស​រើស​យក​ “ស្តេច​ពាល​” សីហនុ​អោយ​ឡើង​សោយ​រាជ្យ​ កាល​ពី​សម័យ​មុន​ដូច្នោះ​ដែរ...។

ទី២ -តើ​យើង​ត្រូវ​ជ្រើស​រើស​យក​សម្ដេច​ក្រុម​ព្រះ​នរោត្តម​-​រណរិទ្ធិ​? ថ្វី​បើ​សម្ដេច​ក្រុម​ព្រះ​អង្គ​នេះ​មាន​អំពើ​ឆ្គាំ​ឆ្គង​ខ្លះ​ អប្រជា​​ប្រិយ​ដូច​តែ “សម្ដេច​ក្រុម​ព្រះ​មុនី​រេត​”​សម័យ​មុន​ ក៏​ប៉ុន្តែ​ទ្រង់​ក៏​មាន​លក្ខណៈ​ល្អ​ខ្លះ​ៗ​ដែ​រ​ ដែល​គួរ​យក​ជា​បា​នការ៖
ក -​ស្តេច​ក្រុម​វាំង​ស្ទើរ​តែ​ទាំង​អស់​ បុប្ផា​ទេវី​, ចក្រពង្ស​, សិរីវុឌ្ឍ​, វិជ្ជរ៉ា​... គឺ​សុទ្ធ​សឹង​ជា​បរិវារ​ដាច់​ថ្លៃ​របស់​អ្នក​ម្នាង​ម៉ូនិក​។ មាន​តែ​ទ្រង់​រណរិទ្ធិ​ទេ​ ដែល​ហ៊ាន​ជំទាស់​ជា​មួយ​ឳពុក​ខ្លួន​អែង​ ពី​ព្រោះ​ទ្រង់​មាន​អែក​រាជ្យ​ខាង​ផ្លូវ​គំនិត​” (Indépendence d'esprit)​។ មនុស្ស​ដូច្នេះ​ មិន​ងាយ​ជាប់ ​ឃុំគ្រ​ង​របស់​ជនណា​ម្នាក់​ទេ​។ មនុស្ស​ដូច្នេះ​ គឺ​ជា​មនុស្ស​ដែល​មាន​ជំនឿ​លើ​ខ្លួន​អែង​ ​។!
ខ -ទ្រង់​រណ​រិទ្ធិ ជា​សាស្ត្រា​ចារ្យ​ច្បាប់​នៅ​សកល​វិទ្យា​ល័យ​បារាំង​។ លក្ខណៈ​នេះ​មិន​​ធម្មតា​ទេ​។ ការ​ដែល​លោក​ សម-​រង្ស៊ី​បន្តុះ​បង្អាប់​ថា​ ទ្រង់​មិន​ចេះ​ភាសា​បារាំង​ គឺ​ជា​ការ​តិទៀន​ដោយ​ឈ្នានិស​ព្យា​បាទ ពី​ព្រោះ​លោក​សម​- ​រង្ស៊ី​ជា​ខ្ញុំ​កញ្ជះ​ដាច់​ថ្លៃ​របស់​អ្នក​ម្នាង​ម៉ូនិក​ ចុះ​សម្ដេច​សីហនុ​រៀន​សូត្រ​បាន​តែ​ត្រឹម​ថ្នាក់​ទី​៤​នៃ​អនុ​វិទ្យា​ល័យ​ ម្តេច​​ក៏​គេ​មិន​រំលឹក​ផង​។
គ -ទ្រង់​រណ​រិទ្ធិ​ធ្លាប់​បាន​ធ្វើ​ការ​តស៊ូ​ប្រឆាំង​យួន​ជា​មួយ​លោក​ខៀវ សំផន​។ រឿង​នេះ​មិន​ធម្មតា​ទេ​បើ​គេ​ថា​ទ្រង់​រណ​រិទិ្ធ “ឃុំ​ព្រលឹង​” របស់​លោក​ហ៊ុន​-សែន​ ដែល​មាន​យួន​ពី​ក្រោយ​ខ្នង​ ហ៊ុន​-​សែន​ ក៏​ត្រូវ​ជាប់ ​“ឃុំ​ព្រលឹង​” របស់​រណរិទ្ធិ​ ដែល​មាន​អ្នក​តស៊ូ​នៅ​ពី​ក្រោយ​ខ្នង​ តួ​យ៉ាង​ដូច​ជា​ញ៉ឹក​-ប៊ុន​ឆៃ ​និង​ សេរី​-កុសល​។
ឃ -ទ្រង់​រណរិទ្ធិ​ធ្លាប់​ធ្វើ​យុទ្ធនា​ការ​បោះ​ឆ្នោត​... ធ្លាប់​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​... កំពុង​តែ​កាន់​កាប់​តំណែង​ជា​ ប្រធាន​សភា​។ រឿង​នេះ​មិន​ធម្មតា​ទេ...។
ង -លក្ខណៈ​ធម្មតា​របស់​​ទ្រង់​... គឺ​ទ្រង់​រណ​រិទ្ធិ​មាន​ប្រពន្ធ​កូន​ដូច​គេ​អែង​ធម្មតា​។ ចំនែក​ព្រះអង្គ​ម្ចាស់​សីហមុ​នី...​ ជា​ជន​ខ្ទើយ​ រឿង​នេះ​មិន​ធម្មតា​ទេ​, តើ​នរណា​ទៅ​ជ្រើស​រើស​យក​កូន​ស្តេច​ដែល​គ្មាន​ប្រពន្ធ​ មក​មក​ធ្វើ​ជា​ព្រះ​មហាក្សត្រ​? គឺ​មាន​តែ​អោយ​ទ្រង់​តំណាង​អោយ​ជន​ខ្ទើយ​? ក៏​ប៉ុន្តែ​ខ្លួន​ខ្ញុំ ​គ្រាន់​តែ​ជា​អ្នក​សារពត៌​មាន​ប៉ុណ្ណោះ​ទេ​... ភារ​កិច្ច​នៃ​ការ​ជ្រើស​រើស​ស្តេច​ខាង​លើ​នេះ​...ខ្ញុំ​សូម​ទុក​អោយ​មិត្ត​អ្នក​អាន​ធ្វើ​ការ​ពិចា​រ​ណា​និង​សំរេច​ផ​ង​ចុះ​។