នៅ ព.ស. ២៤៨១ គ.ស ១៩៣៨ ហ្លួង​ចម​ពល ភិបុល​សង្គ្រាម កាន់​តំណែង​ជា​នាយក​រដ្ឋម​ន្ដ្រី​សម័យ​កាល​ទី​១ លោក​ជា​រដ្ឋ​មន្ដ្រី​ក្រសួង​មហា​ថៃ និង​ជា​រដ្ឋ​មន្ដ្រី​ក្រសួង​ក្រលា​ហោម (រដ្ឋ​មន្ដ្រី​ក្រសួង​សង្គ្រាម​)​។ ហ្លួង​ចម​ពល ភិបុល​សង្គ្រាម បាន​អនុវត្ដន៍​ទ្រឹស្ដី​ជាតិ​និយម​(une doctrine nationale) របស់​ហ្លួង​វិចិត្រ​យ៉ាង​ពេញ​ទំហឹង ការ​រៀប​ចំប្រ​ទេស ហ្លួង​ភិបុល​សង្រ្គាម​បាន​កែ​ប្ដូរ​ឈ្មោះ​ប្រ​ទេស​សយាម​ជា ប្រ​ទេស​ថៃ ទាម​ទា​ទឹក​ដី​ឥណ្ឌូ​ចិន​ពី​បារាំង ប្រកាស​អោយ​អនុ​វត្ដន៍​ជាតិ​ថៃ​និយម អោយ​ប្រជា​ជន​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​បែប​បូរាណ​អោយ​ទាន់​សម័យ រហូត​ផ្លាស់​ប្ដូរ​របៀប​ស្លៀក​ពាក់​បែប​បូរាណ (ឈប់​អោយ​ស្លៀក​សំពត់​ចង​ក្បិន ស្ដ្រី​អោយ​ស្លៀក​សំពត់​) អោយ​ឈប់​បរិ​ភោគ​ស្លា​ម្លូ ដាក់​ឈ្មោះ​ប្រុស​ៗ អោយ​មាន​លក្ខណៈ​សំដែង​ភាព​រឹង​ប៉ឹង​ខ្លាំង​ពូកែ ដាក់​ឈ្មោះ​ស្រី​ៗ​អោយ​សំដែង​ពី​ភាព​ទន់​ភ្លន់​ផ្អែម​ពិរោះ​ជា​ដើម​​។

ដំបូង​ឡើង​ទ្រឹស្ដី​នេះ​ប្រ​ឆាំង​ទាំង​ស្រុង នឹងអនិច្ច​ជាតិ​ចិន​ដែល​បាន​បោះ​បង់​មាតុ​ភូមិ​កំនើត ហើយ​​មក​​តាំង​​លំនៅ​ក្នុង​ប្រ​ទេស​សៀម តែ​ពុំ​ព្រម​រំលាយ​ខ្លួន​ចូល​ទៅ​ក្នុង​សហ​គម​ជាតិ​សៀម ហើយ​ថែម​ទាំង​កាន់​កាប់​ទាំង​ស្រុង​នូវ​សេដ្ឋ​កិច្ច​ប្រ​ទេស​នេះ​ទៀត​ផង​។ ក្នុង​វិស័យ​ក្រៅ​ប្រទេស​ទ្រឹស្ដី​នេះ​មាន​លក្ខណៈ​ជា​ទ្រឹស្ដី «​ពង្រីក​ទឹក​ដី​និយម​» បង្ក​សង្គ្រាម​ឈ្លាន​ពាន ព្រោះ​ទ្រឹស្ដី​នេះ​ទាម​ទារ​អោយ​ជន​ជាតិ​ថៃ​ក្នុង​ប្រ​ទេស​សៀម វាយ​ដណ្ដើម​នូវ​ដែន​ដី​នៃ​ប្រ​ទេស​ជិត​ខាង​ទាំង​ឡាយ ដែល​មាន​ជន​ជាតិ «អម្បូរ​កំនើត​ថៃ (Les peuples de race Thai) ស្នាក់​អា​ស្រ័យ​នៅ​មាន​ជា​ពិសេស «ជន​ជាតិ​ស្ហាន់​» (Shan) នៅ​ប្រ​ទេស​ភូមា​ប៉ែក​ខាង​កើត ជន​ជាតិ​ថៃ​នៅ​ប្រ​ទេស​ចិន​ប៉ែក​ខាង​ត្បូង​ក្នុង​អាណា​ខេត្ដ​យូណាន់​ ក្នុង​ភូមិ​ភាគ​ស៊ីប​សង​ប៉ាន់​ណា​ (Sipsang Panna) ជា​មជ្ឈ​មណ្ឌល​កំនើត​ដើម​នៃ​អំបូរ​សាសន៍​ថៃ ជន​ជាតិ​ដែល​មាន​សាខា​មួយ​យ៉ាង​ធំ នៃ​អំបូរ​ថៃ​ដែរ ដែល​ពេល​នោះ​ស្ថិត​នៅ​ក្រោម​អាណា​ព្យា​បាល​​បារាំង​នៅ​ឡើយ​។ មិន​តែ​ប៉ុណ្ណោះ ទ្រឹស្ដី​ជាតិ​និយម​ថៃ​នេះ រហូត​ទាម​ទារ​ដណ្ដើម​យក​មក​បញ្ចូល​ក្នុង​សមា​គម​ជាតិ​ថៃ នូវ​ដែន​ដី​ប្រទេស​កម្ពុជា​ទាំង​មូល និង​អាណា​ខេត្ដ​ម៉ាឡា​យូ​ខ្លះ​នៅ​ជាប់​នឹង​ប្រ​ទេស​ថៃ មាន​ភូមិ​ភាគ​កេ​ដាក់ (Kedah) និង​ត្រឹង​គ្ហា​នូ (Trengganu) ជា​ដើម​៘

ចំពោះ​ដែន​ដី​ទាំង​ឡាយ​នៅ​ប្រ​ទេស​កម្ពុជា និង​ម៉ា​ឡាយូ ទ្រឹស្ដី​នេះ​​ចែង​យ៉ាង​ច្បាស់​​ថា ជា​តំបន់​ដែន​​ទឹក​ដី​​របស់​សៀម​ក្នុង​សម័យ​ប្រវត្ដិ​​សាស្រ្ដ (droits historiques) ​ហើយ​តាម​ច្បាប់​ប្រ​វត្ដិ​សាស្ដ្រ ដែន​ដី​ទាំង​នេះ​​ត្រូវ​តែ​វិល​ចូល​ទៅ​ក្នុង​ប្រ​ទេស​សៀម​វិញ​។ ហ្លួង​វាទ​ការ​ពុះ​ពារ​រហូត​ដល់​ទៅក្រ​លៃ​ប្រ​វត្ដិ​សាស្រ្ដ​ជន​ជាតិ​ខ្មែរ ដោយ​សរ​សេរ​អះ​អាង​ថា​ ដែន​ដី​កម្ពុជា​សព្វ​ថ្ងៃ កាល​ពី​សម័យ​ដើម​ជា​ដែន​ដី​របស់​ពួក «ខម» ហើយ​ពួក «ខម» ទាំង​នេះ​ត្រូវ​ជន​ជាតិ​ថៃ​ច្បាំង​រំលាយ​សំលាប់​ផុត​ពូជ​ទៅ​ហើយ ឯ​ជន​ជាតិ​ខ្មែរ​ដែល​រស់​នៅ​សព្វ​ថ្ងៃ​នេះ​លើ​ទឹក​ដី​កម្ពុជា គឺ​គ្រាន់​តែ​ជា​សាខា​មួយ​យ៉ាង​ធំ​នៃ​ពូជ​អំបូរ​ថៃ​ប៉ុណ្ណោះ ដើម្បី​ពន្យល់​អំពី​ការ​ពិត​នៃប្រវត្ដិ​សាស្រ្ដ​នេះ អ្នក​ទ្រឹស្ដី​សៀម​ដដែល​បាន​ពន្យល់​ថា​សក្ខី​ភាព​ជាក់​ស្ដែង​ថា «ខ្មែរ» ជា​ពូជ​អំបូរ​ថៃ គឺ​ស្ថិត​នៅ​ក្នុង​អារ្យធម៌​វប្ប​ធម៌ ទំនៀម​ទំលាប់​សិល្បៈ​នៃ​ប្រ​ទេស​ទាំង​ពីរ​នេះ​ឯង ដែល​មាន​លក្ខណ​ស្រដៀង​គ្នា​ដូច​បង​ប្អូន​បង្កើត​។​ (ទ្រឹស្ដី​ក្រ​លៃ​ប្រ​វត្ដិ​សាស្រ្ដ​គ្មាន​មូល​ដ្ឋាន​វិទ្យាសាស្រ្ដ) អ្វី​បន្ដិច​បន្តួច​សោះ​នេះ ត្រូវ​អជ្ញា​ធរ​ជាតិ​សៀម​ទទួល​សន្មត​ថា ជា​ទ្រឹស្ដី​ផ្លូវ​ការ​តាំង​ពី​ឆ្នាំ​១៩៣៩ សម័យ​ដែល​ភិបុល​សង្គ្រាម ឡើង​កាន់​អំណាច​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋា​ភិល​បាល​សៀម​។

យើង​អាច​សន្និ​ដ្ឋាន​ថា ទ្រឹស្ដី​ជាតិ​និយម​ថៃ​នេះ នៅ​តែ​មាន​មជ្ឈ​ដ្ឋាន​វរ​ជន​ថៃ​សម័យ​បច្ចុប្បន្ន ភាគ​ច្រើន​មាន​សារិត ថា​ណា​រ៉ាត ថ្នម​ កិត្ដិ​កាចន អភិសិទ្ធ វេឆា​ជីវៈ ឬ​វរ​ជន​ដទៃ​ទៀត​ដែល​ជា​អាទិ​សុទ្ធ​សឹង​ជា​អ្នក​បន្ដ​នយោ​បាយ ហ្លួង​ភិបុល​សង្គ្រាម ឬ​ក៏​ច្រើន​តែ​ជា​អ្នក​នយោ​បាយ ឬ​នាយ​ទាហាន​ ដែល​ផុស​ចេញ​ពី​ចលនា «រដ្ឋ​ប្រហារ» ឆ្នាំ​១៩៣២​ដែរ​។

យើង​ដឹង​ថា ​ថៃ​​បាន​ឈ្លាន​ពាន​​កម្ពុជា​​នៅ​ឆ្នាំ ១៩៤០​ក្នុង​​សម័យ​​សង្គ្រាម​​លោក​លើក​ទី​ពីរ កាលណោះ​ថៃ​ដែល​ចូល​ដៃ​​ជា​មួយ​​ជប៉ុន​ បាន​លេប​យក​ខេត្ត​បាត់​ដំបង និង​សៀម​រាប​របស់​ខ្មែរ ពេល​នោះ​យើង​​ត្រូវ​​រង់​ចាំ​​ដល់​ចប់​សង្គ្រាម​លោក​​លើក​ទី​ពីរ​នៅ​​ឆ្នាំ ១៩៤៥​ពេល​​បារាំង​​មាន​ឥទ្ធិ​ពល​​ឡើង​វិញ​នៅ​ឥណ្ឌូ​ចិន ទើប​ឃើញ​ថៃ​ដែល​ត្រូវ​បាន​សហ​គមន៍​អន្តរ​ជាតិ​គាប​សង្កត់ យល់​ព្រម​​ប្រគល់​ខេត្ដ​បាត់​ដំបង និង​​សៀម​រាប​​មក​​អោយ​ខ្មែរ​វិញ​។

ថៃ​នៅ​តែ​មិន​ព្រម​បោះ​បង់​គំនិត​ឈ្លាន​ពាន​ទេ ក្រោយ​មក​ទៀត​គ្រាន់​​តែ​កម្ពុជា​បាន​ទទួល​ឯក​រាជ្យ​​​ពី​​បារាំ​ង​ភ្លាម នៅ​ក្នុង​ឆ្នាំ ១៩៥៣ ថៃ​ចូល​មក​ឈ្លាន​ពាន​រក​រឿង​ទៀត​ដោយ​បញ្ជូន​ទ័ព​មក​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ​។ យើង​ត្រូវ​ចំណាយ​អស់​រយ​ពេល ៩​ឆ្នាំ​ដើម្បី​ទាម​ទារប្រា​សាទ​ព្រះ​វិហារ​បាន​មក​វិញ គឺ​នៅ​ខែ​កក្ក​ដា​​ឆ្នាំ ១៩៦២ ក្រោយ​​ពី​​តុលាការ​​អន្តរ​ជាតិ​​ទីក្រុង​​La Hay បាន​​ចេញ​​សាល​ក្រម​​មួយ​ទទួល​ស្គាល់​ថា ប្រាសាទ​​នេះ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ ឋិត​​នៅ​លើ​ទឹកដី​ខ្មែរ និង​តំរូវ​​អោយ​​ថៃ​ដក​​ទ័ព​​ចេញ​​ពី​ទី​នោះ។

កន្លះ​សត​វត្ស​បាន​កន្លង​ផុត​ទៅ នៅ​មិន​អស់​ចិត្ដ​ទេ កាល​ពី​ខែ​កក្កដា​​ឆ្នាំ ២០០៨ ពួក​ជ្រុល​និយម​ថៃ ដែលមាន អភិ​សិទ្ធ វេ​ឆា​ជិវៈ ជា​មេ​នាំ បាន​ចូល​មក​រក​រឿង​ជា​ថ្មី​ម្ខង​ទៀត ដោយ​បញ្ជូន​កង​ទ័ព​មក​កាន់​កាប់​តំបន់​ក្បែរ​ប្រាសាទ​ព្រះ​វិហារ មួយ​​សប្តាហ៍​​ក្រោយ​​ពី​អង្គ​ការ UNESCO បាន​​ចុះ​​ប្រាសាទ​​នេះ​​ក្នុង​​បញ្ជី​​បេតិ​​ក​ភណ្ឌ​ពិភព​លោក​​របស់​​មនុស្ស​​ជាតិ​។ រដ្ឋា​ភិបាល​ខ្មែរ​បាន​អូស​បន្លាយ​ជំលោះ​ព្រំ​ដែន នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​អោយ​បែក​ក្លាយ​ជា​អូរ​ហូរ​ទៅ​ជា​ស្ទឹង ធ្វើ​អោយ​ក្រុម​ជ្រុល​និយម​ថៃ​នេះ ចូល​មក​ទាម​ទា​ម្ដង​ហើយ​ម្ដង​ទៀត​។ ថ្មី​ៗ​នេះ ព៌ត​មាន​ស្ដី​ពី​ការ​ដុត​​សំលាប់​​យុវ​ជន​​ខ្មែរ​​ម្នាក់​ដោយ​ទាហាន​ថៃ និង​បាតុ​កម្ម​កាល​ពី​ថ្ងៃ​ទី ១៩​កញ្ញា​របស់​ក្រុម​អាវ​លឿង​​ថៃ ដែល​​ចង់​ចូល​មក​ប្រាសាទ​ព្រះវិហារ ដើម្បី​ទាមទារ​ដី ៤,៦​គីឡូ​ម៉ែត្រ​ក្រឡា ដែល​សូម្បី​តែ​ដឹង​ហើយ​ថា ក្នុង​ជំលោះ​ព្រំ​ដែន​​នេះ​​ជា​មួយ​​ថៃ កម្ពុជា​ត្រូវ​ទាំង​ស្រុង​នៅ​លើ​ផ្លូវ​ច្បាប់​។ អនុ​សញ្ញា​​ឆ្នាំ ១៩០៤ សន្ធិ​សញ្ញា​ ​ឆ្នាំ ១៩០៧ អនុស្ស​រណៈ​​យោ​គ​យល់​​គ្នា​​ឆ្នាំ ២០០០ សុទ្ធ​​តែ​​ត្រូវ​បាន​ភាគី​ថៃ ​ចុះ​ហត្ថ​លេខា ទទួល​​ស្គាល់​​ជា​ផ្លូវ​ការ​។ មិន​​តែ​​ប៉ុណ្ណោះ នៅ​ថ្ងៃ​ទី ១៨​មិថុនា​ឆ្នាំ​២០០៨ កម្ពុជា និង​​ថៃ​ថែម​ទាំង​បាន​ចុះ​ហត្ថ​លេខា លើ​​សេច​ក្តី​​ថ្លែង​ការណ៍​​រួម​​មួយ ដែល​​នៅ​​ក្នុង​នោះ​ថៃ​​បាន​​ប្រកាស​​គាំ​ទ្រ​​សំណើ​របស់​​កម្ពុជា​ អោយ​ចុះ​​ប្រាសាទ​​ព្រះ​វិហារ​​ក្នុង​បញ្ជី​ បេតិក​ភណ្ឌ​​ពិភព​លោក​​របស់​​មនុស្ស​​ជាតិ​​ទៅ​​ទៀត តែ​​ក្រោយ​​មក ពី​រ​សប្តាហ៍​​ដោយ​មាន​ការ​ប្រឆាំង​ពី​ពួក​ក្រុម​ជ្រុល​និយម​យ៉ាង​ខ្លាំង ថៃ​បាន​​ប្រកាស​​ដក​​ការ​គាំ​ទ្រ​​របស់​​គេ​វិញ​។

ប្រតិ​កម្ម​ស្រែក​ឡូ​ឡា​របស់​ប្រ​មុខ​ដឹក​នាំ​កម្ពុជា ព្រ​មាន​​បាញ់​ជន​ជាតិ​​ថៃ​ណា​ដែល​ហ៊ាន​ចូល​ក្នុង​ទឹក​ដី​ខ្មែរ ព្រ​មាន​ហែក​ផែន​ទី​​ឯក​តោ​​ភាគី​របស់​ថៃ​ចោល ប្រ​សិន​​បើ​ថៃ​នៅ​តែ​លើក​យក​ផែន​ទី​នេះ​មក​ចរ​ចា និង​បាន​ព្រ​មាន​លើក​យក​បញ្ហា​ព្រំ​ដែន​ទៅ​ត​ទល់​ជា​មួយ​​មេ​ដឹក​នាំ​​ថៃ ក្នុង​ជំនួប​កំពូល​អាស៊ាន​នៅ​ហ៊ួរ​ហ៊ីន នា​​ចុង​ខែ​តុលា​​ខាង​មុខ​។

ប្រតិ​កម្ម​ដ៏​ខ្លាំង​ក្លា​របស់​ប្រមុខ​ដឹក​នាំ​រដ្ឋា​ភិល​បាល​ខ្មែរ ដែល​អះ​អាង​ថា ជា​ប្រតិ​កម្ម​ដ៏​សម​រម្យ ពី​ព្រោះ​​កម្ពុជា​​ក្នុង​​នាម​​ជា​​ប្រ​ទេស​មាន​​អធិប​តេយ្យ​​មួយ​​ពេញ​លេញ មិន​​អាច​​អនុញ្ញាត​អោយ​ប្រ​ទេស​​មួយ​​ទៀត ​បន្ត​​មាក់​ងាយ​​ខ្លួន​​ជ្រុល​​ហួស​ហេតុ អ៊ី​ចឹង​​ត​ទៅ​ទៀត​បាន​ឡើយ​។ សម​រម្យ ពី​ព្រោះ​ នៅ​​ក្នុង​អតីត​កាល​​​ក៏​ដូច​បច្ចុប្បន្ន​កាល កម្ពុជា​ជា​​ប្រ​ទេស​​រង​គ្រោះ​ហើយ​ ថៃ​​ជា​ប្រ​ទេស​ឈ្លាន​ពាន ឃើញ​ថា​កម្ពុជា​ត្រូវ​ទាំង​ស្រុង ប៉ុន្ដែ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​តែ​អូស​បន្លាយ​ជំលោះ​ព្រំ​ដែន ប្រ​ទេស​ខាង​លិច​នេះ​អោយ​បែក​ជា​អូរ​ហូរ​ក្លាយ​ស្ទឹង ជា​​កំហុស​​របស់​​រដ្ឋា​ភិបាល​ ​ដែល​​បង្កើត​​បញ្ហា​​នេះ​​ «ជា​​កំហុស​​ធ្ងន់​ធ្ងរ​​ណាស់​​ដែល​ការ​ធានា​​ជា​​អន្តរ​ជាតិ​ត្រូវ​​បាន​​សំរេច​ជា​ស្ថាពរ​តាំង​ពី​​ឆ្នាំ​​១៩៦២ ហើយ​​ថៃ​មិន​ដែល​ត​វ៉ា​​ទាល់​តែ​សោះ​» ប៉ុន្ដែ​សូម​មើល​ចុះ ពេល​ដែល​រដ្ឋា​ភិបាល​ខ្មែរ​បំផុស​អោយ​លឺ​ក្ដាំង នៅ​ព្រំ​ដែន​ប្រទេស​ខាង​លិច តែ​ព្រំ​ដែន​ប្រ​ទេស​ខាង​កើត​ស្ថិត​នៅ​ក្នុង​ភាព​ស្ងប់​ស្ងៀម​ហើយ​ពួក​និគម​យួន​ខុស​ច្បាប់​ក៏​បន្ដ​ហូរ​ចូល​មក​អិត​ឈប់​ឈរ​។

សក្ខី​ភាព​ជាក់​ស្ដែង​ជា​ច្រើន​នៃ​ការ​ឈ្លាន​ពាន​របស់​ថៃ មក​លើ​កម្ពុជា បញ្ជាក់​ថា ប្រ​ទេស​ថៃ មិន​ដែល​បោះ​បង់​ទ្រឹស្ដី​ជាតិ​និយម​នេះ​ចោល​ម្ដង​ណា​ឡើយ​។ មុំ​សេនី ប្រា​មោជ (Mom Seni Pramoj) អតីត​គូ​ប្រឆាំង នឹង​ហ្លួង​ភិបុល​សង្គ្រាម កាល​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​២ ហើយ​ជា​មេធាវី​ថៃ​អម​តុលា​ការ​អន្ដរ​ជាតិ​នា​ក្រុង​ឡា​អេ (La Haye) ក្នុង​រឿង​ប្រាសាទ​ព្រះ​វិហារ​ក៏​ជា​អ្នក​ប្រកាន់​ខ្ជាប់​ខ្ជួន​នូវ​ទ្រឹស្ដី​ជាតិ​និយម​នេះ​ដែរ សារ​ពត៌​មាន​សៀម​ឈ្មោះ «ឆាវថៃ» ចេញ​ថ្ងៃ​ទី​១៣ ៣១ ខែ​តុលា ១៩​៥៩ បាន​សរ​សេរ​ជា​អាទិ​ថា៖

មុំសេនី ប្រា​មោជ​បាន​និយាយ​ថា ពពួក «ខម» ជា​ជន​ពូជ​អំបូរ​ឥណ្ឌា​។ ជន​ជាតិ​ថៃ​មាន​ដើម​កំណើត​ក្នុង​ខេត្ដ​ចិន​យូ​ណាន់ បាន​វាយ​យក​ជោគ​ជ័យ​ទៅ​លើ​ជាតិ «ខម» រហូត​ដល់​ពួក​នេះ​ត្រលប់​ទៅ​ឥណ្ឌា​វិញ​។ ដែន​ដី​ដែល​កាល​ពី​ដើម​ពួក​ខម​​តាំង​នៅ​ ក៏​ក្លាយ​ទៅ​ជា​ដី​ថៃ​ហើយ​ប្រជា​ជន​ថៃ​ក៏​បែង​ចែក​ខ្លួន​ជា​ពីរ​ក្រុម​។ ក្រុម​ទី​មួយ​បាន​មក​តាំង​នៅ​តំបន់​ទំនាប ដែល​គេ​អោយ​ឈ្មោះ​សព្វ​ថ្ងៃ​នេះ​ថា «កម្ពុ​ជា» (Cambodge) ។ ក្រុម​មួយ​ទៀត​បាន​តាំង​នៅ​តំបន់​ខ្ពស់ ហើយ​នៅ​រក្សា​ឈ្មោះ «ថៃ» ដដែល​។ តាម​ការ​ពិត​ ​តាម​ប្រសាសន៍ មុំ សេនី ក្រុម​ទាំង​ពីរ​នេះ​ចេញ​ពី​ពូជ​អំបូរ​តែ​មួយ គឺ​ពូជ​អំបូរ​ថៃ​ (la race thai) នេះ​ឯង​។ ភស្ដុ​តាង​នៃ​ការ​ពោល​អះ​អាង​បែប​នេះ គឺ​មាន​ប្រពៃ​ណី ទំនៀម​ទំលាប់ របៀប​រស់​នៅ​នៃ​ជន​ទាំង​ពីរ (ខ្មែរ និង ថៃ) ដែល​មាន​លក្ខណៈ​ដូច​គ្នា​បេះ​បិទ​..​.

តើ​យើង​គួរ​គប្បី​បដិ​សេធ​ទ្រឹស្ដី​នេះ ដែល​មាន​លក្ខណ​ផ្ទុយ​ទាំង​ស្រុង នឹង​លក្ខណ​វិទ្យា​សាស្រ្ដ​ឬ​? យើង​មិន​ចាំ​បាច់​ធ្វើ​អត្ថា​ធិប្បាយ​វែង​ឆ្ងាយ​អំពី​ន័យ​របស់​ទ្រឹស្ដី​នេះ​ទេ ព្រោះ​អស់​លោក​អ្នក​ប្រវត្ដិ​សាស្រ្ដ លើក​លែង​ហ្លួង​វិជិត្រ​វាទ​ការ​ម្នាក់​ឯង​គត់ ពុំ​ដែល​បាន​ចាត់​ទុក​ថា ជា​ទ្រឹស្ដី​ត្រឹម​ត្រូវ​តាម​ការ​ពិត​នោះ​ឡើយ​ ហេតុ​ដូច្នេះ​ហើយ ទ្រឹស្ដី​នេះ​មាន​តំលៃ​ត្រឹម​ជា​​ភស្ដុ​តាង​ជាក់​ស្ដែង​នៃ​សេចក្ដី​លោភ​លន់​នៃ​ជាតិ​មួយ​ទៅ​អ្នក​ជិត​ខាង​ខ្លួន​តែ​ប៉ុណ្ណោះ...​។

ក្រោយ​ពី​​ពេល​ដែល​ហ្លួង​ភិបុល​ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋា​ភិបាល​ក្រុង​បឹង​កក​នា​ចុងឆ្នាំ ១៩៣៨​ភ្លាម ទ្រឹស្ដី​ជាតិ​និយម​ថៃ​របស់​ហ្លួង វិជិត្រ​វាទ​កាន ក៏​ត្រូវ​បាន​របប​ថ្មី​នេះ​ប្រ​កាស​ថា​ជា​ទ្រឹស្ដី​ផ្លូវ​ការ (la doctrine officielle) នៃ​រដ្ឋា​ភិបាល​សៀម​។ គឺ​នៅ​ក្នុង​គំនិត​ជាតិ​និយម​ហួស​បែប​បទ​ ឈ្លា​នពាន និង​ពង្រីក​ទឹក​ដី​និយម​នេះ​ហើយ ដែល​រដ្ឋា​ភិបាល​ហ្លួង​ភិបុល​សង្គ្រាម​នា​ឆ្នាំ ១៩៣៩ មុន​សង្រ្គាម​លោក​លើក​ទី២​​បន្ដិច និង​មុន​ដំណើរ​មក​ដល់​អាស៊ី​អគ្នេយ៍​នៃ​កង​ទ័ព​លុក​លុយ​ជប៉ុន​ បាន​ប្រកាស​យ៉ាង​ឱឡា​រិក​ផ្លាស់​ឈ្មោះ​ប្រ​ទេស​សៀម ឬ​បើ​តាម​ភាសា​សៀម ប្រា​ថេត​សយាម ឬមឿង​សយាម​ (Prathet Sayam) ដែល​សៀម​និយម​ប្រើ​រាប់​សត​វត្ស​មក​ហើយ អោយ​ប្រែ​ទៅ​ជា «ប្រៈថេត​ថៃ» ឬ ថៃឡង្ដដ៍ ជា​ផ្លូវ​ការ​វិញ​។

ការ​ដែល​អ្នក​ដឹក​នាំ​សៀម​សំរេច​យក​ឈ្មោះ​ជា​ផ្លូវ​ការ «Thailand» (Pays thai) ឬ​ប្រ​ទេស​ថៃ​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ណាស់ អំពី​បំណង​អ្នក​ដឹក​នាំ​សៀម ក្នុង​ការ​ប្រមូល​ផ្ដុំ​ដាក់​អោយ​នៅ​ក្រោម​ឱវាទ​រដ្ឋា​ភិបាល​ក្រុង​បឹង​កក នូវ​ដែន​ដី និង​ប្រ​ជា​ជន​ប្រទេស​ជិត​ខាង​ដែល​ជន​ជាតិ​ថៃ​ប៉ង​ប្រើ​សិទ្ធិ ដើម្បី​វិល​ត្រលប់​មក «មាតុ​ប្រទេស​ថៃ» វិញ​។

លទ្ធ​ផល​ភ្លាម​ៗ នៃ​ការ​អនុ​វត្ដ​ទ្រឹស្ដី​ជាតិ​និយម​ហួស​បែប​បទ មាន​លក្ខណ​ហ្វា​ស៊ីស្ដ​និយម និង​យោធា​និយម​នេះ គឺ​ការ​ចាប់​អនុវត្ដន៍​គ្មាន​សំចៃ​នូវ​នយោ​បាយ​បញ្ចូល​ជាតិ​ទាំង​កំរោល (une politique d'assimilation forcée) បង្ខំ​ជន​ជាតិ បរ​ទេស​អោយ​ចូល​ជាតិ​សៀម ឥត​បើ​គិត​ដល់​ច្បាប់​អន្ដរ​ជាតិ​សោះ​ឡើយ​។ អ្នក​ដែល​ទទួល​រង​គ្រោះ​អំពី​សំណាក់​នយោ​បាយ​ជិះ​ជាន់ ប្រ​ឆាំង​នឹង​សិទ្ធិ​ធម្ម​ជាតិ​នៃ​មនុស្ស (droit naturel) នេះ​រហូត​ទៅ​ដល់​ការ​ហាម​ឃាត់​មិន​អោយ​និយាយ រឺ​ប្រើ​ភាសា​ណា​ក្រៅ​អំពី​ភាសា​សៀម​តែ​មួយ គឺ​ជន​ជាតិ​ចិន ម៉ាឡាយូ ខ្មែរ លាវ មន៘

ម្យ៉ាង​ទៀត នយោ​បាយ​ពង្រីក​ទឹក​ដី​និយម ឈ្លាន​ពាន បង្ក​សង្រ្គាម​នេះ មិន​អាច​អនុវត្ដន៍​ទៅ​បាន​ទេ ប្រសិន​បើ​ប្រទេស​សៀម ពុំ​ទាន់​មាន​កំលាំង​យោធា​សម​ល្មម​ទៅ​តាម​គំរោង​ការ​វាត​ទឹក​ដី​នេះ​ទេ​នោះ​។ ដូច្នេះ​ហើយ​បាន​ជា​តាំង​តែ​ពី​ឆ្នាំ ១៩៣៧ មក​ម៉្លេះ ហ្លួង​ភិបុល​បាន​ប្រឹង​ប្រែង​ផ្ដល់​ដល់​​ប្រទេស​សៀម នូវ​កំលាំង​យោធា​មួយ​ថ្មី ដែល​មាន​លក្ខណ​ទំនើប ស្រប​ទៅ​តាម​បច្ចេក​ទេស​វិទ្យា​សាស្រ្ដ​នៃ​បស្ចឹម​ប្រ​ទេស ដែល​មាន​ប្រ​ទេស​ជប៉ុន​បាន​ផ្ដល់​អោយ​ជា​គំរូ​ស្រាប់​។ ដើម្បី​សំរេច​នូវ​គំរោង​ការ​នេះ​ ក្នុង​មួយ​ឆ្នាំ​ៗ​ ចំណាយ​ខាង​យោធា​កាន់​តែ​មាន​ទំហំ​ធំ​ឡើង​ៗ រហូត​ដល់​ទៅ​ស្រូប​អស់​ ១/៣ នៃ​ថវិកា​ជាតិ​។ ប្រ​ទេស អ៊ី​តាលី​ហ្វា​ស៊ី​ស្ដ​និយម​បាន​ទទួល​បន្ទុក​ដើម្បី​រៀប​ចំ​កង​ទ័ព​ជើង​ទឹក​ជា​ថ្មី​ឡើង​វិញ​។ ចំណែក​ខាង​សហ​រដ្ឋ​អា​មេរិក​សម័យ​នោះ បាន​រៀប​ចំ​កង​ទ័ព​ជើង​អាកាស ដោយ​បាន​ផ្ដល់​ដល់​បឹង​កក នូវ​យន្ដ​ហោះ​ថ្មី ព្រម​ទាំង​គ្រឿង​សស្រ្ដា​វុធ​មួយ​ចំណែក​យ៉ាង​ធំ​។ ហើយ​ក្រោយ​ពី ស.រ.អា. ជប៉ុន​យោ​ធា​និយម ក៏​ចូល​មក​ជួយ​ផ្ដល់​យន្ដ​ហោះ និង​សស្រ្ដា​វុធ​ទំនើប​ៗ​ទៀត​។ ឧទា​ហរណ៏ គ្រាន់​តែ​ក្នុង​ខែ​ធ្នូ ១៩៤០​ប៉ុណ្ណោះ អាកាស​ចណ៍​យោធា​សៀម​ទទួល​អំពី​ដៃ​ជប៉ុន នូវ​យន្ដ​ហោះ​ប្រ​ដេញ​ចំនួន​៣៨ និង​យន្ដ​ហោះ​ទំលាក់​គ្រាប់​បែក ២៥​ទៀត​៘​

កំលាំង​យោធា​សៀម​ថ្មី​នេះ បូក​ជា​មួយ នឹង​ទ្រឹស្ដី​ពង្រីក​ទឹ​ក​ដី «សៀម» នា​ដើម​ឆ្នាំ​១៩៤០ ក្លាយ​ទៅ​ជា​ការ​គំរាម​កំហែង​ដ៏​ធ្ងន់​ទៅ​លើ​ប្រ​ទេស​ជិត​ខាង ជា​ពិសេស​ប្រទេស​កម្ពុជា ប្រ​ទេស​លាវ នេះ​តែ​ម្ដង​។