និច-សុនជួយសង្គ្រោះលន់-នល់, ការបោកបញ្ឆោតនៃ
កម្មវិធីរបស់ពួកខ្មែរក្រហម, ម៉ៅគាំទ្រពួកហ៊្វុង
ថ្ងៃសៅរ៍ ទី8.វិច្ឆកា 2014.ម៉ោង 10:00

សេចក្តី​សន្យា​ដ៏​ល្អៗ​របស់​ពួក​ខ្មែរ​ក្រហម ក៏​ដូច​តែ​សេច​ក្តី​សន្យា​ដ៏​អស្ចារ្យ​ៗ របស់​ពួក​យៀក​កុង ទៅ​កាន់​ប្រ​ជា​ពល​រដ្ឋ​របស់​ពួក​គេ​ដូច្នោះ​ដែរ បន្ទាប់​ពី​បី​បួន​ឆ្នាំ​នៃ​ជីវិត​ពិសោធន៍​ទៅ ក៏​បាន​លេច​ឡើង​ជា​ការ​គួរ​អោយ​ខក​ចិត្ត​ខ្លាំង​ណាស់​ ជា​ពិសេស​ចំពោះ​ ពួក​ខ្មែរ​ក្រហម​,ការ​អនុ​វត្តន៍​នៃ​ជីវិត​ពិសោធន៍​បែប​ដូច​នេះ បាន​ទទួល​លទ្ធ​ផល​ជា​ទី​ចុង​ចប់​ទៅ ​នូវ​សោក​នាដ​កម្ម​ដ៏​ពោរ​ពេញ​ដោយ​ថ្លុក​ឈាម ដ៏​មហា​សែន​អា​ម៉ាស់​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​មនុស្ស​ជាតិ​។ ចំពោះ​រឿង​នេះ អ្វី​ៗ​ដែល​នៅ​សល់​សំរាប់ Jean Lacouture, Jacques Decornoy, នរោត្តម​ សីហនុ​, ប៉ែន នុត​ និង​សំរាប់​ជន​បរ​ទេស​និង​ខ្មែរ​អែ​ទៀត​ជា​ច្រើន ដែល​ចិញ្ចឹម​សេច​ក្តី សង្ឃឹម​ទាំង​ស្រុង​ថា ប្រ​ទេស​កម្ពុជា​នឹង​មាន​អនាគត​ភ្លឺ​ស្វាង​ ដោយ​សារ​ពួក​ខ្មែរ​ក្រហម ដែល​មាន​ជួន ​មុម​ម្នាក់​នៅ​ក្នុង​នោះ ដែល​អ្នក​ផង​ថ្លែង​កោត​សរ​សើរ គឺ​នៅ​សល់​តែ​ការ​ទទួល​ខ្លួន​ខុស​តែ​ប៉ុណ្ណោះ​ឯង​, ដែល​ទោះ​ជា​យ៉ាង​ណា​ក៏​វា​មិន​អាច​ជួយ​សង្គ្រោះ​ស្រុក​ខ្មែរ​អោយ​រស់​ឡើង​វិញ​បាន​ដែរ​, ដោយ​ហេតុ​ថា វិនាស​កម្ម​នៃ​ប្រទេស​នេះ វា​បាន​ចារ​ដោយ​ព្រហ្ម​លិខិត​រួច​ស្រេច​ទៅ​ហើយ តាំង​តែ​ពី​ថ្ងៃ​១៨​មិនា​១៩៧០​មក​ម៉្លេះ​។

ដើម្បី​បញ្ចប់​វគ្គ​នេះ ដែល​សរ​សេរ​ឡើង​សំរាប់​បំផុស “ព្រឹត្តិ​ការណ៍​ធំ​ៗ” ទាក់​ទង​នឹង​ខែ​ឧសភា​១៩៧០​, ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ សូម​បង្ហាញ​ដល់​មិត្ត​អ្នក​អាន នូវ​នយោ​បាយ​ផ្ទាល់​ខ្លួន ដែល​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​បាន​រៀប​រៀង​អំពី​ថ្ងៃ ២០​ឧសភា ១៩៧០​នៅ​ទី​ក្រុង​ប៉េ​កាំង​។

២០ ឧសភា- គឺ​ជា​ទិវា​មួយ​ដែល​មាន​តំលៃ​ប្រ​វត្តិ​សាស្ត្រ​ដ៏​ពិត​ប្រាកដ ទោះ​សំរាប់​ចល​នា​ត​ស៊ូ​នៅ​ប្រទេស​កម្ពុជា​ក្តី រឺ​ក៏​សំរាប់​ប្រ​ទេស​ចិន​ប្រជា​មា​និត​ក្តី​។ តាំង​ពី​ថ្ងៃ​ម្សិល​មិញ​ម៉្លេះ, នៅ​ទី​ក្រុង​ប៉េ​កាំង​ក៏​ដូច​នៅ​ទី​កន្លែង​ដទៃ​ទៀត​ទាំង​អស់​នៅ​ប្រទេស​ចិន​, ប្រ​ជា​ពល​រដ្ឋ​ចិន​ទាំង​មូល​ត្រូវ​បាន​គេ​បំផុស​បំផុល ចិត្ត​គំនិត​ អោយ​មាន​គោល​ជំហរ​រឹង​ប៉ឹង ក្នុង​ប្រ​ការ​ជួយ​គាំ​ទ្រ​ប្រជា​ជាតិ​ខ្មែរ និង​អោយ​មាន​ការ​ស្អប់​ខ្ពើម​ចំពោះ​ចក្រ​ពត្តិ​និយម​នៃ​សហ​រដ្ឋអា​មេរិក។

តាំង​ពី​ថ្ងៃ​ទី​១៦​ឧសភា​មក​ម៉្លេះ តាំង​ពី​ពេល​រសៀល​រហូត​ដល់​រាត្រី​ធ្លាក់​, ប្រ​ជា​ពល​រដ្ឋ​ទាំង​ប្រុស​ទាំង​ស្រី​រាប់​រយ​ពាន់​នាក់ បាន​ដើរ​ចំរុះ​ខ្មួល​ខ្មាញ់​នៅ​តាម​ដង​វិថី​សំខាន់​ៗ​នៃ​រដ្ឋ​ធានី​។ ពួក​គេ​បាន​ស្រែក​អំពាវ​នាវ អំពី​ការ​ស្អប់​របស់​ពួក​គេ​ចំពោះ “ចក្រ​ពត្តិ​និយម​អា​មេរិ​កាំង​” ហើយ​និង​ការ​គាំ​ទ្រ​របស់​ពួក​គេ​ចំពោះ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ ដែល​ទទួល​រង​គ្រោះ​ដោយ​ការ​ឈ្លាន​ពាន​។

នៅ​ព្រឹក​ស្អែក​ឡើង ថ្ងៃ​ទី​២០ឧសភា, មនុស្ស​ប្រ​មាណ​ជាង​១លាន​នាក់ បាន​មក​ហូរ​ហៀរ​ចូល​ពេញ​នៅ​ទី​កន្លែង​ទៀន​អាន់មេន​។ មុន​នឹង​ចេញ​បង្ហាញ​ខ្លួន មក​ទី​កន្លែង​វេ​ទិកា​ធំ​ដែល​ធ្វើ​ពី​ថ្ម​ចាក់​បេ​តុង ហើយ​ដែល​មាន​កំពស់​កំពរ​យ៉ាង​សង្ហារ​គ្រប​សង្កត់​មក​លើ​ទី​កន្លែង​ដ៏​ល្បី​ល្បាញ​នេះ​ លោក​ប្រ​ធាន​ម៉ៅ សេ​ទុង ដែល​អម​ដោយ​មិត្ត​រួម​អាវុធ​ជិត​ស្និទ្ធ​ជាង​គេ​បំផុត​, លោក​សេនា​ប្រ​មុខ​លិន-​ពាវ និង​លោក​រដ្ឋ​មន្ត្រី​ទី​១ ជូ​អេន​ឡាយ​, បាន​ទទួល​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​យ៉ាង​រាក់​ទាក់​ជា​ទី​បំផុត​អស់​ចំនួន​កន្លះ​ម៉ោង​។ សំដី​សំដៅ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​និយាយ​មក​កាន់​ខ្ញុំ ជា​ការ​ជាក់​ច្បាស់​ណាស់ គឺ​និយាយ​ឡើង​សំរាប់​លើក​ទឹក​ចិត្ត​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ ដែល​កំពុង​តែ​ធ្លាក់​ស្រុត​ចុះ​យ៉ាង​ខ្លាំង អោយ​មាន​ជំនឿ​ឡើង​វិញ ទៅ​លើ​វាសនា​អនា​គត​នៃ​មាតុ​ប្រ​ទេស​របស់​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​។

សម្ដេចសីហនុ នឹងខ្មែរក្រហម

នេះ​ជា​ទំព័រ ឧទ្ទិស​ដល់​ផែ្នក​មួយ​នៃ​ចំណង​ពាក់​ព័ន្ធ ជិត​ស្និទ្ធ​រវាង​សម្ដច​នរោត្តម សីហនុ ព្រះ​ប្រមុខ​រដ្ឋ និង​ជា​ប្រធាន​រណសិរ្សរួប​រួម​ជាតិ​កម្ពុជា ជា​មួយ នឹង​មេ​ដឹក​នាំ​ខែ្មរ​ក្រហម និង​មេ​ដឹក​នាំ ចិន យួន កុម្មុយ​និស្ត ស្រង់​ចេញ​ពី​ទស្សនា​វត្តី China Pictorial ច្បាប់​ទី 6 ឆ្នាំ ១៩៧៣ ។

ទាក់​ទង​នឹង​កា​ស៊ី​ណូ​នៅ​ទី​ក្រុង​ភ្នំពេញ​, លោក​ប្រ​ធាន​ម៉ៅ​បាន​ថ្លែង​មក​កាន់​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ដូច្នេះ​ថា “ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ពួក លន់-​នល់​បាន​ធ្វើ​ការ​វាយ​ប្រហារ​សម្ដេច​យ៉ាង​ខ្លាំង​ក្លា ព្រម​ទាំង​បន្តុះ​បង្អាប់​សម្ដេច​អំពី​រឿង​កាស៊ីណូ​។ តាម​យោ​បល់​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​, ខ្ញុំ​យល់​ឃើញ​ថា​ សម្ដេច​បាន​ធ្វើ​ចំណាត់​ការ​ត្រឹម​ត្រូវ​ដោយ​យក​ប្រាក់​ចំនូល​ មក​ទប់​ទល់​ការ​ចំណាយ​នៅ​ក្នុង​កង​ទ័ព និង​ក្នុង​កិច្ច​ការ​ពារ​ជាតិ​។ រឿង​អស់​ទាំង​នេះ វា​គ្រាន់​បើ​ជាង​ការ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ជំនួយ​អា​មេ​រិកាំង​ផង​ដែរ ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ហើយ​ដែល​មាន​លក្ខណៈ​ចង្រៃឧត្បាត​សំរាប់​ឯក​រាជ​ជាតិ​របស់​ព្រះ​អង្គ​។ (កកន សម្ដេច​សីហនុ​ជឿថា លោក​ប្រធាន​ម៉ៅ-សេ​ទុង​និយាយ​ពី​រឿង​យក​លុយ​កាស៊ី​ណូ​មក​ចិញ្ចឹម​កង​ទ័ព​នេះ ជា​មធ្យោ​បាយ​សំរាប់​តែ​លើក​ទឹក​ចិត្ត​ទ្រង់​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​សម្ដេច​សីហនុ​ខ្លួនអែង​ក៏​យល់​ថា ការ​យក​ប្រាក់​ពីកាស៊ី​ណូ​មក​ចិញ្ចឹម​កង​ទ័ព​នេះ​ ពុំ​មែន​ជា​ចំណាត់​ការ​ត្រឹម​ត្រូវ​ឡើយ​។)

លោក​ប្រធាន​ម៉ៅ បើ​ទោះ​ជា​មាន​ចំណាស់​ទន់​ជ្រាយ​ខ្លាំង​ណាស់​ទៅ​ហើយ បើ​ប្រៀប​ធៀប​នឹង​ទ្រង់​ទ្រាយ​របស់​លោក​ក្នុង​ទស​វត្ស​៦០ នៅ​តែ​មាន​គំនិត​ភ្លឺស្វាង និង​ប្រាជ្ញា​វាង​វៃ ហើយ​នៅ​មាន​ចំនូល​ចិត្ត​ខាង​និយាយ​កំប្លែង​ស្ងួត​។ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ជំនួយ​ដ៏​សំ​បើម​របស់​លោក​ប្រ​ធាន​ចំពោះ​ចល​នា​តស៊ូ​ដ៏​ក្មេង​ខ្ចី​របស់​យើង​។ លោក​បាន​ឆ្លើយ​មក​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​វិញ​ថា “ជា​ពិសេស​សូម​សម្ដេច​កុំ​អរ​គុណ​ពួក​យើង​ធ្វើ​អ្វី​! គឺ​ពួក​យើង​ទេ​ប្រ​ទេស​ចិន​ ដែល​ត្រូវ​អរ​គុណ​សំដេច, ពី​ព្រោះ​អាវុធ​របស់​យើង ប្រាក់​កាស​របស់​យើង ដែល​ផ្តល់​អោយ​ប្រ​ជា​ពល​រដ្ឋ​តស៊ូ​នៅ​ប្រ​ទេស​កម្ពុជា មិន​មាន​តំលៃ​អ្វី​សំ​ខាន់​ទាល់​តែ​សោះ បើ​ប្រៀប​ធៀប​នឹង​ពលិ​កម្ម​ដ៏​មហា​អស្ចារ្យ​នៃ​ប្រ​ជា​ពល​រដ្ឋ​នេះ ដែល​ស្ថិត​នៅ​ជួរ​មុខ​នៃ​ខ្សែ​ប្រយុទ្ធ​ត​ទល់​ នឹង​ចក្រ​ពត្តិ​អាមេ​រិកាំង​។ គឺ​ពល​រដ្ឋ​ខ្មែរ, ពល​រដ្ឋ​វៀត​ណាម, ពល​រដ្ឋ​លាវ​ដែល​បង្ហូរ​ឈាម​ខ្លួន​អែង​ក្នុង​ប្រ​យុទ្ធ​នេះ ពុំ​មែន​យើង​ ដែល​ជា​ជន​ជាតិ​ចិន​នោះ​ទេ​។ ហើយ​គឺ​ពួក​យើង​នេះ​អែង ដែល​បាន​ទទួល​យក​ផល​ចំណេញ​ ពី​ជោគ​ជ័យ​របស់​លោក​អ្នក​, នេះ​បាន​ហៅ​ថា ការ​និយាយ​គ្នា​ដោយ​ស្មោះ​ត្រង់​ និង​សុចរិត​! ចំណែក​លោក​សេនា​ប្រមុខ​លិន-ពាវ​វិញ​, បុរស​ម្នាក់​មាឌ​តូច​ល្អិត ស្គម​ហើយ​ស្ងួត​សោះ​កគ្រោះ​, កាល​ពី​ព្រឹក​ថ្ងៃ​នោះ​, ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​បាន​ក្រ​លេក​មើល​ទៅ​ឃើញ​គាត់​ទំនង​ដូច​ជា​ជន​ស្រវឹង​ម្នាក់​, ហើយ​ដែល​ម្តង​ម្កាល បាន​បង្អាក់​លោក​ប្រធាន​ម៉ៅ ដើម្បី​ស្រែក​ឆ្កា​ដៃ​ឆ្កា​ជើង​ជេរ​សហ​រដ្ឋ​អា​មេ​រិក ព្រម​ទាំង​បាន​ផ្តល់​ដល់​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ នូវ​សេច​ក្តី​ធានា​អះ​អាង​ទាំង​ស្រុង ដែល​គ្មាន​រង្គោះ​រង្គើ​ នៃ​ការ​គាំ​ទ្រ​របស់​ប្រ​ទេស​ចិន និង​ក្រុម​យោធា​របស់​លោក រហូត​ទៅ​ដល់​ជោគ​ជ័យ​ជា​ទី​បញ្ចប់​។ លោក​បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ព្រះ​ករុ​ណា​ខ្ញុំ​ថា លោក​នឹង​មិន​យក​ថ្លៃ​ថ្នូរ​អ្វី​ឡើយ ពី​ជំនួយ​ច្រើន​មុខ​ច្រើន​យ៉ាង ដែល​ផ្តល់​អោយ​ហ៊្វុង-គ្រុង​របស់​ពួក​យើង ហើយ​ដែល​ចលនា និង​រដ្ឋា​ភិបាល​នេះ មិន​ត្រូវ​ញញើត​ញញើម​សោះ​ឡើយ នឹង​ស្នើ​សុំ ចំពោះ​ប្រទេស​ចិន នូវ​អ្វីៗ​ទាំង​អស់ ដែល​ចលនា​តស៊ូ​របស់​យើង​មាន​សេច​ក្តី​ត្រូវ​ការ​។

លោក​រដ្ឋ​មន្ត្រី​ទី​១ ជូ-​អេន​ឡាយ ដែល​ជា​មនុស្ស​មាន​បញ្ញា​ល្អិត​ល្អន់​ ស្ងាត់​ស្ងៀម ហើយ​មាន​សេច​ក្តី​គោ​រព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក​ប្រធាន​ម៉ៅ ដែល​បើក​មាត់​និយាយ​ស្តី​សំរាប់​តែ​ឆ្លើយ​ចំពោះ​ចំនុច​ខ្លះ​ៗ ដែល​លោក​ប្រធាន​បាន​ចោទ​សួរ និង​ដើម្បី​ថ្លែង សរ​សើរ​កិច្ចការ​កសាង​ជាតិ​ជា​ទូ​ទៅ​នៃ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​នៅ​កម្ពុជា ចន្លោះ​ឆ្នាំ​១៩៥៣ និង​១៩៦៩​​។​ លោក​ជូ-​អេន​ឡាយ​បាន​ថ្លែង​ទៅ​កាន់​លោក​ប្រ​ធាន​ម៉ៅ​ថា គឺ​ជា​ការ​មួយ​គួរ​អោយ​សោក​ស្តាយ​ពន់​ពេក ដែល​កិច្ច​ការ​កសាង​ជាតិ​ទាំង​អស់​នេះ បាន​ត្រូវ​បញ្ចប់​ដោយ​កំហុក ដោយ​សារ​តែ​ពួក​ក្រុម​រដ្ឋ​ប្រ​ហារ​នៅ​ភ្នំ​ពេញ​, ដោយ​លោក​បាន​បន្ថែម​ថា “ដោយ​បាន យល់​ស្គាល់​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​​តតិយ​លោក ​លោក​មាន​លទ្ធ​ភាព​​ធ្វើ​សេច​ក្តី​បញ្ជាក់​ថា នៅ​ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​ សីហនុ ប្រ​ទេស​កម្ពុជា​បាន​បោះ​ជំហាន​ជឿន​លឿន​ទៅ​មុខ​ក្នុង​កិច្ច​កសាង​ជាតិ ជាង​ប្រទេស​ដទៃ​ទៀត​ភាគ​ច្រើន ដែល​កំពុង​ធ្វើដំណើរ​ឆ្ពោះ​ទៅ​រក​ការ​រីក​ចំរើន​ ​។​

មិត្ត​ជូ-​អេន​ឡាយ​របស់​ខ្ញុំ​ព្រះ​ករុ​ណា​ខ្ញុំ ក៏​បាន​ឆ្លៀតឱកាស​ពេល​នោះ ហើយ​គាត់​តែង​តែ​ឆ្លៀត​ឱកាស​ជា​និច្ច រហូត​ដល់​សេច​ក្តី​ស្លាប់​របស់​គាត់ ដើម្បី​ធ្វើ​មេ​ធាវី​ការ​ពារ​ឧត្តម​គតិ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ដោយ​សេច​ក្តី​ស្មោះ​ស្ម័គ្រ នៅ​ចំ​ពោះ​មុខ​ប្រជា​ពល​រដ្ឋ​របស់​គាត់​ក្តី នៅ​ចំពោះ​មុខ​ពួក​ជន​បរ​ទេស​ក្តី ​ជា​ពិសេស​នៅ​ចំពោះ​មុខ​ពួក​អនា​គត​មិត្ត​ភក្តិ​អាមេ​រិកាំង​របស់​គាត់​) រឺ​នៅ​ចំពោះ​មុខ​ពួក​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ក្តី​។ ពី​ថ្ងៃ​នេះ​ត​ទៅ ខ្ញុំ​ព្រះ​ករុ​ណា​ខ្ញុំ​មិន​អាច​បំ​ភ្លេច​បាន​ឡើយ នូវ​អ្វី​ៗ​ដែល​គាត់​បាន​ធ្វើ​ចំពោះ​ខ្ញុំ​ព្រះ​ករុ​ណា​ខ្ញុំ​។ បើ​យើង​វិល​ត្រលប់​មក​កិច្ច​ប្រ​ជុំ​មេ​ទីង​ដ៏​មហា​សំបើម នៅ​ថ្ងៃ​ទី​២០ ឧសភា ១៩៧០​, នៅ​ទៀន​-អាន់​មេន​, ការ​បង្ហាញ​ខ្លួន​របស់ លោក​ប្រ​ធាន​ម៉ៅ ជា​មួយ​នឹង​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​នៅ​ខាង​ស្តាំ ហើយ​និង​លោក​លិន-​ពាវ​នៅ​ខាង​ឆ្វេង ដោយ​មាន​បន្ទាប់​មក​ទៀត នូវ​វត្ត​មាន​របស់​លោក​ជូ-អេន​ឡាយ បាន​ធ្វើ​អោយ​ពួក​ប្រជា​ពល​ករ​ចិន​ប្រមាណ​ជាង​១​លាន​នាក់ ទះ​ដៃ​ខ្ទរ​ខ្ទារ​ដូច​សំលេង​រន្ទះ ព្រម​ទាំង​ បាន​បញ្ចោញ​សំរែក​ហ៊ោ​កញ្ជៀវ​អ៊ឺង​កង​ដ៏​យូរ​លង់​​។

គេ​ឃើញ​វត្ត​មាន​ក្រុម​ភ្នាក់​ងារ​ទូត ហើយ​និង​ពួក​អ្នក​តំណាង​សារ​ពត៌​មាន​បរ​ទេស ពួក​ក្រោយ​នេះ​មាន​ចំនួន​តិច​តួច​ណាស់​នៅ​ទី​កន្លែង​វេទិ​កា​ធំ​នោះ​។ បន្ទាប់​ពី​សេច​ក្តី​ថ្លែង​កា​រណ៍​របស់​លោក​ប្រធាន​ម៉ៅ​, ខ្ញុំ​ព្រះ​ករុ​ណា​ខ្ញុំ​ក៏​បាន​ទទួល​កិត្តិ​យស​ដ៏​ពិសេស​ពិសាល​ គ្មាន​ពីរ សំរាប់​ជន​បរ​ទេស​, គឺ​ត្រូវ​បាន​អនុញ្ញាត​អោយ​ថ្លែង​សង្កថា​ពី​លើ​មហា​វេ​ទិកា​នោះ​ផង​ដែរ​​។​

ដើម្បី​បញ្ចប់​វគ្គ​នេះ ខ្ញុំ​ព្រះ​ករុ​ណា​ខ្ញុំ សូម​សេច​ក្តី​អនុញ្ញាត​ធ្វើ​ការ​ផ្សាយ​ទាំង​ស្រុង នូវ​អត្ថ​បទ​ដ៏​មហា​សំខាន់​ចំពោះ​មុខ​ប្រវត្តិ​សាស្ត្រ​ នៃ​សេច​ក្តី​ថ្លែង​ការណ៍​របស់​លោក​ប្រ​ធាន​ម៉ៅ​-សេ​ទុង នៅ​ថ្ងៃ​ទី​២០ ​ឧសភា​ឆ្នាំ​១៩៧០ ជា​អត្ថ​បទ​ដ៏​មហា​សំខាន់​, ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ សូម​បញ្ជាក់ ពី​ព្រោះ​ថា ផ្ទុយ​ពី​អំនួត​ក្តុង​ក្តាំង​របស់​លោក​និច​សុន កាល​ពី​ថ្ងៃ​ទី​១ ឧសភា ១៩៧០, សេច​ក្តី​ប្រកាស​របស់​លោក ម៉ៅ​សេ​ទុង​នៃ​ថ្ងៃ​ទី ២០ ឧសភា១៩៧០ គឺ​ជា​ចំនុច​ផ្តើម​ដំបូង​ ដែល​ឈាន​ទៅ​រក​ជោគ​ជ័យ​ដ៏​មហា​អស្ចារ្យ​នៃ​សាធារ​ណ​រដ្ឋ​ប្រជា​មានិតុ​ចិន ទៅ​លើសហ​រដ្ឋ​អាមេ​រិក​ និង​ទៅ​លើសហ​ភាព​សូវៀត​, នៅ​ប្រ​ទេស​កម្ពុជា, ដោយ​ការ​កាន់​កាប់​ក្តោប​ក្តាប់ អំណាច​ពី​​សំណាក់​ពួក​ខ្មែរ​ក្រហម​នៅ​ក្នុង​ប្រ​ទេស​នៃ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ នៅ​ថ្ងៃ​ទី​១៧​មេសា​១៩៧៥​ ពល​រដ្ឋ​ទាំង​ឡាយ​នៃ​ពិភព​លោក​, ចូរ​រួប​រួម​គ្នា​ឡើង ដើម្បី​កំទេ​ចពួក​ឈ្លាន​ពាន​អាមេ​រិកាំង និង​ខ្ញុំ​កញ្ជះ​របស់​វា​​!។

ម៉ៅ-សេទុង ២០ ឧសភា ១៩៧០
នៅ​ក្នុង​ពេល​បច្ចុ​ប្បន្ន​នេះ​, វា​មាន​សន្ទុះ​កាន់​តែ​ខ្ពស់​ឡើង​ក្នុង​កំពស់​កំពរ​នៃ​ពិភព​លោក​តែ​ម្តង នៃ​ការ​ប្រយុទ្ធ​តស៊ូ​ប្រឆាំង​ នឹង​ចក្រ​ពត្តិ​និយម​អាមេ​រិកាំង​ និង​ពួក​ក្រុម​បរិវារ​ ដែល​ចេះ​តែ​បង្កើត​សង្គ្រាម​ឈ្លាន​ពាន​គ្មាន​ឈប់​ឈរ​, ម៉្លោះ​ហើយ​ក្រុម​ប្រជា​ពល​ករ​ ក៏​តែង​តែ​ប្រើ​វិធី​នៃ​សង្គ្រាម​បដិ​វត្តន៍ ដើម្បី​យក​ជ័យ​ជំនះ​ទៅ​លើ​ពួក​ឈ្លាន​ពាន​។ គ្រោះ​ថ្នាក់​នៃ​ការ​ផ្ទុះ​សង្គ្រាម​ពិភព​លោក​ថ្មី​មួយ​ទៀត នៅ​តែ​មាន​ជា​និច្ច​ ​ហើយ​ពល​រដ្ឋ​នៅ​ពិភព​លោក​ទាំង​មូល ត្រូវ​តែ​រៀប​ចំ​ខ្លួន​អោយ​ហើយ​។ ក៏​ប៉ុន្តែ​នៅ​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​,នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ ទំនោរ​ដ៏​សំខាន់​ជាង​គេ​បំផុត​, គឺ​បដិ​វត្តន៍​។

ពួក​ឈ្លាន​ពាន​អា​មេរិ​កាំង ដោយ​មិន​អាច​ដណ្ដើម​យក​ជោគ​ជ័យ​បាន នៅ​ក្នុង​សង្គ្រាម​វៀត​ណាម​និង​លាវ ក៏​បាន​រៀប​ចំ​បង្កើត​អោយ​មាន​រដ្ឋ​ប្រហារ​ប្រតិ​កិ​រិយា​នៃ​ពួក​ក្រុម​បន​លន់ នល់ ​សិរិមតៈ​, ដោយ​បាន​បញ្ជូន​កង​ទ័ព​ខ្លួន ដោយ​អិត​អៀន​ខ្មាស់​ទៅ​ប្រទេស​កម្ពុជា ហើយ​ក៏​បាន​ចាប់​ផ្តើម​ទំលាក់​គ្រាប់​បែក​ឡើង​វិញ​ទៅ​លើ​វៀត​ណាម​ខាង​ជើង ដែល​ជា​ហេតុ​បណ្ដាល​អោយ​មាន​ការ​តស៊ូ ដោយ​សេច​ក្តី​ក្តៅ​ក្រហាយ​នៃ​ពល​រដ្ឋ​ទាំង​បី​នៅ​ឥណ្ឌូ​ចិន​។ ខ្ញុំ​សូម​គាំ​ទ្រ​យ៉ាង​កក់​ក្តៅ នូវ​គោល​គំនិត​តស៊ូ​របស់​សម្ដេច​នរោត្តម ​សីហនុ​, ​ប្រ​មុខ​រដ្ឋ​នៃ​ប្រ​ទេស​កម្ពុជា​, ប្រ​ឆាំង​នឹង​ចក្រ​ពត្តិ​និយម​និង​ពួក​ខ្ញុំ​កញ្ជះ​របស់​វា​។ ខ្ញុំ​សូម​គាំ​ទ្រ​យ៉ាង​កក់​ក្តៅ​នូវ​សេច​ក្តី​ថ្លែង​ប្រ​កាស​រួម​នៃ​ប្រជា​ពល​រដ្ឋ​ឥណ្ឌូ​ចិន​​ ខ្ញុំ​សូម​គាំ​ទ្រ​ការ​បង្កើត​​រដ្ឋា​ភិ​បាល​រួប​រួម​ជាតិ​កម្ពុជា ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​នៃ​រណ​សិរ្ស​រួប​រួម​ជាតិ​កម្ពុជា​។ ដោយ​រឹត​ចំណង​ឯក​ភាព​នេះ​អោយ​រឹង​ប៉ឹង​, ដោយ​ជួយ​ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ដោយ​បន្ត​សង្គ្រាម​តស៊ូ​ប្រជា​ប្រិយ​មួយ​អោយ​បាន​យូរ​អង្វែង ប្រជា​ពល​រដ្ឋ​ឥណ្ឌូ​ចិន​ទាំង​បី នឹង​អាច​គ្រប​សង្កត់​ទៅ​លើ​សេច​ក្តី​ទុក​លំបាក​គ្រប់​យ៉ាង ព្រម​ទាំង​អាច​កញ្ឆក់​ដណ្ដើម​យក​ជោគ​ជ័យ​បាន​ទាំង​ស្រុង​។ ចក្រ​ពត្តិ​និយម​អានេ​រិកាំង នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ការ​ពិឃាត​រង្គាល នៅ​អែ​បរ​ទេស​, ពួក​គេ​ក៏​បាន​សំលាប់​ពួក​ស្បែក​ស​និង​ពួក​ស្បែក​ខ្មៅ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ឯង​ផង​ដែរ​។ អំពើ​ហឹង្សា​របស់ និច​សុន ក៏​បាន​ព្រួស​អោយ​ចេញ​អណ្ដាត​ភ្លើង​សន្ធោ​សន្ធៅ​ ក្តៅ​គគុក​នៃ​ចលនា​បដិ​វត្តន៍​ប្រជា​ពល​ករ​នៅ​សហ​រដ្ឋ​អាមេ​រិក​។ ដោយ​មាន​វីរ​ភាព​ក្នុង​ការ​តស៊ូ​ប្រយុទ្ធ ប្រជា​ពល​រដ្ឋ​អា​មេ​រិកាំង​ នឹង​ក្លាយ​ទៅ​ជា​អ្នក​ឈ្នះ រី​អែ​ការ​គ្រប​សង្កត់​នៃ​លទ្ធិ​ហ្វា​ស៊ីស្ស​នៅ​សហ​រដ្ឋ​អាមេ​រិក ក៏​នឹង​បាន​ទទួល​បរា​ជ័យ​យ៉ាង​ពិត​ប្រាកដ​។ នេះ​ជា​ជំនឿ​ដ៏​មុតមាំ​របស់​ខ្ញុំ​។

រដ្ឋ​ការ​និច​សុន​កំពុង​តែ​ត្រូវ​វាយ​ប្រហារ​ដោយ​សេច​ក្តី​លំបាក​ច្រើន​មុខ​ច្រើន​យ៉ាង ទោះ​នៅ​ក្នុង​ផ្ទៃ​ក្នុង​ក្តី ទោះ​មក​ពី​ខាង​ក្រៅ​ក្តី រដ្ឋ​ការ​នេះ​កំពុង​មាន​អនា​ធិប​តេយ្យ​វក់​វី ហើយ​មិន​សូវ​មាន​ចំណង​មិត្ត​ភក្តិ​ជា​មួយ​នឹង​ពិភព​ខាង​ក្រៅ​នោះ​ទេ​។ ចលនា​ប្រជា​ពល​ករ​ដែល​ធ្វើ​ការ​ប្រឆាំង​ នឹង​ការ​ឈ្លាន​ពាន​អាមេ​រិកាំង​នៅ​ប្រទេស​កម្ពុជា កំពុង​តែ​រាល​ដាល​ពាស​ពេញ​ពិភព​លោក​ទាំង​មូល​។ មិន​បាន​ដប់​ថ្ងៃ​ផង បន្ទាប់​ពី​ចេញ​រូប​រាង​ឡើង​, រាជ​រដ្ឋា​ភិបាល​រួប​រួម​ជាតិ​កម្ពុជា បាន​ត្រូវ​ប្រទេស​ដទៃ​ទៀត​ចំនួន​ក្បែរ​ម្ភៃ​ទៅ​ហើយ ធ្វើ​ការ​ទទួល​ស្គាល់​។​ សង្គ្រាម​តស៊ូ​នៃ​ពល​រដ្ឋ​វៀត​ណាម លាវ និង​កម្ពុជា ត​ទល់​នឹង​ការ​ឈ្លាន​ពាន​អាមេ​រិកាំង ហើយ​និង​ដើម្បី​ជា​អាយុ​ជីវិត​របស់​ជាតិ កំពុង​តែ​ស្គាល់​សភាព​ការណ៍​ប្រ​សើរ​ឡើង​ជា​រៀង​រាល់​ថ្ងៃ​។ ការ​តស៊ូ​ប្រយុទ្ធ​នៃ​យោធា បដិ​វត្តន៍​នៃ​ពល​រដ្ឋ​នៅ​អាស៊ី​អាគ្នេយ៍​, ការ​ប្រយុទ្ធ​នៃ​ពល​រដ្ឋ​នៅ​កូរ៉េ​, ជប៉ុន​ហើយ​ និង​ប្រទេស​អាស៊ី​ដទៃ​ទៀត ត​ទល់​នឹង​ការ​រស់​នៅ​ឡើង​វិញ​នៃយោធា​និយម​អាមេ​រិកាំង ដែល​ប្រ​ព្រឹត្ត​ឡើង​ដោយ​ក្រុម​ប្រតិ​កិរិ​យា​អាមេ​រិកាំង​, ជប៉ុន, ការ​តស៊ូ​នៃ​ពល​រដ្ឋ​ប៉ាឡេ​ស្ទីន​ ហើយ​និង​ប្រជា​ពល​រដ្ឋ​អារ៉ាប់​ដទៃ​ទៀត​ ត​ទល់​នឹង​ពួក​ឈ្លាន​ពាន​អាមេ​រិកាំង​- អ៊ីស្រា​អែល, ការ​ត​ស៊ូប្រយុទ្ធ​នៃ​ពល​រដ្ឋ​អាស៊ី អាហ្វ្រិក និង​អាមេ​រិក​ឡា​ទីន (ខាង​ត្បូង) ដើម្បី​ធ្វើ​ការ​រំដោះ​ប្រជា​ជាតិ ព្រម​ទាំង​ការ​តស៊ូ​បដិ​វត្តន៍​នៃ​ពល​រដ្ឋ​នៅ​អាមេ​រិក​ខាង​ជើង នៅ​អឺរ៉ុប និង​អុស​សេ​អានី ប្រជា​ជន​នៃ​កោះ​សមុទ្រ អូស្ត្រា​លី, ញូ​សេ​ឡិន, ហា​វ៉ៃ​៘ កំពុង​តែ​មាន​ការ​រីក​ធំ​ឡើង​យ៉ាង​ខ្លាំង​ក្លា​។ ប្រជា​ពល​រដ្ឋ​ចិន​គាំ​ទ្រ​យ៉ាង​រឹង​ប៉ឹង​ ពល​រដ្ឋ​អិណ្ឌូ​ចិន​ទាំង​បី​និង​ពល​រដ្ឋ​ដទៃ​ទៀត​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល នៅ​ក្នុង​ការ​ប្រយុទ្ធ​ តស៊ូ​បដិ​វត្តន៍​រៀង​ៗ​ខ្លួន ត​ទល់​នឹង​ចក្រ​ពត្តិ​និយម​អាមេ​រិកាំង ហើយ​ពួក​ខ្ញុំ​កញ្ជះ​របស់​វា​។

ចក្រ​ពត្តិ​និយម​អាមេ​រិកាំង​មាន​លក្ខណៈ​ដូច​ជា​យក្ស​, ក៏​ប៉ុន្តែ​តាម​ការ​ពិត វា​គ្រាន់​តែ​ជា​ខ្លា​ក្រដាស​តែ​ប៉ុណ្ណោះ​, ហើយ​វា​កំពុង​តែ​រើ​បំរះ​ប្រ​ទ្រុះ​ប្រ​ទ្រះ​យ៉ាង​គួ​រ​អោយ​អស់​សង្ឃឹម​។​ គិត​អោយ​បាន​វែង​ឆ្ងាយ​ទៅ តើ​មាន​នរ​ណា​ខ្លាច​នរ​ណា​ទៀត​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​? គឺ​មិន​មែន​ពល​រដ្ឋ​វៀត​ណាម, លាវ, កម្ពុជា, ប៉ាឡេ​ស្ទីន, ពល​រដ្ឋ​នៃ​ប្រ​ទេស​អារ៉ាប់​ទាំង​ឡាយ និង​ពល​រដ្ឋ​នៅ​ទីក​ន្លែង​ផ្សេង​ៗ ទៀត​ក្នុង​ពិភព​លោក​នោះ​ទេ​ ដែល​ត្រូវ​ភ័យ​ខ្លាច​នឹង​ចក្រ​ពត្តិ​អាមេ​រិកាំង​, គឺ​ចក្រ​ពត្តិ​អាមេ​រិកាំង​ទៅ​វិញ​ទេ ដែល​ត្រូវ​ភ័យ​ខ្លាច នឹង​ពល​រដ្ឋ​នៃ​ពិភព​លោក​​។ អោយ​តែ​មាន​ការ​រំជើប​រំជួល​អ្វី​តែ​បន្តិច​បន្តួច​, ចក្រ​ពត្តិ​នេះ​តែង​តែ​មាន​ការ​ភ័យ​ញ័រ​ញាក់​ស្លន់​ស្លោ​។ មាន​ព្រឹត្តិ​ការណ៍​ច្រើន​ណាស់​ដែល​ជា​ភស្តុ​តាង​បង្ហាញ​ថា គោល​ជំហរ​ត្រឹម​ត្រូវ​តែង​ត្រូវ​បាន​ទទួល​សេច​ក្តី​គាំ​ទ្រ​ទូលំ​ទូលាយ​, ចំណែក​អែ​គោល​ជំហរ​​អយុត្តិ​ធម៌​វិញ ពុំ​សូវ​បាន​ទទួល​ការ​គាំ​ទ្រ​សោះ​ឡើយ​។ ប្រ​ទេស​ទន់​ខ្សោយ​មួយ​អាច​យក​ជ័យ​ជំនះ ទៅ​លើប្រ​ទេស​ខ្លាំង​មួយ​បាន ហើយ​ប្រទេស​មួយ​តូច អាច​មាន​លទ្ធ​ភាព​ឈ្នះ​ប្រទេស​មួយ​ធំ​។ ពល​រដ្ឋ​នៃ​ប្រ​ទេស​មួយ​ដ៏​តូច នឹង​អាច​យក​ជ័យ​ជំនះ​យ៉ាង​ពិត​ប្រាកដ​ ទៅ​លើ​ការ​ឈ្លាន​ពាន​នៃ​ប្រទេស​មួយ​ដ៏ធំ​, ប្រសិន​បើ​ពួក​គេ​ហ៊ាន​ងើប​ឡើង​ប្រយុទ្ធ​តស៊ូ កាន់​អាវុធ​នៅ​ដៃ​ហើយ​ទទួល​កាន់​កាប់​វាសនា​នៃ​ប្រទេស​របស់​ខ្លួន​អែង​។ នេះ​ហើយ​គឺ​ជា​ច្បាប់​នៃ​ប្រវត្តិ​សាស្ត្រ​ ​។

ពល​រដ្ឋ​ពិភព​លោក​, ចូរ​រួប​រួម​គ្នា​ឡើង ដើម្បី​កំចាត់​ពួក​ឈ្លាន​ពាន​អាមេ​រិកាំង និង​ខ្ញុំ​កញ្ជះ​របស់​វា!