និច-សុនជួយសង្គ្រោះលន់-នល់, ការបោកបញ្ឆោតនៃ
កម្មវិធីរបស់ពួកខ្មែរក្រហម, ម៉ៅគាំទ្រពួកហ៊្វុង
ថ្ងៃសុក្រ ទី31.តុលា 2014.ម៉ោង 22:57

សុភា​សិត​បារាំង​មួយ​បាន​បញ្ជាក់​ថា “អ្វី​ៗ​ដែល​ថ្មី​សុទ្ធ​សឹង​តែ​ល្អ​ទាំង​អស់” វា​មិន​សូវ​ខុស​ពី​សុភា​សិត​ខ្មែរ​ដែល​និយាយ​ថា “បាន​ថ្មី ចោល​ចាស់” នោះ​ប៉ុន្មាន​ឡើយ​ទាក់​ទង​នឹង​អន្ត​រាគមន៍​យោធា​ចូល​ក្នុង​ប្រ​ទេស​យើង ពី​សំណាក់​កង​ទ័ព​នៃ​រដ្ឋ​ការ​ព្រៃ​នគរ​, នៅ​ទី​បំផុត​ពួក​លន់-នល់​ក៏​បាន​ថ្លែង​សារ​ភាព​ថា គឺ​ខ្លួន​គេ​តែ​ម្តង ​ដែល​បាន​អញ្ជើញ​ពួក​នេះ​អោយ​មក​ធ្វើ​ដូច្នេះ​។ ក្នុង​អត្ថ​បទ​ខ្សែ​កាប​មួយ​នៃ​ទី ភ្នាក់​ងារ​រ៉ឺ​ទែរ ចុះ​ថ្ងៃ​ ២១ ឧសភា​១៩៧០ នៅ​ព្រៃ​នគរ​ដោយ Christopher Pritchett មាន​សរ​សេរ​ថា លោក​យ៉ែម-សំបូរ ពោ​ល​ថា ទ័ព​វៀត​ណាម​ខាង​ត្បូង​បាន​ចូល​មក​ច្បាំង​នៅ​ប្រ​ទេស​កម្ពុជា តាម​សំណើ​របស់​រដ្ឋា​ភិបាល​ខ្មែរ ហើយ​ប្រ​ទេស​កម្ពុជា​ មាន​សេច​ក្តី​កត្តញ្ញូ​តា​ធម៌​ចំពោះ​ជំនួយ​ដ៏​រហ័ស​បែប​នេះ ពី​សំណាក់​សាធា​រណ​រដ្ឋ​វៀត​ណាម​។

សន្និ​សិទ​នៃ​ប្រជា​ជាតិ​នៅ​អាស៊ី​និង​ប៉ាស៊ី​ហ្វិក​នេះ ក៏​មិន​បាន​ផ្តល់​អ្វី​ដ៏​គាប់​ប្រសើរ ទៅ​ដល់​ពួក​លន់​-នល់​និង​ពួក​ខ្មែរ​សាធា​រណ​រដ្ឋ​នោះ​ដែរ​។ ពួក​របប​ថ្មី​នៅ​ភ្នំ​ពេញ​ មាន​សេច​ក្តី​បារម្ភ​ខ្លាច​ក្រែង​តែ​សន្និ​សិទ​ដដែល​ខាង​លើ​នេះ នឹង​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហាន​យោ​បាយ​នៅ​ទី​បញ្ចប់​ទៅ ​ដោយ​ដឹក​នាំ​នរោត្តម​-សីហនុ អោយ​វិល​ត្រលប់​មក​កម្ពុជា​វិញ តែ​ដដែល​ដូច​លើក​មុន​ៗ​។ បង​ជី​ដូន​មួយ​របស់​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ម្នាក់​ ស៊ីសុវត្ថិ​-សិរិមតៈ ហើយ​និង​រដ្ឋា​ភិបាល​របស់​គាត់ បាន​បន្ទុក​បន្តាក់​អោយ​បង​ជីដូន​មួយ​ម្នាក់​ទៀត, ដែល​ពី​ដើម​ធ្លាប់​តែ​ប្រូ​សីហនុ​ណាស់ ប៉ុន្តែ​ដែល​ក្លាយ​ទៅ​ជា​អ្នក​ប្រឆាំង​នឹង​សីហនុ​យ៉ាង​សំបើម បន្ទាប់​ពី​ថ្ងៃ​១៨​មិនា​១៩៧០, គឺ​នរោត្តម-ម៉ូនិស្យារ៉ា សូម​កុំ​ច្រលំ​ជា​មួយ​នឹង​ព្រះ​អង្គ​ម្ចាស់​នរោត្តម​-ភូរិស្សារ៉ា ដែល​តាម​ដង្ហែរ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ យ៉ាង​ស្មោះ​ត្រង់ រហូត​ដល់​ស្លាប់​ខ្លួន​ឯង​នៅ​ក្នុង​កន្តាប់​ដៃ​របស់​ពួក​ខ្មែរ​ក្រហម​, ម៉ូនិស្សារ៉ា, ខ្ញុំ​ព្រះ​ករុ​ណា​ខ្ញុំ​សូម​បញ្ជាក់​ អគ្គ​លេខា​ធិការ​នៃ​ក្រ​សួង​ការ​បរទេស​នៃ​រដ្ឋា​ភិបាល​លន់-នល់, បាន​ត្រូវ​ស៊ីសុ​វត្ថិ​-សិរិមតៈ ប្រើ​អោយ​ធ្វើ​សេច​ក្តី​ថ្លែង​ការណ៍​ក្តុង​ក្តាំង​រហែក​មេឃ​រហែក​ដី​ទៅ​កាន់​ក្រុម​សារ​ពត៌​មាន​អន្តរ​ជាតិ នៅ​ថ្ងៃ​ទី​១០​ ឧសភា​១៩៧០ នៅ​ភ្នំពេញ ដោយ​បញ្ជាក់​ថា យ៉ាង​ដាច់​ខាត​ប្រទេស​កម្ពុជា​មិន​ត្រូវ​អនុញ្ញាត​អោយ​នរោត្តម​-សីហនុ ចូល​មក​រួប​រួម​ស្វះ​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​ផ្នែក​បញ្ហា​នយោ​បាយ​នោះ​ឡើយ​។

ក្នុង​ប្រការ​នេះ​ ខ្ញុំព្រះ​ករុណា​ខ្ញុំ សូម​អនុញ្ញាត​ដក​ស្រង់​សេច​ក្តី​ក្នុង​អត្ថ​បទ​មួយ​នៃ​ទី​ភ្នាក់​ងារ​ពត៌​មាន យូភី​អាយ ដោល​មាន​ឈ្មោះ​អ្នក​និពន្ធ Roxanna Brownហើយ​ដែល​មាន​សំនេរ​ដូច្នេះ​ថា “យើង​ច្បាស់​ជា​មិន​អង្គុយ​នៅ​តុ​ចរ​ចា​ជា​មួយ​គ្នា និង​សំដេច​សីហនុ​នោះ​ទេ”​។ មូនិស្យា​រ៉ា​បាន​ពោល​បន្ថែម​ថា ទ្រង់​នឹង​រង់​ចាំ​ថា​ សន្និ​សិទ​អាស៊ី​ប៉ា​ស៊ី​ហ្វិក ដែល​រៀប​ចំ​ឡើង​នៅ​ហ្សា​កា​តា នឹង​ច្បាស់​ជា​ផ្តល់​ការ​គាំ​ទ្រ​រឹង​ប៉ឹង ចំពោះ​ជំហរ​របស់​ខ្មែរ​។ សន្និ​សិទ​នៅ​ហ្សា​កា​តា​នឹង​ច្បាស់​ជា​គ្មាន​លទ្ធ​ភាព​អ្វី​ឡើយ ដើម្បី​កែ​ប្រែ​នយោ​បាយ​នៃ​សហ​រដ្ឋ​អា​មេ​រិក ក្នុង​ប្រការ​ផ្តល់​ជំនួយ​ដល់​កម្ពុជា, ទ្រង់​ពោល​ ​ពី​ព្រោះ​យើង​កំពុង​តែ​ធ្វើ​ការ ដោយ​មាន​ទំ​នាក់​ទំនង​ដោយ​ផ្ទាល់​ជា​មួយ​និង​អា​មេរិ​កាំង​។ មូនិស្យា​រ៉ា​បាន​ថ្លែង​ថា កម្ពុជា​នឹង​ស្នើ​សុំ​ជំនួយ​ពី​ប្រទេស​ថៃ នៅ​ពេល​ដែល​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​យ៉ែម សំបូរ ធ្វើ​ដំណើរ​ទៅ​ទី​នោះ​ក្នុង​សប្តាហ៍​នេះ ដើម្បី​រៀប​ចំ​អោយ​មាន​ទំនាក់​ទំនង​តាម​ផ្លូវ​ទូត​សា​ឡើង​វិញ​។​ ម៉ូនិស្យា​រ៉ា​បាន​ពោល​ថា ទ្រង់​មិន​មាន​ជំនឿ​ទេ មក​ដល់​ថ្នាក់​នេះ​ទៅ​ហើយ ថា​សហ​ភាព​សូវៀត​នឹង​ធ្វើ​ដំណើរ​ទៅ​តាម​ប្រ​ទេស​កុម្មុយ​និស្ត​ខ្លះ​ៗ ដោយ​ធ្វើ​ការ​ផ្តាច់​ចំណង​ទូត​ជា​មួយ​នឹង​ទី​ក្រុង​ភ្នំពេញ​។ ទ្រង់​យល់​ថា ពួក​រុស្ស៊ី​មិន​ចង់​លេង​ល្បែង​ចូល​ស៊ង​របស់​ពួក​កុម្មុយ​និស្ត​ចិន​នោះ​ឡើយ​។

ទាក់​ទង​នឹង​អា​កប្ប​កិរិ​យា​ប្រ​ឆាំង​នឹង​ហ៊្វុង​និង​គ្រុង រណ​សិរ្ស​និង​រាជ​រដ្ឋា​ភិបាល​ក្រហម​របស់​ស្តេច​សីហនុ​នៅ​ប៉េ​កាំង​ ពី​សំណាក់​សហ​ភាព​សូ​វៀត​, ម៉ូនិស្យា​រ៉ា​គាត់​មិន​បាន​ធ្វើ​ការ​ភ័ន្ត​ច្រលំ​នោះ​ទេ​។ ពួក​រុស្ស៊ី​ហើយ​និង​ក្រុម​រណប​របស់​ខ្លួន​ទាំង​អស់ លើក​លែង​តែ​ប្រ​ទេស​គុយ​បា​មួយ​ចេញ​, នឹង​ស្ថិត​នៅ​ខាង​ពួក​ “សាធា​រណ​រដ្ឋ​ខ្មែរ​” រហូត​ដល់​ចុង​ចប់​។

ក៏​ប៉ុន្តែ​ ភ្លាម​បន្ទាប់​ពី​ការ​ប្រ​កាស​នៅ​ថ្ងៃ​ ៥ឧសភា​ ឆ្នាំ​១៩៧០ នូវ​ការ​បង្កើត​រដ្ឋា​ភិបាល​ថ្មី​របស់​ខ្ញុំ​ព្រះ​ករុ​ណា​ខ្ញុំ (គ្រុង) ដែល​មាន​សំដេច​ប៉ែន​-​នុត​ជា​ប្រធាន​, ប្រ​ទេស​ទាំង​ឡាយ​ដូច​ត​ទៅ​នេះ ដែល​ធ្លាប់​មាន​ស្ថាន​ទូត​នៅ​ទី​ក្រុង​ភ្នំ​ពេញ ក៏​បាន​កាត់​ផ្តាច់​ចំណង​ពី​របប​លន់​ នល់​-​សិរិ​មតៈ គឺ​មាន​ ប្រ​ទេស​ចិន, សាធា​រណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​កូរ៉េ​, គុយ​បា, សាធា​រណ​រដ្ឋ​ប្រជា​មានិតុ​វៀត​ណាម​ខាង​ត្បូង (យៀក​កុង​), សាធា​រណ​រដ្ឋ​អារ៉ាប់​រួម (អេយីព្ទ), សាធា​រណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​វៀត​ណាម​ខាង​ជើង យូគ្ហោ​ស្លាវី​។ ពួក​ភ្នាក់​ងារ​ទូត​តំណាង​ប្រ​ទេស​ទាំង​អស់​នេះ ពោល​គឺ​ពួក​ដែល​មិន​ទាន់​បាន​ចាក​ចេញ​ពី​ប្រ​ទេស​កម្ពុជា បន្ទាប់​ពី​រដ្ឋ​ប្រហារ​ថ្ងៃ​ទី ១៨​មិនា​នោះ​នៅ​ឡើយ​ទេ​, ក៏​ចាប់​ផ្តើម​ចាក​ចេញ​ដោយ​គ្មាន​បង្អង់​ពី​ប្រ​ទេស​កម្ពុជា​នៃ​ពួក​ជ​នក្បត់​។ សាធា​រណ​រដ្ឋ​ប្រជា​មានិតុ​ចិន​ក៏​បាន បញ្ជូន​ពួក​ក្រុម​ទូត​មួយ​ក្តាប់​តូច អោយ​វិល​ត្រលប់​ទៅ​ភ្នំ​ពេញ​វិញ ដែល​កាល​ពី​ដើម​ធ្លាប់​តែ​បំរើ​សីហនុ ហើយ​ដែល​ឥលូវ​ក្លាយ​​ទៅ​ជា​ពួក​ប្រូ​លន់ នល់ បន្ទាប់​ពី​ថ្ងៃ​ទី​១៨​មិនា ហើយ​ចិន​ក៏​ទទួល​យក​ភ្នាក់​ងារ​ទូត​របស់​គេ​ ដែល​នៅ​ភ្នំពេញ​នោះ អោយ​ត្រលប់​មក​វិញ​។ មក​ដល់​ទី​ក្រុង​ប៉េកាំង​, ពួក​ភ្នាក់​ងារ​ទូត​ចិន​ទាំង​នេះ​ក៏​បាន​ថ្លា​ថ្លែង​ប្រាប់​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ អំពី​បណ្ដាំ​នៃ​ពួក​បណ្ដា​ជន​និង​ពួក​យោធា​​ជា​ច្រើន​ថា ពួក​គេ​នៅ​តែ​ស្មោះ​ស្ម័គ្រ​ជា​និច្ច​ជា​មួយ​នឹង​សំដេច​សីហនុ រហូត​ដល់​ក្រអៅ​នៃ​បេះ​ដូង​ បើ​ទោះ​ជា​ពួក​គេ​ត្រូវ​រស់​បណ្ដោះ​អាសន្ន​សិន​ នៅ​ពេល​អវត្ត​មាន​នៃ​សំដេច​នៅ​ក្នុង​មាតុ​ប្រទេស ហើយ​បើ​ទោះ​ពួក​គេ​ត្រូវ​មាន​កា​រតព្វ​កិច្ច​ស្រែក​លូ​ម្តង​ម្កាល​ ជា​មួយ​នឹង​ពួក​ក្រុម​ឆ្កែ​ចចក​ក៏​ដោយ​។

អំពី​រដ្ឋ​ដទៃ​ទៀត ដែល​មាន​ឋានៈ​ជា​ក្រុម​មិត្ត​ភក្តិ​តាំង​ពី​ដំបូង​ទី​ របស់​គ្រុង​, ដែល​បាន​ទទួល​ស្គាល់​រដ្ឋា​ភិបាល​នេះ​នៅ​ក្នុង​ឆ្នាំ១៩៧០ ហើយ​ដែល​បដិ​សេធ​មិន​អោយ​មាន​ការ​ទាក់​ទង​ទាល់​តែ​សោះ​ជា​មួយ​នឹង សាធា​រណ​រដ្ឋ​ខ្មែរ​ មាន​ប្រ​ទេស​អាល​បានី​, អាល់​ហ្ស៊េ​រី, អាហ្វ្រីក​កណ្ដាល​, កុង​ហ្គោ (ប្រាស្សា​វីល) , គ្ហី​ណេ, អៀរ៉ាក់, លីប៊ី, ម៉ូរីតានី, ប៉ាលេស​ទីន, រូម៉ានី, សូម៉ាលី, យេមែន​ខាង​ជើង​, យេ​មែន​ខាង​ត្បូង, ស៊ូដង់, សៀរី, តង់ហ្សានី។ ត​ទៅ​នេះ​ជា​សេច​ក្តី​អត្ថា​ធិប្បាយ​រៀប​រាប់​​អំពី​គ្រុង ដោយ​អ្នក​និពន្ធ​ Jean Lacouture (នៅ​ក្នុង​ទស្សនា​វដ្តី ឡឺនូវែលអុបស៊ែវ៉ាទ័រ ចុះ​ផ្សាយ​ពី​ថ្ងៃ​៤​ទៅ​ ថ្ងៃ​១០ ឧសភា​១៩៧០)។

នៅ​ពេល​ដែល​ព្រះ​អង្គ​យាង​ត្រលប់​ពី​ខេត្ត​កន្តាំង​វិញ, ហើយ​បន្ទាប់​ពី​មេ​ដឹក​នាំ​ខ្មែរ​កុម្មុយ​និស្ត​ដ៏​ឆ្នើម​ម្នាក់, លោក​ជួន-មុម, បាន​ធ្វើ​ដំណើរ​ពី​ក្រុង​ប៉ារីស​មក​ដល់​ប៉េ​កាំង ទើប​សម្ដេច​សី​ហនុ​មាន​លទ្ធ​ភាព​ចំណាយ​កំលាំង​ព្រះ​អង្គ ក្នុង​ការ​បង្កើត​រដ្ឋា​ភិបាល​មួយ និង​គណ​បក្ស​មួយ ដែល​ចាប់​ផ្តើម​ធ្វើ​ការ​តស៊ូ​ត​ទល់​ នឹង​ការ​រាត​ត្បាត​របស់​អាមេ​រិកាំង​និង​បរិ​វារ​នៅ​ទី​ក្រុង​ភ្នំពេញ​។ គណ​បក្ស​នោះ​មាន​ឈ្មោះ​ថា ហ៊្វុង (រណសិរ្ស​រួប​រួម​ជាតិ​កម្ពុជា)​។ វា​មាន​ភិន​ភាគ​បី​យ៉ាង​ដែល​យើង​គួរ​កត់​សំគាល់​។ ភិន​ភាគ​ម៉្យាង​ គឺ​គណ​បក្ស​នេះ​មាន​មូល​ដ្ឋាន​ចំបង​របស់​ខ្លួនឯ​ង​រួច​ទៅ​ហើយ នៅ​ក្នុង​ព្រៃ​ម៉ាគី​ ផ្នែក​ខាង​ត្បូង​ និង​ខាង​លិច​នៃ​ភ្នំ​ក្រ​វ៉ាញ​និង​បាត់​ដំបង​។ នៅ​ក្នុង​ភិន​ភាគ​ម៉្យាង​ទៀត គឺ​គណ​បក្ស​នេះ​បាន​ផ្តាច់​ខ្លួន​ពី​សា​មគ្គី​ភាព​ជាតិ​ទូលំ​ទូលាយ​ជា​ទូ​ទៅ​ បែប​យល់សប្តិ​យល់​សូង​របស់​សង្គម​​រាស្ត្រ​និយម​ នៃ​សម្ដេច​សីហនុ, ក៏​ប៉ុន្តែ​គណ​បក្ស​នេះ​ផ្តោត​គំនិត​ទៅ​លើ​ការ​រួប​រួម ដោយ​ធ្វើ​ការ​អំពាវ​នាវ​ស្រែក​ហៅ​រក​កំលាំង​ផ្សេង​ៗ ពី​គ្រប់​ទិស​ទី​នៃស​ង្គម​, យោង​តាម​ឧទា​ហរណ៍​នៃ​ពួក​រណ​សិរ្ស​រំដោះ (យៀក​កុង) នៃ​វៀត​ណាម​ខាង​ត្បូង​។

នៅ​ទី​បំផុត គណ​បក្ស​នេះ​បាន​បង្ហាញ​នូវ​កម្ម​វិធី​នយោ​បាយ​មួយ​ប្រកប​ដោយ​សេច​ក្តី​សុភាព​រាប​សារ​ដ៏​ច្រើន ដែល​កម្ម​សិទ្ធិ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ និង​លទ្ធិ​ព្រះ​ពុទ្ធ​សាសនា ត្រូវ​មាន​ការ​ធានា​រ៉ាប់​រង ដែល​ជា​កត្តា​នៃ​ការ​រីក​ចំរើន​ដ៏​ឆាប់​រហ័ស​នៃ​ជីវិត​នយោ​បាយ​។ ទោះ​ជា​យ៉ាង​ណា​ក្តី សមាស​ភាព​នៃ​រដ្ឋា​ភិបាល​ដែល​ចេញ​មក​ពី​ហ៊្វុង (គ្រុង រាជ​រដ្ឋា​ភិបាល​រួប​រួម​ជាតិ​កម្ពុជា..​ន.ស​.​) គឺ​បាន​បង្ហាញ​នូវ​អត្ថ​ន័យ​ដ៏​បរិបូណ៌​។ សមា​ជិក​ទាំង​អស់​នៃ​រដ្ឋា​ភិបាល​នេះ ដែល​វា​ខុស​ពី​ជំហាន​ដំបូង​នៃ​ក្រុម​ប្រឹក្សា​ដឹក​នាំ​នយោ​បាយ​របស់​ពួក F.N.L  (យៀក​កុង) គឺ​សុទ្ធ​សឹង​តែ​ជា​មនុស្ស​ដែល​គេ​ធ្លាប់​ស្គាល់​ពេក​ណាស់​ទៅ​ហើយ​។ ទោះ​ជា​អ្នក​នយោ​បាយ​មាន​និន្នា​ការ ម៉ារគស៊ីស្ត​ (កុម្មុយ​និស្ត) ឬ​​មិន​មែន​ក៏​ដោយ ពួក​គេ​សុទ្ធ​សឹង​តែ​ធ្លាប់​បាន​ដើរ​តួ​សំខាន់​ៗ​ ក្នុង​ជីវិត​នយោ​បាយ​នៃ​ប្រ​ទេស​ជាតិ ចំនួន​ជាង​១០ ​ឆ្នាំ​មក​ហើយ​។ ជា​ដំបូង​ គឺ​លោក​នាយក​រដ្ឋា​ភិបាល លោក​ប៉ែន​-នុត​ ដែល​មាន​លក្ខណៈ​ចំពោះ​រាជា​និយម​ខ្មែរ ដូច​ជា​លោក Ari- stide Briand ចំពោះ​សាធា​រណ​រដ្ឋ​ទី​៣ នៃ​ប្រ​ទេស​បារាំង, គឺ​មាន​លក្ខណៈ​ជា​និរន្តរ​ភាព​និង​ជា​និមិត្ត​រូប ប្រកប​ដោយ​បញ្ញា​ និង​ការ​ស្វិត​ស្វាញ ប្រហែល​គ្នា​នឹង​លក្ខណៈ​រុក្ខ​ជាតិ​អញ្ចឹង​ខ្លះ​ដែរ​។ នៅ​ក្បែរ​រូប​លោក​មាន​មនុស្ស​បី​ក្រុម​។ ទី១​ គឺ​ពួក​អ្នក​រាជ​ការ សីហនុ​និយម​ជាន់​ខ្ពស់ ដែល​គ្មាន​និន្នា​ការ​នយោ​បាយ​ច្បាស់​លាស់ ដូច​ជា​អតីត​រាជ​ទូត​នៅ​ទី​ក្រុង​មូស្គូ​, គែរ និង ដាការ...ដូច​ជា​លោក​ចៅ-សេង​ ដែល​ធ្លាប់​ធ្វើ​ជា​រដ្ឋម​ន្ត្រី​នៅ​ភ្នំ​ពេញ ហើយ​សព្វ​ថ្ងៃ​នេះ​នៅ​ប៉េកាំង នៅ​ពេល​ណា​ដែល​គាត់​នឹង​បង្ហាត់​បង្រៀន​អំពី​សង្គម​និយម​នយោ​បាយ​ទៅ​ Perpignan, ដូច​ជា​លោក​ជួន-មុម វិស្វ​ករ​ខ្មែរ​ផ្នែក​ខាង​ពហុ​បច្ចេក​ទេស​តែ​ម្នាក់​គត់ ដែល​បាន​ចាក​ចោល C.N.R.S. (មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​នៃ​ប្រទេស​បារាំង​) ដើម្បី​បំពេញ​មុខ​ងារ​ជា​រដ្ឋ​មន្ត្រី​ផ្នែក​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​រដ្ឋា​ភិបាល​នេះ​។ នៅ​ទី​បំផុត​ គឺ​មាន​ពួក​ព្រៃ​ម៉ាគី ដែល​មាន​មេ​ដឹក​នាំ​ធំ​ៗ ៣​នាក់, លោក​ហ៊ូ-​យន់,ហ៊ូ-នឹម និង​ខៀវ​ សំផន ដែល​បាន​ទទួល​បន្ទុក​រៀង​ៗ​ខ្លួន នូវ​ទី​ស្តី​ការ​ផ្នែក​ខាង​មហា​ផ្ទៃ, ឃោសនា​ការ និង​ការ​ពារ​ប្រទេស​ គឺ​វរ​ជន​ខាង​លើ​ទាំង​នេះ ដែល​ត្រូវ​ប្រឈម​មុខ​ត​តាំង​ជា​មួយ​នឹង​លន់​-​នល់​។

មុន​នឹង​រៀប​ចំ​មាន រដ្ឋា​ភិបាល​គ្រុង, រណ​សិរ្ស​ហ៊្វុង បាន​តាក់​តែង​ចេញ​រូប​រាង​ក្នុង​កម្ម​វិធី​នយោ​បាយ​មួយ​យ៉ាង​ប្រនិត ដ៏​គួរ​អោយ​រំភើប ប្រកប​ដោយ​លក្ខណៈ​​ត្រឹម​ត្រូវ​,ប្រាកដ​និយម និង​ស្រប​តាម​លទ្ធិ​ប្រជា​ធិប​តេយ្យ​។ ពួក​បញ្ញា​ជន​បារាំង​ ផ្នែក​ខាង​ឆ្វេង​បាន​ធ្វើ​សេច​ក្តី​សរ​សើរ កម្ម​វិធី​នយោ​បាយ​​នេះ​ដោយ​ស្មោះ​អស់​ពី​ដួង​ចិត្ត ដោយ​ហេតុ​ថា ជា​ទង្វើ​របស់​បញ្ញា​ជន​ខ្មែរ​ក្រហម​ដោយ​មាន​ជួន-​មុម​ជា​មេ​ខ្លោង​ ហើយ​ដែល​មិត្ត​ភក្តិ​បារាំង​ខាង​ឆ្វេង​របស់​ពួក​គេ​ចាត់​ទុក​ថា ជា​ក្រុម​បក្ស​ជន​ប្រជា​ធិប​តេយ្យ​ដ៏​ពិត​ប្រាកដ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បាន​ធ្លាប់​ជួយ​គាំ​ទ្រ​ពួក​អ្នក​ទាំង​នេះ ក្នុង​ការ​តស៊ូ​ប្រយុទ្ធ​ផ្នែក​នយោ​បាយ ប្រឆាំង​នឹង​​របប​សក្តិ​ភូមិ​, លទ្ធិ​ជិះ​ជាន់​ផ្តាច់​ការ, អំពើ​ពុក​រលួយ​ របស់​ខ្ញុំ​ព្រះ​ករុ​ណា​ខ្ញុំ​។

កម្ម​វិធី​នយោ​បាយ​របស់​ហ៊្វុង បាន​ត្រូវ​រៀប​ចំ​តាក់​តែង​ឡើង តាំង​ពី​អក្សរ “ក” រហូត​ដល់ “អ” ដោយ​លោក​វិស្វករ​ពហុ​បច្ចេក​ទេស (Polytechnicien) ខ្មែរ​តែ​ម្នាក់​គត់, គឺ​លោក​ជួន-មុម​ដ៏​ឆ្នើម ដែល​ធ្លាប់​មាន​ពូជ​អំបូរ​ជា​ក្រុម​វាំង ក្លាយ​ខ្លួន​មក​ជា “វណ្ណៈ​អធន” ដើម្បី​បំរើ​ក្រុម​បក្ស​អោយ​សម​ស្រប​តាម​កាលៈ​ទេសៈ​នៃ​សេច​ក្តី​ត្រូវ​ការ​របស់​ពួក​ខ្មែរ​ក្រហម​។ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​សូម​បើក​រង្វង់​ក្រចក​ទៅ​ចុះ រឿង​ទាំង​អស់​នេះ​មិន​បាន​ហាម​ឃាត់​លោក​ជួន-​មុម អោយ​យក​ប្រពន្ធ​បារាំង​ម្នាក់​យ៉ាង​ស្អាត​ប្រិម​ប្រិយ ដែល​មាន​លក្ខណៈ​អភិ​ជន​តាំង​ពី​ក្បាល​ដល់​ចុង​ជើង​។

លោក​ជួន-មុម​បាន​រៀប​រៀង​កម្ម​វិធី​នេះ​ឡើង យោង​តាម​សំនូម​ពរ​របស់​ពួក​ក្រុម​សម​មិត្ត​របស់​គាត់ ដែល​បំរើ​ការ​តស៊ូ​ផ្ទៃ​ ក្នុង មាន​ខៀវ​-សំផន​ និង​អៀង​សារី​៘ និង​៘ ដែល​ចាប់​ផ្តើម​ពី​ឆ្នាំ​១៩៧៥​ឡើង​ទៅ បាន​លេច​ឡើង​ជា​មេ​ព្រាយ​បិសាច ដែល​មិន​ត្រឹម​តែ​ស្រេក​ឃ្លាន​អំណាច​អធម៌​ ដែល​ប្រ​ឆាំង​ នឹង​ប្រជា​ជន​ខ្លួន​អែង​និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ស្រេក​ឃ្លាន​លោ​ហិត​នៃ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ថែម​ទៀត​។

គឺ​ជា​ការ​ពិត​ណាស់ កាល​ក្នុង​ឆ្នាំ​១៩៧០ ទាំង​ពួក​បញ្ញា​ជន​បារាំង​ខាង​ឆ្វេង និង​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ ពុំ​បាន​នឹក​ស្មាន​សោះ​តែ​ម្តង, សូម្បី​តែ​មួយ​នាទី​ក៏​គ្មាន​ដែរ​, ថា​ពួក​ខ្មែរ​ក្រហម​ទាំង​នេះ បាន​ក្លាយ​ទៅ​ជា​ព្រាយ​បិសាច​អាក្រក់​អាក្រី​ជាង​អារក្ស​សាតាំង​ទៅ​ទៀត (Sa- tan)​។ មេ​អារក្ស​សាតាំង​ក្រោយ​នេះ​ មាន​កំពស់​​មិន​បាន​បាត​ជើង​របស់​ពួក​ខ្មែរ​ក្រហម​ផង​ឡើយ ក្នុង​ប្រការ​នៃ​លក្ខណៈ​ឃោរ​ឃៅ, អំពើ​ក្រលិច​ក្រលុច និង​នយោ​បាយ​បោក​ប្រាស់​។

កម្ម​វិធី​នយោ​បាយ​របស់​ពួក​ហ៊្វុង ដែល​ពួក​អ្នក​គាំ​ទ្រ​ទាំង​ឡាយ​, ដោយ​មាន​រាប់​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ និង​សំដេច​ប៉ែន-នុត​ផង​ដែរ​, បាន​ថ្លែង​សរ​សើរ​ដល់​កំពូល​, បាន​ក្លាយ​ទៅ​ជា​​មិន​ដឹង តាំង​ពី​មុន​ពេល​ជោគ​ជ័យ​ទាំង​ស្រុង​នៃ​ពួក​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៥ ទៅ​ទៀត, កម្ម​វិធី​បោក​បញ្ឆោត​មួយ​ដ៏​ធំ​សំបើម​, ទាក់​ទង​នឹង​ប្រ​ជា​រាស្ត្រ​របស់​យើង​ផង និង​ទាក់​ទង​នឹង​ពិភព​ខាង​ក្រៅ​នោះ​ផង ជា​ពិសេស ចំពោះ​ពួក​មិត្ត​ភក្តិ​បារាំង ហើយ​និង​ពួក​អ្នក​ដទៃ​ទៀត ដែល​ធ្លាប់​ពឹង​ផ្អែក​សេច​ក្តី​សង្ឃឹម​ដ៏​ធំ​ធេង​ទៅ​លើ​តស៊ូ​រំដោះ​របស់​ពួក​យើង ដើម្បី​ស្ថាបនា​កិច្ច​ការ​ក​សាង​ជាតិ, បន្ទាប់​ពី​មាន​ជោគ​ជ័យ​ទៅ​ដើម្បី​សាង​សង់​ប្រទេស​កម្ពុជា​មួយ​អោយ​បាន​សំបូរ​សប្បាយ​រុង​រឿង ប្រកប​ដោយ​លទ្ធិ​ប្រជា​ធិប​តេយ្យ និង​ពោរ​ពេញ​ដោយ​យុត្តិ​ធម៌​នៃ​សង្គម​។

ក៏ប៉ុន្តែ​ដោយ​គ្មាន​នរ​ណា​ម្នាក់​អាច​សំលឹង​មើល​ឃើញ រឺ​ទស្សន៍​ទាយ​អំពី​អនា​គត​បាន កាល​ក្នុង​ខែ​ឧសភា-មិថុនា​១៩៧០ យើង​ក៏​នាំ​គ្នា​រស់​នៅ​ក្នុង​ការ​សប្បាយ​យល់​សប្តិ​យល់​សូង​ដូច្នេះ​សិន​ទៅ​។ ក្នុង​ប្រការ​នេះ, លោក Jacques Decornoy បាន​សរ​សេរ​អត្ថ​បទ​ដ៏​ប្រ​ណិត ដ៏​គួរ​អោយ​កត់​សំ​គាល់ ចុះ​ផ្សាយ​នៅ​ក្នុង​ Le Monde Diplomatique ខែ​ឧសភា​ឆ្នាំ​១៩៧០​

ដើម្បី​ទប់​ទល់​នយោ​បាយ​បរ​បក្ស​ ពួក​អ្នក​ជាតិ​និយម​ខ្មែរ​នៅ​ជុំ​វិញ​សម្ដេច​សីហនុ ព្រម​ទាំង​ពួក​កុម្មុយ​និស្ត បាន​សំដែង​បង្ហាញ​អំពី​កម្ម​វិធី​នយោ​បាយ​មួយ ដែល​មាន​ដាក់​លាយ​ឡំ​គ្នា នូវ​ឧត្តម​គតិ​ជា​តំលៃ​ពី​បុរាណ​កាល​មក​របស់​ព្រះ​ប្រមុខ​រដ្ឋ​ទាក់​ទង​ នឹង​ធាតុ​ពិត​នៃ​របប ហើយ​និង​ក្រាំង​បញ្ជី​នៃ​វិធាន​ការណ៍​មួយ​ចំនួន​សំរាប់​ចាត់​ចែង ដែល​ទៅ​មិន​ហួស​ឆ្ងាយ​ប៉ុន្មាន​ពី​ការ​កែ​ទំរង់​មួយ​ដ៏​ប្រយ័ត្ន​ប្រយែង​​តែ​ប៉ុណ្ណោះ​។ យើង​ឋិត​នៅ​សែន​ឆ្ងាយ​ពី​ផែន​ការ​ដែល​សំដែង​បង្ហាញ​ដោយ​រដ្ឋា​ភិបាល បដិ​វត្តន៍​បន្តោះ​អាសន្ន​ នៃ​វៀត​ណាម​ខាង​ត្បូង​ (វៀត​កុង) ដែល​ទាម​ទារ​អោយ​ដោះ​ដូរ​រដ្ឋ​ធម្ម​នុញ្ញ​ និង​ស្ថា​ប័ន​ជាតិ​ទាំង​អស់​នៃ​រដ្ឋា​ភិបាល​ព្រៃ​នគរ​។ នៅ​​ក្នុង​ប្រការ​នេះ ប្រ​ទេស​កម្ពុ​ជា​នៅ​តែ​មាន​លក្ខណៈ ជា​ព្រះ​រាជា​ណាច​ក្រ?​? តែ​ពុំ​មាន​ព្រះ​រាជា​តែ​ប៉ុណ្ណោះ​ឯង ហើយ​ដែល​មាន​ព្រះ​ពុទ្ធ​សាសនា ជា​លទ្ធិ​សាសនា​របស់​រដ្ឋ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី គេ​ត្រូវ​សន្មត់​ថា ប្រ​ទេស​ជាតិ​ត្រូវ​ធ្វើ​ដំណើរ​​វិវឌ្ឍន៍​ឆ្ពោះ​ទៅ​រក​សេរី​ភាព​ពិត​ប្រាកដ មិន​មែន​តែ​យ៉ៗ​ផ្នែក​សំបក​ក្រៅ​តែ​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ហេតុ​ថា​កម្ម​វិធី​នោះ បាន​និយាយ​ពី​ប្រ​ជា​ធិប​តេយ្យ​និយម ដែល​កំពុង​តែ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​តំបន់​រំដោះ​។

មិត្ត​របស់​យើង ដែល​នៅ​ក្នុង​ចំនោម​បញ្ញា​ជន​បារាំង​ខាង​ឆ្វេង មាន​ជំនឿ​ទាំង​ស្រុង ដោយ​គ្មាន​សេច​ក្តី​សង្ស័យ សូម្បី​តែ​បន្តិច​បន្តួច ថា​ពួក​ខ្មែរ​ក្រហម​ស្រលាញ់​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ជាង​ស្តេច​សីហនុ​។ ម៉្លោះ​ហើយ សិទ្ធិ​និង​សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ​យើង នឹង​ច្បាស់​ជា​មាន​សភាព​ពិត​ប្រាកដ​ ពុំ​មែន​មាន​ទ្រង់​ទ្រាយ​បោក​បញ្ឆោត ដូច​កាល​សម័យ​សីហនុ​នោះ​ឡើយ​។ ម៉្លោះ​ហើយ​ជំនឿ​នេះ វា​នឹង​ក្លាយ​ទៅ​ជា​ការ​យល់​ខុស​តាំង​ស្រុង​ បើ​គេ​សំលឹង​មើល​ទៅ​អ្វី​ៗ ដែល​កើត​ឡើង​នៅ​ក្រោម​អង្គ​ការ​ដ៏​មហា​ភ្លឺ​ស្វាង​, មហា​ត្រឹម​ត្រូវ, មហា​លោត​ផ្លោះ, មហា​អស្ចារ្យ នៃ​ក្រុម​បក្ស​ប៉ុល​-​ពត, អៀង សារី, ខៀវ សំផន, សុន សេន, នួន-ជា... ន.ស។ ចំណែក​អែ​​គំរោង​វិធាន​ការណ៍​ទាក់​ទង​នឹង​ផ្នែក​សេដ្ឋ​កិច្ច ដែល​មាន​សរ​សេរ​នៅ​ក្នុង​កម្ម​វិធី​នៃ​រណ​សិរ្ស​រួប​រួម​ជាតិ​កម្ពុជា បាន​លេច​ឡើង​ជា​សំណើរ​មាន​ប្រយោជន៍ ដោយ​ហេតុ​ថា​ពួក​គេ បាន​ធ្វើ​សំនូម​ពរ​អោយ​មាន​ការ​កែ​ទំ​រង់​ក្នុង​ការ​ជួយ​ស្ទួយ​ពួក​ប្រជា​កសិ​ករ កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ត្រូវ​បាន​ទទួល​កា​រ​ធា​នា ​តាម​ការ​ពិត​​ការ​ធានា​នេះ នឹង​លេច​ឡើង​ជា​ការ​លួច​ប្លន់​ទាំង​ស្រុង គឺ​ជា​ការ​ដក​ហូត​ រឹប​អូស​ដល់​រិស​​គល់​តែ​ម្តង​ ន.ស.​), ការ​ស្វែង​រក​ដំណោះ​​ស្រាយ​​មួយ​ដ៏​សម​រម្យ ទាក់​ទង​នឹង​បំណុល​ប្រាក់​ប្រកប​ដោយ​អយុត្តិ​ធម៌​៘

​ តាំង​ពី​បុរាណ​កាល​មក ពួក​ប្រជា​កសិ​ករ​នៅ​អាស៊ី តែង​តែ​ទទួល​រង​គ្រោះ​ដោយ​ពួក​អោយ​ខ្ចី​បុល​, ពួក​អ្នក​អោយ​ខ្ចី​ប្រាក់​តែ​យក​សំណង​ជា​ផលិត​ផល, ម៉្លោះ​ហើយ​គំរោង​ការណ៍​បែប​នេះ អាច​ជួយ​ស្ទួយ​ស​កម្ម​ភាព​នៃ​រណ​សិរ្ស​រំដោះ ហើយ​ធ្វើ​អោយ​មនុស្ស​ចូល​ចិត្ត​ច្រើន​ជាង​គំរោង​ការណ៍​របស់​ឧត្តម​សេនីយ៍​លន់-​នល់ ដែល​​ចាំ​តែ​ស្រែក​ប្រកាស​តែ​អំពី​សាធា​រណ​រដ្ឋ​។ តាម​ពិត​ការ​​តាំង​អោយ​មាន​របប​សាធា​រណ​រដ្ឋ របស់​ពួក​លន់-​នល់, និង​ការ​តាំង​​អោយ​មាន​របប​ប្រជា​ធិ​បតេយ្យ ​និង​ការ​រំ​ដោះ​ពួក​ប្រជា​ពល​ករ​របស់​យើង​អោយ​រួច​ខ្លួន​ពី​អ្នក​អោយ​ខ្ចី​ប្រាក់ (ចិន​ព្រិន) ដោយ​ពួក​​ខ្មែរ​ក្រហម​, គឺ​មាន​លំនាំ​ស្រ​ដៀង​គ្នា ដូច​ទឹក​ពីរ​ដំនក់​ក្នុង​ប្រការ​ដែល​ថា ពួក​ឆ្វេង​និយម​បំផុត​និង​ពួក​ស្តាំ​និយម​បំផុត​របស់​យើង តែង​មើល​ងាយ​មើល​ស្រាល​ប្រជា​ពល​រដ្ឋ​តូច​តាច​របស់​យើង​យ៉ាង​ខ្លាំង ហើយ​មិន​ញញើត​ញញើម​ក្នុង​ការ​បោក​ប្រាស់​យ៉ាង​របៀប​យង់​ឃ្នង​នោះ​ឡើយ​។

ជា​ការ​ពិត ពួក​ខ្មែរ​ក្រហម​បាន​ចាប់​ផ្តើម​ពិឃាត​ពួក​អ្នក​អោយ​ខ្ចី​ប្រាក់ ហើយ​បន្ទាន់​មក​ទៀត ពួក​គេ​ក៏​ពិឃាត​ផង​ដែរ​នូវ​ពួក​ប្រជា​កសិករ ដែល​មិន​ចង់​ធ្វើ​ការ​របៀប​ជា​កញ្ជះ​ដាច់​ថ្លៃ​របស់​អង្គ​ការ ប៉ុល-ពត ព្រម​ទាំង​តាម​សំលាប់​រហូត​ដល់​ពួក​រាជា​និយម និង​ពួក​អ្នក​កាន់​លទ្ធិ​ព្រះ​ពុទ្ធ​សាសនា​ថែម​ទៀត​ ដែល​កម្ម​វិធី​នយោ​បាយ​របស់​ពួក​ហ៊្វុង​បាន​បញ្ជាក់​ថា ពួក​គេ​នៅ​តែ​មាន​ការ​គោរព​ជា​និច្ច! ន.ស​។

គួរ​កត់​សំគាល់​ដែរ​ថា អ្នក​និពន្ធ​នៃ​កម្ម​វិធី​បាន​សំដែង​ឆន្ទៈ ចង់​អោយ​ស្រុក​ខ្មែរ​ចេញ​ផុត​ពី​សក​រាជ​នៃ​អាណា​និគម​និយម ដោយ​ជំរុញ​អោយ​មាន​ខេម​រយាន​កម្ម​ជឿន​លឿន​ទៅ​មុខ​យ៉ាង​សកម្ម​ក្នុង​ក្រសួង​សិក្សា​ធិការ​ ខេមរ​យាន​កម្ម​មាន​ដំណើរ​លឿន​ទៅ​មុខ​ណាស់​ទៅ​ហើយ មុន​ពេល​រដ្ឋ​ប្រហារ ក្រោម​ការ​ណែ​នាំ​របស់​សម្ដេច​សីហនុ ហើយ​និង​រដ្ឋ​មន្ត្រី​ក្រសួង​សិក្សា​ធិការ​ដ៏​ក្មេង​ម្នាក់ ប្រកប​ដោយ​ថាម​ពល ព្រម​ទាំង​ធ្វើ​សេច​ក្តី​ស្រាវ​ជ្រាវ​ទាក់​ទង​នឹង​សាវ​តារ​របស់​ជាតិ ដែល​ជា​ច្រើន​ដង​ណាស់ មាន​ទ្រង់​ទ្រាយ​ខុស​ពី​សេច​ក្តី​ពិត ដោយ​សារ​តែ​ពួក​អ្នក​និពន្ធ​បរ​ទេស ដោយ​សន្សឹម​ៗ និង​យ៉ាង​ស្ងាត់​ស្ងៀម មុខ​ការ​នេះ​បា​ន​ត្រូវ​បំពេញ​ដោយ​ពួក​បញ្ញ​វ័ន្ត​ជឿន​លឿន​ខ្លះ​នៅ​ប្រទេស​បារាំង​។ សេច​ក្តី​ពិត​បង្ខំ​អោយ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​បញ្ជាក់​ថា ពួក​បញ្ញា​ជន​ខាង​ឆ្វេង​របស់​យើង​ ដូច​ជា​ពួក​បញ្ញា​ជន​ខាង​ស្តាំ​ដូច្នោះ​ដែរ ពុំ​ដែល​នឹក​ឃើញ​ចង់​សរ​សេរ​អំពី​ប្រវត្តិ​សាស្ត្រ​នៃ​ប្រ​ទេស​យើង​អោយ​ស្រប​តាម​សេច​ក្តី​ពិត​នោះ​ទេ​។ ពួក​គេ​បាន​ធ្វើ​ការ​តិទៀន​ទៅ​លើ​ពួក​អ្នក​និពន្ធ​ប្រវត្តិ​វិទ្យា​បរ​ទេស ដោយ​សារ​តែ​ពួក​នេះ​មិន​បាន​សរ​សេរ​បង្អាប់​រាជា​និយម​និង​ស្តេច​ខ្មែរ​អោយ​បាន​ខ្មៅ​ងងិត​គ្រប់​គ្រាន់​តែ​ប៉ុណ្ណោះ​។

ពី​ចន្លោះ​ឆ្នាំ​១៩៧៥ទៅ​១៩៧៩, គេ​អាច​ស្តាប់​វិទ្យុរ​បស់​ខ្មែរ​ក្រហម ក៏​ដឹង​បាន​ដែរ​ថា តើ​ពួក​គេ​សរ​សេរ​ប្រវត្តិ​សាស្ត្រ​ប្រ​ទេស​កម្ពុ​ជា​បែប​ណា ដើម្បី​កែ​ប្រែ​ពី​ទ្រង់​ទ្រាយ​ខុស​នៃ​ពួក​អ្នក​និពន្ធ​បរ​ទេស​។ ចំណែក​អែ​ពួក​បញ្ញា​ជន​ផ្នែក​ខាង​ស្តាំ​បំផុត​របស់​យើង​វិញ អាច​បំភ្លៃ​សាវ​តារ​ជាតិ​យើង​ អោយ​ប្រាស​ចាក​សេចក្តី​ពិត ក៏​មិន​សូវ​ជា​ចាញ់​ពួក​ប៉ុល-ពត​ប៉ុន្មាន​ដែរ​! នៅ​ចុង​ចប់​ទៅ​ គួរ​កត់​សំគាល់​ថា ទាក់​ទង​នឹង “ខេមរ​យាន​កម្ម” នៃ​សិក្សា​ធិការ​របស់​ពួក​ខ្មែរ​ក្រហម​ ពួក​គេ​ខំ​ប្រឹង “ខេមរ​យាន​កម្ម” ខ្លាំង​ពេក​ទៅ ​រហូត​ទាល់​តែ​គេ​ពុំ​បាន​បង្ហាត់​បង្រៀន​អ្វី​ទាល់​តែ​សោះ​ដល់​កូន​ចៅ​របស់​យើង មិន​ត្រឹម​តែ​ប៉ុណ្ណោះ ធ្វើ​អោយ​ពួក​ក្រោយ​នេះ​ ក្លាយ​ទៅ​ជា​ពួក​អវិជ្ជា​ និង​ខ្ញុំ​កញ្ជោះ​គេ​សុទ្ធ​សាធ​។ នៅ​ថ្នាក់​កំពស់​កំពរ​របស់​រដ្ឋ​វិញ “ខេមរ​យានកម្ម” របស់​ពួក​គេ បាន​ក្លាយ​ទៅ​ជា​ការ​ប្រកាន់​ និង​ការ​មាក់​ងាយ​ពូជ​សាសន៍​។ គឺ​ពួក​ខ្មែរ​ក្រហម​បាន​ហាម​ឃាត់​ពិភព​លោក​ទាំង​មូល មិន​អោយ​ហៅ​ប្រទេស​កម្ពុជា​ថា “Cambodge” រឺ “Cambodia” អ្វីទេ ថ្វី​បើ​ខាង​សាធារ​ណរដ្ឋ​ប្រជា​មានិតុ​ចិន​វិញ, ដែល​មាន​ឈ្មោះ​ជា​ចិន​ថា “ឈុង​-គួ”, ចិន​សុខ​ចិត្ត​អោយ​គេ​ហៅ​នៅ អ.ស.ប ថា “Chine” រឺ “China”, រឺ​ជា​ភាសា​រុស្ស៊ី​ថា « Kitai »៘

ទោះ​ជា​នៅ​ក្នុង​ឆ្នាំ​១៩៨១ ទៅ​ហើយ​ក្តី VOA (វិទ្យុ​សំលេង​សហ​រដ្ឋ​អាមេរិក) និង BBC (វិទ្យុ​​សំលេង​ចក្រភ​ពអង់​គ្លេស). ក៏​មាន​ការ​តព្វ​កិច្ច​ចៀស​វាង​ហៅ​ប្រទេស​ខ្មែរ​ថា “Cambodia” នោះ​ដែរ ដោយ​ប្រើ​ពាក្យថា “Kampuchea” ជំនួស​វិញ​។ ការ​ដំកើង​ខ្លួន​ហួស​ហេតុ​ដូច្នេះ គឺ​ជា​ទ្រង់​ទ្រាយ​មួយ​នៃ​ការ​ប្រកាន់​ពូជ​សាសន៍ ដ៏​ប្រកប​ដោយ​គ្រោះ​ថ្នាក់​បំផុត​។ ឧទា​ហរណ៍ នៃ​សាវ​តារ​របស់​អ៊ី​ត្លែរ ជា​ការ​ច្បាស់​ក្រលែត ពួក​អ្នក​ប្រវត្តិ​វិទ្យា​ពិត​ប្រា​កដ បាន​ដឹង​ហើយ​ថា តើ​ការ​មាក់​ងាយ​ពូជ​សាសន៍​រំជើប​រំ​ជួល​នោះ វា​អាច​ដឹក​នាំ​ទៅ​ដល់​ទី​ណា​ដែរ​។ ការ​ប្រឹង​ប្រែង​បែប​នេះ​បាន​ត្រូវ​ចាប់​ផ្តើម​ឡើង ចាប់​តាំង​ពី​ឥលូវ​នេះ​ទៅ ស្រប​គ្នា​ជា​មួយ​នឹង “ការ​រំដោះ” នៃ​ប្រ​ទេស​ជាតិ គេ​ទទួល​ស្គាល់​ថា ចំនាត់​វិធាន​ការណ៍​បែប​នេះ ក៏​ជា​ទី​ចូល​ចិត្ត​របស់​ពួក​អ្នក​តស៊ូ​វៀត​ណាម (យៀក​កុង) ដែល​យល់​ថា​ការ​សាង​សង់​សង្គម​ថ្មី វា​ត្រូវ​ទៅ​ស្រប​ជា​មួយ​គ្នា នឹង​ការ​ប្រយុទ្ធ​ខាង​ផ្នែក​កង​ទ័ព និង​ ខាង​ផ្នែក​នយោ​បាយ​។ គួរ​កត់​សំគាល់​ដែរ​ថា នៅ​ក្នុង​រដ្ឋា​ភិបាល​ដែល​រៀប​ចំ​ឡើង​ដោយ​លោក​ប៉ែន-​នុត, ពួក​កុម្មុយ​និស្ត រឺ​ពួក​ដែល​គេ​ស្គាល់​ថា មាន​ឈ្មោះ​អី​ចឹង បាន​ក្តោប​ក្តាប់​ក្រសួង​សំខាន់​ៗ អស់​រលីង​ទៅ​ហើយ សេដ្ឋ​កិច្ច​និង​ហិរ​ញ្ញ​វត្ថុ, ក្រសួង​ការ​ពារ​ជាតិ, ពត៌​មាន និង​ឃោសនា, ក្រសួង​មហា​ផ្ទៃ ​និង​កែ​ទំរង់​ជ​នបទ...។ [នៅមានត...]