និច-សុនជួយសង្គ្រោះលន់-នល់, ការបោកបញ្ឆោតនៃ
កម្មវិធីរបស់ពួកខ្មែរក្រហម, ម៉ៅគាំទ្រពួកហ៊្វុង
ថ្ងៃសុក្រ ទី24.តុលា 2014.ម៉ោង 21:15

ខែ​ឧសភា​ឆ្នាំ​១៩៧០ ជា​ខែ​មួយ​ដែល​ពោរ​ពេញ​ដោយ​ព្រឹត្តិ​ការណ៍​។ ខែ​នេះ​បាន​ចាប់​ផ្តើម​ឡើង ដោយ​មាន​រន្ទះ​បាញ់​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ដែល​បណ្ដាល​អោយ​ផ្អើល​ចលា​ចល​ វឹក​វរ​រញ្ជួយ​ដល់​ពិភព​លោក​ទាំង​មូល... មិន​ត្រឹម​តែ​ប៉ុណ្ណោះ ដែល​បណ្ដាល​អោយ​មាន​ការ​បែក​បាក់​គ្នា​នៅ​ក្នុង​មតិ​សាធារណ​ជន​របស់​ជាតិ​(ខ្មែរ)​ផង ព្រម​ទាំង​នៅ​សហ​រដ្ឋ​អាមេ​រិក​ផង, គឺ​ជា​ការ​បែក​រហែក​ឃ្លាត​ចាក​គ្នា ខាង​ផ្លូវ​សីល​ធម៌ ខាង​ផ្លូវ​ចិត្ត ដែល​ចេះ​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ឡើង​ៗ ជា​រៀង​ដរាប​រហូត​ទៅ​នៅ​ក្នុង​ខែ និង​ឆ្នាំ​ត​ទៅ​មុខ​។

 លោកគិស្សីងគើ្ហរ​រពេល​នោះ ក៏​បាន​ថ្លែង​ប្រាប់​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ថា ខ្លួន​លោក​ក៏​ចង់​អោយ​លន់-នល់ ធ្លាក់ និង​អោយ​មាន​ការ​វិល​ត្រលប់​របស់​សម្ដេច​សីហនុ​វិញ​ដែរ, ក៏​ប៉ុន្តែ​លោក​បាន​យល់​ថា ពួក​ក្រុម​ក្បត់​ហើយ​និង​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ កំពុង​តែ​លេង​ល្បែង​ចូល​គ្នា ដោយ​បង្កើត​រដ្ឋ​ប្រហារ​ក្លែង​ក្លាយ​មួយ “ទំលាក់​ស្តេច” ដើម្បី​បោក​បញ្ឆោត​យៀក​កុង​និង​យៀក​ណាម​ខាង​ជើង​។ ខ្ញុំ​បាន​ឆ្លើយ​សារ​ភាព​ពេល​នោះ​ទៅ​ភ្ញៀវ​អាមេរិកាំង​ថា ប្រាជ្ញា​ដ៏​ខ្លី​របស់​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ មិន​អាច​យល់​បាន​អំពី​ទស្សនៈ​របស់​គាត់​បែប​នេះ​ទេ​។

ទោះ​ជា​យ៉ាង​ណា​ក្តី, គេ​អាច​យល់​បាន​ថា ប្រសិន​បើ​លោក​ប្រធា​នា​ធិប​តី​និច-សុន អាច​ធ្វើ​ការ​ទស្សន៍​ទាយ ឬ​សំលឹង​មើល​ឃើញ​អនាគត​បាន, ដូច​ម៉ា​ដាម Solei ឬ​ក៏​លោក Jean Viaud, លោក​ច្បាស់​ជា​ចៀស​វាង​មិន​ប្រ​ថុយ​ប្រថាន លោត​ចូល​ទៅ​ក្នុង​សភាព​ការណ៍​ជួយ​សង្គ្រោះ​មួយ ដែល​បាន​ក្លាយ​២-៣​ឆ្នាំ​ក្រោយ​មក​ទៅ​ជា “អត្តឃាត​កម្ម​នយោ​បាយ” មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ត្រូវ​ប្រលាក់​ប្រលូក ដោយ​សភាព​អាម៉ាស់​ថោក​ទាប នៅ​ចំពោះ​មុខ​ជាតិ​របស់​ខ្លួន​ឯង ​។

គេមិនអាច​សរ​សេរ​ប្រវត្តិ​សាស្ត្រ​ឡើង​វិញ​បាន​ទេ​។ ក្នុង​ប្រការ​នេះ គេ​អាច​ត្រឹម​តែ​យក​មក​ធ្វើ​ការ​សិក្សា​តែ​ប៉ុណ្ណោះ, យ៉ាង​ហោច​ណាស់​ក៏​អាច​មើល​ឃើញ​ជ្រុង​ជ្រោយ​ខ្លះ​ៗ​ ដ៏​សំខាន់​ៗ​។ ម៉្លោះ​ហើយ វិភាគ​ព្រឹត្តិ​ការណ៍​ដ៏​ល្អ​ប្រសើរ​បំផុត​ចំពោះ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ, នៃ​ខែ​ឧសភា​ឆ្នាំ​១៩៧០​នោះ​ លេច​ឡើង​ក្នុង​អត្ថ​បទ​មួយ​ដ៏​ត្រចះ​ត្រចង់​ប្រកប​ដោយ​ការ​ពិត និង​ដោយ​វិចា​រណញ្ញាណ, របស់​លោក Jacques Doyon ដែល​ខ្ញុំ​ព្រះក​រុណា​ខ្ញុំ មិន​បាន​ស្គាល់​ដោយ​ផ្ទាល់​ខ្លួន​នោះ​ទេ គឺ​អត្ថ​បទ​មួយ​ចុះ​ផ្សាយ​ក្នុង​កា​សែត Le Figaro, នៃ​ថ្ងៃ​ទី​២៦ ឧសភា​ឆ្នាំ​១៩៧០, ហើយ​ដែល​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​សូម​ដក​ស្រង់​ឃ្លា​ខ្លះ​ៗ​ ដូច​ត​ទៅនេះ​។ ពួក​អ្នក​តំណាង​រាស្ត្រ​ខ្មែរ ដែល​បាន​កាត់​ក្បាល​សីហនុ, នៅ​ថ្ងៃ​១៨​មិនា​ឆ្នាំ​១៩៧០, ស៊ីម-វ៉ារ, ឌុក-រ៉ាស៊ី, ទ្រិញ-វ៉ាញ ពួក​អ្នក​ដែល​បាន​ណែ​នាំ​អោយ​មាន​ការ​បោះ​ឆ្នោត​ទំលាក់​ជា​ឯក​ច្ឆន្ទ, តើ​ពួក​នេះ​មាន​បាន​ថ្លឹង​ថ្លែង​អំពី​កាយ​វិការ​របស់​ខ្លួន រឺ​ទេ​? ពីរ​ខែ​ក្រោយ​មក​ទើប​គេ​អាច​សំលឹង​មើល​ឃើញ​សភាព​ធ្ងន់​ធ្ងរ​នៃ​មហា​អន្តរាយ​។

បញ្ហា​សោក​នាដ​កម្ម​គឺ​វា​បណ្ដាល​មក​អំពី​អសមត្ថ​ភាព​នៃ​អ្នក​ដឹក​នាំ​ខ្មែរ ដើម្បី​យល់​អំពី​សភាព​ការណ៍​យៀក​កុង​។ សម្ដេច​សីហនុ​បាន​បង្ហាញ​ដល់​ពួក​អ្នក​ទាំង​នេះ​ហើយ​ តាង​នាម​នយោ​បាយ​រេ​ចុះ​ឡើង​របស់​ទ្រង់, ថា​បញ្ហា​នេះ​វា​គឺ​ជា​បញ្ហា​មួយ​លំបាក​ណាស់​។ ប្រការ​ដែល​សំខាន់​សំរាប់​សម្ដេច​សីហនុ​ គឺ​ពួក​យៀក​កុង​គេ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ នូវ​គំនូស​ព្រំ​ដែន​នៃ​កម្ពុ​ជា, ដែល​ពួក​ព្រៃ​ន គរ​ក្តី, បាង​កក​ក្តី ហើយ​សូម្បី​តែ​វៀង​ចន្ទ​ក្តី, ម្នាក់​ៗ​សុទ្ធ​សឹង​តែ​បាន​ទាម​ទារ​ទឹក​ដី​មួយ​ចំណែក​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​សូម​គូស​សំគាល់​ដល់​មិត្ត​អ្នក​អាន​ទាំង​អស់​ថា​ កាសែត​ Le Figaro គឺ​ជា​កាសែត​ខាង​ស្តាំ, ក្នុង​ប្រការ​នេះ​ជា​កាសែត​ដែល​ប្រឆាំង​កុម្មុយ​និស្ត ហើយ​ប្រឆាំង​នឹង​បដិវត្តន៍​។ ម៉្លោះ​ហើយ​ការ​វិនិច្ឆ័យ​នៃ​សារពត៌​មាន​នេះ​មាន​តំលៃ​ខ្លាំង​ណាស់ (ន.សីហនុ)។ ម៉្លោះ​ហើយ​សម្ដេច​សីហនុ អាច​ទទួល​អោយ​មាន​ការ​តាំង​ទ័ព​របស់​យៀក​កុង នៅ​ក្នុង​ដី​ខ្មែរ​ដែល​លោក​យល់​ថា​ ជា​ប្រការ​បណ្ដោះ​អាសន្ន ដែល​មាន​កំនត់​រហូត​ដល់​ការ​ចប់​សង្គ្រាម​តែ​ប៉ុណ្ណោះ ជា​ការ​ពិត, ខ្ញុំ​មិន​យល់​ព្រម​អោយ​មាន​ទី​តាំង​យៀក​កុង​ជា​រៀង​រហូត​នោះ​ទេ​។ ន ស៖

ការ​យល់​ព្រម​នេះ គឺ​ជា​ថ្លៃ​ថ្នូរ​នៃ​សេច​ក្តី​សុខ​សន្តិ​ភាព​នៅ​ប្រ​ទេស​កម្ពុជា​។ ចំពោះ​រដ្ឋា​ភិបាល​លន់ នល់ ថ្លៃ​ថ្នូរ​គឺ​ជា​សង្គ្រាម​ទៅ ​វិញ​។ អន្តរា​គមន៍​អាមេ​រិកាំង​មាន​ផល​វិបាក​ដ៏​ជ្រាល​ជ្រៅ​ក្រៃ​លែង ដែល​គេ​មិន​អាច​ស្មាន​បាន​។ វា​មាន​ទិដ្ធិ​ភាព​មួយ​ដែល​អន្ត​រា​គ មន៍ មា​ន​លក្ខណៈ​អសីល​ធម៌ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រការ​នេះ​បាន​ជំរុញ​អោយ​កង​ទ័ព​អា​មេរិកាំង​ទាំង​មូល ដែល​ស្វែង​រក​ប្រសិទ្ធិ​ភាព​ខាង​ផ្លូវ​យោធា អោយ​ប្រ​ព្រិត្ត​នយោ​បាយ​នៃ​អគ្គី​ភ័យ​។ ការ​ទំលាក់​គ្រាប់​បែក, ការ​ដើ​រគៀង​ប្រមូល​ប្រ​ជា​ជន គឺ​សុទ្ធ​សឹង​តែ​ជា​អំពើ​ដែល​ជំរុញ​អោយ​យុទ្ធ​ជន​ដ៏​ច្រើន​រាប់​ពាន់​ម៉ឺន​នាក់ រត់​តម្រង់​ចូល​ជួរ​ប្រយុទ្ធ​ខាង​ស្តេច​សីហនុ​។ យោង​តាម​ប្រភព​ច្បាស់​ការណ៍ គេ​អាច​និយាយ​បាន​ថា កង​ទ័ព​សីហនុ​ត្រូវ​បាន​ទទួល​ជា​កង​ទ័ព​រំដោះ​ជាតិ​ ពី​សំណាក់​ប្រជា​កសិករ, បន្ទាប់​ពី​មាន​ការ​ហិន​ហោច ដែល​បណ្ដាល​ឡើង​ពី​កង​ទ័ព​អាមេ​រិកាំង​។ ផល​​វិបាក​ដ៏សែន​ធ្ងន់​ធ្ងរ​មួយ​ទៀត គឺ​អន្តរា​គមន៍នេះ​ វា​បាន​រៀប​ចំ​អោយ​មាន​ទី​តាំង ដ៏​សំបើម​នៃ​កង​ទ័ព​វៀត​ណាម​ខាង​ត្បូង​។ គេ​ធ្វើ​ហាក់​ដូច​ជា​កង​ទ័ព​នេះ​ជា​របង​ចុង​គ្រោយ​របស់​លន់-នល់ ដើម្បី​ការ​ពារ​ត​ទល់ នឹង​យៀក​កុង ដើម្បី​កុំ​អោយ​ដួល​រលំ​ខ្លួន​ឯង ( កកន ខ្ញុំ​នៅ​ចាំ​ច្បាស់​ណាស់​ថា នៅ​ពេល​ដែល​សារ​ពត៌​មាន​ខ្មែរ​បាន​ធ្វើ​ការ​ទិតៀន​ ការ​លួច​ប្លន់​របស់​កង​ទ័ព​វៀត​ណាម​ខាង​ត្បូង​ខាង​លើ​នេះ លោក​អ៊ិន-តាំ​ដែល​កាល​នោះ​ជា​ចៅ​ហ្វាយ​ខេត្ត​កំពង់​ចាម បាន​គំរាម​កំហែង​ពួក​អ្នក​កាសែត​អោយ​បិទ​មាត់​ដោយ​ប្រកា​រ​ថា “ពួក​វៀត​ណាម​ខាង​ត្បូង​ទាំង​នេះ​គេ​មក​ជួយ​យើង” សុទ្ធ ប៉ូលីន)​។ យើង​ស្ថិត​នៅ​ចំពោះ​មុខ​សភាព​ការ​ណ៍​សំព័ន្ធ​​បក្ស​មួយ រវាង​កង​ទ័ព​វៀត​ណាម​ព្រៃ​នគរ​និង​ពួក​ខ្មែរ ដែល​អ្នក​ទាំង​ពី​រ​នេះ​គ្មាន​សេច​ក្តី​ស្នេហា​ចំពោះ​គ្នា សូម្បី​តែ​បន្តិច​បន្តួចត​ទល់​នឹង​ពួក​យៀក​កុង​។ គឺ​ជា​សំព័ន្ធ​មេត្រី​ដ៏​ប្រកប​ដោយ​គ្រោះ​ថ្នាក់​បំផុត​សំរាប់​ប្រទេ ស​កម្ពុជា ដោយ​នរ​ណាៗ​ក៏​ដឹង​ដែរ​ថា ក្រុង​ព្រៃ​នគរ​បាន​ទាម​ទារ​ជា​ផ្លូវ​ការ តាំង​ពី​ឆ្នាំ​១៩៦០ មក​ម៉្លេះ នេះ​រាប់​ត្រឹម​តែ​កោះ​សមុទ្រ​ខ្មែរ​ស្ទើរ​តែ​ទាំង​អស់ ដែល​នៅ​ជាប់​ក្បែរ​នឹង​ទី​ក្រុង​កំពត​។ ចំណែក​នៅ​ខាង​លិច​វិញ ទី​ក្រុង​បាង​កក​បាន​សន្យា​ថា​ នឹង​ជួយ​គាំ​ទ្រ​ប្រទេ ស​ខ្មែរ​។ នេះ​គឺ​ជាមិត្ត​ភាព​ក្បាល​ពីរ​មួយ​ទៀត បើ​យោង​តាម​សំដី​របស់​ប្រ​ជា​កសិករ​ខ្មែរ​, ដោយ​ហេតុ​ថា​ បាង​កក​តាំង​ពី​ឆ្នាំ ១៩៤១ មក​ម៉្លេះ ដោយ​មាន​ការ​គាំ​ទ្រ​ពី​ប្រទេស​ជប៉ុន​ បាន​វាត​យក​ទឹក​ដី​ខ្មែរ​អស់​១,៣ ហើយ​ដែល​បាន​យល់​ព្រម​ត្រលប់​ទឹក​ដី​នេះ មក​ខ្មែរ​វិញ ទាំង​ទើស​ទាំង​ទាល់​នៅ​ក្នុង​ឆ្នាំ​១៩៤៧​។ បញ្ហា​គំនូស​ព្រំ​ដែន​នេះ​ គឺ​ជា​បញ្ហា​ស្លាប់​រស់​របស់​ប្រ​ទេស​កម្ពុ​ជា ហើយ​សម្ដេចសីហនុ​លោក​បាន​ដឹង​ច្បាស់​ណាស់​អំពី​រឿង​នេះ,លោក​ដែល​បាន​ជួប​ប្រទះ​នឹង​ការ​លំបាក​ក្រៃ​ពេក ក្នុង​ប្រកា​រ​រឹត​ចំណង​ចង​បាច់ សាមគ្គី​ភាព​ដ៏​ស្គម​មួយ​នៃ​ជន​ជាតិ​ខ្មែរ ដែល​ជាជន​ភាគ​តិច​។ សាមគ្គី​ភាព​ដែល​លោក​បាន​បង្កើត​នៅ​ជុំវិញ​ខ្លួន​ត​ទល់​នឹង​ពួក​យួន គ្រប់​និន្នា​ការ (កកន អ្នក​និពន្ធ​បាន​សរ​សេរ Viet , វៀត គឺ​យួន​កុម្មុយ​និស្ត) ត​ទល់​នឹង​ពួក​ថៃ​ និង​ពួក​លាវ​ថែម​ទៀត​។ ការ​យល់​សប្តិ​ស្រេក​ឃ្លាន​របស់​ពួក​បាង​កក​និង​ពួក​ព្រៃ​នគរ មិន​គឺ​ការ​ចង់​បាន​ព្រំ​ប្រទល់​តែ​មួយ​ជា ប្រវត្តិសាស្ត្រ នៅ​តាម​ដងទន្លេ​មេគង្គ​នោះ​ទេ​រឺ​? ការ​ទទួល​ស្គាល់​ព្រំ​ប្រទល់​នៃ​កម្ពុជា គឺ​ជា​បញ្ហា​ស្លាប់​រស់​របស់​សម្ដេច​សីហនុ ព្រម​ទាំង​ជា​ដើម​កំនើត​ នៃ​ការ​ផ្តាច់ចំណង​ទូត ដ៏​ខ្ទរ​ខ្ទារ​ជា​ច្រើន​។ ការ​ប៉ិន​ប្រសប់​នៅ​ក្នុង​នយោ​បាយ​របស់​ឧត្តម​សេនិយ ដឺ​ហ្គោល គឺ​ជា​ការ​ប្រកាស​ទទួល​ស្គាល់ កាល​ពី​ឆ្នាំ​១៩៦៦ គោរព​បូរណ​ភាព​ទឹក​ដី​កម្ពុជា នៅ​ក្នុង​ព្រំ​ដែន​បច្ចុប្បន្ន​ ពាក្យ​ដែល​មាន​គំនូស​បន្ទាត់​ពី​ក្រោម​មាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​កា​សែត Le Figaro នៃ​ថ្ងៃ​ទី​២៦​ឧសភា​១៩៧០, បោះ​ពុម្ព​ជា​អក្សរ​ទ្រេត... ន. ស​។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ យើង​ស្ថិត​នៅ​លើ​ជំរេ​ច្រាំង​នៃ​ការ​ពុះ​បែង​ចែក​ទឹក​ដី​ម្តង​ទៀត​ ហើយ​ត​ទៅ​អនាគត​ដ៏​ខ្លី, បើ​ទោះ​ជា​ខ្មែរ​មាន​ទំលាប់​នៃ​ការ​តស៊ូ​ត​ទល់​នឹង​រាត​ត្បាត​ទឹក​ដី​យ៉ាង​ណា​ក៏​ដោយ​។ ផល​វិបាក​មួយ​ទៀត​របស់​រដ្ឋ​ប្រហារ​លន់-​នល់​ ការ​រាល​ដាល​នៃ​ភ្លើង​សង្គ្រាម​ទៅ​លើ​ទឹក​ដី​ទាំង​មូល​នៃ​ជ្រោយ​ឥណ្ឌូ​ចិន​។ ប្រ​ទេស​កម្ពុជា​ខ្លួន​អែង ក៏​ចាប់​ផ្តើម​ក្រលេក​មើល​បន្តិច​ម្តង​ៗ​ ឃើញ​ថា​រូប​ខ្លួន​កំពុង​តែ​ក្លាយ​ទៅ​ជា​ចំណី​ភ្លើង។ នៅ​ចុង​បញ្ចប់​ទៅ​ទិស​ដៅ​នៃ​សង្គ្រាម​ឥណ្ឌូ​ចិន​ត្រូវ​ធ្វើ​ដំណើរ​ទៅ​តាម​មាគ៌ា​ខាង​ស្តាំ​ រវាង​បាង​កក-​វៀង​ចន្ទ-​ភ្នំពេញ-សៃ​ហ្គង, ដែល​យើង​បាន​និយាយ​រៀប​រាប់​កាល​ពីរ​ខែ​កន្លង​ទៅ​។ គឺ​ជា​មាគ៌ា​អសីល​ធម៌ ផ្ទុយ​នឹង​ធម្ម​ជាតិ​មាគ៌ា​នៃ​ពួក​យោធា​និយម ដែល​ស្អប់​ខ្ពើម​កុម្មុយ​និស្ត​ជា​ទី​បំផុត សំព័ន្ធ​មេត្រី​នៃ​ពួក​ប្រយុទ្ធ​សង្គ្រាម​សាសនា នៃ​សង្គម​ជំនាន់​ដើម​នៅ​អាស៊ី​ភាគ​អាគ្នេយ៍​។ រូបា​រម្មណ៍​នេះ, ទិដ្ឋ​ភាព​នយោ​បាយ​នឹង​រៀប​ចំ​ត​ទៅ​អនា​គត នូវ​សេច​ក្តី​ស្នេហា​រវាង​ប្រ​ទេស​សំខាន់​ៗ​ពីរ ដែល​ប្រូ​អាមេ​រិកាំង​នៅ​អាស៊ី​ភាគ​អាគ្នេយ៍ សេច​ក្តី​ស្នេហា​ព្រៃ​នគរ-​បាង​កក​ដ៏​ស្តុក​ស្តម, តើ​នរណា​អាច​ដឹង​បាន, ដែល​ហូប​តែ​សំណល់​នៃ​ប្រទេស​កម្ពុជា និង​ប្រ​ទេស​លាវ​។ ហើយ​តើ​គេ​មិន​អាច​មើល​ឃើញ​ភ្លើង​សង្គ្រាម​១០​ឆ្នាំ​ត​ទៅ​មុខ​ទៀ ត​ទេរឺ ​នៅ​ពេល​ដែល​អាមេ​រិក​ដក​ទ័ព​ខ្លួន​មួយ​ភាគ​ធំ​ចេញ​ផុត​ពី​ភូមិ​ភាគ​អាស៊ី​ភាគ​អាគ្នេយ៍​, នៅ​ចន្លោះ​ប្រទេស​វៀត​ណាម ដែល​ពេល​នោះ​ត្រូវ​រួប​រួម​គ្នា​វិញ ហើយ​និង​ប្រទេស​ថៃ ​?”​។

ចាប់​តាំង​ពី​ចន្លោះ​ឆ្នាំ​១៩៧៩ ប្រទេស​ថៃ​នឹង​ត្រូវ​ប្រ​ឈម​មុខ​ត​ទល់​នឹង​វៀត​ណាម​ដែល​រួប​រួម​គ្នា ហើយ​ការ​ការ​ពារ​ខ្លួន​របស់​ពួក​នេះ​ទល់​នឹង​ពួក​យួន គឺ​ការ​យក​ទ័ព​ប៉ុល-​ពត​មក​ធ្វើ​ជា​របង​សាច់​ឈាម​តែ​ប៉ុណ្ណោះ... ​ន.ស.​។ យោង​តាម​សារ​ពត៌​មាន​ Chincago Sun Times លោក​ប្រធា​នា​ធិបតី​និច​សុន​បាន​ថ្លែង​ទៅ​កាន់​ចៅ​ហ្វាយ​រដ្ឋ​អាមេ​រិកាំង​ទាំង​អស់ ដែល​មក​ប្រជុំ​គ្នា​នៅ​សេត​វិមាន​ថា ​លោក​បាន​បញ្ជូន​កង​ទ័ព​អាមេ​រិកាំង​ទៅ​ប្រ​ទេស​កម្ពុ​ជា ទៅ​តាម​សេ​ច​ក្តី​ស្នើ​សុំ​របស់​រដ្ឋា​ភិបាល​កម្ពុជា (ខ្សែកាប AFP... Chincago.. ចុះ​ថ្ងៃ​១៣​ឧសភា​ ១៩៧០)​។ សេត​វិមាន​, យោង​តាម​សារ​ពត៌​មាន “Chincago Sun Times ដដែល​ធ្លាប់​តែ​បាន​អះ​អាង​យ៉ាង​ដាច់​ខាត​ថា សហ​រដ្ឋ​អាមេ​រិក​បាន​សំរេច​ធ្វើ​អន្ត​រា​គមន៍​ពី​ខ្លួន​ឯង ក្នុង​គោល​បំណង​កុំ​អោយ​ប្រលាក់​ប្រលូក​ដល់​អព្យា​ក្រឹត​ភាព​ជា​ផ្លូវ​ការ​នៃ​រដ្ឋា​ភិបាល​លន់-​នល់។

 ដូច្នេះ​គេ​អាច​ឃើញ​ច្បាស់​ណាស់​ថា​, តាំង​ពី​ដំបូង​ទី​មក​ម៉្លេះ ពួក​រដ្ឋ​ប្រ​ហារ​នៅ​ភ្នំពេញ ហើយ​និង​ក្រុង​វ៉ា​ស៊ិន​តោន​មាន​ការ​ត្រូវ​រ៉ូវ​គ្នា ដើម្បី​បញ្ចប់​អព្យា​ក្រឹត​ភាព​ហើយ​និង​សន្តិ​ភាព​នៅ​ប្រ​ទេស​កម្ពុជា​។ ពួក​គេ​មាន​ការ​ត្រូវ​រ៉ូវ​គ្នា ដោយ​រុញ​បញ្ចូល​ប្រ​ទេស​កម្ពុជា​ជា​ស្ថាពរ​ទៅ​ក្នុង​សង្គ្រាម​វៀត​ណាម ដើម្បី​ធានា​ជោគ​ជ័យ​ចំពោះ​អា​មេ​រិកាំង​នៅ​វៀត​ណាម​ខាង​ត្បូង និង​ចំពោះ​របប​រណប​របស់​ង្វៀង​-​យ៉ាំង​ធីវ​។

ការ​រាត​ត្បាត​ប្រ​ទេស​កម្ពុជា​ដោយ​កង​កំលាំង​ទ័ព​នៃ​សហ​រដ្ឋ​អាមេ​រិក-​វៀត​ណាម​ខាង​ត្បូង​នៅ​ក្នុង​ខែ​ឧសភា​១៩៧០, ជា​ដើម​ហេតុ​មួយ​នៃ​ការ​បំផុស​បំផុល​ដល់​កំពូល​ទៅ​លើ​ពួក​បញ្ញ​វ័ន្ត ហើយ​និង​ទៅ​លើ​ក្រុម​សារ​ពត៌​មាន​នៅ​ភ្នំពេញ​។ គឺ​ជារឿង​មួយ​គួរ​អោយ​ចង់​សើច ព្រោះ​គេ​ចាត់​ទុក​ថា​ ការ​រាត​ត្បាត​នេះ ជា​ចំណាត់​ការ​ប្រវ​ត្តិ​សាស្ត្រ​មួយ ដែល​នឹង​លើក​ដំកើង​លោក​ប្រធា​នា​ធិប​តី​និច-សុន អោយ​មាន​លក្ខណៈ​សំបើម​ធំ​ធេង ស្មើ​នឹង​ប្រធា​នា​ធិបតី​មុន​ៗ ដ៏​ធំ​ៗ​ជាង​គេ​នៃ​សហ​រដ្ឋ​អាមេ​រិក, ស្មើ​នឹង ហ្សក- វ៉ាស៊ិន​តោន ហើយ​និង​អាប្រា​ហាម-លិង​កិន​,មិន​ស្ទើរ​ទេ! ស្រប​ជា​មួយ​គ្នា​ ពួក​បញ្ញា​ជន​ ហើយនិង​ក្រុម​អ្នក​កា​សែត​ដដែល​ដៀល​ត្មះ​ច្រាស់​ឆ្អេះ​ដ៏​សំបើម​ទៅ​លើ​ស្រុក​បារាំង​ថា ជា​អ្នក​កាន់​ជើង​សីហនុ, (Pro-Sihanouk-sic!)​៘ ព្រម​ទាំង​ទៅ​លើ​អ្នក​យក​ការណ៍​ពត៌​មាន​បារាំង​។ នៅ​ក្នុង​ប្រការ​នេះ​, លោក Bernard Ullman (AFP) បាន​សរ​សេរ​ផ្សាយ​នៅ​ថ្ងៃ​ទី​៧ឧសភា​ ខ្ញុំ​ព្រះ​ករុ​ណា​ខ្ញុំ សូម​លើក​យក​អត្ថ​បទ​របស់​គាត់​ផ្ញើ​មក​ពី​ភ្នំ​ពេញ​មក​ផ្សាយ​ទាំង​ស្រុង​៖

ថ្ងៃ​នេះ​សារ​ពត៌​មាន​ក្នុង​ស្រុក​បាន​តម្លើង​​ធ្មុង​របស់​ខ្លួន ដើម្បី​វាយ​ប្រហារ​ទៅ​លើ​គោល​ជំហរ​បារាំង ទាក់​ទង នឹង​បញ្ហា​សង្គ្រាម​ស្រុ​កខ្មែរ ព្រម​ទាំ​ងបាន​ប្រ​កាស​ដោយ​ត្រង់​អោយ​ដេញ​អ្នក​សារ​ពត៌​មាន​បារាំង​អោយ​ចេញ​ពី​ទី​នេះ​។ មាន​សាស្ត្រា​ចារ្យ​ម្នាក់ ដែល​បាន​រៀន​សូត្រ​នៅ​ប្រ​ទេស​បារាំង​បាន​ធើ្វ​សំណើ​នៅ​ក្នុង​ទិន្នា​នុប្ប​វត្តិ Le Cambodge ថា​ ការ​ដក​ខ្លួន​របស់​កម្ពុ​ជា​ចេញ​ពី​ឥទ្ធិពល​វប្ប​ធម៌​បារាំង​ នឹង​អាច​ធ្វើ​អោយ​ប្រ​ទេស​នេះ មាន​ចំណង​រឹង​មាំ​ជា​មួយ​នឹង​អ្នក​ជិត​ខាង​របស់​ខ្លួន​នៅ​អាស៊ី​។ លោក​សាស្ត្រា​ចារ្យ ថាច់​-ថ្វាន់​ បាន​សរ​សេរ​បន្ថែម​ទៀត​ថា វត្ត​មាន​នៅ​ប្រ​ទេស​កម្ពុ​ជា​នៃ​ពួក​អ្នក​បំរើ​អង្គ​ការ​សារ​ពត៌​មាន​បារាំង ពុំ​មាន​ផ្តល់​ផល​ប្រ​យោជន៍​អ្វី​ទាំង​អស់​។ លោក​បាន​ពោល​ថា ពួក​អ្នក​យក​ការណ៍​ពត៌​មាន​ទាំង​នេះ​បាន​ធ្វើ​យុទ្ធនា​ការ​ឃោសនា​ប្រឆាំង​ប្រ​ទេស​កម្ពុជា ម៉្លោះ​ហើយ​ពួក​អ្នក​ទាំង​នេះ គួរ​តែ​ត្រូវ​បន្តេញ​ចេញ​។ សារ​ពត៌​មាន​ជា​ភាសា​បារាំង​មួយ​ទៀត «Le Courrier Phnom Penhois» បាន​សរ​សេរ​ថា បើ​ទោះ​ជា​ប្រទេស​បារាំង​ពុំ​មាន​ជួយ​ផ្តល់​អ្វី​ដល់​យើង​ក៏​ដោយ, ទោះ​ជា​ជំនួយ​តាម​ផ្លូវ​ចិត្ត​ក៏​ពុំ​មាន​ដែរ យើង​មាន​ការ​ធានា​ជំនួយ​ផ្លូវ​ចិត្ត​ពី​ប្រ​ទេស​មួយ​ទៀត​ដ៏​ធំ ដោយ​សារ​តែ​ប្រធា​នា​ធិប​តី​នៃ​ប្រ​ទេស​នេះ​មាន​វិចារ​ណញ្ញាណ​ភ្លឺ​ស្វាង គឺ​ជា​សេច​ក្តីសំដៅ​ទៅ​សហ​រដ្ឋ​អាមេ​រិក​។

សេច​ក្តី​សំរេច​ពោរ​ពេញ​ដោយ​សេច​ក្តី​ក្លា​ហាន​របស់​លោក​ប្រធា​នា​ធិប​តី​ម្នាក់​នេះ នឹង​ច្បាស់​ជា​លើក​ដំកើង​រូប​លោក​អោយ​មាន​​ឋានៈ​ស្មើ​នឹង​ប្រ​ធា​នាធិប​តី​អាមេ​រិកាំង​ធំៗ​មាន ហ្សក​-វ៉ា​ស៊ិន​តោន និង​អាប្រា​ហាម-លិង​កិន, សារ​ពត៌​មាន​នេះ​បាន​បន្ថែម​។ ដោយ​ប្រកាស​ដាក់​ទោស​បារាំ​ង​អំពី​បទ​ជួយ​គាំ​ទ្រ​នរោត្តម​-​សីហនុ, ទិន្នា​នុប្ប​វត្តិ “ប្រយោជ​ន៍​ខ្មែរ” បាន​ស្នើ​សុំ​អោយ​រដ្ឋា​ភិ​បាល សើ​រើ​ឡើង​វិញ​អំពី​មិត្ត​ភាព​បារាំង​ខ្មែរ ព្រម​ទាំង​ចាត់​វិធាន​ការ​អោយ​សម​ស្រប​។ តើ​ពួក​ខ្មែរ​គួរ​តែ​ផ្តល់​មិត្ត​ភាព​ទៅ​ដល់​ជន​ជាតិ​បារាំង​ ដែល​ធ្លាប់​រស់​នៅ​ទី​នេះ​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​នោះ រឺ​ទេ​?​ ទំនាក់​ទំនង​រ​វាង​ពួក​ស្ថាន​ទូត​បារាំង​នៅ​ទី​នេះ ហើយ​និង ខាង​អាជ្ញា​ធរ​ខ្មែរ​ក៏​បាន​មក​ដល់​ទីចប់​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មាន​ពាក្យ​ចចាម​អា​រាម​រាល​ដាល​ថា ពួក​គេ​នឹង​មាន​រៀប​ចំ ធ្វើ​បាតុ​កម្ម​ប្រឆាំង​នឹង​ស្ថាន​ទូត​នេះ​ទៀត​ផង​។ [នៅមានត...]