គ្រូ​ពៅ ឬ​អាចារ្យ​លាក់ ហៅ​ពោធិ​កំបោរ ជា​ព្រះ​សង្ឃ​មួយ​អង្គ មាន​ដើម​កំណើត​នៅ​ខេត្ត​រោង​ដំរី បាន​ក្រោក​ឡើង​ប្រយុទ្ធ​​តស៊ូ​ប្រ​ឆាំង​ពួក​អាណា​និ​គម​និយម​បារាំង និង​បរិ​វារ រហូត​ដណ្តើម​បាន​ជ័យ​ជំនះ​ដ៏​ត្រចះ​ត្រចង់​ ដោយ​គ្រាន់​តែ​រយៈ​ពេល​​ប្រមាណ​ជា ៣​ខែ​ប៉ុណ្ណោះ បាន​វាយ​រំដោះ​យក​នគរ​កម្ពុជា​ធិបតី​ស្ទើរ​តែ​ទាំង​មូល លើក​លែង​តែ​ទី​ក្រុង​ភ្នំពេញ ដែល​ស្ថិត​នៅ​ក្រោម​​ការ​គ្រប់​គ្រង​របស់​បារាំង និង​ហ្លួង​ដដែល​។​ ការ​តស៊ូ​បាន​ចាប់​ផ្តើម​ពី​សង្គ្រាម​វាយ​លុក​ រហូត​ដល់​សង្រ្គាម​ទ័ព​ព្រៃ ដោយ​សារ​​បារាំង​បាន​បញ្ជូន​កង​ទ័ព និង​អាវុធ​យុទ្ធ​ភណ្ឌ​ទំនើប​ៗ​មក​ជួយ​ច្បាំង​ទ័ព​ហ្លួង ខណៈ​ដែល​កង​ទ័ព ប្រជា​រាស្ត្រ​របស់​​ពោធិ​កំបោរ​មាន​តែ​ឆន្ទៈ​ស្នេហា​ជាតិ​ប្តូរ​ផ្តាច់ និង​មាន​តែ​អាវុធ​បុរាណ ដូច​ជា​​ដាវ ធ្នូ ស្នា​ជា​ដើម គួប​ផ្សំ​នឹង​កាំ​ភ្លើង​តិច​តួច ដែល​ត្រូវ​បាន​រឹប​អូស​ពី​ទ័ព​បារាំង​។

នៅ​ខែ​ធ្នូ ១៨៦៦ កង​កម្លាំង​ពោធិ​កំបោរ​មាន​អ្នក​ចូល​រួម​ប្រ​ហែល​មួយ​ម៉ឺន​នាក់​។ ចលនា​នេះ​ធ្វើ​សកម្ម​ភាព​នៅ​ព្រំ​ដែន​ឡាវ តាម​តំបន់​សង​ខាង​ទន្លេ​មេ​គង្គ និង​នៅ​តំបន់​ចន្លោះ​ទី​ក្រុង​ឧដុង្គ និង​ភ្នំពេញ​។ លោក​បាន​ឆ្លង​ចូល​ក្នុង​ប្រ​ទេស​ខ្មែរ ហើយ​​លើក​ទ័ព​ឆ្ពោះ​ទៅ​រាជ​ធានី​ឧដុង្គ និង​ភ្នំពេញ​។ ប៉ុន្តែ​នៅ​ខែ​មករា ១៨៦៧ ស្ថាន​ភាព​សឹក និង​នយោ​បាយ​នៅ​ប្រទេស​ខ្មែរ​​កាន់​តែ​តឹង​តែង​ឡើង រាស្ត្រ​ក្រោក​ឈរ​ប្រឆាំង​បារាំង​គ្រប់​ទីក​ន្លែង​។ កង​ទ័ព​ពោធិ​កំបោរ​បាន​បរាជ័យ នៅ​ជាយ​ភ្នំ​ពេញ។ ពោធិ​កំបោរ​រត់​ទៅ​ពួន​នៅ​កំពង់​ស្វាយ រួច​ត្រូវ​កង​ទ័ព​បារាំង​ចាប់ ហើយ​សម្លាប់​យក​ក្បាល​មក​ដោត​នៅ​ក្រុង​ឧដុង្គ នៅ​ខែ ធ្នូ​ ១៨៦៧​។

ដក​ស្រង់​ចេញ​ពី​ឯក​សារ​ប្រវត្តិ​សាស្រ្ត ចង​ក្រង​ដោយ​លោក ស៊ូ ចំរើន និង​ឯក​សារ ស្តី​ពី​កម្ពុជា​សម័យ​អាណា​និគម​បារាំង (១៨៦៣ – ១៩៥៣)។

ក្បួនទ័ពពោធិកំបោរ

- ក្រឡា​ហោម​ប៉ាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ ឯ​ធម្មា​តេ​ជោ​ហែន​ចក្រី​ពេជ្រ ជ័យ​យោធា​សង្រ្គាម​ទុំ​ក៏​ត្រូវ​អា​លាក់​ចាប់​បាន​ឃុំ​ទុក​មុខ​គួរ​អោយ​អា​ម៉ាស់​ពន់​ពេក​ណាស់​។
មាន​ព្រះ​បន្ទួល​តែ​ប៉ុណ្ណេះ ហ្លួង​ចោល​ព្រះ​នេត្រ​ទត​មើល​ នា​ម៉ឺន​សព្វ​មុខ​មន្រ្ដី ដែល​កំពុង​ហ្មប​ហ្មាយ ថ្វាយ​បង្គំ​គាល់​តាម​ទី​កន្លែង​គួរ​សម​។ ទ្រង់​ព្រះ​ចិន្ដា​អស់​មួយ​សន្ទុះ​ទើប​ស្ដេច​បន្ដ​ព្រះ​រាជ​ឱង្ការ៖
- នៅ​ស្ងៀត​ត​ទៅ​ទៀត​ពុំ​បាន​ទេ វឹ​វរ​នគរ​នឹង​ក្រឡាប់​ផែន​ដី ដោយ​សារ​ថ្វី​ដៃអាលាក់​មិន​ខាន។
បវរ​នាយក​ម៉ៅ បវរ​នាយក​សេក​ និមិត្ត​តែ​ឮ​ឈ្មោះ​របស់​ខ្លួន​ដូច្នេះ​ភ្លាម ឧក​ញ៉ា​ទាំង​ពីរ​លើក​កំពង់​អញ្ជលី​ដាក់​លើ​សិរសា ព្រម​ជា​មួយ​នឹង​វាចា​យ៉ាង​ស្រាល៖
- សូមទ្រង់ព្រះមេត្តាប្រោស ! !
- ឯង​ទាំង​ពីរ​នាក់ ត្រូវ​នាំ​សេនា​ទាហាន​ទៅ​បោះ​នៅ​កំពង់​ខ្សាច់​ស ខេត្ត​បា​ភ្នំ ហើយ​ចាត់​ការ​កេណ្ឌ​អាណា​ប្រជា​នុ​រាស្រ្ដ​បញ្ចូល​ក្នុង​កង​ទ័ព​ជា​ប្រញាប់​។
ហ្លួង​នរោត្តម​ធ្វើ​ទឹក​ព្រះ​ភក្រ្ដ​មាំ បែប​នឹក​ពិរោធ​នឹង​ពោធិ​កំបោរ​សម្បើម​ណាស់ ទ្រង់​លើក​ព្រះហស្គ​ឡើង​ចង្អុល
- វិបុលរាជប៉ែន ! ឯងចាំបាច់លើកទ័ពទៅពាមមង្គលដោយរួបរួមកម្លាំងនឹងចៅហ្វាយស្រុកខាងទន្លេធំ។
- ទូលព្រះបង្គំជាខ្ញុំ សូមទទួលតាមព្រះរាជឱង្ការ។
ស្ដេចឆ្មៀងព្រះនេត្រទតទៅម្ខាងទៀត
- ឯព្រះស្រែនជ័យលឹង មាននាទីចុះទៅសុំទ័ពអាមីរ៉ាល់ពីព្រៃនគរ ដើម្បីអោយកងកម្លាំងរបស់យើងរឹតតែរឹងប៉ឹងមែនទែន។
លុះចាត់វិធានការចប់សព្វគ្រប់ហើយ ហ្លួងទ្រង់ព្រះសម្រួលក្អាកក្អាយ។
- ហា៎ ហា៎...តែប៉ុណ្ណេះ អាលាក់អ្នកសិល្បហោ ពោធិកំបោររត់ទៅណា​ពុំរួច​ទេ ទ័ព​ហ្លួង​លាយ​ជា​មួយ​បារាំ​ងច្បាំង​នឹង​អាលាក់ មិន​ឈ្នះ​ឬ?

ដើម្បី​យក​ព្រះ​ទ័យ​ហ្លួង កម្ចាត់​វិរ​ជន​ស្នេហា​ជាតិ​ពិត​ប្រាកដ​ចោល​ចេញ​ នឹង​អាល​បាន​ស្រួល​ក្នុង​ការ​ត្រួត​ត្រា​ខ្មែរ ​អាមី​រ៉ាល់​ដឺឡា​​ហ្រ្គង់​ឌីយែរិ៍ (Amiral de la Crandière) ចាត់​មេ​ទ័ព​ម្នាក់​អោយ​នាំ​ទាហានបារាំង​ហាសិប​នាក់ ចុះ​កប៉ាល់​ចេញ​ចាក​ព្រៃ​នគរ​មក​ដល់​ភ្នំ​ពេញ ហើយ​ឡើង​​ធ្វើ​គារ​រកិច្ច​ចំពោះ​ហ្លួង​នរោត្តម​។ ស្ដេច​​ផែន​ដី​មាន​ព្រះ​អំណរ​ណាស់ ព្រោះ​ទ្រង់​ចិន្ដា​ដោយ​យល់​ច្រឡំថា អាណា​និគម​និយម​បារាំង​សែស គេ​យក​ចិត្ត​ទុក​ដាក់​នឹង​ជួយ​ការ​ពារ​ព្រះ​នគរ​អញ​មែន​។ ទាហាន​បារាំង ​គំនាប់​លា​ហ្លួង ​ឡើង​កប៉ាល់​ទៅ​ទន្លេធំ​ក្រោម​ផ្ទៃ​មេឃ​ស្ងប់​ស្ងាត់​ គ្មាន​ឃើញ​សត្វ​ស្លាប​ហើរ​កាត់​ពី​លើ​ជល​ធី​ដូច​សព្វ​មួយ​ដង​សោះ​។ សភាព​ក្រៀម​ក្រោះ​បែប​នេះ​ហាក់​បញ្ជាក់​អោយ​ដឹង​ថា ទេព្ដា​ទេព្រ័ក្ស​រក្សា​ទឹក​ដី​ខ្មែរ​មិន​ទទួល​ប្រោស​សៃ​យ​សាសន៍​ឈ្លាន​ពាន​ឡើយ​។

កប៉ាល់​បារាំង​បើក​ទៅ​ជួប​ឧកញ៉ា​វិបុល​រាជ​បែន ដែល​បោះ​ទ័ព​នៅ​ពាម​មង្គម​ចាំ​ទទួល​ច្បាំង នឹង​ពោធិ​កំបោរៗ ថី​បក​ណែ​នាំ​ប្រមុខ​យោធា​ទាំង​សង​ខាង អោយ​យល់​ភាសា​គ្នា​រ​ហូត​ដល់​វិបុល​រាជ​រាក់​ទាក់ ជា​មួយ​បារាំង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ ចំពោះ​ជឹង​សឹក​ខាង​រាជ​ការ​ខ្មែរ​បារាំង គ្មាន​អ្វី​ជា​អាថ៌​កំបាំង​នឹង​ពោធិ​កំបោរ​ទេ ព្រោះ​រាស្រ្ដ​សាមញ្ញ​នេះ​ឯង​ជា​អ្នក​អោយ​ការណ៍​ដល់​កងកំលាំងស្នេហា​ជាតិ​។

ថ្ងៃ​ព្រហស្ប៍ត ៦​កើត ខែ​មិគសិរ ឆ្នាំ​ខាល​អដ្ឋ​ស័ក​ អាចារ្យ​លាក់​ដឹក​នាំ​ក្បួន​ទ័ព មាន​តាំង​ពីរ​ទេះ​សេះ​ដំរី​លើក​ឆ្លង​មក​ត្រើយ​ខាង​លិច​ចូល​ដល់​ក្រុង​ឧដុង្គ​មាន​ជ័យ​។ គាត់​ថ្លែង​ចំពោះ​មុខ​យោធា ប្រកប​ដោយ​សំនួន​វោ​ហារ​យ៉ាង​ក្បោះ​ក្បាយ​​។ ជា​បឋម ខ្ញុំ​សូម​លំ​ឱន​កាយ​វាចា​ចិត្ត​គោរព​សេច​ក្ដី​ក្លា​ហាន​របស់​បងប្អូន​ទាំង​អស់ ដែល​ខិត​ខំ​តស៊ូ​ពុះ​ពារ​គ្រប់​ឧបសគ្គ ដើម្បី​ជាតិ​​ខ្មែរ​យើង​នៅ​រស់ មាន​ឈ្មោះ​ក្នុង ពិភព​លោក ជា​រៀង​ដរាប​ដល់​អស់​កល្ប​កប្ប​។ សាមគ្គី​ធម៌​នៃ​យើង​រាល់​គ្នា ក្នុង​រវាង​ប្រាំ ប្រាំ​មួយ​ខែ​កន្លង​មក​នេះ​សឹង​ហុច​លទ្ធ​ផល​ល្អ​ប្រ​សើរ​គួរ​ជា​ទី​ពេញ​ចិត្ត​ក្រៃ​លែង​។ ប្រ​សិន​បើ​ដណ្ដើម​យក​បាន​តែ​ឧដុង្គ​ និង​ភ្នំ​ពេញ​ទៀត​ បេសក​កម្ម​​ដ៏​លំបិន​លំបាក​របស់​យើង ក៏​សម្មត​ថា​ចប់​សព្វ​គ្រប់​ប្រកប​ព្រម​ដោយ​ជោគ​ជ័យ​ធំ​បំផុត ដែល​លោក​អ្នក​ប្រាជ្ញ​មិន ភ្លេច​នឹង​កត់​ត្រា​ទុក​ក្នុង​​ក្រាំង​មាស នៃ​ប្រវត្តិ​សាស្រ្ដ​ជាតិ​យើង​ឡើយ​ អាស្រ័យ​ហេតុ​នេះ​ ខ្ញុំ​សូម​ទាញ​អារម្មណ៍​បង​ប្អូន​ អោយ​កាន់​តែ​យល់​ច្បាស់​ថា ក្រុង​ទាំង​ពីរ​ជា​ទី​ប្រយុទ្ធ​ផ្ដាច់​ព្រ័ត្រ​ហើយ យើង​ចាំ​បាច់​តស៊ូ​ទាម​ទារ ត្រា​តែ​បាន​សំរេច​ដូច​ក្ដី​បំណង​។ សូម​ព្រះ​ឥន្រ្ទ​ព្រះ​ព្រហ្ម ទេវ​តា ទេ​ព្រ័ក្ស​អារក្ស​​អ្នក​តា​និង​វត្ថុ​សក្ដិ​សិទ្ធិ​ទាំង​ពួង​ក្នុង​មាតុ​ប្រទេស​ជួយ​គាំ​ពារ​បី​បាច់​ថែ​រក្សា​យើង​រាល់​គ្នា កុំ​បី​ឃ្លៀង​ឃ្លាត​​ឡើយ​!​ បន្ទាប់​មក​កង​ពល​ប្រជា​រាស្រ្ដ​យើង​បន្លឺ​សំរែក​ជ័យ​ឃោស​ស្ទើរ​រយះ​មេឃ​ «ជយោ​កូន​ខែរ​ពូជ​អ្នក​សាង​អង្គរ​វត្ត​» ឥត​បង្អង់ ពោធិ​កំបោរ​បរ​ពល​លុក​បន្ទាយ​ឧដុង្គ​មាន​ជ័យ ដោយ​ក្ដី​អង់​អាច​ក្លា​ហាន​ចេញ​ជា​តួអង្គ​ខេមរ​កុល​បុត្រ​។ គាត់​វាស​ដៃ​អោយ​សញ្ញា​ទន្ទឹម​នឹង​វាចា​ក្រាង​ក្រ​​ងៅ​ «ចូល..​បង​ប្អូន​ចូល​!» នៅ​ខាង​ក្នុង​បន្ទាយ​ឯ​ណោះ ឧក​ញ៉ា​វង្សា​អគ្គ​រាជ​អ៊ុំ​ និង​ឧក​ញ៉ា​ពិស្ណុ​លោក​ព្រំ ​កំពុង​រៀប​ចំ​ពួក​ពល ដើម្បី​រង់​ចាំ​ទទួល​​រណ​យុទ្ធ​ទាំង​ទឹក​ចិត្ត​រំជើប​រំជួល​។

សេនា​ទាហាន​ឧដុង្គ​មាន​ជ័យ​ឈរ​ត្រៀម​ចាំ​តាម​របង​ជា​ស្រេច ខ្លះ​ប្រដាប់​ដោយ​ធ្នូស ខ្លះ​ទៀត​កាន់​ដាវ​ខ្លី-វែង​លំពែង​មុខ​ពីរ​បី ។ ខ្សែ​ភ្នែក​គ្រប់​គ្នា​ផ្ដោត​ជាប់​នឹង​កង​យោធា​ប្រជា​រាស្រ្ដ ដែល​សម្រុក​ចូល​មក​ពី​គ្រប់​ទិស​ទី ហាក់​គ្មាន​នឹក​ខ្លាច​រអា​នឹង​មុខ​សស្រ្ដា​វុធ​សោះ​ឡើយ​។ សន្ធឹក​ជើង​សឹក​រណ្ដំ​ដែន​ប្រថ​ពី លាយ​ឡំ​នឹង​សំរែកហ៊ោក​ញ្រ្ជៀង​ខ្ញៀវ​ខ្ញា​ពុំ​ដាច់​រយៈ​។ កង​ពល​ថ្មើរ​ជើង​ទ័ព​សេះ​ដំរី​ចោម​រោម​វាយ បន្ទាយ​ឧដុង្គ​មាន​ជ័យ​យ៉ាង​ខ្លាំង​ក្លា​។

ផ្លែ​ព្រួញ​ហោះ​ហើរ​មក​ចំពី​មុខ​ព្រោង​ព្រាត តែ​មិត្ត​យុទ្ធ​ជន​យើង​នៅ​ឆ្លៀត​រុល​ចូល​មិន​ព្រម​រា​ថយ​មួយ​ជំហាន​សោះ​។ ដំណើរ​វិល​ស្លាប់ ជា​រឿង​រ៉ាវ​ធម្មតា​របស់​វដ្ដ​សង្សារ​ទេ បើ​គេ​មិន​ចែក​ឋាន​ថ្ងៃ​នេះ​ទេ មុខ​ជា​ថ្ងៃ​​ស្អែ​ក​ខាន​ស្អែកមិន​ខាន​ឡើយ​ ពោល​អោយ​ចំ គឺ​គ្រាន់​តែ​មុន​និង​ក្រោយ​គ្នា​ប៉ុណ្ណោះ​ គ្មាន​បុគ្គល​ណា​ម្នាក់​អាច​ជៀស​ផុត​ពី​អន្លង់​មរណ:​ឡើយ​។ ប៉ុន្ដែ​ការ​បូជា​ជីវិត​ចំពោះ​ជាតិ​សាសនា​និង មាតុ​ភូមិ ជា​ពលិ​កម្ម​ដ៏​ថ្លៃ​ថ្លា​បំផុត ដែល​កេរ្ដិ៍​ឈ្មោះ​បោះ​សម្លេង នៅ​រស់​វើក ព្រម​ទាំង​មាន​ក្លិន​ក្រអូប​សាយ​សព្វ​ទិសានុ​ទិស​។ យោល​ទៅ​តាមគតិ​នេះ​ហើយ ទើប​កូន​ខ្មែរ​ស្នេហា​ជាតិ​ឥត​រា​រែក​ចិត្ត សូម្បី​បន្តិច​បន្ដួច​ក៏​ទេ​ដែរ​។​

មិន​យូរ​ប៉ុន្មាន កង​ក្លាហាន​បាន​ទម្លុះ​ទម្លាយ​ទ្វារ​​របង​ជា​ច្រើន​កន្លែង ភ្លេង​អាវុ​ធចាប់​ផ្ដើម​ប្រគំ​ប្រកួត​បង្អួត​មុខ​ដាក់​គ្នា ហាក់​ដូច​ជាប់​ពៀរ​វេរា​មក​ពី​ជាតិ​មុន​។ ឆាក​ប្រណាំង​ប្រជែង ល្បែង​ដាវ​លំពែង​លេង ល្បិច​ផ្ដាច់​ព្រលឹង ត្រា​តែ​មនុស្ស​ម្នា​ដួល​ដេក​ស្លាប់​រាត់​រាយ​មួយ​រំពេច​។​

ឧក​ញ៉ា​វង្សា​អគ្គ​រាជ​អ៊ុំ​នាំ​ខ្លួន​សំដៅ​ទៅ​រក​អាចារ្យ​លាក់​ដោយ បង្ហើរ​ស្លឹក​ដាវ​តម្រង់​ដៃ​គូ​ផង​។ រហ៍ស​វិស័យ​ផ្លេក​បន្ទោរ ពោធិ​កំបោរ​លោត​គេច​ចេញ​ផុត​ស្រឡះ ព្រម​ទាំង​ក្រឡាស់​ដៃ​កាប់​សង​វិញ មាន​សន្ទុះ​លឿន​ស្លេវ​ប្រៀប​ឧប​មេយ្យ​ដូច​ខ្យល់​កំបុត​ត្បូង​។ ស្មារ​តី​រឹង​ប៉ឹង​គ្រាន់​បើ​វង្សា​អគ្គ​រាជ លើក​អាវុធ​ឡើង​រង​ទាន់លាន់​សូរ​ឆាំង ! បែក​ផ្កា​ភ្លើង​ទាំង​កណ្ដាល​ថ្ងៃ ​។ មុខ​ដាវ​សង្កៀត​ជាប់​គ្នា ​គូ​ប្រយុទ្ធ​ខំ​ប្រឹង​រុញ​ច្រាន​ទៅ​មក​អស់​ទំហឹង វង្សា​អគ្គ​រាជ​អ៊ុំ​ទ្រាំ​ទ្រ​ពុំ​បាន ក៏​បំ​ផ្លោង​ប្រាណ​បក​ ក្រោយ​ពីរ​បី​ជំហាន​ យក​ស្ថាន​ភាព​តែ​សម្ដី​សំដៅ​​នៅ​បែប​គ្រាន់​បើថា

- ពេលនេះ ពោធិកំបោរឯងច្បាស់ជាបានភ្លឺភ្នែកមិនខានទេ។
- ហា៎ ! ហា៎ ! យើង​រក​តែ​មនុស្ស​ខ្លាំង​ពូ​កែ​ចេះ​អង្គុយ​លើ​ចង្អេរ​លើក​ខ្លួន​ឯង​អ៊ី​ចឹង​យូរ​ហើយ នឹក​ស្មាន​មិន​ដល់​ថា​ថ្ងៃ​នេះ​បាន​ជួប​ដូច​បំណង​សោះ​។ បើ​វង្សា​អគ្គ​រាជ​ឯង​គ្រាន់​បើ​មែន សូម​អញ្ជើញ​បញ្ចេញ អោយ​អស់​កាឡា​សា​មក​ចុះ យើង​ពេញ​ចិត្ត​នឹង​រង់​ចាំ​ទទួល​ដោយ​ក្ដី​រីក​រាយ​!។
គ្រាន់​តែ​ពោធិ​កំបោរ​ពោល​ចប់​ភ្លាម ឧក​ញ៉ា​វង្សា​អគ្គ​រាជ​អ៊ុំ​ក៏​ហក់​ចូល​មក​ដល់​ល្មម ផ្លែ​ដាវ​ប៉ះ​ទង្គិច​គ្នា ជា​បន្ដ​ទៅ​ទៀត​។ ម្នាក់​ៗ​បញ្ចេញ​ស្នៀត​ខ្ពង់​ខ្ពស់​គួរ​អោយ​សរ​សើរ​ នរ​ណា​ហ៊ាន​ធ្វេស​ប្រ​ហែស​តែ​បន្តិច ប្រាកដ​ជា​ទទួល​រង​គ្រោះ​កាច ពុំ​លែង​ឡើយ​។ នៅ​​ក្នុង​ពេល​ដំណាល​គ្នា​នោះ ឧក​ញ៉ា​ពិស្ណុ​លោក​ព្រំ​ រត់​រលះ​រលាំង​មក កាប់​ពោធិ​កំបោរ​ពី​ក្រោយ​ខ្នង ដោយ​មាន​បំណង​ចង់​ទលាក់​ក្បាល​គូ​ប្រ​ជែង​យក​ថ្វី​ដៃ​អោយ​ល្បី​ល្បាញ​។ ពុំ​សំរេច​ទេ​ត្រ​ចៀក​វៃ​ដូច​បក្សា កាយ​វិការ​រហ័ស​រក​មើល​មិន​ទាន់​ អាចារ្យ​លាក់​មុជ​ផុត​ប្រ​ហែល​មួយ​ទះ​ រួច​ក៏​ចោល​ខ្លួន​ទៅ​ឆ្ងាយ​បន្តិច ដើម្បី​ងាយ​ស្រួល​ នឹង​តម្លើង​ក្បាច់​ អាវុធ​ត​ទប់​ជា​មួយ​សត្រូវ​ទាំង​ទ្វេ​។ កាល​បើ​បែរ​ជា​ខក​ចិត្ត​ដូច្នេះ​ទៅ​វិញ ឧកញ៉ា​ពិស្ណុ​លោក​ព្រំ​ ជះ​កំសួល​ទោស​តាម​នាសា​ដោយ​ខ្នន់​ខ្នាញ់​​។
- ហ៊ឹះ ! អាចារ្យ​លាក់​អ្នក​សិល្ប​ពូ​កែ​គ្រាន់​បើ តែ​យើង​ពុំ​បណ្ដោយ​អោយ​ឯង​រស់​នាំ​ទម្ងន់​ផែន​ដី​ត​ទៅ​ទៀត​ទេ​។​
ពោធិកំបោរឈរបង់ជំទែងយ៉ាងហំ រួចផ្គុំប្រយោគតប។
- ការប្រមាថអាយុជីវិតអ្នកដទៃជាធម៌មិនប្រពៃសោះ។
- ហៃ​ពោធិ​កំបោរ ពុំ​ចាំ​បាច់​ប្រដៅ​ក្រពើ​អោយ​ហែល​ទឹក​ទេ ឯង​ត្រៀម​ខ្លួន​ចាំ​ស្លាប់​ទៅ​ប្រសើរ​ជាង​។
ជា​មួយ​នឹង​ពាក្យ​គម្រាម​នេះ ​ពិស្ណុលោកព្រំ តាំង​ឃុំ​ដាវ​យ៉ាង​ខ្ញង់ ហើយ​ពួតកំលាំងគ្នា​នឹង វង្សា​អគ្គរាជ​អ៊ុំ វាយ​ប្រ​ហារ​អាចារ្យ​លាក់​ជា​បន្ទាន់​។

ឯ​យោធា​ក្រោម បង្គាប់​ទាំង​សង​ខាង ក៏​កំពុង​ជាប់​ដៃ​ប្រយុទ្ធ​ដណ្ដើម​យក​ជោគ​ជ័យ​តែ​រៀង​ៗ​ខ្លួន​។ គួរ​កត់​សំំគាល់​បាន​ជា កង​ទ័ព​ប្រជា​រាស្រ្ដ​យើង​មាន ប្រៀប​ជាង​​តាំង​ពីដើម​ទី ត្រា​តែ​សេនា​ទាហាន​​​ខាង​ឧដុង្គ​មាន​ជ័យ​ខ្លះ​ក្រឡាស់​ខ្លួន ដាក់​មេ​ផាយ កែង​ជើង​ថ្វាយ​បង្គំ​គូទ​ឡើង​ហុយ​ដី​សំពោង​។ ដោយ​ខ្វះ​ការ​អំណត់ អត់​ធន់​ដូច្នេះ ទើប​ស្ម័គ្រ​បក្ស​ពួក ពោធិ​កំបោរ​បាន​ដៃ​ចាក់​សំលាប់ កាប់​សំឡេះ​​ទាហាន​អស់​ច្រើន​ក្រាស់​ក្រែល​។ ចម្បាំង​យូរ​ទៅ​ កូន​ចៅ​កាន់​តែ​របេះ​ចុះ​អោយ​រពុយ អស់​ផ្លូវ​សង្ឃឹម​ ហើយ​ប្រសិន​បើ​មានៈ​រឹង​ត្អឹង​ នឹង​នៅ​តស៊ូ​ទៀត ច្បាស់​​ជា​ភ្លាត់​ស្នៀត​ចូល​ស៊ង​ពោធិ​កំបោរ​មិនខាន​។ យល់​ឃើញ​ជាក់​ក្នុង​ចិត្ត​ដូច្នេះ​ហើយ ឧក​ញ៉ា​វង្សា​អគ្គ​រាជ​អ៊ុំ​ចេញ​បញ្ជា អោយពលទាហានខ្លួន​ដក​ឃ្លា​ថយ​ភ្លាម​។ ចំណែក​ឧក​ញ៉ា​ពិស្ណុ​លោក​ព្រំ ដែល​កំពុង​តែ​បារម្ភ​នឹង​អាសន្ន​អន់​ក្រ ក៏​ប្រញាប់​ស្រែក​បន្ទរ​តាម​ក្រោយ​មួយ​រំពេច៖។

- ដកថយ!..ប្រយ័ត្នប្រយែងខ្លួនប្រាណអោយមែនទែន កុំបង្អែង់នៅយូរ...
កាល​បើលឺ​​សំរែក​នេះ យោ​ធិន​ទាំង​អម្បាល​ម៉ាន​ ដូច​ជា​បាន​កើត​ម្ដង​ទៀត ម្នាក់​ៗ​គិត​តែ​ពី​រត់​គេច​សឹង​ជាន់​ក​គ្នា​។ ពេល​នោះ​ពោធិ​កំបោរ អិត​​បណ្ដោយ​អោយ​បក្ស​ពួក​សត្រូវ​​គេច​ចេញ​ពី​ទី​លាន​រឿណ​រង្គ​ដោយ​ស្រួល​ទេ គាត់​បន្លឺ​សំលេងឡើង
បងប្អូនតាមអោយជាប់ ទ័ពយើងឈ្នះហើយ!
កងកម្លាំងយើងសប្បាយនឹងជ័យជម្នះ ដែលរកបានដោយកម្រនេះពន់ពេលណាស់ ខ្លះស្រែកហ៊ោឮសូរយ៉ាងខ្លាំងយ៉ាងខ្ញៀវខ្ញារ
- ជយោមាតុភូមិខ្មែរ!
- បរាជ័យពួកសត្រូវជាបរិវារអាណានិគមនិយមបារាំង!

ស្ម័គ្របក្សពួក​ពោធិ​កំបោរ ដេញ​កម្ចាត់​ទ័ព​ឧកញ៉ា​វង្សា​អគ្គ​រាជ​អ៊ុំ​និង​ឧក​ញ៉ា​ពិស្ណុ​លោក​ព្រំ ដរាប​ដល់​ក្រុងភ្នំ​ពេញ ហើយ​ចាត់​ការ​បោះ​ទ័ព​នៅ​ខាង​កើត​វត្ត​កំពែង ត្រូវ​ជា​ខាង​លិច​វាល​សំលាប់​នាយ​។ លុះ​ដល់​ថ្ងៃ ៦​រោច ខែ​មិគ​សិរ ឆ្នាំ​ខាល​អដ្ឋ​ស័ក​ដដែល​អាចារ្យ​លាក់​បរ​ពល​ចូល​ទៅ​កាន់​កាប់​ស្ពាន​យម​រាជ​។ គាត់​ខិត​ខំ​ណែ​នាំ​គ្គី​គ្នា​អោយ​កាន់​តែ​យល់​ច្បាស់​ពី​ស្ថាន​ការណ៍​សឹក។

ចាប់​តាំង​ពី​យើង​រួប​រួម​គ្នា ធ្វើ​ការ​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​រហូត​មក​ដល់​សព្វ​ថ្ងៃ សឹង​បាន​ទទួល នូវ​ជ័យ​ជម្នះ​គ្រប់​ទី​កន្លែង​ទាំង​អស់​។ ដូច​ខ្ញុំ​ធ្លាប់​ជំរាប​បង​ប្អូន​ហើយ​ថា​ ឧដុង្គ​និង​ភ្នំពេញ​ក្រុង​សំខាន់ និង​ជា​ទី​ប្រ​យុទ្ធ​ផ្ដាច់​ព្រ័ត្រ​ផង​។ ឥឡូវ​នេះ​ទា​ហាន​ហ្លួង​ខាង​ឧដុង្គ​ក៏​បាក់​ទ័ព​រត់​ខ្ចាត់​ខ្ចាយ​អស់​នៅ​សស់​តែ​ភ្នំ​ពេញ​មួយ​ទៀត​ប៉ុណ្ណោះ នឹង​បាន​ដល់​ត្រើយ​ហើយ ដូច្នេះ​យើង​ត្រូវ​តែ​ប្រ​យុទ្ធ​លុះ​ត្រា​អវ​សាន​ជីវិត​! កង​ពល​ប្រ​ជា​រាស្រ្ដ គាំ​ទ្រ​យោ​បល់​ពោធិ​កំបោរ​ទាំង​ស្រុង គេ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង​ក្រោម​បរិ​យា​កាស​រីក​រាយ ជា​ទី​បំផុត​។ ដទៃ​ពី​នេះ​ទៅ​វិញ ហ្លួង​នរោត្តម​កំពុង​តែ​តប់​ប្រមល់​ទល់​ពុទ្ធោ​យ៉ាង​ខ្លាំង ស្ដេច​ត្រាស់​ថា៖

- អាសន្នម្ដង​នេះ​មិន​មែន​តូច​តាច​ទេ​​.. វង្សា​អគ្គ​រាជ​អ៊ុំ រាជា​មេ​ត្រី​មុំ ស្រី​នគរ​បាល​មាន់ ឯង​ទាំង​បី​នាក់​ប្រ​ញាប់ លើក​ទ័ព​ទៅ​ច្បាំង នឹង​អា​លាក់ នៅ​ស្ពាន​យម​រាជ​ភ្លាម។
- សូម​ទទួល​ព្រះ​រាជ​ឱង្ការ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង!
លុះ​ឆ្លើយ​នឹង​ស្ដេច​ព​ផែន​ដី​ដូច្នេះ​ហើយ ឧក​ញ៉ា​ទាំង​បី​ថយ​ខ្លួន​ចេញ​ទៅ​បំពេញ​កិច្ច​ការ​តាម​ព្រះ​រាជ​តម្រះ​។ ប្រមូល​ផ្ដុំ​កងកំលាំងរួច ក៏​នាំ​មុខ​ឆ្ពោះ​រក​ទី​ដៅ​មួយរំពេច​។

គ្មាន​អ្វី​ជា​អាថ៌​កំបាំង​នឹង​ពោធិ​កំបោរ​ទេ ដឹង​ដំណើរ​ទ័ព​ហ្លួង​គ្រប់​សព្វ​ទាំង​អស់ ព្រោះ​ជើង​ការ​សំងាត់​ខាង​មិត្រ​យុទ្ធ​ជន​យើង មាន​ខ្សែ​ស្រឡាយ​ទាក់​ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ ប្រកប​ដោយ​ចរិត​វាង​វៃ​គួរ​អោយ​សរ​សើរ​។ ឥត​ហ៊ាន​ធ្វេស​ប្រ​ហែស សូម្បី​មួយ​ដង្ហើម​អាចារ្យ​លាក់ អ្នក​គិត​វែង​ឆ្ងាយ ម្នី​ម្នា​បង្កូក​ប្រ​កាស​ប្រាប់​កង​ពល

- បងប្អូនរួមឈាម​ជា​ទី​ស្នេហា ចូរ​បាន​ជ្រាប​ថា ទ័ព​ហ្លួង​លើក​មក​ដល់​ក្នុង​ពេល​ឥឡូវ​នេះ​ហើយ ដូច្នេះ​យើង​រាល់​គ្នា​ចាំ​បាច់​ប្រុង​ប្រៀប​រៀប​ចំ​ខ្លួន​ភ្លាម។
ចប់​សេចក្ដីអោយ​ដំណឹង​សឹង​មិន​ទាន់ យុទ្ធ​ផន​ទាំង​អស់​ធ្វើ​ការ​រចល់ ដើម្បី​ត្រៀម​ចាំ​ប្រយុទ្ធ​នឹង​បរ​បក្ស ដោយ​ទឹក​ចិត្ត​អង់​អាច​ក្លា​ហាន ឥត​រា​រែក​។ មិន​យូរ​ប៉ុន្មាន ឧក​ញ៉ា​វង្សា​អគ្គ​រាជ​អ៊ុំ ឧក​ញ៉ា​រាជា​មេ​ត្រី​មុំ​ និង​ឧកញ៉ា​ស្រី​នគរ​បាល​មាន់ បរ​ពល​សកល​យោធា​ចូល ឡោម​ព័ទ្ធ​បក្ស​ពួក​ពោធិ​កំបោរ​ជា​រង្វង់​ស្នែង​ក្របី ព្រម​ជា​មួយ​នឹង​ពាក្យ​បញ្ជា​លេច​ឮ​បណ្ដាក់​គ្នា​កប់​អាកាស។
- ចូល…កុំរាថយអោយសោះ!
ក្បាលទ័ពស្លាបឆ្វេង-ស្ដាំឡើងទន្ទឹមគ្នាមក៍… កង​ទ័ព​ប្រជា​រាស្រ្ដ​យើង​គ្មាន​នឹក​បារម្ភ ក្នុង​ចិត្ត​បន្តិច​បន្តួច​ទេ គេ​ត្រឡប់​ជា​គោះ​គង​ទូង​ជ័យ​ភេរី​ទទួល​រណ​យុទ្ធ​ ដោយ​ក្ដី​សប្បាយ​រីក​រាយ​ពន់​ពេក​។ ឯ​ចំណែក​ពោធិ​កំបោរ​ក៏​នៅ​មាត់​មិន​ស្ងៀម​ដែរ គាត់​ខំ​តម្លើង​សំលេងយ៉ាង​ខ្លាំង​ក្លា៖។
- ចាប់ផ្ដើមវាយប្រហារទៅមុខ!…
ស្នូរ​អាវុធ​យុទ្ធ​ភ័ណ្ឌ​ប៉ះ​ទង្គិច​គ្នា​គក្រឹក​គគ្រេង ជា​ភ្លេង​មរណ:​ កន្រ្ដាក់​ព្រលឹង​ធំ​អ្នក​ចាញ់​យក​ទៅ​ឋាន​នាយ បន្សល់​ទុក​នៅ​សាក​សព​រាត់​រាយ ក្នុង​ថ្លុក​ឈាម​ពាស​ពេញ​ទឹ​សម​រភូមិ​។ ទោះ​បី​ឃើញ​ស្ម័គ្រ​បក្ស​ពួក​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​ណា​ក៏​ដោយ​ ក៏​ចាំ​បាច់​ប្រយុទ្ធ តស៊ូ​ ដរាប​ដល់​ចប់​ចុង​ដើម​។ ចម្បាំង​រាំង​ជល់​ក្នុង​គ្រា​នេះ សឹង​មាន​កម្លាំង ប្រហាក់​ប្រ​ហែល​គ្នា ចាត់​ទុក​ថា​ស្មើ ​គ្មាន​ចាញ់​ឈ្នះ​ទេ ព្រោះ​គូ​ប្រ​ជែង​ទាំង​សង​ខាង បាន​ដក​ទ័ព​ថយ​តែ​រៀង​ខ្លួន​។