ថ្ងៃសៅរ៍ ទី18.កុម្ភៈ 2017.ម៉ោង 9:15
ក្រោយថ្ងៃ១៨មិនា១៩៧០ កម្ពុជាធ្លាក់ចូលក្នុងមហាអន្តរាយ!
អត្ថបទដកស្រង់ចេញពីសៀវភៅសិក្សាស្រាវជ្រាវ «Cambodge, Le Chemin de l'Apocalypse»
បោះពុម្ពផ្សាយជាភាសាបារាំង នៅក្នុងសារពត៌មាន“អង្គរបូរី” ១៩៩៨ ប្រែសំរួលដោយ
សុទ្ធ-ប៉ូលិន * ថ្ងៃទី៣ កក្កដា ២០០៥

ក្នុង​រយៈ​ពេល​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​សោះ​ បន្ទាប់​ពី​មាន​ការ​ទំលាក់​សំដេច​សីហនុ​ពី​មុខ​ដំណែង សង្គ្រាម​បាន​ចូល​មក​សន្ធិត​ដល់​មាត់​ទ្វារ​នៃ​ប្រទេស​ខ្ញុំ​រួច​ទៅ​ហើយ​ ដែល​កំពុង​តែ​ដេក​លក់​។ សង្គ្រាម​នេះ​វា​មក​ដល់​លឿន​ពន់​ប្រមាណ​ លឿន​ហួស​ហេតុ​ពេក​ណាស់​ ដែល​គេ​មិន​អាច​សន្និ​ដ្ឋាន​បាន​ថា វា​កើត​ឡើង​ដោយ​អែង​ៗ​។ សង្គ្រាម​នេះ​ដែល​ហក់​មក​ដល់​ប្រទេស​​កម្ពុជា​ដូច​រន្ទះ​បាញ់​កណ្ដាល​ថ្ងៃ​ត្រង់​ ដោយ​ជន​ជាតិ​ខ្មែរ​គ្មាន​ទាំង​មាន​ពេល​រៀប​ចំ​ខ្លួន​ប្រឈម​មុខ​ទៀត​ផង ជា​​រឿង​មួយ​មិន​គួរ​អោយ​យល់​បាន​សោះ អុប​មា​ថា, បើ​យោង​តាម​គំនិត​អ្នក​ផង​ កំហុស​នៃ​ការ​បង្ក​បង្កើត​កល្លិ​យុគ វា​បណ្ដាល​មក​ពី​អុត្តម​សេ​និយ​លន់-នល់​ (ការ​កាប់​សំលាប់​យួន)​ …ក៏​បណ្ដាល​មក​ពី​អ្នក​អង្គ​ម្ចាស់​ស៊ីសុវត្ថិ​ -​សិរិ​មតៈ​ (ការ​ទំលាក់​ស្តេច​សី​ហនុ)​។ ។

ប៉ុន្តែ​រឿង​នេះ​ គេ​អាច​យល់​បាន​ស្រួល​ណាស់​​ហើយ​លេច​ឡើង​​យ៉ាង​ច្បាស់​ត្រលែត​ទៀត​ផង​ បើ​អុបមា​ថា​សង្គ្រាម​នេះ វា​បាន​ផ្ទុះ​ឡើង​តាម​ឆន្ទៈ​របស់​វៀត​ណាម​ខាង​ជើង​។ គឺ​ពី​ព្រោះ​ថា សង្គ្រាម​នេះ​បាន​រៀប​ចំ​ធ្វើំ​ឡើង​យ៉ាង​ល្អិត​ល្អន់ តាម​ផែន​ការ​របស់​ហូ-​ជី​មិញ​។ ដោយ​ហេតុ​ថា សង្គ្រាម​បាន​ហក់​មក​ដល់​ប្រទេស​កម្ពុជា​ភ្លាម​មួយ​រំពេជ​ ប្រកប​ដោយ​ល្បឿន​នៃ​សេះ​​ប្រណាំង​ បន្ទាប់​ពី​ថ្ងៃ​១៨​មិនា ១៩៧០​ គឺ​មក​ពី​ថ្ងៃ​នេះ​ជា​ថ្ងៃ​ជ្រើស​រើស​របស់​ពួក​យួន​ឈ្លាន​ពាន​។ សង្គ្រាម​នីមួយ​ៗ មិន​ដែល​កើត​ឡើង​ដោយ​ចៃ​ដន្យ​នោះ​ទេ​។ ពួក​វៀត​ណាម​កុំ​មុយ​និស្ត​មាន​ល្បិច​កល ហើយ​ពូ​កែ​ធ្វើ​ការ​គន់​គូរ​អស្ចារ្យ​ ពួក​គេ​ពុំ​មាន​ពឹង​​ផ្អែក​ទៅ​លើ​ការ​ហេង​ស៊យ​ សូម្បី​តែ​បន្តិច​បន្តួច​ក៏​គ្មាន​ផង​។ គួរ​ជ្រាប​ថា នៅ​ពេល​នោះ​ ពុំ​មាន​កង​ទ័ព​អាមេ​រិកាំង​នៅ​ប្រទេស​កម្ពុ​ជា​នៅ​ឡើយ​ទេ​ ហើយ​បើ​ថ្ងៃ​ក្រោយ​មក​ កង​ទ័ព​នេះ​បាន​រត់​ចូល​មក​យ៉ាង “ប្រផាប់​ប្រភីង​” ក្នុង​ទឹក​ដី​កម្ពុជា​ ដែល​ត្រូវ​ឡោម​ព័ទ្ធ​ជុំ​ជ៉ិំត​ដោយ​ពួក​កុំ​មុយ​និស្ត​ទៅ​ហើយ​ គឺ​ព្រោះ​តែ​លោក​ប្រធានា​ធិប​តី និច​សុន​ បាន​ចូល​អន្ទាក់​របស់​គេ​។ ហើយ​នៅ​ក្នុង​ពេល​ជា​មួយ​គ្នា ដែល​ពួក​អា​មេរិ​កាំង​បាន​ត្រូវ​ចាញ់​បញ្ឆោត​នោះ​ សារ​ពត៌​មាន​បរ​ទេស​ទាំង​អស់​បាន​ត្រូវ​បង្វិល​ខួរ​ក្បាល​អស់​រលីង​រួច​ទៅ​ហើយ​ដែរ​។ ទោះ​ជា​យ៉ាង​ណា​ក្តី​ ពួក​អាមេ​រិកាំង​កំពុង​តែ​ស្វះ​ស្វែង​រក​ច្រក​ចេញ​ពី​អិណ្ឌូ​ចិន ចំនែក​ ពួក​វៀត​ណាម​វិញ​ បាន​ជ្រើស​រើស​យក​ដំណោះ​ស្រាយ​យោធា​រួច​ទៅ​ហើយ​ នៅ​ប្រទេស​កម្ពុជា​ គឺ​នយោ​បាយ​ធ្វើ​សង្គ្រាម​។ ពោល​គឺ​ពួក​គេ​បាន​ធ្វើ​សេច​ក្តី​សំរេច​តាំង​ពី​យូរ​ណាស់​មក​ហើយ​ ពុំ​មែន​ចេះ​តែ​ដើរ​ផ្សង​ព្រេង​ (ចូល​មក​ក្នុង​ស្រុក​ខ្មែរ​) ដោយ​ងងិត​ងងល់​…ទាំង​ខ្វាក់​នោះ​ទេ ​។

ដើម្បី​មាន​លទ្ធ​ភាព​បង្កើត​សឹក​សង្គ្រាម​បាន​នៅ​ប្រទេស​កម្ពុជា គេ​ត្រូវ​មាន​កត្តា​សំខាន់​ពីរ​យ៉ាង​ ដូច​នៅ​ក្នុង​គណិត​សាស្ត្រ​​ដូច្នោះ​អែង​ គឺ​កត្តា​ចាំ​បាច់​ (Une condition nécessaire) និង​កត្តា​គ្រប់​គ្រាន់​ (Une condition suffisante) ពួក​វៀត​ណាម​មាន​កត្តា​​ចាំ​បាច់​រួច​ទៅ​ហើយ​ ដោយ​ហេតុ​ថា​ពួក​គេ​មាន​កង​កំលាំង​សំរាប់​ប្រយុទ្ធ​ ២០០,០០០នាក់​ នៅ​ក្នុង​ទឹក​ដី​កម្ពុជា​។ ក៏ប៉ុន្តែ​ពួក​គេ​ក៏​មាន​នៅ​ក្នុង​កន្ដាប់​ដៃ​ នូវ​កត្តា​គ្រប់​គ្រាន់​ផង​ដែរ​ គឺ​សំដេច​សីហនុ​ មេ​ដំបែ​នៃ​លទ្ធិ​កុំ​មុយ​និស្ត​អាស៊ី​កិត្តិ​នាម​អន្តរ​ជាតិ​ ល្បិច​កល​គ្រប់​បែប​យ៉ាង​។ សំដេច​សីហនុ​មិន​ត្រឹម​តែ​បាន​ដើរ​តួ​ជា​ឈ្នាន់​របស់​ពួក​យួន​ប៉ុណ្ណោះ​ទេ គាត់​នេះ​ក៏​ធ្លាប់​ធ្វើ​ភ្នាក់​ងារ​ ប្រកប​ដោយ​បញ្ញា​ញាណ​របស់​វៀត​ណាម​កុំ​មុយ​និស្ត​ថែម​ទៀត​ (តាំង​ពី​កាល​ណា​មក ​ខ្ញុំ​គ្រាន់​តែ​អាច​សន្និ​ដ្ឋាន​ប៉ុណ្ណោះ ប្រ​ហែល​តាំង​ពី​សម័យ​ទាម​ទារ​អែក​រាជ្យ​នៃ​ឆ្នាំ​១៩៥៣ មក​ម៉្លេះ​ ប៉ុន្តែ​នេះ​ជា​រឿង​សំរាប់​សរ​សេរ​សៀវ​ភៅ​មួយ​ទៀត)​។ រហូត​ដល់​ចុង​ចប់​ សំដេច​បាន​ធ្វើ​ អោយ​ជន​ជាតិ​ខ្មែរ​ទាំង​មូល​ ស្ថិត​នៅ​ក្នុង​សភាព​អិត​គ្រឿង​អាវុធ​ការ​ពារ​ខ្លួន​។ ដោយ​ត្រូវ​ដង​ត្រូវ​ផ្លែ​ ជា​មួយ​នឹង​ផាំ-យ៉ាំង​ដុង​គ្រប់​ជំហាន​ ស្តេច​សីហនុ​បាន​បង្វិល​ខួរ​ក្បាល តាំង​ពី​រដ្ឋា​ភិបាល​ស្រោច​ស្រង់​ជាតិ​ ពួក​បណ្ដា​មុខ​មន្ត្រី ​និង​ ពួក​អ្នក​ចេះ​ដឹង​ខ្មែរ​ទាំង​អស់​ ដើម្បី​អោយ​ពួក​គេ​ធ្លាក់​ចូល​ទៅ​ក្នុង​សំណាញ់​របស់​យួន​ឈ្លាន​ពាន​ គឺ​ដូច​តែ​សត្វ​ត្រី​ ដែល​ល្មម​ដល់​ពេល​យក​ទៅ​ចៀន​បរិ​ភោគ​ដូច្នោះ​អែង​។

នៅ​ថ្ងៃ​ទី​២០​មិនា​១៩៧០, ប្រជា​ជន​ទាំង​ឡាយ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ មាន​សេច​ក្ដី​ភិត​ភ័យ​ញាប់​ញ័រ​ផ្អើល​ស្រ​លាំង​កាំង​ នឹង​ សេចក្តី​ស្លាប់​របស់​លោក​វរ​សេនិយ​អែក​សេង​-​ស៊ុន​ថៃ អគ្គ​នាយក​នៃ​ទី​ចំនាត់​ការ​ (Transmission) នៃ​កង​ទ័ព​ខ្មែរ​ដែល​ត្រូវ​គេ​ធ្វើ​ឃាត​ដោយ​អាថ៌​កំបាំង​។ គឺ​ជា​នាយ​ទាហាន​ជាន់​ខ្ពស់​ទី​១ ដែល​បាន​ត្រូវ​គេ​សំលាប់​ បន្ទាប់​ពី​ថ្ងៃ​ទី​១៨​មិនា​១៩៧០​។ ពួក​អ្នក​គាំ​ទ្រ​ស្តេច​សីហនុ​បាន​ចោទ​ថា​ គឺ​ពួក​លន់-នល់​ដែល​បាន​ប្រព្រឹត្ត​ឃាត​កម្ម​នេះ​ ដោយ​មក​ពី​ហេតុ​ថា លោក​លន់-​នល់ ស្អប់​លោក​សេង​-ស៊ុន​ថៃ​។ ចំនែក​ពួក​គាំ​ទ្រ​អុត្តម​សេនិយ​លន់-​នល់​បាន​ចោទ​ថា ជា​ទង្វើ​របស់​ពួក​ស្តេច​ ដោយ​ហេតុ​ថា​ សេង-​ស៊ុន​ថៃ​មាន​ខ្សែ​អាត់​សំងាត់​ដែល​ជា​បញ្ជារ​បស់​ស្តេច​សីហនុ​ អោយ​ពិឃាត​ពួក​រដ្ឋ​មន្ត្រី​របស់​រដ្ឋាភិ​បាល​លន់-​នល់​ទាំង​អស់ ជា​ពិសេស​គឺ​អ្នក​អង្គ​ម្ចាស់​ស៊ីសុវត្ថិ-​សិរិមតៈ​ ។ ប៉ុន្តែ​មាន​ពាក្យ​ចចាម​អា​រាម​ផ្សេង​ទៀត​ដែល​បាន​ចោទ​ថា​ គឺ​ពួក​យៀក​កុង​ទៅ​វិញ​ទេ​ ជា​អ្នក​សំលាប់​រូប​លោក​ ដោយ​ហេតុ​ថា​ លោក​សេង-​ស៊ុន​ថៃ​មាន​ជីវិត​រស់​នៅ​អបាយ​មុខ​។ គាត់​ចូល​ចិត្ត​ដើរ​លេង​កំសាន្ត​សប្បាយ​នៅ​ក្នុង​រង្គ​សាល​ ហើយ​មាន​ចិញ្ចឹម​ស្រី​កំណាន់​យៀក​ណាម​ជា​ច្រើន​នាក់​ទៀត​ផង​។

ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​គេ​ជ្រើស​រើស​យក​រូប​លោក​សេង-​ស៊ុន​ថៃ ដែល​ជា​នាយ​ទាហាន​មួយ​រូប​ពុំ​មាន​នរ​ណា​ស្គាល់​ផង​?​ ហេតុ​អ្វី បាន​ជា​គេ​មិន​បាន​ចាត់​ការ​លោក​សុស្តែន​-​ហ៊្វែរ​ណង់​ដែស រឺ​ …ក៏​លោក​អ៊ុំ-​ម៉ាណូ​រិន​វិញ​ទៅ​ ដែល​ជា​សសរ​ទ្រូង​ទាំង​​ពីរ​អង្គ​នៃ​របប​ផ្តាច់​ការ​និយម​របស់​ស្តេច​សីហនុ​?​ ឃើញ​ថា​ រដ្ឋ​ប្រហារ​នេះ​លេច​ឡើង​ជា​រឿង​កំប្លែំង​សុទ្ធ​សាធ​ (!!)​។ ថ្ងៃទី​២៣, ២៤, ២៥​មិនា​, ពួក​ជន​ជាតិ​ខ្មែរ​ហាក់​ដូច​ជា​នៅ​ដេក​លក់​ស្កប់​ស្កល់​នៅ​ឡើយ​។ ទិវា​រាត្រី​បាន​កន្លង​ទៅ​ដោយ​ស្ងាត់​ស្ងៀម​។ ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​ គ្មាន​អ្វី​កើត​ឡើង​សោះ​នៅ​ប្រទេស​កម្ពុជា​។ លោក​អុត្តម​សេ​និយ​លន់-នល់​គ្មាន​បាន​ធ្វើ​អ្វី​ ទាំង​អស់​ ក៏​ប៉ុន្តែ​នរ​ណាៗ​ក៏​បាន​សរ​សើរ​រូប​លោក​ថា​ ជា​អ្នក​មាន​ជោគ​ជ័យ​ក្នុង​ប្រការ​បាន​ធ្វើ បដិវត្តន៍​មួយ​ដោយ​គ្មាន​បង្ហូរ​ឈាម​។​ ក្រៅ​តែ​ពី​ការ​វាយ​ប្រហារ​ទៅ​លើ​ពួក​យួន​ដោយ​ពាក្យ​សំដីំ​ ពួក​រដ្ឋ​មន្ដ្រី​របស់​លន់-នល់​ ដោយ​ភ័យ​ខ្លាច​សំដេច​សីហនុ​ យាង​ត្រលប់​មក​វិញ​ ក៏​នៅ​ពួក​​សំងំ​ក្នុង​ប៊ុយ​រ៉ូ​របស់​ខ្លួន​ ដូច​សត្វ​ដែល​សំងំ​នៅ​ក្នុង​រូង​។ ចំពោះ​ពួក​ជន​ដែល​គេ​ចោទ​ថា បាន​ធ្វើ​រដ្ឋ​ប្រហារ​ គឺ​ជា​អាកប្ប​កិរិយា​មួយ​ដ៏​ចំលែក​ពន់​ពេក​។

រំពេជ​នោះ​, នៅ​ថ្ងៃ​ទី​២៦​មិនា​ មហន្ត​រាយ​ក៏​ស្រាប់​តែ​លាន់​សូរ​ខ្លាំង​​ប្រហែល​គ្នា នឹង គ្រាប់​បែក​ដែល​គេ​ពន្យារ​ពេល​អោយ​ផ្ទុះ​ ពោល​គឺ មាន​បាតុ​កម្ម​ប្រឆាំង​ នឹង រដ្ឋា​ភិបាល និង ការ​បះ​បោរ​ដ៏​កាច​សាហាវ​មួយ​នៅ​ខេត្ត​កំពង់​ចាម​ ដែល​បំផុស​បំផុល​ ឡើង​ដោយ​ពួក​ភ្នាក់​ងារ​យៀក​កុង​។ នៅ​ក្នុង​ការិ​យា​ល័យ​របស់​ខ្ញុំ​នៅ​ភ្នំពេញ​ ខ្ញុំ​បាន​ស្តាប់​សេច​ក្តី​រាយ​ការណ៍​របស់​អ្នក​ដំណើរ​ (ពីរ​បី​ថ្ងៃ​ក្រោយ​មក​)ដោយ​សេច​ក្តី​ស្លុត​រន្ធត់​បះ​សក់​ព្រោង​។ គឺ​ហាក់​ដូច​ជា​ពួក​យៀក​កុង​បាន​ធ្វើ​ការ​សង​សឹក​ចំពោំះ​ពួក​យើង​វិញ​ ដោយ​សង​ថ្នូរ​មួយ​ជា​១០០​ដូច្នោះ​អែង​។ ពួក​បាតុ​ករ​មាន​គ្នា​ច្រើន​ខ្នាន់​ខ្នាប់​ប្រមាណ​ជា​១សែន​នាក់​ ជិះ​ទូក​ឆ្លង​ទន្លេ​មេ​គង្គ​ ឡើង​ខ្មៅ​ងងិត​ ពី​ទន្លេ​បិទ​មក​កំពង់​ចាម​ក្រុង​។ នៅ​ក្រោម​ក្រសែ​ភ្នែក​ដ៏​ស្រលាំង​កាំង​ហួស​ចិត្ត​នៃ​ពួក​យោធា​ ដែល​បាន​ទទួល​ បង្គាប់​ពី​អគ្គ​មេ​បញ្ជា​ការ “មិន​អោយ​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​ប្រជា​ពល​ករ ដោយ​ប្រើ​គ្រឿង​អាវុធ​”, ពួក​ក្រុម​បះបោរ​ដែល​តាំង​ខ្លួន​ថា ជា​ពួក​ក្រុម​សីហនុ​និយម​ក៏​បាន​កាប់​សំលាប់​បង​ប្រុស​លោក​អុត្តម​សេនិយ​លន់​-នល់​ ឈ្មោះ​ លន់-និល នៅ​ចំការ​កៅ​ស៊ូ ជប់ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទន្លេ​បិទ ហើយ​ក៏​បាន​វះ​ពោះ​ពុះ​ដើម​ទ្រូង​អ្នក​តំំណាង​រាស្ត្រ​ពីរ​នាក់​ផង​ដែរ​ គឺ​លោក​គឹម-​ផុន និង​លោក សុស-សា​អុន​ នៅ​មុខ​សាលា​ខេត្ត​កំពំង់​ចាម​។ នៅ​ក្នុង​រយៈ​ពេល​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​សោះ​ ដោយ​រដ្ឋា​ភិបាល​លន់-នល់​ពុំ​ទាន់​ មាន​លទ្ធ​ភាព​ធ្វើ​អ្វី​ទាំង​អស់​ សន្តិ​ភាព​នៃ​ប្រទេស​កម្ពុ​ជា​ក៏​បាន​ធ្លាក់​រមៀល​ចូល​ទៅ​ក្នុង​សេច​ក្តី​វិនាស​អន្ត​រាយ​រួច​ជា​ស្រេច​។ ពួក​ក្រុម​ប្រជា​កសិករ​ ដែល​ប្រដាប់​ដោយ​កាំបិត​ផ្គាក់​គ្រប់​ដៃ ហើយ​ដែល​ត្រូវ​គេ​បញ្ច្រក​ស្រា​ស្រវឹង​ ទោះ​មិន​ដឹង​ខ្លួន​ក៏​ដោយ​ មាន​ក្រប​ខណ្ឌ​យួន​ជា​អ្នក​នាំ​អាទិ​ ក៏​ត្រូវ​បាន​កើន​ចំនួន​រីក​ធំ​ប៉ោង​ឡើង​ដូច​ទឹក​ជំនន់​ ហើយ​នៅ​ថ្ងៃ​ទី​២៧​មិនា​ក៏​បាន​ធ្វើ​ ដំនើរ​ឆ្ពោះ​មក​រដ្ឋ​ធានី​ភ្នំ​ពេញ​ដែល​កំពុង​តែ​ក្លាយ​ទៅ​ជា​ទី​ក្រុង​ដែល​ពួក​កុំមុយ​និស្ត​ឡោម​ព័ទ្ធ​។ នៅ​ទី​បំផុំត​ លោក​អុត្តម​សេនិយ​លន់-នល់​ក៏​បាន​សំរេច​បញ្ជា​អោយ​លោក​ស្រី-យ៉ា ​វរសេ​និយ​ទោ​ផ្នែក​កង​ឆ័ត្រ​យោង​អោយ​បំបែក​ការ​ឡោម​ព័ទ្ធ​នៃ​ពួក​​ក្រុម​បះ​បោរ​នៅ​ចុង​ស្ពាន​ជ្រោយ​ចង្វារ​ ដោយ​ធ្វើ​ការ​បាញ់​រះ​ទៅ​លើ​ពួក​ប្រជា​ជន ដែល​កំពុង​ឆេះ​រោល​រាល​ដោយ​ហឹង្សា​។ នេះ​គឺ​ជា​ការ​ឡោម​ព័ទ្ធ​ដ៏​មហា​បិសាច​របស់​ពួក​យៀក​កុង​។

នៅ​ពេល​នោះ ​សភាព​ត្រឹម​ត្រូវ​ស្រប​ច្បាប់​នៃ “រដ្ឋា​ភិបាល​ស្រោច​ស្រង់​ជាតិ​” របស់​លោក​អុត្តម​សេ​និយ​លន់-នល់ (ការ​បំផុស​បំផុល​ប្រជា​ពល​ករ​អោយ​ងើប​ឡើង​ធ្វើ​បាតុ​កម្ម​ដេញ​យួន​ឈ្លាន​ពាន តាម​បង្គាប់​បញ្ជា​របស់​ស្តេច​សីហនុ​) ក៏​ត្រូវ​បាន​ទទួល​បរាជ័យ​ធ្លាក់​ទឹក​ទាំង​ស្រុង​។ ប្រទេស​កម្ពុជា​បាន​រមៀល​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​រួច​ទៅហើយ​។ គឺ​ការ​បាញ់​រះ ​ឡើង​លើ​នេះ​អែង​ គ្រាប់​កាំ​ភ្លើង​ដ៏​ពិត​ប្រាកដ​ ហើយ​ដែល​គេ​មើល​ឃើញ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​ គ្រាប់​កាំ​ភ្លើង​ដែល​ហោះ​ហើរ​ ច្រវាត់​ដោយ​ភ័យ​ខ្លាច​ និង​ដោយ​ខ្វាក់​ ដែល​បាន​ចិញ្ចឹម​ការ​ឃោសនា​របស់​ខ្មាំង​យួន ដែល​បាន​ចោទ​របប​លន់​-​នល់​ថា ជា​រដ្ឋ​ការ​ “ឃាតករ​ហ្វា​ស៊ីស្ត​” ទៅ​លើ​ប្រជា​ជន​ខ្លួន​អែង​។ ប៉ុន្តែ​ការ​សំលាប់​ដ៏​រង្គាល​ព្រៃ​ផ្សៃ​ផ្សេង​ៗ​ទៀត ដែល​ប្រ​ព្រឹត្ត​ទៅ​លើ​ប្រជា​ជន​ស៊ីវិល​ខ្មែរ​ក្តី​យួន​​ក្តី ពុំ​មែន​ជា​ស្នា​ដៃ​របស់​រដ្ឋ​ការ​សាធារណ​ រដ្ឋអណ្ដែត​ទឹក​នោះ​ទេ​។ គឺ​ដូច​ជា​នាវា​មួយ​ឃ្លេង​ឃ្លោង​រក កល​នឹង​លិច​, រដ្ឋាភិ​បាល​នេះ ក៏​ដូច​ជា​អគ្គ​មេ​បញ្ជា​ការ​របស់​ខ្លួន​ដ៏​ទន់​ភ្លន់​ និង​យល់​សប្តិ​យល់​សូង​ ដែល​ចេះ​តែ​ពី​រត់​តាម​ក្រោយ​ ព្រឹត្តិ​ការណ៍​ប៉ុណ្ណោះ ​គឺ​មិន​ត្រឹម​តែ​មិន​មែន​ជា​រដ្ឋា​ភិបាល​ព្រៃ​ផ្សៃ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ពុំ​មាន​មធ្យោ​បាយ​ និង ពេល​វេលា​គ្រប់​គ្រាន់​ ដើម្បី​ព្រឹត្តិ​ការណ៍៍​ពិឃាត​រង្គាល​ឆ្គួត​ៗ ​ទៅ​លើ​ប្រជា​ជន​វៀត​ណាម​​កាតូ​លិក​ផង​ទៀត​។ ពី​ព្រោះ​ការ​ប្រហារ​ជីវិត​មនុស្ស​ ទាំង​ហ្វូង​ទាំង​ហ្វាយ​នេះ ដែល​កើត​មាន​ឡើង​ភ្លាម​បន្ទាប់​ពីការ​ទំលាក់​ស្តេច​សីហនុ​ ក៏​បាន​បង្កើត​អោយ​មាន​សេច​ក្តី​ខ្ពើម​រអើម​ ហួស​ប្រមាណ​ពី​សំណាក់​ក្រុម​បញ្ញា​វ័ន្ត​ឆ្វេង​និយម​អន្តរ​ជាតិ​ ចំពោះ​រដ្ឋា​ភិបាល​លន់​-នល់​ ដោយ​គេ​បាន​សន្និដ្ឋាន​ថា អុក្រឹដ្ឋ​កម្ម ​នេះ​ វា​រាល​ដាល​ចេញ​មក​ពី​បាតុ​កម្ម​វាយ​ស្ថាន​ទូត​យួន​កុំមុយ​និស្ត​ទាំង​ពីរ​។

ក៏ប៉ុន្តែ​នៅ​ក្នុង​ប្រការ​ដែល​ថា ពួក​យួន​ដែល​ត្រូវ​ សំលាប់​នៅ​ក្នុង​ជួរ​ដំបូង​ និង ជួរ​ទី​២ គឺ​សុទ្ធ​សឹង​តែ​ជា​ពួក​វៀត​ណាម​កាតូ​លិក​ ព្រម​ទាំង​ពួក​ប្រឆាំង​នឹង​កុមុយ​និស្ត​ទៀត​ផង​។ ការ​ប្រហារ​ទាំង​នេះ​ក៏​បាន​ប្រទាញ​ជា​លទ្ធ​ផល​ចុង​ចប់ នូវ​អមិត្ត​ភាព​ដ៏​ជ្រាល​ជ្រៅ​ពី​ពួក​ស្តាំ​និយម​ថែម​ទៀត​។ តែ​ក្នុង​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​សោះ​ លោក​អុត្តម​សេ​និយ​លន់-នល់​បាន​ប្រទាញ​អោយ​ធ្លាក់​មក​លើ​ខ្លួន​លោក​ នូវ​ការ​ផ្តន្ទា​ទោស​របស់​ពិភព​លោក​ទាំង​មូល​។ រឿង​នេះ វា​ច្បាស់​ជា​ពុំ​មែន​រូប​លោក​ទេ​ដែល​ជា​បុព្វ​ហេតុ​ដើម​។ រដ្ឋាភិ​បាល​របស់​លោក​មាន​ការ​ភិត​ភ័យ​បារម្ភ តែ​ចំពោះ​ការ​វិល​ត្រលប់​មក​វិញ​របស់​សំដេច​សីហនុ​ ហើយ​មាន​អាកប្ប​កិ​រិ​យា​ត្រឹម​តែ​លាក់​ខ្លួន​ពួន​សងំ​តែ​ប៉ុណ្ណោះ​អែង​។ ខ្ញុំ​សូម​លើក​យក​អត្ថ​បទ​ខ្លះ​ៗ​របស់ «Réalités Cambodgiennes» សារពត៌​មាន​រដ្ឋ​ប្រចាំ​សប្តាហ៍៍​ ជា​ភាសា​បារាំង ចេញ​ផ្សាយ​នៅ​ថ្ងៃ ៥​មេសា​ ១៩៧០ នៅ​ក្រុង​ភ្នំពេញ ដែល​លាត​ត្រដាង​បង្ហាញ​អំពី​ព្រឹត្តិ​ការណ៍​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​បន្ទាប់​ពីថ្ងៃ​ ១៨​មិនា​១៩៧០​, ដើម្បី​គ្រាន់​តែ​បង្ហាញ​ថា វា​មាន​ពេល​វេលា​អស​កម្ម​ភាព​មួយ​រយៈ​ដ៏​ធំំ (un temps mort) បន្ទាប់​ពី​រដ្ឋ​ប្រហារ ដែល​គេ​បាន​ចោទ​អុត្តម​សេនិយ​លន់-នល់​ ថា​ជា​អ្នក​បាន​ប្រព្រឹត្ត​។ ដូច្នេះ​គេ​បាន​វិនិច្ឆ័យ​បាន​ក្នុង​ភាព​ក្តៅ​ៗ នូវ​សកម្ម​ភាព​នៃ​រដ្ឋា​ភិបាល​មួយ​ ដែល​គេ​ចាត់​ទុក​ថា​ជា “បដិ​វត្តន៍៍” ហើយ​ដែល​ត្រូវ​មាន​លទ្ធ​ភាព​បង្កើត​ស្ថា​ប័ន​នៃ​សាធារ​ណរដ្ឋ​។ គេ​បាន សង្កេត​ឃើញ​ថា លោក​អុត្តម​សេ​និយ​អគ្គ​មេ​បញ្ជា​ការ​កង​ទ័ព ព្រម​ទាំង​នាយក​នៃ​រដ្ឋា​ភិបាល​បាន​ស្ថិត​នៅ​ក្នុង​សភាព​ស្ងៀម​ស្ងាត់​ និង អស​កម្ម​នៅ​ចំពោះ​មុខ​ទំហំំ​ធំំ​ធេង​នៃ​ព្រឹត្តិ​ការណ៍​កំបុត​ត្បូង​ រី​អែ​ចំណាត់​ការ​ទាំង​ប៉ុន្មាន​ វា​វិល​ចេញ​មក​ពី​ពួក​ខាង​ម្ខាង​ទៅ​វិញ​សោះ​ គឺ​សំដេច​សីហនុ​និង​ពួក​យៀក​កុង​។

គេ​បាន​សង្កេត​ឃើញ​ផង​ដែរ​ថា រយៈ​ពេល​ពីរ​សប្តាហ៍​បាន​កន្លង​ផុត​ទៅ​ហើយ​ បន្ទាប់​ពី​ការ​ទំលាក់​សំដេច​សីហនុ​ពីមុខ​តំណែង ក៏​ប៉ុន្តែ​នៅ​ក្នុង​ទំព័រ​ពាណិ​ជ្ជ​កម្ម​មួយ​នៃ Réalités Cambodgiennes (ដែល​ជា​សារ​ពត៌​មាន​របស់​រដ្ឋាភិ​បាល) ចុះ​ថ្ងៃ ទី​៤​មេសា ១៩៧០ មាន​បង្ហាញ​រូប​សំដេច​សីហនុ​ព្រះ​ប្រ​មុខ​រដ្ឋ​ និង រូប​ព្រះ​មហាក្ស​ត្រីយានី​កុសុមៈ​ ជា​ព្រះ​មាតា​ជាតិ​។ ព្រឹត្តិ​ការណ៍​ដ៍​តូច​​មួយ​នេះ ដែល​គេ​អាច​មើល​រំលង​បាន​យ៉ាង​ស្រួល​ (ប្រហែល​បើ​គេ​មិន​ផ្តោត​អារម្មណ៍៍​) បាន​ធ្វើ​អោយ​ផ្ទុះ​លេច​ចេញ​ឡើង​នៅ​​ក្នុង​ស្ថាន​ភាព​លក្ខណៈ​ដ៏​សែន​កំសត់​អស្ចារ្យ​ អំពី​សេច​ក្តី​ស្មោះ​ត្រង់​ និង​ សភាព​អិត​ទោស​ពៃរ៍​ របស់​រដ្ឋា​ភិបាល លន់-នល់ ទាក់​ទង​នឹង​ “រដ្ឋ​ប្រហារ​នៃ​ថ្ងៃ​១៨​មិនា​១៩៧០”​។

រដ្ឋា​ភិបាល​នេះ​ មិន​ដែល​បាន​ទទួល​យល់​ព្រម​យក​ពាក្យ​ថា “រដ្ឋ​ប្រហារ​” នោះ​ឡើយ​ តែ​បាន​និយាយ​ថា​ជា “ព្រឹត្ដិ​ការណ៍​នៃ​ថ្ងៃ​ទី​១៨​មិនា​” ​។ ម៉្លោះ​ហើយ​ដោយ​លោក​អុត្តម​សេនិយ​មិនមែន​ជា​អ្នក​ដើម​ចម​ នៃ​រដ្ឋ​ប្រហារ​ លោក​ក៏​មិន​បាន​ធ្វើ​ពិធី​ “កាប់​សំលាប់​យួន​” ជា​មួយ​គ្នា​នោះ​ផង​ដែរ​។ អុក្រិដ្ឋ​កម្ម​ទាំង​ពីរ​មុខ​នេះ​ មិន​មែន​រូប​លោក​ទេ​ជា​អ្នក​ប្រព្រឹត្ត​។ ដោយ​ហេតុ​ថា ព្រឹត្តិ​ការណ៍​ទាំង​ពីរ​នេះ​ត្រូវ​ចង​ជាប់​គ្នា​ ជា​បុព្វ​ហេតុ​ចាំ​បាច់​ ដែល​ជំពាក់​វាក់​វិន​គ្នា​ ចាក់​ស្រេះ​បណ្ដាល​អោយ​មាន​សង្គ្រាម​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ ម៉្លោះ​ហើយ​គឺ​ជា​រឿង​ព្រឹត្ដិ​ការណ៍​ដែល​បាន​ត្រូវ​រៀប​ចំ​ឡើំង​ យ៉ាង​ល្អិត​ល្អន់​ ដោយ​កង​កំលាំង​តែ​មួយ​ដែល​គេ​មើល​មិន​ឃើញ​ ហើយ​ដែល​តែង​លាក់​ខ្លួន​គ្រប់​ពេល​វេលា​ នៅ​ពី​ក្រោយ​ខ្នង​សំដេច​សីហនុ​ គឺ​ពួក​វៀត​ណាម​កុំមុយ​និស្ត​។

អុក្រិដ្ឋកម្ម​តែង​តែ​ផ្តល់​ចំណេញ​ទៅ​អ្នក​ប្រព្រឹត្ត​ ហើយ​សង្គ្រាម​នេះ​មិន​បាន​ផ្តល់​។ ចំ​ណេញ​ទាល់​តែ​សោះ​ទៅ​ដល់​ជន​ជាតិ​ខ្មែរ​។ ពួក​យួន​ខាង​ជើង​បាន​បាញ់​ប្រហារ​ពួក​វៀត​ណាម​កាតូលិក​ទំលាក់​ទឹក​រួច​ហើយ ក៏​លើក​យក​អុក្រឹដ្ឋ​កម្ម​នេះ​ទំលាក់​ទៅ​លើ​លោក​លន់​-នល់​​, ភ្លាម​បន្ទាប់​ពី​បាតុ​កម្ម (វាយ​ស្ថាន​ទូត​យួន​) នៃ​ថ្ងៃ​ទី​១១​មិនា​ ១៩៧០, ជា​សញ្ញា​អោយ​កង​ទ័ព​យួន​ចូល​លុក​លុយ​រាត​ត្បាត​ប្រទេស​កម្ពុជា​ ពី​ព្រោះ​គឺ​ជា​សញ្ញា​មួយ​ដ៏​ពិត​ប្រាកដ​ណាស់​ (!!)​។ គឺ​ទំនាក់ ​ទំ​នង​ សភាព​ជំពាក់​វាក់​វិន​រវាង​ព្រឹត្តិ​ការណ៍​ពីរ​ដែល​ផ្ទុះ​ឡើង​នៅ​ពេល​តំណាល​គ្នា​ ការ​ទំលាក់​សំដេច​សីហនុ​ពី​មុខ​តំណែង​ និង​ការ​សំលាប់​យួន​នេះ​​ហើយ​ គឺ​ជា​​បរិយោ​សាន​, ចំនុច​ចុង​ក្រោយ​, គន្លឹះ​ដសំ​ខាន់​ជាង​គេ​បំផុត​នៅ​ ក្នុង​មហា​អាថ៌​កំបាំង​នៃ​ប្រវត្តិ​សាស្ត្រ​១៨​មិនា​, ជា​កូន​សោរ​សំរាប់​មួល​បើក​គ្រប់​ច្រក​ទ្វារ​នៃ​សេច​ក្តី​ពិត​ ហើយ​ដែល​បាន​របូត​គេច​ផុត​ពី​ក្រសែ​ភ្នែក​របស់​ខ្ញុំ​ចំនួន​ក្បែរ​ ៣០​ឆ្នាំ​មក​ហើយ​។ ទំនាក់​ទំនង​ខាង​លើ​នេះ​បាន​បង្ហាញ​អោយ​ឃើញ​ថា​ របាំ​រេ​រាំ​​សំរាប់​ប្រល័យ​ពូជ​សាសន៍​ នៅ​ប្រទេស​កម្ពុជា​ បាន​ត្រូវ​គ្រោង​រៀប​ចំឡើង​យ៉ាង​ម៉ត់​ចត់​ក្រៃ​លែង​ដោយ​ពួក​ជន​ជា​តិយួន​។ ចំនែក​ជន​ជាតិ​ខ្មែរ​ទាំង​អស់​ គ្រាន់​តែ​បាន​ធ្លាក់​ចូល​ក្នុង​ល្បិច​កល​របស់​គេ​ (គឺ​បាន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​ស្តេច​សីហនុ​ ដែល​គ្រាន់​តែ​ជា​ទីង​មោង​របស់​ ផាំ​យ៉ាំង​ដុង​)​។

យើង​អាច​ធ្វើការ​សន្និ​ដ្ឋាន​បាន​ថា ប្រសិន​បើ​គ្មាន​ការ​ដួល​រលំ​សំដេច​សីហនុ​នោះ​ទេ ប្រទេស​ចិន​ច្បាស់​ជា​មិន​អនុញ្ញាត​ អោយ​ពួក​យួន​កុំមុយ​និស្ត​ធ្វើ​សង្គ្រាម​ទៅ​លើ​ជន​ជាតិ​ខ្មែរ​សោះ​ឡើយ​។ ប៉ុន្តែ​សង្គ្រាម​នៅ​ប្រទេស​កម្ពុ​ជា គឺ​ជា​“ព្រឹត្តិ​ការណ៍៍ ប្រវ​ត្តិ​សាស្ត្រ” ចាំ​បាច់​ត្រូវ​តែ​បង្កើត​ឡើង យោង​តាម​បណ្ដាំ​ហូ-ជីមិញ​។

យួន​មិន​អាច​ចៀស​វាង​មិន​ធ្វើ​សង្គ្រាម​នេះ​បាន​ទេ​ ពី​ព្រោះ​យួន​វា​ត្រូវ​ការ​សង្កើត​សហព័ន្ធ​កុំមុយ​និស្ត​អិណ្ឌូ​ចិន​មួយ​ដ៏​រឹង​ប៉ឹង​មាំ​មួន ដើម្បី​ទប់​ទល់​នឹង​ប្រទេស​ចក្រពត្តិ​ចិន​។ ម៉្លោះ​ហើយ​ការ​ដួល​រលំ​របស់​សំដេច​សីហនុ​ ដែល​មើល​ទៅ​ហាក់​ដូច​ជា​គ្រោះ​ថ្នាក់​នយោបាយ​ …ជា​ចំណង់​នៃ​ព្រហ្ម​លិខិត​ តាម​ពិត​ គឺ​ជា​ចំណង់​របស់​ជន​ជាតិ​យួន​សោះ​។ ព្រឹត្តិ​ការណ៍​នេះមិន​អាច​បង្កើត​ឡើង​ …ផ្ចុង​ផ្តើម​ដោយ​ថៅ​កែ​ណា​ម្នាក់​ក្រៅ​ពី​ជន​ឈ្មោះ ផាំ-យ៉ាំង​ដុង នោះ​អែង​។ ព្រឹត្ដិការណ៍​នៃ​ការ​ដួល​រលំ​ខាង​លើនេះ​ ដែល​ដើរ​ស្រប​តាម​ខ្សែ​គោល​ការណ៍​នយោ​បាយ​របស់​ជន​ជាតិ​យួន ក៏​បាន​យក​ជ័យ​ជំនះ​ទៅ​លើ​ការ​រា​រែក​របស់​ប្រទេស​ចិន ក្នុង​ប្រការ​រុញ​ច្រាន​ប្រទេស​កម្ពុជា អោយ​ធ្លាក់​ចូល​ក្នុង​ថ្លុក​ឈាម​នៃ​វិនាសកម្ម​។