ចំរៀងចាប៉ី
ដោយបណ្ឌិតសាស្ដ្រាចចារ្យ
កេង វ៉ាន់សាក់
Prof.Dr. Keng Vannsak
ថ្ងៃសៅរ៍ ទី18.ឧសភា 2019.ម៉ោង 7:13

ចំរៀងចាប៉ី
កេង វ៉ាន់សាក់
អន្ដ្រែងអន្ដ្រែងក៎ល៉ិតតក្ដអែងអន្ដ្រែងអោយគេ
អោយអេងក៎ល៉ិតនៅក្ដិតទទេអន្ដ្រែងអោយគេ
ស៊ីមេស៊ីកូន។
អន្ដ្រែងចំបាំងក៎ល៉ិតតតាំងស្លាប់បងស្លាប់ប្អូន
ឪម៉ែមីងមាជីលាតាដូនខ្មែរអើយសាបសូន្យ
រំដោះពីអី?។
វ៉ើយ វ៉ើយឪយើងគាត់អួតកន្ទើងថាមានបារមី
ឈ្នោះខ្មែរគ្នាអែងអន្ដ្រែងក្រញីសល់តែទឹកដី
អោយយួននៅស្រួល។
អន្ដ្រែងអន្ដ្រែងឪដេកអេះស្រែងកង្កែបជ្រើមជ្រួល
ដេកអេះស្រុកគេធើមេស៊ីឈ្នួលនាំគេមកស្រួល
ស៊ីទឹកដីខ្មែរ។
អន្ដ្រោយអន្ដ្រែងមើលអស់អាដែងអួតអែងពូកែ
នាំជាតិរំដោះពីពោះពូជខ្មែរអោយអស់សល់តែ
ពួកវាខ្ញុំគេ។
វ៉ើយវ៉ើយ«កម្មរ៉ាត»ពួកយើងស្អំស្អាតមិនលួចគេទេ
លួចអីធនធានច្បាំងបានទទេរម្ចាស់វាអត់ជេរ
យើងខ្វៃវាហ្មត់។
អន្ដ្រែត់អន្ដ្រែងស្រណោះកន្លែងផ្ទះខ្ទមកំសត់
គោស្រែឆ្កែឆ្មាគេថាអោយអត់អស់ទ្រព្យទើបបត់
បែរកែខ្មែរថ្មី។
អន្ដ្រៃអន្ដ្រែងស្រែស្រូវហួតហែឈាមក្រាលផែនដី
ហូរហាចរំដោះដាមពោះដំរីទើបបានសេរី
ធើខ្មែរខ្មោចខ្មុក។។
វ៉ើយអ្នកកំប្លែងក្រីក្រអំបែងអណ្ដែតចាក់ស្មុក
លីគ្រាប់អោយយួនវាពួនបែនបុកងាប់ក្រក្រាញមុខ
ឈាមជីដាំស្រូវ។
ជយោអ្នកស្រុកគេហ៊ានឈមមុខស្លាប់ជួសស្ដេចឪ
អោយតែបានទ្រអាភរអស់ផ្លូវអ្នកស្រុកតែងត្រូវ
គ្រប់ជួសឪ-យួន។
អន្ដ្រែងអីអីស្រេចលើសេរីរាស្ដ្រទាសដឹងខ្លួន
សប្បាយគេត្រួតបានអួតក្រអួនអាង«អុង»ចិនយួន
ឈឺអីសត្វទា។
អន្ដ្រែងចាំមើលកុំទាន់ព្រើតព្រើលមើលងាយប្រជា-
ជនខ្មែរអស្ចារ្យសង្ហាការពារអាញ៉ឺង-អាហ៊ា
អាណាអោយថ្លៃ។
អន្ទ្រីអន្ដ្រែងសងសឹកគ្នាអែងលេងអោយអស់ដៃ
ខ្មែរសល់តិចទេសាសន៍គេកន្ទៃញិចខ្មែរដូចចៃ
ទុកតែមេមេ។
អន្ដ្រែងកូនកូនពូជខ្មែសាបសូន្យចៅហ្វាយស្រួលទេ
ឆាប់ណាស់ផ្លាស់អាវធ្វើបាវសាសន៍គេដៃដល់ផ្គាប់មេ
បង្ក្រាបគ្នាអែង។
វ៉ើយវ៉ើយ«កម្មរ៉ាត»កាប់កោរពីបាតអោយជាតិហួតហែង
ភ្លេចទៅយួនខ្មែររស់តែអែកអែងរឿងអីចំបែង
ឈាមខ្មែររលួយ។
អន្ដ្រែងអន្ដ្រាសខ្មែរអើយបំរាសងាប់ហាលរងួល
យួនចិនមកចោះមកដោះមួយមួយច្រើនហើយសឹមពួយ
ពឹតអស់ស្រុកខ្មែរ។
ក្បត់ហើយឆោតទៀតក្បត់ហើយចោលម្សៀតល្ងើកល្ងង់តែវ៉េ
សូត្រតែតាមគ្នាគ្រូវាបត់បែរអោយស្អប់ជាតិខ្មែរ
ពិតពូជអ្នកជា
ម្ដេចឡើយជួជាតិទាបថោកមារយាទស៊ីសាច់គ្នីគ្នា
គេចេះឈប់ច្បាំងឈប់សាំងដើរទាខ្មែរវិញស្មាលា
កុំជាគ្នាបាន។
អន្ទ្រីតអន្ដ្រែងរឿងខ្មែរសែនវែងរឿងអីមិនមាន
តែរឿងគម្ពីរវក់វីរុករានចង់ច្បាំងចង់ឃ្លាន
គឺសូត្រតាមគេ។
អន្ដ្រែងចូលខ្លួនចងចិត្ដគំគួនសូត្រសែបបំពេ
ជក់វក់ប្រកាន់ជិះជាន់ជែញជេរអស់ហើយរិះរេ
ស្រេចគេបត់បែន។។
នេះទេព្រះអញត្រះអែងអញបាញ់កាប់កាច់កៀរកែន
សាហាវពេញខ្លួនគំកួនពួនណែនសំលាប់រាប់សែន
អិតញញើតដៃ។
អន្ដ្រាក់អន្ដ្រែងញាក់ដៃខ្លួនអែងឬមួយកន្ទៃ
គេញល់ញាក់អោយពីក្រោយគេវ៉ៃ អាណាគាស់កៃ
អានោះក្បត់ខ្មែរ។
លបលាក់នៅស្ងៀមគ្នាគ្រាន់ទ្រីមទ្រៀមសំលាប់គ្នាដែរ
ក្រពលពោរឈាមដេញតាមឪម៉ែដុតផ្ទះដុតស្រែ
អោយតែទាស់ចិត្ដ។
ទាស់តែក្រាបក្រោមទុលក-ន្ថោរផោមបានបុណ្យក្រោមក្ដិត
ក្រោមល្អងធូលីមូលមីរលូនលិតហែហមអមហិត
គំរង់បារមី។
អន្ដ្រីបអន្ដ្រែងរដ្ឋរាស្ដ្រតាក់តែងរបបច្បាប់ថ្មី
ក៏ទាស់ចិត្ដវាអាទាគិតខ្លីស្រប៉ាបក្រាបដី
ក្រញ៉រាស្ដ្រវិញ។
អន្ទ្រមអន្ដ្រែងខ្លបខ្លាចគម្ដែងគេទរគេទិញ
គែទឹមទាក់កអ្នកក្រស្ងោរស្ញេញធើជើងគេវិញ
ស្រួលជាន់អ្នកជា។
ខ្មែរសង់អង្គរគេមិនទ្រមទ្រជើងស្ដេចលីលា
គេឃើញជើងធាក់គឆ្លាក់ប្រាប់គ្នាកុំអោយដើរទា
សុំទានជាត្រើយ។
កូនអើយជឿទៅ ឪជាប់ប្រឡៅអេះស្រែងអើងអើយ
អោយតែបានទាអាហ៊ាស៊ីហើយ លក់អស់កោះក្រើយ
លក់ «កម្ម-ម៉ារ៉ាត»។
អន្ទ្រាក់អន្ដ្រែងតាំងលក់គ្នាអែង ហែកកេរសំរាត
អមួយចោទមួយរលួយលុងបាត ចាញ់ហើយអាម្ហាត
អាត្រែងអីទៀត?។
វ៉ើយវ៉ើយអា ឪដឹងដែរអស់ផ្លូវនៅតែឈ្លបឆ្លៀត
សំលាប់ជាតិខ្មែរអោយតែឪទៀតលឺឈ្មោះចោលម្សៀត
ក្បត់ជាតិលាំងលាំង។
អ្នកណាអួតខ្លួនធ្វើខ្មែរពាក់ដួនទីងទរកំលាំង
កាត់ផ្លូវកាត់ស្ពានអួតហ៊ានតតាំងលបលួចកំបាំង
បាញ់ខ្មែរក្រោយខ្នង។
លប់លាក់បានអីលីលុបផែនដីជាប់ហើយចំណង
ខ្ចីលុយអាចឹកវាកឹកអោយសងបានស្រុកណាបង
សងលុយថៅកែ។
«ក្រហម»ឈាមច្រាលហែហមភូបាលពើតពើងពូកែ
ម៉េចមកខកខ្លួនពឹងពួនឆើតតែដៃជើងថៅកែ
កន្ទៃទះក្បាល។
អន្ដ្រាញ់អន្ដ្រែងក្នាញ់ណាស់អាដែងមិនចុះរាងចាល
ប្រមង់ប្រមាត់ស្ដេចចាត់បាវបាលខ្វេះខ្មែរក្រសាល
ផ្គាប់ស្ដេចស្រុកចិន។
ស្ដេចខ្មែរ-ស្ដេចអួចអោយតែរាជរួចស៊ីសោយបង្ហិន
ប្រមាត់ខ្មែរមួយខ្វេះជួយចិនព្រិនថ្វាយស្ដេចក្រុងចិន
ធ្វើថ្នាំចិនសែ។
វ៉ើយវ៉ើយ«ក្រហម»អើត ក អេះកមអាញ៉ឺងណាស់ដែរ
«កំពុបតែអុង!»គេប្រុងអែងប្រែខួរអីដុះស្លែ
មិននឹកឃើញសោះ?។
អន្ដ្រែងអន្ដ្រែស្រុកក្រមិនក្រែងយក ក្រ មកដោះ-
អ្នកក្រ អោយស្មានថាបានពេញពោះឈប់ឈ្លើមលែងឈ្លោះ
ចង់រស់តាមចិត្ដ។
ខិតខំចេះអីពូកែស៊ីដីធើទាជាប់ក្ដិត
នោះទើបគាប់គុណបានបុណ្យក្លឹកក្លឹកតាមចិនរកពិត
ពមពាក្យអាចឹក។
ល្បើមណាស់កនអញ អំណាចលើបាញ់កៀរកែនគគឹក
ព្រះគ្រូបង្រៀនរបៀបភ្លើភ្លឹកគម្ពីរអាចឹក
ខ្មាស់អីខ្មែរលី!។
ពឹងគេធើខែងលុះលុបជាតិអែងគម្ពីរអ្នកជី
អ្នកជាតិខ្មែរសុតតាមដុតញក់ញីរក្រោមល្អងធូលី
ចិន ក្លឹង ធ្វើហ្ម។
ដឹងទេខ្មែរខមពូចពិតក្រហមអ្នកតាស្បង់ស
កគាត់ក្រហមចិត្ដខមខំល្អធ្លាប់បូនបើកបរ
នាំជាតិខែងរ៉ែង។
មេបូន-បារាយបាលើកបន្ទាយបាគោង-បាខែង
បាយ៉ូនបូនឡើងថ្កុំថ្កើងក្ដាត់ក្ដែងម៉េចធើឆែង-ម៉ែង
អន្ដ្រែងក្លិតក្លិត?។
អន្ដ្រែងអន្ដ្រែងចាប់ចងគ្នាអែងអ្នកថ្លែងពាក្យពិត
អោយតែគម្ពីរគេវីគំនិតចិន-ក្លឹង ល្អល្អិត
ខ្មែរវិញទាបថោក។
អន្ដ្រោះអន្ដ្រែងស្រណោះចារចែងពីជាតិកោកកោក
មិនដឹងអីទេគេជេរគេបោកអោយពាក់ត្រដោក
បន្ថោកខ្មែរដើម។