គុកកាមកិលេស
ដោយបណ្ឌិតសាស្ដ្រាចារ្យ
កេង វ៉ាន់សាក់
Prof.Dr. Keng Vannsak
ចំណាត់ផ្សាយលេខ

ថ្ងៃសៅរ៍ ទី30.មីនា 2019.ម៉ោង 9:32

គុកកម្មជីវិត
កេង វ៉ាន់សាក់
ព្រលឹងមាសអើយយប់យន់ទៀតហើយអូនគេងកំព្រា
យល់សប្ដិម្នាក់អែងរឹងរែងរងាបងរងវេទនា
បង់បាត់សេរី។
យប់នវល្អណាស់ព្រះចន្ទត្រចះចាំងចោលរស្មី
ចូលតាមបង្អួចនឹកព្រួចដល់ស្រីមកថ្នមបមបី
បងស្បើយទុក្ខា។
អូនអើយបើបងមិនជាប់ចំណងខែភ្លឺកាលណា
បងនាំត្រាណត្រើយរំហើយកាយាថែថើបបុប្ផា
រីករះពេលយប់។
ពេលនេះថែថប់ដូចក្នុងប្រអប់ជញ្ជាំងសន្ធប់
ដាច់ពីលោកាសង្ខារហាក់ឈប់គុកដូចគេទប់
អោយឈប់បង្អង់។
ក្នុងគុកស្ងាត់ឈឹងតែសូរទ្រហឹងស្រេកឃ្លានចំណង់
ដើររកកំសាន្ដជិះឡានជិះកង់តាមផ្លូវត្រាច់ត្រង់
ស្វែងរកសប្បាយ។
ដង្ហើយលោកិយហូរតាមវីថីរឺសើចក្អាកក្អាយ
ក្នុងកែវសុរាទៀមផ្សារលក់បាយសើចតាមស៊ីចាយ
ច្រៀងរាំស្រីញី។
ហូរគ្រប់តំបន់មិនចេះបង្អន់ស៊ីជុះជុះស៊ី
ភ័យខ្លាចខ្លះដែរប៉ុន្ដែមមីខំរស់វក់វី
ពុំដឹងខ្លួនឡើយ។
យប់ថ្ងៃថ្ងៃយប់ស៊ីជុះមិនឈប់ឃ្លានគ្មានកោះត្រើយ
ទុក្ខព្រួយយ៉ាងណាឆ្លេឆ្លាដោះហើយរស់ទៀតមិនស្បើយ
ស្រាកស្រាន្ដស្រវឹង។
ស្លាប់កើតវរវឹកហូរហែគគឹកអិតឈប់សំលឹង
ដឹងតែស្រេកឃ្លានបើគ្មាននោះខឹងភ័យភិតកំហឹង
ឆេះឆាបជានិច្ច។
អ្នកមានសេរីជាប់ក្នុងលោកិយហាក់ដូចជាភ្លេច
បើគិតពីព្រួយបានមួយរំពេចរឺមួយបំភ្លេច
ព្រោះខ្លាចខ្លួនអែង។
បើគិតឃើញគ្រប់ទុក្ខព្រួសន្ធប់ក្រប់ទីកន្លែង
ពីផ្ទះបាយទឹកគិតនឹកចំបែងឃើងតែកំពែង
ព្រួយព័ទ្ធជុំវិញ។
កើមមកទឹកភ្នែករស់តាមយំយែកទារលេងទារនំ
ឈឺចាប់ខ្វះខាតសង្វាតដល់ធំស្រលាញ់ទួញយំ
ព្រាត់ប្រាសតាមជាប់។
ងាកទៅខាងណាជរាពិការមានជាទំលាប់
មានគុកមានគិញពាសពេញមានទ័ពកាំភ្លើង និង គ្រប់
ការពារជីវិត។
ព្រោះថាសប្បាយសំណើចក្អាកក្អាយក៏មិនថេរឋិត
ផ្លាស់ប្ដូរជានិច្ចបើភ្លេចក៏ចិត្ដផ្លាស់ភ្លេចជាគិត
ចង់បានឡើងវិញ។
ឃើញតែផ្លាស់ប្ដូរប្រៀបបានទឹកហូរនាំអោយទោម្នេញ
ភ័យខ្លាចបានហើយអូនអើយបាត់វិញចង់តែបំពេញ
អណ្ដាតតណ្ហា។
គុកធ្វើអោយបងងាកមើលបំណងចង់រស់យ៉ាងណា
រស់ដោយភិតភ័យមមៃប្រាថ្នាខ្លាចក្រែងសង្ខារ
ផ្លាស់ប្ដូរឆាប់ណាស់។
ឃើញធ្មេញសណ្ដកស្បែកចេះតែសកភ័យខ្លាចឆាប់ចាស់
ភ្នែកចេះតែខូងថ្ពល់រូងរហ័សក្មេងសោះប្ដូរផ្លាស់
ជាចាស់ទៅហើយ។
ស្ដាយកាលនៅក្មេងពុំបានរត់លេងស្រលាញ់កៀកកើយ
អោយបានអស់ចិត្ដស្នេហ៍ស្និទ្ធមិនស្បើយអីលូវចាស់ហើយ
ទើបនឹកស្ដាយក្រោយ។
សក់ចេះតែសចិត្ដចង់តែល្អមិនព្រមបណ្ដោយ
អោយសាច់ឈាមផ្លាស់អោយចាស់ទន់ខ្សោយរត់តែតាមក្រោយ
ចាសរត់លឿនជាង។
ម៉្លោះហើយខំទប់ជីវិតអោយឈប់ដំកល់រូបរាង
ចងចិត្ដអោយនឹងហើយប្រឹងលុបលាងមិនអោយចាស់ជាង
ដំណើរលោកា។
រលក នឹង ទឹកជាប់គ្នាគគឹកខ្លួន និង សង្ខារ
ហូរជាប់គ្នាដែរតាមតែតណ្ហាចង់ផ្ដាច់កាលណា
កាលនោះទុក្ខព្រួយ។
ព្រោះខ្លួនហូរដែរមិនឈរលើផែចាំលើកទ្រស្ទួយ
សង្ខារអោយនឹងបើប្រឹងអោយជួយក៏ហូរជំនួយ
ជាមួយជីវិត។
ទឹកហូរយ៉ាងណាយ៉ាងនោះលោកាប្ដូរកាយប្ដូរចិត្ដ
គ្មានអ្វីនៅនឹងវិលវឹងជាប់ស្អិតបើជាប់ប្រកិត
គឺប្ដូរនេះអែង។
ពេលមុនហូរទៅពេលក្រោយក្រាញនៅរិះរេភ័យក្រែង
បានមិនយូរឡើយបានហើយហួតហែងម៉្លោះហើយខ្លួនអែង
ខំអោបទឹកហូរ។
ព្រលឹងមាសអើយអោបម្ដេចបានឡើយធម្មជាតិផ្លាស់ប្ដូរ
បើទុកជាភ័យមមៃជីកផ្នូរកីទប់ទឹកហុរ
ពុំបានដូចប៉ង។
ទំលាប់ដែលថាជាប់ដូចសង្ខារនោះគឺបំណង
ចង់អោយនិម្មិតអតីត(1)កន្លងវិលវិញដូចប៉ង
វិលចងនិស្ស័យ។
ចំណីទំលាប់មិនមែននៅជាប់ហេតុនាំអាល័យ
អ្វីដែលថេរឋិតគឺចិត្ដសង្ស័យភ័យខឹងរាល់ថ្ងៃ
ចង់ឆ្អែតជានិច្ច។
ហូរទៅមែនហើយតែចិត្ដមិនស្បើយទាញមកមិភ្លេច
ទោះបីមិនគិតអតីត(១)នៅលេចចេញមកជានិច្ច
នេះហើយកម្មផល។
អ្វីដែលយើងធ្វើហូរជាអំពើវិបាករចល់
កើតស្លាប់តទៅមិននៅនឹងថ្កល់តែចិត្ដខ្វាយខ្វល់
មិនចង់ស្លាប់សោះ។
ចង់ រឺ ពុំចង់គឺជាចំណង់ភ្លឹបភ្លែតផ្លោតផ្លោះ
ពុំចង់តែបានរខានអោយដោះអតីត ហិចហោះ
ទៅហើយមកវិញ។
ឈប់គិតខំធ្មេចតែនៅមិនភ្លេចអតីត(១)ពាសពេញ
ពេលមុខទាញទៅក៏នៅទោម្នេញទន្ទឹងទន្ទេញ
អ្វីដែលពុំចង់។
អតីតហូរទៅកម្មផលឋិតនៅវិលតាមចំណង់
ហូរហើយនៅនឹងខំប្រឹងទប់កង់តែវិលទាំងចង់
អោយរស់ដូចប៉ង។
ខ្លួនហូរទៅហើយតែមិនព្រមឡើយក្រាញទៅខំចង
មិនអោយផ្លាស់ប្ដូរបផដូរមួហ្មងនេះហើយចំណង
មោហៈសង្វារ
ទុក្ខព្រួយកើតភ្លាមភ័យខឹងនៅយាមកើតព្រោះអាត្មា
ស្រលាញ់ខ្លួនអែងរឹងវែងប្រវារកតោងទូកក្ដារ
ទប់ពេលវេលា។
កើតស្លាប់ទៅមកដូចទឹករលកអន្តោលតាមគ្នា
មួយងើបលិចទៅអិតនៅរេរាមួយទៀតងើបជា
រលកកម្មផល។
ស្លាប់ពីកំណើតស្លាប់ធំតាមកើតស្ឡាប់កើតរចល់
ដេកភ្ញាក់ ភ្ញាក់តំរេកខ្វាយខ្វល់លុះបានស្កប់ស្កល់
ស្លាប់ទៅតើតវិញ។
ព្រលឹងមាសអើយគ្មានកោះគ្មានត្រើយិមានតែទន្ទេញ
ស៊ីជុះជុះស៊ីមមីបំពេញស៊ីហើយជុះវិញ
ហាក់ដូចមិនស្លាប់។
ដច្នេះតទៅដេកលក់ជ្រាលជ្រៅរស់ជាលំដាប់
ស្វែងរកសប្បាយប្រញាយប្រញាប់ព្រោះភ័យខ្លាចស្លាប់
បង់បាត់អាត្មា។
បើជពុំបាននាំគ្នារកឋានដែលអស់សង្ខារ
អស់កើតស្លាប់ទៀតអស់ឆ្លៀតរក្សាអតីត(១)ប្រាថ្នា
អស់ចង់ពេលក្រោយ។
ធ្វើបានលុះត្រាភ្ញាក់ពីអាត្មាឈប់លែងបណ្ដោយ
រស់អិតដឹងខ្លួនឈប់ពួននៅក្រោយអាត្មានាំអោយ
បាំងបាត់ការពិត។
ដឹងខ្លួនជានិច្ចចាំ ឬ បំភ្លេចដុសលាងគំនិត
ធ្វើម្ដេចកុំអោយពេលក្រោយអតីត(១)អន្ទោលជាប់ជិត
វិបាកបន្លាយ។
អតីត(១)ធ្វើអ្វីបានជាលោកិយភ្ជាប់ចិត្ដភ្ជាប់កាយ
ដឹងពីពេលមុនមិនស៊ុនសោកស្ដាយឈប់លែងបន្លាយ
វិបាកពេលមុខ។
ដូច្នេះលោភៈទោសៈមោហៈដែលក កម្មគុក
កប្បលក្បកិលេសឆាបឆេះលុយលុកគួរកាត់កុំទុក
អោយតតណ្ហា។
កើតតាមផលកម្មមកពីខន្ធប្រាំផ្ដុំអង្គអាត្មា
ខ្លួនស្នេហ៍ខ្លួនអែងតាក់តែងសង្ខារធម៌ព្រះលោកថា
ខ្លួននេះគ្មានឡើយ។
មានតែការផ្សំធម្មជាតិលាយលំផ្ដុំខន្ធបានហើយ
ខន្ធរួបរួមគ្នាកម្មពៀរកៀកកើយភ្ជាប់មិនដាច់ឡើយ
ដាច់លុះនិព្វាន។
គ្មានទេអាត្មាមានតែតណ្ហាចង់អោយខ្លួនមាន
ភាវៈសក្ដិយសខ្ពង់ខ្ពស់ធនធានស្ថិតថេរតាមឃ្លាន
រស់តរៀងទៅ។
ដូច្នេះដឹងហើយឱមាសអូនអើយយើងមិនត្រូវនៅ
តោងខ្លួនអោយជាប់អោយធ្លាប់ជ្រាលជ្រៅតណ្ហាខ្សោយទៅ
ខន្ធប្រាំរសាយ។
អតីត(១)លែង សពេលមុខឈប់តតណចិត្ដកាយ
សង្ខារខ្សោយខ្សត់រលត់ចំហាយកើតសុខសប្បាយ
គឺព្រះនិព្វាន។
ព្រលឹងមាសអើយមុននឹងដល់ត្រើយតាំងចិត្ដធ្វើឈាន
មានតែស្នេហាមេត្ដាធ្វើទានញញឹមអោយមាន
សង្ឃឹមរស់បាន។
*************
គុក និង សង្ឃឹម
កេង វ៉ាន់សាក់
ព្រលឹងមាសអើយថ្ងៃរះវិញហើយពន្ឡឺចាំងចូល
ក្នុងគុកងងឺតដូចមិត្ដបណ្ដូលស្រស់ស្រីនាងចូល
បំភ្លឺចិត្ដបង។
ព្រលឹងមាសអើយយប់ចុះមកហើយយោនយោងចំណង
មតរិតរួតគុកយកទុក្ខមកផងររាំងបាំងបង
អោយបាត់សង្ឃឹម។
ទោះយប់យ៉ាងណាក៏ក្ដីស្នេហាបងនៅញញឹម
ទោះពេលវឹកវរភ្លៀងផ្គរគ្រហឹមទឹកភ្នែករលឹម
សង្ឃឹមមិនបាត់
ព្រលឹងមាសអើយទុក្ខបងធំហើយតែអាចរសាត់
តាមចិត្ដប្រាថ្នាស្នេហាផាយផាត់ព្រួយអាចស្ងប់ស្ងាត់
ព្រួយអាចស្ងប់ស្ងាត់ព្រោះមានថ្លើមថ្លៃ។
អ្នកទោសអែទៀតម្ល៉េះសមចង្អៀតចិត្ដថ្លើមក្រាស់ក្រៃ
បើគ្មានសង្ឃឹមញញឹមអាល័យដូចបងសព្វថ្ងៃ
នឹកដល់ជីវ៉ា។
ទោះបីជាបងម្ល៉េះសមវេទនាបើគ្មានប្រាថ្នា
សង្ឃឹមគិតស្មានថាបានកិច្ចការបានព្រេងវាសនា
ចំរើនសប្បាយ។
ចប់គុកាមកិលេស ដោយបរិបូណ៌

(1) អតីត អាន ថា អឌិត