គុកកាមកិលេស
ដោយបណ្ឌិតសាស្ដ្រាចារ្យ
កេង វ៉ាន់សាក់
Prof.Dr. Keng Vannsak
ចំណាត់ផ្សាយលេខ

ថ្ងៃសៅរ៍ ទី23.មីនា 2019.ម៉ោង 7:46

គុកកម្មចំណង់និស្ស័យ
បញ្ហាអតីតកាល
ព្រលឹងមាសអើយអូនមិនដឹងឡើយបងរស់សព្វថ្ងៃ
បែងជាពីរភាគមួកងាកអាល័យអាឡោះថ្លើមថ្លៃ
អតីត(1)កន្លង។
ភាគពីរពេលមុខហើរចេញពីគុកគឺចិត្ដបំណង
ដល់រួចចេញហើយអូនអើយអោយបងស្រលាញ់នួនល្អង
ហើយធ្វើអីទៀត។
ពេលមុនសន្ធប់នៅក្នុងបន្ទប់អោយបងចង្អៀត
ពេលក្រោយទាញចិត្ដអោយបងខំឆ្លៀតគិតធ្វើអ្វីទៀត
ដល់បានសេរី។
ក្រែងតែពុំបាន
បងនឹងរត់លេងកញ្ឆក់កញ្ឆេងដូចក្មេងលេងដី
បងស្រេកឃ្លានណាស់អាកាសលោកិយឃ្លានដូចបេតី
ស្រស់ស្រីកនិដ្ឋា។
រួចបងអង្វរអោយកែវកិន្នរនាងមានមេត្ដា
បើបងថើបដៃថ្លើមថ្លៃមិនថានោះសូមប្រវា
អោបអោយក្សិនក្ស័យ។
យូរហើយខានបាននែបនិត្យជិតប្រាណអោបអោយអាល័យ
យល់សប្ដិកៀកកើយភ្ញាក់ហើយស្រមៃស្រមោលស្រីថ្លៃ
អន្ទោលតាមបង។
រួចសូមថ្នាក់ថ្នមអង្អែលលើកដាក់ថែថើបសាសង
មិនអស់ចិត្ដឡើយអូនអើយអោយបងបីបមត្រកង
លុះផុតសង្ខារ។
ភ្លេចបាយភ្លេចទឹកពិតមែនតែនឹកពីនំផល្លា
អោយមាសពាលពៅសូមនៅចរចាឆ្ងាញ់ជាងអាហរ
បើអូនពេញចិត្ដ។
រឺមួយកៀកដៃបណ្ដើរថ្លើមថ្លៃប្រកៀកប្រកិត
ដើរលេងលំហែតាមស្នេហ៍តាមស្និទ្ធកៀកកើយផ្ដេកផ្ដិត
មើលមេឃមើលផ្កាយ។
មើលអ្វីស្រលះវែងជាងអាកាសឆ្ងាយហើយសែនឆ្ងាយ
ធំជាងគុកបងចំណងចិត្ដកាយអោយវែងអន្លាយ
ឆ្ងាយជាងកប្បកាល។
រួចហើយម្នីម្នាកៀកដៃនាំគ្នាមកត្រេកត្រអាល
នៅឋានយើងវិញបំពេញស្និតស្នាលស្រងេះស្រងាល
ដូចទឹករលក។
***************
ព្រលឹងមាសអើយស្នេហាមែនហើយតែបានអ្វីជ្រក
ដល់បងរួចទៅតើពៅពន្លកអោយបងទៅមក
សិទ្ធស្នេហ៍អែណា។
ឆ្អែតមែនស្រលាញ់ តែកាយខ្មួលខ្មាញ់ឃ្លានដែរអាហារ
បាយទឹកចំណិបានអីភោក្ដារកស៊ីធ្វើការ
ចិញ្ចឹមក្រុមញាតិ។
ល្អមែនបើស្នេហ៍តែបងចង់ដែរចង់អោយជនជាតិ
បើកទ្វារអោយចូលមិនបូលមារយាទក្រែងតែក្រុមញាតិ
គេខ្មាសខ្ឡួនគេ។
ស្នេហ៍មែនពីរនាក់តែបើមិត្ដភក្ដិញាតិមិនរិះរេ
រាក់ទាក់រាប់អានម្ដេចបានទំនេរស្បើយពីបុព្វេ
គុកគ្រប់គ្រួសារ។
រួចមួយជាប់មួយរួចគុកជាប់ព្រួយព្រោះជាប់សង្កា
ភ័យខ្លាចអ្នកផងចំណងលោកាហេតុតែអាត្មា
ចង់ចេញពេញមុខ។
ពេលណាចង់បានពេលបាត់ក្សេមក្សាន្ដពេលបានទួញទុក្ខ
ភ័យខឹងសង្ស័យរាល់ថ្ងៃជាប់គុកពេលមុនពេលមុខ
ជាប់គុកជីវិត។
បានហើយក្រែងកន្លះ
ដូច្នេះអូនអើយបើបងចេញហើយពីគុកងងឹត
មានតែបួងសួងជូនដួងជិវិតអោយតែវរមិត្ដ
អូនបានសប្បាយ។
គ្មានទេផ្ទះថ្មគ្មានទេរូបល្អបុណ្យសក្ដិសុសសាយ
មានតែចិន្ដាស្នេហាខ្វល់ខ្វាយអោយអូនសប្បាយ
រាល់ថ្ងរាត្រី។
មាសពេជក៏គ្មានមានតែពោះឃ្លានអាហារលោកិយ
ថេមទាំងភ័យខ្លាចអំណាចបេតីថ្នាក់ថ្នមស្រស់ស្រី
ពុំដូចប្រាថ្នា។
តែភ្លេចសាកសួរជាការគប់គួរថាឱជីវ៉ា
សុខទុក្ខដូចម្ដេចរឺភ្លេចសង្សាររឺនៅមេត្ដា
គូធ្លាប់ជាប់គុក។
សប្បាយរឺទេឱកែវមាសមេដែលបានជួបមុខ
រឺធ្វើស្នេហ៍ស្នងព្រោះបងមានទុក្ខស្រលាញ់តែមុខ
អាសូរក្នុងចិត្ដ។
រឺមួយទើសទាស់ហាក់ស្នេហ៍តែពាល់ប៉ះហើយហាក់ស្និទ្ធ
ប្រសិនបើស្រលាញ់ខ្មួលខ្មាញ់ផ្ដេកផ្ដិតក្រែងធ្វើតាមចិត្ដ
អាណិតគួរសម។
ធ្វើម្ដេចក៏បានអោកែវកល្យានបងមិនបង្ខំ
អរណាស់បើពិតរឺមិត្ដបន្លំក៏បងសន្សំ
ទាន់អូនដាក់អោយ។
ធ្វើម្ដេចអោយតែ ចិត្ដបានលំហែសង្ឃឹមពេលក្រោយ
ថាបានជួបពៅនាងនៅបណ្ដោយបណ្ដែតអំណោយ
អោយតាមមេត្ដា។
សូមទោសទៅចុះបើបងស្មានខុសថាកែវកនិដ្ឋា
ប្រែចិត្ដរឺភ្លេចធ្វើម្ដេចស្នេហាប៉ុនប៉ងកាលណា
កាលនោះមានភ័យ។
ចង់ភ្លាមបានខ្លាចបានខឹងរឺកាចខ្លាចមានទោសពៃរ៍
ខឹងក្រែងរំខានមិនបានជោគជ័យកាចព្រោះខ្លួនភ័យ
ខ្លួនខ្លាចខ្លួនអែង។
បានហើយខ្លាចទៀតខ្លាចគេឆ្លៀតបៀតរឺភ័យចំបែង
ក្រែងមិនថ្កុំថ្កើងធំឡើងជាក់ស្ដែងខ្ពស់ជាងគេអែង
ធំណាស់ ណាស់ខ្លាច។
នេះហើយទោសៈកើតតាមលោភៈអោយភ័យខឹងកាច
ហេតុនាំអោយប្រើអំពើអំណាចអោយខ្លបខ្លាច
កំលាចអែងវិញ។
ភ័យខ្លាចមិនបានបានហើយរំខានខ្លាចមិនបានពេញ
បើឃ្លានស្ងប់ស្ងាត់ក្រែងបាត់ទៅវិញខ្លាចបានដោយទិញ
ចិត្ដអោយបានជាប់។
បានហើយនៅខែសង្ស័យនៅបារម្ភក្រេងមិនជាប់លាប់
ខ្លាចស្នេហ៍មិនស្និទ្ធពេញចិត្ដគូគាប់រឺពេញទំលាប់
បានអីអោយអស់។
បើបានកន្លះចិត្ដនៅបម្រះព្រោះនៅចន្លោះ
ហេតុចង់បញ្ជាក់ស្មោះស្ម័គ្រស្រីស្រស់តើស្នេហ៍ទាំងអស់
ចិត្ដផងកាយផង។
គ្រាន់តែមេត្ដាបើមិនស្នេហានោះនាំនួនល្អង
បានតែកន្លះនៅខ្វះបំណងនារីខំផ្សង
សំរេចស្នេហា។
អូនមិនសប្បាយបងមិនរីករាយព្រោះតែមេត្ដា
ធ្វើម្ដេចអូនអើយនេះហើយកាមានាំអោយប្រាថ្នា
ហោះហួសវិស័យ។
បើអូនអបអរបងអាមអំណរឆ្លងឆ្លើយថ្លើមថ្លៃ
រឺអូនញញឹមសង្ឃឹមប៉ប្រៃរីករះដូចថ្ងៃ
ក្នុងគុកងងឹត។
តែមានប្រាថ្នាតែងមានសង្កាភ័យនាំគូរគិត
ចង់ដឹងចិត្ដស្រីព្រោះអីការពិតអោយបងផ្គាប់ចិត្ដ
អូនបានសប្បាយ។
ឱមាសអូនអើយមេត្ដាបានហើយភ្លឺឆ្លុះសុសសាយ
បំភ្លឺយប់បងចំណងចិត្ដកាយក្រែងបានបន្លាយ
មេត្ដាជាស្នេហ៍។
គិតទៅអតីតនាំខ្វល់គំនិតស្ដាយធ្លាប់ហូរហែ
គិតទៅពេលមុខក៏ទុក្ខមានដែរដូច្នេះជាប់តែ
គុកគ្រប់វេលា។
អូនអើយមានតែមេត្ដា រឺ ស្នេហ៍ទើបជួយការពារ
អោយរស់មានន័យអោយភ័យទៅជាសង្ឃឹមគ្រប់គ្នា
មុនចូលនិព្វាន។
ត្មាត ជ្រូកព្រៃ ពស់វែក និង គុក
ព្រលឹងមាសអើយព្រលឹមទៀតហើយបងភ្ញាក់ដូចគេ
តែភ្ញាក់ម្នាក់អែងចំបែងរិះរេរកកែវមាសមេ
អូននៅអែណា។
ព្រលឹមរួសរាន់គេភ្ញាក់អោយទាន់ពេលម៉ោងធ្វើការ
លៃលករកស៊ីមមីប្រាថ្នាអោយអង្គអាត្មា
ចំរើនសប្បាយ។
កាយបងសំរាកតែសែនលំបាកចិត្ដនៅខ្វល់ខ្វាយ
អូសខ្លួនទៅមករិះរកសប្បាយមើលរួបរាងកាយ
ក្រែងចាស់មិនទាន់។
ដូចគ្នានឹងត្មាតព្រឹកឡើងសង្វាតហិចហើររួសរាន់
ភ្នែកមើលនាយអាយខ្វល់ខ្វាយវិលវ័ណ្ដរកស៊ីអោយទាន់
ចំណង់ចង់បាន។
ព្រឹកគឺក្រពះអន្ទែងអន្ទះឃ្លានមិនស្រាកស្រាន្ដ
ឃ្លានបាយឃ្លានទឹកឃ្លាននឹកគិតអានឃ្លានតាមចិត្ដស្មាន
ភ័យចេះកំដៅ។
ថ្ងៃឡើងឃ្លានណាស់ភ័យខឹងរហ័សក្រពះហ្មងសៅ
លោកធៀប នឹង ជ្រូកអ៊ូកៗមួម៉ៅអ៊ូកស្រែកហៅ
អោយគេមើលមុខ។
ព្រលឹងមាសអើយថ្ងៃត្រង់ទៀតហើយបងបានបាយគុក
អ្នកផងខ្វល់ខ្វាយឆ្អែតបាយស្បើយទុក្ខឃ្លានទៀតពេលមុខ
ពេលនេះមួយគែ។
ក្រពះញញឹមធ្វើភ្នែកព្រឹមៗចាក់ធ្មេញផឹកតែ
យីកយោកកៅអីបារីស្និទ្ធស្នេហ៍ទ្រែលទ្រលលើគ្រែ
ឆ្អល់ពោះភើភាយ។
លោកប្រៀបនឹងជ្រូកស៊ីហើយអ៊ូកៗច្រមុះរីករាយ
ធ្ងន់ពោះយីកយោកងុយងោកនិយាយអ៊ូកៗភើភាយ
លក់លង់ចំអែត។
ព្រលឹងមាសអើយពេលល្ងាយទៀតហើយស្រេកឃ្លានភ្លឹបភ្លែត
ពោះទើបស្កប់ស្កល់ស្រងល់ឆ្អល់ឆ្អែតចិត្ដបងអណ្ដែត
រិះរកកនិដ្ឋា។
ពេលល្ងាចអួអាប់ស្រងូតស្រងាប់ចេញពីធ្វើការ
ស្រងេះស្រងាលហាក់ស្រាលអាត្មាតេអែងអែកា
ដំអែដំអក់។
ល្ងាយធៀបបានឹងពស់វែកទ្រមឹងអើតកក្រងក់
ខំដកពពាររេរាសំងក់ចង់លូនចង់ហក់
ចង់ផង ខ្លាចផង។
ត្មាតគឺតំរេកងប់ងល់ស្រេចឃ្លានជ្រូកគឺបំណង
កំពុងស្កប់ស្កល់ស្រងល់ប៉ុនប៉ងរួចហើយសាសង
ងើបដូចពស់វែក។
គឺពេលក្រពះស៊ីរួចប្រទះនិងឃ្លានវែកញេក
អាល័យអាឡោះស្រណោះនំនែកស៊ីរួចយំយែក
ចង់ស៊ីឡើងវិញ។
នាំអោយសោកស្ដាយពេលសេពសប្បាយរួចទើបទោម្នេញ
តូចចិត្ដភិតភ័យមមៃបំពេញអោយឆ្អែតឡើងវិញ
ឆ្អែតយប់ឆ្អែតថ្ងៃ។
ដូចជាយល់សូងខំបាចអណ្ដូងលុះត្រាក្សីណក្ស័យ
ក៏មិនរីងឡើយ អូនអើយអាល័យក្រពះនោះនៃ
អណ្ដូងប្រៀបបាន។
ពេលធ្វើការរួចរំភើបព្រឺព្រួចហាក់បានស្រាកស្រាន្ដ
តែអស់កំលាំងតតាំងមិនបាននិងឃ្លានប៉ុន្មាន
ច្រើនវែងអន្លាយ។
ល្ងាចនាំភ័យព្រួយរលេះរលួយភ័យដល់ពេលបាយ
បានអ្វីដាក់ចានដាក់បានគ្រប់កាយក្រុមញាតិប្រញាយ
ពឹងលើខ្លួនមួយ។
ភ័យខ្លាចគ្មានការរកស៊ីរក្សាកូនចៅរងួយ
ខ្លាចចាស់ជរាគ្មានគ្នាមកជួយភ័យរកជំនួយ
បានមកពីណា។
គួរអោយខ្លោចចិត្ដសង្វេគអាណិតអាសូរអាត្មា
ណ្ហើយចុះ​ដោះស្រាយសប្បាយលោកាបានតាមស្នេហា
តាំងរកស្រលាញ់។
ដូចជាពស់វែកងេងើបិទភ្នែករមួលខ្មួលខ្មាញ់
ដំអែដំអក់សម្លក់សម្លាញ់រួចហើយគ្នាន់ក្នាញ់
សោកស្ដាយភិតភ័យ។
ខ្លះតៅបឹងស្នោខ្លះលេងបៀរប៉ោខ្លះនៅមមៃ
ដើរលេងកំសាន្ដអោយបានបាត់ភ័យខ្លះលក់ខ្លះលៃ
ប្រាក់ទៅផ្សារព្រឹក។
ស្អែកឡើងត្មាតទៀតហោះហើរឈ្លបឆ្លៀតរកស៊ីគគឹក
ថ្ងៃឡើងដូចជ្រូកអ៊ូកៗវរវឹកល្ងាចភ័យពន្លឹក
រេដូចពស់វែក។
ដូច្នេះរៀងទៅអោអូនពាលពៅខ្លះក៏យំយែក
ដឹងហើយភិតភ័យតាំងគិតវែកញែកដោះស្រាយបំបែក
គុកកម្មជីវិត។
ត្មាតគឺលោភៈជ្រូកគឺទោសៈជំពាក់រួមរិត
ពស់គឺមោហៈស្មោះស្ម័គ្រមូលមិត្ដទាំងបីចាក់ជិត
ជារិសតណ្ហា។
មោហ៍គឺចំបែងស្នេហាខ្លួនអែងលោកអោយអាត្មា
ឋិតឋេរធំឡើងតំកើងប្រាថ្នាទោសៈសង្កា
ភ័យខឹងឆួលឆេះ។
ត្មាតជ្រូកគ្រប់គ្នាឱអូនពុំងាពស់វែកមិនចេះ
ចប់ពេលណាឡើយចប់ហើយកិលេសឈប់ឆួលឆាបឆេះ
គឺព្រះនិព្វាន។

គុកាមកិលេស(តវគ្គ៦)

(1) តទៅនេះសូមអានពាក្យ អតីត ថា អឌិត ដើម្បីសំរួលការចាប់ជួន