គុកកម្មកិលេស
ដោយបណ្ឌិតសាស្ដ្រាចចារ្យ
កេង វ៉ាន់សាក់
Prof.Dr. Keng Vannsak
ចំណាត់ផ្សាយលេខ

ថ្ងៃសៅរ៍ ទី9.មីនា 2019.ម៉ោង 7:22

ជាប់គុកសិនសិម
កេង វ៉ាន់សាក់
ព្រលឹងមាសអើយអូនគិតត្រូវហើយដែលមិនឆ្លើយឆ្លង
តបនឹងដួងចិត្ដគំនិតបងប៉ងស្រលាញ់នួនល្អង
អស់ពីពោះពង្ស។(១)
ព្រោះចាំព្រាត់ប្រាសឬចាំពេលចាស់ទើបបានលែងលង់
ផុងចិត្ដគំនិតស្នេហស្និទ្ធគង់វង្ស(២)អស់ពីពោះពង្ស(១)
ពេលដែលព្រាត់គ្នា។
អីលូវព្រាត់ហើយឱមាសអូនអើយបងសែនកំព្រា
ស្រលាញ់សើសលន់ពេកពន់ពុំងាក្រែងបាត់មុខគ្នា
អូនបាត់មេត្រី។
ម្ដេចចាំព្រាត់ប្រាសម្ដេចចាំពេលចាស់ទើបបានលោកិយ
ធ្វើអោយស្នេហាក្លៀវក្លារស្មីរះពេញបូណ៌មី
ពេលខានឃើញមុខ។
ពេលឃើញពេលបានពេលចិត្ដក្សេមក្សាន្ដពេលសោយសួគ៌សុខ
ពុំដឹងខ្លួនឡើយអូនអើយពេលទុក្ខឬមួយពេលគុក
ទើបដឹងសប្បាយ។
តែផុតទៅហើយឱមាសអូនអើយតាំងយំសោកស្ដាយ
ពេលមុនល្អណាស់ពេលចាស់ចិត្ដ​កាយពេលដឹងសប្បាយ
ពេលស្លាប់ទៅហើយ។
((((((((((((((((((((((((((((((((((((((((((Prof.Dr. Keng Vannsak))))))))))))))))))))))))))))))))))))))))))
គុក តទៅទៀត
កេង វ៉ាន់សាក់
ព្រលឹងមាសអើយយប់ថ្ងៃទៀតហើយបងឃើញខ្លួនអែង
កំព្រាដូចខ្មោចកណ្ដោចកណ្ដែងអន្ទះអន្ទែង
ម្នាក់អែងធុញថប់។
ងាកទៅខាងណាធ្ងន់ដូចថ្មដាសោកស្ដាយគ្រប់សព្វ
មើលដើមឃើញចុងដូចក្នុងប្រអប់កាមកើនកាយកប់
យូរថ្ងៃ​ណាស់ហើយ។
ទោះបីបងគិតហើរតាមគំនិតក៏មិនល្ហែល្ហើយ
ទោះបានមួយពេលកន្ទេល និង ក្នើយទាញមកវិញហើយ
ក្នុងគុកងងឹត។
មិនដឹងពេលម៉ោងមើលតាមប្រហោងឃើញតាមគំនិត
មេឃាធំធេងល្វឹងល្វេងដូចចិត្ដមានសេរីសិទ្ធិ
តែតាអបំណង។
ដូចក្រស្រេកឃ្លានចង់បានធនធានហើយដេកខំផ្សង
បានតាមយល់សប្ដិកំណប់បំណងភ្ញាក់ឡើងជាប់ចង
ក្នុងខ្ទមដដែល។
គុកបងចេញបានគុកខ្ទមប៉ុន្មានច្រើនណាស់ក្រាស់ក្រែល
ចេញមួយនៅមួយជាប់ព្រួយដដែលឃ្លានអោយសត្វហែល
ក្នុងគុកក្រីក្រ។
((((((((((((((((((((((((((((((((((((((((((Prof.Dr. Keng Vannsak))))))))))))))))))))))))))))))))))))))))))
គុណមាតាក្នុងគុក
កេង វ៉ាន់សាក់
ព្រឹកមិញកូនបាន ម្ហូបចំណី កញ្ចប់ពីរបី បង្វិចបាយ
ឃើញភ្លាមកូនដឹងថាអ្នកម្ដាយខ្វល់ខ្វាយដោះទុក្ខកូនកំព្រា។
សើចផងយំផង ព្រោះអរពេក ហាក់មេឃ ចុះមកចំហទ្វារ
គុកកូនអោយរួចជាអ្នកជាបានជួបជុំគ្នានឹងមាតា។
អរបានមួយភ្លែត រួចខ្លោចចិត្ដ អាណិតអ្នកម្ដាយដែលមេត្ដា
ខំតាមចិញ្ចឹមថែរក្សាស្នេហាបីបបអោយបានល្អ។
បង្ហាត់បង្រៀនធម៌សីលប្រាំ បំពេរផ្ដែផ្ដាំអោយស្គាល់ក្រ
ស្គាល់អត់ស្គាល់ឃ្លានស្គាល់អំណរស្គាល់ល្អអាក្រក់ នឹងទុក្ខព្រួយ។
ម្ដាយទុកសង្ឃឹម លើបុត្រថ្លៃ មានថ្ងៃនឹងទៅជាមនុស្សមួយ
មានបុណ្យមានសក្ដិ នឹងមកជួយដោះព្រួយសុខទុក្ខបងប្អូនផង។
ស្រាប់តែកូនគាប់មកជាប់គុក ធ្លាក់ក្អុកសង្ឃឹម និង បំណង
ជាប់មែនតែកូន គេងខំផ្សងអោយបានតបស្នងសងគុណម្ដាយ។
អស់ឱអ្នកម្ដាយកូនកំសត់ ពេលអត់ពេលឃ្លាន​ពេលសប្បាយ
ស្នេហាមេត្ដាអ្នកសុសសាយទ្រទ្រង់ចិត្ដកាយ កូនជានិច្ច។
ពីក្មេងទល់ធំ ទាល់ជាប់គុក ទាល់ទុក្ខមានតេយំព្រិចៗ
ខំជួយគ្រប់សព្វ មិនចេះភ្លេចមេត្ដាជានិច្ច ម្ដាយនឹងកូន។
ទោះខុសទាស់អ្វី តែងមេត្ដា ស្នេហាមាតាមិនសាបសូន្យ
គុណគាប់ជូនជាប់ដូចជាក្បូនឱកូនអណ្ដែតមាតមមគ្កផល។
ស្រះហិមពាន្ដ ភ្លឺយ៉ាងណា ក៏គង់ភ្លឺថ្លានៅមិនដល់
ស្នេហាមាតា ថ្ងាឥតខ្វល់ព្រោះគ្មានកិច្ចកលមកកៀកកើយ។
ធំហើយជ្រៅផង មហាសមុទ្រ គង់គេឆ្លងផុតបានដល់ត្រើយ
គុណម្ដាយនេះវិញគ្មានត្រើយឡើយជ្រៅហើយធំផងឆ្លងមិនផុត។
((((((((((((((((((((((((((((((((((((((((((Prof.Dr. Keng Vannsak))))))))))))))))))))))))))))))))))))))))))

គុកាមកិលេស(តវគ្គ4)

(១) ប្រើពង្ស ជំនួស ពុង​។ (២) ប្រើ វង្ស ជំនួស វង់