គុកកាមកិលេស
ដោយបណ្ឌិតសាស្ដ្រាចារ្យ
កេង វ៉ាន់សាក់
Prof.Dr. Keng Vannsak
ចំណាត់ផ្សាយលេខ

ថ្ងៃសៅរ៍ ទី23.កុម្ភៈ 2019.ម៉ោង 7:29

វាចាអ្នកនិពន្ធ
   ពាក្យកាព្យក្នុង «គុកកាមកិលេស» មានឈ្មោះខុសៗគ្នា ប៉ុន្ដែមានអែកភាព ទាក់ទងពីដើមរហូតដល់ចុងចប់ ពីព្រោះអធិប្បាយអំពីបញ្ហាតែមួយ គឺ ដល់ចុង ពីព្រោះអធិប្បាយអំពីបញ្ហាមួយ គឺ «គុក»។
គុក​ គឺ៖
១- ខ្លួន​អែង ជាប់​ ខ្លួន​អែង
២- ខ្លួនអែង​ ជាប់​នឹង​ មនុស្ស​អែ​ទៀត
៣- មនុស្ស​ ជាប់នឹង​ ជីវិត​មនុស្ស​។
ខ្នោះ​ច្រវាក់​របស់​ គុក គឺ៖
   នាម, រូប, ចិត្ដ, កាយ, ការ​រស់​នៅ​ ហើយ​​នឹង ទុក្ខ​វេទនា​។ បច្ចុប្បន្ន​ក៏​គុក​ គុក​ ទាំង​អស់​។
   ដូច្នេះ​ តើ​មនុស្ស​អាច​រំដោះ​ខ្លួន​ចេញ​អំ​ពី​ គុក បែប​នេះ​បាន​ដែរ​រឺ​ទេ?។
   កំណាព្យ «គុកកាម​កិលេស» បាន​ឆ្លើយ​ថា​ «បាន» ដោះ​បាន​ដោយ​សារ​ សេចក្ដី​ស្នេហា​ ហើយនឹង​ សេច​ក្ដី​សង្ឃឹម។
   ដោយ​សារ​ ស្នេហា
- អូនអើយ​ មាន​តែ​ ក្ដី​ស្នេហា
- ទើប​ជួយ​ស្រោច​ស្រង់​សត្វ​លោក​បាន​
- អោយ​មាន​កំសាន្ដ​ ដោយ​ប្រាថ្នា
- សង្ឃឹម អាណិត ចិត្ដមេត្ដា
- កើត​ពី ស្នេហា មនុស្ស​គ្រប់គ្នា​។ (ទំព័រ?)
ដោយសារ​ សង្ឃឹម
រស់ គឺ ប្រាថ្នា សង្ឃឹមចេតនា
រាល់​រូបរាងកាយ ទោះបានក្រីក្រ
បាន អរ បាន ស្ដាយ ព្រួយ ឬ សប្បាយ
សង្ឃឹម ទៀតដែរ​។ (ទំព័រទី ?)

    អោយ​តែ រស់​ គឺ សង្ឃឹម ជាដរាប។ ដូច្នេះ​សេចក្ដី​សង្ឃឹម គឺជា​ចំណង​មួយ​យ៉ាងធំ ដែល​ដាក់​មនុស្ស​គ្រប់គ្នា​នៅ​ក្នុង «គុកស្ឃឹម»។ «គុកសង្ឃឹម» អាចធ្វើ​ឲ្យ​មនុស្ស​ រស់​នៅ​ក្នុង​ «គុកកម្មជីវិត»។

    ប៉ុន្ដែ​ តម្លៃ​ របស់​មនុស្ស​ ឋិត​នៅ​លើ​ ការ​ដែល​ចេះ​យក គុកសង្ឃឹម ​មករំលាយ​ គុក​ការ​រស់​នៅ​ នេះ​អោយ​បែក​ធ្លាយ​ ហើយ​ប្រែ​ជា​ស្ថាន​សួគ៌​ទៅ​វិញ​។

អ្នកនិពន្ធ

គុកគឺក្នុងចិត្ដ
កេង វ៉ាន់សាក់

១ - ព្រលឹងមាសអើយបងជាប់គុកហើយខានឃើញកនិដ្ឋា
ឃើញតែជញ្ជាំង រារាំងនេត្រា ភ្នាក់ឡើងកាលណា
ឃើញតែខ្លួនអែង។
ព្រលឹងមាសអើយ ទុក្ខបងមិនស្បើយ កណ្ដោចកណ្ដែង
ថ្ងៃយប់ទុក្ខព្រួយ ជាប់មួយកន្លែង ឃើញតែខ្លួនអែង
ឆ្ងាយពីជីវ៉ា។
  ដែកដុល រនាំង តូចបួនជញ្ជាំង ធំសោអស្ចារ្យ
ខាងលើដំបូល ខាងក្រោមថ្មដា ងាកមើលទៅណា
អ្នកយាមមើលដែរ។
  ព្រលឹងមាសអើយ កាលបងកៀកកើយ សូមស្និទ្ធ សូមស្នេហ៍
អូនស្រែកថា «ទេ» មាសមេគេចកែ ថាចាំ... ទាល់តែ
បងឃើញជញ្ជាំង។
៥ - ព្រលឹងមាសអើយ បងឃើញមែនហើយ តែ គ្មានអ្វីរាំង
អាល័យ អាឡោះ ផ្លោតផ្លោះជញ្ជាំង គុក មិន ឃុំឃាំង
ចិត្ដដែលស្នេហា។
  រនាំងដែកអី រឹងជាងបេតី ស្រស់ស្រីសង្សារ
អ្នកយាមប៉ុនភ្នំ ក៏ពុំក្ងៀវក្ងា ជាងចិត្ដស្នេហា
រត់រកថ្លើមថ្លៃ។
  ព្រលឹងមាសអើយ ស្រលាញ់មែនហើយ ស៊ូឥតខ្លាចក្ស័យ
ខ្លាចតែនឹមនួន ប្អូនស្ងួនដោះដៃ ថាប្រុសចង្រៃ
ម្ដេចឡើយជាប់គុក
  ព្រលឹងមាសអើយ បងមិនឆ្លើយឡើយ ឆ្លើយបានទួញទុក្ខ
គ្រាន់តែលោមលួង បួងសួងអោយសុខ បើអូនថាគុក
ដាក់ជនទុច្ចរិត។
៩ - គុកដាក់បងបាន លុះណាកល្យាណ ឈប់ស្នេហ៍បែរស្និទ្ធ
ព្រោះព្រួយទោសទុក្ខ គឺ គុក ក្នុង ចិត្ដ ខំបើក គេបិទ
  ស្នេហាម្នាក់អែង។
((((((((((((((((((((((((((((((((((((((((((Prof.Dr. Keng Vannsak))))))))))))))))))))))))))))))))))))))))))

គុកកាមតណ្ហា
កេង វ៉ាន់សាក់

ព្រលឹងមាសអើយជាប់គុកមែនហើយតែហាក់ស្រមៃ
បងស្មាននៅជិតនែបនិត្យថ្លើមថ្លៃស្រាប់តែយប់ថ្ងៃ
នៅមួយកន្លែង។
ព្រលឹងមាសអើយចិត្ដហោះទៅហើយកាយនៅតឹងតែង
រឹងធុញរែងថប់គ្រប់សព្វចម្បែងឆ្ងាយពីប្រលែង
ប្រលោមក្នុងក្រៅ។
ឆ្ងាយលួងលោមស្រីថ្នាក់ថ្នមបមបីមិនអោយហ្មងសៅ
ចង់អ្វីបន្ដិចបងហិចហោះទៅរត់រកចៅរ៉ៅ
ផ្គាប់ចិត្ដពុំងា។
ព្រាត់ត្រេកត្រអាលព្រាត់ស្និទ្ធស្នេហ៍ស្នាលត្រអាលរកគ្នា
ព្រាត់ពាក្សសំដីព្រាត់ស្រីមាយាធ្វើរក ធ្វើពា
អោយបងស្រលាញ់។
ឃ្លាតពេលងរង៉ក់ខឹងហើយតប់គក់ក្ដិចខាំ គ្នាន់ក្នាញ់
អូនបាត់ខឹងហើយលោកអើយស្រលាញ់អោបរិតខ្មួលខ្មាញ់
ស្រងេះស្រងាល។
អីលូវព្រាត់ហើយម៉្លេះសមត្រាណត្រើយកំព្រាតេលតោល
បងគង់មានគុកមានទុក្ខអុជអាលស្នេហ៍ស្និទ្ធដុតរាល
គុក គប់ តណ្ហា។
ចំណីណាល្អមួយមាត់មួយកយើងធ្លាប់ភោក្ដា
បញ្ចុកគ្នាលេងប្រលែងចរចាថើមដៃ ថើបស្មា
សួរសើចក្អាកក្អាយ។
ធ្លាប់បងបំពេរព្រលឹងមាសមេដោះសក់រំសាយ
គេងលើទ្រូងបងត្រកងកៀកកាយកៀកកើយសប្បាយ
ស្រាប់តែប្រាត់ប្រាស។
អីលូវកៀកកើយព្រួយកល់ជាខ្នើយគងដៃលើថ្ងាស
ដកធំដង្ហើមរឿងដើមដេរដាសរាវរកអាកាស
ក្នុងគុកស្នេហ៍ស្នង។
១០នឹកដល់ពេលយប់ដូចផ្កាយីហ៊ុបពិដោរនួនល្អង
ក្រអូបជាប់ជិតឈ្ងុបឈ្ងិតជាប់ចងក្លិនជាចំណង
ចងគុកតណ្ហា។
ស្ដាយស្ដាប់សំលេងពីរោះដូចភ្លេងសូរស័ព្ទកាមា
បំពេរសាច់ឈាមអ្នកយាមនោះណាគឺកាមតណ្ហា
យាមមិនឈប់សោះ។
ព្រលឹងមាសអើយយប់ចុះមកហើយឱ! សែនស្រណោះ
រូបរៀវរាងក្លំមើលសមអិតខ្ចោះទ្រូងស្រួចមាត់ស្រស់
ស្រៀវស្រើបគុកបង។
អង្អែលត្រង់ណារំភើបមំសាព្រឺព្រួចឆ្លើយឆ្លង
ទន់ភ្លន់ស្រឡូនឱអូនមាសបងធំណាស់ចំណង
កិលេសគុកកម្ម។
គុកធំ ធំអីជាងគុកបេតីនឹងក្ដីចងចាំ
សោកស្ដាយអាឡោះស្រណោះដោតដាំកំពែងគុកកម្ម
កិលេសក្រាស់ក្រៃ។
១៥ព្រលឹងមាសអើយគុកបងធំហើយតែដល់ខែថ្ងៃ
បងរួចចេញបានរកឋានស្រីថ្លៃគុកកាម នេះនៃ
ចេញពុំរួចឡើយ។
ទោះរត់ទៅណាអំពើកាមាមិនស្រាកស្រានស្បើយ
អន្ទោលតាមមកជ្រៀតជ្រកក្រោយខ្នើយធ្មេចភ្នែកលក់ហើយ
ក៏តាមជាប់ទៀត។
ទោះបីយ៉ាងណាជាប់គុកធម្មតានោះនាំចង្អៀត
ចិត្ដថ្លើមតឹងណាស់ព្រាត់ប្រាសស៊កសៀតប្រសិនជាប់ទៀត
ស៊ូជាប់ស្នេហា។
១៨ព្រោះបងនឹងបានរូបកែវកល្យាណភ្ជាប់តាមសង្ខារ
អន្ទោលតាមគ្នាកម្មពៀរយ៉ាងណាព្រោះអីស្នេហា
ស្រោចស្រង់មនុស្សលោក។
((((((((((((((((((((((((((((((((((((((((((Prof.Dr. Keng Vannsak))))))))))))))))))))))))))))))))))))))))))

គុកាមកិលេស(តវគ្គ២)