ថ្ងៃសៅរ៍ ទី11.មីនា 2017.ម៉ោង 9:33
សេចក្តីប្រកាសសាធារណរដ្ឋខ្មែរ
ដោយអ៊ិន-តាំ ប្រធានរដ្ឋសភា

ដកស្រង់ចេញពី “អ្នកជាតិនិយម” ឆ្នាំទី១២
លេខ៥៣០ សប្តាហ៍៍១២-១៨ តុលា ១៩៧០ ទំព័រ៦-៧

ប្រជា​រាស្ត្រ​ខ្មែរ​ ជា​ជន​ជាតិ​មួយ​ស្នេ​ហា​សន្តិ​ភាព​យ៉ាង​ខ្ជាប់​ខ្ជួន​តាំង​តែ​ពីបុ​រាណ​កាល​មក​ ដោយ​បាន​បង្កើត​ជា​សង្គម​មនុស្ស​មួយ​នៅ​លើ​ដែន​ដី​សុវណ្ណ​ភូមិ​ ហើយ​បាន​រស់​នៅ​ក្រោម​ការ​ត្រួត​ត្រា​នៃ​ជន​មួយ​ក្រុម​ ដែល​មាន​វណ្ណៈ​ជា​ស្តេច​កាន់​អំណាច​ផ្ទាល់​ខ្លួន​ ជា​សម្បូរ​ណ៌ាជ្ញា​សិទ្ធិ​រាជ​។ អំណាច​នេះ​ត្រូវ​បន្ត​ពូជ​ធារ​ពី​មួយ​ទៅ​មួយ​ តាំង​ពី​ច្រើន​សតវត្ស​មក​ដល់​សម័យ​សីហនុ​។ ក្រុម​នេះ​គេដណ្ដើម​គ្នា​ឡើង​សោយ​រាជ្យ​ រហូត​ដល់​ហ៊ាន​យក​ទឹក​ដី​ដូរ​រាជ្យ​នោះ​ក៏​មាន​។ ដើម្បី​អោយ​គេ​នៅ​ក្នុង​វង្ស​បាន​យូរ​គេ​ត្រូវ​បំបែក​រាស្ត្រ​ បំបែក​មន្ត្រី​អោយ​ម្នាក់​និយាយ​ដើម​ម្នាក់​អាក្រក់​។​ ពួក​គេ​ណា​មួយ​ដែល​មិន​បាន​សោយ​រាជ្យ​ គេ​ត្រូវ​បាន​ទទួល​បុព្វ​សិទ្ធិ​ពិសេស​ ចាប់​​តាំង​ពី​កំនើត​មក​។​ គេ​បង្កើត​ពាក្យ​សំរាប់​និយាយ​រវាង​គ្នា​គេ​ក្តី​ ជា​រាជ​ស័ព្ទ​ផ្សេង​ ដោយ​​ឡែក​ពី​ភាសា​រាស្ត្រ​ ក្នុង​គោល​គំនិត​តាំង​ខ្លួន​ជា​អាទិ​ទេព​ជា​ទី​សក្ការៈ​របស់​រាស្ត្រ​។

ក៏​ប៉ុន្តែ​ ប្រ​វត្តិ​សាស្ត្រ​របស់​ប្រទេស​ខ្មែរ​បាន​អោយ​យើង​ដឹង​ថា ទោះ​បី​មាន​ច្បាប់​ទស​ពិធ​ទាំង​១០​យ៉ាង​​ខាង​លើ​នោះ​ តំរូវ​អោយ​ស្តេច​គោរព​តាម​ក៏​ពិត​មែន​ តែ​ច្បាប់​នេះ​អាស្រ័យ​ទៅ​លើ​ចិត្ត​ស្តេច​តែ​ខ្លួន​អែង​ បើ​ស្តេច​នោះ​មាន​អាង​ធម៌​២​យ៉ាង​គឺ៖​
- ហិរិ : សេចក្តីខ្មាស់អៀនក្នុងការប្រព្រឹត្តអំពើអាក្រក់១
- អោត្តប្ប : សេចក្តីខ្លាចតក់ស្លុតចំពោះអំពើអាក្រក់១
ទើប​អាច​ប្រ​ព្រឹត្ត​ទៅ​តាម​ទស​ពិធ​រាជ​ធម៌​នោះ​បាន ប៉ុន្តែ​តាម​ការ​ពិត​ គេ​ឃើញ​ស្តេច​មិន​ប្រ​ព្រឹត្ត​តាម​ទស​ពិត​រាជ​ធម៌​ទេ​ដោយ​មក​ពី​គ្មាន​ហិរិៈ​ និង​អោត្តប្បៈ​នៅ​ក្នុង​ខ្លួន​នោះ​អែង​។
ដោយ​ស្តេច​នីមួយ​ៗ ត​គ្នា​មិន​បាន​កាន់​ទស​ពិធ​រាជ​ធម៌​នេះ​ហើយ បាន​ជា​បណ្ដា​រាស្ត្រ​មាន​សេច​ក្តី​ក្តៅ​ក្រ​ហាយ រង​ទុក្ខ​ដោយ​សារ​ស្តេច​ជិះ​ជាន់​ ហើយ​រក​មធ្យោ​បាយ​ជា​អាវុធ​ កំចាត់​អំពើ​ជិះ​ជាន់​របស់​ស្តេច​មិន​បាន​ ក៏​នាំ​គ្នា​បង្កើត​ពាក្យ​ប្រ​ទេច​ផ្តា​សា​ បញ្ឆិត​បញ្ឆៀង​ដៅ​លើ​ជន​ណា​មួយ​​ផ្តេស​ផ្តាស​ពេក​ថា​ “អា​ចំកួត​ហ្លួង​” ​។ ប្រវត្តិ​សាស្ត្រ​ខ្មែរ​បាន​បង្ហាញ​អោយ​ឃើញ​ទៀត​ថា មាន​រាស្ត្រ​បាន​សាក​ល្បង​ងើប​ប្រឆាំង​ នឹង អំណាច​ផ្តាច់​ការ​របស់​ស្តេច​ជា​ហូរ​ហែ ប៉ុន្តែ​គ្រប់​តែ​ពេល​ត្រូវ​គេ​បង្ក្រាប​យ៉ាង​សាហាវ​ ការ​វិវត្តន៍​របស់​មនុស្ស​លោក​ ចេះ​តែ​មាន​ដំនើរ​ទៅ​មុខ​អិត​ថយ​ក្រោយ​ ប្រជា​រាស្ត្រ​ខ្មែរ​ក៏​ដូច​ជា​ប្រជា​រាស្ត្រ​ទូទៅ​នៅ​ ក្នុង​សកល​លោក​ដែរ​ ត្រូវ​ការ​ ៖
- សេរីភាព
- សមភាព
- ភាតរភាព
- វឌ្ឍនភាព
- សុភមង្គល
ក្នុង​ដំនើរ​រំដោះ​ជាតិ​ពី​កន្តាប់​ដៃ​នៃ​ពួក​ស្តេច​ ឆ្ពោះ​ទៅ​រក​គោល​ដៅ​ទាំង​៥​ដូច​ខាង​លើ​នេះ​ ប្រជា​រាស្ត្រ​ខ្មែរ​តែង​តែ​ប្រើ​មធ្យោ​បាយ​សន្តិ​វិធី​ ប្រើ​ច្បាប់​ដើម្បី​រក្សាល​ក្ខណៈ​ខ្លួន​ជា​ជាតិ​ស្នេហា​សន្តិភាព ​។

ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​២​ ​បាន​បញ្ចប់​ទៅ​ ប្រជា​ជាតិ​ក្នុង​សកល​លោក​ បាន​រួម​គ្នា​ធ្វើ​សេច​ក្តី​ថ្លែង​ជា​សកល​ នូវសិទ្ធិ​នៃ​មនុស្ស​ប្រការ​២១​ វគ្គ​ទី​៣​​ នៃ​សេច​ក្តី​ថ្លែង​ជា​សកល​នូវ​សិទ្ធិ​មនុស្ស​បាន​ចែង​ថា​ ត្រូវ​ទុក​ឆន្ទៈ​របស់​ប្រជា​រាស្ត្រ​ជា​គ្រឹះ​អំណាច​ នៃ ​អនុ​ភាព​សា​ធារណៈ​។ ឆន្ទៈ​នេះ​ត្រូវ​សំដែង​ដោយ​វិធី​បោះ​ឆ្នោត​សុច​រិត​ ដែល​ត្រូវ​ ធ្វើ​តាម​កំនត់​កាល​ដោយ​វិធី​បោះ​ឆ្នោត​ សកល​ និង​ដោយ​សម​ភាព ហើយ ​និង ​ដោយ​សំងាត់​ …ក៏​ដោយ​នីតិ​ក្រម​ដែល​មាន​ន័យ​ដូច​គ្នា​ខាង​លើ​នេះ​ ក្នុង​ការ​ធានា​រ៉ាប់​រង​ ដល់​សេរី​ភាព​នៃ​ការ​បោះ​ឆ្នោត​នោះ​។ ដោយ​អនុ​លោម​ទៅ​តាម​គោល​ការណ៍​ខាង​លើ​នេះ​ ខ្មែរ​ស្នេហា​ជាតិ​មួយ​ក្រុម​ មាន​សេច​ក្តី​ក្លា​ហាន បាន​ក្រោក​ឡើង​ចាប់​ផ្តើម​រៀប​ចំ​ធ្វើ​រដ្ឋ​ធម្ម​នុញ្ញ​មួយ​ ដើម្បី​កំរិត​ព្រំ​ដែន​អំណាច​របស់​ស្តេច និង​ អំណាច​របស់​រាស្ត្រ​។

រដ្ឋ​ធម្មនុញ្ញ​នេះ​បាន​ប្រកាស​អោយ​ប្រើ​ពី​ឆ្នាំ​១៩៤៧ រហូត​មក​ ដោយ​មាន​ការ​រអាក់​រអួល​ជា​និច្ច​ជា​កាល​​។ ការ​រអាក់​រអួល​ នេះ​បណ្ដាល​មក​ពី​ស្តេច​សីហនុ​ ជា​ស្តេច​ចុង​ក្រោយ​បង្អស់​ ក្នុង​ចំនោម​ស្តេច​គ្រប់​គ្រង​ប្រទេស​ខ្មែរ​ ដែល​គ្មាន​ទស​ពិធ​រាជ​ធម៌​នោះ​។ ស្តេច​សីហនុ​មាន​ពុត​ត្បុត​អាក្រក់​ចំលែក​ ដោយ​ចេះ​ធ្វើ​មាយា​ប្រជា​ភិថុ​តិ​ចំពោះ​រាស្ត្រ​តែ​សំបក​ក្រៅ ​ដោយ​ប្រើ​ល្បិច​កិច្ច​កល​ក្តោប​អំណាច​ អោយ​ដៃ​ឆ្វេង​កេង​កាវ​ទាញ​យក​វិញ​ ដោយ​ដៃ​ស្តាំ​សន្ធប់​រដ្ឋ​ធម្មនុញ្ញ​ នៅ​ពី​ក្រោម​អំណាច​ខ្លួន​ ដូច្នោះ​ហើយ​ បាន​ជា​រដ្ឋ​ធម្ម​នុញ្ញ​ត្រូវ​កែ​ប្រែ​វិល​ចុះ​វិល​ឡើង​ច្រើន​លើក​ច្រើន​សា​។ នរ​ណា​ហ៊ាន​ការ​ពារ​រដ្ឋ​ធម្ម​នុញ្ញ​នេះ នរ​នោះ​ត្រូវ​ស្លាប់​ខ្លួន​ ដូច​លោក​ប្រធាន​ អៀវ​-កើស​ ជា​អុទាហរ​ណ៍​ស្រាប់​។ រដ្ឋស​ភា​ជា​អង្គ​ការ​តំណាង​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​មាន​ករ​ណីយ​កិច្ច​ ការ​ពារ​រដ្ឋធ​ម្មនុញ្ញ​ ក៏​ត្រូវ​ទទួល​រង​គ្រោះ និង​អំពើ​ជិះ​ជាន់​របស់​ស្តេច​ចុង​ក្រោយ​នេះ​ដែរ​។

តាំង​ពី​ចាប់​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​ចំនួន​២៣​ឆ្នាំ​នេះ​ មាន​រដ្ឋ​សភា​ ៦​នី​តិកាល​បាន​បន្ត​ៗ​គ្នា​។ ក្នុង​៦​នីតិ​កាល​នេះ នីតិ​កាល​ទី​១-២-៣ ត្រូវ​រលាយ​ក្នុង​អានត្ដិគឺ
- រដ្ឋសភា​ទី​១ បាន​បើក​សម័យ​ពី​ថ្ងៃ​ទី​២១ មករា ១៩៤៨ ត្រូវ​រលាយ​ទៅ​វិញ​ពី​ថ្ងៃ​ទី​១៧​ កញ្ញា ១៩៤៩ហើយ​បន្ទាប់​មក​អតីត​ប្រធាន​ អៀវ​-កើស ត្រូវ​គេ​លប​សំលាប់​ចោល
- រដ្ឋសភាទី២ បើកសម័យប្រជុំថ្ងៃទី៨ តុលា ១៩៥១ រលាយទៅវិញនៅថ្ងៃទី១៣ មករា ឆ្នាំ១៩៥៣
- រដ្ឋសភាទី៣ បើកសម័យប្រជុំថ្ងៃទី១ តុលា ១៩៥៥ រលាយទៅវិញនៅថ្ងៃទី៨មករា ១៩៥៨
រួច​ខ្លួន​តែ​រដ្ឋ​សភា​ទី​៤ និង ទី​៥ ដែល​មាន​អាយុ​កាល​គ្រប់​ឆ្នាំ​មិន​បាន​រលាយ​ ព្រោះ​សមា​ជិក​នៃ​រដ្ឋ​សភា​ទាំង​ពីរ​នីតិ​កាល​ នេះ​បាន​កើត​ឡើង​ដោយ​ស្តេច​សីហនុ​ បាន​ចាត់​ឈ្មោះ​អោយ​ទៅ​ឈរ​ក្នុង​មណ្ឌល​នីមួយ​ៗ គ្មាន​គូ​ប្រជែង​។ រី​អែ​រដ្ឋ​សភា​នៃ នីតិកាល​ទី​៦ នា​បច្ចុប្បន្ន​នេះ មាន​អ្នក​តំណាង​រាស្ត្រ​៨២​រូប ដែល​បាន​ជាប់​ឆ្នោត​ដោយ​សុចរិត​ អំពី​ឆន្ទៈ​ដ៏​បរិសុទ្ធ​នៃ​រាស្ត្រ​ ក្នុង​ចំនួន​បេក្ខ​ជន​ ៤១៥​នាក់​ កាល​ពី​ថ្ងៃ​ទី​១១ កញ្ញា ១៩៦៦។

សភា​នីតិ​កាល​ទី​៦​នេះ បាន​ខិត​ខំ​ធ្វើ​ការ​បំរើ​រាស្ត្រ​ពេញ​សមត្ថ​ភាព ដោយ​ពុះ​ពារ​អុប​ស័គ្គ​គ្រប់​យ៉ាង​ ក្នុង​កិច្ច​ការ​ពារ​ផល​ប្រយោ​ជន៍​សិ៍ទ្ធិ​សេរី​ភាព​របស់​រាស្ត្រ​ ដែល​នាំ​អោយ​សីហនុ​គំរាម​កំហែង​សង្កត់​សង្កិន​គ្រប់​បែប​យ៉ាង​ មាន​តំណាង​រាស្ត្រ​ ៣នាក់​ត្រូវ​បាត់​ខ្លួន ដោយ​អុបាយ​កល​សំងាត់​របស់​សីហនុ​ តំណាង​រាស្ត្រ​ខ្លះ​ត្រូវ​ជាប់​គុក​ក៏​មាន​ អ្នក​តំណាង​រាស្ត្រ​ទាំង​អស់​ ត្រូវ​ហាម​ឃាត់​មិន​អោយ​ចូល​រួម​ក្នុង​បុណ្យ​អែក​រាជ្យ​ និង​ ក្នុង​សមា​ជាតិ​។ ធ្ងន់​ទៅ​ទៀត​ស្តេច​ សីហនុ​ដែល​ជា​ស្តេច​ចុង​ក្រោយ​ បាន​ប្រើ​អំណាច​ផ្តាច់​ការ​លក់​ដី​អោយ​ពួក​យៀក​កុង​យួន​ខាង​ជើង​ តាំង​មូល​ដ្ឋាន​សឹក ខុស​ពី​នយោ​បាយ​អព្យា​ក្រឹត្យ​ចុង​ក្រោយ​របស់​សាមី​ខ្លួន​ គឺ​ពេល​ប្រជា​រាស្ត្រ​សំដែង​សេចក្តី​ក្តៅ​ក្រហាយ​ ចំពោះ​ការ​ជិះ​ជាន់​នៃ​ទ័ព​បរ​ទេស​ ស្តេច​សីហនុ​បាន​ទុក​រាស្ត្ររ​បស់​ខ្លួន តាំង​ប្រទេស​ថា​ជា​ក្បត់​ ហើយខ្លួន​ទៅ​រួម​គំនិត​ជា​មួយ​ខ្មាំង​វាយ​ជាតិ​របស់​ខ្លួន​។ កំហុស​ចុង​ក្រោយ​របស់​ស្តេច​សីហនុ​នេះ​ បាន​ធ្វើ​អោយ​សភា​តាំង​ពីរ​ទំលាក់​សាមី​ខ្លួន​នៅ​វេទិកា​នេះ​ចេញ​ពី​តំនែង​ប្រមុខ​រដ្ឋ​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៨​ មីនា​ ១៩៧០​។

ប្រវត្តិ​សាស្ត្រ​ខ្មែ​រ​មុន​ចំបាំង​លើក​ទី​២ ដែល​ខ្មែរ​រស់​នៅ​អាស្រ័យ​ទស​ពិធ​រាជ​ធម៌​ក្តី ក្រោយ​ចំបាំង​លើក​ទី​២​ ដែល​ខ្មែរ​រស់​នៅ​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​ជា​គោល​ចរិក​ក្តី​ បាន​បង្ហាញ​អោយ​ឃើញ​ថា ស្តេច​ពុំ​ព្រម​បោះ​បង់​អំណាច​ផ្តាច់​ការ​ផ្ទាល់​ខ្លួន​ទាល់​តែ​សោះ​ ហើយ​បំបាត់​ជីវិត​ពល​រដ្ឋ​ចោល​ខ្លះ​… សុខ​ចិត្ត​អោយ​បាត់​បង់​ទឹក​ដី​ខ្លះ​ចុះ​ អោយ​តែ​ខ្លួន​បាន​រក្សា​អំណាច​ផ្ទាល់​របស់​ខ្លួន​។ ដោយ​យោល​ទៅ​លើ​គុណ​វិបត្តិ​ជា​ច្រើន​នៃ​លទ្ធិ​រាជា​និយម​ ដូច​បាន​រៀប​រាប់​មក​ខាង​លើ៖

- ដោយស្របនឹងគោលរដ្ឋធម្មនុញ្ញសហប្រជាជាតិ ដែលស្តីពីសិទ្ធិនៃប្រជាជាតិនីមួយៗ ក្នុងការចាត់ចែងខ្លួនទៅដោយសេរី ។
- ដោយ​គោរព​ឆន្ទៈ​របស់​ប្រជា​រាស្ត្រ​ ដែល​បាន​សំដែង​ក្នុង​ព្យុហ​យាត្រា​កាល​ពី​ថ្ងៃ​ទី​១១ មេសា​ ១៩៧០ និង​តាមញាតិ​ដែល​មាន​ជា​បន្ត​បន្ទាប់​គ្នា​មក​ទៀត​។
- ដោយគោរពតាមក្រមលេខ៤៤២-៧០ ចុះថ្ងៃទី៨ តុលា ១៩៧០ ដើម្បី
- សេរីភាព
- សមភាព
- ភាតរភាព
- វឌ្ឍនភាព
- និងសុភមង្គល

នៃ​ប្រជា​រាស្ត្រ​ខ្មែរ​ យើង​ អ៊ិន-តាំ ប្រធាន​រដ្ឋ​សភា​ ក្នុង​នាម​ប្រជា​ជាតិ​ខ្មែរ​ សូម​ប្រកាស​ជា​អុឡា​រិក​នៅ​ថ្ងៃ​ទី​៩ តុលា ១៩៧០ ចាប់​តាំង​ពី​ម៉ោង​៧​នេះ​ទៅ ​ចាត់​ទុក​ប្រទេស​កម្ពុ​ជា​ជា​សាធារណ​រដ្ឋ​តែ​មួយ​ ដែល​បែង​ចែក​ពុំ​បាន​ ហើយ​ដែល​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា “សាធារណរដ្ឋខ្មែរ” ។