ដំណឹង​បារាំង​ចាប់​ផ្សឹក​លោក​គ្រូ​អាចារ្យ​ហែម ចៀវ បាន​ធ្វើ​អោយ​សាម​ណ​សិស្ស​នៅ​សាលា​បាលី​ជាន់​ខ្ពស់ រំជើប​រំជួល​យ៉ាង​ខាំង ហើយ​ផ្សាយ​ទៅ​គ្រប់​វត្ត​អារាម​និង​ខេត្ត​ក្រៅ​ដើម្បី​រួម​ប្រ​ជុំ​គ្នា ធ្វើ​បាតុ​កម្ម​ត​វ៉ា​អោយ​បារាំង​ដោះ​លែង​លោក​គ្រូ​អាចារ្យ​ហែម​ចៀវ និង​លោក​នួន ឌួង ពី​ទី​ឃុំ​ឃ្លាំង​មក​វិញ​។ មហា​បាតុ​កម្ម​នេះ បំរុង​ធ្វើ​នៅ​ថ្ងៃ​ទី​១៨ កក្កដា តែ​ត្រូវ​អាក់​ខាន​ទៅ​វិញ ដោយ​នៅ​វត្ត​លង្កា ជាប់​រវល់​ធ្វើ​បុណ្យ​ចំរើន​ព្រះ​ជន្ម​វស្សា​ព្រះ​ធម្ម​លិខិត ល្វី អែម ជា​ចាង​ហ្វាង​សាលា​បាលី​ជាន់​ខ្ពស់ ក្នុង​អោ​កាស​ដែល​លោក​ឡើង​សមណ​ស័ក្តិ​ ទី​ជា​ព្រះ​ធម្ម​លិខិត​។ ពិធី​បុណ្យ​នេះ​បាន​បង្ហើយ​នៅ​ថ្ងៃ​ទី​១៩ កក្កដា​។ ពេល​នោះ លោក​សឺង ង៉ុក​ថាញ់ បាន​ភៀស​ខ្លួន​ទៅ​ពួន​អែកា​រិ​យា​ល័យ​កង​អាវុធ​ហត្ថ​ជប៉ុន ដើម្បី​គេច​ខ្លួន​អោយ​ផុត​ពី​កណ្ដាប់​ដៃ​បារាំង​សែស ក្នុង​គោល​បំណង​ដឹក​នាំ​ក្រុម​បដិ​វត្តន៍​ក្នុង​ការ​រំដោះ​ជាតិ​អោយ​បាន​សំរេច​។ ការ​ទាក់​ទង​រវាង​លោក​សឺង ង៉ុក​ថាញ់ និង មេ​ដឹក​នាំ​ខាង​បាតុ​កម្ម បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម ដោយ​មាន​លោក ប៊ុណ្ណ ចន្ទ​ម៉ុល ជា​អ្នក​នាំ​ពាក្យ​ទៅ​ជំរាប​លោក​ប៉ាច ឈឺន ដែល​ជា​បុរស​ម្នាក់​មាន​ចិត្ត​រឹង​ដូចថ្ម​។ រាត្រី​ថ្ងៃ​ទី​១៩​កក្កដា មេ​ដឹក​នាំ​ពួក​បាតុ​ករ​បាន​រៀប​ចំ​ក្បួន​ដោយ​ក្រុម​ៗ តាម​កម្ម​វិធី​របស់ ខ្លួន​ជា​ស្រេច​។

ការ​បះ​បោរ​វាយ​ដូច្នេះ ធ្វើ​អោយ​ខូច​គំរោង​ការ​អស់​រលីង ដែល​លោក​សឺង ង៉ុក​ថាញ់​បាន​ទាក់​ទង​អោយ​ជប៉ុន​ជួយ​ធ្វើ​អន្តរា​គមន៍ បើ​ប្រ​សិន​ណា​ទេ​សា​ភិបាល​បារាំង​មិន​ដោះ​លែង​វីរ​ជន​ទាំង​ពីរ​ទេ (សូម​អាន​គុក​នយោ​បាយ​របស់​លោក ប៉ុណ្ណ ចន្ទម៉ុល​) ពេល​កំពុង​វាយ​ប្រលូក​គ្នា​នោះ ពួក​បារាំង​បាន​ថត​រូប​បាតុករ ដើម្បី​ស្រួល​ដើរ​ចាប់​។ ព្រះ​ភិក្ខុ ប៉ាង-ខាត់ និង​ព្រះ​អាចារ្យ​អ៊ុក ជា លោក​​ប៉ុណ្ណ-​ច​ន្ទម៉ុល លោក​ជុំ មួង ភិក្ខុ​ធម្ម​បាល ខៀវ ជុំ ៘ បាន​រត់​គេច​ខ្លួន​យ៉ាង​រហ័ស​។ ជន​ណា​យឺត​ដំណើរ​ ក៏​ត្រូវ​ពួក​បារាំង​ចាប់​ដាក់​គុក​អស់​។

ព្រះ​តេជ​ព្រះ​គុណ ប៉ាង​-​ខាត់ គេច​ខ្លួន​រួច ហើយ​បែរ​ជា​និមន្ត​ទៅ​អោយ​បារាំង​ចាប់​ដោយ​ចិត្ត​ក្លា​ហាន​ជា​ទី​បំផុត​។ លោក ប៉ុណ្ណ-ចន្ទម៉ុល ក៏​ត្រូវ​បារាំង​ចាប់​ដែរ​។ រី​អែ​ព្រះ​អាចារ្យ​អ៊ុក ជា និង​ភិក្ខុ​ធម្ម​បាល​ខៀវ ជុំ បាន​និមន្ត​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​សៀម​ទាំង​ទឹក​ភ្នែក​​។ (ព្រះ​អាចារ្យ​អ៊ុក-ជា គង់​នៅ​ស្រុក​សៀម​រហូត​មក​ដល់​សព្វ​ថ្ងៃ)​។ ចំណែក​លោក​ជុំ មួង ក៏​បាន​គេច​ខ្លួន​ទៅ​បាត់​ដំបង​ដែរ​។ ខ្មែរ​អ្នក​ស្នេហា​ជាតិ​ទាំង​ព្រះ​សង្ឃ ទាំង​គ្រហស្ថ ដែល​ចាប់​បាន​គេ​ដាក់​ក្នុង​ទី​ឃុំ​ឃាំង រួច​បញ្ជូន​ទៅ​គុក​ធំ​ភ្នំ​ពេញ​ទុក​កាត់​ទោស​។

ចំណែក​ស្តេច​សីហនុ គ្មាន​គិត​បញ្ហា​ប្រ​ទេស​ជាតិ​ទេ គឺ​គិត​តែ​សប្បាយ នឹង​ស្រី​ញី រាំ​រែក ពេញ​ចន្ទ​ឆាយា ពុំ​ជួយ​ឈឺ​ឆ្អាល​ពួក​បាតុ​ករ​សោះ បែ​ជា​ចូល​ដៃ​នឹង​បារាំង ជេរ​ព្រះ​សង្ឃ​ថា «អា​ត្រងោល​បួស​បំផ្លាញ​បាយ​» ទៅ​វិញ ហើយ​ថែម​ទាំង​ហាម​មិន​អោយ​សិស្ស​សាលា​បាលី​ជាន់​ខ្ពស់​ប្រើ​ឆ័ត្រ​ដង​ដែក​ទៀត​ផង​។ (លោក​តា​ម្នាក់​មាន​ប្រសាសន៍​ថា ស្តេច​សុរាម្រិត​បាន​ដឹក​ប្រាក់​សុទ្ធ​និង​មាស​ទៅ​សូក​បារាំង​ច្រើន​ណាស់ ដើម្បី​អោយ​កូន​ខ្លួន​បាន​សោយ​រាជ្យ​។ បារាំង​ក៏​យល់​ព្រម​ហើយ​ដាក់​ខ​សន្យា កុំ​អោយ​សីហនុ​ភ្លេច​បារាំង​។ ដូច្នេះ​ហើយ​បាន​ជា​ស្តេច​សីហនុ​នឹក​គុណ​បារាំង​មិន​ភ្លេច​។

បាតុ​កម្ម​នេះ​ពុំ​បាន​សំរេច​ដូច​គោល​បំណង​ទេ គឺ​ហាក់​ដូច​ជា​គ្រាន់​តែ​ធ្វើ​អោយ​ជា​ការ​សាក​ល្បង អោយ​ខ្មែរ​ទូ​ទៅ​ដឹង​ខ្លួន​ប៉ុណ្ណោះ​។ ក្រោយ​មក​អ្នក​ទោស​នយោបាយ ក៏​ត្រូវ​បារាំង​បញ្ជូន​ទៅ​ព្រៃ​នគរ​តាម​កប៉ាល់​ដើម្បី​កាត់​ទោស​។

៦ -ការកាត់ទោសប្រហារជីវិត

នាវា​ស្រែក​លា​កំពង់​ផែ​ភ្នំ​ពេញ​បី​វូម ក៏​ទំលាក់​កន្ទុយ​ហើយ​ធ្វើ​ដំណើរ​គ្រឿន​ៗ​ទៅ​។ នៅ​លើ​នាវា លោក​គ្រូអា​ចារ្យ​ហែម ចៀវ, លោក​ប៉ាច ឈឺន, លោក នួន ឌួង, និង​អ្នក​ទោស​អែ​ទៀត​ជើង​ជាប់​ច្រវាក់ សំលឹង​មើល​កំពូល​វត្ត​ឧណ្ណា​លោម សំដែង​នូវ​សេច​ក្តី​អាលោះ​អា​ល័យ​មាតុ​ភូមិ មិន​ចង់​ឃ្លាត​ឆ្ងាយ​ទេ លោក​ស្តាយ​ខាន​បាន​រស់​នៅ​ជា​មួយ​ជន​រួម​ឈាម​ជា​ទី​ស្នេហា​! ស្តាយ​ខាន​ឃើញ​មុខ​ឧបាសក​ឧបាសិកា ដែល​តែង​ពិគ្រោះគ្នា​អំពី​បញ្ហា​ជាតិ​សាសនា​។ លោក​អាចារ្យ​កំសត់​លើក​ដៃ​ទាំង​ពីរ​ប្រណម​ហើយ​ពោល​ខ្សឹប​ៗ ៖

- ខ្ញុំ​ម្ចាស់​សូម​ថ្វាយ​ព្រះ​បង្គំ​លា​ហើយ មិន​ដឹង​ថ្ងៃ​ណា​បាន​ជួប​វិញ​ទេ​! សូម​ព្រះ​បារមី​ជួយ​ថែ​រក្សា​ទូល​ព្រះ​បង្គំ​ផង ទូល​បង្គំ​ចង់​រស់​ត​ទៅ​ទៀត​ដើម្បី​ស្រោច​ស្រង់​ប្រទេស ដែល​លិច​លង់​ច្រើ​ន​ឆ្នាំ​មក​ហើយ​ណាស់​។ ឱ​កន្លែង​ដ៏​មនោ​រម្យ​! ដែល​ធ្លាប់​ផ្តល់​នូវ​វិជ្ជា និង សេច​ក្ដី​សុខ​គ្រប់​បែប​យ៉ាង​! ខ្ញុំ​មិន​ភ្លេច​អ្នក​ទេ​! ទោះ​បី​អា​ចោរ​ព្រៃ​សំលាប់​ខ្ញុំ ក៏​វិញ្ញាណ​ក្ខន្ធ​ខ្ញុំ​ហើរ​មក​នៅ​ទី​នេះ​វិញ​ដែរ​។ សូម​អ្នក​អភ័យ​ទោស​ដល់​ខ្ញុំ ដែល​មិន​បាន​ចូល​លា​ដល់​កន្លែង ព្រោះ​ខ្ញុំ​ជា​មនុស្ស​មាន​ទោស មិន​អាច​មាន​សេរី​ភាព​ធ្វើ​អ្វី​កើត​តាម​ចិត្ត​ចង់​! តែ​ខ្ញុំ​មិន​តូច​ចិត្ត​ឡើយ​ នូវ​ទោស​កំហុស​ដែល​បារាំង​វា​ចោទ​ ដោយ​សារ​ខ្ញុំ​ស្រលាញ់​ជាតិ សាសនា ខ្ញុំ​ស្លាប់​ក៏​ស្លាប់​ចុះ អោយ​តែ​ជាតិ​! សាសនា​រស់។

កប៉ាល់​បើក​មក​ដល់​មុខ​វាំង ញ៉ាំង​ចិន្តា​លោក​គ្រូ​អាចារ្យ​ហែម ចៀវ និង​មិត្ត​ភក្តិ​អែ​ទៀត​អោយ​ក្តៅ​ឆេះ​ឆួល ហួស​ប្រមាណ​ លោក​ស្អប់​ខ្ពើម​ពួក​ស្តេច​ដែល​កាច​ឃោរ​ឃៅ សំលាប់​មនុស្ស​គ្មាន​ពិចារ​ណា​រ​ក​យុត្តិ​ធម៌ គ្មាន​គិត​ប្រជា​រាស្ត្រ​ក្រី​ក្រ ល្ហេម​ល្ហាម​ដែល​ពួក​បរ​ទេស​សង្កត់​សង្កិន មាន​ចិន យួន បារាំង​ជា​ដើម​។ មើល​ចុះ​វាំង​ប្រាសាទ​របស់​គេ​មាន​រស្មី​ភឺ​រន្ទាល អស់​លុយ​ជាតិ​រាប់​រយ​លាន! ចំណែក​លំ​នៅ​ប្រជា​រាស្ត្រ រក​តែ​ស្លឹក​បាំង​មិន​ជិត​ទឹក​ភ្លៀង និង កំដៅ​ផង​! គេ​ទុក​ខ្លួន​គេ​ជា​អ្នក​គ្រប់​គ្រង​ប្រជា​រាស្ត្រ​។ តែ​តាម​ពិត​ពួក​គេ​ជា​សត្រូវ នៃ​ប្រជា​រាស្ត្រ​​ទើប​ត្រឹម​ត្រូវ ទើប​សម​នឹង​សកម្ម​ភាព​ដែល​គេ​បាន​ប្រ​ព្រឹត្ត​។ ការ​ឈឺ​ចិត្ត​ការ​ភ្ញាក់​រលឹក​របស់​លោក​អាចារ្យ​ហែម ចៀវ មាន​តាំង​ពី​លោក​នៅ​ជាសិស្ស​សាលា​បាលី​ជាន់​ខ្ពស់​ម៉្លេះ​។ លោក​ជា​មេ​បដិវត្តន៍​ដ៏ឧត្តម​ម្នាក់​ដែល​យើង​កំរ​នឹង​បា​ន​ជួប​។

បន្តិច​ក្រោយ​មក នាវា​ចំបាំង​ដឹក​អ្នក​ទោស​នេះ ក៏​មក​ដល់​មុខ​សាលា​បាលី​ជាន់​ខ្ពស់ ដែល​ជា​ទី​បន្ដុះ​វិជ្ជា​របស់​លោក​។ លោក​សំលឹង​កំពូល​សាលា​ដោយ​ចុក​ណែន​អោ​រា ហើយ​បង្កើត​សំលេង​តាម​ខ្យល់​ទៅសិស្ស​កំសត់​៖
- អោ​សិស្ស​ជា​ទី​ស្នេហា​អើយ​! តើ​អ្នក​បាន​គ្រូ​ណា​បង្រៀន​អ្នក​ទៀត​! បើ​ខ្ញុំ​ត្រូវ​បរ​ទេស​គេ​ដឹក​ទៅ​ប្រហារ​ជីវិត​ដូច្នេះ​! ខ្ញុំ​មិន​ចង់​ឃ្លាត​អ្នក​ទេ​! អ្នក​ជា​សិស្ស​ប្រកប​ដោយ​ធម៌ ចេះ​ស្រលាញ់​វិជ្ជា​ដូច​ចិត្ត​គ្រូ​ប៉ង​ប្រាថ្នា​! ថ្ងៃ​នេះ​ខ្ញុំ​ឃ្លាត​ពី​អ្នក​ហើយ​! ចូរ​ អ្នក​ខំ​សិក្សា​ជា​មួយ​គ្រូថ្មី​ អោយ​មែន​ទែន បើ​អ្នក​ពិត​ជា​ស្រលាញ់​ខ្មែរ​មែន​! ចូ​រ​អ្នក​ខំ​រក្សា​កិត្តិ​យស សាសនា យើង​កុំ​អោយ​សាប​សូន្យ​ណា៎​! ខ្ញុំ​គ្មាន​អី​ផ្ញើ​មក​អ្នក​ក្រៅ​ពី​បណ្ដាំ​មួយ​ម៉ាត់​នេះ​ទេ គឺ​បើ​អ្នក​ស្រ​លាញ់​ខ្ញុំ ទុក​ខ្ញុំ​ជា​គ្រូ​ត្រូវ​ខំរៀន​ ហើយ​រំដោះ​ប្រ​ទេស​អោយ​បាន​អែក​រាជ្យ​ឡើង​។

ជយោ​សាលា​បាលី​! ខ្ញុំ​លា​ហើយ លា​ទាំង​មិ​ន​បាន​ឃើញ​មុខ​អ្នក​រាល់​គ្នា លា​ហើយ​កន្លែង​ធ្លាប់​រៀន ធ្លាប់​ជំនុំ​គ្នា​! លា​ហើយ មាតុ​ភូមិ​ជា​ទី​ស្នេហា​ស្មើ​ដោយ​ជីវិត​! លា​ហើយ​ញោម​ញាតិ ដែល​ធាប់​ស្រលាញ់​រាប់​អាន​គ្នា​អិត​មាន​ហ្មង... លា​ហើយ​ទី​ក្រុង​កំសត់​ដែល​ត្រូវ​គេ​សង្កត់​សង្កិន​! លា​ហើយ​ប្រិយ​មិត្រ​ដែល​គិត​ប្រយោជន៍​ជាតិ​! ខ្ញុំ​លា​ទាំង​អាល័យ​និង​ឈឺ​ចិត្ត​ជា​ទី​បំផុត​!​។ ចំណែក​លោក​នួន ឌួង និង​លោក​ប៉ាច ឈឺន ក៏​មាន​ដុំ​ទុក្ខ​ដូច​ជា​លោក​គ្រូ​ហែម ចៀវ​ដែរ​។ លោក​ប៉ាច ឈឺន​ក្តី លោក​នួន ឌួង​ក្តី លោក​គ្រូ​អាចារ្យ​ហែម​ចៀវ​ក្តី និង​អ្នក​អែ​ទៀត​ក្តី គ្មាន​ស្តាយ​ស្រណោះ​ជីវិត​ទេ តែ​សាក​ស្តាយ​ខាន​បាន​បន្ត​សកម្ម​ភាព​ដើ​ម្បី​រំដោះ​ជាតិ​អោយ​រួច​ពី​នឹម​ដែក​អណា​និគម​និយម​បារាំង​អោយ​រួច​សិន​។ ការ​គិត​វែង​ឆ្ងាយ នូវ​បញ្ហា​ជាតិ​ទាំង​នេះ​ហើយ ដែល ធ្វើ​អោយ​ជល​នេត្រ​វីរ​បុរស​ខ្មែរ​យើង​ហូរ​ដោយ​មិន​ដឹង​ខ្លួន​។ លោក​ទាំង​នេះ​ពុំ​បាន​សន្ទនា​គ្នា​នៅ​តាម​សំលេង​ទេ គឺ​គ្រាន់​តែ សន្ទនា​តាម​ខ្សែ​ភ្នែក​ប៉ុណ្ណោះ​។

ដំណើរ​នាវា​ទៅ​មុខ​ជា​និច្ជ អិត​គិត​ដល់​មនុស្ស​ដែល​មាន​ទុក្ខ​ទោស​ហួស​ព្រំ​ដែន​សោះឡើយ​។ ទេស​ភាព​ដង​ទន្លេ​ពី​​ភ្នំ​ពេញ ទៅ​ព្រៃ​នគរ​មាន​សភាព​ក្រៀម​ក្រំ សំងំ​ស្ងៀម​ឈឹង ហាក់​ដូច​ជា​ឈរ​គោរព​វីរ​បុរស​ដែល​បារាំង​ដឹក​ទៅ​កាត់​ទោស​នា​ក្រុង​ព្រៃ​នគរ​ក្នុង​ពេល​ខាង​មុខ​នេះ​។ សភាព​ស្ងប់​ស្ងាត់​នេះ រឹង​រឹត​តែ​ទាញ​ព្រលឹង​វីរ​ជន​យើង​អោយ​រំភើប​អិត​អុបមា​។ នៅ​ពេល​ដែល​នាវា​បើក​ហួស​ព្រំ​ប្រទល់​ដែន​ខ្មែរ លោក​នួន-ដួង បាន​បន្លឺ​សំលេង​ទៅ​កាន់​លោក​អាចារ្យ​ហែម ចៀវ​ដោយញ័រ​ៗ៖

- ព្រះតេជព្រះគុណ យើងឃ្លាតពីមាតុភូមិយើងហើយ!
- អើលោក! នេះជាការធម្មតារបស់យើងទេ... សូមកុំទោមនស្សអី!
- ពិតមែនហើយ! តែព្រលឹងខ្ញុំវាមិនព្រមដាច់អាល័យពីខ្មែរយើងសោះ!
- អើ! ខ្លួន​ខ្ញុំក៏​យ៉ាង​នោះ​ដែរ​! ខ្ញុំ​មិន​អាច​បំភ្លេច​ជាតិ​យើង​បាន​ទេ ទោះ​បី​បារាំង​សំលាប់​ចោល​ក៏​ដោយ ខ្ញុំ​មិន​គិត​ដែរ ​គឺ​ខ្លាច​តែ​ប្រទេស​យើង​ពុំ​បាន​សេរី​ភាព​ប៉ុណ្ណោះ​។
លោក នួន ឌួង ឆ្លើយ
- មិនអីទេ ខ្មែរយើងភ្ញាក់រលឹកខ្លះហើយព្រះតេជព្រះគុណ!
កំពុងសន្ទនាគ្នាជាប់មាត់ ស្រាប់តែស័ក្តិ២បារាំងដើរមកជិតហើយស្រែក
- ឈប់ជជែកគ្នាទៅ! រៀបចំខ្លួនឡើងដល់ផែអីលូវហើយ!
អ្នកទោសទាំងអស់ក៏ធ្វើតាមបារាំងនោះ។

ដល់​ព្រៃ​នគរ រថ​យន្ត​ទ្រុង​មួយ​បាន​មក​ដឹក​អ្នក​ទោស​យក​​ទៅ​ដាក់​ក្នុង​គុក​ធំ​។ អំពើ​យង់​ឃ្នង​នៅ​គុក​ព្រៃ​នគរ ក៏​ដូច​ជានៅ​គុក​ធំ​ភ្នំ​ពេញ​ដែរ​។ ពួក​អ្នក​ចូល​ថ្មី តែង​ទទួល​ថ្នាំ​ខាំង​ពី​អ្នក​ទោស​ដៃ​ឆើត​ស្ទើរ​គ្រប់គ្នា​។ អំពើ​ប្រាស​ចាក​មនុស្ស​ធម៌​នេះ កើត​ដោយ​សារ​ពួក​បារាំង​វា​បង្កើត​ឡើង កុំ​អោយ​អ្នក​ទោស​ត្រូវ នឹង​អ្នក​ទោស គឺ​ជា​នយោ​បាយ​បំបែក​បំបាក់ ដើម្បី​ស្រួល​ត្រួត​ត្រា​ទៅ​ទៀត​។ ខ្មែរ​អ្នក​ទោស​ខ្លះ​ដោយ​បារាំង​កាន់​ជើង ខ្លួន​ក៏​ឡើង​ដៃ​វាយ​ធ្វើ​បាប​ជាតិ​អែង​គ្មាន​គិត​មុខ​គិត​ក្រោយ​អ្វី​សោះ​។ ពេល​ចូល​ទៅ​ដល់ លោក នួន ឌួង បាន​ត្រូវ​មេ​តំរួត​គុក​ព្រៃ​នគរ​វាយ​ធ្លាក់​រហូត​សន្លប់​បាត់​ស្មារតី លែង​ដឹង​ខ្លួន​នៅ​ចំពោះ​អ្នក​ទោ ស​ជា​ច្រើន​ព្រោះ​តែលោក​ឆ្លើយ​ថា «ក្បត់​បារាំង» អំពើ​នេះ​ធ្វើ​អោយ​កល្យាណ​មិត្ត​លោក​អាណិត​ស្ទើរ​ភ្លេច​ស្មារ​តី​។ អាចារ្យ ហែម ចៀវ ឃើញ​មិត្ត​ខ្លួន​ទទួល​ទណ្ឌ​កម្ម​ដ៏​សាហាវ​ដូច្នេះ​ លោក​បារម្ភ​ក្នុង​ចិត្ត​ខ្លះ​ដែរ ដោយ​ខ្លាច​ទទួល​រង្វាន់​អប្រិយ​ពី​ជន​ទុយ៌ស​ដូច​លោក​នួន ឌួង​។ តែ​ខណ​នោះ​លោក​នឹក​ឃើញ «នេះ​ជា​ការ​ធម្មតា​របស់​អ្នក​ទោស​ទេ! នេះ​ហើយ​ជា​ស្ថាន​នរក​លោ​កិយ​! អញ​មិន​ត្រូវ​រុញ​រា​ឡើយ...» បន្ទាប់​ពី​ពួក​យួន​វា​ធ្វើ​បាប​លោក​អារ្យ​ នួន ឌួង អស់​ចិត្ត​ហើយ ជន​អប្រិយ​នោះ​ក៏​មក​ហៅ អាចារ្យ ហែម ចៀវ ទៅ​សួរ​ម្តង​។ លោក​អាចារ្យ​ក៏​ចូល​ទៅ​ជិត​តាម​ទំលាប់​គេ​និយម​អនុវត្ត​នោះ ដោយ​មិន​ហ៊ាន​ងើប​មើល​មុខ​គេ​ផង​។ មេ​ត្រួត​ត្រា​ក៏​បោះ​សំដី​ទាំង​កំរោល​ទៅ​កាន់​អាចារ្យ​ហែម ចៀវ​ថា៖

- ចុះអាកញ្ជ្រមឯងនេះមានរឿង​អី​ដែរ​បាន​ជា​ជាប់​គុក​?
លោកអាចារ្យក៏ឆ្លើ យទៅវាវិញ
- ខ្ញុំ​​បាទ​​នេះ​ជា​លោក​សង្ឃ​ទេ ម្នាក់​អំបាញ់​មិញ​ក៏​ជា​អាចារ្យ មាន​រឿង​ជា​មួយ​ខ្ញុំ​បាទ​ដែរ​ប្រ​បាទ ព្រះ​តេជ​ព្រះ​គុណ​ម្ជាស់! ខ្ញុំ​បាទ​ត្រូវ​បារាំង​ចាប់​ជា​មួយ​គ្នា ដោយ​សងង្ស័យ​ថា​ខ្ញុំ​ក្បត់​បារាំង តែ​តាម​ពិត​បារាំង​គេ​និមន្ត​ខ្ញុំ អោយ​ដើរ​ទេសនា​ពន្យល់​អ្នក​ស្រុក​ទាហាន​កុំ​អោយ​ទាស់​គ្នា​។ លុះ​ឃើញ​ពួក​ទាំង​នោះ​ចូល​ចិត្ត​ខ្ញុំ​បាទ​ច្រើន បារាំង​ភ័យ​ខ្លាច​ខ្ញុំ​បំបះ​បំបោរ គេ​ក៏​ចាប់​ខ្ញុំបាទ​មក​!
- អើមិនអីទេអាអែងរួចខ្លួន! ទៅកន្លែងវិញចុះ!

ចាប់​តាំង​ពី​ចូល​មក​នៅ​ក្នុង​គុក​ព្រៃ​នគរ លោក​អាចារ្យ ហែម ចៀវ មិន​ដែល​ប្រើ​អាកប្ប​កិរិ​យា​ច្រលើស​បើស​ទ្បើយ លោក​តែង​និយាយ​ណែ​នាំ​អប់​រំ​អ្នក​ទោស​ខ្មែរ​អោយ​ស្រលាញ់​អ្នក​ទោស​ខ្មែរ កុំ​អោយ​ភ្លេច​ជាតិ​ខ្លួន​។ មិន​ត្រឹម​តែ​ខ្មែរ​យើង​ទេ ដែល​ស្រឡាញ់​លោក​អាចារ្យ សូម្បី​តែ​ពួក​ជាប់​ពន្ធ​ធនា​គារ​ជា​មួយ​ក៏​ស្រលាញ់​គោរព​ដល់​លោក​ជា​រឿយ​ៗ​ដែរ​។ កិរិយា​សុភាព​រាប​សា សំដី​ពីរោះ​ចិត្ត​ល្អ​មិន​ចេះ​ឈ្នា​និះ​ជន​ណា​មួយ​ដូច​លោក​អាចារ្យ​ហែម ចៀវ តែង​បាន​ទទួល​នូវ​សេច​ក្តី​អាណិត​អាសូរ​ពី​អ្នក​ផង​ជានិច្ច​។ គេ​បាន​ដាក់​លោក​ទាំង​ពីរ​នៅ​លើ​អាគារ​ជាន់​ទី​៤ បន្ទប់​លេខ​៣​។ គុក​នៅ​ព្រៃ​នគរ​មាន​សភាព​ស្អាត​ស្អំ​ធំ​ទូលាយ​ជាង​គុក​នៅ​ភ្នំ​ពេញ​ច្រើន ហើយ​សំលៀក​បំពាក់​សោត​ក៏​លើ​ភ្នំ​ពេញ​ដែរ​។ តើ​បញ្ហា​នេះ​មក​ពី​អ្វី បើ​យើង​ទាំង​ពីរ​កញ្ជះ​បារាំង​ដូច​គ្នា​?។

ការ​ជំនុំ​អ្នក​ទោស​ខ្មែរ​យើង​ពីរ​បី​ដង​ទៅ​ហើយ នៅ​តែមិន​ទាន់​​សំរេច​ថា​យ៉ាង​ណា​សោះ​។ ឃើញ​តែ​ព្រះ​អាចារ្យ​ប៉ាង​ខាត់ មួយ​ត្រូវ​រួច​វិល​មក​ភ្នំ​ពេញ​វិញ​។ ចំណែក​អស់​លោក​អែ​ទៀត​កំពុង​និន្ទ្រា​គង​ថ្ងាស​ជញ្ជឹង​គិត​ថា តើ​វាសនា​អញ នឹង​ធ្លាក់​ដល់​ណា​! តែ​ស្អី​ក៏​ស្អី​ទៅ​ចុះ​ ព្រោះ​ជីវិត​អញ​ៗ បាន​បូជា​ជូន​ជាតិ​ស្រេច​ទៅ​ហើយ​ ការ​ប្តេជ្ញា​ចិត្ត​បែប​នេះ​ហើយ ដែល​ធ្វើ​អោយ​វីរ​បុរស​ទាំង​នោះ​គ្មាន​តក់​ស្លុត​អ្វី​សោះ​។ រហូត​មក​ដល់​មាន​អស់​លោក​ខ្លះ ស្រែក​ជេរ​អោយ​ស័ក្តិ​ប្រាំ​បារាំង​ថា «ពួក​អារ៉ែង​ចង់​ធ្វើ​អី​អញ​ក៏​ធ្វើ​ទៅ​ចុះ​! អាចោរ​លួច​ប្រ​ទេស​អញ​! អញ​ខ្ពើម​រស់​ក្រោម​ការ​ជិះ​ជាន់​របស់​អាអែង​ណាស់​អាហន្ទ​យុំ​! អាកំ​សាក! សំលាប់​អញ​ទៅ។

ថ្ងៃ​កាត់​ទោស​ក៏​មក​ដល់​! ក្រោយ​ពី​ជំនុំ​ជំរះ​សំរេច​សេច​ក្តី​មក លោក​ស័ក្តិ​ប្រាំ​ចាង​ហ្វាង​តុលា​ការ​សឹក​បាន​កា​ន់​សំនុំ​រឿង ចេញ​មក​ឈរ​នៅ​ចំពោះ​មុខ​អ្នក​ទោស​ខ្មែរ​យ៉ាង​ក្លាហាន ដោយ​មាន​ខ្មែរ​យើង​ម្នាក់​ជា​អ្នក​បក​ប្រែ​ភាសា​អម​ផង​។ ជា​បឋម​គេ​ហៅ​ឈ្មោះ​លោក​ប៉ាច​ ឈឺន​។ លោក​ប៉ាច ឈឺន ក្រោក​ឈរ​យ៉ាង​សង្ហារ​រួច​ឆ្លើយ៖

- បាទ!
- អ្នកអែងត្រូវមានទោសប្រហារជីវិតបង់!
លោកហែម ចៀវ ក៏មានទោសប្រហារជីវិតដែរ!
លោក នួន ឌួង ក៏មានទោសប្រហារជីវិតដែរ!
ចំនែកលោកប៉ុណ្ណចន្ទម៉ុល មានទោសគុក៥ឆ្នាំ និងនិរទេសមិនអោយចូលស្រុក១៥ឆ្នាំទៀត ៘

ក្នុង​ចំនោម​អ្នក​ទោស​ទាំង​នេះ​មាន​តែ​លោក​ប៉ុណ្ណ-​ចន្ទ​ម៉ុល​ម្នាក់​ទេ​ដែល​ភ័យ​ខ្លះ ព្រោះ​លោក​មាន​វ័យ​ក្មេង​ជាង​គេ​។ ចំនែក​លោក​ប៉ាច ឈឺន, អាចារ្យហែម ចៀវ, អាចារ្យ​នួន ឌួង, នៅ​មាន​ស្មារ​តី​រឹង​ប៉ឹង​ដដែល​។ លោក​ទាំង​បី​ប្រាណ​ញញឹម​ដោយ​ការ​ឈឺ​ចាប់​អិត​អុប​មា ​ចំពោះ​ការ​កាត់​ទោស​ដ៏​លាមក​នេះ​។ បន្ទាប់​មក​លោក​ស័ក្តិ​ប្រាំ​នោះ ក៏​ពោល​មក​កាន់​អ្នក​ទោស​ប្រហារ​ជីវិត​បង់​ថា៖

យើង​នឹង​បញ្ជូន​សំនុំ​រឿង​អ្នក​អែង ទៅ​សុំ​សំរាល​ទោស​ពី​លោក​ឧត្តម​សេ​និយ ប៉េ​តាំង​ប្រមុខ​រដ្ឋា​ភិបាល​បារាំង ដើម្បី​អោយ​លោក​អនុ​គ្រោះ​ទោស​ខ្លះ​ដល់​អ្នក​រាល់​គ្នា​។ សំលេង​របស់​លោក​ស័ក្តិ​ប្រាំ​ចប់​ដោយ​ស្ងៀម​ស្ងាត់ គ្មាន​អ្នក​ទោស​ខ្មែរ​ណា​ម្នាក់​ថ្លែង​នូវ​អំណរ​គុណ​សោះ​ឡើយ​។ លោក​ស័ក្តិ​ប្រាំ​កំណាច​នោះ​ក៏​បញ្ជា​អោយ​ភ្នាក់​ងារ​គុក នាំ​អ្នក​ទោស​វិល​មក​កាន់​ទី​ឃុំ​ឃាំង​វិញ​។ រវាង​២​ខែ​ក្រោយ លោក​អាចារ្យ​ហែម ចៀវ មាន​ចិត្ត​អាណិត​អាសូរ​លោក​ប៉ុណ្ណ-​ចន្ទ​ម៉ុល​និង​មិត្ត​អែ​ទៀត​ណាស់​ដោយ​ត្រូវ​គេ​បញ្ជូន​ទៅ​អោយ​នៅ​គុក​អែកោះ​ត្រលាច​។ អែ​លោក​ទាំង​បី​មិន​ទាន់​បញ្ជូន​ទៅ​ភ្លាម​ៗ​ទេ ព្រោះ​រង់​ចាំ​សេចក្តី​សំរេច​ចិត្ត​ពី​ឧត្តម​សេនិយ ប៉េ​តាំង សិន​។

ដរាបណាខ្មែរលែងមានគំនិតក្តិចខ្មែរ ដរាបនោះជាតិយើងនឹងបានរុងរឿងមិនខាន។