លុះចប់​កិច្ច​សិក្សា​ហើយ លោក​បាន​ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​អក្សរ​សាស្ត្រ​ជាតិ​នៅ​វត្ត​ក្រាំ​ដូង បង្រៀន​ព្រះ​សង្ឃ​សំរាប់​ធ្វើ​គ្រូ​ត​ទៅ ប្រកប​ទៅ​ដោយ​ជោគ​ជ័យ​ជា​ទី​បំផុត​។ ក្រៅ​ពី​ពេល​បង្រៀន​ លោក​ឆ្លៀត​សិក្សា​ខ្លួន​អែង​ទៀត ដើម្បី​ឈោង​ចាប់​យក​សេច​ក្តី​ពិត មក​ទូន្មាន​ខ្លួន​ ​និង សិស្សានុ​សិ ស្ស​ ព្រម​ជា​មួយ​អន្លើ​ដោយ​ឧបា​សក ឧបា​សិកា​ ដែល​ត្រូវ​ការ​ចង់​ចេះ​​ចង់​ដឹង​។

នៅ​ពេល​លោក​ទេសនា​មាត់​ទទេ​លើក​ដំបូង មិន​សូវ​មាន​អ្នក​ស្តាប់​ច្រើន​ប៉ុន្មាន​ទេ ព្រោះ​ខ្មែរ​ជាន់​ដើម​ទំលាប់​តែ​ទេសន៍​ តាម​សាស្ត្រា​ស្លឹក​រឹត​។ ម៉្លោះ​ហើយ​ចាស់​ៗ​ខ្លះ​ប្រកាន់​ថា «ធម៌ស​ម័យ​ថ្មី​គេ​មិន​ចេះ​ស្តាប់​ទេ»​។ ហេតុ​ការណ៍​ទា៍ងំ​នេះ ពុំ​បាន​ធ្វើ​អោយ​លោក​គ្រូ​អាចារ្យ​ហែម ចៀវ ​ព្រួយ​បារម្ភ​លំបាក​ចិត្ត​អ្វី​ទេ ដោយ​លោក​ឈ្លាស​វៃ​ក្នុង​ការ​ពន្យល់ មុន​ដំបូង​វា​តែង​មាន​ប្រតិ​កម្ម​ដូច្នេះ​ហើយ បើ​យើង​មិន​តស៊ូ​ទេ មុខ​ជា​មិន​បាន​សំរេច​បំណង​ឡើយ​។ ចាប់​តាំង​ពី​ពេល​នោះ​មក ព្រះ​អាចារ្យ​តែង​ធ្វើ សេច​ក្តី​ស្និទ្ធ​ស្នាល​ចំពោះ​ចាស់​ៗ ណា​ដែល​មិន​សូវ​ចូល​ចិត្ត​ស្តាប់​លោក​សំដែង​ធម៌​មាត់​ទទេ​ ជាង​អ្នក​ផង​ទាំង​ពួង​។ មិន​យូរ​ប៉ុន្មាន​អ្នក​ទាំង​នោះ​ក៏​ស្តាប់​បាន​ ងាយ​យល់ ថែម​ទាំង​សំលេង​ពីរោះផង​ ហើយ​ស្រលាញ់​លោក​ហួស​និយាយ ចង់​អោយ​តែ​លោក​អាចារ្យ​សំដែង​ធម៌​ទេសនា​រាល់​ថ្ងៃ​សីល និង បុណ្យ​ទាន​។ នៅ​ឆ្នាំ​នោះ​ហើយ​ដែល​ព្រះ​សង្ឃ​ខ្មែរ​យើង​ចាប់​ប្រែ​សូត្រ​មន្ត ពី​ភាសា​បាលី មក​ជា​ភាសា​ខ្មែរ​។ ការ​ប្រែ​មក​អោយ​ស្តាប់​បាន​នេះ ធ្វើ​អោយ​អ្នក​គិត​មិន​ដល់ ជេរ​ត្មះ​តិះ​ដៀល​ដល់​ព្រះ​សង្ឃ​ដែល​ខិត​ខំ​ប្រែ​យ៉ាង​សំបើម រហូត​ដល់​មាន​ប្តឹង​ផ្តល់​ទៅ​ចូល​តុលា​ការ​ថែម​ទៀត​។ ប៉ុន្តែ​សេច​ក្តី​តស៊ូ​ប្រឹង​ប្រែង​ធ្វើការ ដើម្បី​អោយ​សាសនា​បាន​រុង​រឿង​មាន​ប្រយោជន៍​ដល់​មហា​ជន ដោយ​មិន​តប​ត​ទៅ តាម​អំពើ​ពាល​ល្ងង់​ខ្លៅ កិច្ច​ការ​នោះ​ក៏​បាន​សំរេច​ជោគ​ជ័យ​ជា​ស្ថាពរ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។

មក​ដល់​ភ្នំ​ពេញ លោក​អាចារ្យ ហែម ចៀវ បាន​ទទួល​ថាន​ជា «អាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់» (សាស្ត្រា​ចារ្យ) មាន​កំរៃ​ប្រចាំ​ខែ​៥០​រៀល ល្មម​នឹង​ទ្រ​ទ្រង់​ជីវ​ភាព​អោយ​សំរេច​ទៅ​កើត​។ លោក​គ្រូ​អាចារ្យ​ហែម ចៀវ មាន​សាមណ​សក្តិ​ជា «ព្រះ​បាលាត់​ឃោស​នាគ» របស់​សម្ដេច​ព្រះ​សង្ឃ​រាជ​ ជួន -ណាត កាល​លោក​នៅ​ជា​ព្រះ​ពុទ្ធ​ឃោសា​ចារ្យ មុខ​ងារ​ថ្មី​នេះ​ពុំ​អាច​ទាញ​កំលាំង​ចិត្ត​ស្នេ​ហា​ជាតិ​របស់​លោក​អោយ​ភ្លេច​បាន​ឡើយ​។ លោក​រឹង​រឹត​តែ​ខំរៀន ខំ​អាន​សៀវ​ភៅ​ខ្មែរ​បរ​ទេស​ដែល​សំខាន់​ៗ ស្តី​អំពី​រឿង​សាសនា នយោ​បាយ សេដ្ឋ​កិច្ច អក្សរ​សាស្ត្រ ទស្សន​វិជ្ជា​គ្រប់​ទិវា​រាត្រី អិត​បី​បណ្ដោយ​អោយ​ពេល​វេលា​កន្លង​ផុត​ដោយ​ពុំ​បាន​ធ្វើ​អ្វី​ជា​ប្រយោជន៍​ទេ​។

ក្រៅ​ពី​ការ​សិក្សា​បង្រៀន​សិស្ស​ទេសនា ពន្យល់​ខ្មែរ​ល្ងិត​ល្ងង់ ព្រះ​បាលាត់​ឃ្លោសនាគ​ហែម ចៀវ ឆ្លៀត​ពេល​ទៅ​ប្រា​ស្រ័យ​ទាក់​ទង​នឹង​វរជន​ធំ​ៗ ដែល​ស្នេហា​មាតុ​ភូមិ​ជា​ច្រើន​ទៀត ដូច​ជា​លោក​ប៉ាច ឈឺន, សឺង ង៉ុក​ថាញ់ , ជុំ -មួង, នួន-ដួង និង ស៊ឹម-វ៉ា ៘ ដើម្បី​រិះ​រក​មធ្យោ​បាយ​រំដោះ​ជាតិ​អោយ​រួច​ពី​ខ្ញុំ​បារាំង​។

វេលាថ្ងៃមួយ លោកសឺង ង៉ុកថាញ់ បានទៅជួបព្រះបាលាត់ ហែម ចៀវ ហើយប្រគេនដំនឹងថា ៖
- លោកគ្រូព្រះបាលាត់ បំណងយើងជិតបានសំរេចហើយ!
- ពរ! ជិតបានសំរេចអីលោក ?
ព្រះបាលាត់ ហែម ចៀវ ចោទសំនួរដោយងឿងឆ្ងល់។ លោកសឺង ង៉ុកថាញ់ ញញឹមបន្ដិច រួចបន្លឺវាចា
- ករុណា​ម្ជាស់ សព្វ​ថ្ងៃ​នេះ ដូច​ជា​លោក​គ្រូ​អាចារ្យ​ដឹង​ស្រាប់​ហើយ ទាហាន​ជើង​ក្រហម និង ជើង​ខ្មៅ​មិន​ត្រូវ​គ្នា​ទេ ដោយ​សារ​បារាំង​ចេះ​តែ​ចាក់​រុក អោយ​បែក​សាមគ្គី​។ ឥលូវ​នេះ​បារាំង​បាន​ចាត់​អោយ​ខ្ញុំ​ករុណា និមន្ត​ព្រះ​សង្ឃ​ទេសនា​ពន្យល់​ពួក​ទាហាន​ទាំង​នុ៎ះ ដើម្បី​កុំ​អោយ​ទាស់​គ្នា​ទៀត​។ ក្នុង​ពេល​នេះ ខ្ញុំ​ករុណា​សូម​និមន្ត​លោក​អាចារ្យ​ហើយ​។
- យឺ! ម៉េចក៏លោកមិននិមន្តលោកអាចារ្យ ប៉ាង-ខាត់, សូ-ហាយ ផង ?
- ករុណា ខ្ញុំ​និមន្ត​តែ​ទាំង​អស់​អង្គ​ហ្នឹង មិន​អោយ​សល់​ទេ តែ​ធ្វើ​យ៉ាង​ណា​កុំ​អោយ​ពួក​វា​ដឹង ឬ សង្ស័យ ក្រែង​ទៅ​ទេសនា ឬ ពន្យល់​ទៀត​មិន​កើត​។
- ពរ​ការនេះ​មិន​ថ្វី​ទេ ចំពោះ​រូប​អាត្មា​ភាព តែ​អាត្មា​ព្រួយ​ក្រែង​ខ្មែរ​យើង​ខ្លះ​ចង់​បាន​បុណ្យ​សក្តិ​ពី​បារាំង ហើយ​យក​ការណ៍​ទៅ​អោយ​បារាំង​វិញ​!
- ករុណា​វា​ពិត​ហើយ តែ​យើង​មិន​ត្រូវ​ខ្លាច​ទេ​។ យើង​ត្រូវ​ខំ​ពុះ​ពារ​គ្រប់​ឧបសគ្គ ទើប​បំណង​របស់​យើង​បាន​សំរេច​។
- ពរ ត្រូវ​ហើយ​លោក​! អាត្មា​មិន​ដែល​នឹក​ខ្លាច​ដល់​គ្រោះ​ថ្នាក់​អ្វី​ផ្ទាល់​ខ្លួន​ទេ គឺ​ខ្លាច​បែក​ការ​សំងាត់​របស់​ក្រុម​បដិ​វត្តន៍​យើង​! អាត្មា​មិន​​មែន​ជា​អ្នក​នយោ​បាយ​ដូច​លោក​ទេ គឺ​ជា​អ្នក​បួស គ្រាន់​តែ​ទេសនា​ពន្យល់​ពុទ្ធ​បរិ​ស័ទ​អោយ​ស្គាល់ អោយ​ដឹង អោយ​យល់​អោយ​អនុ​វត្តន៍​តាម​ព្រះ​សម្ពុទ្ធ​ទេ​តើ! បើ​ស្លាប់​ដើម្បី​ជាតិ សាសនា អាត្មា​ក៏​មិន​តូច​ចិត្ត​ដែរ​ធ្វើ​ម៉េច​វាសនា​មនុស្ស​វា​ត្រូវ​ទទួល​ដូច្នេះ!​
- ត្រូវ​ហើយ​លោក​គ្រូ​ម្ជាស់ ការ​ពិត​ដែល​យើង​ត្រូវ​និយាយ​នោះ យើង​ត្រូវ​តែ​និយាយ​អោយ​ប្រជា​រាស្ត្រ​ដឹង​។ លេង​ធម៌​និយម​អែប​អប មុខ​ជា​រាស្ត្រ​លិច​លង់​ដដែល​។ ខ្ញុំ​ករុណា​សុខ​ចិត្ត​បូជា​ជីវិត​ជូន​ជាតិ សាសនា អស់​ហើយ ពុំ​មាន​ខ្លាច​ស្លាប់​ទេ​! ព្រោះ​យើង​កើត​មក​រមែង​ស្លាប់​ទៅ​វិញ​ជា​ធម្មតា​។ ខ្ញុំ​ករុណា​គិត​សុំ​ថ្វាយ​បង្គំ​លា​សិន​ហើយ!
- កុំប្រញាប់អញ្ជើញពេកលោក!
- ខ្ញុំករុណាមានការច្រើនទៀតដែលត្រូវធ្វើ! ចាំថ្ងៃក្រោយ ចាំជជែកអោយយូរបន្តិច ។
- ពរ អញ្ជើញចុះលោក សូមអោយបានសុខ!
លោកសឺងង៉ុកថាញ់ ក៏​ក្រាប​បងំ្គ​លា​ព្រះ​អាចារ្យ វិល​ទៅ​លំនៅ​វិញ​ប្រកប​ដោយ​ទឹក​ចិត្ត​រីករាយ​ជា​អនេក​។

ក្រុម​ខ្មែរ​អ្នក​ភ្ញាក់​រលឹក ចេះ​តែ​ដើរ​ឃោ​សនា​បញ្ចុះ​បញ្ចូល​រាស្ត្រ ព្រះ​សង្ឃ​គ្រប់​និគម​ជន​បទ​អោយ​មាន​ការ​ឈឺ​ចាប់​ឡើង​។ លោក​ប៉ាច ឈឺន មាន​នាម​ល្បី​ខ័្ទរ​ខ្ទារ​ដោយ​ធ្វើ​ជា​ចាង​ហ្វាង​សារពត៌​មាន «នគរវត្ត » មាន​អ្នក​អាន​សុទ្ធ​ជា​អ្នក​ស្រលាញ់​ជាតិ​ពិត​ប្រាកដ​។ ប្រជា​រាស្ត្រ និង ព្រះ​សង្ឃ បាន​គាំ​ទ្រ​សារ​ពត៌​មាន​នេះ​យ៉ាង​ពេញ​ទំហឹង​។ ចំណែក​ខាង​ព្រះ​សង្ឃ ដែល​ខំ​តស៊ូ យ៉ាង​ស្វិត​ស្វាញ​មិន​ខ្លាច​ស្លាប់ ដើម្បី​មាតុ​ភូមិ​រស់​នោះ​គឺ លោក​អាចារ្យ​ប៉ាង-ខាត់ សាស្ត្រា​ចារ្យ​ភាសា​សំស្ក្រឹត លោក​គ្រូអា​ចារ្យ​សូរ​ហាយ ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក លោក​គ្រូអា​ចារ្យ​ខៀវ ជុំ​ គង់​នៅ​វត្ត​លង្កា ព្រះ​ងារ​ចារ្យ​ហែម ចៀវ សាស្ត្រាចារ្យ​ភាសា​បាលី និង​សាម​ណ​សិស្ស​នៅ​សាលា​បាលី​ជាន់​ខ្ពស់​ជា​ច្រើន​អង្គ​ទៀត​ជួយ​ផង​។ ព្រះ​សង្ឃ​ទាំង​អស់​អង្គ​នេះ​ហើយ ដែល​ធ្វើ​អោយ​ទាហាន​ខ្មែរ​ភ្ញាក់​រលឹក លែង​ឈ្លោះ​ទាស់​ទែង​គ្នា​ដោយ​ខុស​បទ​។ ក្រុម​ទាហាន​បារាំង​កាច​សាហាវ​ណាស់ មិន​ស្គាល់​ ច្បាប់​ទំលាប់​អ្វី​សោះ​។ បង​ប្អូន​ខ្មែរ​យើង​ស្អប់​ខ្ពើ​មមិន​អោយ​កូន​ទេ​។ ដូច្នេះ​ហើយ បាន​ជា​អ្នក​ស្រុក​ស្រែ​ចំការ​ហាម​មិន​អោយ​កូន​ធ្វើ​ទាហាន​ទេ ព្រោះ​ខ្លាច​គេ​ស្អប់ រហូត​ដល់​សព្វ​ថ្ងៃ​។ ក្រុម​ទាហាន​ទាំង​នោះ ចូល​ទៅ​ដល់​ភូមិណា ភូមិ​នោះ​មុខ​ជា​ហិន​ហោច​ទ្រព្យ​សម្បត្តិ​មិន​ខាន​។ នេះ​ជា​នយោ​បាយ​បំបែក​បំបាក់​ដើម្បី​ត្រួត​ត្រា​របស់​ចោរ​ព្រៃ​បារាំង​។

គស ១៩៤០ កង​ទ័ព​ជប៉ុន​ក៏​ចូល​មក​ដល់ (សូម​មើល​គុក​នយោបាយ​របស់​លោក ប៊ុណ្ណចន្ទម៉ុល បើ​ចង់​ជ្រាប​ច្បាស់) ដើម្បី​វាយ​កំចាត់ សត្រូវ​របស់​ខ្លួន គឺ​បារាំង​ អាមេ​រិកាំង អង់​គ្លេស នៅ​ក្នុង​អិណ្ឌូ​ចិន​ទាំង​មូល​។ ពេល​នោះ​កង​ទ័ព​បារាំង មាន​កំលាំង​ខ្សោយ​ណាស់​ទៅ​ហើយ​។ ខ្មែរ​យើង​ឃើញ​ដូច្នេះ​ ក៏​ចូល​ទៅ​ទាក់​ទង​នឹង​ជប៉ុន ដើម្បី​អោយ​គេ​ជួយ ពួក​ជប៉ុន​ក៏​យល់​ព្រម​តាម​សេច​ក្តី ស្នើ​របស់​លោក​សឺង ងុក​ថាញ់ ដែល​ជា​អ្នក​តំណាង​ក្រុម​បដិវត្តន៍។

នៅពេលទេសនាម្តងៗ ព្រះអាចារ្យ ហែម ចៀវ បាន​លើក​យក​ពុទ្ធ​ភាសិត​សំខាន់​ៗ ដែល​ទាក់​ទង​នឹង​ជីវ​ភាព​ប្រជា​រាស្ត្រ​ដើម្បី​អោយ​ជ្រាប​ច្បាស់ បាន​ដឹង​ច្បាស់​នូវ​គោល​បំណង​នៃ​ព្រះ​បរម​គ្រូ​របស់​យើង​។ ពុទ្ធ​ភាសិត​ទាំង​នោះ​គឺ៖
- កុំធ្វើមនុស្សអោយចង្អៀតលោក
- ត្រូវគិតបច្ចុប្បន្នអោយបានសុខជាមុន ព្រោះថា បើ​បាន​សុខ​ក្នុងបច្ចុប្បន្ន​ហើយ អនា​គត​មុខ​ជា​បាន​សុខ​ទៀត​។
- ត្រូវខំធ្វើការ កុំដេកផ្សងសំណាង
- កន្លងសេចក្តីទុក្ខបាន ព្រោះព្យាយាមខ្ជាប់ខ្ជួន
- មានតែខ្លួនយើងទេ ដែលជាទីពំនឹងបាន
- បុគ្គល​មិន​គប្បី​សេព​គប់​នូវ​មិត្ត​ដ៏​លាមក​ទាំង​ឡាយ​ឡើយ មិន​គប្បី​សេព​គប់​នូវ​បុរស​ដ៏​ទាប​ថោក​ទាំង​ឡាយ​ឡើយ​គប្បី​សេព​គប់​តែ​នឹង​កល្យា​មិត្ត​ទាំង​ឡាយ គប្បី​សេព​គប់​នូវ​បុរស​ដ៏​ឧត្តម​ទាំង​ឡាយ (១០០​គាថា)​។
- មនុស្ស​អិត​ប្រាជ្ញា រមែង​ណែ​នាំ​នូវ​ចំណែក​ដែល​មិន​គួរ​ណែ​នាំ រមែង​ដឹក​នាំ​អោយ​ប្រកប​ក្នុង​ចំណែក​ដែល​មិន​ជា​ធុរ​ជា​មនុស្ស​គឺ​គេ​ណែ​នាំ រឺ​ប្រ​ដៅ​អោយ​បាន​ល្អ​ដោយ​លំបាក កាល​បើ​គេ​និយាយ​ល្អ​ៗ ក៏​ស្រាប់​តែ​ច្រលោត​ខឹង មនុស្ស​នោះ​មិន​ចេះ​ដឹង​វិន័យ​ច្បាប់​អ្វី​ឡើយ កិរិ​យា​មិន​ជួប​ប្រទះ រឺ មិន​ឃើញ​នូវ​មនុស្ស​ដូច​នោះ​ជា​ការ​ល្អ (១០០គាថា)
- បុគ្គល មិន​គួរអាស្រ័យអ្នកដទៃចិញ្ចឹមជីវិតឡើយ ។

ពុទ្ធ​ភាសិត​ទាំង​អស់​នេះ លោក​ចង់​អោយ​ប្រជា​រាស្ត្រ​មាន​សេរី​ភាព ដោយ​ពឹង​ផ្អែក​លើ​ខ្នង​អែង​ជា​មូល​ដ្ឋាន កុំ​ផ្ញើ​វាសនា​ទៅ​លើ​ស្តេច ដែល​ជា​មនុស្ស​ឃោរ​ឃៅ​សប្បាយ​ភ្លេច​ជាតិ​នោះ​មិន​ល្អ​ទេ​។ ក្រៅ​ពី​លើក​ពុទ្ធ​ភាសិត លោក​អាចារ្យ​បាន​ទាញ​ឧទា​ហរណ៍​ល្អ​ៗ ពី​ប្រទេស​នានា ដែល​គេ​ចេះ​កសាង​ជាតិ​អោយ​បាន​រុង​រឿង​គ្រប់​វិស័យ​។ មិន​ត្រឹម​តែ​បន្ដុះ​ស្មា​រតី​អោ យ​ខ្មែរ​ក្រោក​ឈរ​ប្រយុទ្ធ​យក​អែក​រាជ្យ​ពី​បារាំង​នោះ​ទេ លោក​បាន​បន្ដុះ​ស្មារតី​ កូន​ខ្មែរ​អោយ​ស្រលាញ់​ការ​សិក្សា អោយ​យល់​តំលៃ​នៃ​វិជ្ជា​ថែម​ទៀត​ផង​។ មហា​វិស្ស​ម​កាល​ក៏​ចូល​មក​ដល់... ព្រះ​អាចារ្យ​ហែម​ ចៀវ​ បាន​និមន្ត​ទៅ​វត្ត​កំណើត ដើម្បី​សួរ​សុខ​ទុក​ញោម​ញាតិ​ និង​ភិក្ខុ​សាម​ណេរ​អែ​ទៀត​ដែល​រាប់​អាន​គ្នា​។ នៅ​ពេល​យប់​ឡើង មាន​ចាស់​ៗ​ស្រី​ប្រុស និង​ភិក្ខុ​សាម​ណេរ​បាន​មក​ចោម​រោម ដើម្បី​អោយ​លោក​អធិប្បាយ​ធម៌ រឺ រឿង​រ៉ាវ​ផ្សេង​ៗ​អោយ​ស្តាប់​។ មុន​ដំបូង លោក​លើក​រឿង​អ្វី​ផ្សេង​ៗ ដែល​មាន​ប្រ​យោជន៍ ទើប​លោក​មាន​ថេរ​ដីកា​មួយ​ៗ «ប្រទេស​យើង​មិន​ដឹង​ពេល​ណា​រួច​ពី​ខ្ញុំ​បារាំង​ទេ​។ បារាំង​មក​ត្រួត​ត្រា​ស្រុក​យើង​ហិន​ហោច​ទ្រព្យ​សម្បត្តិ​អស់ គ្មាន​អ្វី​ចំរើន​រុងរឿង​សោះ ដូច​យើង​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ អាត្មា​ធ្វើបុណ្យ​រាល់​ថ្ងៃ បួង​សួង​សុំ​អោយ​ខ្មែរ​បាន​អែក​រាជ្យ​មក​វិញ ដើម្បី​កុំ​អោយ​បរ​ទេស​ជិះ​ជាន់​យើង​ត​ទៅ​ទៀត​»​។

ខណនោះលោកតាម្នាក់ពោលឡើង
ករុណា​ម្ចាស់ ក៏​គិត​ដូច​លោក​គ្រូ​អាចារ្យ​ដែរ តែ​មិន​ដឹង​ធ្វើ​ម៉េច​បាន​ឈ្នះ​ពួក​បារាំង​ទេ​។ ចំនុច​នេះ បាន​ធ្វើ​អោយ​ទឹក​ព្រះ​ទ័យ​ព្រះ​អាចារ្យ​រីក​រាយ​ពេក​ក្រៃ​។ លោក​ក៏​តប​ដោយ​សំលេង​ក្រអួន​ព្រម​ទាំង​ញញឹម​ផង​

ពរ​ជា​ការ​ងាយ​ទេ លោក​តា បើ​យើង​ចង់​បាន​អែក​រាជ្យ ព្រោះ​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​បង្ហាញ​ផ្លូវ​អោយ​យើង​ដើរ​ហើ​យ​ថា «សេច​ក្តី​សាមគ្គី​នាំ​មក​នូវ​សេច​ក្តី​សុខ​គ្រប់​យ៉ាង»​។ តែ​កាល​ណា​យើង​ស្រុះ​ស្រួល​គ្នា យើង​ នឹង​អាច​ធ្វើ​អ្វី​ៗ​កើត​មិន​ខាន​។ អាត្មា​សង្ឃឹម​ថា បើ​ប្រជា​រាស្ត្រ​យើង​ស្រុះ​ស្រួល​គ្នា មុខ​ជា​ឈ្នះ​បារាំង​ពេល​ឆាប់​ៗ​នេះ​មិន​ខាន​។ តែ​បើ​ខ្មែរ​យើង​មិន​ស្រប​គ្នា​ទេ យើង​ពុំ​អាច​ដណ្ដើម​យក​សេរី​ភាព​នោះ​មក​វិញ​បាន​ឡើយ​។ អាត្មា​មិន​ពេញ​ចិត្ត នឹង​អ្នក​ខ្លះ ដែល​គេ​យក​ព្រះ​ពុទ្ធ​សាសនា ដើម្បី​បំភ័ន្ត​មតិ​ប្រជា​រាស្ត្រ ហើយ​បោក​ប្រជា​រាស្ត្រ​ជា​ដាច់​ខាត​។ លោក​ តា​!​ លោក​ទាំង​អស់​ឃើញ​ស្រាប់​ហើយ ប្រទេស​យើង​មាន​អ្នក​បន្លំ​ខ្លួន កេង​យក​កំរៃ​ពី​សាសនា​សំបើម​ណាស់​។

-ករុណា​ម្ចាស់ ពិត​ហើយ​ការ​នេះ​!
ការ​សន្ទនា​អំពី​រឿង​សាសនា នយោបាយ និង​អំពី​ការ​ណែ​នាំ​អោយ​ប្រជា​ជន​ចេះ ប្រកប​ការ​ងារ​ចិញ្ចឹម​ជីវិត ស្រប​តាម​គន្លង​ព្រះ​សម្ពុទ្ធ បាន​ប្រព្រឹត្ត​ទៅ​រហូត​ពាក់​កណ្ដាល​អាធ្រាត្រ​ទើប​ឈប់​។ ពេល​និមន្ត​ទៅ​ស្រុក​ម្តង​ៗ ព្រះ​អាចារ្យ​តែង​និមន្ត​គ្រប់​ផ្ទះ​បង​ប្អូន​ណា​ដែល​ក្រី​ក្រ​ជាង​គេ​។ លោក​ពេញ​ចិត្ត​ប្រាស្រ័យ​ជា​មួយ​ជន​ជំពូក​នោះ ក៏​ដូច​ជា​លោក​ពេញ​ចិត្ត​នឹង​ភូមិ​កំនើត រឺ ព្រះ​សម្ពុទ្ធ​ដែរ​។