សូមឧទ្ទិស​ចំពោះ​
វីរ​បុរស​ខ្មែរ​ទាំង​អស់ ដែល​បូជា​ជីវិត​ដើម្បី​ជាតិ សាសនា អោយ​មាន​សេរី​ភាព​ឡើង​វិញ​!
ព្រះ​សង្ឃ​ដែល​ទ្រង់​សីល ដល់​មិត្ត​យុទ្ធ​ជន​ដែល​ការ​ពារ​សាធា​រណ​រដ្ឋ​ខ្មែរ និង​មិត្ត​ទុគ៌ត​ទាំង​ឡាយ..។
រៀប​រៀង​តាម​ឯក​សារ​របស់​លោក​ ប៉ែន-​យុត្តិ
ចាង​ហ្វាង​សារ​ត៌មាន​ប្រជា​ជាតិ តាម​ថេរ​ដិកា​ព្រះ​សង្ឃ​ចាស់​ៗ​ជា​ច្រើន​អង្គ
លោក​ប៊ុណ្ណ ចន្ទ​ម៉ុល
លោក​ឈឹម ស៊ម អតីត​សាស្ត្រា​ចារ្យ​សាលា​បាលី​ជាន់​ខ្ពស់
ដែល​បាន​រួម​បាតុ​កម្ម​តវ៉ា​អោយ​បារាំង​លែង​អាចារ្យ ហែម-ចៀវ មក​វិញ​ ​។
------------------------------------------------------------

អារម្ភកថាបោះពុម្ពគ្រាទី៣

មិត្តអ្នកអានជាទីមេត្រី,
  នៅ​ពេល​បោះ​ពុម្ព​លើក​ទី​៣​នេះ ខ្ញុំ​បាទ​បាន​យក​ទៅ​ប្រ​គេន​ព្រះ​ពោធិ​វ័ង្ស សូរ ហាយ ពិនិត្យ​និង​បន្ថែម​ខ្លះ​ដែល​ខ្វះ​ខាត ដើម្បី​អោយ​ឯក​សារ​វីរ​បុរស​ជាតិ​មាន​ភាព​ត្រឹម​ត្រូវ​ឡើង​។ ព្រះ​ពោធិ​វ័ង្ស សូរ ហាយ ថ្វី​បើ​ជាប់​កិច្ច​ការ​ដ៏​ច្រើន​ក៏​ដោយ ព្រះ​អង្គ​ពេញ​ហរិ​ទ័យ​ជួយ​ពិនិត្យ​សៀវ​ភៅ​នេះ យ៉ាង​រីក​រាយ​ជា​ទី​បំផុត​។ ព្រះ​អង្គ​មាន​ថេរ​ដីកា​មក​កាន់​ខ្ញុំ​ថា «លោក​សរ​សេរ​ល្អ គួរ​សម​ហើយ តែ​មាន​ខុស​ខ្លះ អាត្មា​បាន​មើល​ម្តង​ហើយ​។ សូម​លោក​ខិត​ខំ​ស្រាវ​ជ្រាវ​ប្រវត្តិ​ វីរ​បុរស​ជាតិ​ទៀត​ចុះ ចាំ​អាត្មា​ជួយ​ពិនិត្យ​ បើ​អាត្មា​មាន​លទ្ធ​ភាព​» ព្រះ​ថេរ​ដីកា​នេះ​ធ្វើ​អោយ​ចិត្ត​ខ្ញុំ​រំភើប​ពេក​ក្រៃ ស្រ​មៃ​នឹក​ឃើញ​ដល់​ជ​នខ្លះ ដែល​តែង​តែ​ដើរ​ពេប​ជ្រាយ​ដល់​ស្នា​ដៃ​ដ៏​មាន​ខ្លឹម​សារ​នេះ​។ ខ្ញុំ​ស្តាយ​ណាស់ ស្តាយ​ដោយ​ជន​ទាំង​នុះ​មិន​ព្រម​ផ្ញើ​សេច​ក្ដី កែ​តំរូវ​រឺ​រិះ​គន់ តាម​បែប​អ្នក​ចេះ​ដឹង​សោះ គេ​លេង​តែ​ស្នៀត​ពាល​សាមាន្យ​លួច​ប្លន់​ខ្ញុំ​ទៅវិញ​។ សូម​មត្តិ​អ្នក​អាន​ជួយ​ពិចារ​ណា​មើល​ផង​ចុះ​! តើ​ប៉ុន្មាន​សត​វត្ស​ទៀ៍ត​ទើប​គេ​បោះ​បង់​គំនិត​អប្រិយ​នេះ​ចោល​ ?។

  ណ្ហើយ​ខ្ជិល​គិត យើង​គិត​តែ​វីរ​បុរស​អាចារ្យ ហែម ចៀវ ដែល​ជា​និមិត្ត​រូប​នៃ​វីរ​បុរស​ខ្មែរ​ទាំង​អស់​បាន​ហើយ​។ ខ្ញុំ​មាន​ចិត្ត​រំភើប​ពន់​ពេក​ណាស់ នៅ​ពេល​ដែល​រដ្ឋា​ភិបាល​លើក​ឋាន​លោក​ជាវីរ​បុរស​ជាតិ​ទី​១ នៃ​សម័យ​អនា​និគម​បារាំង ថ្វី​បើ​ខ្លួន​ខ្ញុំ​បាន​ប្រ​គេន​ឋាន​នេះ​ដល់​ព្រះ​អាចារ្យ​មុន​ក៏​ដោយ​។

  ខ្ញុំ​មាន​ជំនឿ​យ៉ាង​មាំ​ថា ជន​ណា​ក៏​ដោយ​អោយ​តែ​ចេះ​ដឹង​នឹក​គុណូប​ការ​នៃ​បុព្វ​បុរស មុខ​ជា​មិន​សាប​សូន្យ​ឡើយ​។ ជា​ទី​អវ​សាន ខ្ញុំ​សូម​បួង​សួង​ដល់​គុណ​បុណ្យ​ព្រះ​រតន​ត្រ័យ​សូម​បារមី​ព្រះ​អង្គ​ជួយ​ទាញ​ព្រលឹង​ខ្មែ​រណា ដែល​កំពុង​វង្វេង​ដោយ​តណ្ហាក្តី​ ទ្រព្យ​សម្បត្តិ​ក្តី មនោ​គម​វិជ្ជា​ក្តី អោយ​វិល​មក​ក្នុង​សង្គម​ខ្មែរ​ភ្ញាក់​រលឹក​តែ​មួយ​វិញ ដើម្បី​ក​សាង​ប្រទេស​តាម​មាគ៌ា​វីរ​បុរស ក្រលា​ហោម​គង់, អាចារ្យ​ហែម​ចៀវ, អៀវ កើស៘ និង ៘ ឡើង​វិញ​។ សូម​បង​ប្អូន​រួម​ឈាម​ដែល​កំពុង​រង​ទុក្ខ​វេទ​នា​ដោយ​សារ​សង្គ្រាម​គ្រប់​បែប​យ៉ាង អោយ​បាន​ជួបតែ​សុខ​ត​រៀង​ទៅ​។

ភ្នំពេញថ្ងៃ ១០ កក្កដា ១៩៧២
អ្នករៀបរៀង

ជំរាបអ្នកអាន!

ពេល​នេះ​ក៏​ដូច​ជា​ពេល​មុន​ដែរ ប្រ​ទេស​ខ្មែរ​យើង​ត្រូវ​ពួក​អណា​និគម​បារាំ​ងសេស ជិះ​ជាន់​ត្រួត​ត្រា​មួយ​សត​វត្ស គឺ​ពី​ឆ្នាំ ១៨៦៣ មក​ដល់ ១៩៥៣ ទើប​មហា​ជន​យើង​រលាស់​នឹម​ដ៏​ចង្រៃ​នោះ​ចោល​ចេញ​បាន​។ តើ​ខ្មែរ​យើង​សុខ​ចិត្ត​ដេក​អោយ​បារាំង​ត្រួត​ត្រា​ទាំង​អស់​គ្នា​ដោយ​គ្មាន​ការ​តស៊ូ​ប្រយុទ្ធ​តប​វិញ​រឺ​?។

យើង​បាន​ដឹង​មក​ហើយ​តាម​រយ​សៀវ​ភៅ បណ្ដាំ​ក្រលា​ហោម​គង់ ថា​ខ្មែរ​យើង​មិន​មែន​ធ្មេច​ភ្នែក​អោយ​បរ​ទេស​សង្កត់​សង្កិន​ទៅ​តាម​អំពើ​ចិត្ត​ទេ គឺ​មាន​តែ​ស្តេច​ខ្លះ​និង​មន្ត្រី​ខ្លះ​ទេ ដែល​ច្រើន​តែ​ជឿ​គោរព​អោន​ក្បាល​អោយ​បារាំង​ជាន់ ដើម្បី​ អោយ​ខ្លួន​គេ​បាន​នៅ​ហុត​ឈាម​ប្រ​ជា​រាស្ត្រ​ខ្មែរ​ត​ទៅ​ទៀត​។ ទឹក​ភ្នែក​ដែល​ស្រក់​អំពី​ការ​ប្រ​មូល​ចង​ក្រង​ប្រវត្តិ និង​សកម្ម​ភាព​នៃ​វីរ​បុរស​ខ្មែរ​នេះ គឺ​ជា​សក្ខី​ភាព​របស់​យុវ​ជន​ស្រោច​ស្រង់​ជាតិ ដែល​កំពុង​ប្រយុទ្ធ​គ្រប់​បែប​យ៉ាង​ប្រឆាំង នឹង​ពួក​យៀក​កុង មន្ត្រី​ធំ​ៗ​ស្អុយ​រលួយ និង​រំលឹក​ឡើង​វិញ​នូវ​អតីត​កាល​ដ៏​ឈឺ​ចាប់​ចុ​កឈាម។ គស ១៨៦៤ ប្រ​ទេស​ខ្មែរ​ត្រូវ​ធ្វើ​សន្ធិ​សញ្ញា​ជា​មួយ​ប្រ​ទេស​បារាំង ដោយ​យក​គេ​ជា​អនា​ព្យា​បាល​។

លុះ​មក​ដល់​ឆ្នាំ​១៨៨៤ ខ្មែរ​ត្រូវ​ធ្លាក់​ក្នុង​អនុសញ្ញា​របស់​បារាំង​សេស ដែល​មាន​ស្តេច​នរោត្តម ជា​អ្នក​ចុះ​ហត្ថ​លេខា​ដាក់​ប្រ​ទេស​ខ្មែរ​ទៅ​ក្រោម​អនា​និគម​និយម​បារាំង​សេស​។
ពី​ឆ្នាំ​១៨៦៤ មក​ដល់​១៩​៤២ វីរ​បុរស​អាចារ្យ​ស្វា ពោរ​កំបោរ អាចារ្យ​លាក់ ស៊ី​វត្ថា ក្រលា​ហោម​គង្ប់ ពិស្ណុ​លោក​ឈូក ព្រម​មួយ​អន្លើ​ដោយ​ប្រជា​រាស្ត្រ​រួម​ផង បាន​ធ្វើ​ការ​តស៊ូ​យ៉ាង​ស្វិត​ស្វាញ ដើម្បី​ដណ្ដើម​យក​ប្រ​ទេស​របស់​ខ្លួន​មក​វិញ​។ តែ​ត្រូវ​ពួក​ស្តេច​ខ្សិប​ខ្សៀវ​នឹង​បារាំង អោយ​សំលាប់​វីរ​បុរស​ស្នេ​ហា​ជាតិ​យើង​អស់​ជា​ច្រើន​។ ម៉្លោះ​ហើយ​សេច​ក្តី​រាង​ចាល​បន្តិច​ម្ត​ងៗ ក៏​ទៅ​ពួន​សំងំ​ក្នុង​បេះ​ដូង​ខ្មែរ អោយ​ភ័យ​ខ្លាច​ក្រែង​មាន​គ្រោះ​ថ្នាក់​បាត់​បង់​ជីវិត​ដូច​អ្នក​មុន​ៗ​ទៀត​។ ការ​ធ្លាក់​ចុះ​នៃ​ប្រទេស​យើង​ប្រៀប​បាន​នឹង​ស្លឹក​ឈើ​ជ្រុះ​ចាក​មែក ដោយ​សារ​អក្សរ​សាស្ត្រ​ជាតិ ត្រូវ​បារាំង​ហាម​មិន​អោយ​កូន​ខ្មែរ​រៀន គេ​អោយ​រៀន​តែ​អក្សរ​សាស្ត្រ​របស់​គេ ប្រើ​ប្រាស់​សំភារ​ប្រ​ទេស​គេ​ចាប់​តាំង​ពី​សំលៀក​បំពាក់​ឡើង​ទៅ​។ ម៉្លោះ​ហើយ​ខួរ​ក្បាល​ខ្មែរ​ ត្រូវ​វិល​វល់​លែង​មើល​ឃើញ​របស់​ខ្លួន​ជា​ដាច់​ខាត​។ ម្នាក់​ៗ​ដែល​បាន​ធ្វើ​ការ​រាជ​ការ រឺ​តែង​អួត​សរ​សើរ​​ភាសាបា​រាំង​ ខ្ពើម​ភាសា​ជាតិ​ឯង ស្អប់​ម៉ែ​ឯង​ដែល​ពិសារ​ស្លា ស្លៀក​សំពត់​ចង​ក្បិន ស្រ​លាញ់​ម៉ែ​គេ​ដែល​លាប​ក្រេម ជក់​បារី​ស្លៀ​ក​សំពត់​ខ្វះ​ក្រណាត់​ទៅ​វិញ ត្រង់​ហ្នឹង​ហើយ​ជា​មូល​ហេតុ​ធ្វើ​អោយ​ខ្មែរ​ល្ងង់​ខ្លួន​ហៅ​លែង​លឺ​! មើល​លែង​យល់​!។

ការ​ពិត​ដែល​ធ្វើ​អោយ​ប្រជា​រាស្ត្រ​ចុក​ឈាម​នោះ គឺ​រឿង​អក្សរ​សាស្ត្រ​យើង​តែ​ម្តង​។ ប្រ​ទេស​បាន​ឯក​រាជ្យ​ជិត​ម្ភៃ​ឆ្នាំ​នេះ ខ្មែរ​យើង​ពុំ​ទាន់​ឃើញ​កសាង​បាន​អ្វី​ជា​គោល​ចរិក​សំរាប់​ប្រជា​ជាតិ​សោះ ឃើញ​តែ​លើក​តំកើង​ភាសា​បារាំង លើស​ពី​ បារាំង​នៅ​ត្រួត​ត្រា​ខ្មែរ​ត្រី​ភាគ​។ បើ​យើង​គិត​អោយ​ដល់​ទៅ មនុស្ស​ធ្លាប់​ខ្ញុំ​គេ គំនិត​វា​នៅ​តែ​ខ្ញុំ​គេ​ដដែល មិន​ព្រម​លើក​តំកើង​ខ្លួន​ឯង​អោយ​ស្មើ​នឹង​ជាតិ​គេ​សោះ​។ ការ​ប្រើ​ភាសា​បរ​ទេស​ជា​ផ្លូវ​ការ ដូច្នេះ​ហើយ​ ធ្វើ​អោយ​អ្នក​រដ្ឋ​ការ និង​ប្រជា​រាស្ត្រ​មាន​ភាព​ដាច់​ស្រ​យាល​ពី​គ្នា​។ ដរាប​ណា​មនុស្ស​ទាំ​ងពីរ​ប្រ​ភេទ គ្មាន​ភាព​ជិត​ស្និទ្ធ នឹង​គ្នា ដរាប​នោះ​ដំណើរ​កសាង​សាធារ​ណ​រដ្ឋ​យើង មុខ​ជា​មិន​បាន​សំរេច​សុភ​មង្គល​ទៀត​ហើយ​។

អាស្រ័យ​មូល​ដ្ឋាន​ហ្នឹង​ហើយ ដែល​ធ្វើ​អោយ​បេះ​ដូង​ព្រះ​អាចារ្យ​ហែម ចៀវ ខំ​ប្រឹង​ប្រែង​ទេស​នា​ពន្យល់​ពុទ្ធប​រិស័ទ ល្ងង់​ខ្លៅ ក្រី​ក្រ លង់​​ស្មារ​តី អោយ​ក្រោក​ឈរ​ឡើង​កសាង​ជីវិត​ដោយ​ខ្លួន​ឯង កុំ​ដេក​ផ្សង​សំណាង​ទៅ​តាម​យ​ថា​កម្ម​។ លោក​ ខិត​ខំ​ធ្វើ​ការ​ដោយ​គ្មាន​គិត​ពេល​វេលា និង​ជីវិត​បង់ ព្រោះ​លោក​ពុំ​អាច​រស់​នៅ​ក្រោម​អំណាច​ពួក​បរ​ទេស​កើត​។ ដូច្នេះ​កូន​សៀវ​ភៅ​ដ៏​តូច​នេះ គ្មាន​បំណង​អ្វី​ក្រៅ​ពី​ចង់​អោយ​ពល​រដ្ឋ​ខ្មែរ ដែល​មិន​ទាន់​បាន​ស្គាល់​លោក​គ្រូ​អាចារ្យ​ហែម ចៀវ អោយ​ ស្គាល់​តែ​ប៉ុណ្ណោះ​ទេ​។ ខ្ញុំ​សូម​គោរព​វិញ្ញាណ​ក្ខន្ធ​ និង​អនុវត្ត​តាម​អស់​លោក​វិរ​បុរស​ទាំង​អស់ ដោយ​ពេញ​ចិត្ត​ជា​ទី​បំផុត​។

មោងរិស្សី ថ្ងៃទី១០ មេសា ១៩៧១
គង់ សម្ភារ
សាធារណរដ្ឋប្រជាធិបតេយ្យនិយម

ទឹកចិត្ត ព្រះអាចារ្យហែម-ចៀវ
ឆ្នាំង​បាយ​លោក​សង្ឃ គឺ​នៅ​នឹង​ប្រ​ជា​ជន បើ​ប្រ​ជា​ជន​វេទនា អត់​បាយ​ប្រជា​ជន​គ្មាន​សិទ្ធិ​សេរី​ភាព​ បើ​ប្រជា​ជន​នៅ​ក្នុង​ឋាន​ជា​ខ្ញុំ​កញ្ជោះ​គេ លោក​សង្ឃ​ក៏​ទទួល​អំណោយ​ផល​អាក្រក់​ដែរ​។ ដូច្នេះ​លោក​សង្ឃ​ដែល​មាន​ភារ​ប្រោស​សត្វ​លោក​ គឺ​ត្រូវ​ស្តី​ប្រ​ដៅ​ធ្វើ​អោយ​មនុស្ស​មាន​ស៊ី​មាន​ស្លៀក មាន​សេរី​ភាព ក្នុង​ប្រទេស​ឯក​រាជ្យ និង​សន្តិ​ភាព​ដ៏​បរិបូណ៌ ​។ * ទឹក​ភ្នែក​ប្រជា​រាស្ត្រ គឺ​ទឹក​ភ្នែក​ព្រះសង្ឃ *( ស្រង់​ចេញ​ពី​សារពត៌​មាន​ប្រ​ជា​ជាតិ​ )

១ -ជីវប្រវត្តិនៃលោកគ្រូព្រះបាឡាត់

មុន​នឹង​សិក្សា​ពី​គោល​គំនិត​នៃ​វីរបុរស​នីមួយ​ៗ ជា​បឋម​យើង​ត្រូវ​សិក្សា​អំពី​ជីវ​ប្រវត្តិ​សង្ខេប​របស់​លោក​សិន​។ ក្នុង​ពេល​នេះ យើង​នាំ​គ្នា​សិក្សា​អំពី​ជី​វប្រ​វត្តិ​លោក​គ្រូ​អាចារ្យ​ហែម ចៀវ ដែល​ជា​មហា​ថេរ​មួយ​អង្គ ក្រ​លេក​ឃើញ​ប្រ​ជា​រាស្ត្រ​ ទទួល​ទុក្ខ​ទោស​តាម​ឋាន​ខ្លួន​ជា​មនុស្ស​ក្នុង​អនា​និគម ហើយ​ក្នុង​ស​ម័យ​នោះ (ឆ្នាំ​១៩៣៣ -១៩៤២) គេ​បាន​លើក​លោក​ជា​វីរ បុរស​មួយ​ដ៏​ឆ្នើម​ក្នុង​ផ្លូវ​នយោ​បាយ រហូត​មក​ដល់​សព្វ​ថ្ងៃ​។ តើ​លោក​បដិ​សន្ធិ​ក្នុង​ត្រកូល​បែប​ណា ? ក្នុង​ទី​ណា ​?។

លោក​គ្រូ​អាចារ្យ​ហែម ចៀវ ប្រ​សូត្រ​ថ្ងៃ​អង្គារ ​ឆ្នាំ​ច ពស ២៤៤០ គស ១៨៩៨ នៅ​ភូមិ​អូរ​កូន​ទេញ (កោណ្ឌ័ញ្ញ) សង្កាត់​ដំបូក​មាន​លក្សណ៍៍ ស្រុក​ឧដ្តុង ខេត្ត​កំពង់​ស្ពឺ (​នៅ​ខាង​ជើង​ជិត​ស្ពាន​ស្ថា​នីយ​រថ​ភ្លើង​បាត​ដឹង)​។ ឳពុក​លោក​ឈ្មោះ​ហែម ធ្វើ​ជា​មេ​ស្រុក​ដំបូក​មាន​លក្សណ៍៍​។ ម្តាយ​លោក​ឈ្មោះ​ឧបា​សិកា ទីវ ខំ​ប្រឹង​ប្រែង​ធ្វើ​ស្រែ​ចំការ​ដោយ​ឥត​ខ្លាច​ហត់​នឿយ​។ គ្រួសារ​នេះ​មាន​បង​ប្អូន​៥​នាក់​គឺ ហែម លី, ហែម ចៀវ, ហែម ហួត, នាងហែម សុច, ហែម សាយ​។ បង​ប្រុស​លោក​ឈ្មោះ ​ហែម លី​ធ្វើ​ជា​ស្មា​ក្ដី (មេ​ធាវី)ក្រោយ​មក​ធ្វើ​ជា​មេ​ស្រុក​ត​ពីឳពុក​។

កាល​នៅ​ពី​កុមារ លោក​បាន​ស្គាល់​នូវ​សេ​ច​ក្តី​លំបាក​គ្រប់​បែប​យ៉ាង ដូច​ជា​កូន​កសិ​ករ​ក្រី​ក្រ​ទូ​ទៅ​ដែរ គឺ​លោក​បាន​ឃ្វាល គោ រក​អុស ដេញ​ចាប តាម​ឋាន​នៃ​កូន​កសិ​ករ​ ជា​មួយ​ឳពុក​ម្តាយ​ព្រឹក​ល្ងាច រហូត​ដល់​អាយុ​១២​ឆ្នាំ ទើប​មេ​ស្រុក ហែម​ ជា​ឳពុក​នាំ​យក​ទៅ​ប្រ​គេន​ព្រះ​សង្ឃ​សត្ថា ជួន ណាត វត្ត​ឳណ្ណា​លោម​ក្រុង​ភ្នំ​ពេញ ដោយ​ហេតុ​មេ​ស្រុក​ហែម និង​ព្រះ​គ្រូ សង្ឃ​សត្ថា​ជា​មិត្ត​ភក្តិ​នឹង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​។

 កុមារ ហែម-ចៀវ ជា​ក្មេង​មាន​សីល​ធម៌​ល្អ​ប្លែក​ជាង​ក្មេង​ដទៃ​ៗ​ទៀត មាន​មាត់​ពាក្យ​រហ័ស​ច្បាស់​លាស់ មាន​សណ្ដាប់​ធ្នាប់ សម​រម្យ​គួរ​អោយ​អ្នក​ផង​ពេញ​ចិត្ត​។ កុមារ​នេះ​មាន​ព្យា​យាម​ខ្ជាប់​ខ្ជួន​ល្អ​ណាស់ បាន​រៀន​អក្សរ​សាស្ត្រ​ក្នុង​សំណាក់​ព្រះគ្រូ​សង្ឃ​សត្ថា​ តាំង​អំពី​ដំបូង រហូត​ទាល់​តែ​មើល​បាន​ សរ​សេរ​អក្សរ​កើត​ដោយ​បរិបូណ៌​។

កុមារ ហែម ចៀវ បាន​នៅ​សិក្សា​អប់​រំ​ក្នុង​សំណាក់​ព្រះ​គ្រូ​សង្ឃស​ត្ថា ជួន ណាត អស់​យូរ​ឆ្នាំ ដោយ​បាន​ដើរ​ស្ពាយ​យាម ព្រះ​គ្រូ​សង្ឃ​សត្ថា ដែល​ត្រូវ​និមន្ត​ទៅ​ទេសនា​ក្នុង​ស្រុក​ខេត្ត​ឯ​ទៀត​ៗ​ ជា​ញឹក​ញយ​។ កុមារ​ហែម ចៀវ បាន​ស្តាប់​ធម៌​ទេស​នា​​​របស់​ព្រះ​គ្រូ​សង្ឃ​សត្ថា​អស់​ច្រើន​ឆ្នាំ ទើប​ជា​ហេតុ​នាំ​អោយ​កុមារ​ចៀវ មាន​សេច​ក្តី​ឆ្លៀវ​ឆ្លាស យល់​ហេតុ​ផល​ក្នុង​ផ្លូវ​លោក​ផ្លូវ​ធម៌​ជា​ច្រើន​យ៉ាង​ណាស់ ជា​កុមារ​មាន​សំដី​វោហារ​ព្រោក​ប្រាជ្ញ​ពូកែ​ជាង​កុមារ​ឯ​ទៀត​ៗ​ទាំង​អស់​។ កុដិ​ដែល​កុមារ​ស្នាក់​សិក្សា ស្ថិត​នៅ​ខាង​ក្រោយ​មហា​កុដិ​សព្វ​ថ្ងៃ​នេះ​។

កុមារ ហែម ចៀវ ព្យា​យាម​រៀន​សូត្រ​ឥត​​​ធ្វេស​ប្រ​ហែស ឬ​ខ្ជិល​ច្រអូស​ទេ​។ កុមារ​ខំ​រៀន​មិន​ថា​យប់​មិន​ថា​ថ្ងៃ ព្រោះ​លោក​ចាំ​បណ្ដាំ​បិតា ក្នុង​កាល​ដែល​ឳពុក​នាំ​យក​ទៅ​ទុក​ក្នុង​សំណាក់​ នៃ​ព្រះ​គ្រូ​សង្ឃ​សត្ថា​ថា ៖

- ចៀវ កូន​ប្រុស​សំលាញ់​ឳពុកៗ គ្មាន​អ្វី​ចែក​អោយ​កូន​ទេ គឺ​មាន​តែ​វិជ្ជា​នេះ​ហើយ ដែល​ឯង​អាច​យឹត​យោង​គ្រួសារ យើង​អោយ​ខ្ពង់​ខ្ពស់​បាន​។ មនុស្ស​ល្ងង់​គេ​មើល​ងាយ​ណាស់​កូន! បើ​កូន​ចេះ​ឳពុក​ក៏​ចេះ​ដែរ​! កូន​នៅ​ភ្នំ​ពេញ​ខំ​រៀន​ឡើង​! កុំ​ឈ្លោះ​ប្រកែក​គ្នា​ណា​! ខុស​ត្រូវ​ម្តេច​ម្តា​ត្រូវ​ចេះ​អត់​ធ្មត់​ទើប​ប្រសើរ ព្រោះ​យើង​ជា​កូន​កំសត់​ដើរ​ស្វែង​រក​វិជ្ជា​ដូចគ្នា​។ ដូច្នេះ​ត្រូវ​ចេះ​ស្រលាញ់​គ្នា ទើប​អ្នក​ផង​សរ​សើរ ចូរ​កូន​ចាំ​សុភា​សិត​បុរាណ​មួយ​ឃ្លា​ថា «នៅ​ផ្ទះ​ម្តាយ​ទី​ទៃ ទៅ​ព្រៃ​ម្តាយ​ជា​មួយ​»​។ លោក​គ្រូ​ព្រះ​សង្ឃ​សត្ថា​អង្គ​នេះ ជា​អ្នក​ប្រាជ្ញ​ជ្រៅ​ជ្រះ បាន​ជា​អញ​នាំកូន​ឯង​មក​អោយ​នៅ​នឹង​លោក ត្រូវ​កូន​ឯង​ខំ​រៀន​សូធ្យ​យក​ចិត្ត​ទុក​ដាក់​អោយ​មែន​ទែន។
- បាទ​លោក​ឳពុក កូន​នឹង​គោរព​តាម​សំដី​ពុក​លុះ​ថ្ងៃ​ស្លាប់​! សូម​ពុក​កុំ​ព្រួយ​បារម្ភ​អោយ​សោះ​!
- ល្អ​​ហើយ​កូន​ប្រុស​ឳពុក​! ឯង​ជា​តំណ​ឈាម​របស់​អញ​ហើយ អញ​សង្ឃឹម​លើ​ឯង​គ្រប់​ដប់​!
ពាក្យ​នេះ​ធ្វើ​អោយ​កុមារ ចៀវ ចង​ចាំ​ទុក​ក្នុង​បេះ​ដូង​អិត​មាន​ថ្ងៃ​ភ្លេច​។ កុមារ​ស្រលាញ់​គោរព​តាម​អោ​វាទ​មាតា​បិតា​ណាស់ មិន​ដែល​ធ្វើ​អោយ​អ្នក​មាន​គុណ​ព្រួយ​ចិត្ត​ម្តង​ណា​ឡើយ​។