២៥. អំពី​បន្លែ​បង្ការ

បន្លែ​មាន​ត្រកួន ស្ពៃ គូឆាយ ត្រប់ ឪឡឹក ត្រឡាច ត្រសក់ ឃិនឆាយ​។ បន្លែ​ដែល​គ្មាន​សោះ គឺ​ឆាយថៅ ស្ពៃខៀវ ខូវចេង ប៉ោឡេង ជាដើម​។ បន្លែ​ដូច​ជា​ត្រប់ ឪឡឹក​ ត្រសក់ ត្រឡាច​ជាដើម តែ​ដល់​ខែ​ទី​១ មាន​ហើយ​។ ដើម​ត្រប់​មាន​ដុះ​រាប់​ឆ្នាំ​មិន​ទាន់​រំលើង​ចោល​ក៏​មាន​។ ដើម​គរ​ខ្ពស់ៗ ជាង​ផ្ទះ​ទៅ​ទៀត អាយុ​ជាង ១០ ឆ្នាំ​មិន​ទាន់​កាប់​ចោល​ក៏​មាន​ដែរ​។ មាន​បន្លែ​ច្រើន​មុខ​ទៀត​ដែល​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ ឯ​បន្លែ​ដុះ​ក្នុង​ទឹក​ក៏​មាន​ច្រើន​មុខ​ណាស់​ដែរ​។

២៦. អំពី​ត្រី និង​ សត្វ​លូន

ពួក​ត្រី និងអណ្ដើក​មានត្រីរ៉ស់​ច្រើន​ណាស់ ក្រៅ​ពី​នេះ​ដូចជា​ត្រី​ឆ្ពិន និង​ត្រី​ល្អិតៗ ឯទៀត​រិត​តែ​ច្រើន​ណាស់​ទៅ​ទៀត មាន​ត្រី​ថូវពូ​ ដែល​ធំ​នោះ មាន​ទម្ងន់​ដល់​ជាង​ពីរនាឡិ ហើយ​ត្រី​ដែល​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ​នោះ ក៏​មាន​ច្រើន​ណាស់​ដែរ ដែល​ជាត្រី​មក​ពី​សមុទ្ទ​ទឹក​សាប (ទន្លេសាប)។ ចំណែក​ត្រី​ទឹក​ប្រៃ​វិញ ក៏​មាន​ច្រើន​មុខ រាង​ដូច​អន្ទង់ និង​ត្រី​ខ្ជឹង​បឹង​ដែរ​។ ពួក​អ្នក​ស្រុក​នេះ មិន​ស៊ី​កង្កែប​ទេ ម៉្លោះ​ហើយ​ដល់​ពេល​យប់ គេ​ឃើញ​កង្កែប​លោត​ច្រវាត់​កាត់​ផ្លូវ​ដើរ​។ អណ្ដើក កន្ធាយ​ធំៗ​ប៉ុន​ចង្អេរ​អុំ​។ ទោះ​ជា​អណ្ដើក​នោះ​មាន​អាយុ​ដល់​ទៅ ៦​ឆ្នាំ ក៏​គេ​នៅ​តែ​ស៊ី​វា​ដែរ​។ បង្កង​នៅ​ស្រុក​ឆាណាំ (កំពង់ឆ្នាំង) មួយ មាន​ទម្ងន់​ដល់​ជាង​មួយ​នាឡិ​។ ជើង​អណ្ដើក​នៅ​ស្រុក​ចេនភូ ​មាន​ប្រវែង​ជាង ៨-៩ តឹក​។ ក្រពើ​ធំ​ប៉ុនៗ​ទូក​។ មាន​នាគ​ជើង​បួន​មួយ​ប្រភេទ​យ៉ាង​ចំលែកឥត​មាន​ស្នែង​ទេ​។ ចំពុះទា លៀស ខ្យង ខ្ចៅ នៅ​ក្នុង​សមុទ្ទ​ទឹក​សាប​នោះ គ្រាន់​តែ​លូក​ដៃ​ទៅ​ក៏​យក​បាន​ភ្លាម​ហើយ តែ​ខ្ញុំ​មិន​ឃើញ​មាន​ក្ដាម​ទេ ខ្ញុំ​ស្មាន​ថា​ប្រហែល​ជា​មាន​ដែរ តែ​គេ​មិន​ស៊ី​ទេ​មើល​ទៅ​(1)

២៧. អំពី​ការ​បិទស្រា

ស្រា​ស្រុក​គេ​នេះ​មាន​បួន​យ៉ាង ស្រា​លេខ​មួយ ចិន​ហៅ​ ស្រា​ទឹក​ឃ្មុំ ដែល​គេ​យក​ជាតិ​ថ្នាំ និង​ទឹក​ឃ្មុំ​លាយ​ជាមួយ​ទឹក​ ហើយ​ផ្សំ​ធ្វើ​ឡើង​។ បន្ទាប់​មក​ហៅ​តាម​ពាក្យ​អ្នក​ស្រុក​ថា ផេងកេស៊ី ដែល​គេ​យក​ស្លឹក​ឈើ​​មក​ផ្សំ គឺ​ស្លឹក​ឈើ​ឈ្មោះ​ ផេងកេស៊ី (ភ្ងាស) នេះ​ឯង ជាឈើ​មួយ​ប្រភេទ​។​ បន្ទាប់​មក​ទៀត គេ​យក​អង្ករ​ ឬ​បាយ​ដែល​សេស​សល់​ទៅ​បិទស្រា​ហៅ ប៉ាវឡេងកាក ព្រោះ​ពាក្យ​ថា ប៉ាវឡេងកាក បាន​ន័យ​ថា អង្ករ​។ ក្រោម​ពី​នោះ​មក​ទៀត មាន​ស្រា​ទឹក​ល្ងៃ​ស្ករ ដែល​គេ​យក​ជាតិ​ស្ករ​មក​បិទ​អោយ​កើត​ទៅ​ជា​ស្រា​។ បើ​គេ​ចូល​ទៅ​ស្រុក​ភូមិ​តាម​មាត់​ទន្លេ គេ​ប្រទះ​ស្រា​មួយ​មុខ​​ទៀត​ធ្វើ​ពី​ទឹក​ក្រចាប់​ ព្រោះ​ក្រចាប់​ដុះ​នៅ​មាត់​ព្រែក ហើយ​ស្លឹក​វា​មាន​រស​ជាតិ​ស្ករ ដែល​គេ​អាច​យក​មក​ធ្វើ​ជា​ស្រា​បាន​។

២៨. អំបិល ទឹកខ្មេះ ស៊ីអ៊ីវ និង មី

នៅ ​ប្រទេស​នេះ ការ​ធ្វើ​របស់​ទាំងនេះ ឥត​មាន​ហាម​ឃាត់​ទេ​។ តាម​ឆ្នេរ​សមុទ្ទ​ចាប់​ពី​ចេនភូ (ចន្ទបូរ) និង​ប៉ាកាង (បាកាន)(2) គេ​ធ្វើ​អំបិល​ដោយ​ទឹក​សមុទ្ទ​។ នៅ​ក្នុង​ភ្នំ​មាន​រ៉ែ ដែល​គេ​បាន​ជាតិ​ថ្ម​ធ្វើ​ជា​អំបិល​ប្រសើរ​ជាង​អំបិល​សមុទ្ទ​ទៀត និង​យក​ថ្ម​ធ្វើ​ជា​វត្ថុ​ដទៃៗ​ទៀត​។ ពួក​អ្នក​ស្រុក​នេះ មិន​ចេះ​ធ្វើ​ទឹកខ្មេះ​ តែ​គេ​ចូល​ចិត្ត​ប្រើ​ជាតិ​ជូរ​នៅ​ក្នុង​ម្ហូប​ណាស់ គេ​ត្រាំ​ទឹក​កាំផេង(3) (អម្ពិល) ធ្វើ​ជា​ម្ជូរ កាលណា​ដើម​ឈើ​នេះ​កំពុង​តែ​លាស់ គេ​យក​ស្លឹក ឬ​ទង​ខ្ចី កាលណា​មាន​ផ្លែ​គេ​យក​ផ្លែ​វិញ​​។ គេ​មិន​ចេះ​ធ្វើ​មី​ទេ ព្រោះ​តែ​គ្មាន​ស្រូវ​សាឡី និង​សណ្ដែក​។ ពួក​នេះ មិន​ចេះ​ធ្វើ​ដំបែ​គ្រាប់​ទេ​។ កាលណា​គេ​បិទស្រា គេ​លាយ​ទឹក​ឃ្មុំ និង​ទឹក​ត្រាំ​ស្លឹក​ឈើ អោយ​បាន​ជា​ក្បាល​ស្រា ហើយ​ក្បាល​ស្រា​នេះ ដូច​គ្នា​នឹង​ស្រា​ស នៅ​ក្នុង​ភូមិ​ស្រុក​យើង​ដែរ​។

២៩. អំពី​ដង្កូវ​នាង និង ដើម​មន

៣០. អំពី​ប្រដាប់​ប្រើ​ប្រាស់

អ្នក​ស្រុក​ធម្មតា​មាន​ផ្ទះ​នៅ​ហើយ តែ​គ្មាន​តុ​កៅអី ចាន​ដែក ឬ​ថាំង​ជា​ដើម​ប្រើ​ទេ គេ​ប្រើ​ឆ្នាំង​ដី​សំរាប់​ដណ្ដាំ​​បាយ ហើយ​ឆ្នាំង​មួយ​ទៀត​សំរាប់​ស្ល។ គេ​យក​ថ្ម​បី​​ដុំ​តំកល់​ធ្វើ​ជា​ជើង​ក្រាន និង​យក​ត្រឡោក​ដូង​ធ្វើ​ជា​វែក។ គេ​ប្រើ​ចាន​ទាប​មក​ពី​ស្រុក​ចិន​សំរាប់​ដាក់​បាយ ឯ​សម្ល គេ​ដាក់​នឹង​កន្ទោង​ស្លឹក​ឈើ​ដែល​កេវ​ខ្ទាស់​មិន​លិច​ទឹក​ទេ។ គេ​យក​ស្លឹក​ក្រចាប់​ធ្វើ​ជា​ស្លាប​​ព្រា​ដួស​សម្ល​បញ្ចូល​មាត់ កាលណា​ប្រើ​រួច គេ​បោះចោល​ទៅ។ ម្ហូប​ថ្វាយ​ព្រះ ឬ​ថ្វាយ​ទេពតា​ក៏​គេ​ដាក់​នឹង​ស្លឹក​ដូច្នោះ​ដែរ។ គេ​យក​គ្រឿង​ដែល​​ធ្វើ​ពី​ស្ពាន់ស​ដែល​ដាក់​ទឹក​នៅ​ក្បែរ​ខ្លួន សំរាប់​ជ្រលក់​ដៃ​កុំ​អោយ​ជាប់​បាយ​នឹង​ដៃ ព្រោះ​គេ​បរិភោគ​ដោយ​ផ្ទាល់​នឹង​ដៃ បើ​គ្មាន​ទឹក​ផ្សើម​ដៃ​មិន​បាន​ឡើយ។ គេ​ប្រើ​ផ្តិល​សំរឹទ្ធិ​សំរាប់​ចាក់​ស្រា​ផឹក ចំណែក​អ្នក​ក្រ​ប្រើ​ផ្តិល​ដែល​ធ្វើ​អំពី​ដី រី​ឯ​ពួក​មន្ត្រី គេ​ប្រើ​ផ្តិល​ធ្វើ​ពី​ប្រាក់ ឬមាស​ផង​ក៏​មាន។ បើ​ក្នុង​ឱកាស​បុណ្យ​ធំៗ ដូច​ជា​បុណ្យ​ជាតិ​វិញ គេ​ប្រើ​ប្រដាប់​ទាំងនេះ សុទ្ធ​តែ​ពី​មាស​ទាំង​អស់ ហើយ​មាន​របៀប​ផ្សេង​ពិសេស​ទៀត​ផង។ នៅ​នឹង​ដី​គេ​ក្រាល​កន្ទេល​មក​ពី​ស្រុក​ម៉េងជីវ (ស្រុក​ចិន) ឬ​មួយ​ក្រាល​ស្បែក​ខ្លា​ធំ ខ្លារខិន ស្បែក​ប្រើស រមាំង... ពុំ​នោះ​ទេ គេ​ប្រើ​កន្ទេល​ផ្ដៅ។ នៅ​ពេល​ជិតៗ​នេះ គេ​ទើប​នឹង​ចេះ​ប្រើ​តុ​ទាបៗ មាន​កំពស់​ប្រហែល​មួយ​ហត្ថ។ សំរាប់​កន្លែង​គេ​ដេក គេ​ប្រើ​កន្ទេល​ឫស្សី តែ​ឥឡូវ​នេះ​មាន​ខ្លះ​ប្រើ​គ្រែ​ទាបៗ​ខ្លះ​ដែរ​ហើយ ដែល​ជា​គ្រែ​ធ្វើ​មក​ពី​ស្រុក​ចិន។ ម្ហូប​ចំណី គេ​គ្រប​ដោយ​សំពត់ ឯ​នៅ​ក្នុង​វាំង គេ​ប្រើ​សំពត់​ព្រែ​ប៉ាក់ឌិន ឬ​ខ្សែសយ ដែល​បាន​មក​ពី​ពួក​ឈ្មួញ​សំពៅ​ប្រទេស​ក្រៅ​នាំ​យក​មក​ថ្វាយ។ ដើម្បី​ស្រិត​អង្ករ គេ​មិន​ប្រើ​ត្បាល់​កិន​ទេ គេ​ប្រើ​ត្បាល់​បុក​ទៅ​វិញ។

៣១. អំពី​រទេះ និង អង្រឹង​ស្នែង

ការ​ធ្វើ​អង្រឹង​ស្នែង គេ​យក​ឈើ​មួយ​ដើម​ដែល​កោង​ចំកណ្ដាល​អ៊ែន​ចុះ​ក្រោម ចុង​សង​ខាង​ឡើង​លើ ហើយ​នៅ​ចុង​នោះ​គេ​ឆ្លាក់​ជា​ក្បាច់​ផ្កា​ភ្ញី និង​មាន​ស្រោប​មាស ឬ​ប្រាក់​ពី​ក្រៅ​ឈើ​នោះ​ផង គេ​ហៅ​ថា​អង្រឹង​ដង​មាស ដង​ប្រាក់ សំរាប់​តាម​លំដាប់​ថ្នាក់។ ចម្ងាយ​ពី​ចុង​ដង​ប្រមាណ​មួយ​ហត្ថ​ គេ​វាយ​ដែក​ធ្វើ​ជា​ស្រយូវ​ម្ខាង​មួយ​ ហើយ​គេ​យក​សំពត់​មួយ​ផ្ទាំង​យ៉ាង​ធំ ហើយ​ក្រាស់ មក​បត់​ធ្វើ​ជា​ត្រចៀក​សំរាប់​ស៊ក​ខ្សែ​ភ្ជាប់​ទៅ​នឹង​ស្រយូវ​ដែក​នោះ។ អ្នក​ជិះ​អង្គុយ​លើ​សំពត់​នោះ ដៃ​កាន់​ជាយ​សំពត់​ផង ហើយ​អោយ​មនុស្ស​ពីរ​នាក់​ជា​អ្នក​សែង។ នៅ​ក្បែរ​អង្រឹង​ស្នែង​តែងតែ​មាន​ប្រដាប់​មួយ​ទៀត​មាន​សណ្ឋាន​ដូច​ដំបូល​ទូក ​តែ​ធំ​ជាង​ដ៏​មាន​បិទ​បាំង​ដោយ​សំពត់​ព្រែ​ប្រាំ​ពណ៌ ហើយ​មាន​មនុស្ស​បួន​នាក់​សែង​ និង​មាន​មនុស្ស​ដើរ​តាម​ហែរ​​ពី​ក្រោយ​ផង។ បើ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ គេ​អាច​ជិះ​ដំរី និង​សេះ ព្រម​ទាំង​ប្រើ​រទេះ​ដែរ។ រទេះ​នៅ​ស្រុក​នេះ ក៏​មាន​លក្ខណៈ ដូច​រទេះ​ស្រុក​ឯ​ទៀត​ដែរ តែ​គេ​ជិះ​សេះ ឥត​មាន​កែប​ទេ ឯ​ដំរី​ក៏​គ្មាន​ប្រដាប់​សំរាប់​អង្គុយ​ដែរ។

៣២. អំពី​ទូ​ ច្រវា

អំពី​ទូក​ធំៗ សុទ្ធ​តែ​ធ្វើ​ឡើង​ដោយ​យក​ឈើ​រឹងៗ មក​ចាំង​ជា​បន្ទះ​ក្ដារ​សិន រួច​ទើប​វាយ​ផ្ដុំ​ឡើង​ជា​ទូក។ មេ​ជាង​ឥត​មាន​ប្រើ​រណារ​ទេ គេ​ប្រើ​តែ​ដឹង ហើយ​និង​ដែក​ខួង ដែល​ជា​ហេតុ​នាំ​អោយ​ខាត​ឈើ និង​កំលាំង​ច្រើន​ណាស់។ នៅ​គ្រប់​ពេល​ដែល​គេ​ចង់​កាត់​ឈើ​ជា​កំណាត់ គេ​តែង​យក​ដែក​ខួង​មក​ខួង​ទម្លុះ​ផ្ដាច់​តែ​ម្ដង ទោះ​ជា​ធ្វើ​ផ្ទះ ក៏​ធ្វើ​របៀប​ដូច​គ្នា​នេះ​ដែរ។ គេ​មាន​ប្រើ​ដែក​គោល​វាយ​ធ្វើ​ទូក​ដែរ។ គេ​យក​ស្លឹក​ឡេង (ក្រចាប់) មក​ប្រក់​ធ្វើ​ដំបូល ដោយ​យក​ដើម​ស្លា​មក​ពុះ​ជា​បន្ទះ​គាប​​សង្កត់​ស្លឹក​នោះ​ផង។ ទូក​របៀប​នេះ គេ​ហៅ​ថា ស៊ីនណា​។ គេ​បិទ​ពរ​ទូក​ដោយ​ជ័រ​ឈើ ខ្លាញ់​ត្រី លាយ​នឹង​កំបោរ។ ចំណែក​ទូក​តូច​ៗ​វិញ គេ​លុង​ធ្វើ​ពី​ឈើ​មួយ​ដើម​ធំ។ គេ​យក​ភ្លើង​ដុត​ឆេះ​រោល​អោយ​ទន់​សាច់​ឈើ ទើប​ទល់​បំប៉ោង​ពង្រីក​ពោះ​ទូក​អោយ​ធំ ក្បាល​កន្សៃ​ស្រួច​ឥត​មាន​ប្រើ​ដំបូល​ទេ តែ​ដាក់​បាន​មនុស្ស​ច្រើន​នាក់​ដែរ។ ទូក​របៀប​នេះ​ហៅ​ថា កុយឡាំង​។

៣៣. អំពី​ខេត្ត

ខេត្ត​មាន​ទាំង​អស់​ជាង ៩០ គឺ​ខេត្ត ចេងពូ (ចន្ទបូរ) ឆាណាំ (ឆ្នាំង) ប៉ាកាង (បាកាន) មុងលាង ប៉ូចស៊ី ផូវមួយ ទីហួង បាក់លុតប៉ោ ណៃកាខាំង ប៉ូចស៊ឺលី ជាដើម។ ក្រៅ​ពី​នេះ ខ្ញុំ​មិន​ចាំ​ឈ្មោះ​ទេ។ ខេត្ត​និមួយៗ​សុទ្ធ​តែ​មាន​មន្ត្រី​ធំ​នៅ​កាន់​កាប់ ហើយ​មាន​ធ្វើ​បន្ទាយ​ឈើ​ជារបាំង​ផង។

៣៤. អំពី​ស្រុក​ភូមិ

នៅ​ក្នុង​ភូមិ​ នីមួយៗ​ជួន​មាន​វត្ត​ ជួន​មាន​ប្រាសាទ ហើយ​មាន​មន្ត្រី​ម្នាក់​នៅ​ត្រួត​ត្រា​យ៉ាង​ហ្មត់ចត់។ មន្ត្រី​នោះ​គេ​ហៅ​ថា បួយស៊ី។ នៅ​តាម​ផ្លូវ​ធំៗ តែង​មាន​សាលា​មួយ​សំរាប់​ឈប់​សម្រាក គេ​ហៅ​ថា ស៊ិមប៉ាក់។ ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ មាន​កើត​ចម្បាំង​ជាមួយ​នឹង​ប្រទេស​សៀម ភូមិ​ទាំង​នេះ​ក៏​ប្រែ​ក្លាយ​ទៅ​ជា​ដី​វាល​ទៅ​វិញ។

៣៥. អំពី​ប្រមាត់​ប្រមង់

កាល​ពី​មុន​នេះ តែ​ដល់​ខែ​ទី​៨ គេ​តែង​ធ្វើ​ការ​ចាប់​មនុស្ស​យក​ប្រមាត់ ពីព្រោះ​ស្ដេច​ក្រុង​ចាម​ក្នុង​មួយ​ឆ្នាំ​គេ​សុំ​យក​ប្រមាត់​មនុស្ស​មួយ​ថូ ដែល​មាន​ចំនួន​រាប់​ពាន់។ នៅ​ក្នុង​ពេល​យប់​គេ​ចាត់​ពួក​អ្នក​យក​ប្រមាត់ (ប្រមាត់​ប្រមង់?) ដើរ​ទៅ​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង និង​ក្នុង​ភូមិ។ បើ​ប្រទះ​មនុស្ស​ណា​ដើរ​ក្នុង​ពេល​យប់​ស្ងាត់​នោះ គេ​ចាប់​យក​ខ្សែ​ចង​ក្បាល​អោយ​ជាប់ ហើយ​យក​កូន​កាំ​បិត​ចាក់​ក្រោម​ឃ្លៀក​ខាង​ស្ដាំ​ខ្វេះ​យក​ប្រមាត់​ដាក់​ ក្នុង​ថូ លុះត្រា​តែ​បាន​ពេញ​ចំនួន ទើប​គេ​យក​ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចាម។ ប៉ុន្តែ​គេ​មិន​យក​ប្រមាត់​នៃ​ជនជាតិ​ចិន​ទេ។ ពីព្រោះ​មាន​កាល​មួយ​ឆ្នាំ​នោះ គេ​យក​ប្រមាត់​របស់​ចិន​មួយ​ទៅ​លាយ​នឹង​គេ ក៏​បណ្ដាល​អោយ​ស្អុយ​រលួយ​ខូច​ប្រមាត់​នៅ​ក្នុង​ថូ លែង​ប្រើការ​បាន​ទាំងអស់ ពេល​ក្រោយ​មក គេលែង​មាន​ការ​ដើរ​ចាប់​យក​ប្រមាត់​ទៀត​ហើយ ហើយ​គេ​ចាត់​មន្ត្រី​ដោយ​ឡែក​សំរាប់​មុខងារ​ខាង​យក​ប្រមាត់​ពី​ពួក​ក្រោម​ អំណាច​ខ្លួន ដែល​តាំង​អោយ​នៅ​ជាយ​ក្រុង​ក្បែរ​ទ្វារ​ខាងជើង។

៣៦. អំពី​រឿង​ចំលែកមួយ

នៅ​ក្នុង​កំពែង​នា​ទិស​ខាង​កើត មាន​អ្នក​ព្រៃ​ម្នាក់​នោះ​រួមរ័ក​ជាមួយ​ប្អូន​ស្រី​ឯង​បង្កើត ក៏​ស្រាប់​តែ​ជាប់​ស្បែក​សាច់​គ្នា​បេះ​មិន​ចេញ រហូត​ដល់​គ្រប់​បី​ថ្ងៃ ឥត​មាន​ស៊ី​ចុក​អ្វី​សោះ ក៏​ស្លាប់​បង់​ជិវិត​ទៅ។ អ្នក​ស្រុក​ខ្ញុំ​ម្នាក់​សែ ស៊ិ គេ​បាន​មក​រស់​នៅ​ស្រុក​នេះ​រវាង​សាមសិប​ប្រាំ​ឆ្នាំ​ហើយ គេ​ថា គេ​បាន​ឃើញ​រឿង​នេះ​ច្បាស់​នឹង​ភ្នែក​ពីរ​លើក ហើយ​គេ​ថា បាន​ជា​សក្តិសិទ្ធិ​ដូច្នេះ ព្រោះ​បារមី​ព្រះ​របស់​ស្រុក​នេះ​ខ្លាំង​ពូកែ​ណាស់។

៣៧. អំពី​ការ​ងូត​ទឹក

ប្រទេស​នេះ​ក្ដៅ​ខ្លាំង​ណាស់ ក្នុង​មួយ​ថ្ងៃៗ​បើ​មិន​ងូត​ទឹក​ច្រើន​លើក​ទេ គឺ​ច្បាស់​ជា​អត់​ទ្រាំ​មិន​បាន​ឡើយ ទោះបី​នៅ​ពេល​យប់​ក៏​ជៀស​មិន​រួច​ពី​ការ​ងូត​ទឹក​ម្ដង ឬ​ពីរ​ដង​ដែរ។ គេ​គ្មាន​បន្ទប់​ទឹក​ គ្មាន​ចាន​ដែក គ្មាន​ប៉ោត​ទេ។ ក្នុង​ផ្ទះ​មួយ​តោង​មាន​ស្រះ​មួយ បើ​ពុំ​នោះ​ទេ គេ​ព្រួត​គ្នា ២-៣ ផ្ទះ​ទៅ​ងូត​ទឹក​ស្រះ​មួយ​ដោយ​លែង​ខ្លួន​ចោល ឥត​គិត​អៀន​ខ្មាស​គ្នា​ស្រី​ប្រុស​ទេ។ ប៉ុន្តែ​បើ​ឪពុក​ម្ដាយ​ចាស់ គាត់​ទៅ​ដល់​ស្រះ​មុន ក្មេង​ស្រី​ប្រុស​មិន​ហ៊ាន​ទៅ​ជិត​ទេ ប្រសិន​បើ​ក្មេង​កំពុង​តែ​ងូត​ទឹក​ស្រះ​នោះ​មុន​វិញ ក៏​ចាស់​ទុំ​នោះ នាំ​គ្នា​គេច​ចេញ​ដែរ។ មនុស្ស​មាន​វ័យ​ស្របាល​គ្នា ឥត​គិត​អៀន​ខ្មាស​គ្នា​ឡើយ។ គេ​យក​តែ​ដៃ​ឆ្វេង​បិទ​បាំង​កេរ្តិ៍ខ្មាស​របស់​ខ្លួន ហើយ​ដើរ​ចុះ​ក្នុង​ទឹក​ទៅ។ ជួន​កាល​ក្នុង​រយៈ ៣-៥ ថ្ងៃ ឬ ៥-៦ ថ្ងៃ​ម្ដង ពួក​ស្រីៗ​ក្នុង​ទីក្រុង​មួយ​ក្រុម​មាន​គ្នា ៣-៤ នាក់ នាំ​គ្នា​ចេញ​ទៅ​មុជ​ទឹក​ទន្លេ​ឯ​ខាង​ក្រៅ​កំពែងក្រុង។ នៅ​ពេល​ដែល​ទៅ​ដល់​ទន្លេ​នោះ គេ​ដោះ​សំពត់​ដែល​វ័ណ្ឌ​ខ្លួន​ចេញ ដើរ​ចុះ​ទៅ​ក្នុង​ទឹក​ហើយ​ទៅ​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទន្លេ​នោះ​រាប់​ពាន់​​នាក់​។ សូម្បី​តែ​ពួក​ស្រីៗ​ដែល​មាន​ត្រកូល​ខ្ពង់​ខ្ពស់​ក៏​ដូច្នោះ​ដែរ។ គេ​ឥត​មាន​ការ​អៀន​ខ្មាស​អ្វី​ទេ ចាប់​តាំង​ពី​ក្បាល​ដល់​ចុង​ជើង​មើល​គ្នា​ឃើញ​ទាំង​អស់។

នៅ​មាត់​ទន្លេ​ក្រៅ​ទីក្រុង​នោះ រាល់​ថ្ងៃ​តែង​តែ​មាន​ជនជាតិ​ចិន​នៅ​ទំនេរ ហើយ​លួច​នាំ​គ្នា​ទៅ​ចាំ​មើល​លេង​តាម​គំនិត​ខិល​ខូច ហើយ​ឮ​ថា​គេ​លួច​ឆ្លៀត​ពេល​នៅ​ក្នុង​ទឹក​នោះ​ផង។ ទឹក​នោះ​នៅ​ក្ដៅ​ឧណ្ហៗ​ជានិច្ច លុះត្រា​ដល់​ពេល​យប់​យាម​បួន​ទើប​ត្រជាក់ លុះ​ដល់​ព្រឹក​ ថ្ងៃ​រះ​ឡើង​ក៏​ក្ដៅ​​ឧណ្ហៗ​ឡើង​វិញ​ទៀត។

៣៨. ការ​ចូល​ជ្រក​នៅ (អន្តោប្រវេសន៍)

ពួក​ជនជាតិ​ចិន ដែល​ជា​អ្នក​ស៊ី​ឈ្នួល​ដើរ​សំពៅ កាល​មក​ដល់​ស្រុក​នេះ ក៏​ពេញ​ចិត្ត​គេ​ខ្លាំង​ណាស់ ព្រោះ​ស្រុក​នេះ​មិន​បាច់​ប្រើ​សម្លៀក​បំពាក់​ច្រើន ហើយ​អង្ករ​គេ​ក៏​ស្រួល​រក ប្រពន្ធ​ក៏​ស្រួល​រក​បាន ឯ​ផ្ទះ​សំបែង​​ក៏​ងាយ​ធ្វើ គ្រឿង​ប្រើ​ប្រាស់​ក៏​ងាយ​រក ការលក់​ដូរ​ក៏​ធូរ​ងាយ ម៉្លោះ​ហើយ​បាន​ជា​មាន​អ្នក​ចូល​ពី​ស្រុក​ក្រៅ​មក​រស់​នៅ​ស្រុក​នេះ​ច្រើន​ ណាស់។

៣៩. អំពី​កង​ទ័ព

កងទ័ព​ក៏​ធ្វើ​ដំណើរ​ដោយ​លែង​ខ្លួន​ឥត​អាវ។ ដៃ​ស្ដាំ​គេ​កាន់​លំពែង ដៃ​ឆ្វេង​កាន់​ខែល គ្មាន​ប្រើ​ធ្នូ និង​ព្រួញ​ទេ កាំភ្លើងធំ ឬ អាវ​ក្រោះ​ក៏​គ្មាន​ដែរ។ តាម​ឮ​គេ​ថា កាល​កើត​ចម្បាំង​នឹង​ជាតិ​សៀម​គេ​នាំ​គ្នា​កេណ្ឌ​អ្នក​ស្រុក​ទៅ​វាយ​ដោយ​​កំលាំង​តែ​ម្ដង ពុំ​មាន​ប្រើ​ល្បិច​កល​ឧបាយ​អ្វី​ឡើយ(4)

៤០. ការ​យាង​ចេញ​នៃ​មហាក្សត្រ

ខ្ញុំ​ បាន​ឮ​គេ​និយាយ​ថា ស្ដេច​អង្គ​មុនៗ មិន​ដែល​យាង​ចេញ​ទៅ​ណា​ទេ ព្រោះ​ខ្លាច​មាន​រឿង​ហេតុ។ ស្ដេច​អង្គ​ថ្មី​នេះ ត្រូវ​ជា​សុណិសា​ស្ដេច​មុន (5)។ កាល​ពី​ដើម​ លោក​មាន​ឋានៈ​ជា​មេទ័ព។ បិតា​ក្មេក​នោះ​សព្វ​ព្រះទ័យ​នឹង​បុត្រី​ព្រះ​អង្គ​ណាស់​បាន​ជា​កូន​ស្រី​​នេះ លួច​យក​ព្រះ​ខ័ន​មាស​បាន​ ហើយ​យក​ទៅ​អោយ​ប្ដី​របស់​ព្រះ​នាង។ បុត្រា​បង្កើត​ក៏​មិន​បាន​ទទួល​រាជ្យ​ស្នង​បិតា ក៏​លើក​ទៅ​វាយ​ដណ្ដើម​រាជ្យ តែ​ត្រូវ​ស្ដេច​ថ្មី​ជ្រាប​ការ​ទាន់ ចាប់​បាន​នាំ​យក​មក​កាត់​ម្រាម​ជើង ហើយ​យក​ទៅ​ដាក់​គុក​ងងឹត។ ស្ដេច​ថ្មី​នេះ​មាន​ពាក់​អាវ​ក្រោះ​ដែក ទោះ​បី​គេ​ប្រើ​កាំបិត ឬ​ព្រួញ​ក៏​មិន​អាច​មុត​បាន​ដែរ។ ដូច្នេះ​ហើយ ទើប​ព្រះអង្គ​ហ៊ាន​យាង​ចេញ​ក្រៅ។ ខ្ញុំ​បាន​ទៅ​នៅ​ទី​នោះ​ជាង​មួយ​ឆ្នាំ បាន​ឃើញ​ព្រះអង្គ​យាង​ចេញ​មក​បួន​​ប្រាំ​ដង។ ការ​យាង​ចេញ​មក​ម្ដង​ណា តែង​មាន​ទ័ព​នៅ​ការពារ​ពី​ខាង​មុខ មាន​អ្នក​កាន់​ទង់​ជ័យ និង​មាន​តន្ត្រី​នៅ​ខាង​ក្រោយ។ ស្រី​ស្នំ​បួន ឬ​ប្រាំ​នាក់​ស្លៀក​សំពត់​ផ្កា​សៀត​ផ្កា​នៅ​សក់​ក្បាល ដៃ​កាន់​ទៀន​ធំ​ដើរ​ជា​មួយ​ក្រុមៗ។ ទោះបី​នៅ​ពេល​ថ្ងៃ​ភ្លឺ​ក្រឡែត​ក្ដី ក៏​គេ​អុជ​ទាន​ដែរ។ នៅ​ក្នុង​ចំណោម​ស្រី​ស្នំ​ទាំង​នោះ មាន​ខ្លះ​កាន់​គ្រឿង​មាន​ដូច​ជា ភាជន៍​មាស និង​គ្រឿង​បិទបាំង​ជាដើម​ផ្សេងៗ​ពី​គ្នា មិន​ដឹង​ជា​គេ​យក​ទៅ​ប្រើការ​អ្វី​ខ្លះ​ឡើយ។ នៅ​មាន​ស្រី​ស្នំ​ខ្លះ​ទៀត​កាន់​ស្នរ លំពែង ខែល ជាទ័ព​ នៅ​ខាង​​ក្នុង​មួយ​ក្រុម​ទៀត​ផង មាន​រទេះ​ទឹម​ពពែ និង​រទេះ​ទឹម​សេះ ដែល​មាន​តាក់​តែង​ដោយ​គ្រឿង​មាស​បរ​ដង្ហែ​ដែរ។

ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី និង​ពួក​ញាតិវង្ស សុទ្ធ​តែ​ជិះ​ដំរី​នៅ​ខាង​មុខ បើ​មើល​ពី​ចម្ងាយ​ទៅ ឃើញ​សុទ្ធ​តែ​ក្លស់​ពណ៌​ក្រហម​ឥតគណនា។ បន្ទាប់​មក ទើប​ដល់​ព្រះ​មហេសី​ធំតូច​តាម​លំដាប់​ថ្នាក់ ជិះ​អង្រឹង​ស្នែង ជិះ​រទេះ​សេះ ឬ​ជិះ​ដំរី​ដ៏​មាន​ក្លស់​បើក​បាំង​មិន​តិច​ជាង​មួយ​រយ​ទេ។ បន្ទាប់​មក​ទៀត ទើប​ដល់​ព្រះរាជា​ទ្រង់​ឈរ​នៅ​លើ​ខ្នង​ដំរី ព្រះហត្ថ​កាន់​ព្រះខ័នទិព្វ។ ភ្លុក​ដំរី ព្រះទីនាំង​សឹង​មាន​ពាក់​ចង្កំ​មាស។ មាន​ក្លស់​ស (ស្វេច្ឆត្រ) ចំនួន ២០ ដ៏​មាន​ស៊ែម​មាស​បើក​បាំង​ជុំ​ព្រះ​អង្គ ដែល​សុទ្ធ​តែ​ជា​ក្លស់​ដង​មាស នៅ​ជុំ​វិញ​ព្រះ​អង្គ​មាន​ទ័ព​ដំរី​ប្រដាប់​ដោយ​អាវុធ​ជា​គ្រឿង​ការពារ។ បើប្រសិន​ជា​ស្ដេច​យាង​ទៅ​ណា​ជិតៗ​ទេ ទ្រង់​គង់​លើ​គ្រែ​ស្នែង (ព្រះវរ) ហើយ​អ្នក​សែង​សុទ្ធ​តែ​ស្រីៗ​ស្នំ។ សឹង​តែ​រាល់​ដង កាលណា​ស្ដេច​យាង​ចេញ​ដំណើរ​តែង​មាន​រូប​ស្តូប​តូច​មួយ ហើយ​ពី​មុខ​នេះ​មាន​ព្រះ​ពុទ្ធ​រូប​មាស​មួយ​អង្គ​ផង សែង​ពី​មុខ​ព្រះ​រាជា។ បណ្ដា​ជន​ដែល​នៅ​តាម​ដង​ផ្លូវ ត្រូវ​សំពះ​លុត​ជង្គង់​ក្រាប​ក្បាល​ដល់​ដី​ដែល​គេហៅ​ថា សាំប៉ា (សំពះ?) បើ​ពុំ​ដូច្នោះ​ទេ នឹង​ត្រូវ​គេ​ចោទ​ថា មើល​ងាយ​ព្រះចេស្ដា ហើយ​នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ឃុំ​ចោល ឥត​ដោះ​លែង​ឡើយ។

ក្នុង​មួយ​ថ្ងៃ ព្រះរាជា​ទ្រង់​កិច្ចការ​រដ្ឋ​ពីរលើក គឺ​ទទួល​សវនាការ​ពី​រដ្ឋ​មន្ត្រី និង​រាស្ត្រ ប៉ុន្តែ​គ្មាន​បញ្ជី​កត់​កំណត់​ចំនួន​មនុស្ស​ និង​កិច្ច​ការ​នោះ​ទេ។ បើ​មន្ត្រី ឬ​រាស្ត្រ​ណា​ចង់​ចូល​គាល់ ត្រូវ​តែ​ចូល​ទៅ​អង្គុយ​បត់​ជើង​ផ្ទាល់​នឹង​ដី​រងចាំ​ជាមុន។ មួយ​សន្ទុះ​ក្រោយ​មក ទើប​គេ​ឮ​សូរ​សម្លេង​តន្ត្រី​រងំ​ពី​ខាង​ក្នុង។ អ្នក​នៅ​ខាង​ក្រៅ​ផ្លុំ​ស័ង្ខ​តប​ទៅ​វិញ។ ខ្ញុំ​ឮ​គេ​ថា គេ​ប្រើ​តែ​ទីនាំង​គ្រែស្នែង​មាស (ព្រះវរមាស) ទេ បើ​គ្រាន់​តែ​យាង​ជិតៗ។ បន្តិច​មក គេ​ឃើញ​ស្រី​ស្នំ​ពីរ​នាក់​រូត​វាំងនន​ព្រះវរ​នោះ​ឡើង ក៏​លេច​ឃើញ​ស្ដេច​គង់​ឈរ​កាន់​ព្រះខ័ន នៅ​ក្នុង​ស៊ុមមាស​ជា​ទី​ព្រះ​ទែនគង់​ប្រថាប់។ ពេលនោះ ទាំងមន្ត្រី ទាំង​រាស្ត្រ​សុទ្ធ​តែ​ឱន​ក្បាល​លើក​ដៃ​សំពះ លុះត្រា​តែ​ផុត​សម្លេង​ស័ង្ខ​ដែល​ជា​សញ្ញា​អោយ​ងើប​មុខ​ឡើង ទើប​ហ៊ាន​ងើប​ព្រម​គ្នា។ ស្ដេច​ក៏​គង់​ប្រថាប់​ដែរ។ ព្រះទែន​នោះ ក្រាល​ដោយ​ស្បែក​សត្វ​សិង្ហ ដែល​ជា​កេរ្តិ៍​​ដំណ​មក​ច្រើន​ស្ដេច​ហើយ។ លុះ​ទ្រង់​ប្រាស្រ័យ​ការ​ចប់​ហើយ ស្ដេច​យាង​ចូល​វិញ​ដោយ​មាន​ស្រី​ស្នំ​ពីរ​នាក់​រូត​រនាំង​បិទ​ដូច​ដើម អ្នក​ទាំង​អស់​គ្នា​ក៏​ក្រោក​ឈរ​ហើយ​អែបៗ​ខ្លួន​ទៅ​កៀន​រៀង​ខ្លួន​ទៅ។ ពិត​មែន​តែ​ស្រុក​នេះ​មិន​សូវ​ស៊ីវិល័យ តែ​គេ​ស្គាល់​ច្បាប់​ទម្លាប់​គោរព​ព្រះមហាក្សត្រ ៕ Tous les contenus médiatiques et écrits illustrés sur site ne présentent pas définitivement des documentations officielles. Vous pouvez toujours nous faire part votre commentaire ou votre savoir-faire pour la rectificatio

(១)ការពិតស្រុក​យើង​មាន​ក្ដាម​ច្រើន​ណាស់​ពី​ដើម​មក តែ​ប្រ​ហែល​ជា​លោក​ជីវ​តា​ក្វាន់ មិន​ប្រទះ​ឃើញ​ក្នុង​ទន្លេ​។
(2) ចេនភូ = ចន្ទបូរ រឺ ចន្ទ​បុរី។ ប៉ាកាង = បាកាន​។
(3) តាម​មើល​ទៅ ​ដើម​នេះ​គួរ​ជា​ដើម​អំពិល​ ព្រោះ​គេ​ប្រើ​ស្លឹក​ក៏​បាន​ផ្លែ​ក៏​បាន​។
(4) រឿង​នេះ មក​ពីជី​វ​តាក្វាន់ មិន​បាន​ឃើញ នឹង​ស៊ើប​ពត៌​មាន​ទេ​ ព្រោះ​តាម​ឯក​សារ​ជា​ច្រើន​ណាស់ ថា​ខ្មែរ​ចេះ​រៀប​ចំ​ទ័ព​​ត្រឹម​ត្រូវ​ មាន​សាស្ដ្រា​វុធ និង​ក្បួន​យុទ្ធ​សាស្រ្ដ​ផង​។
(5) ស្ដេចអង្គ​នេះ លោក A-Leclère សរ​សេរ​ក្នុង Histoire du Cambodge ថា : ក្នុង​ចន្លោះ​ពេល​នោះ មាន​ស្ដេច​សោយ​​រាជ្យ​ជា​ច្រើន​អង្គ​មិន​ប្រាកដ​នាម តែ​គេ​សំគាល់​បាន​មួយ​តាម​លិលា​ចារឹក​ គឺ​ ស្ដេច​ជយ​បរ​មេ​សូរៈ (ព្រះ​បាទ​ឥន្រ្ទវរ្ម័ន​ទី​៣) ដែល​សោយ​រាជ​ក្នុង​ចន្លោះ​ឆ្នាំ ១២៥០ - ១៣០០នេះ។