៦. អំពី​អ្នក​ស្រុក

ស្ត្រី​អ្នក​ភូមិ​ធម្មតា ក៏​បួង​សក់​ដែរ ប៉ុន្តែ​គ្មាន​សៀត​ស្នៀត​សក់ និង​តុប​តែង​លម្អ​លើ​សក់​ក្បាល ឬ​លម្អ​មុខ​ឡើយ​។ នៅ​ក​ដៃ​មាន​ពាក់​កង​មាស ​នៅ​នឹង​ម្រាម​ដៃ​មាន​ពាក់​ចិញ្ចៀន​មាស​។ ម្យ៉ាង​ទៀត ពួក​ជេនគាឡាង និង​អ្នក​នៅ​ក្នុង​វាំង​ទាំង​ប្រុស​ទាំង​ស្រី សុទ្ធ​តែ​លាប​ប្រេង​ក្រអូប​ដែល​ផ្សំ​ធ្វើ​ឡើង​ពី​ជាតិ​ឈើ​ក្រអូប និង​ក្រលៀន​ប្រើស​។ គ្រប់​​គ្រួសារ​ទាំង​អស់​សុទ្ធ​តែ​គោរព​ប្រណិបតន៍​ព្រះពុទ្ធ​។ ក្នុង​ប្រទេស​នេះ មាន​មនុស្ស​ស្រី​ភេទ​ខ្លះ​ស្អាតៗ រាល់​ថ្ងៃ​តែង​ដើរ​ជា​ក្រុម​ដប់​នាក់ ឬ​លើស​ពី​នេះ ទៅ​ពាស​ពេញ​ទី​ផ្សារ​ជា​ញឹក​ញយ​ណាស់​មាន​បំណង​ទាក់​ទង​ពួក​ចិនៗ ដូរ​យក​របស់​មាន​តំលៃ ដែល​ជា​ទំលាប់​មួយ​មិន​ល្អ មិន​ថ្លៃ​ថ្នូរ​សោះ​។

៧. អំពី​ស្ត្រី​សំរាល​កូន

ស្រី​អ្នក​ស្រុក​នេះ ក្រោយ​ដែ​លសំរាល​កូន​រួច​ទៅ គេ​យក​បាយ​ក្ដៅ​ប្រឡាក់​លាយ​អំបិល ហើយ​ញាត់​ចូល​ទៅ​ក្នុង​ទ្វារ​មាស លុះ​ដល់​បាន​មួយ​យប់​មួយ​ថ្ងៃ ទើប​គេ​យក​ចេញ​មក​វិញ​។ ការ​ធ្វើ​ដូច្នេះ ជា​ហេតុ​នាំ​អោយ​មិន​សូវ​មាន​ជម្ងឺ និង​អោយ​បាន​រួម​ទ្វារ​មាស​តូច​ដូច​ជា​ស្រី​ក្រមុំ​ទៀត​ផង​។ កាល​ខ្ញុំ​ទើប​នឹង​ដឹង​រឿង​នេះ​ដំបូង ឆ្ងល់​ថា ក្រែង​មិន​ពិត​ដូច្នោះ​ទេ​ដឹង​? ព្រោះ​ថា បើ​បាន​ជា​មាន​ប្ដី និង​មាន​កូន​ទៅ​ហើយ ចុះ​ម៉េច​ខ្លាច​គេ​ដឹង​រឿង​នេះ​ទៀត​? ប៉ុន្តែ​នៅ​នឹង​ផ្ទះ​ដែល​ខ្ញុំ​សំណាក់​នៅ​មាន​ស្រី​ម្នាក់​សំរាល​កូន ដែល​ជា​ហេតុ​នាំ​អោយ​ខ្ញុំ​ដឹង​រឿង​នេះ​ច្បាស់​លាស់ នៅ​ក្រោយ​ពេល​សំរាល​កូន​ហើយ មួយ​ថ្ងៃ​ទៀត ស្រី​នោះ​ពរ​​កូន​ខ្ចី​ទៅ​មុជ​ទឹក​ទន្លេ ដែល​ជា​ការ​ចំលែក​មិន​ដែល​ជួប​ប្រទះ​ទេ​។

នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ជួប​នឹង​គេ​ម្ដង​ណា គេ​តែង​ពោលថា ស្រី​ស្រុក​នេះ​ក្រាស់​ដោយ​កាម​តណ្ហា​ណាស់​។ ក្រោយ​ពេល​ដែល​សំរាល​កូន​ហើយ​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ គេ​ក៏​រួម​ដំណេក​ជា​មួយ​ប្ដី​ទៀត​ហើយ​។ បើ​ប្ដី​នោះ​បំពេញ​ចំណង់​ខ្លួន​មិន​បាន​ទេ នឹង​ត្រូវ​គេ​បោះ​បង់​ចោល​​ដូច​ពួក​បូយឆេង(2) (ពួក​ដែល​គេ​ទិញ​ដាច់​មិន​អោយ​ទៅ​នៅ​មាន​ប្រពន្ធ​កូន​ឡើយ) មិន​ខាន​។ ប្រសិន​ប្ដី​នោះ​មាន​ធុរៈ​ទៅ​ស្រុក​ឆ្ងាយ​អស់​ពេល​ច្រើន​យប់ ចាប់​ពី​ដប់​យប់​ឡើង​ទៅ ច្បាស់​ជា​ត្រូវ​ប្រពន្ធ​ស្ដី​អោយ​ថា «ខ្ញុំ​មិន​មែន​ស្រី​ខ្មោច​ទេ តើ​អោយ​ខ្ញុំ​ដេក​ម្នាក់​ឯង​ម្ដេច​នឹង​បាន​?»។ ខ្ញុំ​លឺ​ថា​មាន​ស្ត្រី​ច្រើន​ណាស់​រក្សា​ទុក​សេចក្ដី​បរិសុទ្ធ​របស់​ខ្លួន​។ ស្រីៗ​ច្រើន​តែ​ឆាប់​ចាស់​ណាស់ ពី​ព្រោះ​តែ​គេ​ឆាប់​មាន​ប្ដី ឆាប់​មាន​កូន​ពេក​។ មនុស្ស​ដែល​មាន​អាយុ ២០ ឬ ៣០ គឺ​ប្រហែល​គ្នា​ នឹង​ ជនជាតិ​ចិន​ដែល​មាន​អាយុ ៤០ ឬ ៥០ ឆ្នាំ​ដូច្នោះ​ដែរ​។

៨. អំពី​ស្ត្រី​ក្រមុំ

មាន​អ្នក​ខ្លះ​ គេ​ជួយ​លុយ​ដល់​កូន​អ្នក​ក្រ​ អោយ​ធ្វើ​ពិធី​នេះ​ដែល​គេ​ទុក​ជា​ការ​សាង​កុសល​មួយ​ដែរ​។ ក្នុង​មួយ​ឆ្នាំ លោក​ ឬ​តាបស​មួយ​អង្គ​អាច​ទទួល​និមន្ត​ធ្វើ​ពិធី​នេះ​អោយ​ក្មេង​ស្រី​បាន​តែ​មួយ​ នាក់​ទេ បើ​លោក​យល់​ព្រម​នឹង​អ្នក​ណា​មួយ​ហើយ​មិន​អាច​ទទួល​អ្នក​ដទៃ​ទៀត​បាន​ទេ​។ នៅ​ពេល​យប់​ដែល​ធ្វើ​ពិធី​នេះ គេ​មាន​រៀប​ចំ​គ្រឿង​ស៊ី​ផឹក និង​ភ្លេង​ភ្លាត់​ទ្រហឹង​អឹងកង​។ ក្រៅ​ពី​ការ​ជួប​ជុំ​ញាតិ​មិត្ត​ជិត​ឆ្ងាយ គេ​មាន​សង់​ធ្វើ​ជា​រោង​មួយ តំកល់​រូប​មនុស្ស រូប​សត្វ​ដែល​សូន​ធ្វើ​អំពី​ដី​។ អ្នក​មាន​យស​សក្ដិ ធ្វើ​រូប​នេះ​ដល់​ទៅ​ជាង​ដប់ ឯ​អ្នក​ធម្មតា​ហោច​មក ក៏​មាន​បី ឬ​បួន​ដែរ​។

ចំពោះ​អ្នក​ដែល​ទាល់​ក្រ​ខ្លាំង​វិញ គ្មាន​ធ្វើ​រូប​នេះ​ទេ គិត​តែ​រៀប​ពិធី​តែ​ម្ដង​ទៅ លុះ​ដល់​គ្រប់​ពេល​ប្រាំពីរ​ថ្ងៃ ទើប​គេ​រុះ​រោង​នោះ​ចេញ​។ នៅ​យប់​ដែល​ធ្វើ​ពិធី​នោះ​ទៀត​ គេ​យក​គ្រែ​ស្នែង​ទៅ​និមន្ត​លោក ហើយ​បាំង​ក្លស់​ និង​លេង​ភ្លេង​ដង្ហែ​នាំ​យក​មក​។ គេ​មាន​កូន​តូប​ពីរ​ដូច​គ្រែ​ស្នែង​ដែរ​ដែល​បិទ​បាំង​លម្អ​ដោយ​ព្រែ​ពណ៌​ ភ្លឺ​ព្រាល​។ តូប​មួយ​សំរាប់​អោយ​កូន​ស្រី​នោះ​អង្គុយ ឯ​តូប​មួយ​ទៀត សំរាប់​លោក ឬ​តាបស​គង់​សូត្រ​ធម៌ តែ​ខ្ញុំ​មិន​ដឹង​ជាលោក​សូត្រ​អ្វី​ឡើយ​។ ពេល​នោះ​ភ្លេង​ក៏​ប្រគុំ​លឺ​គឹក​កង​រំពង​ដែរ។ ខ្ញុំ​លឺ​ថា​យប់​នេះ​គ្មាន​ត្រណម​អ្វី​ទេ គ្រាន់​តែ​ដឹង​ថា ដល់​ពេល​វេលា​ភ្លាម​ លោក ឬ​ តាបស​នោះ​ក៏​ចូល​ទៅ​ក្នុង​បន្ទប់​ជាមួយ​កូន​ស្រី ហើយ​លូក​ដៃ​របស់​លោក​ផ្ទាល់​ទៅ​យក​របស់​កូន​ស្រី​ដាក់​ទៅ​ក្នុង​ស្រា (5)។ ខ្លះ​ថា​ឪពុក​ម្ដាយ និង​ញាតិ​មិត្ត យក​ទៅ​ផ្ដិត​នឹង​ថ្ងាស់ ឬ​មុខ​រៀង​ខ្លួន​។ ខ្លះ​ទៀត​ថា យក​មក​ភ្លក្ស​គ្រប់​គ្នា ហើយ​ខ្លះ​ថា លោក​ក៏​រួម​រ័ក​ជាមួយ​កូន​ស្រី​ក្នុងពេល​នោះ តែ​ខ្លះ​ថា ឥត​មាន​ទេ​។ រឿង​នេះ គេ​មិន​អោយ​ពួក​ចិន​បាន​ឃើញ​ផ្ទាល់​ទេ ហេតុ​នេះ ទើប​ខ្ញុំ​មិន​អាច​បាន​ដឹង​នូវ​ការ​ពិត​ឡើយ​​។

លុះ​ដល់​ពេល​ទៀប​ភ្លឺ ទើប​គេ​ដង្ហែ​លោក​ដោយ​គ្រែ​ស្នែង​មាន​ភ្លេង​ និង​បាំង​ក្លស់​នាំ​យក​ទៅ​វិញ ហើយ​គេ​យក​របស់​ល្អៗ មាន​ព្រែ​ពណ៌​ជា​ដើម ទៅ​ធ្វើ​ជា​ថ្នូរ​លស់​យក​កូន​ស្រី​នោះ​មក​វិញ​។ បើ​ពុំ​ធ្វើ​ដូច្នេះ​ទេ កូន​ស្រី​នេះ​មិន​អាច​យក​ទៅ​អោយ​មាន​ប្ដី​ដទៃ​ទៀត​បាន​ឡើយ ព្រោះ​នៅ​ជា​កម្ម​សិទ្ធិ​របស់​លោក​នៅ​ឡើយ​។

ពេល​ដែល​ខ្ញុំ​បាន​ឃើញ​រឿង​រ៉ាវ​នេះ គឺ​នៅ​ថ្ងៃ​ទី​៦ ខែ​ទី​៤ នៃ​ឆ្នាំ តេងអ៊ីវ ក្នុង​រជ្ជកាល​ស្ដេច តាយតេក (គ.ស ១២៩៧)។ នៅ ​ពេល​ដែល​មុន​ធ្វើ​ពិធី​នេះ កូន​ស្រី​ត្រូវ​នៅ​ដេក​ក្នុង​បន្ទប់​ជា​មួយ​ឪពុក​ម្ដាយ លុះ​ដល់​ធ្វើ​ពិធី​នេះ​រួច​ហើយ កូន​ស្រី​ត្រូវ​បែក​ទៅ​ដេក​បន្ទប់​ដទៃ ហើយ​នាង​ចង់​ទៅ​ដេក​កន្លែង​ណា​ក៏​បាន តាម​ចិត្ត​ចង់​ឥត​មាន​នរណា​តាម​មើល​គយ​ឃ្លាំ​ឡើយ។ ចំពោះ​រឿង​រៀប​អាពាហ៍ពិពាហ៍​​វិញ ពិត​មែន​តែ​មាន​តម្រូវ​អោយ​ជូន​លុយ​កាក់​ជាច្រើន ប៉ុន្តែ​គេ​មាន​អនុគ្រោះ​ច្រើន​ដែរ​។ មាន​ខ្លះ​គេ​អាច​ដេក​នៅ​រួមរ័ក​នឹង​គ្នា​ជាមុន​ទៅ​ហើយ ទើប​រៀបការ​ជា​ក្រោយ​ក៏​បាន​។ តាម​ប្រពៃណី​គេ​មិន​មាន​ចាត់​ទុក​ការណ៍​នេះ​ជា​ការ​គួរ​ខ្មាស​អៀន ឬ​ជា​ចំលែក​ឡើយ​។ នៅ​យប់​ដែល​ធ្វើ​ ពិធី​ “ឆឺនថាន” នោះ ជួនកាល​នៅ​តែ​តាម​ផ្លូវ​មួយ​មាន​ដល់​ទៅ​ដប់​ផ្ទះ​ឯ​នោះ រៀប​ធ្វើ​ពិធី​នេះ​។ នៅ​តាម​ទីក្រុង អ្នក​ណា​ហ៊ាន​ដើរ​កាត់​ហ្វូង​ពិធី ពី​មុខ​លោក ឬ​តាបស​ទាំង​នេះ ច្បាស់​ជា​វង្វេង​វង្វាន់​ផ្លូវ​​ហើយ​ ណា​មួយ​លឺ​គឹក​កង​ស័ព្ទ​សូរ​ភ្លេង​គ្មាន​ចន្លោះ​ត្រង់​ណា​ទេ​។

៩. អំពី​ទាសា​ទាសី

គេ​សុទ្ធ​តែ​ទិញ​មនុស្ស​ព្រៃ​(6)យក​មក​បង្ខំ​អោយ​ធ្វើ​ជា​​ទាសា​ទាសី​។ អ្នក​ដែល​មាន​ច្រើន គឺ​ទាសា​ដល់​ទៅ​ជាង​មួយ​រយ​នាក់ ឯ​អ្នក​ដែល​មាន​តិច ក៏​ត្រឹម​ដប់ ម្ភៃ​នាក់​ដែរ លើក​លែង​តែ​អ្នក​ក្រ​បំផុត​ទើប​គ្មាន​សោះ។ ចំណែក​មនុស្ស​ព្រៃ​ទាំង​នោះ គឺ​ជា​អ្នក​រស់​នៅ​ក្នុង​ព្រៃ​ភ្នំ​មាន​ជា​វង្សត្រកូល​មួយ​ហៅ​ថា​អាចោរ “ថុង” (ជង?)(7)​។ ពួក​នេះ​បើ​មក​នៅ​កន្លែង​ណា​ហើយ មិន​ហ៊ាន​ចេញ​ដើរ​ទៅ​ណា​ក្រៅ​ផ្ទះ​ឡើយ​។ ពួក​អ្នក​ស្រុក​ក្រុង គេ​ឈ្លោះ​គ្នា គេ​ជេរ​គ្នា​ថា “អា​ថុងៗ” ដូច្នេះ គេ​ខឹង​ខ្លាំង​ណាស់ ព្រោះ​ទុក​ជា​ការ​មើល​ងាយ​យ៉ាង​ធ្ងន់​។ ក្មេងៗ​មាន​កម្លាំង​ពេញ គេ​លក់​បាន​តំលៃ​មួយ​រយ «ប៉ូវ»(8) (កំណាត់​សំពត់) បើ​ចាស់ៗ ខ្សោយ​កម្លាំង​បាន​តែ​សាមសិប ឬ​សែសិប​ទេ​។

ពួក​នេះ គេ​អោយ​នៅ​តែ​ក្រោម​ផ្ទះ លុះត្រា​មាន​ការ​ប្រើ​ចាំ​បាច់​ទើប​គេ​អនុញ្ញាត​អោយ​ឡើង​លើ​ផ្ទះ ហើយ​ត្រូវ​អោយ​លុត​ជង្គង់​លើក​ដៃ​សំពះ​គេ​សិន ទើប​អាច​ដើរ​ចូល​ក្នុង​ផ្ទះ​បាន​។ គេ​ហៅ​ម្ចាស់​គេ​ថា ប៉ាថូ (9)(ទំនង​មក​ពី​ពាក្យ ប៉ាតាវ ដែល​​នៅ​សល់​ក្នុង​ភាសា​ជនជាតិ​ដើម​ចារ៉ាយ​ហៅ​ឪពុក) ហៅ​ម្ចាស់​ស្រី​ថា មី(A)​។ ប្រសិនបើ​មាន​កំហុស​ត្រូវ​គេ​វាយ​ដំ​វិញ ពួក​នេះ​សុខ​ចិត្ត​ជ្រប់​មុខ​បណ្ដោយ​អោយ​គេ​វាយ​តាម​ចិត្ត​ មិន​ហ៊ាន​រើ​បម្រះ​ឡើយ​។ ពួក​នេះ​ស្រី‑ប្រុស គេ​យក​តែ​គ្នា​គេ​ជា​ប្ដី‑ប្រពន្ធ គ្មាន​សិទ្ធិ​យក​អ្នក​ដទៃ​ឡើយ​។ បើ​មាន​ពួក​ចិន​ទៅ​នៅ​ស្រុក​នោះ​យូរ លួច​រួមរ័ក​ជាមួយ​ស្ត្រី​ពួក​នោះ ដោយ​ការ​ស្រេក​ឃ្លាន​កាម​តណ្ហា ហើយ​ម្ចាស់​គេ​ទាន់ នោះ​អ្នក​ផង​គេ​លែង​អោយ​ចិន​នេះ​អង្គុយ​ជា​មួយ​គេ​ហើយ ព្រោះ​ខ្លួន​លួច​លាក់​ជាមួយ​ពួក​ទាសៈ​។ បើ​ពួក​ទាសៈ​ទាំង​នេះ ទាក់ទង​លួច​លាក់​ជាមួយ​អ្នក​ក្រៅ រហូត​ដល់​មាន​ផ្ទៃ​ពោះ កើត​បាន​ជា​កូន​ទៅ ក៏​ចៅហ្វាយ​នាយ​ឥត​សួរ​រក​ហេតុ​ផល​ឡើយ​។ បាន​ជា​គេ​មិន​សួរ​មក​ពី​គេយល់​ថា បើ​ទាសៈ​នោះ កាល​ណា​បាន​កូន​មក នឹង​បាន​ផល​ដល់​គេ ព្រោះ​ថ្ងៃ​ក្រោយ​គេ​នឹង​ចម្រើន​ទាសៈ​ឡើង​ទៀត​។

បើ​ទាសៈ​ណា​លួច​រត់ ហើយ​គេ​តាម​ចាប់​បាន​មក​វិញ គេ​ត្រូវ​យក​មក​សាក់​មុខ ចំ​កណ្ដាល​ថ្ងាស់​ពណ៌​ខៀវ ជា​គ្រឿង​ចំណាំ ហើយ​គេ​ដាក់​ឃ្នាង​ជាប់​នឹង​ក ជួន​ដាក់​ឃ្នាង​ជាប់​ទាំង​ដៃ​ជើង​ទៀត​ផង​។

១០. អំពី​ភាសា

ភាសា​ចិន មាន​សម្លេង​ប្រហាក់​ប្រហែល​នឹង​ភាសា​អ្នក​ស្រុក​នេះ​ដែរ​ តែ​និយាយ​ប្រាស្រ័យ​ស្ដាប់​គ្នា​មិន​បាន​ទេ ស្រុក​នេះ​មាន​ភាសា​មួយ​ពិសេស ទោះបី​ជា​ភាសា​អ្នក​ជិត​ខាង​ខ្លួន​ដូចជា ចាម ឬ​សៀម ក៏​មិន​អាច​ដូច​គ្នា​ស្ដាប់​គ្នា​បាន​ឡើយ​។ ១ គេ​ថា​បួយ ២ ថា​ព័ក ៣ ថា​បេក ៤ ថា​ពួន ៥ ថា​ពុណាំ ៦ ថា​ពុណាំបួយ ៧ ថា​ពុណាំព័ក ៨ ថា​ពុណាំបេក ៩ ថា​ពុណាំពួន ១០ ថា​តាប់​។ គេ​ហៅ​ឪពុក​ថា “ប៉ាថូ” ឪពុក​ធំ ឪពុក​មា​ក៏​ហៅ ប៉ាថូ ដែរ​។ ម្ដាយ គេ​ហៅ​ “មី” ឯ​ម្ដាយ​មីង និង​ស្ត្រី​អ្នក​ជិត​ខាង​ក៏​គេ​ហៅ​មី​ដែរ​។ បង​ស្រី ប្រុស ហៅ​ថា “ប៉ង” ប្អូន​ប្រុស​ស្រី ហៅ​ថា “ផូវអ៊ូង”​។ មា​ខាង​ម្ដាយ​ហៅ​ថា “ងាកឡៃ” ឯ​ប្ដី​របស់​ម្ដាយ​មីង​ខាង​ឪពុក ហៅ​ថា “ពូឡៃ”​។ គេ​ប្រើ​ពាក្យ​យក​ខាង​ចុង​ជា​ដើម​បញ្ច្រាស់​គ្នា​។ ឧបមា​ដូច​ពាក្យ “នេះ ​មនុស្ស​ទាសាំ ជា​ប្អូន គេ​ថាៈ ផូងអ៊ូង‑ទាសាំ” ពាក្យ​ថា “នេះ ​មនុស្ស លីស៊ឺ​មា​ខាង​ឪពុក” គេ​ថា “ងានឡៃ​លីស៊ឺ” ឧបមា​មួយ​ទៀត ដូច​ពាក្យ​គេ​ហៅ​ចិន​ថា “ពីស៊ី” ហៅ​មន្ត្រី​ថា “ប៉ាតេង” ហៅ​អ្នក​ប្រាជ្ញ​ថា “ប៉ានឃាប” លុះ​ដល់​គេ​ចង់​ថា មន្ត្រី​ចិន ឬ អ្នក​ប្រាជ្ញ​ចិន គេ​មិន​ថា ពីស៊ី ​ប៉ាតេង ឬ ពីស៊ី​ប៉ានឃាប ទេ គេ​ទៅ​ជា​ប្រើ​ថា ប៉ាតេង​ពីស៊ី ឬ ប៉ានឃាប ​ពីស៊ី (B)ទៅ​វិញ​។

ទាំង​នេះ គ្រាន់​តែ​លើក​យក​ជា​ឧទាហរណ៍​គោលៗ​ទេ​។ មួយ​យ៉ាងទៀត គឺ​មន្ត្រី​គេ​និយាយ​តាម​បែប​មន្ត្រី អ្នក​ប្រាជ្ញ​និយាយ​គ្នា​​តាម​ភាសា​អ្នក​ប្រាជ្ញ លោក​សង្ឃ ឬ​តាបស​ក៏​មាន​ពាក្យ​សម្ដី​ប្រើ​របៀប​ខ្លួន​ជា​សង្ឃ ជា​តាបស ឯ​អ្នក​ស្រែ​ចំការក៏​និយាយ​ប្លែក​តាម​បែប​របស់​គេ​ដែរ មិន​ប្លែក​អ្វី​ពី​របៀប​ប្រើ​ភាសា​អ្នក​ស្រុក​ចិន​ទេ​។

១១. អំពី​មនុស្ស​ព្រៃ

មនុស្ស​ព្រៃ​មាន​ ២​​បែប​។ មួយ​ពួក​ជា​ពួក​ចេះ​និយាយ​ភាសា​អ្នក​ស្រុក​ស្ដាប់​គ្នា​បាន គឺ​ពួក​មនុស្ស​ព្រៃ​លក់​ខ្លួន​ជា​ទាសៈ​បំរើ​គេ​នេះ​ឯង​។ មួយ​ពួក​ទៀត គឺ​ពួក​មនុស្ស​ព្រៃ​ដែល​និយាយ​ស្ដាប់​ភាសា​គ្នា​​មិន​បាន គ្មាន​រវល់​នឹង​ការ​ចម្រើន​។ ពួក​នេះ គ្មាន​ចេះ​ធ្វើ​ផ្ទះ​ជ្រក​នៅ​ទេ តែង​នាំ​គ្នា​ទាំង​គ្រួៗ​ដើរ​រស់​នៅ​តាម​ភ្នំ​។ ក្បាល​គេ​មាន​ពាក់​អ្វី​ម្យ៉ាង​ធ្វើ​ពី​ដី​រាង​ដូច​ឆ្នាំង​។ បើ​ដើរ​ទៅ​ជួប​នឹង​សត្វ​ព្រៃ គេ​បាញ់​នឹង​ព្រួញ ឬ​ពួយ​នឹង​លំពែង បាន​សត្វ​នោះ​មក ក៏​គូស​ដុំ​ថ្ម​យក​ភ្លើង​ចម្អិន​សត្វ រួច​អង្គុយ​​ដំកង់​ចែក​គ្នា​ស៊ី​។ រួច​ហើយ​ដើរ​ទៅ​ទៀត​។ ពួក​នេះ​កាច​សាហាវ​ណាស់ តែង​សម្លាប់​គ្នា​នៅ​ក្រុម​ជាមួយ ហើយ​ចេះ​ផ្សំ​ថ្នាំ​ពិស​ពូកែ​សក្ដិសិទ្ធ​ណាស់​។ នៅ​ដី​វាល​ជិត​ខាង​កន្លែង​នៅ គេ​មាន​ដាំ​សណ្ដែក​គួ ដើម​ក្រវាញ និង​ដាំ​កប្បាស​ត្បាញ​សំពត់​ជា​វិជ្ជាជីវៈ​។ សំពត់​របស់​គេ​នោះ សាច់​ក្រាស់​គ្រើម ហើយ​មាន​ពណ៌​ក្រវេម​ក្រវាម​ណាស់​ផង​។

១២. អំពី​អក្សរ​សាស្ត្រ(C)

លិខិត​ធម្មតា និង​អត្ថបទ​ទាំង​អស់ ដូចជា​ឯកសារ​ផ្លូវការ​ជា​ដើម សុទ្ធ​តែ​សរសេរ​លើ​ស្បែក​សត្វ​ប្រើស រមាំង ឬ ស្បែក​ដទៃ​ទៀត ដែល​គេ​យក​មក​ហាល​ស្ងួត​លាប​ពណ៌​ខ្មៅ​។ គេ​កាត់​ស្បែក​នោះ​អោយ​មាន​ទំហំ​ធំ ឬ​តូច ទៅ​តាម​សេចក្ដី​ត្រូវការ និង​យក​ម្សៅ​ម៉្យាង​មក​ប្រើ មាន​សណ្ឋាន​ដូច​ដី​ស​នៅ​ស្រុក​ចិន ដោយ​លញ់​អោយ​វែង ចិត​ចុង​ស្រួច គេ​ហៅ​ថា សោ(D) ហើយ​គេ​សរសេរ​ដោយ​ដៃ​បាន​ជាប់​ដិត​ល្អ​ណាស់​មិន​ងាយ​នឹង​រលុប​ឡើយ​។ កាល​ណា​គេ​សរសេរ​ហើយ គេ​យក​ដី​ស​នោះ​មក​សៀត​នឹង​ត្រចៀក នាំ​អោយ​គេ​ចំណាំ​បាន​ថា​អ្នក​នេះ ហើយ​ជា​អ្នក​សរសេរ​។ បើ​សរសេរ​ហើយ ត្រូវ​ការ​លុប​វិញ​តោង​ប្រើ​របស់​ទទឹក​យក​មក​ជូត​ទើប​រលុប​អក្សរ​នោះ​ទៅ​ វិញ​។ អក្សរ​នេះ មាន​សណ្ឋាន​ដូច​អក្សរ​ជនជាតិ​ហួយតូវ (តួរក៍) ដូច្នោះ​ដែរ​។ ការ​សរសេរ​ជា​លិខិត​អ្វី​ក៏​ដោយ គេ​សុទ្ធ​តែ​សរសេរ​ពី​ក្រោយ​ទៅ​មុខ មិន​មែន​សរសេរ​ពី​លើ​ចុះ​ក្រោម​ទេ​។ ខ្ញុំ​លឺ​អ៊ាសាយហាយ៉ា និយាយ​ថា ស្រៈ​នៃ​អក្សរ​របស់​គេ ស្រដៀង​គ្នា​នឹង​អក្សរ​ជាតិ​មុងហ្គោល​ដែរ មាន​ប្លែក​គ្នា​តែ​ពីរ​បី​ប៉ុណ្ណោះ​។ កាលនោះ គ្មាន​អត្ថបទ​បោះពុម្ព​ទេ ប៉ុន្តែ​មាន​អ្នក​និពន្ធ និង​អ្នក​តែង​ពាក្យ​ពេចន៍​ដែរ​។

(1) ល៊ុមមាសនេះហើយ ដែលយើងស្គាល់ម្ដងមកហើយ ហើយយើងសន្មតថាជាបុស្បុកដែកជាទីប្រថាប់ក្នុងក្រលាព្រះកំណល់។
(2)បួយឆេង ប្រែថា មន្រ្ដីទិញ គឺពួកដែលគេទិញដាច់ មិនអោយទៅនៅមានប្រពន្ធកូនឡើយ។
(3)ពរនេះ បានន័យថា អោយមានគេស្រលាញ់ច្រើន ដូចទំលាប់ពួក កួយ-ពុង បើ​មាន​កូន​ក្រមុំ គេ​អោយ​ដេក​នៅ​ផ្ទះ​បាយ ទុក​អោ​កាស​ពេល​យប់​អោយ​កំលោះ​ចូល​ទៅ​ស្គាល់​ល​លួង​ចុះ​។
(4) ឆិនថាន់ នេះមិនដឹងជាពាក្យដើមថាអ្វី រកប្រែអោយជាន័យច្បាស់ពុំទាន់ឃើញ។
(5)ត្រង់នេះ អត្ថបទដើមក៏និយាយ​មិន​ច្បាស់​សេច​ក្ដី​ដែរ យើង​ប្រែ​អោយ​នៅ​ន័យ​ត្រឹម​តាម​ឃ្លា​ដើម​ជា (អក្សរ​ចិន​)​។ ត្រង់​នេះ​លោក​ប៉េ​លី​យោត​ប្រែ​ថា : Il lade flore avec la main et recueille ses premices dans du vin។ អ្នក​បក​ប្រែ​ សូម​បញ្ជាក់​ថា រឿង​រ៉ាវ​ក្នុង​វគ្គ​នេះ​ ពុំ​ដែល​លឺ​ក្នុង​ទំនៀម​ខ្មែរ​ទេ ប៉ុន្ដែ​យើង​ប្រែ​តាម​តែ​អត្ថ​បទ​ដើម​ប៉ុណ្ណោះ​ មិន​ហ៊ាន​បំបាត់​ចោល​ឡើយ​។​
(6) មនុស្សព្រៃនេះ គឺពួកអ្នកស្រុកដើមដែលរស់នៅដោយព្រៃមិនទាន់មានទទួលស៊ីវិល័យ គេកៀរចាប់មកលក់
(7) លោកប៉េលីយោត ក៏សន្និដ្ឋានថា ពាក្យនេះមកពី «ជង» ដែរ ហើយអះ​អាង​ថា​ជា​ពាក្យ​ដែល​អាន​តាម​សំលេង​ចិន​ក្នុង​សត​វត្ស​ទី​១៣​។
(8) លោកប៉េលីយោត បន្ថែមន័យថា D'étoffe ពុំដឹងជាមានកំនត់ប៉ុន្មានទេ តែនេះយើងប្រែតាមពាក្យដើមថា ប៉ូវ ដែលប្រែថា កំណាត់សំពត់។
(9) ទំនងជាមកពី ប៉ាតាវ ដែលនៅសល់ក្នុងភាសាជនជាតិដើមចារ៉ាយ ហៅឳពុក។
(A) សំលេងចិនអានថា មី សំដៅពាក្យហៅម្ដាយថា មេ។
(B) ប៉ាតេងពីស៊ី = មន្រ្ដីចិន។ ប៉ានឃាបពីស៊ី = អ្នកប្រាជ្ញចិន។
(C) លោកប៉េលិយោត ប្រែត្រង់នេះថា Ecriture​។ តែន័យយើងថានេះទូលាយជាង ព្រោះតំរូវតាមអក្សរចិន (?)​។
(D) ត្រង់នេះលោកប៉េលិយោតថា ហៅថាសូ ទៅវិញ។ តែ​បើលឺ​តាម​ចាស់​ៗ​និយាយ​ត​ៗ​មក​ថា គេ​សរ​សេរ​នឹង​ដី​ស​ពង​គឺ​ដី​សុទ្ធ តែ​ដូច​ម្សៅ​។