ថ្ងៃសៅរ៍ ទី29.មេសា 2017.ម៉ោង 8:38
សិក្សាអត្ថបទរបស់លោកឈាន-វ៉ម អំពី.
ការបាត់បង់ដែនដីកម្ពុជាក្រោមទៅវៀតណាមក្នុងឆ្នាំ១៩៤៩
ដោយ សុទ្ធ-ប៉ូ លិន

មុន​ពេល​លោក​ទទួល​អនិច្ច​កម្ម​នៅ​ក្នុង​ឆ្នាំ​១៩៩៩​ លោក​ឈាន​-វ៉ម អតីត​រដ្ឋម​ន្ត្រី​ទី​១​ខ្មែរ​នៅ​ក្នុង​ឆ្នាំ​១៩៤៨ (កាល​នោះ លោក​បន្ត​តំណែង​ពី​ទ្រង់​ស៊ីសុវត្តិ​-​យុត្តិវង្ស) បាន​បន្សល់​ទុក​នូវ​អែក​សារ​មួយ​យ៉ាង​ខ្លី​ មាន​តែ​៨​ទំព័រ​ប៉ុណ្ណោះ​ជា​ភាសា​បារាំង​ ហើយ​ដែល​មាន​ចំណង​ដូច​នេះ “រឿង​បញ្ហា​ដែល​គេ​ហៅ​ថា កូសាំង​ស៊ីន​”​។ ប៉ុន្តែ​នឹង​ចូល​ដល់​សាច់​រឿង​ និង​ទី​ជំរៅ​របស់​អែក​សារ​ លោក​ឈាន​-វ៉ម​ បាន​ធ្វើ​ការ​ព្រមាន​ទុក​មុន​ជា​ស្រេច​ “​ថ្ងៃ​ខែ​មួយ​ចំនួន​ ព្រម​ទាំង​សាច់​រឿង​ដ៏​ពិស្តារ​ខ្លះ​ៗ (កកន គួរ​អោយ​ឆ្ងល់ បើ​មិន​ច្បាស់​ទេ ម្តេច​ហៅ​ថា​ពិត?​)​ ដែល​លើក​យក​មក​និយាយ​ជា​សក្ខី​ភាព​នេះ​ ត្រូវ​ចាត់​ទុក​ថា​ជា​ទង្វើ​​ប្រហាក់​ប្រ​ហែល​ស្រ​ពិច​ស្រ​ពិល​ (កកន ​លោក​ឈាន​-​វ៉ម​មាន​ប្រសាសន៍​ថា​អែក​សារ​របស់​គាត់​គ្មាន​តំលៃ​ទេ រឿង​រ៉ាវ​ទាំង​អស់​គាត់​ចាំ​មិន​ច្បាស់​)... ពី​ព្រោះ​ដោយ​ហេតុ​ថា​៖

*** លោក​ឈាន​-​វ៉ម​ក៏​ដូច​លោក​ជួន​-​មុម​ គឺ​ជា​មេ​ក្លោង​យៀក​មិញ​ ដែល​បាន​យក​សង្គ្រាម​មក​ដុត​ស្រុក​ខ្មែរ​ ព្រម​ទាំង​ជា​អ្នក​បង្កើត​របប​ប៉ុល​-​ពត​។ មុន​នឹង​រត់​ចូល​ព្រៃ​ មេ​ខ្មែរ​ក្រហម​ដែល​មាន​ឈ្មាះ​ថា អៀង​-​សារី, សាឡុត​-សរ, ខៀវ-សំ ផន, ហ៊ូ-នឹម, ហ៊ូ-យន់... បាន​ទៅ​ស្នាក់​អាស្រ័យ​នៅ​ផ្ទះ​ឈាន​-​វ៉ម​គ្រប់​ៗ​គ្នា​។ ដូច្នេះ​ឈាន​-វ៉​ម​ មិន​មែន​ជា​ជន​រង​គ្រោះ​នៃ​ ថ្ងៃ​១៧​មេសា​ទេ... គឺ​ជា​មហា​ចោរ​ដែល​ភ្លាត់​ចំណាប់​ ត្រូវ​របួស​ឆេះ​រលាក​នឹង​អគ្គីភ័យ​ ដែល​ខ្លួន​អែង​ជា​អ្នក​បាន​រៀបចំ (Les apprentissorciers)។

មុខ​ការ​របស់​លោក​ឈាន​-វ៉ម​ គឺ​ការ​បង្វែង​ដាន​ លោក​ឈាន​-វ៉ម​ ហើយ​និង​លោក​សឺន​-សាន​ ជា​អ្នក​ស្នេហា​ជាតិ​ក្លែង​ក្លាយ​ (ជា​អ្នក​ស្នេហា​ជាតិ​យួន មិន​មែន​ស្នេហា​ ជាតិ​ខ្មែរ​នោះ​ទេ)​។ ក្នុង​អែក​សារ​បារាំង Essai sur la Démocratie du Cambodge par Philippe Preschez- p.7 បាន​សរ​សេរ​ថា កាល​ពី​សម័យ​អាណា​និគម​បារាំង​ ប្រើ​តែ​ជន​ជាតិ​យួន​ប៉ុណ្ណោះ​ យក​មក​ធ្វើ​ក្រប​ខ័ណ្ឌ​អ្នក​រាជ​ការ​ថ្នាក់កណ្ដាល​ដើម្បី​ត្រួត​ត្រា​លើ​ក្បាល​ជន​ជាតិ​ខ្មែរ​

“ជា​ការ​ពិត​ ពួក​អាណា​និគម​មិន​បាន​រវី​រវល់​បង្កើត​អោយ​មាន​ក្រប​ខ័ណ្ឌ​នៃ​ពួក​ជន​ដែល​មាន​ជាតិ​កំនើត​ក្នុង​ស្រុក​នោះ​ទេ​។ រដ្ឋការ​ថ្នាក់​លើ​បាន​ត្រូវ​ជន​ជាតិ​បារាំង​កាន់​ទៅ​ហើយ​។ ចំណែក​រដ្ឋការ​ថ្នាក់​មធ្យម​ បាន​ត្រូវ​ប្រគល់​អោយ​ជន​ជាតិ​យួន​ ដែល​ពួក​បារាំង​ចូល​ចិត្ត​បង្ហាត់​បង្រៀន​ ដោយ​ព្រោះ​មាន​គោល​ដៅ​ផ្សេង​ៗ​... ជា​ជាង​ណែ​នាំ​បង្ហាត់​បង្ហាញ​ជន​ជាតិ​ខ្មែរ​ អោយ​ចេះ​ធ្វើ​ការ​ជា​ក្រប​ខ័ណ្ឌ​។ ម៉្យាង​ទៀត​ អព្ភូត​ហេតុ​សង្គម​បែប​ដូច​នេះ​ មិន​មែន​តែ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ​។ នៅ​ក្នុង​គោល​គំនិត​ចក្រព​ត្រា​ធិរាជ​, ពួក​អាណា​និគម​មិន​សូវ​រវី​រវល់​នឹង​សភាព​ការណ៍​ទូ​ទៅ​នោះ​ទេ ម៉្លោះ​ហើយ​ពួក​គេ​បង្កើត​ក្រប​ខ័ណ្ឌ​អ្នក​ចេះ​ដឹង ដោយ​យោង​ទៅ​តាម​គំនិត​នេះ​អែង​ ដោយ​គ្មាន​យក​ចិត្ត​ទុក​ដាក់​អំពី​លក្ខណៈ​ទឹក​ដី​ និង ជាតិ​សាសន៍​ផ្សេង​ៗ គឺ​នៅ​ក្នុង​ប្រកា​រនេះ​ហើយ​ បាន​ជា​គេ​ឃើញ​ពួក​ អិណ្ឌា​ត្រូវ​យក​មក​ប្រើ​ប្រាស់​ជា​ក្រប​ខ័ណ្ឌ​រដ្ឋ​បាល​នៅ​ភូមា​, ពួក​ចិន​នៅ​ប្រទេស​ម៉ាឡេ​, ពួក​យួន​នៅ​កម្ពុ​ជា​និង​លាវ​។ ចំណែក​ពួក​ជន​ជាតិ​ខ្មែរ​វិញ​ សឹង​តែ​ជា​ទូ​ទៅ​បាន​ត្រូវ​គេ​យក​ទៅ​បញ្ចូល​ក្នុង​ក្រប​​ខ័ណ្ឌ​ថ្នាក់​ទាប​ជា​ទី​បំផុត​ ដែល​ចំណាត់​ការ​មាន​លក្ខណៈ​ចាំ​បាច់​ចៀស​វាង​មិន​បាន​(ស្មៀន​ស្មេរ​,គូលី, ប្លង់​តុង)​។ ដោយ​គេ​ បង្ហាត់​បង្រៀន​អោយ​បំពេញ​តែ​កិច្ច​ការ​បន្ទាប់​បន្សំ​ ពួក​ជន​ជាតិ​ខ្មែរ​ដ៏​​ភាគ​ច្រើន​លើស​លប់ បាន​បង្ហាញ​នូវ​កង្វះ​សមត្ថ​ភាព​ដ៏​ជាក់​ស្តែង ក្នុង​ប្រការ​បង្កើត​អ្នក​ចេះ​ដឹង​ ដែល​ជា​សេច​ក្តី​ត្រូវ​ការ​របស់​ប្រទេស​ជាតិ​។

  ***យោង​តាម​អត្ថ​បទ​ខាង​លើ​នេះ យើង​ឃើញ​ថា ពួក​អាណា​និគម​បារាំង​បាន​យក​អ្នក​ចេះ​ដឹង​យួន​យក​មក​ធ្វើ​អោយ​រាំង​ស្ទះ​បញ្ញា​របស់​ជន​ជាតិ​ខ្មែរ​ទាំង​មូល​, តើ​ធ្វើ​ម្តេច​អោយ​​កម្ពុជា​មាន​ការ​លូត​លាស់​ស្មើ​វៀត​ណាម​ទៅ​បាន​? ជា​ឧទា​ហរណ៍​ធំ​បំផុត​បារាំង​បាន​យក​ស្តេច​យួន​ម្នាក់​ឈ្មោះ ​“វាំង​ជួន” មាន​អំណាច​ដូច​ទ្រឿង​-មិញ​យ៉ាំង​អោយ​មក​ត្រួត​ត្រា​លើ​ក្បាល​ ស្តេច​ខ្មែរ​អស់​ពី​ជំនាន់​រាជ្យ​ស្តេច​ គឺ​ស្តេច​ស៊ីសុវត្ថិ​ និង ស្តេច​មុនីវង្ស​។ ដូច្នេះ​អង្គការ​កំពូល​លើ​របស់​ខ្មែរ​ គឺ​ជា​អង្គការ​របស់​យួន​, គឺ​ជា​អង្គការ​ “ភ្នែក​ម្នាស់” តែ​ជា​ភ្នែក​របស់​យួន... បញ្ញា​បាធី​នៅ​កំពូល​លើ​ទាំង​ប៉ុន្មាន​ សុទ្ធ​សឹង​តែ​ជា​របស់​យួន​ទាំង​អស់​... តើ​វាំង​ជួន​ជា​ជន​ជាតិ​យួន​ ត្រូវ​ការ​អ្វី​ទៅ​ដណ្ដើម​ទឹក​ដី​កម្ពុជា​ក្រោម​មក​អោយ​ខ្មែរ​វិញ​នោះ ​? ខ្មែរ​យើង​ច្រើន​គ្នា​ណាស់​ដៀល​ខ្មែរ​គ្នា​អែ​ង ដែល​រៀន​ភាសា​បារាំង​ថា ជា​មនុស្ស​វង្វេង​ជាតិ​។ ប៉ុន្តែ​អ្នក​ដែល​មាន​ភ័ព្វ​វាសនា​បាន​រៀន​សូត្រ​ភាសា​បារាំង​ កាល​ពី​សម័យ​អាណា​និគម​ (ក្រៅ​ពី​ពូជ​ស្តេច​) គឺ​សុទ្ធ​សឹង​តែ​ជា​អ្នក​ស្នេហា​ជាតិ​យួន​។ ពួក​អ្នក​ស្នេហា​ជាតិ​ខ្មែរ​ ចេះ​បារាំង​តិច​តួច​ណាស់​ ម៉្លោះ​ហើយ​ពេល​ដែល​បារាំង​ផ្ទេរ​ទឹក​ដី​កម្ពុ​ជា​ក្រោម​អោយ​ទៅ​វៀត​ណាម​ ក៏​គ្មាន​ខ្មែរ​ណា​ដឹង​ដែរ​ រឺ​ក៏​ដឹង​ហួស​ពេល​វេលា​ទៅ​ហើយ​!​។

***​ពួក​ក្រុម​ដែល​ចេះ​ភាសា​បារាំង​ជ្រៅ​ជ្រះ​ជាង​គេ​បំផុត​ កាល​ពី​សម័យ​អាណា​និគម​ ក៏​គឺ​ពូជ​ពង្ស​វង្ស​ត្រកូល​ វាំង​ជួន​នេះ​អែង​។ ជួន​-មុម​ជា​កូន​របស់​វាំង​ជួន​មាន​ឋានៈ​ជា​វិស្វករ​ពហុ​បច្ចេក​ទេស Ingénieur Polytechnique ឋានៈ​មួយ​ដែល​សូម្បី​តែ​ជន​ជាតិ​បារាំង​ក៏​ពិបាក​ដណ្ដើម​យក​ដែរ​។ ជួន​-​ប្រសិទ្ធ​ ជា​វិស្វករ​ចេញ​ពី Ecole Centrale, ជួន-​ជឿន​ជា​វេជ្ជ​បណ្ឌិត​ (សព្វ​ថ្ងៃ​រស់​នៅ​ជា​មួយ​អៀង​-សារី​ និង ខៀវ​-​សំផន​នៅ​ឡើយ)​, ឈាន​-​វ៉ម (កូន​ប្រសារ​របស់​វាំង​ជួន​) បាន​សិក្សា​អក្សរ​សាស្ត្រ​បារាំង​ជាប់​សញ្ញា​ប័ត្រ Licencié Es-Lettres, នៅ​ក្នុងទស​វត្ស១៩៤០, សឺន-សាន (ទ្រឿង-​មីញ​យ៉ាំង​ជំនាន់​ថ្មី​ ដែល​បាន​ចូល​មក​ក្នុង​ដែន​ដី​ប្រទេស​កម្ពុជា​ តាំង​ពីឆ្នាំ​ ១៩៣៦... ក្នុង​គោល​បំណង​មក​ធ្វើ​ជា​ស្តេច​យួន​ត្រួត​ត្រា​លើ​ក្បាល​ស្តេច​ខ្មែរ​បន្ត​តំណែង​ពី​វាំង​ជួន​) បាន​ប្រលង​ជាប់​សញ្ញា​ប័ត្រ​ជាន់​ខ្ពស់​ផ្នែក​ពាណិជ្ជ​កម្ម​នៅ​ប្រទេស​បារាំង​ តាំង​ពី​ឆ្នាំ​១៩៣២​ មក​ម៉្លេះ Diplôme des Hautes Etudes Commerciales ពោល​គឺ​នៅ​ក្នុង​សម័យ​មួយ ដែល​ប្រទេស​ខ្មែរ​មិន​ទាន់​​មាន​វិទ្យា​ល័យ​ សំរាប់​ថ្នាក់​មធ្យម​សិក្សា​ប័ត្រ​នោះ​ផង​ (គួរ​កត់​សំគាល់​ថា អ្នក​ទាំង​អស់​គ្នា​ខាង​លើ​នេះ​ អិត​ចេះ​ភាសា​ខ្មែរ​ទេ ចេះ​ត្រឹម​តែ​និយាយ​ តែ​អិត​ចេះ​ភាសា​សរ​សេរ​ទេ, ហើយ​ចំណែក​លោក​សឺន​-​សាន​ សូម្បី​តែ​និយាយ​ខ្មែរ​ក៏​មិន​ត្រូវ​ជ្រុង​ផង​។

***នៅ​ក្នុង​ឆ្នាំ១៩៤៩ ព្រះ​ករុណា​ នរោត្តម​-​សីហនុ បាន​បញ្ជូន​លោក​សឺន​សាន​ហើយ​ និង លោក​ឈាន​-វ៉ម​ ទៅ​ទាម​ទារ​ទឹក​ដី​កម្ពុជា​ក្រោម​ពី​បារាំង​។ ប៉ុន្តែ​អ្នក​ទាំង​ពីរ​នេះ ជា​បញ្ញា​ជន​អ្នក​ស្នេហា​ជាតិ​យួន​ដ៏​កំពូល​ តើ​ពួក​គេ​ត្រូវ​ការ​អ្វី​មក​បំរើ​ផល​ប្រយោជន៍​របស់​ជន​ជាតិ​ខ្មែរ​ទៅ​វិញ​នោះ​? ម៉្លោះ​ហើយ​ពួក​គេ​បាន​ត្រឹម​តែ​ដើរ​តួ​បង្វែង​ដាន​តែ​ប៉ុណ្ណោះ គឺ​បង្វែង​ដាន​ទំលាក់​ទោស​កំហុស​ទៅ​លើ​បារាំង​ និង ទៅ​លើ​ស្តេច​សីហនុ​ដើម្បី​អោយ​ជន​ជាតិ​ខ្មែរ​វង្វេង​វង្វាន់​!​។ ម៉្យាង​វិញទៀត​ ១៩៤៩ វា​ហួស​ពេល​វេលា​ទាម​ទារ​កម្ពុជា​ក្រោម​ទៅ​ហើយ... ​គឺអង្ករ​បាន​ក្លាយ​ទៅ​ជា​បាយ​រួច​ទៅ​ហើយ ដោយ​បារាំង​បាន​ស៊ីញេ​ដី​កម្ពុជា​ក្រោម​ អោយ​ស្តេច​បាវ​ដាយ​រួច​ទៅ​ហើយ​។ ការ​ផ្សំ​ដំនេក​ រវាង​បារាំង​-​យួន​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ ឆ្នាំ១៩៤៨ ដូច្នេះ​ការ​សេព​មេថុន​ធម្ម​ នៅ​ក្នុង​ឆ្នាំ​១៩៤៩​ គ្រាន់​តែ​ជា​ការ​បង្គ្រប់​កិច្ច​ជា​ទង្វើ “បង្គ្រប់​ដៃ​ជើង​” រឺ​គ្រាន់​តែ​ជា​ការ​បង្វែង​ដាន​ អោយ​ជន​ជាតិ​ខ្មែរ​បែក​បាក់​គ្នា​តែ​ប៉ុណ្ណោះ​។

នៅ​ក្នុង​អែក​សារ​របស់​លោក​ឈាន​-វ៉ម​ (ទំព័រទី១) បាន​សរ​សេរ​ដូច្នេះ​ថា៖ “ទង្វើ​បត់​បែន​របស់​បារាំង​ក្នុង​ប្រការ​បោះ​បង់​កម្ពុជា​ក្រោម​អោយ​ទៅ​វៀត​ណាម “ដើម្បី​ប្រឈម​មុខ​ត​ទល់​ នឹង ហូ-ជី​មិញ ដែល​កំពុង​តែ​កាន់​កាប់​ទី​ក្រុង​ហាណូយ​ ក្នុង​ឋានៈ​ជា​ចៅ​ហ្វាយ​ម្ចាស់ បន្ទាប់​ពី​ការ​ចុះ​ចាញ់​របស់​ជប៉ុន​នៅ​ក្នុង​ឆ្នាំ​១៩៤៥​រដ្ឋា​ភិបាល​បារាំង​បាន​នឹក​ស្មាន​ថា អាច​រួច​ខ្លួន​ដោយ​លើក​យក​អតីត​ព្រះ​ចៅ​អធិរាជ​បាវ​-​ដាយ ដែល​កាល​នោះ​បាន​ក្លាយ​ទៅ “ពល​រដ្ឋ​វិញ​ធុយ​” មក​តែង​តាំង​ជា​ប្រមុខ​រដ្ឋា​ភិបាល​មួយ​នៅ​ភាគ​ខាង​ត្បូង ហៅ​ថា “រដ្ឋា​ភិបាល​របស់​ព្រះ​ករុណា​បាវ​ដាយ​”​។ ម៉្យាង​វិញ​ទៀត​ (កកន​ កន្លែង​នេះ​ជា​បញ្ហា​សំខាន់​ណាស់​ តែ​លោក​ឈាន​-​វ៉ម​សរ​សេរ​បែប​រំភើយ​ ហាក់​ដូច​ជា​បញ្ហា​តូច​តាច ដោយ​ប្រើ​ពាក្យ​ថា“ម៉្យាង​វិញ​ទៀត​”) ម៉្យាង​វិញ​ទៀត​រដ្ឋា​ភិបាល​បារាំង​ក៏​បាន​ចុះ​ហត្ថ​លេខា​ នៅ​ក្នុង​ខែ​មករា​១៩៤៨ ជា​មួយ​បាវ​ដាយ​ទៅ​លើ“សន្ធិ​សញ្ញា​នៃ​ឆក​អាឡុង​” (Les accords de  la Baie d'Along) ដែល​ទទួល​ស្គាល់​អំពី​គោល​ការណ៍​បង្រួប​បង្រួម​អាណា​ខេត្ត​យួន​ទាំង​បី​ (L'union des 3 Ky គឺ តុង​កឹង​, អណ្ណាម, កូសាំង​ស៊ីន​)​។

*** ពុំ​មាន​ខ្មែរ​អ្នក​ស្នេហា​ជាតិ​ណា​ម្នាក់​ដឹង​អំពី​សន្ធិ​សញ្ញា​បារាំង​-យួន​នៃ “ឆក​អាឡុង​” នៅ​ក្នុង​ឆ្នាំ​១៩៤៨​នោះ​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​ឈាន​-វ៉ម​ដឹង ​?? គឺ​មក​ពី​គាត់​ជា​ជន​ជាតិយួន​!! ហេ ! ហេ ! ឆ្នាំ​១៩៤៨ ឈាន-វ៉ម​ជា​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ម្តេច​គាត់​មិន​ថា​អី​ថា​វ៉ាន់​បាន​មួយ​ម៉ាត់​ផង​? បើ​បារាំង​យល់​ព្រម​កាត់​ដី​កម្ពុជា​ក្រោម​ អោយ​ទៅ​យួន​នៅ​ក្នុង​ឆ្នាំ​១៩៤៨ ទៅ​ហើយ​ លោក​សឺន-​សាន​ហើយ​និង​លោក​ឈាន​-​វ៉ម ទើប​បាន​មក​ភ្ញាក់​រលឹក​នៅ​ក្នុងឆ្នាំ​១៩៤៩ តើ​វា​បាន​ផល​ប្រយោជន៍​អ្វី​ដែរ?។

*** លោក​ឈាន-វ៉ម​បាន​សរសេរ​ថា ជា​ទង្វើ​បត់​បែន​របស់​បារាំង​ ដើម្បី​បោះ​បង់​កម្ពុជា​ក្រោម​អោយ​ទៅ​យួន​”. តាម​ពិត​គឺ​ជា​ទង្វើ​បត់​បែន​របស់​ជន​ជាតិ​យួន...តាម​ពិត​គឺ​ជា​ទង្វើ​បត់​បែន​របស់​​ឈាន​-​វ៉ម ហើយ​និង​សឺន-​សាន​។ ក្នុង​ប្រការ​ បោះ​បង់​ទឹក​ដី​កម្ពុជា​ក្រោម​អោយ​ទៅ​យួន គឺ​ជន​ជាតិ​យួន​ជា​អ្នក​បាន​ចំណេញ​។ នៅ​គ្រប់​អុក្រឹដ្ឋ​កម្ម​អ្វី​ក៏​ដោយ អ្នក​ដែល​បាន​ចំណេញ​នោះ​ហើយ គឺ​ជា​អ្នក​ធ្វើ​។ ក្បាល​នរណា​សក់​របស់​អ្នក​នោះ​!​។

*** ​យើង​និយាយ​ថា បារាំង​កាត់​ដី​ខ្មែរ​អោយ​ទៅ​យួន គឺ​ជា​ការ​មិន​សម​រម្យ​ទាល់​តែសោះ​។ មុន​ពេល​បារាំ​ងមក​ដល់​កម្ពុជា គឺ​ជា​សម័យ​ទ្រឿង​-​មិញ​យ៉ាំង​, ក្នុង​រាជ្យ​ម្ចាស់​ក្សត្រី​អង្គម៉ី​ (១៨៣៤-១៨៤១) (មុន​ព្រះ​អង្គដួង​),​ គឺ​ជា​សម័យ​ដែល​យួន​បាន​ដាក់​ឈ្មោះ​ភ្នំពេញ​ថា​ជា “ណាំ​យ៉ាំង”​។ កាល​នោះ​សៀម​បាន​កាត់​យក​ខែត្រ​បាត់​ដំបង​, កំពង់​ធំ, សៀម​រាប, ស្ទឹង​ត្រែង​បាត់​អស់​ទៅ​ហើយ​... ចំណែក​យួន​បាន​មក​វាត​ទី​តាំង​បន្ទាយ​នៅ​ខេត្ត​កំពត​, ភ្នំពេញ​ និង​ពោធិសាត់​។ ក្នុង​សម័យ​នោះ កុំ​ថា​ឡើយ​ស្រុក​មួយ​ដុំ សូម្បី​កូន​ទូក​មួយ​នៅ​ជ្រោយ​ចង្វា​រ ក៏​ខ្មែរ​មិន​សល់​ដែរ​។ យួន​មក​ដុត​វត្ត​អារាម​ វាយ​កំទេច​ព្រះ​ពុទ្ធ​បដិ​មាករ​ ប្រមូល​ច្បាប់​ក្រម​គម្ពីរ​អែក​សារ​របស់​ខ្មែរ​ “បោះ​ចោល​ទៅ​ក្នុង​ទន្លេ​មេគង្គ​ ឡើង​អន្តែត​ត្រៀប​ត្រា ខ្មៅ​ងងិត​​គួរ​អោយ​អាណាច​អធម្ម​ពន់​ពេក​”​។

“ព្រះ​រាជា​ណា​ចក្រ​ខ្មែរ​កាល​សម័យ​នោះ ខិត​នៅ​ក្រោម​ព្រះ​រាជ​ក្រឹត្យ​មួយ​នៃស្តេច​អណ្ណាម​ បាន​ត្រូវ​គ្រប់​គ្រង​ដោយ មន្ត្រី​ជាន់​ខ្ពស់​បី​រូប​គឺ ទ្រឿង​-​មិញយ៉ាំង, ផាំ​យ៉ាំង​ដៀង​ហើយ​និង​ត្រាំង-យ៉ាំង​ណាង​ ដែល​ទទួល​បន្ទុក​កាន់​កាប់​ស្រុក​ខ្មែរ​ដោ យ​មាន​ជំនួយ​ពី​ក្រុម​រដ្ឋ​មន្ត្រី​និង​ចៅ​ហ្វាយ​ខេត្ត​ខ្មែរ​។ “កាល​នោះ​ទី​ក្រុង​ភ្នំពេញ​ បាន​បាត់​បង់​ទាំង​ឈ្មោះ​ខ្លួន​អែង​ទៀត​ទៅ​ហើយ​ គឺ​បាន​ទទួល​ឈ្មោះ​ថ្មី​ថា ត្រាំង​តាយ​ រឺ​ត្រាំង​ណាំ​យ៉ាំង​ (ទី​ក្រុង​ភ្នំ)...។ .

“លោក​រេ​ស៊ី​ដង់​អណ្ណាម (ទ្រឿង​-មិញ​យ៉ាំង​) នឹក​ស្មាន​ថា​ខ្លួន​អែង​ខ្លាំង​ពូកែ​សំបើម​ណាស់​ ជា​ពិសេស​នឹក​ថា ខ្លួន​ជា​ចៅ​ហ្វាយ​ម្ចាស់​នៃ​ផែន​ដី​នេះ​ទៅ​ហើយ​ ក៏​បាន​ទាម​ទារ​អោយ​ក្រុម​មន្ត្រី​ខ្មែរ​ទាំង​ឡាយ​ស្លៀក​ពាក់​ជា​យួន​ ហើយ​ទុក​សក់​បួង ព្រម​ទាំង​ផ្តល់​មុខ​ងារ​ជា​យួន ដល់​ក្រុម​អ្នក​រាជ​ការ​ជាន់​ខ្ពស់​ទាំង​អស់​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​បាន​ដាក់​រេ​ស៊ី​ដង់​អណ្ណាម​ (មេ​កម្មា​ភិបាល​) នៅ​ជាប់​ជា​មួយ​ចៅ​ហ្វាយ​ខេត្ត​គ្រប់​ៗ​រូប​ ដើម្បី​ឈ្លប​មើល​សកម្ម​ភាព​និង​ការ​គ្រប់​គ្រង​របស់​ពួក​គេ​ (កកន បើ​យើង​ធ្វើ​ការ​ប្រៀប​ធៀប​សម័យ​ទ្រឿង​-​មិញ​យ៉ាំង​ មក​កាល​សម័យ​សម្ដេច​សឺន-​សាន​ គឺ​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ទេ​ ​ពី​ព្រោះ​នៅ​ក្នុង​កាល​សម័យ​“សង្គម​រាស្ត្រ​និយម​” របស់​ស្តេច​សីហនុ​ ក៏​មាន​មេ​កម្មា​ភិបាល​យួន​ត្រួត​ត្រា​លើ​ក្បាល​ខ្មែរ​ទាំង​អស់ សម្ដេច​យួន​ស្រី​ស្រឹង្គារ​​ចៅ​ហ៊្វា​ប៉ែន​-នុត​ ត្រួត​លើ​រាជ​ការ​ខ្មែរ​ជា​ទូទៅ​។ ប៉ែន​-​នុត​មាន​ថៅ​កែ​ចិន​ម្នាក់​ជា​អ្នក​ចិញ្ចឹម​ ផ្តល់​លុយ​កាក់​ ស្រី​ញី ​និង​អាភៀន​ឈ្មោះ ចៅ​-ខុង​។ គឺ​ចៅ​ខុង​នេះ​ហើយ ដែល​ធ្វើ​អោយ​ទំនិញ​ឡើង​ថ្លៃ និង ចុះ​ថ្លៃ​ស្រេច​ នឹង​ចិត្ត​នៅ​ប្រទេស​កម្ពុជា​, ចំណែក ​អេង​-​ហ៊ុន​ នាយក​មន្ទីរ​ប្តូរ​ប្រាក់​ គ្រាន់​តែ​មាន​ឋានៈ​ជា​គូលី​... ទៅ​ណា​មក​ណា​យួរ​កាតាប​អោយ​ចៅ​ខុង​តែ​ប៉ុណ្ណោះ​។ សម្ដេច​យួន​បវរ​សេដ្ឋា​មហា​សម្បត្តិ​សឺន​-​សាន​ ត្រួត​ត្រា​កាន់​កាប់​សេដ្ឋកិច្ច​ និង​កិច្ច​ការ​បរ​ទេស​ទាំង​អស់.​.. គឺ​សឺន​-​សាន​នេះ​ហើយ​ដែល​បោះ​ពុម្ព​ប្រាក់​៥០០​រៀល​ទាំង​ហឹប​ៗ នៅ​ថ្មី​ចែស​ មិន​ទាន់​ទាំង​កាត់​ផង​ យក​ទៅ​ដាក់​បំពោក​នៅ​ក្នុង​ជំរំ​យៀក​កុង និង​មេមត់​... សម្ដេច ចក្រី​យួន​ញឹក​-ជូឡុង​ ជា​អ្នក​ត្រួត​ត្រា​លើ​កង​ទ័ព​ទាំង​អស់... លោក​នល់-នល់​ជា​មេទ័ព​ពិត​មែន តែ​ញឹក​-ជូឡុង​ជា​ចៅ​ហ្វាយ​ខេត្ត​កំពង់​ចាម​, លោក​លន់-នល់​មាន​ឋានៈ​ត្រឹម​តែ​ជា​ចៅហ្វាយ​ស្រុក​ព្រែក​ពោធិ​តែ​ប៉ុណ្ណោះ​)

*** លោក​ Adhémare Leclère បាន​សរ​សេរ​បន្ត​មក​ទៀត​ថា “ទ្រឿង-មិញ​យ៉ាំង​ចង់​បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត​ ពោល​គឺ​ជន​នេះ​កំពុង​តែ​យល​សប្តិ​យល​សូង​ចង់​អោយ​ស្រុក​ខ្មែរ​បាត់​បង់​លក្ខណៈ​ជា​ខ្មែរ​ទាំង​ស្រុង​ ដោយ​កែ​ប្រែ​ដូរឈ្មោះ​ ស្រុក​ភូមិ​ខ្មែរ អោយ​ទៅ​ជា​យួន​មិន​អោយ​មាន​សេស​សល់... (ដក​ស្រង់​ចេញ​ពី Histoire du Cambod ge par Adhé mar Leclère- pages 42!-422) ។

***យោង​តាម​អែក​សារ​ខាង​លើ​នេះ ប្រសិន​បើ​មហា​អំណាច​បារាំង​មិន​បាន​ធ្វើ​ដំណើរ​មក​ដល់​អិណ្ឌូ​ចិន​នោះ​ទេ.. នោះ​ ប្រទេស​កម្ពុជា​នឹង​ត្រូវ​រលាយ​បាត់​សូន​ស្យុង​ពី​ផែន​ទី​ពិភព​លោក​តាំង​ពី​សតវត្ស​ទី​១៩​មក​ម៉្លេះ.​.. នៅ​ពេល​នោះ​ទន្លេ​មេ​គង្គ​នឹង​ក្លាយ​ទៅ​ជា​ព្រំ​ប្រទល់​ចុង​ក្រោយ​នៃ​ប្រទេស​វៀត​ណាម​និង​ថៃ​ជា​ប្រាកដ​។ ​ដូច្នេះ​ គឺ​ជន​ជាតិ​សៀម​ហើយ​និង​យួន ជា​ខ្មាំង​សត្រូវ​ជា​មួយ​បារាំង​ មិន​មែន​ជន​ជាតិ​ខ្មែរ​ទេ​។ បារាំង​ដែល​បាន​មក​កាន់​កាប់​ រឺ​មក​គាំ​ពារ​ដែន​ដី​កម្ពុជា​ចំនួន​១០០​ឆ្នាំ (Protectorat)​... គឺ​បាន​មក​ប្រឆាំង​នឹង​មហិ​ច្ឆិតា​របស់​ជន​ជាតិ​យួន​ហើយ​និង​សៀម​ មិន​អោយ​ពួក​នេះ​លេប​ត្របាក់​ដែន​ដី​សេស​សល់​ចុង​ក្រោយ​នៃ​មហា​នគរ​ខ្មែរ​ទាំង​ប៉ុន្មាន​រហូត​រលាយ​រលត់​បាត់​ឈ្មោះ​បោះ​សំលេង​ដូច​ស្រុក​ចំប៉ា​... ពោល​គឺ​បាន​បន្សល់​ទុក​កម្ពុជា​កណ្ដាល​មួយ​ដែរ​ សំរាប់​ជា​មោទ​នភាព​ (ទីក្រុង​អង្គរ) និង​ជា​ទី​កន្លែង​សំរាប់​ជន​ជាតិ​ខ្មែរ​រស់​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។ ដូច្នេះ​ពេល​ដែល​បារាំង​បាន​មក​កាន់​កាប់​កម្ពុជា​ចំនួន​១០០​ឆ្នាំ បារាំង​មិន​បាន​ធ្វើ​អោយ​ជន​ជាតិ​ខ្មែរ ​បាត់បង់​ទឹក​ដី​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​បាន​ធ្វើ​អោយ​ខ្មែរ​ចំណែញ​ទឹក​ដី​ !!។

*** ដូច្នេះ​ ពួក​ជន​ដែល​បាន​នាំ​អាទិ​អោយ​ខ្មែរ​ធ្វើ​ចំបាំង​ជា​មួយ​បារាំង​ តាំង​ពី​ពេល​បារាំង​មក​ដល់​ មាន​អាចារ្យ​ស្វា,​ ពោធិ​កំបោរ​ ហើយ​បន្ទាប់​មក​ទៀត​ មាន​ឈាន​-​វ៉ម​ហើយ​និង​សឺន​-​សាន គឺ​សុទ្ធ​តែ​ជា​ជន​ជាតិ​យួន​។ គឺ​ពួក​យួន​វា​បោក​ប្រាជ្ញា​ជន​ជាតិ​ខ្មែរ​ អោយ​អារ​មែក​ឈើ​ដែល​ជា​ទ្រនុំ​របស់​ខ្លួន​អែង​!!​។ ជន​ជាតិ​យួន​បាន​ណែ​នាំ​ខ្មែរ​ទាម​ទារ​អែក​រាជ្យ ​ជាឧបាយ​កល​ជំរុញ​បារាំង​ប្រគល់​កម្ពុជា​ក្រោម​ទៅ​យួន​ នៅ​ក្នុង​អែក​សារ Essai sur la Démocratie au Cambodge របស់​លោក​ Philippe Preschez នៅ​ទំព័រ​ទី​ ១១ ​មាន​សរ​សេរថា​៖

“ព្រឹត្តិ​ការណ៍​នៃ​ខែ​មិនា​១៩៤៥ មាន​លំនាំ​ដូច​ជា​ខ្សែ​ភ្លើង​ឆក់​ ដែល​បណ្ដាល​អោយ​ប្រទេស​កម្ពុជា​មាន​ការ​ភ្ញាក់​រលឹក​ ចំពោះ​អ្វី​ៗ​ ដែល​ទាក់​ទង​នឹង​សតិ​សម្ប​ជញ្ញៈ​របស់​ជាតិ​។ នៅ​ថ្ងៃ​ទី​៩​មិនា​, កង​ទ័ព​ជប៉ុន​បាន​កំចាត់​រដ្ឋ​ការ​បារាំង​ និង​កង​ទ័ព​បារាំង​អស់​រលីង​ពី​ប្រទេស​កម្ពុជា​។ ដោយ​ក្លាយ​​ទៅ​ជា​ចៅ​ហ្វាយ​ម្ចាស់​ផ្តាច់​មុខ​នៅ​ពី​លើ​គ្រប់​សភាព​ការណ៍ ជប៉ុន​ក៏​បាន​​អនុញ្ញាត​អោយ​ប្រទេស​កម្ពុជា​ ទទួល​អែក​រាជ្យ​តាម​ផ្លូវ​ទ្រឹស្តី​ (Une indépendance théorique: គឺ​អែក​រាជ្យ​ក្លែង​ក្លាយ​)​។ ហើយ​នៅ​ថ្ងៃ​១២​មិនា​ ព្រះ​ករុណា​នរោត្តម​-​សីហនុ​ក៏​បាន​ថ្លែង​ប្រកាស​ចោទ​ប្រកាន់​​លែង​ទទួល​ស្គាល់​​ ទៅ​លើ​គ្រប់​សន្ធិ​សញ្ញា​ ដែល​ធ្វើ​ឡើង​ក្នុង​សម័យ​រដ្ឋការ​ប្រូ​តិច​តូរ៉ា​បារាំង​ ព្រម​ទាំង​ប្រកាស​អែក​រាជ្យ​នៃ​ប្រទេស​កម្ពុជា​ ដោយ​ថ្លែង​អញ្ជើញ​ប្រជា​ជាតិ​ខ្មែរ​ទាំង​មូល​អោយ​កត់​សំគាល់​ពី​ទង្វើ​ដ៏​មហា​ឧឡា​រិក​នេះ​”​ ។

***យើង​គួរ​ពិនិត្យ​មើល​អោយ​ច្បាស់​, ការ​ប្រកាស​អែក​រាជ្យ​នេះ​ មិន​មែន​ជា​ទង្វើ​របស់​លោក​សឺង​-​ង៉ុក​ថាន់​ទេ គឺ​​ជា​ទង្វើ​របស់​សីហនុ​។ ការ​ប្រកាស​អែក​រាជ្យ​នៅ​ពេល​នោះ​ គឺ​ជា​អំពើ​ចង្រៃ​ឧប​ទ្រព​មួយ​ដ៏​ធំ​ណាស់​ចំពោះ​ប្រទេស​កម្ពុ​ជា ពី​ព្រោះ​ថា ជប៉ុន​ទើប​នឹង​បាន​កាត់​ទឹក​ដី​ខេត្ត​បាត់​ដំបង​និង​ខេត្ត​សៀម​រាប​អោយ​ទៅ​សៀម​ បើ​យើង​ប្រកាស​អែក​រាជ្យ​ នៅ​ពេល​នោះ​គឺ​យើង​បាន​ទទួល​អែក​រាជ្យ​មួយ ដែល​គ្មាន​ដី​ខេត្ត​បាត់​ដំបង​និង​សៀមរាប​។ ការ​ទាត់​ចោល​សន្ធិ​សញ្ញា​ទាំង​អស់​ដែល​ធ្វើ​ឡើង​ជា​មួយ​បារាំង​ ក៏​ជា​អំពើ​ល្ងង់​ខ្លៅ​ហៅ​មិន​លឺ​មួយ​ទៀត​របស់​ស្តេច​ខ្មែរ​ ពី​ព្រោះ​ជា​ការ​បោះ​បង់​ទឹក​ដី​ខេត្ត​បាត់​ដំបង​, សៀម​រាប និង​ស្ទឹង​ត្រែង​ ដែល​បារាំង​បាន​ដណ្ដើម​ពី​សៀម​យក​មក​អោយ​ខ្មែរ​ នៅ​ក្នុង​សន្ធិ​សញ្ញា​នៃ​ឆ្នាំ ​១៩០៤ និង​១៩០៧​។

នៅ​ក្នុង​អែក​សារ​ Histoire du Cambodge របស់​លោក​ A. Dauphin Meunier ទំព័រ​១០៩​ និង​១១០ បាន​សរ​សេរ​ថា “ស៊ី​សុវត្ថិ​ហើយ​និង​សហការ​បារាំង​-​ខ្មែរ “នៅ​ក្នុង​រាជ្យ​របស់​ព្រះ​បាទ​ស៊ីសុវត្ថិ​ (១៩០៤​-​១៩២៧) ដែល​​ប្អូន​ប្រុស​បន្ទាប់​របស់​ហ្លួង​នរោត្តម​, ដោយ​សន្ធិ​សញ្ញា​ស៊ី​ញេ​ជា​មួយ​សៀម​ក្នុង​ឆ្នាំ​១៩០៤​ និង​១៩០៧​ ប្រទេស​បារាំង​ក៏​បាន​ផ្តល់​ទ្រង់​ទ្រាយ​ដល់​ប្រទេស​កម្ពុជា​ឡើង​វិញ​ ដូច​ដែល​ធ្លាប់​មាន​មុន​អំពើ​ក្បត់​របស់​នាយ​បែន​ (កកន នាយ​បែន​ រឺ​ចៅ​ហ៊្វា​បែន​ ជា​ជីលួត​ជីលា​របស់​ខ្សែ​ប៉ុក មាន​ប៉ុក​-​ធួន​, ប៉ុក​- ធឿន​, ប៉ុក​-​ម៉ូណា​, ប៉ុក​-ដើស​កុមារ ប៉ុក​-​ថន គឺ​ជា​សែ​ខ្មែរ​ក្រហម​ទាំង​អស់​! ពូជ​សាច់​ថ្លៃ​របស់​វាំង​ជួន​!) ម៉្លោះ​ហើយ​តែ​ក្នុង​មួយ​រំពេជ​ប្រទេស​កម្ពុជា​ក៏​មាន​ទំហំ​រីក​ធំ​ឡើង​វិញ​មួយ​ជា​ពីរ​។ ព្រំ​ដែន​ខាង​ជើង​ក៏​ថយ​ទៅ​នៅ​លើ​ជួរ​ភ្នំដង​រែក និង​ប្រទេស​លាវ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ប្រទេស​សៀម​នៅ​រក្សា​កាន់​កាប់ខេត្ត​ខ្មែរ​ទាំង​អស់ ដែល​ស្ថិត​នៅ​ខាង​ត្បូង​នៃ​តំបន់​សេមូន​ (សីរ​មាន់?) និង​ខាង​កើត​នៃដង​ស្ទឹង​ប្រាជិន​ (ប្រាជិន​បូរី) ដែល​នៅ​ទី​នោះ​ ប្រជា​ជន​នៅ​ជន​បទ​ទាំង​អស់ សុទ្ធ​សឹង​តែ​ជា​ជន​ជាតិ​ខ្មែរ​ មាន​ចំនួន​ ៥០០,០០០នាក់​។

អន្តរា​គមន៍​បារាំង​នេះ​ ជា​ជំនួយ​មួយ​ធំ​ណាស់​សំរាប់​កម្ពុជា​និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​។ អន្តរា​គមន៍​នេះ​បាន​បញ្ចប់​ការ​វាត​​ទឹក​ដី​ ដែល​បាន​កាត់​ពុះ​បែង​ចែក​ព្រះ​រាជា​ណាចក្រ​ចំនួន​៤​សតវត្ស​មក​ហើយ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ គឺ​បាន​ថែ​រក្សា​ប្រជា​ជន​ខ្មែរ​ អោយ​រស់​នៅ​គង់​វង្ស​បន្ទាប់​ពី​សង្គ្រាម​, វិវាទ​ផ្ទៃ​ក្នុង​, ទូរ​ភឹក្ស​ និង​ជម្ងឺ​អាសន្ន​រោគ​បាន​ពង្រួញ​ពី​ចំនួន​១៥​លាន​នាក់ កាល​ពី​សម័យ​មហាន​គរ អោយ​នៅ​សល់​តែ​ ​៨០០,០០០នាក់ ​គឺ​ប្រជា​ជន​ខ្មែរ​កណ្ដាល​ ពេល​ដែល​បារាំង​រៀប​ចំ​ស្រុក​ឡើង​វិញ។

***​ បន្ទាប់​ពី​សេច​ក្តី​ប្រកាស​អែក​រាជ្យ​ពី​បារាំង​ នៅ​ថ្ងៃ​ទី​១២​មិនា​១៩៤៥ នៅ​ពេល​ដែល​បារាំង​កំពុង​ទ្រោម​ខ្លួន ដោយ​ត្រូវ​ជប៉ុន​សំលាប់​អស់​, ស្តេច​នរោត្តម​-​សីហនុ​ត្រូវ​ប្រឈម​នឹង​ការ​រលាយ​អន្តរ​ធាន​ពីរ​យ៉ាង​ ប្រសិន​បើ​ជប៉ុន​ឈ្នះ​បារាំង​ នៅ​ពេល​ចប់​សង្រ្គាម​នោះ​ស្តេច​ខ្មែរ​នឹង​ត្រូវ​បាត់​បង់​ទឹក​ដី​ខេត្ត​បាត់​ដំបង​, សៀម​រាប​ និង​ស្ទឹង​ត្រែង​ជា​ស្ថាពរ​ ប៉ុន្តែ​បើ​សភាព​ការណ៍​ក្រលាប់​ ហើយ​បារាំង​ប្រែ​ជា​ឈ្នះ​ជប៉ុន​វិញ​ ហើយ​បើ​ស្តេច​សីហនុ​នៅ​រក្សា​រាជ​សម្បត្តិ​និង​កម្ពុ​ជា​កណ្ដាល​បាន​ឡើង​វិញ​នោះ ត្រូវ​ចាត់​ទុក​ថា​ប្រទេស​បារាំង​ មាន​ធម៌​មេត្តា​ពេក​ណាស់​ហើយ... ប៉ុន្តែ​រឿង​ដែន​ដី​កម្ពុជា​ក្រោម​ កុំ​ត្រូវ​សង្ឃឹម​ថា​យក​បាន​វិញ​អោយ​សោះ​!!

***​ដូច្នេះ​អែក​រាជ្យ​ដែល​ស្តេច​សីហនុ​បាន​ប្រកាស​ នៅ​ថ្ងៃ​ទី​១៤​មិនា​១៩៤៥ ​នោះ មិន​មែន​ជា​អែក​រាជ្យ​ចំណេញ​ទេ​ តែ​ជា​អែក​រាជ្យ​បាត់​បង់​ទឹក​ដី​។ ចំណែក​ជន​ដែល​ណែ​នាំ​ស្តេច​អោយ​ប្រកាស​អែក​រាជ្យ​នេះ គឺ​លោក​អគ្គ​មហា​​សេនា​ អ៊ឹង​- ហ៊ី ដែល​បន្ត​តំណែង​បណ្ដោះ​អាសន្ន​ពី​វាំង​ជួន​។ គិត​សព្វ​ៗ​ទៅ សំបុក​យួន​ដែល​សំងំ​ស៊ី​រូង​ផ្ទៃ​ក្នុង​ព្រះ​រាជ​វាំង​ខ្មែរ​ ក៏​មាន​លំនាំ​ដូច​តែ​សំបុក​កណ្ដៀរ​ដែល​ស៊ី​សសរ​ផ្ទះ ​កាល​ណា​គេ​មើល​ឃើញ​ក្បាល​ គេ​មើល​ឃើញ​​កន្ទុយ កាល​ណា​គេ​មើល​ឃើញ​កន្ទុយ​គេ​មើល​ឃើញ​ក្បាល​។ អ៊ឹង​-ហ៊ី​ នេះ​ជា​ចៅ​ហ្វាយ​របស់​ប៉ែន​-នុត​ និង​ជា​ពុក​ក្មេក​របស់​លោក​ចេង​-ហេង​។ លោក​ចេង​-ហេង​ធ្លាប់​បាន​ប្រាប់​ខ្ញុំ​ផ្ទាល់​ ថា​លោក​ប៉ែន​ នុត​ជា​ពុក​ធម៌​របស់​គាត់ ចំណែក​ប្រពន្ធ​លោក​ចេង​-​ហេង កូន​ស្រី​របស់​អ៊ឹង​ហ៊ី​ ធ្លាប់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ត្រូវ​ជា​ប្អូន​ជីដូន​មួយ​នឹង​អ្នក​ម្នាង​ម៉ូនិក​។ ក្រោយ​ថ្ងៃ​១៨ មិនា​១៩៧០ គេ​អាច​មើល​ឃើញ​លោក​ចេង​-ហេង​ ជា​ប្រមុខ​រដ្ឋ​ខ្មែរ​នៅ​ខាង​លន់​-នល់​... ចំណែក​ប៉ែន​-​នុត​ជា​រដ្ឋ​មន្ត្រី​ទី​១​ខ្មែរ​ក្រហម​នៅ​ខាង​ស្តេច​ សីហនុ​និង​អ្នកម្នាង​ម៉ូនិក​, ក៏​ដូច​តែ​ឈាន-​វ៉ម​នៅ​ខាង​លន់-​នល់ ចំណែក​ជួន​-មុម​នៅ​ខាង​ប៉ុល​-ពត​ដូច្នោះ​។ ពួក​សំបុក​យួន​ ទាំង​នេះ​ គឺ​លេង​ល្បែង​យក​ជន​ជាតិ​ខ្មែរ​មក​លាប​ពណ៌​អោយ​ខ្មែរ​សំលាប់​ខ្មែរ​ទាល់​តែ​ផុត​ពូជ​ទេ​តើ... ដើម្បី​អោយ​កម្ពុជា​ក្លាយ​ទៅ​ជា​ស្រុក​ដែល​គ្មាន​ខ្មែរ​ ស្រួល​អោយ​យួន​ចូល​មក​រស់​នៅ​។

***សីហនុ​ប្រកាស​អែក​រាជ្យ​បង់​ខាត​ទឹក​ដី​ នៅ​ថ្ងៃ​១២​មិនា​១៩៤៥ មិន​ទាន់​គ្រប់​គ្រាន់​ទេ ពួក​សំបុក​យួន​នៅ​ក្នុង​ព្រះ​រាជ​វាំង​ ថែម​ទាំង​រៀប​ចំ​ទំលាក់​ទោស​កំហុស​ទៅ​លើ​លោក​សឺង​-ង៉ុក​ថាន់​ថែម​ទៀត​។ នេះ​ជា​ការ​ថ្ពិន​ភ្នែក​ក្រលៃ​ប្រវត្តិ​សាស្ត្រ​ដ៏​កាច​សាហាវ​បំផុត​ ពី​សំណាក់​ជន​ជាតិ​យួន​។ នៅ​ក្នុង​អែកសារ​ Essai sur la Démocratie du Cambodge en នៅ​ទំព័រ​ទី​១២ មាន​សរសេរ​ថា​៖

   “..​ក៏​ប៉ុន្តែ​នៅ​ពេល​នោះ​ ពួក​ជន​ជាតិ​​ជប៉ុន​ក៏​បាន​ណែ​នាំ​អោយ​លោក​សឺង​-​ង៉ុក​ថាន់​ត្រលប់​មក​ពី​តូក្យូ​វិញ​ នៅ​ដើម​ខែឧសភា​ (១៩៤៥)​។ នៅ​ដើម​ខែ​មិថុនា​ លោក​សឺង​ង៉ុក​ថាន់​ ក៏​បាន​ត្រូវ​តែង​តាំង​ជា​រដ្ឋម​ន្ត្រី​ក្រសួង​ការ​បរ​ទេស​។ យោង​តាម​ក្រម​នៃ​ថ្ងៃ​ទី​៧​មិថុនា​ ព្រះ​អង្គ​ម្ចាស់​មុនី​រេត​ ក៏​បាន​ត្រូវ​តែង​តាំង​ (ដោយ​ជប៉ុន​) អោយ​ធ្វើ​ជា​ទី​ប្រឹក្សា​នៃ​រាជ​រដ្ឋាភិ​បាល​ ដោយ​មាន​សំលេង​សំរេច​នៅ​ក្នុង​គណ​រដ្ឋ​មន្ត្រី​ (កកន សម្ដេច​ក្រុម​ព្រះ​ស៊ីសុ​វត្ថិ​-​មុនី​រេត​ ក៏​ជា​កូន​ប្រសារ​របស់​វាំង​ជួន​ ដូច​លោក​ឈាន​-វ៉ម​ដែរ ចំណែក​គណ​រដ្ឋ​មន្ត្រី​បេស់​អ៊ឹង​-ហ៊ី​ ក៏​ជា​កូន​ចៅ​​របស់​វាំង​ជួន​ទាំង​អស់​គ្នា ដូច្នេះ​ព្រឹត្តិ​ការណ៍​ទាំង​ប៉ុន្មាន​ ដែល​កើត​ឡើង​ក្នុង​សម័យ​នោះ​ ក៏​មិន​មែន​ជា​ទង្វើ​របស់​លោក​សឺង​-​ង៉ុក​ថាន់​ទេ​ តែ​ជា​ទង្វើ​របស់​សំបុក​កណ្ដៀរ​យួន​នៅ​ក្នុង​​ព្រះ​រាជ​វាំង​ទាំង​អស់​)​។

   យោង​តាម​អែក​សារ​ដដែល​ ពីរ​ខែ​ក្រោយ​មក​, ថ្ងៃទី​១៤​សីហា​, លោក​សឺង​-​ង៉ុក​ថាន់​ បាន​បញ្ជា​អោយ​ចាប់​ខ្លួន​មន្ត្រី​ទាំង​អស់​ ហើយ​តាំង​ខ្លួន​លោក​ជា​នាយក​រដ្ឋា​ភិបាល​ទី​១ នៃ​ប្រទេស​កម្ពុជា​អែក​រាជ្យ​”។ (កកន​ តាម​ពិត​លោក​សឺង​-​ង៉ុក​ថាន់​ អិត​មាន​ចាប់​រដ្ឋ​មន្ត្រី​ណា​ម្នាក់​ទេ​ គ្រាន់​តែ​ធ្វើ​អោយ​ស្តេច​ភ័យ​ រត់​ទៅ​ពួន​នៅ​វត្ត​លោក​ប៉ុណ្ណោះ​ អ្នក​ចំណាត់​ការ​គឺ​ខ្មែរ​ក្រោម​ ម្នាក់​ដែល​មាន​ឈ្មោះ​ថា ចៅ​-​សែន​កុសល​ ហៅ​ឈុំ​ យោង​តាម​សៀវ​ភៅ Souvenirs doux et amers របស់​ស្តេច​សីហនុ​, ចំណែក​ក្រុម​រដ្ឋ​មន្ត្រី​របស់​លោក​សឺង​-ង៉ុក​ថាន់​ គឺ​សុទ្ធ​សឹង​ជា​ភ្នាក់​ងារ​របស់​វាំង​ជួន​ ដែល​បាន​ណែ​នាំ​លោក​សឺង​-ង៉ុក​​ថាន់​ អោយ​ប្រឆាំង​ជា​មួយ​បារាំង​ រួច​ហើយ​ក៏​បាន​ណែ​នាំ​បារាំង​ អោយ​ចាប់​ខ្លួន​លោក​ទៅ​ដាក់​គុក​នៅ​ព្រៃ​នគរ​វិញ​ទៅ ​។ សមាស​ភាព​មាន​ដូច​ត​ទៅ​ សឺង​ង៉ុកថាន់ ​រដ្ឋ​មន្ត្រី​ទី​១ ទទួល​បន្ទុក​ក្រសួង​ការ​បរ​ទេស​, នរោត្តម​-ម៉ុង​តា​ណា​ កសិកម្ម​ ស៊ុំ​- ហ៊ាង​ មហា​ផ្ទៃ, វ៉ារ​-កាមែល​ ធម្មការ​, ប៉ាជ​-ឈឺន​ ក្រសួង​ផ្តល់​ភស្តុ​ភារ​, ពីទូ​-ដឺម៉ុង​តេ​រ៉ូ​ យុត្តិ​ធម៌​, ឃឹម​-​ទិត​ ក្រសួង​ការ​ពារ​ជាតិ​ ​ឃឹម​-ទិត​ ជា​ក្រុម​ត​ស៊ូ​ជា​មួយ​លោក​សឺង​-ង៉ុក​ថាន់​ តែ​បែរ​ទៅ​ជា​ទៅ​ហៅ​បារាំង​ អោយ​មក​ចាប់​លោក​សឺង​-ង៉ុក​ថាន់​ទៅ​វិញ​ ដោយ​ទំលាក់​ទោស​កំហុស​ទៅ​លើ​សីហនុ​, ជូឡុង​ ក្រសួង​សេដ្ឋ​កិច្ច​ជាតិ​, ប៉ែន​-​នុត ក្រសួង​ហិរញ្ញ​វត្ថុ ដូច្នេះ​ ក្រុម​ទាំង​អស់​នេះ មិន​មែន​ជា​ក្រុម​លោក​សឺង​-​ង៉ុក​ថាន់​ទេ​ តែ​ជា​ក្រុម​របស់​ស៊ី​សុវត្ថិ​-មុនី​រេត​ ដែល​ជា​កូន​ប្រសារ​របស់​វាំងជួន​)​។

នៅ​ក្នុង​អែក​សារ​ដដែល​ លោក Philippe Preschez បាន​សរ​សេរ​ថា “នៅ​ក្នុង​គណ​រដ្ឋ​មន្ត្រី​របស់​សឺង​-​ង៉ុក​ថាន់ មាន​ឈ្មោះ ប៉ាជ​-​ឈឺន ដែល​បាន​ប្រោះ​កាសែត ​“នគរវត្ត”​ អោយ​រស់​ឡើង​ បន្ទាប់​ពី​ពួក​ជប៉ុន​បាន​រំដោះ​លោក​អោយ​ចេញ​ពី​គុក (កកន លោក​ប៉ាជ-ឈឺន​ ជា​បង​ជីដូន​មួយ​របស់​លោក​ឌុក​-​រ៉ាស៊ី​។​ ទៅ​ថ្ងៃ​មុខ​ទៅ​ លោក​ប៉ាជ​-​ឈឺន​ ណែ​នាំ​លោក​ សឺង​-​ង៉ុក​ថាន់ អោយ​រត់​ចូល​ពួក​អិស្សរៈ រួច​បន្ទាប់​មក​ ប៉ាជ​ឈឺន​ក៏​រត់​ទៅ​ចូល​ខាង​បារាំង​ ដើម្បី​ចាប់​ពួក​អិស្សរៈ​ទាំង​នោះ​វិញ។ បន្ទាប់​ពី​ការ​ចុះ​ចាញ់​នៃ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​១៥​មិនា​១៩៤៥​, លោក​សឺង ង៉ុក​ថាន់​ក៏​បាន​ប្រកាស​អំពី​គោល​បំ ណង​របស់​លោក​ដើម្បី​បន្ត​រក្សា​អែក​រាជ្យ​របស់​ប្រទេស​ខ្មែរ​។ សារ​ពត៌​មាន «Cambodge» (កម្ពុ​ជា ជា​ភាសា​បារាំង​) បាន​បោះ​ផ្សាយ​អត្ថ​បទ​ដ៏​ហឹង្សា​ក្រៃ​លែង​ សរសេរ​ដោយ​ជន​ជាតិ​អណ្ណាម​ ដែល​ថ្កោល​ទោស​ទៅ​លើ​បារាំង​ហើយ​ដែល​លើក​ សរ​សើរ​តំកើង​​អំពី​សេច​ក្តី​ស្នេហា​ជាតិ​មោះ​មុត​របស់​ជន​ជាតិ​ខ្មែរ​។ កាល​ណា​យួន​សរ​សើរ​ខ្មែរ​ នោះ​យួន​កំពុង​តែសំលាប់​ជាតិ​ខ្មែរ​ហើយ​។

***​ទាំង​អស់​នេះ​ជា​ភស្តុតាង​ជាក់​ស្តែង ស្ទើរ​តែ​បណ្ដាល​អោយ​ខ្វាក់​ភ្នែក​ ថា​ជន​ជាតិ​យួន​ជា​អ្នក​ណែ​នាំ​ខ្មែរ​អោយ​ទាម​ទារ​អែក​រាជ្យ​ ដែល​បង់​ខាត​ទឹក​ដី​។ បើ​យើង​វិល​ត្រលប់​មក​ពិនិត្យ​អែក​សារ​របស់​ឈាន​-វ៉ម​​វិញ​, គឺ​នៅ​ក្នុង​ឆ្នាំ​១៩៤៩ លោក​សឺន ​សាន​និង​លោក​ឈាន​-​វ៉ម មិន​បាន​ទៅ​ទាម​ទារ​ដែន​ដី​កម្ពុជា​ក្រោម​អោយ​ខ្មែរ​ទេ​ តែ​បាន​នាំ​គណ​ប្រតិ​ភូខ្មែរ​ អោយ​ទៅ​ទាម​ទារ​អែក​រាជ្យ​ពីបារាំង​​អោយ​មាន​មុខ​យួន គឺ​ជា​អែក​រាជ្យ​ដែល​ខ្មែរ​ត្រូវ​ខាត​បង់​ទឹក​ដី​កម្ពុជា​ក្រោម​។ នៅ​ក្នុង​ទំព័រ​ទី​១​ នៃ​អែក​សារ​របស់​លោក ​លោក​ឈាន​-​វ៉ម​បាន​សរ​សេរ​ថា “ការ​ចរ​ចា​ដើម្បី​បង្កើត​សន្ឋិ​សញ្ញា​ខ្មែរ​-​បារាំង​ ដើម្បី​ជំនួយ​លក្ខន្តិ​កៈ​សំរុះ​សំរួល​បណ្ដោះ​អាសន្ន​ le Modus Vivendis ។

  “នៅ​អែ​សហ​ភាព​បារាំង​អែ​ណោះ​, នៅ​ក្នុង​កិច្ច​ប្រជុំ​ការ​ងារ​មួយ នៃ​ថ្ងៃ​ទី​១៤​មេសា១៩៤៩, បួន​ក្រុម​ប្រឹក្សា​ខ្មែរ​.មាន​ស៊ឺម- ​វ៉ារ​, ថុន​-អ៊ុក​ និង​សុក​-​ឆុង​ ហើយ​និង​ ម្ចាស់​ក្សត្រីយ៍​ពីង​ពាង​-​យុគន្ធរ​ ដែល​មាន​ការ​គាំ​ទ្រ​ពី​​បួន​ទី​ប្រឹក្ស​ ជា​មិត្ត​​​​ដ៏​ច្រើន(​?​) បាន​បង្ហាញ​នូវ​គំរោង​ការ​មួយ ដែល​អញ្ជើញ​អោយ​រដ្ឋា​ភិបាល​បារាំង​ ធ្វើ​ការ​ចរចា​ជា​មួយ​នឹង​រដ្ឋា​ភិបាល​ខ្មែរ​ អំពី​សន្ធិ​សញ្ញា​មួយ​ ដែល​សម​ស្រប​នឹង​មាត្រា​៦១ នៃ​រដ្ឋ​ធម្មនុញ្ញ​បារាំង​ដែល​អនុញ្ញាត​អោយ​ជំនួស​លក្ខន្តិកៈ​ព្រម​ព្រៀង​បណ្ដោះ​អាសន្ន Mo- dus Vivendis នៃ​ថ្ងៃ៧​មករា​១៩៤៦ ដែល​ជា​គំនាប​នៃ​រដ្ឋ​ការ​យោធា​បារាំង​មក​លើ​ប្រទេស​កម្ពុជា​ ដែល​ត្រលប់​មក​អិណ្ឌូ​ចិន​វិញ​ បន្ទាប់​ពី​មាន​ការ​ចុះ​ចាញ់​ពីសំណាក់​ប្រទេស​ជប៉ុន​។

***បើ​យើង​ពិនិត្យ​មើល​អត្ថ​បទ​របស់​លោក​ឈាន​-​វ៉ម​យូរ​ទៅ​ យើង​ត្រូវ​ឈឺ​ក្បាល​ ព្រោះ​មើល​មិន​ឃើញ​ទំព័រ​ណា​សោះ ​ដែល​ឈាន​-​វ៉ម​បាន​ទាម​ទារ​ទឹក​ដី​កម្ពុ​ជា​ក្រោម​មក​អោយ​ជាតិ​ខ្មែរ​។ វា​ទៅ​ជា​ឃើញ​មាន​ការ​ទាម​ទារ​អោយ​យក​សន្ធិ​សញ្ញា​បារាំង​-​ខ្មែរ​ អោយ​មក​ជំនួស​ Modus Vivendis!។
***ប៉ុន្តែ​ពេល​ដែល​បារាំង​បាន​ចាប់​លោក​សឺង​-​ង៉ុក​ថាន់​ទៅ​ឃុំ​ឃាំង​ (១៦តុលា១៩៤៥) បារាំង​បាន​តែង​តាំង​សម្ដេច​ក្រុម​ព្រះ ​ស៊ីសុវត្ថិ​-​មុនី​រេត​ (កូន​ប្រសារ​របស់​វាំង​ជួន​) ជា​នាយក​រដ្ឋ​មន្ត្រី​ ដោយ​បាន​រក្សា​ទុក​សមា​ស​ភាព​នៃ​គណ​រដ្ឋ​មន្ត្រី​ របស់​លោក​សឺង​-ង៉ុក​ថាន់​ទាំង​អស់​ ដែល​សុទ្ធ​សឹង​ជា​ភ្នាក់​ងារ​របស់​វាំង​ជួន​។ សម្ដេច​មុ នី​រេត​ក៏​បាន​តែង​តាំង​គណៈ​កម្មា​ធិការ​សិក្សា​ចំរុះ​បារាំង​-ខ្មែរ​ ដែល​មាន​ភារ​កិច្ច​និពន្ធ​លក្ខន្តិកៈ​សំរុះ​សំរួល​បណ្ដោះ​អាសន្ន​ «?», គំរោង​រដ្ឋ​ធម្មនុញ្ញ​ និង​ គំរោង​សន្ធិ​សញ្ញា​បារាំង​-​ខ្មែរ ដែល​ជា​គំរោង​រដ្ឋ​បាល​ ​​និង ភូមិ​សាស្ត្រ សំរាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កណ្ដាល​ ដែល​នៅ​ក្នុង​នោះ​គ្មាន​ដែន​ដីកម្ពុជា​ក្រោម​ទេ ពោល​គឺ​គំរោង​ទាម​ទារ​អែក​រាជ្យ​ពី​បារាំង​ ដោយ​ខាត​បង់​ទឹក​ដីកម្ពុជា​ក្រោម​។ ក្រុម​និពន្ធ​ដែល​សរ​សេរ​គំរោង​ទាំង​បី​នេះ​ជា​ភាសាបារាំង គឺ​ជា​ក្រុម​និពន្ធ​តែ​មួយ​ដែល​មាន​សមាស​ភាព​ដូច​តទៅ​ ផ្នែក​ខាង​ខ្មែរ​ ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្តិ​-​មុនី​ពង្ស, ឃឹម​-​ទិត, ញឹក​-ជូឡុង​, ចាន់​-ណាក់​ និង​ឈាន​-​វ៉ម​។ ខាង​បារាំង​មាន​Saint Mleux​, Ponge, Roux, Boiffier, Mary​។ ឃើញ​ថា​ក្រុម​នេះ​ជា​ក្រុម​ត្រូវ​រ៉ូវ​គ្នា​ចាក់​ទឹក​មិន​លេច​ជា​មួយ​នឹង​បារាំង​ទេ​តើ​!! តើ​ហេតុ​អ្វី​បាន​ជា​មាន​ការ​ទាម​ទារ​អោយ​យក​លក្ខន្តិកៈ​នៃសន្ធិ​សញ្ញា​បារាំង​-ខ្មែរ​មក​ជំនួស​ Modus Vivendis ទៅ​វិញ​ ដែល​ជា​អត្ថ​បទ​តែ​មួយ​ សរ​សេរ​ដោយ​ក្រុម​និពន្ធ​តែ​មួយ​ ហើយ​ដែល​មាន​ន័យ​ដូច​គ្នា​តែ​មួយ គឺ​ការ​ទាម​ទារ​អែក​រាជ្យ​ពី​បារាំង​ដោយ​ខាត​បង់​ទឹក​ដី​កម្ពុជា​ក្រោម​។

សេចក្តីបញ្ចប់ ៖ រដ្ឋ​សភា​បារាំង​បាន​បោះ​ឆ្នោត​សំរេច​ជា​ផ្លូវ​ការ (នៅ​ថ្ងៃ​ទី​២១​ ឧសភា ១៩៤៩) ផ្ទេរ​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​អោយ​វៀត​ណាម​។ លោក​ឈាន​-វ៉ម​ ក៏​បាន​វិល​ត្រលប់​មក​ប្រទេស​កម្ពុជា​ដោយ​ដៃ​ទទេ​ ដោយ​មិន​ខ្ចី​ទាំង​ធ្វើ​សេចក្តី​រាយ​ការណ៍​អោយ​ស្តេច​សីហនុ​នោះ​ផង​។ លោក​ឈាន​-​វ៉ម​បាន​ដាក់​ទោស​កំហុស​ ទៅ​លើ​លោក​យ៉ែម​-​សំបូរ​ ដែល​បាន​កោះ​ហៅ​លោក​អោយ​វិល​ត្រលប់​មក​វិញ រក​តែ​លោក​សំរេច​អ្វី​មិន​បាន​ “គឺ​ជា​ការ​ចាក់​សំលាប់​ពី​ក្រោយ​ខ្នង​”, លោក​ឈាន​-​វ៉ម​ពោល​។ ប៉ុន្តែ​លោក​យ៉ែម​-​សំបូរ​នេះ​ ជា​កូន​ចៅ​របស់​វាំង​ជួន​ម្នាក់​ទៀត​ ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ធម្មនុ​ញ្ញ​ក្នុង​ឆ្នាំ​១៩៤៩ ដើម្បី​លើក​អំណាច​បរិ​បូណ៌​ថ្វាយ​ព្រះ​កូណា​នរោ​ត្តម​-​សីហនុ​ គឺ​ជា​ការ​ខ្ចី​ដៃ​របស់​ស្តេច​ប្រើ​ ដើម្បី​ចុះ​ហត្ថ​លេខា​ទៅ​លើ​សន្ធិ​សញ្ញា​បារាំង​-​ខ្មែរ​ ដោយ​គ្មាន​ហត្ថ​លេខា​របស់​ប្រធាន​រដ្ឋ​សភា​ ពោល​គឺ​លោក​អៀវ​-​កើស​។ នេះ​ជា​ឧបាយ​កល​របស់​យួន​ ដើម្បី​ទំលាក់​ទោស​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​ ទៅ​លើ​ស្តេច​សីហនុ​តែ​ប៉ុណ្ណោះ​។

***​ជា​បន្ទាប់​មក​ លោក​ឈាន​-​វ៉ម​ធ្វើ​រិក​ជា​អាក់​អន់​ស្រពន់​ចិត្ត​នឹង​ស្តេច​សីហនុ​ ហើយ​រត់​ទៅ​ធ្វើ​ការ​បំរើ​យួន​យៀក​កុង​ នៅ​ក្នុង​ក្រុម​ហ៊ុន​ដឹក​នាំ​ចេញ​ចូល Import Export) ដែល​ថ្ងៃ​មុខ​ទៅ​មាន​ឈ្មោះ​ថា ក្រុម​ហ៊ុន​រដ្ឋ​សូនិច​ស៊ីម (ឆ្នាំ​១៩៦៤​)​។ នៅ​ពេល​នោះ​ ក្នុង​នាម​ជា​ប្រធាន​អគ្គ​នាយក​ លោក​ឈាន​-​វ៉ម​ក៏​មាន​មុខ​មាត់​ធ្វើ​ជា​មេ​ដឹក​នាំ​ភស្តុភារ​អោយ​យៀក​កុង​ជា​ផ្លូវ​ការ​ ដោយ​សហ​ការ​ជា​មួយ​នឹង​មេ​ខ្មែរ​យៀក​មិញ​ម្នាក់​ទៀត​ឈ្មោះ ​លី-​គឹម​ហេង (ជា​អគ្គ​នាយក​សូនិច​ស៊ីម ព្រម​ទាំង​ជា​អ្នក​កាន់​ហឹប​ប្រាក់​ “សង្គម​រាស្ត្រ​និយម​” របស់​ស្តេច​សីហនុ រហូត​ដល់​មេសា​ ១៩៧៥ ខែ​រង​កម្ម​ឆ្នាំ​ព្រាត់​ប្រាស់​ (!!)​។