ការដណ្ដើមអំណាចគ្នាដ៏ធំមួយ

  ការបែកបាក់ក្នុងគណកម្មាធិការខ្មែរសាងជាតិ ភាគ១ : នៅ​ក្នុង​គណ​កម្មា​ធិការ​ខ្មែរ​សាង​ជាតិ​ ភាគ​១ នៅ​ក្រោយ​ពេល​ទ្រង់​ចន្ទ​រង្សី​ ទទួល​ភារ​កិច្ច​មក​បំផ្លិច​បំផ្លាញ​សេដ្ឋ​កិច្ច​ខ្មាំង​ បារាំង​នៅ​ចំការ​កៅ​ស៊ូ​ខេត្ត​កំពង់​ចាម​ មិន​បាន​សំរេច​ និង​បាន​ផ្តាច់​ខ្លួន​បង្កើត​គណ​កម្មា​ធិការ​ខ្មែរ​សាង​ជាតិ​ ភាគ​៤ មិន​យូរ​ប៉ុន្មាន​ លោក​ដាប​-​ឈួន​ ដែល​ជា​មេ​ទ័ព​ធំ​ពាក់​ផ្កាយ​៧​ និង​ជា​អ្នក​មាន​អំណាច​ធំ​ នៅ​អាណា​ខេត្ត​ភាគ​ខាង​ជើង​ បាន​ចុះ​ចូល​ជា​មួយ​រាជ​រដ្ឋា​ភិបាល​ព្រះ​បាទ​សម្ដេន​រោត្តម​សីហនុ​ នៅ​ខែ​កញ្ញា​ឆ្នាំ​១៩៥០ តាម​ការ​អន្ទង​​របស់​លោក​អ៊ិន​-តាំ​។ ម៉្លោះ​ហើយ នាយ​ទាហាន​រង​បន្ទាប់​ពី​គាត់​ គឺ​លោក​កៅ​-​តក់ ត្រូវ​ឡើង​ជំនួស​តំណែង​លោក​ដាប​ ឈួន​។ ប៉ុន្តែ​ កៅ តក់​ ទំនង​ជា​ចង់​បំបែក​ខ្លួន​ចេញ​ពី​លាវ​ កែវ​មុនី​ រឺ​មួយ​ក៏​ចង់​ក្តាប់​អំណាច​ក្រុម​តែ​ម្នាក់​អែង​ ថ្ងៃ​មួយ​គាត់​បាន​បង្កើត​លេស​ដោយ​យំ​សោក​ថា​រាជ​ការ​សៀម​

ដោយ​ការ​ខឹង​សម្បារ​ កៅ​ តក់​ បាន​ប្រមែ​ប្រមូល​ទ័ព​និង​អាវុធ​លាក់​បន្លំ​របស់​គាត់​ វាយ​បក​សំរុក​ទៅ​សង​សឹក​នឹង​លោក​ លាវ​ កែវ​មុនី​ ដែល​សំបុក​នៅ​អែ​នាយ​ជើង​ភ្នំ​ដង​រែក​ ត្រង់​អន្លង់​វែង​ ត្រពាំង​ប្រាសាទ​ រហូត​បែក​បាក់​ទ័ព​ខ្ចាត់​ខ្ចាយ​អស់​។ លាវ​ កែវ​មុនី​ បង្ខំ​ចិត្ត​ជិះ​សេះ​រត់​ភៀស​ខ្លួន​មក​បាត់​ដំបង​ ដោយ​កាត់​តាម​ក្រលាញ់​ ទឹក​ជោរ​, សំពៅ​លូន​, អន្លង់​សារ​, បាក់​ព្រា ​ឡើង​ទៅ​កាន់​ព្រែ​ក​ត្រប់​ ដែល​ជា​មូល​ដ្ឋាន​របស់​តាលៃ​ ជ័យ​មង្គល​ រួច​ស្ទឹង​ចាស់​ កាត់​តាម​វាល​បែក​ចាន​ ដោយ​មាន​លោក នី​ វ៉ាន់​ធី ជា​អ្នក​ស្ពាយ​ថង់​យាម​រត់​តាម​សេះ​ផង​ដែរ​។

ពេល​មក​ដល់​បាត់​ដំបង​មូល​ដ្ឋាន​ធំ​នៃ​ភាគ​៣​នៅ​ភ្នំ​បាណន់​ ដែល​គ្រប់​គ្រង​ដោយ​លោក​ អ៊ូច​ និល​ពេជ្រ​, លោក​លាវ​ កែវ មុនី​បាន​បញ្ជា​អោយ​លោក​មេ​ទ័ព​ទៅ​រួម​គ្នា​ជា​មួយ​ នឹង តាលៃ​ ជ័យ​មង្គល​ ដើម្បី​ចេញ​ច្បាំង​ទប់​ទល់​វាយ​ប្រហារ​សង​សឹក​យ៉ាង​ សង្ខើញ​របស់​កៅ​ តក់​។ ប៉ុន្តែ​ កង​កំលាំង​របស់​លោក​មេ​ទ័ព​ អ៊ូច​ ច្បាំង​ចាញ់​រួច​ដក​ខ្លួន​ថយ​ចូល​មូល​ដ្ឋាន​វិញ​។​ លាវ​ កែវ​មុនី​ គ្មាន​រំពឹង​លើ​គណ​កម្មា​ធិការ​ខ្មែរ​សាង​ជាតិ​ ភាគ​៣​នេះ​ ក៏​សំរេច​ចិត្ត​រត់​ចូល​ក្រុម​ មុដគ្គា​ហារ​បស់​ សៀវ​ ហេង​ គឺ​ក្រុម​ “ខ្មែរ​អិស្សរ​វៀត​មិញ​”​ រឺ​ “ខ្មែរ​វៀត​មិញ​” ដែល​ប្រកាន់​នយោ​បាយ​ដឹក​នាំ​តាម​របប​កុម្មុយ​និស្ត​ ក្រោម​អិទ្ធិ​ពល​របស់​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​ (1) ។ ចំនែកលោកនី វ៉ាន់ធី រត់មកចូលជាមួយទ្រង់ចន្ទរង្សីជាប់រហូតមក ព្រមទាំងបានទទួលជាអ្នកជំនិត ជាទីទុកចិត្តរបស់ទ្រង់ ។

ការបែកបាក់ផ្ទៃក្នុងគណកម្មាធិការខ្មែរសាងជាតិ ភាគ៤ នៅ​ក្នុង​រង្វង់​គណ​កម្មា​ធិការ​ខ្មែរ​សាង​ជាតិ​ លោក​ហែម ​សាវ៉ាង​ ដែល​ជា​អតីត​មេ​បញ្ជា​ការ​កង​វរ​សេនា​តូច​ម្នាក់​ដ៏​មាន​ថ្វី​​ដៃ​ ព្រម​ទាំង​ជា​អ្នក​មាន​ចំណេះ​ដឹង​គ្រាន់​បើ​ដែរ​ ក្នុង​ជួរ​ខ្មែរ​អិស្សរ​ មាន​សេច​ក្ដី​ទោ​ម្នេញ ​និង​ អិស្សា​នៅ​ក្នុង​ចិត្ត​។​ ក្រោយ​មក​ ក៏​លប​រៀប​ចំ​ផែន​ការ​ធ្វើ​គត់​ទ្រង់​ តែ​ផែន​ការ​សំងាត់​នោះ​ត្រូវ​ទ្រង់​ចន្ទ​រង្សី​ដឹង​ទាន់​ពេល​ និង​មាន​ភស្តុ​តាង​សាក្សី​ច្បាស់​លាស់​។ ម៉្លោះ​ហើយ​ទ្រង់​ក៏​ត្រូវ​បង្ខំ​ចិត្ត​កាត់​ទោស​សំលាប់​លោក​ ហែម​-​សាវ៉ាង​ តាម​វិន័យ​ក្រុម​។

ចារបុរស ស៊ាប ក្នុងក្រុមរបស់ទ្រង់ចន្ទរង្សី ចំណែក​មេ​ “ខ្មែរ​អិស្ស​រោ​ចាក់​” ម្នាក់​ទៀត​ ឈ្មោះ​លោក​ពុត​ឆាយ (2) ដែល​កំពុង​ធ្វើ​សកម្ម​ភាព​នៅ​ខេត្ត​កំពង់​ឆ្នាំង​ និង កណ្ដាល​ ភាគ​ខាង​ជើង​ ក៏​កើត​ក្តី​ច្រណែន​ឈ្នា​និស​ផង​ដែរ​ ពី​ព្រោះ​តែ​ក្រុម​របស់​គាត់​តែង​ទទួល​ការ​រំខាន​ និង រា​រាំង​ដោយ​ការ​វាយ​ប្រហារ​របស់​ក្រុម​ទ្រង់​ចន្ទ​រង្សី​ ជា​ពិសេស​នៅ​តំបន់​ស្រះ​ឃ្លាំង​ អង្គ​ខ្មៅ ​នៃ​ស្រុក​សំរោង​ទង​ និង​ អុដ្តុង្គ​សព្វ​ថ្ងៃ​នេះ​។​ គាត់​បាន​បញ្ជា​អោយ​មេ​ទ័ព​ដ៏​ល្បី​ម្នាក់​ឈ្មោះ​ ស៊ាប​ ព្រម​ជា​មួយ​កូន​ចៅ​ជា​បក្ស​ពួក​ប្រហែល​៣០​នាក់​ មក​ចុះ​ចូល​ជា​មួយ​ទ្រង់​ចន្ទ ​រង្សី​។ ស៊ាប​ ជា​មនុស្ស​សម្បុរ​ខ្មៅ ​មាឌ​ក្រអាញ​ ចូល​ចិត្ត​ស្លៀក​តែ​ខោ​ខុង​ម៉ូវ​ លែង​ខ្លួន​ទទេ​ ដើម្បី​អោយ​គេ​ឃើញ​ខ្សែ​ក​តេជៈ​ បន្តោង​រូប​ព្រះ​គោ​ ដាំ​ពេជ្រ​គ្រាប់​ធំ​ៗ​ របស់​គាត់​​ដែល​ពាក់​នៅ​ក​។ គាត់​ជា​មេ​ទ័ព​ដ៏​ក្លា​ហាន​ ដែល​ជា​និច្ច​ជា​កាល​នាំ​មុខ​ទ័ព​ ប្រយុទ្ធ​យ៉ាង​អង់​អាច​ហាក់​ដូច​ជា​មិន​ខ្លាច​ស្លាប់​។ ម៉្លោះ​ហើយ​ការ​ធ្វើ​ជា​ចុះ​ចូល​របស់​គាត់​ជា​មួយ​ទ្រង់​ចន្ទ​រង្សី​ បាន​ជួយ​ជំរុញ​ ការ​ប្រយុទ្ធ​វាត​តំបន់​ត្រួត​ត្រា​របស់​ទ្រង់​ អោយ​កាន់​តែ​ធំ​ឡើង​។ ស៊ាប​ តែង​តែ​នាំ​ភរិយា​ទាំង​ពីរ​នាក់​ (ម្នាក់​ជាតិ​ខ្មែរ​ ម្នាក់​ទៀត​យួន​) របស់​គាត់​ ដើរ​ធ្វើ​សង្គ្រាម​គ្រប់​ច្រក​ល្ហក​។

ទ្រង់​មាន​ចិត្ត​អាណិត​អាសូរ​ “ស៊ាប”​ ដែល​បាន​ខិត​ខំ​ច្បាំង​ឈ្នះ​ជា​ច្រើន​សមរ​ភូមិ​ ពិត​ជា​មាន​ការ​នឿយ​ហត់​ច្រើន​ ទើប​បញ្ជា​អោយ​អ្នក​នាំ​សារ​ទៅ​ហៅ​ត្រលប់​ពី​ខេត្ត​កោះ​កុង​មក​ក្រោយ​វិញ​ ហើយ​គាត់​បាន​ស្នាក់​នៅ​ភូមិ​ក្រាំង​ម្កាក់​ ដើម្បី​ឈប់​សំរាក​ពី​ចំបាំង​មួយ​រយ​។ នៅ​ពេល​ដែល​ទ្រង់​ចន្ទរង្សី​ កាន់​តែ​ពេញ​ចិត្ត​ចំពោះ​ស្នា​ដៃ និង​វិរ​ភាព​របស់​គាត់​កាន់​តែ​ខ្លាំង​ឡើង​នោះ​ ជា​ចៃ​ដន្យ​ថ្ងៃមួយ​ យុទ្ធ​ជន​របស់​ទ្រង់​បាន​ទទួល​សំបុត្រ​មួយ​ដែល ពុត​ ឆាយ ផ្ញើ​អោយ​ ស៊ាប​ ដោយ​តឿន​អោយ ​ស៊ាប​ ប្រញាប់​ចាត់​​ការ​សំលាប់​ទ្រង់​ចន្ទ​រង្សី​ ដូច​បាន​គ្រោង​ទុក​។ ស៊ាប មិន​បាន​ដឹង​ខ្លួន​ថា​ អុបាយ​កល​របស់​ខ្លួន​ត្រូវ​បែក​ការណ៍​នោះ​ឡើយ​។ រឿង​នេះ​កើត​ឡើង​ក្រោយ​ពេល​គាត់​ត្រលប់​ពី​សម​រ​ភូមិ​មុខ​តាម​បញ្ជា​ទ្រង់​ ហើយ​គាត់​កំពុង​ជប់​លៀង​យុទ្ធ​មិត្ត​ចំនួន​៧​យប់​៧​ថ្ងៃ​ នៅ​ភូមិ​ក្រាំង​ម្កាក់​ ក្នុង​ស្រុក​ច្បារ​មន​ (3) ដើម្បី​អប​អរ​សា​ទរ​ជ័យ​ជំនះ​របស់​គាត់​។ ដោយ​មិន​បាន​ដឹង​ថា ទ្រង់​ចន្ទ​រង្សី​កំពុង​ រៀប​ជើង​ព្រួល​ដើម្បី​កំចាត់​ខ្លួន​ឡើយ​។ ទ្រង់​បាន​ជ្រើស​អ្នក​ប្រយុទ្ធ​ ដោយ​សំរិត​សំរាំង​តែ​កូន​ចៅ​ណា​ ដែល​ធ្លាប់​មាន​ស្នា​ដៃ​​ល្អ​ក្នុង​ការ​ប្រយុទ្ធ​កន្លង​មក​។ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​អ្នក​ទាំង​អស់​នៅ​តែ​ញញើត​ដែរ​ នៅ​ពេល​លឺ​ថា​ត្រូវ​ទៅ​កំចាត់​ស៊ាប​។ ពីព្រោះ​ពួក​គេ​ធ្លាប់​ឃើញ​តេជ​ដៃ​របស់​គាត់​គ្រប់​ៗ​គ្នា​ហើយ​។​

អ្នក​ទទួល​ភារ​កិច្ច​កំចាត់​ស៊ាប​ បាន​នាំ​​គ្នា​ព័ទ្ធ​ទី​​កន្លែង​ស៊ាប​ជប់​លៀង​ចំនួន​៣​ជាន់​ នៅ​ពេល​យប់​ បន្ទាប់​ពី​ពួក​នោះ​ស៊ី​ផឹក​ស្រវឹង​ដេក​លក់​គ្រប់​គ្នា​។​ ស៊ាប​ ជា​មនុស្ស​ចេះ​ប្រយ័ត្ន​ប្រយែង​គ្រាន់​បើ​ គាត់​ដេក​នៅ​លើ​ផ្ទះ​ខ្ពស់​មួយ​ ហើយ​បើ​ទុក​ជា​កូន​ចៅ ស្ទើរ​តែ​ទាំង​អស់​ស្រវឹង​ជោគ​ខ្លួន​ទៅ​ហើយ​ក្តី​ ក៏​គាត់​នៅ​ចុះ​ពី​លើ​ផ្ទះ​ទៅ​ដាស់​តឿន​អោយ​ពួក​នោះ​ក្រោក​យាម​រវាំង​ និង​បាន​ចាត់​ម្នាក់​អោយ​មក​អង្គុយ​យាម​នៅ​លើ​កាំ​ជណ្តើរ​។ តែ​ដោយ​សារ​ពួក​នោះ​ស្រវឹង​ស្រា​ជោគ​ខ្លួន​ទៅ​ហើយ​នោះ​ ពួក​គេ​នៅ​​តែ​ដេក​លក់​ទាំង​កំពុង​អង្គុយ​ដដែល​។ ទើប​លោក​ សុក​សេង​ រឿង​មុនី​ និង​លោក​នី វ៉ាន់​ធី ​មាន​អោកាស​ចូល​ទៅ​លប​នៅ​ខាង​ក្រោយ​ផ្ទះ​ដែល​ស៊ាប​ដេក​។

ប្រហែល​ដោយ​សារ​ក្តី​តក់​ស្លុត​រញី​រញ័រ​ក៏​មិន​ដឹង​ យុទ្ធ​ជន​ម្នាក់​ដែល​បាន​ចូល​រួម​ព័ទ្ធ​សំលាប់​ស៊ាប​ បាន​ធ្វើ​អោយ​រាល​កៃ​កាំ​ភ្លើង​ផ្ទុះ​ឡើង​ ធ្វើ​អោយ​ស៊ាប​ស្រែក​ឆោ​ឡោ​បញ្ជា​កូន​ចៅ​ប្រយុទ្ធ​ ចំណែក​គាត់​ស្ទុះ​លោត​ចុះ​ពី​លើ​ផ្ទះ​ភ្លាម​ជា​មួយ​កាំ​ភ្លើង​យន្ត​ បង់​ង​ពី​លើ ហើយ​បាញ់​រះ​ធ្វើ​អោយ​អ្នក​ព័ទ្ធ​ចាប់​ភ័យ​តក់​ស្លុត​លោះ​ព្រ​លឹង​អស់​។ អ្នក​លប​ចាំ​ក្រោម​ផ្ទះ​ទាំង​ពីរ​នាក់​ មាន​អោ​កាស​លួច​បាញ់​ ស៊ាប​ ពី​ក្រោយ​ខ្នង​ហើយ​ ក៏​មិន​អាច​ធ្វើ​អ្វី​ស៊ាប​បាន​ ព្រោះ​កាំ​ភ្លើង​របស់​ពួក​គេ​បាញ់​មិន​ផ្ទុះ​ ទោះ​បី​គេបាញ់​ គ្រាប់​ទី​២​ ទី​៣​ក្តី​។ ទី​បញ្ចប់​ ស៊ាប​បាញ់​បើក​ផ្លូវ​រំដោះ​ខ្លួន​, ប្រពន្ធ​យួន​និង​កូន​ទាហាន​មួយ​ចំនួន​ចេញ​ពី​ការ​ឡោម​ព័ទ្ធ​ដោយ​សុវត្ថិ​ភាព​ ព្រោះ​អ្នក​ព័ទ្ធ​ទាំង​នោះ​មិន​ហ៊ាន​ខ្ទប់​ផ្លូវ មិន​អោយ ​ស៊ាប​ រត់​។ កូន​ចៅ​ជា​ច្រើន​នាក់​របស់​គាត់​ដែល​សល់​ពី​ស្លាប់​ និង​ ភរិយា​ជន​ជាតិ​ខ្មែរ​របស់​គាត់​ត្រូវ​ចាប់​ខ្លួន​បាន​ ហើយ​ខ្សែ​ក​តេជៈ​ស័ក្តិ​សិទ្ធិ​ក៏​ត្រូវ​រឹប​យក​ ព្រោះ​គាត់​ប្រមូល​តាម​ខ្លួន​មិន​ទាន់​។ ដូច្នេះ​ប្រតិ​បត្តិ​ការ​កំ​ចាត់​ ស៊ាប​ របស់​ទ្រង់​ចន្ទ​រង្សី​ទទួល​បាន​លទ្ធ​ផល​ជោគ​ជ័យ​ បើ​ទុក​ជា​សំលាប់​រឺ​ចាប់​ខ្លួន​គាត់​មិនបាន​ក៏​ដោយ​។​

៦- ប្រជាចលនាអិស្សររួមខ្មែរបំរើជាតិ
នៅ​ថ្ងៃ​ទី​២៩ តុលា ១៩៥១, លោក​សឺង​ ង៉ុក​ថាញ់​បាន​វិល​ត្រលប់​មក​ដល់​ភ្នំ​ពេញ​វិញ បន្ទាប់​ពី​ត្រូវ​បារាំង​ចាប់​និរ​ទេស​ខ្លួន​ ទៅ​ស្រុក​បារាំង​ (4) កាល​ពី​ឆ្នាំ​១៩៤៥​។ ក្រោយ​ពី​បាន​ជួប​ប្រជុំ​គ្នា​ជា​មួយ​អតីត​អ្នក​ស្ម័គ្រ​បក្ស​ពួក​ និង​ធ្វើ​សន្និ​សិទ​លៀង​សាយ​ភោជន៍​មួយ​នៅ​ភោជ​នីយដ្ឋាន​ កុក​ម៉េង​ គាត់​បាន​រត់​ចូល​ព្រៃ​នៅ​អែ​នាយ​ជើង​ភ្នំ​ដង​រែក​ ដើម្បី​ធ្វើ​ការ​បង្រួប​បង្រួម​ក្រុម​អិស្សរ​ដែល​បាន​បែក​បាក់​គ្នា​ជា​ថ្មី​ម្តង​ទៀត​ ដោយ​យក​ក្រុម​របស់​លោក​កៅ តក់​ ធ្វើ​ជា​មូល​ដ្ឋាន​បង្អែក​។​ លើក​នេះ​ក្រុម​ខ្មែរ​អិស្សរ​នេះ​ដាក់​ឈ្មោះ​ខ្លួន​ថា “ប្រជា​ចលនា​អិស្សរ​រួម​ខ្មែរ​បំរើ​ជាតិ​”​។ ជន​សំខាន់​ៗ ដែល​បាន​ចូល​រួម​ក្នុង​ចលនា​នេះ​​មាន​៖​
- សឺង ង៉ុកថាញ់,
- កៅ តក់,
- អៀ ស៊ីចូវ,
- ហង្ស ធុនហាក់,
- គាំ រ៉េត,
- អ៊ីវ យ៉ាង,
- ឡឹក សំអឿន (រហស្សនាម ផ្កាយព្រឹក,
- ដួង ចាន់​សា​រ៉ាត់​ (អតីត​នាយ​ទាហាន​ក្នុង​រាជ​រដ្ឋា​ភិបាល​ បាន​នាំ​ទៅ​ចុះ​ចូល​ជា​មួយ​សឺង​ ង៉ុក​ថាញ់​ នូវ​ទាហាន​រាជ​រដ្ឋា​ភិបាល​ជា​កូន​ចៅ​ក្រោម​បង្គាប់​ខ្លួន​ផង​ដែរ​) រួម​ជា​មួយ​ក្រុម​ខ្មែរ​អិស្សរ​ស្វយ័ត​បី​រូប​ទៀត​គឺ​ ទ្រង់ ​ចន្ទ​រង្សី​, សាវ៉ាង​វង្ស​ ​ពីរ​នាក់​នេះ​គ្រាន់​ស្ម័គ្រ​ចិត្ត​ស្តាប់​តាម​បញ្ជា​របស់​សឺង​ ង៉ុក​ថាញ់​ តែ​ពួក​គាត់​នៅ​តែ​បន្ត​គ្រប់​ គ្រង​កូន​ចៅ​ និង​ដែន​ដី​តាម​រូប​ភាព​ស្វយ័ត​ដដែល​​, និង​ ងួន​-ហុង​ ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ បាន​នាំ​ទាំង​កូន​ចៅ​ទៅ​ចុះ​ចូល​ជា​មួយ​សឺង​ ង៉ុក​ថាញ់​តែម្តង​។ ដូច្នេះ​គេ​អាច​រាប់​បាន​ថា​ នេះ​ជា​ដំណាក់​កាល​របត់​ថ្មី​១​ទៀត​របស់​អ្នក​តស៊ូ​ ដែល​ហៅ​ខ្លួន​អែង​ថា “ខ្មែរ​អិស្សរ​” ហើយ​ដែល​គេ​អាច​ចាត់​ថា​ ជា​“ចលនា​តស៊ូ​ខ្មែរ​អិស្សរ​ជំនាន់​ទី​៤​” ដែល​មេ​ដឹក​នាំ​ជា​មនុស្ស​ដដែល​ គឺ​មេ​ដឹក​នាំ ​“​ខ្មែរ​អិស្សរ​ជំនាន់​ទី​១​”​។
(1) : នៅសន្និ​សិទ​ហ្សឺ​ណែវ​ លាវ​ កែវ​មុនី​ មាន​ឈ្មោះ​ជា​ កែវ ​មុនី​ ដែល​ប្រតិ​ភូ​វៀត​មិញ​នាំ​យក​ទៅ​ជា​មួយ​នឹង​ ម៉ី​ ផូ​ ដើម្បី​ធ្វើ​ជា​តំណាង​ក្រុម​ខ្មែរ​វៀត​មិញ​។ នៅ​ក្រោយ​ពេល​សន្និ​សិទ ​គាត់​បាន​ដក​ថយ​ទៅ​នៅ​ប្រទេស​វៀត​ណាម​។ រហូត​មក​ដល់​អំលុង​របប​សាធា​រណ​រដ្ឋ​ខ្មែរ​ គាត់​បាន​ដឹក​នាំ​ទ័ព​វៀត​កុង​មួយ​កង​វរសេនា​ មក​បោះ​ទី​តាំង​នៅ​ម្តុំ​ប្រាសាទ​អង្គរ​វត្ត​ ដែល​ពេល​នោះ​អ្នក​ស្រុក​ស្គាល់​ តែ​រហស្ស​នាម​គាត់​ថា “តា​ខ្មៅ​”​។ ចុង​ក្រោយ​បំផុត​ គាត់​បាន​ស្លាប់​នៅ​លើ​ទឹក​ដី “​មោង​” ដែល​ជា​ស្រុក​កំនើត​របស់​គាត់​វិញ​ ក្នុង​របប​ខ្មែរ​ក្រហម​ប៉ុល​​ពត​។ នៅ​របប​សាធា​រណ​រដ្ឋ​ប្រជា​មានិត​កម្ពុជា​ គាត់​បាន​ទទួល​កិត្តិ​យស​ជា​បុព្វ​វរ​ជន​នៃ​បក្ស​ប្រជា​ជន​បដិ​វត្តន៍​កម្ពុជា​ ដូច​ដែល​គេ​បាន​ឃើញ​ឈ្មោះ​មហា​វិថី​មួយ​ថា “មហា​វិធី​កែវ​មុនី​” ដែល​ត្រូវ​នឹង​មហា​វិធី​ម៉ៅ​សេ​ទុង​សព្វ​ថ្ងៃ​ ហើយ​ក្រុម​ គ្រួសារ​គាត់​បាន​ទទួល​នូវ​ការ​អុប​ត្ថម្ភ​ពី​សំណាក់​ គណបក្ស​ប្រជា​ជន​។
(2) : ក្រុម​របស់​គាត់​មាន​ថ្វី​ដៃ​ប្រយុទ្ធ​ល្អ និង​មាន​អំណាច​ខ្លាំង​គ្រាន់​បើ តែ​គ្មាន​ការ​បែង​ចែក​រចនា​សម្ព័ន្ធ​ រឺ ដាក់​ឈ្មោះ​ជា​ផ្លូវ​ការ​អ្វី​ឡើយ​។ តាម​ការ​ពិត​ទៅ​ក្រុម​របស់​គាត់​មាន​ឈ្មោះ​បោះ​សំលេង​ដោយ​សារ​ “ស៊ាប” ដែល​ជា​មនុស្ស​មាន​ថ្វី​ដៃប្រ​យុទ្ធ​ដ៏​ខ្លាំង​ក្លា ក្រុម​ខ្មែរ​អិស្សរ​ត្រឹម​ត្រូវ​ជា​ច្រើន​ក្រុម​ រួម​ទាំង​ពួក​វៀត​មិញ​ផង​ ធ្លាប់​ខ្លាច​រអារ​មិន​សូវ​ហ៊ាន​ពើប​ប្រយុទ្ធ​ជា​មួយ​ ស៊ាប​ ឡើយ​។
(3) : ខាងលិចអនាគតបន្ទាយច្បារមនរបស់ទ្រង់ចន្ទរង្សី នៅពេលចុះចូលជាមួយរដ្ឋាភិបាល ។
(4) : Cf., Raoul M. Jennar, op. cit., p. 55