ការប្រយុទ្ធលើកដំបូង

នៅ​ពេល​កំលាំង​កង​ទ័ព​អិស្សរ​កាន់​តែ​ចំរើន​ និង​បំពាក់​អា​វុធ​ទំនើប​បាន​ច្រើន​ហើយ​នោះ​ មេ​ក្រុម​អិស្សរ​បាន​ពិភាក្សា​គ្នា កំនត់​ទី​ដៅ​នៃការ​វាយ​ប្រហារ​មួយ​ជា​លើក​ដំបូង​។ ពួក​គេ​បាន​យល់​ស្រប​គ្នា​ធ្វើ​ការ​វាយ​ប្រហារ​លើ​រដ្ឋ​អំណាច​បារាំង​នៅ​ខេត្ត​សៀម​រាប​ នា​ថ្ងៃ​ទី​០៧​ សីហា ​ឆ្នាំ១៩៤៦ (1) ។ កង​ទ័ព​អិស្សរ​ដែល​ក្នុង​មួយ​កង​ៗ​ មាន​កាំ​ភ្លើង​ប្រមាណ​តែ​៤​ដើម​ ក្រៅ​ពី​នោះ​កង​ទ័ព​មាន​កាន់​តែ​ដាវ​ បាន​បំបែក​ផ្លូវ​គ្នា​ធ្វើ​ដំនើរ​ពី​ខេត្ត​បាត់​ដំបង​ ទៅ​កាន់​ទិស​ដៅ​ជួប​គ្នា​មួយ​នៅ​ស្រុក​ក្រលាញ់​ទឹក​ជោរ​។ ក្រុម​ដាប​ឈួន​ទៅ​តាម​ផ្លូវ​គោក​កាត់​តាម​សិរី​សោ​ភ័ណ​ ដែល​ពេល​នោះ​សៀម​ហៅ​ថា​ស្វាយ​ស៊ី​សុផុន​ ដូច​ដែល​លោក​ប៊ុណ្ណ-ចន្ទ​ម៉ុល​បាន​រៀប​រាប់​រួច​ហើយ​។ ចំនែក​ក្រុម​ទ្រង់​ចន្ទ​រង្សី​ ធ្វើ​ដំនើរ​តាម​មាត់​បឹង​ទន្លេ​សាប​ កាត់​តាម​បាក់​ព្រា​, ក្បាល​គោ​, ឡើង​ទៅ​អន្លង់​សារ​ ចាក់​ទៅ​សំពៅ​លូន​ តំរង់​ទៅ​ក្រលាញ់​​ទឹក​ជោរ​ ដើម្បី​ទៅ​ប្រជុំ​ទ័ព​រៀប​ផែន​ការ​ប្រយុទ្ធ​នៅ​ទី​នោះ​។

ក្នុង​ការ​វាយ​ប្រហារ​ គេ​បាន​ចែក​គ្នា​ជា​ច្រើន​ក្រុម​តាម​មុខ​សញ្ញា​រៀង​ៗ​ខ្លួន​។ ក្រុម​មួយ​ត្រូវ​វាយ​ប្រហារ​សាលា​ស្រុក​ពួក​ និង​មួយ​ក្រុម​ធំ​ទៀត​ត្រូវ​វាយ​ប្រហារ​ក្រុង​សៀម​រាប​។ ចំពោះ​ក្រុម​របស់​ទ្រង់​ចន្ទ​រង្សី​ មិន​ដឹង​វាយ​ប្រហារ​លើ​គោល​ដៅ​ណា​មួយ​ក្នុង​ចំណាម​ទាំង​ប្រាំ(2)​ នៅ​ក្រុង​សៀម​រាប​គឺ​៖
ទី១ - វាយសណ្ឋាគារខេត្ត ដែលដឹកនាំដោយហែម សាវ៉ាង និងហែម សាវ៉ាត,
ទី២ - វាយបន្ទាយទាហានជើងខ្មៅ
ទី៣ - វាយប៉ុស្តិ៍ប្រៃ៍សណីយ៍៍-ផ្តាច់វិទ្យុទាក់ទង,
ទី៤ - វាយពន្ធនាគាររំដោះអ្នកទោស, និង
ទី៥ - វាយផ្ទះគិញ តម្រួតខេត្ត និងផ្ទះគយ ដែលដឹកនាំដោយក្រុមលោកដាប ឈួន ។

    ហែម​-​សាវ៉ាត​ បាន​ត្រូវ​គ្រាប់​ស្លាប់​នៅ​សណ្ឋា​គារ​ខេត្ត​ ហើយ​នាយ​ទាហាន​បារាំង​៦​នាក់​ ក៏​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រយុទ្ធគ្នា​នោះ​ដែរ​(3)​។ ចំណែក​ក្រុម​លោក​ដាប​ឈួន​ទទួល​បាន​ជយ​ភ័ណ្ឌ​យ៉ាង​ច្រើន​ជាង​គេ​ ព្រោះ​វាយ​ប្រហារ​យក​បាន​ចំ​ឃ្លាំង​កាំ​ភ្លើង​និង​ប្រាក់​។ ក្រោយ​ពី​វាយ​ប្រហារ​ប្រ​កប​ដោយ​ជោគ​ជ័យ​ ពួក​គេ​បាន​ដក​ថយ​យ៉ាង​ប្រញាប់​ ព្រោះ​ត្រូវ​ទាហាន​បារាំង​វាយ​ បក​យ៉ាង​សង្ខុញ​តប​វិញ​។ ម៉្លោះ​ហើយ​ក្រុម​ធំ​របស់​គេ​ត្រូវ​បែក​ខ្ញែក​គ្នា ក្រុម​របស់​ទ្រង់​ចន្ទ​រង្សី​ត្រូវ​ធ្វើ​ដំណើរ​ត្រលប់​មក​ខេត្ត​បាត់​ដំបង​វិញ​ តាម​ផ្លូវ​ដែល​បាន​ទៅ​ គឺ​នៅ​ព្រៃ​ជាយ​ទំនាប​បឹង​ទន្លេ​សាប​។ រី​អែ​ក្រុម​ដែល​ប្រមូល​គ្នា​នៅ​សល់​បាន​ច្រើន​ជាង​គេ​ មិន​បាន​ត្រលប់​មក​បាត់​ដំបង​វិញ​ឡើយ​។ ពួក​គេ​ដក​ថយ​ទៅ​ទិស​ខាង​ជើង​ ទៅ​កាន់​តំបន់​ភ្នំ​គូ​លែន​ ដែល​ក្រុម​នោះ​ ដឹក​នាំ​ដោយ​លោក​ដាប​ឈួន​។

រី​អែ​ក្រុម​ដែល​ត្រលប់​មក​បាត់​ដំបង​ គ្រាន់​តែ​មក​ដល់​ភ្លាម​ រាជ​ការ​សៀម​បាន​ចាប់​រឹប​អូស​និង​ដក​ហូត​យក​អាវុធ​ និង​ជយ​ភ័ណ្ឌ​ទាំង​អស់​។ ម៉្យាង​ទៀត​ ប៉ុន្មាន​ខែ​បន្ទាប់​ពី​នោះ​ ជា​ពេល​ដែល​បារាំង​បាន​ទាម​ទារ​យក​ពី​សៀម​វិញ​ នូវ​ទឹក​ដី​ខេត្ត​បាត់​ដំបង​ សៀម​រាប​កំពង់​ធំ និង​ស្ទឹង​ត្រែង​ (4)ពួក​សមា​ជិក​តស៊ូ​ខ្មែរ​អិស្សរ​ ត្រូវ​សៀម​បំភ័យ​ថា​ តែ​កាល​ណា​បារាំង​ត្រលប់​មក​ត្រួត​ខេត្ត​បាត់​ដំបង​វិញ​ អតីត​ខ្មែរ​អិស្សរ​ទាំង​អស់​នឹង​ត្រូវ​បារាំង​ចាប់​អារ​ក​សំលាប់​ចោល​អស់​ រួច​កាត់​ក្បាល​ដោត​ទុក​ជា​បំរាម​​មិន​ខាន​។ ដោយ​ការ​ព្រួយ​បារម្ភ​អំពី​ជោគ​វាសនា​អនា​គត​របស់​ខ្លួន​ អញ្ចឹង​ហើយ​ទើប​មនុស្ស​សំខាន់​ៗ​នៃ​ក្រុម​នេះ​រួម​ទាំង​ទ្រង់​ចន្ទ​រង្សី​ផង​នោះ​ នាំ​គ្នា​រត់​ឡើង​រថ​ភ្លើង​ដក​ថយ​ទៅ​នៅ​ទី​ស្នាក់​មួយ​ទៀត​នៅ​ស្រុក​អារញ្ញ​ ទន្ទឹម​គ្នា​នឹង​ការ​ដក​ថយ​របស់​អ្នក​រាជ​​ការ​សៀម​នៅ​ចុង​ឆ្នាំ​១៩៤៦​។

នៅ​ពេល​ក្រុម​អិស្សរ​ធ្វើ​ដំណើរ​មក​ដល់​អារញ្ញ​ សៀម​បាន​ចាប់​មេ​អិស្សរ​ ជា​ពិសេស​លោក​រស់​ យឺន​ និង​លោក​បូរិន​ ជា​ភូឈួយ​​យក​ទៅ​សំលាប់​ចោល​នៅ​តា​ប្រ​យ៉ា ​ក្បែរ​ប៉ោយ​ប៉ែត​។ ឃើញ​ដូច្នោះ​ អ្នក​តស៊ូ​ជា​ច្រើន​មាន​ការ​ខ្លាច​ញញើត​ ទើប​រត់​បន្ត​ទៅ​សុរិន​ ហើយ​មាន​អ្នក​ខ្លះ​បាន​ហួស​ទៅ​បាង​កក​។ ចំណែក​អាចារ្យ​ទុំ​ បាន​រត់​រួច​ខ្លួន​ នាំ​ទាំង​ទ័ព​រាប់​រយ​នាក់​ទៅ​បោះ​ទី​តាំង​នៅ​តំបន់​ថ្ម​ពួក​។ អ្នក​ទៅ​ខេត្ត​សុរិន​បាន​ស្នាក់​នៅ​ផ្ទះ​របស់​ ម៉ែ​មួន​​ដែល​ជា​ទី​ស្នាក់​ការ​ “សមាគម​ខ្មែរ​អិស្សរ​” និង​ជា​កន្លែង​សំរាប់​ទំនាក់​ទំនង​រវាង​ក្រុម​ខ្មែរ​អិស្សរ​នៅ​ជួរ​ភ្នំដង​រែក​ និង​ពួក​នៅ​បាងកក​។ នៅ​ពេល​ទៅ​ដល់​នេះ​ បុគ្គលណាម្នាក់ធ្លាប់​ជា​កង​ទ័ព​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ចូល​នៅ​ក្នុង​ជួរ​កង​ទ័ព​វិញ​ ចំណែក​អ្នក​ណា​ធ្វើ​កិច្ច​ការ​ងារ​ស៊ីវិល​ ត្រូវ​គេ​បញ្ចូល​ខាង​ផ្នែក​ស៊ីវិល​។ ម៉្លោះ​ហើយ​ ទ្រង់​ចន្ទ​រង្សី​ត្រូវ​គេ​ទទួល​អោយ​ធ្វើ​ជា​មេ​ក្រុម​វិញ​ ដែល​ស្មើ​នឹង​មេ​បញ្ជា​ការ​កង​វរ​សេនា​តូច​មួយ​។​ ចំណែក​កូន​ចៅ​ និង មេ​ក្រុម​តូច​តាច​ដទៃ​ទៀត​ដែល​មិន​បាន​រត់​ទៅ​សៀម​ បាន​នាំ​គ្នា​ដក​ថយ​ពី​តំ​បន់​ទី​ប្រជុំ​ជន​មក​តំបន់​ជន​បទ​ វិញ​ ដូច​ជា​ទៅ​នៅ​តំបន់​អំពិល​ប្រាំ​ដើម​, បវេល​, ស្រី​ស្នំ​, គូលែន​ និង​ជើង​ភ្នំ​ដង​រែក​។

គណកម្មាធិការខ្មែរកសាងជាតិ
៤- គណកម្មាធិការខ្មែរកសាងជាតិ ក្រុម​លោក​ដាប​-​ឈួន​ (រួម​មាន​លោក​សារូ​) ក្រោយ​ពី​ប្រមូល​ផ្តំ​គ្នា​វិញ​ នៅ​តំបន់​ភ្នំ​គូ​លែន​-​ត្បែង​ បាន​បង្រួប​បង្រួម​ក្រុម​ សារ​ជា​ថ្មី និង​វាត​អាណា​ខេត្ត​របស់​ខ្លួន​ទៅ​ដល់​ជាយ​ដែន​ខ្មែរ​-​សៀម​ ជាប់​ខាង​ត្បូង​ខេត្ត​សុរិន​។ ក្រោយ​មក​ក៏​បើក​ការ​ប្រជុំ​ធំ​មួយ​ នៅ​ថ្ងៃ​ទី​១ កុម្ភៈ ១៩៤៨​(5) ដើម្បី​បង្កើត​ក្បាល​ម៉ា​ស៊ីន​មជ្ឈឹម​ដឹក​នាំ​ចលនា​ខ្មែរ​អិស្សរ​​ក្នុង​ទ្រង់​ទ្រាយ​ធំ ដោយ​ដាក់​ឈ្មោះ​ថា “គណ​កម្មា​ធិការ​ខ្មែរ​សាង​ជាតិ​” (ភាគ១)​​។ ការ​បង្កើត​ក្រុម​លើក​នេះ​ កាន់​តែ​មាន​លក្ខណៈ​រីក​ចំរើន​ជាង​មុន​ បើ​ពិនិត្យ​មើល​រចនា​សម្ពន្ធ​គ្រប់​គ្រង​អំណាច​ ដែល​គេ​បាន​បង្កើត​ឡើង​ក្នុង​រូប​ភាព​ប្រហាក់​ប្រហែល​នឹង​រដ្ឋា​ភិបាល​តស៊ូ​អនិ​យ័ត​មួយ​ ប្រកប​ដោយ​បទ​ពិសោធន៍​កាន់​តែ​ប្រសើរ​ហើយ​ដែល​គេ​អាច​ចាត់​ទុក​ថា​ជា “ចលនា​តស៊ូ​ខ្មែរ​អិស្សរ​ជំនាន់​ទី៣​”​។​

បើ​តាម​លោក​នី-​វ៉ាន់​ធី​, គណ​កម្មា​ធិការ​នេះ​មាន​ការ​ទាក់​ទង​គ្នា​ជា​មួយ​ក្រុម​វៀត​មិញ​របស់​វៀត​ណាម​ខាង​ជើង​។ ពី​ព្រោះ​មេ​ក្រុម​វៀត​មិញ​ គឺ​ហូ-ជី​មិញ​ធ្លាប់​បាន​អញ្ជើញ​ថ្នាក់​ដឹក​នាំ​នៃ​ក្រុម​នេះ​ ទៅ​ប្រជុំ​គ្នា​នៅ​ណាម​បូ នៃ​ប្រទេស​វៀត​ណាម​ជា​ញឹក​ញាប់​ ដែល​ការ​ប្រជុំ​ជា​ច្រើន​លើក​ដំបូង​ ក្រុម​ខ្មែរ​អិស្សរ​បាន​បញ្ជូន​អ្នក​តំណាង​ឈ្មោះ​ម៉ែ​មួន​ និង​អាចារ្យ​ដួង​ អោយ​ទៅ​ចូល​រួម​។ ក្រោយ​មក​ទៀត​ ទើប​បន្ថែម​លោក​លាវ​ កែវ​មុនី​ និង​ម៉ី ផូ​ (6)អោយ​ទៅ​តំណាង គឺ​ពីរ​នាក់​ក្រោយ​នេះ​ហើយ​ដែល​តម​កទៀត​បាន​ក្លាយ​ជា​មនុស្ស​ស្និទ្ធ​ នឹង​ក្រុម​វៀត​មិញ​របស់​ហូ​-​ជីមិញ​ និង​សហការ​ជា​មួយ​ពួក មុដត្ថា​ហា ​របស់​លោក​សឺង​ ង៉ុក​មិញ​, សៀវ​ ហេង​, ទូ​ សាមុត​ (​ខ្មែរ​អិស្សរ​វៀត​មិញ​) នៅ​តំបន់​ពា​យព្យ​ទិស​នៃ​ប្រទេស​។

សមាសភាពគណកម្មាធិការខ្មែរកសាងជាតិ (ភាគ១) មាន
១ -លោក លាវកែវមុនី ជាប្រធានគណ
២ -លោក ដាប ឈួន ជា​អធិប​តី​ក្រសួង​កង​ទ័ព​ និង​ជា​មេ​បញ្ជា​ការ​ជាន់​ខ្ពស់​ឋានន្តរ​ស័ក្តិ​ចុង​ក្រោយ​បង្អស់​ពាក់​ផ្កាយ​៧​
៣ -លោក កៅ តក់ ជាមេបញ្ជាការរង និងជាអ្នកទាក់ទងទិញអាវុធពីសៀម
៤ -លោកម៉ី ផូ (ធ្លាប់រៀននៅសាលាសាសលុឡូបា) ជាអធិបតីក្រសួងឃោសនាការ (7)
៥ -លោក មហាឆាន់ (អតីតមហា៧ប្រយោគ) ជាអធិបតីខាងក្រសួងមហាផ្ទៃ
៦ -លោក លឹម ឃឹម ជាអធិបតីក្រសួងហិរញ្ញវត្ថុ (នៅជាមួយយាយម៉ែមួន)
៧ -អាចារ្យ ឆូយ ជាអធិបតីក្រសួងឃ្លាំង
៨ -យាយ ម៉ែមួន (8)ជាទីប្រឹក្សានៃគណកម្មាធិការ រឺប្រធានគណ
៩ -អាចារ្យ ដួង ជាទីប្រឹក្សានៃគណកម្មាធិការ

ដើម្បី​សន្តិ​ភាព​ នា​សន្និ​សិទ​ហ្សឺ​ណែវ​ឆ្នាំ​១៩៥៤​ដែរ​។ ផាំ ​វ៉ាន់​ដុង​បាន​ទាម​ទារ​យ៉ាង​សកម្ម អោយ​អង្គ​សន្និ​សិទ​ទទួល​យក​ ភាគី​ខ្មែរ​វៀត​មិញ​ចូល​រួម​ប្រជុំ​ តែ​ដោយ​សារ​ចិន​មិន​បាន​គាំ​ទ្រ​តាម​សំនើរ​របស់​វៀត​មិញ​ ទើប​ពួក​គេ​មិន​បាន​ចូល​ប្រជុំ​ក្នុង​សន្និ​សិទ​ពេល​នោះ​។

ការ​ទៅ​ប្រជុំ​នៅ​ណាម​បូ​លើក​ចុង​ក្រោយ​ (ដែល​មិន​ឃើញ​ត្រ​លប់​វិញ​) របស់​លោក​ម៉ី ​ផូ​ ក្នុង​នាម​តំណាង​ក្រុម​នា​​ពេល​នោះ​មាន​លោក​នី ​វ៉ាន់​ធី ជា​អ្នក​ស្ពាយ​ថង់​តាម​ក្នុង​នាម​ជា​បុគ្គល​ក្រសួង​ឃោ​សនា​ការ​។ តែ​នៅ​ពេល​គាត់​តាម​ទៅ​ដល់​ សុរិន​ ឧប​ការី​លោក​ម៉ី​ ផូ​ បាន​បញ្ជា​គាត់​អោយ​ត្រលប់​មក​ក្រោយ​វិញ​តែ​ម្នាក់​អែង​ ពី​ព្រោះ​ថា​ ផ្នែក​រៀប​ចំកា​សែត​ (អូស​រ៉ូ​​ណេ​អូ) គ្មាន​នរ​ណា​ចេះ​សរ​សេរ​អក្សរ​ខ្មែរ​, គូរ​ និង​ឆ្លាក់​រចនា​បាន​ល្អ​ដូច​គាត់​។ ម៉្លោះ​ហើយ​គេ​ត្រូវ​ទុក​គាត់​ អោយ​នៅ​បំពេញ​កិច្ច​ការ​នេះ​អែង​ ទើប​គាត់​រួច​មិន​បាន​ជាប់​ខ្លួន​នៅ​វៀត​ណាម​។ ក្នុង​តួ​នាទី​នោះ​ដែរ មាន​គំនូរ​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍​មួយ​ ដែល​គេ​ធ្លាប់​បាន​បញ្ជា​អោយ​គាត់​គូរ​ គឺ​រូប​មនុស្ស​ម្នាក់​ពាក់​អាវ​ក​មូល​ ស្លៀក​ខោ​ចែវ​ ក្រវ៉ាត់​កន្សែង​ ដៃ​ម្ខាង​កាន់​ទង់​ជ័យ​ ដែល​មាន​សញ្ញា​ប្រាសាទ​កំពូល​បី​ នៅ​ចំកណ្ដាល​ផ្ទៃ​ចតុ​កោណ​ពណ៌​ក្រហម​ និង​មាន​ចារឹក​អក្សរ​នៅ​ខាង​ក្រោម​ថា “លទ្ធិ​កុម្មុយ​និស្ត​” ​។ រូប​ភាព​នេះ​ គេ​បាន​ដាក់​នៅ​លើ​ក្រប​សៀវ​ភៅ​ឃោស​នា​នយោ​បាយ​មួយ​ តែ​គួរ​អោយ​ឆ្ងល់​ ស្រាប់​តែ​បាត់​សៀវ​ភៅ​នោះ​ទៅ​វិញ​នៅ​ពេល​ដែល​រៀប​ចំ​បោះ​ពុម្ព​ផ្សាយ​រួច​ហើយ​។ នៅ​ទស​វត្ស​ឆ្នាំ​១៩៨០​ ពេល​វៀត​ណាម​កំពុង​លុក​លុយ​ប្រទេស​កម្ពុជា​ បើ​តាម​លោក​នី វ៉ាន់​ធី​ លួច​ស្តាប់​សំដី​ជជែក​គ្នា​របស់​ឆ្មាំ​គុក​នយោ​បាយ​នៅ​វៀត​ណាម​ បា​ន​អោយ​ដឹង​ថា លោក​ម៉ី​ផូ នៅ​ធ្វើ​ជា​គ្រូ​អុទ្ទេស​នាម​នយោ​បាយ​ ដែល​ទទួល​ភារ​កិច្ច​អប់​រំ​បំពាក់​បំ​ប៉ន​ស្មារតី​ដល់​កម្មា​ភិបាល​ជាន់​ខ្ពស់​ នៃ​បក្ស​ប្រជា​ជន​បដិ​វត្តន៍​កម្ពុជា​ ក្នុង​របប​សាធា​រណ​រដ្ឋ​ប្រជា​មានិត​កម្ពុ​ជា ដែល​គេ​បាន​បញ្ជូន​អោយ​ទៅ​រៀន​នៅ​វៀត​ណាម​។

តាម​ពិត​នៅ​មាន​មនុស្ស​សំខាន់​ៗ​ជា​ច្រើន​នាក់​ទៀត​ ដែល​អ្នក​ផ្តល់​ពត៌​មាន​មិន​បាន​ចាំ​ឈ្មោះ​អស់​។ សូម​កត់​សំគាល់​ថា​ បើ​ទុក​លោក​ លាវ-​កែវ​មុនី​ ជា​ប្រធាន​ធំ​នៃ​ចលនា​នេះ​ក៏​ដោយ​ តែ​អំណាច​ធំ​ពិត​ប្រាកដ​នៅ​ក្នុង​ដៃ​មេ​ទ័ព​ដាប​-​ឈួន​ទៅ​វិញ​ទេ​។ បន្ទាយ​ទ័ព​ធំ​បំផុត​នៃ​ក្រុម​នេះ​តាំង​នៅ ​“មោង​” ជិត​ក្រលាញ់​ទឹក​ជោរ​, ចន្លៀស​ដៃ​តាម​ផ្លូវ​ចាក់​ទៅ​សំរោង​ចុង​កាល់​ ក្នុង​ខេត្ត​សៀម​រាប​ ដែល​ជា​ស្រុក​កំណើត​របស់​លាវ​ កែវ​មុនី​។

ការដដណ្ដើមអំណាចគ្នា និងការវាតទីរបស់គណកម្មាធិការខ្មែរសាងជាតិ
ដើម្បី​ពង្រីក​អាណា​ខេត្ត​ ក្រុម​នេះ​បាន​បំបែក​និង​បញ្ជូន​កង​កំលាំង​ជា​ក្រុម​ប្រយុទ្ធ​អនិយ័ត​តូច​ៗ​ អោយ​ដណ្ដើម​យក​ទឹក​ដី​មួយ​ចំនួន​ទៀត​ ចាប់​តាំង​ពី​នៅ​ភាគ​ខាង​ជើង​ប្រទេស​ចុះ​មក​ត្បូង​។ ប្រការ​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​នយោ​បាយ​ចៀស​វាង​គ្រោះ​ថ្នាក់​របស់​ដាប​ ឈួន​ផង​ដែរ​។ ពី​ព្រោះ​គាត់​ខ្លាច​គេ​ដណ្ដើម​តំណែង​ ម៉្លោះ​ហើយ​គាត់​ត្រូវ​តែ​រក​វិធី​កំចាត់​អ្នក​ចេះ​ដឹង​ ដែល​នៅ​ជិត​គាត់​ចោល​ ដូច​ជា​ករណី​លោក​សារូ​ ដែល​ជា​បញ្ញ​វ័ន្ត​ម្នាក់​នៅ​ក្នុង​ក្រុម​ជា​មួយ​ បន្ទាប់​ពី​វាយ​ប្រហារ​សៀម​រាប​មក​ រឺ​មួយ​គាត់​ត្រូវ​បញ្ជូន​អ្នក​មាន​សមត្ថ​ភាព​ និង មាន​ថ្វី​ដៃ​ល្អ អោយ​បំពេញ​បេស​ក​កម្ម​រឺ​ធ្វើ​ការ​នៅ​ឆ្ងាយ​ពី​គាត់​ជា​ធម្មតា​។​ ចំណែក​អ្នក​ដែល​​ទទួល​ភារ​កិច្ច​វិញ​ តែ​កាល​ណា​បាន​ចេញ​មក​ហើយ​ តែង​តែ​មិន​ចង់​វិល​ត្រលប់​ចូល​កន្លែង​វិញ​ រួច​ក៏​តាំង​ខ្លួន​ជា​ធំ អិស្សរ​ នៅ​លើ​អាណា​ចក្រ​ថ្មី​របស់​ខ្លួន​។

ក- គណកម្មាធិការខ្មែរសាងជាតិ ភាគ២
អញ្ចឹង​ហើយ​ ទើប​ជា​បន្ទាប់​មក​ មាន​ខ្មែរ​អិស្សរ​មួយ​ក្រុម​ទៀត ​ដែល​បាន​ដក​ថយ​ពីការ​វាយ​ប្រហារ​នៅ​សៀម​រាប​ ហើយ​មក​បោះ​ទី​តាំង​ត្រួត​ត្រា​នៅ​តំបន់​ថ្ម​ពួក​ បាន​ប្រកាស​បង្កើត​ “គណកម្មា​ធិការ​ខ្មែរ​សាង​ជាតិ​ភាគ២​” ​ឡើង​។ ក្រុម​នេះ​ដឹក​នាំ​ដោយ​អាចារ្យ​ទុំ ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដោយ​ប្រយោល​របស់​លោក​លាវ​-​កែវ​មុនី​ និង​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​ធំ​​របស់​ដាប​ ឈួន​ និង​ក្រុម​ផ្តល់​អាវុធ​នៅ​បាងកក​។ ប៉ុន្តែ​ការ​គ្រប់​គ្រង​របស់​ពួក​គេ​មាន​លក្ខណៈ​ស្វយ័ត​។

ខ- គណកម្មាធិការខ្មែរសាងជាតិ ភាគ៣
ចំណែក​ក្រុម​អិស្សរ​មួយ​កង​ទៀត​ ដែល​គណ​កម្មា​ធិការ​សាង​ជាតិ​ភាគ​១​បាន​បញ្ជូន​មក​បាត់​ដំបង​ អោយ​វាយ​ប្រហារ​ពង្រីក​​តំបន់​ត្រួត​ត្រា​ ក៏​បាន​ឆ្លៀត​​ប្រកាស​បង្កើត​ “គណ​កម្មា​ធិការ​ខ្មែរ​សាង​ជាតិ​ភាគ​៣​” ដែល​មាន​មូល​ដ្ឋាន​ធំ​នៅ​ភ្នំ​បាណាន់​ ខេត្ត​បាត់​ដំបង​ ដែល​ដឹក​នាំ​ដោយ​លោក​ អ៊ូច​ និល​ពេជ្រ​ និង​តា​ឡៃ ជ័យ​មង្គល​ (8)ជា​អនុ​ប្រធាន​ ដែល​តាំង​មូល​ដ្ឋាន​នៅ​ព្រែក​ត្រប់​ ទៀប​មាត់​បឹង​ទន្លេ​សាប​។

គ- គណកម្មាធិការខ្មែរសាងជាតិ ភាគ៤
រី​អែ​ក្រុម​មួយ​ទៀត​ ដែល​មាន​កំលាំង​មួយ​ក្រុម​ប្រមាណ​៣០​នាក់​ ដឹក​នាំ​ដោយ​ទ្រង់ ​ចន្ទ​រង្សី​ ត្រូវ​បាន​ដាប​ ឈួន​បញ្ជា​អោយ​នាំ​គ្នា​ចុះ​មក​កាន់​ត្បូង​ឃ្មំ​ ដើម្បី​ដំណើរ​ការ​បំផ្លាញ​ “សេដ្ឋ​កិច្ច​”ខ្មាំង​ គឺ​ចំការ​កៅ​ស៊ូ​របស់​បារាំង​។ ក្រុម​នេះ​មាន​មនុស្ស​សំខាន់​ៗ​ រួម​ដំណើរ​ជា​មួយ​ មាន​ដូច​ជា​លោក​ហែម​ សាវ៉ាង​, លោក​ហម​ ខាន់​, លោក​ចន្ទ​​តោ​ត្រេស​ និង​លោក​សុក​សេង​ រឿង​មុនី​ (9)។ ក្រុម​នេះ​ធ្វើ​ដំណើរ​តាម​អាណា​ខេត្ត​ភាគ​ខាង​លិច​បឹង​ទន្លេ​សាប​ ដោយ​មាន​គោល​ដៅ​មក​ឆ្លង​ទន្លេ​សាប​ នៅ​ចន្លោះ​កំពង់​ឆ្នាំង​ កំពង់​ហ្លួង​-​ពញា​លឺ​ ប៉ុន្តែ​ដោយ​សារ​កង​ទ័ព​ជើង​ទឹក​បារាំង​ធ្វើ​ប្រតិ​បត្ដិ​ការ​យាម​ល្បាត​តាម​ដង​ទន្លេ​យ៉ាង​សកម្ម​ពេក​ ទ្រង់​មិន​ហ៊ាន​នាំ​ទ័ព​ឆ្លង​ទៅ​ត្រើយ​ខាង​កើត​ឡើយ​។ ទ្រង់​ក៏​មិន​ចង់​ត្រលប់​ទៅ​អែ​នាយ​ជើង​ភ្នំ​ដង​រែក​វិញ​ដែ​រ​ ទើប​សំរេច​ចិត្ត​ ដឹក​នាំ​ទ័ព​ងាក​ទៅ​តាំង​មូល​ដ្ឋាន​នៅ​អម​លាំង​, រលាក់​កង​ជើង​, កន្ទេល​រិស្សី​ជ្រុំ ​, វាល​វែង​ជាប់​ខេត្ត​ត្រាត​របស់​សៀម​។

ក្រោយ​ពី​ពង្រីក​អំណាច​ត្រួត​ត្រា​នៅ​តំបន់​នេះ​បាន​មាំទាំ​ហើយ​ ទ្រង់​បាន​រៀប​ចំ​ពិធី​ប្រកាស​បង្កើត​ “គណ​កម្មា​ធិការ​សាង​ជាតិ​ភាគ៤​”​ ប្រហែល​ជា​នៅ​ក្នុង​ឆ្នាំ​១៩៤៩​។ សញ្ញា​សំគាល់​ក្រុម​នេះ​ គឺ​ទង់​ពណ៌​ក្រហម​ មាន​សញ្ញា​ប្រាសាទ​កំពូល​៣ ​ពណ៌​លឿង​នៅ​ចំ​កណ្ដាល​ ដូច​ទង់​គណ​កម្មា​ធិការ​សាង​ជាតិ​ភាគ​១​ដែរ​។ ដោយ​សារ​ទ្រង់​ចន្ទ​រង្សី​ស្រលាញ់​របប​នយោ​បាយ​បែប​សាធា​រណ​រដ្ឋ​ និង​មិន​សូវ​ស្រលាញ់​របប​រាជា​និយម​ ទើប​នៅ​ជាយ​ខាង​លើ​និង​ខាង​ក្រោម​នៃ​សញ្ញា​ប្រាសាទ​ គ្មាន​ឆ្នូត​ពណ៌​ខៀវ​។​

ចាប់​តាំង​ពី​ពេល​ទ្រង់​ចន្ទ​ រង្សី​បោះ​ទី​តាំង​នៅ​អម​លាំង​ ការ​វាយ​ប្រ​យុទ្ធ​ពង្រីក​អាណា​ខេត្ត​ដើម្បី​ត្រួត​ត្រា តែង​តែ​ទទួល​បាន​ជោគ​ជ័យ​ជា​លំដាប់​ ហើយ​កិតិ​ស្ត័ព្ទ​ និង​កេរ្តិ៍​ឈ្មោះ​របស់​ទ្រង់​កាន់​តែ​ល្បី​។ ដោយ​សារ​ក្រោយ​មក​មាន​ ​ស៊ាប​ ជួយ​ច្បាំង​​ផង​ទឹក​ដី​ដែល​គ្រប់​គ្រង​ដោយ​ទ្រង​ចន្ទ​រង្សី​ ខាង​ត្បូង​ទល់​ត្រឹម​អនា​គត​ផ្លូវ​ជាតិ​លេខ​៤​ ទល់​គ្នា​នឹង​ដែន​ដី​គណ​កម្មា​ធិការ​ខ្មែរ​​សាង​ជាតិ​ភាគ៥​។ ខាង​លិច​ទល់​នឹង​ស្រែ​អំបិល​ និង​ខេត្ត​កោះ​កុង​។ ខាង​ជើង​នៅ​ស្រុក​វាល​វែង​ និង​លាជ​ នៅ​ជាប់​ទី​រួម​ខេត្ត​ពោធិ​សាត់​។ ខាង​កើត​ទល់​ជាយ​ខាង​លិច​នៃ​ខេត្ត​កំពង់​ឆ្នាំង​ ដែល​ស្ទើរ​តែ​ទាំង​មូល​នៃ​ខេត្ត​នេះ​គ្រប់​គ្រង​ដោយ​ ពុត ឆាយ​ រួច​ចុះ​មក​ត្បូង​ទល់​នឹង​ភ្នំ​ត្មាត​ពង​ ដែល​ជា​មូល​ដ្ឋាន​សំខាន់​របស់​គាត់​។ នៅ​តំបន់​ដែល​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​របស់​ទ្រង់​ បាន​រៀប​ចំ​បង្កើត​រចនា​សម្ពន្ធ​គ្រប់​គ្រង​ជា​រដ្ឋា​ភិបាល​ ដែល​មាន​របប​នយោ​បាយ​ជា​សាធារ​ណ​រដ្ឋ​មួយ​ដែរ​... ​។

ប្រការ​នេះ​ធ្វើ​ អោយ​អ្នក​ធ្លាប់​មាន​មុខ​មាត់​ រឺ​មាន​សមត្ថ​ភាព​ ដែល​នៅ​ក្នុង​ក្រុម​ជា​មួយ​មិន​សូវ​សប្បាយ​ចិត្ត​ឡើយ​។ ហេតុ​នេះ​ហើយ​ នៅ​ក្នុង​ក្រុម​នីមួយ​ៗ​ សុទ្ធ​តែ​មាន​ការ​ប្រ​ជែង​ដណ្ដើម​អិទ្ធិ​ពល​រវាង​គ្នា​ និង​ឈាន​ដល់​ការ​រៀប​ចំ​ផែន​ការ​ប្រហារ​បក្ស​។​ ទ្រង់​ចន្ទ​រង្សី​បាន​ដឹក​នាំ​ទ័ព​ចូល​រួម​វាយ​ក្រុង​សៀម​រាប​ នា​ថ្ងៃ​ទី​០៧​ សីហា​ ឆ្នាំ១៩៤៦ផង​ដែរ​ ក្រោយ​មក​ព្រះ​អង្គ​បាន​ដឹក​នាំ​ទ័ព ទាំង​បោះ​ទី​តាំង​នៅ​អម​លាំង​ នៅ​ទី​នោះ​ព្រះ​អង្គ​ទទួល​បាន​កិត្ដ​ស័ព្ទ​ និង​មាន​កេរ​ឈ្មោះ​យ៉ាង​ល្បី​សុះ​សាយ។

ឃ - គណកម្មាធិការខ្មែរសាងជាតិ ភាគ៥
ជាក្រុមដែលមានខ្សែរយបន្ដោយក្រោមអធិបតីភាព លាវ កែវមុនី និងកៅ តក់ដែរ ។ ក្រុមនេះមានមេបញ្ជាការម្នាក់ ឈ្មោះ ហ៉ីវ ធិញ ជាអតីតនាយទាហានជំនាន់ទី១ បានបង្កើតឡើងដោយមានមូលដ្ឋាននៅភ្នំស្រង់ បន្ទាប់ពីដាប ឈួនចុះចូល ជាមួយរដ្ឋាភិបាល ។ ក្រោយមកលោកហ៉ីវ ធិញ ត្រូវមេអិស្សរោចាក់ (Sic) ពុតឆាយសំលាប់ ទើបតំនែងជាមេបញ្ជាការនៃ “គណកម្មាធិការខ្មែរសាងជាតិភាគ៥” បានទៅលោក សាវ៉ាងវង្ស ដែលជាអតីតនាយទាហានជំនាន់ទី១ ដូចគ្នាដែរ។ យើង មិនបានដឹងថា តើក្រុមនេះគ្រប់គ្រងទឹកដីទំហំប៉ុណ្ណាឡើយ ។ តែនៅភាគខាងត្បូងនិងខាងជើងនៃអាណាខេត្តក្រុមនេះ ជាតំ បន់ស្ថិតក្រោមសកម្មភាពរបស់គណមុដគ្គាហា រាបស់ សឺង ង៉ុកមិញ ។

(1) : សូមមើល, ប៊ុណ្ណ-ចន្ទម៉ុល, អែកសារដដែល, ទំព័រ ៧០ ។
(2) : Cf., Ibid., page 69 ។
(3) : Cf., Raoul M. Jennar. op. cit., page 53 ។
(4) : បារាំង​បាន​ប្រកាស​លុប​ចោល​អនុ​សញ្ញា​បារាំង​-​សៀម​ នៅ​ក្រុង​តូក្យូ​ កាល​ពី​ឆ្នាំ​១៩៤១ នៅ​ថ្ងៃ​ទី​១៧​ វិច្ឆិកា​ ១៩៤៦​។ ដូច្នេះ​សៀម​ត្រូវ​តែ​ប្រគល់​ទឹក​ដី​ដែល​ខ្លួន​កាន់​កាប់​ទាំង​ប៉ុន្មាន​នៅ​អំលុង​ពេល​សង្គ្រាម​លោក​លើក​ទី​២ អោយ​ទៅ​បារាំង​វិញ​។ លើក​លែង​តែ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ដែល​សៀម​មិន​ព្រម​ដក​ថយ​។ Cf., Ibid.​។
(5) : Cf., Raoul M. Jennar, op. cit.។
(6) : លោក​លាវ​-​កែវ​មុនី​ និង​ម៉ី-​ផូ ​ក្នុង​នាម​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​នៃ​រដ្ឋា​ភិបាល​តស៊ូ​ខ្មែរ​វៀត​មិញ​ត្រូវ​បាន​ផាំ​-វ៉ាន់​ដុង​ មេ​ប្រតិ​ភូវៀត​មិញ​នាំ​ទៅ​ទាម​ទារ​យក​ចំណែក​ និង​តួ​នាទី​ក្នុង​ដំណោះ​ស្រាយ​ដើម្បី​សន្តិ​ភាព​ នា​សន្និ​សិទ​ហ្សឺ​ណែវ​ឆ្នាំ​១៩៥៤​ដែរ​។ ផាំ​ វ៉ាន់​ដុង​បាន​ទាម​ទារ​យ៉ាង​សកម្ម​ អោយ​អង្គ​សន្និ​សិទ​ទទួល​យក​ភាគី​ខ្មែរ​វៀត​មិញ​ចូល​រួម​ប្រជុំ​ តែ​ដោយ​សារ​ចិន​មិន​បាន​គាំ​ទ្រ​តាម​សំនើ​របស់​វៀត​មិញ​ ទើប​ពួក​គេ​មិន​បាន​ចូល​ប្រជុំ​ក្នុង​សន្និ​សិទ​ពេល​នោះ​។
(7) : មាន​ស្រុក​កំណើត​នៅ​កំពង់​ថ្កូវ ក្បែរ​ភ្នំ​ទ្រង់​បាទ ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រលាញ់​ ជា​មួយ​ កៅ តក់ ដែរ​តែ​ក្រោយ​មក​គាត់​មាន​ផ្ទះ​នៅ​សុរិន​ ចំណែក​កៅ តក់​ក៏​ដូច​គ្នា​។
(8) : ក្រោយ​ពី​ចុះ​ចូល​ជា​មួយ​រដ្ឋា​ភិបាល​នា​ខែ​មិថុនា​ឆ្នាំ​១៩៥៣ អ៊ូច​ និល​ពេជ្រ​ និង​អ៊ំ​ បាន​ពាក់​សក្តិ​បី​, តែ​តា​លៃ ជ័យ​មង្គល​មិន​ព្រម​ចុះ​ចូល​ ត្រូវ​អតីត​មេ​កើយ​ទាំង​ពីរ​នាក់ នាំ​កង​ទ័ព​រដ្ឋា​ភិបាល​ទៅ​ព័ទ្ធ​សំលុត​ បង្ខំ​អោយ​ដាក់​អា​វុធ​ចុះ​នៅ​បាត់​ដំ​បង​។​
(9) : អតីត​ភាព​ជា “មេ​ចោរ​លួច​គោ” នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ យក​ទៅ​លក់​អោយ​សៀម​។ ក្រោយ​មក​គាត់​បាន​កែ​ខ្លួន រួច​ចុះ​ចូល​ជា​មួយ​ក្រុម​ទ្រង់​ចន្ទ​រង្សី​។ ដោយ​សារ​គាត់​មាន​ថ្វី​ដៃ​ និង​សេច​ក្តី​ក្លាហាន​គ្រាន់​បើ ទើប​ទ្រង់​លើក​អោយ​ធ្វើ​ជា​មេ​កង​ម្នាក់​ក្នុង​ក្រុម​។