មូលហេតុព្រះពុទ្ធសាសនាសាបសូន្យពីឥណ្ឌា


ថ្ងៃសៅរ៍ ទី11.មករា 2020.ម៉ោង 8:48

   ការ​សិក្សា​រឿង​នេះ​នៅ​មិន​ទាន់​មាន​ភស្តុតាង​សម្បូរ​ច្បាស់​លាស់ តែ​តាម​ដែល​អ្នក​ប្រាជ្ញ​​បាន​​​សន្និដ្ឋាន​ទុក ល្មម​ នឹង រួប​រួម​ប្រមូល​មក​ដូច្នេះ ​៖

១. គណសង្ឃអន់ថយ និង ទន់ខ្សោយចុះ

    ព្រះ​សង្ឃ​ដើម​ឡើយ​ឋិត​នៅ​យ៉ាង​រឹង​ប៉ឹង​ក្នុង​ការ​បដិ​បត្តិ​សាសនា​ មាន​សីល និង ចរិ​យា​វត្ត រក្សា​របៀប​វិន័យ មាន​ភាព​លះ​បង់​ និមន្ត​ចារិក​ប្រៀន​ប្រដៅ​ប្រជា​ជន​ បំពេញ​សាសន​កិច្ច ​ដើម្បី​ប្រយោជន៍​មហា​ជន​ មនុស្ស​ទើប​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​។ ព្រះ​មហា​​ក្សត្រ​ នា​ហ្មឺន​មន្រ្តី សេដ្ឋី គហបតី​ នាំ​គ្នា​ផ្តល់​ការ​ឧបត្ថម្ភ​ ទំនុក​បំរុង​កសាង​វត្ត​វ៉ា​អារាម​ ធំធេង​ ប្រ​គេន​ទី​ធ្លា​ រហូត​ដល់​ក្លាយ​ទៅ​ជា​មហា​វិទ្យា​ល័យ​ក៏​មាន​។ ព្រះ​សង្ឃ​មាន​ជីវ​ភាព​​សុខ​ស្រួល​ តាំង​ចិត្ត​សិក្សា​ប្រតិ​បត្តិ និង អប់​រំ​ប្រៀន​ប្រដៅ​ប្រ​ជា​ជន​ មិន​លះ​បង់​ចោល​នូវ​តួ​នា​ទី ដល់​ប្រ​ជា​ជន​ ពុទ្ធ​បរិ​ស័ទ ព្រះ​ពុទ្ធ​សាសនា​ក៏​រុង​រឿង​ តែ​បន្ទាប់​មក​ដោយ​អាស្រ័យ​ជីវិត​ដែល​បាន​ទទួល​ការ​ទំនុក​បំរុង​យ៉ាង​សុខ​ស្រួល​នោះ​ ក៏​ធ្វើ​អោយ​ជាប់​ជំពាក់​ និង ភ្លេច​​នូវ​តួ​នា​ទី​ដ៏​ពិត​ប្រាកដ​របស់​ខ្លួន​ ជា​ហេតុ​នាំ​ឲ្យ៖

    - ជាប់​ជំពាក់​ នឹង សេនា​សន​សប្បាយ​ សប្បាយ​អរ​ក្នុង​លាភ​សក្ការះ​ នឹង សេច​ក្តី​សុខ​​ស្រួល​ គិត​តែ​អំពី​រឿង​ផ្ទាល់​ខ្លួន នឹង បច្ច័យ​ជា​ទី​អាស្រ័យ​របស់​ខ្លួន​ លះ​បង់​ចោល​ នូវ​តួ​នាទី​ដែល​ត្រូវ​បំពេញ​ចំពោះ​ប្រជា​ជន​ជន​។​ រវល់​តែ​ពី​រឿង​ពិធី​កម្ម និង បុណ្យ​ទាន​ដែល​សប្បាយ​រីក​រាយ​ផ្សេង​ៗ នាំ​អោយ​ការ​​យល់​ដឹង​អំពី​រឿង​បុណ្យ​កុសល​មាន​កំហិត​ចុះ​ ព្រោះ​ទទួល​បញ្ហា​ផ្សេង​ៗ​ ជា​របស់​​ខ្លួន​ផ្ទាល់​។​

    -​ សិក្សា​រៀន​សូត្រ​ជ្រៅ​ជ្រះ​ហើយ​ តែ​រវល់​វង្វេង​ជា​មួយ​ នឹង ការ​ជជែក​ដេញ​ដោល​អំពី​​បញ្ហា​ខាង​ទស្សន​វិជ្ជា​អន្ត​គា​​ហិក​ទិដ្ឋិ​ នាំ​អោយ​ភ្លេច​នូវ​សាសន​កិច្ច​របស់​ខ្លួន​រវាង​ពុទ្ធ​បរិ​ស័ទ។

    - មាន​ការ​ប្រព្រឹត្តិ​ប្រតិ​បត្តិ​អន់​ថយ​ចុះ​ ព្រោះ​ត្រេក​ត្រអាល​តែ​ក្នុង​ភាព​សុខ​ស្រួល​ និង បែក​បាក់​សាមគ្គី​ជា​ពួក​ជា​និកាយ​ ព្រោះ​ប្រកាន់​ច្រណែន​ឈ្នាស​និស​គ្នា​ មិន​​​អា​ច​​សម្រុះ​​សម្រួល​គ្នា​បាន​។

    -​ ឃើញ​តែ​ភាព​ងាយ​ស្រួយ​ ទៅ​តាម​អំ​ពើ​ចិត្ត​ខ្លួន​ បណ្តោយ​ទៅ​តាម​ចិត្ត​របស់​មនុស្ស​ បណ្តោយ​ឲ្យ​រឿង​មន្ត​អាគម សេច​ក្តី​សក្តិ​សិទ្ធិ​ឫទ្ធិ​បដិ​ហារ្យ​ផ្សេង​ៗ​​កើត​​មាន​ច្រើន​ឡើង​ ខ្លួន​ឯង​ក៏​ត្រេក​ត្រអាល​ស្រវឹង​វង្វេង​ តែ​ក្នុង​រឿង​ទាំង​នោះ​ គួរ​ណា​តែ​ធ្វើ​អោយ​ប្រជា​ជន​មាន​ហេតុ​ផល​រឹង​ប៉ឹង​ មាន​ប្រាជ្ញ​ និង ទី​ពឹង​ខ្លួន​ឯង​បាន​ បែរ​ជា​ធ្វើ​អោយ​ប្រជា​ជន​លិច​លង់​រឿង​ទាំង​អស់​នោះ​ទៅ​វិញ​។​

    - ​ ធ្វើ​អោយ​អន់​ថយ និង​ សង្ឃឹម​រងចាំ​ទី​ពឹ​ង​រឿង​ខាង​ក្រៅ​ឥត​ខ្លឹម​សារ​ខ្លាំង​ឡើង​ ធ្វើ​​អោយ​ព្រះ​ពុទ្ធ​សាសនា​មាន​សភាព​ស្រដៀ​ជា​មួយ នឹង សាសនា​ដទៃ​ជា​ច្រើន​ ដូច​​ជា​ ក្លាយ​ទៅ​ជា​លទ្ធិ​តន្ត្រៈ​ ដែល​មាន​លក្ខណ​អន់​ថយ​ រហូត​ដល់​មាន​ការ​ស្រ​ដៀង​ជា​មួយ​លទ្ធិ​តន្រ្តៈ​​​នៃ​សាសនា​ហិណ្ឌូ និង​ ធ្វើ​អោយ​បាត់​ទៅ​នូវ​លក្ខណៈ​ពិ​សេស​របស់​ខ្លួន​ឯង​។

២. សាសនាហិណ្ឌូ ប្រឆាំង គាបសង្កត់

    ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធសាស​នា​ខ្វែង​ទំនាស់ នឹង ​ទម្លាយ​ភាព​ទំនុក​ចិត្ត​ដើម​​ក្នុង​សាស​នា​ព្រាហ្មណ៍​យ៉ាង​ច្រើន​​ ជា​ហេតុ​នាំ​អោយ​សាសនា​ព្រាហ្មណ៍​ ឬ​ហិណ្ឌូ​ក្នុង​​សម័យ​បន្ទាប់​មក​ព្យា​យាម​រក​វិធី​លុប​បំបាត់​ព្រះ​ពុទ្ធ​សាសនា​ដោយ​វិធីសា​ស្រ្ត​ផ្សេង​ៗ​ បញ្ហា​ទាំង​នេះ គួរ​ នឹង សិក្សា​មាន​ខ្លឹម​សារ​ត​ទៅ ​៖

    - ព្រះ​ពុទ្ធ​សាសនា​ប្រៀន​ប្រដៅ​ថា មនុស្ស​រាល់​គ្នា​មាន​ភាព​ស្មើ​គ្នា​ មាន​សិទ្ធិ​ និង ឱ​កាស​ស្មើ​គ្នា មិន​មាន​កំណត់​ដោយ​វណ្ណៈ​ និង អោយ​រាល់​គ្នា​សិក្សា​នូវ​ព្រះ​ធម៌​​វិន័យ​ដូច​គ្នា​​ទាំង​អស់​ ពាក្យ​ប្រៀន​ប្រ​ដៅ​នេះ ប៉ះ​ទង្គិច​ដល់​សាសនា​ព្រាហ្មណ៍​ ដែល​ជំនឿ​ថា​ ខ្លួន​ឯង​​ជា​​វណ្ណៈ​​ខ្ពង់​ខ្ពស់ មាន​សិទ្ធិ​ពិសេស​ផ្សេង​ៗ​ និង ធ្លាប់​ប្រ​កាន់​​ខ្ជាប់​យ៉ាង​ដាច់​អហង្កា​​ នូវ​ការ​​​សិក្សា​តាម​ទំនៀម​របស់​ព្រាហ្មណ៍​ជា​អ្នក​​វណ្ណៈ​ មាន​អំណាច និង ឥទ្ធិ​ពល​ច្រើន​ដូច​ជា​ ជា​​បុរោ​ហិត​ របស់​ព្រះ​រាជា​ជា​ដើម​ តែ​ព្រះ​ពុទ្ធ​សាសនា​ផ្សាយ​ទូលាយ​ក្នុង​ក្រុម​ប្រជា​ជន​ទូ​ទៅ ដរាប​ណា​ប្រជា​ជន​ នៅ​មាន​សទ្ធា​រឹង​មាំ​ ព្រះ​សង្ឃ​នៅ​ជា​ទីពឹង​របស់​ប្រជា​ជន​ និង បំពេញ​​តួ​នាទី​ចំពោះ​ប្រ​ជាជន​យ៉ាង​ត្រឹម​ត្រូវ​។ ពួក​ព្រាហ្មណ៍​ក៏​មិន​ហាន​ធ្វើ​អោយ​អន្ត​រាយ​ ឬ បើ​​ធ្វើ​​ក៏​មិន​បាន​សម្រេច​ ទន្ទឹម​ នឹង នោះ​ ព្រះ​មហា​ក្សត្រ​ក៏​ទ្រង់​ឧបត្ថម្ភ​ផង​ដែរ​។ ព្រះ​​ពុទ្ធ​​សាសនា​​កាន់​តែ​គង់​វង់​ ដែល​សង្កេត​ឃើញ​ថា​ព្រះ​មហា​ក្សត្រ​ ដែល​ជា​ពុទ្ធ​​មា​មកៈ​រាល់​ព្រះ​អង្គ​ ទ្រង់​​ផ្តល់​នូវ​សេរី​ភាព​ក្នុង​ជំនឿ​សាសនា​ ឧបត្ថម្ភ​រៀង​រាល់​សាសនា​ ដូច​ជា​ ព្រះ​បាទ​​ធម្មា​​សោក​ ព្រះ​បាទ​កនិស្សកៈ​ ព្រះ​បាទ​​ហស្ស​វឌ្ឍនៈ​​​ជា​ដើម​។ តែ​ពួក​ព្រាហ្មណ៍​មិន​ពេញ​ចិត្ត​​ការ​ឧបត្ថម្ភ​ព្រះ​ពុទ្ធ​​សាសនា​ ដូច​ជា​បុស្សយ​មិត្ត​ ទំលាយ​​វង្ស​ក្សត្រ​ពុទ្ធ​ឡើង​គ្រង​រាជ្យ​ រួច​​កំចាត់​​ចោល​នូវ​ព្រះ​ពុទ្ធ​សាសនា​ ពួក​ព្រាហ្មណ៍​​ និង​ អ្នក​​រាជ​ការ​របស់​ព្រះ​បាទ​​ហស្ស​វឌ្ឍនៈ​ ឈ្នា​និស​ការ​ឧបត្ថម្ភ​របស់​ព្រះ​ពុទ្ធ​ រហូត​ដល់​​ដាក់​​គំរោង​​ការ​លប​ធ្វើ​ឃាត​​ជា​ដើម​​។ ក្នុង​សម័យ​ដែល​ព្រាហ្មណ៍​ឡើង​ជា​ក្សត្រ​ ទោះ​ជា​មិន​​ហាន​​​បំផ្លាញ​ព្រះ​ពុទ្ធ​សា​សនា​ ក៏​ប៉ុន្តែ​ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​ចុះ​ញម​ជា​មួយ​ នឹង សាសនា​ហិណ្ឌូ​ ដល់​ទី​បំ​ផុត​​ធ្វើ​​អោយ​​មាន​ភាព​ដូច​គ្នា និង នៅ​ទី​បំផុត​ ពាក្យ​​ប្រៀន​​ប្រដៅ​​របស់​ព្រះ​ពុទ្ធ​សាសនា​​ត្រូវ​រិច​​រិល​ខើច​ទៅ​ៗ​។

    - ពួក​ព្រាហ្មណ៍​ប្រើ​ប្រាស់​សាសនា​ហិណ្ឌូ​ជា​គោល​នៃ​លទ្ធិ​ជាតិ​និយម​ ដោយ​គួប​​ផ្សំ​​ភាព​ជា​ជាតិ​ឥណ្ឌា​ចូល​ជា​មួយ​ភាព​ជា​ហិណ្ឌូ ​ដូច​ដែល​បាន​សង្កេត​ឃើញ​ថា​ ព្រះ​មហា​​ក្សត្រ​ដ៏​កំពូល​បំផុត​របស់​ឥណ្ឌា ជា​ពុទ្ធ​មា​មកៈ ​ច្រើន​តែ​មាន​ក្រសែ​លោ​ហិត​ជា​ជាតិ​ផ្សេង​ ដែល​ឃើញ​យ៉ាង​ច្បាស់​គឺ​ ព្រះ​បាទ​កនិ​សកៈ​ ព្រះ​អង្គ​មាន​ក្រសែ​លោ​ហិត​ជាតិ​ម៉ុង​​ហ្គោ​​លី​ នៃ​កុល​សម្ព័ន្ធ​កុសាណៈ​ ជន​ជាតិ​ឥណ្ឌា​ក៏​កំចាត់​រាជ​វង្ស​កុសាណៈ​ ក្នុង​សម័យ​បន្ទាប់​​មក​ ដោយ​ប្រើ​លទ្ធិ​ជាតិ​និយម​ជា​គ្រឿង​រួម​កំលាំង​ និង ការ​ដែល​វង្ស​ក្សត្រ​នេះ​កាន់​ព្រះ​​ពុទ្ធ​សាស​នា ទើប​ព្រះ​ពុទ្ធ​សាសនា​ត្រូវ​សំគាល់​ថា​ជា​ សាសនា​របស់​ជន​ជាតិ​ផ្សេង​ដែរ​ សូម្បី​​រឿង​នេះ​ ព្រះ​បាទ​ ធម្មាសោក​មហា​រាជ​ក៏​ដូ​ច្នោះ​ដែរ​ មាន​អ្នក​ប្រាជ្ញ​សន្និដ្ឋាន​ថា​ ព្រះ​​អង្គ​​មាន​​ព្រះ​មាតា​ជាតិ​គ្រីក ពួក​ព្រាហ្មណ៍​បាន​ព្យា​យាម​កំចាត់​រាជ​វង្ស​នេះ​ ព្រម​ទាំង​ព្រះ​​ពុទ្ធ​សាសនា​ ទោះ​ជា​ព្រះ​បាទ​ធម្មា​សោក​មហា​រាជ​ ជា​ព្រះ​មហា​ក្សត្រ​ ដ៏​កំពូល​បំផុត​ តែ​មិន​មាន​កេរ្ត៍​ឈ្មោះ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ជាតិ​ហិណ្ឌូ​ឡើយ​។

    - ពេល​ដែល​ជន​ជាតិ​បច្ចឹម​ទិស​មក​សិក្សា​ស្រាវ​ជ្រាវ ព្រះ​នាម​របស់​ព្រះ​បាទ​ធម្មា​សោក​ក៏​ប្រាកដ​ឡើង​ដែរ​ រួច​ទើប​ជន​ជាតិ​ឥណ្ឌា​យល់​ព្រម​តាម ក្រៅ​ពី​នេះ សូម្បី​ព្រះ​ពុទ្ធ​​​ជា​​ម្ចាស់​ក៏​មាន​អ្នក​សន្និ​ដ្ឋាន​ថា ប្រជា​ជន​កុល​សម្ព័ន្ធ​ម៉ុង​ហ្គោលី​ ទើប​បាន​ជា​មិន​ជា​ទី​ពេញ​ចិត្ត​របស់​ព្រាហ្មណ៍​។

    -​​ អ្នក​ប្រាជ្ញ​ហិណ្ឌូ​ព្យា​យាម​នាំ​យក​គោល​ការណ៍​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ទៅ​កែ​ទម្រង់​ គោល​ធម៌​របស់​ខ្លួន​អោយ​ទៅ​ជា​លក្ខណៈ​ខ្លះ នាំ​យក​ទៅ​ធ្វើ​តាម​គំរូ​ខ្លះ​ ដើម្បី​ឲ្យ​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា​បាន​ ដើម្បី​ឲ្យ​មើល​ទៅ​មាន​ភាព​ស្រដៀង​គ្នា​ លាយ​លំ​គ្នា​ រហូត​ដល់​មិន​ចាំ​បាច់​មាន​ព្រះ​ពុទ្ធ​សាសនា​នៅ​ដាច់​ដោយ​លែក​។ ពេល​ព្រះ​ពុទ្ធ​សាសនា​​ទន់​ខ្សោយ​ទៅ​ ក៏​លាយ​លំ​បាន​ងាយ​ ដូច​ជា​ សង្ក​រា​ចារ្យ នាំ​យក​ទ្រឹស្តី​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ផ្លាស់​ប្តូរ​ទៅ​ទស្សន​វិជ្ជា​វេទា​នត្តៈ​របស់​ខ្លួន​ ​និង កសាង​វត្ត​ហិណ្ឌូ ​តាំង​ក្រុម​អ្នក​បួស​តាម​​បែប​​ក្រុម​ព្រះ​សង្ឃ​អរញ្ញ​​វាសី​ជា​ដើម​ សូម្បី​តែ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ក៏​ក្លាយ​អវតារ​របស់​ព្រះ​​នា​រាយណ៍​ផង​ដែរ​។

៣. ជនជាតិមុស្លីមក៏ចូលទៅរុករានទន្ទ្រាន បំផ្លិចបំផ្លាញ

    ក្នុង​រយៈ​ពេល​ដែល​ព្រះ​សង្ឃ​កំពុង​តែ​ទន់​ខ្សោយ​ចុះ​នោះ​ ក៏​ស្រាប់​តែ​កង​ទ័ព​ជន​​ជាតិ​​​អារ៉ាប និង ទូគី ចូល​ទៅ​រុក​រាន​ទន្រ្ទាន​ជា​រឿយ​ៗ រហូត​ដល់​ទំលាយ​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​អស់​ទៅ​ ដូច​ដុត​ទំលាយ​សាកល​វិទ្យា​ល័យ​វលភី នៅ ព.ស.​ ១៣៥០-​១៤០០ និង ទំលាយ​ចោល​សព្វ​ទី​កន្លែង​នៅ​ ព.ស.១៧០០ ជា​ដើម​ដោយ​ប្រើ​វិធី​​៖​

    -​​ សម្លាប់​ព្រះ​សង្ឃ ដូច​ជា​នៅ​ឯ​នាលន្ទា​ អ្នក​ប្រវត្តិ​សាស្រ្ត​មុស្លីម ក៏​បាន​ចារឹក​ថា​ ព្រះ​សង្ឃ​ដែល​ត្រូវ​បាន​ធ្វើ​ឃាត​ប្រមាណ​មួយម៉ឺន​អង្គ​ (ជាង) គឺ​មិន​ឲ្យសេស​សល់​កន្លែង​ណា​មួយ​ឡើយ​។​

    - បំផ្លាញ​ស្ថាប័ន និង សំណង់​ទាំង​ឡាយ ដោយ​ដុត​បំផ្លាញ​វត្ត​វ៉ា​អារាម និង ​​សាកល​វិទ្យា​ល័យ​ព្រះ​ពុទ្ធ​សាសនា​គ្រប់​កន្លែង​ កន្លែង​ខ្លះ​សូម្បី​តែ​សំណល់​ ក៏​មិន​ឲ្យ​នៅ​សល់​ដែរ​។

    - ដុត​គម្ពីរ​ និង​ ក្បួន​តំរា​ព្រះ​ពុទ្ធ​សាសនា​ ដូច​ជា​បណ្ណា​ល័យ​របស់​សាកល​វិទ្យា​​ល័យ​​នាលន្ទា​ ដុត​នៅ​ពេល​រាត្រី​ខែរ​នោច​។

    ការ​ទម្លាយ​បំផ្លាញ​គ្រា​នេះ​ធ្វើ​​ឲ្យ​ព្រះ​សង្ឃ​ត្រូវ​បំបែក​ខ្លួន​ មិន​អាច​កកើត​ឡើង​ទៀត​បាន​ឡើយ​។ របប​របស់​ព្រះ​ពុទ្ធ​សាសនា​ឋិត​នៅ​ក្នុង​លក្ខណៈ​ជា​ស្ថាប័ន​ ដែល​បែង​ពុទ្ធ​​​បរិ​ស័ទ​ជា​ពីរ​ផ្នែក​ ប្រតិ​បត្តិ​តួ​នា​ទី​នៃ​ផ្នែក​នីមួយ​ៗ ដោយ​ព្រះ​សង្ឃ​អ្នក​ដឹក​នាំ​ខាង​ស្មា​រតី​ មាន​ជីវ​ភាព​រស់​នៅ​ដាច់​ដោយ​លែក​ យ៉ាង​ច្បាស់​លាស់​កំចាត់​បាន​ងាយ​ ពេល​អស់​ព្រះ​សង្ឃ​ អស់​មេ​ដឹក​នាំ​ ពុទ្ធ​សាស​និក​ត្រូវ​គាប​សង្កត់​ខ្លះ​ ត្រូវ​អូស​ទាញ​ខ្លះ​ ក្លាយ​ជា​មុស្លីម​ទៅ​ ឬ​ហិណ្ឌូ​ទៅ​ ផ្នែក​ខាង​​ហិណ្ឌូ​ទោះ​ជា​ត្រូវ​កំចាត់​ព្រម​ជា​មួយ​នោះ​ដែរ​ តែ​ដោយ​អាស្រ័យ​អ្នក​​ហិណ្ឌូ​​​មាន​ច្រើន​បែប​ ពួក​ខ្លះ​នៅ​ផ្ទះ​មាន​គ្រួសារ​ មាន​ជីវ​ភាព​រស់​នៅ​ដូច​ប្រជា​ជន​ទូ​ទៅ​ ក៏​រួច​ផុត​ទៅ​បាន​ងាយ​ ខណៈ​នោះ​គោល​ការណ៍​ទួ​ទៅ​​របស់​ព្រះ​ពុទ្ធ​សាសនា​ និង​ ហិណ្ឌូ​មាន​លក្ខណៈ​ប្រ​ហាក់​​ប្រហែល​គ្នា​ ច្រ​ឡូក​​ច្រលំ​គ្នា​ជា​ច្រើន​ទៅ​ហើយ​ ពេល​ដែល​ផ្នែក​ខាង​ហិណ្ឌូ​នៅ​សេស​សល់​ ទាញ​ចូល​ទៅ​ហិណ្ឌូ​ មិន​មាន​នរណា​រា​រាំង​ វត្ត​ព្រះ​ពុទ្ធ​សាសនា​ដែល​នៅ​សេស​សល់​ ក៏​ត្រូវ​ពួក​ព្រាហ្មណ៍​រឹប​អូស​យក​ទៅ​កាន់​កាប់​ ក្លាយ​ជា​វត្ត​ហិណ្ឌូ​។ ពុទ្ធ​បរិ​ស័ទ​ដែល​នៅ​សេស​សល់​ក៏​ត្រូវ​កំលាយ​បន្តិច​ម្តង​ៗ​ ចូល​ទៅ​សង្គម​​នៃ​ក្នុង​វណ្ណៈ​របស់​ហិណ្ឌូ​។

    អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ពោល​ថា​ ព្រះ​ពុទ្ធសាស​នា​មិន​បាន​បាត់​បង់​សាប​សូន្យ​ពី​ប្រ​ទេស​ឥណ្ឌា​ ព្រោះ​អ្វី​ៗ​ដែល​បាន​កសាង​ឡើង​ហើយ​ក្នុង​ប្រទេស​ឥណ្ឌា ក៏​គង់​នៅ​​ក្នុង​ប្រ​ទេស​​ឥណ្ឌា​ក្នុង​លក្ខណៈ​បុរាណ​វិទ្យា​ និង វប្ប​ធម៌​ផ្សេង​ៗ ដែល​នៅ​មាន​ដំណរ​ត​មក​ទល់​បច្ចុប្បន្ន ចំ​ណែក​​​ខាង​គោល​ធម៌​ជា​គ្រឿង​កែ​ទម្រង់ ​និង ជា​បែប​យ៉ាង​ធ្វើ​ឲ្យ​សាសនា​​ហិណ្ឌូ​ រីក​ចំរើន​មក​ទល់​បច្ចុប្បន្ន​ ក្លាយ​ទៅ​ជា​លក្ខណៈ​ល្អ​ប្រណិត​ឡើង​ ដូច​ជា​ការ​បញ្ឈប់​ការ​បូជា​យញ្ញ មាន​គោល​សីល​ធម៌​ច្បាស់​លាស់​ឡើង​ មាន​គោល​ទស្សន​វិជ្ជា​ជ្រាល​ជ្រៅ​​ឡើង​ដោយ​វិធី​ទាញ​យក​ពី​ពុទ្ធ​សាសនា​ តាម​ដែល​មាន​ប្រយោជន៍​ដល់​ខ្លួន​យ៉ាង​នេះ​​ជា​ដើម​។

ចប់បរិបូណ៌