ព្រះពុទ្ធសាសនាសម័យបច្ចុប្បន្ន

ថ្ងៃអាទិត្យ ទី5.មករា 2020.ម៉ោង 8:11

    ព.ស.២០៤១ ជន​ជាតិ​អីរ៉ុប បាន​ចាប់​ផ្ដើម​ចូល​មក​ទាក់​ទង​ធ្វើ​ពាណិជ្ជ​កម្ម​ជា​មួយ​ជន​ជាតិ​​ឥណ្ឌា ដោយ​ជន​ជាតិ​ព័រ​ទុយ​ហ្គ័ល​មុន​គេ ក្រោយ​នោះ​ជន​ជាតិ​ហូឡង់ដ៍​ និង ជន​ជាតិ​អង់​គ្លេស​បាន​ចូល​​មក​ជា​លំដាប់​។ ឥណ្ឌា​បាន​ធ្លាក់​ទៅ​ក្នុង​អាណា​និគម​របស់​អង់​គ្លេស​តាំង​ពី ព.ស.២៣២៧ និង បាន​ឯក​រាជ្យ​វិញ​កាល​ពី​ ថ្ងៃ​ទី ១៥ សីហា ព.ស.២៤៩០ ដោយ​បែង​ជា​ពី​ប្រទេស​គឺ ឥណ្ឌា និង បាគិស្ថាន​។

    ក្នុង​សម័យ​ដែល​ឥណ្ឌា​ធ្លាក់​ទៅ​ក្នុង​អាណា​និគម​នោះ​​ អីរ៉ុប​បាន​នាំ​សាសនា​គ្រិស្ត​ចូល​ទៅ​​ផ្សព្វ​ផ្សាយ ប៉ុន្តែ​មិន​សូវ​បាន​ទទួល​ផល​ប៉ុន្មាន​ ពេល​ដែល​ឥណ្ឌា​ភ្ញាក់​ខ្លួន​ក្លាយ​ជា​អ្នក​ជាតិ​និយម​ ក៏​ភ្ញាក់​ខ្លួន​ក្នុង​រឿង​នៃ​សាសនា​ផង​ដែរ​ ធ្វើ​ឲ្យ​មាន​ការ​ទំនុក​បម្រុង​ស្ថាបនា​សាសនា​ហិណ្ឌូ​ ប្រជា​ជន​​គង់​នៅ​​មាន​ការ​​​គោរព​បូជា​សាសនា​ហិណ្ឌូ​យ៉ាង​ខ្ជាប់​ខ្ជួន​ តាម​ស្ថិតិ​ពី ព.ស. ២៥០៤ ប្រជា​ជន​ឥណ្ឌា​គោរព​សាសនា​ហិណ្ឌូ​ប្រមាណ ៨៣,៥% ឥស្លាម ១០,៧% គ្រិស្ត ២,៤% សិក្ខ ១,៨% និង ឈេន ​(ឈាន ឬ ធ្យាន) ០,៥% រី​ឯ​ពុទ្ធ​សាសនា​គង់​នៅ​មាន​ការ​បំភ្លេច​នៅ​ឡើយ​ អស់​រយៈ​កាល​តាំង​តែ​ពី​ពុទ្ធស​តវត្សរ៍​ទី​១៨ ដល់​សត​វត្សរ៍​ទី ២៤​ ទោះ​បី​ជា​មាន​ការ​គោរព​ប្រតិ​បត្តិ​តាម​គោល​ធម៌​របស់​​ពុទ្ធ​សាសនា​ជា​ច្រើន​ប្រការ​ ក៏​បាន​ប្រ​ព្រឹត្ត​ទៅ​ដោយ​មិន​ដឹង​ខ្លួន​ ព្រោះ​ត្រូវ​បាន​គួប​បញ្ចូល​ជា​​ចំណែក​​មួយ​ក្នុង​​គោល​ធម៌​នៃ​សាសនា​ព្រាហ្មណ៍​ហិណ្ឌូ​ ឬ​កម្លាយ​ឲ្យ​ទៅ​ជា​សាសនា​ហិណ្ឌូ​រួច​ទៅ​​ហើយ​ ដូច​ជា ការ​បូជា​ពុទ្ធា​វតារ​ ក្នុង​ឋានៈ​​ជា​ព្រះ​ពុទ្ធ​មួយ​អង្គ​ក្នុង​នាម​ជា​អវតារ​របស់​ព្រះ​​នារាយណ៍​​ ក្នុង​សាសនា​ហិណ្ឌូ​ជា​ដើម​ ​នៅ​ពេល​ដែល​ពួក​ហិណ្ឌូ​បាន​និយាយ​ ឬ​បាន​ស្ដាប់​នូវ​រឿង​រ៉ាវ​របស់​ពុទ្ធ​​សាសនា​ក៏​មាន​គំនិត​ថា​ ហាក់​ដូច​ជា​រឿង​ពី​ក្រៅ​សាសនា​​ ពុទ្ធ​សាស​និក​ជន​ក៏​មាន​នៅ​សល់​ត្រឹម​តែ​​ជា​ក្រុម​តូច​តាច​នៅ​ដែន​ក័ស​ស្មៀរ៍ អស្ស័ម និង ចិត្តៈ​កង​ប៉ុណ្ណោះ​។

    ការ​ស្ថាបនា​ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រទេស​ឥណ្ឌា ទើប​តែ​ នឹង មាន​មក​ក្នុង​ពេល​ថ្មី​ៗ​នេះ និង​ ​ភាគ​ច្រើន​កើត​មក​ពី​ការ​ចាប់​ផ្ដើម​ ឬ​ខ្វល់​ខ្វាយ​របស់​ជន​ជាតិ​អីរ៉ុប​ និង អាមេរិ​កាំង ដែល​បាន​សិក្សា​រៀន​​សូធ្យ​ហើយ​មាន​សទ្ធា​ដូច​មាន​ហេតុ​ការ​សំខាន់​ត​ទៅ​នេះ​៖

    ព.ស.២៣៩៥ ៖ លោក​ឧត្តម​សេនីយ៍ អលេក​សាន់​ឌើររ៍​ ខ័ន​ និង ហែម អ្នក​បូរាណ​វិទូ​ឥណ្ឌា​ និង ​អ្នក​ស្រាវ​ជ្រាវ​ ​បាន​ដំណើរ​ការ​គាស់​រក​ឃើញ​នូវ​បូរាណ​ស្ថាន​ និង បូរាណ​វត្ថុ​ផ្សេង​ៗ ជា​ច្រើន​ខាង​​ផ្នែក​ព្រះ​ពុទ្ធ​សាសនា បង្ហាញ​ឲ្យ​ពិភព​លោក​ និង ប្រជា​ជន​ឥណ្ឌា​បាន​រំភើប​ក្នុង​ការ​បាន​ឃើញ​​នូវ​ភាព​មហស្ចារ្យ​នៃ​ព្រះ​ពុទ្ធសា​សនា​​ ក្នុង​ប្រវត្តិ​សាស្ត្រ​ ដូច​ជា​ រឿង​ព្រះ​បាទ​អសោក​​មហា​រាជ និង នាលន្ទា​ ជា​ដើម​។

    ព.ស.២៤២២ ៖ លោក អេត​វ៉ីន​ អានោល​ដ៍​ ជន​​ជាតិ​​អង់​​គ្លេស​ អ្នក​​និពន្ធ​​រឿង​ប្រទីប​នៃ​ទ្វីប​អាស៊ី​ ឬ “The Light of Asia” ជា​សៀវ​ភៅ​ពុទ្ធ​ប្រវត្តិ​ដែល​ពីរោះ​ក្បោះ​ក្បាយ​ ធ្វើ​ឲ្យ​ជន​ជាតិ​ឥណ្ឌា​ និង​ ពួក​បស្ចឹម​ប្រទេស​ចាប់​​អារមណ៍​ជា​មួយ​ព្រះ​ពុទ្ធ​សាសនា​ច្រើន​ឡើង​ ដល់​ថ្នាក់​អ្នក​ខ្លះ​ប្ដូរ​សាសនា​តែ​ម្ដង​ក៏​មាន​។

    ព.ស.២៤២៤ ៖ TW. រីស​ ដេវិដស៍ ជា​មួយ​ភរិយា និង គណៈ ​រួម​គ្នា​បង្កើត​សមា​គម​បាលី​បករណ៍ (The Pali Text Society) ឡើង​នៅ​ទី​ក្រុង​ឡុងដ៍​ ប្រ​ទេស​អង់​គ្លេស​ ដើម្បី​បោះ​ពុ​ម្ព​ព្រះ​ត្រៃ​បិដក និង គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​​ផ្សេង​ៗ​ រាប់​ថា​ជា​ជំហាន​សំខាន់​ក្នុង​ការ​សិក្សា​ភាសា​បាលី​ និង​ ព្រះ​ពុទ្ធ​សាស​នា​នាសម័យ​បច្ចុប្បន្ន​។​ ក្នុង​រយៈ​កាល​នេះ​​​​ ការ​សិក្សា​ស្រាវ​ជ្រាវ​ភាសា​បាលី​ និង​ ព្រះ​ពុទ្ធ​សាសនា​ក្នុង​ចំណោម​ជន​ជាតិ​អីរ៉ុប​​បាន​ឈាន​មុខ​យ៉ាង​ច្រើន​ ដូច​ជា​មាន​ការ​បោះ​ពុម្ព​វចនា​នុក្រម​ភាសា​បាលី​អង់​គ្លេស​ របស់​សីល​ឌើរ៍​ កាល​ពី ព.ស.២៤១៨ បោះពុម្ពបា​ឋក​ថា​ជា​តក​ដោយ​ភាសា​រ៉ូម៉័ង​គ្រប់​ឈុត ក្នុង​ព.ស.២៤២០-២៤៤០​ ប្រែ និង​ បោះ​ពុម្ពគម្ពីរ​ ទីប​វង្ស ព.ស.​២៤២១ បោះ​ពុម្ព​​បាលី​វិន័យ​បិដក​គ្រប់​ឈុត ព.ស.២៤២២-២៤២៦ បោះ​ពុម្ព​មិលិន្ទ បញ្ហា ព.ស.២៤២៣ បោះ​ពុម្ព​បាលី​សុតន្ត​បិដក​អភិ​ធម្ម​បិដក​​ និង សៀវ​ភៅ​អដ្ឋ​កថា​សំខាន់​ៗ​​ ក្នុង​រវាង​ ព.ស.២៤២៧ ដល់ ២៤៦៨ ព្រម​ទាំង​ចាប់​ផ្ដើម​ការ​បោះពុម្ព​​ព្រះ​ត្រៃ​បិដក​ប្រែ​តាំង​ពី​ប្រមាណ ព.ស.២៤២៤ ជា​ដើម​មក​ ចំណែក​ខាង​គម្ពីរ​ខាង​ផ្នែក​សំស្ក្រឹត​របស់​​មហា​យាន​ ក៏មាន​ការ​រីក​ចម្រើន​ទៅ​មុខ​មិន​អន់​ជាង​គ្នា​ដែរ​ ពោល​គឺ បច្ចុប្បន្ន​គម្ពីរ​តម្រា​សិក្សា​ភាសា​​បាលី​សំស្ក្រឹត និង ព្រះ​ពុទ្ធ​សាសនា​ដែល​ជា​ភាសា​អង់​គ្លេស​មាន​គ្រប់​បរិ​បូណ៌​ជាង​ភាសា​នានា​ទាំង​អស់​។​

    ព.ស.២៤៣៥ ៖ បាន​បង្កើត​សមាគ​មពុទ្ធ​សាសនា​បករណ៍ (The Buddhist Text Society) នៅ​ទី​ក្រុង​ក័ល​កត្តា បញ្ជាក់​ថា​ជា​ការ​ភ្ញាក់​ខ្លួន​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ឥណ្ឌា​ ដែល​កើត​ឡើង​អាស្រ័យ​ការ​ខ្វល់​​ខ្វាយ​សិក្សា​ស្រាវ​ជ្រាវ​រៀន​សូធ្យ​ពី​ជន​ជាតិ​អីរ៉ុប​យ៉ាង​រឹង​ប៉ឹង​ពិត​ប្រាកដ​។ ក្នុង​រយៈ​កាល​ត​មក​នេះ​​ អ្នក​ប្រាជ្ញ​ឥណ្ឌា​បាន​ចាប់​ផ្ដើម​សិក្សា​ស្រាវ​ជ្រាវ​ព្រះ​ពុទ្ធ​សាសនា​ ទាំង​ផ្នែក​ធម៌​អាថ៌​វិន័យ​ និង ​ប្រវត្តិ​​សាស្ត្រ​ច្រើន​ឡើង​​ដោយ​លំដាប់​ នៅ​ពេល​ឥណ្ឌា​បាន​ឯក​រាជ្យ​រួច​ហើយ​ រដ្ឋា​ភិបាល​នៃ​រដ្ឋ​ពិហារ​ បាន​បង្កើត​នវនា​លន្ទា មហា​វិហារ​ ឬ​ស្ថាប័ន​ស្រាវ​ជ្រាវ​វិគ្រោះ​ការ​សិក្សា​ព្រះ​ពុទ្ធ​សាសនា និង​ ភាសា​​បាលី​នៃ​នាលន្ទា​ឡើង​មក​ កាល​ពី​ ព.ស.២៤៩៤ ក្នុង​ទី​ជិត​នៃ​មហា​វិទ្យា​ល័យ​នាលន្ទា​ដើម​ ទោះ​​ស្ថា​ប័ន​ការ​សិក្សា​ជាន់​ខ្ពស់​កន្លែង​ផ្សេង​ៗ ក៏​មាន​ការ​បង្រៀន​វិជ្ជា​ព្រះ​ពុទ្ធ​សាសនា​ ភាសា​បាលី​ខ្លះ​ៗ​ ជា​ច្រើន​កន្លែង​ក៏​ដោយ​។

    ព.ស.២៤៣៤ ៖ អនាគា​រិក​ធម្ម​បាល ជន​ជាតិ​លង្កា (ឈ្មោះ​ដើម ដេវិដ ហេមវិត្រនេ) កើត​ក្នុង​​ត្រ​​​កូល​​ខ្ពង់​ខ្ពស់​ដែល​ប្ដូរ​ទៅ​កាន់​សាសនា​គ្រិស្ត​ ហើយ​បាន​ទទួល​ពាក្យ​ប្រៀន​ប្រដៅ​របស់​គ្រូ​ជន​ជាតិ​អាមេ​រិក​​ម្នាក់​ឈ្មោះ ឧត្តម​សេនីយ៍​ឯក​ អក​ខតត៍ ឲ្យ​គោរព​បូជា​ព្រះ​ពុទ្ធ​សាសនា​ មាន​ការ​យល់​ច្បាស់​ក្នុង​​ស្ថាន​ការណ៍​ផ្សេង​​ៗ​ និង​ មាន​សេច​ក្ដី​ប្រាថ្នា​យ៉ាង​ចាស់​ក្លា​ដែល​ នឹង ស្ថាប​នា​ព្រះ​ពុទ្ធ​សាសនា ទើប​ប្រើ​ឈ្មោះ​ថ្មី​ដើម្បី​សម្ដែង​នូវ​គោល​បំណង​របស់​ខ្លួន​ បាន​ទៅ​នមស្ស​ការ​សំវេជ​នីយដ្ឋាន​នានា​​ ក្នុង​​ប្រទេស​​ឥណ្ឌា បាន​ឃើញ​ពុទ្ធ​គយា​ដែល​ជា​ស្ថាន​ទី​ត្រាស់​ដឹង​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ត្រូវ​បោះ​បង់​​ចោល​មិន​មាន​អ្នក​ថែរ​រក្សា​ និង​ នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​អ្នក​បួស​ហិណ្ឌូ​ ហើយ​បាន​ទៅ​ប្ដេជ្ញា​​ចំពោះ​ដើម​ពោធិ​ព្រឹក្ស​កន្លែង​ដែល​ទ្រង់​ត្រាស់​ដឹង​ថា​ “នឹង​សូម​លះ​បង់​ពលី​ជីវិត​របស់​ខ្លួន​ ដើម្បី​​ស្រោច​​ស្រង់​បូជ​នីយ​ដ្ឋាន​នៃ​ព្រះ​ពុទ្ធ​សាស​នា​ឲ្យ​រួច​ផុត​ពី​សភាព​ដែល​ត្រូវ​បោះ​បង់​ចោល​ឲ្យ​ទាល់​​តែ​បាន​” នៅ​ក្នុង​ឆ្នាំ​នេះ​​ឯង អនា​គារិក​ធម្ម​បាល​ បាន​ចាប់​ផ្ដើម​បង្កើត​ មហា​ពោធិ​សមា​គម ដំបូង​ឯ​ពុទ្ធ​គយា​ ក្រោយ​មក​បាន​ធ្វើ​ការ​ឯក​ឯង​យ៉ាង​ស្មោះ​ស្ម័គ្រ​ដើម្បី​ស្ដារ​ព្រះ​ពុទ្ធ​សាសនា​ បាន​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ ផ្សព្វ​ផ្សាយ​ពុទ្ធ​ធម៌​ និង បវរ​ណា​បណ្ដា​ជន​ សេច​ក្តី​ព្យា​យាម​របស់​គាត់​​បាន​ធ្វើអោយ​​កើត​មាន​ការ​ភ្ញាក់​រលឹក​ និង រួម​ដៃគ្នា​ជា​ច្រើន​ ជា​ពិសេស​គឺ​ អ្នក​អា​មេរិកា​ មហា​ពោធិ​សមា​គម​​បាន​ពង្រីក​សាខា​ក្នុង​ក្រុង​សំខាន់​ៗ ផ្សេង​ៗ​ ទូ​ទាំង​ប្រទេស​ឥណ្ឌា​ លោក​បាន​ឧប​សម្បទា​ក្នុង​វ័យ​​ដែល​ចាស់​ជរា​ក្នុង​ប្រទេស​លង្កា​ កាល​ពី ព.ស.២៤៧៦ និង អនិច្ច​កម្ម​ក្នុង​ឆ្នាំ​នេះ​ឯង​ ពេល​​មរណ​ភាព​បាន​បន្លែង​វាចា​ថា​ សូម​កើត​ជាតិ​ថ្មី ២៨​ជាតិ​ទៀត​ដើម្បី​ផ្សព្វ​ផ្សាយ​ពុទ្ធ​ធម៌​ សេច​ក្ដី​​ព្យាយាម​​របស់​លោក​បាន​ធ្វើ​ឲ្យ​ពុទ្ធ​គយា​រួច​ផុត​ពី​ការ​គ្រប់​គ្រង​ និង បៀត​បៀន​របស់​អ្នក​បួស​ហិណ្ឌូ​ ត្រឡប់​បាន​មក​ជា​កម្ម​សិទ្ធិ​របស់​ពុទ្ធ​សាស​និក​ជន​ តាម​គោល​បំណង​ប្រាថ្នា​ ធ្វើ​ឲ្យ​ឋានៈ​នៃ​ព្រះ​​ពុទ្ធ​សាសនា​ ដឹង​ខ្លួន​ឡើង​វិញ​ ហើយ​ពុទ្ធ​សាស​និក​ជន​បាន​ដំណើរ​ការ​បន្ត​ដើម្បី​ព្រះ​ពុទ្ធ​សាសនា​បាន​​រឹង​ប៉ឹង​ខ្លាំង​ឡើង​។​

    ព.ស.២៤៩៩ ៖ រដ្ឋា​ភិបាល​ឥណ្ឌា​បាន​ចាត់​បុណ្យ​ឆ្លង​ “ពុទ្ធ​ជយន្តី”​ ក្នុង​ឱកាស​គ្រប់​ខួប​ពុទ្ធ​សតវត្សរ៍​ទី​​២៥ មុន​ពេល​ចាត់​បុណ្យ​ឆ្លង​នោះ​​ រដ្ឋា​ភិបាល​ឥណ្ឌា​បាន​ជួស​ជុល​សំវេ​ជនី​យដ្ឋាន​ទាំង​ ៤​កន្លែង​ និង ស្ថាន​ទី​សំខាន់​ខាង​ព្រះ​ពុទ្ធ​សាសនា​គ្រប់​កន្លែង​យ៉ាង​សម្បើម​ ព្រម​ទាំង​កសាង​ទី​ស្នាក់​អា​ស្រ័យ​​សម្រាប់​អ្នក​ចារិក​ស្វែង​បុណ្យ​គ្រប់​ទី​កន្លែង​ ​និង បោះ​ពុម្ព​សៀវ​ភៅ​សំខាន់​ទុក​ជា​អនុស្សាវ​រីយ៍ នៃ​ព្រះ​​ពុទ្ធ​សាសនា​ក្នុង​ប្រទេស​ឥណ្ឌា​។

    ក្នុង​ឆ្នាំដដែល​នេះ Dr. អែម​បេក​ការ៍ អតី​ត​កម្ម​ការ​ពង្រៀង​រដ្ឋ​ធម្ម​នុញ​ និង ជា​រដ្ឋ​មន្ត្រី​ក្រសួង​​យុត្តិ​ធម៌​ដំបូង​របស់​ឥណ្ឌា​ ដែល​ជា​អ្នក​នាំ​យក​ពួក​វណ្ណៈ​សូទ្រ​ បាន​ប្ដូរ​ពីសាស​នា​ហិណ្ឌូ​មក​ប្ដេជ្ញា​ខ្លួន​​ជា​​​ពុទ្ធសាស​និក ធ្វើ​ឲ្យ​មនុស្ស​ក្នុង​វណ្ណៈ​សូទ្រ​បែរ​មក​គោរព​ព្រះ​ពុទ្ធ​សាសនា​​រាប់​ចំនួន​រាប់​លាន​នាក់​។ គាត់​​ម្នាក់​នេះ​បាន​ដំណើរ​ការ​ក្នុង​រឿង​ផ្សេង​ៗ ដើម្បី​លើក​ដំកើង​មនុស្ស​ក្នុង​វណ្ណៈ​សូទ្រ​ទាំង​ខាង​សង្គម​ និង ​ការ​សិក្សា ដោយ​អាស្រ័យ​ធម៌​អាថ៌​ព្រះ​ពុទ្ធ​សាសនា​ចំនួន​ច្រើន​ ជា​ពិសេស​គឺ​​ខាង​ផ្នែក​ការ​សិក្សា​ បាន​បង្កើត​វិទ្យា​ល័យ និង ស្ថា​ប័ន​ការ​សិក្សា​ពុទ្ធ​សាសនា​ដើម្បី​បង្រៀន​មុខ​វិជ្ជា​ផ្សេង​ៗ​​ ជា​ច្រើន​​កន្លែង​ ដូច​ សិទ្ធារ​ថ​វិទ្យា​ល័យ​ខាង​និតិ​សាស្ត្រ​ (ច្បាប់)​ ជា​អាទិ៍​។ លោក​បាន​ទទួល​ការ​គោរព​សរសើរ​​​ពី​ពួក​ជន​វណ្ណៈ​សូទ្រ​ប្រដូច​ទៅ​ជា​ព្រះ​ពោធិ​សត្វ​ឬ​ជា​ព្រះ​អាទិ​ទេព​មួយ​អង្គ​។​ Dr.​អែម​បេក​ការ៍​ បាន​​ទទួល​អនិច្ច​កម្ម​ក្នុង ព.ស.២៤៩៩ នោះ​ឯង​។

    បច្ចុប្បន្ន ពុទ្ធ​សាស​និក​ជន​នៅប្រ​ទេសនានា​​ បាន​ធ្វើ​ដំណើរ​ទៅ​នមស្ស​ការ​សំវេជ​នីយ​ដ្ឋាន​​យ៉ាង​កុះករ​រាល់​ឆ្នាំ​ ប្រទេស​ខ្លះ​បាន​កសាង​វត្ត​តាម​បែប​វប្បធម៌​របស់​ខ្លួន​ទុក​ នៅ​នា​សំវេជ​នីយដ្ឋាន​​នោះ​​ៗ សម្រាប់​ប្រទេស​ថៃ រដ្ឋា​ភិបាល​បាន​ដំណើរ​ការ​កសាង​វត្ត​មួយ​កន្លែង​ ឯ​ពុទ្ធ​គយា ដាក់​នាម​វត្ត​​ថា វត្ត​ថៃ​ពុទ្ធ​គយា ឬ ​Wat Thai Buddhagaya ចាប់​ផ្ដើម​កសាង​ដោយ​ការ​សំណូម​ពរ​របស់​​រដ្ឋា​ភិបាល​ឥណ្ឌា​ក្នុង​ឱកាស​សម្ពោធ ពុទ្ធ​សត​វត្សរ៍ទី​២៥ និង បញ្ជូន​ព្រះ​សង្ឃ​ថៃ​ទៅ​នៅ​ជា​​ប្រចាំ តាំង​តែពី ព.ស.២៥០៣ រហូត​មក​។​

តទៅលេខ 30