ព្រះពុទ្ធសាសនានៅវៀតណាម(ត)


ថ្ងៃសៅរ៍ ទី16.វិច្ឆិកា 2019.ម៉ោង 7:20

ការរៀបចំគណកម្មការចំរុះ

    ក្នុង ព.ស. ២៥០៦ ខណៈ​ដែល​កំពុង​តែ​តស៊ូ​ជា​មួយ​រដ្ឋា​ភិបាល​ ង៉ោ​ឌិន​យ៉ីម ពុទ្ធ​សាស​និក​ជន​បាន​ចាត់​តាំង​គណៈ​កម្ម​ការ​ចំរុះ​នានា​និកាយ​ ដើម្បី​អភិ​រ័ក្ស​ព្រះ​ពុទ្ធ​សាសនា​ បំពេញ​នាទី​ផ្សេង​ៗ​ដូច​ជា​ ចរ​ចា​ជា​មួយ​រដ្ឋា​ភិបាល​ជា​ដើម​។ គណៈ​កម្ម​ការ​ចម្រុះ​នានា​ និកាយ​នោះ​ ប្រកប​ដោយ​ដំណាង​ក្រុម​ពុទ្ធ​សាស​និក​ស្ទើរ​គ្រប់​ក្រុម​គ្រប់​គណៈ​។ ខណ​​ដែល​ចាត់​តាំង​គ្នា​ឡើង​ជា​ថ្មី​ជា​សហ​ពុទ្ធ​ចក្រ​វៀត​ណាម​ ដែល​ជា​អង្គ​ការ​ដែល​មាន​ប្រព័ន្ធ​​ការ​ងារ​ និង ក្រប​ខ័ណ្ឌ​ច្បាស់​លាស់​ខ្លាំង​ឡើង​។ ក្រុម​ពុទ្ធ​សាស​និក​បុរាណ​និយម​មួយ​ចំនួន​ ​និង​ វត្ត​មួយ​ចំនួន​ក៏​បាន​ចូល​រួម​សហ​ពុទ្ធ​ចក្រ​វៀត​ណាម​ ទើប​មិន​អាច​រួប​រួម​ពុទ្ធ​សា​ស​និក​​ជន​បាន​ទាំង​ស្រុង​។ តែ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ​ សហ​ពុទ្ធ​ចក្រ​ជា​អង្គ​ការ​ធំ​ មាន​អំណាច​ផ្សព្វ​​ផ្សាយ​​ចេញ​ទៅ​ក្នុង​លំដាប់​ផ្សេង​ៗ​ យ៉ាង​ទូលំ​ទូលាយ​គួរ​សម​ ដូច​ជា​នៅ​​ក្នុង​មូល​ដ្ឋាន​ផ្សេង​ៗ​ ច្រើន​កន្លែង​។ មុន​ពេល​តែង​តាំង​ភិក្ខុ​ឲ្យ​ចូល​កាន់​ដំណែង​ផ្សេង​ៗ ចាំ​បាច់​ត្រូវ​ទទួល​ការ​យល់​ព្រម​ពី​គណៈ​កម្មការ​របស់​សហ​ពុទ្ធ​ចក្រ​វៀត​ណាម​ប្រចាំ​​​មូល​ដ្ឋាន​នោះ​ៗ​​ ជា​ដើម​ ប៉ុន្តែ​កិច្ច​ការ​ដែល​រឹង​ប៉ឹង​ មាន​ឥទ្ធិ​ពល​ខ្លាំង​ ក៏​គឺ​​កិច្ច​ការ​ខាង​ប្រជា​​ជន​នៅ​ក្នុង​ទី​ក្រុង​ធំ​ៗ​ បាន​ដល់​អង្គ​ការ​របស់​គ្រហស្ថ​ ការ​ងារ​សាធា​រណ​ប្រយោជន៍​ ​និង​ ក្បួន​ការ​យុវ​​ជន​ ដូច​ដែល​បាន​ឃើញ​​​ពី​ស្ថិតិ​កិច្ច​ការ​ក្នុង​ ព.ស.២៥១៣​-​២៥១៤ ដូច​ដែល​គួរ​ នឹង ជ្រាប​គឺ​​៖​

  • នាយក​ដ្ឋានសិក្សា មាន​មហា​វិទ្យា​ល័យ​​ មួយ​កន្លែង​ (មហា​វិទ្យា​ល័យ​ពុទ្ធ​សាសនា​ យ៉ាង​ហាន់)​ ស្ថា​ប័ន​សិក្សា​ព្រះ​ពុទ្ធ​សាសនា​ជាន់​ខ្ពស់ ១​កន្លែង​ ស្ថាប័ន​​ពុទ្ធ​​សាស្រ្ត​ថ្នាក់​ អនុ​បណ្ឌិត ២​កន្លែង​ ស្ថាប័ន​ព្រះ​ពុទ្ធ​សាស្រ្ត​ ថ្នាក់​បរិញ្ញា​ប័ត្រី ១២​កន្លែង​ សាលា​រៀន​ មធ្យម​សិក្សា​ ៦៥​កន្លែង​ សាលា​រៀន​បឋម​សិក្សា​ ៦២​កន្លែង​ សាលា​រៀន​មតេយ្យ​ ១១​​កន្លែង​ ស្ថា​ប័ន​ពុទ្ធ​សាសនា​ថេរ​វាទ​ ១​​កន្លែង​ ស្ថាប័ន​ភិក្ខុនី​ ​និង ដូន​ជី ៤​កន្លែង​។
  • ការិ​យា​ល័យ​សង្គម​សង្រ្គោះ​ មាន​ស្ថាន​សង្រ្គោះ​កុមារ​កំព្រា​ ១៩​កន្លែង (កុមារ ៤៧៨០​នាក់) ស្ថាន​​ទទួល​ចិញ្ចឹម​ និង ថែ​រក្សា​កុមារ​ ២៤៤ ​កន្លែង​ ស្ថាន​សង្រ្គោះ​កុ​មារ​​កំ​ព្រា និង ថែ​រក្សា​កុមារ ៥៣​កន្លែង គ្លី​នីក ៦​កន្លែង ឱសថ​ស្ថាន ៧២​កន្លែង​។
  • ការិ​យាល័យ​យុវជន​ មាន​អង្គ​ការ​យុវ​ជន​ច្រើន​កន្លែង​គឺ​ អង្គ​ការ​យុវ​ពុទ្ធិកៈ​ (Gia Dinh Phat To) អង្គ​ការ​ពុទ្ធ​សាស​និក​ទាហាន​ឈ្លប​ អង្គការ​អ្នក​សិក្សា​មធ្យម​ពុទ្ធិកៈ ​អង្គការ​និស្សិត​ពុទ្ធិកៈ​ អង្គ​ការ​យុវ​ជន​ស្ម័គ្រ​ចិត្ត​បំពេញ​ប្រយោជន៍​រួម​មាន​សមា​ជិក​ ២៦,៧០០០ នាក់​,ជា​ពិសេស​អង្គ​ការ​យុវ​ពុទ្ធិកៈ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ ព.ស. ២៤៧៨ ជា​អង្គ​ការ​មាន​រចនា​សម្ព័ន្ធ​ល្អ​ប្រសើរ​ណាស់​ មាន​មូល​ដ្ឋាន​ផ្នែក​ខាង​ការ​​សិក្សា ​និង​ ការ​ប្រតិ​បត្តិ​ខាង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​រឹង​ប៉ឹង​ ​និង​ មាន​សន្តិ​សុខ​ មាន​មេ​​ដឹក​​នាំ​ ​និង​ អ្នក​​វិជ្ជា​ការ​ជាង​ ១៥០០០ នាក់​ មាន​សមា​ជិក​ ១៧៨,២០៨ នាក់។ សហ​ពុទ្ធ​ចក្រ​វៀត​ណាម​អាច​ពោល​អះ​អាង​បាន​ថា​ជា​ អង្គ​ការ​យុវ​ជន​របស់​ខ្លួន​ ជា​ក្បួន​ការ​យុវជន​ដែល​ធំ​បំ​ផុត ​និង​ មាន​ការ​ចាត់​តាំង​ល្អ​បំផុត​ក្នុង​វៀត​ណាម​។​
  • ការិយា​ល័យ​គ្រហស្ថ​ជន​ មាន​ច្រើន​អង្គ​ការ​ ដូច​ជា​អង្គ​ការ​ពុទ្ធ​សាស​និក​កម្ម​ករ​ អង្គ​ការ​ពុទ្ធ​សាស​និក​ពាណិ​ជ្ជករ​ សហ​ព័ន្ធ​កូន​ឈ្នួល​ និង រាជ​ការ សមា​គម​ពុទ្ធ​​សាស​​និក​ សមា​គម​ពុទ្ធ​សាស​និក​អ្នក​បើក​បរ (រក​ទទួល​ទាន) សមា​គម​ពុទ្ធ​​សាស​​និក​​ភេ​សជ្ជ​ករ​ សមា​គម​ពុទ្ធ​សាស​និក​អ្នក​និពន្ធ​ និង​ វិចិត្រ​ករ​ សមា​គម​ពុទ្ធ​សា​ស​​និក​គូលី​ សមា​គម​ពុទ្ធ​សាស​និ​រថ​យន្ត​កង់​៣ សមា​គម​ពុទ្ធ​សាស​និក​កង់​ ៣​ជា​ដើម​។

    សកល​វិទ្យា​ល័យ​យ៉ាង​ហាន់​ បង្កើត​ឡើង​ដោយ​សហ​ពុទ្ធ​ចក្រ​វៀត​ណាម​ ​និង​ បាន​​ទទួល​រ៉ាប់​រង​ពី​រដ្ឋា​ភិបាល​វៀត​ណាម​ កាល​ពី​ថ្ងៃ​ទី ៧​តុលា ២៥០៧​។ បច្ចុប្បន្ន​​មាន​ ៤​មហា​វិទ្យា​ល័យ​គឺ មហា​វិទ្យ​ល័យ​ពុទ្ធ​សាស្រ្ត​ និង ​បូព៌ា​វិទ្យា​ មហា​វិទ្យា​ល័យ​អក្សរ​សាស្រ្ត និង មនុស្ស​សាស្រ្ត​ មហា​វិទ្យា​ល័យ​សង្គម​សាស្រ្ត​ និង មហា​វិទ្យា​ល័យ​ភាសា​សាស្រ្ត​។ ចំពោះ​មហា​វិទ្យា​ល័យ​ពុទ្ធ​សាស្រ្ត​ និង បូព៌ា​វិទ្យា​ បែង​ចេញជា​ ៩​វិជ្ជា​ គឺ ​វិជ្ជា​ពុទ្ធ​ទស្សន​វិជ្ជា​ អក្សរ​​សិល្បិ៍​ពុទ្ធសាសនា​ ប្រវត្តិ​ពុទ្ធ​សាសនា​ ពុទ្ធ​សាសនា​ទូ​ទៅ​ ពុទ្ធ​សាសនា​នៅ​វៀត​ណាម​ ទស្សន​វិជ្ជា​បូព៌ា​ ទស្សន​វិជ្ជា​ឥណ្ឌា​ ទស្សន​វិជ្ជា​ចិន​ និង ទស្ស​វិជ្ជា​បស្ចឹម​។

    សកល​វិទ្យា​ល័យ​បើក​ទទួល​អ្នក​សិក្សា​ទាំង​បព្វ​ជិត​ និង​ គ្រហស្ថ​ក្នុង​ ព.ស.២៥១១ មាន​គណ​កម្មការ​ចារ្យ ៦៨​អង្គ ​និង ​រូប​ អ្នក​សិក្សា ១,៩៣៨ អង្គ ​និង ​រូប (មហា​វិទ្យា​ល័យ​​ពុទ្ធ​​​សាស្រ្ត ២១៦​អង្គ និង​ រូប អក្សរ​សាស្រ្ត ១៩២​ អង្គ ​និង ​រូប​ សង្គម​សាស្រ្ត ១,១៩០ ​អង្គ​ និង ​រូប ​មជ្ឈ​មណ្ឌល​ភាសា​​ដែល​​ក្រោយ​​​មក​បាន​ក្លាយ​ជា​មហា​វិទ្យា​​ល័យ​​ភាសា​​សាស្ត្រ ៣៤០​អង្គ និង ​រូប) ជា​បុរស​ ១៣៥១ នាក់ ស្រ្តី ៥៨១ នាក់ អ្នក​សិក្សា​បរ​ទេស ២៥​នាក់ ហើយសកល​វិទ្យា​ល័យ​មាន​មជ្ឈ​មណ្ឌល​សមា​ធិ​សំរាប់​គ្រូ និង សិស្ស​និស្សិត ដែល​ភាគ​ច្រើន​ប្រតិ​បត្តិ​វិធី​អានា​បា​នស្សតិ​។

    ក្រៅ​ពី​នេះ សកល​វិទ្យា​ល័យ​យ៉ាង​ហាន់ ​និង ស្ថាន​ប័ន​សិក្សា​ដទៃ​ៗ​ទៀត ដែល​​ពោល​ខាង​ដើម​រួច​មក​ហើយ​ នៅ​មាន​សាលា​រៀន​យុវ​ជន​ ដើម្បី​សង្គម​សង្គ្រោះ​ បាន​ផលិត​អ្នក​សង្គម​សង្គ្រោះ​ចេញ​ទៅ​ជួយ​កសិករ​នៅ​តាម​ជន​បទ​ ដោះ​ស្រាយ​បញ្ហា​ទាក់​ទង​ការ​​ងារ​ស្តារ​ និង អភិវឌ្ឈន៍​ ដំណើរ​ការ​អភិវឌ្ឈន៍​មូល​ដ្ឋាន​ រហូត​ដល់​ធ្វើ​ការ​បន្ថូរ​ទុក្ខ​ក្នុង​ខេត្ត​ ដែល​ជួប​ប្រទះ​អន្ត​រាយ​ពីសង្គ្រាម​ និង គ្រោះ​ថ្នាក់​ធម្ម​ជាតិ​ ​និង​ វិទ្យា​ល័យ​អ្នក​ផ្សព្វ​ផ្សាយ​នៃ​ជាតិ​ ដែល​ចាត់​តាំង​ឡើង​ពី ព.ស.​២៤៩៤ មាន​ភារ​កិច្ច​ផលិត​អនុ​សាសនា​ចារ្យ​ដល់​ទាហាន​។ អង្គការ​ និង​ សមា​គម​ផ្សេង​ៗ​ របស់​ពុទ្ធ​សាស​និក​ជន ជា​ពិសេស​ ក្បួន​ការ​ទាំង​​ឡាយ​របស់​យុវ​ជន ដូច​ជា​ទាហាន​ឈ្លប​ និង នេត្រ​នារី​ជា​ដើម​។

    ខាង​សហ​ពុទ្ធ​ចក្រ​វៀត​ណាម​ជួប​ប្រទះ​បញ្ហា​ខ្វះ​ខាត​អនុ​សាសនា​ចារ្យ​ ព្រោះ​ព្រះ​សង្ឃ​ជា​​គ្រូ​មាន​ជំនួយ​កំណត់ និង ឧប​ករណ៍​បង្រៀន​ក៏​មិន​គ្រប់​គ្រាន់​ ទើប​ផលិត​អនុ​សាសនា​ចារ្យ មិន​ទាន់​តម្រូវ​ការ​របស់​អង្គ​ការ​ និង​ សង្គម​ទាំង​ឡាយ​។ ភ្នាក់​ងារ​អនុ​សាសនា​ចារ្យ​នេះ​ជា​កង​កំលាំង​សំខាន់​ ជា​ឫស​​គល់​នៃ​ការ​បដិ​បត្តិ​ ដាស់​តឿន​ ​និង​ ​ជា​ឃោសនា​ការ​របស់​ពុទ្ធ​សាស​និក​ជន​។​ ពុទ្ធ​សាស​និក​​ជន​បាន​សូម​តាំង​ភ្នាក់​ងារ​នេះ​ឡើង​តាំង​តែ​សម័យ​ ង៉ោ​ឌិន​យ៉ីម​ ប៉ុន្តែ​មិន​បាន​សម្រេច​ គ្រា​ដែល ង៉ោ​ឌិន​យ៉ីម​ ដួល​រលំ​រួច​ហើយ​ ទើប​បាន​ចាប់​ផ្តើម​ដំណើរ​ការ​បាន​​។ អនុ​សាសនា​ចារ្យ​ទាំង​នេះ​ បំពេញ​នាទី​ប្រៀន​ប្រដៅ​ អប់​រំ​ព្រះ​ធម៌​ សូត្រ​មន្ត​ជូន​ពរ​ដល់​ទាហាន​ អ្នក​ចេញ​ចម្បាំង​ ​និង​ ប្រកប​​វីធី​បំពេញ​កុសល​ឧទ្ទិស​ជូន​អ្នក​ពលី​ជីវិត​ ក្រៅ​ពីនេះ​ ផ្នែក​ខាង​ភ្នាក់​ងារ​មាន​គ្រោង​ការណ៍​អភិ​​វឌ្ឈន៍​តួ​នាទី​របស់​អនុ​សាស​នាចារ្យ​ ក្នុង​ការ​លើក​កំពស់​មាត្រ​ដ្ឋាន​វិជ្ជា​ជីព​របស់​គ្រួសារ​ទាហាន​ផង​ ដោយ​ជួយ​ចាត់​ឲ្យ​មាន​សហ​ករណ៍​លក់​​ប​ច្ច័យ​៤ ក្នុង​តម្លៃ​ទាប​ជូន​គ្រួសារ​ទាហាន​,​ ជួយ​ចាត់​ចែង​​និវេសន​ដ្ឋាន​ និង​ សេវា​កម្ម​ទាក់​ទង​ នឹង ការ​រក្សា​ព្យា​​បាល​ ចំណែក​ឯ​ផ្នែក​ខាង​ការ​ផ្សព្វ​ផ្សាយ​ឯក​​សារ​ សហ​ពុទ្ធ​ចក្រ​វៀត​ណាម​បញ្ចេញ​នូវ​កាសែត​ប្រចាំ​សប្តាហ៍​ ៣​​ច្បាប់​ (ស្ថិតិ​លក់ ៨០,០០០​ច្បាប់​)​ ទស្សនា​វដ្តី​ប្រចាំ​ខែ ៣​ច្បាប់​ (ស្ថិតិ​លក់​ ១២០,០០០ច្បាប់) ទិនា​នុប្ប​វត្តិ​ផ្សេង​ៗ​ទៀត​ ២៥​ច្បាប់​ (ស្ថិតិ​លក់ ៤០០,០០០ ច្បាប់)​​។

    ដោយ​របប​ដែល​​ចាត់​តាំង​បាន​យ៉ាង​ល្អ និង កិច្ច​ការ​ដែល​ដំណើរ​ការ​ទៅ​យ៉ាង​រឹង​ប៉ឹង​បែប​នេះ​ មេ​ដឹក​នាំ​ពុទ្ធ​សាសនា​វៀត​ណាម​ជឿ​ថា​ គោល​ការណ៍​ពុទ្ធ​សាសនា​ នឹង ជា​ជំរើស​របស់​វៀត​​ណាម​ខាង​ត្បូង​ ជំនួស​ឲ្យ​លទ្ធិ​នយោ​បាយ​របស់​​វៀត​កុង ​និង​ ប្រជា​ជន​វៀត​ណាម​ខាង​ត្បូង​ ​នឹង​តស៊ូ​ជា​មួយ​កុម្មុយ​និស្ត​បាន​។​

    ទោះ​ជា​យ៉ាង​ណា​ក្តី​ ព្រះ​សង្ឃ​ជា​មេ​ដឹក​នាំ​របស់​ពុទ្ធសាស​និក​ជន​ មាន​ចំណុច​អន់​សំខាន់​ គឺ​មិន​ព្រម​ព្រៀង​ក្នុង​ការ​ចូល​ទទួល​ភារ​នា​ទី​​ ដែល​បាន​ជា​ដូច្នេះ​ ព្រោះ​ខ្វះ​មូល​ដ្ឋាន​​គ្រឹះ​ នៃ​ការ​​សិក្សា​អប់រំ​ ដោយ​ថា​ រយៈ​ពេល​ជិត​ ១០០​ឆ្នាំ​ដែល​បារាំង​សេស​គ្រប់​គ្រង​វៀត​ណាម​ ប្រជា​ជន​ទូ​ទៅ​ត្រូវ​បាន​បណ្តែត​បណ្តោយ​ មិន​ឲ្យ​ទទួល​ការ​សិក្សា​។ ព្រះ​សង្ឃ​ដែល​ជា​មេ​ដឹក​នាំ​របស់​ពុទ្ធ​​សាស​​និក​ជន​ សុទ្ធ​សឹង​តែ​មក​ពី​ត្រកូល​កសិករ​ បាន​ទទួល​ការ​សិក្សា​អប់​រំ​ត្រឹម​តែ​បែប​ផែន​បូរាណ​​ៗ ដែល​តំណរ​ត​មក​តាម​ប្រ​ពៃ​ណី តិច​អង្គ​ណាស់​ចេះ​និយាយ​ភាសា​បារាំង​សេស​ អង់​គ្លេស​ ឬ​ភា​សា​ដទៃ​ៗ ទៀត​​បាន​ លើក​លែង​តែ​ភាសា​ជប៉ុន​​ ដែល​មួយ​ចំនួន​អង្គ​បាន​និមន្ត​ទៅ​សិក្សា​នៅ​​សម័យ​ថ្មី​នេះ​ឯង​។ នៅ​ក្នុង​រង្វង់​នយោ​បាយ​ជឿ​បាន​ថា​ ព្រះ​សង្ឃ​ជា​ក្រុម​ជន​អន់​ថយ​ ឬ​អនក្ខរ​ជន​ មាន​លក្ខណ​ពិសេស​គឺ​ ខ្លាច​ និង​ ឲ្យ​តម្លៃ​ទាប​ចំពោះ​វប្ប​ធម៌​បរ​ទេស​ ប៉ុន្តែ​មាន​កម្លាំង​ឥទ្ធិ​ពល​ឋិត​នៅ​ក្នុង​ចំណោម​ប្រជា​រាស្រ្ត​។

    ឋិត​នៅ​ក្នុង​ភាព​មិន​ដល់​ព្រម​ដោយ​ការ​សិក្សា​នេះ​ ឯក​សារ​របស់​សហ​ពុទ្ធ​ចក្រ​វៀត​ណាម​​ឯង​​ ក៏​បាន​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ ដោយ​ពោល​ថា (ឯក​សារ​ទំព័រ​ទី ២១)៖
    “បន្ទាប់​ពី​ការ​បដិ​វត្តន៍​ថ្ងៃ​ទី ១ វិច្ឆិកា ១៩៦៣ ផ្តួល​រលំ​របប​ប្រធា​នា​ធិបតី​ ង៉ោ ឌិន យ៉ីម រួច​​ហើយ ព្រះ​ពុទ្ធ​សាសនា​ក៏​មាន​កិត្តិ​ភូមិ​ឡើង​ខ្ពស់​ត្រដែត​បំផុត​ និង ​បាន​ទំនាញ​ឲ្យ​បញ្ញា​ជន​ អ្នក​សិក្សា​ រហូត​ដល់​យុវ​ជន​ចំនួន​ជា​ច្រើន​ បែរ​ត្រឡប់​មក​យក​ចិត្ត​ទុក​ដាក់​។ យ៉ាង​ណា​ក៏​ដោយ​ ពេល​ឈាន​មក​ដល់​ចំណុច​នេះ​ ព្រះ​ពុទ្ធ​សាសនា​នៅ​មិន​ទាន់​ដល់​ព្រម​ក្នុង​ការ​ឆ្លង​សទ្ធា​ដ៏​ចាស់​ក្លា​នោះ​ឲ្យ​បរិបូណ៌​បាន​ ភិក្ខុ​សង្ឃ​ចំនួន​ច្រើន​អង្គ​មិន​បាន​ហ្វឹក​ហាត់​មក​ ដើម្បី​ទទួល​ភារ​កិច្ច​ថ្មី​របស់​ព្រះ​​ពុទ្ធ​សាសនា​។​ អង្គ​ដែល​បាន​ទទួល​ការ​ហ្វឹក​ហាត់​បង្រៀន​មក​សំរាប់​សូត្រ​មន្ត​ គង់​សមាធិ​ និង សំ​ដែង​ព្រះ​ធម៌​ទេសនា​ ទើប​កើត​ការ​រអាក់​រអួល​ណែន​ក្នុង​ចិត្ត​ដែល​ ​នឹង ចូល​ទៅ​ទទួល​ភារ​នាទី​ ជា​មេ​​ដឹក​នាំ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ ដូច​ដែល​គេ​បាន​ចាប់​បញ្ច្រក​ចូល​ដោយ​​​រួស​រាន់​ភ្លាម​ៗ ក្នុង​គ្រា​ដែល​តម្រូវ​ការ​មេ​ដឹក​នាំ​ឲ្យ​មក​ទទួល​ខុស​ត្រូវ​កំពុង​តែ​ប្រញាប់​ប្រញ៉ាល់​​បែប​នេះ ភិក្ខុ​សង្ឃ និង គ្រហស្ថ​ដែល​មាន​សមត្ថ​ភាព និង បទ​ពិសោធន៍​គ្រប់​គ្រាន់​ បែរ​ជា​មាន​ចំនួន​តិច​តួច​ទៅ​វិញ​។

   ​ ព្រោះ​ហេតុ​ដូច្នោះ​ ភាព​ខ្វះ​ខាត​បុគ្គល​មាន​គុណ​សម្បត្តិ​ទើប​ជា​ភាវៈ​ដែល​មិន​អាច​ជៀស​​វាង​​បាន មេ​ដឹក​នាំ​ព្រះ​ពុទ្ធ​សាសនា​ក៏​មាន​ចេតនា​ចាំ​បាច់​ត្រូវ​ចាប់​យក​មនុស្ស​ដែល​មាន​សមត្ថ​ភាព​អន់​បន្តិច​នោះ​មក​ប្រើការ​ បើ​ទោះ​បី​គេ​គ្រាន់​តែ​ជា​ពុទ្ធ​សាស​និក​ដោយ​ពាក្យ​អះ​អាង​ មិន​សម​ជា​​ពុទ្ធ​សាស​និក​ពិត​ប្រាកដ​នោះ​ឡើយ​។ លើស​ពី​នេះ​ទៅ​ទៀត​ នៅ​ក្នុង ព.ស. ២៥០៧​ និង ២៥០៨ ក្រុម​បុគ្គល​ជា​អតីត​នៃ​ក្រុម​ពី​ដើម​របស់​ ង៉ោ ឌិន ញ៉ូ ដែល​សេស​សល់​នៅ​ ក៏​ត្រឡប់​មក​​ចាប់​ផ្តើម​ធ្វើ​ការ​ងារ​ចាស់​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ពី​​មុន​មក​ទៀត​ ជា​ហេតុ​ធ្វើ​ឲ្យ​កើត​ការ​លំបាក​ស្មុគ្រ​​ស្មាញ​យ៉ាង​ខ្លាំង​ចំពោះ​សហ​ពុទ្ធ​ចក្រ​វៀត​ណាម​ ដែល​ជា​អង្គ​ការ​ថ្មី​នៅ​ឡើយ​។ សហ​ពុទ្ធ​ចក្រ​ត្រូវ​ប្រឈម​ជា​មួយ​ការ​លប​វាយ​ប្រហារ​ ការ​សង​សឹក​ និង​ ការ​ព្យា​យាម​ដើម្បី​ដណ្តើម​មក​វិញ​នូវ​អំណាច​​របស់​ពួក​នេះ​ គ្រាន់​តែ​រឿង​នេះ​តែ​មួយ​គត់​ ក៏​ត្រូវ​បាត់​បង់​នូវ​ថាម​ពល​ណាស់​ទៅ​ហើយ​ មិន​តែ​​ប៉ុណ្ណោះ​ នៅ​មាន​ក្រុម​អ្នក​ឆក់​ឱកាស​ជ្រៀត​ជ្រែក​ចូល​មក​នៅ​ក្នុង​ក្រុម​បរិ​ស័ទ​បរិវារ​របស់​សហ​ពុទ្ធ​ចក្រ ហើយ​ក៏​ស្វែង​រក​ផល​ប្រយោជន៍​ពី​ឥទ្ធិ​ពល​របស់​សហ​ពុទ្ធ​ចក្រ​ទៀត​ផង​។ ឥទ្ធិ​ពល​ដែល​អ្នក​ឆក់​យក​ឱកាស​ទាំង​នេះ​ មាន​ចំពោះ​ព្រះ​សង្ឃ​ រាប់​បាន​ថា​ ជា​សារ​ហេតុ​សំខាន់​នៃ​កំហុស​ឆ្គង​ច្រើន​យ៉ាង​របស់​ភិក្ខុ​ទាំង​នោះ​”។

   ​ បណ្តា​មេ​ដឹក​នាំ​ពុទ្ធ​សាសនា​ទាំង​ឡាយ​នោះ​ មាន​មេ​ដឹក​នាំ​ពីរ​អង្គ​ដែល​គួរ​ជ្រាប​ ព្រោះ​កាន់​​ដំណែង​សំខាន់​នៅ​ក្នុង​គណៈ​សង្ឃ​វៀត​ណាម​ ជា​អង្គ​ដែល​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​គាស់​រំលើង​​រដ្ឋា​ភិបាល​ ង៉ោ ឌិន យ៉ីម និង ជា​តួ​អង្គ​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​កើត​ការ​រីក​ចំរើន​ និង​ វិនាស​ចំពោះ​សហ​ពុទ្ធ​ចក្រ​វៀត​ណាម​នៅ​ក្នុង​សម័យ​បន្ទាប់​ៗ មក​ អង្គ​ដំបូង​គឺ​ ព្រះ​តេជ​គុណ ទិច​ទ្រី​ក្វាង​ នៃ​ក្រុង​ហ្វេ​ ដើម​ឡើយ​កាន់​ដំណែង​ជា​ប្រធាន​ពុទ្ធ​សមា​គម​នៃ​វៀត​ណាម​កណ្តាល​ បន្ទាប់​មក​ ពេល​ដែល​​ចាត់​តាំង​សហ​ពុទ្ធ​ចក្រ​វៀត​ណាម​ហើយ​ បាន​ផ្លាស់​មក​កាន់​ដំណែង​ជា​លេខ​ធិការ​សភា​ជាន់​ខ្ពស់​​បំផុត​របស់​គណៈ​សង្ឃ​។​ អ្នក​យក​ពត៌​មាន​បរ​ទេស​ជឿ​ថា​ ព្រះ​អង្គ​ជា​ព្រះ​សង្ឃ​និយម​អំពើ​ហឹង្សា​ ឬ​ពួក​លោហិត​អ្នក​ត​ស៊ូ​។​

   ​ ព្រះ​អង្គ​ទីពីរ​គឺ​ ព្រះ​តេជ​គុណ​ ទិច​ថាម​ចូវ​ នៃ​ទី​ក្រុង​ព្រៃ​នគរ​ (សៃហ្គន) តំរង​ដំណែង​ជា​ ប្រធាន​សភា​គ្រប់​គ្រង​មជ្ឈឹម​របស់​សហ​ពុទ្ធ​ចក្រ​វៀត​ណាម​ ជា​អ្នក​ប្រឆាំង​លទ្ធិ​កម្មុយ​និស្ត​យ៉ាង​ខ្លាំង​ក្លា​ ប៉ុន្តែ​មាន​និស្ស័យ​ជា​អ្នក​ប្រណី​ប្រណម​ ចូល​ចិត្ត​ចរចា​។ អ្នក​ពត៌​មាន​បរ​ទេស​ចាត់​​ព្រះ​អង្គ​ថា​ ជា​អ្នក​មាន​ភាព​ឱន​លំទោន​ ឬ​ជា​ពួក​ប្រកាន់​យក​ការ​សម្រប​សម្រួល​។ ព្រះ​តេជ​គុណ​ ទិច​​ទ្រី​​ក្វាង​ ​និង​ ទិច​​ថាម​​ចូវ​ នេះ​បាន​ផ្តើម​ទាស់​ទែង​គ្នា​តាំង​តែ​ពី​សម័យ​តស៊ូ​ជា​មួយ​រដ្ឋា​ភិបាល​ ង៉ោ ឌិន យ៉ីម មក​ម្លេះ ​បន្ទាប់​មក​នៅ​ពេល​ក្រោយ​ ព្រះ​អង្គ​ទាំង​ពីរ​បាន​ខ្វែង​គំនិត​ និង បែក​បាក់​យ៉ាង​ខ្លាំង ឡើង​រហូត​ជា​ហេតុ​មួយ​នាំ​ឲ្យ​សហ​ពុទ្ធ​ចក្រ​វៀត​ណាម​ទន់​ខ្សោយ​ចុះ​។

   ​ បែរ​ត្រឡប់​ទៅ​មើល​ហេតុ​ការណ៍​ប្រទេស​ជាតិ​ ខណៈ​ពេល​ដែល​ផ្តួល​រលំ​រដា្ឋ​ភិបាល​ ង៉ោ ឌិន យ៉ីម បាន​នៅ​ ព.ស.២៥០៦​ ហើយ​ ឧត្តម​សនីយ៍​ យ៉ឿង​ វ៉ាំង ម៉ឹន (ម៉ឹនធំ) គ្រប់​គ្រង​ប្រទេស​​បាន​មិន​យូរ​ប៉ុន្មាន​ ក្រុម​ទាហាន​យល់​ឃើញ​ថា​ រដ្ឋា​ភិបាល​មាន​មាន​ឥរិ​យា​បថ អព្យា​ក្រឹត្យ​ពន់​​ពេក​ ការ​បង្រ្កាប​កុម្មុយ​និស្ត​ នឹង មិន​មាន​ផល​ល្អ​ប្រសើរ​ ទើប​ធ្វើ​រដ្ឋា​ប្រហារ​ រួច​ហើយ​ឧត្តម​សនីយ៍ ហ្ងៀន ខាន់ ឡើង​កាន់​កាប់​អំណាច​ ចំណែក​ខាង​ព្រះ​ពុទ្ធ​សាសនា​ ព្រះ​សង្ឃ​ដែល​ជា​មេ​ដឹក​នាំ​​របស់​ពុទ្ធ​សាស​និក​ជន ក៏​មាន​ថាម​ពល​អំណាច​ខ្លាំង​ឡើង​ កតិ្ត​ភូមិ​របស់​ព្រះ​ពុទ្ធ​សាសនា​ និង​ ​គណ​សង្ឃ​ក៏​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ ពុទ្ធ​សាស​និក​ជន​ ក៏​រួម​កម្លាំង​គ្នា​ឧប​ត្ថម្ភ​គាំ​ទ្រ​ក្បួន​ការ​ផ្សេង​ៗ ដូច​ជា​ អង្គ​ការ​យុវ​ជន​ដែល​មាន​មូល​ដ្ឋាន​កំលាំង​ ព្រម​ នឹង ប្រតិ​បត្តិ​ការ​តាម​បញ្ជា​ ក៏​​មាន​ច្រើន​​ឡើង​។ មេ​ដឹក​នាំ​ដែល​ឋិត​នៅ​រង្វង់​ខាង​ក្រៅ​ក៏​បែរ​មក​ចាប់​អារម្មណ៍​រដ្ឋា​ភិបាល​ទាហាន​ដែល​​ចូល​មក​ថ្មី​ ក៏​ត្រូវ​យក​ចិត្ត​។ ព្រះ​សង្ឃ​ក៏​អាច​មាន​ដី​កា​សំឡេង​ខ្លាំង​ចូល​ទៅ​កាន់​វេទ​ការ​នយោ​​បាយ បើ​ទោះ​បី​គោល​បំណង​ចំបង​គឺ​ ការ​ផ្តួល​រំលំ​រដ្ឋា​ភិបាល​អាក្រក់​បាន​ចប់​សព្វ​គ្រប់​ហើយ​ ប៉ុន្តែ​ព្រះ​សង្ឃ​ទាំង​នេះ​នៅ​ពេញ​ចិត្ត​ក្នុង​ការ​ប្រើ​ប្រាស់​អំណាច​ខាង​ផ្នែក​នយោ​បាយ​ត​ទៅ​ទៀត​ ទោះ​បី​ព្រះ​អង្គ​មិន​ត្រូវ​ការ​ចូល​ទៅ​ជា​រដ្ឋាភិ​បាល​ឯង​ តែ​ព្រះ​អង្គ​ក៏​ត្រូវ​ការ​ឲ្យ​គណ​សង្ឃ​មាន​សម្លេង​ក្នុង​ រដ្ឋា​ភិបាល​ ឬ រដ្ឋា​ភិបាល​ត្រូវ​ស្តាប់​គណ​សង្ឃ​ ទំនង​ជា​ថា ឲ្យ​ព្រះ​សង្ឃ​ជា​ទី​ប្រឹក្សា​របស់​រដ្ឋា​ភិ​បាល​ ត្រូវ​ការ​ឲ្យ​ព្រះ​សង្ឃ​មាន​អំណាច​ដូច​ដែល​រដ្ឋា​ភិបាល​ ង៉ោ ឌិន យ៉ីម​ ធ្លាប់​ប្រគល់​ជូន​​គណ​អ្នក​បួស​ និង សាស​និក​កាតូ​លិក, ត្រូវ​ការ​ឲ្យ​បុគ្គល​ដែល​គណ​សង្ឃ​ជ្រើស​រើស​ ឬ​មើល​​ឃើញ​ថា​ គួរ​សូម​ចូល​ទៅ​កាន់​ដំណែង​ក្នុង​រដ្ឋា​ភិបាល​ ត្រូវ​ការ​ឲ្យ​រដ្ឋ​ឧ​បត្ថម្ភ​ព្រះ​ពុទ្ធ​សាសនា​ច្រើន​​ឡើង​​ថែម​​ទៀត​ និង​ ត្រូវ​ការ​ឲ្យ​យុវ​ជន​ពុទ្ធ​សាស​និក​មាន​សិទ្ធិ​ មាន​ចំណែក​ក្នុង​ជតា​កម្ម​របស់​​សង្គម​​វៀត​ណាម​កាន់​តែ​ច្រើន​ឡើង​។

   ​ ដូច្នោះ លុះ​មក​ដល់​ចុង​ឆ្នាំ​ ២៥០៧ ព្រះ​សង្ឃ​ចាប់​ផ្តើម​មាន​តួ​នាទី​ខាង​ផ្នែក​នយោ​​បាយ​​ទៀត​ ដោយ​ចោទ​ថា​ មនុស្ស​របស់​ង៉ោ​ឌិន​យ៉ីម​ បាន​សេស​សល់​នៅ​ក្នុង​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ច្រើន​ណាស់​ ហើយ​បាន​ប្រើ​ឥទ្ធិ​ពល​ គាប​សង្កត់​ឲ្យ​រដ្ឋា​ភិបាល​កែ​ប្រែ​។ ភាគី​កាតូ​លិក​ខ្លាច​ក្រែង​​ថា​រដ្ឋា​ភិបាល​ ​នឹង គាំ​ទ្រ​ក្រុម​ពុទ្ធ​សាស​និក​ច្រើន​ហួស​ពេក​ ទើប​ក៏​បាន​តវ៉ា​ឡើង​ បន្ទាប់​មក​ក៏​កើត​ការ​ប្រឈម​មុខ​ដាក់​គ្នា រវាង​ពុទ្ធ​សាស​និក និង​ គ្រឹស្ត​សាសនិក​។ មាន​មនុស្ស​ស្លាប់​ក្នុង​ហេតុ​ចលា​ចល​ ក្នុង​គ្រា​នេះ​ប្រហែល​ ៣០​នាក់​ រង​របួស​ជា​ច្រើន​រយ​នាក់​។

   ​ បន្ទាប់​ពី​នោះ​ ព្រះ​តេជ​គុណ​ ទិច​ទ្រី​ក្វាង​ ដាក់​គំរោង​ការ​បង្កើត​អង្គ​ការ​នយោ​បាយ​របស់​ ក្រុម​ពុទ្ធ​សាស​និក​ ត​មក​អាស្រ័យ​ភាគី​និស្សិត​អ្នក​សិក្សា ​ក៏​កើត​សភា​ប្រជា​ជន​ដើម្បី​សង្រ្គោះ​ជាតិ​ឡើង​ មាន​ឈ្មោះ​ហៅ​មួយ​ទៀត​ថា “កង​កម្លាំង​បដិវត្តន៍​របស់​ប្រជា​ជន​” ជា​ជំហាន​មួយ​ដែល​ នឹង កើត​គណៈ​បក្ស​នយោ​បាយ​របស់​គ្រហស្ថ​ជា​ពុទ្ធ​សាស​និក​ត​ទៅ​ មាន​បាវ​ចនា​បក្ស​ថា “ជំរះ​រដ្ឋា​ភិបាល​ យក​ពួក​មន្ត្រី​សេស​សល់​​ (អង្គ​ការ​សម្ងាត់​របស់​ ង៉ោ ឌិន ​យ៉ីម និង ង៉ោ ឌិន​ ញ៉ូ) ចាកចេញ” ។

   ​ ក្រៅ​ពី​នោះ​ទៀត​ អ្នក​សិក្សា​ក៏​បង្កើត​ហេតុ​ចលា​ចល មាន​ការ​ចូល​ទៅ​រឹម​អូស​ស្ថានី​វិទ្យុ​​ផ្សាយ​សម្លេង​ជា​ដើម​ ពួក​វៀត​កុង​ក៏​មាន​ឱកាស​ចូល​ប្រជ្រៀត​ ផ្លាស់​ប្តូរ​ការ​ដើរ​ក្បួន​ជំរះ​រដ្ឋា​ភិបាល​ ជា​ការ​ដើរ​ក្បួន​ប្រឆាំង​សង្រ្គាម​ រដ្ឋា​ភិបាល​ត្រូវ​ប្រកាស​ច្បាប់​អជ្ញា​សឹក​រម្ងាប់​ហេតុ​ចលា​ចល​។​ សភា​ប្រជា​ជន​ដើម្បី​សង្រ្គោះ​ជាតិ​ ក៏​បាន​សាប​រលាប​ជំនឿ​ចុះ​ ចំណែក​ឯ​ឧត្តម​សនីយ៍​ង្ងៀន​ ខាន់​ ក៏​បាន​លា​លែង​។ ការ​កែ​ទម្រង់​គណ​រដ្ឋ​មន្រ្តី​ថ្មី​ តែង​តាំង​នាយ​ទាហាន​ជាន់​ខ្ពស់ ៣​រូប​រួម​គ្នា​គ្រប់​គ្រង​ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក៏​ព្រះ​សង្ឃ​ និង និស្សិត​អ្នក​សិក្សា​គាប​សង្កត់​ទាម​ទារ​ឲ្យ​ប្រជា​ជន​គ្រប់​គ្រង​ប្រទេស​ ទាហាន​ទៅ​ចម្បាំង​ មិន​ត្រូវ​រវល់​ នឹង នយោ​បាយ​ ទើប​ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​សា​ជា​ថ្មី​បាន​។ នាយ​ ត្រឹង វ៉ាំង​ ហឿង​ អតីត​នាយក​ទេស​មន្ត្រី​ទី​ក្រុង​ព្រៃន​គរ (សៃហ្គន) ដែល​ពុទ្ធ​សាស​និក​និយម​ចូល​ចិត្ត​ ឡើង​មក​កាន់​ដំណែង​ជា​នាយក​រដ្ឋ​មន្រ្តី​ ប៉ុន្តែ​មិន​បាន​មួយ​ខែ​ផង​ ព្រះ​សង្ឃ​ និង និស្សិត​អ្នក​សិក្សា​ក៏​បាន​ទាស់​ទែង​ជា​មួយ​នាយក​រដ្ឋ​មន្រ្តី​ ចោទ​ប្រកាន់​ថា​ គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​ហឿង​ មាន​អ្នកនយោ​បាយ​ទន់​ខ្សោយ​ ហើយ​​ត​មក​​លោក​​ហឿង​ប្រើ​កល​វិធី​ដូច​គ្នា នឹង លោក​ង៉ោ​ឌិន​យ៉ីម​ មាន​នយោ​បាយ​អាក្រក់​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ នឹង ​បំបែក​នយោ​បាយ​ចេញ​ពី​ព្រះ​ពុទ្ធ​សាសនា​។ បន្ទាប់​ពី​នោះ​ ក៏​កើត​ហេតុ​ជ្រួល​ច្របល់​សា​ជា​ថ្មី​ នៅ​ទី​បំ​ផុត​ពួក​ទាហាន​យុវ​ជន ក៏​បាន​រឹប​អូស​អំណាច​ ផ្តួល​រំលំ​រដ្ឋា​ភិបាល​ប្រជា​ជន​របស់​លោក​ហឿង​ បង្កើត​រដ្ឋា​ភិបាល​ថ្មី​។ ការ​វិវាទ​ គាប​សង្កត់​ ពី​ពុទ្ធសាស​និក អំពើ​ចលា​ចល និង ការ​ផ្លាស់​ប្តូរ​រដ្ឋា​ភិបាល​ប្រព្រឹត្តិ​ទៅ​ទៀត​ រហូត​ដល់​ទី​បំផុត​។ ថ្ងៃទី ១៩ កក្កដា ២៥០៨ ឧត្តម​សនីយ៍ ហ្ងៀន កៅ ក៊ី មេ​ទ័ព​អាកាស​ ក៏​បាន​ឡើង​កាន់​ដំណែង​ជា​នាយក​រដ្ឋ​មន្រ្តី​ ប្រមូល​ផ្តុំ​អំណាច​ទុក​ជា​មួយ​ភាគី​ទាហាន​ទាំង​ស្រុង​ ជា​ការ​ចាប់​ផ្តើម​សា​ថ្មី​។ សរុប​រួម​ ចាប់​តាំង​តែ​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ ង៉ោ ឌិន យ៉ីម​​​ មក​​ដល់​ឧត្តម​សនីយ៍ ហ្ងៀន កៅ ក៊ី ឡើង​គ្រង​អំណាច​ មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិ​បាល​ក្នុង​រយ​វេលា​ ១​ ឆ្នាំ ៨ ខែ ដល់​ទៅ​ ៩​លើក​។

   ​ ភាព​ចលា​ចល​របស់​ប្រទេស​ជាតិ​ និង ការ​ខ្វះ​ស្ថេរ​ភាព​របស់​រដ្ឋា​ភិបាល​ អស់​រយ​កាល​ជា​​បន្ត​បន្ទាប់​មក​ជា​យូរ​ ធ្វើ​ឲ្យ​សង្គម​វៀត​ណាម​ខាង​ត្បូង​មាន​សភាព​ទន់​ខ្សោយ​ទាប​ទេរ​ ខ្វះ​កម្លាំង​​ទប់​ទល់​ និង ងាយ​នាំ​​ឲ្យ​កើត​មាន​ការ​ជ្រៀត​ជ្រែក​ពី​ភាគី​ខាង​ក្រៅ​។​ ផ្នែក​ខាង​មេ​ដឹក​នាំ​ព្រះ​ពុទ្ធ​សាសនា​ បើ​ទោះ​បី​មាន​កម្លាំង​ឥទ្ធិ​ពល​ច្រើន​ អាច​បណ្តាល​ឲ្យ​កើត​ហេតុ​ការណ៍​​​ធំ​ៗ ប៉ុន្តែ​នៅ​ពេល​ហេតុ​ការណ៍​ រីក​រាល​ដាល​ចេញ​ទៅ​ ខ្លួន​ឯង​ក៏​មិន​អាច​គ្រប់​គ្រង​បាន​​។ នៅ​ពេល​តាំង​ក្បួន​​ការ​ខាង​នយោ​បាយ​របស់​ខ្លួន​ឡើង​មក​ ក្បួន​ការ​នោះ​ក៏​កើត​ឡើង​ដោយ​ពិត​ប្រាកដ​ ហើយ​ក៏​ដំ​​ណើរ​ការ​ប្រតិ​បត្តិ​អំណាច​បាន​ពិត​ដែរ​ តែ​រួច​ហើយ​ខណ​ដែល​ការ​ងារ​រីក​រាល​ដាល​ចេញ​ទៅ​ ក៏ លើស​ពី​សមត្ថ​ភាព​របស់​ខ្លួ​ន​ ដែល​ នឹង ចាត់​រូប​​គ្រង​រាង​ទុក​បាន​ ហើយ​ក៏​គ្រប់​គ្រង​មិន​ថិត​ថេរ​ ក្លាយ​ជា​កើត​ហេតុ​អាក្រក់​ជំនួស​វិញ​។ ពួក​ដែល​ទទួល​ផល​ប្រ​យោជន៍​ដោយ​ពិត​ប្រាកដ​ពី​សភាព​ការ​​នេះ​ ដូច​ជា​ពពួក​វៀត​កុង​ ចំណែក​ឯ​ព្រះ​សង្ឃ​មេ​ដឹក​នាំ​ពុទ្ធ​សាសនា​ ក៏​បាន​ទទួល​នូវ​ភាព​ដែលគេ​ត្រា​ទុក​ឲ្យ​ថា​ បើ​ទោះ​បី​ជា​មាន​អំណាច​ តែ​ក៏​ប្រើ​ប្រាស់​អំណាច​ក្នុង​មុម​អវិជ្ជ​មាន​ ចូល​ចិត្ត​វិភាគ​វិចារណ៍​ ដោយ​មិន​មាន​ទំនួល​ខុស​ត្រូវ​​ល្អ​ បាន​តែ​ប្រឆាំង​ នឹង រដ្ឋា​ភិបាល​ មិន​បាន​សាង​នូវ​អ្វី​ ដែល​សារ​ប្រយោជន៍​ ក្រៅ​ពី​វិវាទ​បែក​បាក់​រវាង​មេ​ដឹក​នាំ​ពុទ្ធ​សាសនា​ឯង​ គឺ​ព្រះ​តេជ​គុណ​ទិច ទ្រី​ក្វាង​ និង ព្រះ​តេជ​គុណ ទិច ថាម​ចូវ​ ក៏​មាន​ភាព​ហឹង្សា​កាន់​តែ​ខ្លាំ​ឡើង​។ ព្រះ​តេជ​គុណ​ទិច ទ្រី​ក្វាង​​ នៅ​តែ​មាន​បំណង​ និង និមន្ត​ឆ្ពោះ​ទៅ​មុខ​ដោយ​វិធី​ហឹង្សា​ បញ្ចេញ​កម្លាំង​ ប្រើ​ប្រាស​កម្លាំង​ក្រុម​របស់​ខ្លួន​ ចំណែក​ព្រះ​តេជ​គុណ ទិច ថាម​ចូវ​ ចូល​ធ្វើ​ការ​តាម​វិធី​ដំណើរ​ផែន​ការ​ ដោយ​ការ​យល់​ដឹង​នូវ​វិធី​ប្រណី​ប្រណម​ និង​ ការ​ចរ​ចា​ជា​ផ្លូវ​ការ​ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ ពុទ្ធ​​សាស​និក (គ្រហស្ថ) ក៏​ចាប់​ផ្តើម​មាន​ភាព​ធុញ​ទ្រាន់​ចំពោះ​តួ​នាទី​របស់​ព្រះ​សង្ឃ​ទាំង​នេះ​ ឃើញ​ថា​ ព្រះ​សង្ឃ​កាន់​តែ​ផ្តេស​ផ្តាស​ ជា​មេ​គំនិត​ក្នុង​ផែ្នក​នយោ​បាយ​ បង្កើត​រឿង​អ្វី​ដែល​ស្មុគ្រ​ស្មាញ​ មិន​បាន​ការណ៍​ ទើប​សូម​ឲ្យ​ព្រះ​សង្ឃ​បន្ថយ​ល្បឿន​ចុះ​ខ្លះ ​កាត់​បន្ថយ​រឿង​នយោ​បាយ​ សូម​ឲ្យ​បែរ​មក​យក​ចិត្ត​ទុក​ដាក់​ស្ថាប​នា​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​អង្គ​ការ​របស់​ខ្លួន ឲ្យ​បាន​រឹង​ប៉ឹង​ មាន​សន្តិ​​សុខ​​។ វត្ត​ផ្សេង​ៗ ទូ​ទាំង​វៀត​ណាម​ភាគ​ខាង​ត្បូង​ ទើប​បែរ​មក​យក​ចិត្ត​ទុក​ដាក់​ដំណើរ​ការ​ផ្នែក​ខាង​ការ​សិក្សា និង​ ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធ​សាសនា​កាន់​តែ​ច្រើន​ឡើង​ៗ​។