ព្រះពុទ្ធសាសនានៅប្រទេសលាវ(ត)

ថ្ងៃសៅរ៍ ទី21.កញ្ញា 2019.ម៉ោង 7:28

ខ. យុគបែកបាក់ទ្រុឌទ្រោម និង កកើតខ្លួនឡើងជាថ្មី
    ក្រោយ​ពី​សាប​សូន្យ​រជ្ជ​កាល​​​ព្រះ​បាទ​សុរិយ​វង្សា​នៅ ​ព.ស. ​២២៣៥ រួច​អាណា​ចក្រ​លាវ​ ក៏​ជ្រួល​ច្របល់​ទៅ​ដោយ​បញ្ហា​ការ​ដណ្តើម​រាជ​សម្បត្តិ​រហូត​ដល់​បែក​បាក់​ទៅ​ជា​ពីរ​អាណា​ចក្រ គឺ​ រាជ​ធានី​ព្រះ​បាង​ និង រាជ​ធានី​វៀង​ចន្ទ​ ក្រៅ​ពី​នេះ​ដែន​ដី​ចម្ប៉ា​សក្តិ​ ដែល​នៅ​មិន​ទាន់​បាន​ជា​ដែន​ដី​ក្នុង​អាណា​ចក្រ​លាវ​ដោយ​ត្រង់​ គ្រាន់​តែ​ធ្លាក់​នៅ​ក្នុង​អំណាច​គ្រប់​គ្រង​ជា​បណ្តោះ​អាសន្ន ក៏​បាន​តាំង​ខ្លួន​ជា​ឥស្សរ​ផង​ដែរ​។​ អ្នក​ប្រវត្តិ​សាស្រ្ត​មួយ​ចំនួន​ បាន​ចាត់​ទុក​ដែន​ដី​ចម្ប៉ា​សក្តិ​ ឥស្ស​រ​ភាព​នេះ​ចូល​ទៀត​ ពោល​គឺ លាវ​បែក​បាក់​ទៅ​ជា​ ៣​អាណា​ចក្រ​ ជាង​នោះ​ទៅ​ទៀត​បើ​ប្រ​កាន់​យក​ដែន​ដី​លាវ​បច្ចុប្បន្ន​ ជា​គោល​នៅ​មាន​រាជ​អាណា​ចក្រ​តូច​ៗ​មួយ​កន្លែង​ទៀត​ដែល​នៅ​ក្នុង​វេលា​នោះ​ នៅ​មិន​ទាន់​បាន​ជា​ដែន​ដី​របស់​លាវ​ គឺ​ ដែន​ដី​ត្រ​និនហ៍​របស់​ពួក​ពួន​មាន​ក្រុង​ឆៀង​ខ្វាង​ ជា​រាជ​ធានី​ ពេល​​ខ្លះ ហៅ​ថា​ដែន​ឆៀង​ខ្វាង​ ខ្លះ​ហៅ​ក្រុង​ពួន​ក្រុង​ពួន​នេះ​ ជួន​កាល​ ក៏​នៅ​ក្រោម​អំណាច​របស់​វៀន​ចន្ទ​ ពេល​ខ្លះ​នៅ​ក្រោម​អំ​ណាច​ហ្លួង​ព្រះ​បាង​ ពេល​ខ្លះ​ នៅ​ក្រោម​អំណាច​របស់​យួន​ ពេល​ខ្លះ​នៅ​ក្រោម​អំណាច​របស់​ថៃ​ យួន​ និង​ ហ្លួង​ព្រះ​បាង​ ព្រ​ម​ជា​មួយ​គ្នា​រហូត​នៅ​ទី​បំ​ផុង​ ក៏​ធ្លាក់​ខ្លួន​ទៅ​ជា​អាណា​និគម​របស់​បារាំង​សេស​ ពេល​ប្រទេស​លាវ​បាន​ឯក​រាជ្យ​ហើយ​ ទើប​រួប​រួម​ចូល​ក្នុង​អា​ណា​ចក្រ​លាវ​។

    អាណា​ចក្រ​ទាំង​ពីរ​គឺ ហ្លួង​ព្រះ​បាង​ និង វ៉ៀង​ចន្ទ​ សុទ្ធ​តែ​ឃ្លាំ​ចាំ​មើល​ឱកាស​រវាង​គ្នា​ និង​ គ្នា​ដើម្បី​ដណ្ដើម​អំណាច​គ្នា​ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ខ្ចី​ដៃ​ពី​ជន​បរ​ទេស​ឲ្យ​ចូល​មក​កំចាត់​គ្នា​ឯង​ ជា​ការ​នាំ​សត្រូវ​ចូល​ផ្ទះ​ ដូ​ច​មួយ​ក្រុម​ចូល​ជា​ដៃ​ជា​មួយ​ភូមា​ មួយ​ក្រុម​ទៀត​ចូល​ដៃ​ជា​មួយ​ថៃ​ មួ​យ​ពួក​ទៀត​ក៏​ចូល​ជា​មួយ​យួន​ ជា​អាទិ៍​ លុះ​ដល់​ទី​បំផុត​ ប្រទេស​ថៃ​នា​សម័យ​ព្រះ​បាទ​តាក​សិណ​ សឹង​ជា​សម្ពន្ធ​មិត្ត​ជា​មួយ​ហ្លួង​ព្រះ​បាង​ រំដោះ​ឯក​រាជ្យ​ពី​ប្រ​ទេស​ភូមា​បាន​រួច​ហើយ​ ក៏​បាន​លើក​ទ័ព​មក​វាយ​វ៉ៀង​ចន្ទ​ ដែល​ជា​សម្ពន្ធ​មិត្ត​របស់​ភូមា​ ចូល​ទៅ​គ្រប់​គ្រង​បាន​ក្នុង​ ព.ស.​២៣២១ ​និង​ បាន​នាំ​យក​នូវ​ព្រះ​កែវ​មក៌ត​មក​កាន់​ប្រទេស​ថៃ​ទៀត​ផង​។ អាណា​ចក្រ​វ៉ៀង​ចន្ទន៍​បាន​រលំ​ និង​ ក្លាយ​ជា​អាណា​និគម​របស់​ថៃ​ក្នុង ព.ស.​២៣៧១ ចំណែក​ខាង​ហ្លួង​ព្រះ​បាង​ សឹង​ជា​ប្រ​ទេស​ក្រោម​អាណា​និគម​របស់​ថៃ​បាន​បញ្ជូន​ទូត​ទៅ​អង្វរ​ក និង​ ជូន​បណ្ដា​ការ​ឲ្យ​វៀត​ណាម​នៅ​ក្នុង​ ព.ស.​២៣៧៤ ក្លាយ​ជា​គោល​អាង​របស់​បារាំង​ដែល​ចូល​ទៅ​គ្រប់​គ្រង​ប្រទេស​វៀត​ណាម​ក្នុង​គ្រា​ក្រោយ​មក​ ហើយ​ចូល​មក​គ្រប់​គ្រង​ប្រទេស​លាវ​ ដោយ​លំដាប់​ ចាប់​ផ្ដើម​តាំង​តែ​ពី ព.ស.​២៤៣៦ រហូត​ទី​បំផុត​ក្នុង​ព.ស.​២៤៤៧ ​ប្រទេស​លាវ​ត្រូវ​ប្រ​ទេស​បារាំង​គ្រប់​គ្រង​អស់​ ​៤៥​ ឆ្នាំ​ ទើប​បាន​ទទួល​ឯក​រាជ្យ​ដោយ​បរិ​បូណ៌​កាល​ពី​ថ្ងៃ​ទី​ ១៩ ​កក្កដា ២៤៩២ បាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា​ “ព្រះ​រាជា​ណា​ចក្រ​លាវ​”​។​

    យ៉ាង​ណា​ក៏​ដោយ​ មុន​ពេល​បាន​ទទួល​ឯក​រាជ្យ​ដោយ​បរិ​បូណ៌​នេះ​ បាន​មាន​ហេតុ​ផ្សេង​ៗ​ សឹង​ធ្វើ​ឲ្យ​ប្រ​ជា​ជន​លាវ​បែក​បាក់​គ្នា​ទៀត​ ចាប់​ផ្តើម​តាំង​ពី​ពេល​ជប៉ុន​ ឈ្លាន​ពាន​ចូល​មក​គ្រប់​គ្រង​ឆ្នេរ​សមុទ្រ​ឥណ្ឌូ​ចិន​ ហើយ​ដក​ខ្លួន​ចេញ​ទៅ​នៅ​ក្នុង​ ព.ស.​ ២៤៨៨ ប្រ​ជា​ជន​លាវ​បាន​បែក​បាក់​គ្នា​ក្នុង​គោល​ការណ៍​ថា​ តើ​នឹង​ ​ព្រម​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​បារាំង​ ឬ​ ទាម​ទារ​ឯក​រាជ្យ​ដោយ​បរិ​បូណ៌​ ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​លាវ​ឥស្សរះ​ឡើង​ក្នុង​ព.ស.​ ២៤៩២ បារាំ​ងបាន​ផ្ដល់​ឯក​រាជ្យ​ជូន​លាវ​មួយ​ចំនួន​ភូមិ​ភាគ​ធ្វើ​ឲ្យ​ពួក​លាវ​ឥស្ស​រះ​បែក​បាក់​គ្នា​ទៅ​ទៀត​ មួយ​ពួក​យល់​ព្រម​ទៅ​តាម​នោះ​ តែ​មួយ​ក្រុម​មួយ​ទៀត​ នៅ​មិន​ទាន់​ព្រម​ ពួក​ដែល​មិន​ព្រម​ក៏​បាន​បង្កើត​បក្ស​ប្រទេស​លាវ​ឡើង​ ហើយ​ក្រោយ​ក្លាយ​ជា​ក្បួន​ការ​នៃ​ប្រ​ទេស​លាវ​ និង​ បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​វៀត​មិញ​ សង្គ្រាម​ចោរ​ឈ្មួយ​ប្រឆាំង​ នឹង បារាំង​បាន​ប្រ​ព្រឹត្ត​ទៅ​ក្រោយ​ពី​បារាំង​បាន​ដក​កម្លាំង​ចេញ​ទៅ​ហើយ​ ភាព​ជ្រួល​ច្របល់​ក្នុង​ប្រ​ទេស​ ជា​ហេតុ​នាំ​ឲ្យ​ប្រ​ទេស​មហា​អំណាច​ ដូច​ជា​សហ​រដ្ឋ​អាមេ​រិក​ ជា​មួយ​សូវៀត​រុស្សី​ចូល​មក​ពាក់​ពាន់​ក្នុង​ ព.ស. ​២៥០៣ ​ប្រជា​ជន​លាវ​បាន​បែក​បាក់​គ្នា​ជា​ ៣​ក្រុម​គឺ​ ក្រុម​ភាគ​ខាង​ស្ដាំ​ ក្រុម​ភាគ​ខាង​ឆ្វេង​ និង​ ក្រុម​ភាគ​កណ្ដាល​ បាន​កាប់​សម្លាប់​គ្នា​ឯង​យ៉ាង​ខ្លាំង​ក្លា​ ទោះ​បី​ជា​មាន​ការ​ព្យា​យាម​ជួយ​ជ្រោម​ជ្រែង​ឲ្យ​មាន​ការ​ស្ម័គ្រ​សា​មគ្គី​គ្នា​ ដោយ​មាន​ការ​ចាត់​តាំង​រដ្ឋាភិ​បាល​ចំរុះ​ជា​ដើម​ តែ​ក៏​ប្រព្រឹត្ត​ទៅ​បាន​ត្រឹម​តែ​បណ្ដោះ​អាសន្ន​ ហើយ​សង្គ្រាម​ក៏​បាន​ប្រ​ព្រឹត្ត​ទៅ​ទៀត​រហូត​ដល់​ទី​បំផុត​ប្រទេស​លាវ​ក្លាយ​ជា​លាន​សមរ​ភូមិ​ទាំង​ជាតិ​ឯង​ និង​ ជាតិ​ឯង​ និង​ បរ​ទេស​ ដែល​ចូល​មក​ជួយ​ឧបត្ថម្ភ​ ភាគី​នីមួយ​​ៗ ជា​ពិសេស​គឺ​តាំង​ពី​ ព.ស​.២៥០៨​ ជា​ដើម​មក​ សភាព​បែប​នេះ​គង់​មិន​មាន​អ្វី​ប្លែក​ជាង​ហេតុ​កាណ៍​កាល​ពី​មុន​ អាណា​ចក្រ​លាវ​ ទោះ​បី​ជា​ពេល​ក្រោយ​បាន​ទទួល​ឯក​រាជ្យ​ហើយ​តែ​ក៏​នៅ​មាន​ភាព​ចលា​ចល​គ្មាន​ស្ថេរ​ភាព​ខាង​ន​យោ​បាយ​ គ្មាន​សន្តិ​ភាព​ពេញ​លេញ​ ដែល​នឹង​ជា​គ្រឹះ​ស្ថាន​សម្រាប់​កសាង​នូវ​វឌ្ឍន​ភាព​ ក្នុង​វិស័យ​ផ្សេង​​ៗ​ បាន​យ៉ាង​ពិត​ប្រា​កដ​។

    ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រទេស​លាវ​មាន​លក្ខណ​ស្រដៀង​គ្នា​ជា​មួយ​ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រទេស​ថៃ​ណាស់​ ព្រោះ​ប្រ​ទេស​ទាំង​ពីរ​មាន​សម្ពន្ធ​ភាព​ជិត​ដិត​គ្នា​ជាប់​មក​រហូត​ប្រវត្តិ​​សាស្ត្រ​ ទោះ​ជា​សម័យ​ដំបូង​លាវ​បាន​ទទួល​ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ​អំពី​កម្ពុជា​ តែ​​ក៏​មាន​ការ​​រួម​ចំណែក​អំពី​ប្រ​ទេស​ថៃ​ដែរ​ ព្រោះ​ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ​បាន​ផ្សព្វ​ផ្សាយ​ចូល​ទៅ​ប្រ​ទេស​​កម្ពុជា​ បាន​ឆ្លង​កាត់​ផែន​ដី​ថៃ​ បែប​ចម្លង​ទៅ​ឯង​ដោយ​ពុំ​មែន​ជា​ផ្លូវ​ការ​ និង​ ក្រោយ​ពី​នោះ​មិន​​យូរ​ ពេល​ដែល​ខ្មែរ​ចុះ​ខ្សោយ​អំណាច​ទៅ​តាម​លំដាប់​ ទាំង​ខ្មែរ​ និង​ លាវ​ក៏​បាន​ទទួល​​ព្រះ​ពុទ្ធ​សាសនា​ពី​ប្រ​ទេស​ថៃ​ដោយ​ត្រង់​ ពិសេស​នោះ​គឺ​ លាវ​ជា​ជន​ជាតិ​ជា​មួយ​គ្នា​ នឹង​ ថៃ​ មាន​​ខ្សែ​លោ​ហិត​​មក​ពី​បុព្វ​បុរស​ជា​មួយ​គ្នា​ មាន​ភាសា​និយាយ​ស្រ​ដៀង​គ្នា​ ទាក់​ទង​គ្នា​​ងាយ​ស្រួល​ យល់​បាន​យ៉ាង​ទាន់​ហន់​ ថែម​ទាំង​មាន​ព្រំដែន​ជាប់​គ្នា​ទៀត​ផង​​ និង​ ​ហេតុ​ការណ៍​ប្រ​ទេស​ជាតិ​​បង្ខំ​ឲ្យ​មាន​ការ​ទំនាក់​ទំនង​ទៅ​មក​រក​ជា​រឿយ​ៗ​ ព្រម​ទាំង​មាន​​អារម្មណ៍​ថា​ ថៃ​ជា​ប្រ​ទេស​ធំ​ជាង​​ បាន​ទទួល​ភាព​រីក​ចម្រើន​ខាង​វិស័យ​ផ្សេង​ៗ​ មក​យូរ​យា​ជាង​ មាន​ឯក​រាជ្យ​ សន្តិ​ភាព​ និង​ ស្ថេរ​ភាព​រៀប​រយ​ច្រើន​ជាង​ ក៏​រឹង​រឹត​តែ​ធ្វើ​ឲ្យ​លាវ​ព្រម​ទទួល​​ឥទ្ធិ​ពល​ពី​ថៃ ​និង​ ធ្វើ​ការ​ទទួល​យក​នោះ​ស្ទើរ​តែ​ជា​ការ​ចម្លង​បែប​យ៉ាង​ ទាំង​ស្រុង​តែ​ម្ដង​។

    ជាង​នោះ​ទៅ​ទៀត​ ពិត​ជា​ការ​រៀន​ចម្លង​បែប​ជា​និច្ច​ទៀត​ផង​ ព្រោះ​កន្លង​មក​ជន​ជាតិ​​នៅ​ក្នុង​អាណា​ចក្រ​លាវ​និយម​ចូល​ចិត្ត​អាន​សៀវ​ភៅ​ថៃ​ ស្ដាប់​វិទ្យុ​ថៃ​ ចូល​ចិត្ត​ចម្រៀង​ថៃ​ ទៅ​លេង​ប្រទេស​ថៃ​ និង​ ទៅ​រៀន​បន្ត​នៅ​ប្រទេស​ថៃ​ ដោយ​ឡែក​ការ​ទំនាក់​ទំនង​ផ្នែក​ខាង​ព្រះ​​សង្ឃ​នោះ​ ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ទូលំ​ទូលាយ​ ជ្រួត​ជ្រាប​ស្និទ្ធ​ស្នាល​ជិត​ដិត​គ្នា​ស្ទើរ​តែ​មិន​មាន​ការ​​ ស្មាន​ថា​ជា​ជន​ជាតិ​ផ្សេង​គ្នា​ឡើយ​ ដោយ​អាស្រ័យ​ហេតុ​នេះ​ កិច្ច​ការ​ខាង​ព្រះ​សាសនា​ផ្នែក​​ផ្សេង​ៗ មិន​ថា​រូប​បែប​ការ​គ្រប់​គ្រង​គណ​មន្ត្រី​សង្ឃ​ ការ​សិក្សា​ផ្នែក​សាសនា​របៀប​បែប​​ផែន​​ផ្សេង​ៗ​ រហូត​ដល់​ទស្សន​គតិ​ និង​ វត្ត​ប្រតិ​បត្តិ​នានា​ ក្នុង​ព្រះ​រាជ​អាណា​ចក្រ​លាវ​ ទើប​ដូច​ ឬ ​ស្រដៀង​គ្នា​ជា​មួយ​ប្រ​ទេស​ថៃ​។

    ក្នុង​សម័យ​ដែល​នៅ​ក្រោម​អាណា​និគម​របស់​បារាំង​ ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រ​ទេស​លាវ​​បាន​មាន​​ការ​​ទ្រុឌ​ទ្រោម​​ទៅ​ខ្លះ ​ព្រោះ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ ទំនុក​បម្រុង​តាម​ការ​គួរ​ ប៉ុន្តែ​ ប្រជា​ជន​ដែល​មាន​សទ្ធា​ជ្រះ​ថ្លា​ មោះ​មុត​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នោះ​ បាន​ជួយ​គ្នា​ផ្គត់​ផ្គង់​​ព្រះ​ពុទ្ធ​សាសនា​ ឲ្យ​គង់​វង់​រហូត​មក​។ នៅ​ពេល​លាវ​ បាន​ទទួល​ឯក​រាជ្យ​រួច​ហើយ​ ទោះ​ជា​​ប្រទេស​ជាតិ​ពុំ​ទាន់​បាន​ស្ងប់​រៀប​រយ​ក៏​ដោយ​ តែ​ខាង​រាជ​រដ្ឋា​ភិបាល​រួម​ជា​មួយ​ប្រ​ជា​ជន​ បាន​​​ដំណើរ​ការ​ស្ថាបនា​ទំនុក​បម្រុង​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​អស់​ពី​សមត្ថ​ភាព​។

    រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រាជា​ណាច​ក្រលាវ​ មាត្រា​ទី ​៧ បញ្ញត្តិ​ថា “ព្រះ​ពុទ្ធ​សាសនា​ជា​​សាសនា​ប្រចាំ​ជាតិ​ និង ​ព្រះ​មហា​ក្សត្រ​ទ្រង់​ជា​ឯក​អគ្គ​សាសនូ​បត្ថម្ភ​”​
   មួយ​កន្លែង​ទៀត​បញ្ញត្តិ​ថា​ “គណ​សង្ឃ​លាវ​ មាន​និកាយ​ដើម​ តែ​និកាយ​មួយ​គឺ​ ហីន​​យាន​បែប​លង្កា​វង្ស​”​ ផ្នែក​ការ​គ្រប់​គ្រង​គណ​សង្ឃ​ មាន​សម្ដេច​ព្រះ​សង្ឃ​រាជ​ជា​ប្រមុខ​ ក្នុង​រវាង​ ព.ស.​ ​២៤៨៩ ជា​ដើម​មក​មាន​អ្នក​គ្រប់​គ្រង​​ ប្រកប​ដោយ​ព្រះ​សង្ឃ​នាយក​ មាន​សង្ឃា​ភិបាល​​គ្រប់​គ្រង​អង្គ​ការ​សិក្សា​ អង្គ​ការ​ផ្សព្វ​ផ្សាយ​ និង​ អង្គ​ការ​ជួស​ជុល​ស្ថាបនា​ ប៉ុន្តែ​ខាង​ក្រោយ​មក​​បាន​រំសាយ​អង្គ​ការ​គណ​សង្ឃ​ទាំង​នោះ​​ ហើយ​បាន​បង្កើត​ទី​ប្រឹក្សា​គណ​សង្ឃ​ ៤​អង្គ ​សម្រាប់​ព្រះ​សង្ឃ​រាជ​ ធ្វើ​ឲ្យ​មាន​លក្ខណ​ប្រហាក់​ប្រ​ហែល​គ្នា​ជា​មួយ​មហា​ថេរ​សមាគម​នៅ​​ប្រ​ទេស​ថៃ​។

    ច្បាប់​វិន័យ​គណ​សង្ឃ​ ហៅ​ថា “ព្រះ​រាជ​ឱ​ង្ការ​តែង​តាំង​របៀប​ព្រះ​សង្ឃ​នៃ​ព្រះ​រាជា​​ណា​ចក្រ​លាវ​ ច្បាប់​លេខ​ទី ​១៦០ ចុះ​ថ្ងៃ​ទី ២៥ ឧសភា ព.ស.​ ២៥០២ (គ.ស.១៩៥៩)” បាន​​កំណត់​ក្នុង​មាត្រា ទី​៣​ ថា​ “បព្វ​ជិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ គឺ​​ ព្រះ​ភិក្ខុ​ និង​ សាម​ណេរ​ ទាំង​អស់​ ក្នុង​ព្រះ​រាជា​ណា​ចក្រ​លាវ​ ត្រូវ​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​ (មនោ​ធម្ម​ប្រមុខ​)​ របស់​​សម្ដេច​ព្រះ​សង្ឃ​រាជ​ សឹង​គង់​នៅ​ក្នុង​រាជ​ធានី​នៃ​ប្រទេស​”​។

    មាត្រា ទី​​១៩ បាន​កំណត់​ថា​ “សម្ដេច​ព្រះ​សង្ឃ​រាជ​ជា​នា​ទី​របស់​មេ​គណ​សង្កាត់​ទាំង​​ឡាយ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​ ជា​អ្នក​ជ្រើស​រើស​អំពី​ចំនួន​ព្រះ​សង្ឃ​ ដែល​រដ្ឋ​មន្ត្រី​អភិបាល​ក្រ​សួង​ជា​អ្នក​ស្នើរ​ ការ​បោះ​ឆ្នោត​ នឹង ធ្វើ​ជា​សំបុត្រ​បិទ​ស្រោម​ និង​ សង្កត់​ត្រា​ ដោយ​ឲ្យ​មេឃុំ​ ចៅ​​សង្កាត់​ទាំង​ឡាយ​ជា​អ្នក​នាំ​ទៅ​សុំ​ស្នើរ​អំពី​រដ្ឋ​មន្ត្រី​ក្រសួង​ធម្ម​ការ​ ដែល​ជា​អ្នក​ចាត់​តាំង​ការ​​បោះ​ឆ្នោត​នោះ​ក៏​បាន​”​។
   និង មាត្រា ទី​២០​ ចែង​ថា​ “​ការ​តែង​តាំង​សម្ដេច​ព្រះ​សង្ឃ​រាជ​ នឹង បែង​ជា​ព្រះ​រាជ​ឱ​ង្ការ​​តាម​ពាក្យ​សំណើរ​របស់​គណៈ​រដ្ឋា​ភិបាល​ ការ​ផ្ទេរ​ដំណែង​ និង​ ការ​ទូល​ថ្វាយ​សម្ដេច​ព្រះ​​សង្ឃ​​រាជ​​ ជា​ព្រះ​រាជ​ករណី​យ​កិច្ច​របស់​ព្រះ​រាជា​ ដោយ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​ជា​អ្នក​ចាត់​​ការ​​ទូត”​។

ព្រះ​រាជ​ឱ​ង្ការ​ច្បាច់​ដដែល​នេះ​ បាន​កំណត់​សមណ​ស័ក្តិ​របស់​ព្រះ​សង្ឃ​ចំនួន​ ៦​បណ្ដា​ស័ក្តិ​ គឺ:
១. ព្រះ​កំពូល​កែវ​ (ប្រៀប​ស្មើ​នឹង​ព្រះ​សង្ឃ​រាជ​)
២.ព្រះ​កូន​​កែវ​ ​(សម្ដេច​​ព្រះ​រាជា​គណ)​
៣. ព្រះ​ល័ក​ខាំ​ (ព្រះ​រាជា​គណ)
៤.ព្រះគ្រូ
៥.ព្រះសា
៦.សម្ដេច និង ​កំណត់ឋានន្តរស័ក្តិព្រះសង្ឃជាថ្នាក់ៗ ដូចជា៖
I .សម្ដេចព្រះសង្ឃរាជ
II.ព្រះមេគណខែត្រ
III.ប្រធាន​និគម
IV.ប្រធានឃុំ
V.ព្រះចៅអធិការវត្ត។
ផ្នែក​ការ​សិក្សា​ខាង​ពុទ្ធ​សាសនា​ ភាគ​ច្រើន​ព្រះ​សង្ឃ​ថេរ​ របស់​លាវ​ច្រើន​តែ​សិក្សា​ពី​​ប្រទេស​ថៃ​ ការ​សិក្សា​គណ​សង្ឃ​លាវ​ ទើប​មាន​ការ​ចាត់​របៀប​តាម​បែប​ថៃ​ គឺ​មាន​ការ​រៀន​​ភាសា​បាលី​ បែង​ឲ្យ​មា​ន​ការ​សិក្សា​តាំង​ពី​ប្រយោគ ៣​ ដល់​​ប្រយោគ​ ៩​ ដូច​គ្នា នឹង ​ប្រទេស​ថៃ ​ក្រោយ​មក​ ព.ស.​ ២៥០០ បាន​មាន​ការ​ចាត់​របៀប​ការ​សិក្សា​តាម​នយោ​បាយ​រដ្ឋ​មន្រ្តី​ក្រសួង​​ធម្ម​ការ​ (គឺ​ច្បាប់​ក្រសួង​ធម្មការ)​ ចំណាត់​ជា​ថ្នាក់​ៗ​ ដូច​ជា៖​
១. ថ្នាក់មធ្យមបាលី (បែងជាតម្រៀមបឋម បឋមត្រី បឋមទោ បឋមឯក ចប់ថ្នាក់បឋម​ឯក ស្មើនឹងប្រយោគ ៣)
២. ថ្នាក់មធ្យមបាលី (បែងជាមធ្យមត្រី ទោ ឯក ស្មើនឹងប្រយោគ ៤-៥-៦ តាមលំដាប់)
៣. ថ្នាក់​ឧត្តម​បាលី​បរិ​បូណ៌ (មាន​ថ្នាក់​ត្រៀម​មហា​វិទ្យា​ល័យ​ រួច​ហើយ​ចូល​រៀន​ថ្នាក់​​បាលី​ជាន់​ខ្ពស់​ បែង​ជា​ឧត្តម​សិក្សា​ ត្រី​-ទោ​-​ឯក ស្មើ​នឹង​ប្រយោគ​ ៧-​៨-​៩ តាម​លំដាប់​)​។
លុះដល់ ព.ស.២៥០៨ បាន​មាន​ការ​កែ​ប្រែ​របប​ការ​សិក្សា​ថ្មី​ទៀត​ តាម​នយោ​បាយ​របស់​​រដ្ឋ​មន្ត្រី​ក្រសួង​សិក្សា​ធិការ​ សិល្ប​​ករ​ និង​ កីឡា​យុវ​ជន​ ដែល​បាន​ចាត់​ការ​សិក្សា​ជា​ ៣​0ថ្នាក់​ ឲ្យ​ស្រប​ជា​មួយ​ការ​សិក្សា​របស់​គ្រហស្ថ​គឺ៖
១. បឋមសិក្សា ៦ ឆ្នាំ (បឋមដំបូង ៣ ឆ្នាំ =ការសិក្សាភាគវិជ្ជាចាំបាច់ និង បឋមចុងវគ្គ ៣ ឆ្នាំ)
២. មធ្យមសិក្សា ៤ ឆ្នាំ
៣. ស្ថា​ប័ន​ការ​សិក្សា​ពុទ្ធ​សាសនា​ ៣​ឆ្នាំ ​ការ​សិក្សា​ថ្នាក់​បឋម​ និង​ មធ្យម​របស់​ព្រះ​​សង្ឃ​ នៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​ធម្មការ​ ចំណែក​ជាន់​ខ្ពស់​គឺ​ ស្ថា​ប័ន​ការ​សិក្សា​​ពុទ្ធ​សាសនា​​ នៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​សិក្សា​ធិការ​។ តាម​របប​ការ​សិក្សា​នេះ​ ការ​សិក្សា​របស់​ព្រះ​សង្ឃ​ ទើប​ក្លាយ​ជា​ការ​សិក្សា​មួយ​ភាគ​របស់​ជាតិ​ នៅ​ក្រោម​ការ​​ទទួល​ខុស​​ត្រូវ​​​ និង​ ឧបត្ថម្ភ​របស់​រដ្ឋ​មន្ត្រី​ដោយ​បរិបូណ៌​។

    សម្រាប់​ស្ថា​ប័ន​ការ​សិក្សា​ពុទ្ធ​សាសនា​នោះ​ តាំង​នៅ​ក្នុង​វត្ត​អង្គ​តឺ​មហា​វិហារ​ អ្នក​ដែល​រៀន​ចប់​ស្ថាប័ន​ នឹង បាន​ទទួល​សញ្ញា​ប័ត្រ​អំពី​ក្រសួង​សិក្សា​ធិការ​ និង​ មាន​សិទ្ធិ​បាន​​ទទួល​កិត្តិ​​នាម​ថា​ “មហា” មុខ​វិជ្ជា​ដែល​រៀន​មាន​ទាំង​ព្រះ​បរិ​យត្តិ​ធម៌​ និង​ មុខ​វិជ្ជា​សាកល​ ដូច​ជា​ បាលី​ សំស្ក្រឹត​ លាវ​ បារាំង​ អង់​គ្លេស​ សាសនា​ ទស្សន​វិជ្ជា​ ចិត្ត​វិទ្យា​ ភូមិ​សាស្ត្រ​ ប្រវត្តិ​សាស្ត្រ​ វិទ្យា​សាស្រ្ត​ គណិត​សាស្ត្រ​ សង្គម​សាស្ត្រ​ ការ​សិក្សា​សុខា​ភិបាល​ រហូត​ទៅ​ដល់​​ហោ​រា​សាស្ត្រ​ អ្នក​ដែល​រៀន​បញ្ចប់​ស្ថាប័ន​​រួច​ហើយ​ ត្រូវ​នៅ​បដិ​បត្តិ​សាសន​កិច្ច​ក្នុង​ភិក្ខុ​ភាវៈ​​យ៉ាង​តិច​បំផុត​ ២​ឆ្នាំ​ ទើប​មាន​សិទ្ធិ​លា​សិក្ខា​បទ​។ ក្នុង​រវាង​ការ​ផ្លាស់​ប្តូរ​របប​ការ​សិក្សា​ មាន​​ការ​បន្ថែម​ថ្នាក់​ តម្រៀម​ចូល​ស្ថាប័ន​មក​ក្នុង​ចន្លោះ​រវាង​ថ្នាក់​មធ្យម​ទី​៤ ជា​មួយ​ស្ថាប័ន​សិក្សា​​ថ្នាក់ ទី​​១​ ដើម្បី​កែ​ប្រែ​បញ្ហា​ចំពោះ​មុខ​​ទៅ​ នឹង សេច​ក្តី​ព្រម​របស់​អ្នក​រៀន​ ក្នុង​ ព.ស.​ ២៥១០ មាន​ស្ថិតិ​អ្នក​សិក្សា​ ដែល​ចំណាប់​អារម្មណ៍​ គឺ​ ថ្នាក់​ ឧត្តម​សិក្សា​ឯក​ (ប្រយោគ ​៩) ៣៩​ អង្គ​ វិទ្យា​ស្ថាន​ ឆ្នាំ​ ទី​១​ មាន​ ១០​អង្គ​ ឆ្នាំ​ទី ២ មាន ៤​អង្គ​ ឆ្នាំទី ៣​នៅ​មិន​ទាន់​មាន​អ្នក​រៀន​ដល់​។​

    ក្នុង​រយៈ​កាល​ដែល​កន្លង​មក​​ ព្រះ​សង្ឃ​លាវ​បាន​និមន្ត​ទៅ​សិក្សា​នៅ​ប្រទេស​នានា​ជា​​ច្រើន​ ពិសេស​គឺ​ប្រទេស​ថៃ​ រដ្ឋា​ភិបាល​ថៃ​បាន​ឧប​ត្ថម្ភ​អាហា​រូប​ករណ៍​ដល់​ព្រះ​សង្ឃ​លាវ​​ ដើម្បី​ចូល​សិក្សា​បន្ត​នា​សាលា​មហា​វិទ្យា​ល័យ​ព្រះ​សង្ឃ​រៀង​រាល់​ឆ្នាំ​, មួយ​ឆ្នាំ​ៗ​ ជា​ច្រើន​អង្គ​ ហើយ​មាន​ព្រះ​សង្ឃ​មួយ​ចំនួន​បាន​សិក្សា​ចប់​ រួច​ហើយ​ ក៏​វិល​ត្រឡប់​ទៅ​ជួយ​ជា​កម្លាំង​សំខាន់​ខាង​ផ្នែក​​ការ​សិក្សា​ និង​ ធ្វើ​ការ​បម្រើ​កិច្ច​ការ​ងារ​ផ្សេង​ៗ​ ដល់​ព្រះ​រាជា​ណា​ចក្រ​លាវ​ ទាំង​ខាង​​ពុទ្ធ​ចក្រ និង​ អាណា​ចក្រ​។

    ការ​សិក្សា​ក្នុង​ប្រ​ទេស​បែប​ថ្មី​របស់​លាវ​ គង់​នៅ​ក្នុ្ងង​រយ​កាល​ចាប់​ផ្ដើម​ ការ​សិក្សា​ភាគ​វិជ្ជា​​ចាប់​បង្ខំ​មាន​ចំនួន​ត្រឹម​តែ ៣​ឆ្នាំ​​ គឺ​ថ្នាក់​បឋម​ឆ្នាំ​ទី ៣​ និង​ សាលា​រៀន​ក្នុង​ភាគ​បង្ខំ​នេះ​ ទោះ​​​បី​ជា​នៅ​មាន​យ៉ាង​ទូលំ​ទូលាយ​ តែ​ក៏​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ នៅ​តាម​ដំបន់​​ជន​​បទ​​ឆ្ងាយ​​​​ៗ​ ក៏​នៅ​​មាន​ការ​ពឹង​ទៅ​លើ​ព្រះ​សង្ឃ​ជួយ​បង្ហាត់​បង្រៀន​ដល់​កុល​បុត្ត​ ឲ្យ​ល្មម​តែ​អាន​បាន​​សរ​សេរ​បាន​។​ ខាង​រដ្ឋា​ភិបាល​ ក៏​បាន​​​ខំ​ព្យា​យាម​ជំនួយ​ ដូច​ជា​​ ការ​​ជួយ​ដំណើរ​ការ​​បង្រៀន​​ឲ្យ​ជា​ដើម​ ចំណែក​ខាង​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​ ឬ​ មហា​វិទ្យា​ល័យ​ រឹត​តែ​ចាត់​ថា​ រឿង​​យ៉ាង​នេះ​​នៅ​ថ្មី​នៅ​ឡើយ​ ហើយ​មាន​ត្រឹម​តែ​មួយ​កន្លែង​ គឺ​ មហា​វិទ្យា​ល័យ​សិរិ​ស្វាង​វង្ស​ ដែល​ល្បឺ​រន្ទឺ​ ដែល​ទើប​តែ​កសាង​ឡើង​កាល​ពី​មុន ព.ស.​ ២៥១០ មិន​ប៉ុន្មាន​ឆ្នាំ​នេះ​ឯង​ មាន​ ៣​​មហា​វិទ្យា​ល័យ​ គឺ មហា​វិទ្យា​ល័យ​វិជ្ចា​និតិ​សាស្ត្រ​ ការ​គ្រប់​គ្រង​ សេដ្ឋ​កិច្ច​​ ហិ​រញ្ញិក​ និង​ វិជ្ជា​ការ​ទូត​​ ១​ មហា​វិទ្យា​ល័យ​វិជ្ជា​ការ​​សិក្សា​ ១​​ និង​ មហា​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ ​១ មាន​និស្សិត​ទាំង​អស់​ប្រមាណ​ ២០០​ នាក់​ ការ​បង្រៀន​​វិជ្ជា​​ផ្សេង​ៗ​ ក្នុង​ថ្នាក់​បឋម​ទុតិយ​ភូមិ​ឡើង​ទៅ​ ប្រើ​ភាសា​បារាំង​ច្រើន​ជាង​ភាសា​លាវ​ ព្រោះ​ត្រូវ​​ប្រើ​គ្រូ​អាចារ្យ​ និង​ ក្បួន​តម្រា​ជា​ភាសា​បរ​ទេស​ជា​ច្រើន​ សូម្បី​តែ​ប្រ​ជា​ជន​លាវ​ដែល​មាន​ការ​​សិក្សា​នៅ​ជាន់​ខ្ពស់​ ក៏​មិន​សូវ​ស្ទាត់​ជំនាញ​ផ្នែក​ភាសា​លាវ​ឡើយ​ ព្រោះ​រៀន​តែ​ភាសា​បារាំង​​ តាំង​ពី​មុន​មក​ បើ​មិន​ដូច្នោះ​ទេ​ ក៏​​ជា​អ្នក​សម្រេច​ការ​សិក្សា​មក​ពី​ប្រទេស​បារាំង​តែ​ម្ដង​ កាល​បើ​ប្រៀប​ធៀប​ការ​សិក្សា​នៃ​ជាតិ​ ដោយ​សភាព​ការណ៍​ដូច្នេះ​ហើយ​ ក៏​ចាត់​ថា​ការ​សិក្សា​​ផ្នែក​ព្រះ​សង្ឃ​ជា​ការ​រីក​ចម្រើន​បង្គួ​រដែរ​ ម្យ៉ាង​ទៀត​ ក្នុង​ការ​សិក្សា​របស់​ព្រះ​សង្ឃ​ មាន​ចំណុច​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទៀត​នោះ​​គឺ​ ផ្នែក​ខាង​នយោ​បាយ​រដ្ឋា​ភិបាល​នៅ​គ្រប់​​សង្កាត់​ខែត្រ​ក្រុង​បាន​មាន​ការ​សិក្សា​ដល់​​ថ្នាក់​​មធ្យម​សិក្សា​បឋម​ភូមិ​ ហើយ​​ ភិក្ខុ​សាម​ណេរ​ដែល​ចូល​ទៅ​សិក្សា​បន្ត​ក្នុង​ទី​ក្រុង​វ៉ៀង​ចន្ទន៍​ ចាំ​បាច់​ត្រូវ​រៀន​ឲ្យ​ចប់​ថ្នាក់​មធ្យម​សិក្សា​បឋម​ភូមិ​ជា​មុន​សិន​ ព្រះ​មេ​គណ​ស្រុក​សង្កាត់​ និង​ ប្រ​ធាន​សិក្សា​ធិការ​ប្រចាំ​ស្រុក​ ឃុំ​ ទើប​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ចូល​រៀន​បន្ត​នៅ​ទី​ក្រុង​វ៉ៀង​ចន្ទន៍​​បាន​ ចាត់​ថា​ជា​ការ​កែ​បញ្ហា​ទី​ស្នាក់​អាស្រ័យ​ និង​ ភាព​កក​កុញ​នៅ​រាជ​ធានី​ដែល​ព្រះ​សង្ឃ​រក​​កន្លែង​គង់​នៅ​សិក្សា​បាន​ម្យ៉ាង​ដែរ​។​

    ប្រជា​ជន​លាវ​ភាគ​ច្រើន​ ជា​ពុទ្ធ​សាស​និក​ជន​ មាន​ចិត្ត​សទ្ធា​ជ្រះ​ថ្លា​យ៉ាង​មោះ​មុត​ក្នុង​ទំ​នៀម​ទម្លាប់​ប្រ​ពៃណី​ មាន​ការ​គោរព​ព្រះ​សង្ឃ​យ៉ាង​ក្រៃ​លែង​ ប៉ុន្តែ​ ការ​បូជា​ ភូត​ ទេវតា​ អារក្ស​ ​អ្នក​តា នៅ​មាន​ជា​ចំនួន​ច្រើន​នៅ​ឡើយ​ អាច​ពោល​ថា​ ការ​គោរព​ព្រះ​ពុទ្ធ​សាសនា​ និង​ ភូត​​ខ្មោច​ បាន​ចម្រុះ​សម្រុង​គ្នា​យ៉ាង​ស្អិត​រមួត​ ប្រ​ពៃណី​ការ​បួស​រៀន​ បួស​ហើយ​សឹក​ ទៅ​តាម​ចិត្ត​​ស្ម័គ្រ​នៅ​មាន​ជា​ហូរ​ហែរ​ទូ​ទៅ​​ គឺ​ ពេល​ដែល​ក្មេង​ប្រុស​អាយុ​ពេញ​ ១០​ឆ្នាំ បរិ​បូណ៌​ហើយ​ និង​ ​បួស​ជា​សាម​ណេរ​ ពេល​ដែល​អាយុ​គ្រប់ ​២០​ឆ្នាំ​ បរិ​បូណ៌​ ក៏​ឧប​សម្បទា​ជា​ភិក្ខុ​ ព្រះ​រាជា​ណា​ចក្រ​លាវ​ មាន​ផ្ទៃ​ដី​ប្រមាណ​ ២៣៦.៨០០ km2 នា ព.ស.២៥២០ មាន​ប្រជា​ជន​ចំនួន​ ៣.៤៥០.០០០ នាក់​ក្នុង​ ព.ស.២៥១៥ ​មាន​វត្ត​ចំនួន​ ២១០៨ វត្ត មាន​​ភិក្ខុ​សាម​ណេរ​ចំនួន​ ១៨.២២៤ អង្គ​ ក្នុង​ចំនួន​នេះ​មាន​ប្រមាណ​ ៨១.៥%​ អាយុ​រវាង ​១០​​ដល់ ​២៥​​ឆ្នាំ​ ចំពោះ​ឆ្នាំ​ ព.ស.២៥១៥​ នោះ​ មាន​ឧប​សម្ប​ទា​បេក្ខ​​ចំនួន ៨២២​អង្គ មាន​ភិក្ខុ​​លា​សិក្ខា​បទ​ចំនួន​ ៤៧៥​នាក់​ មាន​អ្នក​ចូល​មក​បព្វ​ជ្ជា​ជា​សាម​ណេរ​ចំនួន ១៣៣៤​នាក់​ សាម​ណេរ​ដែល​លា​សិក្ខា​បទ​ចំនួ​ន ៧៧១​អង្គ។​

    យ៉ាង​ណា​ក៏​ដោយ​ បញ្ហា​ផ្នែក​ខាង​ព្រះ​ពុទ្ធ​សាសនា​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​លាវ​ ក៏​នៅ​មាន​សភាព​ការណ៍​ដ៏​គួរ​ព្រួយ​បារម្ភ​ជា​ច្រើន​ប្រការ​ ដែល​កើត​ឡើង​អាស្រ័យ​បញ្ហា​ខាង​​ការ​ផ្លាស់​ប្តូរ​របប​គ្រប់​គ្រង​ក្នុង​សង្គម​ ក៏​ដូច​ជា​ប្រ​ទេស​ជិត​ខាង​ដែរ​ ពោល​គឺ​ ទោះ​បី​ជា​ប្រ​ជា​ជន​នៅ​​មាន​សទ្ធា​ជ្រះ​ថ្លា​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ និង​ ព្រះ​សង្ឃ​យ៉ាង​ស្អិត​រមួត​ក៏​ដោយ​ ការ​ធ្វើ​បុណ្យ​​ឲ្យ​ទាន​រក្សា​សីល​ ស្តាប់​ធម៌​ និង​ ចូល​វត្ត​បដិ​បត្តិ​ធម៌​ គង់​នៅ​មាន​យ៉ាង​ទូ​ទៅ​ វត្ត​ និង​ ព្រះ​សង្ឃ​​នៅ​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំ​ទ្រ​យ៉ាង​ល្អ​ប្រសើរ​ ប្រជា​ជន​នៅ​តាម​ជន​បទ​ស្តាប់​បង្គាប់​ព្រះ​សង្ឃ​​ច្រើន​ជា​អ្នក​ដឹក​នាំ​ប្រ​ទេស​ទៅ​ទៀត​ ប៉ុន្តែ​ការ​បញ្ចេញ​សទ្ធា​ជ្រះ​ថ្លា​ទាំង​អស់​នោះ​​ ភាគ​ច្រើន​​បាន​​ប្រ​ព្រឹត្តិ​ទៅ​​តាម​គន្លង​ប្រពៃ​ណី​​ និង​ ដោយ​ច្រើន​ជា​អ្នក​ចាស់​ទុំ​ តែ​ដោយ​ភាវ​នៃ​វត្ត​​ដែល​​ជា​​មជ្ឈ​មណ្ឌល​នៃ​ជំនុំ​ជន​កំ​ពុង​អន់​ថយ​ទៅ​ ព្រះ​សង្ឃ​ភាគ​ច្រើន​ជា​អ្នក​បួស​មក​ពី​ជន​បទ​ ខ្វះ​​ការ​សិក្សា​រៀន​សូធ្យ​​​ តួ​នា​ទី​រ​បស់​ព្រះ​សង្ឃ​ដែល​មាន​ភាព​ជិត​ដិត​ជា​មួយ​ប្រ​ជា​ជន​ក៏​បាន​​អន់​ថយ​ទៅ​ផង​ដែរ​ ដោយ​មាន​គ្រូ​ គ្រូ​ពេទ្យ​ អ្នក​ព្យា​បាល​ មន្ត្រី​រាជ​ការ​ រហូត​ដល់​អ្នក​​នយោ​បាយ​ ចូល​មក​ដឹក​នាំ​ជំនួស​។ ការ​ជំនឿ​ និង​ ភាព​កោត​ក្រែង​ទៅ​លើ​អំណាច​​នៃ​​ភាព​សក្តិ​សិទ្ធិ៍​​ ក៏​បាន​សន្សឹម​ចុះ​ខ្សោយ​ នៅ​ក្នុង​ទី​ក្រុង​ការ​ឧបត្ថម្ភ​ទំនុក​បម្រុង​ព្រះ​សង្ឃ​ក៏​​បាន​ស្តួច​ស្តើង​ទៅ​។

    ហេតុ​ការណ៍​នេះ បាន​មាន​ព្រះ​សង្ឃ​មេ​ដឹក​នាំ​មួយ​ចំនួន​អង្គ​ ក៏​បាន​ភ្ញាក់​រលឹក​ គិត​រក​​មធ្យោ​​បាយ​កែ​ប្រែ​ជម្រុញ​កិច្ច​ការ​ផ្សេង​ៗ​ ដើម្បី​ជួយ​ស្រោច​ស្រង់​ព្រះ​ពុទ្ធ​សាសនា​ ឲ្យ​មាន​ឋាន​នាទី​​ មាន​ប្រ​យោជន៍​ដល់​សង្គម​ជា​ច្រើន​ឡើង​ ដូច​ជា​ ចូល​រួម​ក្នុង​វិធាន​ការណ៍​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ និង​ ​សង្គម​ជា​ដើម​ ជា​ពិសេស​គឺ​ លោក​ដែល​មាន​គំនិត​ និង​ ដំណើរ​ការ​ដែល​មាន​ប្រ​សិទ្ធិ​ភាព​ មាន​អ្នក​ចាប់​អារម្មណ៍​​ជា​ខ្លាំង​មួយ​អង្គ​គឺ​ ព្រះ​តេជ​គុណ​ ព្រះ​មហា​បាល​អា​នន្ទោ​ នៃ​វត្ត​ ពុទ្ធ​វង្សា​ប៉ា​ហ្លួង​​ ទី​ក្រុង​វ៉ៀង​ចន្ទន៍​ ព្រះ​តេជ​គុណ​អង្គ​នេះ​ មាន​គំនិត​ប្រ​កាន់​ខ្ជាប់​ផ្នែក​ខាង​ការ​​ប្រតិ​បត្តិ​ធម៌​ រក្សា​នូវ​ខ្លឹម​នៃ​ព្រះ​ពុទ្ធ​សាសនា​បាន​យ៉ាង​រឹង​ប៉ឹង​ ព្រម​ប្រ​ព្រឹត្តិ​ទៅ​ជា​មួយ​កិច្ច​ការ​​ដើម្បី​ផល​ប្រ​យោជន៍​ដល់​សង្គម​បច្ចុ​ប្បន្ន​ទៀត​ផង​។ ព្រះ​អង្គ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ព្រម​ទាំង​ជា​អ្នក​​កម្ម​ដ្ឋាន​ផង​។ ព្រះ​អង្គ​មាន​កិត្តិ​នាម​ល្បី​ល្បាញ​​ក្នុង​រង្វង់​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ ខាង​រាជ​ការ​ក៏​​បាន​ប្រគេន​ការ​យល់​ព្រម​ ក្នុង​​ឱកាស​​ជា​មួយ​គ្នា​​ ព្រះ​អង្គ​បាន​បើក​សំណាក់​បដិ​បត្តិ​កម្ម​ដ្ឋាន​ជា​ច្រើន​កន្លែង​ក្នុង​ប្រ​ទេស​លាវ​ ថែម​ទាំង​ភាគ​ឦសាន​នៃ​ប្រ​ទេស​ថៃ​ បើក​សាលា​រៀន​ព្រះ​​អភិ​ធម្ម​ បង្កើត​សាលា​រៀន​សង្គ្រោះ​ក្មេង​កំព្រា​អនាថា​ បើក​សាលា​រៀន​​អប់​រំ​សីល​​ធម៌​ ​ពុទ្ធ​យុវជន​លាវ​ (អ.ស.​ព.) (ស្រ​ដៀង​គ្នា នឹង សាលា​រៀន​ពុទ្ធ​សាស​នា​ថ្ងៃ​អាទិត្យ​របស់​ថៃ​)​ ក្នុង​ ព.ស.​២៥១០​ មាន​នៅ​ក្នុង​ទី​ផ្សេង​ៗ​ ប្រមាណ​ ១៣​កន្លែង​ និង​ មាន​វត្ត​ពុទ្ធ​វង្សា​ប៉ា​ហ្លួង​ជា​​មជ្ឈ​ដ្ឋាន​ បង្កើត​ពុទ្ធ​សមា​គម​មួយ​ឲ្យ​ឈ្មោះ​ថា​ “មហា​ពុទ្ធ​វង្សា​” (ព.ស.​២៥០៤) យុវ​ពុទ្ធិក​​សមា​គម​ មួយ​ឈ្មោះ ​“ពុទ្ធ​យុ​វ​ជន​វង្សា​លាវ​”​ (ព.ស.​២៥០៦)​ ហើយ​ក្នុង​ ព.ស.​​២៥១៥ មាន​សាខា​ចំនួន ​១៨​ កន្លែង​ និង ​បាន​ចេញ​ទស្ស​នា​វដ្តី​ បោះ​ពុម្ព​សៀវ​ភៅ​ផ្សព្វ​ផ្សាយ​ធម៌​អាថ៌​​ផ្សេង​ៗ​ ទៀត​ផង​។

    ចំណែក​ព្រះ​សង្ឃ​ទូ​ទៅ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ងារ​ជួយ​ផ្សព្វ​ផ្សាយ​សាសនា​ និង ​​សង្គ្រោះ​សង្គម​ជា​ច្រើន​ឡើង​ អង្គ​ខ្លះ​ធ្វើ​ដំណើរ​ទៅ​កាន់​ជន​បទ​ដាច់​ស្រយាល​ ស្នាក់​នៅ​​បង្រៀន​ជា​ច្រើន​ថ្ងៃ​ ពេល​វិល​ត្រឡប់​មក​ក៏​បាន​នាំ​កុល​បុត្រ​កូន​ចៅ​អ្នក​ស្រុក​មក​បង្ហាត់​​បង្រៀន​អក្សរ​សាស្ត្រ​ផង​ អង្គ​ខ្លះ​ ក៏​ជួយ​សង្គ្រោះ​ជន​ភាស​ខ្លូន​។​ វត្ត​នៅ​ក្នុង​ទី​ក្រុង​ក៏​បាន​ចាប់​​អារម្មណ៍​ក្មេង​ៗ​ ក្នុង​ក្រុង​កាន់​តែ​​ច្រើន​ឡើង​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​សាសនា​ ក៏​បាន​សង្កត់​​ធ្ងន់​ទៅ​លើ​គោល​ធម៌​ទាក់​ទង​ដល់​ការ​បំពេញ​ប្រ​យោជន៍​ជា​ច្រើន​ឡើង​ផង​ដែរ​ មាន​ការ​រួម​ដៃ​​គ្នា​ជា​មួយ​ក្រុម​សាសនា​ផ្សេង​​ៗ​ បង្កើន​ឡើង​ថែម​ទៀត​ ពិសេស​ជា​មួយ​ពួក​កាតូ​លិក​ រហូត​ដល់​មាន​ក្រុម​ដែល​សិក្សា​ធម៌​ និង​ សន្ទនា​ធម៌​រួម​គ្នា​ ព្រម​ទាំង​ធ្វើ​សមា​ធិ​ភាវ​នា​ជា​ដើម​ ចំណែក​ខាង​រដ្ឋា​ភិបាល​ក៏​កំណត់​ឲ្យ​រៀន​វិជ្ជា​សីលធម៌​ ជា​ផ្នែក​វិជ្ជា​ចាប់​បង្ខំ​ក្នុង​សាលា​រៀន​ បង្កើត​ស្ថា​នីយ​វិទ្យុ​ទាក់​ទង​ដល់​ព្រះ​ពុទ្ធ​សាសនា​ ជម្រុញ​ការ​សិក្សា​ខាង​ប្រវត្តិ​សាស្ត្រ​ វណ្ណ​កម្ម​​លាវ​ និង​ ក្នុង​គ្រា​ធ្វើ​បុណ្យ​សម្ពោធិ៍​ព្រះ​ពុទ្ធ​សាសនា ​២៥ សត​វត្ស​ បាន​បង្កើត​គ្រោង​ការណ៍​​បោះ​ពុម្ព​សៀវ​ភៅ​ព្រះ​ត្រៃ​បិដក ៨០​ក្បាល​ ប៉ុ​ន្តែ​បែ​ទៅ​ជា​បោះ​ពុម្ព​បាន​ត្រឹម ​៣​ក្បាល​ ក៏​​ឈប់​បាត់​ស្ងាត់​ទៅ​។

    យ៉ាង​ណា​ក៏​ដោយ​ហេតុ​ការ​ប្រទេស​ជាតិ​ របស់​លាវ​ក៏​បាន​ប្រួល​ប្រែ​ត​ទៅ​ទៀត​ ហើយ​បាន​ប៉ះ​ទង្គិច​ដល់​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ក្រៃ​លែង​នា​ថ្ងៃ​ ទី ២១ ​កុម្ភះ ព.ស.​២៥១៦​ សង្គ្រាម​បាន​បញ្ចប់​ជា​ផ្លូវ​ការ​ ព្រោះ​រដ្ឋា​ភិបាល​នៃ​ព្រះ​បាទ​មហា​ជីវិត​ជា​មួយ​ចលនា​ប្រទេស​​លាវ​បាន​បញ្ចុះ​ឈ្មោះ​ក្នុង​សន្ធិ​សញ្ញា​ឈប់​បាញ់​គ្នា​ត​ទៅ​ទៀត​ ក្រោយ​ពី​នោះ​ក៏​បាន​បង្កើត​​រដ្ឋា​ភិបាល​ចំរុះ​ បែង​ក្រសួង​គ្នា​គ្រប់​គ្រង​​ និង​ គូស​ខ្សែ​បន្ទាត់​បែង​ផ្ទៃ​ដី​នៃ​ប្រទេស​ជា​ពីរ​​ខែត្រ​ ចែក​​គ្នា​គ្រប់​គ្រង​ម្នាក់​មួយ​ខែត្រ​។​

    បន្ទាប់​ពីនោះ​ អំណាច​នៃ​ការ​ចលនា​ប្រជា​ជន​លាវ​ ក៏​បាន​បង្កើន​ឡើង​ជា​រឿយ​ៗ​ រហូត​​បក្ស​ខាង​ស្ដាំ​ត្រូវ​បាត់​បង់​កៅ​អី​ ក្នុង​​រដ្ឋា​ភិបាល​ផ្សំ​អស់​ទៅ​។​ នា​ខែ ឧសភា ព.ស.​២៥១៧​ ហេតុ​ការណ៍​តាន​តឹង​កើន​ដោយ​លំដាប់ ​រហូត​ដល់​ថ្នាក់​វិបត្តិ​ក្នុង​បំណាច់​ខែ​វិច្ឆិកា​ ឆ្នាំ​ព.ស. ​២៥១៨​ ក្រុម​ចលនា​ប្រ​ទេស​លាវ​បាន​បោស​សំអាត​អំណាច​របស់​ក្រុម​ផ្សេង​ក្នុង​​រដ្ឋា​ភិបាល​ដល់​អស់​រលីង​ ព្រះ​បាទ​ស្រី​ស្វាង​វង្ស​ ក្សត្រ​អង្គ​ចុង​ក្រោយ​បង្អស់​របស់​​ប្រទេស​​លាវ​ទ្រង់​បាន​ដាក់​រាជ​សម្បត្តិ​ក្នុង​ថ្ងៃទី​ ២៩​វិច្ឆិការ​ ព.ស.​២៥១៨ និង​ នាយក​រដ្ឋ​មន្ត្រី​លាវ​​ចៅ​សុវណ្ណ​ភូមា​ក៏​បាន​លា​ចាក​ពី​ដំណែង​ផង​ដែរ​ ចលនា​ប្រ​ទេស​លាវ​ទើប​ចូល​មក​ត្រួត​ត្រា​​ការ​គ្រប់​គ្រង​ប្រទេស​ទាំង​ស្រុង​ លុះ​ដល់​ថ្ងៃ​ទី ២​ធ្នូ ២៥១៨​ ក៏​ប្រកាស​ផ្លាស់​ពី​សភាព​ព្រះ​រាជា​​ណា​ចក្រ​លាវ​ មក​ជា​សាធា​រណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​ប្រជា​ជន​លាវ​ គ្រប់​គ្រង​ប្រ​ទេស​ដោយ​​របប​សង្គម​និយម​កុម្មុយ​និស្ត​បន្ត​ទៅ​។​

    ក្នុង​រវាង​វិបត្តិ​នេះ​ និង​ ក្នុង​ពេល​ក្រោយ​ៗ​ មក​ អ្នក​នយោ​បាយ​ខាង​បក្ស​ប្រឆាំង​ និង​ ប្រ​ជា​​ជន​ជា​ច្រើន​ បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​ឯ​បរ​ទេស​ មាន​ប្រទេស​ថៃ​ជា​ដើម​ ស្រុក​ទេស​ប្រកប​ទៅ​ដោយ​ភាព​ចលា​ចល​ជ្រួល​ច្របល់​ កិច្ច​ការ​ខាង​ព្រះ​ពុទ្ធ​សាសនា​​ហាក់​ដូច​ជា​ត្រូវ​បញ្ឈប់​ នឹង ​ថ្កល់​ ហើយ​សភាព​ការណ៍​របស់​ពុទ្ធ​សាសនា​នៅ​ប្រ​ទេស​លាវ​​បន្ទាប់​ពី​​នេះ​ទៅ​ តាម​ដែល​មាន​លេច​ឮ​ជា​ពត៌​មាន​ទៅ​ដល់​ពុទ្ធ​សាស​និក​ នៅ​ប្រ​ទេស​នានា​ ប្រាកដ​ដូច​ជា​​ដើម​ឈើ​ធំ​មាន​ផ្កា​ស្លឹក​ស្រស់​ល្អ​សំពោង​ពាស​ពេញ​ ដែល​ត្រូវ​បណ្ដោយ​ឲ្យ​ឈរ​​ទ្រឹង​នៅ​យ៉ាង​ល្អ​ ត្រឹម​តែ​ចាំ​មើល​រក្សា​ថែ​ទុក​មិន​ឲ្យ​មាន​ទឹក​ធ្លាក់​មក​ដល់​តែ​ប៉ុណ្ណោះ​ ទោះ​​​ជា​​ទឹក​ធ្លាក់​ពី​មេឃ​ឬ​ដី​ក៏​ដោយ​។

    យ៉ាង​ណា​ក៏​ដោយ​ ពេល​វេលា​កន្លង​ទៅ​ និង​ ហេតុ​ការណ៍​ស្រុក​ទេស​សន្សឹម​ស្ងប់​ស្ងាត់​ ហើយ​ ក៏​បាន​មាន​ជន​ជាតិ​ថៃ​ ទាំង​បព្វ​ជិត​ទាំង​គ្រហស្ថ​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រ​ទេស​លាវ​ ​ដើម្បី​សង្កេត​​មើល​ហេតុ​ការណ៍​ ក្នុង​ប្រ​ទេស​លាវ​ម្ដង​ម្កាល​ ​ចំណែក​ប្រទេស​លាវ​ដែល​បាន​​ដាច់​ខ្សែ​រយ​ ទំនាក់​ទំនង​ជា​មួយ​ប្រ​ទេស​ថៃ​ ផ្នែក​ខាង​ព្រះ​សាសនា​អស់​ជា​យូរ​អង្វែង​ ក៏​បាន​​មាន​ព្រះ​សង្ឃ​លាវ​ចំនួន ​៧​អង្គ​ មាន​អនុ​ប្រធាន​ពុទ្ធ​សាសនា​សម្ព័ន្ធ​ នៃ​ប្រ​ទេស​លាវ​ជា​អ្នក​ដឹក​​នាំ​​ ព្រម​ដោយ​គ្រហស្ថ ​៣​នាក់​ បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ថៃ​ជា​ផ្លូវ​ការ​ ជា​គ្រា​​ដំបូង​ ក្នុង​​រវាង​ថ្ងៃ​ទី ២៥​វិច្ឆិកា​ ដល់​ថ្ងៃ​ទី ៣​ធ្នូ​ ព.ស.​២៥៣០​ ដោយ​ការ​អារាធនា​ អំពី​មហា​ចុឡា​ឡុង​​កន​រាជ​វិទ្យា​ល័យ​ រួម​ជា​មួយ​គ្រោង​ការ​សន្តិ​ភាព​ដើម្បី​អភិ​វឌ្ឍន៍​ និង​ គណៈ​កម្ម​ការ​សាសនា​​ដើម្បី​ការ​អភិវឌ្ឍន៍​ គណៈ​ព្រះ​សង្ឃ​លាវ​បាន​និមន្ត​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​សម្ដេច​ព្រះ​សង្ឃ​​រាជ​ បាន​និមន្ត​ទៅ​ពើប​ពះ​សួរ​សុខ​ទុក្ខ​ព្រះ​ថេរា​នុថេរ​ថៃ​ ក្នុង​វត្ត​ និង​ ស្ថា​ប័ន​សិក្សា​របស់​​ព្រះ​សង្ឃ​ ទាំង​ក្នុងរាជ​ធានី​ និង​ នៅ​តាម​បណ្ដា​ខែត្រ​ ទើប​ជា​មាន​សេច​ក្តី​សង្ឃឹម​បាន​ថា​ ព្រះ​ពុទ្ធ​សាសនា​នៅ​ក្នុង​សាធា​រណ​រដ្ឋ​ប្រជា​ធិ​បតេយ្យ​ប្រ​ជា​ជន​លាវ​ គង់ នឹង បង្ហាញ​ខ្លួន​ឲ្យ​​ប្រាកដ​ ដល់​ពុទ្ធ​សាស​និក​ជន​ជិត​ខាង​ក្នុង​ប្រ​ទេស​ថៃ​ជា​ច្រើន​ឡើង​តាម​លំ​ដាប​លំ​ដោយ​។​

    ដោយ​ការ​ជួយ​អំណោយ​ផល​របស់​ភ្នាក់​ងារ​ស្ថាន​ទូត​លាវ​ បាន​ជ្រាប​ដំណឹង​ទាក់​ទង​​ទៅ​ នឹង ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រទេស​លាវ​កាល​ពី​ចុង​ឆ្នាំ ព.ស.​២៥៣០​ ដូច​ច្នេះ ​សាធារណ​រដ្ឋ​​ប្រជា​ធិប​តេយ្យ​ប្រជា​ជន​លាវ​បច្ចុប្បន្ន​ មាន​ប្រ​ជា​ជន​ ៣.៨០០.០០០ នាក់​ មាន​ព្រះ​សង្ឃ​ទាំង​ ភិក្ខុ​សាម​ណេរ​ ១៥.៦៣៤ អង្គ​ (មានភិក្ខុ ៦០០០ អង្គ​ សាម​ណេរ​ ៩៦២៦ អង្គ) មាន​វត្ត ២៨២៧ វត្ត (ចំពោះ​ទី​ក្រុង​វ៉ៀង​ចន្ទន៍​មាន​ ១.២១២ ​វត្ត) ប្រ​មុខ​សង្ឃ​ហៅ​ថា​ ប្រធាន​អង្គ​ការ​​ពុទ្ធ​សាសនា​សម្ព័ន្ធ​ នៃ​ប្រទេស​លាវ​ មហា​វិទ្យា​ល័យ​ដង​ដោក​ បច្ចុ​ប្បន្ន​បាន​ផ្លាស់​ឈ្មោះ​ទៅ​ជា មហា​វិទ្យា​ល័យ​សាង​គ្រូ​។

ឯកសារអានប្រកប
จำนงค์ ทองประเสริฐ. ประวติศาสตร์พุทธศาสนานเอเชียอาคเนย์ กรุงเทพ โรงพิมพ์อักษรสัมพันธ์ พ.ศ.๒๕๑๔ ประยุทธ์ ปยุตฺโต. พระมหา. ข้อมูล ข้อสังเกต และความคิดเห็นที่ได้จากการเยี่ยมเยือนพระราชอาณาจักรลาว, พ.ศ.๒๕๑๐ (โรเนียว) สารานุกรมไทย ฉบับพระราชบัณฑิตยสถาน (พ.ศ.๒๔๙๘-๒๕๒๑) “เชียงขวาง”, “เซ่า”, “ไทย” เสฐียร โกเศศ. เรื่องของชาติไทย .กรุงเทพ. สำนักพิมพ์บรรณาคาร, พ.ศ.๒๕๑๕ Hall, D.G.E. A History of Southeast Asia. New York: St. Martin’s Press, 1970 Zago, Marcello. “Buddhism in Contemporary Laos”.In Buddhism in The modern World. Edited by Heinrich Dumoulin and John C. Maraldo. New York: Macmillan Publishing Co., Inc.,1976

តទៅលេខ 17